CVEA នឹងបើកឪកាសទូលាយជាងមុនដល់អ្នករកស៊ីវិស័យអចលនទ្រព្យ ដើម្បីបានចូលជាសមាជិក

ដោយវុត្ថា

ភ្នំពេញៈ សមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលវត្ថុកម្ពុជា (CVEA)  នឹងបើក ឪកាសឱ្យដល់បុគ្គល ដែលរកស៊ីវិស័យអចលនទ្រព្យ ក្លាយជាសមាជិកនៅក្នុងឆ្នាំ ២០២០នេះ ដើម្បីទទួលបានបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌។

ប្រធានសមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលវត្ថុកម្ពុជា លោក ច្រឹក សុនីម បានឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០កន្លងមកថា  សមាគមCVEA កំពុងរៀបចំកម្មវិធីឱ្យបុគ្គលណា ដែលមានបំណងរកស៊ីវិស័យអចលនទ្រព្យ ឬកំពុងរកស៊ីរួចហើយដោយមិនមែនជាម្ចាស់ក្រុមហ៊ុន តែជាបុគ្គលអាចចូលរួមជាសមាជិករបស់សមាគមដោយស្របច្បាប់។

លោកបន្តថា នេះជាការបើកឪកាសថ្មីមួយទៀត ឱ្យពួកគេទទួលបានការបណ្តុះបណ្តា និងចែករំលែកបទពិសោធន៍នានា ដើម្បីឱ្យមានជំនាញប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ យកទៅរកស៊ីក្នុងវិស័យអចលនទ្រព្យ។ លោកបន្តថា យ៉ាងក៏ដោយ សមាគមក៏ត្រូវត្រួតពិនិត្យមើលលើលក្ខណ្ឌមួយចំនួន ចំពោះបុគ្គលដែលចង់ក្លាយជាសជិករបស់សមគមនោះថា ជាលក្ខណៈធ្វើការក្រៅម៉ោង ឬចង់់សហការជាមួយសមាគម

លោកច្រឹក សុខនីមបានបន្តថា តាមផែនការ ការរៀបចំឱ្យបុគ្គលមិនមែនជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុននេះ ឱ្យក្លាយជាសមាជិកនេះ នឹងចាប់ផ្តើមនៅដើមខែមីនា ឆ្នាំ២០២០ នេះ  ក្នុងគោលបំណងប្រមូលផ្តុំពួកគេឱ្យនៅមួយដុំជុំគ្នា និងចែករំលែកចំណេះដឹង និងវិជ្ជាជីវៈដល់ពួកគេ។

លោកបន្ថែមទៀត  នៅពេលដែលពួកគាត់ទទួលបានចំណេះដឹង ពួកគេនឹងយកចំណេះដឹងទាំងនោះ ទៅប្រកបមុខរបរប្រកបដោយវិជ្ជាជីវៈ និងប្រកបដោយសីលធម៌ និងធ្វើតែរឿងល្អៗដើម្បីជួយសង្គមជាតិ ជាពិសេសជួយឱ្យវិស័យអលចនទ្រព្យ ឲ្យកាន់តែរីកចំរើនថែមទៀត។

លោកបន្ថែមទៀតថា កន្លងមកមានបុគ្គលមួយចំនួន ដែលគ្មានចំណេះដឹងខាងរកស៊ីក្នុងវិស័យអលចនទ្រព្យ តែងតែប្រព្រឹត្តនូវទង្វើរមិនគាប់បី ដែលទង្វើខ្លះគេអត់ឪន និងទង្វើខ្លះគេមិនអត់ឪន រហូតដល់មានការចាប់ដាក់ពន្ឋនាគារជាដើម។ ផ្ទុយទៅវិញនៅពេលដេលពួកគេមានចំណេះដឹងច្បាស់លាស់ហើយនោះ អ្នកដែលទទួលសេវាពីពួកគាត់ក៏មិនសូវពិបាកដែរ៕

ប្រា​សាក់ បន្ត​ប្រមូល​ប្រភព​ទុន​ក្នុងប្រទេស និង​ពង្រីក​ការផ្តល់​កម្ចី​ជា​ប្រាក់រៀល​នៅ​ដើមឆ្នាំ២០២០នេះ

ដោយ ប៊ី

ភ្នំពេញ៖ ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាង​នៅ​កម្ពុជា បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ពីរធំៗក្នុងការ​ជ្រោមជ្រែង​ដល់​ការរីកចម្រើន​របស់​អតិថិជន​របស់ខ្លួន រួមមាន ការជំរុញ​ការផ្តល់​កម្ចី​ជា​ប្រាក់រៀល និង​បន្ត​ដំឡើង​អត្រា​ការប្រាក់​បញ្ញើ​សន្សំ​ខ្ពស់​រហូតដល់ ៨% ក្នុង​មួយឆ្នាំ​ជូន​អតិថិជន​ប្រាក់​បញ្ញើ ឬ អតិថិជន​នៅសល់​ប្រាក់​ទំនេរ​ពី​ការវិនិយោគ ហើយ​មក​ដាក់​សន្សំ​នៅ​ប្រា​សាក់។ ទន្ទឹម​ការផ្តោត​ការយកចិត្តទុកដាក់​លើ​ចំណុច​ខាងលើនេះ ប្រា​សាក់ ក៏​នៅតែ​បន្ត​អភិវឌ្ឍ​សេវា​ហិរញ្ញវត្ថុ​ឌីជីថល​របស់ខ្លួន​ឱ្យ​កាន់​ទំនើប​សម្បូរបែប​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​នា​យុគសម័យ​ថ្មី។

