រដ្ឋាភិបាលគាំទ្រឲ្យរោងចក្រកាត់ដេរបង្វែរមកផលិតម៉ាស និងសម្ភារៈការពារជំងឺCovid-19 សម្រាប់នាំចេញ

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានប្រកាសគាំទ្រ និងលើកទឹកចិត្តឱ្យបណ្តារោងចក្រកាត់ដេរ ចូលរួមធ្វើការផលិតម៉ាសគ្រប់ប្រភេទ សម្ភារពេទ្យ និងសម្លៀកបំពាក់សម្រាប់ការពារជំងឺឆ្លង សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញ ខណៈរោងចក្រមួយចំនួនប្រឈមនឹងការព្យួរ និងបិទជាបណ្តោះអាសន្នដែលបង្កឡើងដោយជំងឺ Covid19

នេះបើយោងតាមលិខិតរបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  តបទៅនឹងសំណើរសមាគមរោងចក្រកាត់ដេរកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២០នេះ។

លោក អូន ព័ន្ធមុនីរ័ត្នបានឱ្យដឹងថា យោងតាមសំណើរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក្នុងបរិការណ៍នៃការរាតត្បាតជំងឺកូវីដ១៩ ដែលកម្ពុជា និងសកលលោកកំពុងមានតម្រូវការម៉ាសគ្រប់ប្រភេទ សម្ភារពេទ្យ និងសម្លៀកបំពាក់សម្រាប់ការពារជំងឺឆ្លង រាជរដ្ឋាភិបាលកម្ពុជាគាទ្រ និងលើកទឹកចិត្តឲ្យបណ្តារោងចក្រកាត់ដេរនៅកម្ពុជា ចូលរួមធ្វើការផលិតម៉ាសគ្រប់ប្រភេទ សម្ភារពេទ្យ និងសម្លៀកបំបាក់សម្រាប់ការងារជំងឺឆ្លង សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងបម្រើការនាំចេញ។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា  (GMAC) បានឱ្យដឹងកាលពីចុងសប្តាហ៍មុននេះថា មានរោងចក្រចំនួន១៨០ បានប្រកាសព្យួរការងារកម្មករ និងមានកម្មករនិយោជិតជាច្រើនម៉ឺននាក់ ត្រូវបានប៉ះពាល់ការងារ និងរោងចក្រចំនួន៦០ផ្សេងទៀត នឹងព្យួរផលិតកម្មនាពេលខាងមុខនេះ ដែលបង្កឡើងដោយជំងឺCovid-19

ក្រសួងសុខាភិបាលកម្ពុជា បានចំណាយថវិកាប្រមាណ៧លានដុល្លារ លើការទិញម៉ាស់ សម្ភារពេទ្យ និងបរិក្ខារមួយចំនួន ដើម្បីផ្ដល់ជូនដល់គ្រប់២៥ខេត្តក្រុង សម្រាប់ការពារពីជំងឺកូវីដ១៩ ខណៈកម្ពុជានឹងទទួលបាន១១លានម៉ាស់គ្រប់តាមផែនការដែលបានដាក់ចេញដោយរដ្ឋាភិបាលនៅដើមខែឧសភានេះ៕

អភិបាលខេត្តបាត់ដំបងអះអាងថា គម្រោងដំណើរការព្រលានយន្តហោះឡើងវិញកំពុងពន្លឿនការសិក្សាលម្អិត

ដោយ ៖ រ៉ាណេត

បាត់ដំបង ៖ អនុវត្តទៅតាមផែនការ និងគោលនយោបាយដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា តម្រូវឱ្យមានការស្តារ និងស្ថាបនាព្រលានយន្តហោះក្នុងខេត្តបាត់ដំបង ដើម្បីដាក់ឱ្យដំណើរការឡើងវិញនោះ ពេលនេះកំពុងស្ថិតនៅក្នុងដំណាក់សិក្សាលម្អិតពីសំណាក់មន្ត្រីពាក់ព័ន្ធ និងក្រុមហ៊ុនជំនាញក្នុងស្រុក។

អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តនៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះថា បច្ចុប្បន្ននេះ គម្រោងស្ថាបនាព្រលានយន្តហោះខេត្តបាត់ដំបង គឺត្រូវបានមន្ត្រីជំនាញ និងក្រុមការងារកំពុងតែយកចិត្តទុកដាក់ក្នុងការសិក្សា។

លោកបានមានប្រសាសន៍បន្តទៀតថា “មន្ត្រីជំនាញផ្នែកបច្ចេកទេសអាកាសចរស៊ីវិល រួមជាមួយក្រុមហ៊ុនជំនាញក្នុងស្រុក ពួកគាត់កំពុងតែសិក្សាលម្អិតពាក់ព័ន្ធទៅនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាដែលពាក់ព័ន្ធទៅនឹងស្ដារ និងស្ថាបនាបន្ថែមទៅលើទីធ្លានៃព្រលានចាស់ ថាតើគួរតែរក្សាទំហំព្រលានចាស់ ឬត្រូវធ្វើ និងពង្រីក”។

លោកបានបន្តថា “ការស្ដារ ឬស្ថាបនាឡើងវិញក្នុងទំហំប៉ុណ្ណានោះ គឺត្រូវសិក្សាឱ្យច្បាស់ពីតម្រូវការជាក់ស្ដែង និងពិតប្រាកដនៅក្នុងស្រុក។ ជាមួយគ្នានេះក្រុមហ៊ុនជំនាញក៏កំពុងសិក្សាយ៉ាងលម្អិតទៅលើទីធ្លាសម្រាប់ទីចំណតរបស់យន្តហោះក្នុងស្រុក ក៏ដូចជាទីសម្រាប់រថយន្តចូលចតសម្រាប់ដឹកអ្នកដំណើរ និងសម្រាប់ដឹកទំនិញផងដែរ ដោយឡែកពាក់ព័ន្ធទៅនឹងពេលវេលានៃការចាប់អនុវត្តគម្រោងជាក់លាក់នៅពេលណា ហើយចំណាយថវិកាអស់ប៉ុន្មាន នៅមិនទាន់អាចបញ្ជាក់បាននោះទេ”។

