ផ្សារទំនើប FURI Times Squareកាន់តែទទួលបានការគាំទ្រពីអតិថិជនទ្វេដង

ដោយៈរ៉ាណេត      

ព្រះសីហនុៈ ចាប់តាំងពីបើកដំណើរការកាលពីចុងឆ្នាំ២០១៩ រហូតមកដល់ពេលនេះ ផ្សារទំនើប FURI Times Square កាន់តែទទួលបានការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើនគួរជាទីមោទន ដែលក្នុងនោះមានទាំងជនជាតិបរទេស និងប្រជាជនក្នុងស្រុកផងដែរ។

តាមការឱ្យពីសំណាក់អ្នកចាត់ការទូទៅ នៅផ្សារទំនើបដ៏ធំលើកដំបូងគេនៅក្នុងក្រុងព្រះសីហនុ FURI Times Squareបានឱ្យដឹងនារសៀលថ្ងៃទី១២ មិនានេះថា បើទោះជាស្ថិតនៅក្នុងភាពភ្ញាក់ផ្អើលនៃជំងឺ Covid-19 ក៏ដោយ ប៉ុន្តែសម្រាប់ផ្សារទំនើបនៅក្រុងព្រះសីហនុមួយនេះ មិនមានភាពស្ងប់ស្ងាត់នោះទេ ផ្ទុយទៅវិញគឺមានកំណើននៃចំនួនអតិថិជន ក៏ដូចជាភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៍កាន់តែច្រើនជាងមុន។

លោកបានបន្តទៀតថា “គិតត្រឹមដើមខែមីនា ឆ្នាំ២០២០នេះ កំណើននៃចំនួនអតិ​ថិ​ជន និងភ្ញៀវទេសចរមកកាន់ផ្សារទំនើប FURI Times Square គឺមានគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងខែមករា និងមានសន្ទុះខ្ពស់ប្រមាណ ៣៥-៤០ភាគរយ ខណៈដែលបច្ចុប្បន្ននេះ ក្នុងមួយថ្ងៃមានសរុបក្នុងចន្លោះជាង២៥០០-៣០០០នាក់”។

លោកបានបញ្ជាក់ទៀតថា ជាមួយនឹងកំណើន នៃចំនួនអតិថិជនគាំទ្រខាងលើនេះ ក៏មានលំហូរបន្ថែម នៃចំនួនក្រុមហ៊ុនថ្មី ចូលមកសហការលក់ផលិតផល និងសេវាកម្មរបស់ខ្លួនចំនួន៤ផងដែរ ដោយនោះរួមមានក្រុមហ៊ុនលក់ទូរស័ព្ទ Huaw ei ក្លីនិក ព្យាបាល និងថែរក្សាសម្ផស្ស ធនាគារ និងក្រុមហ៊ុនលក់សម្លៀកបំពាក់ ខណៈដែលក្រុមហ៊ុនចំនួន៣ផ្សេងទៀតកំពុងតែរៀបចំតុបតែងលម្អស្ដង់ និងត្រៀមបើកជាផ្លូវការណ៍នៅមុនបុណ្យចូលឆ្នាំខ្មែរ”។

នាយកគ្រប់គ្រងទូទៅនៃហាងកាហ្វេ Starbucks ប្រចាំនៅប្រទេសកម្ពុជា និងឡាវ លោកប៉ោ លីម ដែលមានសាខានៅផ្សារទំនើប FURI Times Square ក៏បានមានប្រសាសន៍ផងដែរថា “តាមការកត់សម្គាល់របស់ខ្ញុំ ទោះជាស្ថិតនៅក្នុងស្ថានភាពនៃការភ័យខ្លាចការរាតត្បាតនៃជំងឺរលាកផ្លូវដង្ហើមនៅពេលបច្ចុប្បន្ននេះ ភាពប្រែប្រួលស្ងប់ស្ងាត់គឺមិនមាននោះទេ ហើយសម្រាប់អតិថិជនដែលគាំទ្ររសជាតិកាហ្វេ Starbucks គឺនៅតែបន្តមកដដែល”។

លោកបានបន្តទៀយថា “ជាការចូលរួមទប់ស្កាត់ជំងឺមួយនេះ បណ្តាបុគ្គលិកដែលបម្រើការងារនៅសាខា Starbuck ផ្សារទំនើប FURI Times Square បានព្យាយមថែរក្សាអនាម័យ ដោយការពាក់ម៉ាស និងប្រើទឹកអាល់កុលសម្លាប់មេរោគជាប់ជាប្រចាំ ហើយខ្ញុំជឿជាក់ថា បន្ទាប់ពីមានភាពធូរស្បើយពីបញ្ហានៃជំងឺនេះ នឹងមានមនុស្សកាន់តែច្រើនចូលមកកាន់ទីនេះ”។

បច្ចុប្បន្ននេះ នៅក្នុងផ្សារទំនើប FURI Times Square មានបណ្តាក្រុមហ៊ុនល្បីៗលំដាប់អន្តរជាតិជាច្រើន ដែលកំពុងតែដំណើរការលក់ ដែលក្នុងនោះក្រៅពីក្រុមហ៊ុនអាមេរិក Starbuck នៅមានក្រុមហ៊ុនDakasi Tea ហាងអាហារមកពីប្រទេសសាំងហ្គាពួរ ក្រុមហ៊ុន Amazone Café ក្រុមហ៊ុន KOI ក្រុមហ៊ុនលក់សម្លៀកបំពាក់ LEVI’s ក្រុមហ៊ុន NIKE ក្រុមហ៊ុន Samsonite ក្រុមហ៊ុននាឡិកាដ៏ល្បីឈ្មោះ G-Shock ក្រុមហ៊ុនលក់រថយន្ត HGB Group ក្រុមហ៊ុនទូរស័ព្ទដៃទំនើប Huawei ធនាគារ BIC Bank ក្លីនិកព្យាបាល និងថែរក្សាសម្ផស្ស រួមជាមួយក្រុមហ៊ុនល្បីៗជាច្រើនទៀត ដោយរាប់បញ្ចូលទាំងគ្រឿងសំអាងផងដែរ។

