រដ្ឋាភិបាលកម្ពុជានឹងប្រកាសវិធានការណ៍បន្ថែមដើម្បីជំរុញសេដ្ឋកិច្ចនៅដើមខែក្រោយ

ដោយ ប៊ី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា សម្តេចនឹងប្រកាសចេញនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ខាងមុខក្នុងវេទិការាជរដ្ឋាភិបាលវិស័យឯកជន លើកទី១៩ នៅវិមានសន្តិភាពនូវវិធានការបន្ថែមលើវិធានការដែលបានដាក់ចេញកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩កន្លងទៅ ដែលការប្រកាសចេញវិធានការថ្មីនេះ គឺជាការស្រោចស្រង់ខាងសេដ្ឋកិច្ច។

ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ៣,៤៥៨នាក់ ដែលរៀបចំឡើង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្តេចតេជោ បានថ្លែងថា “ខ្ញុំនឹងប្រកាសនៅថ្ងៃទី ១ ខែមេសា ខាងមុខនេះ នូវវិធានការណ៍បន្ថែមទៀត លើវិធានការណ៍ដែលកាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅ ព្រោះនេះជាការស្រោចស្រង់ខាងសេដ្ឋកិច្ច”។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មចំពោះអ្នកវិភាគមួយចំនួន ពិសេស លោក រ៉ុង ឈុន ដែលលើកឡើងដដែលពាក់ព័ន្ធនឹងការសម្រេចរបស់អឺរ៉ុប ក្នុងការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) និងបានបញ្ជាក់អំពីការត្រៀមខ្លួនរួចរាល់ ចំពោះការដោះស្រាយបញ្ហាការកាត់ EBA ក្នុងកម្រិតណាក៏ដោយ មិនឲ្យរោងចក្របិទទ្វារឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា “យើងបានត្រៀមទុកពីចំងាយសម្រាប់ផលប៉ះពាល់ដោយ EBA ២០ភាគយ។ កម្ពុជាបញ្ជាក់ច្បាស់ហើយ ថាកម្ពុជាមិនទៅស្នើសុំ ២០ភាគរយនោះត្រឡប់មកវិញទេ សូមអ្នកវិភាគជាពិសេស រ៉ុង ឈុន និយាយស្តាប់ឲ្យបាន គេត្រៀមបម្រុងរួចហើយ ឲ្យបាត់ទៅអា ២០ភាគរយនោះ កុំទៅខ្វល់។ ខ្ញុំបានចុះហត្ថលេខា យល់ព្រមរួចហើយ លើការលើកពន្ធដើម្បីឲ្យរោងចក្រ នៅតែប្រកួតប្រជែងបាន។ អ្នកឯងនិយាយស្អីឡើយ EBA អា EBA នេះវាគង់តែបាត់ទេ គ្រាន់តែវាបាត់មុន ឬបាត់ក្រោយប៉ុណ្ណោះ ឥឡូវបាត់២០ភាគរយអត់មានបញ្ហាអីទេ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សម្តេចនឹងមិនយកអធិបតេយ្យជាតិ ទៅដោះដូរនឹងការអនុគ្រោះពន្ធ២០ភាគរយនោះទេ។

កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប (EU) បានចេញសេចក្តីសម្រេចកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ក្រោមហេតុផលថា កម្ពុជាធ្វើឱ្យធ្លាក់នូវការគោរពសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងលទ្ធិប្រជាធិបតេយ្យ និងទាមទារឱ្យកម្ពុជាកែលំអរនូវចំណុចទាំងអស់នេះ។ តាមការវាយតម្លៃ ការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធនេះ មានទឹកប្រាក់ប្រមាណជាង១០០លានដុល្លារអាមេរិក លើកផលិតផល៤0មុខរបស់កម្ពុជា។

សេចក្តីសម្រេចនេះនឹងចូលជាធរមាន នៅរយៈពេល៦ខែទៀត ពោលគឺក្នុងខែសីហា ឆ្នាំ២០២០នេះ ប្រសិនបើសភារបស់អឺរ៉ុបអនុម័តយល់ព្រម តាមការសម្រេចរបស់គណៈកម្មការអឺរ៉ុបនោះ៕

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាគាំទ្រការអំពាវនាវរបស់ក្រសួងសេដ្ឋកិច្ចស្នើ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានបញ្ចុះតម្លៃ៧ភាគរយ

ដោយ រ៉ាណេត

ភ្នំពេញៈ ស្របទៅនឹងការអំពាវនាវរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលស្នើសុំដល់បណ្តាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍លំនៅដ្ឋាននានា ជួយបញ្ចុះតម្លៃផ្ទះ៧ភាគរយជូនដល់កម្មករ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានចេញសារលិខិតគាំទ្រ។

លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីព្រឹកថ្ងៃទី១០ខែមីនា ឆ្នាំ២០២០នេះ បានចេញសារលិខិតគាំទ្រនូវសេចក្តីអំពាវនាវ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅលើការស្នើសុំក្រុមហ៊ុនអភិវឌ្ឍន៍ និងលក់លំនៅឋាននា​នា​ក្នុងបញ្ចុះតម្លៃជូនបងប្អូនកម្មករ ដែលកំពុងប្រឈមនឹងការព្យួរការងារកាត់បន្ថយដល់ប្រាក់ចំណូលប្រចាំខែ។

ជាមួយគ្នានេះ សមាគមក៏បានប្រកាសនូវវិធានការចំនួន៣ចំណុច ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយផលប៉ះពាល់អវិជ្ជមាន ដែលបានកើតឡើងដោ​យ​សារការរីករាលដាលនៃមេរោគ Covid-19 មកលើសង្គម និងសេដ្ឋកិច្ចកម្ពុជា ។

សូមអានខ្លឹមសារទាំងស្រុងនៃសារលិខិតខាងក្រោមនេះ……………………..

