អ្នកជំនាញ​ថា​វិបត្តិ​សេដ្ឋកិច្ច​ជា​កាំ​បិតមុខ២ នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា

អ្នកជំនាញ​ថា​វិបត្តិ​សេដ្ឋកិច្ច​ជា​កាំ​បិតមុខ២ នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ អ្នកជំនាញ​ទទួលស្គាល់​ពី​ភាព​រង​នូវ​ផលប៉ះពាល់ ប៉ុន្តែ​ក្នុង​កាលទេសៈ​នេះ វា​ក៏​ជា​ឱកាសល្អ​សម្រាប់​អ្នក​ដែលមាន​ធនធាន​គ្រប់គ្រាន់ ក្នុង​ការទិញ​អចលនទ្រព្យ​ទុក​វិនិយោគ​យកចំណេញ​ក្រោយពេល​វិបត្តិ​ត្រូវបាន​បញ្ចប់។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ CBRE Cambodia លោកស្រី អាន សុធី​តា បាន​មានប្រសាសន៍ប្រាប់​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ដោយ​ទទួលស្គាល់ថា វិបត្តិ​នៃ​ជំងឺឆ្លង Covid-19 ពិតជា​បាន​ជះឥទ្ធិពល​អាក្រក់​មកលើ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ពិតមែន ហើយ​នៅតាម​បណ្តា​នានា​ក៏​ទទួលរង​នូវ​ផលប៉ះពាល់​ដូចគ្នា។

លោកស្រី​បាន​បញ្ជាក់ថា “មិនមែន​តែ​វិស័យ​អចលនទ្រព្យ​នោះទេ វិស័យ​ដទៃទៀត​ក៏​ប៉ះពាល់​ដូចគ្នា ដែល​វា​សុទ្ធតែជា​កត្តា​ប្រឈម​ទាំងអស់។ លោកស្រី​បន្តថា “សម្រាប់តែ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ស្ថានការណ៍​នេះ គឺមាន​ការធ្លាក់ចុះ​ទាំង​សម្មភាព​អភិវឌ្ឍ និង​តម្លៃ ដែល​ស្ទើរតែ​ក្លាយជា​ឧបសគ្គ សម្រាប់​អ្នក​ដែលមាន​បំណង​ចង់​លក់​ចេញ។

យ៉ាងណា​លោកស្រី​ធីតា បាន​មើលឃើញ​កាលានុវត្តន៍​ភាព​ផងដែរ សំរាប់​មនុស្ស​មួយចំនួន​ដែល​អាច​រកបាន​ផល​ពី​វិបត្តិ​នេះ។

លោកស្រី​បាន​បញ្ជាក់ថា “ក្នុងស្ថានភាព​នេះ វា​ក៏​ជា​ឱកាសល្អ​សម្រាប់​អ្នក​ដែលមាន​ចរន្ត​សាច់ប្រាក់ និង​ធនធាន​គ្រប់គ្រាន់ ក្នុង​ការទិញ​អចលនទ្រព្យ​ទុក​វិនិយោគ​បន្ត​យកចំណេញ​ក្រោយពេល​វិបត្តិ​មួយ​ត្រូវបាន​បញ្ចប់។

លោកស្រី អាន សុធី​តា​បាន​លើក​ជា​ឧទាហរណ៍​ជាក់ស្តែង​ថា កាលពី​អំឡុង​ឆ្នាំ២០០៨ ខណៈដែល​កើតមាន​វិបត្តិ​សេដ្ឋកិច្ចពិភពលោក យើង​ឃើញ​មាន​អ្នកវិនិយោគ​ដែល​ចេះ​ឆ្លៀតឱកាស​មួយចំនួន ទទួលបាន​ប្រយោជន៍​ខ្ពស់ ពី​ការទិញ​អចលនទ្រព្យ​ទុក​ក្នុងអំឡុងពេល​មាន​ភាព​ប្រឈម ដោយសារតែ​តម្លៃ​ទាប​ជាង​ទីផ្សារ។ លុះ​រយៈពេល ៣-៤ ឆ្នាំ​បន្ទាប់​អ្នក​ទាំងនោះ ទទួលបាន​ភាគលាភ​ពី​ការវិនិយោគ។

ដោយឡែក​សម្រាប់​វិបត្តិ​សេដ្ឋកិច្ច​នៅក្នុង​ឆ្នាំ២០២០នេះ ត្បិត​ថា​អាចមាន​ទំហំ​ធំ​ជាង​ឆ្នាំ២០០៨ ប៉ុន្តែ​វា​ក៏​នឹង​ចំណាយពេល​ខ្លី ក្នុង​ត្រឡប់មក​រកស​ភាពល្អ​ដូចដើម​វិញ ដូច្នេះ វា​ក៏​ជា​ឱកាស​មួយ​សម្រាប់​អ្នកវិនិយោគ នៅក្នុង​វិស័យ​មួយ​នេះ​ធ្វើការ​ពិចារណា​ផងដែរ។លោកស្រី​ធីតា​បញ្ជាក់​ឲ្យ​ដឹង។

ជាមួយគ្នានេះ លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង អគ្គនាយក​ក្រុមហ៊ុន KW Cambodia បាន​មានប្រសាសន៍ថា “ការផ្ទុះ​នៃ​ជំងឺ Covid-19 នឹងធ្វើ​ឱ្យ​វិស័យ​ដីធ្លី​នៅ​កម្ពុជា​ដើរ​ថយក្រោយ ហើយ​ដើរ​ថយក្រោយ​កម្រិតណា គឺ​អាស្រ័យ​លើ​ផលប៉ះពាល់​នៃ​ជំងឺ​នេះ ព្រោះ​បច្ចុប្បន្ននេះ​យើង​ពុំទាន់​ដឹងថា តើ​ជំងឺ​នេះ​បន្ដ​រយៈពេល​យូរ​ប៉ុណ្ណា​នោះទេ ប្រសិនបើ​ជំងឺ​នេះ​នៅ​អូសបន្លាយ​រយៈពេល​យូរ នោះ​គឺជា​រឿង​ធំ​តែម្ដង ប៉ុន្ដែ​ប្រសិន​ជំងឺ​នេះ មាន​ត្រឹម​រហូតដល់​ខែមិថុនា នោះ​នឹង​មិនមែនជា​បញ្ហា​អ្វី​នោះឡើយ។

