កម្ពុជា​ដាក់​ដំណើរ​ការ​មធ្យោបាយ​ដឹកជញ្ជូន​ផ្លូវទឹកថ្មី​សម្រាប់​នាំ​ចេញ​អង្ករ​ដោយ​ផ្ទាល់​ទៅ​កាន់​ទីផ្សារ​ប្រទេសហ្វីលីពីន​

ដោយៈ ម៉ាណា

ព្រះសីហនុៈ នៅកំពង់ផែស្វយ័តព្រះសីហនុ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដ៏សំខាន់នៃ “ការដឹកជញ្ជូនអង្ករ ១០ ០០០ តោន តាមផ្លូវទឹកដោយនាវាដឹកទំនិញរាយ” រវាងក្រុមហ៊ុន City Rice និង Dilai Trading ដើម្បីនាំចេញដោយផ្ទាល់ពីកម្ពុជាទៅកាន់សាធារណរដ្ឋហ្វីលីពីន។

ពិធីនេះគឺជាការចាប់ផ្តើមថ្មីមួយ សម្រាប់វិស័យអង្ករកម្ពុជា ដោយការដឹកជញ្ជូនតាមរយៈនាវាដឹកទំនិញរាយ នឹងបង្កើនសមត្ថភាពការនាំចេញអង្ករតាមផ្លូវទឹកបន្ថែមទៀត ពីលើការដឹកជញ្ជូនតាមនាវាកុងតឺន័រ។ មធ្យោបាយនេះជួយបង្កើនប្រសិទ្ធភាព បង្កើនភាពប្រកួតប្រជែងរបស់អង្ករកម្ពុជាលើទីផ្សារអន្តរជាតិ កាត់បន្ថយចំណាយនិងពេលវេលាដឹកជញ្ជូន និងធានានូវការផ្គត់ផ្គង់អង្ករ ដែលមានគុណភាពខ្ពស់ទៅទីផ្សារហ្វីលីពីនប្រកបដោយស្ថិរភាព។

ការដឹកជញ្ជូននាំចេញអង្ករកម្ពុជា តាមនាវាទំនិញរាយ គឺសម្រេចបាន តាមរយៈការផ្ដល់ការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើការប្រើប្រាស់កំពង់ផែស្វយ័តព្រះសីហនុ ហើយជោគជ័យនេះ គឺកើតចេញពីការសហការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធ ពីកំពង់ផែស្វយ័តព្រះសីហនុ។

ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករទៅហ្វីលីពីន បានចំនួន១២២,១០២តោន ដែលស្មើនឹងជាង១៥,៤ភាគរយ នៃបរិមាណនាំចេញអង្ករសរុប ៧៩២ ២១២ តោន។ តាមការបញ្ជាក់របស់សហព័ន្ធអង្ករកម្ពុជា (CRF) អង្ករដែលមានកិច្ចសន្យាទិញរួចហើយសម្រាប់ខែកញ្ញា ដល់ខែធ្នូឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងមានបន្ថែមទៀត៨៧,៣៤៤ តោន ដែលនឹងធ្វើឱ្យបរិមាណនាំចេញសរុបទៅហ្វីលីពីនក្នុងឆ្នាំ២០២៦ ឈានដល់ប្រមាណ២០៩ ៤៤៦តោន។

នេះគឺជាការកើនឡើង ដ៏ធំបើប្រៀបធៀបនឹងឆ្នាំមុនៗ ហើយជាកត្តាដ៏ធំមួយ ដែលរួមចំណែកក្នុងការព្យាករណ៍ ឆ្ពោះទៅកាន់ការនាំចេញច្រើនជាង១លានតោន នៅឆ្នាំ ២០២៦ នេះដែលជាការបំបែកឯតទគ្គកម្មនាំចេញ៩៤០,៣២១ តោនកាលពីឆ្នាំ២០២៥ ។

សមិទ្ធផលនេះ គឺកើតចេញពីការខិតខំប្រឹងប្រែង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហ្វីលីពីន ព្រមទាំងវិស័យឯកជននៃប្រទេសទាំងពីរ ក្នុងការបើកទីផ្សារថ្មីនៅហ្វីលីពីន និងការតភ្ជាប់វិស័យឯកជន ដើម្បីផ្ដល់អត្ថប្រយោជន៍ទៅវិញ ទៅមកដោយកម្ពុជា ទទួលបានទីផ្សារថ្មី ហើយហ្វីលីពីនទទួលបានប្រភពអង្ករថ្មី ដើម្បីចូលរួមធានាសន្តិសុខស្បៀង។

ការសហការយ៉ាងជិតស្និទ្ធ រវាងរដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា និង រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន Francisco P.Tiu Laurel Jr. រួមទាំងវិស័យឯកជន និងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធផ្សេងទៀត ជាពិសេ សការសម្របសម្រួល ការរៀបចំវេទិកាទំនាក់ទំនងផ្គូរផ្គង វិស័យឯកជនB2B បានរួមចំណែកយ៉ាងសំខាន់ ក្នុងលទ្ធផលជាក់ស្តែងនេះ។

កិច្ចសហការរវាងរដ្ឋ និងរដ្ឋ រួមជាមួយវិស័យឯកជន គឺជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការសម្រេចបាននូវការ បើកទីផ្សារនាំចេញអង្ករដ៏ធំនេះ ហើយក៏រួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរឆ្ពោះទៅរកការបំបែកឯតទគ្គកម្ម ការនាំចេញជាបន្តបន្ទាប់នៅពេលអនាគត៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ផ្តល់​ថវិកា​ ១០ម៉ឺនដុល្លារ​ ជាលើកទី២​ ជូន​សមាគម​កាក​បាទ​ក្រហម​ចិន​ សម្រាប់​ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីប្រគល់-ទទួលជានិមិត្តរូបនូវថវិកាដ៏ថ្លៃថ្លាចំនួន ១០ម៉ឺនដុល្លារអាម៉េរិក ជូនដល់សមាគមកាកបាទក្រហមចិន តាមរយៈស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចំណែកក្នុងប្រតិបត្តិការមនុស្សធម៌ឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិដែលកំពុងកើតមានឡើងនៅក្នុងប្រទេសចិន។

