ចំណេះដឹង! តើអ្វីជាការបង្រួមក្បាលដី និងការបំបែកក្បាលដី?

ដោយវុត្ថា

ភ្នំពេញៈ ការបង្រួមក្បាលដី សំដៅដល់ការបញ្ជូលក្បាលដីច្រើន ដែលជាប់គ្នាឱ្យក្លាយដីតែមួយ ដោយដីទាំងនោះមានម្ចាស់កម្មសិទ្ធិតែមួយ ជាប្រភេទដីតែមួយនិងស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលតែមួយ។

ម្យ៉ាងទៀត សំដៅដល់ការបញ្ចូលក្បាលដីច្រើន ដែលជាប់គ្នាឱ្យទៅជាក្បាលដីតែមួយ ដើម្បីធ្វើផែនការអភិវឌ្ឍ សម្រាប់ធ្វើសមាហរណកម្ម និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សេវាសាធារណៈ និងភាពងាយស្រួលនៃទីក្រុង។ ការបង្រួមក្បាលដីប្រភេទនេះ គេអាចហៅថាការធ្វើសមាហរណកម្មក្បាលដី។

ការបំបែកក្បាលដីសំដៅដល់ការបំបែកក្បាលដីមួយ ឱ្យទៅជាក្បាលដីច្រើនសំរាប់ ការសាងសង់លំនៅដ្ឋាន អគារពាណិជ្ជកម្ម ឧស្សាហកម្ម។ល។ ដោយធានាបាននូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ លំហសាធារណៈ ផ្ទៃបៃតង និងសេវាសាធារណៈ សមស្របតាមបញ្ញត្តិនៃការប្រើប្រាស់ដី។

១) តើក្នុងករណីដែលមានក្បាលដីមួយចំនួន ជាប់បន្ទុកនៅធនាគារ តើការបង្រួមក្បាលដី និងបំបែកក្បាលដី អាចធ្វើបានដែរឬទេ?

ចម្លើយ៖ ការចុះបញ្ជីបង្រួមឬបំបែកក្បាលដី ដែលកំពុងជាប់បន្ទុកអាចធ្វើបានលុះត្រាតែបំពេញនូវលក្ខខ័ណ្ឌមួយចំនួន។

) បំពេញបាននូវលក្ខខណ្ឌជាក្បាលដីតែមួយ ដូចមានចែងក្នុងមាត្រា២២៧ នៃច្បាប់ភូមិបាល២០០១ (ករណីបង្រួមក្បាលដី)។

) មានការយល់ព្រមពីម្ចាស់សិទ្ធិប្រាតិភោគ (ធនាគារម្ចាស់បំណុល) ឱ្យបង្រួមឬបំបែកក្បាលដី កំពុងជាប់បន្ទុកនោះ។

) ភាគីទាំងអស់ដែលមានផលប្រយោជន៍ពាក់ព័ន្ធ ត្រូវព្រមព្រៀងគ្នាអំពីលំដាប់នៃការចុះបញ្ជី ជាអាទិ៍ នៅពេលផ្ទេរការចុះបញ្ជីសិទ្ធិប្រាតិភោគ (ផ្ទេរបន្ទុក) ពីក្បាលដីចាស់ផ្សេងៗគ្នា ទៅប្រមូលផ្តុំនៅលើក្បាលដីថ្មីតែមួយ (ករណីបង្រួមក្បាលដី) ឬពីក្បាលដីចាស់តែមួយ ទៅពង្រាយលើក្បាលដីថ្មីជាច្រើន(ករណីបំបែកក្បាលដី)៕

) ប្រសិនជាការបង្រួម និងបំបែកក្បាលដីក្នុងករណីខាងលើអាចធ្វើទៅបាន តើត្រូវអនុវត្តន៍នីតិវិធីបែបណា?

ចម្លើយៈ ចំពោះនីតិវិធីនៃការចុះបញ្ជីបង្រួម ឬបំបែកក្បាលដី ត្រូវអនុវត្តទៅតាមគោលការណ៍ណែនាំជាធរមាន (ដូចមានថតចម្លងជូនភ្ជាប់មកជាមួយ) ហើយនៅពេលចុះបញ្ជីបង្រួម ឬបំបែកក្បាលដីរួចត្រូវផ្ទេរការចុះបញ្ជីសិទ្ធិប្រាតិភោគ (ផ្ទេរបន្ទុក) ពីក្បាលដីចាស់ទៅក្បាលដីថ្មី ទៅតាមការព្រមព្រៀងរបស់ភាគី ដែលមានប្រយោជន៍ពាក់ព័ន្ធ៕

ក្រុមហ៊ុនសេវាជួលរថយន្តធំបំផុតនៅលើពិភពលោកបានហក់ចូលទីផ្សារកម្ពុជា

ដោយ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុនផ្តល់សេវាជួលរថយន្តធំបំផុត នៅលើពិភពលោកHertz Asia ដែលមានមូលដ្ឋាននៅសឹង្ហបូរី បានសហការជាមួយក្រុមCity Link Transportation (Cambodia) ដើម្បីបម្រើសេវាកម្មរថយន្ត និងដឹកជិញ្ជួនអ្នកធ្វើដំណើរនៅកម្ពុជា។

