អ្នកឧកញ៉ាពុង ឃាវ សែ បោះទុនវិនិយោគ៥០០០លានដុល្លារ លើវិស័យសំណង់នៅកម្ពុជា

ដោយវុត្ថា

ភ្នំពេញ៖ អ្នកឧកញ៉ា ពុង ឃាវ សែ ដែលត្រូវបានគេស្គាល់ជាទូទៅថាជាមហាសេដ្ឋីមានទ្រព្យស្តុកស្តមនៅក្នុងប្រទេសកម្ពុជាដែលបានវិនិយោគលើវិស័យជាច្រើនដោយក្នុងនោះ លោកបានចំណាយថវិកាចំនួន ៥០០០ លានដុល្លារអាមេរិកវិនិយោគលើវិស័យសំណង់អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។

អ្នកឧកញ៉ា ពុង ឃាវ សែ នៅក្នុងការផ្តល់កិច្ចសម្ភាសជូនដល់សារព័ត៌មានកាលពីពេលថ្មីៗ បានឱ្យដឹងថា ទំហំទឹកប្រាក់ដែលបានបោះទុនក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាដ៏ច្រើនសន្ទឹកសន្ធាប់បែបនេះ គឺក្នុងគោលបំណងចូលរួមក្នុងការអភវិឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែមានការរីកចំរើនទៅមុខបន្ថែមទៀត។

អ្នកឧកញ៉ាបន្តថា កន្លងមក កាណាឌីយ៉ា គ្រុបបានបោះទុនប្រហែល ៥ ពាន់លានដុល្លារអាមេរិក ក្នុងការអភិវឌ្ឍន៍នៅកម្ពុជា ដែលបានបង្កើតការងាររាប់ម៉ឺនកន្លែង និងចូលរួមយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍កម្ពុជា។ បើនិយាយពីវិស័យសំណង់តែមួយគត់ មានបុគ្គលិក និងកម្មករសរុបនៅក្នុងសម្ព័ន្ធសហគ្រាសរបស់ខ្លួនទៅដល់ជាង៣០,០០០នាក់។

បច្ចុប្បន្នអាជីវកម្មរបស់កាណាឌីយ៉ា គ្រុប បែងចែកជាពីរផ្នែក គឺ វិស័យហិរញ្ញវត្ថុ និង វិស័យសំណង់ និងអចលនទ្រព្យ និងអាកាសយានដ្ឋានអន្តរជាតិ និងទេសចរណ៍។ កាណាឌីយ៉ាគ្រុប ត្រូវបានស្គាល់ថាជាក្រុមហ៊ុនដែលនៅពីក្រោយគម្រោងជាច្រើនដូចជា អគារខ្ពស់មុនដំបូងគេនៅកម្ពុជា អគារកាណាឌីយ៉ា ទីក្រុងកោះពេជ្រ ទីក្រុងអូឡាំព្យា ទីក្រុងរណបជ្រោយចង្វារ ផ្សារទំនើបសុវណ្ណា ផ្សារទំនើបសុរិយា និងគម្រោងល្បីៗរាប់មិនអស់ជាច្រើនទៀត។

សម្រាប់ទុនវិនិយោគខាងលើនេះ មិនទាន់រាប់បញ្ចូលនូវគម្រោងដ៏ធំមួយដែលនឹងផ្លាស់ប្តូរមុខមាត់វិស័យសំណង់នៅកម្ពុជា គឺព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីក្នុងខេត្តកណ្តាល ដែលមានទុនវិនិយោគប្រមាណជា ១.៥ ពាន់លានដុល្លារអាមេរិក ដែលវិនិយោគដោយក្រុមហ៊ុន OCIC របស់ អ្នកឧកញ៉ាពុង ឃាវ សែ ដែលគ្រោងនឹងបញ្ចប់ដំណាក់កាលទី១ក្នុងឆ្នាំ២០២៣ខាងមុខនេះ។

លោក បានសន្យាថា នឹងបន្តចូលរួមបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាលើគ្រប់វិស័យបន្ថែមទៀត ជាពិសេសវិស័យសំណង់ឱ្យបានកាន់តែច្រើនដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ខណៈពេលដែលសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែមានសន្ទុះរីកចំរើនពីមួយឆ្នាំទៅមួយឆ្នាំ៕

ក្រសួងទេសចរណ៍គ្រោងបង្កើតគម្រោងកញ្ចប់ទេសចរណ៍ថ្មីដើម្បីជំរុញ ទេសចរណ៍ក្នុងស្រុក

ដោយ ប៊ី

ភ្នំពេញៈ ក្រសួងទេសចរណ៍គ្រោង នឹងបង្កើតគម្រោងកញ្ចប់ទេសចរណ៍ថ្មីមួយដែលមានតម្លៃសមរម្យ ដើម្បីឆ្លើយនឹងការធ្លាក់ចុះនៃតួលេខទេសចរណ៍ក្នុងស្រុក អំឡុងពេលផ្ទុះឡើងនៃវីរុស COVID-19។

ដើម្បីបន្តលើកទឹកចិត្តដល់ការធ្វើដំណើរក្នុងស្រុក កញ្ចប់ដំណើរកម្សាន្តមួយជាមួ​យនឹងការសន្សំពី ២០ ទៅ៣០ភាគរយលើការធ្វើដំណើរ ដែលនឹងត្រូវផ្តល់ជូនក្នុងពេលឆាប់ៗនេះ។

លោកតុប សុភ័ក្ត្រ អ្នកនាំពាក្យក្រសួងទេសចរណ៍បានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្ន ក្រសួងកំពុងធ្វើការជាមួយវិស័យ បដិសណ្ឋារកិច្ចក្នុងវិស័យឯកជន រួមមានសណ្ឋាគាររមណីយដ្ឋាន ភោជនីយដ្ឋាន ប្រតិបត្តិករទេសចរណ៍ និងក្រុមហ៊ុនដឹកជញ្ជូនដើម្បីសម្រួលដល់គំនិតផ្តួចផ្តើមនេះ។

