ចំណេះដឹង! សំនួរ-ចម្លើយ​ក្នុង​វិស័យ​ដីធ្លី?

ចំណេះដឹង! តើសម្បទានដីសង្គមកិច្ច និងភោគៈមានចំណុចខុសគ្នាត្រង់ណាខ្លះ?

ដោយ វុត្ថា

ភ្នំពេញ៖ តើ​ក្នុងករណី​ដែលមាន​ក្បាលដី​មួយចំនួន​ជាប់​បន្ទុក​នៅ​ធនាគារ តើ​ការ​បង្រួម​ក្បាលដី និង​បំបែក​ក្បាលដី អាចធ្វើ​បានដែរ ឬទេ?

ការចុះបញ្ជី​បង្រួម ឬ​បំបែក​ក្បាលដី ដែល​កំពុង​ជាប់​បន្ទុក អាច​ធ្វើបាន​លុះត្រាតែ៖

១) បំពេញបាន​នូវ លក្ខខណ្ឌ​ជា​ក្បាលដី​តែមួយ ដូច​មានចែង​ក្នុង​មាត្រា២២៧ នៃ​ច្បាប់​ភូមិបាល២០០១ (ករណី​បង្រួម​ក្បាលដី)

២) មាន ការយល់ព្រម​ពី​ម្ចាស់​សិទ្ធិ​ប្រាតិភោគ (ធនាគារ​ម្ចាស់បំណុល) ឱ្យ​បង្រួម ឬ​បំបែក​ក្បាលដី កំពុង​ជាប់​បន្ទុក​នោះ

៣) ភាគី​ទាំងអស់​ដែលមាន​ផលប្រយោជន៍​ពាក់ព័ន្ធ ត្រូវ​ព្រមព្រៀងគ្នា​អំពី​លំដាប់​នៃ​ការចុះបញ្ជី ជាអាទិ៍ នៅពេល​ផ្ទេរ ការចុះបញ្ជី​សិទ្ធិ​ប្រាតិភោគ (ផ្ទេរ​បន្ទុក) ពី​ក្បាលដី​ចាស់ ផ្សេងៗគ្នា ទៅ​ប្រមូលផ្តុំ​នៅលើ​ក្បាលដី​ថ្មី​តែមួយ (ករណី បង្រួម​ក្បាលដី) ឬ​ពី​ក្បាលដី​ចាស់​តែមួយ ទៅ​ពង្រាយ​លើ​ក្បាលដី​ថ្មី​ជាច្រើន (ករណី​បំបែក​ក្បាលដី)។

២) ប្រសិន​ជាការ​បង្រួម និង​បំបែក​ក្បាលដី​ក្នុងករណី​ខាងលើ​អាចធ្វើ​ទៅបាន តើ​ត្រូវអនុវត្ត​នីតិវិធី​បែបណា?

ចំពោះ​នីតិវិធី​នៃ​ការចុះបញ្ជី​បង្រួម ឬ​បំបែក​ក្បាលដី ត្រូវអនុវត្ត​ទៅតាម​គោលការណ៍​ណែនាំ​ជា​ធរមាន (ដូច​មាន​ថត​ចម្លងជូន​ភ្ជាប់​មកជា​មួយ) ហើយ​នៅពេល​ចុះបញ្ជី​បង្រួម ឬ​បំបែក​ក្បាលដី​រួច ត្រូវ​ផ្ទេរ​ការចុះបញ្ជី​សិទ្ធិ​ប្រាតិភោគ (ផ្ទេរ​បន្ទុក) ពី​ក្បាលដី​ចាស់​ទៅ​ក្បាលដី​ថ្មី ទៅតាម​ការព្រមព្រៀងរ​បស់​ភាគី​ដែលមាន​ប្រយោជន៍​ពាក់ព័ន្ធ៕

NBC៖ ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនត្រូវរឹបអូសទ្រព្យសម្បត្តិរបស់កូនបំណុលជាដាច់ខាត អំឡុងសេដ្ឋកិច្ចធ្លាក់ចុះ

