កម្ពុជាដាក់ឱ្យដំណើរការស្ថានីយ៍ផលិតថាមពលអគ្គិសនីកម្លាំង ២០០ មេហ្គាវ៉ាត់ ដើរដោយថាមពលព្រះអាទិត្យ

ដោយ ៖ រ៉ាណេត

កំពង់ឆ្នាំង ៖ អគ្គិសនីកម្ពុជា ទើបបានដាក់ឲ្យដំណើរការ ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព៦០មេហ្កាវ៉ាត់ ដែលជាថាមពលស្អាតក្នុងន័យបង្កើនថាមពលស្អាតក្នុងបណ្តាញជាតិ ដែលសរុបអនុភាពស្ថានីយប្រភេទនេះមានជិត២០០មេហ្គាវ៉ាត់រួចទៅហើយ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយក អគ្គិសនីកម្ពុជា លោក កែវ រតនៈ បានបញ្ជាក់ថាកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅថា ស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អនុភាព៦០មេហ្កាវ៉ាត់នេះ មានទីតាំងនៅភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានតភ្ជាប់ចូលបណ្តាញជាតិរួចរាល់ហើយ ដែលគិតទាំងស្ថានីយទី៣នេះ ធ្វើឱ្យប្រភពថាមពលស្អាតរបស់កម្ពុជាកើនឡើងជិត២០០មេហ្គាវ៉ាត់។

លោក កែវ រតនៈ បានមានប្រសាសន៍ឱ្យដឹងថា សម្រាប់ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ដែលមានសមត្ថភាពរហូតដល់៦០មេហ្គាវ៉ាត់ ទី៣នៅក្នុងប្រទេសកម្ពុជា គឺជាការវិនិយោគដោយក្រុមហ៊ុន Schneitec Renewable Co., Ltd ជាក្រុមហ៊ុនក្នុងស្រុក ដែលបានទទួលសម្បទានពីរាជរដ្ឋាភិបាល និងភ្ជាប់ជាមួយបណ្ដាញជាតិដោយអគ្គិសនីកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ក្នុងគោលដៅបង្កើនប្រភពផ្គត់ផ្គង់គ្រប់គ្រាន់តាមតម្រូវការ និងដើម្បីជួយបង្កើនសមាមាត្ររបស់ថាមពលកកើតឡើងវិញទៅក្នុងបណ្ដាញជាតិ។

លោកបានបញ្ជាក់ថា “គម្រោងនេះក្រៅពីផ្តល់ថាមពលបានមកពន្លឺព្រះអាទិត្យ ជាថាមពលកកើតឡើងវិញ ហើយជាថាមពលស្អាតហើយនោះ ក៏ជាគម្រោងវិនិយោគឯកជន ដោយក្រុមហ៊ុនក្នុងស្រុក និងមានវិស្វករ កម្មករដែលសុទ្ធសឹងតែជាខ្មែរផងដែរ។ មួយវិញទៀត ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល គឺនៅតែមានគោលដៅ ដើម្បីបង្កើនសមាមាត្រថាមពលកកើតឡើងវិញគ្រប់រូបភាព និងរាប់ទាំងថាមពលពន្លឺព្រះអាទិត្យនេះ ឱ្យកាន់តែច្រើន នៅក្នុងបណ្ដាញជាតិថែមទៀត”។

នៅពេលបច្ចុប្បន្ននេះ កម្ពុជាមានស្ថានីយផលិតថាមពល ដើរដោយពន្លឺព្រះអាទិត្យចំនួន៣ទីតាំងរួចហើយ គឺទី១ មានអនុភាព១០មេហ្គាវ៉ាត់ នៅក្រុងបាវិត ខេត្តស្វាយរៀង, ទី២៖ មានអនុភាព៨០មេហ្គាវ៉ាត់ នៅតំបន់ត្មាតពងខេត្តកំពង់ស្ពឺ ជិតនឹងរាជធានីភ្នំពេញ, និងគម្រោងទី៣ ទើបដាក់ឲ្យដំណើរការមានអនុភាព៦០មេហ្គាវ៉ាត់ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនេះ៕

អាស៊ាន​បូក​បី​នឹង​រៀបចំ​កិច្ចប្រជុំ​ពិសេស​តាមរយៈ​វីដេអូ Conference ស្តីពី Covid-19 នៅ​សប្តាហ៍​នេះ

ដោយ វុត្ថា

ភ្នំពេញៈ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា រួមជាមួយ​នឹង​ថ្នាក់ដឹកនាំ​របស់​អាស៊ាន និង​ប្រទេស​បូក​បី​ផ្សេងទៀត បាន​ឯកភាព​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​ពិសេស​ស្តីពី Covid-19  តាមរយៈ​ប្រព័ន្ធ​វីដេអូ (Video Conference) នៅ​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ។

