អភិបាលខេត្ត៖ វិនិយោគិន​ថៃ និង​ចិន​កំពុង​តម្រង់ទិស​មក​ខេត្តកំពង់ស្ពឺ​បន្ថែមទៀត

ដោយ ៖ រ៉ា​ណេ​ត

កំពង់ស្ពឺៈ បើទោះជា​ស្ថិតនៅក្នុង​ដំណាក់កាល នៃ​ការគំរាមកំហែង​ពី​វិបត្តិ​ជំងឺ Covid-19 នៅពេល​បច្ចុប្បន្ននេះ​ក៏ដោយ គម្រោង​វិនិយោគ​បន្ថែម​ពី​សំណាក់​ក្រុមហ៊ុន​អន្តរជាតិ​មកពី​ប្រទេស​ថៃ និង​ប្រទេស​ចិន លើ​វិស័យ​ឧស្សាហកម្ម និង​កសិកម្ម នៅក្នុង​ខេត្តកំពង់ស្ពឺ ដែលមាន​ទុន​សរុប​រាប់សិប​លាន​ដុល្លារ។

អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០​កន្លងមក​ថា រហូតមកដល់​ពេលនេះ នៅក្នុង​ខេត្តកំពង់ស្ពឺ គឺមាន​រោងចក្រ​ត្រឹម​តែមួយ​ប៉ុណ្ណោះ ដែល​បាន​បិទទ្វារ ដោយ​សារតែ​ថៅកែ​រោងចក្ររ​ត់ទៅ​ស្រុក​របស់ខ្លួន ប៉ុន្តែ​ស្របពេល​ជាមួយគ្នានេះ ក៏មាន​គម្រោង​វិនិយោគ​ថ្មី​បន្ថែម​ចូលមក​ជំនួស។

លោក​បាន​បញ្ជាក់ថា “នៅក្នុង​អំឡុងពេល​កើតមាន​វិបត្តិ​ជំងឺ Covid-19 រោងចក្រ​នៅក្នុង​ខេត្តកំពង់ស្ពឺ មិន​ត្រូវបាន​បិទទ្វារ​ផ្អាក​ដំណើរការ​នោះទេ។ ជាមួយគ្នានេះ ក៏មាន​វិនិយោគិន ដែលជា​ម្ចាស់​ក្រុមហ៊ុន​មកពី​ប្រទេស​ថៃ និង​ប្រទេស​ចិន បាន​បង្ហាញ​ពី​គោលបំណង​របស់ខ្លួន ចូលមក​បណ្តាក់ទុន​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម និង​កសិកម្ម ដែល   រដ្ឋាភិបាល​កម្ពុជា កំពុងតែ​ផ្តោត​ការយកចិត្តទុកដាក់ ក្នុងការ​ពង្រីក​លទ្ធភាព​ផលិត​សម្រាប់​នាំចេញ​បន្ទាប់ពី​វិបត្តិ​ជំងឺ Covid-19 ត្រូវបាន​ទប់ស្កាត់​ជា​ស្ថាពរ” ។

បច្ចុប្បន្ននេះ កំណើន​នៃ​ចំនួន​រោងចក្រ សហគ្រាស ដែល​កំពុង​មានដំណើរ​សង្វាក់​ផលិតកម្ម​នៅក្នុង​ខេត្តកំពង់ស្ពឺ មាន​រោងចក្រ​ចំនួន២៧១ រួម​ជាមួយនឹង​គម្រោងថ្មីៗជាច្រើន​ទៀត ដែល​ទើបតែ​ទទួលបាន​ការអនុម័ត គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យ​ដំណើរការ​ក្នុងពេល​ដ៏​ខាងមុខ ជាមួយនឹង​ទុនវិនិយោគ​សរុប​ជិត២០០លាន​ដុល្លារ។

ដោយឡែក​សម្រាប់​ទីតាំង នៃ​គម្រោង​វិនិយោគ​ទាំងអស់នេះ មាន​នៅតាម​បណ្តា​ស្រុក/ក្រុង ផ្សេងៗគ្នា​ដូចជា ស្រុក​គងពិសី ស្រុក​សំរោង​ទង ក្រុង​ច្បារមន តំបន់​សេដ្ឋកិច្ច​ពិសេស​អាល់​ត្រា​ផៅ​វ័រ ថេ​កណឡ​ជី ស្រុក​ភ្នំស្រួច ស្រុក​ឧដុង្គ និង​ស្រុក​បសេដ្ឋ៕

សំណង់​សម័យ​អាណានិគម​នៅ​ខេត្តបាត់ដំបង​បានទទួល​ការចាប់អារម្មណ៍​ខ្ពស់ដោយ​តម្លៃ​ជួល​បាន​កើន​ខ្ពស់

ដោយ ​វុត្ថា

ភ្នំពេញៈ អភិបាលខេត្ត​បាត់ដំបង​បាន​អះអាងថា  ការជួល​សំណង់​បុរាណ ដែល​បន្សល់ទុក​ពី​សម័យ​អ​នា​និគម​ន៍​បារាំង ត្រូវបាន​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​បាត់ដំបង ជួល​ទៅឱ្យ​ជនបរទេស​សម្រាប់ធ្វើ​អាជីវកម្ម និង​ស្នាក់នៅ មានតម្លៃ​ខ្ពស់ ខណៈដែល​រាជរដ្ឋាភិបាល​គ្រោង​រៀបចំ​ទីក្រុង​មួយ​នេះ ទៅជា​ទីក្រុង​បុរាណ​របស់​កម្ពុជា​នាពេលខាងមុខ។