លោកបានថ្លែងថា “ការអភិវឌ្ឍកញ្ចប់ទេសចរណ៍ ដែលមានតំលៃសមរម្យមានគោលបំណងជំរុញកំណើនទេសចរ ក្នុងស្រុកប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវ”។លោកបន្ថែមថា “យើងចង់ជំរុញប្រជាជនកម្ពុជា ឱ្យមកទស្សនាទិសដៅទេសចរណ៍យ៉ាងហោចណាស់មួយក្នុងមួយឆ្នាំ [ដូចជាខេត្តសៀមរាប] និងតំបន់ទេសចរណ៍ថ្មីៗដែលបានបង្កើតឡើង”។

ប្រសិនបើទទួលបានជោគជ័យ ប្រាក់ចំណូលរបស់គ្រោងការណ៍នឹងរួមចំណែកដល់ហិរញ្ញវត្ថុនៃឧស្សាហកម្មទេសចរណ៍ទាំងមូល និងមានឥទ្ធិពលវិជ្ជមានទៅលើសេដ្ឋកិច្ចជាតិ។ កញ្ចប់ទាំងនេះក៏នឹងភ្ជាប់សកម្មភាពទេសចរណ៍ ទៅនឹងការអប់រំបរិស្ថាន និងវប្បធម៌ ព្រមទាំងលើកកម្ពស់សកម្មភាពមនុស្សធម៌ នៅក្នុងសហគមន៍មូលដ្ឋាន។

បច្ចុប្បន្ន ការរីករាលដាលនៃវីរុស COVID-19 បានសម្លាប់មនុស្សជាង៣,០០០ នាក់នៅទូទាំងពិភពលោក ដែលភាគច្រើនរស់នៅក្នុងប្រទេសចិន និងមិនមានការបង្ហាញណាមួយថា វីរុសនឹងបញ្ឈប់ការរាលដាលជារៀងរហូតនោះទេ។

ការចំណាយចុងក្រោយ សម្រាប់ឧស្សាហកម្មទេសចរណ៍នៅកម្ពុជា មិនទាន់ត្រូវបានគណនានៅឡើយទេ ប៉ុន្តែក្រុមអ្នកជំនាញបានព្រមានថា តួលេខកាលពីឆ្នាំមុនរបស់ភ្ញៀវអន្តរជាតិចំនួន៦,៦លាននាក់ (ដែលរកចំណូលបាន៥ពាន់លានដុល្លារសម្រាប់សេដ្ឋកិច្ច) និងភ្ញៀវទេសចរក្នុងស្រុកចំនួន១១,៥ លាននាក់៕

លោកឧកញ៉ានួន រិទ្ធី ប្រាប់ពីវិធីសាស្ត្រធ្វើជាអ្នកជំនួញឲ្យបានជោគជ័យ ទាំងវ័យក្មេង

ដោយៈ រ៉ាណេត

ភ្នំពេញៈ នៅពេលនិយាយពីការធ្វើជំនួញ គេតែងនឹកធំបំផុតគឺការត្រៀមនូវកញ្ចប់ថវិកាបម្រុងសម្រាប់ធ្វើជាដើមទុន នៅពេលចាប់ផ្តើមដំណើរការអាជីវកម្ម ឬមុខជំនួញ។

ចំណុចនេះត្រូវបានលោកឧកញ៉ា នួន រិទ្ធី ដែលជាអ្នកប្រឡូកនៅក្នុងពិភពជំនួញច្រើនប្រភេទ និងកំពុងទទួលបានភាពជោគជ័យនោះបានទទួលស្គាល់ ជាមួយនឹងការផ្តល់បន្ថែមនូវចំណុចចាំបាច់មួយចំនួនទៀត ដែលជួយពង្រឹងភាពជោគជ័យនៅក្នុងអាជីវកម្ម។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យដែលកំពុងមានកេរ្តិ៍ឈ្មោះបោះសំឡេង Khmer Foundation Appraisal បានលើកឡើងថា ភាពជោគជ័យនៅក្នុងការធ្វើអាជីវកម្ម និងមុខជំនួញណាមួយ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាត្រូវទាមទារឱ្យមានការរៀបចំផែនការ យុទ្ធសាស្ត្រសម្រាប់អនុវត្ត ភាពអត់ធ្មត់ រួមជាមួយភាពវៃឆ្លាតក្នុងការចេះទំនាក់ទំនងទូទៅនៅក្នុងសង្គមជំនួញ។

លោកឧកញ៉ាបានបន្តថា “ក្រៅពីភាពអំណត់ ការចេះធ្វើផែនការអាជីវកម្ម ការធ្វើយុទ្ធសាស្ត្រទីផ្សារ និងកិច្ចទំនាក់ទំនង គឺសុទ្ធតែជាធាតុផ្សំសំខាន់មិនអាចខ្វះបាន ហើយរឹតតែចាំបាច់បន្ថែមពីនេះ គឺការចេះស្វែងយល់ និងសិក្សាបន្ថែមពីមនុស្សនៅជុំវិញខ្លួន ដែលជាអ្នកស្ថិតនៅក្នុងសង្គមជំនួញ រាប់ទាំងអ្នកជោគជ័យ និងអ្នកបរាជ័យ ដើម្បីបានដឹងពីចំណុចខ្លាំង និងចំណុចខ្សោយ យកមកពិចារណា ដើម្បីរៀបចំផែនការថ្មីផ្ទាល់ខ្លួនសម្រាប់អនុវត្ត”។