ក្រុមហ៊ុនជួលរថយន្តនៅកម្ពុជានេះ នឹងប្រតិបត្តិការម៉ាកHertz ជាច្រើនដូចជា Hertz, Dollar, Thrifty និង Firefly –នៅរាជធានីភ្នំពេញ ដែលមានរថយន្តចាប់ពីរថយន្តតូចរហូតដល់រថយន្តប្រណីត។ នេះបើយោងតាមរបាយការណ៍របសគេហទំព័រ TTGAsia ចុះផ្សាយកាលពីពេលថ្មីៗនេះ។

ក្រុមហ៊ុន City Link ក៏នឹងផ្តល់ជូននូវសេវា Hertz Chauffeur Drive (សេវាដឹកអ្នកដំណើរសម្រាប់អាជីវកម្ម) សម្រាប់ការផ្ទេរព្រលានយន្តហោះ និងអ្នកធ្វើដំណើរអាជីវកម្មផងដែរ។

លោក Eoin Macneill អនុប្រធានប្រចាំអាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Hertz បានមានប្រសាសន៍ថា នេះជាលើកទី១ហើយ ដែលក្រុមហ៊ុនHertz បានប្រគល់ម៉ាកសញ្ញាទាំង៤ដល់យីហោផ្តាច់មុខមួយនៅអាស៊ី ហើយបង្ហាញថាយើងជឿជាក់ថា ក្រុមហ៊ុន City Link មានជំនាញក្នុងការផ្តល់ជូននូវដំណោះស្រាយ ភាពចល័តជាមួយសេវាកម្មដ៏អស្ចារ្យដែលអតិថិជនរបស់យើងបានរំពឹងទុក  

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនHertz បានឱ្យដឹងថា តម្រូវការជួលនឹងកើនឡើងនាពេលអនាគត ដោយមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាង១៥លាននាក់រំពឹងនឹងមកទស្សនាប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំនៅឆ្នាំ២០៣០។

លោក Macneill បានថ្លែងថា ខណៈអ្នកដំណើរដឹងកាន់តែច្បាស់ ពីប្រទេសកម្ពុជា និងមានឱកាសបើកបរដោយខ្លួនឯង ក្រុមហ៊ុនHertz អាចជួយអ្នកធ្វើដំណើរឱ្យរកឃើញសោភ័ណភាពរបស់ប្រទេសនេះ តាមរយៈសេវាកម្មជួលរថយន្តជាច្រើន  

លោកបានបន្តថា យើងមានការរំភើបចំពោះភាពជាដៃគូHertzនិងCity Link ហើយជឿជាក់ថា នឹងមានអនាគតដ៏ល្អសម្រាប់យើងនៅទីនេះ ជាមួយដៃគូថ្មីរបស់យើងនៅកម្ពុជា

តើគួរវិនិយោគអចលនទ្រព្យយ៉ាងដូចម្តេ​ចដើម្បីក្លាយជាអ្នកមានប្រាក់លឿន

ដោយគង់ សូរិយា

ភ្នំពេញ ស្របពេលដែលការវិនិយោគលើវិស័យអចលនទ្រព្យ កំពុងមានការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ ការវិនិយោគក្នុងវិស័យនេះក៏មានផលចំណេញ និងហានិភ័យផងដែរ។

ថ្ងៃនេះគេហទំព័រPropertyarea.asia សូមនាំលោកអ្នក ទៅស្តាប់អ្នកជំនាញ ដែលមានបទពិសោធន៍ លើវិស័យអចលនទ្រព្យជាច្រើនឆ្នាំ និងកំពុងទទួលបាន​ជោគជ័យក្នុងវិស័យនេះ។

លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុនKhmer Foundation Appraisalបានថ្លែងឲ្យដឹងថា ការវិនិយោគលើដី និងផ្ទះត្រូវសម្លឹងមើលកត្តាសំខាន់ៗចំនួនបី ទីតាំង តម្លៃ និងពេលវេលា។

ទី១កត្តាទីតាំង

ទីតាំងសំដៅដល់ការវិនិយោគ ដែលអ្នកវិនិយោគត្រូវផ្តោតលើតំបន់មានការអភិ  ឌ្ឍ និងមានគំរោងអភិវឌ្ឍន៍ច្រើននាពេលអនាគត ព្រោះបើយើងទិញដីនៅតំបន់មិនមានការអភិវឌ្ឍ ឬមិនងាយនឹងមានគំរោងអភិ​វឌ្ឍន៍ទៅដល់ ការទិញដីនៅទីតាំងបែបនោះ មិនងាយទទួលបានផលចំណេញ​នោះទេ។

ទី២ កត្តាតម្លៃ

តម្លៃដីក៏ជាអ្វីដែលអ្នកវិនិយោគ គួរផ្តោតការយកចិត្តទុកដាក់ជាចម្បងផង​ដែរ ព្រោះប្រ​សិនជាទីតាំងដីនោះមានតម្លៃខ្ពស់ខ្លាំងរួចទៅហើយ អ្នកវិនិយោគក៏មិនអាចទទួ​លបានផលចំណេញច្រើនផងដែរ ដោយសារតំបន់ខ្លះតម្លៃដីបានឡើងកប់ពពករួចទៅ​ហើយ ហេតុនេះវាមិនធ្វើឲ្យតម្លៃដីនៅទីតាំងនោះឡើងថ្លៃច្រើនទៀតទេ។

