រដ្ឋាភិបាលដាក់ឱ្យដំណើរការគម្រោងសហហិរញ្ញប្បទាន១០០លានដុល្លារ ដើម្បីទ្រទ្រង់វិស័យSME

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចដាក់ឱ្យប្រើសប្រាស់នូវគម្រោងហិរញ្ញប្បទាន ដែលមានទំហំ១០០លានដុល្លារ ដើម្បីជម្រុញកិច្ចអភិវឌ្ឍន៍ និងទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជាក្នុងគ្រាកំពុងជួបបញ្ហាប្រឈម។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្ដីពី ការដាក់ឲ្យដំណើរការ គម្រោងសហហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យម នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា មូលនិធិក្រោមគម្រោង សហហិរញ្ញប្បទាននេះ មានទំហំទឹកប្រាក់១០០លានដុល្លារ ដែលជាការផ្ដល់សហហិរញ្ញប្បទានបដិភាគស្មើគ្នារវាងធនាគារសហគ្រាស ធុនតូចនិងមធ្យមនៅកម្ពុជា (..) និងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ (គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម)

នៅក្នុងសេចក្ដីប្រកាសដដែលបានបញ្ជក់ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងចាប់ផ្ដើមដាក់ដំណើរការ គម្រោងសហហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យម ចាប់ពីថ្ងៃនេះតទៅ ដោយការផ្ដល់ឥណទានមានការប្រាក់ទាប ដើម្បជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព ដូចជា ផ្នែកកម្មន្ដសាល និងសិប្បកម្ម សម្រាប់ជំនួស ឲ្យការនាំចូលបម្រើសេចក្ដីត្រូវការក្នុងស្រុក ឬបម្រើជាធាតុចូលនៅក្នុងផលិតរបស់ក្រុមហ៊ុនធំៗជាដើម។

គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម នៃគម្រោងសហហិរញ្ញប្បទាននេះមានចំនួន៣៣ ដោយក្នុងនោះ មានធនាគារពាណិជ្ជចំនួន២៣ ធនាគារឯកទេសចំនួន២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើចំនួន៥ និងគ្រឹះស្ថានហិរញ្ញវត្ថុមានចំនួន២ផងដែរ។

ដោយឡែកសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលមានតម្រូវការឥណទាន អាចធ្វើការដាក់ពាក្យស្នើសុំឥណទាន ក្រោមគម្រោងសហហិរញ្ញប្បទាននេះបាន នៅតាមគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមណាមួយ ដោយគោរពតាមលក្ខខណ្ឌ របស់គម្រោងសហហិរញ្ញប្បទាន និងលក្ខខណ្ឌផ្ដល់ឥណទាន របស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម៕

អ្នកនាំពាក្យក្រសួងការងារ៖ កម្មករ ៦១៥០០នាក់ ត្រូវព្យួរការងារ ខណៈរោងចក្រ៩១ផ្អាកបណ្តោះអាសន្ន

ដោយ ហ្សូលី

ភ្នំពេញ៖ យ៉ាងហោចណាស់ រោងចក្រចំនួន ៩១ នៅក្នុងប្រទេសកម្ពុជា ត្រូវផ្អាកបណ្តោះអាសន្ន ដោយសារការរីករាលដាលនៃវិបត្តិជំងឺកូវីដ ១៩ ក្នុងនោះកម្មករ កម្មការរិនី ចំនួន ៦១៥០០នាក់ រងផលប៉ះពាល់។ នេះបើតាមការលើកឡើងរបស់ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះវិជ្ជាជីវៈកាលពីពេលថ្មីៗនេះ។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា «គិតមកទល់សប្តាហ៍នេះ មានរោងចក្រប្រមាណ ៩១ រោងចក្រ ដែលស្ថិតនៅក្រោមការព្យួរបណ្តោះអាសន្ន។»

លោកបន្តថា រដ្ឋាភិបាលកម្ពុជាបានផ្តល់ប្រាក់ខែជំនួសដល់កម្មករចំនួន ៦១៥០០នាក់ ដែលក្នុងមួយខែចំនួន ៣៨ ដុល្លារផងដែរ។

ការបិទរោងចក្រនៅក្នុងប្រទេសកម្ពុជាមានចំនួនស្មើ ១ភាគ៦ តែប៉ុណ្ណោះ ដែលរួមមានឧស្សាហកម្មដេរស្បែកជើងនិងសម្លៀកបំពាក់មានតម្លៃប្រមាណ ៧ពាន់លានដុល្លារ។

វិស័យឧស្សាហកម្មនេះបានបម្រើការផ្គត់ផ្គង់ផលិតផលទៅលើម៉ាកល្បីៗមួយចំនួននៅសកលោកដូចជា H&M Adidas Puma និង Levi Strauss ដែលសុទ្ធសឹងជាវិនិយោគិនដែលមកពីបណ្តារប្រទេសធំលើសកលលោក។ រីឯនិយោជិតដែលបម្រើការងារនេះវិញមានចំនួន ៨៥០,០០០ នាក់។