ពិធីប្រគល់-ទទួួលជានិមិត្តរូបនេះ ប្រព្រឹត្តទៅស្ថានទូតចិន ក្រោមវត្តមានលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា។ ចំណែកឯ ការផ្ទេរថវិកានឹងដំណើរការទៅតាមនិតីវិធីនៃប្រព័ន្ធធនាគារ។

នេះជាលើកទី២ហើយ ដែលកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាមនុស្សធម៌ចំនួន ១០ម៉ឺនដុល្លារអាមេរិក ជូនដល់សមាគមកាកបាទក្រហមចិន ដោយការផ្តល់ជំនួយលើកទី១ ត្រូវបានធ្វើឡើងកាលពីអំឡុងខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ។ បន្ថែមពីលើនេះ កាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិកផ្សេងទៀត តាមរយៈសហព័ន្ធអន្តរជាតិ (IFRC) ដើម្បីចូលរួមគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយទឹកជំនន់នៅតំបន់ព្រំដែននេប៉ាល់-ចិន ផងដែរ។

ក្នុងឱកាសជំនួបប្រគល់ និងទទួលថវិកានេះ លោកស្រីអគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំនូវបណ្តាំសួរសុខទុក្ខ និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាជនចិនដែលកំពុងរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ។ លោកស្រីបានបញ្ជាក់ថា ទោះបីជាថវិកាជំនួយរបស់កាកបាទក្រហមកម្ពុជាមានចំនួនមិនច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែវាជាការស្តែងចេញនូវទឹកចិត្ត និងមនោសញ្ចេតនាអាសូរអាណិត ព្រមទាំងការចែករំលែកទុក្ខលំបាកយ៉ាងជ្រាលជ្រៅរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងប្រជាជនកម្ពុជា ជាមួយបងប្អូនប្រជាជនចិន។

ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងមានប្រសាសន៍ថា ក្នុងរយៈពេលត្រឹមតែជាងពីរខែប៉ុណ្ណោះ កាកបាទក្រហមកម្ពុជាបានជួយឧបត្ថម្ភដល់ប្រជាជនចិនរហូតដល់ ២លើក។ ឯកឧត្តមបានជម្រាបជូនថា កាលពីជំនួយលើកទី១ សមាគមកាកបាទក្រហមចិន បានផ្សព្វផ្សាយជាសាធារណៈជូនដល់ប្រជាជនចិនបានជ្រាប ហើយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីសាធារណជនចិន។

ទន្ទឹមនឹងនេះឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានរំលឹកអំពីសកម្មភាពមនុស្សធម៌នាពេលកន្លងមក ដែលតំណាងស្ថានទូតចិនបានចុះទៅសួរសុខទុក្ខ និងផ្តល់ជំនួយថវិកាផ្ទាល់ខ្លួនបន្តិចបន្តួច (៣ម៉ឺនរៀលក្នុងមួយគ្រួសារ) ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តត្បូងឃ្មុំ។ លោកបានគូសបញ្ជាក់ថា «អ្វីដែលសំខាន់មិនមែននៅលើទំហំទឹកប្រាក់នោះទេ ប៉ុន្តែគឺស្ថិតនៅលើទឹកចិត្ត តម្លៃមនុស្សធម៌ និងមនោសញ្ចេតនាចេះជួយយកអាសារគ្នាទៅវិញទៅមកក្នុងគ្រាលំបាក»។

ជាកិច្ចបន្តលោកស្រីអគ្គលេខាធិការ បានលើកឡើងអំពីបំណងរបស់កាកបាទក្រហមកម្ពុជា ក្នុងការស្នើសុំកិច្ចសហប្រតិបត្តិការជាមួយសមាគមកាកបាទក្រហមចិន សាខាខេត្តគ័ងស៊ី ដើម្បីជួយបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់មន្ត្រីកាកបាទក្រហមកម្ពុជា លើវិជ្ជាសង្គ្រោះបឋម ដោយសារបច្ចុប្បន្ន កាកបាទក្រហមកម្ពុជាមានបណ្តាញវិជ្ជាសង្គ្រោះបឋមនៅគ្រប់ ២៥ រាជធានី-ខេត្ត ហើយកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ និងបណ្តុះបណ្តាលជំនាញនេះជូនដល់ប្រជាពលរដ្ឋ។ ជាការឆ្លើយតប ឯកឧត្តមអគ្គរដ្ឋទូតបានសម្តែងការគាំទ្រយ៉ាងពេញទំហឹង និងរីករាយក្នុងការជួយសម្របសម្រួលជំរុញឱ្យកិច្ចសហប្រតិបត្តិការលើការងារបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមនេះលេចចេញជាផ្លែផ្កា។

ជាទីបញ្ចប់លោកអគ្គរដ្ឋទូតចិន បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ជាថ្មីម្តងទៀតថា ស្ថានទូតចិនតែងតែរង់ចាំជួយ និងសហការជាមួយកាកបាទក្រហមកម្ពុជាជានិច្ច ហើយរាល់សេចក្តីត្រូវការចាំបាច់ទាំងឡាយណាដែលកាកបាទក្រហមកម្ពុជាស្នើសុំ ស្ថានទូតចិននឹងខិតខំប្រឹងប្រែងចែករំលែក និងជួយជ្រោមជ្រែងតាមលទ្ធភាពដែលអាចធ្វើទៅបាន៕

មន្រ្តី​ជាន់ខ្ពស់​ក្រសួងព័ត៌មាន​បញ្ជាក់​ពី​ជំហ​របស់​ក្រសួង​ក្នុង​ការ​គាំ​ទ្រ​អង្គការសមាគម​នានា​

