ចិនផ្តល់ថ្នាំនិងឧបករណ៍សម្រាប់បាញ់សម្លាប់មេរោគនៅលើយន្តហោះដល់កម្ពុជា ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺ COVID 19

ដោយវុត្ថា

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជាបានសម្រេចផ្តល់ថ្នាំបាញ់ ២០ធុងនិងឧបករណ៍៤០គ្រឿង សម្រាប់បាញ់សម្លាប់មេរោគលើយន្តហោះ ដល់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលដើម្បីសម្រាប់បាញ់ទប់ស្កាត់ និងការពារ ការរាលដាលនៃជំងឺផ្លូវដង្ហើម COVID 19 លើវិស័យអាកាសចរស៊ីវិល។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅក្នុងពិធីប្រគល់-ទទួលនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា ការផ្តល់សម្ភារៈនេះ ជាការឆ្លើយតបតាមការសន្យា របស់ ស្ថានទូតចិន ក្នុងការ ផ្តល់ នូវឧបរណ៏ សម្ភារៈ និង ថ្នាំសម្លាប់មេរោគ កាលពីថ្ងៃទី ១១ ខែមិនា ឆ្នាំ២០២០ កន្លងទៅ។

លោកបន្តថា ថ្នាំបាញ់ ២០ធុងនិងឧបករណ៍៤០គ្រឿងនេះ មានសារៈសំខាន់ណាស់ សម្រាប់បាញ់លើយន្តហោះពិសេស ( VVIP Flight) ជាព្រះទីនាំងនៃ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំកំពូលៗនៃរាជរដ្ឋាភិបាលកម្ពុជា និងសម្រាប់បាញ់លើក្រុមហ៊ុនអាកាសចរណ៍កម្ពុជាដែលត្រូវការចាំបាច់។

លោកបន្ថែមថា ការផ្តល់នូវឧបរណ៍ សម្ភារៈ និង ថ្នាំសម្លាប់មេរោគខាងលើ នេះ ស្របពេលដែលរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កំពុងត្រូវការជាចាំបាច់ ហើយនេះជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ក្រោមពាក្យស្លោក «មិត្តភាពដែកថែប៖ កម្ពុជា-ចិន»ដើម្បីទប់ស្កាត់ និងការពារ ការរាលដាលមេរោគ កូវិត ១៩ (COVID 19) ។

លោកបន្ថែមថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កំពុងអនុវត្តនូវវិធានការ វាស់កំដៅយ៉ាងតឹរឹងគ្រប់មន្ត្រីថ្នាក់ដឹកនាំ និងភ្ញៀវជាតិ អន្តរជាតិ ទាំងអស់ពេលចូលធ្វើការ និងមកដល់ក៏បានបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណ អាគារធ្វើការ និងគ្រប់នាយកដ្ឋាន ព្រមទាំងការិយាល័យធ្វើការទាំងអស់ ក្នុងគោលបំណង ទប់ស្កាត់ និងការពារ ការរាលដាលមេរោគ កូវិត ១៩ (COVID 19)ដែលជាសត្រូវមើលមិនឃើញ ៕

រដ្ឋាភិបាលដាក់ចេញវិធានការបន្ថែមជួយដល់វិស័យឯកជន និងកម្មករ-និយោជិតដែលរងផលប៉ះពាល់ជំងឺកូវីដ ១៩

ដោយវុត្ថា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញនូវវិធានការបន្ថែមសំដៅជួយដល់វិស័យឯកជន និងកម្មក-និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19)។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បានឱ្យដឹងថាការរីករាលដាលនៃជំងឺ Covid-19 នៅក្នុងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី និងលើសកលលោក បានធ្វើឱ្យរដ្ឋាភិបាលនៃបណ្តាប្រទេសរងគ្រោះ រួមទាំងកម្ពុជាផង ។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថា បណ្តាប្រទេសទាំងនោះបានចាប់ផ្តើមអនុវត្តនូវវិធានការចាំបាច់នានាររៀងៗខ្លួន រួមមានការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ការបិទផ្សារលក់ទំនិញ ការហាមឃាត់មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរ ។ល។ ដែលទាំងនេះ គឺជាមូលហេតុធ្វើឱ្យសេចក្តីត្រូវការលើទំនិញប្រើប្រាស់ប្រចាំថ្ងៃ ដូចជាសម្លៀកបំពាក់ ស្បែកជើង ក៏ដូចជាទំនិញផ្សេងៗទៀត មានការធ្លាក់ចុះយ៉ាងខ្លាំង។ទន្ទឹមនេះ វិស័យទេសចរណ៍ ដែលមានរួមសណ្ឋាគារ ភោជណីយដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ក៏បន្តទទួលរងនូវផលប៉ះពាល់កាន់តែខ្លាំងថែមទៀតផងដែរ។

បើទោះបីមានការវាយតម្លៃជារួមថា សេដ្ឋកិច្ចកម្ពុជានៅមានភាពរឹងមាំ និងក្នុងខណៈដែលរាល់វិធានការទាំងឡាយ ដែលត្រូវបានដាក់ចេញមក នៅជុំទី១ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ព្រមទាំងវិធានការពាក់ព័ន្ធជាបន្តបន្ទាប់ នឹងនៅតែអនវុត្តជាធម្មតា, រាជរដ្ឋាភិបាលបានសម្រេចចិត្តដាក់ ចេញនូវវិធានការបន្ថែមជាជុំទី២ មួយទៀត សំដៅជួយដល់វិស័យឯកជន ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ឲ្យអាចបន្តរស់រានបាន ក្នុងពេលដ៏លំបាកនេះ ក៏ដូចជាជួយដល់កម្មករ និយោជិត នៅក្នុងវិស័យពាក់ព័ន្ធ។

វិធានការថ្មីនេះ ត្រូវបានជួយដល់វិស័យដូចជា វិស័យអាកាសចរណ៍ វិស័យទេសចរណ៍ វិស័យឯកជនជាច្រើនពាក់ព័ន្ធការជួយអគារ ទីតាំងអាជីវកម្ម និងរោងចក្រជាដើម។វិធានការទាំងនោះរួមមាន៖

ទី១) វិស័យអាកាសចរណ៍

 លើកលែងការបង់ពន្ធអប្បបរមា (Minimum tax) សម្រាប់រយៈពេល៣ខែ ចាប់ពីខែមីនា រហូត ដល់ខែឧសភា ឆ្នាំ២០២០ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍របស់កម្ពុជា

 ពន្យារការបង់ប្រាក់ជំពាក់កម្រៃ អាកាសចរស៊ីវិលសម្រាប់រយៈពេល៦ខែ ជាមួយនឹងការអនុញ្ញាត ឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ រៀបចំបង់ប្រាក់ជំពាក់នោះ ជាដំណាក់កាល ក្រោយពីរយៈពេលពន្យារនេះ។

ទី២) វិស័យទេសចរណ៍

 ពង្រីកវិសាលភាពបន្ថែម លើវិធានការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះ បញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល៣ខែ ដោយគិតចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២០។ អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ច ដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធ អនឡាញសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (EVAT) ជារៀងរាល់ខែក្នុងអំឡុងពេលនៃ ការលើកលែងនេះ។