ជាមួយគ្នានេះ បើតាមការប្រកាសរបស់សម្តេចតេជោ រដ្ឋាភិបាលបានត្រៀមថវិកាចន្លោះប្រមាណពី ៨០០លាន ទៅ ២ពាន់លានដុល្លារ ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចកម្ពុជា ឱ្យមានស្ថេរភាពនិងរក្សាលំនឹង។ មិនតែប៉ុណ្ណោះ ដើម្បីជួយសម្រួលដល់ជីវភាពរបស់កម្មករកម្មការិនី សម្តេចក៏បានស្នើដល់អគ្គិសនីកម្ពុជា និងរដ្ឋាករទឹកត្រូវផ្តល់ការយោគយល់ឱ្យកម្មកររោងចក្រដែលព្យួរការងារជំពាក់សិនផងដែរ៕

(Reuters)

ចរន្តនៃការផ្តល់ឥណទាន និងប្រាក់បញ្ញើនៅកម្ពុជា នៅតែរក្សាបានស្ថិរភាព

ភ្នំពេញ ៖ ក្រោមការជួយជ្រោមជ្រែងយ៉ាងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលតាមរយៈធនាគារជាតិនៃកម្ពុជា បច្ចុប្បន្ននេះស្ថានភាពនៃការផ្តល់ប្រាក់កម្ចី និងប្រាក់បញ្ញើនៅតាមបណ្តាធនាគារឯកជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទូទាំងប្រទេសនៅតែអាចរក្សាបាននូវចរន្តធម្មតាមិនមានការធ្លាក់ចុះនោះទេ។

នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA ) លោក ផល វ៉ាន់ឌី បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះថា ពាក់ព័ន្ធនឹងស្ថានភាពនៃការផ្តល់ប្រាក់តបតាមការស្នើសុំប្រាក់កម្ចី ក៏ដូចជាការដាក់ប្រាក់បញ្ញើ គឺនៅតែមានចរន្តជាធម្មតា ពោលគឺមិនទាន់មានហានិភ័យដែលបណ្តាលមកពីការប៉ះពាល់ជម្ងឺ Covid-19 នោះទេ។

លោក ផល វ៉ាន់ឌី បានមានប្រសាសបញ្ជាក់ថា “គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នេះ ស្ថានភាពវិស័យមីក្រូហិរញ្ញវត្ថុ នៅមានស្ថានភាពធម្មតា ដែលក្នុងនោះ ការស្នើរសុំប្រាក់កម្ចី ក៏ដូចជាការដាក់ប្រាក់បញ្ញើ នៅមានចរន្តជាធម្មតា, ប៉ុន្តែចំពោះការដាក់ប្រាក់បញ្ញើ សមាគមសង្កេតឃើញថា ក្នុងរយៈពេលថ្មីៗនេះ មានការដកប្រាក់ខ្លះៗ ពីអតិថិជនដែលដាក់ប្រាក់បញ្ញើតូចៗ តែអតិថិជនដែលមានប្រាក់បញ្ញើច្រើន គឺនៅជាធម្មតា ហើយចំពោះសាច់ប្រាក់បម្រុងទុករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ គឺមិនទាន់មានកង្វះសាច់ប្រាក់នោះឡើយ”។

តាមរយៈកិច្ចប្រជុំរបស់សមាជិកសមាគមមីក្រូហិរញ្ញវត្ថុកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ការសងត្រឡប់របស់អតិថិជន នៅតែដំណើរការធម្មតា ។ តែទោះបីយ៉ាងណា សមាគម រួមជាមួយសមាជិករបស់ខ្លួន បាន និងកំពុងតាមដានស្ថានភាពវិវត្តនៃវិស័យមីក្រូហិរញ្ញវត្ថុយ៉ាងចិត្តទុកដាក់ ជាមួយដៃគូពាក់ព័ន្ធ ក៏ដូចជាចាត់វិធានការត្រៀមទុកដើម្បីបង្ការ និងដោះស្រាយបញ្ហាផ្សេងៗ ដែលអាចនឹងកើតឡើងជាយថាហេតុ។

កាលពីឆ្នាំ២០១៩ វិស័យមីក្រូហិរញ្ញវត្ថុបានផ្តល់ឥណទានដល់ប្រជាពលរដ្ឋជាង ២,២ លានគ្រួសារ។ ចំណែកផលប័ត្រឥណទាន មានជាង ២៧,៨៨៨ ពាន់លានរៀលស្មើនឹងប្រមាពណ ក្នុងនោះប្រជាពលរដ្ឋប្រមាណ ២,៧ លាននាក់ បានទទួលសេវាសន្សំ ដែលមានចំនួនទឹកប្រាក់ប្រមាណ ១៤,៦២៦ ពាន់លានរៀល តាមរយៈការិយាល័យតំណាងចំនួនប្រមាណជាង ១០០០ កន្លែង និងមានបុគ្គលិកបម្រើការងារសរុបប្រមាណជាង ៣ម៉ឺននាក់ នៅទូទាំងកម្ពុជា៕

