រដ្ឋាភិបាលសម្រេចឱ្យជនបរទេសដែលកាន់ទិដ្ឋាការប្រភេទទេសចរណ៍ហួសសុពលភាពអាចបន្តស្នាក់នៅកម្ពុជា

ដោយវុត្ថា

ភ្នំពេញ ៖  រដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃ បានសម្រេច អនុញ្ញាតឱ្យជនបរទេស ដែលកាន់ទិដ្ឋាការប្រភេទទេសចរណ៍ អាចបន្តសុពលភាពស្នាក់នៅកម្ពុជា រហូត ដល់ខែមិថុនា ឆ្នាំ២០២០  ខណៈពិភពលោកកំពុងជួបវិបត្តិនៃការរីករាលនៃជំងឺកូវីដ ១៩ ។

អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ លោក នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានប្រាប់សារព័ត៌មានកាលពីថ្ងៃទី ១ ម្សិលមិញនេះថា គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០កន្លងមកនេះ អ្នកដំណើរជនបរទេសចូលកម្ពុជា បានថយចុះស្ទើរតែ១០០ភាគរយ បន្ទាប់ពីផ្ទុះនៃការរីករាលដាល COVID-19។ 

លោកបន្តថា ការធ្លាក់ចុះនេះ មិនមែនមានតែនៅក្នុងប្រទេសកម្ពុជានោះទេ ស្ទើរតែពេញសកលលោកដែលជំរុញឱ្យអ្នកធ្វើដំណើរបានធ្លាក់ចុះ ដោយសារការភ័យខ្លាចនៃការឆ្លងនូវជំងឺកូវីដ ១៩ ដែលកំពុងរីករាលដាលទាំងនៅក្នុងតំបន់អាស៊ី និងអឺរ៉ុប។

លោកបន្ថែមថា “ចាប់ ពីពេលនេះ រហូតដល់ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានសម្រេចការលើកលែង  និងអនុគ្រោះ ដល់ជនបរទេសគ្រប់សញ្ជាតិ ដែលកាន់ទិដ្ឋាការប្រភេទទេសចរណ៍ ហៅកាត់ (Visa T) អាចបន្តទិដ្ឋាការរបស់ ខ្លួន ដើម្បីស្នាក់នៅកម្ពុជា ក្រោមហេតុផលការរាលដាល COVID-19 និងមិនមានជើងហោះហើរ”។

នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានឱ្យដឹងទៀតថា រហូតមកទល់ពេលបច្ចុប្បន្ន អ្នកដំណើរចូល កម្ពុជា គឺមានតែនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តែមួយគត់ ព្រោះព្រលានយន្តហោះខេត្តសៀមរាប និងខេត្តព្រះសីហនុ ត្រូវបានបិទជាបណ្តោះអាសន្ន ដោយសារតែមិនមានជើងហោះហើរដូចសព្វដង ឡើយ ខណៈច្រកទ្វារព្រំដែន ជាមួយប្រទេសថៃ វៀតណាម និងឡាវ ក៏ត្រូវបានផ្អាកការចេញចូលជា បណ្តោះអាសន្ន។

ក្រសួងការបរទេស  និងសហប្របិត្តការអន្តរជាតិកាលពីសប្តាហ៍មុននេះ បានប្រកាសថា ជនបរទេស ដែលមានបំណងធ្វើដំណើរចូលកម្ពុជា ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់សុខភាព ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចផ្នែក សុខភាព នៃប្រទេសសាមីខ្លួន ដែលមានសុពលភាពមិនលើសពី៧២ម៉ោង មុនពេលធ្វើដំណើរ ដោយ បញ្ជាក់ពីអវិជ្ជមានកូវីដ–១៩ និងតម្រូវឱ្យមានឯកសារធានារ៉ាប់រង ដែលបញ្ជាក់ពីការរ៉ាប់រងសុខភាព ក្នុងចំ នួនទឹកប្រាក់យ៉ាងតិច៥ម៉ឺនដុល្លារ ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា៕

ឯកឧត្តម ជា សុផារ៉ា បរិច្ចាគប្រាក់បៀរវត្សជាងកន្លះឆ្នាំដើម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩

ដោយ ហ្សូលី

ភ្នំពេញ៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបរិច្ចាគប្រាក់បៀរវត្សរបស់ខ្លួនប្រមាណ ០៧ ខែ ជូនដល់គណៈកម្មាធិកាជាតិ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។

បើតាមឱ្យដឹងពីសាររបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ផ្ញើជូនឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០២០នេះ ថា ឯកឧត្តមសម្រេចចិត្តបរិច្ចាគប្រាក់បៀរវត្សក្នុងឋានៈជា ឧបនាយករដ្ឋមន្ត្រីនេះគិតចាប់ពី ខែមីនា រហូតដល់ ខែកញ្ញា ឆ្នាំ ២០២០ ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ខណៈដែលវីរុសនេះនៅតែស្ថិតក្នុងស្ថានភាពបន្តរីករាលដាល។