 កំណត់ឲ្យអ្នកជាប់ពន្ធ ដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០១៩ យ៉ាងយឺតបំផុតឲ្យបានមុនដំណាច់ខែមិនា ឆ្នាំ២០២០, ប៉ុន្តែប្រាក់ពន្ធត្រូវបានអនុញ្ញាតឲ្យបង់ រំលាស់ជារៀងរាល់ខែ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២០

 ពង្រីកវិសាលភាព នៃយន្តការនៃការចូលរួមចំណែកឧបត្ថម្ភ២០% នៃប្រាក់ខែអប្បបរមា (២០% នៃ១៩០ ដុល្លារ) ពីរាជរដ្ឋាភិបាលដល់កម្មករ និយោជិត ដែលរងផលប៉ះពាល់ពីការព្យួរ ឬផ្អាកដំណើរការអាជីវកម្មរបស់សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ។ ការផ្តល់ប្រាក់ឧបត្ថម្ភ២០% នៃប្រាក់ខែអប្បបរមានេះ តម្រូវឲ្យភ្ជាប់ជាមួយនូវលក្ខខណ្ឌ នៃការចូលរួមវគ្គបណ្ដុះបណ្ដាល រយៈពេលខ្លីៗ រវាងពី១ ទៅ២សប្តាហ៍ ដែលរៀបចំដោយក្រសួងទេសចរណ៍។

ការបើកប្រាក់ឧបត្ថម្ភនេះ ទាមទារនូវការរៀបចំយន្តការផ្ទៀងផ្ទាត់ និងជ្រើសរើសសិក្ខាកាម ចូលរួមជាកម្មករ និយោជិត តាមរយៈការពិនិត្យលើបញ្ជីរាយនាមកម្មករ-និយោជិតពី សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដោយមានឈ្មោះភ្ជាប់ជាមួយលេខបណ្ណ ប.ស.ស ឬការបញ្ជាក់ពីម្ចាស់អាជីវកម្មទេសចរណ៍។

 មិនចាំបាច់បង់ប្រាក់វិភាគទានធានារ៉ាប់រង របបហានិភ័យការងារ និងថែទាំសុខភាព (បសស) ក្នុងអំឡុងពេលព្យួរ ឬ ផ្អាកដំណើរការអាជីវកម្ម។

ទី៣) ដោយវិស័យឯកជនជាច្រើន មានកង្វល់ពីការធានាប្រក្រតីភាព នៃការជួលអគារ-ទីតាំងអាជីវកម្ម និងរោងចក្រនានា ក្នុងដំណាក់កាលលំបាកនេះ រាជរដ្ឋាភិបាលសូមណែនាំដល់ក្រសួង-ស្ថាប័នរដ្ឋ និងអំពាវនាវដល់បុគ្គលឯកជន ដែលជាម្ចាស់អគារ-ទីតាំងអាជីវកម្ម និងរោងចក្រឲ្យជួយសម្រួលដល់ ភាគីអ្នកជួល ដោយជៀសវាងការបញ្ឈប់កិច្ចសន្យា ឬការបណ្ដេញចេញ ក្នុងករណីដែលអ្នកជួលមិនមានលទ្ធភាពបង់ថ្លៃសេវាជួល បានទាន់ពេលវេលា និងសូមលើកទឹកចិត្តឲ្យភាគីម្ចាស់អគារ-ទីតាំងអាជីវកម្ម និងម្ចាស់រោងចក្រ ចរចាគ្នាជាមួយនឹងអ្នកជួល លើការពន្យារពេលសម្រាប់ការបង់ថ្លៃសេវាជួល និងការដេញថ្លៃសេវាជួលជាយថាហេតុ។

ទី៤) ក្រសួងស្ថាប័នទាំងអស់ ត្រូវអនុវត្តនូវសេចក្ដីណែនាំនេះ ទៅតាមសមត្ថកិច្ចរបស់ខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់។

ទី៥) រាជរដ្ឋាភិបាល នឹងបន្ដតាមដានសភាពការណ៍ផលប៉ះពាល់ ពីជំងឺកូវីដ១៩ ទៅលើសេដ្ឋកិច្ច និងសង្គម និងត្រៀមជាស្រេចក្នុងការដាក់ចេញ នូវវិធានការបន្ថែមទៀត ដើម្បីផ្ដល់នូវការជួយគាំទ្រសមស្រប និងតាមការចាំបាច់ ដល់ក្រុមហ៊ុនអាជីវកម្ម និងកម្មករ និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ៕

អាជ្ញាធរខេត្តបាត់ដំបងចុះបញ្ឈប់ និងរុះរើការដ្ឋានសាងសង់ខុសច្បាប់នៅតំបន់ស្ទឹងសង្កែ

ដោយ ៖ រ៉ាណេត

បាត់ដំបង៖ អនុវលោមតាមបទបញ្ជារបស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យពង្រឹងនូវការអនុវត្តច្បាប់សំណង់មានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលខេត្តបាត់ដំបង និងមន្ត្រីជំនាញ បានចុះត្រួតពិនិត្យការដ្ឋានសំណង់នៅស្រុកសង្កែ ដែលខុសច្បាប់ និងបញ្ជាឱ្យរុះរើជាបន្ទាន់។

អភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ បានមានប្រសាសន៍ក្នុងពេលចុះត្រួតពិនិត្យការដ្ឋានសាងសង់សំណង់ខុសច្បាប់កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ថា សំណង់ដែលត្រូវបានអាជ្ញាររដ្ឋបាលខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធចុះធ្វើការបញ្ឈប់ ហើយបញ្ជាឱ្យរុះរើបន្ទាន់ខាងលើនេះ គឺស្ថិតនៅលើចំណីស្ទឹងសង្កែ ដែលជាតំបន់ហាមឃាត់ការសាងសង់សំណង់។

លោកបានបញ្ជាក់ថា “ការដ្ឋានសំណង់ខាងលើនេះ ខាងអាជ្ញាធរធ្លាប់បានចុះធ្វើការណែនាំ និងហាមមិនឱ្យសង់ម្ដងរួចមកហើយ ប៉ុន្តែម្ចាស់ការដ្ឋាននៅតែបន្តសកម្មភាពសាងសង់ដដែល ដោយមិនបានស្ដាប់តាមការណែនាំនោះទេ។ ដោយឡែកនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ក្រុមមន្ត្រីជំនាញដែលពាក់ព័ន្ធ រួមជាមួយនឹងអាជ្ញាធររដ្ឋបាលខេត្តចុះត្រួតពិនិត្យជាលើកទី២ និងមិនមានការសម្របសម្រួលនោះឡើយ ដោយតម្រូវឱ្យបញ្ឈប់សកម្មភាព និងរុះរើសំណង់ជាបន្ទាន់។ ក្រៅពីរុះរើសំណង់ទាំងស្រុងហើយ ម្ចាស់ការដ្ឋានត្រូវកាយដី និងឈូសឆាយឱ្យរាបស្មើដូចសភាពដើមវិញ”។

ក្នុងគោលបំណងរឹតបណ្តឹងនូវការអនុវត្តច្បាប់សំណង់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្កើតវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយរហូតដល់ចំនួន៤ដង (គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២០) ក្រោមអធិបតីភាពរបស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយវគ្គផ្សព្វផ្សាយលើកទី១ ធ្វើឡើងកាលពីថ្ងៃទី ១៤ មករា លើកទី២ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ និងលើកទី៣ កាលពីថ្ងៃទី ២១ កុម្ភៈ ឆ្នាំ២០២០ ៕