ទី៣ កត្តាពេលវេលា

កត្តាពេលវេលា គឺជាប់ទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច សង្គម និងលំហូរទុនវិនិយោគពីក្រៅប្រទេស។ ការកំណត់ពេលវេលាទិញដី ដើម្បីវិនិយោគជារឿងចាំ​បាច់ផងដែរ ព្រោះបើទិញចំពេលវេលាដីធ្លាក់ថ្លៃជាការល្អ ដោយសារនៅពេល​សេដ្ឋកិច្ច សង្គមមានកំនើននិងលំនឹងល្អ គួបផ្សំនឹងលំហូរទុនវិនិយោគពីក្រៅប្រ​ទេសកើនឡើងខ្លាំង តម្លៃដីនោះនឹងកើនឡើងនិងផ្តល់ផលចំណេញច្រើនដល់ អ្នកវិនិយោគនានា។

លោកឧកញ៉ានួន រិទ្ឋីបានបន្តថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ តម្លៃដី និងផ្ទះបានឡើងថ្លៃចន្លោះពី១៥ ទៅ២៥ភាគរយក្នុងមួយឆ្នាំ ហេតុនេះបើសួរថាគួរទិញដីឬទិញផ្ទះយកចំណេញ តើការវិនិយោគមួយណាល្អជាង គឺទិញដីទុកចំ ណេញល្អជាង ព្រោះបើមានលុយក្នុងទំហំដូចគ្នា ការទិញដីបានទំហំធំជាងទិញ​ផ្ទះ ហេតុនេះភាគរយនៃផលចំណេញទទួលបានច្រើនជាង។

ចំណែកការទិញផ្ទះ គឺមិនមែនផ្ទះឡើងថ្លៃទេ គឺដីឡើងថ្លៃទៅវិញទេ ព្រោះផ្ទះរស់នៅ​កាន់តែយូរ ត្រូវកាត់រំលស់កាន់តែច្រើន ព្រោះផ្ទះកាន់តែចាស់៕

សម្តេចតេជោនឹងចូលរួមដោះស្រាយបញ្ហាធំៗរបស់វិស័យឯកជននាខែមេសាខាងមុខ

ដោយៈ រ៉ាណេត

ភ្នំពេញៈ រាល់បញ្ហាប្រឈម និងផលលំបាកផ្សេងៗរបស់វិស័យឯកជនដែលកំពុងតែដំណើរការនៅទូទាំងប្រទេសកម្ពុជា នឹងត្រូវបានលើកយកមកធ្វើការពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយជូនក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នៅដើមខែមេសា ឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន តែងបើកវេទិកាជួបជាមួយអ្នកតំណាងវិស័យឯកជន ដែលរួមមានក្រុមការងារពិសេសទាំង១៣របស់សភាពាណិជ្ជកម្មកម្ពុជា បណ្តាស្ថាប័ន និងអន្តរក្រសួងនានាដែលពាក់ព័ន្ធ ក៏ដូចជាស្ថាប័នតំណាងវិស័យឯកជនផ្សេងទៀត ដើម្បីជួយជជែក និងលើកយកបញ្ហាប្រឈមនានាដែលជាឧបស័គ្គនៅក្នុងកិច្ចដំណើរការនៃមុខជំនួញ។

លោកឧកញ៉ាបន្តទៀតថា សម្រាប់វេទិកាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ គឺជាលើកទី១៩ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាចូលរួមដោះស្រាយនូវផលលំបាករបស់បណ្តាពាណិជ្ជករជាតិ និងអន្តរជាតិ ដែលកំពុងតែមានដំណើរការនៅទូទាំងប្រទេសកម្ពុជា លោកឧកញ៉ាបានបញ្ជាក់ថា វេទិកាមួយនេះមានសារសំខាន់បំផុតសម្រាប់វិស័យឯកជនទូទៅ ហើយក៏ជាផ្នែកមួយជួយសម្របសម្រួល និងជំរុញឱ្យរាល់ការធ្វើជំនួញនានា មានដំណើរការប្រកបដោយរលូន ក្រោមការចូលរួមយកចិត្តទុកដាក់ពីសំណាករាជរដ្ឋាភិបាលកម្ពុជា

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះ បានមានប្រសាសន៍បន្តទៀតថា រហូតមកដល់ពេលនេះ បញ្ហាចម្បងមួយក្នុងចំណោមបញ្ហាជាច្រើនទៀត របស់វិស័យឯកជន គឺពាក់ព័ន្ធជាមួយនឹងពន្ធដារ ដែលទាមទារឱ្យមានការដំណោះស្រាយ និងសម្របសម្រួលក្នុងភាពជាដៃគូយ៉ាងចាំបាច់។ វិស័យឯកជននៅតែមានការព្រួយបារម្ភទៅលើបញ្ហាសវនកម្មដែលមិនមានសុក្រិត្យភាព

លោកឧកញ៉ាបានបន្តទៀតថា កាលពីពេលកន្លងទៅ មន្ត្រីជំនាញមិនបានចុះធ្វើសវនកម្មជាប្រចាំឆ្នាំនោះទេ រាប់ទាំងក្រុមហ៊ុន និងសហគ្រិនខ្នាតតូច និងធម្យមផងដែរ លុះពេលចុះធ្វើសវនកម្ម គឺតែងតែខុសពីការប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ ដែលភាគីខាងពាណិជ្ជករមានកំហុស និងត្រូវទទួលការពិន័យជាប្រចាំ។ ដូច្នេះ បញ្ហាមួយនេះក៏អាចនឹងត្រូវលើកយកមកពិភាក្សា និងស្នើសុំដល់រដ្ឋាភិបាលជួយអន្តរាគមន៍