ក្រុមហ៊ុន BSR របស់ចិនគ្រោងបញ្ជូនគ្រូពេទ្យស្ម័គ្រចិត្តចំនួន១៣នាក់មកកម្ពុជាដើម្បីប្រយុទ្ធប្រឆាំង នឹងវីរុសCOVID-19

ដោយវុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុនBlue Sky Rescue ហៅកាត់ BSR របស់ចិនគ្រោងបញ្ជូនគ្រូពេទ្យស្ម័គ្រចិត្តមកកម្ពុជាចំនួន១៣នាក់មកជួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង នឹងវីរុសCOVID-19 ខណៈជំងឺផ្លូវដង្ហើមមួយនេះបាននឹងកំពុងរីករាលដាលជាសកល ។

លោកឧបនាយកដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍ក្នុងពិធីទទួលមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍបានផ្តល់ជំនួយឧបត្ថម្ភក្រោមក្របខណ្ឌអង្គការសង្គមស៊ីវិលសម្រាប់ការពារសុខភាពប្រឆាំងជំងឺកូវីដ១៩នៅថ្ងៃទី ៣ ខែមេសា នេះ ឱ្យដឹងថា ក្នុងអំឡុងពេលផ្ទុះវីរុសCOVID-19 នៅកម្ពុជា ក្រុមហ៊ុនBlue Sky Rescue ហៅកាត់ BSR របស់ចិនគ្រោងនឹងបញ្ជូនគ្រូពេទ្យស្ម័គ្រចិត្តមកកម្ពុជាចំនួន១៣នាក់ ដោយមកជួយកម្ពុជា រយៈពេល១៥ថ្ងៃ។

លោកបន្តថា គ្រូពេទ្យស្ម័គ្រចិត្តមកកម្ពុជាចំនួន១៣នាក់នេះ នឹងធ្វើដំណើរតាមមធ្យោបាយធ្វើដំណើរតាមផ្លូវគោក ចេញពីខេត្តយូណាន ប្រទេសចិន និងចូលមកកម្ពុជាតាមច្រកព្រំដែនកម្ពុជា-ឡាវ នៃខេត្តស្ទឹងត្រែង ខណៈថ្ងៃនេះអំណោយរបស់ចិនរួមមាន ម៉ាសអាចការពារខ្លួន និងថ្នាំបុរាណចិន តម្លៃសរុបជាង ១លានយ៉េន ស្នើ នឹងទឹកប្រាក់ជិត១៦ម៉ឺនដុល្លារ ។

លោកបន្តថា សារៈសំខាន់ខ្លាំងចំពោះកម្ពុជាដែលយើងកំពុងត្រូវការគឺសំភារៈ បរិក្ខារពេទ្យដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺCOVID-19 ក្នុងនោះ ជំនួយចិននៅពេលនេះ ជាកាយវិការដ៏សប្បុរសឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចំណងមិត្តភាពរវាងប្រទេសនិងប្រជាជនទាំងពីរ ស្របពេលប្រទេសទាំង២ តែងតែមានកាយវិការជាគាំទ្រ និងលើកកម្ពស់កិច្ចសហប្រតិបត្តិលើគ្រប់វិស័យ។

រដ្ឋាភិបាលចិនតាមរយៈកងទ័ពរំដោះប្រជាជនចិន បានដឹកសម្ភារៈ និងឧបករណ៍ពេទ្យប្រឆាំងវីរុស COVID- 19 ជាង២តោនតាមយន្តហោះពិសេសជូនដល់ក្រសួងការពារជាតិកម្ពុជានៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នៅច្រកអន្តរជាតិពោធិ៍ចិនតុង (VIP) ។

កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យជំនាញចិន៧នាក់ បានចាកចេញពីប្រទេសចិន តាមជើងយន្តហោះពិសេស មកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមចែករំលែកបទពិសោធន៍ ពាក់ព័ន្ធនឹងការព្យាបាលជំងឺកូវីដ១៩ ដល់ក្រុមគ្រូពេទ្យកម្ពុជា។
ក្រុមគ្រូពេទ្យចិនដែលមកកម្ពុជានេះ មិនមែនមកតែមនុស្សនោះទេ ពួកគេព្រមទាំងបាននាំមកនូវសម្ភារៈបរិក្ខារពេទ្យមកជាមួយផងដែរ ហើយអ្វីដែលពិសេសជាងនេះទៅទៀត គឺនៅគ្រប់សម្ភារៈបរិក្ខារពេទ្យចិនទាំងអស់ បានបំពាក់ដោយទង់ជាតិកម្ពុជា-ចិន ជាមួយនឹងពាក្យស្លោកថា ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងគ្រាលំបាក។
ដោយឡែកនៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០កន្លងទៅគ្រូពេទ្យឯកទេសយោធាចិនចំនួន៤នាក់ បានមកដល់កម្ពុជា ដើម្បីជួយបង្រៀនដល់ក្រុមពេទ្យយោធានៃកងយោធពលខេមរភូមិន្ទនៅតាមបណ្តាកងឯកភាព របស់ខ.ភ.មថែមទៀត៕