ក្រុមហ៊ុនប្រៃសណីយ៍កម្ពុជា ទទួលបានប្រាក់ចំណូល១១លានដុល្លារ

ដោយ ប៊ី

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា ក្រុមហ៊ុនប្រៃសណីយ៍កម្ពុជា របស់រដ្ឋគ្រប់គ្រងដោយរដ្ឋបានបង្កើតប្រាក់ចំណូលសរុបចំនួន ១១ លានដុល្លារក្នុងឆ្នាំ ២០១៩។ នេះតំណាងឱ្យការធ្លាក់ចុះលើប្រាក់ចំណូល បើប្រៀបធៀបនឹងប្រាក់ចំណូលដែលទទួលបានសរុបចំនួន ១៣,៨១ លានដុល្លារកាលពីឆ្នាំ ២០១៨ ។

ការចេញអាជ្ញាប័ណ្ណអាជ្ញាប័ណ្ណប្រៃសណីយ៍ចំនួន ៤៣ ដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងឆ្នាំ ២០១៩ ដល់ក្រុមហ៊ុនឯកជនដូចជា ក្រុមហ៊ុន DHL ក្រុមហ៊ុន TNT ក្រុមហ៊ុន UPS និង ក្រុមហ៊ុន U Express បានធ្វើឱ្យផ្តាច់មុខនូវសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ និងរួមចំណែកដល់ការធ្លាក់ចុះ។

លោកមាស ប៉ូ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្ហាញពីទិដ្ឋភាពទូទៅនៃការអនុវត្តការងាររបស់ក្រុមហ៊ុនដឹកជញ្ជូនប្រៃសណីយ៍ និងក្នុងស្រុកកាលពីដើមសប្តាហ៍នេះ។

តួលេខនេះរាប់បញ្ចូលទាំងការដោះស្រាយកញ្ចប់ប្រៃសណីយ៍ចូលចំនួន៥៥៤.៥២៤ និងចេញដែលមានចំនួន ៥៦៧.៣៤១។

ក្រុមហ៊ុនប្រៃសណីយ៍កម្ពុជា មានដៃគូចែកចាយនៅ ១៩២ ប្រទេស និងផ្តល់ជូននូវសេវាប្រៃសណីយ៍ជាច្រើនរួមមានការដឹកជញ្ជូនរហ័សនិ ងការតាមដានកញ្ចប់។ ធនាគារកាណាឌីយ៉ាគឺជាភាគទុនិក ៥០ ភាគរយ បន្ទាប់មកគឺធនាគារ Fullerton ដែលមានភាគហ៊ុន ៤៥ ភាគរយនិងកាសែតខេមបូឌាប៉ុស្តិ៍មាន ៥ ភាគរយ។

World Bank: បណ្តាប្រទេសនៅជុំវិញអាស៊ីទាំងអស់ត្រូវចាត់វិធានការបន្ទាន់ដេីម្បីកាត់បន្ថយផលប៉ះពាល់នៃវិបត្តិ Covid-19

ដោយ ប៊ី

ភ្នំពេញ៖ វីរុសដែលបានធ្វើឱ្យបណ្តាញផ្គត់ផ្គង់នៅប្រទេសចិនត្រូវអាក់ខាន បានបង្កផលប៉ះទង្គិចទូទាំងសាកលលោកហើយនាពេលនេះ។ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិកដែលកំពុងប្រឹងងើបឡើងពីភាពតានតឹងពាណិជ្ជកម្ម និងប្រឹងពុះពារជាមួយការរាលដាលរបស់វីរូសកូវីឌ-១៩ ពេលនេះប្រឈមជាមួយស្ថានភាពមួយទៀត គឺលទ្ធភាពដែលវិបត្តិហិរញ្ញវត្ថុនិងដំណើរធ្លាក់ចុះនៃសេដ្ឋកិច្ចទូទាំងសាកលលោក។

មកទល់ពេលនេះ ការប្រកាន់យកគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរឹងមាំនិងបទប្បញ្ញត្តិហិរញ្ញវត្ថុបែបមធ្យ័ត បានជួយប្រទេសភាគច្រើនក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការលៃលកជាមួយស្ថានភាពរំជើបរំជួលធម្មតា។ តែបច្ចុប្បន្ននេះ យើងកំពុងតែប្រឈមមុខទៅនឹងស្ថានភាពអធម្មតាមួយ ដែលព្រឹត្តិការណ៍ច្រើនគួបគ្នានិងប្រទាក់ក្រឡាគ្នាបង្កភាពរង្គោះរង្គាយដល់សេដ្ឋកិច្ចពិភពលោក។ ប្រទេសទាំងអស់លើសាកលលោកទំនងជាមិនអាចគេចផុតពីរងការលំបាកធំដុំផ្នែកសេដ្ឋកិច្ចឡើយ។ ដូច្នេះ ប្រទេសទាំងអស់ត្រូវតែនាំគ្នាចាត់វិធានការពេលនេះ — រួមទាំងធ្វើការវិនិយោគជាបន្ទាន់ទៅលើសមត្ថភាពនៃសេវាសុខាភិបាល និងវិធានការថិវកាតាមគោលដៅអាទិភាពផង — ដើម្បីបន្ធូរបានខ្លះនូវផលប៉ះទង្គិចភ្លាមៗទៅលើសេដ្ឋកិច្ច។ ធនាគារពិភពលោក បានផ្តល់អនុសាសន៍ដូច្នេះ នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក ខែមេសា ឆ្នាំ២០២០ ដែលមានចំណងជើងថា «តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក ក្នុងសម័យកាលកូវីឌ-១៩»។

ស្ថិតនៅក្នុងបរិយាកាសមួយដែលមានការប្រែប្រួលយ៉ាងរហ័សបែបនេះ គេពិបាកនឹងធ្វើការព្យាករកំណើនសេដ្ឋកិច្ចឱ្យបានជាក់លាក់ណាស់។ អាស្រ័យហេតុនេះ របាយការណ៍សូមបង្ហាញជូនតែបន្ទាត់គោល និងសេណារីយោករណីទាបៗតែប៉ុណ្ណោះ។ កំណើនសេដ្ឋកិច្ចក្នុងតំបន់នេះត្រូវបានប៉ាន់ទុកជាមុនថានឹងបន្ថយល្បឿនមកនៅត្រឹម ២,១ភាគរយ នៅក្នុងបន្ទាត់គោល ហើយនៅក្នុងសេណារីយោទាបវាអាចធ្លាក់អវិជ្ជមានមកនៅត្រឹម ០,៥ភាគរយ ក្នុងឆ្នាំ២០២០ ប្រៀបធៀបទៅនឹង ៥,៨ភាគរយ ដែលបានស្មានទុកក្នុងឆ្នាំ២០១៩។ កំណើនសេដ្ឋកិច្ចនៅប្រទេសចិន ត្រូវបានប៉ាន់ទុកថានឹងស្រុតចុះមកនៅ ២,៣ភាគរយ នៅក្នុងបន្ទាត់គោល និងមកនៅត្រឹម ០,១ភាគរយក្នុងសេណារីយោទាប ក្នុងឆ្នាំ២០២០នេះ ប្រៀបធៀបទៅនឹងកំណើន ៦,១ភាគរយដែលមាននៅក្នុងឆ្នាំ២០១៩។ ការរាំងខ្ទប់កុំឱ្យវីរុសនេះរាតត្បាតតទៅទៀតបាន អាចនឹងជួយឱ្យសេដ្ឋកិច្ចក្នុងតំបន់ងើបឡើងវិញបន្តិចម្តងបាន ទោះបីជាទៅមុខទៀត ភាពតានតឹងនៃផ្សារហិរញ្ញវត្ថុនៅមានហានិភ័យខ្ពស់ ក៏ដោយ។