ក្នុងន័យនេះ ឯកឧត្តមយល់ព្រមអនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់ចែងបង្វែរប្រាក់បៀរវត្សរបស់ឯកឧត្តមទៅក្នុងគណនីរបស់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ ១៩៕

សម្ដេចតេជោ ៖ កម្ពុជាមានរោងចក្រផលិតម៉ាស ទឹកអាល់កុល និងសម្ភារៈពេទ្យផ្ទាល់ខ្លួនបន្ថែមពីលើការនាំចូលពីបរទេស

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅក្នុងស្ថានភាពដែលមានតម្រូវការខ្ពស់ទៅលើការប្រើប្រាស់ទឹកអាល់កុល និងម៉ាស សម្រាប់ប្រឆាំងនឹងជំងឺ Covid-19 ដែលបណ្ដាប្រទេសមួយចំនួនកំពុងជួបភាពខ្វះខាត ដោយឡែក សម្រាប់ប្រទេសកម្ពុជាមានរោងចក្រផលិតផ្ទាល់ខ្លួនសម្រាប់បំពេញតម្រូវការប្រើប្រាស់បន្ថែមពីលើការនាំចូលមកពីបរទេស។ នេះបើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

តាមរយៈសារជាសំឡេងដ៏មានសារសំខាន់របស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើទៅកាន់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ដើម្បីបង្កើនទំនុកចិត្តកាន់តែខ្ពស់មកលើការខិតខំរបស់រាជរដ្ឋាភិបាលថា បច្ចុប្បន្ននេះកម្ពុជា មានរោងចក្រមួយដេរម៉ាសសម្រាប់តែប្រទេសកម្ពូជាតែម្ដងដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលអាចមានសមត្ថិភាពផលិតបានក្នុងរង្វង់១ ២០០ ០០០ ហើយនឹងបង្កើនសមត្ថភាពផលិតឱ្យបានច្រើនជាងនេះ បន្ទាប់ពីយើងនាំចូលមកពីខាងក្រៅ។

សម្ដេចតេជោ បានមានប្រសាសន៍បន្តឱ្យដឹងថែមទៀតថា ក្រៅពីរោងចក្រផលិតម៉ាស កម្ពុជាក៏មានរោងចក្រផលិតទឹកអាល់កុល (រោងចក្រ SKD) រួមជាមួយនឹងរោងចក្រផ្សេងមួយទៀត ដើម្បីផលិតបំពេញតាមតម្រូវការប្រើប្រាស់ចាំបាច់របស់មន្ត្រីផ្នែកសុខាភិបាលក្នុងទំហំប្រមាណ ៥ ០០០ លីត្រក្នុងមួយថ្ងៃ ខណៈដែលតម្រូវការជាក់ស្ដែងនៅទូទាំងប្រទេសមានចំនួនច្រើនជាងនេះ។

ជាមួយគ្នានេះផងដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរថា ពាក់ព័ន្ធទៅនឹងតម្រូវការផ្នែកសម្ភារៈ និងបរិក្ខាពេទ្យមួយចំនួនដូចជា សម្លៀកបំពាក់ មួយករបស់មន្ត្រីពេទ្យ គឺមានរោងចក្រចំនួន២ដំណើរការផលិត ដោយរោងចក្រចំនួន១ស្ថិតនៅក្នុងខេត្តកំពង់ចាម និងមួយកន្លែងទៀត ស្ថិតនៅខេត្តស្វាយរៀង ប៉ុន្តែសម្រាប់សម្ភារៈផ្សេងទៀតដូចជារបាំងមុខ និងមួកមួយចំនួនចាំបាច់នាំចូលមកពីក្រៅស្រុក។

សម្ដេចតេជោ បានសង្កត់ធ្ងន់ថា “កុំមានការព្រួយបារម្ភ យើងមិនធ្វើរបៀបដូចលោកខាងលិច រកតែម៉ាសឱ្យគ្រូពេទ្យពាក់មិនបាននោះទេ។ ស្ដុកបម្រុងរបស់យើង ទី១គឺអង្ករ អំបិល គឺថាត្រៀម អត់មានឱ្យនាំចេញទៀតទេ, ទី២ គឺម៉ាស ទី៣ អាល់កុល ហើយសម្រាប់សម្ភារៈពេទ្យ គឺមានស្ដុកពេញឃ្លាំង ខ្លាចក្រែងតែបើវាមិនអស់ផង។ ….. ដូច្នេះ កុំតក់ស្លុត សម្រាប់កម្ពុជា មិនបណ្តោយឱ្យដូចរបៀបប្រទេសខាងលិចងាប់គរជើងគ្នានោះទេ ចឹងសូមជូនជាព័ត៌មាន”៕