រដ្ឋាភិបាលប្រកាសផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសចាប់ពីថ្ងៃនេះ

ដោយវុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលបានប្រកាសផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ នៅទូទាំងប្រទេស ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃនេះតទៅ រហូតដល់ស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ១៩ត្រូវបានបញ្ចប់ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីក រាលដាលនៃជំងឺនេះ។ នេះ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអបរំយុវជន និងកីឡាចេញផ្សាយនៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២០។

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន ៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានឡើងដល់ ១១៤នាក់។

បើតាមក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកឆ្លងថ្មី ៤នាក់នេះ ត្រូវបានរកឃើញ រួមមាន ជនជាតិបារាំង ៣នាក់នៅខេត្តព្រះសីហនុ ស្ថិតក្នុងក្រុមអ្នកទេសចរបារាំង ដែលបានរកឃើញវិជ្ជមានមេរោគកូវីដ១៩ ជាបន្តបន្ទាប់ នាពេលកន្លងមក និង បុរសជនជាតិម៉ាឡេស៊ី បានរកឃើញនៅខេត្តកំពង់ចាម។

ក្រសួងសុខាភិបាល ក៏បានឱ្យដឹងដែរថា ចំណែកអ្នកជាសះស្បើយវិញ ក៏មានកើនបាន ១នាក់ផងដែរ ដែលជាទារកអាយុ ៤ខែ កូនបង្កើតបុរសជនជាតិបារាំង និងបានចាកចេញពីមន្ទីរពេទ្យកុមារជាតិ។
សរុបអ្នកឆ្លងមេរោគ COVID-19 ទូទាំងប្រទេសមានចំនួន ១១៤ នាក់ អ្នកជាសះស្បើយមានចំនួន ៣៥នាក់ ស្មើនឹង ៣០,៧០% ធៀបទៅនឹងចំនួនអ្នកកើត COVID-19 ទាំងអស់៕

បុគ្គលិកកាស៊ីណូជនជាតិថៃប្រមាណជិត១០០០នាក់ចាកចេញពីកម្ពុជា

ដោយវុត្ថា

ភ្នំពេញ៖ ពលរដ្ឋថៃដែលធ្វើការនៅក្នុងកាស៊ីណូនៅតាមព្រំដែលប្រមាណជិត ១០០០នាក់ បាននិងកំពុងវិលត្រឡប់មកកាន់ប្រទេសរបស់ខ្លួនវិញ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបិទកាស៊ីណូជាបណ្តោះអាសន្ន ។ នេះបើតាមសារព័ត៌មាក្នុងស្រុកចុះផ្សាយនៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២០។

សេចក្តីរាយការណ៍ដដែលបន្តថា នៅបរិវេណច្រកព្រំដែនអន្ថរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅមានជនជាតិថៃដែលធ្វើការនៅកាស៊ីណូចំនួន៤០១នាក់ ក្រោយពីមានការត្រួតពិនិត្យឯកសារ ត្រឹមត្រូវហើយ រួចមក សមត្ថកិច្ចអាជ្ញាធរថៃ បានយករថយន្តរបស់ទាហាន មកដឹកពួកគេទៅសាលារៀន មួយកន្លែងនៅក្នុងស្រុកអារញ្ញ ដើម្បីពិនិត្យសុខភាព ម្ដងទៀត ដោយនឹងបំបែកគ្នាតាមខេត្តនិមួយៗ តាមស្រុកដែលពួកគេរស់នៅ។

ជនជាតិថៃដែលធ្វើដំណើរចាកចេញ ពីក្រុងប៉ោយប៉ែត ត្រូវបានអាជ្ញាធរថៃ យកទៅដាក់នៅកន្លែងដែលបានរៀបចំទុក ដើម្បីតាមឃ្លាំមើលថា តើមានឆ្លងវីរុសខូវីត-19 រហូតគម្រប់១៤ថ្ងៃ ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះបាន ហើយបើអ្នកណាមិនអនុវត្តតាមឬល្មើស នឹងមានទោសតាមច្បាប់ខ្ពស់បំផុតគឺ ជាប់គុកមិនលើសពី១ឆ្នាំ ពិន័យមិនលើស១០០,០០០បាត សម្រាប់ជនជាតិថៃដែលមានទីលំនៅឆ្ងាយៗ ខាងសមត្ថកិច្ចនឹងរៀបចំរថយន្តក្រុងដឹកយកទៅ។

យ៉ាងណាក៏ដោយ ជនជាតិថៃដែលវិលចូលប្រទេសខ្លួនវិញចាប់ពីថ្ងៃទី៣១ ខែមិនា មកទល់ពេលនេះសរុបមានជិត១,០០០នាក់ហើយ ខណៈដែលពលរដ្ឋខ្មែរដែលធ្វើការនៅក្នុងប្រទេសថៃរប់ម៉ឺននាក់បានវិលត្រឡប់មកកម្ពុជាវិញផងដែរ ដោយសារមានការបារម្ភពីហានីភ័យនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩។

សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជាកាលពីពេលថ្មីនេះ បានប្រកាសឱ្យក្រុមហ៊ុនកាស៊ីណូ ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា បិទទ្វារជាបណ្តោះអាសន្ន ដើម្បីបង្ការនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ខណៈពេលដែលរដ្ឋាភិបាលបាននឹងកំពុងប្រយុទ្ធប្រឆាំងនូវជំងឺកូវីដ ១៩ នៅក្នុងប្រទេស។

ប្រទេសថៃកន្លងមកនេះ ក៏បានប្រកាសបិទច្រកព្រំដែននានាជាបណ្តោះអាសន្នជាមួយកម្ពុជាផងដែរ តែសម្រាប់ចរាចរណ៍នៃការដឹកទំនិញនៅតែដំណើរជាធម្មតា។ យ៉ាងណាក៏ដោយ អាជ្ញាធរខេត្តបន្ទាយមានជ័យរបស់កម្ពុជា និង ខេត្តស្រះកែវរបស់ប្រទេសថៃ កាលពីពេលថ្មីៗនេះដែរ បានពិភាក្សាគ្នា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ និងការដឹកទំនិញឆ្លងកាត់នៅតាមច្រកព្រំដែន និងរួមសហការគ្នាទប់ស្កាត់ជំងឺកូវីត ១៩នៅតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ៕

ក្រុមហ៊ុនដ៏ធំមួយបោះទុនជាង១៦០លានដុល្លារ វិនិយោគលើការផលិតស្រាបៀរ និងភេសជ្ជៈនៅកម្ពុជា

ដោយ ៖ រ៉ាណេត
កណ្តាល ៖ រោងចក្រផលិតសា្របៀ និងភេសជ្ជៈកម្រិតស្ដង់ដាអន្តរជាតិដ៏ធំមួយ នឹងបង្ហាញរូបរាងនៅក្នុងស្រុកអង្គស្នួលខេត្តកណ្តាល ជាមួយនឹងំហំទឹកប្រាក់វិនិយោគជាង១៦០លានដុល្លារ និងអាចបង្កើនការងារបានចំនួន១៥៤៥កន្លែង ដែលជាចំណែកមួយជួយបង្កើនកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ និងសង្គមជាតិផងដែរ។

អភិបាលខេត្តកណ្តល លោក គង់ សោភ័ណ្ឌ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះថា ក្នុងនាមលោកជាអាជ្ញាធរខេត្ត សូមបង្ហាញពីការកិច្ចស្វាគមន៍ និងរីករាយទទួលវត្តមានថ្មីៗនៃគម្រោងវិនិយោគគ្រប់វិស័យមកកាន់ខេត្តកណ្តាល ដែលជាតំបន់ដែលមានសក្ដានុពលទៅលើវិស័យឧស្សាហកម្ម និងកសិកម្មកម្រិតខ្ពស់។

លោក គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា “ខេត្តកណ្តាលមានវិសាសលភាពធំទូលាយ ដោយក្នុងនោះមានក្រុង/ស្រុកចំនួន១១ ឃុំ/សង្កាត់ចំនួន១២៧ ភូមិចំនួន១០០០ និងមានចំនួនប្រជាជនច្រើនសរុបជាង១៣០០០០០នាក់ ដែលអំណោយផលដល់ការផ្គត់ផ្គង់កម្លាំងបម្រើការងារយ៉ាងគ្រប់គ្រាន់។ ដោយឡែក សម្រាប់វត្តមានថ្មីនៃគម្រោងវិនិយោគបង្កើតរោងចក្រផលិតស្រាបៀ និងភេសជ្ជៈ ដែលរាជរដ្ឋាភិបាលទើបសម្រេចផ្តល់អនុម័ត តាមលិខិតប្រកាសកាលពីល្ងាចម្សិលមិញនេះ ក្នុងនាមជាអាជ្ញាធរ បានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្របសម្រួលលើដំណើរការវិនិយោគរបស់ក្រុមហ៊ុន ដែលធ្វើយ៉ាងណាឱ្យមានភាពល្អប្រសើរ និងស្របទៅតាមច្បាប់ដែលបានកំណត់”។

គម្រោងវិនិយោគបង្កើតរោងចក្រផលិតស្រាបៀ និងភេសជ្ជៈថ្មីមួយនេះ មានឈ្មោះ ហនុមាន ប៊ែរវើរីជីស ឯ.ក (HANUMAN BEVERAGES CO., LTD) មានទីតាំងស្ថិតនៅភូមិ ត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលជាក្រុមហ៊ុន១ ក្នុងចំណោមក្រុមហ៊ុនទាំង៨ ដែលរាជរដ្ឋាភិបាលទើបសម្រេចអនុម័តគាំទ្រនៅដើមខែមេសា ឆ្នាំ២០២០នេះ៕

JICA ផ្តល់ប្រាក់កម្ចី ៥០ លានដុល្លារ ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងស្រុកមួយដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ដោយ ប៊ី
(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចី ៥០លានដុល្លារអាមេរិក ដល់ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើសន្សំឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារ JICA។

សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា កិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចីនេះ ធ្វើឡើងដើម្បីផ្តល់មូលនិធិគាំទ្រដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម នៅតាមបណ្តាតំបន់នានាក្នុងប្រទេស។ កិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចីនេះ គឺបានបង្ហាញពីទំនុកចិត្តខ្ពស់ និងភាពជឿជាក់មកលើភាពរឹងមាំរបស់ ហត្ថាកសិករ លីមីតធីត ក្នុងការរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ ប្រាក់កម្ចីដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម នៅតាមទីជនបទឲ្យកាន់តែមានភាពទូលំទូលាយជាងមុន។

តាមការចុះផ្សាយរបស់ JICA ប្រាក់កម្ចីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយគាំទ្រ ដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមឲ្យកាន់តែរីកចម្រើន បង្កើតឱកាសការងារ ធ្វើឲ្យប្រសើរឡើងនូវបរិយាប័នហិរញ្ញវត្ថុសម្រាប់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមនៅតាមបណ្តាតំបន់ជនបទ ព្រមទាំងកាត់បន្ថយ ភាពក្រីក្រ និងភាពខុសគ្នានៃកំរិតជីវភាពក្នុងតំបន់នានានៃប្រទេសកម្ពុជា។

អ្វីដែលសំខាន់បំផុតនោះ ការរីកចម្រើនរបស់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមគឺជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់ស្រ្តី។ ដូច្នេះប្រាក់កម្ចីនេះ មិនត្រឹមតែជួយដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពចំនុចទី ៨ ៩ និង ១៧ ផងដែរ។

ហត្ថាកសិករ លីមីតធីត គឺជាបុត្រសម្ព័ន្ធធនាគារអយុធ្យា (ក្រុងស្រ៊ី) ដែលជាធនាគារពាណិជ្ជធំបំផុតលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ដ៍ និងជាសមាជិករបស់ MUFG ដែលជាសម្ព័ន្ធធនាគារធំជាងគេនៅប្រទេសជប៉ុន និងជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតមួយនៅក្នុងពិភពលោក។ បច្ចុប្បន្ននេះ ៨២% នៃអតិថិជនរបស់ហត្ថាកសិករ លីមីតធីត គឺមកពីតំបន់ជនបទ និង៦១% នៃឥណទានត្រូវបានផ្តល់ជូនទៅឲ្យអតិថិជនជាស្ត្រី។

ដូចនេះហើយដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន លើសេវាហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត មានការិយាល័យសាខាចំនួន ១៧៧នៅទូទាំងប្រទេស ដើម្បីផ្តល់ជូននូវភាពល្អប្រសើរនៃបរិយាប័នហិរញ្ញវត្ថុ និងសេវាហិរញ្ញវត្ថុដ៏សម្បូរបែបរួមមានសេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាបើកប្រាក់បៀរវត្ស សេវាអេធីអ៊ឹម(ATM) និងសេវាធនាគារចល័តដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម និងអតិថិជនផ្សេងៗទៀត នៅទូទាំង២៥ខេត្ត/ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា៕

ធនាគារពិភពលោកផ្តល់ឥណទាន ២០លានដុល្លារ ជួយកម្ពុជាក្នុងការឆ្លើយតបទៅនឹងការរាលដាលនៃជំងឺ COVID-19

ដោយ ប៊ី

ភ្នំពេញ៖ នាយកប្រតិបត្តិនៃធនាគារពិភពលោក បានអនុម័តលើឥណទានទឹកប្រាក់ ២០លានដុល្លារអាមេរិក របស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់គម្រោងឆ្លើយតបជាបន្ទាន់ទៅនឹងជំងឺកូវីឌ-១៩នៅប្រទេសកម្ពុជា ដែលឥណទាននេះជាលើកដំបូងហើយនៅក្នុងកញ្ចប់ថវិកាប្រតិបត្តិការសម្រាប់ជួយក្នុងសភាពការបន្ទាន់ តាមរយៈយន្តការសេវារហ័សក្នុងពេលមានការរាលដាលកូវីឌ-១៩។  

លោកស្រី អ៊ីងហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «ហិរញ្ញប្បទានតាមរយៈយន្តការសេវារហ័សនេះ នឹងជួយដល់ប្រទេសកម្ពុជាក្នុងការឆ្លើយតបទៅនឹងស្ថានការណ៍បន្ទាន់ផ្នែកសុខាភិបាលទូទាំងសាកលលោកដែលមិនធ្លាប់មានពីមុនមក ហើយហិរញ្ញប្បទាននេះគឺសម្រាប់កម្ពុជាយកទៅប្រើដើម្បីជាវការផ្គត់ផ្គង់គ្រឿងបរិក្ខារ និងឧបករណ៍សម្ភារៈពេទ្យចាំបាច់នានា ដើម្បីយកមកធ្វើតេស្តរករោគសញ្ញា និងព្យាបាលជំងឺកូវីឌ-១៩, កាត់បន្ថយការរាលដាលឆ្លងរបស់មេរោគ, ពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងការរាលដាលមេរោគ, និងជួយធ្វើយ៉ាងណាឱ្យអ្នកជំងឺឆាប់ជាសះស្បើយនិងសេដ្ឋកិច្ចឆាប់បានងើបឡើងវិញ។» 

