ក្រុមហ៊ុន FURI Cooperation នឹងចែករំលែកធនធានជួយដល់កុមារកំព្រា នៅក្រុងព្រះសីហនុ

ដោយៈ រ៉ាណេត

ព្រះសីហនុៈ ជាការចូលរួមចំណែកនៅក្នុងការងារសង្គម ក៏ដូចជាការអបអរសាទរនៅក្នុងទិវានៃក្ដីស្រឡាញ់ខាងមុខនេះ គណៈគ្រប់គ្រងនៃក្រុមហ៊ុន FURI Cooperation បានបង្កើតព្រឹត្តិការណ៍ប្រគំតន្ត្រីនៅក្នុងផ្សារទំនើប FURI Times Square ស្វែងរកមូលនីធិពីបណ្តាសប្បុរសជននានា ដើម្បីជួយឧបត្ថម្ភដល់កុមារកំព្រារជាង១០០នាក់នៅក្នុងក្រុងព្រះសីហនុ។

ការប្រគុំតន្រ្តីដ៏ធំនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ នឹងមានព្រឹត្តិការណ៍នៃការប្រគំតន្ត្រីសម័យ ក្រោមការចូលរួមពីសំណាក់តន្ត្រីករល្បីឈ្មោះប្រចាំប្រទេស រួមជាមួយនឹងកំពូលតារាចម្រៀងស្រីប្រចាំកម្ពុជា កញ្ញាមាស សុខសោភា ព្រមទាំងតារាចម្រៀងប្រុស-ស្រីជាច្រើននាក់ទៀត ដើម្បីស្វែងរកមូលនីធិជួយឧបត្ថម្ភដល់កុមារកំព្រា ដែលកំពុងរស់នៅក្នុងក្រុងព្រះសីហនុ។

តំណាងគណៈគ្រប់គ្រងផ្សារទំនើប FURI Tomes Square ដែលជាផ្នែកមួយនៅក្នុងក្រុមហ៊ុនFURI Cooperation បានប្រាប់ឱ្យដឹងថា ជារៀងរាល់ឆ្នាំគណៈគ្រប់គ្រងក្រុមហ៊ុន FURI Cooperation តែងតែចូលរួមសកម្មភាពសង្គម ដោយស្វែងរកមូលនីធិដើម្បីជួយឧបត្ថម្ភទៅដល់បណ្តាអង្គការ និងមណ្ឌលកុមារកំព្រាជាប់ជាប្រចាំ ដែលក្នុងនោះរួមមានដូចជា គ្រឿងឧបភោគបរិភោគ អង្ករ ត្រីខ មី ទឹកស៊ីអ៊ីវ ទឹកត្រី ស្ករស ប្រេងឆា អំបិល សម្លៀកបំពាក់ សម្ភារៈសិក្សា រួមជាមួយថវិកាមួយចំនួនទៀត។

ដោយឡែកនៅត្រឹមរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ នៅក្នុងផ្សារទំនើបដ៏ទាន់សម័យFURI Times Square ដែលទើបតែមាននៅក្នុងក្រុងព្រះសីហនុលើកដំបូងនេះ នឹងមានការប្រគំតន្ត្រីសម័យ ដើម្បីស្វែងរកមូលនីធិបន្ថែមពីលើធនធានដែលបានត្រៀមទុកស្រាប់ ក្នុងគោលបំណង់ជួយឧបត្ថម្ភគាំទ្រដល់កុមារកំព្រា ដែលកំពុងតែជួបភាពខ្វះខាតជាង១០០នាក់ ដោយផ្ទាល់ដៃនៅជាន់ផ្ទាល់ដី នៃផ្សារទំនើបមួយនេះតែម្ដង។

ផ្សារទំនើប FURI Times Square មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលទើបតែចាប់បើកដំណើរការសាកល្បង កាលពីអំឡុងចុងឆ្នាំ២០១៩ កន្លងទៅនេះ ទទួលបាននូវការគាំទ្រពីសំណាក់អតិថិជនជាតិ និងអន្តរជាតិ គួរជាទីមោទន។

ជាមួយនឹងកិច្ចដំណើរការសាកល្បងនេះ ផ្សារទំនើប FURI Times Square បាននាំមកជូនអតិថិជននូវបណ្តាផលិតផល មុខទំនិញចំរុះ យ៉ាងសម្បូរបែប ដែលសុទ្ធតែជាម៉ាកយីហោល្បីៗលំដាប់សាកលលោក ដូចជា ក្រុមហ៊ុន KFC , ក្រុមហ៊ុន Starbucks , ក្រុមហ៊ុន Amazone Café ,ក្រុមហ៊ុន KOI , ក្រុមហ៊ុន Dakasi Tea , ហាងអាហារមកពីប្រទេសសាំងហ្គាពួរ ក្រុមហ៊ុនលក់សម្លៀកបំពាក់ LEVI’s , ក្រុមហ៊ុន NIKE ក្រុមហ៊ុន Samsonite , ក្រុមហ៊ុននាឡិកាដ៏ល្បីឈ្មោះ G-Shock ក្រុមហ៊ុនលក់រថយន្ត HGB Group រួមជាមួយក្រុមហ៊ុនល្បីៗជាច្រើនទៀត ដោយរាប់បញ្ចូលទាំងគ្រឿងសំអាងផងដែរ ។