លោក​ឧកញ៉ា បានបញ្ជាក់​ទៀតថា វិស័យ​ដីធ្លី​នៅ​កម្ពុជា រីកចម្រើន​រយៈពេល១០ឆ្នាំ ហើយ​ភាព​រីកចម្រើន​ប្រមាណ ២០ភាគរយ បានមកពី​ការ​ចូលមក​វិនិយោគ​របស់​បរទេស ប៉ុន្តែ​បើ​ក្រឡេកមើល​ទៅមុន​ឆ្នាំ១៩៩៣ ដីធ្លី​ពេលនោះ​មិនមាន​ចលនា​ធំដុំ​នោះទេ ប៉ុ  ន្ដែ​បន្ទាប់ពី​ការបោះឆ្នោត មាន​ភ្ញៀវ​បរទេស​មក​វិនិយោគ ទើប​ធ្វើឱ្យ​វិស័យ​ដីធ្លី​កើន​ឡើងជា​លំដាប់។

លោក​បន្តថា សម្រាប់​បរទេស​ដែល​មក​វិនិយោគ ច្រើនជាងគេ​នៅក្នុង​ប្រទេស​យើង យើង​ទទួលស្គាល់ គឺ​ភ្ញៀវ​អាស៊ី ដូចជា ចិន សិង្ហ​បុរី កូរ៉េ ជប៉ុន​ជាដើម ហើយ​ពួកគាត់​ទាំងនេះហើយ​ដែល​ធ្វើឱ្យ​វិស័យ​ដីធ្លី​មានការ​កើនឡើង ខណៈដែល​បច្ចុប្បន្ន វិនិយោគិន​បរទេស​ទាំង​នោះ ក៏​កំពុង​រង​នូវ​ឥទ្ធិពល​នៃ​វីរុស Covid-19 នេះ​ខ្លាំង។

ជំងឺ Covid-19 ដែលជា​ជំងឺ​បង្ក​កល​ល​យុគ​ទូទាំង​ពិភពលោក បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល ដែល​ក្នុងនោះ​វិស័យ​ដីធ្លី​នៅ​កម្ពុជា ក៏មាន​ផលប៉ះពាល់ ហើយក៏​គ្មាន​អ្នកណា​អាច​សន្ម​ត់​ថា ប៉ះពាល់​កម្រិតណា​នោះទេ គឺ​អាស្រ័យ​លើ​ពេលវេលា ហើយ​ត្រឹម​ខែមិថុនា​ខាងមុខនេះ ប្រសិនបើ​ចិន និង​អាមេរិក អាច​ទប់ស្កាត់បាន គឺ​មិនមាន​បញ្ហា​ចោទ​នោះឡើយ ប៉ុន្ដែ​ប្រសិនបើ​ជំងឺ​នេះ នៅតែ​បន្ដ​នោះ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​អាច​ធ្លាក់ចុះ​មិនអាច​ប៉ាន់ស្មាន៕

រដ្ឋាភិបាល​អនុម័ត​លើ​គម្រោង​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់់​ជាង ៣៥១លាន​ដុល្លារ

រដ្ឋាភិបាល​អនុម័ត​លើ​គម្រោង​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់់​ជាង ៣៥១លាន​ដុល្លារ

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ទើបតែ​ចេញ​សេចក្ដីសម្រេច​ជា​ផ្លូវ​ការណ៍​លើ​ការអនុម័ត​គម្រោង​វិនិយោគ​ចំនួន៧ ដែលមាន​ទំហំ​ទឹកប្រាក់​វិនិយោគ​សរុប​ជាង៣៥១លាន​ដុល្លារ​អាមេរិក។

យោងតាម​ទិន្នន័យ​ដែល​បង្ហាញ​ដោយ CDC កាលពី​ល្ងាច​ថ្ងៃទី២ មេសា​កន្លងមកនេះ​បាន​ឲ្យ​ដឹងថា តប​តាម​សំណើរ​វិនិយោគ គណៈកម្មការ​វិនិយោគ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​អន៧ម័ត​គំរោង​វិនិយោគថ្មីៗមួយចំនួនទៀត​ដូចជា ទី១- ក្រុមហ៊ុន “ AN RONG ZHI YE CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្រដាស​ទ្រនាប់​ពុម្ព (សម្លៀកបំពាក់ ស្បែកជើង កាបូប) ក្រដាស​ម៉ាក​ឃឺ និង​ក្រដាស​វេច​ខ្ចប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ២,៣លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៤៩នាក់។

ទី២- ក្រុមហ៊ុន “YON GUI AGRICULTURE TECHNOLOGY CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ម្សៅ​មី ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង មាន​ទុនវិនិយោគ​ប្រមាណ ២,៧លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន១៦៣កន្លែង។

ទី៣-ក្រុមហ៊ុន “JINTEK CELLS TECHNOLOGY CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ៧,៧លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៤៨កន្លែង។

ទី ៤-ក្រុមហ៊ុន “SHINE HANUMAN TRADING CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ដំឡូង​មី ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ភ្នំ​រូង ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ មាន​ទុនវិនិយោគ​ប្រមាណ១០,៤លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨៤កន្លែង។

ទី៥-ក្រុមហ៊ុន “YQL (CAMBODIA) INVESTMENT CO., LTD.” គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ចេក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បឹងកេត ឃុំ​ព្រែ​កក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម មាន​ទុនវិនិយោគ​ប្រមាណ ១២,៣លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន១.៨៦៧កន្លែង។