UNWTOអះអាងថាទេសចរណ៍ក្នុងតំបន់អាស៊ីខាតបង់ជិត៥០ពាន់លានដុល្លារដោយសារការផ្ទុះនៃមេរោគកូវីដ១៩

ដោយ ហ្សូលី

ភ្នំពេញ៖ អង្គការទេសចរណ៍ពិភពលោក (UNWTO) បានឱ្យដឹងថា វិស័យទេស​ចរណ៍ក្នុងតំបន់អាស៊ីដាំក្បាលចុះគួរឱ្យបារម្ភ ដែលខាតបង់ទឹកប្រាក់ចន្លោះ៣០ពាន់លាន ដល់ ៥០ពាន់លានដុល្លារ ដោយសារភ្ញៀវទេសចរមានការភ័យខ្លាច នៃការរីករាលដាលវីរុសកូរ៉ូណាឬកូវីដ១៩។

នេះជាសញ្ញាអវិជ្ជមានចំពោះសេដ្ឋកិច្ចនៅតំបន់អាស៊ី ព្រោះថាវិស័យទេសចរណ៍ក៏ដើរតួយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតំបន់អាស៊ីដែរ។ អង្គការទេសចរណ៍ពិភពលោកសង្កេតឃើញថា ការកម្សាន្តរបស់ភ្ញៀវទេសចរធ្លាក់ចុះ ប្រមាណពី១ដល់៣ភាគរយ នឹងប្រឈមការបាត់បង់ថវិកាដល់ទៅ ៣០ពាន់លានឬ៥០ពាន់លានដុល្លារ។

យ៉ាងណាមិញ អង្គការនៅតែមានការព្យាករណ៍វិជ្ជមានដែលថា កំណើននៅឆ្នាំនេះអាចនឹងកើនប្រមាណ៣ទៅ៤ភាគរយ។ វិស័យទេសចរណ៍មានអត្ថប្រយោជន៍ជាច្រើនជួយដល់ ការអភិវឌ្ឍប្រកបដោយចីរភាព កំណើនសេដ្ឋកិច្ច ផ្តល់ឱកាសការងារនិងការយល់ដឹងអន្តរជាតិ។

តែយ៉ាងណាការផ្សះផ្សារឡើងវិញ នូវផលប៉ះពាល់ទាំងអស់នេះ អង្គការសហប្រជាជាតិ នឹងព្យាយាមរកដំណោះស្រាយមិនថាហិរញ្ញវត្ថុ និងនយោបាយនោះទេ ក្នុងគោលបំណងជួយដល់វិស័យទេសចរណ៍ ក្នុងតំបន់អាស៊ីដើម្បីស្តារសេដ្ឋកិច្ចសារជាថ្មី។

ប្រទេសក្នុងតំបន់អាស៊ីដូចជា កម្ពុជា ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ ចិន វៀតណាម ហុងកុង ជប៉ុន កូរ៉េខាងត្បូង សុទ្ធសឹងតែជាប្រទេស ដែលសម្បូរដោយតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងតំបន់ទេសចរធម្មជាតិច្រើន តែត្រូវរងផលប៉ះពាល់ជាអនេក។ សូមទស្សនាកម្រងរូបភាព ដកស្រង់ចេញពីសារព័ត៌មានអន្តរជាតិThe Guardian ដែលប្រៀបធៀបចំនួនភ្ញៀវទេសចរមកកាន់តំបន់អាស៊ី កាលពីឆ្នាំមុនៗនិង ឆ្នាំ២០២០ ដូចតទៅ៕

ជប៉ុន
ហុងកុង
ឥណ្ឌូណេស៊ី
វៀតណាម
ចិន
ថៃ
សិង្ហបុរី
ឥណ្ឌូណេស៊ី
កម្ពុជា

អាជ្ញាធរជាតិអប្សរាចេញសេចក្ដីជូនដំណឹងពីការថែទាំស្ពានបណ្តែតទឹកមុខប្រាសាទអង្គរវត្ត

ដោយ ៖ រ៉ាណេត

សៀមរាប ៖ អាជ្ញាធរជាតិអប្សរានឹងធ្វើការថែទាំស្ពានបណ្តែតទឹកមុខប្រាសាទអង្គរវត្តនៅពេលយប់រយះពេល៤ថ្ងៃ ដើម្បីថែរក្សាសុខសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ស្ពានបណ្តែតទឹក ។