យោងតាម​សេចក្តី​ក​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បានឱ្យដឹង​នៅ​ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២០កន្លងមក​បានឱ្យដឹង​ថា កិច្ចប្រជុំ​នេះ ត្រូវធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់ លោក ង្វៀន សួន​ហ្វុ​ក នាយករដ្ឋមន្ត្រី​វៀតណាម និង​ជា​ប្រធាន​អាស៊ាន ឆ្នាំ២០២០ ។

នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​ពិសេស​ស្តីពី Covid-19 សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា​ដ៏​មាន​អត្ថ​ន័​ចំនួន២ស្តីពី​ផលប៉ះពាល់​នៃ​កូ​វីដ-១៩ ទៅលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម និង​កំណើន​សេដ្ឋកិច្ចពិភពលោក ព្រមទាំង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នៃ Covid-19 ទៅលើ​សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​កិច្ចការ​សង្គម​ជារួម ដែល​ទាមទារ​កិច្ចប្រឹងប្រែង​រួមគ្នា ជា​លក្ខណៈ​អន្តរជាតិ ប្រកបដោយ​ប្រសិទ្ធិភាព និង​ទាន់ពេលវេលា ដើម្បី​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​នៃ Covid-19 នេះ។

កិច្ចប្រជុំ​កំពូល​ពិសេស​ទាំងពីរ​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​បន្ថែមទៀត ដែល​ឆ្លុះបញ្ចាំង​អំពី​ការរួបរួម​របស់​អាស៊ាន តាមរយៈ​សកម្មភាព​រួម នៃ​ការជួយ​គ្នា​ទៅវិញទៅមក ការលើកកម្ពស់​ការឆ្លើយ​តប ដោយ​ធ្វើ​សកម្មភាព​យ៉ាង​ឆាប់រហ័ស និង​ប្រកបដោយ​ប្រសិទ្ធភាព​នៅក្នុង​ការគ្រប់គ្រង​ជំងឺ និង​ការពង្រឹង​ភាពរឹងមាំ​របស់​តំបន់ ស្របពេល​ជាមួយ​ការត្រៀម​លក្ខណៈ​រួចជាស្រេច ក្នុងការ​រិះរក​កិច្ចសហប្រតិបត្តិការ ជាមួយ​ដៃគូ​ខាងក្រៅ​របស់​អាស៊ាន និង​សហគមន៍​អន្តរជាតិ ក្នុងការ​លើកកម្ពស់​កា​រ​ត្រៀមខ្លួន​ជាស្រេច និង​វិធានការ​ឆ្លើយតប ដើម្បី​កាត់បន្ថយ និង​លុបបំបាត់​ផលប៉ះពាល់​ដោយសារ Covid-19 ៕

ការចចារ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា-ចិន​មិនទាន់​សម្រេចបាន​ផ្លែផ្កាជាក់លាក់​នៅឡើយ

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញៈ កិច្ចចរចា​ជុំ​ទី​ពីរ នៃ​ការឈាន​ឆ្ពោះទៅ​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​មិត្ត​ចិន​មិនទាន់​សម្តេច​បាន​ផ្លែផ្កា​ជា​ដុំកំភួន​នៅឡើយ​ទេ។

ទោះជា​យ៉ាងណា​ភាគី​ទាំង​ពីរបាន​វាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​សម្រេចបាន​ដោយ​ក្រុមការងារ​ចរចា​ទាំង១០ក្រុម ដែល​ទទួលបាន​តាមរ​យៈ​ការផ្លាស់ប្តូរ​យោបល់ និង​ចរចា​យ៉ាងសកម្ម​តាម​មធ្យោបាយ​អន​ឡាញ ទោះបី​ប្រទេស​ទាំងពីរ​កំពុង​មមាញឹក ក្នុងការ​អនុវត្ត​វិធានការ​ការពារ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត​ជំងឺ Covid-19 ក៏ដោយ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា កិច្ចចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំងពីរ ក្នុង​ជុំ​ទី​ពីរបាន​បិទ​បញ្ចប់​ហើយ។ កិច្ចប្រជុំ​នេះ​ភាគី​កម្ពុជា ដឹកនាំ​ដោយ​លោក​សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ភាគី​ចិន​ដឹកនាំ​ដោយ​លោក យ៉ាង ចឹ​ង​វ៉ី អគ្គនាយករង​ក្រសួងពាណិជ្ជកម្ម​ចិន។