ទី៦ក្រុមហ៊ុន “XIGANGYIHAO INTERNATIONAL INVESTMENT CO., LTD.” គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៣ ចំនួន៧១០បន្ទប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ១ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ៥៩,២លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦៦០កន្លែង។

ទី៧-ក្រុមហ៊ុន “SING-SPECIALISTS MEDICAL CENTRE CO., LTD.” គម្រោង​សាងសង់ និង​អាជីវកម្ម​មន្ទីរ​ពហុ​ព្យាបាល​ជម្ងឺ ចំនួន៥០គ្រែ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្ទះ​លេខ៥ ផ្លូវ​លេខ៨១ ភូមិ១០ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៩៦,១លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៣៣កន្លែង និង​ទី៨-ក្រុមហ៊ុន “HANUMAN BEVERAGES CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំងវែង ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ១៦០,៦លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៥៤៥កន្លែង៕

ក្រុមហ៊ុន NagaCorp ទទួលបាន​ចំណូល​ជិត ៣៦៩លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី១នៃ​ឆ្នាំនេះ

ដោយ ប៊ី

ភ្នំពេញៈ ប្រតិបត្តិ​ករ​កាស៊ីណូ​កម្ពុជា​ណាហ្គា​ខ​ប (NagaCorp) បានឱ្យដឹងថា ក្រុមហ៊ុន​បាន​កត់ត្រា​ចំណូល​សរុប​នៃ​ការ លេង​ល្បែង (GGR) ចំនួន ៣៦៨,៩ លាន​ដុល្លារ​អាមេរិក​នៅក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ ២០២០ កើនឡើង ១៤,៨ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ទោះបី​វា​មាន​បរិយាកាស​ធុរកិច្ច​ប្រឈម​នៅក្នុង​អាស៊ី ដែល​បណ្តាល មកពី​ជំងឺ​រាតត្បាត Covid-19 ក៏ដោយ។

ក្រុមហ៊ុន​ណាហ្គា​ខ​ប​បានឱ្យដឹងថា នៅក្នុង​ឯកសារ​មួយ​កាលពី​ថ្ងៃ​ពុធ ក្នុង​ផ្សារភាគហ៊ុន​ហុងកុង​ថា កំណើន​ចំណូល​សរុប​នៃ​ការលេង​ល្បែង ត្រូវបាន​ជំរុញ​ដោយ​ទីផ្សារ​វី​អាយ​ភី។ ក្រុមហ៊ុន​នេះ​បានបង្ហាញ​ពី​ការកើនឡើង១៨,៤ភាគរយ នៃ​ប្រាក់ចំណូល​វិលជុំ​វី​អាយ​ភី​ដល់៩,៦៩ពាន់​លាន​ដុល្លារ​អាមេរិក ដែលនាំឱ្យ​មានការ​កើនឡើង២៤,៨ភាគរយ​នៅក្នុង​ជី​អាយ​អេស​ជី​ជី។

ក្រោយមកទៀត​មាន​ចំនួន ២៧០,២លាន​ដុល្លារ​ក្នុង​រយៈពេល៣ខែ ដំបូង​នៃ​ឆ្នាំ ២០២០ ។

ប្រតិបត្តិ​ករ​កាស៊ីណូ​នេះ មាន​អាជ្ញាប័ណ្ណ​ផ្តាច់មុខ ក្នុង​ការបើក​កាស៊ីណូ​នៅ​ភ្នំពេញ និង​តំបន់​ជុំវិញខ្លួន។ វា​បានចាប់ផ្តើម​ប្រតិបត្តិការ​នៅក្នុង​ទីក្រុង​នេះ តាមរយៈ​ទ្រព្យ​ណា   ហ្គា​វើ​ល​របស់​ក្រុមហ៊ុន ដែល​ត្រូវបាន​គេ​ហៅថា​ណាហ្គា​វើ​ល ដែល​បាន​បើក​នៅ​ខែធ្នូ​ឆ្នាំ ២០០។ ទីតាំង​នោះ​ឥឡូវ​ត្រូវបាន​ភ្ជាប់ -តាមរយៈ​ផ្សារ​ទំនើប​ក្រោម​ដី តូច​មួយ​ទៅណា​ហ្គា២ ដែលជា​ការពង្រីក​សាខា​ដែល​បាន​បើក​នៅ​ខែវិច្ឆិកា​ឆ្នាំ ២០១។ ការប្រមូល​ទ្រព្យសម្បត្តិ​ទាំងមូល ឥឡូវ​ត្រូវបាន​ស្គាល់​ថា​ជា​បរិវេណ​ណាហ្គា​វើ​ល។

រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ឱ្យ​កាស៊ីណូ​ទាំងអស់ ក្នុងប្រទេស​បិទ​ជា​បណ្តោះអាសន្ន ដោយមាន​ប្រសិទ្ធិភាព​ចាប់ពី​យប់​ថ្ងៃ​ពុធ ដែលជា​ផ្នែក​មួយ​នៃ​វិធានការណ៍​មួយចំនួន​ដើម្បី​ការពារ​ការរីក​រាលដាល​ជំងឺ COVID-19 នៅក្នុង​ប្រទេស​កម្ពុជា។

ក្រុមហ៊ុន​ណាហ្គា​ខ​ប​បានឱ្យដឹងថា ប្រឆាំងនឹង​ការរំខាន​ដល់​អាជីវកម្ម ដោយ​ជំងឺ Covid-19 ប៉ុន្តែ​ក្រុមហ៊ុន​នេះ​នៅតែមាន​ភាព​វិជ្ជមាន ចំពោះ​ទស្សនវិស័យ​រយៈពេល​វែង​របស់ខ្លួន និង​ជាមួយ​ទស្សនវិស័យ “ស្ថេរភាព” ។ ក្រុមហ៊ុន​បានបញ្ជាក់​ថា “យើង​ជឿជាក់ថា​អាយុកាល​របស់ Covid-19 [គ្រាអាសន្ន] គឺ​ខ្លី​ជាង​រយៈពេល​នៃ​ភាពផ្តាច់មុខ​របស់​យើង​ដែលមាន​រយៈពេល​រហូត​ដល់​ឆ្នាំ២០៤៥” ។