ជាការថែទាំ និងបង្កើនសោភ័ណភាពនៃស្ពានបណ្តែតទឹកនៅមុខប្រាសាទអង្គរវត្តឱ្យកាន់តែមានភាពទាក់ទាញ និងអាចធានាបាននូវសុខសុវត្ថិភាពចំពោះរាល់បណ្តាភ្ញៀវទេសចរជាតិ-អន្តរជាតិនានា អាជ្ញាធរជាតិអប្សរា នឹងធ្វើការថែទាំ និងសម្អាតចំនួន៤ថ្ងៃ (សកម្មភាពធ្វើពេលយប់) ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា នឹងធ្វើការថែទាំស្ពានបណ្តែតទឹកមុខប្រាសាទអង្គរវត្តនៅពេលយប់ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមីនាឆ្នាំ២០២០ ចាប់ពី៦៖០០នាទីល្ងាច រហូតដល់ម៉ោង១២៖០០នាទីយប់ ដែលមានសកម្មភាព ដូចជា បិទក្រដាសគ្រីមលើកាំជណ្តើរចុះទៅស្ពានបណ្តែតទឹកនៅផ្នែកខាងកើតនិងខាងលិច , បោសសម្អាតលើស្ពានបណ្តែតក្រោមក្តារស្ពានឈើ និងលើតួស្ពានទាំងមូល , រិតខ្ចៅពោងបណ្តែតទឹកលើតួស្ពានទាំងមូល។

ដូច្នេះសូមក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៍មាន និងចូលរួមគោរពតាមការណែនាំទាំងអស់គ្នា៕

សម្តេចតេជោជំរុញឱ្យមន្ត្រីពាក់ព័ន្ធជួយសម្រួលឱ្យបានលឿនចំពោះការដឹកវត្ថុធាតុដើមពីចិនសម្រាប់ផ្គត់ផ្គង់រោងចក្រនៅកម្ពុជា

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធជួយសម្រួលការដឹកជញ្ជូនវត្ថុធាតុដើមពីប្រទេស ចិនដើម្បីយកមកផ្គត់ផ្គងរោងចក្រកាត់ដេរនៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែលឿន ខណៈកាប៉ាល់ដឹកជញ្ជូនវត្ថុធាតុដើមមកពីចិនបានមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់។

សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីអញ្ជើញចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ចំនួន៣៤៥៨នាក់នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ឱ្យដឹងថា រដ្ឋាភិបាលចិនបានផ្តល់កាប៉ាល់ចំនួន៧ ជាមធ្យោបាយដឹកជញ្ជូនវត្ថុធាតុដើមមកកាន់កម្ពុជា ខណៈដែលកាលពីយប់ថ្ងៃទី៩ ខែមីនា កាប៉ាល់ដឹកទំនិញដែលជាវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់រោងចក្រនៅកម្ពុជាបានមកដល់កំពង់ផែក្រុងព្រះសីហនុដោយផ្ទុកចំនួនជាង៦០កុងតឺណ័រ។

សម្តេចតេជោថ្លែងថា “នេះជាកិច្ចប្រឹងប្រែងសម្របសម្រួលរបស់ចិនក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជា”។ សម្តេចតតេជោក៏បានសុំឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេស ខាងកំពង់ផែ និងគយ ត្រូវធ្វើយ៉ាងណាសម្រួលដល់ការដឹកជញ្ជូននេះអោយដល់រោងចក្របានឆាប់រហ័សបំផុត។

សម្ដេចតេជោថ្លែងថា “កាប៉ាល់ចំនួន៧ ដែលដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់សង្វាក់ផលិតកម្មរោងចក្រនៅកម្ពុជា មានចំនួន៥ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ហើយកាប៉ាល់ចំនួន២ទៀតនឹងចូលចតនៅកំពង់ផែហូជីមិញ សម្រាប់ផ្គត់ផ្គង់សង្វាក់ផលិតកម្មរោងចក្រដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិតដែលមានកម្មករសរុបប្រមាណ ៣១០០០នាក់ និងរោងចក្រស្ថិតនៅក្នុងខេត្តកំពង់ចាមមានចំនួនកម្មករសរុបចំនួនជាង៤០០០នាក់ ដែលរោងចក្រទាំងនេះភាគច្រើនផលិតសម្ភារៈពេទ្យ”។

សម្ដេចតេជោបន្ថែមថា សម្រាប់កាប៉ាល់ទាំង៧នេះ នឹងដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់រោងចក្រកាត់ដេរនៅកម្ពុជា ជាបន្តបន្ទាប់ក្នុងរង្វិលជុំ។ ដោយឡែក នៅពេលដែលវត្ថុធាតុដើមចូលមកដល់កំពង់ផែ មន្ត្រីពាក់ព័ន្ធ និងអជ្ញាធរត្រូវជួយសម្រួលក្នុងការដឹកជញ្ជូនចូលរោងចក្រ បើក្នុងលក្ខខណ្ឌចាំបាច់ត្រូវដឹកជញ្ជូននៅពេលថ្ងៃ អាចប្រើរថយន្តស៊ីរ៉ែនបើកផ្លូវតែម្ដង សំដៅដល់ការធានា និងជំរុញសង្វាក់ផលិតកម្មរបស់រោងចក្រ។

លោក Wu Guoquan ទីប្រឹក្សាកិច្ចការពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជាបានឱ្យដឹងកាលពីម្សិលមិញនេះថា មានសុខរួមសុខ មានទុក្ខរួមទុក្ខ គឺជាអត្ថន័យស្នូលនៃសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា ហើយភាគីចិនកំពុងតែរិះរកវិធីសាស្រ្ត ដើម្បីពុះពាររាល់លំបាកក្នុងកិច្ចការមួយនេះ។