ក្នុង​កិច្ចចរចា​ក្រុមការងារ​ទាំងពីរ​បាន​ឯកភាពគ្នា លើ​ជំពូក​មួយចំនួន​ទាក់ទង​កិច្ចសហប្រតិបត្តិការ​វិនិយោគ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស កិច្ចសហប្រតិបត្តិការ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ និង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក។

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​បន្ថែមថា ក្រុមការងារ​បាន​ចរចា និង​ឯកភាព​ជាគោលការណ៍​លើ​បញ្ហា​នានា ដែល​មិនទាន់បាន​ដោះស្រាយ​មួយចំនួន​ផងដែរ។ ក្រុមការងារ​ក៏បាន​កំណត់​គោលការណ៍ និង​ដាក់​ទិសដៅ​ឱ្យ​ក្រុមការងារតូចៗទាំង១០ យកទៅ​ពិភាក្សា​បន្ត ហើយ​រាយការណ៍​ឱ្យ​ប្រធាន​ក្រុម​ចរចា មិនឱ្យ​លើសពី​ពាក់កណ្ដាល​ខែឧសភា ឆ្នាំ២០២០ ដើម្បី​ប្រធាន​ក្រុម​ចរចា​នៃ​ភាគីនីមួយៗ យកទៅ​ពិភាក្សា​ផ្ទៃក្នុងរៀងៗខ្លួន សំដៅ​ឈានដល់​ការ​ឯកភាពគ្នា​ទាំងស្រុង និង​បញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​នេះ នៅ​ខែមិថុនា ឆ្នាំ២០២០ តាម​ការគ្រោងទុក។

ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា-ចិន គឺជា​គំនិត​ផ្តួចផ្តើម​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង លោក​លី គឺ​ជាំ​ង (Li Keqiang) នាយករដ្ឋមន្ត្រី​ចិន នៅក្នុង​ជំនួប​ទ្វេភាគី​នា​ថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅ​ទីក្រុង​ប៉េកាំង ក្នុង​គោលដៅ​ពង្រីក​ការធ្វើ​ពាណិជ្ជកម្ម វិនិយោគ សេវា និង​កិច្ចសហប្រតិបត្តិការ ឱ្យ​កាន់តែ​ស៊ីជម្រៅ សម្រាប់​ជា​ឧ​ត្ត​ម​ប្រយោជន៍​នៃ​ប្រជាជន​របស់​ប្រទេស​ទាំងពីរ។ បន្ទាប់ពី​គំនិត​ផ្តួចផ្តើម​នេះ ក្រុមការងារ​នៃ​ប្រទេស​ទាំងពីរ បាន​ផ្តើម​ការចរចា​ជុំទីមួយ​កាលពី​ថ្ងៃទី ២០-២១ ខែមករា ឆ្នាំ២០២០ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន៕

ការសិក្សា៖ ការលក់​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ចិន​បានចាប់ផ្តើម​ហក់​ឡើងវិញ

ដោយ វុត្ថា

ប៉េកាំងៈ របាយការណ៍​មួយ​បង្ហាញថា ការលក់​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ចិន​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ នៅក្នុង​ខែមីនា ស្របពេល​ដែល​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច បន្ទាប់ពី​ការផ្ទុះ​ឡើង​នៃ​មេរោគ​ថ្មី​នៅក្នុង​ប្រទេស​ចិន។

តាម​ការស្ទង់មតិ ដែល​បាន​ធ្វើឡើង​ជាមួយ​ថ្នាក់ដឹកនាំ​ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យធំៗចំនួន១០០នាក់​បាន​បង្ហាញថា ការលក់​អចលនទ្រព្យ​របស់​ពួកគេ មានការ​កើនឡើង​ប្រមាណ១៣៦,២ភាគរយ​នៅក្នុង​ខែមីនា ប៉ុន្តែ​នៅតែ​ធ្លាក់ចុះ១៧ភាគរយ​បើ​ធៀប​រយៈពេល​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

យោងតាម​ទិន្នន័យ​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​អចលនទ្រព្យ​បានឱ្យដឹងថា  ការលក់​កិច្ចសន្យា​របស់​ក្រុមហ៊ុន Country Garden  ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏​ធំ​បំផុត​របស់​ប្រទេស​ចិន​បាន​បង្ហាញថា ក្រុមហ៊ុន​នេះ​បាន​លក់​អចលនទ្រព្យ​ចេញ បើ​គិត​ជា​ទឹកប្រាក់​មាន​រហូតដល់៦៦ពាន់​លាន​យន់ (ប្រហែល ៩,៣៨ ពាន់​លាន​ដុល្លារ​អាមេរិក) នៅក្នុង​ខែមីនា។