តាមរយៈផ្សារទំនើបដ៏ធំ និងទាន់សម័យ FURI Times Square នឹងនាំមកជូនអតិថិជននូវហាងលក់ផលិតផល ចំណីអាហារ សម្ភារៈប្រើប្រាស់ ដែលមានគុណភាពកម្រិតអន្តរជាតិ រួមជាមួយកម្មវិធីកម្សាន្តៗជាច្រើនទៀត ជាពិសេសបន្ទាប់ពីពិធីបើកសម្ពោធលក់ជាផ្លូវការ នៅពេលឆាប់ៗខាងមុខនេះតែម្ដង៕

ក្រុមហ៊ុនអាកាសចរណ៍ពិភពលោកនឹងខាតបង់ទឹកប្រាក់ចំនួន១១៣ ពាន់លានដុល្លារ ដោយសារ COVID-19

ដោយ ប៊ី

អន្តរជាតិៈ សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ពិភពលោក នឹងខាតបង់ទឹកប្រាក់ចំនួន១១៣ពាន់លានដុល្លារក្នុងការលក់ ប្រសិនបើមេរោគ COVID-19 នេះបន្តរីករាលដាល។

សមាគម IATA បានព្រមានការខាតបង់នេះ មានទំហំប្រហាក់ប្រហែលនឹងឧស្សា​ហកម្មអាកាសចរណ៍ ក្នុងកំឡុងពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០០៨  ខណៈការប៉ាន់ស្មានរបស់ខ្លួន ចំពោះការខូចខាតគឺបណ្តាលមកពីការផ្ទុះឡើងនៃវីរុសនេះ។ សមាគមបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍អាចបាត់បង់ ១៩% នៃអាជីវកម្មរបស់ពួកគេ ប្រសិនបើវីរុសនេះ មិនអាចគ្រប់គ្រងបានក្នុងពេលឆាប់ៗនេះ។

ទើបតែពីរសប្តាហ៍មុន សមាគម IATA បានរំពឹងថា ការលក់របស់ក្រុមហ៊ុនអាកាសចរណ៍លើពិភពលោក នឹងបាត់បង់ក្នុងទំហំទឹកប្រាក់ចំនួន៣០ពាន់លានដុល្លារ។

លោក Alexandre de Juniac នាយកប្រតិបត្តិនៃសមាគមខាងលើនេះ បានមានប្រសាសន៍ថា “ការផ្លាស់ប្តូរព្រឹត្តិការណ៍ ដែលបណ្តាលមកពីវីរុសនេះ គឺស្ទើរតែមិនមានពីមុនមកទេ។ វាមិនច្បាស់ទេថា តើវីរុសនឹងវិវត្តយ៉ាងដូចម្តេចប៉ុន្តែ … នេះគឺជាវិបត្តិ”។

បើយោងតាម IATA ក្រុមហ៊ុនអាកាសចរណ៍នៅអឺរ៉ុប និងអាស៊ីនឹងទទួលរងនូវការប៉ះពាល់ខ្លាំង។ ក្រុមហ៊ុនដឹកជញ្ជូននៅអាស៊ីប៉ាស៊ីហ្វិក អាចបាត់បង់ការលក់ដែលមានតម្លៃ៥៨ពាន់លានដុល្លារ។

លោកបានបន្ថែមថា “ប្រសិនបើវីរុសនេះ ត្រូវបានគ្រប់គ្រងក្នុងពេលឆាប់ៗនេះ ហើយសេដ្ឋកិច្ចនៅជុំវិញពិភពលោក នឹងងើបឡើងវិញយ៉ាងឆាប់រហ័ស ការខាតបង់ឧស្សា​ហកម្មអាចត្រូវបានកំណត់ត្រឹម៦៣ពាន់លានដុល្លារ”។

មានករណីឆ្លងវីរុសនេះ ដែលត្រូវបានបញ្ជាក់រួចហើយជាង៩៤ ០០០ ករណីនៅទូទាំងពិភពលោក ហើយមានអ្នកស្លាប់ជិត៣៣០០ នាក់ភាគច្រើននៅប្រទេសចិន។ កូរ៉េខាងត្បូង ជប៉ុន អ៊ីតាលី និងអ៊ីរ៉ង់ក៏ទទួលរងការប៉ះពាល់ខ្លាំងរួចទៅហើយ។

ការរឹតបន្តឹងការធ្វើដំណើរ និងកង្វះតម្រូវការពីអតិថិជន បានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ធំៗរាប់សិបក្រុមហ៊ុន លុបចោលជើងហោះហើរទៅ និងមកពីចិនដីគោកដោយសារតែមេរោគនេះ។ ជើងហោះហើរឆ្លងទ្វីបអាត្លង់ទិកក៏ ដូចជាផ្លូវនានានៅអឺរ៉ុប និងសហរដ្ឋអាមេរិកក៏ត្រូវបានកាត់បន្ថយផងដែរ៕ CNN៕

សហព័ន្ធស្រូវអង្ករគ្រោងស្នើសុំកញ្ចប់កម្ចីថវិកា ៨០ លានដុល្លារពីរដ្ឋាភិបាលសម្រាប់ទិញស្រូវ

ដោយវុត្ថា

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជាគ្រោងស្នើសុំកញ្ចប់កម្ចីថវិកាពីរដ្ឋាភិបាល ដើម្បីយកមកប្រមូលទិញស្រូវទុកសម្រាប់ទិញស្រូវនារដូវប្រមូលផលជុំទី១ និងជុំទី ១ ខណៈសំណើរនេះ នឹងលើកយកទៅសិក្សា និងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជាជាមុនសិន។