ដោយ ហ្សូលី

ភ្នំពេញ៖ ធនាគារជាតិកម្ពុជា បានចាត់វិធានការអំពាវនាវដល់បណ្តារធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅទូទាំងប្រទេសកម្ពុជា ចៀសវាងការរឹបអូសទ្រព្យសម្បត្តិបញ្ចាំរបស់កូនបំណុលជាដាច់ខាត ស្របពេលដែលស្ថានការណ៍សេដ្ឋកម្ពុជាកំពុងប្រឈមនឹងហានិភ័យ អំឡុងវិបត្តិជម្ងឺរាតត្បាតកូវីដ១៩។

អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា លោក គិត សុវណ្ណារិទ្ធ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកនៅរសៀលថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២០ នេះថា លោកសូមអំពាវនាវដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ សូមរក្សាភាពទនភ្លន់ដោះស្រាយបំណុល ជាមួយកូនបំណុលតាមការណែនាំ របស់ធនាគារជាតិនៃកម្ពុជា និងជៀសវាងដាច់ខាត ក្នុងការរឹបអូសទ្រព្យបញ្ចាំដូចជា ផ្ទះសំបែងរបស់អតិថិជន ក្នុងកំឡុងពេលពួកគាត់កំពុងទទួលរងផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺកូវីដ១៩នេះ។

លោកបានមានប្រសាសន៍បន្តថា ធនាគារជាតិនៃកម្ពុជា ក៏បានបង្កើតប្រព័ន្ធទូរស័ព្ទ HOTLINE ដើម្បីទទួលព័ត៌មានអំពីផលវិបាករបស់ប្រជាពលរដ្ឋដែលជាអតិថិជនបានកំពុងជួបប្រទះ ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ។

ធនាគារជាតិនៃកម្ពុជា បានដាក់ដំណើរការលេខទូរស័ព្ទទំនាក់ទំនងប្រចាំទីស្នាក់ការកណ្ដាល និងតាមបណ្ដាសាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត ដើម្បីទទួលការហៅទូរស័ព្ទពីសាធារណជន ដែលមានចម្ងល់ ឬបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់ សេវាហិរញ្ញវត្ថុនៅកម្ពុជា។ ដូច្នេះសាធារណជនអាចទូរស័ព្ទ មកកាន់លេខនីមួយៗ ដែលមានដាក់នៅខាងក្រោមបានជារៀងរាល់ថ្ងៃចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច៕

សម្តេចតេជោសម្រេចកាត់បៀវត្ស ៧ខែ ជួយដល់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសកាត់បៀវត្សរបស់សម្តេចក្នុងរយៈពេល ៧ ទៅឱ្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងកូវីដ ១៩ ខណៈដែលសម្តេចពិនិត្យឃើញថា ស្ថានភាពនៃជំងឺកូវីដ ១៩ មិនទាន់ថមថយ។

សម្តេចតេជោ បានសរសេរនៅក្នុងលិខិតមួយច្បាប់ផ្ញើរជូនលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា ដោយសារស្ថានភាពនៃការវិវត្តន៍របស់ជំងឺកូវីដ ១៩ នៅក្នុងកម្ពុជា នៅតែមិនទាន់បង្ហាញសញ្ញា នៃការថមថយ ណាមួយនោះ សម្តេចតេជោ ស្ម័គ្រចិត្តកាត់បៀវត្សជានាយកដ្ឋមន្ត្រី រយៈពេល ៧ ខែ ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ ២០២០។

សម្តេចតេជោ បានប្រាប់ទៅ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាត់ចែងប្រាក់បៀវត្សរបស់សម្តេចបញ្ចូលទៅក្នុងគណៈរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ តាមការគួរ៕

អតិថិជនកាន់តែមានទំនុចិត្តទៅលើគុណភាពចំណីអាហារ និងបណ្តាផលិតផលនៅក្នុងផ្សារទំនើប FURI Times Square

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ ជាមួយនឹងភាពរលូននៃដំណើរការផ្សារទំនើបលើកដំបូងប្រចាំនៅក្នុងក្រុងព្រះសីហនុ FURI Tomes Square បច្ចុប្បន្ននេះបានផ្តល់ទំនុកចិត្តកាន់តែខ្ពស់ចំពោះអតិថិជនរបស់ខ្លួន តាមរយៈគុណភាព និងប្រសិទ្ធភាពផលិតផលនានា ក៏ដូចជាចំណីអាហារប្រកបរសជាតិ និងដោយអនាម័យបន្ថែមពីលើសោភ័ណភាពដ៏ទាក់ទាញនៃផ្សារទំនើបទាំងមូល។