ក្រុមហ៊ុន​អភិវឌ្ឍន៍​ចិន​ដ៏​ធំ​មួយ​ផ្សេងទៀត គឺ​ក្រុមហ៊ុន China Merchants Shekou Industrial Zone Holdings Co. , Ltd បានឱ្យដឹង​ង​ដែរ​ថា ការលក់​ក្នុង​ខែមីនា​របស់ខ្លួន​បាន​កើនឡើង២២,១ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែល​សម្រេចបាន​ទឹកប្រាក់​ដល់២១,៧៤ ពាន់​លាន​យន់។

វិទ្យាស្ថាន​ស្រាវជ្រាវ​អចលនទ្រព្យ (CRIC) បាន​និយាយថា ទោះបីជា​មានការ​រីក​រា​ល​ដាល​នៃ Covid-19 ដែល​បង្ក​ផលប៉ះពាល់​លើ​ការលក់  ការចែក​ចាយ និង​ការទូទាត់​របស់​សហគ្រាស​លំនៅដ្ឋាន​ក៏ដោយ ក៏​លទ្ធផល​ទីផ្សារ​បច្ចុប្បន្ន កំពុង​ងើបឡើង​វិញ​ជាបណ្តើរ។

CRIC ថា ដើម្បី​សម្រេចបាន​នូវ​គោលដៅ​លក់​សម្រាប់​ឆ្នាំ២០២០ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​នានា គួរតែ​យកចិត្តទុកដាក់​បន្ថែម​ទៀត ចំពោះ​យុទ្ធសាស្ត្រ​ទីផ្សារ រួមមាន​ការបើក​បណ្តា​ញ​លក់ តាមរយៈ​ការរួមបញ្ចូល​គ្នា នៃ​វិធីសាស្ត្រ​តាម​អ៊ិន​ធរ​ណេ​ត និង​ក្រៅ​បណ្តាញ​ដើម្បី​ទាក់ទាញ​អតិថិជន​កាន់តែច្រើន៕

ស្ពាន​អាកាស​បត់​ឆ្វេង​ខ្សែ​ទី១ក្បាល​ខ្នល់ បញ្ចប់​ការសាងសង់​ជា​ស្ថាពរ ប៉ុន្តែ​មិនទាន់​ប្រកាស​ពីថ្ងៃ​ដាក់ឱ្យ​ដំណើរការ

ដោយ ហ្សូ​លី

ភ្នំពេញៈ ការស្ថាបនា​ស្ពាន​អាកាស​បត់​ឆ្វេង​មួយ​ខ្សែ​ថ្មី នៅលើ​ស្ពាន​អាកាស​ក្បាលថ្នល់ បានបញ្ចប់​ការសាងសង់​ជា​ស្ថាពរ នៅ​ថ្ងៃទី១២ មេសា ឆ្នាំ ២០២០នេះ ខណៈ​រដ្ឋាភិបាល មិនទាន់​ប្រកាស​ពីថ្ងៃ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅឡើយ​ទេ។

ប្រធាន​មន្ទីរ​សារ​ធា​រណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ លោក សាំ ពិសិដ្ឋ បាន​មានប្រសាសន៍ថា ការស្ថាបនា​ស្ពាន​អាកាស​បត់​ឆ្វេង​មួយ​ខ្សែ​ថ្មី នៅជាប់​នឹង​ស្ពាន​អាកាស​ក្បាលថ្នល់​ចាស់ សម្រេចបាន ១០០%ហើយ ដោយនៅ​រង់ចាំតែ​ពេលវេលា​ជាក់លាក់​ដើម្បី​បើក​អោយធ្វើ​ដំណើរ​ឆ្លងកាត់​តែប៉ុណ្ណោះ។

លោក​បន្តទៀតថា «បើតាម​គម្រោង ស្ពាន​អាកាស​បត់​ឆ្វេង​មួយ​ខ្សែ​ថ្មី នៅជាប់​នឹង​ស្ពាន​អាកាស​ក្បាលថ្នល់​ចាស់​នេះ គ្រោង​នឹងដាក់​អោយ​ដំណើរការ ជូន​ប្រជាពលរដ្ឋ​បាន​ឆ្លងកាត់​នៅក្នុង​ខែមេសា​នេះហើយ។

គម្រោង​នេះ​ស្ថាបនា​ដោយ​ក្រុមហ៊ុន OCIC ហើយ​ការស្ថាបនា​ស្ពាន​អាកាស​បត់​ឆ្វេង​ខ្សែ​ទី១នេះ គឺ​ក្នុង​គោលបំណង​ជួយ​សម្រួល ដល់​ការធ្វើដំណើរ​និង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍។