របាយការណ៍​នេះ​បាន​បន្ថែមទៀតថា “ក្រុមហ៊ុន​នៅតែមាន​ក្តី​សង្ឃឹមថា កំណើនសេដ្ឋកិច្ច ក្នុង​រយៈពេល​ខ្លី​មិន​រង​ផលប៉ះពាល់​ខ្លាំង​ទេ” ក្នុងករណី​មានការ​ផ្ទុះឡើង​នៃ Covid-19 នៅក្នុង​ប្រទេស​កម្ពុជា​កា​ន់​តែ​ធ្ងន់ធ្ងរ។ ប្រសិនបើ​រដ្ឋាភិបាល​ក​ម្ពុ​ជា​អាច​ទប់ស្កាត់​ការរីក​រាលដាល​នៃ Covid-19  ក្រុមហ៊ុន​នេះ​ត្រូវបាន​រំពឹងថា នឹង​បន្ត​ទិសដៅ​កំណើន​ក្នុង​រយៈពេល​ខ្លី ជាពិសេស​ពេលនេះ​ការរីក​រាលដាល Covid-19 មាន​លក្ខណៈ​ល្អប្រសើរ​នៅ​ប្រទេស​ចិន។

ប្រទេស​ចិន​បានផ្តល់​នូវ​ចំនួន​អ្នកទេសចរ និង​អ្នក​លេងល្បែង​ដីគោក​ភាគច្រើន​ត្រូវបាន​មើល​ជាទូទៅ ដោយ​ប្រតិបត្តិ​ករ​កាស៊ីណូ​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ស្ថិត​ក្នុងចំណោម​អតិថិជន​ដ៏​មានតម្លៃ​បំផុត​របស់​ពួកគេ។

ណាហ្គា​ខ​ប​បានបញ្ជាក់​នៅក្នុង​ឯកសារ​ថា ខ្លួន​មាន​ទំនុកចិត្ត​ថា ខ្លួន​អាចបំពេញ​កាតព្វកិច្ច​ហិរញ្ញវត្ថុ​របស់ខ្លួន ក្នុង​រយៈពេល​ខ្លី​ដល់​ពាក់កណ្តាល​អាណត្តិ រួមទាំង​ការចូលនិវត្តន៍​នៃ​កំណត់ត្រា​ជាន់ខ្ពស់ មានតម្លៃ៣០០លាន​ដុល្លារ​អាមេរិក ដែល​នឹងត្រូវ​ចាប់ផ្តើម​នៅ​ខែ ឧសភា ឆ្នាំ២០២១ ៕

ចំណេះដឹង! តើ​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​ត្រូវដាក់​ប្រាក់​តម្កល់​មាន​និតិ​វ​ធី​ដូចម្តេច?

ចំណេះដឹង! តើ​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​ត្រូវដាក់​ប្រាក់​តម្កល់​មាន​និតិ​វ​ធី​ដូចម្តេច?

ដោយ វុត្ថា

 ភ្នំពេញៈ រាល់​ការអភិវឌ្ឍន៍​លើ​វិស័យ​អចលនទ្រព្យ ដែលជា​ប្រភេទ​អគារ​សហកម្មសិទ្ធិ ឬ​លំនៅឋាន ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​អភិវឌ្ឍន៍ ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច អ្នក​អភិវឌ្ឍ​ទាំងអស់ ត្រូវដាក់​ប្រាក់ត​ម្គ​ល់​ដើម្បី​ធានា​ដល់​ការអភិវឌ្ឍ និង​ស្របតាម​ច្បាប់​របស់​ប្រទេស​កម្ពុជា។

យោងតាម​ច្បាប់​ស្តីពី​ពី​សំណង់​បានឱ្យដឹងថា អ្នក​អភិវឌ្ឍ​លំនៅឋាន ឬ​អគារ​សហកម្មសិទ្ធិ​ដែល​ស្នើសុំ​អាជ្ញា​បណ្ណ ឬ​លិខិតអនុញ្ញាត​អាជីវកម្ម​ត្រូវដាក់​ប្រាក់​តម្កល់​ធានា​អាជីវកម្ម​ចំនួន២(ពីរ)ភាគរយ នៃ​តម្លៃ​សំណង់​សរុប ឬ​តម្លៃ​សំណង់​តាម​ដំណាក់កាលនីមួយៗទៅតាម​វិធីសាស្ត្រ​ណាមួយ​ដូចខាងក្រោម ក. តម្កល់​ជា​សាច់ប្រាក់​ក្នុង​គណនី​ទោល​រតនាគារជាតិ ដែល​បើក​នៅ​ធនាគារជាតិ​នៃ​កម្ពុជា ឬ​នៅ​ធនាគារពាណិជ្ជ​ក្នុងស្រុក​ណាមួយ ឬ​ជាខ. លិខិតធានា​ពី​ធនាគារពាណិជ្ជ​ក្នុងស្រុក​ណាមួយ​ដែលមាន​តម្លៃ​ស្មើ។

ប្រាក់​តម្កល់​ធានា​អាជីវកម្ម​អភិវឌ្ឍ​លំនៅឋាន ឬ​អគារ​សហកម្មសិទ្ធិ​អាច​ដក​វិញ​បាន​លុះត្រាតែ​គម្រោង​អភិវឌ្ឍ​លំនៅឋាន ឬ​អគារ​សហកម្មសិទ្ធិ​នោះ​សាងសង់​បាន​ចាប់ពី ៧០%(ចិតសិប​ភាគរយ​ឡើង ឬ​ចប់​ជា​ស្ថាពរ​ដោយមាន​លិខិត​បិទ​ការដ្ឋាន​សាងសង់ និង​លិខិតបញ្ជាក់​គុណភាព​សំណង់ ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​និង/ឬ​ក្រោយពី​មាន​ការចុះ​វាយតម្លៃ​ជាក់ស្តែង ពី​មន្ត្រី​ជំនាញ​របស់​នាយកដ្ឋាន​ឬ​មន្ទីរ។