លោក​ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង នៅក្នុង​ស​សន្និសីទ​សារព័ត៌មាន​ស្ដីពី «វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋ​បាល​ខេត្ដ​បាត់ដំបង» នៅ​ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២០ នេះ​បានឱ្យដឹងថា សំណង់​ដែល​បន្សល់ទុក ពី​សម័យ​អ​នា​និគម​ន៍​បារាំង​កំពុងមាន​សក្តា​នុ​ល​ខ្ពស់​លើ​វិស័យ​ទេសចរណ៍ និង​ជួល នាពេល​បច្ចុប្បន្ននេះ នៅក្នុង​ចំណោម​សក្តានុពល​ផ្សេងទៀត​របស់​ខេត្តបាត់ដំបង។

លោក​បន្តថា “ភ្ញៀវ​ទេសចរណ៍​មកពី​អឺរ៉ុប​ភាគច្រើន បានមក​ទស្សនា​អគារ​សំណង់​បុរាណ​នៅក្នុង​ខេត្ត និង​សា្ន​ក់នៅ​ធ្វើជា​អាជីវកម្ម ខណៈ​តាម​ការ​ស្ថិតិ​មាន​សំណង់​អគារ​ចំនួន៨០០ទាំង​អគារ​ពាណិជ្ជកម្ម និង​លំនៅឋាន ព្រមទាំង​អគា​រដ្ឋបាល ខេត្ត​ផងដែរ។លោក​បន្តថា “កន្លងមក​ខេត្ត​មានការ​លំបាក ក្នុងការ​គ្រប់​គ្រង់​លើ​សំណង់​បុរាណ ដោយសារតែ​ខេត្ត គ្មាន​ឯក​គតិយុត្តិ​ត្រឹមត្រូវ​ក្នុងការ​គ្រប់គ្រង សូម្បីតែ​អនុក្រឹត្យ​ក៏​មិនទាន់មាន​ផងដែរ” ។

លោក​អភិបាលខេត្ត​ងួន រតនៈ​បាន​បញ្ជាក់ថា អ្វីដែល​រដ្ឋបាលខេត្ត​អាច​គ្រប់គ្រង​បាន​នោះ​គឺ យើង​ចេះតែ​ពន្យល់​ប្រជាពលរដ្ឋ​អំពី​តម្លៃ​នៃ​អភិរក្ស ហើយ​បច្ចុប្បន្ននេះ មានការ​ប្រែប្រួល តាមរយៈ​ការផ្សព្វផ្សាយ​នេះ សំណង់​បុរាណ​ទាំងនោះ​មាន​ជនបរទេស​ជួល​ធ្វើ​អាជីវកម្ម​ក្នុងតម្លៃ​ខ្ពស់។

លោក​ថ្លែងថា យើង​ត្រូវ​អភិរក្ស​ទាំង៨០០អគារ​ហ្នឹង ឬ​យើង​ត្រូវ​ចាត់​ចំណាត់ថ្នាក់ ឧទាហរណ៍​ចំណាត់ថ្នាក់ A ត្រូវ​អភិរក្ស១០០% ចំណាត់ថ្នាក់ B គួរតែ​សិក្សា​រក្សា​ខាងក្រៅ រីឯ​ខាងក្នុង​ត្រូវការ​កែលម្អរ  និង​ចំណាត់ថ្នាក់​Cត្រូវ​វាយចោល ហើយ​សាងសង់​ថ្មី​ឬ​យ៉ាងណា។

លោក​ងួន រតនៈ​បាន​បន្ថែមថា កន្លងមក អាជ្ញាធរខេត្ត​ក៏​ធ្លាប់​ពិភាក្សា​ជាមួយ​ក្រសួង​រៀបចំ​ដែនដី ក្រសួង​វប្បធម៌ និង​ក្រសួងទេសចរណ៍​ដាក់​ទីក្រុង​នេះ ទៅជា​ទីក្រុង​វប្បធម៌ ។ តែ​យ៉ាងណា​យើង​ត្រូវ​សិក្សា​ឱ្យបាន​ច្បា​ស់សិន ជៀសវាង​ដាក់​ទាំងមូល​តែម្តងទៅ ហើយ​អនុវត្ត​មិនបាន។

សំណង់​បុរាណ​នៅក្នុង​ខេត្តបាត់ដំបង ទាំងអស់​មាន​ចំនួន៨០០អគារ ដោយ​ក្នុងនោះ​មាន​សំណង់​ខ្លះ​មាន​អាយុកាល ១០០ឆ្នាំ ឬ​ជាង ១០០ឆ្នាំ ហើយ​សម្ភារៈ​មួយចំនួន​ត្រូវបាន​ខូចខាត ដែល​គ្មានអ្វី​មក​ជំនួស​បាន​នោះទេ ដែល​ទាមទា​ឱ្យ​អាជ្ញាធរ​ពាក់​សិក្សា​ឱ្យបាន​លម្អិត។

កម្ពុជា​ធ្លាប់បាន​ឆ្លងកាត់​សម័យ​អ​នា​និគម​ន៍​បារាំង ដែល​បន្សល់ទុក​នៅ​សំណង់​អគារ​ជាច្រើន ហើយ​ត្រូវបាន​រដ្ឋាភិបាល​ចាត់ទុកជា​សំណង់​ប្រវត្តិសាស្ត្រ ដែលមាន​ច្រើន​នៅក្នុង​ខេត្តបាត់ដំបង សម្បូរ​ជាងគេ​ក្នុងចំណោម​ខេត្តផ្សេងៗចំនួន៣ រួមមាន​ក្រចេះ និង​កំពត​ជាដើម ដែល​រដ្ឋាភិបាល​បាន​នឹង​កំពុង​គិតគូ​គ្រប់គ្រង​សំណង់​ទាំងនោះ៕

មហា​យក្ស​ចិន​ត្រូវ​ជំនះ​ឧបសគ្គ​សេដ្ឋកិច្ចធំ៣ក្នុងឆ្នាំនេះ​ដើម្បី​ជំរុញ​ល្បឿននៃ​វ​ឌ្ឈ​នភា​ព​របស់ខ្លួន