នេះ បើយោងតាមកិច្ចប្រជុំ កិច្ចប្រជុំរវាងធនាគារអភិវឌ្ឍន៍ជនបទ និងសហព័ន្ធស្រូវអង្ករកម្ពុជា ស្តីពី កញ្ចប់ថវិកាកម្ចី និងការពន្យារពេលសងត្រឡប់ប្រាក់កម្ចីកាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២០ ម្សិលមិញនេះ ដឹកនាំដោយ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងលោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។

កិច្ចប្រជុំនេះផ្តោតលើបញ្ហាមួយចំនួនទាក់ទងនឹងកញ្ចប់ថវិកាកម្ចី និងសំណើសុំពន្យារពេលសងត្រឡប់ប្រាក់កម្ចីដូចខាងក្រោម៖

១. ការត្រៀមខ្លួនលើការទិញស្រូវសម្រាប់រដូវកាលបន្ទាប់ឆ្នាំ២០២០-២០២១ ដោយសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកជាសំណើដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ឱ្យរក្សាទុកកញ្ចប់ថវិកាពិសេស ៥០ (ហាសិប)លានដុល្លារអាមេរិករបស់រាជរដ្ឋាភិបាលកម្ពុជាដែលវានបញ្ចេញកន្លងមក ទុកសម្រាប់ទិញស្រូវនារដូវប្រមូលផលជុំទីមួយខាងមុខ (ស្រូវក្រអូប: ស្រូវសែនក្រអូប) និងស្នើសុំបន្ថែមថវិកា ៣០ (សាមសិប)លានដុល្លារអាមេរិកសម្រាប់ជុំទីពីរបន្ទាប់ (ស្រូវក្រអូបប្រណិត: ស្រូវផ្ការំដួល រំដេង រមៀត សូម៉ាលី…) ហើយក៏ស្នេីបន្ថែមរយៈពេលបង្វិលសងពី ៦ខែទៅ១២ខែ។

២. រួមទាំងការស្នើសុំឱ្យមានការពន្យារពេលលើការសងត្រឡប់ចំពោះក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវមួយចំនួនក្នុងកាលៈទេសៈប្រឈមនឹងការរីករាលដាលនៃវីរុសកូវីដ-១៩ (COVID-19&) ដោយហេតុផលអ្នកនាំចេញមួយចំនួនមានការពន្យារពេលទូទាត់ពីអ្នកបញ្ជាទិញរបស់ប្រទេសនាំចូល ដែលនាំឱ្យលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវមានការខកខាន និងរាំងស្ទះ៕

កម្ពុជាអាចនឹងខាតបង់ប្រាក់ជិត ៣៥០ លានដុល្លារក្នុងឆ្នាំនេះ ខណៈប្រាក់រហូតដល់ ២ ពាន់លានដុល្លារត្រៀមសម្រាប់ជួយសេដ្ឋកិច្ច

ដោយ ប៊ី

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថា ផលប៉ះពាល់នៃជំងឺ COVID-19 នឹងអាចធ្វើឱ្យប្រទេសកម្ពុជាខាតបង់ប្រាក់ ៣៤៥.៧ លានដុល្លារក្នុងឆ្នាំ២០២០នេះ ខណៈកម្ពុជាបាននឹងត្រៀមថវិកាចន្លោះ ៨០០ ទៅ ២ ០០០ លានដុល្លារអាមេរិក ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចកម្ពុជាឱ្យមានស្ថេរភាព និងលំនឹង បើជំងឺផ្លូវដង្ហើមកូវីដ ១៩ អូសន្លាយរហូតដល់ ១ ឆ្នាំ។

 

ធនាគារ ADB បានឱ្យដឹងបែបនៅក្នុងរបាយការណ៍សង្ខេបរបស់ខ្លួនស្តីពី “អ្វីជាផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចបណ្ដាលមកពីការរីករាលដាលនៃ COVID-19 នៅអាស៊ី” ចេញកាលពីសប្ដាហ៍មុន ដែលបានព្យាករពីផលប៉ះពាល់មកលើសេដ្ឋកិច្ចរបស់ប្រទេសទាំងអស់ក្នុងតំបន់អាស៊ី បណ្ដាលពី COVID-19។

ABD បានឱ្យដឹងថា ការរីករាលដាលនៃមេរោគ COVID-19 នឹងធ្វើឱ្យប៉ះពាល់ខ្លាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងនោះរួមទាំងកម្ពុជាផងដែរ។

ADB បានបញ្ជាក់ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា អាចនឹងខាតបង់ប្រមាណជាង ១.៤០ភាគរយ ឬស្មើនឹងទឹកប្រាក់ប្រមាណជាង ៣៤៥.៧លានដុល្លារ ក្នុងករណីមានផលប៉ះពាល់កម្រិតតិចបំផុត។

របាយការណ៍ដដែលនេះ ប៉ាន់ប្រមាណទៀតថា សេដ្ឋកិច្ចកម្ពុជា អាចនឹងខាតបង់កំណើនប្រមាណជិត ២ភាគរយ ឬស្មើនឹងជាង ៤៧៣លានដុល្លារ ក្នុងករណីមានផលប៉ះពាល់កម្រិតមធ្យម ហើយកំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងបាត់បង់ក្នុងរង្វង់ជិត ៣.៥ភាគរយ ក្នុងករណីផលប៉ះពាល់មានកម្រិតខ្ពស់។

ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានកត់សម្គាល់ក្នុងសេចក្តីសង្ខេបរបស់ខ្លួនថា “របាយការណ៍នេះ គឺធ្វើឡើងក្នុងបំណងឱ្យអ្នករៀបចំគោលនយោបាយនៃបណ្ដាប្រទេសនីមួយៗរៀបចំយុទ្ធសាស្ត្រនានាក្នុងការបង្ការហានិភ័យ និងឆ្លើយតបឱ្យទាន់ពេលវេលា”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឱ្យដឹងថា កម្ពុជាបាននឹងត្រៀមថវិកាចន្លោះ ៨០០ ទៅ ២ ០០០ លានដុល្លារអាមេរិក ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចកម្ពុជាឱ្យមានស្ថេរភាព និងលំនឹង បើជំងឺផ្លូវដង្ហើមកូវីដ ១៩ អូសន្លាយរហូតដល់ ១ ឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដានៅថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០នេះ ថ្លែងឱ្យដឹងថា កម្ពុជាបានត្រៀមថាវិកាប្រមាណ ៨០០ លាដុល្លារអាមេរិកក្នុងរយៈពេល ៦ខែ ហើយបើជំងឺកូវីដ ១៩ អូសបន្លាយរយៈពេល ១ ឆ្នាំ នឹងអាចត្រៀមថវិកាជាតិប្រមាណចន្លោះ ៨០០ ទៅ ២០០០ លានដុល្លារអាមេរិកក្នុងការសង្គ្រោះសេដ្ឋកិច្ច។

សម្តេចតជោថ្លែងថា “យើងត្រៀមថវិកាប្រមាណ ៨០០ លានដុល្លារក្នុងរយៈពេល ៦ ខែ ដើម្បីសង្គ្រោះសេដ្ឋកិច្ច ហើយបើវាអូសបន្លាយដល់១ ឆ្នាំ យើងក៏ប៉ានស្មានថាវាធ្លាក់កំណើនប៉ុណ្ណា ផលប៉ះពាល់វាធំប៉ុណ្ណា ហើយបាត់បង់ចំណូលប៉ុណ្ណា បើវាដល់មួយឆ្នាំ សេដ្ឋកិច្ចរបស់យើងធ្លាក់ប៉ុណ្ណា ត្រូវប៉ះប៉ូវទំហំទឹកប្រាក់ប៉ុណ្ណា អញ្ចឹងវាស្ថិតនៅក្នុងចន្លោះ ពី ៨០០ ទៅ ២០០០ លានដុល្លារអាមេរិកដើម្បីបំរ៉ុង”។

ការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ ២០២០ គឺស្ថិតនៅក្នុងរង្វង់ ៦.៥% ដែលទាញទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជាដែលធ្លាប់តែសម្រេចបានជាង៧ភាគរយក្នុងមួយឆ្នាំក្នុងរយៈពេលពីរទស្សវត្សរ៍មកនេះ។

មានការកត្តាជាច្រើនដែលធ្វើឱ្យធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជានេះ ដោយសារការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក ភាពមិនប្រាកដប្រជានៅតំបន់មជ្ឈឹមបូព៌ា ជម្លោះពាណិជ្ជកម្មរវាងចិន-សហរដ្ឋអាមេរិក ការប្រែប្រួលអាកាសធាតុ និងការផ្ទុះឡើងនៃជំងឺឆ្លងដែលបង្កដោយកូរ៉ូណាវីរុសថ្មីៗ ឬកូវីដ ១៩ នៅក្នុងប្រទេសចិន ជាដើមដែលបាននឹងកំពុងរីករាលដាលនៅក្នុងពិភពលោក៕

ផ្សារឃ្លាំងរំសេវថ្មីសែនសុខ ចាប់ផ្តើមបុកគ្រឹះសាងសង់និងស្វាគមន៍អាជីវករ សំរាប់ស្តង់ជិត១០០០ស្ដង់

ដោយរ៉ា ណេត

ភ្នំពេញៈ ជាការឆ្លើយតប និងជួយសម្រួលដល់បណ្ដាអាជីវករលក់ដូរ ដែលនឹងត្រូវរុះរើចាក់ចេញពីអតីតផ្សារឃ្លាំងរំសេវចាស់ ដែលស្ថិតនៅក្នុងបរិវេណមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ផ្សារឃ្លាំងរំសេវថ្មីសែនសុខ ដែលមានទីតាំងស្ថិតនៅចំណុចកណ្តាលនៃទីប្រជុំជន ក្នុងខណ្ឌសែនសុខ បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគម ន៍បណ្តាអាជីវករទាំងអស់ ជាពិសេសអាជីវករផ្នែកទិញ-លក់ និងជួសជុលទូរស័ព្ទតែម្ដង។

សហស្ថាបនិកផ្សារឃ្លាំងរំសេវថ្មី សែនសុខ លោក សោម កែវម៉ាលីដា បានមានប្រសាសន៍ប្រាប់ នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះថា ផ្សារឃ្លាំងរំសេវថ្មី សែនសុខ បានធ្វើការអភិវឌ្ឍនៅលើផ្ទៃដីទំហំសរុប២,៧ហិកតា ប៉ុន្តែក្នុងដំណាក់ដំបូងនេះយើងត្រឹម១,៤ហិកតា ស្មើនឹង៩៨០ស្ដង់ ដោយស្ដង់នីមួយៗមានទំហំ៤ម៉ែត្រការ៉េ បែងចែកជាតំបន់សម្រាប់លក់សម្លៀកបំពាក់ អាហារ ដ្ឋាន ជាពិសេសផ្តោតគ្រឿងអេឡិចត្រូនិចផ្នែកទូរស័ព្ទដៃ។