អគ្គនាយករងបច្ចេកទេស រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានមានប្រសាសន៍អាកាសយានដ្ឋានខេត្តបាត់ដំបងនៅពេលបច្ចុប្បន្ននេះ គឺជាប្រភេទអាកាសយានដ្ឋានក្នុងស្រុក មានលក្ខណៈតូចចង្អៀត និងទ្រុឌទ្រោម ដែលយើងត្រូវតែពិនិត្យ ដើម្បីស្ដារ និងកែលម្អរឡើងវិញឱ្យស្របតាមទៅស្ដង់ដារអន្តរជាតិ ដែលការផ្តួចផ្ដើមនេះត្រូវបានរដ្ឋមន្ត្រីទទួលបន្ទុកអាកាសចរស៊ីវិល បានប្រគល់ការងារឱ្យក្រុមមន្ត្រីជំនាញ ដើម្បីលើកសំណើរ ថាតើត្រូវកែលម្អរ និងអភិវឌ្ឍន៍អាកាសយានដ្ឋានមួយនេះរបៀបណា។

លោក ស៊ីន ចាន់សិរីវុត្ថា បានមានប្រសាសន៍ថា “ជាជំហានដំបូងយើងគិតថា ត្រូវស្ដារឡើងវិញដើម្បីឱ្យបានគ្រប់ស្ដង់ដារសុវត្ថិភាពត្រឹមកម្រិត 3C ដែលយើងអាចទទួលចុះចតយន្តហោះក្នុងស្រុកប្រកបដោយសុវត្ថិភាព។ បន្ទាប់មកទៀត យើងបានពិនិត្យមើលផែនការអភិវឌ្ឍន៍របស់នគរូបនីយកម្មនៅខេត្តបាត់ដំបង ដែលបានបង្ហាញពីភាពសមស្រប ទៅនឹងផែនការនៃការអភិវឌ្ឍ និងយល់ស្របក្នុងការកែសម្រួល និងស្តារអាកាសយានដ្ឋានមួយនេះឡើងវិញសម្រាប់ប្រើប្រាស់ក្នុងរយៈពេលខ្លី និងមធ្យម ប៉ុន្តែសម្រាប់រយៈពេលវែង គឺចាំបាច់ត្រូវតែមានការផ្លាស់ប្ដូរទីតាំងថ្មី” ៕

ខេត្តបាត់ដំបងទាក់ទាញលំហូរទុនវិនិយោគលើវិស័យអចលនទ្រព្យ ជាង៧៦លានដុល្លារ

ដោយៈ រ៉ាណេត

បាត់ដំបងៈ នៅក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយ ដែលវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាមានភាពរីកចម្រើន និងអភិវឌ្ឍន៍ស្ទើរទូទាំងប្រទេស សម្រាប់តែខេត្តបាត់ដំបង កំណើនទុនវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ បានកើនឡើងរហូតដល់ជាង៧៦លានដុល្លារ។


អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានមានប្រសាសន៍នៅក្នុងអង្គសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងាររដ្ឋបាលខេត្តបាត់ដំបង នៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅពញរឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះថា វិស័យអចលនទ្រព្យ និងសំណង់នៅក្នុងខេត្តបាត់ដំបងនាពេលបច្ចុប្បន្ននេះ គឺមានការអភិវឌ្ឍ និងរីកចម្រើនគួរឱ្យកត់សម្គាល់។

លោកបានបញ្ជាក់ទៀតថា ក្រោមការអនុវត្តតាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ខេត្តបាត់ដំបងចាប់តាំងពីឆ្នាំ២០១២ រហូតមក វិស័យសេដ្ឋកិច្ចនៅក្នុងខេត្ត ក៏ដូចជាកម្រិតជីវភាពរបស់ប្រជាជនមានការកើនឡើងជាបន្តបន្ទាប់។ លោកបន្តថា ដោយឡែកសម្រាប់តែវិស័យអចលទ្រព្យនៅទូទាំងខេត្តក៏មានភាពរីកចម្រើន និងអភិវឌ្ឍន៍ផងដែរ ដែលនៅក្នុងនោះវិស័យសំណង់បានដើរតួយ៉ាងសំខាន់ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។

នៅក្នុងអង្គសន្និសីទសារព័ត៌មានដដែលនេះ លោកងួន រតនៈ បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១២ រហូតមកត្រឹមចុងឆ្នាំ២០១៩ វិស័យសំណង់ និងអចលនទ្រព្យនៅទូទាំងខេត្តបាត់ដំបង ការរៀបចំពុះដីឡូតិ៍ សំណង់បុរីលំនៅដ្ឋាន រោងចក្រសហគ្រាសជាដើម មានសរុបរហូតដល់៨៣៩គម្រោង ស្មើនឹងប្រមាណ៣២៥,៣១៨ម៉ែត្រការ៉េ ដែលមានទុនវិនិយោគសរុបចំនួន៧៦,១៨៤,៤១០ដុល្លារ ដែលជាទិន្នន័យបង្ហាញពីភាពរីកចម្រើននៅក្នុងវិស័យមួយនេះ