កម្ពុជា-ថៃ ពិភាក្សាគ្នាសម្រួលដល់ពលរដ្ឋ និងការដឹកទំនិញឆ្លងកាត់តាមព្រំដែន

ដោយវុត្ថា

ភ្នំពេញ៖ ខេត្តបន្ទាយមានជ័យរបស់កម្ពុជា និង  ខេត្តស្រះកែវរបស់ប្រទេសថៃ បានផ្តើមពិភាក្សាគ្នា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ និងការដឹកទំនិញឆ្លងកាត់នៅតាមច្រកព្រំដែន និងរួមសហការគ្នាទប់ស្កាត់ជំងឺកូវីត ១៩នៅតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ។ 

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនៅក្នុងជំនួបពិភាក្សាដោះស្រាយការងារបន្ទាន់មួយចំនួន ជាមួយលោក   WORAPHAN SUWANNUS អភិបាលខេត្តស្រះកែវ នៅស្នាក់ការគយថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្លងឡឹក កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ម្សិលមិញនេះ បានស្នើទៅភាគីថៃនូវពីរចំណុ៖  

១.ស្នើសុំជួយសម្រួលដល់បងប្អូនពលករខ្មែរ ដែលត្រូវបានអាជ្ញាធរថៃ បញ្ជូនមករាល់ថ្ងៃ សូមមានកិច្ចសហការ និងកំណត់យកទីតាំងច្រក ណាមួយសមរម្យ ដូចជាច្រកបឹងត្រកួន ជាអាទ៍ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យ ការពារជំងឺកូវីត១៩ តែកន្លងមកបញ្ជូនមកតែតាមច្រករបៀង ចំការគរ ។

២.ស្នើឲ្យមានការជួយសម្រួលការចេញចូលដឹកតំឡូងមីរបស់ប្រជាកសិករ ដើម្បីជំរុញសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដូចជា នៅច្រកបឹងត្រកួន ច្រកម៉ាឡៃ និងច្រកប៉ោយប៉ែត ជាដើម។

ឆ្លើយតបទៅនឹង ភាគីកម្ពុជា  លោក WORAPHAN SUWANNUS អភិបាលខេត្តស្រះកែវ និងកងកម្លាំងបូពា៍ថៃ បានឯកភាពជាគោលការណ៍រួម៖

១.កំណត់យកទីតាំងច្រកអូរបីជាន់ គោកធ្យូង ជាកន្លែងតែមួយគត់ដើម្បីសម្របសម្រួលដល់ពលករ ដែលអាជ្ញាធរបញ្ជូនមកដើម្បីងាយស្រួលទាំងខាងថៃ និងកម្ពុជា ដើម្បីរួមគ្នាពិនិត្យសុខភាព មុនអនុញ្ញាតឲ្យចេញ ។ជាមួយនោះបន្តសហការទប់ស្កាត់ការលួចចេញតាមច្រករបៀងផ្សេងទៀត។

២.តាមសំណើសុំរបស់ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ សម្រួលចេញដំឡូវមី ទំនិញ ចេញតាមច្រកតំបន់ផ្លូវការណាមួយនោះ រដ្ឋបាលខេត្តស្រះកែវនឹងធ្វើរបាយការណ៍សុំគោលការណ៍ក្រសួងពាណិជ្ជកម្មថៃដើម្បីសម្រួលជូន និងផ្តល់ដំណឹងជម្រាបជូនតាមក្រោយ។

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវកាលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះបានចេញសេចក្តីជូនដំណឹងមួយស្តីពីការបិទច្រកទ្វារព្រំដែនកម្ពុជា-ថៃគ្រប់កម្រិតដែលស្ថិតនៅក្នុងដែនដីខេត្តសាកែវ។ ច្រកដែលត្រូវបិទនោះរួមមាន ច្រកទ្វារអន្តរជាតិចំនួន០២ទីតាំង ទី១ច្រកប៉ោយប៉ែត(ខេត្តបន្ទាយមានជ័យ)-ច្រកខ្លងលឹក  (ខេត្តសាកែវ)និងច្រកភ្នំដី(ខេត្តបាត់ដំបង)-បានខៅឌីន (ខេត្តសាកែវ) ដោយការចរាចរណ៍តាមចក្រទាំង២នេះ នឹងត្រូវបិទជាបណ្តោះអាសន្នទាំងស្រុង តែអនុញ្ញាតអ្នកបើកបររថយន្តដឹកទំនិញណា ដែលបានការអនុញ្ញាតពីអាជ្ញាធរ ។ 

ដោយឡែកសម្រាប់ច្រកតំបន់២ទីតាំង ច្រកបឹងត្រកួន(ខេត្តបន្ទាយមានជ័យ)-ច្រកតាប្រាយ៉ា (ខេត្តសាកែវ)និងច្រកម៉ាឡៃ(ខេត្តបាត់ដំបង)-ច្រកបានណងព្រឹ(ខេត្តសាកែវ) គឺត្រូវបិទការចរាចរណ៍ទាំងស្រុងតែម្តង។ ចំណែកឯច្រកទ្វារទេ្វភាគីចំនួន១៤ទីតាំងទៀត រវាងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងជាមួយខេត្តសាកែវ ក៏ត្រូវសម្រេចបបិទទាំងស្រុងផងដែរ៕