ដោយ ហ្សូ​លី

ប៉េកាំងៈ សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង បាន​ត្រៀម​នឹង​ទប់ទល់​ឧបសគ្គធំៗ ដែល​រារាំង​សេដ្ឋកិច្ច​ចំនួន៣ ក្នុង​ឆ្នាំ ២០២០ ។ នេះ​បើតាម​ឱ្យដឹងពី​ការស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ នៅ​សាកលវិទ្យាល័យ​សិង្ហ​បុរី National University of Singapore ។

ឧបសគ្គ​ទីមួយ​គឺ ចិន​នឹងមាន​ហានិភ័យ នៃ​ការកើតឡើង​ជាថ្មី​នៃ​ការ​ផ្ទុះឡើង​នៃ​វីរុស​ Covid-19 ដោយសារ​ករណី​ដែល​បាន​នាំចូល ឬ​ការផ្លាស់ប្តូរ តាមរយៈ​ក្រុមហ៊ុន​ដឹកជញ្ជូន (Asymptomatic) ។  លទ្ធភាព​នៃ​រលក​ទី​ពីរ ពី​ករណី​នាំចូល​កំពុង​កើនឡើង ខណៈ ដែល​ការ​រាលដាល​នៅ​ខាងក្រៅ​ប្រទេស​ចិន កាន់តែ​ធ្ងន់ធ្ងរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ ជាក់ស្តែង ដូចជា នៅតាម​បណ្តារ​ប្រទេសមួយ​ចំនួន​ដូចជា សិង្ហ​បុរី និង​អង់គ្លេស​ជាដើម។

ក្នុងករណី​មាន​ការរីក​រាលដាល​នៃ​វីរុស អាចឱ្យ​មានការ​ចាក់សោ​រ​តឹងរ៉ឹង និង​វិធានការ​ត្រួតពិនិត្យ​ចរាចរណ៍ តឹងរ៉ឹង​ផ្សេងទៀត ហើយ​កត្តា​ទាំងអស់នេះ នឹង​ធ្វើឱ្យ​ខូចខាត​ដល់​សេដ្ឋកិច្ច​ចិន​ផងដែរ។ ឧបសគ្គ​នេះ​ត្រូវការ​ការតស៊ូ ដើម្បី​ថ្លឹងថ្លែង​ក្នុង​ការបន្ត​អាជីវកម្ម​ក្នុងប្រទេស និង​ការគ្រប់គ្រង​ជំងឺ។

ចំនុច​ទី២ ការផ្ទុះ​ឡើង​នៃ​មេរោគ ​Covid-19 នឹង​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ចពិភពលោក ដែល​កាន់តែ​បង្កបញ្ហា​ប្រឈម​បន្ថែមទៀត លើ​សេដ្ឋកិច្ច​របស់​ចិន។ តាម​ទស្សនវិស័យ​ចុងក្រោយ​របស់ខ្លួន មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ប៉ាន់ប្រមាណ​ថា ទិន្នផល​ពិភពលោក​ត្រូវបាន​រំពឹងថា នឹង​ធ្លាក់ចុះ៣ភាគរយ។ ទំហំ​ពាណិជ្ជកម្ម​ពិភពលោក​ធ្លាក់ចុះ១១ភាគរយ នៅ​ឆ្នាំ២០២០ ហើយ​សេដ្ឋកិច្ច​ជឿនលឿន​មាន​ដំណើរការ​អាក្រក់​បំ​ផុត។ កត្តា​ទាំងនេះ នឹង​ជះឥទ្ធិពល​អវិជ្ជមាន​យ៉ាងខ្លាំង ដល់​ប្រទេស​ចិន ដែល​ពឹង​ផ្អែកលើ​តម្រូវការ​ខាងក្រៅ និង​សកម្មភាព​ផលិតកម្ម​ទាក់ទង​នឹង​ពាណិជ្ជកម្ម។

ចុងក្រោយ​នេះ គឺជា​ឧបសគ្គ​ទី៣ ការធ្លាក់ចុះ​យូរអង្វែង​នៃ​សេដ្ឋកិច្ចពិភពលោក​អាច​បង្កឱ្យមាន​រលក នៃ​ការកំណត់​រចនាសម្ព័ន្ធ​ផលិតកម្ម​ថ្មី។ ភាពលំបាក​ផ្នែក​សេដ្ឋកិច្ច​អាច​ពង្រឹង​ទំនោរ​អ្នក​គាំពារ​នៅ​ទូទាំង​ពិភពលោក។  បណ្តា​ប្រទេស​នានា​ក៏​នឹង​ព្យាយាម​នាំយក​ផលិតកម្ម​ទៅ​ប្រទេស​វិញ និង​កាត់បន្ថយ​បណ្តាញ​ផ្គត់ផ្គង់​សាកល ដើម្បី​គ្រប់គ្រង​ហានិភ័យ​ឱ្យបាន​ប្រសើរ​ជាង​មុន។

ក្នុងនាម​ជា​ប្រទេស​នាំចេញ​ធំជាងគេ​បំផុត នៅលើ​ពិភពលោក និង​ជា​បណ្តាញ​សំខាន់​មួយ នៅក្នុង​បណ្តាញ​ផ្គត់ផ្គង់​ពិភពលោក សេដ្ឋកិច្ច​ចិន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​កត្តា​បែបនេះ។

មានការ​ងឿងឆ្ងល់​តិចតួច​ថា សេដ្ឋកិច្ច​ប្រទេស​ចិន នឹងមាន​ដំណើរការ​អា​ក្រក់​គួរ  ឱ្យ​កត់សម្គាល់​ក្នុង​ឆ្នាំ២០២០ ជាង​គោលដៅ​ដែល​បាន​កំណត់ទុក។ កំណើន​ប្រហែល ៥.៥% ដើម្បី​សម្រេចបាន​នូវ​គោលដៅ​របស់​រដ្ឋាភិបាល ក្នុងការ​បង្កើន​សេដ្ឋកិច្ច​របស់ខ្លួន​ទ្វេដង​នៅ​ចន្លោះ​ឆ្នាំ២០១០ និង​ឆ្នាំ២០២០ ។