ផ្សារទំនើបនេះ ចាប់បើកទ្វារបម្រើអតិថិជនចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង១១យប់ ដែលក្រៅពីមានលក់នូវមុខទំនិញ និងអាហារយ៉ាងសម្បូរបែប ក៏មានទីកន្លែងកម្សា​ន្តសម្រាប់កុមារ និងយុវវ័យផងដែរ ជាពិសេសមានរោងកុនបែបទំនើបនៅជាន់ខាងលើរួមជាមួយនឹង Sky Bar ដែលរៀបចំនៅជាន់ ខាងលើលំហរអាកាសនៅពេលរាត្រីផងដែរ៕

គំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៤កំពុងលើកកំពស់មុខមាត់ខេត្តបាត់ដំបង

ដោយវុត្ថា

ខេត្តបាត់ដំបងៈ ខេត្តបាត់ដំបងគឺជាខេត្តមួយរបស់កម្ពុជា ដែលមានសក្តានុពលវិយោគខ្ពស់លើគ្រប់វិស័យ មានទាំងកសិកម្ម  វិនិយោគ ទេសចរណ៍ មជ្ឈមណ្ឌលពាណិជ្ជកម្ម ទីផ្សារលក់រាយ និងបោះដុំ (ទំនិញក្នុងតំបន់ ឬនាំចូល) សម្រាប់ចែកចាយបន្ត និងមានប្រជាពលរដ្ឋច្រើន។

ដោយមើលឃើញពីសក្តានុពលខ្លាំងបែបនេះ អជ្ញាធរខេត្តក៏ដូចជាអ្នកពាក់ព័ន្ធបាននឹងកំពុងស្តារ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធធំជាច្រើន ដើម្បីទាក់ទាញវិនិយោគិនក្នុងស្រុក និងក្រៅស្រុកឱ្យងាមកចាប់អារម្មណ៍ មកវិនិយោគនៅក្នុងខេត្តប៉ែកខាងលិចនៃប្រទេសកម្ពុជាមួយនេះ ។

១) គម្រោងវិនិយោគព្រលានយន្តហោះខ្នាតតូច

វិនិយោគិន និងជាអ្នកបើកយន្តហោះ (Pilot) ជនជាជាតិបារាំង បង្ហាញបំណងមកវិនិយោគ លើវិស័យអាកាសចរនៅខេត្តបាត់ដំបង ខណៈខេត្តមួយនេះបាននឹងកំពុងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។ គម្រោងវិនិយាគនេះ លើវិស័យអាកាសចរដឹកអ្នដំណើរដោយការហោះហើរជើងក្នុងស្រុក និងយន្តហោះប្រភេទខ្នាតតូច។ គំរោងនេះក៏ជាការជួយជំរុញឲ្យវិស័យទេសចរណ៍ ក៏ដូចអ្នកទេសចរណ៍មកកាន់តែច្រើនក្នុងខេត្តបាត់ដំបង។

២)គម្រោងកំណាត់ផ្លូវជាតិលេខ ៥ (បាត់ដំបង-សិរីសោភ័ណ្ឌ)

គម្រោងកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ្ឌ) ដែលមានប្រវែង៨៦,គីឡូម៉ែត្រ ។ បើតាមការឱ្យដឹងពីក្រសាធារណៈការ និងដឹកជញ្ជូនកាលពីឆ្នាំ២០១៩កន្លងមក គម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ្ឌ) សម្រេចបានច្រើនហើយ។

ដោយឡែក ស្ពានស្ទឹងសង្កែ ដែលជាគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ្ឌ) ត្រូវបានធ្វើពិធីតភ្ជាប់ជាផ្លូវការ។

គម្រោងនេះ ទទួលបានឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA) នូវទឹកប្រាក់១៩,២០៨លានយេន ស្មើនឹង១៦១.៩០លានដុល្លារ។ បើតាមផែនការគម្រោងនេះ ប្រើរយៈពេល៣៦ខែ ចាប់ផ្ដើមសាងសង់ពីខែកុម្ភៈ ឆ្នាំ២០១៧ និងគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២០។


៣)គម្រោងសាងសង់ស្ពានថ្មីជំនួសស្ពានចាស់

គម្រោងសាងសង់ស្ពានថ្មថ្មី ជំនួសស្ពានចាស់មានប្រវែងបណ្តោយ១០០ម៉ែត្រ និងទទឹង៨ម៉ែត្រ ជាប្រភេទបេតុង ដែលយកលំនាំដើមតាមតាមស្ពានថ្មចាស់ និងសាងសង់នៅប៉ែកខាងត្បូង(ប៉ែកខាងលើ)គម្លាត៦ម៉ែត្រពីស្ពានថ្មចាស់ ដែលមានទីតាំងស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង និងខេត្តបាត់ដំបង។