តាមរយៈបុគ្គលិកផ្នែកទីផ្សារជាន់ខ្ពស់ប្រចាំនៅក្នុងផ្សារទំនើប FURI Times Squareក្រុងព្រះសីហុន កញ្ញា ប៉ែន ម៉ារ៉ា បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ មានអតិថិជាច្រើនបានបង្ហាញពការជឿ និងទុកចិត្តទៅលើបណ្តាផលិតផលរបស់ក្រុមហ៊ុននានាដែលកំពុងមានដាក់លក់នៅក្នុងផ្សារទំនើប ជាពិសេស ផ្នែកចំណីអាហារដែលប្រកបទៅដោយគុណភាព រសជាតិ និងអនាម័យខ្ពស់។

កញ្ញា ប៉ែន ម៉ារ៉ា បានបញ្ជាក់ថា “អតិថិជនដែលមកផ្សារទំនើប FURI Times Square គឺមានចំរុះជាតិសាសន៍ ប៉ុន្តែក្នុងនោះអតិថិជនជាជនជាតិខ្មែរមានចំនួនច្រើនជាងគេ ដែលពួកគាត់មកស្វែងរកទិញសម្ភារៈ និងផលិតផលប្រើប្រាស់ច្រើនជាងការមកកម្សាន្ត”។ កញ្ញាបានបន្តទៀតថា “មួយរយៈចុងក្រោយនេះ ជាពិសេសក្រោយពេលដែលមានហេតុការណ៍ជំងឺ Covid-19 នៅក្នុងក្រុងព្រះសីហនុ បានធ្វើឱ្យពួកគាត់មានការប្រុងប្រយ័ត្នខ្ពស់ទៅលើសុខសុវត្ថិភាព ដែលក្នុងនោះ ផ្សារទំនើប FURI Times Square គឺជាជម្រើសរបស់ពួកគាត់ ដោយសារពួកគាត់មានជំនឿជឿទុកចិត្តទៅលើការរក្សាបាននូវអនាម័យខ្ពស់ ទាំងបរិយាកាសល្អនៅក្នុងផ្សារទាំងមូល”។

ដូចទៅនឹងការអះអាងរបស់កញ្ញា ប៉ែន ម៉ារ៉ា ជារៀងរាល់ថ្ងៃមានអតិថិជនជាច្រើនចេញចូលជាប់ឥតដាច់ ជាពិសេសនៅថ្ងៃចុងសប្ដាហ៍ ដែលមានទាំងអតិថិជនជាលក្ខណៈគ្រួសារដែលក្រៅពីទិញសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ រួមនឹងផលិតផលផ្សេងៗ ក៏មានការទទួលទានអាហាររួមគ្នាប្រកបទៅដោយភាពរីករាយផងដែរ។

ផ្សារទំនើប FURI Times Square មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលទើបតែចាប់បើកដំណើរការសាកល្បង កាលពីអំឡុងចុងឆ្នាំ២០១៩ កន្លងទៅនេះ ទទួលបាននូវការគាំទ្រពីសំណាក់អតិថិជនជាតិ និងអន្តរជាតិ គួរជាទីមោទន។

ផ្សារទំនើប FURI Times Square បាននាំមកជូនអតិថិជននូវបណ្តាផលិតផល មុខទំនិញចំរុះ យ៉ាងសម្បូរបែប ដែលសុទ្ធតែជាម៉ាកយីហោល្បីៗលំដាប់សាកលលោក ដូចជា ក្រុមហ៊ុន KFC , ក្រុមហ៊ុន Starbucks , ក្រុមហ៊ុន Amazone Café ,ក្រុមហ៊ុន KOI , ក្រុមហ៊ុន Dakasi Tea , ហាងអាហារមកពីប្រទេសសាំងហ្គាពួរ ក្រុមហ៊ុនលក់សម្លៀកបំពាក់ LEVI’s , ក្រុមហ៊ុន NIKE ក្រុមហ៊ុន Samsonite , ក្រុមហ៊ុននាឡិកាដ៏ល្បីឈ្មោះ G-Shock ក្រុមហ៊ុនលក់រថយន្ត HGB Group រួមជាមួយក្រុមហ៊ុនល្បីៗជាច្រើនទៀត ដោយរាប់បញ្ចូលទាំងគ្រឿងសំអាងផងដែរ ៕