សេដ្ឋកិច្ច​ចិន​ទំនង ជា​នឹង​ប្រសើរ​ជាង​ប្រទេសជិតខាង​របស់ខ្លួន បើសិន​សម្រេចបាន​កំណើន​ប្រចាំឆ្នាំ​ពី ២% ទៅ ៣% នៅ​ឆ្នាំនេះ។

គិត​ត្រឹម​ខែមេសា ឆ្នាំ ២០២០នេះ អាជីវកម្ម​ភាគច្រើន បានចាប់ផ្តើម​ប្រតិបត្តិការ​ឡើងវិញ​រួមទាំង សហគ្រាស​នៅ​ទីក្រុង​វូ​ហាន។  ស្រប​ពេលដែល​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ពាណិជ្ជកម្ម និង​សកម្មភាព​ផលិតកម្ម ដែល​ពាក់ព័ន្ធ​នោះ គោលនយោបាយ​ត្រូវ​បានចេញ ដើម្បី​លើកទឹកចិត្ត​ដល់​តម្រូវការ​ក្នុងស្រុក ដូចជា ប័ណ្ណ​ប្រើប្រាស់​សម្រាប់​បញ្ចុះតម្លៃ និង​ប្រាក់ឧបត្ថម្ភ​ជាក់លាក់ ក្នុង​ការបញ្ជាទិញ​សម្រាប់​ផលិតផល៕ BrinkNews

តើ​ក្រុមហ៊ុន​អចលនទ្រព្យ​ណា​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ​បំផុត​លើ​ពិភពលោក?

ដោយ ប៊ី

អន្តរជាតិៈ ជំងឺ COVID-19 ធ្វើឱ្យ​អាជីវកម្ម​ជាច្រើន​បិទទ្វារ និង​មនុស្ស​រាប់លាន​នាក់​បាត់បង់​ការងារ​ធ្វើ វិបត្តិ​នេះ​ក៏មាន​ផល​លំបាក​ដល់​ម្ចាស់ទ្រព្យ ក្នុងការ​ប្រមូល​ផល​ជួល​ផងដែរ។

តាម​ការប៉ាន់ស្មាន​ពី​ក្រុមហ៊ុន CBRE ដែល​មូលដ្ឋាន​នៅ​អាមេរិក​បានឱ្យដឹងថា នៅ​ទូទាំងប្រទេស​មានតែ១០ ទៅ២០ ភាគរយ នៃ​អ្នក​លក់រាយ​តាម​ផ្សារ​បាន​បង់ថ្លៃ​ជួល​ក្នុង​ខែមេសា ហើយ​ផ្នែកផ្សេងៗទៀត ក្នុង​វិស័យ​អចលនទ្រព្យ​ក៏​រង​ផលប៉ះពាល់​ផងដែរ។

ផលប៉ះពាល់​នេះ​គឺមាន​លក្ខណៈ​ជា​សាកល ប៉ុន្តែ​ក្រុមហ៊ុនធំៗបំផុត អាច​ឈរ​នៅលើ​ទីតាំង​ល្អ​បំផុត ដើម្បី​គ្រប់គ្រង​វាសនា​របស់​ពួកគេ ហើយ​ម្ចាស់​អចលនទ្រព្យធំៗជាច្រើន​នៅលើ​ពិភពលោក បានប្រកាស​ជំហាន​រួចហើយ ដើម្បី​ព​ន្លឿ​ន​ការ​ត្រឡប់មកវិញ​នៃ​វិស័យ​អចលនទ្រព្យ។

នៅ​ដើមខែ​ឧសភា ក្រុមហ៊ុន​អចលនទ្រព្យ Brookfield Asset Management ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក​បានឱ្យ​ថា ខ្លួន​នឹង​ចំណាយ​ប្រាក់​ចំនួន៥ពាន់​លាន​ដុល្លារ ដើម្បី​វិនិយោគ នៅក្នុង​អាជីវកម្ម​លក់រាយ ដែល​កំពុង​ជួប​ការលំបាក។ ក្រុមហ៊ុន Brookfield ជា​ម្ចាស់​ផ្ទៃក្រឡា នៃ​ទីផ្សារ​លក់រាយ១៥២លាន​ហ្វី​ត​ការ៉េ និង​មាន​ការិយាល័យ​សណ្ឋាគារ និង​អា​ផាត​ម៉ិ​ន ដែលមាន​ទំហំ​ប្រមាណ៣០០លាន​លាន​ហ្វី​ត​ការ៉េ​ផ្សេងទៀត។

លោក​Ron Bloom ប្រធាន​មូលធន​ឯកជន​របស់​ក្រុមហ៊ុន Brookfield មានប្រសាសន៍ថា “យើង​ជឿជាក់ថា នេះ​គឺជា​សមាសធាតុ​សំខាន់​មួយ ដើម្បី​ធ្វើឱ្យ​សេដ្ឋកិច្ច​មានដំណើរ​ការ​ឡើងវិញ ហើយ​យើង​ចង់​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន និង​សហគ្រិន​ដែល​អាច​ទាក់ទាញ​ដើមទុន និង​ជំនាញ​ដើម្បី​ធ្វើឱ្យមាន​ស្ថេរភាព និង​ពង្រីក​អាជីវកម្ម​របស់​ពួកគេ” ។