លោកបន្តថា ក្នុងនោះក្រសួងពាណិជ្ជកម្មចិន និងស្ថានទូតចិនប្រចាំកម្ពុជាកំពុងតែចាត់វិធានការសម្របសម្រួលធានាដល់ការផ្តល់ និងដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេរនៅក្នុងប្រទេសកម្ពុជា។ សហគ្រាស និងបុគ្គលិកចិនតែងលើកឡើងថា ការលំបាកដែលបងប្អូនកម្ពុជាកំពុងតែជួបប្រទះ វាគឺជាការលំបាករបស់យើងទាំងអស់គ្នា សង្ឃឹមថាយើងអាចជួយដល់ប្រទេសកម្ពុជាដោយអស់ពីកម្លាំងកាយ និងចិត្ត។

ក្រុមហ៊ុនដឹកជញ្ជូនSITC CONTAINER LINES CAMBODIA, ក្រុមហ៊ុនដឹកជញ្ជូនCOSCO SHIPPING/ RCL, ក្រុមហ៊ុនដឹកជញ្ជូនOriental Overseas Container Line, ក្រុមហ៊ុនដឹកជញ្ជូនSINOTRANS / RCL និងក្រុមហ៊ុនដឹកជញ្ជូនផ្សេងទៀត បានសហការរួមគ្នាជាកម្លាំងធានា ក្នុងការធានាបាននូវកិច្ចការដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេរដោយអស់ពីលទ្ធភាព ដើម្បីសម្រួលដល់ការដឹកជញ្ជូនវត្ថុធាតុដើមច្រើនជាងគេមកកាន់កំពង់ផែក្នុងសប្តាហ៍នេះ។

ក្នុងនោះក្រុមហ៊ុនSITCដែលបានដឹកជញ្ជូនវត្ថុធាតុដើមជាង៦០កុងតឺណឺនឹងមកដល់កំពង់ផែខេត្តព្រះសីហនុមុនគេបង្អស់នាថ្ងៃចន្ទ ទី៩ ខែមីនានេះ។ រីឯភាគីកម្ពុជាវិញ នឹងជួយសម្រួលការចុះចតនៃកប៉ាល់ដឹកវត្តុធាតុដើមនេះក្នុងកំពង់ផែខេត្តព្រះសីហនុ, ជួយលើកកម្ពស់អត្រាប្រសិទ្ធភាពនៃការដាក់ទំនិញចុះនិងអត្រាប្រសិទ្ធភាពនៃការផ្តល់ទំនិញដល់អតិថិជននៅក្នុងកំពង់ផែផ្ទាល់ ជួយផ្តល់អាទិភាពក្នុងការបើកច្រកបៃតងសម្រាប់រៀបចំឯកសារបែបបទ, ជួយផ្តល់អាទិភាពក្នុងការដឹកជញ្ជូនកុងតឺនឺតាមរយៈរថយន្តស្ទូចដោយបានសម្រួលពីខាងគយ និងការរៀបចំផ្សេងទៀតផងដែរ។

លោក Wu Guoquanមានប្រសាសន៍ថា “យើងជឿជាក់ថាស្ថិតនៅក្រោមការគាំទ្រពីរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងសហគ្រាសដែលពាក់ព័ន្ធ វត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេររបស់ប្រទេសចិន នឹងដឹកជញ្ជូនមកដល់រោងចក្រកម្ពុជាបានយ៉ាងឆាប់រហ័ស ហើយការខាតបង់នៃភាគីកម្ពុជានឹងអាចធ្លាក់ដល់អត្រាទាបបំផុត វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងក្នុងប្រទេសកម្ពុជា នឹងឆ្លងផុតនូវដំណាក់កាលដ៏លំបាកមួយនេះបានយ៉ាងឆាប់រហ័ស”៕

អ្នកជំនាញ ៖ វិស័យអចលនទ្រព្យកម្ពុជានឹងទទួលរងផលប៉ះពាល់ខ្លាំង ប្រសិនបើ Covid-19 អូសបន្លាយដល់ឆមាសទី២ ឆ្នាំ២០២០

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅពេលនិយាយពីវិស័យសេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យនៅកម្ពុជាមានស្ថានភាពបែបណានោះ ត្រូវបានអ្នកជំនាញនៅក្នុងវិស័យនេះលើកយកបញ្ហាជំងឺ Covid-19 មកធ្វើជាលក្ខខណ្ឌចម្បង។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ KW Cambodia និងជានាយកគ្រប់គ្រងក្រុមហ៊ុន Khmer Real Estate លោកឧកញ៉ាបណ្ឌិត គឹម ហ៊ាង បានមានប្រសាសន៍កាលពីចុងសប្ដាហ៍កន្លងទៅនេះថា ភាពប្រឈមរបស់សេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យនៅកម្ពុជាស្ថិតនៅក្នុងស្ថានភាពបែបណានោះ គឺវាអាស្រ័យទៅលើមូលហេតុចម្បងតែមួយគត់ គឺជំងឺ Covid-19 ដែលកំពុងរាតត្បាតជាសាកលលោក។