អ្នកជំនួញដែលកំពុងតែទទួលបានផ្លែផ្កា ពីការធ្វើអាជីវកម្ម និងការវិនិយោគ ជាពិសេសប្រឡូកនៅក្នុងវិស័យអចលនទ្រព្យនាពេលបច្ចុប្បន្ន លោកឧកញ៉ា នួន រិទ្ធី បានលើកឡើងពីចំណុចសំខាន់ៗចំនួន៤ ដែលត្រូវតែអនុវត្តនៅក្នុងការធ្វើជំនួញ រួមមានដូចជា ៖

ទី១- មានភាពអត់ធ្មត់

“ភាពអត់ធ្មត់” គឺជាមេរៀនដែលអ្នកវិនិយោគវ័យក្មេង ឬខ្វះបទពិសោធន៍ត្រូវរៀនសូត្រ។ ពួកគេរមែងចង់បានលទ្ធផលភ្លាមៗ។ ដើម្បីទទួលបានភាពជោគជ័យត្រូវការពេលវេលាយ៉ាងតិចក៏១០-១៥ឆ្នាំដែរ។

ទី២- កុំឆាប់ផ្តល់រង្វាន់ខ្លួនឯង

គួរយកផលចំណេញដែលទទួលបានទៅវិនិយោគបន្ត។ មនុស្សជាច្រើនតែងដកផលចំណេញទៅចាយវាយ ដើម្បីជាការអោយរង្វាន់ខ្លួនឯង។

ទី-៣ បន្ថែមគ្រាប់ពូជជានិច្ច

ត្រូវចេះសន្សំប្រាក់ខែ និងប្រភពចំណូលផ្សេងៗ ដើម្បីបង្កើនទុនវិនិយោគបន្ថែម។ យ៉ាងហោចណាស់ ក៏គួរតែសន្សំអោយបាន៥០ភាគរយ នៃប្រាក់ខែដែលរកបានដោយលំបាកដែរ។

ទី-៤ ដុសខាត់បញ្ញាជាប់ជាប្រចាំ

មិនត្រូវមោទនភាពនឹងភាពជោគជ័យ ឬចំណេះដឹងដែលខ្លួនមាននោះទេ។ ត្រូវខិតខំរៀនសូត្រ និងស្រាវជ្រាវចំណេះដឹងថ្មីៗជាប់ជាប្រចាំ៕

ក្រុមហ៊ុនយក្សរបស់ចិននៅតែបន្តសាងសង់គម្រោងធំៗនៅកម្ពុជាយ៉ាងសកម្មទោះបីមានវិបត្តិសេដ្ឋកិច្ចពិភពលោក

ដោយគង់ សូរិយា

ភ្នំពេញ  ក្រុមហ៊ុនអចលនទ្រព្យយក្ស Prince Real Estate Group បានប្រកាស បន្ថែមទុនអោយបាន២០ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល១០ឆ្នាំខាងមុខ ខណៈបច្ចុប្បន្ន ក្រុមហ៊ុននេះបានបោះទុនវិនិយោគនៅកម្ពុជា លើគម្រោងអចលនទ្រព្យ ជាង៤ប៊ីលានដុល្លារអាមេរិករួចហើយ។

លោកលី មីន ថ្លែងនៅក្នុងសន្និសីទកាសែតមួយ បន្ទាប់ពីចុះហត្ថលេខា ជាមួយក្រុមហ៊ុនបី ក្នុងការបើកដំណើរការហាងនៅក្នុងPrince Plaza Internationalកាលពីពេល​ថ្មីៗនេះថា ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត នឹងឈរលំដាប់កំពូល ជាក្រុមហ៊ុនអន្តរជាតិវិនិយោគនៅក្នុងប្រទេសកម្ពុជា  ដោយបានវិនិយោគនៅគម្រោងអចលនទ្រ​ព្យធំៗជាច្រើន ជាក់ស្ដែងគម្រោងព្រីនស៍ផ្លាហ្សានៅបណ្ដោយផ្លូវ ព្រះនរោត្តម គម្រោងព្រីនស៍ផ្លាហ្សា អ៊ីនធើណេតសិនណលនៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី និងគម្រោងមួយចំនួនទៀតនៅក្នុងខេត្តព្រះសីហនុជាដើម។

លោកបន្តថា “ចាប់តាំងពីយើងបានមកវិនិយោគនៅក្នុងប្រទេសកម្ពុជា យើងបានបោះទុនវិនិយោគសរុប ជាង៤ពាន់លានដុល្លារអាមេរិកមកហើយ ហើយយើងនឹងបន្ថែមទុនតាមតែអាចធ្វើបាន”។

លោកបន្តថា ក្រុមហ៊ុននៅតែមើលឃើញពីសក្ដានុពល វិនិយោគនៅក្នុងប្រទេសកម្ពុជា ស្របពេលដែលកំណើនសេដ្ឋកិច្ចប្រទេសនេះ បានរក្សាលំនឹងមួយល្អប្រសើរ ជាពិសេសគឺរក្សាបាននូវស្ថេរភាពនយោបាយក្នុងស្រុក ។ ដោយមើលឃើញពីសក្ដានុពលទាំងនេះហើយ ក្រុមហ៊ុននឹងបន្ថែមទុនវិនិយោគឲ្យបាន២០ពាន់លានដុល្លារអាមេរិក នៅក្នុងរយៈពេល១០ឆ្នាំខាងមុខទៀត ដោយក្រុមហ៊ុនបានរៀបចំនូវគម្រោងរបស់ខ្លួនរួចស្រេចហើយ ក្នុងនោះខេត្តព្រះសីហនុ  ភ្នំពេញ និងសៀមរាប គឺជាទីតាំងអាទិភាពរបស់ខ្លួន ក្នុងបណ្ដាក់ទុនវិនិយោគបន្ថែម ។