ក្នុងចំណោម​ក្រុមហ៊ុន​អចលនទ្រព្យ ដែល​កាន់កាប់​ជា​សាធារណៈ ក្រុមហ៊ុន Brookfield មានទ្រព្យ​សម្បត្តិ​ច្រើន​បំផុត(៣២៤ ពាន់​លាន​ដុល្លារ) ប្រាក់ចំណូល​ខ្ពស់បំផុត (៦៩ពាន់​លាន​ដុល្លារ) ប្រាក់ចំណេញ​ខ្ពស់បំផុត​ទី២ (២,៨ ពាន់​លាន​ដុល្លារ) និង​ទីផ្សារ​ទី៤ខ្ពស់បំផុត (៥១ ពាន់​លាន​ដុល្លារ) ។

លទ្ធផល​ទាំងនេះ ធ្វើឱ្យ​Brookfield ក្លាយជា​ក្រុមហ៊ុន​វិនិយោគ​អចលនទ្រព្យ សាធារណៈ​ធំ​បំផុត​នៅលើ​ភពផែនដី សម្រាប់​ឆ្នាំ​ទី៣ ដែល​កំពុងដំណើរការ។ នេះ​បើ​យោងតាម​បញ្ជី Forbes Global 2000 សម្រាប់​ឆ្នាំ ២០២០ ។

បញ្ជី​Global 2000 គឺជា​ការធ្វើ​ចំណាត់ថ្នាក់​ប្រចាំឆ្នាំ របស់​ក្រុមហ៊ុន​សាធារណៈ​ធំ​បំផុត និង​មាន​ឥទ្ធិពល​បំផុត​របស់​ពិភពលោក។ បញ្ជី​នេះ ផ្អែកលើ​ប្រាក់ចំណូល ប្រាក់ចំណេញ ទ្រព្យសកម្ម និង​តម្លៃ​ទីផ្សារ៕ Forbes

ចំណេះដឹង! តើ​ពន្ធ​តែមប្រិ៍​ត្រូវបាន​កំណត់​ដូចម្តេច?

ដោយ វុត្ថា

ភ្នំពេញៈ ពន្ធតែមប្រិ៍កំណត់លើលិខិតរដ្ឋបាល លិខិតតុលាការ លិខិតក្រៅតុលាការ និងលើប័ណ្ណប្រកាស ។

រាជរដ្ឋាភិបាល កំណត់ដែនអនុវត្ត និងតារាងពន្ធតែមប្រិ៍ដោយអនុក្រឹត្យ។ ហាមភ្នាក់ងារអាជ្ញាធរមានសមត្ថកិច្ចទទួល ឬចេញលិខិតត្រូវ ជាប់ពន្ធតែមប្រិ៍ដែលមិនទាន់បានបង់ពន្ធ ។

ពន្ធតែមប្រិ៍ ត្រូវបង់តាមការបិទសន្លឹកតែមប្រិ៍ ឬតាមការបង់ប្រាក់ផ្ទាល់ដោយចេញបង្កាន់ដៃ ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុកំណត់បែបបទ និងលក្ខខ័ណ្ឌអនុវត្តការប្រមូលពន្ធតែមប្រិ៍ដោយប្រកាស ។

សន្លឹកតែមប្រិ៍នីមួយៗ មានតម្លៃ១០០រៀល ២០០រៀល ៥០០រៀល ១,០០០រៀល ២,០០០រៀល ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺជាអង្គការមានសមត្ថកិច្ចតែមួយគត់ក្នុងការធ្វើការបោះពុម្ពសន្លឹកតែមប្រិ៍ ៕

ការខ្វះខាតកម្លាំងពលកម្មបណ្តាលឱ្យជាប់គាំងការសាងសង់សំណង់អគារក្នុងតំបន់អាស៊ី

ដោយ ហ្សូលី

ភ្នំពេញ៖ ការសាងសង់សំណង់អគារ និងអចលនទ្រព្យដទៃជាច្រើនទៀត កំពុងទទួលរងនូវភាពជាប់គាំងដោយគ្មានកម្លាំងពលកម្មដែលអាចបន្តដំណើរកាលសាងសង់ទៅមុខទៀតបាន។ កត្តានេះដោយសារតែការវាយលុកនៃជំងឺ Covid-19។

អាចដំណើរការទៅបានលុះត្រាតែមានកម្លាំងពលកម្មគ្រប់គ្រាន់ពីកម្មករ។ ភាគច្រើនកម្មករទាំងនោះគឺជាពលករចំណាកស្រុកដែលអន្តោប្រវេសន៍ទៅកាន់បណ្តារប្រទេសផ្សេងៗក្នុងអាស៊ី ប៉ុន្តែដោយសារតែការរាតត្បាតនៃ Covid-19 ទើបបណ្តាលឱ្យសំណង់អគារទាំងឡាយត្រូវជាប់គាំងមិនអាចដំណើរការសាងសង់បាន។

នៅតាមបណ្តារប្រទេសដូចជា កម្ពុជា ថៃ សិង្ហបុរី ឥណ្ឌា និងបណ្តារប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីកំពុងជួបប្រទះនូវការរឹតបន្តឹងការធ្វើដំណើរ។ នៅប្រទេសឥណ្ឌា ទីក្រុងទាំងមូលត្រូវបានបិទដែលជាហេតុនាំឱ្យកម្មករចំនាកស្រុកដាច់ចិត្តត្រឡប់ទៅផ្ទះវិញ។

ជំនួយការសាស្រ្តចារ្យជំនាញនៃវិទ្យាស្ថានគ្រប់គ្រងអន្តោប្រវេសន៍នៅឥណ្ឌា បានឱ្យដឹងថា ការកាត់បន្ថយនៃកម្លាំងពលកម្មនៅឥណ្ឌាមានទំហំធំអស់រយៈពេលជាច្រើនខែមកហើយ ជាពិសេសកម្មករដែលបម្រើលើវិស័យសំណង់ ភស្តុភា វិស័យដឹកជញ្ជូន និងផលិតកម្ម។ យ៉ាងណាមិញ កម្មករទាំងនោះមិនហ៊ានចេញមកក្រៅធ្វើការនោះឡើងព្រោះពួកគេមានការភ័យខ្លាចឆ្លងជំងឺ លុះត្រាតែក្រុមហ៊ុនសំណង់ហ៊ានផ្តល់ប្រាក់ចំណូលជាមធ្យមក្នុងចំនួនខ្ពស់ ទើបកម្មករសម្រេចចិត្តមកធ្វើការវិញ។