លោកឧកញ៉ាបានបន្តទៀតថា “នៅក្នុងអំឡុងពេលនេះ ថ្វីត្បិតទីផ្សារអចលនទ្រព្យនៅកម្ពុជា បាន និងកំពុងតែប្រឈមទៅនឹងការធ្លាក់ចុះ ប៉ុន្តែភាពល្អប្រសើរអាចនឹងវិលត្រឡប់មកវិញក្នុងពេលដ៏ខ្លី ប្រសិនបើបញ្ហានៃការរាតត្បាតរបស់ជំងឺ Covid-19 ត្រូវបានទប់ស្កាត់ និងដោះស្រាយនៅត្រឹមចុងខែមិថុនា ឬដើមឆមាសទី២ ឆ្នាំ២០២០ ខាងមុននេះ”។ លោកបានបញ្ជាក់ទៀតថា “ដង្ហើមទីផ្សារអចលនទ្រព្យកម្ពុជាមួយចំណែកធំគឺពឹងផ្អែកទៅលើក្រុមហ៊ុនដែលជាអ្នកវិនិយោគអន្តរជាតិ ជាពិសេសនៅក្នុងតំបន់អាស៊ី ដូចជាប្រទេសចិន សាំងហ្គាពួរ កូរ៉េ និងប្រទេសជប៉ុន ជាដើម ។ មានន័យថា នៅពេលដែលបណ្តាប្រទេសស្ថិតនៅក្នុងតំបន់អាស៊ីបន្តជួបនឹងវិតបត្តិនៃជំងឺ Covid-19 វាជាបញ្ហាប្រឈមនៃទីផ្សារអចលនទ្រព្យនៅកម្ពុជា”។

បច្ចុប្បន្ននេះ បើសម្លឹងមើលពីសភាពជាក់ស្ដែងនៃការធ្វើដំណើរនៅតាមព្រលានយន្តហោះនៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់គឺត្រូវបានកាត់បន្ថយ និងមានសភាពស្ងប់ស្ងាត់ ដែលក្នុងនោះភ្ញៀវបរទេស ក៏ដូចជាអ្នកវិនិយោគក្នុងវិស័យពាក់ព័ន្ធនៅកម្ពុជាក៏ត្រូវបានកាត់បន្ថយផងដែរ ដោយសារតែពួកគេពន្យាពេលនៅក្នុងអំឡុងពេលកំពុងកើតមានបញ្ហាប្រឈម។

លោកឧកញ៉ាបណ្ឌិត គឹម ហ៊ាង បានមានប្រសាសន៍បន្តទៀតថា “សព្វថ្ងៃនេះក្រុមហ៊ុនដែលវិនិយោគក្នុងគម្រោងធំៗនៅតែបន្តមាននៅលើទីផ្សារអចលនទ្រព្យកម្ពុជា ប៉ុន្តែដោយសារតែភាពប្រឈមនៃជំងឺ Covid-19 ក្រុមហ៊ុនទាំងនោះបានស្នើសុំពន្យាពេល។ ដូច្នេះ ប្រសិនបើវិបត្តិនៃជំងឺពិភពលោកមួយនេះត្រូវបានដោះស្រាយកាន់តែលឿន ភាពវិជ្ជមាននៃវិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែឆាប់បានត្រឡប់មករកភាពល្អប្រសើរវិញ”។

លោក សំ សុខនឿន អគ្គនាយកក្រុមហ៊ុន SAM SN REALTY Co.,Ltd បានមានប្រសាសន៍ថា ស្ថិតនៅក្នុងអំឡុងពេលនេះ គម្រោងវិនិយោគធំៗមកពីបរទេសគឺមានភាពស្ងប់ស្ងាត់ ដែលសកម្មភាពនៅក្នុងគម្រោងមួយចំនួនកំពុងដំណើរការសព្វថ្ងៃគឺជាគម្រោងដែលបន្សល់ទុកកាលពីឆ្នាំចាស់។ លោកបានបញ្ជាក់ថា “គម្រោងវិនិយោគធំៗគឺពិតជាមានភាពស្ងប់ស្ងាត់ ប៉ុន្តែសម្រាប់ការទិញ-លក់អចលនទ្រព្យនៅក្នុងស្រុក នៅតែបន្តមាន ជាពិសេសគម្រោងអភិវឌ្ឍន៍ និងការទិញ-លក់ សំណង់លំនៅដ្ឋានដែលនៅតែមានតម្រូវការខ្ពស់”៕

លោក Donald Trump ផ្ញើលិខិតផ្លូវការជូនសម្តេចតេជោ អំពីមូលហេតុពន្យារពេលកិច្ចប្រជុំអាស៊ាន-អាមេរិក

ដោយ ប៊ី

ភ្នំពេញ៖ លោក Donald Trump ប្រធានាតិបតីសហរដ្ឋអាមេរិក បានផ្ញើលិខិតផ្លូវការមួយពីសេតវិមាននៅទីក្រុងវ៉ាស៊ីនតោនជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អំពីមូលហេតុ និងផលវិបាក ធ្វើឱ្យមានការពន្យារពេលកិច្ចប្រជុំអាស៊ាន-អាមេរិក ដែលគ្រោងធ្វើឡើងនៅខែ មីនា ឆ្នាំ២០២០នេះ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។

លិខិតផ្លូវការរបស់លោក Donald Trump បានសរសេរថា “ខ្ញុំសូមថ្លែងអំណរគុណចំពោះការទទួលយការអញ្ញើញរបស់ខ្ញុំ ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាននៅឡាសវេហ្គាស រដ្ឋនេវ៉ាដា។ ខ្ញុំបានទន្ទឹងរង់ចាំឱកាសនេះ ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្រ្តរបស់យើង”។

អាស៊ាន គឺជាស្នូលនៃទស្សនវិស័យរបស់ខ្ញុំ ចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលបើកចំហ និងសេរី ហើយប្រជាជនអាស៊ាន និងសហរដ្ឋអាមេរិកប្រមាណ ១ ពាន់លាននាក់ត្រូវបានផ្សារភ្ជាប់ដោយទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ និងមានតម្លៃរួម។

