លោកហ៊ុន ម៉ាណែតៈការវិនិយោគលើអចលនទ្រព្យនៅកម្ពុជាកើនឡើង៨០០ភាគរយក្នុងរយៈពេលមួយទសវត្សរ៍

ដោយនៅ ស៊ីវុត្ថា

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា ការវិនិយោគលើអច​លនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ គឺមានការកើនឡើង ៨០០% ដែលនេះអាចគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ជាពិសេសការចាប់ផ្តើមហូរចូលយ៉ាងគំហុក នូវចំនួនអ្នកវិនិយោគបរទេសលើវិស័យមួយនេះ។

លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងបែបនពនៅក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាង់សង់ អឺបេន វីឡា (Urban Village) កាលពីរសៀលថ្ងៃទី២២ មករា ឆ្នាំ២០២០កន្លងទៅ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែមករា ម្សិលមិញនេះ។

លោកបន្តថា “ការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យ និងសំណង់របស់វិស័យឯកជន គឺជាការរួមចំណែកមួយចក្ខុវិស័យ នៃយុទ្ធសាស្ត្រតម្រង់ទិសអភិវឌ្ឍន៍របស់រាជធានីភ្នំពេញ ឆ្នាំ២០៣៥ ដែលទទួលបានការគាំទ្រពីសម្តេច នាយករដ្ឋមន្ត្រី សំដៅការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ឲ្យមានប្រសិទ្ធភាពនិងនិរន្តរភាព”។

លោកហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ក្រុមហ៊ុន និងសហគ្រិន ដែលជាម្ចាស់គម្រោងអភិវឌ្ឍន៍សាងសង់ គម្រោងលំនៅឋានទាំងអស់ ចូលរួមយកចិត្តទុកដាក់ខ្ពស់ខាងផ្នែកគ្រប់គ្រងគុណភាព និងសុវត្ថិភាពនៃគម្រោងសាងសង់របស់ខ្លួន ដើម្បីចៀសវាងហានិភ័យនានា ដែលអាចកើតឡើងជាយថាហេតុ។

លោកឧត្ដមសេនីយ៍ឯកហ៊ុន ម៉ាណែត ក៏បានធ្វើការកត់សម្គាល់អំពីសក្តានុពល និងភាពទាក់ទាញសំខាន់ នៃការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ដូចជាទី១ប្រទេសកម្ពុជាស្ថិតក្នុងចំណោមជម្រើសដ៏ល្អបំផុត សម្រាប់វិនិយោគលើវិស័យអចលនទ្រព្យ ដោយផ្អែកលើកំណើនសេដ្ឋកិច្ចដ៏លឿន ធ្វើឱ្យប្រាក់ចំណូលប្រជាពលរដ្ឋកើនឡើងខ្ពស់ គួបផ្សំនឹងស្ថិរភាពនយោបាយដ៏រឹងមាំ ក៏ដូចជាក្របខណ្ឌច្បាប់ច្បាស់លាស់ក្នុងការគ្រប់គ្រងវិស័យអចលនទ្រព្យ និងសំណង់។

ទី២ ការវិនិយោគលើអចលនទ្រព្យក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ គឺមានការកើនឡើង៨០០% ហើយនេះអាចគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ជាពិសេសការចាប់ ផ្តើមហូរចូលយ៉ាងគំហុគ នូវចំនួនអ្នកវិនិយោគបរទេសលើវិស័យនេះ។

ទី៣ ការរីកចម្រើននៃវិស័យពាណិជ្ជកម្ម, ឧស្សាហកម្ម និងទេសចរណ៍ បានធ្វើឱ្យតម្រូវការអចលនទ្រព្យសម្រាប់ការស្នាក់នៅ និងធ្វើពាណិជ្ជកម្មកាន់តែកើនឡើងខ្ពស់ៗ ទៅ ធ្វើឱ្យអ្នកវិនិយោគមានឱកាសចំណេញច្រើន ជាក់ស្តែងប្រាក់ចំណូលបានមកពីការជួលអចលនទ្រព្យជាមធ្យមគឺ ៥.៣៣% ក្នុង១ ឆ្នាំដែលឈរកម្រិតខ្ពស់បំផុត លំដាប់ទី៣ នៅក្នុងទ្វីបអាស៊ី។