បច្ចុប្បន្ននេះ គ្រប់បណ្តាពាណិជ្ជករ ដែលជាអ្នកវិនិយោគទាំងជាតិ អន្តរជាតិកាន់តែមានភាពងាយស្រួល និងកក់ក្ដៅជាងមុន ដោយសារតែរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការជួយដោះស្រាយនូវរាល់បញ្ហា និងឧបសគ្គនានា ដើម្បីជំរុញការវិនិយោគប្រកបដោយភាពរលូន។

កិច្ចការដែលរដ្ឋាភិបាលព្យាយាម ដោះស្រាយជូនជាចម្បង គឺការធ្វើកំណែទម្រង់ផ្ទៃក្នុងស៊ីជម្រៅ ជាពិសេសទៅលើបញ្ហានីតិវិធីពន្ធគយ និងពន្ធដាមួយចំនួន ក្នុងការរៀបចំរត់ការឯកសារជាដើម ៕

គំរោងលំនៅដ្ឋាននិងបុរីជាច្រើនឆ្ពោះទៅកាន់ស្រុកកៀនស្វាយ

ដោយរ៉ាវី

ភ្នំពេញ កត្តាសំខាន់ៗជាច្រើនបាន និងកំពុងធ្វើឲ្យតំបន់ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល មានភាពរីកចម្រើនខ្លាំង ខណៈបច្ចុប្បន្នគំរោងលំនៅដ្ឋានជាច្រើនបានចាប់ផ្តើមនៅក្នុងស្រុកកៀនស្វាយ ស្របពេលហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើនបាន និងកំពុងភ្ជាប់ទៅតំបន់នោះ

បុរីជាច្រើនបាននិងកំពុងចាប់ផ្តើម ដូចជាបុរីកៀនស្វាយផ្លាហ្សា បុរីKS បុរីកៀនស្វា​យផាក និងបុរីជាច្រើនទៀត​ ពិសេសគំរោងអភិវឌ្ឍន៍រមណីយដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនបាននិងកំពុងត្រៀមឆ្ពោះទៅតំបន់នេះ។

អ្នកវិភាគអចលនទ្រព្យឯករាជ្យលោកយិន លាងគង់និងជាអគ្គនាយកគេហទំព័រPropertyarea.asia ដែលជាគេហទំព័រផ្តោតលើវិស័យអចលនទ្រព្យឈានមុខគេនៅកម្ពុជាបានមានប្រសាសន៍ថា ដោយសារមានភូមិសាស្រ្តល្អ និងមានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់យយ៉ាងងាយស្រួល បាននិងកំពុងទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិកាន់តែច្រើនឆ្ពោះទៅតំបន់នេះ។

លោកបន្តថា “កៀនស្វាយ កំពុងតែមានភាពទាក់ទាញខ្លាំង ដែលអាចផ្តល់ឱកាសយ៉ាងល្អប្រសើ​រ​ទៅដល់បណ្តាអ្នកវិនិយោគនានា ទាំងការទិញ-លក់ ក៏ដូចជាអ្នកអភិវឌ្ឍលើគម្រោងសំណង់លំនៅដ្ឋានលោកបន្តថា “កត្តាហេដ្ឋារចនាសម្ព័ន្ឋ ប្រជាសាស្រ្តពិតជាចំណែកមួយយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍ ស្របពេលប្រទេសមានសុខសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា”។

ជាមួយនឹងការសាងសង់យ៉ាងសកម្មនូវផ្លូវក្រវ៉ាត់ក្រុងទី៣  ពិសេសស្ពានឆ្លងកាត់កោះអន្លង់ចិន គំរោងសាងសង់ផ្លួវល្បឿនលឿនភ្នំពេញបាវិត ការពង្រីកផ្លូវជាតិលេខ១បានបញ្ចប់ និងគំរោងសាងសង់ស្ពានមួយចំនួនទៀត នៃគំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី៤ បាននិងកំពុងហុចផលល្អយ៉ាងច្រើន ដល់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យនៅក្នុងស្រុកនេះ ក៏ដូចជាបណ្តាស្រុកដែលមានភូមិសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ឋងាយស្រួលតភ្ជាប់ជាមួយរាជធានីភ្នំពេញ។

ជាមួយគ្នានេះលោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisalបានមានប្រសាសន៍ឲ្យដឹងផងដែរថា បច្ចុប្បន្ន និងទៅអនាគត ស្រុកកៀនស្វាយ មាន​សក្ដានុពលខ្លាំងមិនចាញ់ តំបន់ជុំវិញរាជធានីភ្នំពេញនោះឡើយ ដែលនេះជាចំណុច​ល្អ​ប្រសើរ សម្រាប់អ្នកវិនិយោគស្វែងរកភាគចំណេញ ក៏ដូចជាសម្រា​ប់អ្នកសង់​លំនៅដ្ឋាន​ផងដែរ។