លោកលី មីនបានបន្ថែមថា រាល់ការវិនិយោគលើគម្រោងនានា នៅក្នុងប្រទេសកម្ពុជា របស់ព្រីនស៍រៀលអ៊ីស្ទេត ក៏ទទួលបានជោគជ័យផងដែរ ជាក់ស្ដែងព្រីនស៍ផ្លាហ្សាអ៊ីនធើណេតសិនណល ដែលបានសាងសង់ជាងកន្លះឆ្នាំមកហើយនោះ គឺមានក្រុមហ៊ុននិងហាងជាច្រើនបានចុះហត្ថលេខា ដើម្បីដាក់ទីតាំងនៅក្នុងមជ្ឈមណ្ឌលនោះ នៅពេលសាងសង់ហើយ ជាក់ស្ដែងក្រុមហ៊ុនដែលបានចុះហត្ថលេខាជាមួយបណ្ដាដៃគូ៥ ដើម្បីបើកដំណើរការហាងនៅក្នុងមជ្ឈមណ្ឌល ព្រីនស៍ផ្លាហ្សាអ៊ីនធើណេតសិនណល។

លោកបញ្ជាក់ថា គម្រោងអចលនទ្រព្យរបស់ក្រុមហ៊ុនព្រីនស៍ រៀលអ៊ីស្ទេតគ្រុប បានរីកដុះដាលនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ហើយទទួលបាននូវសមិទ្ធិផលគួរអោយកត់សម្គាល់ ។ ព្រីនស៍រៀលអ៊ីស្ទេត គ្រុប នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានទីតាំង នៅកណ្ដាលនៃខណ្ឌធំៗ ចំនួន៣នៅភ្នំពេញ ហើយក៏មានគម្រោងពង្រីកអោយបានគ្រប់ខណ្ឌទាំងអស់នៅក្នុងរាជធានីភ្នំពេញផងដែរ។

លោកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឈន៍លំនៅដ្ឋានកម្ពុជាបានមានប្រ​សាសន៍ថា វិស័យអចលនទ្រព្យនិងសំណង់នៅកម្ពុជា នឹងបន្តរីកចម្រើនរយៈពេល៥ទៅ១០ឆ្នាំទៀត ដោយសារកម្ពុជានៅមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចបន្តមានភាពរ៉ឹងមាំរយៈពេលវែងបន្តទៀត៕

ចិនសន្យាបង្កើនល្បឿនសាងសង់ព្រលានយន្តហោះថ្មី ខណៈខេត្តសៀមរាបនៅតែមានសក្តានុពលលើវិស័យទេសចរណ៍

ភ្នំពេញ មន្រ្តីជាន់ខ្ពស់បក្សនៃខេត្តយូណាន ប្រទេសចិនប្រកាសពន្លឿនការសាងសង់ព្រលានយន្តហោះអន្តរជាតិ នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលការដ្ឋានសាងសង់បាននិងកំពុងចាប់ផ្តើមបណ្តើរៗ។

ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរថ្មី ត្រូវសាងសង់នៅពេលឆាប់ៗខាងមុខនេះ ដោយក្រុមហ៊ុនចិន YUNAN DEVELOPMENT GROUP គ្រោងវិនិយោគនូវទឹកប្រាក់៩០០លានដុល្លារ អាមេរិក ដែលមានកុងត្រារយៈពេល៥៥ឆ្នាំ នៅស្រុកសូតនិគមលើផ្ទៃដី៧០០ហិកតា។

លោកកៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ឲ្យដឹងក្រោយជំនួបរវាងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក ឈិន ហាវមន្រ្តីជាន់ខ្ពស់ចិន បានបញ្ជាក់ឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជានាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិ​បត្តិការរវាងកម្ពុជា ជាមួយនឹងខេត្តយូណាន ប្រទេសចិន។ លោកបានបន្តថា បច្ចុប្បន្នខេត្ដយូណាន មានក្រុមហ៊ុនចំនួន២៥ បាននិងកំពុងវិនិយោគ នៅក្នុងប្រទេសកម្ពុជា ដែលមានទុនជិត១ពាន់លានដុល្លារសហរដ្ឋអាមេរិក។

លោកក៏បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា ខេត្តយូណាន គឺជាខេត្តមួយ ដែលមានការរីកចម្រើន លើវិស័យទេសចរណ៍ ដោយមានភ្ញៀវទេសចរទៅទស្សនា យ៉ាងច្រើន។ ក្នុងន័យនេះ លោកចង់ឲ្យមានកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យទេសចរណ៍នេះ ដោយជួយជំរុញឲ្យចំនួនភ្ញៀវទេសចរ ដែលបានទៅទស្សនានៅក្នុងខេត្តយូណាន បន្តមកទស្សនានៅក្នុងប្រទេសកម្ពុជា។ លោកស្នើដល់សម្តេចឲ្យបន្តគាំទ្រដល់វិនិយោ​គិន មកពីខេត្តយូនណាន ដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ព្រមជាមួយនោះ លោកបានប្ដេជ្ញាថា នឹងបង្កើនល្បឿននៃការសាងសង់ អាកាសយានដ្ឋានថ្មី នៅក្នុងខេត្តសៀមរាប របស់ប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ខេត្តយូណាន គឺជាខេត្តដែលជាប់ទៅនឹងតំបន់អាស៊ាន ក្នុងន័យនេះ សម្តេចជំរុញឲ្យបន្តទំនាក់ទំនងរវាងកម្ពុជា និងខេត្តយូណាន។ សម្ដេចចង់ឲ្យមានការបង្កើនទំហំពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តយូណាន ឲ្យកាន់តែមានទំហំច្រើនបន្ថែមទៀត។សម្តេចបន្តថា ដោយសារតែខេត្តយូណាន គឺជាខេត្តដ៏មានសក្តានុពលជាច្រើន សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជានោះ សម្ដេចបានស្នើឲ្យក្រុមហ៊ុនរបស់ខេត្ដយូណាន ទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ សូមនៅតែបន្តវិនិយោគនៅក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្នទំហំពាណិជ្ជកម្ម រវាងចិន និងកម្ពុជាមានទំហំធំណាស់ ដែលមានទំហំទឹកប្រាក់ជាង៦ពាន់លានដុល្លារអាមេរិក ដូច្នេះការរក្សាបាន និងបង្កើនទំហំពាណិជ្ជកម្មថែមទៀតនេះ គឺទាមទារឲ្យក្រុមហ៊ុនចិនបន្តវិនិយោគ នៅក្នុងប្រទេសកម្ពុជា។ សម្តេចបានលើកឡើងដែរថា ចិន គឺជាដៃគូយុទ្ធសាស្ត្រពិតសម្រាប់ប្រទេសកម្ពុជា។

រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកជា អូនបានមាន​ប្រសាសន៍ថា បច្ចុប្បន្នក្រុមហ៊ុនចិនបាននិងកំពុងដំណើរការសាងសង់ និងធ្វើតេស្តដីព្រ​លានយន្តហោះអន្តរជាតិខេត្តសៀមរាបហើយ ដោយនាពេលខាងមុខនេះសម្តេចតេជោ​ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជានឹងអញ្ជើញជាអធិបតី ក្នុងការបើកការដ្ឋានសាងសង់ព្រ​លានយន្តហោះនេះ។

លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រ​សាសន៍ថា ការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប នឹងជាជម្រើសថ្មីមួយសំរាប់ក្រុមហ៊ុនអាកាសចរណ៍នានា អាចចុះចតយន្តហោះខ្នាតធំបាន ដែលវានឹងទាក់ទាញភ្ញៀវទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍កាន់តែច្រើនកាន់តែច្រើនចុះចតនៅព្រលាន​យន្តហោះនេះ។លោកស្រីបន្តថា ព្រលានយន្តហោះនេះ ក៏អាចជាចំណុចតភ្ជាប់ទៅកាន់​បណ្តាប្រទេសក្នុងតំបន់ផងដែរ ដែលវានឹងជំរុញឲ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្មកម្ពុជាកាន់តែប្រសើរថែមទៀត។

លោកស្រីបន្តថា “វាជាចំណុចចាប់ផ្តើមដ៏ល្អ វានឹងធ្វើឲ្យវិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើននាពេលអនាគត”៕

ចំណេះដឹង! តើអ្នកលក់និងអ្នកទិញអចលនទ្រព្យមានសិទ្ធិអ្វីខ្លះ?

ដោយវុត្ថា

ភ្នំពេញៈ ទាំងអ្នកលក់ និងអ្នកទិញអាចជានីតិបុគ្គល ឬរូបវន្តបុគ្គលដែលមានសញ្ជាតិខ្មែរ ឬបរទេសត្រូវមានសិទ្ធិគ្រប់គ្រាន់ក្នុងទិញលក់ និងកាន់កាប់អចលនទ្រព្យនៅកម្ពុជា។

ភាគីទាំងពីរត្រូវមានសិទ្ធិពេញលេញ ក្នុងការចុះកិច្ចសន្យា ឬផ្តិតមេដៃនៅលើកិច្ចសន្យាទិញលក់។

ទាក់ទងនឹងករណីកិច្ចរបស់អ្នកទិញវិញ គេអាចនិយាយដោយខ្លីថាអ្នកទិញមានកាតព្វកិច្ចបង់ថ្លៃទៅតាមតម្លៃ ដែលបានព្រមព្រៀងគ្នាតាមកាលបរិច្ឆេទ និងទីកន្លែងដែលបានកំណត់នៅក្នុងកិច្ចសន្យា។ ចំណែកអ្នកលក់វិញ ត្រូវផ្ទេរសិទ្ធិគ្រប់គ្រងអចលនទ្រព្យដែលបានព្រមព្រៀងលក់នោះទៅឲ្យអ្នកទិញ ។

ក្នុងករណីការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យ ត្រូវធ្វើនៅពេលក្រោយបន្ទាប់ពីរយៈពេលណាមួយ អ្នកលក់មានករណីយកិច្ចថែរក្សា អចលនទ្រព្យនោះឲ្យបានគង់វង្ស និងមានគុណភាពល្អដូចមាន កំណត់ក្នុងកិច្ចសន្យាពីដំបូង រហូតដល់ពេលប្រគល់ទៅឲ្យអ្នកទិញ។ ប្រសិនមានការខូចខាតនោះ អ្នកលក់ត្រូវទទួលខុសត្រូវ ចំពោះអ្នកទិញទៅតាមអ្វីដែលបានចែងក្នុងកិច្ចសន្យា៕

ខុនដូលំដាប់ផ្កាយ៥តម្លៃជិត៣០៥លានដុល្លារនឹងលេចរូបរាងក្នុងព្រះសីហនុ

ដោយ ប៊ី

ភ្នំពេញៈ គម្រោង Prince Tian XI Wan ដែលជាគម្រោងអភិវឌ្ឍចម្រុះដ៏ធំបំផុតមួយនៅក្នុងខេត្តព្រះសីហនុជាមួយ នឹងទុនវិនិយោគ៣០៤,៩ និងត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC) គ្រោងនឹងបញ្ចប់នៅក្នុងខែមីនា ឆ្នាំ២០២៣។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីខែមិថុនា ឆ្នាំ ២០១៩ បានអនុម័ត “PRINCE TIAN XI WAN CO., LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៣០៤,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤.៨៦០កន្លែង។