ដោយៈ ចំណាន

   ភ្នំពេញៈ រដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការសមាគមនៃក្រសួងព័ត៌មាន លោកសុខ ចាន់ភ័ក្តីបានបង្ហាញពីជំហរបស់ក្រសួង ក្នុងការគាំទ្រ អង្គការ សមាគមនានា លើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសារព័ត៌មាន។

លោកបានថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាត្តឲ្យលោកយិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា និងថ្នាក់ដឹកនាំសមាគម បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី១៦ កញ្ញានេះ។

លោកយិន លាងគង់បានជម្រាបជូនលោករដ្ឋលេខាធិការថា សមាគមបង្កើតឡើង ក្នុងគោលដៅបណ្តុះបណ្តាល ធនធានមនុស្សផ្នែកសារព័ត៌មានឲ្យចេះសរសេរព័ត៌មាន សេដ្ឋកិច្ច អចលនទ្រព្យ និងហិរញ្ញវត្ថុឲ្យបានច្រើន ព្រោះជំនាញនេះ សមស្របតាមបរិបទនៃការរីក​ចម្រើនសេដ្ឋកិច្ច សង្គមកម្ពុជា។

លោកបន្តថា “សមាគមចង់រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយព័ត៌មានពីសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គក​ម្ពុជា ទៅកាន់មជ្ឈដ្ឋានជាតិ អន្តរជាតិឲ្យបានទូលំទូលាយផងដែរ”។

លោកយិន លាងគង់បានបន្តថា ក្នុងការជួបសម្តែងការគួរសមនេះ ថ្នាក់ដឹកនាំសមាគមចង់សុំកិច្ចសហការ ជាមួយក្រសួងព័ត៌មាន លើការបណ្តុះបណ្តាល និងកិច្ចសហការក្នុងរូបភាពមួយចំនួនទៀត ទាក់ទងនឹងការគៀងគរទុន ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលឲ្យបានរលូនផងដែរ។

ជាការឆ្លើយតប លោកសុខ ចាន់ភ័ក្តីបានស្វាគមន៍ និងកោតសរសើរចំពោះសមាគម ដែលបានរួមចំណែកជាមួយក្រសួងព័ត៌មានកន្លងមក។ លើសពីនេះ លោកបានលើកឡើងពីច្បាប់បទដ្ឋានគតិយុត្តិ មួយចំនួនរបស់ក្រសួង ដែលតម្រុវឲ្យអង្គការ សមាគមនានាអនុវត្តន៍តាមគោលការណ៍ណែនាំរបស់ក្រសួងផងដែរ។

លោករដ្ឋលេខាធិការក៏ស្នើឲ្យសមាគមធ្វើការពិចារណា ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស សិស្សានុសិស្សនៅតាមបណ្តាខេត្ត ទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មាន និងការប្រើប្រាស់បច្ចេកវិទ្យាឲ្យបានត្រឹមត្រូវផងដែរ។

លោកសុខ ចាន់ភ័ក្តីបានលើកឡើងផងដែរថា ក្រសួងគាំទ្រដល់អង្គការសមាគមនានា លើការបណ្តុះបណ្តាលធនធានមនុស្សលើមូលដ្ឋានមួយចំនួនដូចជា ផ្តល់សាលបណ្តុះបណ្តាល ផ្តល់គ្រូឧទ្ទេសក៏ និងផ្តល់ការគាំទ្រ ដោយវិញ្ញាបនបត្ររបស់ក្រសួងនឹងមានការស៊ីញ៉េទទួលស្គាល់ ដោយលោករដ្ឋមន្រ្តីក្រសួងព័ត៌មានផងដែរ៕

តម្លៃ​ផ្ទះ​នៅ​ទីក្រុង​ធំៗ​របស់​ប្រទេសចិន​ថយ​ចុះក្នុង​កម្រិតទាប​ជាង​មុន​នៅ​ខែសីហា

ដោយ: សហសេវិក
អន្តរជាតិ: ទិន្នន័យផ្លូវការបានបង្ហាញថា តម្លៃផ្ទះទីក្រុងធំៗរបស់ប្រទេសចិនបន្តធ្លាក់ចុះក្នុងអត្រាយឺតជាងមុននៅក្នុងខែសីហា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) ឱ្យដឹងថា នៅក្នុងទីក្រុងលំដាប់ទី១ ដូចជា ប៉េកាំង សៀងហៃ ក្វាងចូវ និងសុិនជិន តម្លៃផ្ទះថ្មីបានធ្លាក់ចុះ០,៩ភាគរយធៀបនឹងឆ្នាំមុន ដែលជាអត្រាធ្លាក់ចុះទាបជាងខែមុនចំនួន ០,២ ភាគរយ។

តម្លៃផ្ទះប្រភេទទី២ នៅក្នុងទីក្រុងទាំង៤ បានធ្លាក់ចុះ ២,៧ ភាគរយជាមធ្យមធៀបនឹងឆ្នាំមុន ដែលជាការថយចុះក្នុងអត្រាមួយទាបជាងកម្រិត ៣,៧ ភាគរយកាលពីខែកក្កដា។

ចំពោះទីក្រុងលំដាប់ទីពីរ និងទី៣ វិញ ការធ្លាក់ចុះនៃតម្លៃផ្ទះទាំងផ្ទះថ្មី និងផ្ទះប្រភេទទី២ មានសភាពថយចុះតិចជាងមុន បើធៀបនឹងខែកក្កដា។

បើគិតមូលដ្ឋានប្រចាំខែ តម្លៃផ្ទះនៅក្នុងទីក្រុងលំដាប់ទី១ បានកើនឡើងនៅក្នុងខែសីហា ខណៈដែលតម្លៃផ្ទះនៅទីក្រុងលំដាប់ទីពីរ និងទី៣ ភាគច្រើនបានកត់ត្រាអត្រានៃការធ្លាក់ចុះក្នុងកម្រិតតិចជាងមុន។