លោកឧកញ៉ាបន្តថា “សព្វថ្ងៃនេះដោយសារតែផ្ទៃដី នៅក្នុងក្រុងមានភាពចង្អៀត និងមានតម្លៃថ្លៃផងនោះ បានជំរុញ​ឱ្យបណ្តាអ្នកវិនិយោគនានា ងាកទៅកាន់តំបន់ជាយក្រុង”។លោកបន្តថស តំបន់កៀនស្វាយ បាននិងកំពុងស្ថិតក្នុងក្រសែភ្នែករបស់អ្នកជំនួញទាំងអស់នោះដែរ”។

លោកឧកញ៉ានួន រិទ្ឋីបានមានប្រសាសន៍ថា ស្រុកកៀនស្វាយនៅមានវិសាល​ភាព​ផ្ទៃដីនៅទូលាយ តម្លៃនៅមានកម្រិត ជាពិសេសជាតំបន់ ដែលស្ថិតនៅក្នុង​គម្រោង​​អភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុងខ្សែទី3 មានទំហំផ្លូវថ្នល់ដល់ទៅ60ម៉ែត្រ ដែលជាផ្លូវ​តភ្ជាប់​សេដ្ឋកិច្ចយ៉ាងសំខាន់តភ្ជាប់ជាមួយប្រទេសវៀតណាម និងមានគំរោងអភិវឌ្ឍន៍ច្រើនបាននិងកំពុងកើតមាន និងកំពុងត្រៀមបង្ហាញខ្លួននៅតំបន់នេះ៕

រដ្ឋាភិបាល សម្រេចប្ដូរឈ្មោះក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅជាក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ដោយ ៖ រ៉ាណេត 

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានយល់ព្រមសម្រេចប្ដូរឈ្មោះក្រសួងឧស្សាហកម្ម និងសិប្បកម្ម មកជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តបតាមសំណើររបស់លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នាពេលបច្ចុប្បន្ននេះ។ 

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូនលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ បានគូសបញ្ជាក់ថា ទន្ទឹមនឹងការយល់ព្រមឱ្យប្តូរឈ្មោះក្រសួងហើយនោះ រាជរដ្ឋាភិបាល ក៏យល់ព្រមឱ្យធ្វើវិសោធនកម្មច្បាប់ទាំងឡាយ និងឯកសារគតិយុត្តផ្សេងៗ ដែលមានការពាក់ព័ន្ធដល់រចនាសម្ព័ន្ធ និងការប្រព្រឹត្តទៅនៃក្រសួងដែលប្តូរឈ្មោះថ្មីនេះផងដែរ។

ជាមួយគ្នានេះរាជរដ្ឋាភិបាល ក៏ឯកភាពឱ្យបង្កើតអង្គភាពថ្មីពីរទៀត គឺអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានថ្នាក់ស្មើអគ្គនាយកដ្ឋាន។ ការបង្កើតអង្គភាពទាំងពីរនេះ គឺពុំមានការតម្រូវឱ្យបន្ថែមនូវក្របខណ្ឌរដ្ឋនោះទេ ពោលគឺប្រើប្រាស់ក្របខណ្ឌទាំងឡាយដែលកំពុងមាន ហើយពាក់ព័ន្ធដល់ការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

រាជរដ្ឋាភិបាល ក៏បានណែនាំឱ្យមានកិច្ចប្រជុំអន្តរក្រសួង ជាមួយបណ្តាក្រសួងពាក់ព័ន្ធជុំវិញការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីរចនាសម្ព័ន្ធ អង្គការលេខ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីដាក់ឆ្លងគណៈរដ្ឋមន្ត្រី។

រាជរដ្ឋាភិបាល ក៏បានណែនាំឱ្យបើកទូលាយឱ្យមានឥស្សរជនសំខាន់ៗ បញ្ញាវន្ត ដែលមានសញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ដូចជាគំនិតផ្តួចផ្តើមទាំងឡាយ ដែលមានលក្ខណៈនវានុវត្តន៍ និងមន្ត្រីផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រ ចូលមកបម្រើការ ឬផ្ទេរក្របខណ្ឌមន្ត្រីមានបំណងស្ម័គ្រចិត្ត ពីបណ្តាក្រសួងនានា ដែលពាក់ព័ន្ធការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា មកបម្រើការងារក្នុងអង្គភាពថ្មីទាំងពីរដែលនឹងត្រូវបង្កើតឡើងនេះ។

រាជរដ្ឋាភិបាល ក៏បានណែនាំឱ្យផ្តល់ការងារយកចិត្តទុកដាក់ គាំទ្រ និងបង្កលទ្ធភាពទៅតាមសភាពជាក់ស្តែងនៃតម្រូវការរបស់អង្គភាពទាំងពីរថ្មីនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពីបណ្តាស្ថាប័នពាក់ព័ន្ធទាំងឡាយ ដើម្បីធ្វើឱ្យផ្នែកស្រាវជ្រាវលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងរបកគំហើញផ្សេងៗ (នវានុវត្តន៍) របស់កម្ពុជា ឱ្យទទួលបានប្រសិទ្ធភាព និងទូលំទូលាយក្នុងប្រយោជន៍ជំរុញឱ្យវិស័យវិទ្យាសាស្ត្រមានការរីកចម្រើន និងផ្ទេរបច្ចេកវិទ្យាស្របតាមបរិបថនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០។

រាជរដ្ឋាភិបាល ក៏ចាត់ឱ្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ឆ្លងរដ្ឋសភា និងព្រឹទ្ធសភា និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ផងដែរ។ ក្រោយពេលរៀបចំរួរាល់ ត្រូវដាក់ឆ្លងគណៈរដ្ឋមន្ត្រីទាំងពីរតែម្តង។