បច្ចុប្បន្ននេះខេត្តបាត់ដំបង បានអភិវឌ្ឍន៍ខ្លួនយ៉ាងសកម្ម ជាពិសេសបានទាក់ទាញការវិនិយោគជាមួយគម្រោងធំៗជាច្រើន នៅក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម និងទេសចរណ៍។ សម្រាប់កំណើនសេដ្ឋកិច្ច មានចំនួនស្មើនឹងប្រមាណ៨,១៨ភាគរយ នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយប្រាក់ចំណូលគិតជាមធ្យមប្រចាំឆ្នាំចំនួន១៦១៦, ដុល្លារក្នុងម្នាក់៕


ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនសម្រេចបាន៥៨៦លានដុល្លារ ក្នុងត្រីមាសទី១ឆ្នាំនេះ

ដោយ ប៊ី

ភ្នំពេញៈ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនបានកើនឡើងដល់ជាង ៥៨៦ លានដុល្លារក្នុងត្រីមាសទី១ឆ្នាំនេះ កើនឡើង៤,៩០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍អង្គការពាណិជ្ជកម្ម ក្រៅប្រទេសរបស់ជប៉ុន (JETRO) កាលពីម្សិលមិញនេះ។


ការនាំចេញរបស់កម្ពុជាទៅកាន់ជប៉ុន មានតម្លៃជាង៤៧៥លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២០ កើនឡើង៤,៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចូលរបស់កម្ពុជាពីជប៉ុនមានតម្លៃ១១១ លានដុល្លារ កើនឡើង៧ភាគរយ។

កម្ពុជា និងជប៉ុនបានប្តេជ្ញារួមគ្នា ក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ជាង២ ពាន់លានដុល្លារនៅឆ្នាំនេះ។

យោងតាមទិន្នន័យរបស់ JETRO បានបង្ហាញថា ប្រទេសកម្ពុជាបាននាំចេញទំនិញជាង១,៧ពាន់លានដុល្លារ ទៅកាន់ប្រទេសជប៉ុនកាលពីឆ្នាំមុន កើនឡើង៧,៧ភាគរយ ធៀបនឹងឆ្នាំ២០១៨ កម្ពុជាបាននាំចូលផលិតផលមានតម្លៃជង ៥៦៣លានដុល្លារកើនឡើង៣៣, ភាគរយក្នុងឆ្នាំ២០១៩ ធៀបនឹងឆ្នាំ ២០១៨។

ទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានបង្ហាញថា ចន្លោះពីឆ្នាំ១៩៩៥ ដល់ខែកញ្ញា ឆ្នាំមុនគម្រោងវិនិយោគចំនួន១៤១ របស់ជប៉ុនមានទឹកប្រាក់២, ពាន់លានដុល្លារនៅកម្ពុជា។ ក្នុងចំណោមគំរោងវិនិយោគទាំាំងនោះ មានគំរោងចំនួន៦៦ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដោយមានទុនវិនិយោគប្រមាណ ៣៤០ លានដុល្លារ។

ទិន្នន័យបានបង្ហាញថា គម្រោងភាគច្រើនគឺថាមពល ការតម្លើងគ្រឿងអេឡិចត្រូនិច គ្រឿងបន្លាស់រថយន្ត ឧស្សាហកម្ម កសិឧស្សាហកម្ម កែច្នៃអាហារ បដិសណ្ឋារកិច្ច សុខភាព និងផ្នែកលក់រាយ៕


បន្ទាប់ពីកាត់ចូលក្នុងរដ្ឋបាលរាជធានីតើតំបន់កំបូលទាក់ទាញការវិនិយោគយ៉ាងដូចម្តេច?

ដោយវុត្ថា

ភ្នំពេញៈ តំបន់កំបូលដែលពីមុនត្រូវបានគេគិតថា មានចំងាយឆ្ងាយពីរាជធានីភ្នំពេញ តែរហូតមដល់ពេលនេះតំបន់នេះស្ថិតនៅមិនឆ្ងាយនោះទេ ខណៈកំបូលគឺជាខណ្ឌថ្មី ដែលត្រូវបានកាត់ចេញពីខណ្ឌពោធិ៍សែនជ័យ តំបន់នេះកំពុងមានសក្តានុខ្ពស់ ដែលមានរោងចក្រច្រើន និងប្រជាពលរដ្ឋតំាងទីលំនៅច្រើន ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អប្រសើរ។


លោកកាង សុធី នាយកប្រតិបត្តិក្រុមហ៊ុន Century21 Land Station បានឱ្យដឹងកាលពីចុងសប្តាហ៍កន្លងមកនេះថា សម្រាប់ដីធ្លីនៅក្នុងតំបន់នេះ មានតម្លៃចន្លោះពី៥០ទៅ១០០ដុល្លារអាមេរិក នៅក្នុងមួយម៉ែត្រការ៉េដែលអាចសាងសង់លំនៅឋានបាន។ ម្យ៉ាងទៀត តំបន់នេះមានសក្តានុពលខ្ពស់ ដែលអ្នកមានធនធានអាចទិញដីសម្រាប់សាងសង់ឃ្លាំងសម្រាប់ស្តុកទំនិញផ្សេងៗ

លោកបន្តថា យើងក៏អាចសាងសង់បន្ទប់ជួល សម្រាប់កម្មករស្នាក់នៅ លំនៅឋានសម្រាប់រស់នៅ និងអាចធ្វើអ្វីៗទៅតាមប្រថ្នារបស់យើងគ្រប់គ្នាបាន លោកបន្ថែមថា ជាពិសេសតំបន់កំបូលមានភាពទាក់ទាញខ្ពស់ ដោយសារនៅជាបន់នេះ នឹងផ្លូវជាតិលេខ៤  ដែលជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ដែលមានការនាំចេញ នាំចូលនូវទំនិញគ្រប់ប្រភេទទៅកាន់កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ

លោកឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលធ្លាប់បានឱ្យដឹងកាលពីពេលថ្មីៗថា បើទោះជារយៈពេលនៃការបង្កើតខណ្ឌកំបូល គិតមកទល់ពេលនេះ មានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែសមិទ្ធផលជាច្រើនត្រូវបានលេចចេញកជាបណ្តើរៗ ដូចជា ការរៀបចំសណ្តាប់ធ្នាប់ រៀបចំសួនច្បារ និងដាំដើមឈើលំអរសោភ័ណ្ឌភាព តាមដងផ្លូវជាតិលេខ៤ ជួលជុលផ្លូវចាក់គ្រួសតាមភូមិ សង្កាត់ សម្រាប់ឲ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួល និងដាក់ភ្លើងអំពូលសឡាតាមបង្គោលក្នុងសង្កាត់មួយចំនួន។

ខណ្ឌកំបូលជាខណ្ឌមួយ ស្ថិតនៅប៉ែកខាងលិចនៃរាជធានីភ្នំពេញ ដែលមានព្រំប្រទល់ខាងលិចទល់នឹងស្រុកអង្គស្នួល ខេត្តកណ្តាល ព្រំប្រទល់ខាងកើតទល់នឹងខណ្ឌពោធិ៍សែនជ័យ ព្រំប្រទល់ខាងត្បូងទល់នឹងខណ្ឌដង្កោ និងព្រំប្រទល់ខាងជើងទល់នឹងខណ្ឌព្រែកព្នៅ មានផ្ទៃក្រឡាសរុបប្រមាណ៩ពាន់ហិចតាជាងមាន៧សង្កាត់ សង្កាត់កំបូល សង្កាត់កន្ទោក សង្កាត់ឳឡោក សង្កាត់ស្នោរ សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំនិងសង្កាត់ប្រទះឡាង៕


ខ័​ណ្ឌ​ព្រែក​ព្នៅ​បាននិងកំពុង​ទាក់ទាញ​វិនិយោគ​លើ​លំនៅឋាន និង​បណ្តុំ​អាគារពាណិជ្ជកម្ម

ដោយ ​វុត្ថា

ភ្នំពេញៈ តំបន់​ព្រែក​ព្នៅ បច្ចុប្បន្ននេះ​បាននិងកំពុង​ទាក់ទាញ​ការវិនិយោគ​លំនៅឋាន និង​ពាណិជ្ជកម្ម ដែល​ជំរុញ​ឱ្យ​តំបន់​នេះ កាន់​តែមាន​សក្តានុពល​ក្នុង​វិស័យ​អចលនទ្រព្យ ដោយ​មិន​ចាញ់​តំបន់​ដទៃ​នៃ​ទីក្រុង​ភ្នំពេញ​នោះទេ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី១២ ឧសភា ឆ្នាំ ២០២០នេះ​ឱ្យដឹងថា ខណ្ឌ​ព្រែក​ព្នៅ​ចាប់ផ្តើម​មានការ​អភិវឌ្ឍ​ដី ដោយ​តំបន់​វាលស្រែ បឹង ត្រូវបាន​លុប ហើយ​ក្លាយជា​តំបន់​លំនៅដ្ឋាន និង​អាគារ​ពាណិជ្ជកម្ម។

លោក​បន្តថា “ដី​មួយចំនួន​ត្រូវបាន​កែប្រែ​ដី​ទំនេរ​ជា​លំនៅឋាន និង​សាងសង់​បូរី ខណៈ​បច្ចុប្បន្ន សន្ទុះ​នៃ​ការអភិវឌ្ឍន៍​លំនៅឋាន​មាន​ល្បឿន​លឿន ព្រោះ​អ្នក​អភិវឌ្ឍ​បាន និង​កំពុង​ចាប់​ឳ​កាស​ក្នុងការ​វិនិយោគ ដោយសារ​តម្លៃ​ដី​សម្រាប់​វិនិយោគ​អាច​រក​ផលចំណេញ​បាន។

លោក​ច្រឹ​ក សុខ​នី​ម​បន្តថា តំបន់​នេះ​បាន​នឹង​កា្ល​យ​ជា​តំបន់​លំនៅឋាន ដោយ​គម្រោង​លំនៅឋាន​ជាច្រើន ដូច​គម្រោង​បុរី​មួយចំនួន​បាន និង​កំពុង​បោះទីតាំង​វិនិយោគ​របស់ខ្លួន​នៅទីនេះ។

ជាមួយគ្នានេះ លោក​ឌឹ​ត ច​ណ្ណា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ Lucky Real Estate Cambodia ឱ្យដឹង​ដែរ​ថា ស្ថានភាព​អចលនទ្រព្យ​នៅ​ខណ្ឌ​ព្រែក​ព្នៅ​ឃើញ​មាន​សន្ទុះ​ច្រើន ដោយមាន​គម្រោង​បន្ថែម​ច្រើន ហើយ​ឥឡូវ​យើង​ឃើញ​មានការ​អភិវឌ្ឍន៍​ចំរុះ​ដូចជា​លំនៅឋាន អាជីវកម្ម និង​ផ្សារ។