គម្រោងនេះនឹងជួយកម្ពុជាឱ្យសម្រេចបានតាមគោលដៅដែលបានដាក់ចេញនៅក្នុងផែនការមេកូវីឌ-១៩ របស់ខ្លួន ក្នុងនោះរួមមាន ការពង្រឹងសកម្មភាពទប់ស្កាត់ជំងឺ, ការរកឃើញជំងឺឱ្យបានរហ័ស, ការត្រៀមលក្ខណៈ និងការឆ្លើយតបទៅនឹងជំងឺ។ 

គម្រោងនេះនឹងផ្តល់ហិរញ្ញវត្ថុសម្រាប់ការសាងសង់មណ្ឌលដាក់អ្នកជំងឺឱ្យនៅដាច់ដោយឡែក និងព្យាបាលអ្នកជំងឺ ហើយវានឹងជួយបង្កើនសមត្ថភាពវិភាគរោគសញ្ញានៅតាមមន្ទីរពិសោធន៍របស់មន្ទីរពេទ្យបង្អែក នៅទូទាំង២៥ខេត្ត-ក្រុង។ លើសពីនេះ គម្រោងក៏នឹងជួយទៅលើការចំណាយក្នុងការជាវការផ្គត់ផ្គង់សម្ភារៈបរិក្ខារពេទ្យ ដែលចាំបាច់សម្រាប់យកមកព្យាបាលអ្នកជំងឺ និងទប់ស្កាត់ការរាលដាលនៃការឆ្លងមេរោគ។

ជាមួយគ្នានេះ គម្រោងនឹងជួយផងដែរដល់វិធានការដាក់ពង្រាយឱ្យបានរហ័សនូវក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលនៅទូទាំងប្រទេស តាមរយៈការជួលនិងការហ្វឹកហ្វឺនបណ្តុះបណ្តាលបុគ្គលិកបន្ថែម, ពង្រឹងសមត្ថភាពរបស់មណ្ឌលប្រតិបត្តិការបន្ទាន់នៃសេវាសុខាភិបាលសាធារណៈ — ដែលសម្របសម្រួលការងារជាមួយកិច្ចខិតខំត្រៀមលក្ខណៈនិងឆ្លើយតបជំងឺកូវីឌ-១៩ទូទាំងប្រទេស — និងបង្កើតមណ្ឌលប្រតិបត្តិការបន្ទាន់នៅកម្រិតខេត្ត ទៀត។   

គម្រោងឆ្លើយបតបន្ទាន់ទៅនឹងជំងឺកូវីឌ-១៩នេះ បំពេញបន្ថែមដល់ការងារអភិវឌ្ឍន៍វែងឆ្ងាយមួយដែលធនាគារពិភពលោកកំពុងជួយជ្រោមជ្រែងនៅក្នុងវិស័យសុខាភិបាល ក្នុងនោះមាន គម្រោងលើកកម្ពស់សមធម៌និងគុណភាពសុខាភិបាល (H-EQIP) ដែលសំដៅបង្កើនលទ្ធភាពរបស់ពលរដ្ឋក្រីក្រជាងគេនៅកម្ពុជាឱ្យទទួលបានសេវាសុខាភិបាលមានគុណភាព។ កាលពីសប្តាហ៍កន្លងទៅ ថវិកា ១៤លានដុល្លារអាមេរិករបស់គម្រោង H-EQIP នេះ ត្រូវបានផ្តល់តាមរយៈ សមាសភាគបម្រុងសម្រាប់ការឆ្លើយតបបន្ទាន់ (CERC) នៅក្នុងគម្រោង សម្រាប់យកទៅប្រើក្នុងការទិញរថយន្តសង្គ្រោះនិងគ្រឿងបរិក្ខារពេទ្យ និងដើម្បីរៀបចំមន្ទីរពិសោធន៍ជាតិឱ្យមានសមត្ថភាពឆ្លើយតបបានរហ័សទៅនឹងការរាលដាលនៃជំងឺកូវីឌ-១៩។ សមាសភាគ CERC នៅក្នុងគម្រោង អនុញ្ញាតឱ្យបង្វែរមូលនិធិពីផ្នែកនានានៃគម្រោង H-EQIP នេះ ដើម្បីយកទៅបំពេញភាពចាំបាច់សម្រាប់ធ្វើការឆ្លើយតបជាបន្ទាន់ ដែលអាចកើតមានឡើង៕

ក្រុមហ៊ុន​ថ្មី​មួយ​បោះទុន​ជិត ៨លាន​ដុល្លារ​សាង​សាង​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើងបន្ទះ​សូ​ឡា​នៅ​ខេត្តកំពង់ស្ពឺ