ក្រុមហ៊ុនបានឱ្យដឹងថា គម្រោង Prince Tian XI Wan មានរួមបញ្ចូលជាមួយនឹង សណ្ឋាគារលំដាប់ផ្កាយ៥ ខុនដូប្រណីត និងផ្សារទំនើប ដែលមាន ហាងទំនិញរួចពន្ធអន្ដរជាតិធំជាងគេ រោងភាពយន្ដ IMAX និងកន្លែងកម្សាន្ដតាមមាត់សមុទ្រជាច្រើនផ្សេងទៀត។

អាគារភ្លោះកម្ពស់២៩ជាន់នៅក្នុងគម្រោង មានអាផាតមិនប្រណីតសរុបទាំងអស់ចំនួន១០៣៨យូនីត និងមានសណ្ឋាគារប្រណីតចំនួន៣៩៣បន្ទប់ផងដែរ។ គម្រោងនេះមានសួនច្បារពណ៌បៃតង នៅលើដំបូលអគារ ដែលលាតសន្ធឹងទំហំ១៣០០០ម៉ែត្រការ៉េ និងចំណតរថយន្ត មានទំហំធំទូលាយរហូតទៅដល់២៥,០០០ម៉ែត្រការ៉េ ដែលមានកន្លែងចតរថយន្ដសរុប ទាំងអស់១៣២៨កន្លែង។

ក្រុមហ៊ុនបន្ថែមថា “គម្រោងនេះគ្រោងនឹងបញ្ចប់នៅក្នុងខែមីនា ឆ្នាំ២០២៣”។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Easy Property Investment Co,.Ltd លោក ម៉ម សិរីបញ្ញា បានទទួលស្គាល់ពីភាពល្អប្រសើរជាបណ្តើរៗ នៃក្រុងព្រះសីហនុ ប៉ុន្តែពាក់ព័ន្ធទៅនឹងស្ថានភាព និងតម្លៃអចលនទ្រព្យនៅទូទាំងខេត្តព្រះសីហនុ មានសភាពយ៉ាងណានោះ លោកថាត្រូវចំណាយពេលសិក្សា និងទន្ទឹងរង់ចាំមើលពីល្បឿននៃការអភិវឌ្ឍបន្តិចទៀត។

លោកបញ្ជាក់ថា “តម្រូវការនៃការប្រើប្រាស់ដីធ្លី ក៏ដូចជាសំណង់អគារស្នាក់នៅ ពេលនេះហាក់មិនទាន់មានភាពល្អប្រសើរនោះទេ ពោលគឺនៅតែរក្សាភាពស្ងប់ស្ងាត់ដដែ​ល ប៉ុន្តែសភាពបែបនេះអាចនឹងមានការប្រែប្រួលនៅពេលដ៏ខ្លីខាងមុខនេះ”។

លោកបានបន្តទៀតថា “ស្ថានភាពជាក់ស្ដែងនៅក្នុងក្រុងព្រះសីហនុ នាពេលនេះ ក្រៅពីសកម្មភាព នៃការសាងសង់គម្រោងដែលបន្សល់ពីឆ្នាំចាស់នោះ ហាក់នៅមិនទាន់ឃើញមានសំណង់ថ្មី ដែលជាគម្រោងថ្មីណាមួយ ដែលមានទ្រង់ទ្រាយធំនៅឡើយនោះទេ”៕

អ្នកជំនាញៈ អ្នកមានលុយគួរទិញអចលនទ្រព្យទុកក្នុងបរិបទនៃវិបត្តិ Covid-19 ?

ដោយៈ រ៉ាណេត

ភ្នំពេញៈ នៅក្នុងស្ថានភាពប្រឈមជាមួយនឹងវិបត្តិនៃជំងឺ Covid-19  ដែលកំពុងរាតត្បាតជាសាកលនាពេលបច្ចុប្បន្ននេះ ត្រូវបានអ្នកជំនាញលើកឡើងស្រដៀងគ្នាថា សម្រាប់អ្នកមានលុយច្រើន គួរទិញអចលនទ្រព្យទុក នៅក្នុងដំណាក់កាលនេះ ដែលវានឹងផ្តល់ផលចំណេញខ្ពស់នៅក្នុងពេលដ៏ខ្លីខាងមុខនេះ។

អ្នកវិភាគទិន្នន័យក្នុងវិស័យអចលនទ្រព្យ លោក ហ៊ឹម សីហា បានមានប្រសាសន៍កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះថា ក្រុមហ៊ុនក្នុងស្រុកអាចមានឱកាសល្អ ក្នុងការប្រមូលទិញអចលនទ្រព្យ ស្របពេលមានបញ្ហាCovid-19 នេះ ព្រោះក្រុមហ៊ុនក្នុងស្រុក អាចមានឱកាសវាយលុកមុន នឹងឈរជើងរឹងមាំ ខណៈដែលក្រុមហ៊ុនក្រៅប្រទេស មិនសូវចាប់អារម្មណ៍។

លោកបានបញ្ជាក់ថា “ធម្មតានៅក្នុងព្យុះ វាមានកូនឱកាស មានន័យថាក្រុមហ៊ុន Local អាចមានលទ្ធភាពឈរជើងរឹងមាំ អីចឹងឱកាសមានច្រើនរូបភាព ទីមួយខាងក្រៅប្រទេស មិនសូវចាប់អារម្មណ៍ អីចឹងយើងជា Local អាចមានឱកាសវាយលុក ហើយនៅក្នុងនោះអ្នក ដែលអាចមានលទ្ធភាព ប្រមូលទិញអចលនទ្រព្យ ក្នុងពេលដែលគេចង់លក់ គឺគាត់មានឱកាសចរចាច្រើន ហើយការអភិវឌ្ឍន៍គម្រោងធំៗ គាត់អាចមានឱកាសច្នៃ មិនមែនសម្រាប់ឆ្នាំនេះទេ តែសម្រាប់ប៉ុន្មានឆ្នាំខាងមុខ នៅពេលដែលស្ថានភាពល្អជាងនេះ” ។