ក្នុងករណី​គម្រោង​អភិវឌ្ឍ​លំនៅឋាន ឬ​អគារ​សហកម្មសិទ្ធិ​មាន​ច្រើន​ដំណាក់កាល ឬ​អ្នក​អភិវឌ្ឍ​មាន គម្រោង​ថ្មី​មួយ​ផ្សេងទៀត ប្រាក់​តម្កល់​ធានា​អាជីវ​កម្មនេះ​អាចធ្វើ​ការផ្ទេរ​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល ឬ​ពីមួយ​គម្រោង​ទៅមួយ​គម្រោង​ទៀត​បាន បន្ទាប់ពី​ដំណាក់កាល​មុន ឬត​ម្រោ​ង​មុន​សាងសង់​បាន៥០% (ហាសិប​ភាគរយ​ឡើង) ។

ប៉ុន្តែ​ចំនួន​ទឹកប្រាក់​តម្កល់​នោះ អាចមាន​ការប្រែប្រួល ទៅតាម​ទំហំ​ជាក់ស្តែង​នៃ​ការវិនិយោគ​របស់​គម្រោង ឬ​ដំណាក់កាល​បន្ទាប់។ ប្រាក់​តម្កល់​ធានា​អាជីវកម្ម​អភិវឌ្ឍ​ដីឡូត៍ អាច​ដក​វិញ​បាន​លុះត្រាតែ​អ្នក​អភិវឌ្ឍ​ដីឡូត៍ បាន​បំពេញ​កាតព្វកិច្ច​ចប់សព្វគ្រប់ រួមទាំង​ការផ្ទេរកម្មសិទ្ធិ​អចលនវត្ថុ​ជ្ជ​ន អ្នកទិញ​ទៅតាម​កិច្ចសន្យា និង/ឬ​ក្រោយពី​មាន​ការចុះ​វាយតម្លៃ​ជាក់ស្តែង​ពី​មន្ត្រី​ជំនាញ​របស់​នាយកដ្ឋាន​ឬ​មន្ទីរ៕

នៅថ្ងៃទី៣ ខែមេសា ស្អែកនេះ យន្តហោះរបស់ប្រទេសបារាំង និងស្វីស នឹងមកដឹកពលរដ្ឋរបស់ខ្លួនចេញពីកម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលប្រទេសស្វីស និងប្រទេសបារាំង បានសម្រេចបញ្ជូនយន្តហោះមកកាន់កម្ពុជា ដោយចុះចតនៅព្រលានយន្តហោះភ្នំពេញ-អន្តរជាតិ ដើម្បីដឹកជញ្ជូនពលរដ្ឋរបស់ខ្លួនដែលជាអ្នកទេសចរជាប់គាំងនៅកម្ពុជា ដោយសារតែគ្មានជើងហោះហើរ។

រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ជា អូន បានមានប្រសាសន៍កាលពីរសៀលនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ថា រដ្ឋាភិបាលស្វីស និងបារាំង សម្រេចបញ្ជូនយន្តហោះពិសេសចំនួន២គ្រឿង មកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីដឹកភ្ញៀវទេសចរ ដែលជាពលរដ្ឋរបស់ខ្លួន ចេញពីកម្ពុជាត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ ក្រោយជាប់គាំងគ្មានជើងហោះហើរ។

លោក ជា អូន បានបញ្ជាក់ថា ដោយមានការខិតខំប្រឹងប្រែងពីរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ និងក្រសួងការបរទេស ជួយសម្របសម្រួលនោះ យន្តហោះពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ Swiss International Arilines មួយគ្រឿង ប្រភេទ Airbus A340 បានចុះចតនៅអាកាសយានយន្តដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោងប្រមាណ៣ រសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ដោយមកដឹកភ្ញៀវទេសចរជនជាតិអាល្លឺម៉ង់ ស្វីស និងអឺរ៉ុបមួយចំនួន ឆ្ពោះទៅកាន់ប្រទេសរបស់ពួកគេវិញ បន្ទាប់ជាប់គាំដោយសារគ្មានជើងហោះ។ យន្តហោះប្រភេទ Airbus A340 របស់ស្វីស ដែលហោះហើរមកកម្ពុជាជាលក្ខណៈការទូតនេះ នឹងចាកចេញពីកម្ពុជា នៅម៉ោង៨ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០។

លោករដ្ឋលេខាធិការប្រចាំការបានបន្ថែមថា នៅត្រឹមថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ រដ្ឋាភិបាលបារាំង ក៏បញ្ជូនយន្តហោះមួយគ្រឿង ប្រភេទយន្តហោះ Boing 747 មកចុះចតនៅរាជធានីភ្នំពេញ ក្នុងរូបភាពការទូត ដើម្បីមកដឹកជញ្ជូនជនជាតិបារាំងជាអ្នកទេសចរ ដែលនៅសេសសល់ចុងក្រោយបំផុត បន្ទាប់ពីជាប់គាំងគ្មានជើយហោះហើរចេញពីកម្ពុជាវិលត្រឡប់ទៅប្រទេសបារាំងវិញ ដោយនឹងត្រូវហោះហើរនៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០៕