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់  បាន​មានប្រសាសន៍​ឱ្យ Propertyarea.asia ដឹង​កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ថា ប្រា​សាក់ កំពុង​បន្ត​ជំ​រុញឱ្យ​ប្រជាជន ពិសេស​អតិថិជន​ដែល​ត្រូវការ​ទុន ធ្វើការ​ប្រើប្រាស់​ប្រាក់រៀល​ខ្មែរ តាមរយៈ​កម្ចី​ជា​ប្រាក់រៀល​ពី​ប្រា​សាក់ ដើម្បីឱ្យ​អតិថិជន​ដែលជា អាជីវករ ពាណិជ្ជករ ឬ ប្រជាជន​ដែល​ប្រកប​របរ​កសិកម្ម អាចធ្វើ​ការប្រើ​សាច់ប្រាក់​ជា​ប្រាក់រៀល​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ទទួលបាន​ការប្រាក់​ទា​ប មិន​ខាត​លើ​អត្រា​ប្តូរប្រាក់ និង​ចូលរួមចំណែក​ក្នុងការ​លើកស្ទួយ​ប្រាក់រៀល​ខ្មែរ​ផងដែរ។

លោក​ក៏បាន​បន្ថែម​ដែរ​ថា គ្រប់​អតិថិជន​ដែល​សល់​សាច់ប្រាក់​ទំនេរ​អាច​សន្សំ​នៅ​ប្រាក់​បាន​យ៉ាង​ស្រួល ពិសេស​គឺ​នៅ​ទទួលបាន​អត្រា​ការប្រាក់​បញ្ញើ​សន្សំ​ដែល​ប្រា​សាក់​បន្ត​ដំឡើង​រហូតដល់៨%ក្នុង​មួយឆ្នាំ​ជូន​គ្រប់​អតិថិជន។

លោក​បន្តថា «ប្រា​សាក់ បាននិងកំពុង​បន្តធ្វើ​ទំនើបកម្ម​សេវា​ហិរញ្ញវត្ថុ​ឌីជីថល​របស់ខ្លួន ពិសេស​គឺ សេវា​ធនាគារ​ចល័ត ឬ ម៉ូ​បាល​ប៊ែ​ង​ឃី​ង (Mobile Banking) ឬ អ៊ី​ន​ធើ​ណែ​ត​ប៊ែ​ង​ឃី​ង (Internet Banking) ដើម្បី​ផ្តល់​ភាពងាយស្រួល​ជូន​ដល់​អតិថិជន​ដែលមាន​ភាព​មមាញឹក​ក្នុង​ការងារ ឬ អាជីវកម្ម ដោយ​សម្រួល និង​ជួយ​ឱ្យ​ពួកគាត់​ធ្វើការ​ចាត់ចែង​សាច់ប្រាក់​បាន​ដោយ​ខ្លួនឯង​តាមរយៈ​ទូរស័ព្ទដៃ ឬ កុំព្យូទ័រ គ្រប់ពេលវេលា និង​ទីកន្លែង ដោយ​មិន​កម្រៃ​សេវា​ក្នុង​ការធ្វើ​ប្រតិបត្តិការ។ អ្វីដែល​ជាការ​ងាយស្រួល​ខ្លាំង​មែនទែន​នោះ គឺ អតិថិជន​អាចធ្វើ​ការផ្ទេរ​ប្រាក់ ឬ​ទូទាត់​ប្រាក់​ទៅកាន់​ដៃគូ​ជំនួញ ឬ ញាតិមិត្ត បាន​រហូតដល់ ១០ម៉ឺន​ដុល្លារ ក្នុង១ថ្ងៃ ដោយ​មិន​គិតថ្លៃ​សេវា»។

ហេតុនេះ​អតិថិជន ឬ ប្រជាជន​ដែលមាន​ចំណាប់អារម្មណ៍​នឹង​ដំណោះស្រាយ​សេវា​ហិរញ្ញវត្ថុ​ពី​ប្រា​សាក់ អាចទាក់ទង​សាខា​ប្រា​សាក់​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ ទូរស័ព្ទ​លេខ 023 999 911 ឬ 086 999 911 ឬ 0969 999 911 ឬ​ចូលទៅ​កាន់ www.prasac.com.kh