លោកបានបញ្ជាក់ទៀតថា “ទីតាំងផ្សារឃ្លាំងរំសេវថ្មី សែនសុខនេះ គឺមានសក្ដានុពលខ្ពស់ អំណោយផលដល់ការធ្វើអាជីវកម្ម គ្រប់ប្រភេទរបស់បងប្អូនអាជីវករ ដែលក្រៅពីស្ថិតនៅក្នុងតំបន់ដែលមានការអភិវឌ្ឍ និងមានមនុស្សរស់នៅច្រើន ក៏មានវត្តមានរបស់ក្រុមហ៊ុនជាតិ និងអន្តរជាតិធំៗចូលមកបង្ហាញវត្តមាននៅទីនេះផងដែរ ជាក់ស្ដែងដូចជាផ្សារទំនើប AEON2 ផ្សារម៉ាក្រូ ផ្សារ GLOBAL HOUSE តំបន់អភិវឌ្ឍន៍ជីពម៉ុងលែន គម្រោងផ្សារទំនើប The Green Avenue Community Malls រួមជាមួយនឹងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនទៀត ហើយរឹតតែពិសេសជាងនេះ គឺមានបណ្តុំរោងចក្រនៅហ៊ុព័ទ្ធជុំវិញ ដែលមានបងប្អូនកម្មករ-កម្មការិនីរាប់ម៉ឺននាក់បម្រើការងារនៅទីនេះ។

រហូតមកទល់ពេលនេះ ស្តង់ក្នុងផ្សារនេះទទួលបានការទិញពីអតិថិជនអស់ប្រមា​ណ៨០ភាគរយរួចហើយ។

លោកបន្តទៀតថា ការជួលស្ដង់លក់នៅក្នុងផ្សារឃ្លាំងរំសេវថ្មី សែនសុខ នេះ គ្រប់អាជីវករទាំងអស់ នឹងទទួលបានកុងត្រានៃការជួលក្នុងរយៈ១០ឆ្នាំ ហើយអ្វីដែលរឹតតែពិសេស សម្រាប់អតិថិជនដែលជួលនៅពេលនេះ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់៥០ភាគរយពេញមួយឆ្នាំ ដល់បណ្តាអាជីវករទាំងអស់ និងអាចដំណើរការលក់ក្នុងរយៈពេល៦ខែខាងមុខនេះ”។

អតិថិជនជាអាជីវករចាប់អារម្មណ៍ទិញស្តង់នៅក្នុងផ្សារ ដែលមានស្តង់ដាអន្តរជាតិនេះអាចទំនាក់ទំនងលេខទូរស័ព្ទ 096 5 655 566,012 289355៕

សមាគម PATWAចាត់ទុកកម្ពុជាជាគោលដៅទេសចរណ៍បេតិកភណ្ឌអន្តរជាតិល្អបំផុត

ដោយ វុត្ថា

ភ្នំពេញ៖ សមាគមអ្នកសរសេរអំពីការធ្វើដំណើរក្នុងតំបន់ប៉ាស៊ីហ្វិក Pacific Area Travel Writers Association (PATWA) បានផ្ដល់រង្វាន់ដល់ប្រទេសកម្ពុជា ដែលបានក្លាយជាគោលដៅទេសចរណ៍បេតិកភណ្ឌអន្តរជាតិល្អបំផុត Best Destination – Heritage (International)។

ក្រសួងទេសចរណ៍កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានបន្តឱ្យដឹងថា នេះជាមោទនភាពមួយទៀតសម្រាប់ប្រជាជាតិកម្ពុជា ដែលត្រូវបានសមាគមអន្តរជាតិលើកតម្កើង ព្រមទាំងកាន់តែត្រូវបានពង្រីកការផ្សព្វផ្សាយទៅកាន់ពិភពលោកយ៉ាងទូលំទូលាយ។

ក្រសួងបន្តថា សមាគម PATWA ជាសមាជិកសម្ព័ន្ធរបស់អង្គការទេសចរណ៍ពិភពលោក United Nations World Tourism Organization (UNWTO)។

លោក ហូ វណ្ឌី សហប្រធានក្រុមការងារវិស័យទេសចរណ៏ផ្នែកឯកជន បានឱ្យដឹងថា នេះ គឺជាមោទនភាពសម្រាប់ប្រទេសកម្ពុជាដែលទទួលបានកោតសសើរពីសមាគមទេសចរណ៍អន្តរជាតិ។ មិនតែប៉ុណ្ណោះ ការចាត់ទុកកម្ពុជាជាគោលដៅទេសចរណ៍បេតិកភណ្ឌអន្តរជាតិល្អបំផុត គឺជាចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក។

លោកបន្តថា កម្ពុជានឹងទទួលបានផលចំណេញពីការផ្សព្វផ្សាយរបស់សមាគមនេះ ដោយកន្លងមកក៏មានស្ថាប័នអន្តរជាតិ Trip Adviser បានកោតសសើរ និងចាត់ទុកប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញផងដែរ។ ផលចំណេញដែលនឹងទទួលបានគឺស្គាល់ប្រទេសកម្ពុជា និងទទួលបានចំណូលទាំងផ្ទាល់ និងប្រយោលពីភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជា។

លោកបន្ថែមទៀតថា ទន្ទឹមនឹងការកោតសើរនេះ អ្នកធ្វើការក្នុងវិស័យទេសចរណ៍កុំមានអរិភាពនឹងគ្នា ពោលគឺអ្នកស៊ីក្នុងវិស័សទេសចរណ៍កុំមានការតម្លើងថ្លៃខ្ពស់ពេក និងមន្ត្រីនៅតាមច្រកព្រំដែន និងព្រលានយន្តហោះកុំទាលុយពីភ្ញៀវទេសចរណ៍ ព្រមទាំងរៀបចំសណ្តាប់ធ្លាប់ និងអនាម័យឱ្យបានល្អ នោះវិស័យទេសចរណ៍របស់កម្ពុជាកាន់តែមានភាពទាក់ទាញ៕

តើស្ថានភាពវិស័យអចលនទ្រព្យនៅក្រុងព្រះសីហនុវិវត្តន៍យ៉ាងដូចម្តេច?