លោក​ឌិ​ត ច​ណ្ណា​បាន​បន្តថា “តំបន់​ព្រែក​ព្នៅ អាច​នឹង​កា្ល​យ​ជា​តំបន់​ដែលមាន​ការអភិវឌ្ឍន៍​ចំរុះ ដោយសារ​យើង​ឃើញ មានការ​អភិវឌ្ឍន៍​លំនៅឋាន ការធ្វើ​អាជីវកម្មផ្សេងៗ និង​ក៏​ឃើញ​មាន​វិនិយោគិន​ចិន​ចូលទៅ​អភិវឌ្ឍ​នៅ​តំបន់​នេះដែរ” ។

តំបន់​ព្រែក​ព្នៅ​ដែល​ស្ថិតនៅ​ខាងជើង ឆៀង​ខាងលិច​នៃ​រាជធានី​ភ្នំពេញ ជា​តំបន់​មួយ​ក្នុងចំណោម​តំបន់ ដែល​បាននិងកំពុង​បង្ហាញ​ពី​សក្តានុពល​ដ៏​សំខាន់ សម្រាប់​ការអភិវឌ្ឍន៍ គម្រោង​លំនៅឋាន​ដែលមាន​តម្លៃ​សមរម្យ និង​មាន​ចំងាយ​ប្រហែល១៥គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ។

នាពេល​បច្ចុប្បន្ននេះ មាន​គម្រោង​សំណង់​លំនៅដ្ឋាន​បែប​ទំនើប និង​ទាន់សម័យ​របស់​ក្រុមហ៊ុន​អភិវឌ្ឍ​បុរី ខេ ស៊ី​ស្ថិតក្នុង​តំបន់​ព្រែក​ព្នៅ នៃ​រាជធានី​ភ្នំពេញ​នេះ បាន​នឹង​កំពុង​តែមាន​ភាព​ទាក់ទាញ​មួយ និង​សម្រុក​សាងសង់​យ៉ាង​មមាញឹក ដើម្បី​បញ្ចប់​ទៅតាម​គម្រោង​ទាំងស្រុង​នៅត្រឹម​ឆ្នាំ២០២១ ៕

សញ្ញា​វិជ្ជមាន៖ ទីផ្សារ​អគារ​ពាណិជ្ជកម្ម​នៅ​ហុងកុង​ចាប់ផ្តើម​មាន​ចរន្ត​ទិញ-លក់​ឡើងវិញ

ដោយ ហ្សូ​លី

ភ្នំពេញៈ ជា​លើកដំបូង​ហើយ ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លងមកនេះ ដែល​អចលនទ្រព្យ​ពាណិជ្ជកម្ម​ដ៏​សំខាន់ នៃ​ទីក្រុង​ហុងកុង បាន​ត្រលប់​មករក​ភាពល្អប្រសើរ​ឡើងវិញ ដោយ​ប្លុក​អគារ​ទាំងមូល​ត្រូវបាន​គេ​ដាក់លក់ នៅ​ហុងកុង ដែល​ជាទី​ក្រុងមាន​អចលនទ្រព្យ​ថ្លៃ​ជាងគេ​បំផុត​នៅលើ​ពិភពលោក។

វិនិយោគិន​អចលនទ្រព្យ​រយៈពេល​វែង​មួយចំនួន​ព្យាករណ៍​ថា នឹងមាន​ការធ្លាក់ចុះ​នៅក្នុង​ពាណិជ្ជកម្ម របស់​ទីក្រុង​ពាក់ព័ន្ធ​វិស័យ​អចលនទ្រព្យ ដែល​នេះ​ជាការ​ព្យាករណ៍​ខុសស្រឡះ​មួយ។

ផ្នែក​លក់រាយ​របស់​ហុងកុង ត្រូវបាន​ទទួលរង​នូវ​ផលប៉ះពាល់​យ៉ាងខ្លាំង ពីដំបូង​ដោយសារ​ការតវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល​រាប់​ខែ ហើយ​នឹងមាន​ស្ថានភាព​កាន់តែ​យ៉ាប់យឺន​បន្ទាប់មក​ការរីក​រាលដាល​នៃ​មេរោគ​ឆ្លង Covid-19 ។

សេដ្ឋកិច្ច​ទីក្រុង​បាន​ធ្លាក់ចុះ  អាក្រក់​បំផុត​នៅក្នុង​ត្រីមាស​ទីមួយ នៃ​ឆ្នាំនេះ​ដោយ​វា​បាន​ដាំ​ក​ក្បាល​ចុះ៨,៩ ភាគរយ។

អគារ​កម្ពស់៦ជាន់ ស្ថិតនៅ​លើផ្លូវ​ហេ​នេ​ស៊ី ត្រូវបាន​ដាក់លក់​តម្លៃ១ពាន់​លាន​ដុល្លារ​ហុងកុង (១៣០លាន​ដុល្លារ​អាមេរិក) បច្ចុប្បន្ន​ត្រូវបាន​កាន់កាប់​ដោយ​ក្រុមហ៊ុន​នាឡិកា​ប្រណីត​ស្វី​ស Breitling និង​គ្រឿងអលង្ការ​ហុងស៊ុយ​លួ​ន។ វា​មាន​ផ្ទៃក្រឡា​សរុប ១០,០០០ហ្វី​ត​ការ៉េ និង​ត្រូវបាន​អភិវឌ្ឍ​ជា​អគារ​ពាណិជ្ជកម្ម​ថ្មី ដែលមាន​ផ្ទៃក្រឡា​សរុប ៣០០,០០០ហ្វី​ត​ការ៉េ។