នៅប្រទេសសិង្ហបុរីទៀតសោត កំពុងប្រឈមមុខនឹងវិបត្តិ Covid-19 រលកទី២ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ពលករចំនាកស្រុកពីបរទេសប្រមាណ ៣០០,០០០នាក់ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក។ ម្យ៉ាងទោះបីជាគ្មានការធ្វើចត្តាឡីស័ក ក៏ពលករទាំងនោះនឹងទទួលបានប្រាក់ចំនូលទាបបំផុត ដោយសារតែកត្តាសេដ្ឋកិច្ចសិង្ហបុរីទទួលរងភាពដាំក្បាលចុះ។

លោក Alex Vu ប្រធានគ្រប់គ្រងអង្គការកម្មករបានថ្លែងប្រាប់សារព័ត៌មាន Reuters ថា កុំថាឡើយវិស័យសំណង់ដែលកំពុងជាប់គាំងគ្មានកម្មករធ្វើការ សូម្បីតែនៅតែចិញ្ចើមថ្នល់ក៏គ្មានកម្មករមកធ្វើការបោសសម្អាតអនាម័យដែរ។ ដោយឡែកកម្មករមួយចំនួនស្នើសុំពន្យាពេលធ្វើការ វិស័យឧស្សាហកម្មមួយចំនួនរងឥទ្ធិពលធ្ងន់ធ្ងរដូចជា វិស័យសំណង់ បដិសណ្ឋារកិច្ច ការងារក្នុងស្រុក និងសេវាឯកជនដូចជាបោសសម្អាត និងសន្តិសុខជាដើម៕ Reuters

ទីក្រុងរណប លី យ៉ុងផាត់ កំពុងអភិវឌ្ឍន៍ខ្លួនជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្រិតខ្ពស់

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ស្ថិតនៅប៉ែកខាងជើងឈៀងខាងកើតនៃរាជធានីភ្នំពេញ តំបន់ទីក្រុងរណប លី យ៉ុងផាត់ បាន និងកំពុងអភិវឌ្ឍន៍ខ្លួនក្លាយជាមណ្ឌលពាណិជ្ជកម្មកម្រិតខ្ពស់ ជាមួយនឹងម្រោងអភិវឌ្ឍន៍ធំៗដែលមានតម្លៃវិនិយោគរាប់រយលានដុល្លារកំពុងត្រៀមបង្ហាញក្នុងពេលឆាប់ៗខាងមុខនេះ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ថា បច្ចុប្បន្នតំបន់ខាងលើនេះកំពុងតែមានការអភិវឌ្ឍន៍លើគម្រោងធំៗជាច្រើន ដែលមានទុនវិនិយោគសរុបរាប់រយលានដុល្លារ។

លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា “ក្រៅពីទុនវិនិយោគផ្ទាល់ដោយក្រុមហ៊ុន លី យ៉ុងផាត ដូចជាសណ្ឋាគារលំដាប់ផ្កាយ៥ Garden City មណ្ឌលកម្សាន្តសួនសត្វ ភ្នំពេញ សាហ្វារី និងសួនទឹក Angkor Water Park នៅមានគម្រោងធំៗជាច្រើនទៀត ជាពិសេស វិមានឈ្នះឈ្នះ និងពហុកីឡដ្ឋានមរតកតេជោ ដែលមានតម្លៃជាង១៧០លានដុល្លារ ដែលកំពុងសាងសង់យ៉ាងសកម្ម”។

លោកបញ្ជាក់ទៀតថា “ជាមួយនឹងគម្រោងអភិវឌ្ឍន៍ធំពីវិស័យឯកជន និងរដ្ឋាភិបាល នៅពេលដ៏ខ្លីឆាប់ៗខាងមុខ តំបន់នេះនឹងក្លាយជាមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិកម្រិតខ្ពស់បន្ទាប់ពីរាជធានីភ្នំពេញយ៉ាងប្រាកដ ហើយក៏ជាតំបន់ដែលប្រមូលផ្តុំទៅដោយបុរីលំនៅដ្ឋានកម្រិតខ្ពស់ក្រោមការអភិវឌ្ឍន៍ដោយក្រុមហ៊ុនធំៗដូចជាក្រុមហ៊ុន OCIC ក្រុមហ៊ុន លី ហួរ ក្រុមហ៊ុន ជីបម៉ុង ក្រុមហ៊ុន ប៉េង ហួត ក្រុមហ៊ុន ពិភពថ្មី និងក្រុមហ៊ុនផ្សេងៗមួយចំនួនទៀត”។

ស្រដៀងគ្នានឹងការលើកឡើងខាងលើនេះ លោកស្រី តាំង ហួរ នាយិកាក្រុហ៊ុន AMATAK Property Service បានមានប្រសាសន៍ផងដែរថា “តាមរយៈគម្រោងអភិវឌ្ឍទីក្រុងរណបដែលកំពុងមានសកម្មភាពមួយនេះ នឹងផ្តល់ផលវិជ្ជមានបន្តទៅដល់តំបន់ក្បែរខាងគ្នាទាំងតំបន់នៅផ្លូវជាតិ៥ និងតំបន់ដែលស្ថិតនៅផ្លូវជាតិលេខ៦ ហើយអាចនឹងបន្តសាយភាយទៅដល់ព្រំប្រទល់ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងស្រុកមុខកំពូល ខេត្តកណ្តាល (ផ្លូវជាតិលេខ៦) រួមជាមួយនឹងតំបន់ព្រែកព្នៅ រហូតដល់តំបន់ស្ពានព្រែកក្តាម”។