កម្ពុជា និង​អាមេរិក​សម្រេចបាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ៥៨៥ លាន​ដុល្លារ​កាលពីដើម​ឆ្នាំនេះ

ដោយ ប៊ី

ភ្នំពេញ៖ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​មានតម្លៃ ៥៨៥ លាន​ដុល្លារ​ក្នុង​ខែមករា​ឆ្នាំ ២០២០ កើនឡើង ៣៣ ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

តួលេខ​ពី​ការិយាល័យ​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​បង្ហាញថា ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក​បាន​កើនឡើង ៣៨ ភាគរយ​ដល់ ៥៦០ លាន​ដុល្លារ​អាមេរិក ខណៈ​ការនាំ​ចូល​ពី​សហរដ្ឋអាមេរិក​មាន​ចំនួន ២៦ លាន​ដុល្លារ​ធ្លាក់ចុះ​ពី ៣៤,៥ លាន​ដុល្លារ​អាមេរិក។

យោងតាម​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ផលិតផល​នាំចេញ​ភាគច្រើន​របស់​កម្ពុជា​ទៅកាន់​សហរដ្ឋអាមេរិក រួមមាន​វាយ​ន​ភណ្ឌ ស្បែកជើង ទំនិញ​ធ្វើដំណើរ និង​ផលិតផល​កសិកម្ម ខណៈដែល​សហរដ្ឋអាមេរិក​បាន​ដឹកជញ្ជូន​ភាគច្រើន​រថយន្ត ចំណី​សត្វ និង​គ្រឿង​ម៉ាស៊ីន​មក​កម្ពុជា។

នៅក្នុង​ឆ្នាំ ២០១៩ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​មាន​ចំនួន ៥,៨ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៩ ដែលមាន​ការកើនឡើង ៣៧ ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​តួលេខ​កាលពី​ឆ្នាំ២០១៨៕

ឯកអគ្គរដ្ឋទូត​គុយបា​សន្យា​ជំរុញឱ្យមាន​ទេសចរ និង​វិនិយោគិន​មក​កម្ពុជា​បន្ថែមទៀត ក្រោយ​ចប់​ជំងឺ Covid-19

ដោយ វុត្ថា

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត​គុយបា​ប្រចាំ​កម្ពុជា បាន​សន្យា​ជំរុញឱ្យមាន​ទេសចរ និង​វិនិយោគិន​មក​កម្ពុជា​បន្ថែមទៀត ក្រោយ​បញ្ចប់​វិបត្តិ​ជំងឺ Covid-19 ដែល​បាន​នឹង​កំពុង​រីក​រាលដាល​ជាស​កល  និង បានបង្ហាញ​ពី​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា ក្នុងនោះ​វិស័យ​ទេសចរណ៍​នៅតែ​បន្ត​ការរីកចម្រើន​និង​ចូលរួម​ជំរុញ​ការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចកម្ពុជា​យ៉ាងខ្លាំង។

លោកស្រី Liurka Rodriguez Barrios  ឯកអគ្គរដ្ឋទូត​គុយបា​ប្រចាំ​នៅ​កម្ពុជា នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ ម្សិលមិញ​នេះ​បានឱ្យដឹង ដោយសារ​ការរីក​រាល​ដាល​ជំងឺ Covid-19 បានធ្វើឱ្យ​ពិភពលោក​ជួប​នូវ​វិបត្តិ​ធ្ងន់ធ្ងរ ពិសេស​វិស័យ​ទេសចរណ៍​ក៏​រង​នូវ​ផលប៉ះពាល់​យ៉ាងខ្លាំង។

លោកស្រី​បន្តថា មិន​ខុសពី​សភាពការណ៍​ទូទៅ​ក្នុង​ពិភពលោក​ប៉ុន្មាន​ដែរ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​របស់​គុយ​បា បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ស្ទើរតែ​ទាំងអស់ ដោយសារតែ​អ្នកខ្លះ​ក៏ត្រូវ​ផុត​ទិ​ដ្ឋ​ការ អ្នកខ្លះ​ក៏​ចង់​ត្រលប់​ទៅ​មាតុភូមិ​វិញ ស្របពេល​នឹង​ការភ័យខ្លាច​ការឆ្លង​ជំងឺ Covid-19 ។

លោក​បាន​សន្យាថា ចាំ​ដល់ពេល​វិបត្តិ​ជំងឺ Covid-19 រសាយ​ផុត​ចេញពី​ពិភពលោក សាធារណរដ្ឋ​គុយបា​នឹង​បន្ត​ជំ​រុញឱ្យ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​មក​កម្ពុជា​បន្ថែមទៀត ខណៈ​វត្តមាន​ភ្ញៀវទេសចរ និង​វិនិយោគិន​គុយបា​ក៏មាន​នៅ​កម្ពុជា​ដែរ។