ក្រសួងពាណិជ្ជកម្មទម្លាក់តម្លៃប្រេងឥន្ធនៈនៅទូទាំងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ

ដោយ ហ្សូលី

ភ្នំពេញ៖ ប្រេងឥន្ធនៈនៅគ្រប់ស្ថានីយ៍ទាំងអស់នៅក្នុងប្រទេសកម្ពុជា និងត្រូវទម្លាក់តម្លៃដើម្បីលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ដែលកំពុងប្រឈមនឹងហានិភ័យដោយសារមេរោគរាតត្បាតកូវីដ ១៩។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មចេញផ្សាយនៅថ្ងៃទី ០១ មេសា ឆ្នាំ ២០២០នេះ។

ការទម្លាក់តម្លៃប្រេងឥន្ទនៈនេះគឺដើម្បីជួយសម្រួលដល់ជីវភាពរស់របស់ប្រជាពលរដ្ឋកម្ពុជា និងជួយស្តារសេដ្ឋកិច្ចប្រទេសជាតិទាំងមូលផងដែរ។ នេះជាការអនុវត្តជាបន្ទាន់ក្រោមការបញ្ជារបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតម្រូវឱ្យបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅទូទាំងប្រទេសកម្ពុជា។

គោលបំណងនៃការទម្លាក់តម្លៃនេះទៀតសោត គឺដើម្បីធានាបាននៅនិរន្តភាពជូនដល់អ្នកប្រើប្រាស់ និងតម្រូវការរបស់ប្រជាជនកម្ពុជា ក្នុងស្ថានភាពដែលប្រទេសទាំងមូល រួមទាំងសកលលោកកំពុងទទួលរងនូវវិបត្តិជម្ងឺឆ្លងកូវីដ ១៩។

រដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការទប់ទល់ហានិភ័យសេដ្ឋកិច្ច និងប្រយុទ្ធប្រឆាំងជម្ងឺ ដោយមានការរឹតបន្តឹងច្រកព្រំដែននៅតាមប្រទេសជិតខាង និងប្រទេសមួយចំនួនទៀតដែលមានករណីឆ្លងច្រើន។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលបានត្រៀមថវិកាប្រមាណចន្លោះពី ៨០០លាន ដល់ ២ពាន់លានដុល្លារ ដើម្បីរក្សាលំនឹងសេដ្ឋកិច្ច។ ក្រៅពីនេះសម្តេចក៏បានចាត់វិធានការឱ្យអគ្គិសនីកម្ពុជានិងរដ្ឋាករទឹកត្រូវផ្តល់ការយោគយល់ឱ្យកម្មករកម្មការិនីរោងចក្រដែលព្យួរការងារជំពាក់សិនផងដែរ។

បច្ចុប្បន្នកំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ ២០២០ បានធ្លាក់ក្នុងរង្វង់ត្រឹម ២.៥ ភាគរយ តែប៉ុណ្ណោះ ខណៈធនាគារពិភពលោកបានវិភាគថា ក្នុងឆ្នាំ ២០២១ ខាងមុខ កំណើនសេដ្ឋកិច្ចកម្ពុជានឹងអាចសម្រេចបានត្រឹម ៥.៩% ៕

ធនាគារកណ្តាលចិនបានទម្លាក់អត្រាការប្រាក់ទាបបំផុត ដើម្បីស្តារសេដ្ឋកិច្ចខ្លួន

ដោយ ប៊ី

ប៉េកាំង៖ ធនាគារកណ្តាលចិន បានបន្ទាបអត្រាការប្រាក់លើប្រាក់កម្ចីដល់ធនាគារកាលពីដើមសប្តាហ៍នេះ ដែលជាអត្រាការប្រាក់ទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំ និងបញ្ចូលទឹកប្រាក់ ៥០ ពាន់លានយ័ន (៧ ពាន់លានដុល្លារអាមេរិក) ទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុដើម្បីជួយស្តារសេដ្ឋកិច្ចខ្លួនដែលកំពុងរងគ្រោះដោយជំងឺ COVID-19។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