ដោយ ហ្សូលី

ភ្នំពេញ៖ តម្លៃលំនៅដ្ឋានធ្លាក់ចុះ ៣៣% ចាប់តាំងពីរដ្ឋាភិបាលសម្រេចចេញវិធានការបិទហ្គេមអនឡាញកាលពីខែសីហាកន្លងទៅ ដែលបណ្តាលឱ្យជនអន្តោសប្រវេសន៍ចិន និងអាជីវករចិនយ៉ាងតិច ៤សែននាក់ បង្ខំចិត្តត្រឡប់ទៅប្រទេសកំណើតខ្លួនវិញ។ នេះបើយោងតាមស្ថិតិអន្តោប្រវេសន៍របស់រដ្ឋាភិបាល។

តម្លៃលំនៅដ្ឋានក្នុងទីក្រុងមាត់សមុទ្រនៅក្រុងខេត្តព្រះសីហនុធ្លាក់ចុះយ៉ាងគួរឱ្យបារម្ភ ព្រោះថាទីនោះគឺជាចំនុចកណ្តាលនៃការវិនិយោគដែលចិនមកបណ្តាក់ទុនទិញអចនទ្រព្យនៅក្នុងប្រទេសកម្ពុជា។

បើនិយាយពីការវិនិយោគទុនរបស់ជនជាតិចិនមានការកើនឡើងជិត ១០ដង ដោយក្នុងនោះមានជាការជួលផ្ទះ ទិញផ្ទះជាមួយអត្រាតម្លៃមួយគួរឱ្យស្ងើចនៅក្នុងចន្លោះឆ្នាំ ២០១៧ និង ២០១៩ ព្រោះថាជនជាតិចិនមានលុយចំណាយវិនិយោគនិងហ៊ានឱ្យតម្លៃលើសពីទីផ្សារធម្មតាទៅទៀត។

តម្លៃដីនៅខេត្តព្រះសីហនុបានធ្លាក់ចុះច្រើនជាអនេកប្រមាណ ៣០% រីតម្លៃជួលវិញក៏ចុះថោក។ យោងតាមរបាយការណ៍ឧស្សាហកម្មបានឱ្យដឹងថា កាលពីឆ្នាំ២០១៩ តម្លៃជួលផ្ទះអាចហក់ឡើងដល់ទៅ ៨០០ ដុល្លារក្នុងមួយខែ ដែលបច្ចុប្បន្នមួយខែបានតម្លៃត្រឹម ២០០ដុល្លារប៉ុណ្ណោះ។

អ្នកវិភាគមួយចំនួនបានគូសបញ្ជាក់ថា តម្លៃធ្លាក់ចុះគឺបណ្តាលមកពីកំណែទីផ្សារ ថ្វីត្បិតតែធ្លាក់ក៏ពិតមែន ប៉ុន្តែវិស័យអចនទ្រព្យនិងសំណង់មិនដួលរលំក្រោយសម្ពាធនៃការធ្លាក់ចុះតម្លៃឡើយ។

សហព័ន្ធសមាគមពាណិជ្ជកម្មខេត្តព្រះសីហនុដែលជាក្រុមអ្នកជំនួញជនជាតិចិនបានប៉ាន់ប្រមាណថាបរិមាណនៃការជួលទ្រព្យសម្បត្តិពាណិជ្ជកម្មនៅខេត្តព្រះសីហនុបានធ្លាក់ចុះចំនួន ៨៥% និងការលក់ដីធ្លី ២៥%។ ជាមធ្យមផ្ទះចំនួន ៦០០ល្វែង ត្រូវបានជួល និង ២០ល្វែង បានទិញលក់ក្នុងមួយថ្ងៃ បើធៀបនឹងបច្ចុប្បន្ន ធ្លាក់ចុះមកត្រឹមក្រោម ២០ល្វែង និង ៩ល្វែងក្នុងមួយថ្ងៃ។

ប្រសិនបើតម្លៃអចលនៈទ្រព្យបន្តធ្លាក់ចុះក្នុងឆ្នាំ ២០២០ និងឆ្នាំ ២០២១ នោះវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាអាចប្រឈមនឹងមានភាពតានតឹងខ្លះៗ។ សូម្បីតែក្រុមហ៊ុនអភិវឌ្ឍអចនទ្រព្យមួយចំនួនមានការព្រួយបារម្ភអំពីផលចំណេញនាពេលអនាគតផងដែរ ប្រសិនបើតម្លៃនៅតែបន្តធ្លាក់ចុះដូចជាពេលបច្ចុប្បន្នព្រោះពួកគេអាចនឹងជួបហានិភ័យហិរញ្ញវត្ថុ។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យសកលលោក CBRE ប្រចាំកម្ពុជា បានព្យាការណ៍ថា ទីផ្សារលំនៅដ្ឋាននឹងមានភាពនឹងនរក្នុងឆ្នាំ ២០២០។ យ៉ាងណាមិញភ័ស្តុតាងរួមបង្ហាញថា តម្លៃអចលនទ្រព្យក៏បានធ្លាក់ចុះផងដែរនៅក្នុងទីក្រុងដូចជា កំពតបាវិត និងរាជធានីភ្នំពេញ ទោះបីជាវាបានធ្លាក់ចុះយ៉ាងលឿននៅខេត្តព្រះសីហនុក៏ដោយ។

គម្រោងសាងសង់មួួយចំនួនត្រូវបានជាប់គាំងដោយគ្មានដំណើរការ ដោយទីតាំងមួយចំនួនបានសាងសង់ហើយបានពាក់កណ្តាលនៃគម្រោង។ ចំណែកឯហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់វិញរងនូវការខូចខាតដោយសារការស្ថាបនាអចនទ្រព្យទាំងនោះ៕

ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យធំៗចំនួន២ ចុះ MOU ជាមួយគ្នាបង្កើនឧត្តមភាព ពង្រឹងសេវាកម្ម