ដំណឹងល្អ!ស្ពានអាកាសថ្មើរជើងនៅផ្លូវម៉ៅសេទុង ស្តុបផ្សារដើមគរ សម្រេចបាន ៩០ភាគរយហើយ

ដោយវុត្ថា

ភ្នំពេញ៖ ស្ពានអាកាសថ្មើរជើងស្តុបផ្សារដើមគរ ខណ្ឌទួលគោក គិតមកដល់ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ ដំណើរការសាងសង់សម្រេចបាន ៩០ ភាគរយហើយ គឺនៅសល់តែ១០ភាគរយប៉ុណ្ណោះ នឹងរួចរាល់ទាំងស្រុង អាចដាក់ឱ្យបងប្អូន ប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បាននៅពេលឆាប់ៗនេះ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ បានឱ្យ ដឹងនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីក្រុងពលីទៅ តាមទំនៀមទម្លាប់តាមបែបសាសនា បញ្ចុះបឋមសិលាសាងសង់ស្ពានអាកាសថ្មើរជើងនៅ មុខផ្សារដើមគរ និងនៅមុខសាសាបឋមសិក្សាសន្ធរម៉ុក កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ កន្លងមកនេះ។

លោកបន្តថា តាមផែនការ ស្ពានអាកាសថ្មើរជើងនៅតំបន់ផ្សារដើមគរ និងនៅមុខសាលាបឋម សិក្សាសន្ធរម៉ុកនេះ នឹងប្រើប្រាស់រយៈពេល៦ខែ ដើម្បីស្ថាបនាឱ្យបានរួចរាល់ ដើម្បីជួយ សម្រួលដល់ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋនិងសិស្សានុសិស្សបានឆ្លងកាត់ផ្លូវប្រកបដោយ សុវត្ថិភាព មិនប្រឈមទៅ នឹងបញ្ហាគ្រោះ ថ្នាក់ចរាចរណ៍ណាមួយកើតឡើងជាយថាហេតុ។

គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់មុខផ្សារដើមគរ ត្រូវសាងសង់ ឡើងកាត់ទទឹងផ្លូវម៉ៅសេទុងខាងលិច ជាប់នឹងផ្សារដើមគរ។ ចំណែកគម្រោងស្ថាបនាស្ពាន អាកាសថ្មើរជើងនៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុកវិញ ត្រូវសាង់សង់នៅលើចំណុច ផ្លូវប្រសព្វទាំង៤ទិសតែម្តង ពោលគឺត្រូវសាងសង់កាត់ទទឹងផ្លូវម៉ៅសេទុងចំនួន ២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជាក្រោម២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់សិស្សានុសិស្ស បានឆ្លងកាត់ផ្លូវនេះដោយសុវត្ថិភាព។

មកដល់ពេលនេះរាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើង ចំនួន៣កន្លែងហើយ ក្នុងនោះរួមមាន នៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិ៍សែនជ័យមានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង ហើយបើតាមគម្រោង រដ្ឋបាលរាជធានីភ្នំពេញ និងពង្រីកគម្រោងស្ថាបនានេះឱ្យបានច្រើនកន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅ នឹងប្រទេសជាតិមានការអភិវឌ្ឍ និងទីក្រុងមានភាពស៊ីវិល័យ និងបង្ក លក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ៖ វិបត្តិសាកលនៃជំងឺ Covid-19 អាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ស្ថិតនៅចំពោះមុខនៃវិបត្តិជំងឺឆ្លងជាសាកល Covid-19 នៅពេលបច្ចុប្បន្ននេះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា សេដ្ឋកិច្ចកម្ពុជានឹងទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសវិស័យធំៗចំនួន២ រួមមានវិស័យកាត់ដេរ និងវិស័យទេសចរណ៍។

លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍នៅក្នុងពិធីផ្ទេរ និងប្រគល់តំណែងរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ នេះថា ជុំវិញនៃការផ្ទុះឡើងនៃជំងឺរលាកផ្លូវដង្ហើម Covid-19 ថ្មីត្បិតមិនទាន់មានការបាត់បង់ជីវិតមនុស្សនៅឡើយ ប៉ុន្តែជម្ងឺនេះបាន និងកំពុងបន្តគំរាមកំហែងដល់សង្គមកម្ពុជា និងផលប៉ះពាល់ដល់ផ្នែកសេដ្ឋកិច្ច ដោយបានលេចរូបរាងកាន់តែច្បាស់ និងមានសភាពកាន់តែធ្ងន់ធ្ងរបន្តិចម្តងៗ ជាពិសេសលើវិស័យទ្រទ្រង់កំណើនធំៗពីររួមមាន វិស័យកាត់ដេរ និងទេសចរជាដើម ។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា “ស្ថិតក្នុងគោលការកាត់បន្ថយផលប៉ះពាល់នៃជំងឺ Covid-19 នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការបន្ទាន់ចំនួន២ជុំរួចមកហើយ ដោយក្នុងនោះជុំទី១ ចាបានប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ និងជុំទី២ ចាប់ផ្តើមនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដើម្បីជួយឱ្យធុរកិច្ចអាចបន្តអាជីវកម្មបាន និងជួយសម្រួលដល់កម្មករនិយោជិតផងដែរ” ។

ពាក់ព័ន្ធទៅនឹងជំងឺរាតត្បាតរលាកផ្លូវដង្ហើម Covid-19 នេះ បច្ចុប្បន្នបាន និងកំពុងរាតត្បាតនៅក្នុងប្រទេសជាង ១៩០ ទូទាំងពិភពលោក ខណៈសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក កំពុងក្លាយជាមជ្ឈមណ្ឌលនៃការរាតត្បាតជម្ងឺនេះ។ ចំណែកនៅក្នុងតំបន់ផ្សេងៗទៀតដូចជា តំបន់អាស៊ាន រួមមាន កម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងប្រទេសសមាជិកដទៃទៀត ក៏មិនអាចគិចផុតពីការគំរាមកំហែងនេះបានឡើយ ៕