លោក Fu Linghui អ្នកនាំពាក្យការិយាល័យស្ថិតិជាតិ (NBS) បានអះអាងថា ការលក់អចលនទ្រព្យជារួមមានភាពប្រសើរ ដោយទំហំនៃការលក់ផ្ទះប្រភេទទី២ បានកើនឡើង ១០,៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ៕

តម្លៃដីធ្លីនៅក្នុងប្រទេសជប៉ុនបន្តកើនឡើងក្នុងរយៈពេល៥ ឆ្នាំជាប់ៗគ្នា

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រសួងដែនដីរបស់ជប៉ុនបានឱ្យដឹងថា តម្លៃដីធ្លីនៅក្នុងប្រទេសជប៉ុនបានកើនឡើងរយៈពេល ៥ ឆ្នាំជាប់ៗគ្នា ស្របពេលនិន្នាការនៃការងើបឡើងវិញនៃសេដ្ឋកិច្ចស្ថិតក្នុងកម្រិតមធ្យម។

គិតត្រឹមថ្ងៃទី ១ ខែកក្កដា តម្លៃដីធ្លីជាមធ្យមនៅទូទាំងប្រទេសបានកើនឡើង ១,៥% បើធៀបនឹងឆ្នាំមុន ដោយតម្លៃដីសម្រាប់លំនៅឋានបានកើនឡើង ១,០% និងតម្លៃដីសម្រាប់ពាណិជ្ជកម្មបានកើនឡើង ២,៩%។

ក្នុងចំណោមតំបន់ទីក្រុងធំៗទាំង៣របស់ប្រទេស តំបន់ទីក្រុងតូក្យូ និងអូសាកា (រួមទាំងតំបន់ជុំវិញ) បានកត់ត្រានូវកំណើនលឿនជាងមុនទាំងតម្លៃដីសម្រាប់លំនៅឋាន និងដីពាណិជ្ជកម្ម ខណៈដែលតំបន់ណាហ្គូយ៉ា (Nagoya) មានកំណើនយឺតជាង។

កំណើនតម្លៃដីបានថយចុះផងដែរនៅក្នុងទីក្រុងធំៗចំនួន៤ រួមមាន ទីក្រុង Sapporo ទីក្រុង Sendai ទីក្រុង Hiroshima និងទីក្រុង Fukuoka បណ្តាលមកពីអ្នកទិញផ្ទះងាកទៅរកផ្ទះដែលមានតម្លៃសមរម្យនៅតំបន់ជាយក្រុងវិញ ដោយសារការកើនឡើងនៃតម្លៃដី និងថ្លៃដើមសំណង់។

ដីលំនៅឋានមួយកន្លែងនៅក្នុងសង្កាត់ Akasaka នៃខណ្ឌ Minato ក្នុងទីក្រុងតូក្យូ នៅតែជាដីដែលមានតម្លៃខ្ពស់បំផុតរយៈពេល៨ឆ្នាំជាប់ៗគ្នា ដោយតម្លៃដីបានកើនឡើងដល់ ៧,៥លានយ៉េនក្នុងមួយម៉ែត្រការ៉េ។

ដីពាណិជ្ជកម្មនៅក្នុងសង្កាត់ Ginza នៃខណ្ឌ Chuo ក្នុងទីក្រុងតូក្យូ មានតម្លៃខ្ពស់ជាងគេបំផុតរយៈពេល ២១ ឆ្នាំជាប់ៗគ្នា ដោយមានតម្លៃ ៥២,៥ លានយ៉េនក្នុងមួយម៉ែត្រការ៉េ កើនឡើងពីតម្លៃ ៤៦,៩ លានយ៉េន៕

ទីផ្សារភាគហ៊ុនកម្ពុជាបង្ហាញពីភាពរឹងមាំ ខណៈទំហំជួញដូរ បន្តកើនឡើង

ដោយៈ ចំណាន

   ភ្នំពេញៈ ទីផ្សារភាគហ៊ុនរបស់កម្ពុជា កំពុងមានភាពរឹងមាំឡើង ទោះបីជាវានៅតែជាទីផ្សារតូច និងមានសន្ទនីយភាព (លទ្ធភាពទិញ-លក់) ទាបក៏ដោយ។

១.CSX មានការគ្រប់គ្រងត្រឹមត្រូវ

ផ្សារមូលបត្រកម្ពុជា (CSX) ដំណើរការក្រោមក្របខ័ណ្ឌបទប្បញ្ញត្តិស្តីពីមូលបត្រ ដោយមាននិយ័តករមូលបត្រកម្ពុជា (SERC) ត្រួតពិនិត្យទីផ្សារ។ ក្រុមហ៊ុនដែលបានចុះបញ្ជី ត្រូវគោរពតាមតម្រូវការនានា រួមមានការបង្ហាញព័ត៌មាន ការដាក់ជូនរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម គោលការណ៍អភិបាលកិច្ច និងតម្រូវការទាក់ទងនឹងម្ចាស់ភាគហ៊ុន។

២.ទីផ្សារកំពុងមានភាពប្រសើរឡើង

នៅឆមាសទី១ ឆ្នាំ២០២៦ ចំនួនវិនិយោគិនសកម្មបានកើនឡើងប្រហែល៦៤% បើធៀបនឹងឆ្នាំមុន ខណៈដែលតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃបានកើនឡើងប្រហែល៩១%។

សន្ទស្សន៍CSX ក៏បានកើនឡើង៧,៧% ផងដែរនៅក្នុងឆមាសទី១នោះ។ ប៉ុន្តែសន្ទនីយភាពនៅតែជាចំណុចខ្សោយដ៏សំខាន់ ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)បានលើកឡើងថា ទីផ្សារមូលបត្រកម្ពុជានៅតែមានទំហំតូច ដោយមានសកម្មភាពជួញដូរនៅទីផ្សារបន្ទាប់បន្សំមានកម្រិត និងមានក្តីបារម្ភអំពីទំនុកចិត្តរបស់វិនិយោគិន។