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ស្ថិតនៅក្នុងស្ថានភាពដែលកំពុងតែមានការប្រកួតប្រជែងខ្លាំងនៅលើទីផ្សារអចលនទ្រព្យកម្ពុជា ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យលំដាប់អន្តរជាតិធំៗចំនួន២ គឺក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia និងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ LSCG Real Estate Co,.Ltd បានធ្វើការចុះអនុស្សារណៈយោគយល់គ្នា ដើម្បីពង្រីកទីផ្សារ និងពង្រឹងឧត្តមភាពនៅក្នុងវិស័យមួយនេះ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ LSCG Real Estate Co., Ltd លោក លី សុខឆាយ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ វិស័យអចលនទ្រព្យនៅកម្ពុជាកំពុងតែមានសន្ទុះលើការអភិវឌ្ឍយ៉ាងខ្លាំង ដែលធ្វើក្រុមហ៊ុនពាក់ព័ន្ធនៅក្នុងវិស័យមួយនេះកើតមានយ៉ាងច្រើន និងចូលមកប្រកួតប្រជែងនៅក្នុងទីផ្សាររួម។

លោកបានមានប្រសាសន៍បញ្ជាក់ថា “នៅក្នុងចំណោមក្រុមហ៊ុនទាំងអស់ដែលកំពុងតែមានប្រតិបត្តិការនៅក្នុងទីផ្សារអចលនទ្រព្យមួយនេះគឺមានច្រើនប្រភេទ មានទាំងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនលំដាប់អន្តរជាតិ ជាក់ស្ដែងដូចជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ដែលខ្ញុំទើបតែបានព្រមព្រៀងចុះអនុស្សារណៈយោគយល់គ្នាក្នុងនាមជាក្រុមហ៊ុនសហការជាដៃគូ”។ លោកបានបន្តទៀតថា “គោលដៅកិច្ចចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំង២នេះ គែដោយសារតែយើងបានសម្លឹងឃើញពីវិសាលភាព និងផលប្រយោជន៍ជាច្រើនដែលអាចទទួលបានពីកិច្ចការធ្វើរួមគ្នាលើផ្ដល់ជូននូវសេវាកម្ម ទិញ-លក់ ជួល និងប្រឹក្សាទៅដល់អតិថិជនប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេស ពង្រីកឧត្តមភាពរបស់ក្រុមហ៊ុនទាំង២ឱ្យកាន់តែខ្លាំងនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា”។

នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ផងដែរថា “មុនពេលធ្វើការសម្រេចចុះកិច្ចព្រមព្រៀងជាដៃគូ គឺពួកយើងបានធ្វើការសិក្សាពីប្រវត្តិក្រុមហ៊ុនទៅវិញទៅមក និងបានស្គាល់ច្បាស់ពីលទ្ធភាព ឧត្តមភាពរបស់ក្រុមហ៊ុន”។ លោកស្រីបានបន្តទៀតថា “យើងបើកទូលាយក្នុងការចាប់យកដៃគូសហការជាមួយគ្នា ព្រោះជាធម្មតាក្នុងនាមជាអ្នករកស៊ីនៅក្នុងវិស័យអចលនទ្រព្យដូចគ្នា មិនថាក្រុមហ៊ិនបរទេស ឬក្នុងស្រុកនោះទេ ត្រូវតែសហការគ្នា ដើម្បីជំរុញទីផ្សារឱ្យទៅមុខ ក៏ដូចជាជំរុញឱ្យមានការវិនិយោគនៅក្នុងប្រទេសឱ្យបានកាន់តែច្រើន” ។​

ក្រុមហ៊ុនអូស្ត្រាលីទទួលបានហិរញ្ញប្បទាន ៦០ លានដុល្លារដើម្បីអភិវឌ្ឍគម្រោងរ៉ែមាសនៅខេត្តមណ្ឌលគីរី

ដោយ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុន Emerald Resources ដែលបានចុះបញ្ជីនៅក្នុងប្រទេសអូស្រ្តាលីបានចុះកិច្ចព្រមព្រៀងតម្លៃ ៦០ លានដុល្លារជាមួយក្រុមហ៊ុន Sprott Private Resource Lending ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងទាញយករ៉ែមាសនៅតំបន់អូរខ្វាវនៅខេត្តមណ្ឌលគីរី។

ក្រុមហ៊ុន Emerald Resources ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុនរ៉ែ Renaissance Minerals (Cambodia) រំពឹងថានឹងទាញយករ៉ែមាសពីគម្រោងមាសអូរខ្វាវនៅត្រីមាសទី ២ ឆ្នាំ ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនចេញផ្សាយកាលពីថ្ងៃពុធកន្លងមកនេះ។

យោងតាមការប្រកាសរបស់ក្រុមហ៊ុន ហិរញ្ញប្បទានបន្ថែមនៃគម្រោងទាញយករ៉ែមាសអូរខ្វាវរបស់ក្រុមហ៊ុន Sprott នឹងរួមបញ្ចូលគ្នាជាមួយអភិវឌ្ឍន៍ដ៏រឹងមាំរបស់ក្រុម Emerald ជាមួយនឹងកម្លាំងហិរញ្ញវត្ថុរបស់ក្រុម Sprott។

កម្ចីអនុវត្តគម្រោងអូរខ្វាវក៏បានផ្តល់លទ្ធភាពដល់កន្លែងទិញ និងអភិវឌ្ឍន៍ ១០០ លានដុល្លារដើម្បីផ្តល់មូលនិធិសម្រាប់ឱកាសអភិវឌ្ឍ និងការទិញនាពេលអនាគត។

កញ្ចប់ហិរញ្ញវត្ថុ និងការទាញយកលើកដំបូងនៅតែស្ថិតក្រោមល័ក្ខខ័ណ្ឌ ដែលមានជាអាទិ៍ដែលរួមបញ្ចូលទាំងការប្រតិបត្តិឯកសារ និងកន្លែងសុវត្ថិភាពទាំងអស់ ដែលត្រូវបានរំពឹងថានឹងបញ្ចប់នៅដំណាច់ត្រីមាសទី ១។
នាយកគ្រប់គ្រងក្រុមហ៊ុន Emerald Resources លោក Morgan Hart បាននិយាយថា កិច្ចព្រមព្រៀងឥណទានគឺជាការឈានទៅរកដំណើរការដ៏ហ្មត់ចត់ និងសហការគ្នាដោយក្រុមហ៊ុន Emerald និងក្រុមហ៊ុន Sprott ។