ជាអកុសល យើងត្រូវតែពន្យាពេលកិច្ចប្រជុំកំពូលនេះ ដោយមើលឃើញពីហនិភ័យជាសកល ដែលបង្កឡើងដោយការផ្ទុះឡើងនូវវីរុសកូរ៉ូណាថ្មី ២០១៩។ ខ្ញុំជឿជាក់ថា យើងទាំងអស់គ្នាអាចឯកភាពដោយផ្តោតការយកចិត្តទុកដាក់របស់យើងនៅពេលនេះ លើការសម្របសម្រួលការឆ្លើយតបជាសកលដែលការពារ និងធានាសុខភាព និងសុវត្ថិភាពរបស់ប្រជាជនយើង។

នៅពេលដែលយើងប្រឈមមុខនឹងបញ្ហាថ្មីនេះ ខ្ញុំមានមោទនភាពចំពោះភាពជាដៃគូរបស់ប្រជាជាតិយើងលើបញ្ហាជាច្រើន រួមទាំងបញ្ហាសុខភាពសាធារណៈ។ ក្រសួងសុខាភិបាល និងសេវាកម្មបម្រើមនុស្សរបស់ខ្ញុំបានទាក់ទងជាមួយរដ្ឋាភិបាលអាស៊នផ្សេងទៀតដើម្បីចាប់ផ្តើមការសន្ទនាស្តីពីយុទ្ធសាស្ត្រ ដើម្បីការពារប្រឆាំងនឹងវីរុសកូរ៉ូណាមួយនេះ។

យើងមានអ្នកជំនាញការជាច្រើន ដើម្បីត្រៀមជួយ និងបន្តផ្តលជំនួយឧបត្ថម្ភ។ មជ្ឈមណ្ឌលសម្រាប់ត្រួតពិនិត្យ និងការពារជម្ងឺ របស់សហរដ្ឋអាមេរិក មានវត្តមានយ៉ាងសំខាន់ និងមានប្រវត្តិជាច្រើនឆ្នាំ នៅក្នុងបណ្តាប្រទេសអាស៊ាន។ នៅខណៈពេលដែលយើងបន្តធ្វើការងារដោយមិនចេះនឿយហត់ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃវីរុសកូរ៉ូណា កិច្ចសហប្រតិបត្តិការរវាងប្រជាជាតិយើង នឹងបង្ហាញថែមទៀតនូវកម្លាំងនៃភាពជាដៃគូយុទ្ធសាស្ត្រក៏ទូលំទូលាយរបស់យើង។

ទោះបីជាយើងត្រូវតែពន្យាពេលកិច្ចប្រជុំពិសេសនេះ ក៏ក្រុមការងាររបស់យើងបានរៀបចំនូគំនិតផ្ដួចផ្តើមជាច្រើន ដើម្បីបង្ហាញអំពីទំនាក់ទំនងរវាងប្រទេសយើង។ យើងនឹងនៅតែដាក់ឱ្យដំណើរការនូវកម្មវិធីជាំច្រើននៃកម្មវិធីធំៗទាំងនេះ ហើយយើងនឹងស្វែងរកនូវកាលានុវត្តភាព ដើម្បីអនុវត្តគម្រោងកម្មវិធីទាំងអស់នេះនៅក្នុងខែខាងមុខ។

ខ្ញុំមានជំនឿថា ថ្នាក់ដាក់នាំអាស៊ាននិងអាចកោះប្រជុំកំពូលពិសេសនេះឡើងវិញ នៅពេលអនាគតដ៏ខ្លីខាងមុខនេះ”៕

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានឱ្យជួយបញ្ចុះតម្លៃផ្ទះខណៈសេដ្ឋកិច្ចកំពុងរងផលប៉ះពាល់

ដោយ ហ្សូលី

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញសេចក្តីប្រកាសអំពាវនាវដល់អ្នកវិនិយោគនិងក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាននានា ជួយបញ្ចុះតម្លៃផ្ទះ ខណៈសេដ្ឋកិច្ចកម្ពុជាកំពុងរងផលប៉ះពាល់បន្តិចបន្តួចដោយសារការផ្ទុះនៃមេរោគកូរ៉ូណា ឬកូវីដ ១៩។

នេះបើតាមសេក្តីប្រកាសដែលចេញផ្សាយកាលពីថ្ងៃទី ០៩ មីនា ឆ្នាំ ២០២០ ម្សិលមិញនេះ។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកទឹកចិត្តដល់ក្រុមហ៊ុនអចលនទ្រព្យដែលវិនិយោគលើវិស័យលំនៅដ្ឋានឱ្យជួយបញ្ចុះតម្លៃផ្ទះក្នុងកម្រិតសមស្រប ខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានសម្រេចផ្តល់ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធ ឬសិទ្ធកាន់កាប់អចលនទ្រព្យលំនៅដ្ឋានគ្រប់ប្រភេទដែលមានតម្លៃស្មើឬទាបជាង ៧ម៉ឺនដុល្លារ ក្នុងរយៈពេល១ឆ្នាំ។

ស្របគ្នានឹងការអំពាវនាវនេះទៀតសោត ដោយសារតែក្រសួងចង់សំណូមពរដល់ក្រុមហ៊ុនអចលនវត្ថុជួយគ្នាក្នុងការអនុវត្តវិធានការបន្ទាន់នានាសម្តៅកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីការរីករាលដាលនៃជំងឺកូរ៉ូណាឬកូវីដេ១៩ មកលើសេដ្ឋកិច្ចនិងសង្គមកម្ពុជា។