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើមឡើយមានឈ្មោះថា ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល។ លុះនៅអាណត្តិទី៥ រាជរដ្ឋាភិបាលសម្រេចបង្កើតក្រសួងថ្មីមួយទៀតឈ្មោះថា ក្រសួង «រ៉ែ និងថាមពល» ដូច្នេះក្រសួង «ឧស្សាហកម្ម រ៉ែ និងថាមពល» ត្រូវបានប្តូរឈ្មោះទៅជាក្រសួង «ឧស្សាហកម្ម និងសិប្បកម្ម»វិញ៕

ក្រុមហ៊ុនស៊ីភីបង្ហាញបំណងវិយោគលេីកាហ្វេនៅកម្ពុជា

ភ្នំពេញ:

ក្រុមហ៊ុនស៊ីភី (CP)​បង្ហាញបំណងវិយោគលេីកាហ្វេសម្រាប់នាំចេញទៅថៃ​ ខណៈកម្ពុជាមានសក្តាខ្ពស់លេីវិស័យនេះ​។

នេះបេីតាមការដឹងនៅក្នុងជំនួបពិភាក្សាការងាររវាងពលោប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បទទួលជួបធុរជនថៃរបសកាលពីថ្ងៃទី២៤ខែមករាម្សិលមិញនេះ។

នៅក្នុងកិច្ចប្រជុំនេះ តំណាងរបស់ក្រុមហ៊ុនស៊ីភី បានជម្រាបជូនពីគោលបំណងក្នុងការពិនិត្យលើការផលិតគ្រាប់កាហ្វេនៅកម្ពុជា ដើម្បីនាំចូលទៅប្រទេសថៃ ដែលបច្ចុប្បន្នតម្រូវការគ្រាប់កាហ្វេ គឺមានកម្រិតខ្ពស់ ដែលទំហំនៃការផលិតនៅប្រទេសថៃ មិនអាចផ្គត់ផ្គង់គ្រប់ចំនួននោះទេ។

លោរដ្ឋមន្ត្រី បានជម្រាបជូនថា ការដាំដុះដំណាំកាហ្វេ គឺមានច្រើននៅខេត្តមណ្ឌលគិរី និងរតនគិរី ហើយលើកទឹកចិត្តឲ្យក្រុមហ៊ុនស៊ីភី ចុះពិនិត្យដោយផ្ទាល់ និងសហការជាមួយសហគមន៍ផលិតគ្រាប់កាហ្វេនៅទីនោះ ដើម្បីពិនិត្យលើលទ្ធភាពជាក់ស្ដែង។

ជាមួយនោះដែរ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឲ្យក្រុមហ៊ុនស៊ីភី បង្កើនប្រតិបត្តិការរបស់ក្រុមហ៊ុននៅកម្ពុជាឲ្យបានច្រើនលើសពីការវិនិយោគបច្ចុប្បន្នបន្ថែមទៀត ជាពិសេសការកែច្នៃអង្ករ ដំឡូងមី ពោត និងផលិតផលដទៃទៀត ដែលសុទ្ធសឹងតែជាផលិតផលមានសក្ដានុពលសម្រាប់នាំចេញ៕

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកកើនឡើងជិត ៥,៥ ពាន់លានដុល្លារ

ដោយ ប៊ី

ភ្នំពេញ៖ ពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកមានទំហំទឹកប្រាក់ជាង ៥,៤ ពាន់លានដុល្លារ កើនឡើង ៣៨ ភាគរយ បើធៀបនឹងឆ្នាំមុន។

របាយការណ៍ពីការិយាល័យជំរឿនអាមេរិក (US Census Bureau) បានឱ្យដឹងថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់ប្រមាណ ៥.៤៤ ពាន់លានដុល្លារ កើនឡើងពី ៣,៩៣៥ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ។

របាយការណ៍បានកត់សម្គាល់ថា ការនាំចេញពីកម្ពុជាទៅកាន់អាមេរិកបានកើនឡើង ៤០ ភាគរយស្មើនឹង ៤,៩ លានដុល្លារ ខណៈការនាំចេញរបស់អាមេរិកមកកម្ពុជាមានចំនួន ៤៨៤ លានដុល្លារ កើនឡើង ២០ ភាគរយ។

ការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងការទូតនាំឱ្យមានការកើនឡើងពាណិជ្ជកម្ម។ ការចូលប្រើប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់អាមេរិកនៅតែជាគន្លឹះសម្រាប់ពាណិជ្ជកម្មរឹងមាំរវាងប្រទេសទាំងពីរ។

ការនាំចេញរបស់កម្ពុជាទៅកាន់អាមេរិកបានបន្តកើនឡើង ក្នុងនោះមានទំនិញធ្វើដំណើរ រួមទាំង កាបូបដៃ កាបូបស្ពាយ និងឥវ៉ាន់ត្រូវបានផ្តល់ជូននូវអាករដោយមិនគិតថ្លៃក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅនៅក្នុងខែ កក្កដា ឆ្នាំ ២០១៦ ។

យោងតាមធនាគារជាតិនៃកម្ពុជា អាមេរិកគឺជាទីផ្សារធំបំផុតសម្រាប់ការនាំចេញរបស់កម្ពុជា ដោយមានចំនួន ២៩ ភាគរយនៃទំនិញចំនួន ១០,៩ ពាន់លានដុល្លារដែលត្រូវបាននាំចេញក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំមុន៕