ឆ្នាំ២០២៥រាជធានីភ្នំពេញនឹងមានមនុស្សរស់នៅ៤,៥លាននាក់

ដោយគង់ សូរិយា

ភ្នំពេញ៖ ខណៈការធ្វើចំណាកស្រុកពីជនបទ មកកាន់រាជធានីភ្នំពេញកាន់តែផុសផុល ការសិក្សាថ្មីមួយបានរកឃើញថា ប្រជាជនរស់នៅក្រុងភ្នំពេញនឹងកើនដល់៤,៥លាននាក់នៅឆ្នាំ២០២៥ខាងមុខនេះ។

ការសិក្សារបស់ក្រុមហ៊ុនUrban Living Solutionបានរកឃើញថា កំនើនប្រជាសាស្រ្តនេះបានកើតឡើងជាធម្មតា សម្រាប់ទីក្រុងភ្នំពេញ ក៏ដូចជាទីក្រុងដទៃទៀត ដោយសារតែការរីកចម្រើនយ៉ាងឆាប់រហ័ស នៃប្រជាជនចំណាកស្រុក និងការស្វែងរកឳកាសរីកចម្រើននៃប្រជាពលរដ្ឋវ័យក្មេង។

ការសិក្សានេះបានរកឃើញថា ប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញ នឹងផ្លាស់ប្តូរទៅរស់នៅតាមខុនដូ ដោយសារកត្តាមួយចំនួនដូចជា ការកកស្ទះចរាចរណ៍ កំនើនតម្លៃដីធ្លីនិងលំនៅដ្ឋាន និងប្រព័ន្ឋបច្ចេកវិទ្យារីកចម្រើន ដែលផ្តល់គុណភាពជីវិតកាន់តែប្រសើរឡើង។

ជាមួយគ្នានេះការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានរកឃើញផងដែរថា ប្រជាពលរដ្ឋរស់នៅតាមទីក្រុង និងទីប្រជុំជននានានឹងកើនឡើងដល់ចំនួន៧លាននាក់នៅឆ្នាំ២០៣០ខាងមុខ ហើយតម្រូវការលំនៅដ្ឋាន នឹងកើនដល់ប្រមាណ១លានខ្នងផងដែរ នៅឆ្នាំដដែលនេះ។

លោកស្រីអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានមាប្រសាសន៍ទទួលស្គាល់ថា ចំនួនប្រជាពលរដ្ឋចូលមករស់នៅក្នុងរាជធានីភ្នំពេញ ពិតជាបានកើនឡើងខ្លាំង ប៉ុន្តែតាមរយៈការសិក្សាកន្លងមកបានបង្ហាញថា ចំនួនប្រជាជនរស់នៅក្នុងក្រុងភ្នំពេញ មានជាង ២ ០០០នាក់ប៉ុណ្ណោះក្នុងមួយ​គីឡូម៉ែត្រការ៉េ ប៉ុន្តែការធ្វើចរាចរណ៍ និងការកកស្ទះចរាចរណ៍មានភាពរញ៉េរញ៉ៃខ្លាំង។

លោកស្រីបន្តថាដើម្បីសម្រួលបញ្ហានេះ រដ្ឋាភិបាលគួរតែមានការអប់រំប្រជាពលរដ្ឋ ឲ្យមានការយល់ដឹងពីការធ្វើចរាចរណ៍ រឹតបន្តឹងការអនុវត្តច្បាប់ និងគួរតែមានការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយនៅតាមដងផ្លូវនានា លោកស្រីបានបន្តថាទីក្រុងបាងកកប្រទេសថៃ ទីក្រុងហូ ជីម៉ិញ ទីក្រុងហ្សាការតាមានមនុស្សរស់នៅចន្លោះ៤០០០ទៅ៥០០០នាក់ក្នុងមួយគីឡូម៉ែត្រ តែសណ្តាប់ធ្នាប់ និងការធ្វើចរាចរក្នុងទីក្រុងមិនមានភាពរញ៉េរញ៉ៃនោះឡើយ

អ្នកជំនាញអះអាងថាខេត្តកំពង់ស្ពឺនឹងមានចរន្តទិញលក់អចលនទ្រព្យ ច្រើនជាងគេនៅឆ្នាំ២០២០

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រុមអ្នកជំនាញបានអះអាងថា ចរន្តនៃការទិញលក់អចលនទ្រព្យនៅខេត្តកំពង់់ស្ពឺ នឹងសកម្មភាពរសរវើកជាងគេនៅឆ្នាំ២០២០នេះ បន្ទាប់ពីខេត្តទាំង៤ ស្ថិតនៅជាប់តំបន់ឆ្នេរ ដែលបានក្លាយជាគោលដៅវិនិយោគ និងអភិវឌ្ឍន៍កម្រិតខ្ពស់លើវិស័យទេសចរណ៍ និងមណ្ឌលកម្សាន្ត។