កម្លាំងអង្រួនរបស់វីរុសកូវីឌ-១៩ នឹងបង្កផលប៉ះទង្គិចធ្ងន់ធ្ងរទៅលើភាពក្រីក្រផងដែរ។ របាយការណ៍នេះបានប៉ាន់ប្រមាណថា នៅក្រោមសេណារីយោបន្ទាត់គោលនៃកំណើន មានមនុស្សមិនដល់ ២៤លាននាក់ ទេដែលនឹងអាចឆ្លងផុតភាពក្រីក្រនៅទូទាំងតំបន់ក្នុងឆ្នាំ២០២០ (ដោយប្រើបន្ទាត់ភាពក្រីក្រគិតតម្លៃទឹកប្រាក់ ៥,៥ដុល្លារអាមេរិកក្នុងមួយថ្ងៃ) ហើយចំនួននេះនឹងមានច្រើនទៅវិញប្រសិនបើគ្មានការរាតត្បាតមេរោគកូវីឌ-១៩។ ប្រសិនបើស្ថានភាពសេដ្ឋកិច្ចបន្តចុះដុនដាបឈានចូលដល់សេណារីយោទាប ពេលនោះភាពក្រីក្រនឹងកើនឡើង ដោយមានមនុស្សប្រហែល១១លាននាក់នឹងធ្លាក់ចូលក្នុងភាពក្រីក្រវិញ។ មុននេះ ការព្យាករបានប្រមើលឃើញថា នឹងមានមនុស្សជិត ៣៥លាននាក់ ក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក អាចឆ្លងផុតភាពក្រីក្រ នៅក្នុងឆ្នាំ២០២០ ក្នុងនោះមានជាង ២៥លាននាក់ នៅក្នុងប្រទេសចិន។

លោកស្រី វិចតូរីយ៉ា ក្វាក្វា អនុប្រធានធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ «មុននេះបន្តិច ប្រទេសនានានៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក កំពុងតែប្រឹងប្រែងរកវិធីសម្រាប់លៃលកជាមួយភាពតានតឹងផ្នែកពាណិជ្ជកម្មអន្តរជាតិ និងផលវិបាកពីការសាយភាយវីរុសកូវីឌ-១៩នៅក្នុងប្រទេសចិន រួចទៅហើយ តែឥឡូវប្រទេសទាំងអស់នេះត្រូវប្រឈមនឹងស្ថានភាពវិបត្តិសេដ្ឋកិច្ចទូទាំងសាកលលោកទៀត។ ដំណឹងល្អគឺនៅត្រង់ថា តំបន់នេះនៅមានចំណុចខ្លាំងច្រើនដែលខ្លួនអាចទាញយកមកប្រើបាន ប៉ុន្តែប្រទេសទាំងអស់ត្រូវតែចាត់វិធានការឱ្យបានរហ័សរហួន និងក្នុងទ្រង់ទ្រាយមួយធំធេងដែលមិនធ្លាប់មានពីមុនមក។»

របាយការណ៍បានលើកអនុសាសន៍វិធានការមួយចំនួន មានដូចជា ការវិនិយោគជាបន្ទាន់ទៅលើសមត្ថភាពរបស់ប្រព័ន្ធសុខាភិបាល និងទៅលើការត្រៀមលក្ខណៈយូរអង្វែង។ របាយការណ៍ក៏ស្នើផងដែរឱ្យប្រទេសទាំងអស់ប្រកាន់យកទស្សនៈចម្រុះគ្រប់ជ្រុងជ្រោយចំពោះវិធានការរាំងខ្ទប់វីរុស និងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច។ វិធានការថវិកាគោលដៅអាទិភាព – មានដូចជាប្រាក់ឧបត្ថម្ភសម្រាប់ពេលមានជំងឺ និងសម្រាប់ថែទាំងសុខភាព – អាចជួយដល់ការរាំងខ្ទប់ការរាលដាលវីរុស និងជួយធានាធ្វើយ៉ាងណាមិនឱ្យស្ថានភាពខ្វះខាតបណ្តោះអាសន្ននេះក្លាយទៅជាការបាត់បង់មូលធនមនុស្សយូរអង្វែងឡើយ។

លោក អាឌីត្យា ម៉ាទូ សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ «បន្ថែមលើវិធានការអង់អាចនានា កិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែជ្រាលជ្រៅថែមទៀត គឺជាថ្នាំវ៉ាក់សាំងដ៏មានប្រសិទ្ធភាពបំផុតប្រឆាំងទៅនឹងការគំរាមកំហែងរបស់វីរុសនេះ។ បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក និងនៅតាមតំបន់ផ្សេងទៀត ត្រូវតែរួមគ្នាប្រយុទ្ធនឹងជំងឺនេះ, រក្សាពាណិជ្ជកម្មឱ្យនៅដំណើរការដដែល និងចេះសម្របសម្រួលគ្នាផ្នែកគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច។»

របាយការណ៍នេះអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូឆ្លងដែនរវាងផ្នែកសាធារណៈនិងឯកជន ដើម្បីបង្កើនសម្ទុះផលិតកម្ម និងការផ្គត់ផ្គង់សម្ភារៈបរិក្ខារពេទ្យនិងសេវាសំខាន់ៗ នៅក្នុងសភាពដែលមានការរាតត្បាតមេរោគនេះ និងដើម្បីធានាឱ្យមានស្ថិរភាពហិរញ្ញវត្ថុនៅពេលក្រោយមកទៀត។ អ្វីដែលសំខាន់នោះគឺ គោលនយោបាយពាណិជ្ជកម្មគួរតែនៅបើកចំហ ដើម្បីបង្កលទ្ធភាពឱ្យមានរំហូរចេញចូលរបស់ការផ្គត់ផ្គង់សម្ភារៈបរិក្ខារពេទ្យនិងការផ្គត់ផ្គង់ទំនិញដទៃទៀត រវាងប្រទេសផងគ្នា ក៏ដូចជាជួយសម្រួលឱ្យសេដ្ឋកិច្ចក្នុងតំបន់ឆាប់ងើបឡើងបានផង។