គោលបំណងមួយទៀតនោះ គឺដើម្បីជួយសម្រួលជីវភាពរបស់កម្មករ កម្មការិនី និយោជិត ដែលកំពុងព្យួរការងារបណ្តោះអាសន្ននិងអ្នកដែលបាត់បង់ការងារ រួមទាំងជួយសម្រាលការលំបាករបស់ប្រជាជនដែលជួបប្រទះវិបត្តិមួយចំនួនពាក់ព័ន្ធការបង់រំលស់ផ្ទះជាមួយក្រុមហ៊ុនតែម្តង៕

ក្រសួងដែនដីអំពាវនាវឱ្យអ្នកវិនិយោគផ្នែកលំនៅដ្ឋាននៅលើកំពូលភ្នំបូកគោដើម្បីបង្កើនភាពទាក់ទាញបន្ថែម

ដោយ ប៊ី

កំពត៖ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ បានអំពាវនាវឱ្យអ្នកវិនិយោគជាតិ និងអន្តរជាតិលើសំណង់លំនៅដ្ឋាន បោះទុនវិនិយោគ នៅលើកំពូលភ្នំបូកគោទៅតាមលទ្ធភាព ដើម្បីធ្វើឱ្យតំបន់ទេសចរណ៍កាន់តែមានភាពទាក់ទាញបន្ថែម។

ការអំពាវនាវរបស់ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ត្រូវបានធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងលំនៅដ្ឋាន កំណប់ឋានសួគ៍របស់ក្រុមហ៊ុនសុខាអូតែល នៅលើភ្នំបូកគោ ខេត្តកំពត នៅចុងសប្តាហ៍កន្លងមកនេះ។

លោកបានលើកឡើងថា គម្រោងលំនៅដ្ឋានកំណប់ឋានសួគ៌ នៅលើភ្នំបូកគោនេះ គឺមានការគាំទ្រជាផ្លូវច្បាប់ ដោយពីរាជរដ្ឋាភិបាល ដោយគម្រោងនេះអាចចាត់ទុកថាជាគម្រោងមួយជួយកែលំអរអភិវឌ្ឍតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តរបស់កម្ពុជាឲ្យក្លាយទៅជាតំបន់ទេសចរណ៍ មានភាពទាក់ទាញកាន់តែខ្លាំងចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនាំមកនូវចំណូលជូនជាតិកាន់តែច្រើនបានមកពីវិស័យទេចរណ៍។

លោកឧបនាយករដ្ឋមន្រ្តីបញ្ជាក់ទៀតថា កាលណាតំបន់ប្រវត្តិសាស្ត្រនេះមានប្រជាពលរដ្ឋរស់នៅច្រើនមានផ្សារ មានមន្ទីរពេទ្យ និងសាលារៀន អ្នកទេសចរណ៍ជាតិ និងអន្តរជាតិក៏មានទំនុកចិត្ត ក្នុងការមកស្នាក់នៅសម្រាកកម្សាន្តនៅទីនេះដែរ។ លោលក៏បានស្នើឲ្យទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនសិក្សាលើហេដ្ឋារចនាសម្ព័ន្ធផ្លូវឡើងមកកាន់តំបន់ទេសចរណ៍មួយនេះផងដែរ។

លោក ជាវ តាវ អភិបាលខេត្តកំពតឡើកឡើងថា រដ្ឋបាលខេត្តកំពតសាទរយ៉ាងពេញទំហឹង ចំពោះគម្រោងវិនិយោគអភិវឌ្ឍលំនៅដ្ឋានលើកំពូលភ្នំបូកគោ ដែលជាការវិនិយោគរបស់ក្រុមហ៊ុនសុខាអូតែលក្រោមការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា។

គម្រោងអភិវឌ្ឍលំដ្ឋាននេះមិនតែប្រែក្លាយតំបន់ទេសចរណ៍មួយនេះក្លាយជាទីប្រជុំជនដែលមានប្រជាជនរស់នៅមូលមីនោះទេ វាថែមទាំងបានផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើន ដែលជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍកំណើតសេដ្ឋកិច្ច កាត់បន្ថយអាត្រាភាពក្រីក្រនៅកម្ពុជាតាមកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្រី សុខ ចន្ថា អនុប្រធានក្រុមហ៊នសុខាអូតែល បញ្ជាក់ថា គម្រោងលំនៅដ្ឋានកំណប់ឋានសួគ៌ នៅលើភ្នំបូកគោ គឺមាន៤ទីតាំង ទីតាំងទី១-បុរីមរតឋានសួគ៌ភូមិគ្រឹះបេតុងកម្ពស់២ជាន់ មានចំនួន១៣៩១ខ្នង លើផ្ទៃដីទំហំ១៦ម៉ែត្រ គុណនឹង២២ម៉ែត្រ។ ទីតាំងទី២-បុរីអម្រឹតឋានសួគ៌ ផ្ទះល្វែងកម្ពស់៣ជាន់ មាន៤២៤០ល្វែង មានផ្ទៃដីទំហំ៥ម៉ែត្រ គុណនឹង២១ម៉ែត្រ ក្នុងនោះមានផ្សារ មន្ទីរពេទ្យនិង សាលារៀន។