លោកស្រី​បញ្ជាក់ទៀតថា ភាគី​គុយបា​នៅតែ​បន្ត​គាំទ្រ និង​ពង្រឹង​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា ខណៈ​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​បង្ហាញ​ការពេញចិត្ត​ចំពោះ​ទំនាកទំនង​មិត្តភាព ដែល​ប្រទេស​ទាំងពីរ​សម្រេច​បានក​ន្ល​ង​មក។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៦ បានស្នើ​ដល់​ឯកអគ្គរដ្ឋទូត​គុយបា ធ្វើយ៉ាងណា​ជួយ​សហ​ការឱ្យ​មានការ​បណ្ដុះបណ្ដាល​មគ្គុទ្ទេសក៍​ទេសចរណ៍​និយាយ​ភាសា​អេ​ស្ប៉ា​ញ​របស់​កម្ពុជា​ឱ្យបាន​ច្រើន​បន្ថែមទៀត ពីព្រោះ​ប្រជាពលរដ្ឋ​គុយបា និង​ប្រជាពលរដ្ឋ​នៅ​ប្រទេស​នានា​ក្នុង​ទ្វីបអាមេរិក​ខាងត្បូង (លើកលែងតែ​ប្រេ​ស៊ី​ល) ភាគច្រើន​គឺ​និយាយ​ភាសា​អេ​ស្ប៉ា​ញ។

លោក​រដ្ឋមន្ត្រី​បន្តថា កម្ពុជា​ក៏​ទទួលបាន​ភ្ញៀវទេសចរ​និយាយ​ភាសា​អេ​ស្ប៉ា​ញ​យ៉ាងច្រើន​ផងដែរ ក្នុងចំណោម​ភ្ញៀវទេសចរ​អន្តរជាតិ ៦.៦លាន​នាក់ ដែល​កម្ពុជា​ទទួលបាន​នៅ​ឆ្នាំ២០១៩ កន្លងទៅ។កម្ពុជា និង​គុយបា​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​រយៈពេល ៦០ ឆ្នាំ​មកហើយ ខណៈ​ប្រទេស​មិត្ត​ទាំងពីរ​ក៏​គ្រោង​ប្រារព្ធ​ទិវា​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី ៦០ នៃ​ទំនាក់ទំនង​ការទូត​រួមគ្នា​ផងដែរ ប៉ុន្តែ​ត្រូវ​ចាំ​ដល់​ស្ថានការណ៍ Covid-19 ធូរស្បើយ​សិន៕

រដ្ឋាភិបាល​សម្រេច​អនុម័ត​លើ​គម្រោង​វិនិយោគ​ថ្មី​ចំនួន៧ មាន​ទុន​សរុប​ជាង ១៧៤លាន​ដុល្លារ

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ ជាការ​ឆ្លើយតប​ទៅនឹង​ការស្នើសុំ រាជរដ្ឋាភិបាល តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានសម្រេច​អនុម័ត​លើ​គម្រោង​វិនិយោគថ្មីៗចំនួន៧បន្ថែមទៀត​ឱ្យ​បើក​ដំណើរការ​នៅ​កម្ពុជា ក្រោម​ទំហំ​ទឹកប្រាក់​ទុនវិនិយោគ​សរុប​ជាង ១៧៤លាន​ដុល្លារ​អាមេរិក និង​បង្កើត​ឱកាស​ការងារ​បាន​ជាង ៣ ៣០០កន្លែង។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានបញ្ជាក់​ជា​ផ្លូវ​ការណ៍​តាមរយៈ​គណនី​បណ្តាញ​អេឡិចត្រូនិក​កាលពី​យប់​ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ថា តប​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ចំនួន៧ចាប់ផ្ដើម​ដំណើរ​ប្រតិបត្តិការ​ដូចខាងក្រោម ៖

១៖ ក្រុមហ៊ុន PRECISE ELECTRIC MANUFACTURING (CAMBODIA) CO., LTD បង្កើត​រោងចក្រ​ផលិត Transformer និង​ផ្គុំ​ដំឡើង Switchboard ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទទឹង ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មាន​ទុនវិនិយោគ​ប្រមាណ ៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦៥កន្លែង។

២៖ ក្រុមហ៊ុន JU WANG FOOTWEAR CO., LTD បង្កើត​រោងចក្រ​ផលិត​ស្បែកជើង​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ ៦A ភូមិ​រវាង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម មាន​ទុនវិនិយោគ​ប្រមាណ ៦.១លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៤០០កន្លែង។

៣៖ ក្រុមហ៊ុន IMPERIAL STAR SOLAR (CAMBODIA) CO., LTD បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចាស់ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៧.៩លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៩៨កន្លែង។

៤៖ ក្រុមហ៊ុន TOPEC ELECTRIC CO., LTD បង្កើត​រោងចក្រ​ផលិត​ខ្សែភ្លើង​គ្រប់​ប្រភេទ (Wires, Cables) និង​ផ្គុំ​ដំឡើង​សម្ភារ​បរិក្ខារ​អគ្គិសនី (Meter Box) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សារ​វ័ន ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មាន​ទុនវិនិយោគ​ប្រមាណ ៨.៦លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥៧៩កន្លែង។