អនុសាសន៍គោលនយោបាយមួយទៀតដែលរបាយការណ៍បានស្នើឡើង គឺស្នើឱ្យមានការបន្ធូរបន្ថយផ្នែកខ្ចីបុល ដើម្បីជួយក្រុមគ្រួសារក្នុងការកែសម្រួលទម្លាប់ទទួលទានប្រើប្រាស់របស់គេ និងជួយក្រុមហ៊ុនឱ្យនៅរស់រានឆ្លងកាត់វិបត្តិនេះបានផងដែរ។ យ៉ាងណាក្តី ដោយសារតែវិបត្តិនេះមានសក្តានុពលអូសបន្លាយយូរ របាយការណ៍នេះបានធ្វើការសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវមានឱ្យរឹតបន្តឹងវិធានការនានារួមគ្នាជាមួយនឹងការតាមដានមើលពីលើការអនុវត្តបទប្បញ្ញត្តិ ពិសេសដោយសារប្រទេសជាច្រើនក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិកនេះ កំពុងមានបន្ទុកបំណុលរបស់ក្រុមហ៊ុននិងតាមគ្រួសារ ក្នុងកម្រិតខ្ពស់ស្រាប់។ សម្រាប់ប្រទេសដែលនៅក្រជាងគេ វិធានការសម្រាលបំណុលគឺសំខាន់ណាស់ ដើម្បីអាចបង្វែរធនធានចាំបាច់ទៅផ្តោតលើការគ្រប់គ្រងផលប៉ះទង្គិចរបស់ការរាតត្បាតនៃវីរុសនេះទៅលើផ្នែកសេដ្ឋកិច្ច និងសុខាភិបាល។

របាយការណ៍នេះក៏រំលេចឱ្យឃើញផងដែរនូវហានិភ័យកាន់តែខ្ពស់ថែមទៀត ជុំវិញលទ្ធភាពនៃការធ្លាក់ចុះទៅក្នុងភាពក្រីក្ររបស់បណ្តាគ្រួសារ ដែលធ្លាប់តែពឹងអាស្រ័យមុខរបរទៅលើវិស័យទាំងឡាយដែលងាយរងគ្រោះពីផលប៉ះទង្គិចរបស់កូវីឌ-១៩ ដូចជាវិស័យទេសចរណ៍នៅក្នុងប្រទេសថៃ និងនៅតាមកោះប៉ាស៊ីហ្វ៊ិក, វិស័យកម្មន្តសាលនៅប្រទេសកម្ពុជា និងវៀតណាម, និងក្នុងចំណោមគ្រួសារដែលធ្លាប់តែពឹងអាស្រ័យលើកម្លាំងពលកម្មក្រៅប្រព័ន្ធផ្លូវការនៅតាមប្រទេសទាំងអស់។ នៅប្រទេសមួយចំនួន ផលប៉ះទង្គិចរបស់កូវីឌ-១៩ នេះ បានបន្ថែមបញ្ហាពីលើកត្តាជាក់លាក់ដែលកើតមានតាមប្រទេសស្រាប់ មានដូចជា បញ្ហាភាពរាំងស្ងួត(នៅប្រទេសថៃ) ឬ បញ្ហាវិបត្តិខ្វះទំនិញកសិផល (ប្រទេសម៉ុងហ្គោលី) ជាដើម។ នៅបណ្តាប្រទេសកោះប៉ាស៊ីហ្វ៊ិកខ្លះ ចក្ខុវិស័យសម្រាប់ឆ្នាំ២០២០ ស្ថិតនៅក្រោមហានិភ័យខ្លាំង ដោយសារតែសេដ្ឋកិច្ចនៃប្រទេសទាំងនោះពឹងផ្អែកខ្លាំងលើជំនួយឥតសំណង, វិស័យទេសចរណ៍ និងការនាំចូល។

ដោយសារតែការរាតត្បាតរបស់វីរុសកូវីឌ-១៩ ស្ថានភាពសេដ្ឋកិច្ចរវាងប្រទេសនានាមានសភាពមិនប្រាកដប្រជាទេ ហើយវាប្រែប្រួលរហូតពីមួយថ្ងៃទៅមួយថ្ងៃ។ ការវិភាគនៅក្នុងរបាយការណ៍នេះគឺឈរលើមូលដ្ឋានទិន្នន័យដែលមាននៅតាមប្រទេស គិតត្រឹមថ្ងៃទី២៧ ខែមីនា។

ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍នេះ ធនាគារពិភពលោកកំពុងតែអនុវត្តកម្មវិធីកញ្ចប់ហិរញ្ញវត្ថុចំនួន ១៤ប៊ីលានដុល្លារអាមេរិក ដោយបញ្ចេញវាឱ្យបានឆាប់រហ័សសម្រាប់ពង្រឹងការឆ្លើយតបទៅនឹងការរាតត្បាតរបស់កូវីឌ-១៩ នៅតាមប្រទេសនានា និងជួយធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចឆាប់ងើបឡើងវិញ។

ភាពចំណេញលើការវិនិយោគវិស័យលំនៅដ្ឋានកំពុងបាញ់ឆ្ពោះទៅតំបន់ព្រែកព្នៅ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ បន្ទាប់ពីខណ្ឌសែនសុខ ដែលត្រូវបានចាក់បំពេញទៅដោយសំណង់លំនៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់យ៉ាងស្អេកស្កះកាលពីឆ្នាំកន្លងទៅនោះ បច្ចុប្បន្នការវិនិយោគ និងការផ្គត់ផ្គង់ក្នុងវិស័យមួយនេះកំពុងតែបាញ់ឆ្ពោះទៅកាន់តំបន់ព្រែកព្នៅ ស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញ។

សម្រាប់ការអភិវឌ្ឍ និងការផ្គត់ផ្គង់លំនៅដ្ឋានតម្លៃមធ្យមនៅក្នុងតំបន់ព្រែកព្នៅ បើទោះជាបច្ចុប្បន្នកំពុងតែមានការគំរាមកំហែងពីជំងឺសាកល Covid-19 ក៏ដោយ ប៉ុន្តែសម្រាប់សកម្មភាពនៃការសាងសង់ ជាពិសេសសកម្មភាពនៃការទិញ-លក់ ត្រូវបានអ្នកដែលស្ថិតនៅក្នុងវិស័យមួយនេះអះអាងថានៅតែមានល្អប្រសើរ មិនមានអ្វីប្រែប្រួល ឬធ្លាក់ចុះនោះទេ។

អគ្គនាយកក្រុមហ៊ុន PREMIUM Group លោក ម៉ាន់ ចាន់ឌី បានមានប្រសាសន៍បញ្ជាក់ថា ទីផ្សារអចលនទ្រព្យសម្រាប់វិស័យលំនៅដ្ឋាន គឺនៅតែមានការផ្គត់ផ្គង់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជានិច្ច បើទោះជាក្នុងដំណាក់កាលនេះហាក់មានភាពប្រឈមតិចតួច ប៉ុន្តែការទិញលក់ គឺនៅតែមានសកម្មភាព។

លោក ម៉ាន់ ចាន់ឌី បានមានប្រសាសន៍បន្តទៀតថា “ភាពប្រឈមនៃវិស័យអចលនទ្រព្យនៅក្នុងរយៈពេលខ្លីនៃបញ្ហា Covid-19 នេះ គឺភាគច្រើនអាចប៉ះពាល់ទៅលើគម្រោងអភិវឌ្ឍន៍ធំ ដែលមានម្ចាស់វិនិយោគជាក្រុមហ៊ុនបរទេស។ ដោយឡែកសម្រាប់វិស័យលំនៅដ្ឋានភាគច្រើនគឺជាការវិនិយោគដោយក្រុមហ៊ុនក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការពិតប្រាកដនៅក្នុងស្រុក ដូច្នេះភាពប៉ះពាល់នៅក្នុងផ្នែកមួយនេះហាក់មានភាពប្រឈមតិចតួចប៉ុណ្ណោះ”។

នាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ SAM SN Realty លោក សំ សុខនឿន បានទទួលស្គាល់នូវកាលលើកឡើងខាងលើនេះ ដោយលោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រៅពីតំបន់ខណ្ឌសែនសុខ និងតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ សម្រាប់ខណ្ឌព្រែកព្នៅ ដែលស្ថិតនៅប៉ែកខាងជើងរាជធានីភ្នំពេញ កំពុងតែក្លាយគោលដៅវិនិយោគនៅក្នុងវិស័យលំនៅដ្ឋាន និងមានឱកាសទទួលបានចំណេញក្រោយបញ្ហា Covid-19 ត្រូវបានបញ្ចប់។

លោកបានបញ្ជាក់ថា “បើនិយាយពីទីតាំងភូមិសាស្ត្រ ងាកចេញពីខណ្ឌសែនសុខ ដែលក្លាយជាតំបន់លំនៅដ្ឋានកម្រិតខ្ពស់ គឺមានខណ្ឌព្រែកព្នៅ ដែលកំពុងមានសកម្មភាពអភិវឌ្ឍន៍ជាបុរីលំនៅដ្ឋាន និងបណ្តុំលំនៅដ្ឋានដែលមានលក្ខណៈជាបុរីជាច្រើន”។ លោកបានបន្តថា “មុនពេលបោះទុនវិនិយោគ អ្នកអភិវឌ្ឍន៍សុទ្ធតែបានសិក្សាពីភាពល្អប្រសើរ និងផលប៉ពាល់យ៉ាងលម្អិតបំផុត ដូច្នេះសម្រាប់គម្រោងដែលកំពុងតែមានសកម្មភាពពេលនេះ ភាគរយខ្ពស់បំផុតដែលអាចទទួលបានចំណេញពីការវិនិយោគរបស់ពួកគេ”។

ដូចទៅនឹងការលើកឡើងរបស់អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យខាងលើនេះ បច្ចុប្បន្នគម្រោងអភិវឌ្ឍន៍បុរី ខេស៊ី ផ្គត់ផ្គង់លំនៅដ្ឋានបែបទាន់សម័យ និងមានតម្លៃសមរម្យ ត្រូវបានគេមើលឃើញថា មានភាពសកម្មជាងគេនៅក្នុងតំបន់ ស្របពេលដែលកំណើននៃការលក់ក៏មានភាពល្អប្រសើរ ក្រោមការផ្តល់ជូននូវលក្ខខណ្ឌយ៉ាងងាយស្រួលក្នុងការទិញដោយបង់រំលោះ។

អ្វីដែលជាលក្ខណៈពិសេសរបស់បុរី លំនៅដ្ឋាន ខេស៊ី ក្រៅពីមានម៉ូដរចនាដ៏ស្រស់ស្អាត និងទាន់សម័យគួរជាទីទាក់ទាញ គុណភាពសំណង់ខ្ពស់ ដែលផ្តល់ផាសុកភាពដល់ការរស់នៅ ថែមទាំងមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតនៅអមសងខាង ដូចជានៅខាងក្រោយមានផ្សារព្រែកព្នៅចាស់ នៅខាងមុខជាប់ផ្លូវ មានផ្សារព្រែកព្នៅ សាលារៀនរដ្ឋ និងឯកជន មណ្ឌលសុខភាព គ្លីនិកឯកជន និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងជាច្រើន នៅជាប់ផ្លូវ៣០ម៉ែត្រ តភ្ជាប់ពីមហាវិថីឈ្នះ ឈ្នះ នៃទីក្រុងមរតកតេជោ ឆ្ពោះទៅផ្លូវជាតិលេខ៥។

បន្ថែមពីនេះ នៅមានគម្រោងអភិវឌ្ឍបឹងតាម៉ោក និងតំបន់អភិវឌ្ឍរមណីយដ្ឋានគំរូនៅតំបន់ជាយក្រុងនៃភ្នំប្រសិទ្ធិ ដែលជាគម្រោងអាទិភាពរបស់រដ្ឋបាល រាជធានីភ្នំពេញផងដែរ។

គម្រោងសំណង់លំនៅដ្ឋាន ដែលកំពុងតែមានភាពទាក់ទាញមួយនេះ បច្ចុប្បន្ន បាន និងកំពុងតែសម្រុកសាងសង់យ៉ាងមមាញឹក ដើម្បីបញ្ចប់ទៅតាមគម្រោងទាំងស្រុងនៅត្រឹមឆ្នាំ២០២១។

ចំពោះលក្ខខណ្ឌនៃការក្លាយខ្លួនជាម្ចាស់លំនៅដ្ឋាននៅក្នុងបុរី ខេ ស៊ី គឺមានភាពងាយស្រួលបំផុត ដោយលោកអ្នកគ្រាន់តែមានប្រាក់ដំបូងត្រឹមតែ១០០០ដុល្លារតែប៉ុណ្ណោះ ដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិ ហើយបង់បណ្តាក់ក្នុងរូបភាពជារំលោះ ជាបន្តបន្ទាប់ស្របទៅតាមគោលការណ៍ងាយៗ ដែលបានកំណត់ដោយក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានតែប៉ុណ្ណោះ។

ក្រុមហ៊ុនអភិវឌ្ឍន៍បុរីលំនៅដ្ឋានដ៏ទាន់សម័យមួយនេះបានយកចិត្តទុកដាក់ និងផ្តោតសំខាន់ទៅលើសំណង់់បែបបៃតង ដែលជាការជួយសន្សំសំចៃថាមពលអគ្គិសនី ដោយធ្វើឱ្យលំនៅដ្ឋានក្នុងគំរោងនេះទទួលពន្លឺ និងលំហូរខ្យល់ធម្មជាតិចេញចូលគ្រប់គ្រាន់ រួមជាមួយនឹងការដាំដើមឈើបៃតងលម្អនៅពីមុខផ្ទះ ដែលកាន់តែជួយបន្ថែមភាពត្រជាក់ដល់លំនៅដ្ឋាន។

នៅក្នុងគម្រោងបុរី ខេស៊ី ត្រូវបានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ ស្របតាមស្ដង់ដារសំណង់ ដូចជាផ្លូវបេតុងមេមានទំហំ១២ម៉ែត្រ ផ្លូវតូចមានទំហំ៨ម៉ែត្រ មានប្រព័ន្ធទឹកស្អាត និងបណ្តាញរំដោះទឹកយ៉ាងត្រឹមត្រូវ និងមានការរៀបចំសាងសង់ជាទីធ្លាសម្រាប់អង្គុយកម្សាន្ត ហាត់ប្រាណសាធារណៈ និងសួនច្បារ ដែលបំពាក់ទៅដោយចង្កៀងអគ្គិសនី LED យ៉ាងភ្លឺច្បាស់ត្រជាក់ភ្នែកផងដែរ។

លោកអ្នកអាចធ្វើការសម្រេចចិត្តប្រភេទលំនៅដ្ឋាននៅក្នុង ខេស៊ី បានតាមសេចក្ដីប្រាថ្នា ទៅលើលំនៅដ្ឋាន៣ប្រភេទខុសគ្នា រួមមានប្រភេទ Link House, Shop House និងប្រភេទ Twin Villa ដែលសុទ្ធតែសមស្របទៅនឹងការរស់នៅដែលពោរពេញទៅដោយផាសុកភាពខ្ពស់ទាំងអស់។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងបាន តាមរយៈទូរស័ព្ទលេខ ៖ ០៧៨ ៩៥ ៩៥ ៦៧ / ០៨៧ ៣៦៩ ៥៣៦ / ០៨៩ ៧៨ ៧៧ ២១ ៕