៤) គំរោងស្ថាបនាផ្លូវជាតិលេខ១០ចេញពីសំឡូតទៅកាន់ខេត្តកោះកុង

គំរោងកសាហដ្ឋារចនាសម្ព័ន្ឋធំចំ​នួន១ទៀត គឺផ្លូវជាតិលខ១០បាននិងកំពុងសិក្សាដោយរដ្ឋាភិបាល តាមរយៈជំនួយបច្ចេកទេសពីប្រទេសចិន ហើយនិងទទួលហិរញ្ញប្បទាន​សប្បទានពីប្រទេសចិន។

ផ្លូវជាតិលេខ១០ ដែលមានប្រវែងជិត២០០គីឡូម៉ែត្រនេះ នឹងសាងសង់ចាកចេញពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្ពោះទៅកាន់ខេត្តពោធិសាត់ និងភ្ជាប់ទៅកាន់ខេត្តកោះកុង ដែលផ្លូវនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកជញ្ជូនកសិផលពីខេត្តភាគពាយ័ព្យទៅ​កាន់ខេត្តកោះកុង ដែលមានកំពង់់ផែទឹកជ្រៅ អាចដឹកជញ្ជូនទៅដល់ប្រទេសចិនដោយផ្ទាល់។

ក្រៅពីគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗទាំងនេះ ខេត្តមួយនេះ បានទាក់ទាញការចាប់អារម្មណ៍ពីវិនិយោគិន និងខេត្តក្រុងមកពីប្រទេសក្នុងតំបន់ និងពិភពលោកចាប់អារម្មណ៍លើកគម្រោងជាច្រើនរួមរោងចក្រ វិស័យកសិកម្ម ទេសចរណ៍ និង សហគ្រាសផ្សេងទៀត។

ក្នុងរយៈពេលកន្លងមកថ្មីៗនេះ មានខេត្ត និងក្រុងជាច្រើនរួមមានមកពីប្រទេសកូរ៉េ បារាំង សង្ហបុរី សាធារណៈរដ្ឋឆែក ប៉ូញឡូញ ជប៉ុន និងចិនជាដើមបានចាប់អារម្មណ៍លើសក្តានុពលវិនិយោគលើខេត្តមួយនេះ ដោយមានបំណងចង់ធ្វើកិច្ចសហប្រតិបត្តិការ បង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍និងការអភិវឌ្ឍន៍៕


ចំណេះដឹង! តើអ្វីជាផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩- ២០២៣?

ដោយវុត្ថា

ភ្នំពេញៈ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩- ២០២៣ ជាឯកសារដ៏មានសារៈសំខាន់ ដែលត្រូវបានរៀបចំឡើង ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួង ស្ថាប័នពាក់ព័ន្ឋរបស់រដ្ឋាភិបាលកម្ពុជា និងដោយមានការចូលរួមសហការ និងផ្ដល់អនុសាសន៍ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ តាមរយៈនៃអង្គសិក្ខាសាលា ក៏ដូចជាអង្គប្រជុំនានាច្រើនលើកច្រើនសារនាពេលកន្លងមក

ផែនការយុទ្ធសាស្ត្រនេះ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាល ដែលបានកំណត់នៅក្នុងគោលដៅអាទិភាពនានា ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦- ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ក្លាយជាប្រទេសអភិវឌ្ឍន៍

ដើម្បីធានានូវប្រសិទ្ធភាពនៃការអនុវត្ត ដូចមានចែងនៅក្នុងយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ ដែលបានកំណត់ថា យុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ នឹងត្រូវអនុវត្តន៍ តាមរយៈនៃផែនការអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដូច្នេះវិធីសាស្រ្តនៃការកំណត់ខ្លឹមសាររបស់ផែនការ គឺត្រូវបានកែលម្អដោយផ្តោតទៅលើ៣ចំណុចដូចជា ទី១. ការផ្សារភា្ជប់នូវសកម្មភាពអាទិភាព ដែលត្រូវបានអនុវត្តដោយក្រសួង-ស្ថាប័ននីមួយៗ ជាមួយនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ទី២ កំណត់តម្លៃដែលត្រួវចំណាយលើការអនុវត្តសកម្មភាពទាំងនោះ គឺដោយផ្អែកលើក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច សម្រាប់រយៈពេល៥ឆ្នាំ (២០១៩-២០២៣) និងទី៣ ការប៉ាន់ស្មាននូវបរិមាណធនធានសារុបពីគ្រប់ប្រភពទាំងអស់ ដែលអាចមានឬដែលចាំបាច់ត្រូវតែធ្វើការកៀរគរ ដើម្បីសម្រេចឲ្យបាននូវរាល់ចំណុច គោលដៅទាំងឡាយរបស់ផែនការ ហើយសង្ឃឹមថា តាមរយៈនៃការប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តនេះ នឹងផ្តល់បាននូវចំណេះដឹង និងបទពិសោធន៍សម្រាប់មន្រ្តីពាក់ព័ន្ធទាំងអស់ មានសមត្ថភាពប្រើប្រាស់ សម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ នៅតាមអង្គភាព-ស្ថាប័ន របស់ខ្លួនផ្ទាល់