លោក Reeves Yan ប្រធាន​ទីផ្សារ​មូលធន​នៅ​ទីក្រុង​ហុងកុង សម្រាប់​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ CBRE ដែលជា​ភ្នាក់ងារ​តែមួយគត់ សម្រាប់​លក់បាន​មានប្រសាសន៍ថា “ ទ្រព្យសម្បត្តិ​តិចតួច​ណាស់ ដែល​ផ្លាស់ប្តូរ​នៅ​ហុងកុង​នេះ ដោយសារតែ​ទីតាំង​មាន​សក្តានុពល​មិនគួរ​ឱ្យ​ជឿ ហើយ​តម្លៃ​អាច​ចរចា​បាន” ។

យោងតាម CBRE បានឱ្យដឹងថា ចំនួន​នៃ​អគារ​ពាណិជ្ជកម្ម២០ ត្រូវបាន​កត់ត្រា​ថា​លក់​ចេញ​នៅក្នុង​ត្រីមាស​ទី១៕

អ្នកជំនាញ៖ តំបន់​ស្ថិតនៅតាម​ផ្លូវជាតិ​លេខ៦ នៅតែ​ផ្តល់ឱកាស​ចំណេញ​សម្រាប់អ្នកវិនិយោគ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ តំបន់​ជាយក្រុង ត្រើយ​ខាងកើត​នៅតាម​ផ្លូវជាតិ​លេខ​៦A រាប់​ចាប់ពី​គល់ស្ពាន​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រហូតដល់​ចំណុច​ស្ពាន​ព្រែ​កតា​ម៉ាក់ នៅតែមាន​ភាព​ទាក់ទាញ និង​ផ្តល់ឱកាស​ចំណេញ​សម្រាប់​អ្នកវិនិយោគ ជាពិសេស​ការអភិវឌ្ឍ​លើ​វិស័យ​លំនៅដ្ឋាន។

អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ លោកស្រី តាំង ហួរ នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ AMATAK Property Service បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ថា ស្ទើរតែ​គ្រប់​តំបន់​ជាយក្រុង​ទាំងអស់ សុទ្ធ​តែមាន​សក្ដានុពល និង​ការអភិវឌ្ឍ​ជាមួយនឹង​គម្រោងធំៗជាច្រើន។

លោកស្រី​បញ្ជាក់ថា “នៅ​ត្រើយ​ខាងកើត ជាពិសេស​តំបន់​ជ្រោយចង្វារ បានប្រែក្លាយ​ពី​តំបន់​លំនៅដ្ឋានតូចៗ ទៅជា​អគារ​ពាណិជ្ជកម្ម សំណង់​ខុន​ដូ អា​ផាត​មិនជា​ច្រើន​គម្រោង​រួចទៅហើយ។ លោកស្រី​បន្ថែមថា “បើ​គិត​ចាប់ពី​ព្រែកលៀប រហូតដល់​តំបន់​ព្រែក​អញ្ចាញ នៅជាប់​ផ្លូវជាតិ​លេខ៦ បាន​ក្លាយជា​តំបន់​អភិវឌ្ឍន៍​លំនៅដ្ឋាន​ដ៏​ទាក់ទាញ​ដែលមាន​បុរី​មិនតិចជាង១០នោះទេ ដូចជា បុរី​អ័​រ​គី​ដេ បុរី​ប៉េង​ហួត បុរី The Flora  និង​បុរី​ជាច្រើន​ទៀត​កំពុង​សាងសង់” ។

ជាមួយនឹង​ភាព​រីកចម្រើន​នេះ លោកស្រី តាំង ហួរ បាន​មានប្រសាសន៍​បន្តទៀតថា “នៅ​តំបន់​ខាងកើត គឺ​ផ្តល់​ភាពល្អប្រសើរ​ដល់​ការរស់នៅ ដែល​ក្រៅពី​មាន​ភាព​អំណោយផល​ខ្យល់​ទន្លេ ទីតាំង​ភូមិសាស្ត្រ​មាន​ភាពងាយស្រួល​ចេញ ចូល​ក្រុង ដែល​ត​ភ្ជាប់​ដោយ​ស្ពាន​ឆ្លងទន្លេ​ជាច្រើន ថែមទាំង​មាន​សុវត្ថិភាព គ្មាន​ការរំខាន់​ពី​ការដឹកជញ្ជូន​ដោយ​រថយន្តធំៗដូច​ផ្លូវជាតិ​លេខ១ ផ្លូវជាតិ​លេខ៤ និង​ផ្លូវជាតិ​លេខ៥នោះទេ។ ភាពល្អប្រសើរ​ទាំងអស់​នេះហើយ ដែល​ធ្វើឱ្យ​តំបន់​នេះ​មាន​ភាព​ទាក់ទាញ និង​ប្រជាប្រិយភាព​ក្នុងការ​វិនិយោគ” ។

លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisal (KFA) ធ្លាប់បាន​មានប្រសាសន៍ថា មិន​ថា​ពេលនេះ ឬ​ថ្ងៃ​អនាគត​នោះទេ តំបន់​ជ្រោយចង្វារ​នៅតែមាន​ភាព​ទាក់ទាញ និង​មាន​សក្ដានុពល​សម្រាប់​ការវិនិយោគ។

លោក​ឧកញ៉ា​បាន​បន្តថា “ភាព​ទាក់ទាញ​ទាំងអស់នោះ ក៏​ព្រោះតែ​នៅ​តំបន់​នេះ​មាន​គម្រោង​អភិវឌ្ឍធំៗជាច្រើន ដូចជា ទីក្រុង​រណប និង​មជ្ឈមណ្ឌល​ពិព័រណ៍​ខ្នាត​អន្តរជាតិ​របស់​ក្រុមហ៊ុន OCIC និង​ទីក្រុង​រណប និង​មជ្ឈមណ្ឌល​កម្សាន្ត​លំដាប់​អន្តរជាតិ​របស់​ក្រុមហ៊ុន លី យ៉ុង​ផាត់ រួមជាមួយ​បណ្តុំ​លំនៅដ្ឋាន​បែប​ទំនើប​កម្រិត​ខ្ពស់​ជាដើម” ។