ឯកអគ្គរដ្ឋទូតអាមេរិកសន្យាជំរុញឱ្យមានចលនាទេសចរពីអាមេរិកមកកម្ពុជាក្រោយចប់ជំងឺកូវីដ ១៩

ដោយវុត្ថា

ភ្នំពេញ៖ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានសន្យាថានៅពេលស្ថានការណ៍ជំងឺ Covid-19 បានធូរស្រាលទៅ លោកនឹងជំរុញឱ្យមានចលនាទេសចរពីអាមេរិកមកកម្ពុជា ដើម្បីឱ្យពួកគេបានស្គាល់កម្ពុជា «ប្រទេសតូច តែទឹកចិត្តទូលំទូលាយ» ខណៈអាមេរិកនៅតែមានទំនាកទំនងល្អជាមួយកម្ពុជាលើវិស័យទេសចរណ៍។

លោក W.Patrick Murrphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ បានឱ្យដឹងថា សហរដ្ឋអាមេរិកនៅតែមិនភ្លេចចំពោះទឹកចិត្តរបស់កម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានអន្តរាគមន៍ជួយឱ្យនាវា Westerdam ចូលចតនៅកំពង់ផែព្រះសីហនុ និងបានជួយយកអាសារភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាភ្ញៀវទេសចរអាមេរិកនៅលើនាវានោះផងដែរ។

លោក W.Patrick Murrphyបន្តថា បច្ចុប្បន្នប្រជាជនអាមេរិកនៅកម្ពុជា (ភ្ញៀវទេសចរ វិនិយោគិន គ្រូបង្រៀន បុគ្គលិកតាមស្ថាប័នមួយចំនួនជាដើម) ដែលការធ្វើដំណើររបស់ពួកគេត្រលប់ទៅមាតុភូមិវិញនោះមានការពន្យាដោយសារជើង
ហោះហើរខ្លះត្រូវបានបិទ និងជើងហោះហើរខ្លះក៏មានកំណត់ទៅទៀត ព្រោះតែពិភពលោកជួបនូវវិបត្តិជំងឺ Covid-19។

លោកបន្ថែមថា ខណៈដែលទិដ្ឋការរបស់ពួកគេក៏ផុតសុពលភាពទៅទៀត ជាហេតុបង្កការលំបាកសម្រាប់ពួកគេខ្លះដែរ ដូច្នេះហើយបានជាស្ថានទូតអាមេរិកបានស្នើមកកាន់ភាគីកម្ពុជា ពិសេសក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួល និងយោគយល់ចំពោះពួកគេ ទម្រាំពួកគេបានត្រលប់ទៅសហរដ្ឋអាមេរិកវិញ។

លោក ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ឱ្យដឹងថា ចាប់ពីម៉ោង២៣៖៥៩ នាទីនៅយប់នេះទៅ កម្ពុជានឹងបិទការផ្ដល់ទិដ្ឋការដល់ភ្ញៀវទេសចរមកពីក្រៅប្រទេស រហូតដល់ស្ថានការណ៍ជំងឺ Covid-19 ធូរស្រាលឡើងវិញ។

លោករដ្ឋមន្ត្រី ថោង ខុន បានស្នើបន្ថែមទៅស្ថានទូតអាមេរិកឱ្យជួយគាំទ្រសកម្មទ្រទ្រង់ដល់វិស័យទេសចរណ៍កម្ពុជា តាមរយៈគម្រោងអភិវឌ្ឍន៍អេកូទេសចរណ៍ និងកម្មវិធីព្រៃឡង់ និងជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជានៅទីផ្សារអាមេរិក ក៏ដូចជាជំរុញការវិនិយោគទេសចរណ៍ពីអាមេរិកមកកម្ពុជា។

នៅឆ្នាំ២០១៩កន្លងមកនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអាមេរិកប្រមាណជាង ២៦ម៉ឺននាក់ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៦.៦លាននាក់៕

គណៈរដ្ឋមន្ត្រីចាប់ផ្តើមពិនិត្យសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ននៅព្រឹកនេះ

ដោយវុត្ថា
ភ្នំពេញ៖ គណៈរដ្ឋមន្ត្រី បានចាប់ផ្តើម ពិនិត្យទៅលើសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ននៅព្រឹកនេះ ក្រោមអធិតបីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ខណៈ ដែលកម្ពុជាកំពុងទទួលរងនូវវិបត្តិនៃការរាតត្បាជំងឺកូវី ១៩។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងសន្និសីទព័ត៌មាននៅថ្ងៃទី៣០ ខែមីនា ម្សិលមិញនេះ បានឱ្តដឹងថា ការសម្រេចចិត្តរៀបចំតាក់តែងច្បាប់គ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន ព្រោះកម្ពុជាមិនមានទាន់ច្បាប់គ្រប់គ្រងប្រទេសជាតិក្នុងគ្រាមានអាសន្ននៅឡើយនោះទេ។

សម្តេចតេជោ បញ្ជាក់ថា ការបង្កើតច្បាប់នេះឡើង ដើម្បីជាឧបករណ៍ផ្នែកច្បាប់មួយគ្រប់គ្រងប្រទេសជាតិក្នុងភាពមានអាសន្ន។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលផងដែរ កុំឱ្យមានការព្រួយបារម្ភច្បាប់នេះ ព្រោះមិនមែនបង្កើតឡើងមក ដើម្បីរឹតដ្បិតសេរីភាពរបស់ប្រជាពលរដ្ឋ និងសេរីភាពនៃការបញ្ចេញមតិនោះឡើយ។

សម្តេចតេជោបន្ថែមថា បន្ទាប់ពីពិនិត្យក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីនៅព្រឹកនេះរួចហើយ សេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ននឹងត្រូវលើកមកពិភាក្សា និងសម្រេចក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ចុងសប្តាហ៍នេះ។

យោងតាមមាត្រា ២២ ថ្មី នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ចែងថា ”នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា”៕

ក្រសួង៖ ការស្ថាបនាផ្លូវជាតិលេខ៣ សម្រេចបាន៦៧%

ដោយវុត្ថា

ភ្នំពេញ៖គម្រោងធ្វើឱ្យឡើងផ្លូវជាតិលេខ៣ តភ្ជាប់ពីភ្នំពេញ ទៅខេត្តកំពត ប្រវែង១៣៤ គីឡូម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) សម្រេចបាន ៦៧ភាគរយ ដោយគិតត្រឹមចុងខែមីនា ឆ្នាំ២០២០។ នេះ បើតាមការឱ្យដឹងពីក្រសួងសាធារណៈការ និងដឹកជញ្ជូននៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០នេះ ។