វិភាគ ៖ សហគមន៍អ៉ឺរ៉ុបជាអ្នកចាញ់ធំបំផុតបន្ទាប់ពីសហរដ្ឋអាមេរិកនិងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមពាណិជ្ជកម្ម

ដោយ Donald Lee

ភ្នំពេញ៖ ខណៈក្រុមហ៊ុនអាមេរិក និងចិន ត្រៀមធ្វើពាណិជ្ជកម្មរាប់ពាន់លានដុល្លារដែលមានចែងក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ អឺរ៉ុបនឹងត្រូវរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារក្រុមហ៊ុនចិននឹងធ្វើជំនួញភាគច្រើននៅលើដឹកដីអាមេរិក។

ឧបនាយករដ្ឋមន្រ្តីចិនលោក Liu He និងប្រធានាធិបតីអាមេរិក Donald Trump បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក និងចិនដំណាក់កាលទី ១ កាលពីដើមខែនេះ បានបញ្ចប់ការកើនឡើងនូវសង្រ្គាមពាណិជ្ជកម្មជិត ២២ ខែដែលបានគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក និងរួមទាំងការកើនឡើងយ៉ាងខ្លាំងនៃការទិញទំនិញរបស់អាមេរិកនៅក្នុង ២ ឆ្នាំបន្ទាប់។

ក្រុមហ៊ុនសហភាពអឺរ៉ុបនៅទូទាំងទ្វីបអឺរ៉ុបបានសម្តែងការមិនសប្បាយចិត្តចំពោះការចូលទៅកាន់ទីផ្សារប្រទេសចិននៅមានកំរិតនៅឡើយ នៅពេលដែលអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយជាមួយចិនដែលធានាបាននូវទឹកប្រាក់ក្នុងការធ្វើពាណិជ្ជកម្មចំនួន ២០០ ពាន់លានដុល្លារក្នុងរយៈពេលពីរឆ្នាំ។

ក្រុមហ៊ុនអឺរ៉ុបបានត្អូញត្អែរថា កិច្ចព្រមព្រៀងនេះបានធ្វើឱ្យខូចខាតដល់ពាណិជ្ជកម្មសេរី និងការចូលទៅកាន់ទីផ្សារដែលស្មើភាពគ្នាដែលជាការរបាំងនៃសកលភាវូបនីយកម្មអស់រយៈពេលជាច្រើនទសវត្ស។

របាយការណ៍សមាគមអាជីវកម្មអឺរ៉ុបបានឱ្យដឹងថា “សហភាពអឺរ៉ុបត្រូវតែពិចារណាឡើងវិញនូវកម្មវិធីជំនួញរបស់ខ្លួនឆ្ពោះទៅប្រទេសចិន និងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើបដិភាព និងលក្ខខណ្ឌ”។ ចិនបានបើកទីផ្សារតូចបំផុតសម្រាប់ដៃគូពាណិជ្ជកម្មអឺរ៉ុបទាំងអស់។

ដើម្បីបន្ថែមការជេរប្រមាថចំពោះការរងរបួស ប្រធានាធិបតីអាមេរិក Donald Trump បានប្រើអាវុធពន្ធគយដើម្បីសម្លុតបណ្តាប្រទេសអឺរ៉ុបដើម្បីផ្តល់ផលប្រយោជន៍ដល់អាមេរិក។ លោក Trump បានរិះគន់យ៉ាងខ្លាំងចំពោះគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប នៅពេលដែលជម្លោះពាណិជ្ជកម្មរបស់លោកជាមួយប្រទេសចិនបានកើនឡើងកាលពីឆ្នាំមុន។

លោក Trump បាននិយាយនៅក្នុងសុន្ទរកថាដែលបានធ្វើឡើងនៅទីក្រុងញូវយ៉កកាលពីខែ វិច្ឆិកា ថា “គោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងអាមេរិកគឺអាក្រក់ជាងប្រទេសចិន”។ 

លោក Trump បាននិយាយថា “ប្រទេសជាច្រើនគិតថ្លៃពន្ធខ្ពស់ខុសពីធម្មតា ឬបង្កើតរបាំងពាណិជ្ជកម្មដែលមិនអាចទៅរួច។ ហើយខ្ញុំនឹងនិយាយដោយស្មោះត្រង់ គឺសហគមន៍អឺរ៉ុបមានការលំបាកខ្លាំងណាស់។ ឧបសគ្គដែលពួកគេមានគឺគួរឱ្យខ្លាចក្នុងវិធីជាច្រើនដែលអាក្រក់ជាងប្រទេសចិន”។

ក្នុងខែនេះរដ្ឋាភិបាលអាមេរិកបានប្រកាសថា ខ្លួនគ្រោងនឹងដាក់ពន្ធ ១០០ ភាគរយលើទំនិញបារាំងដែលមានតម្លៃ ២,៤ ពាន់លានដុល្លារ និងរួមបញ្ចូលស្រាសំប៉ាញ កាបូបដៃ និងឈីស ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មមិនបានឈានដល់សប្តាហ៍នេះ។