កាលពីចុងឆ្នាំ២០២៥ មានក្រុមហ៊ុនភាគហ៊ុនចំនួន១២ ដែលបានចុះបញ្ជី និងមានមូលធនប័ត្រទីផ្សារសរុបប្រហែល២,៩១ ពាន់លានដុល្លារអាមេរិក ខណៈដែលការជួញដូរភាគហ៊ុនជាមធ្យមប្រចាំថ្ងៃមានចំនួនប្រហែល ១១០.០០០ ដុល្លារអាមេរិក។

៣.ការការពារវិនិយោគិនមានភាពប្រសើរឡើង

IMF នៅតែណែនាំឱ្យមានការត្រួតពិនិត្យ ដោយផ្អែកលើហានិភ័យឱ្យកាន់តែរឹងមាំ និងមានវិធានការនានាដើម្បីបង្កើនទំនុកចិត្តលើទីផ្សារ។

អ្នកជំនាញបានចាត់ថ្នាក់CSX ដូចខាងក្រោម បទប្បញ្ញត្តិ/ទំនុកចិត្ត៖ កំពុងប្រសើរឡើង កំណើនទីផ្សារ មានសក្តានុពលល្អ។

សម្រាប់យុទ្ធសាស្ត្រវិនិយោគ លើវិស័យអចលនទ្រព្យនៅកម្ពុជាដែលអ្នកកំពុងពិចារណា អ្នគជំនាញបានផ្តល់អនុសាសន៍ឲ្យអ្នកវិនិយោគតាមដានទីផ្សារភាគហ៊ុនឱ្យបានដិតដល់។

ប្រសិនបើក្រុមហ៊ុនក្នុងវិស័យធនាគារ ហេដ្ឋារចនាសម្ព័ន្ធ សេវាសាធារណៈ (utilities) ផលិតកម្ម និងអចលនទ្រព្យរបស់កម្ពុជាមានតម្លាភាពកាន់តែខ្លាំង ហើយមានក្រុមហ៊ុនចុះបញ្ជីកាន់តែច្រើននោះ CSX អាចក្លាយជាប្រភពដ៏សំខាន់ នៃដើមទុនវិនិយោគសម្រាប់សេដ្ឋកិច្ចនៅចន្លោះឆ្នាំ ២០២៧-២០៣០៕

អ្នកជំនាញ​បាន​ជម្រុញ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរយុទ្ធសាស្រ្ត​លើការ​វិនិយោគ​អចលនទ្រព្យ​នៅ​កម្ពុជា​

ដោយៈ ចំណាន

   ភ្នំពេញៈ នៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជាដែលកំពុងជួបការលំបាក អ្នកជំនាញមិនឲ្យបញ្ឈប់ការវិនិយោគទាំងស្រុងនោះទេ ប៉ុន្តែខ្ញុំនឹងផ្លាស់ប្តូរយុទ្ធសាស្ត្រពី “ការរំពឹងទុកលើកំណើនតម្លៃ (speculation)​”។

អ្នកជំនាញបានចង្អុលទៅកាន់ យុទ្ធសាស្ត្រដែលផ្តោតលើ “លំហូរសាច់ប្រាក់ + គុណភាព + ភាពអត់ធ្មត់” វិញ។

ស្ថានភាពបច្ចុប្បន្នទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ មុនបង្ហូរទុនវិនិយោគ។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងថា ភាពទន់ខ្សោយ នៃវិស័យអចលនទ្រព្យនៅកម្ពុជា នៅតែជាហានិភ័យសំខាន់សម្រាប់វិស័យហិរញ្ញវត្ថុ ខណៈដែលធនាគារពិភពលោក (World Bank) បានកត់សម្គាល់ថា ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ ក្នុង     រយៈពេលយូរ កំពុងបង្កើនកម្រិតឥណទានមិនដំណើរការ (NPLs) និងហានិភ័យហិរញ្ញវត្ថុម៉ាក្រូ។

អ្វីដែលអ្នកវិនិយោគគួរធ្វើនៅពេលនេះ គឺរក្សាសាច់ប្រាក់ឱ្យបានច្រើន ដោយកុំដាក់ដើមទុនទាំងអស់ ដែលមានទៅលើអចលនទ្រព្យ។
ទីផ្សារដែលកំពុងជួបការលំបាក អាចផ្តល់នូវឱកាសទិញបានក្នុងតម្លៃល្អបំផុត ប៉ុន្តែសម្រាប់តែអ្នកវិនិយោគ ដែលមានសាច់ប្រាក់ក្នុងដៃ (liquidity) ប៉ុណ្ណោះ។

ទិញអចលនទ្រព្យដែលមានគុណភាព មិនមែនគ្រាន់តែទិញរបស់ដែលមានតម្លៃថោកនោះទេ ប៉ុន្តែត្រូវស្វែងរកតំបន់ដែលមានការការតភ្ជាប់ផ្លូវថ្នល់/ហេដ្ឋារចនាសម្ព័ន្ធល្អ មានប្រជាជនរស់នៅច្រើន និងការងារធ្វើស្រាប់។

ជាមួយគ្នានេះ ការផ្តោតលើអចលនទ្រព្យ មានប័ណ្ណកម្មសិទ្ធិស្របច្បាប់ច្បាស់លាស់ មានតម្រូវការជាក់ស្តែងសម្រាប់ការជួល ឬការប្រើប្រាស់ផ្ទាល់ អចលនទ្រព្យដែលអាចលក់ចេញវិញបាន ដោយមិនចាំបាច់ពឹងផ្អែកលើការកើនឡើងតម្លៃ ដោយសារការរំពឹងទុកហួសហេតុ (speculative boom)។