ធនាគារប្រជាជនចិន (PBoC) បានឱ្យដឹងថា ខ្លួនបានចាប់ផ្តើមប្រតិបត្តិការទិញមូលធនត្រឡប់វិញ ៥០ ពាន់លានយ័នកាលពីថ្ងៃ ចន្ទនេះ និងបានទម្លាក់អត្រាការទិញត្រឡប់វិញរយៈពេល ៧ ថ្ងៃពី ២,៤០ ភាគរយដល់ ២,២០ ភាគរយ។

លោក Julian Evans-Pritchard សេដ្ឋវិទូជាន់ខ្ពស់ប្រចាំប្រទេសចិននៃក្រុមហ៊ុន Capital Economics បានថ្លែងថា វាជាការកាត់បន្ថយធំបំផុតចាប់តាំងពីឆ្នាំ ២០១៥ ហើយធ្វើឱ្យអត្រាការប្រាក់ត្រឡប់វិញរយៈពេល ៧ ថ្ងៃដល់កម្រិតទាបបំផុត។

លោកបាននិយាយថា ៖«តាមរយៈការផ្តល់មូលនិធិក្នុងអត្រាទាបមួយ ធនាគារ PBoC នឹងអាចរក្សាអត្រាការប្រាក់អន្តរធនាគារនៅកម្រិតទាប បើទោះបីជាសាច់ប្រាក់ងាយពីការកាត់បន្ថយ RRR (សមាមាត្រតម្រូវការបម្រុង) ត្រូវបានស្រូបយកដោយប្រព័ន្ធធនាគារ។ ។

ភ្នាក់ងារបង្កជំងឺដ៏សាហាវនេះបានសម្លាប់មនុស្សជិត ៤០ ០០០ នាក់នៅទូទាំងពិភពលោក ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើអាជីវកម្ម និងអ្នកប្រើប្រាស់ ហើយការរីករាលដាលទូទាំងពិភពលោកបាត់បង់ក្តីសង្ឃឹមនៃការងើបឡើងវិញយ៉ាងឆាប់រហ័សនៅក្នុងប្រទេសចិនដែលពឹងផ្អែកលើការនាំចេញ៕

ប្លង់គំរូសំណង់ផ្សារទំនើប AEON3 ពិតប្រាកដត្រូវបានបង្ហាញរូបរាង

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ខុសពីបណ្តារូបភាពមួយចំនួនដែលបានចែករំលែកបន្តគ្នាថាជាគំរូនៃសំណង់អគារផ្សារទំនើប AEON3 នៅតាមបណ្តោយមហាវិថីសម្ដេចតេជោ៦០ម៉ែត្រនោះ ពេលនេះត្រូវបានប្រភពអះអាងថា មិនមែនជារូបគំរូពិតនោះទេ ខណៈដែលប្លង់សំណង់ជាផ្លូវការណ៍ត្រូវបានបង្ហាញនៅពេលនេះ។

រូបគំរូនៃប្លងសំណង់ផ្សារទំនើប AEON3 ដែលគ្រោងនឹងធ្វើការបុកគ្រឹះសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ ត្រូវបានប្រភពគួរឱ្យទុកចិត្តបង្ហើបប្រាប់ថា មានទំហំធំទូលាយ ជាមួយការរចនាប្លង់ហេដ្ឋារចនាសម្ព័ន្ធដែលមានលក្ខណៈល្អប្លែកពីសំណង់អគារផ្សារទំនើបAEON1 និង AEON2 និងមានផ្លូវធំ៦០ម៉ែត្រ ផ្លូវ៥០ម៉ែត្រនៅព័ទ្ធជុំវិញ។