លោកស្រីបានបន្តថា “គិតត្រឹមរយៈពេលជាង១ឆ្នាំចុងក្រោយនេះ តំបន់ដែលស្ថិតនៅក្នុង និងក្បែរក្រុងរណបមួយនេះ មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ៍ស ជាពិសេសគឺវិស័យលំនៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់ ហើយការអភិវឌ្ឍ និងរីកចម្រើន នឹងតែបន្តក្នុងរយៈពេលយូរទៀត ដែលកាន់តែជម្រុញឱ្យតម្រូវការប្រើប្រាស់ដីមានកាន់តែច្រើន ហើយតម្លៃកាន់តែថ្លៃជាងពេលបច្ចុប្បន្ននេះ”៕

អតិថិជនជិត ១៤ម៉ឺននាក់ ស្នើសុំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ អតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាជិត១៤ម៉ឺននាក់ បានធ្វើការស្នើសុំរៀបចំឥណទានឡើងវិញ ក្រោយរងគ្រោះដោយសារវិបត្តិនៃជំងឺ Covid-19 ខណៈដែលអតិថិជនប្រមាណជិត១២ម៉ឺននាក់ បានទទួលការៀបចំឥណទានតាមសំណើរ ដែលមានទំហំទឹកប្រាក់សរុបចំនួន ៤៨៨លានដុល្លារ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលចេញនៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះបានបង្ហាញថា គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ អតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ១៣៧ ១៥៨នាក់ បានធ្វើការស្នើសុំឥណទានឡើងវិញ ដោយក្នុងនោះអតិថិចំនួន ១៨៨ ១៨២នាក់ ស្មើនឹងប្រមាណ៩០ភាគរយ បានទទួលការរៀបចំឥណទានឡើងវិញតបតាមសំណើរ ដែលមានទំហំទឹកប្រាក់ប្រមាណ ៤៨៨លានដុល្លារ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះបានបញ្ជាក់ទៀតថា ចាប់ពីខែមីនា ឆ្នាំ២០២០ សមាគមបានប្រមូលទិន្នន័យការរៀបចំឥណទានឡើងវិញជារៀងរាល់សប្ដាហ៍ពីសមាជិករបស់ខ្លួន រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ។ ទិន្នន័យទាំងនេះត្រូវបានប្រមូលឡើងក្នុងគោលបំណងតាមដានផលប៉ះពាល់ជាក់ស្ដែងពីវិបត្តិជំងឺ Covid-19 ទៅលើអតិថិជន ការគាំពារអតិថិជនរបស់គ្រឹះស្ថានដែលជាសមាជិត និងការវិវត្តទូទៅនៃវិស័យមីក្រូហិរញ្ញវត្ថុទាំងមូល ដើម្បីធ្វើការវាយតម្លៃ និងផ្ញើរបាយការណ៍ជូនភាគីពាក់ព័ន្ធ។

គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគម បានបន្តប្រកាន់ខ្ជាប់នូវទស្សនៈវិស័យរបស់ខ្លួនតាមរយៈការជួយឱ្យប្រជាជនកម្ពុជា ជាង ២,២លាននាក់ និងមានឥណទានសរុប ប្រមាណ ៧៤០០លានដុល្លារ ខណៈអតិថិជនបញ្ញើសរុបជាង ២,៨លាននាក់ និងមានប្រាក់បញ្ញើសរុបជាង ៣៦០០លានដុល្លារ ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយភាពសម្បូរបែប និងទាន់ពេលវេលាតាមរយៈប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តភាព៕

អាមេរិក សន្យាផ្តល់ជំនួយបច្ចេកទេសសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ឆ្នាំ២០២០ នេះ គឺជាខួបទី៧០ នៃចំណងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្រៅពីគម្រោងអភិវឌ្ឍន៍ សហរដ្ឋអាមេរិកគ្រោងនឹងផ្តល់ជំនួយបច្ចេកទេសដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់សិក្សាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលត្រូវការជំនាញបច្ចេកទេសខ្ពស់។

នេះ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នេះ ស្តីពីលទ្ធផលជំនួបពិភាក្សាការងាររវាងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក Patric Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។ 

លោក Patric Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ថ្លែងថា ក្នុងឆ្នាំ ២០២០នេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងអាមេរិក នឹងផ្តល់នូវលទ្ធផលប្រកបដោយផ្លែផ្កាកាន់តែមានធំធេងថែមទៀត។ 

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ បានសាទរចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលបានផ្តល់ហិរញ្ញប្បទាន យ៉ាងច្រើនសម្រាប់បំពេញតម្រូវការអភិវឌ្ឍន៍នៅកម្ពុជា ដោយផ្តោតលើវិស័យសុខាភិបាល អប់រំ បរិស្ថាន កសិកម្ម និងអភិបាលកិច្ច និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។

លោកឧបនាយករដ្ឋមន្ត្រីបន្តថា សហរដ្ឋអមេរិក ក៏បានផ្តល់ជំនួយបច្ចេកទេសសម្រាប់ការងារកែទម្រង់ថវិកាក្រោមក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ ផងដែរ។ 

លើសពីនេះ នៅក្នុងបរិការណ៍ដែលកម្ពុជាក៏ដូចជាបណ្តាប្រទេសនានាលើសកលលោកកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺ Covid-19 នេះ កម្ពុជា ខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងសេដ្ឋកិច្ចឱ្យមានស្ថេរភាព ដោយបានដាក់ចេញវិធានការអន្តរាគមន៍ជាបន្តបន្ទាប់ ជាមួយនឹងគោលនយោបាយកែតម្រូវខ្សែសង្វាក់ផលិកម្មឱ្យស្របតាមតម្រូវការទីផ្សារ ដើម្បីរក្សាអត្រាគ្មានការងារធ្វើឱ្យនៅក្នុងកម្រិតទាប៕