ទីតាំង៣-ក្រោនអ៊ីស្តេត ភូមិគ្រឹះកម្ពស់៣ជាន់ មាន ៥៥៨៥ខ្នង លើផ្ទៃដីដីទំហំ ១០ម៉ែត្រគុណនឹង១៨ម៉ែត្រ ផ្ទះល្វែងកម្ពស់៣ជាន់ ១៥៩៥២ល្វែង មានផ្ទៃដីទំហំ៦ ម៉ែត្រគុណនឹង១៤ម៉ែត្រ និងទីតាំងទី៤ បុរី ម៉ោន ស៊ីវីយូ សាងសង់ភូមិគ្រឹះ មានកម្ពស់៣ជាន់ ចំនួន៦៣៧ខ្នង ក្នុងនោះ ភូមិគ្រឹះប្រភេទ-ក ចំនួន៣៦ខ្នងទំហំផ្ទៃដី៣៥ គុណនិង២៥ម៉ែត្រ និងភូមិគ្រឹះប្រភេទ-ខ ៦០១ខ្នងមានផ្ទៃដី២០គុណនឹង២៥ម៉ែត្រ។

សូមបញ្ជាក់ថា អនុលោមតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចដាក់ឲ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ ក្រុមហ៊ុនបានរៀបចំគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន នៅលើភ្នំបូកគោ ដោយពុះបំបែកដីជាឡូត៍តូចៗ មានដីឡូត៍ សម្រាប់សាងសង់ផ្ទះល្វែង សម្រាប់សាងសង់ភូមិគ្រឹះ និងសម្រាប់សាងសង់អគារពាណិជ្ជកម្ម ជាដើម ដែលបច្ចុប្បន្នបានជួលបន្តដីឡូត៍ទាំងនោះ អស់ចំនួនប្រមាណ ៥២០០ឡូត៍ ទៅឲ្យអតិថិជនប្រមាណ ១៦០០នាក់ហើយ៕

សម្តេចតេជោ៖ កម្ពុជាត្រៀមថវិកាបំរុងចន្លោះពី ៨០០ ទៅ ២០០០ លានដុល្លារសម្រាប់សង្គ្រោះសេដ្ឋកិច្ចក្នុងអំឡុងមានជំងឺកូវីដ ១៩

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឱ្យដឹងថា កម្ពុជាបាននឹងត្រៀមថវិកាចន្លោះ ៨០០ ទៅ ១០០០ លានដុល្លារអាមេរិក ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចកម្ពុជាឱ្យមានស្ថេរភាព និងលំនឹង បើជំងឺផ្លូវដង្ហើមកូវីដ ១៩ អូសន្លាយរហូតដល់ ១ ឆ្នាំ ។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដានៅថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០នេះ ថ្លែងឱ្យដឹងថា កម្ពុជាបានត្រៀមថាវិកាប្រមាណ ៨០០ លាដុល្លារអាមេរិកក្នុងរយៈពេល ៦ខែ ហើយបើជំងឺកូវីដ ១៩ អូសបន្លាយរយៈពេល ១ ឆ្នាំ នឹងអាចត្រៀមថវិកាជាតិប្រមាណចន្លោះ ៨០០ ទៅ ២០០០ លានដុល្លារអាមេរិកក្នុងការសង្គ្រោះសេដ្ឋកិច្ច។

សម្តេចតជោថ្លែងថា “យើងត្រៀមថវិកាប្រមាណ ៨០០ លានដុល្លារក្នុងរយៈពេល ៦ ខែ ដើម្បីសង្គ្រោះសេដ្ឋកិច្ច ហើយបើវាអូសបន្លាយដល់១ ឆ្នាំ យើងក៏ប៉ានស្មានថាវាធ្លាក់កំណើនប៉ុណ្ណា ផលប៉ះពាល់វាធំប៉ុណ្ណា ហើយបាត់បង់ចំណូលប៉ុណ្ណា បើវាដល់មួយឆ្នាំ សេដ្ឋកិច្ចរបស់យើងធ្លាក់ប៉ុណ្ណា ត្រូវប៉ះប៉ូវទំហំទឹកប្រាក់ប៉ុណ្ណា អញ្ចឹងវាស្ថិតនៅក្នុងចន្លោះ ពី ៨០០ ទៅ ២០០០ លានដុល្លារអាមេរិកដើម្បីបំរ៉ុង”។
កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០នឹងមានត្រឹមតែ ៦.១%ប៉ុណ្ណោះ។ នេះ

បើតាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ ២០២០ គឺស្ថិតនៅក្នុងរង្វង់ ៦.៥% ដែលទាញទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជាដែលធ្លាប់តែសម្រេចបានជាង៧ភាគរយក្នុងមួយឆ្នាំក្នុងរយៈពេលពីរទស្សវត្សរ៍មកនេះ។

មានការកត្តាជាច្រើនដែលធ្វើឱ្យធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជានេះ ដោយសារការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក ភាពមិនប្រាកដប្រជានៅតំបន់មជ្ឈឹមបូព៌ា ជម្លោះពាណិជ្ជកម្មរវាងចិន-សហរដ្ឋអាមេរិក ការប្រែប្រួលអាកាសធាតុ និងការផ្ទុះឡើងនៃជំងឺឆ្លងដែលបង្កដោយកូរ៉ូណាវីរុសថ្មីៗ ឬកូវីដ ១៩ នៅក្នុងប្រទេសចិន ជាដើមដែលបាននឹងកំពុងរីករាលដាលនៅក្នុងពិភពលោក៕