Teslaក្លាយជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតនៅសហរដ្ឋអាមេរិក

ដោយ Donald Lee

សហរដ្ឋអាមេរិកៈ ក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិកអាមេរិកTesla បានគ្រប់គ្រងតំណែង ក្នុងការក្លាយជាក្រុមហ៊ុនផលិតរថយន្តធំជាងគេនៅអាមេរិក ខណៈទ្រព្យសកម្មរបស់ខ្លួនមានតម្លៃទៅដល់១០០ពាន់លានដុល្លារ។

ក្រុមហ៊ុនផលិតរថយន្ត ដែលត្រូវបានចុះបញ្ជីជាសាធារណៈនេះ បច្ចុប្បន្នមានតម្លៃច្រើនជាងក្រុមហ៊ុនយក្សរថយន្តអាមេរិក Ford និងGerneral Motors រួមបញ្ចូលគ្នា។

ទោះយ៉ាងណា នៅពេលភាគហ៊ុនសម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី កើនឡើង។ ក្រុមហ៊ុននេះមានការលំបាកក្នុងការរកប្រាក់ចំណូល បើប្រៀបធៀបទៅនឹងក្រុមហ៊ុនរថយន្តប្រពៃណី។

ក្រុមហ៊ុន Tesla បានបង្ហាញប្រាក់ចំណូលចំនួន, ពាន់លានដុល្លារពីខែ មករា ដល់ ខែកញ្ញា ឆ្នាំមុន។ ក្រុមហ៊ុនផលិតរថយន្តFord បានរកចំណូលបានប្រហែល១៦០ ពាន់លានដុល្លារ និងក្រុមហ៊ុនGeneral Motors ១៤៥ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នា។

ប៉ុន្តែតម្លៃទីផ្សាររបស់ក្រុមហ៊ុន Ford មានប្រហែល៣៦,៥ ពាន់លានដុល្លារ ហើយក្រុមហ៊ុនGeneral Motors ប្រហែល៥០ពាន់លានដុល្លារ បើប្រៀបធៀបនឹងតម្លៃទីផ្សារ ១០០ ពាន់លានដុល្លាររបស់ក្រុមហ៊ុនTesla

ក្រុមហ៊ុន Tesla នឹងបង្ហាញលទ្ធផលហិរញ្ញវត្ថុឆ្នាំ២០១៩ របស់ខ្លួននៅថ្ងៃទី២៩ ខែ មករាខាងមុខនេះ៕

តើ “រូបិយាណត្តិ” មានន័យដូចម្តេច?

ដោយ Propertyarea.asia

ភ្នំពេញៈ រូបិយាណត្តិ (Draft) ជាការបង្គាប់បញ្ជា ដោយស្របច្បាប់របស់ភាគីទីមួយ ដែលឲ្យឈ្មោះថា បហារ័ក (Drawer) ទៅដល់ភាគីមួយទៀតឬភាគីទីពីរ ដែលហៅថាបហារិត(Drawee) ដើម្បីទូទាត់សងទៅភាគីទីបី ដែលហៅថាអ្នកទទួល (Payee)។ ឧទាហណ៍ មូលប្បទានប័ត្ររបស់ធនាគារ ដែលតាមធម្មតាជាការបង្គាប់បញ្ជាដោយផ្ទាល់ដល់ធនាគារដើម្បីបើកប្រាក់ឲ្យភាគីទីបី។

ភាគីទី៣ មិនចាំបាច់ទាល់តែជាមនុស្សផ្សេងគ្នានោះទេ។

ឧទាហរណ៍ បុរសម្នាក់អាចសរសេរមូលប្បទានប័ត្រដោយខ្លួនគាត់ ដែលជាវិធីដ៏សាមញ្ញមួយ ក្នុងការផ្ទេរប្រាក់ពីគណនីធនាគារមួយទៅគណនីធនាគារមួយទៀត។ ក្នុងករណីបែបនេះបហារ័ក និងអ្នកទទួលគឺជាមនុស្សមួយ។ នៅពេលរូបិយាណត្តិធានាដល់ការចំណាយ សម្រាប់ទំនិញនៅក្នុងពាណិជ្ជកម្មអន្តរជាតិ វាត្រូវបានហៅថា ប័ណ្ណប្រាក់ (Bill of exchange)

រូបិយាណត្តិអាចតម្រូវឲ្យភាគីទី២ បង់ប្រាក់ភ្លាមៗទៅឲ្យភាគីទី៣ តាមរយៈអនុទស្សន៍របស់រូបិយាណត្តិ (Presentation of draft)។ ក្នុងករណីបែបនេះ វាត្រូវបានហៅថា Sight draft

ដូច្នេះមូលប្បទានប័ត្រ គឺជា Sight draft។ នៅក្នុងវិស័យពាណិជ្ជកម្ម រូបិយាណត្តិជារឿយៗ ត្រូវបានប្រើសម្រាប់ការពន្យាសំណង (Deferred payment)។ អ្នកនាំចូលអាចសរសេររូបិយាណត្តិ ដោយសន្យាសងទៅដល់អ្នកនាំចេញ ចំពោះការប្រគល់ទំនិញក្នុងរង្វង់៦០ថ្ងៃ បន្ទាប់ពីទំនិញត្រូវបានទទួល។ រូបិយាណត្តិប្រភេទនេះ ត្រូវបានហៅថា Titre draft