យុទ្ធសាស្រ្តបញ្ចុះតម្លៃលក់អចលនទ្រព្យកំឡុងវិបត្តិ Covid-19 នឹងធ្វើឲ្យចរន្តទិញ-លក់ មានភាពប្រសើរឡើង

ដោយ ៖ ប៊ី

ភ្នំពេញ ៖ អ្នកជំនាញអះអាងថា យុទ្ធសាស្ត្របញ្ចុះតម្លៃការលក់អចលនទ្រព្យ កំឡុងពេលផ្ទុះឡើងនៃជំងឺ COVID-19 នឹងធ្វើឱ្យចរន្តសាច់ប្រាក់មានចលនានៅក្នុងទីផ្សារ និងចលនាទិញលក់អចលនទ្រព្យកើនឡើង ដែលជាផ្នែកមួយជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច ខណៈតម្លៃអចលនទ្រព្យមិនមានការប្រែប្រួលនោះទេ។

 

លោក ច្រឹក សុនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងប្រាប់គេទំព័រ Propertyarea.asia នៅថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០ថា យុទ្ធសាស្ត្របញ្ចុះតម្លៃលក់អចលនទ្រព្យនៅកម្ពុជាធ្វើទៅបានគឺអាស្រ័យលើអ្នកអភិវឌ្ឍន៍ ហើយវានឹងជំរុញចលនាទិញលក់អចលនទ្រព្យនៅទីផ្សារ។

លោកបានថ្លែងថា “យុទ្ធសាស្ត្របញ្ចុះតម្លៃអចលនទ្រព្យ យើងធ្វើវាយូរហើយ។ អ្នកអភិវឌ្ឍន៍របស់យើង ជាមួយនឹងរដ្ឋាភិបាល ធ្វើយុទ្ធសាស្ត្រនេះយូរហើយ ដូចជាពន្ធកាត់ទុក ហើយគម្រោងមួយចំនួនបានបញ្ចុះតម្លៃ ៥ ទៅ ១០ ភាគរយ ឬ១៥ ភាគរយ កំឡុងវិបត្តិ COVID-19 នេះ ដូច្នេះវាជាយុទ្ធសាស្ត្រទីផ្សារដែលពួកគាត់ចាប់ធ្វើដើម្បីជួយឱ្យចរន្តលក់ផុលផុស”។ 

យុទ្ធសាស្ត្រនៃការបញ្ចុះតម្លៃនេះគឺត្រូវធ្វើឡើងក្នុងតម្លៃសមរម្យណាមួយ ដែលធ្វើឱ្យមានការទាក់ទាញអ្នកវិនិយោគបញ្ចេញប្រាក់ចូលក្នុងទីផ្សារ ហើយទាំងអ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគទទួលបានផលចំណេញសម្រាប់ការវិនិយោគរបស់ខ្លួន។ វាជាយុទ្ធសាស្ត្រដើម្បីកៀរគរទុនវិនិយោគ ដូច្នេះវានឹងធ្វើឱ្យមានចរន្តសាច់ប្រាក់ចរាចរក្នុងទីផ្សារ ហើយនឹងធ្វើឱ្យមានចលនាប្រតិបត្តិការទិញលក់អចលនទ្រព្យ។

លោក ច្រឹក សុខនីម បានឱ្យដឹងថា “បញ្ហាជំងឺប្រឈមនឹងភាពភ័យខ្លាចបូកនឹងតម្លៃសេដ្ឋកិច្ច។ វាមានន័យថា យើងគិតតែរឿងសេដ្ឋកិច្ចមិនទាន់គ្រប់គ្រាន់នៅឡើយទេ ប៉ុន្តែវាទាល់តែជំងឺនេះគ្រប់គ្រង ហើយនឹងមានកើតឡើងវិញ”។ លោកបានបន្តថា “វិស័យអចលនទ្រព្យនៅកម្ពុជាមិនមានការប្រឈមបញ្ហាខ្លាំងនោះទេ នៅពេលបច្ចុប្បន្ន ព្រោះវិស័យនេះនៅកម្ពុជាទាមទាររយៈពេលវែងក្នុងការវិវត្តន៍ទៅមុខ”។

យុទ្ធសាស្ត្របញ្ចុះតម្លៃការលក់អចលនទ្រព្យកំពុងទទួលបានជោគជ័យខ្លាំងនៅប្រទេសថៃ។

លោកស្រី Risinee Sarikaputra ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សានៅក្រុមហ៊ុន Knight Frank Thailand បានថ្លែងថា ការបញ្ចុះតម្លៃយ៉ាងខ្លាំងពីអ្នកអភិវឌ្ឍន៍កំពូលៗនៅថៃ បានទាក់ទាញអ្នកទិញវិនិយោគជាច្រើននៅក្នុងខែនេះ បន្ទាប់ពីពួកគេបានបាត់ពីទីផ្សារ នៅពេលដែលការកំណត់ប្រាក់កម្ចីដល់តម្លៃបានចូលជាធរមានកាលពីឆ្នាំមុន។

លោកស្រី Risinee បាននិយាយថា “ការបញ្ចុះតម្លៃយ៉ាងច្រើនត្រូវបានអនុវត្តទៅលើយូនីតខុនដូដែលមានកំណត់ និងជាវិធីទាក់ទាញអតិថិជនមករកទីតាំងទាំងនោះ។ បើទោះបីជាយូនីតទាំងនោះត្រូវបានលក់អស់ អ្នកអភិវឌ្ឍន៍នឹងផ្តល់ឱ្យយូនីតផ្សេងទៀតក្នុងតម្លៃដ៏ទាប”៕