អ្នកជំនាញបានផ្តល់អនុសាសន៍ ឲ្យអ្នកវិនិយោគផ្តល់អាទិភាពដល់អចលនទ្រព្យដែលបង្កើតចំណូល ជាទូទៅអចលនទ្រព្យដែលបង្កើតចំណូលពីការជួល ក្នុងកម្រិតសមរម្យ គឺមានសុវត្ថិភាពជាងដីដែលមិនបង្កើតចំណូលអ្វីទាំងអស់ ខណៈពេលដែលអ្នករង់ចាំឱ្យតម្លៃដីកើនឡើង។

លើសពីនេះ អ្នកវិនិយោគត្រូវមានការជ្រើសរើសឱ្យបានហ្មត់ចត់ចំពោះដីធ្លី ដីដែលមានតម្លៃថោក មិនមែនមានន័យថាជាការទិញបានផលចំណេញល្អនោះទេ។

ជាមួយគ្នានេះ ក៏មានការព្រមានអំពីការជៀសវាងការខ្ចីប្រាក់ហួសកម្រិត ដោយសារគុណភាពទ្រព្យសកម្ម ក្នុងវិស័យធនាគារកំពុងស្ថិតក្រោមសម្ពាធ ការខ្ចីប្រាក់ក្នុងកម្រិតខ្ពស់ (high leverage) អាចប្រែក្លាយអចលនទ្រព្យល្អមួយ ទៅជាបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរបាន។

ធនាគារពិភពលោកបានរាយការណ៍ អំពីការកើនឡើងនៃឥណទានមិនដំណើរការ (NPL)ស្របពេលជាមួយនឹងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ។

ស្វែងរកអ្នកលក់ដែលកំពុងជួប ការលំបាកផ្នែកហិរញ្ញវត្ថុ (distressed sellers) ប៉ុន្តែកុំប្រញាប់ប្រញាល់ពេក ឱកាសក្នុងអំឡុងពេលទីផ្សារធ្លាក់ចុះ គឺការទិញពីអ្នកដែល ៗចាំបាច់ត្រូវលក់” ជាជាងអ្នកដែល “គ្រាន់តែចង់លក់”ប៉ុណ្ណោះ៕

ឆ្នេរសមុទ្រ​កម្ពុជា​ តារារះ​នាទិសនារតី ​សូមស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ​-អន្តរជាតិ! ​

ដោយៈ ម៉ាណា

ព្រះសីហនុៈ ខេត្តព្រះសីហនុ ពង្រីកសក្តានុពលទេសចរណ៍ និងធុរកិច្ចឥតដែនកំណត់ ដើម្បីក្លាយជាទីក្រុងសេដ្ឋកិច្ច និងទេសចរណ៍គំរូទី២ របស់ព្រះរាជាណាចក្រកម្ពុជា”។ នេះបើតាមការលើកឡើងរបស់លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

លោកតរដ្ឋមន្រ្តី រួមជាមួយលោកម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុ​វត្ត “ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត​ព្រះសីហនុ ឆ្នាំ២០២៦-២០៣០​” ដែលជាខេត្តគោលដៅទី៥។ ផែនការអភិវឌ្ឍន៍ទេសចរណ៍នេះ គឺជាផែនទីបង្ហាញផ្លូវរួម និងជាក្របខ័ណ្ឌសកម្មភាពអនុវត្តជាក់ស្តែង សម្រាប់កៀរគរគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ រួមគ្នាអភិវឌ្ឍទេសចរណ៍នៅខេត្តព្រះសីហនុ ឱ្យកាន់តែមានគុណភាព និងបង្កើនភាពទាក់ទាញ ដើម្បីឈានទៅសម្រេចតាមចក្ខុវិស័យ ខេត្តព្រះសីហនុ​ ជាគោលដៅទេសចរណ៍ធុរកិច្ច និងលម្ហែកម្សាន្តកម្រិតអន្តរជាតិ ប្រកបដោយគុណភាព និងឧត្ដមភាពប្រកួតប្រជែងទាំងក្នុងក្រប​ខ័ណ្ឌ​តំបន់ និងអន្តរជាតិ ដើម្បីរួមចំណែកអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាមជ្ឈមណ្ឌលទីក្រុងធំទីពីររបស់ប្រទេសកម្ពុជា ដែលគាំទ្រដល់វិបុលភាពសេដ្ឋកិច្ច ការច្នៃប្រឌិត និងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។​

លោករដ្ឋមន្រ្តី ក៏បានយកឱកាសនេះ សម្ដែងនូវការអបអរសាទរ និងកោតសរសើរ ចំពោះសមិទ្ធផលលេចធ្លោទាំងនៅកម្រិតជាតិ និងកម្រិតអាស៊ាន ដែលខេត្តព្រះសីហនុ ទទួលបានពានរង្វាន់ និងជ័យលាភីជាច្រើន ក្នុងរយៈពេលកន្លងមក។ ទន្ទឹមនេះ, ខេត្តព្រះសីហនុបានអភិវឌ្ឍយ៉ាងឆាប់រហ័ស តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗជាច្រើន ចំណែកឯ សោភណភាពទីក្រុង ឆ្នេរសមុទ្រ និងទីសាធារណៈនានា ក៏ត្រូវបានកែលម្អជាបន្តបន្ទាប់ ដោយមានការរៀបចំទីតាំងកម្សាន្ត និងសំណង់និមិត្តរូបដ៏លេចធ្លោ ដូចជា រូបសំណាក “ព្រះថោងតោងស្បៃនាង​នាគ” រូបសំណាក “ខ្មែរធ្វើបាន” និងរូបសំណាក “នាគបាញ់ទឹក” ជាដើម ដែលពិតជាបានរួមចំណែកបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកបានជម្រាបបន្ថែមថា ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលទេសចរណ៍ធម្មជាតិដ៏សម្បូរបែប ដោយមានឆ្នេរសមុទ្រដ៏​ស្រស់ស្អាត កោះធំតូច ធនធានធម្មជាតិ ជីវចម្រុះសមុទ្រ និងឧទ្យានជាតិរាម ដែលអំណោយផលដល់ការអភិវឌ្ឍ ទេសចរណ៍ឆ្នេរ ទេស​ចរណ៍កោះ អេកូទេសចរណ៍ និងកីឡាទេសចរណ៍លើទឹក។ ទន្ទឹមនេះ ខេត្តក៏មានហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ដ៏ប្រទាក់ក្រឡា រួមមាន ផ្លូវល្បឿនលឿនភ្នំពេញ–ព្រះសីហនុ កំពង់ផែសមុទ្រទឹកជ្រៅ និងអាកាសយានដ្ឋានអន្តរជាតិ ព្រមទាំងមូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍គ្រប់កម្រិត ដែលជាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដ៏រឹងមាំសម្រាប់ការអភិវឌ្ឍខេត្តឱ្យក្លាយជាគោលដៅទេសចរណ៍សមុទ្រ កម្រិតអន្តរជាតិ ប្រកប​ដោយគុណភាព សុវត្ថិភាព និងចីរភាព។