លោកហ៊ឹម សីហា បានលើកឡើងឱ្យថា សម្រាប់ស្ថានភាពដូចពេលបច្ចុប្បន្ន វិស័យអចលនទ្រព្យ មិនមានការប្រែប្រួលខ្លាំងនោះទេ ហើយធាតុពិតនៃការទិញលក់នៅលើទីផ្សារក្នុងស្រុក ក៏នៅតែបន្តមានសកម្មភាពដដែល ហើយសម្រាប់ពាក្យថាទីផ្សារអចលនទ្រព្យធ្លាក់ចុះ អាចភាគច្រើនអ្នកនៅក្រៅវិស័យនិយាយតែប៉ុណ្ណោះ។

ស្រដៀងគ្នាទៅនឹងការជំរុញឱ្យអ្នកមានលុយច្រើនទិញអចលនទ្រព្យ លោកឧក​ញ៉ា​គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ KW Cambodia និងជានាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Real Estate បានបញ្ជាក់តាមរយៈបណ្តាញទំនាក់ទំនង់អេឡិចត្រូនិកថា នៅក្នុងអំឡុងពេលដែលគេមានការភ័យខ្លាចជំងឺ Covid-19 ស្របទៅនឹងការនិយាយតគ្នានៅមជ្ឈដ្ឋានខាងក្រៅថា ទីផ្សារអចលនទ្រព្យកំពុងជួបវិបត្តិជាប់គាំងនោះ លោកបានប្រកាសទទួលទិញ នូវរាល់អចលនទ្រព្យទាំងឡាយណា ដែលម្ចាស់ទ្រព្យចង់លក់ចេញ។

លោកឧកញ៉ាបញ្ជាក់ទៀតថា “នៅក្នុងដំណាក់កាលនេះ ត្រូវចេះថែរក្សា និងការ​ពារខ្លួនកុំឱ្យមានCovid-19 ហើយកុំចេះតែShare ឬ Like ព័ត៌មានមិនពិតពី Covid-19”។ លោកបានបន្តទៀតថា “នៅក្នុងរាល់បញ្ហាតែងមានឱកាស ហើយឥលូវជាឱកាសដើម្បីទិញអចលនទ្រព្យល្អៗក្នុងតម្លៃសមរម្យបំផុត”។

លោកបន្ថែមថា បើមានអ្នកលក់ដី ផ្ទះ រោងចក្រ ឃ្លាំង សំណង់អគារផ្សេងៗ ដែលត្រូវការលក់ឆាប់ក្នុងតម្លៃដូចឆ្នាំ២០១៦ ឬតម្លៃឆ្នាំ២០១៧ អាចទាក់ទងខ្ញុំបាន”៕

រដ្ឋាភិបាលរៀបផែនការដោយគ្រោងប្រើប្រាស់ថវិកា៦០លានដុល្លារ ដើម្បីទប់ស្កាត់ ជំងឺកូវីដ១៩ជំហ៊ានដំបូង

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋាភិបាលបាននិងកំពុងរៀបចំផែនការមេ ដែលនឹងត្រូវប្រើប្រាស់ថវិកាប្រមាណ ៦០លានដុល្លារអាមេរិកក្នុងរយៈពេល១ឆ្នាំ ដើម្បីប្រយុទ្ធប្រឆាំងជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (COVID-19) ដែលបាននិងកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា និងពិភពលោក។

លោកវង្សី វិស្សុត  រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  នៅកិច្ចប្រជុំពិភាក្សា ជាមួយដៃគូពាក់ព័ន្ធអំពីផែនការមេ ប្រយុទ្ធប្រឆាំងជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (COVID-19)នាថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២០ នេះ បានស្នើដល់បណ្តាដៃគូទាំងអស់ ពិនិត្យលទ្ធភាពផ្តល់ការគាំទ្រជាហិរញ្ញប្បទាន សម្រាប់អនុវត្តផែនការមេនេះ ទៅតាមអាទិភាព និងលទ្ធភាពរបស់ស្ថាប័នរៀងៗខ្លួន ហើយសល់ពីនេះនឹងត្រូវបំពេញដោយប្រភពពីថវិការាជរដ្ឋាភិបាលផ្ទាល់ ជាពិសេសសម្រាប់គាំទ្រដល់ការអនុវត្ត នូវវិធានការឆ្លើយតបភ្លាមៗ នៅក្នុងសេណារីយ៉ូទី១។

លោកបន្តថា “វិធានការឆ្លើយតប ត្រូវមានលក្ខណៈសមស្របតាមសភាពការណ៍ នៃការផ្ទុះជំងឺ តែក៏មិនគួរជ្រុលហួសហេតុពេកនោះដែរ”។ លោកបន្ថែមថា “ប៉ុន្តែក៏មិនអាចមើលស្រាល ស្ថានការណ៍បានដែរ ក្នុងខណៈដែលផលប៉ះពាល់ នៃជំងឺនេះមិនត្រឹមតែប៉ះពាល់ ដល់សុខភាពមនុស្សប៉ុណ្ណោះទេ តែថែមទាំងផ្តល់ នូវបច្ច័យអវិជ្ជមាន មកលើសេដ្ឋកិច្ច និងសង្គមទាំងមូលផងដែរ ជាពិសេសយើងត្រូវត្រៀមខ្លួនឱ្យបានល្អ ក្នុងការទប់ស្កាត់ការឆ្លង និងការប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺ COVID-19 ឱ្យបានទាន់ពេលវេលា សំដៅធ្វើយ៉ាងណាការពារ កុំឱ្យប្រទេសកម្ពុជារបស់យើង កុំធ្លាក់ចូលទៅក្នុងសេណារីយ៉ូអាក្រក់ នៃការឆ្លងរីករាលដាលនៃជំងឺនេះ”។