៥៖ ក្រុមហ៊ុន VISCOT PRODUCTS CO., LTD បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​តុបតែង​សក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សម្តេច​ឳ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ១១.៦លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៦៤កន្លែង។

៦៖ ក្រុមហ៊ុន SUNDANCE INDUSTRIES CO., LTD បង្កើត​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត​គ្រប់​ប្រភេទ និង​គ្រឿង​បង្គុំ​កង់​រថយន្ត ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទំ​ពាម ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៣២.៩លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៣២កន្លែង។

៧៖ ក្រុមហ៊ុន  KEPSTAR DATA CENTRE MANAGEMENT CO., LTD វិនិយោគ​លើ​ការសាងសង់ និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ចំនួន ១០២លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៩០កន្លែង៕

ការនាំចេញ​របស់​ថៃ​មកកាន់​កម្ពុជា​កើនឡើង​ឡើង​ជាង ១៥ភាគរយ

ដោយ ប៊ី

ភ្នំពេញ៖ ពាណិជ្ជកម្ម​ឆ្លងដែន​របស់​ថៃ​បាន​ធ្លាក់ចុះ ៦,៥ ភាគរយ​ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំ ២០២០ ដោយសារ​ការឆ្លង​រាលដាល​នៃ​ជំងឺឆ្លង COVID-19  ប៉ុន្តែ​ការនាំចេញ​របស់​ថៃ​មកកាន់​កម្ពុជា​កើនឡើង​ឡើង​ជាង ១៥ ភាគរយ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត​បាងកក​ប៉ុស្តិ៍។

នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស​កាលពីដើម​សប្តាហ៍​នេះ បានឱ្យដឹងថា ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ទូទៅ​របស់​ប្រទេស​ថៃ​រួមទាំង​ពាណិជ្ជកម្ម​ឆ្លងកាត់​មាន​ចំនួន​សរុប ១៧១,៣១ ពាន់​លាន​បាត​ក្នុង​ខែមករា និង​កុម្ភៈ ជាមួយ​ប្រទេស​ម៉ាឡេស៊ី​ដែលជា​ដៃគូ​ធំ​បំផុត​សម្រាប់​ពាណិជ្ជកម្ម​តាម​ព្រំដែន។

ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ពាក់ព័ន្ធ​នឹង​ការឆ្លងកាត់​ទំនិញ​ឆ្លងកាត់​ប្រទេស​ច្រើនជាង​មួយ។

ក្នុងចំណោម​តួលេខ​សរុប ការនាំ​ចេញពី​ប្រទេស​ថៃ​មាន​ចំនួន​សរុប ១១៧,៩៤ ពាន់​លាន​បាត ធ្លាក់ចុះ ៦,១% ពីរ​ខែ​ដំបូង​ឆ្នាំនេះ ដោយ​ការ​នាំចូល​ធ្លាក់ចុះ ៧,៣ ភាគរយ ស្មើនឹង ៥៣,៣៦ ពាន់​លាន​បាត​ដែល​ធ្វើឱ្យ​អតិរេក​ពាណិជ្ជកម្ម​មាន​ចំនួន ៦៤,៥៧ ពាន់​លាន​បាត។

ពាណិជ្ជកម្ម​តាម​ព្រំដែន​របស់​ថៃ​ជាមួយ​ប្រទេសជិតខាង​ចំនួន ៤ មាន​ចំនួន ១២៩,៩៨ ពាន់​លាន​បាត ធ្លាក់ចុះ ៤,៥ ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

ក្នុងនោះ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ម៉ាឡេស៊ី​មាន​ចំនួន​សរុប ៦២,៨០ ពាន់​លាន​បាត បន្ទាប់មក​ពាណិជ្ជកម្ម​ជាមួយ​ឡាវ (៤៣,៧១ ពាន់​លាន​បាត) កម្ពុជា (៣៣,៩០ ពាន់​លាន​បាត) និង​មី​យ៉ាន់​ម៉ា (៣០,៨៨ ពាន់​លាន​បាត)។

នាយកដ្ឋាន​ដឹកជញ្ជូន បានឱ្យដឹងថា ពាណិជ្ជកម្ម​ឆ្លងកាត់​ជាមួយ​សឹង្ហ​បូរី វៀតណាម និង​ចិន​ភាគខាងត្បូង​បាន​ធ្លាក់ចុះ ១៨,៣ ភាគរយ ក្នុង​រយៈពេល ២ ខែ​នេះ ណ​ដែល​សរុប​ទឹកប្រាក់​ចំនួន ៣៣,២៤ ពាន់​លាន​បាត។

ពាណិជ្ជកម្ម​ឆ្លងកាត់​ទៅ​សឺ​ង្ហ​បូរី​មានតម្លៃ​ខ្ពស់បំផុត ១៤,០៨ ពាន់​លាន​បាត​បន្ទាប់មក​ចិន​ខាងត្បូង ១២,២៥ ពាន់​លាន​បាត និង​វៀតណាម ៦,៨៩ ពាន់​លាន​បាត។