បន្ថែម​ពីនេះ​នៅមាន​ស្ថាប័នរដ្ឋធំៗ និង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ត្រូវបាន​បង្កើតឡើង ជាពិសេស ស្ពាន​ជាច្រើន​កន្លែង​ក៏បាន​សាងសង់​រួចរាល់ ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់ និង​ចេញចូល​ក្រុង។

លោក​ឧកញ៉ា​នួន រិ​ទ្ឋី​បាន​បន្តថា សកម្មភាព​អភិវឌ្ឍន៍​ទាំងអស់​នេះហើយ ដែលជា​កត្តា​រុញច្រាន​ទំនោរ​ចិត្ត​របស់​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ ឱ្យ​ងាក​ទៅធ្វើ​ការវិនិយោគ​នៅ​តំបន់​នេះ ហើយ​វា​អាច​នឹង​បន្ត​រហូតដល់​ព្រំប្រទល់ រវាង​ខណ្ឌ​ជ្រោយចង្វារ និង​ស្រុក​មុខកំពូល​ខេត្តកណ្តាល។

ដោយឡែក​ចំពោះ​តម្លៃ​ដី ក៏​នៅតែ​បន្ត​កើន​ឡើងជា​បន្តបន្ទាប់ ដែល​នៅតែ​ផ្តល់ឱកាស​ចំណេញ​សម្រាប់​អ្នកវិនិយោគ៕

ការសិក្សា៖ បណ្តា​ប្រទេស​អាស៊ាន​ចំនួន​បី​អាច​នឹង​ចំណាយពេល​យូរ​ក្នុងការស្តារ​សេដ្ឋកិច្ច​របស់ខ្លួន

ដោយ ប៊ី

ភ្នំពេញៈ ប្រទេស​ចំនួន​បី​ដែលមាន​សេដ្ឋកិច្ច ពឹង​ផ្អែកលើ​នាំចេញ​នៅ​អាស៊ីអាគ្នេយ៍​អាច​ចំណាយពេល​យូរ ដើម្បី​ស្តារ​សេដ្ឋកិច្ច​របស់ខ្លួន ដោយសារ​រង​ផលប៉ះពាល់​ពី​ជំងឺ COVID-19 ។ នេះ​បើ​យោងតាម​ការសិក្សា​របស់​ធនាគារ​ Morgan Stanley ដែល​មូល​ដ្ឋា​នៅ​អាមេរិក។

ធនាគារ​វិនិយោគ​អាមេរិក Morgan Stanley បានឱ្យដឹង​នៅក្នុង​របាយការណ៍ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​កន្លងមកនេះ​ថា ស្ថានភាព​នេះ​មានន័យថា សេដ្ឋកិច្ច​ដូចជា ប្រទេស​ថៃ ម៉ាឡេស៊ី និង​សឹង្ហ​បូរី ប្រហែលជា​ត្រូវ​រង់ចាំ​រហូតដល់​ត្រីមាស​ទី១ ឆ្នាំ ២០២១ ទើប​អាច​ងើបឡើង​វិញ។

របាយការណ៍​នេះ​បានឱ្យដឹងថា ប្រទេស​ទាំងនេះ បាន​អនុវត្តន៍​ការបិទ​ប្រទេស​ដែលនាំឱ្យ​មានការ​ប៉ះទង្គិច​ទ្វេរ​ដង​លើ​ការនាំចេញ និង​តម្រូវការ​ក្នុងស្រុក។

របាយការណ៍​បានឱ្យដឹងថា “ផលប៉ះពាល់​នៃ​វិបត្តិ​សេដ្ឋកិច្ច​សកល និង​កំណើន​រចនាសម្ព័ន្ធ​ខ្ពស់ ជា​មូល​ហេតុដែល​យើង​រំពឹងថា សេដ្ឋកិច្ច​របស់​ពួកគេ​នឹង​វិល​ត្រឡប់មក​ល្អប្រសើរ​វិញ​បន្ទាប់ពី​ប្រទេស​ចិន” ។

ទោះយ៉ាងណា​ក៏ដោយ ប្រសិនបើ​ការ​ផលប៉ះពាល់​ពី​ Covid-19 មាន​រយៈពេល​យូរ​ជាង​នេះ ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ខាងលើ អាច​នឹង​ប្រទះ​នឹង​បញ្ហា ហើយ​សេដ្ឋកិច្ច​ប្រទេស​ទាំងនេះ នឹង​ដើរ​ពីក្រោយ​សេដ្ឋកិច្ច​អាស៊ី​បូព៌ា​ដូចជា ប្រទេស​កូរ៉េ និង​តៃវ៉ាន់ ដែល​បាន​មើលឃើញ​ជោគជ័យ​ក្នុងការ​គ្រប់គ្រង​ជំងឺ COVID-19 ។

ចំណែក​នៅ​តំបន់​អាស៊ី​ផ្សេងទៀត ដែល​មិន​រាប់បញ្ចូល​ប្រទេស​ជប៉ុន សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ទំនងជា​នឹង​វិលត្រឡប់​មករក​ភាពល្អប្រសើរ​ឡើងវិញ នៅត្រឹម​ត្រីមាស​ទី៣ នៃ​ឆ្នាំ២០២០ ។