(ដកស្រង់ចេញពីសៀវភៅ រូបិយវត្ថុ និង ធនាគារ)

រដ្ឋបាលខេត្តកំពតជំរុញលើគម្រោងសិក្សាអភិវឌ្ឍន៍ផ្លូវចូលកំពង់ផែទេសចរណ៍

ដោយ រ៉ាណេត

កំពតៈ ស្របទៅតាមគម្រោង និងផែនការលើការអភិវឌ្ឍកំពង់ផែទេសចរណ៍ ដែលអាចឈានទៅការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ យ៉ាងយូរត្រឹមដើមឆ្នាំ២០២១ ខាងមុខនេះ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ដើម្បីពន្លឿនការសិក្សាលម្អិតទៅលើគម្រោងពាក់ព័ន្ធអភិវឌ្ឍន៍ផ្លូវថ្នល់ ចូលទៅកាន់កំពង់ផែទី៤មួយនេះ ឱ្យបានកាន់តែឆាប់រហ័ស។

គម្រោងអភិវឌ្ឍន៍ធ្វើផ្លូវទៅកំពង់ផែទេសចរណ៍ ដែលជាជំនួយរបស់ធនាគារអភិ  ឌ្ឍន៍អាស៊ី ADB ស្ថិតនៅ ភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ អភិបាលខេត្តកំពត លោក ជាវ តាយបានជំរុញដល់គ្រប់មន្ត្រីពាក់ព័ន្ធពន្លឿនកិច្ចការងារ ពិសេសធ្វើការសម្របសម្រួលលើផលប៉ះពាល់ ចាប់ពីផ្លូវបំបែកផ្លូវលេខ៧៣៥ដល់ទីតាំងកំពង់ផែផ្ទាល់។ កិច្ចសហការទាំងនេះ នឹងឱ្យជួយដល់ដំណើរការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទាំងឡាយឆាប់បានសម្រេចរួចរាល់ ស្របតាមការរំពឹងទុករបស់ក្រសួងទេសរណ៍ ដែលជាស្ថាប័នសាមីគម្រោង។

លោកបន្តថា កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត អាចនឹងត្រូវសាងសង់រួចនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ប៉ុន្ដែបើអាចបើកដំណើរពេញលេញតែម្ដង អាចនឹងត្រូវរង់ចាំដល់ដើមឆ្នាំ២០២១ខាងមុខនេះលោកបន្តថា កំពង់ផែទេសចរណ៍អន្តរជាតិមួយនេះ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញដល់កំណើនទេសចរណ៍ នៅក្នុងខេត្តកំពត ពិសេសភ្ញៀវមកពីប្រទេសថៃ និងវៀតណាមជាដើម

បច្ចុប្បន្នខេត្តកំពតមានកំពង់ផែចំនួន៤ ដែលទី១ គឺកំពង់ផែវិញ ហួរ ដែលមានជម្រៅទឹករហូតដល់១៤ម៉ែត្រ អាចសម្រាប់ដឹកជញ្ជូនទំនិញតាមកប៉ាល់ធំៗ។ ទី២ កំពង់ផែរបស់ឧកញ៉ា ទ្រី ភាព សម្រាប់ដឹកជញ្ជូនប្រេងចូល។ ទី៣ កំពង់ផែរបស់ជំទាវ កែវ ម៉ាលី សម្រាប់ដឹកជញ្ជូននាំចេញស្រូវ និងផលិតផលផ្សេងៗចេញចូលប្រទេសថៃ និងទី៤ គម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលបើកសម្រាប់ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមកប៉ាល់ ពិសេសទេសចរមកពីប្រទេសវៀតណាម និងថៃអាចចូលចតបាន។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្លាប់លើកឡើងថា គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះ គឺជាផ្នែកមួយនៃគម្រោងគាំទ្រ ដោយហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានតម្លៃជាទឹកប្រាក់ជិត១០លានដុល្លារអាមេរិក សម្រាប់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេ​​​ចរណ៍ពាក់ព័ន្ធនឹងខេត្តតំបន់ឆ្នេរសមុទ្រក្នុងនោះ មានខេត្តកែប កោះកុង និងខេត្តកំពត។

ការកសាងកំពង់ផែទេសចរណ៍ ដែលត្រូវបានគាំទ្រដោយ ធនាគារអភិវឌ្ឍន៍អាស៊ីនេះ  ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ការធ្វើដំណើរ និងទេសចរណ៍ តាមច្រករបៀងទេសចរណ៍ភាគខាងត្បូង ថៃ-កម្ពុជា-វៀតណាម ក៏ដូចជាការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ការបង្កើត និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សហគមន៍ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្សផ្នែកទេសចរណ៍ផងដែរ៕