អាវុធនាំពន្ធគយលើចូលលើការនាំចូលរបស់បារាំងកើតឡើង បន្ទាប់ពីការស៊ើបអង្កេតមួយរបស់រដ្ឋាភិបាលអាមេរិកលើពន្ធថ្មីនៃសេវាកម្មឌីជីថលបារាំងដែលនឹងដាក់ពន្ធ ៣ ភាគរយលើក្រុមហ៊ុនឌីជីថលដែលរកចំណូលបានជាង ២៧,៨៦ លានដុល្លារនៅបារាំង និង ៨៣០ លានដុល្លារនៅទូទាំងពិភពលោក។ ក្រុមអ្នកវិភាគជឿជាក់ថា ការយកពន្ធថ្មីនេះគឺសំដៅដោយផ្ទាល់ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ដូចជាហ្វេសប៊ុក អេបផល និងអាម៉ាហ្សូន។

លោក Trump បានបង្ខំប្រធានាធិបតីបារាំង Emmanuel Macron ឱ្យលោកយល់ព្រមពន្យារពេលពន្ធឌីជីថលទៅក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិករហូតដល់ដំណាច់ឆ្នាំ។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបារាំងលោក Bruno Le Maire បានថ្លែងនៅក្នុងកិច្ចប្រជុំសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃ អង្គារ ថា “លោកMacron និងលោក Trump មានការពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ហើយពួកគេបានយល់ព្រមចៀសវាងរាល់ការកើតឡើងរវាងអាមេរិក និងបារាំងលើបញ្ហាពន្ធឌីជីថល”។

លោក Macron បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមធ្វីតធឺថា ភាគីទាំងពីរកំពុងធ្វើការជាមួយគ្នាដើម្បីស្វែងរកដំណោះស្រាយ និងចៀសវាងសង្គ្រាមពាណិជ្ជកម្ម។

លោកបានសរសេរលើបណ្តាញសង្គមថា “មានការពិភាក្សាដ៏អស្ចារ្យជាមួយលោកដូណាល់ត្រាំអំពីពន្ធឌីជីថល។ យើងនឹងធ្វើការរួមគ្នាលើកិច្ចព្រមព្រៀងដ៏ល្អមួយដើម្បីចៀសវាងការដំឡើងពន្ធ”។

លោក Trump បានសរសេរលើទំព័ររបស់លោក Macron ថា “ល្អបំផុត!”៕

រ៉ូម៉ានីនឹងដឹកនាំធុរជនខ្លួនស្វែងរកឪកាសវិនិយោគជាមួយធុរជនកម្ពុជានាពេលខាងមុខ

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប្រទេសរ៉ូម៉ានី នឹងដឹកនាំគណៈប្រតិភូធុរកិច្ចរ៉ូម៉ានី មកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងរកដៃគូពាណិជ្ជកម្មនិងសហការការវិនិយោគជាមួយធុរជនកម្ពុជា លើវិស័យជាច្រើនដូចជា ការកែច្នៃម្ហូបអាហារ កសិកម្ម ប្រេង និង ឧស្ម័ន ជាដើម។

នេះ បើតាមការឱ្យដឹងពីលោកបណ្ឌិត Emil Ghitulescu ឯកអគ្គរដ្ឋទូតប្រទេសរ៉ូម៉ានីប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយប្រទេសវៀតណាម នៅក្នុងជំនួបពិភាក្សាការជាមួយលោក ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី ២៣ ខែមករាម្សិលមិញនេះ នៅសភាពាណិជ្ជកម្មកម្ពុជា។

លោកបណ្ឌិត Emil Ghitulescu ឯកអគ្គរដ្ឋទូតប្រទេសរ៉ូម៉ានីប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយប្រទេសវៀតណាមឱ្យដឹងថា គោលបំណងនៃជំនួបនេះធ្វើឡើង ដើម្បីពង្រឹងទំនាក់ទំនង ក៏ដូចជាទំហំពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសកម្ពុជា និងរ៉ូម៉ានី។

លោកបន្តថា ទន្ទឹមនឹងនេះ នាខែមេសាខាងមុខនេះ ប្រទេសរ៉ូម៉ានី នឹងមានការរៀបចំពិព័ណ៌ពាណិជ្ជកម្មនៅប្រទេសវៀតណាម បន្ទាប់ពីពិព័ណ៌នេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប្រទេសរ៉ូម៉ានី នឹងដឹកនាំគណៈប្រតិភូធុរកិច្ចរ៉ូម៉ានី មកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងរកដៃគូពាណិជ្ជកម្មជាមួយនឹងសមាជិកសភាពាណិជ្ជកម្មកម្ពុជា។

ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកបណ្ឌិត Emil Ghitulescu។ ឧកញ៉ា អគ្គនាយក ក៏បានស្នើអោយប្រទេសរ៉ូម៉ានី សហការការវិនិយោគជាមួយធុរជនកម្ពុជា លើវិស័យជាច្រើនដូចជា ការកែច្នៃម្ហូបអាហារ កសិកម្ម ប្រេង និង ឧស្ម័ន ជាដើម។

សភាពាណិជ្ជកម្មកម្ពុជា ធ្លាប់បានចុះអនុស្សារណៈយោគយល់ជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មរ៉ូម៉ានី នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅសភាពាណិជ្ជកម្មនិងឧស្សាហកម្មរ៉ូម៉ានី នាទីក្រុងប៊ូគូរ៉េស ប្រទេសរ៉ូម៉ានី៕