ទី៤ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន តម្លៃអចលទ្រព្យនៅក្នុងប្រទេសកម្ពុជា ស្ថិតនៅក្នុងចំណោមប្រទេស ដែលមានតម្លៃនៅទាបសមរម្យបំផុត ដែលជាអំណោយ ផលដល់ការទិញលក់ (តម្លៃនៅជាយរាជធានីភ្នំពេញអាចមានតម្លៃចាប់ពី១០០USD/m2 ហើយនៅកណ្តាលរាជធានីភ្នំពេញ អាចមានតម្លៃខ្ពស់រហូតដល់៥,០០០USD/m2។

លោកBen Li ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អឺបេនហ៊ាប់ ខេមបូឌា បានបញ្ជា​ក់ថា ការបើកការដ្ឋានសាងសង់គម្រោង Urban Village Phase II នេះ ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅ នឹងតម្រូវការនៃការរស់នៅរបស់សហគមន៍បែបទំនើបនីយកម្ម។ គម្រោងនេះ ជាប្រភេទលំនៅឋានប្រកបដោយផាសុកភាព និងភាពកក់ក្ដៅ ជាកន្លែងធ្វើការដែលមានលក្ខណៈងាយស្រួល និងភាពច្នៃប្រឌិតខ្ពស់ ជាកន្លែងកម្សាន្តដែលអាចផ្សារភ្ជាប់ក្ដីស្រលាញ់ជាមួយគ្នាជារៀងរាល់ថ្ងៃ។ គម្រោងទី២នេះ សាងសង់លើផ្ទៃដីសរុប៧ ហិកតា ដែលមានអគារចំនួន៤ និងមានកម្ពស់៥១ជាន់។

យោងតាមសន្ទស្សន៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការវិនិយោគលើវិស័យសំណ​ង់ក្នុងឆមាសទី១ ឆ្នាំ២០១៩ មានតម្លៃជាង១,៦០០ដុល្លារ។ សក្តានុពលនៃកំណើននេះ នឹងនៅតែបន្តទៅមុខទៀត ជាពិសេសបើពិនិត្យទៅលើតម្រូវការផ្នែក អាផាតមិន ដែលត្រូវព្យាករណ៍ថា ឆ្នាំ២០២០នឹងមានការកើនឡើងទៀតផងដែរ ក្នុងនោះចំណែកទីផ្សាររបស់អាផាតមិន ប្រភេទប្រណិតមាន២៤% និងប្រភេទមធ្យមមាន៤៦% និងតម្លៃទាប មាន៣០%៕

រដ្ឋាភិបាលគ្រោងចាត់វិធានការសំណង់ស្ថានីយប្រេង និងឧស្ម័នឥន្ធនៈណាគ្មានច្បាប់ត្រឹមត្រូវនៅខែក្រោយនេះ

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រសួងរ៉ែ និងថាមពល គ្រោងនឹងចាត់វិធានការលើសំណង់ស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈដែលកំពុងសាងសង់ដោយគ្មានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាព នឹងប្រឈមមុខនឹងការពិន័យ ក្រោយថ្ងៃ ៦ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ ។ នេះ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពលដែលបានចេញផ្សាយនៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២០ នេះ ។