ស្ពាន​អាកាស​ក្បាលថ្នល់​ត​ភ្ជាប់​ពី​មហាវិថី​ព្រះមុនីវង្ស ទៅ​មហាវិថី​ព្រះ​នរោត្តម​មាន​ប្រវែង៧៧ ម៉ែត្រ ពី​ផ្លូវដី​ដល់​គល់ស្ពាន​ក្បាលថ្នល់ និង​ពី​គល់ស្ពាន​ដល់​ស្ពាន​អាកាស​ចាស់១២៣ម៉ែត្រ​សរុប២០០ម៉ែត្រ។ ស្ពាន​នេះ​មាន​ទទឹង៧,៥ម៉ែត្រ​ពី​មហាវិថី​ព្រះមុនីវង្ស​បត់​ឆ្វេង​ឡើង​ស្ពាន​ឆ្ពោះទៅ​មហាវិថី​ព្រះ​នរោត្តម។

បច្ចុប្បន្ននេះ​នៅក្នុង​រាជធានី​ភ្នំពេញ មាន​ស្ពាន​អាកាស​ចំនួន៦កន្លែង​ហើយ គឺ​ស្ពាន​អាក​កាស​ក្បាលថ្នល់​ស្ពាន​អាកាស​ស្ទឹង​មាន ជ័យ​ស្ពាន​អាកាស៧មករា ស្ពាន​អាកាស៥មករា ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ និង​ស្ពាន​អាកាស​ចោមចៅ ដែល​ស្ពាន​នេះ​ក្រុមការងារ​បាន និង​កំពុងបើក​ការដ្ឋាន​ស្ថាបនា​យ៉ាង​ញាប់ដៃ​ញាប់ជើង ដូច​ស្ពាន​អាក​កាស​ក្បាលថ្នល់​នេះដែរ៕

ស្ថាប័ន​អន្តរជាតិធំៗពីរ​អះអាងថា សេដ្ឋកិច្ចកម្ពុជា​នឹង​សម្រេចបាន​កំណើន​រង្វង់ ៦ភាគរយ​នៅ​ឆ្នាំក្រោយ

ដោយ ប៊ី

ភ្នំពេញៈ បើទោះបីជា​សេដ្ឋកិច្ច​របស់​កម្ពុជា បាន​រង​ការប៉ះទង្គិច​ពី​ការផ្ទុះ​ជំងឺ Covid-19 ធនាគារពិភពលោក (World Bank) ក្នុង​របាយការណ៍​ថ្មី​របស់ខ្លួន​ស្តីពី «តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក ក្នុង​សម័យកាល Covid-19 កំណើនសេដ្ឋកិច្ច​កម្ពុជា នឹង​ស្តារឡើងវិញ​មក​នៅ ៥,៩ភាគរយ​ក្នុង​ឆ្នាំ២០២១ ។

ប្រសិនបើ​ផល​ប៉ះទង្គិច​នេះ ហៀរ​ទៅដល់​វិស័យ​សំណង់ និង​អចលនទ្រព្យ​ដែលជា​ផ្នែកសំខាន់ៗ នាំមក​នូវ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា ក្នុងខណៈដែល​ទីផ្សារ​ហិរញ្ញវត្ថុ​មាន​ចលាចល វា​អាច​នឹង​ជះឥទ្ធិពល​អាក្រក់​មែនទែន ដល់​កំណើន​របស់​កម្ពុ​ជា។ ការ​ស្ទុះ​ងើបឡើង​វិញ នៃ​សកម្មភាព​សេដ្ឋកិច្ច​នៅ​ប្រទេស​ចិន និង​នៅ​ទីផ្សារធំៗផ្សេងទៀត​ក្នុង​ឆ្នាំ២០២១ នឹងធ្វើ​ឱ្យ​ចក្ខុវិស័យ​សេដ្ឋកិច្ច​រប​ស់​កម្ពុជា មាន​ភាពប្រសើរ​ឡើងវិញ​នៅ​ឆ្នាំ​ក្រោយនេះ។

ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) បាន​ព្យាករណ៍​ថា សេដ្ឋកិច្ចកម្ពុជា​អាច​នឹង​ហក់​ឡើងវិញ​ដល់៥.៧%ក្នុង​ឆ្នាំ២០២១ខាងមុខ ប្រសិនបើ​វិបត្តិ​នៃ​ជំងឺ​កូ​រ៉ូ​ណា ឬ Covid-19 បញ្ចប់។

នាយិកា​ធនាគារ​អភិវឌ្ឍ​អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា លោកស្រី Sunniya Durrani Jamal បាន​លើកឡើងថា “សកម្មភាព​សេដ្ឋកិច្ច នឹង​ត្រឡប់​មករក​សភាព​ដើម​វិញ ប្រសិនបើ​ជំងឺ​រាតត្បាត Covid-19 បញ្ចប់ ហើយ​សេដ្ឋកិច្ចកម្ពុជា​រំពឹងថា នឹង​ហក់​ឡើងដល់៥.៧ភាគរយ។