GMACអំពាវនាវដល់អ្នកបញ្ជាទិញធ្វើការជាមួយគ្នាដើម្បីដោះស្រាយការលំបាករួមគ្នា

ដោយវុត្ថា

ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)   បានអំពាវនាវដល់អ្នកបញ្ជាទិញទាំងអស់ដែលទិញពីកម្ពុជាធ្វើការជាមួយគ្នា ដើម្បីអាចដោះស្រាយបញ្ហាលំបាកនានាបានក្នុងអំឡុងមានវិបត្តិនៃការរីករាលដាលជាសកលនូវជំងឺឆ្លងកូវីដ ១៩ ។

យោងតាមលិខិតចំហររបស់សមាគមកាត់ដេរនៅកម្ពុជាជូនចំពោះអ្នកបញ្ជាទិញទាំងអស់ដែលទិញពីកម្ពុជាខែមេសា ឆ្នាំ ២០២០នេះ ដែលបានចេញផ្សាយនៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា ការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ ១៩ បានធ្វើឱ្យមានចលាចលដល់ជីវិតរស់នៅ និងអាជីវកម្មរបស់យើងទាំងអស់គ្នា។

លិខិតដដែលបន្តថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សូមអំពាវនាវដល់អ្នកបញ្ជាទិញទាំងអស់ដែលបានទិញពីកម្ពុជា មេត្តធ្វើការងារជាមួយយើងទាំងអស់គ្នាអាចដោះស្រាយបញ្ហាលំបាកទាំងនេះបាន។

លិខិតដដែលបន្ថែមថា ភាគីទាំងអស់នៅក្នុងចង្វាក់ផ្គត់ផ្គង់សម្លៀកបំពាក់សកលកំពុងទទួលរងបន្ទុកដ៏ធ្ងន់ធ្ងរក្រៃលែងដែលបង្កឡើងដោយជំងឺកូវីដ ១៩។ ទោះយ៉ាងណាក្តីក្រុមហ៊ុនផលិត (រោងចក្រ) ប្រតិបត្តិការរលើប្រាក់ចំណូលតិចតួច ហើយមានសមត្ថភាពតិចតួចខ្លាំងណាក់ក្នុងការរែកបន្ទុកបែបនេះ បើធៀបនឹងអតិថិជនរបស់អ្នកបញ្ជាទិញ។ 

បន្ទុកដោយផ្ទាល់ដែលប្រឈមមុខដោយកម្មកររបស់យើង ដែលនៅតែត្រូវការទទួលទានអាហារនិងដោះស្រាយតម្រូវការគ្រួសារ គឺជាបន្ទុកដ៏ធំក្រៃលែង។

សមាគមសូមជំរុញអ្នកបញ្ជាទិញមេត្តគោរពតាមលក្ខណ្ឌនៃកិច្ចសន្យារបស់ខ្លួន ហើយបំពេញកាតព្វកិច្ចរបស់ខ្លួនដោយទទួលយកការដឹកទំនិញ ហើយទូទាត់ប្រាក់សម្រាប់ទំនិញដែលបានផលិតរួចហើយ និងទំនិញដែលបច្ចុប្បន្នកំពុងផលិត។ នេះ នឹងធ្វើឱ្យយើងអាចបន្តផ្តល់ការងារដល់កម្មករ ៧៥ម៉ឺននាក់ របស់យើង និងធ្វើឱ្យយើងមានសមត្ថភាពបើកប្រាក់ឈ្នួលជូនកម្មករនិងធានាដល់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់។

សមាគមកសូមអំពាវនាវដល់អ្នកបញ្ជាទិញទាំងមេត្តារក្សាការទទួលខុសត្រូវចំពោះអ្នកផ្គត់ផ្គង់ និងកម្មករដែលបំរើការងារនៅក្នុងវិស័យកាត់ដេររបស់យើង។ តាមរយៈការរួមគ្នា ប្រាកដណាស់ យើងអាចពុះពារឈ្នះជំងឺឆ្លងរាលដាលជាសកលនេះ ហើយអាចការពារជីវិតរបស់កម្មករយើង និងគ្រួសាររបស់ពួកគេ ហើយធានាដល់ការរស់រាននៃអាជីវកម្មរបស់យើង៕

ក្រសួងសេដ្ឋកិច្ច៖ បច្ចេកវិទ្យាឌីជីថលកំពុងក្លាយជាកាតាលីករថ្មី សម្រាប់ជំរុញអភិវឌ្ឍសេដ្ឋកិច្ច

ដោយ ប៊ី

ភ្នំពេញ៖  បច្ចេកវិទ្យាឌីជីថលនៅក្នុងបរិបទថ្មីនេះជាស្នូលនៃបដិវត្តន៍ ឧស្សាហកម្មទី ៤ និងកំពុងក្លាយជាកាតាលីករថ្មី សម្រាប់ជំរុញអភិវឌ្ឍសេដ្ឋកិច្ច និងផ្តល់លទ្ធភាពឲ្យសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក អាចផ្សារភ្ជាប់ទៅនិងខ្សែ សង្វាក់ផលិតកម្មក្នុងតំបន់ និងសកល។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅ ក្នុងពិធីផ្ទេរ និងប្រគល់តំណែង រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២ ខែ មេសា ឆ្នាំ២០២០ នេះថា ស្ថិតក្នុងបរិបទសាកលភាវូបនីយកម្ម និងសមាហរណកម្ម ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល គឺជាស្នូលនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងកំពុងក្លាយជាកាតាលីករថ្មីមួយ សម្រាប់ជំរុញអភិវឌ្ឍន៍ សេដ្ឋកិច្ច តាមរយៈការចូលរួមបង្កើនផលិតភាព និងប្រសិទ្ធភាព ការងារ, ការផ្តល់លទ្ធភាពឲ្យសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក អាចផ្សារភ្ជាប់ទៅនិងខ្សែសង្វាក់ផលិតកម្ម ក្នុងតំបន់ និង សកល ក៏ដូចជាការស្វែងរកភាពច្នៃប្រឌិត ក្នុងផលិតកម្មទំនិញ និងសេវាជាដើម ។