លោក Keerati Rushchano អគ្គនាយក​នៃ​នាយកដ្ឋាន បាន​និយាយថា តម្លៃ​នៃ​ការនាំ​ចេញមក​ប្រទេស​កម្ពុជា​មានការ​កើនឡើង ១៥,៣ ភាគរយ ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង បើទោះបី​ជាមាន​វីរុស​ដ៏​សាហាវ​ក៏ដោយ។ ការដឹកជញ្ជូន​កាន់តែ​ខ្ពស់​ត្រូវបាន​ដឹកនាំ​ដោយ​ភេសជ្ជៈ រថយន្ត និង​គ្រឿងបន្លាស់ ណ​និង​សត្វ​ចិញ្ចឹម។

ការនាំចេញ​ទៅកាន់​ប្រទេស​ឡាវ​បាន​កើនឡើង ២,៧ ភាគរយ​ក្នុង​រយៈពេល​នេះ​ជាពិសេស​កុំព្យូទ័រ ភេសជ្ជៈ និង​ប្រេងម៉ាស៊ូត រីឯ​ការនាំ​ចេញទៅ​មី​យ៉ាន់​ម៉ា​កើនឡើង ០,០៦ ភាគរយ នាំមុខ​ដោយ​ប្រេងម៉ាស៊ូត​ភេសជ្ជៈ​គ្មាន​ជាតិ​អាល់កុល​និង​ក្រណាត់៕

តើ​កម្ពុជា​បន្ត​ទាក់ទាញ​ការវិនិយោគ​ច្រើនជាងគេ​នៅក្នុង​តំបន់​អាស៊ាន​ទៀត​ឬ?

ដោយ ហ្សូ​លី

ភ្នំពេញ៖ ក្នុងចំណោម​ប្រទេស​នៅ​តំបន់​អាស៊ាន កម្ពុជា​គឺជា​ប្រទេស​ដែល​បាន​ទាក់ទាញ​ក្រុមហ៊ុន និង​អ្នកវិនិយោគ​ពី​បណ្តារ​ប្រទេស​នានា​ច្រើនជាងគេ សម្រាប់​ឆ្នាំ ២០២០នេះ។

យោងតាម​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា CDC បានឱ្យដឹងថា នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៥៤កន្លែង ប៉ុន្តែ​មិនមែន​សកម្ម​ទាំងអស់​ឡើយ ដោយ​ក្នុងនោះ​មាន​តំបន់​ចំ​នយន ២៣ កន្លែង ដែល​កំពុងមាន​សកម្ម​ភាព​និង​ជា​តំបន់​អភិវឌ្ឍ​បណ្តុំ​ដោយ​លំនៅដ្ឋាន រោងចក្រ​ជិត ៥០០កន្លែង ដែល​បានផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ១៣០,០០០ នាក់។

រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​អនុម័ត​ច្បាប់​ស្តីពី​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅក្នុង​ឆ្នាំ ២០២០នេះ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​អ្នកវិនិយោគ​បរទេស​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែម។

មូល​ហេតុដែល​បណ្តារ​ឱ្យ​កម្ពុជា​រីកមុខ​មាត់​បាន​ដូច​បច្ចុប្បន្ន ដោយសារ​ប្រទេស​កម្ពុ​ជាមាន​សក្តានុពល​ជាច្រើន​ដូចជា ទីផ្សារពលកម្ម ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​និយម​ប្រកបការងារ​ពាក់ព័ន្ធ​នឹង​កសិកម្ម ប៉ុន្តែ​ពួកគេ​បាន​ផ្លាស់ប្តូរ​ការចាប់អារម្មណ៍​ទៅធ្វើ​នៅ​វិស័យ​ផលិតកម្ម និង​សេវាកម្ម។ បច្ចុប្បន្ន​កម្ពុ​ជាមាន​វិស័យធំៗចំនួន ២ គឺ វិស័យ​សំណង់ និង ឧស្សាហកម្ម។ ប្រជាជន ៨៦ ភាគរយ ដេ​ល​កំពុងធ្វើការ​ជា​កម្មករ កម្ម​វិ​នី​រោងចក្រ។

មួយវិញទៀត​នោះ កម្ពុជា​កំពុងស្ថិត​នៅក្នុង​ការចចា​រ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ធំ​ជាច្រើន​ដូចជា ប្រទេស​ចិន កូរ៉េខាងត្បូង និង​សហភាព​សេដ្ឋកិច្ច​អ៉ឺ​រ៉ុ​ប​និង​អាស៊ាន ផងដែរ។

ដោយសារតែ​សារៈសំខាន់​នៃ​វិស័យ​ឧស្សាហកម្ម​ដែលជា​ចំនុច​ស្នូល​សេដ្ឋកិច្ចកម្ពុជា រដ្ឋាភិបាល​បានដាក់​អាទិភាព​ខ្ពស់​ដើម្បី​បំពេញតម្រូវការ​ក្នុង​វិស័យនេះ។ រដ្ឋាភិបាល​បានផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ទៅលើ​តម្លៃ​ទាប ទីតាំង​ភូមិសាស្ត្រ​ល្អ​សម្រាប់​វិនិយោគិន​ដែល​ភាគច្រើន​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​ឱ្យមក​សម្លឹង​ការធ្វើ​ពិពិធ​កម្ម​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា៕