លោកស្រី​បន្តថា ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​ដោយ​ជំងឺ​កូ​វីដ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់វិធានការ​បន្ទាន់​មួយចំនួន ដូចជា គាំទ្រ​ប​វត្សរ៍​ដល់ក​ម្មករក​ម្ម​ការិនី​កាត់ដេរ ការ​សម្រាល​ពន្ធ បំណុល​ដល់​អាជីវកម្ម​នានា​ជាដើម។ មិនតែប៉ុណ្ណោះ​ក៏មាន​ការរៀបចំ​ថវិកាបម្រុង​ចាំបាច់ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច​ដោយសារ​វិបត្តិ​នេះ​ផងដែរ។

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន (AMRO) ដែល​ចេញផ្សាយ​នៅក្នុង​របាយការណ៍​ចុងក្រោយ​របស់ខ្លួន បានបង្ហាញ​ពី​ស្ថានភាព​រួម នៃ​ចក្ខុវិស័យ​កំណើនសេដ្ឋកិច្ច​របស់​ប្រជាជាតិ​អាស៊ាន +៣ សម្រាប់​ឆ្នាំនេះ និង​ឆ្នាំក្រោយ​ចំ​ពេលដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត Covid-19 ។

របាយការណ៍​បានឱ្យដឹងថា កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នៅ​ឆ្នាំនេះ​ត្រូវបាន​ព្យាករ​ថា នឹង​សម្រេចបាន​កំនើន​ត្រឹមតែ២,៧ភាគរយ ប៉ុន្តែ​នឹង​កើនឡើង​ដល់៦,៨ ភាគរយ​នៅ​ឆ្នាំក្រោយ។

ឥឡូវនេះ ការិយាល័យ AMRO រំពឹងថា កំណើន​ក្នុង​តំបន់​អាស៊ាន​បូក៣ នឹង​ធ្លាក់ចុះ​យ៉ាងខ្លាំង​ដល់២ភាគរយ​នៅ​ឆ្នាំនេះ បន្ទាប់មក​នឹងមាន​ការ​ស្ទុះ​ងើបឡើង​វិញ​យ៉ាងខ្លាំង​ដល់ ៥.៥ភាគរយ​នៅ​ឆ្នាំ ២០២១ ។

ជា​លទ្ធផល​ការ​ងើបឡើង​វិញ នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន នឹង​ចុះខ្សោយ​ជាង​មុន​នៅ៣,៥ ភាគរយ​ក្នុង​ឆ្នាំ២០២០ ។

បណ្តា​ប្រទេស​អាស៊ាន​កំពុង មាន​ការរីក​រាលដាល​នៃ​ការឆ្លង COVID-19 ហើយ​រដ្ឋាភិបាល​បាន​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង រួមទាំង​ការបិទ​ប្រទេស ដើម្បី​ទប់ស្កាត់​ការផ្ទុះ​ឡើង និង​បានអនុម័ត​កញ្ចប់​ថវិកា​ដ៏​ធំ​ដើម្បី​គាំទ្រ​សេដ្ឋកិច្ច​របស់​ពួកគេ៕

តើ​ឥណទាន​សាជីវកម្ម ឬ​អាជីវកម្ម​គឺជា​អ្វី?

ដោយ វុត្ថា

ភ្នំពេញៈ ឥណទាន​សាជីវកម្ម​ឬ​ឥណទាន​អាជីវកម្ម ជា​ឥណទាន​ដែល​ទទួលបាន​និង​ត្រូវបាន​ប្រគល់​ទៅឱ្យ​សាជីវកម្ម ឬ​អាជីវកម្ម​ជាជាង​បុគ្គលម្នាក់។ ឥណទាន​នេះ​មាន​សារៈសំខាន់​ណាស់ ក្នុងការ​បង្កើត​និង​រក្សា​ទំនាក់ទំនង​អាជីវកម្ម ឬ​ធនាគារ​ជាមួយ​ម្ចាស់បំណុល​សក្តានុពល​អ្នក​លក់​ដៃគូ​អាជីវកម្ម​ឬ​អតិថិជន។

នេះ​គឺ​ដោយសារតែ“ ទម្រង់​ឥណទាន” ដែល​ត្រូវបាន​បង្កើតឡើង ដោយ​ទីភ្នាក់ងារ​រាយការណ៍​ឥណទានផ្សេងៗ និង​ការផ្តល់​ចំណាត់ថ្នាក់​ឥណទាន ជា​បន្តបន្ទាប់​ដោយ​ផ្អែកលើ​ប្រវត្តិ​ឥណទាន​ពី​អតីតកាល និង​បច្ចុប្បន្ន​របស់​អ្នក ក្នុងចំណោម​កត្តាសំខាន់ៗដទៃទៀត។