លោក ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ពាក់ព័ន្ធសក្ដានុពលនៃបច្ចេកវិទ្យានេះ អាចជំរុញ និងបង្កើនល្បឿននៃការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការជំរុញភាពប្រកួតប្រជែង ផលិតភាពសេដ្ឋកិច្ច និងការផ្តល់កាលានុវត្តនភាព សម្រាប់ពន្លឿន កិច្ចអភិវឌ្ឍរួម ដើម្បីសម្រេចតាមចក្ខុវិស័យនៃការប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ។

ក្នុងន័យនេះ, រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា បានចាត់ទុកនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ជាវិស័យ អាទិភាពដ៏សំខាន់មួយ សម្រាប់ជំរុញការអភិវឌ្ឍប្រទេស ដូចមានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ៕

អ្នកជំនាញ ៖ វិស័យអចលនទ្រព្យឆ្នាំ២០២០ ទទួលរងផលប៉ះពាល់ខ្លាំង ប៉ុន្តែនឹងវិលត្រឡប់មករកភាពល្អប្រសើរវិញក្នុងរយៈពេលដ៏ខ្លី

ដោយ ៖ រ៉ាណេត 

ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២០នេះ សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជាត្រូវបានអ្នកជំនាញអះអាងថាទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងវិបត្តិសេដ្ឋកិច្ចកាលពីអំឡុងឆ្នាំ២០០៨ ប៉ុន្តែភាពអវិជ្ជមានទាំងនេះ អាចនឹងវិលត្រឡប់មករកភាពល្អប្រសើរវិញក្នុងរយៈពេលដ៏ខ្លី ក្រោយពីបញ្ចប់វិបត្តិជំងឺឆ្លង Covid-19 នៅពេលខាងមុខនេះ។ 

វិស័យអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០២០នេះ នឹងទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរជាង់កាលពីអំឡុងឆ្នាំ២០០៨ទៅទៀត ដោយសារតែវិបត្តិមួយនេះបានជះឥទ្ធិពលយ៉ាងទូលាយ និងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះយ៉ាងខ្លាំង។ នេះបើតាមការលើកឡើងរបស់លោកស្រី អាន សុធីតា នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នេះ។ 

លោកស្រី អាន សុធីតា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា “ការទទួលរងនូវផលប៉ះពាល់ទាំងអស់នេះមិនមែនកើតមានតែនៅកម្ពុជា ឬនៅក្នុងតំបន់នោះទេ ប៉ុន្តែវាបានកើតឡើងជាសាកល ដែលស្ទើរតែគ្មានប្រទេសណាមួយអាចគេចផុតនោះទេ”។ លោកស្រីបន្តថា “នៅក្នុងស្ថានការណ៍ដែលកំពុងតែទទួលរងនូវផលអវិជ្ជមាននេះ អ្វីដែលត្រូវធ្វើ សម្រាប់អ្នកស្ថិតនៅក្នុងវិស័យអចលនទ្រព្យ គឺចាំបាច់មានការរៀបចំផែនការនៃចរន្តសាច់ប្រាក់ឱ្យបានត្រឹមត្រូវ ដើម្បីត្រៀមទុកជួសជុលនូវកន្លែងខ្វះខាត និងអាចដំណើរការវិនិយោគបន្តក្រោយពេលវិបត្តិមួយនេះបានបញ្ចប់”។ 

កាលពីអំឡុងឆ្នាំ២០០៨ វិស័យអចលនទ្រព្យនៅកម្ពុជាធ្លាប់ទទួលរងនូវផលប៉ះពាល់ផងដែរ ដែលបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចពិភពលោក ហើយត្រូវពន្យាពេលប្រមាណ៤ឆ្នាំក្នុងការជួសជុល និងស្ដារវិស័យអចលនទ្រព្យឱ្យត្រឡប់មករកភាពល្អប្រសើរវិញបាន។ 

លោកស្រី អាន សុធីតា បានអះអាងថា ផ្អែកតាមភាពជាក់ស្ដែងដែលកំពុងកើតមាននៅពេលនេះ វិស័យអចលនទ្រព្យនៅកម្ពុជាអាចនឹងរងនូវសភាពធ្ងន់ធ្ងរជាងវិបត្តិកាលពីអំឡុងឆ្នាំ២០០៨ ប៉ុន្តែការចំណាយពេលក្នុងជួសជុល និងស្ដារវិស័យមួយនេះឱ្យវិលត្រឡប់មករកសភាពដើមវិញ អាចនឹងចំណាយពេលតិច។ អ្វីដែលសំខាន់នោះត្រង់ថា ប្រសិនបើយុទ្ធនាការនៃការបញ្ចប់វិបត្តិជំងឺឆ្លង Covid-19 ត្រូវបានសម្រេចដូចការគ្រោងទុក នោះអាចនៅត្រឹមត្រីមាសទី៣នៃឆ្នាំ២០២០ បណ្តាអ្នកវិនិយោគ ក៏ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍នានា នឹងចាប់ផ្តើមរៀបចំផែនការរបស់ខ្លួនឡើងវិញ ហើយលទ្ធផលវិជ្ជមានអាចនឹងទទួលបានត្រឡប់មកវិញក្នុងកម្រិតខ្ពស់ ដោយសារតែភាគច្រើននៃគម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា គឺមិនទាន់ធ្លាក់ចុះដល់កម្រិតសូន្យនោះទេ មានន័យថា ទាំងចរន្តនៃការវិនិយោគ ក៏ដូចជាសកម្មភាពអភិវឌ្ឍន៍លើគម្រោងធំៗនឹងចាប់ដំណើរការឡើងវិញ ហើយក្នុងនោះ អ្នកអភិវឌ្ឍន៍ក្នុងស្រុកក៏ជាចំណែកមួយយ៉ាងសំខាន់នៅក្នុងការចូលរួមធ្វើឱ្យវិស័យអចលនទ្រព្យកម្ពុជាមានភាពល្អប្រសើរឡើងវិញផងដែរ ៕