អាជ្ញាធរខេត្តមណ្ឌលគិរីចាប់ផ្តើមត្រួតពិនិត្យគុណភាពសំណង់ក្នុងដែនសមត្ថកិច្ចខ្លួន

ដោយវុត្ថា

ខេត្តមណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី ស្នើឱ្យ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដី និងលោកអភិបាលក្រុង/ស្រុកទាំង៥ ចាប់ផ្តើមចាត់វិធានការត្រួតពិនិត្យបច្ចេកទេស ដើម្បីពង្រឹងគុណភាពសុវត្ថិភាពសំណង់នានាសាងសង់ស្ថិតក្នុងដែនសមត្ថកិច្ចក្រុង/ស្រុកទាំង៥នៃខេត្តមណ្ឌលគិរី។

យោងតាមលិខិតលេខ ០១០/ សជណ ដែលចុះហត្ថលេខាដោយលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ២១ ខែមករាឆ្នាំ ២០២០ កន្លងមកនេះ ថា រដ្ឋបាលខេត្តបានឱ្យដឹងថា ក្នុងទីប្រជុំជនក្រុង ស្រុក ជាពិសេសទីប្រជុំជនក្រុងសែនមនោរម្យ មានការអភិវឌ្ឍន៍លើវិស័យសំណង់ ជាច្រើនគួរឱ្យកត់សំគាល់ ដែលបង្ហាញពីភាពរីកចម្រើនរបស់ខេត្ត ក្នុងការសាងសង់លំនៅដ្ឋាន ក៏ដូចជាសំណង់អគារអាជីវកម្មផ្សេងៗ។ល។

សេចក្តីជូនដំណឹងដដែលបន្តថា ទន្ទឹមនេះ ខេត្តក៏បានសង្កេតឃើញមានសំណង់មួយចំនួនសង់មិនទាន់មានរបៀបរៀបរយ មិនមានច្បាប់អនុញ្ញាត និងខ្វះការត្រួតពិនិត្យលក្ខណៈបច្ចេកទេសត្រឹមត្រូវពីមន្ត្រីជំនាញនៅឡើយ ករណីនេះអាចបង្កឱ្យមានហានិភ័យជាយថាហេតុណាមួយនៅថ្ងៃក្រោយ។

សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ដើម្បីធានាបាននូវសុវត្ថិភាព លើវិស័យសំណង់ប្រកបដោយសោភណ្ឌភាព គុណភាព និងសុវត្ថិភាព នៃការសាងសង់សំណង់នានា រដ្ឋបាលខេត្ត សូមធ្វើការណែនាំដល់ លោកប្រធានមន្ទីររៀបចំដែនដីនគរូបនយកម្ម សំណង់និងសុរិយោដីខេត្ត និងលោកអភិបាល នៃគណៈអភិបាលក្រុង ស្រុកទាំងប្រាំ ទទួលខុសត្រូវចាត់វិធានការពង្រឹងលើការងារត្រួតពិនិត្យច្បាប់អនុញ្ញាត បទដ្ឋានបច្ចេកទេស គុណភាពសំណង់ ជាពិសេសសំណង់កំពុងសាងសង់ត្រូវអនុវត្តតាមគំនូសប្លង់បច្ចេកទេសឱ្យបានត្រឹមត្រូវ ក្នុងករណីសង្កេតឃើញថា មានភាពមិនប្រក្រតី មិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ត្រូវមានវិធានការបញ្ឈប់ជាបន្ទាន់ដើម្បីឱ្យម្ចាស់សំណង់កែលម្អតាមការណែនាំរបស់ជំនាញ ក្នុងករណីរឹងរូសត្រូវចាត់វិធានការច្បាប់។

លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីដើមខែមករា ឆ្នាំ ២០២០ កន្លងមកនេះ បានចេញសេចក្តីសម្រេចចាត់តាំងមន្ត្រីត្រួតពិនិត្យសំណង់នៅទូទាំងប្រទេស បន្ទាប់ពីមានសំណង់អគារបាក់ស្រុតជាបន្តបន្ទាប់។

សម្រាប់មន្ត្រីត្រួតពិនិត្យសំណង់រាជធានី ខេត្ត មានតួនាទី និងភារកិច្ចពិនិត្យ និងផ្តល់យោបល់ទាំងលើទិដ្ឋភាពច្បាប់ និងបច្ចេកទេសលើគម្រោងសាងសង់ និងតាមដានត្រួតពិនិត្យការសាងសង់។ ចុះត្រួតពិនិត្យ និងបោះបង្គោលព្រំកំណត់ទីតាំងស្នើសុំសាងសង់ ឬ រុះរើ ។ សហការជាមួយរដ្ឋបាលរាជធានីខេត្តក្រុង ស្រុក ខណ្ឌ គោលដៅ ដើម្បីចុះតាមដាន និងត្រួតពិនិត្យអនុវត្តបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងបទបទប្បញ្ញត្តិជាធរមានដទៃទៀត៕