ដោយឡែកសម្រាប់ទីធ្លាសម្រាប់ចំណតយានយន្តត្រូវបានរៀបចំ និងរចនាយ៉ាងទូលាយ ហ៊ុព័ទ្ធជុំវិញនៃតួអគារ មានច្រកចេញ-ចូល ច្រើន ដែលកាន់បង្កភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ ព្រមគ្នាជាមួយនឹងការបង្កើតតំបន់បៃតងនៅគ្រប់ផ្លូវធំទាំងអស់។

តាមការបង្ហើបប្រាប់ឱ្យដឹងពីប្រភពខាងលើនេះបានបញ្ជាក់ថា នៅក្នុងគម្រោងសាងសង់ផ្សារទំនើប AEON3 អាចនឹងចាប់ផ្ដើមបុកគ្រឹះនៅត្រឹមពាក់កណ្តាលឆ្នាំ២០២០នេះ ប៉ុន្តែចៃដន្យដោយសារតែកើតមាននូវព្រឹត្តិការណ៍វិបត្តិជំងឺឆ្លង Covid-19 បានធ្វើឱ្យគម្រោងនៃការបុគគ្រឹះសាងសង់ពន្យាពេលទៅចុងឆ្នាំ ឬអាចដើមឆ្នាំ២០២១ ខណៈដែលសម្ភារៈសាងសង់មួយចំនួនធំត្រូវបានដឹកជញ្ជូនមកកាន់កម្ពុជារួចរាល់។

គម្រោងសាងសង់ផ្សារទំនើបដ៏ធំ AEON3 នឹងត្រូវបានធ្វើឡើងនៅលើផ្ទៃដីទំហំជាង១៧ហិកតា ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្បែរស្ពានថ្ម ជិតគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបទំនើប និងប្រណីតភាពរបស់បុរីប៉េងហួត ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីនៃរាជធានីភ្នំពេញ ដោយមានផ្ទៃក្រឡាសរុបរហូតដល់ទៅ ១៧៤,០០០ ម៉ែត្រការ៉េ ដែលធំជាងផលបូកផ្ទៃក្រឡាផ្សារទំនើប AEON 1 (៦៨០០០ ម៉ែត្រការ៉េ) និងផ្សារទំនើប AEON 2 ខណ្ឌសែនសុខ (១០០០០០ ម៉ែត្រការ៉េ)។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា ធ្លាប់បានមានប្រសាសន៍តាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា “ទីតាំងរបស់ AEON3 គឺស្ថិតនៅតំបន់ដែលមានសក្ដានុពល ជាតំបន់កំពុងមានការអភិវឌ្ឍខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេស ប្រមូលផ្តុំទៅលំនៅដ្ឋានជាច្រើនក្នុងពេលដ៏ខ្លីខាងមុខនេះ ខណៈពេលដែលបច្ចុប្បន្ននេះមានគម្រោងអភិវឌ្ឍន៍ជាច្រើនកំពុងតែមមាញឹកដើម្បីបញ្ចប់គម្រោង”។

ជាមួយនឹងវត្តរបស់ផ្សារទំនើប AEON3 លោកស្រីបានបង្ហាញពីភាពជឿជាក់ថា នឹងមានភាពល្អប្រសើរច្រើនជាងបញ្ហាប្រឈម ដោយសារតែផ្សារទំនើប AEON បានផ្តោតសំខាន់ទៅលើអតិថិជនកម្រិតមធ្យម ដែអាចប្រមូលចំណែកទីផ្សារមកពីតំបន់ជិតខាងបន្ថែមទៀត ដែលខុសប្លែកពីមជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបមួយចំនួនទៀតដែលនឹងបង្ហាញខ្លួនជិតគ្នាបានជ្រើសរើសអតិថិជនកម្រិតខ្ពស់ ឬកម្រិតអភិជន។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal បានមានប្រសាសន៍ថា “ការមកដល់នៃក្រុមហ៊ុនលំដាប់អន្តរជាតិល្បីៗ ជាពិសេសក្រុមហ៊ុនជប៉ុន ដែលបានមកវិនិយោគនៅកម្ពុជា បានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ”។ លោកឧកញ៉ាបានបន្តទៀតថា “អ្នកវិនិយោគជប៉ុនមិនងាយចូលទៅវិនិយោគ នៅប្រទេសណានោះទេ ហេតុនេះនៅពេលពួកគេទៅវិនិយោគមានន័យថា ប្រទេសនោះមានបរិយាកាសនយោបាយល្អ និងស្ថានភាពនៃការវិនិយោគមានភាពប្រសើរ ដែលអាចផ្តល់ភាពកក់ក្តៅដល់ពួកគេ”៕