ធនាគារ Morgan Stanley បាន​ផ្អែកលើ​ការវិភាគ​នេះ​លើក​ត្តា​បីយ៉ាង ពី​ការរកឃើញ​នេះ​ថា តើ​សេដ្ឋកិច្ចនីមួយៗមាន​ឥទ្ធិពល​យ៉ាងណា ចំពោះ​វិបត្តិ​សេដ្ឋកិច្ច​សកល ការឆ្លើយតប​របស់​ស្ថាប័ន ដើម្បី​ដោះស្រាយ​ស្ថានភាព ​Covid-19 និង​ផលប៉ះពាល់​នៃ​តម្រូវការ​ក្នុងស្រុក និង​ឆន្ទៈ​ក្នុងការ​បន្ធូរបន្ថយ​គោលនយោបាយ។

វា​ក៏​សន្មត​ផងដែរ​ថា ករណី​ Covid-19 ប្រចាំថ្ងៃ នឹង​កើន​ឡើងដល់​ត្រីមាស​ទី២ ជាមួយនឹង​ការបើក​ដំណើរការ​សេដ្ឋកិច្ច​ជាបណ្តើរ។ នេះ​អាច​បញ្ជាក់ថា ត្រីមាស​ទី ២ អាចជា​ត្រីមាស អាក្រក់​បំផុត​សម្រាប់​តំបន់​ភាគច្រើន​នៃ​តំបន់៕

ក្រុមហ៊ុន​យក្ស​ចិន Huawei បង្ហាញ​ចំណាប់អារម្មណ៍​ចង់​វិនិយោគ​លើ​គម្រោងជាច្រើន​នៅ​កម្ពុជា

ដោយ​គង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុន​លំដាប់​យក្ស​របស់​ប្រទេស​ចិន Huawei បានបង្ហាញ​ចំណាប់់អារម្មណ៍​ចង់​វិនិយោគ​នៅក្នុង​ផ្នែក​ជាច្រើន​នៅ​ប្រទេស​កម្ពុជា។ នេះ​បើតាម​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នេះ​បង្ហើប​ឲ្យ​ដឹង។

ក្នុងជំនួប​ជាមួយ​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន Huawei Technology (Cambodia) Co., Ltd. លោក YAO Yuya នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប្រចាំ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី១២ ឧសភា​កន្លងមក លោក​YAO YuYa បាន​សម្តែង​នូវ​ចំណាប់អារម្មណ៍​ចង់​វិនិយោគ​លើ​គម្រោង​ជា ច្រើន​នៅ​កម្ពុជា ទាក់ទង នឹង​ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា តាម​អន​ឡាញ ដើម្បី​ផ្តល់​សេវាសាធារណៈ តាមរយៈ​បទ​បង្ហាញ​របស់ខ្លួន ដែល​លើកឡើង​អំពី​សមិទ្ធផល សម្រេចបានសំខាន់ៗរបស់​ក្រុមហ៊ុន ដែល​បានធ្វើ​ប្រតិបត្តិការ​នៅ​ប្រទេស​ចិន។

លោក​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​លោក ​YAO Yuya ចូលរួម​សហការ​ជាមួយ​នាយកដ្ឋាន​ព័ត៌មាន វិទ្យា និង​ទំនាក់ទំនង​សាធារណៈ​របស់​ក្រសួង ដើម្បី​ស្វែងយល់​វិស័យសំខាន់ៗដែល​ក្រុមហ៊ុន ​HUAWEI អាច​ផ្តល់​ការគាំទ្រ​ឯកទេស​បាន។

ជាមួយគ្នានេះ​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល​បាន​គូសបញ្ជាក់​អំពី​អត្ថប្រយោជន៍​នៃ​ការដាក់ឱ្យ​ប្រើប្រាស់​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App) ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង​ដោយសារ​ជង្ហុក​សំបុកមាន់ និង​ផ្លូវ​ខូច ព្រមទាំង​ជួយ​ឱ្យ​ប្រជាពលរដ្ឋ ធ្វើដំណើរ​លើ​ប្រព័ន្ធ​បណ្តាញ​ផ្លូវ ប្រកបដោយ​សុវត្ថិភាព ការប្រើប្រាស់​ជញ្ជីង​ថ្លឹង​រថយន្ត ដោយ​ស្វ័យប្រវត្តិ​បង្កប់​នៅក្នុង​ដី (Weighs in motion) និង​កាំ​មេ​រ៉ា​ចាប់​ល្បឿន រថយន្ត​សំដៅ​ធានា​កុំ​ឱ្យមាន​រថយន្ត​ដឹកទំនិញ​លើស​កម្រិត​កំណត់។

លោក​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​ភ្ញៀវ អំពី​ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន វិទ្យា​នៃ​បដិវត្ត​ឧស្សាហកម្ម​ជំនាន់៤.០ ដើម្បី​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព ដែល​ក្នុងនោះ​រួមមាន៖ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ការចុះបញ្ជី​យានយន្ត ការត្រួតពិនិត្យ លក្ខណៈ​បច្ចេកទេស​យានយន្ត កម្មវិធី​ថែទាំ​ផ្លូវ​ ROAD CARE Mobile App ជាដើម។

លោក​ស៊ុន ចាន់់ថុល​ក៏បាន​ជម្រាបជូន​ភ្ញៀវ អំពី​គម្រោង​ប្រើប្រាស់​Block Chainរបស់​ក្រសួង ដើម្បី​កាត់បន្ថយ​នីតិវិធី​ស្មុគស្មាញ ក្នុងការ​បំពេញការងា​រ និង​ក្លាយជា​ក្រសួង​ឈានមុខ​គេ​ក្នុងការ ប្រើប្រាស់​ក្រដាស​ស្នាម​តិច​តូច(Paperless) ដើម្បី​ព​ន្លឿ​ន​លំហូរ​ការងារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់៕