ដំណក់ប្រេងកម្ពុជាលើកដំបូងនៅប្លុក A នឹងចាប់ផ្តើមទាញយកក្នុងពេលឆាប់ៗនេះ

ដោយ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុន KrisEnergy Ltd មានមូលដ្ឋាននៅប្រទេសសឹង្ហបូរី និងជាម្ចាស់អណ្តូងប្រេងអប្សរាក្នុងប្លុក A បានឱ្យដឹងថា ការអភិវឌ្ឍន៍ផ្លាតហ្វមរុករកប្រេងបានចាប់ផ្តើម ហើយរំពឹងថា ដំណក់ប្រេងដំបូងនឹងចាប់ផ្តើមទាញបាននៅពាក់កណ្តាលឆ្នាំនេះ។

ពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍បរិក្ខារអប្បបរមាផ្នែកក្បាលអណ្តូង ត្រូវបានធ្វើឡើងនៅឯរោងចក្រផលិតនៅកោះបាតាម ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី ៩ ខែ ធ្នូ។ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោកម៉េង សក្តិធារ៉ាបានចូលរួមក្នុងពិធីនោះដែលតំណាងឱ្យប្រតិភូរដ្ឋាភិបាលកម្ពុជា។

លោក សក្តិធារ៉ា បានថ្លែងថា “ថ្ងៃនេះគឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងការអភិវឌ្ឍអណ្តូងប្រេងអប្សរា។ យើងសូមអបអរសាទរក្រុម KrisEnergy ចំពោះការរីកចម្រើនរបស់ពួកគេមិនត្រឹមតែនៅលើការសាងសង់ផ្លាតហ្វម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅលើនាវាអ៊ីនទីញ៉ូមទី ២ នៅប្រទេសសឹង្ហបូរីផងដែរ។

លោក បានបន្តថា “ការផលិតប្រេងដំបូងរបស់ប្រទេសកម្ពុជានៅក្នុងដែនទឹកសមុទ្ររបស់យើងនឹងជាជំហានដ៏សំខាន់មួយនៅតាមបណ្តោយផ្លូវរបស់យើងឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច និងវិបុលភាពជាតិ ហើយត្រូវនឹងគោលដៅអភិវឌ្ឍន៍ដ៏សំខាន់របស់រដ្ឋាភិបាល”។

ក្រុមហ៊ុន Kris Energy រំពឹងថាប្រេងនឹងហូរចេញពីកន្លែងនានានៅឆមាសទីមួយនៃឆ្នាំ ២០២០ ហើយរំពឹងថានឹងឈានដល់អត្រាខ្ពស់បំផុត ៧,៥០០ បារ៉ែលក្នុងមួយថ្ងៃ៕

ជប៉ុនសន្យាជួយខេត្តសៀមរាបលើវិស័យសំខាន់ៗចំនួន៣ដើម្បីលើកកំពស់សេដ្ឋកិច្ចកម្ពុជា

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋាភិបាលសន្យាប្តេជ្ញាជួយអភិវឌ្ឍន៍ខេត្តសៀមរាប លើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន៣ ដើម្បីឱ្យខេត្តមួយនេះ កាន់តែមានភាពទាក់ទាញទេស​ចរណ៍កាន់តែច្រើនថែមទៀត។

យោងតាមជំនួបពិភាក្សាការងារវាងលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំប្រតិភូខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយ រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ពន្ធ័ ដឹកជញ្ជូន និងទេសចរណ៍ ប្រទេសជប៉ុនលោក AKABA Kazuyoshi កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០កន្លងមកបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុននឹងជួយកម្ពុជាលើវិស័យសំខាន់ៗចំនួន៣ រូមមាន ទី១ ការជួយរៀបចំទីក្រុងវៃឆ្លាតនៅខេត្តសៀមរាប ពីបញ្ហាបរិស្ថាន សណ្តាប់ធ្នាប់ ទី២ ពីការជួយរៀបចំប្លង់គោលអភិវឌ្ឍន៍ក្រុងសៀមរាបនិងទី៣ ការតភ្ជាប់ការហោះត្រង់ ពីទីក្រុងសំខាន់ៗមកកាន់ខេត្តសៀមរាប ដើម្បីជម្រុញវិស័យទេសចរណ៍។

ប្រទេសជប៉ុន គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ និងក៏ជាដៃគូយុទ្ធសាស្ត្រផងដែរ ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា គិតចាប់ពីការភ្ជាប់ទំនាក់ទំនងការទូតរវាង កម្ពុជា-ជប៉ុន នៅឆ្នាំ ១៩៩២ មក ជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយគាំទ្រសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចស្ទើរគ្រប់វិស័យដល់កម្ពុជា វិស័យអាទិភាពសំខាន់ៗទាំងនោះ រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវន្តសេដ្ឋកិច្ច ការពង្រឹងវិស័យឯកជន និងការអភិវឌ្ឍតំបន់កសិកម្ម និងជនបទ ការលើកកម្ពស់ការអភិវឌ្ឍន៍សង្គម និងការពង្រឹងអភិបាលកិច្ចល្អ៕