ហេតុអ្វីបានជា បណ្តាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យជាច្រើននាក់ សុទ្ធតែបានបង្ហាញពីសុទិដ្ឋិនិយមចំពោះទឹកដីខេត្តកំពង់ស្ពឺ ដែលនឹងមានតម្រូវការទីផ្សារខ្ពស់លើការប្រើប្រាស់ដី សម្រាប់បម្រើឱ្យវិស័យកសិឧស្សាហកម្ម រោងចក្រ សហគ្រាស ឃ្លាំង រួមជាមួយវិស័យលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group លោកឧកញ៉ា តេង រិទ្ធី បានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី២៨ មករាកន្លងមកថា នៅក្នុងឆ្នាំ២០២០នេះ តម្រូវការនៃការប្រើប្រាស់ដី នៅក្នុងខេត្តកំពង់ស្ពឺនឹងកើនឡើងយ៉ាងគំហុក សម្រាប់បម្រើឱ្យទាំងវិស័យរោងចក្រ កសិកម្ម ឧស្សាហកម្ម ឃ្លាំង និងគម្រោងមណ្ឌលកម្សាន្ត។

លោកឧកញ៉ាបន្តទៀតថា គម្រោងវិនិយោគលើវិស័យរោងចក្រ និងសហគ្រាសជាច្រើនបានបាញ់ឆ្ពោះទៅកាន់កំពង់ស្ពឺ ដោយសារតែខេត្តមួយនេះ មានកត្តាភូមិសាស្ត្រល្អជាងបណ្តាខេត្តដទៃទៀត ជាពិសេសផ្លូវជាតិលេខ៤ ដែលជាផ្លូវសំខាន់ក្នុងការដឹកជញ្ជូន

លោកឧកញ៉ាតេង រិទ្ឋីបានបន្តថា មិនថាគម្រោងវិនិយោគ ឬអភិវឌ្ឍន៍វិស័យរោងចក្រ ឬសហគ្រាសនោះទេ ភាពរីកចម្រើន និងអភិវឌ្ឍន៍នៅក្នុងតំបន់ ពិតជានឹងកើតមាន ដែលរូបភាពទាំងអស់នេះ សុទ្ធតែជាចំណុចល្អជួយជំរុញឱ្យ វិស័យអចលនទ្រព្យទាំងមូលមានភាពកាន់តែល្អប្រសើរ

លើកឡើងស្រដៀងគ្នាទៅនឹងការលើកឡើងខាងលើនេះ អគ្គនាយកក្រុមហ៊ុន PREMIUM Group លោក ម៉ាន់ ចាន់ឌី ដែលមានក្រុមហ៊ុនអភិវឌ្ឍន៍វិស័យលំនៅដ្ឋានផងដែរនោះបានទទួលស្គាល់ថា ទឹកដីខេត្តកំពង់ស្ពឺពិតជាមានភាពល្អប្រសើរ និងទាក់ទាញលើការវិនិយោគ។


លោកបានបន្តថា គម្រោងជាច្រើនវិនិយោគពីអន្តរជាតិជាច្រើនបាន និងកំពុងតែសម្រុកបាញ់ឆ្ពោះទៅកាន់កំពង់ស្ពឺ ស្របទៅនឹងផែនការបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ លោកបានបន្តទៀតថា វាជាមោទនភាពរបស់អ្នកខេត្តកំពង់ស្ពឺ ដែលក្រៅពីអាចមានឱកាសទទួលបានការងារធ្វើ អាចរកចំណូលបានហើយនោះ ថែមទាំងទទួលបាននូវកំណើននៃតម្លៃដីធ្លីទៀត

លោក ម៉ាន់ ចាន់ឌី បានបន្តទៀតថា នៅក្នុងឆ្នាំ២០២០នេះ ខ្ញុំជឿថា គម្រោងវិនិយោគជាច្រើនទៀត នឹងបន្តសម្រុកចូលបន្ថែម ជាពិសេសក្រោយពេលហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងខេត្ត ត្រូវបញ្ចាប់ការសាងសង់ ជាពិសេសវត្តមានផ្លូវល្បឿនលឿន ដែលជាគម្រោងចម្បងរបស់រាជរដ្ឋាភិបាល កំពុងតែពន្លឿនសកម្មភាពសាងសង់នាពេលបច្ចុប្បន្ននេះ   

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ថា គិតត្រឹមពាក់ក ណ្តាលខែមករា ឆ្នាំ២០២០នេះ សម្រាប់តែវិស័យឧស្សាហកម្ម ដែលកំពុងឈានមុខគេប្រចាំខេត្តគឺមានចំនួន២៧០ទីតាំង ដែលផ្តល់ឱកាសការងារច្រើនជាង១៣ម៉ឺនកន្លែង ក្នុងចំណោមប្រជាជនសរុបជាង៨៧ម៉ឺននាក់។

ចំនួននេះ នៅមិនទាន់រាប់បញ្ចូលចំនួនកម្លាំងកម្មករ កម្មការិនី ដែលកំពុងបម្រើការងារនៅតាមសិប្បកម្មខ្នាតតូចមួយចំនួន មិនទាន់ចុះបញ្ជីនៅឡើយ។