ប្រព័ន្ធ​ព័ត៌មាន និង​ចំណាត់ថ្នាក់​នេះ ត្រូវបាន​ប្រើ​ដោយ​ម្ចាស់បំណុល​សក្តានុពល​អ្នក​លក់​អតិថិជន ឬ​ដៃគូ​អាជីវកម្ម ដើម្បី​វាស់​ស្ទង់​ថា តើ​ក្រុមហ៊ុន​របស់​អ្នក​អាច​ទុកចិត្តបាន និង​ថា​តើ​គួរ​ពង្រីក​ឥណទាន​ដល់​ក្រុមហ៊ុន​របស់​អ្នក ឬ​ចូលរួម​ក្រុមហ៊ុន​របស់​អ្នក​ក្នុង​ទំនាក់ទំនង​អាជីវកម្ម។

ទំនាក់ទំនង​នេះ អាច​ផ្តល់​ប្រាក់កម្ចី​ប្រតិ​ប​ត្ដិ​ការ​ដល់​ក្រុមហ៊ុន ឬ​សាជីវកម្ម​របស់​អ្នក​ការជួល​ទ្រព្យសម្បត្តិ​ការផ្គត់ផ្គង់​ឧបករណ៍។ ល។ ការបង្កើត​ឥណទាន​សាជីវកម្ម​និង​ការថែរក្សា​វា​មាន​សារៈសំខាន់ ចំពោះ​សុខភាព និង​ភាព​ជាប់​បានយូរ​នៃ​អាជីវកម្ម​របស់​អ្នក​ហើយ​វា​ជះឥទ្ធិពល​យ៉ាងខ្លាំង ទៅលើ​ផ្លូវ​របស់​ក្រុមហ៊ុន​អ្នក។ បាន​មើលឃើញ​ដោយ​ពិភពលោក​នៃ​អាជីវកម្ម៕

អាល្លឺម៉ង់ផ្តល់ជំនួយជាង ៥២ ម៉ឺនអឺរ៉ូ អភិវឌ្ឍន៍ការរៀបចំសហគមន៍ចំនួន ៥០ភូមិនៅកម្ពុជា

ដោយវុត្ថា

បាត់ដំបង៖ ក្រសួងសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ប្រទេសអាល្លឹម៉ង់ (BMZ) តាមរយៈអង្គការមនុស្សចាស់អាល្លឺម៉ង់ (HAD) គ្រោងផ្តល់ជំនួយប្រមាណ ៥២៩,១៩១.០០ អ៊ឺរ៉ូគ ក្នុងការអនុវត្ត ម្រោងអភិវឌ្ឍន៍ការរៀបចំសហគមន៍ចំនួន៥០ភូមិ ដែលរួមបញ្ចូលមនុស្សវ័យចំណាស់ និងមានភាពបន្សុំាទៅនឹងគ្រោះមហន្តរាយនៅកម្ពុជា។

យោងតាមកិច្ចប្រជុំពិភាក្សារវាង លោក អ៊ុយ សុធាវី អភិបាលរង ខេត្តបាត់ដំបង និង តំណាងអង្គការមនុស្សចាស់អាល្លឺម៉ង់ (HAD) កាលពីថ្ងៃទី ១០ខែ មេសា ឆ្នាំ ២០២០ ម្សិលមិញនេះ បានជ្រើសរើស ភូមិគោលដៅចំនួន៥០ភូមិ នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប ដោយក្នុងនោះមានស្រុកគោលដៅក្នុងខេត្តបាត់ដំបងចំនួន៦ គឺស្រុក គាស់ក្រឡ ស្រុករុក្ខគីរី ស្រុកសង្កែ មោងឫស្សី ឯកភ្នំ បាណន់ សំពៅលូន។

លោក អ៊ុយ សុធាវី អភិបាលរង ខេត្តបាត់ដំបង បានឱ្យដឹងថា គោលបំណងនៃគម្រោងខាងលើនេះ គឺដើម្បីបង្កើតសមាគម និងការពង្រឹងសមត្ថភាពបន្សុំានឹងគ្រោះមហន្តរាយ គាំទ្រផ្នែកជីវភាព និងគាំទ្រធនធានដែលចាំបាច់សម្រាប់រកប្រាក់ចំណូល ពង្រឹងសមត្ថភាពសហគមន៍ និងគាំទ្រផ្នែកផ្គត់ផ្គងទឹក ព្រមទាំងទទួលបាននូវ សិទ្ធិ និងការទទួលបាន។