(China Briefing)

សភាពាណិជ្ជកម្ម​កម្ពុជា ៖ ការនាំចេញ​លើ​វិស័យ​ឯកជន​នៅ​កម្ពុជា មិនទាន់​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ Covid-19 នោះទេ

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ បច្ចុប្បន្ននេះ ទោះជា​ស្ថិតនៅក្នុង​ភាព​ប្រឈម​នៃ​ការរីក​រាលដាល​នៃ​ជំងឺឆ្លង Covid-19 ក្ដី ប៉ុន្តែ​សម្រាប់​ពាណិជ្ជកម្ម​លើ​វិស័យ​ឯកជន​នៅ​កម្ពុជា ហាក់​នៅ​មិនទាន់​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៅឡើយ​នោះទេ ខណៈដែល​រាជរដ្ឋាភិបាល​កំពុងតែ​យកចិត្តទុកដាក់ និង​មាន​វិធានការ​ដើម្បី​ការពារ​នឹង​វិបត្តិ​ដែល​អាច​កើតមាន។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា លឹម ហេង បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ថា ស្ថិតនៅក្នុង​បរិបថ​នៃ​ការ​គំរាម​ពី​ជំងឺឆ្លង​ជា​សាកល​ត្រឹម​រយៈពេល​ខ្លី​នេះ សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​លើ​វិស័យ​ឯកជន​នៅ​កម្ពុជា ហាក់​នៅ​មិនទាន់​បង្ហាញ​ពី​សញ្ញា​ដែល​ទទួលរង​នូវ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នោះទេ។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​បញ្ជាក់ថា “យើង​ទទួលស្គាល់ថា ការរីក​រាលដាល​នៃ​ជំងឺ Covid-19 នេះ បាន​ក្លាយជា​វិបត្តិ​សេដ្ឋកិច្ច​ជា​សាកល ដែល​ក្នុងនោះ​ប្រទេស​កម្ពុជា​ក៏​ទទួលរង​នូវ​ឥទ្ធិពល​មួយ​នេះដែរ។ លោក​ឧកញ៉ា​បន្តថា “រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ បាននិងកំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ទៅលើ​បញ្ហា​នេះ រួម​ជាមួយនឹង​ការដាក់ចេញ​នូវ​វិធានការ​នានា​ដើម្បី​អាច​ធានាបាន​នូវ​ការទប់ស្កាត់​ការរីក​រាលដាល​នៅក្នុង​ប្រទេស​កម្ពុជា។

លោក​ឧកញ៉ា លឹម ហេង បាន​មានប្រសាសន៍ថា “ជាការ​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​នេះ រដ្ឋាភិបាល​កម្ពុជា បានសម្រេច​យល់ព្រម​បិទ​ច្រកព្រំដែន​ជាមួយ​បណ្តា​ប្រទេសជិតខាង ដូចជា​ប្រទេស​វៀតណាម និង​ថៃ​ជាដើម ប៉ុន្តែ​សម្រាប់​ការដឹកជញ្ជូន​ទំនិញ​ពាណិជ្ជកម្ម​គឺ​នៅ​រក្សា​ដដែល។ ដូច្នេះ សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​វិស័យ​ឯកជន​នៅ​កម្ពុជា ហាក់​នៅ​មិនទាន់​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នោះទេ ជាពិសេស​ពេលនេះ ទីផ្សារ​នៅ​ប្រទេស​ចិន​ក៏​ចាប់ផ្តើម​មាន​កម្រើក​ឡើង​វិញ​ជាបណ្ដើរៗវិញ​ផងដែរ។

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក​ឧកញ៉ា​ក៏បាន​បង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ​ផងដែរ​ថា ប្រសិនបើ​ការ​រាតត្បាត​នៃ​ជំងឺ Covid-19 ត្រូវបាន​បញ្ចប់​ក្នុង​រយៈពេល​ខ្លី ភាព​ប៉ះពាល់​មាន​ភាព​ប្រឈម​តិចតួច ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​វិបត្តិ​មួយ​នេះ​នៅតែ​បន្ត​ក្នុង​រយៈពេល​វែង វា​ពិត​នឹង​ជះឥទ្ធិពល​អាក្រក់​ជា​សាកល ដែល​ក្នុង​វិស័យ​ពាណិជ្ជ​កម្ពុជា ក៏​ជួប​បញ្ហា​ដោយសារ​ទីផ្សារធំៗ ដូចជា​ទីផ្សារ​នៅ​សហរដ្ឋអាមេរិក និង​ទីផ្សារ​អឺរ៉ុប ផ្អាក​ការបញ្ជាទិញ៕