ក្រសួងសាធារណៈការ និងដឹកជញ្ជូនឱ្យដឹងបន្តថា តាមផែនការគ្រោងទុក គម្រោងនេះនឹងបញ្ចប់នៅក្នុងឆ្នាំ២០២២ ខាងមុខ។ក្រសួងសូមអធ្យាស្រ័យចំពោះផលប៉ះពាល់ និងការរំខាននានា ដែលកើតឡើងអំឡុងសាងសង់នេះ ហើយក្រសួងក៏បានយកចិត្តទុកដាក់តាមដាន និងជម្រុញឱ្យក្រុមហ៊ុនសាងសង់ ធ្វើការស្រោចទឹកជាប្រចាំ ជាពិសេសតំបន់ទីប្រជុំជន ដើម្បីកាត់បន្ថយផលប៉ះពាល់(ដីហ៊ុយ) ផងដែរ។

ក្រសួងសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋនឹងសប្បាយរីករាយ និងទទួលបានអត្ថប្រយោជន៍ជាច្រើន ពីផ្លូវនេះ ក្រោយការសាងសង់សម្រេចបានជាស្ថាពរនាពេលខាងមុខនេះ។

បើតាមលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងថាការដ្ឋានពង្រីកផ្លូវជាតិលេខ៣ ពីភ្នំពេញ (ចោមចៅ) ទៅក្រុងកំពត ប្រវែង១៣៤គីឡូម៉ែត្រ នឹងត្រូវប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ។ គម្រោងនេះ បានចំណាយថវិកាប្រមាណជាង ២១៩លានដុល្លារ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

លោកបន្ថែមថា គម្រោងពង្រីក និងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៣ គឺចាប់ពីរាជធានីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត ដោយឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ១២គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១១គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៣០គីឡូម៉ែត្រ ខេត្តតាកែវ ប្រវែង ៣០គីឡូម៉ែត្រ និងខេត្តកំពត ប្រវែង ៥១គីឡូម៉ែត្រ។

ការពង្រីកផ្លូវនេះគឺត្រូវបានបែងចែកជា ២កំណាត់ គឺពីចោមចៅ-បែកគូស និងបែកគូស-ក្រុងកំពត។ ផ្លូវពីចោមចៅ ទៅបែកគូស ក្នុងខេត្តតាកែវ ប្រវែង ៦៤,៩០គីឡូម៉ែត្រ នឹងត្រូវពង្រីក ២គន្លងទៅ ៤គន្លង (២ទៅ ២មក) និងមានសួនកណ្តាល។ ចំណែកកំណាត់ផ្លូវពីបែកគូស ទៅក្រុងកំពត ប្រវែងជាង ៦៤គីឡូម៉ែត្រ នឹងត្រូវពង្រីកតួផ្លូវដល់ ១២ម៉ែត្រ ដោយមាន ២គន្លងផ្លូវដដែល (១ទៅ ១មក)៕

រុស្ស៊ី​សន្យា​ជួយ​គាំទ្រ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដល់​កម្ពុជា

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី តាមរយៈ​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា បាន​សន្យា​ជួយ​គាំទ្រ​ដល់​កម្ពុជា ដើម្បីឱ្យ​មានការ​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រួម​ជាមួយនឹង​ការត្រៀម​រៀបចំ បញ្ជូន​ម៉ា​សមក​ផ្ដល់ជូន​កម្ពុជា ដើម្បី​ជាការ​ចូលរួមចំណែក​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ COVID-19 ផងដែរ។

នៅក្នុង​ឱកាស​ទទួលបាន​ការអនុញ្ញាត ចូលជួប​សម្ដែង​ការគួរសម​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​វិមាន​សន្ដិភាព​កាលពី​រសៀល​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ឯកអគ្គរដ្ឋទូត​សហព័ន្ធរុស្ស៊ី​ដែល​ចប់​អណ​ត្តិ​នៅ​កម្ពុជា លោក ឌី​មី​ទ្រី ធ្វី​ត​កូ​ស បាន​សន្យា​ជួយ​គាំទ្រ​ដល់​កម្ពុជា ដើម្បីឱ្យ​មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រួម​ជាមួយនឹង​ការត្រៀម​រៀបចំ​បញ្ជូន​ម៉ា​សមក​ផ្ដល់ជូន​កម្ពុជា។

លោក​បាន​លើកឡើងថា ការ​មក​បំពេញបេសកកម្ម​ការទូត​រយៈពេល៦ឆ្នាំ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​ការគាំទ្រ និង​ជួយ​ជ្រោមជ្រែង​យ៉ាងខ្លាំង​ពីស​ម្ដេច​តេ​ជោ ក៏ដូចជា មន្ត្រី​ថ្នាក់ដឹកនាំ​ទាំងអស់​របស់​រាជាណាចក្រ​កម្ពុជា ដែល​ការគាំទ្រ​នេះ​ធ្វើឱ្យ​លោក​បានទទួល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ក្នុង​បេសកកម្ម​កា​ទូត។

លោក​បន្តថា ក្នុង​រយៈពេល៦ឆ្នាំនេះ​កម្ពុជា និង​រុស្ស៊ី បាន​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន៦២ ហើយ​ក៏បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ចំនួន១៤ផងដែរ។ ជាមួយនេះ លោក​ក៏បាន​រៀបចំ ឲ្យ​មានឱកាស​ដំណើរ​ទស្សនកិច្ច របស់លោក​នាយករដ្ឋមន្ត្រី​រុស្ស៊ី​មកកាន់​កម្ពុជា ក៏ដូចជា​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ របស់​សម្ដេច​តេ​ជោ​ទៅកាន់​ប្រទេស​រុស្ស៊ី​ផងដែរ។

ជាងនេះទៀត​លោក​ក៏បាន​សន្យាថា រុស្ស៊ី នឹង​ផ្ដល់ជំនួយ​ដល់​កម្ពុជា ជាពិសេស​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ ហើយនឹង​ជួយ​គាំទ្រ​ដល់​កម្ពុជា ដើម្បីឱ្យ​មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ហើយក៏​កំពុងតែ​ត្រៀម​រៀបចំ​បញ្ជូន​ម៉ាស មក​ផ្ដល់ជូន​កម្ពុជា ដើម្បី​ជាការ​ចូលរួមចំណែក ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ COVID-19 ផងដែរ ។

សម្ដេច​តេ​ជោ​ហ៊ុន សែន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុងការ​បំពេញបេសកកម្ម​កា​ទូត​នៅ​កម្ពុជា​របស់លោក។ ទន្ទឹមនឹងនេះ សម្ដេច ក៏បាន​មានប្រសាសន៍ថា លោក ឌី​មី​ទ្រី គឺជា​ឯកអគ្គរដ្ឋទូត​មួយ​ដែល​បាន​ស្ដារឡើងវិញ នូវ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​រុស្ស៊ី​ដែលមាន​វ័យ​ចំណាស់ មកហើយ​មកកាន់​ដំណាក់កាល​ថ្មី។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ផងដែរ​ថា ជាការ​ពិត​យើង​មាន​ទំនាក់ទំនង​រយៈពេល​យូរ​ឆ្នាំ​មកហើយ។ យ៉ាងណាក៏ដោយ​ទំហំ​ពាណិជ្ជកម្ម រវាង​ប្រទេស​យើង​ទាំងពីរ​នៅ​តូច​នៅឡើយ ដូច្នេះ​គប្បី​ណា​យើង​ជំរុញ​ពិនិត្យមើល​សក្តានុពល​ទាំងឡាយណា ដែល​អាច​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ឲ្យ​បាន​កាន់តែ​ធំធាត់​ឡើង​ថែមទៀត៕