លោកវ៉ី សំណាងបានបន្តថា ជាមួយនឹងកំណើននៃចំនួនរោងចក្រ សហគ្រាសទាំងអស់នេះ ទឹកប្រាក់ច្រើនជាង៣៣លានដុល្លារ បានចាក់បញ្ចួលក្នុងចរន្តសេដ្ឋកិច្ចរបស់ខេត្តពិសេសកម្មករ និយោជិតកំពុងបម្រើការងារ ហើយចំនួនទឹកប្រាក់នេះ នឹងបន្តកើនឡើងទៀត ស្របពេលដែលគម្រោងថ្មីប្រមាណ១០០គម្រោងទៀត ត្រៀមនឹងដំណើរការចង្វាក់ផលិតកម្មនៅពេលខាងមុខនេះ ហើយនឹងផ្តល់ឱកាសការងារកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត៕


ចំណេះដឹង! ហេតុអ្វីរដ្ឋាភិបាលអនុវត្តនីតិវិធីនៃការវាស់វែងដីផ្ទេរសិទ្ធិ កាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី?

ដោយវុត្ថា

ភ្នំពេញៈ បច្ចុប្បន្នទីផ្សារដីធ្លី មានសកម្មភាពកើនឡើងdគួរឲ្យកត់សម្គាល់ នៅក្នុងភូមិសាស្ត្រនានានៅទូទំាងប្រទេសកម្ពុជា។ ការទិញ-លក់ដីទាំងនោះ ភាគច្រើនធ្វើឡើង តាមរយៈលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី ដែលមិនទាន់ចុះបញ្ជី (ប្លង់ទន់) វាស់វែងដោយគណៈកម្មការក្រុង-ស្រុក និងមានភ្ជាប់គំនូសបង្ហាញទីតាំង ដែលបញ្ជាក់ទទួលស្គាល់ដោយរដ្ឋបាលសុរិយោដី ដើម្បីយកទៅបង់ពន្ធប្រថាប់ត្រា។

ប្រការនេះ បានធ្វើឱ្យរដ្ឋាភិបាលអនុវត្តន៍ ចំពោះការអនុវត្តនីតិវិធី នៃការវាស់វែងដីផ្ទេរសិទ្ធិ កាន់កាប់អចលនទ្រព្យ ដែលមិនទាន់ចុះបញ្ជី (ប្លង់ទន់)ដើម្បីចៀសវាងបញ្ហាវិវាទផ្សេងៗ ក្នុងការទិញលក់។ និតិវិធីដែលរដ្ឋាភិបាលត្រូវអនុវត្តមានដូចជា ទី១៖ រាល់ការស្នើសុំផ្ទេរសិទ្ធិ ដីធ្លីដែលមិនទាន់ចុះបញ្ជី ត្រូវអនុវត្តនីតិវិធីដូចការស្នើសុំចុះបញ្ជីដីធ្លីមានលក្ខណៈ ដាច់ដោយដុំដែរ ដោយត្រូវធ្វើការជូនដំណឹងស្តីពី ការវាស់វែងដល់អ្នកស្នើសុំ និងអ្នកជាប់ព្រំឲ្យមកចូលរួម និងត្រូវធ្វើការបិទផ្សាយជាសាធារណៈយ៉ាងតិច៧ថ្ងៃ។

ក្រោយពេលធ្វើការវាស់វែង ប្រមូលទិន្នន័យរួច ត្រូវចេញលិខិតជូនដំណឹង នៃការបិទផ្សាយទិន្ន័យដែលប្រមូលបាន បិទផ្សាយជាសាធារណៈនៅសាលាឃុំ-សង្កាត់ និងនៅការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុង-ស្រុក រយៈពេល ១៥ថ្ងៃទៀត ដើម្បីឲ្យស្របតាមអនុក្រឹត្យ១២១អនក្រ.បក ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ។

ទី២ ទម្រង់ពាក្យស្នើ សុំផ្ទេរសិទ្ធិកាន់កាប់ ដីធ្លីដែលមិនទាន់ចុះបញ្ជី អនុវត្តគំរូទម្រង់លិខិត ដូចពាក្យស្នើសុំចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ៕

តំបន់ឆ្នេរសមុទ្រវៀតណាមទាក់ទាញការវិនិយោគអចលនទ្រព្យដោយទំហំវិនិយោគពីបរទេសបានកើនដល់៧០០លានដុល្លារ

ដោយ Donald Lee

ភ្នំពេញៈ អ្នកវិនិយោគអចលនទ្រព្យ និងគម្រោងវិនិយោគបរទេស បានបញ្ចូលទឹកប្រាក់ចំនួន៧០០លានដុល្លារ ទៅក្នុងទីក្រុងឆ្នេរសមុទ្រកណ្តាល ដាណាង (Da Nang) របស់ប្រទេសវៀតណាមនៅឆ្នាំ ២០១៩។ នេះបើយោងតាមមន្ទីរផែនការ និងវិនិយោគទីក្រុងរបស់វៀតណាម។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ការកើនឡើងនៃអចលនទ្រព្យដ៏ធំនេះ រួមមានការវិនិយោគផ្ទាល់ពីបរទេសចំនួន៤៤០លានដុល្លារ នៅក្នុងគម្រោងអចលនទ្រព្យថ្មីចំនួន ១៣២ និង១២០លានដុល្លារនៅក្នុង១៦គម្រោង ដែលបាននិងកំពុងដំណើរការ។

យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោក Tran Phuoc Son នាយកនាយកដ្ឋានវិនិយោគបាននិយាយថា តួលេខវិជ្ជមាន គឺមកពីកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការពន្លឿនកំណែទម្រង់រដ្ឋបាល ដើម្បីសម្រួលដល់វិនិយោគិនក្នុងស្រុក និងបរទេស

ក្រុមហ៊ុនអាកាសចរណ៍ថ្មីពីភ្នំពេញ ទៅដាណាងបានចាប់ផ្តើមដំណើរការ នៅថ្ងៃទី ២៧ ខែតុលា។ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអង្គរអ៊ែរឡាញ គឺជាក្រុមហ៊ុនអាកាសចរណ៍សម្រាប់ផ្លូវហោះហើរនេះ។

សម្ដេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន បាននិងកំពុងធ្វើការយ៉ាងសកម្មជាមួយអាជ្ញាធរវៀតណាម ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ឆ្លងកាត់ព្រំដែនរវាងសម្ព័ន្ធមិត្តទាំងពីរ។

សម្តេចតេជោហ៊ុន សែន ថ្លែងនៅក្នុងវេទិកាមួយ នៅប្រទេសវៀតណាមកាលពីខែ តុលាថា ប្រទេសវៀតណាមបន្តក្លាយជាទីផ្សារទេសចរណ៍ធំជាងគេទី២ សម្រាប់ប្រទេសកម្ពុជា ហើយយើងរំពឹងថា នឹងមានភ្ញៀវទេសចរវៀតណាមកាន់តែច្រើនឡើងៗ ជ្រើសរើសប្រទេសកម្ពុជា ជាគោលដៅវិស្សមកាលរបស់ពួកគេ (Unofficial Translation)

លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានធ្វើផែនការសាធារណៈ ដើម្បីទាក់ទាញជនជាតិវៀតណាមយ៉ាងហោចណាស់មួយលាននាក់ជារៀងរាល់ឆ្នាំមកកម្ពុជា៕

ជប៉ុនបញ្ជូនយន្ដហោះឯកជនទៅចិនដើម្បីសង្គ្រោះជនជាតិរបស់ខ្លួនពីការផ្ទុះឡើងនៃវីរុសថ្មី

ដោយ Donald Lee

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុននឹងបញ្ជូនយន្ដហោះឯកជនទៅទីក្រុង Wuhan ក្នុងប្រទេសចិននាល្ងាចនេះដើម្បីជួយសង្គ្រោះជនជាតិរបស់ខ្លួន អំឡុងពេលការផ្ទុះវីរុសថ្មីនេះ។

រដ្ឋាភិបាលជប៉ុនបានទទួលការអនុញ្ញាតពីទីក្រុងប៉េកាំងរួចហើយដើម្បីជម្លៀសប្រជាជនចំនួន ៦៥០ នាក់ដែលស្នើសុំការធ្វើមាតុភូមិនិវត្តន៍។

រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន Toshimitsu Motegi បានប្រាប់អ្នកយកព័ត៌មានថា “យើងបានរៀបចំចប់សព្វគ្រប់ហើយ ហើយភាគីចិនបានទំនាក់ទំនងមកយើងថា ពេលនេះត្រៀមខ្លួនទទួលយកជើងហោះហើរជាលក្ខណៈតែមួយ។ ការរៀបចំត្រូវបានធ្វើឡើងដើម្បីធានាការដឹកជញ្ជូនទៅកាន់អាកាសយានដ្ឋាន”។

ការហោះហើរឯកជនលើកដំបូងនឹងដឹកជញ្ជូនការផ្គត់ផ្គង់វេជ្ជសាស្រ្ត ដូចជាម៉ាស និងសម្លៀកបំពាក់ការងារការឆ្លងពីជំងឺសម្រាប់អាជ្ញាធរចិន ហើយនឹងអាចយកជនជាតិជប៉ុន ២០០ នាក់ត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញ។

ក្រុមគ្រូពេទ្យ និងមន្ដ្រី នឹងនៅលើយន្ដហោះដើម្បីត្រួតពិនិត្យសុខភាពរបស់ជនជាតិជប៉ុន ហើយប្រសិនបើពួកគេចាំបាច់ ត្រូវដាក់ឱ្យនៅដាច់ពីគេ។

ផ្សារហ៊ុននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងធ្លាក់ចុះ ដោយសារវីរុស Corona ដូចដែលទិន្នន័យថ្មីបានចេញផ្សាយកាលពីថ្ងៃ អង្គារ បង្ហាញថា មនុស្សជាង ១០០ នាក់បានស្លាប់នៅក្នុងប្រទេសចិន និងជាង ៤ ៥០០ នាក់បានឆ្លងវីរុសនេះនៅទូទាំងពិភពលោក៕