ដោយ វុត្ថា  

ភ្នំពេញៈ ក្រុមហ៊ុន  IMPERIAL STAR SOLAR (CAMBODIA) CO., LTD បានសម្រេច​បោះទុន​វិនិយោគ​ប្រមាណ ៧,៩លាន​ដុល្លារ​អាមេរិក ក្នុងការ​សាង​សាង​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា​ស្ថិតនៅ​ភូមិ​ចាស់ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ដើម្បី​ផ្គត់​ផ្គង​អគ្គិសនី​កម្ពុជា។ នេះ​បើ​ង​យោ​តាម​ការ​ឱ្យដឹង ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាលពី​ពេល​ថ្មី​នេះ។

របាយការណ៍​ដែល​បង្ហាញ​ដោយ​ក្រសួង​រ៉ែ និង​ថាមពល​បានឱ្យដឹង​កន្លងមកនេះ​ថា ការទាញយក​ថាមពល​ពី​ពន្លឺព្រះអាទិត្យ​នេះ (បន្ទះ​សូ​ឡា) បានចាប់ផ្តើម​តាំងពី​គម្រោង​មួយ ដែលមាន​ថាមពល​ត្រឹមតែ១០មេ​ហ្គា​វ៉ា​ត់ ក្នុង​ឆ្នាំ២០១៨ ហើយ​ឥឡូវនេះ​សមត្ថភាព​ផលិត​បាន​កើនឡើង​ដល់៩០មេ​ហ្កា​វ៉ា​ត់ ។

ក្រសួង​រ៉ែ និង​ថាមពល​បាន​បង្ហាញថា គម្រោង​កែច្នៃ​ថាមពល​ពន្លឺព្រះអាទិត្យ ទៅជា​ថាមពល​អគ្គិសនី​នេះ ជា​គំរោង​ចំនួន៧ ផ្សេងទៀត ដែល​ត្រូវ​បានអនុម័ត​ហើយ​រហូតដល់​ឆ្នាំ២០២២ ដោយ​សមត្ថភាព​បន្ថែម​រហូតដល់​ទៅ៤១០មេ​ហ្គា​វ៉ា​ត់ ហើយ​ប្រសិនបើ​គេ​ប្រៀបធៀប​ជាមួយនឹង​ថាមពល​អគ្គិសនី ដែលមាន​កាលពី​ឆ្នាំ២០១៩ ដែល​កម្ពុ​ជាមាន​អនុភាព​ថាមពល​អគ្គិសនី២.៦៥០មេ​ហ្កា​វ៉ា​ត់ គឺ​ប្រភព​ថាមពល​ពី​ពន្លឺព្រះអាទិត្យ នឹង​គ្របដណ្តប់​ជិត២០ភាគរយ។

ការ​ស្រូប​ទាញ​ថាមពល​ពន្លឺព្រះអាទិត្យ មក​ធ្វើជា​ថាមពល​អគ្គិសនី ត្រូវ​បានអនុម័ត​ចាប់តាំងពី​រាជរដ្ឋាភិបាល​ព្យាយាម បំពេញតម្រូវការ​ថាមពល​សម្រាប់​ប្រជាជន និង​ការអភិវឌ្ឍថ្មីៗបន្ថែម ទៅលើ​គម្រោង​ផែនការ​ដែលមាន​ដូចជា ទំនប់​វា​រី​អគ្គីសនី រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យួ​ង​ថ្ម។

ដោយឡែក គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​ចំនួន៧ ដែល​ទទួលបាន​ការអនុម័ត និង​កំពុង​សាងសង់ រួមមាន​នៅក្នុង​ខេត្តកំពង់ឆ្នាំង បាត់ដំបង ស្វាយរៀង ពោធិ៍សាត់ និង​ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្ននេះ ស្ថានីយ​ស្រូប​ទាញ​ថាមពល​ពន្លឺព្រះអាទិត្យ កម្លាំង១០មេ​ហ្គា​វ៉ា​ត់ មាននៅ​ក្រុង​បាវិត​និង​ឧទ្យាន​សូ​ឡា មាន​កម្លាំង៨០មេ​ហ្គា​វ៉ា​ត់ ស្ថិតនៅក្នុង​ខេត្តកំពង់ស្ពឺ ហើយ​ក្នុងកំឡុងពេល​សាងសង់ ជាការ​លើកទឹកចិត្ត​ដល់​បណ្តា​អ្នកវិនិយោគ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា មិនបាន​គិត​ពន្ធ​លើ​ការ​នាំចូល​វត្ថុធាតុដើម នាំចូល​ពី​ក្រៅប្រទេស​រយៈពេល៩ឆ្នាំ ជាពិសេស​ក្នុង​គោលបំណង​ជំរុញ ឱ្យ​ការធ្វើ​ពិពិធ​កម្ម​បង្កើន​ថាមពល​អគ្គិសនី បាន​គ្រប់​តាម​ផែនការ​ដែលមាន​កម្លាំង ៤១០មេ​ហ្គា​វ៉ា​ត់៕