ទន្ទឹមនេះ លោករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍បន្តថា នៅក្នុងបរិបទ ដែលការប្រកួតប្រជែងទេសចរណ៍ នៅក្នុងតំបន់​កាន់តែខ្លាំង និងអាកប្បកិរិយាភ្ញៀវទេសចរកាន់តែផ្លាស់ប្តូរ បន្ថែមលើសក្តានុពលដែលមានស្រាប់ យើងត្រូវបន្តបង្កើតផលិតផលទេសចរណ៍ថ្មីៗ កែលម្អនិងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ បង្កើនភាពទាក់ទាញ លើកកម្ពស់ភាពស្អាត ក៏ដូចជាពង្រឹងសន្តិសុខ សុវត្ថិភាព ដល់ភ្ញៀវទេសចរ ដើម្បីធានាថាខេត្តព្រះសីហនុ អាច​​ឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរជំនាន់ថ្មី ដើរទាន់យុគសម័យបច្ចេកវិទ្យាឌីជីថល និងបញ្ញាសប្បនិម្មិត សំដៅបន្តរក្សាបាននូវភាព ប្រកួតប្រជែងរបស់ខ្លួនជាមួយគោលដៅទេសចរណ៍សំខាន់ៗក្នុងតំបន់ និង​សកលលោកបាន។

លោកហួត ហាក់បានបញ្ជាក់ថា “វិស័យទេសចរណ៍ មានចរិកលក្ខណៈអន្តរវិស័យ និងមានភាពប្រទាក់ក្រឡា ដែលទាមទារឱ្យមានការចូលរួមឱ្យបានស្រុះគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ស្របតាមអភិក្រមរបស់រាជរដ្ឋាភិបាល “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ””។

លោកបន្តថា អាស្រ័យហេតុនេះ​ ក្រសួងទេសចរណ៍ បានដាក់ចេញសសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការទាំង៦ ពោល​គឺជាការចូលរួម ដោយភាពសកម្ម, បុរេសកម្ម, អន្តរសកម្ម (និងពេលខ្លះ ប្រតិកម្ម) ពីក្រសួង-ស្ថាប័ន នៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ កិច្ចសហប្រតិបត្តិការអន្តរជាតិ អង្គការដៃគូអភិវឌ្ឍ សង្គមស៊ីវិល ការប្រមូលផ្តុំជាសហថាមពលពីវិស័យឯកជន ក្នុងស្រុក និង បរទេស បណ្តាញសារព័ត៌មាន អ្នកផលិតមាតិកាព័ត៌មាន Influencers KoLs និងបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប ទាំងខ្មែរ និងបរទេសដែលស្រឡាញ់កម្ពុជា៕

តើ​ប្រទេសខ្លាសេដ្ឋកិច្ច​ទាំង​៥នៅ​តំបន់អាស៊ាន​ មាន​ទំហំប៉ុន្មាន​?​ហើយ​ម៉ាឡេស៊ីស្ថិត​នៅលេខ​ទី​ប៉ុន្មាន​ក្នុង​ឆ្នាំ​២០២៦នេះ?​

ដោយៈ ម៉ាណា

   ម៉ាឡេស៊ីៈ ម៉ាឡេស៊ីមានឱកាសខ្ពស់ ក្នុងការក្លាយជាប្រទេសមួយដែលមានសេដ្ឋកិច្ចឈានមុខគេនៅក្នុងអាស៊ាន ប៉ុន្តែខ្ញុំមិនរំពឹងថាវានឹងក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេបំផុត ក្នុងអាស៊ាននៅពេលដ៏ខ្លីខាងមុខនេះទេ។

ស្ថានភាពរបស់ម៉ាឡេស៊ីនៅឆ្នាំ ២០២៦ យោងតាមការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)សម្រាប់ខែមេសា ឆ្នាំ២០២៦៖

ផលិតផលក្នុងស្រុកសរុប (GDP) តាមតម្លៃបច្ចុប្បន្ន ឆ្នាំ ២០២៦ ឈានមុខគេគឺឥណ្ឌូណេស៊ី ជាមួយផលទុនជាតិសរុប១,៥៥ ទ្រីលានដុល្លារ។ សិង្ហបុរីមានសេដ្ឋកិច្ចសរុបចំនួន៦០៦ពាន់លានដុល្លារប្រទេសថៃ មានផលទុនសេដ្ឋកិច្ចសរុប៥៦២ពាន់លានដុល្លារ។ ចំណែ​កប្រទេសវៀតណាម មានផលទុនជាតិសរុបចំនួន៥២៧ពាន់លានដុល្លារ ប្រទេសម៉ាឡេស៊ី មានទំហំសេដ្ឋកិច្ចសរុប៥១៦ពាន់លានដុល្លារ។ ចំណែកប្រទេសហ្វីលីពីន មានទំហំសេដ្ឋកិច្ចសរុប៥១២ពាន់លានដុល្លារ។