សមិទ្ធិផលសំខាន់ៗជាច្រើននឹងត្រូវបង្ហាញនៅក្នុងសន្និបាតរបស់CVEA នាពេលខាងមុខឆាប់ៗនេះ

ដោយវុត្ថា

ភ្នំពេញ៖ សមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលវត្ថុកម្ពុជា នឹងរៀបចំ “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០” ដែលនឹងប្រព្រឹត្តនៅ ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ ដោយមានអ្នកចុះឈ្មោះចូលរួមប្រមាណជាង ២០០ នាក់។

ប្រធានសមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលវត្ថុកម្ពុជា លោក ច្រឹក សុនីម បានឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០ នេះ  ឱ្យដឹងថា គោលបំណងនៃសន្និបាតនេះ ធ្វើឡើងដើម្បីបូកសរុបនូវសមិទ្ធផល និងភាពជោគជ័យរបស់សមាគមដែលបានធ្វើក្នុងរយៈពេលកន្លងមក និងដាក់ទិសសម្រាប់ឆ្នាំបន្តទៀត។ 

លោកបន្តថា ភាពជោគជ័យរបស់សមាគមមកដល់ពេលនេះមានសមាជិកចំនួន ១០៧ ក្រុមហ៊ុនពោលគឺកើនប្រមាណ ១៥ ភាគរយ ។លោកបន្តថា ការកើនឡើងនេះ ដោយសារតែសមាគមន៍បានផ្តល់នូវសហគមន៍ដ៏ធំមួយពាក់ព័ន្ធនឹងការគ្រប់គ្រងលើមុខរបររកស៊ីក្នុងវិស័យអចលនទ្រព្យជាប្រចាំថ្ងៃដោយផ្តោតលើកម្មវិធីបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ផ្សេងៗ។ 

លោកថាបន្ថែមថា  នៅក្នុងសមាគម មានការរៀបចំធ្វើកម្មវីបណ្តុះបណ្តាលជារៀបរាល់ខែ ដើម្បីចែករំលែកបទពិសោធទៅលើការគ្រប់គ្រងភ្នាក់ងារ  វាយម្លៃ និង គ្រប់គ្រងការងារនៅក្នុងក្រុមហ៊ុនរបស់សមជិក និងក្រុមហ៊ុនដែលចូលជាសមាជិកថ្មីៗដើម្បីឱ្យពួកគេមានជំនាញ និងបទពិសោធ។

លោកបន្ថែមថា ម្យ៉ាងទៀត សារៈសំខាន់នៃការចូលជាសមាជិកនេះ គឺផ្តល់ឪកាសឱ្យមានការទំនាក់ទំនងជាសកល ទាំងក្នុងស្រុក និងក្រៅស្រុក ទាំងនៅក្នុងតំបន់អាស៊ាន និងអឺរ៉ុប ជាពិសេសនៅក្នុងប្រទេសអាមេរិកដែលពួកគេអាចមានឪកាសទំនាក់ទំនងរកស៊ី និងធ្វើដំណើរទៅកាន់បណ្តាប្រទេសទាំងនោះបាន។ 

បន្ថែមពីនេះ សមាគម ក៏បានផ្តល់នូវការបណ្តុះបណ្តាលទៅដល់សមាជិកតាមរយៈដោយប្រយោល និងដោយផ្ទាល់ និងមិនត្រឹតែប៉ុណ្ណោះអ្នកចូលជាសមាគមន៍គឺមានឪកាសប្រើប្រាស់ស្លាកសញ្ញារបស់សមាគមដើម្បីបង្កើននូវទំនុកចិត្តជាមួយនឹងអថិតិជនផងដែរប្រកបដោយវិជ្ជាជីវៈ ។

លោកថា សម្រាប់ឆ្នាំ ២០២០នេះតទៅ សមាគមនឹងគៀងគរសមាជិកថ្មីៗបន្ថែមទៀត ព្រមជាមួយនឹងបង្ហាញពីអត្ថប្រយោជន៍នានានៅពេលក្លាយជាសជិក ដើម្បីឱ្យជាកម្លាំងដ៏រឹងមាំមួយ និងជាកន្លែងបណ្តុះបណ្តាល និងចែករំលែកបទពីសោធន៍ពីអ្នកមានជំនាញ ទៅកាន់អ្នកដែលមិនទាន់មានជំនាញ តាមរយៈបង្កើតឱ្យមានសិក្ខាសាលា ឱ្យបាន ៥ដងក្នុងមួយឆ្នាំ  ជាលក្ខណៈជាតិ ជាពិសេសនឹងរៀបចំឱ្យមានការជួបជុំសមាជិកឱ្យបាន ៤ ដង ព្រមទាំងឱ្យមានការជួបជុំជាលក្ខណៈអន្តរជាតិ ។ 

មិនត្រឹមតែប៉ុណ្ណោះ សមាគមនឹងខិតខំបង្កើតភ្នាក់ងារវាយតម្លៃ ឱ្យដល់ ១០០០ នាក់នៅក្នុងឆ្នាំ ២០២០ នេះ។ គោលដៅនេះ គឺដើម្បីកាត់បន្ថយភាពក្រីក្ររបស់ភ្នាក់ងារតាមរយៈបណ្តុះបណ្តាលឱ្យមានវិជ្ជាជីវៈ និងប្រកបដោយក្រមសីលធម៌ខ្ពស់។ 