លោក បានថ្លែងថា “យើងក៏សូមថ្លែងអំណរគុណចំពោះក្រសួងរ៉ែ និងថាមពលកម្ពុជា និងរដ្ឋមន្រ្តីក្រសួងលោក ស៊ុយសែមសម្រាប់កិច្ចខិតខំប្រឹងប្រែងប្រកបដោយតម្លាភាព និងសហការគ្នាដែលធ្វើឡើងប្រកបដោយវិជ្ជាជីវៈដើម្បីផ្តល់សិទ្ធិពេញលេញដល់គម្រោងមាសអូរខ្វាវសម្រាប់ការអភិវឌ្ឍ”។

លោកបានមានប្រសាសន៍ថា “ជាមួយនឹងការអនុវត្តកិច្ចព្រមព្រៀង និងមាគ៌ាច្បាស់លាស់សម្រាប់ការផ្តល់ហិរញ្ញប្បទាន យើងទន្ទឹងរង់ចាំការសម្រេចគោលដៅរបស់យើងដើម្បីក្លាយជាអ្នកផលិតមាសខ្នាតធំដំបូងបង្អស់នៅកម្ពុជាក្នុងត្រីមាសទី ២ ឆ្នាំ ២០២១”៕

គម្រោងវិនិយោគចំនួន ១៥ ដែលមានទំហំប្រាក់ ៥៣៩ លានដុល្លារបានស្នើសុំការអនុម័តពីរដ្ឋាភិបាលកម្ពុជា

ដោយ ប៊ី

ភ្នំពេញ៖ រដ្ឋាភិបាលបានបើកកិច្ចប្រជុំដើម្បីពិនិត្យការស្នើសុំការអនុម័តពីគម្រោងវិនិយោគចំនួន ១៥ ដែលមានទំហំទឹកប្រាក់ចំនួន ៥៣៩ លានដុល្លារ។

យោងតាមកិច្ចប្រជុំ «ច្រកចេញ-ចូលតែមួយ» កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានពិនិត្យពិភាក្សាលើកមតិសុំការពិនិត្យ សម្រេចពីរាជរដ្ឋាភិបាល នូវសំណើវិនិយោគចំនួន ១៥គម្រោង ជាមួយនឹងទុនវិនិយោគសរុបប្រមាណ ៥៣៩ លានដុល្លារអាមេរិក ដែលគ្រោងនឹងប្រើប្រាស់ កម្លាំងពលកម្មសរុបប្រមាណ៧,៦២៦កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគដែលអង្គប្រជុំ «ច្រកចេញ-ចូលតែមួយ» នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានពិនិត្យសម្រេចខាងលើនេះ មានការកត់សម្គាល់ ដូចខាងក្រោម៖

១៖ គម្រោងវិនិយោគផលិត និងផ្គុំដំឡើងបន្ទះសូឡា Transformer, Switchboard, ខ្សែភ្លើង និងសម្ភារៈបរិក្ខារអគ្គិសនីមានចំនួន៤គម្រោង ក្នុងគម្រោងទុនវិនិយោគប្រមាណ ៣០លានដុល្លារអាមេរិក។

២៖ គម្រោងវិនិយោគផលិតសម្បកកង់រថយន្តគ្រប់ប្រភេទ និងគ្រឿងបង្គុំកង់រថយន្ត១គម្រោង ក្នុងគម្រោងទុនវិនិយោគប្រមាណ៣៣លានដុល្លារអាមេរិក នៅខេត្តកំពង់ស្ពឺ។

៣៖ គម្រោងវិនិយោគសណ្ឋាគារថ្នាក់ផ្កាយ៣ចំនួន៧១០បន្ទប់ ១គម្រោង ក្នុងគម្រោងទុនវិនិយោគប្រមាណ៥៩លានដុល្លារអាមេរិក នៅខេត្តព្រះសីហនុ។

៤៖ គម្រោងបង្កើតកសិដ្ឋានដាំចេក១គម្រោង ក្នុងគម្រោងទុនវិនិយោគប្រមាណ១២លានដុល្លារអាមេរិក នៅខេត្តកំពង់ចាម។

៥៖ គម្រោងបង្កើតបង្កើតរោងចក្រកែច្នៃ និងផលិតម្សៅមីចំនួន២គម្រោង ក្នុងគម្រោងទុនវិនិយោគប្រមាណ១៣លានដុល្លារអាមេរិក នៅខេត្តបន្ទាយមានជ័យ និងនៅខេត្តស្ទឹងត្រែង។

៦៖ គម្រោងបង្កើតបង្កើតរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈ១គម្រោង ក្នុងគម្រោងទុនវិនិយោគប្រមាណ១៦១លានដុល្លារអាមេរិក នៅខេត្តកណ្តាល។

៧៖ គម្រោងមជ្ឈមណ្ឌលទិន្នន័យ១គម្រោង ក្នុងគម្រោងទុនវិនិយោគប្រមាណ១០២លានដុល្លារអាមេរិក នៅរាជធានីភ្នំពេញ។

៨៖ គម្រោងលើវិស័យផ្សេងៗទៀតដូចជា៖ គម្រោងសាងសង់មន្ទីរពហុព្យាបាលចំនួន៥០គ្រែ រោងចក្រកែច្នៃដែក រោងចក្រផលិតសម្ភារៈតុបតែងសក់ និងរោងចក្រផលិតស្បោងប្លាស្ទីកគ្រប់ប្រភេទ មានចំនួន៤គម្រោង ក្នុងគម្រោងទុនវិនិយោគប្រមាណ ១២៩លានដុល្លារអាមេរិក៕