ពពកខ្មៅងងឹតកំពុងគ្របដណ្តប់លើសេដ្ឋកិច្ចរបស់ជប៉ុន ខណៈការនាំចេញបន្តធ្លាក់ចុះ

ដោយ Donald Lee

ភ្នំពេញៈ ក្រសួងហិរញ្ញវត្ថុជប៉ុន (MOF) បានចេញផ្សាយរបាយការណ៍បង្ហាញថា ការនាំចេញរបស់ប្រទេសខ្លួន បានធ្លាក់ចុះជាថ្មីម្តងទៀតនៅក្នុងខែធ្នូ ដែលបានធ្លាក់ចុះដល់៦,៣ភាគរយ បើធៀបនឹងឆ្នាំ២០១៨។

ការធ្លាក់ចុះនេះ បង្ហាញពីនិន្នាមួយឆ្នាំនៃការធ្លាក់ចុះការនាំចេញ ដែលជាការព្រួយបារម្ភគួរឱ្យព្រួយបារម្ភចាប់តាំងពីឆ្នាំ ២០១៦។ ការនាំចេញរបស់ប្រទេសដែលពឹងផ្អែកលើពាណិជ្ជកម្មនេះបានធ្លាក់ចុះ១៣ ខែជាប់ៗគ្នា។ ការធ្លាក់ចុះភាគច្រើនដោយសារតែតម្រូវការផលិតកម្ម ខាងក្រៅខ្សោយសម្រាប់រថយន្តគ្រឿងសំណង់ និងគ្រឿងម៉ាស៊ីនរ៉ែ។

លើសពីនេះទៅទៀត ទំនិញដែលដឹកជញ្ជូនទៅអាមេរិកបានធ្លាក់ចុះ១៥ ភាគរយនៅក្នុងខែធ្នូ កន្លងមកនេះបើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុ។

របាយការណ៍MOFបានបង្ហាញ ថាការនាំចេញទៅកាន់អាស៊ីបានធ្លាក់ចុះ៣,៦ ភាគរយក្នុងឆ្នាំ២០១៩។

ផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចជប៉ុនក្នុងឆ្នាំ២០១៩ ដោយសារតែការពឹងផ្អែកលើពាណិជ្ជកម្ម។

របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានចេញផ្សាយនៅចុងឆ្នាំមុន បានបញ្ជាក់ថា ភាពតានតឹងពាណិជ្ជកម្មពិភពលោក ដូចជា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបានចាប់ផ្តើមប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុរបស់ជប៉ុន។

មូលនិធិរូបិយវត្ថុអន្តរជាតិបានឱ្យដឹងថា “ភាពតានតឹងពាណិជ្ជកម្មសកល ដែលកំពុងបន្ត និងការកើនឡើងបន្ថែមទៀត អាចកាត់បន្ថយការនាំចេញការវិនិយោគ និងកំណើនសុទ្ធរបស់ជប៉ុន រួមទាំងផលប៉ះពាល់ដោយផ្ទាល់ និងប្រយោលតាមរយៈខ្សែស ង្វាក់តម្លៃពិភពលោក និងការជះឥទ្ធិពលមិនល្អដល់វិស័យហិរញ្ញវត្ថុរបស់ជប៉ុន”។

ក្រុមអ្នកវិភាគបានណែនាំឱ្យរដ្ឋាភិបាលជប៉ុន កាត់បន្ថយអត្រាការប្រាក់ដើម្បីរក្សាសេដ្ឋកិច្ចឱ្យរីកចម្រើន ខណៈដែលខ្សែសង្វាក់តម្លៃពិភពលោក នៅអាស៊ីចាប់ផ្តើមដំណើរជាមួយភាពធូរស្រាល និងធ្វើឱ្យប្រសើរឡើងវិញ។

មូលនិធិរូបិយវត្ថុអន្ដរជាតិ ក៏បានណែនាំដល់ធនាគារជប៉ុន ឱ្យធ្វើការកែសម្រួលអត្រាការប្រាក់ឱ្យសមស្រប ទៅនឹងធនាគារកណ្តាលអាស៊ីផ្សេងទៀត ដែលកំពុងមានប្រតិកម្ម ទៅនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនដែលធ្វើឱ្យប៉ះពាល់ដល់តំបន់អាស៊ី។

របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្ដរជាតិបានឱ្យដឹងថា “ជំហរគោលនយោ​បា​យរូបិយវត្ថុ មិនមានការផ្លាស់ប្តូរច្រើនទេចាប់តាំងពីឆ្នាំ២០១៦ ប៉ុន្តែសម្ពាធកំពុងកើនឡើ​ង ​ដើម្បីផ្តល់នូវសកម្មភាពជំរុញបន្ថែមទៀត ស្របតាមធនាគារកណ្តាលធំៗដទៃទៀត”។

នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្ដរជាតិលោកស្រី Kristalina Georgieva បានថ្លែងនៅក្នុងសន្និសីទកាសែតមួយនៅទីក្រុងតូក្យូ កាលពីខែវិច្ឆិកា ថា “គោលនយោបាយសារពើពន្ធ គួរតែគាំទ្រដើម្បីការពារកំណើនសេដ្ឋកិច្ច ក្នុងរយៈពេលខ្លី និងជំរុញសន្ទុះអតិផរណា”៕