លោកក៏បានអំពាវដល់ក្រុមហ៊ុនដែលមិនទានបានក្លាយជាសមាជិករបស់សគមន៍គួរតែចូលរួមដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ច្បាស់ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលខ្ពស់ក្នុងការរកស៊ីក្នុងវិស័យអចលនទ្រព្យ ដែលកំពុងមានការរីកចំរើននាពេលបច្ចុប្បន្ន និងទៅអនាគត៕

រដ្ឋាភិបាលអូស្ត្រាលី បើកពង្រីកទីផ្សារស្វាគមន៍កម្ពុជាដើម្បីពង្រឹងទំហំពាណិជ្ជកម្មប្រទេសទាំង២

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានបង្ហាញនូវការគាំទ្រសម្រាប់ផែនការនៃការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងពាណិជ្ជកម្ម រវាងកម្ពុជា-អូស្ត្រាលី ដើម្បីពង្រីកទីផ្សារពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ការលើកឡើងពីផែនការយុទ្ធសាស្ត្រក្នុងការពង្រឹង និងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរខាងលើននេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសអនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសមជាមួយសម្ដេច តេជោ ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នេះ នៅវិមានសន្តិភាព។

តាមការប្រាប់ឱ្យដឹងពីលោក អ៊ាង សុផល្លែត ជំនួយការរបស់សម្តេចតេជោ បានលើកឡើងថា នៅក្នុងកិច្ចជំនួបខាងលើនេះ លោក ប៉ាប៊ីយ៉ូ ឈីហ៊ូ កាង (Pabio Chiho Kang) ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មី ប្រចាំកម្ពុជា នៅពេលនេះ អូស្ត្រាលីកំពុងបង្វែរកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងកម្ពុជា ទៅលើស្ថាប័នតែម្ដង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងនានានៅកម្ពុជា។

ស្ថាប័នសំខាន់ៗ ដែលជាគោលដៅក្នុងកិច្ចបង្កើតប្រតិបត្តិការរួមគ្នាជាមួយភាគីរដ្ឋាភិបាលអូស្ត្រាលី រួមមានដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើវិស័យពន្ធដារ ក្រសួងរ៉ែនិងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាក្រសួងការពារជាតិផងដែរ។ អូស្ត្រាលី បើកចំហជូនប្រជាជនកម្ពុជា ទៅធ្វើទស្សនកិច្ច ដើម្បីវិនិយោគ ក៏ដូចជាទៅបន្តការសិក្សានៅទីនោះផងដែរ។

សម្តេច តេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះវត្តមាននៃការមកដល់ និងយល់ស្របចំពោះការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតថ្មីរូបនេះ ។ សម្ដេច តេជោ បានបន្ដថា កម្ពុជា និងអូស្ត្រាលី មានទំនាក់ទំនងលើច្រើនវិស័យ ជាមួយនឹងស្ថាប័ន និងស្ថាប័នជាដើម ហើយក៏មានទំនាក់ទំនងជាពិសេសផងដែរ ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ក្របខ័ណ្ឌអាស៊ាន ក្របខ័ណ្ឌអាស៊ីបូព៌ា ក៏ដូចជាដៃគូ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយផងដែរ។

ជាងនេះទៅទៀត អូស្ត្រាលី ក៏មានកិច្ចសហប្រតិបត្តិការទ្វេភាគីពិសេសជាច្រើន ដូចជាបានជួយដល់កម្ពុជាក្នុងការស្វែងរកសុខសន្តិភាព និងការផ្តល់ជំនួយជាថវិការជាបន្តបន្ទាប់ ជាក់ស្ដែងក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ជាជំនួយប្រមាណជាង២២៣លានដុល្លារ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕

រោងចក្រកាត់ដេរសម្លៀកបំពាក់ថ្មីមួយទៀតតម្លៃ២,៤លានដុល្លារនឹងដំណើរការនៅក្នុងខេត្តកណ្តាល

ដោយៈ រ៉ាណេត

កណ្តាលៈ ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តចេញវិញ្ញាបនបត្រជូនដល់ក្រុមហ៊ុន KNI TERACY ASIA Company ដែលប្រតិបត្តិការវិនិយោគទៅលើវិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់ និងតម្បាញ។


បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យ និងសិក្សាទៅលើគម្រោងវិនិយោគ និងផលប៉ះពាល់ពីសំណាក់អន្តរក្រសួងកាលពីពេលកន្លងទៅនេះ ជាការតបតាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់របស់ក្រុមហ៊ុន KNITERACY ASIA COMPANY LIMITED គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ

ក្រុមហ៊ុន ដែលមានកិច្ចដំណើរការវិនិយោគទៅលើវិស័យរោងចក្រកាត់ដេរ និងតម្បាញសម្លៀកបំពាក់មួយនេះ មានទីតាំងស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.០២៦កន្លែង៕