ចិនផ្តល់សម្ភារៈ និងឧបករណ៍ពេទ្យប្រឆាំងវីរុស COVID- 19 ជាង២តោនដល់កម្ពុជា

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលចិនតាមរយៈកងទ័ពរំដោះប្រជាជនចិន បានដឹកសម្ភារៈ និងឧបករណ៍ពេទ្យប្រឆាំងវីរុស COVID- 19 ជាង២តោនតាមយន្តហោះពិសេសជូនដល់ក្រសួងការពារជាតិកម្ពុជានៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នៅច្រកអន្តរជាតិពោធិ៍ចិនតុង (VIP) ។

កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យជំនាញចិន៧នាក់ បានចាកចេញពីប្រទេសចិន តាមជើងយន្តហោះពិសេស មកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមចែករំលែកបទពិសោធន៍ ពាក់ព័ន្ធនឹងការព្យាបាលជំងឺកូវីដ១៩ ដល់ក្រុមគ្រូពេទ្យកម្ពុជា។

ក្រុមគ្រូពេទ្យចិនដែលមកកម្ពុជានេះ មិនមែនមកតែមនុស្សនោះទេ ពួកគេព្រមទាំងបាននាំមកនូវសម្ភារៈបរិក្ខារពេទ្យមកជាមួយផងដែរ ហើយអ្វីដែលពិសេសជាងនេះទៅទៀត គឺនៅគ្រប់សម្ភារៈបរិក្ខារពេទ្យចិនទាំងអស់ បានបំពាក់ដោយទង់ជាតិកម្ពុជា-ចិន ជាមួយនឹងពាក្យស្លោកថា ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងគ្រាលំបាក។

ដោយឡែកនៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០កន្លងទៅគ្រូពេទ្យឯកទេសយោធាចិនចំនួន៤នាក់ បានមកដល់កម្ពុជា ដើម្បីជួយបង្រៀនដល់ក្រុមពេទ្យយោធានៃកងយោធពលខេមរភូមិន្ទនៅតាមបណ្តាកងឯកភាព របស់ខ.ភ.មថែមទៀត៕

រដ្ឋបាលរាជធានីភ្នំពេញចាប់ផ្តើមស្ថាបនាសួនច្បារថ្មីមួយទៀតនៅតាមបណ្តោយវិថីភ្នំពេញ-ហាណូយ

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានចាប់ផ្តើមរៀបចំស្ថាបនាសួនច្បារថ្មីមួយទៀតដែលស្ថិតនៅតាមបណ្តោយ ផ្លូវលេខ ១០១៩ (វិថីភ្នំពេញ-ហាណូយ) ខាងមុខវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ ក្នុងសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  នៅក្នុងឪកាសដឹកនាំក្រុមការងារចុះពិនិត្យទីតាំង គម្រោងកាលពី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ ឱ្យដឹងថា សួនច្បារថ្មីមួយនេះ មានបណ្តោយប្រវែង ៥៥០ម៉ែត្រ ទទឹង ១៦ម៉ែត្រ ដោយរៀបចំឱ្យមាន ជាទីធ្លាលំហែកម្សាន្ត កន្លែងហាត់ប្រាណ ឧបករណ៍ក្មេងលេង ដាំដើមឈើ ដាំស្មៅ បង្គន់សាធារណៈ ចំណតរថយន្ត ម៉ូតូ និងបង្គោល បំភ្លឺសួនច្បារផងដែរ ដើម្បីងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋបានមក លំហែកម្សាន្ត និងបានហាត់ប្រាណនៅទីនេះ។

លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ឱ្យដឹងហើយថា សួនច្បារថ្មីនេះ បានចាប់ផ្ដើម អនុវត្តន៍ការដ្ឋានកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ហើយជាគម្រោងសួនច្បារនេះ គ្រោងនឹងស្ថាបនា ឱ្យបានរួចរាល់ក្នុងរយៈពេល ៤ទៅ៥ខែទៀត។