លោក អ៊ុយ សុធាវី បានជំរុញដល់អង្គការមនុស្សចាស់ ក្នុងការធ្វើគម្រោងនេះឲ្យបានជោគជ័យនៅខាងពេលមុខដ៏ខ្លីនេះ និងជំរុញឲ្យកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា រវាងរដ្ឋបាលខេត្តបាត់ដំបង និងអង្គការមនុស្សចាស់ ដើម្បីឲ្យគម្រោងនេះដំណើរការឲ្យកាន់តែរលូន និងបន្តធ្វើការពិភាក្សា ទៀតពាក់ព័ន្ធនឹងគម្រោងខាងលើនេះ ដ៏ដូចជាសិក្សាពីសំណូមពររបស់អង្គការមនុស្សចាស់ ៕

គណៈកម្មាធិការបុណ្យជាតិ ស្នើសុំផ្អាកព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ២០២០

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានដាក់សំណើស្នើសុំរាជរដ្ឋាភិបាល ផ្អាកការប្រារព្វរៀបចំពិធីច្រត់ព្រះនង្គ័លសម្រាប់ឆ្នាំ២០២០ នៅក្នុងខេត្តកំពង់ធំខាងមុខនេះ។

ស្របតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គណៈកម្មាធិការជាតិ រៀបចំពិធីបុណ្យជាតិ-អន្តរជាតិ បានដាក់សំណើរស្នើសុំប្រមុខរាជរដ្ឋាភិបាលលើការផ្អាកព្រះរាជពិធីច្រត់ព្រះនង្គ័លសម្រាប់ឆ្នាំ២០២០ ដែលនឹងប្រារព្វនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ខាងមុខនេះ នៅក្នុងខេត្តកំពង់ធំ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង Covid-19 ដែលកំពុងរាតត្បាតជាសាកលនៅពេលបច្ចុប្បន្ន។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការប្រាព្វពិធីជួបជុំនានាជាច្រើន ដូចជាពិធីសង្ក្រាន្ត ពិធីបុណ្យចូលឆ្នាំ កិច្ចជំនួបប្រជុំនានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង Covid-19 ដែលក្នុងនោះក៏មានការបិទចរាចរណ៍ពីខេត្តមួយទៅខេត្តមួយជាកំហិតនៅទូទាំងប្រទេសផងដែរ៕

អាជ្ញាធរអគ្គិសនីកម្ពុជា៖ តម្លៃប្រេងម៉ាស៊ូតនៅលើទីផ្សារធ្លាក់ចុះ ៧០៤ ដុល្លារក្នុង១តោន

ដោយវុត្ថា

ភ្នំពេញ៖ ផ្អែកតាមការតាមដានជាប្រចាំរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ឃើញថា តម្លៃប្រេងម៉ាស៊ូតនៅលើទីផ្សារចាប់ពីចុងខែមីនា រហូតមកដល់សប្តាហ៍ទី១ នៃខែមេសា ឆ្នាំ២០២០ នេះ បានធ្លាក់ចុះជាបន្តបន្ទាប់រហូតដល់ ៧០៤ ដុល្លារក្នុង១តោន ។

អាជ្ញាធរអគ្គិសនីបញ្ជាក់នៅលើទំព័រហ្វេសបុកផ្លូវការរបស់ខ្លូននៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០ នេះថាអាជ្ញាធរអគ្គិសនីកម្ពុជាត្រូវធ្វើការកែសម្រួលបញ្ចុះអត្រាថ្លៃលក់អគ្គិសនីឲ្យសេវាករដែលនៅប្រើម៉ាស៊ីនផលិតអគ្គិសនីសម្រាប់លក់ឲ្យអ្នកប្រើប្រាស់របស់ខ្លួនផ្អែកតាមតារាងថ្លៃលក់អគ្គិសនីប្រែប្រួលតាមថ្លៃប្រេងម៉ាស៊ូតរបស់សេវាករ។

អជ្ញាធរអគ្គិសនីកម្ពុជាឱ្យដឹងថែមទៀថា ដោយកំណត់ថ្លៃប្រេងម៉ាស៊ូតខែមេសា ឆ្នាំ២០២០ ស្មើនឹង ៧០៤ ដុល្លារក្នុង១តោន សម្រាប់បញ្ចុះអត្រាថ្លៃលក់អគ្គិសនីចំនួន ២០០ រៀលក្នុង១គីឡូវ៉ាត់ម៉ោង ឲ្យសេវាករ ដោយគិតលើថាមពលប្រើប្រាស់ក្នុងខែមេសា ឆ្នាំ២០២០ ត្រូវនឹងការចេញវិក្កយបត្រថ្លៃអគ្គិសនីចាប់ពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២០ នេះ ៕