លោកបន្តថា ទន្ទឹមនឹងនេះ យើងក៏ត្រូវជំរុញ អនុវត្តនូវបណ្តាវិធានការទាំងឡាយ ដែលបានដាក់ចេញជាបន្តបន្ទាប់ ដើម្បីសម្រាលផលប៉ះពាល់ចំពោះ វិស័យដែលរងផលប៉ះពាល់ខ្លាំង និងដើម្បីធានា ឱ្យសកម្មភាព សេដ្ឋកិច្ចជាតិទាំងមូល នៅតែអាចដំណើរការជាប្រក្រតី ហើយអាចរក្សាការងារ ប្រាក់ចំណូល និងលំនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

លោកវង្សី វិស្សុតបានបន្តថា ទោះបីកម្ពុជាមានគោលនយោបាយថ្នាក់ជាតិ ក្នុងការទប់ស្កាត់ និងការពារជំងឺឆ្លងក្តី ប៉ុន្តែផ្អែកលើស្ថានភាពបច្ចុប្បន្ន ការរៀបចំឱ្យមានផែនការមេប្រយុទ្ធប្រឆាំងជំងឺ COVID-19 នេះ គឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំងនៅក្នុងការដោះស្រាយជាលក្ខណៈយុទ្ធសាស្រ្ត ដោយមានកិច្ចសហការជាមួយភាគីពាក់ព័ន្ធ និងដៃគូទាំងអស់ ។

លោកបញ្ជាក់ទៀតថា ជារួមផែនការមេនេះ មានគោលដៅជាយុទ្ធសាស្រ្តសំខាន់ៗដូចជា៖ ១)កាត់បន្ថយការឆ្លងជំងឺ COVID-19 ២)ការពារ និងកាត់បន្ថយជំងឺគ្រោះថ្នាក់ផ្សេងៗដែលពាក់ព័ន្ធជំងឺ COVID-19 និងកាត់បន្ថយការស្លាប់ ៣)ធានាឱ្យបាននូវប្រសិទ្ធភាពសេវាសុខាភិបាល ជាពិសេសនៅពេលមានការរីករាលដាលខ្លាំង និង ៤) កាត់បន្ថយនូវផលប៉ះពាល់ មកលើសេដ្ឋកិច្ច និងសង្គម តាមរយៈវិធានការការ ឆ្លើយតបជាអន្តរវិស័យ ។

លោកថា “ផែនការមេនេះត្រូវបានគ្រោងឡើង សម្រាប់អនុវត្តរយៈពេល១ឆ្នាំ ក្នុងសេណារីយ៉ូចំនួន៣ ទៅតាមសភាពការណ៍ នៃការផ្ទុះជំងឺ ដោយគ្រោងប្រើប្រាស់ថវិកា សរុបចំនួនប្រមាណ៦០លានដុល្លារអាមេរិក”៕

តម្រូវការថាមពលអគ្គិសនីក្នុងតំបន់អាស៊ានហក់ឡើងដល់៦០%នៅឆ្នាំ២០៤០

ដោយ ហ្សូលី

ភ្នំពេញៈ កំណើននៃការប្រើប្រាស់ថាមពលអគ្គិសនី ដែលជាតម្រូវការចាំបាច់សម្រា​ប់ប្រជាជនទូទាំងតំបន់អាស៊ាន នឹងហក់ឡើងដល់ទៅ៦០%នៅឆ្នាំ២០៤០ខាងមុខ។

តំបន់អាស៊ីអាគ្នេយ៍ កំពុងឆ្ពោះទៅរកភាពគ្រប់គ្រាន់ នៃការប្រើប្រាស់អគ្គិសនីនៅឆ្នាំ ២០៣០ ខណៈដែលកំណើនប្រជាជនក្នុងតំបន់ កាន់តែកើនឡើងរាប់ពាន់លាននាក់ ប៉ុន្តែយ៉ាងណា៏ដោយ ប្រជាជន៤៥លាននាក់ក្នុងតំបន់អាស៊ាន នៅតែមិនទាន់អាចមានភ្លើងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។

ជារៀងរាល់ឆ្នាំ តម្រូវការថាមពលអគ្គិសនី ជាមធ្យមមានអត្រាកើនឡើងចំនួន៦% ដែលជាអត្រាខ្ពស់មួយលើពិភពលោក អំឡុងពេលដែលដែលថាមពលកកើតឡើងវិញមានត្រឹម១៥ភាគរយប៉ុណ្ណោះនៃតម្រូវការទាំងមូល។

ទីផ្សារថាមពលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានភាពលូតលាស់យ៉ាងឆាប់រហ័ស។ មូលហេតុមានច្រើនយ៉ាង ដោយសារតែពិភពលោកឡើងកម្តៅ ដូច្នេះការប្រើប្រាស់ម៉ា​ស៊ីនត្រជាក់មានទំហំច្រើនដូចគ្នា ដែលមានតួលេខប្រមាណ៣០០លានម៉ាស៊ីន នៅឆ្នាំ ២០៤០។ នេះបើតាមការព្យាករណ៍របស់សមាគមន៍ថាមពលអន្តរជាតិ (IEA)។

មួយវិញទៀតដោយសារការសិក្សាស្រាវជ្រាវ នៃបច្ចេកវិទ្យាថ្មីទំនើបៗ និងការអភិ​វឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តាមប្រទេសនិមួយៗក្នុងតំបន់អាស៊ានផងដែរ។ ដូច្នេះហើយទើបបានជាសមាគមន៍ថាមពលអន្តរជាតិ (IEA) ស្នើសុំឱ្យប្រទេសទាំងអស់កំណត់គោលដៅនៃការប្រើប្រាស់ថាមពល និងរៀបចំការចែករំលែកថាមពលកកើតឡើងវិញ យ៉ាងហោចណាស់៧០ភាគរយ ក្នុងឆ្នាំ ២០៤០៕