ដូច្នេះ ប្រទេសម៉ាឡេស៊ីស្ថិតនៅលំដាប់ថ្នាក់ទី៥ ក្នុងតំបន់អាស៊ាន ដោយផ្អែកលើផលិតផលក្នុងស្រុកសរុប (GDP) តាមតម្លៃទីផ្សារបច្ចុប្បន្ន (nominal GDP) ដែលមានទំហំប្រហែល៥០០-៥២០ ពាន់លានដុល្លារនៅឆ្នាំ២០២៦។

ទោះជាយ៉ាងណាក៏ដោយ បើនិយាយពីកំណើនសេដ្ឋកិច្ច ម៉ាឡេស៊ីកំពុងធ្វើបានល្អជាងចំណាត់ថ្នាក់របស់ខ្លួន៖ នៅក្នុងការព្យាករណ៍កាលពីខែមេសា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)បានប៉ាន់ប្រមាណថា កំណើនGDP ពិតប្រាកដ (real GDP) របស់ម៉ាឡេស៊ីនឹងមានកម្រិត៤,៧% នៅឆ្នាំ២០២៦ បើធៀបនឹង៥,០% សម្រាប់ប្រទេសឥណ្ឌូណេស៊ី និង៧,១% សម្រាប់ប្រទេសវៀតណាម។

តើម៉ាឡេស៊ីអាចឈានឡើង ទៅកាន់ចំណាត់ថ្នាក់កំពូលទាំង៣ បានដែរឬទេ? ចម្លើយគឺអាចទៅរួច ជាពិសេសក្នុងរយៈពេល៥ទៅ ១០ ឆ្នាំខាងមុខ។

ម៉ាឡេស៊ីមានគុណសម្បត្តិជាច្រើនដូចជា៖ការផលិតគ្រឿងអេឡិចត្រូនិក និងបន្ទះឈីប (semiconductor) មជ្ឈមណ្ឌលទិន្នន័យ (data centers) និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។

ទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំជាមួយចិន សហរដ្ឋអាមេរិក និងអាស៊ានរួមមានវិស័យថាមពល និងទំនិញមូលដ្ឋាន (commodities)
GDP សម្រាប់មនុស្សម្នាក់ (GDP per capita) ក្នុងកម្រិតខ្ពស់គួរសម។

ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងឧស្សាហកម្មដែលមានការអភិវឌ្ឍល្អ ប៉ុន្តែឥណ្ឌូណេស៊ីមានចំនួនប្រជាជន និងទីផ្សារក្នុងស្រុកដ៏ធំធេង ខណៈដែលវៀតណាម កំពុងមានកំណើនសេដ្ឋកិច្ចលឿនជាង។

កត្តាទាំងនេះ ធ្វើឱ្យការវ៉ាដាច់ប្រទេសទាំងនោះ លើទំហំGDP សរុបក្លាយជារឿងពិបាកក្នុងរយៈពេលដ៏ខ្លីខាងមុខ។ តាមការព្យាករណ៍ សេដ្ឋកិច្ចវៀតណាមគិតតាមអំណាចទិញ (PPP)នៅឆ្នាំ ២០២៦ នឹងមានទំហំធំជាងម៉ាឡេស៊ីរួចទៅហើយ។

ម៉ាឡេស៊ីទំនងជានឹងបន្តស្ថិតនៅចំណាត់ថ្នាក់ទី ៤ ឬទី៥ ក្នុងអាស៊ានបើគិតលើGDP សរុប (nominal GDP) នៅចន្លោះឆ្នាំ ២០២៦-២០៣០ ប៉ុន្តែនៅតែជាប្រទេសមួយដែលមានសេដ្ឋកិច្ចជឿនលឿន និងមានចំណូលខ្ពស់នៅក្នុងតំបន់អាស៊ាន។

ចំពោះការពិចារណា លើវិស័យអចលនទ្រព្យនៅកម្ពុជា ម៉ាឡេស៊ីគឺជាករណីសិក្សាដ៏គួរឱ្យចាប់អារម្មណ៍មួយ ដោយសារគំរូនៃការអភិវឌ្ឍរបស់ខ្លួន ដែលរួមមានតំបន់ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ វិស័យផលិតកម្ម សេវាកម្ម និងការពង្រីកទីក្រុង គឺមានភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំងទៅនឹងអ្វីដែលកម្ពុជា អាចអភិវឌ្ឍឆ្ពោះទៅឆ្នាំ២០៣០៕

រដ្ឋ​មន្រ្តី​សាធារណការ​ដឹក​នាំ​កិច្ច​ប្រជុំ​ពិភាក្សា​លើ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​គម្រោង​ផ្លូវជាតិលេខ១​ និង​ស្ពានឆ្លង​កាត់​មេគង្គ​​ថ្មី​

ដោយៈ ម៉ាណា

   ភ្នំពេញៈ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីវិសាលភាពនៃគម្រោងផ្លូវជាតិលេខ១ និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ។

គម្រោងពង្រីកផ្លូវជាតិលេខ១ និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ ជាជំនួយហិរញ្ញប្បទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន។

កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ការិយាល័យកណ្តាលនៃប្រទេសជប៉ុន (JICA HQ) និងតំណាងការិយាល័យJICA ប្រចាំកម្ពុជា (JICA Cambodia Office) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្រ្តីជំនាញពាក់ព័ន្ធ។

កិច្ចប្រជុំបានពិភាក្សាលម្អិត លើរបាយការណ៍បេសកកម្មស្វែងយល់ការពិត (Kick-Off Presentation by Fact Finding Mission Team) ការសិក្សាសមិទ្ធលទ្ធភាពនៃគម្រោង វិសាលភាពនៃការកែលម្អ និងពង្រីកផ្លូវជាតិលេខ១ ព្រមទាំងការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពដឹកជញ្ជូន និងលំហូរចរាចរណ៍ លើច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង និងការពិភាក្សាលើទិដ្ឋភាពបច្ចេកទេស ហិរញ្ញវត្ថុ ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម (EIA & RAP) ព្រមទាំងផែនការសកម្មភាពបន្ត៕