លោក សំ សាមុត បានបញ្ជាក់ថា ការស្ថាបនាសួនច្បារថ្មីនេះ ប្រើប្រាស់ ពេលមិនយូរប៉ុន្មានទេ។ ប៉ុន្តែអ្វីដែលយូរនោះ គឺការស្ថាបនាបង្គន់អនាម័យ សាធារណៈនៅ លើសួនច្បារនេះតែម្តង។  

លោកបន្តថា សួនច្បារនេះ មិនត្រឹមតែជាកន្លែងទាក់ទាញនូវ ភ្ញៀវជាតិអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងមួយសម្រាប់ប្រជាពលរដ្ឋបាន ហាត់ប្រាណផងដែរ ព្រោះថា ការហាត់ប្រាណជាឱសថព្យាបាលជំងឺគ្រប់ប្រភេទដ៏ស័ក្តិសិទ្ធ សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅ៕

រយៈពេល៣ខែដើមឆ្នាំ២០២០ កម្ពុជាទទួលបានចំណូលជិត ១៨លានដុល្លារ ពីទេសចរចូលទស្សនាតំបន់អង្គរ

ដោយ ៖ រ៉ាណេត 

សៀមរាប ៖ ទឹកប្រាក់ជិត ១៨លានដុល្លារ ត្រូវបានចាក់បញ្ចូលជាចំណូលមកកម្ពុជាត្រឹមតែតាមរយៈការលក់សំបុត្រឱ្យទេសចរចូលទស្សនាកម្សាន្តនៅតំបន់អង្គរក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២០។ 

តាមរយៈគ្រឹះស្ថានអង្គរបានឱ្យដឹងថា នៅរយៈពេល៣ខែ ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០២០ ភ្ញៀវបរទេសចំនួន ៣៨៣៦៦៣នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះ៥១,៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។

ចំណែកឯប្រាក់ចំណូលវិញ រយៈពេល៣ខែឆ្នាំនេះ ទទួលបានចំនួន១៧,៩១៩,៩៣១ដុល្លារ ធ្លាក់ចុះ៥០.១៦ភាគរយ។

សម្រាប់ប្រាក់ចំណូលជិត១៨លានដុល្លារនេះ ត្រូវដកចំនួនជាង៧៦ម៉ឺនដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភដល់មូលនិធីគន្ធបុប្ផាកម្ពុជា ដើម្បីជួយសម្រួលដល់ដំណើរការព្យាបាលកុមារ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំងក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។

សូមជម្រាបថា ដើម្បីអនុវត្តវិធានការ សម្រួលផលប៉ះពាល់មកលើវិស័យទេសចរណ៍ នៅខេត្តសៀមរាប រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ថែមចំនួនថ្ងៃ ជូនភ្ញៀវទេសចរបរទេស ដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។

រាជរដ្ឋាភិបាលបានសម្រេចពន្យាររយៈពេលចូលទស្សនាតំបន់អង្គរ សម្រាប់ភ្ញៀវទេសចរបរទេស តាមប្រភេទសំបុត្រដូចខាងក្រោម៖

១៖ សំបុត្រសម្រាប់រយៈពេល១ថ្ងៃ អាចចូលទស្សនាបានរយៈពេល២ថ្ងៃ

២៖ សំបុត្រសម្រាប់រយៈពេល៣ថ្ងៃ អាចចូលទស្សនាបានរយៈពេល៥ថ្ងៃ

៣៖ សំបុត្រសម្រាប់រយៈពេល៧ថ្ងៃ អាចចូលទស្សនាបានរយៈពេល១០ថ្ងៃ

ការអនុវត្តន៍បន្ថែមចំនួនថ្ងៃជូនភ្ញៀវទេសចរនេះ មានរយៈពេល៤ខែចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០តទៅ។

សូមជម្រាបថា ប័ណ្ណចូលទស្សនាតំបន់អង្គរមាន៣ប្រភេទ៖ ប័ណ្ណចូលទស្សនា១ថ្ងៃ តម្លៃ៣៧ដុល្លារ, បណ័្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ៦២ដុល្លារ និងបណ័្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ៧២ដុល្លារ៕