អនុលោមមាត្រា៦៦ នៃច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត ចែងថា “បុគ្គលណាដែលធ្វើសកម្មភាពផ្នែកដោនស្រ្ទីមដោយគ្មានវិញ្ញាបនបត្របច្ចេកទេសសុវត្ថិភាពពីក្រសួងរ៉ែនិងថាមពល ដូចមានចែងក្នុងមាត្រា៤២ នៃច្បាប់នេះ មុននឹងចាប់ផ្តើមសាងសង់ហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើសកម្មភាពដោនស្រ្ទីម ត្រូវផាកពិន័យជាប្រាក់ដូចខាងក្រោម៖
ក. ចំពោះហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃក្រោម ៨០០ ០០០ ០០០ (ប្រាំបីរយលាន) រៀល ត្រូវផាកពិន័យជាប្រាក់ដោយក្រសួងរ៉ែនិងថាមពល ចំនួន ៤ ០០០ ០០០ (បួនលាន) រៀល និងត្រូវផ្អាកសកម្មភាពសាងសង់នានា។

ខ. ចំពោះហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃចាប់ពី ៨០០ ០០០ ០០០ (ប្រាំបីរយលាន) រៀល ត្រូវផាកពិន័យជាប្រាក់ដោយក្រសួងរ៉ែនិងថាមពល ចំនួន ១០ ០០០ ០០០ (ដប់លាន) រៀល និងត្រូវផ្អាកសកម្មភាពសាងសង់នានា។
ក្នុងករណីនៅបន្តប្រព្រឹត្តអំពើល្មើសដដែល ត្រូវផាកពិន័យជាប្រាក់ដោយក្រសួងរ៉ែនិងថាមពល ចំនួនទ្វេដង។

ជាមួយគ្នានេះ ក្រសួងរ៉ែ និងថាពលបានអំពាវនាវដល់ម្ចាស់សំណង់ស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈ ដែលកំពុងសាងសង់ដោយពុំទាន់មានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាពពីក្រសួង ត្រូវមកដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាពពីក្រសួងរ៉ែនិងថាមពល តាមរយៈមន្ទីររ៉ែនិងថាមពលរាជធានី-ខេត្តដែលស្ថានីយរបស់លោក លោកស្រីស្ថិតនៅ ចាប់ពីកាលបរិច្ឆេទនៃការទទួលសេចក្តីជូនដំណឹងនេះ រហូតដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០៕

ក្រសួងសេដ្ឋកិច្ចនឹងរៀបចំវេទិកាស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០២០ខាងមុខនេះ ស្របពេលសេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៧%

ដោយ ប៊ី

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំវេទិកាសាធារណៈស្តីពី គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ ២០២០ នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីធ្វើការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់សាធារណជនទូទៅ បានស្វែងយល់លំអិត អំពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០២០បន្ថែមទៀត ខណៈសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងមានកំណើន ៧ ភាគរយនៅឆ្នាំ ២០២០។

វេទិកាសាធារណៈនេះត្រូវបានរំពឹងទុកថានឹងមានអ្នចូលរួមជាង ២០០០ នាក់ដោយមានការចូលរួមតំណាង ក្រសួងស្ថាប័នពាក់ព័ន្ធ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល ស្ថាប័នស្រាវជ្រាវ គ្រឹះស្ថានឧត្តមសិក្សា វិស័យឯកជន បណ្តាញសារព័ត៌មាន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ព្រមទាំងអ្នកសិក្សាស្រាវជ្រាវ និស្សិត និងយុវជន និងគ្រោងនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

របាយការណ៍របស់ធនគារជាតិនៃកម្ពុជា បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២០ ត្រូវបានរំពឹងថាអាចសម្រេចបានក្នុងរង្វង់ ៧% ជាមួយនឹងកម្រិតអតិផរណាប្រមាណ ២,៣%។

ការរំពឹងទុកនេះ ផ្អែកលើការព្យាករពីការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ដែលនឹងរួមចំណែកផ្តល់ភាពអំណោយផលដល់ការនាំចេញវិនិយោគបរទេស និងវិស័យទេសចរណ៍កម្ពុជា ស្របពេលដែលសេដ្ឋកិច្ចទទួលបានលទ្ធផលជាលំដាប់ពីការធ្វើពិពិធកម្មមូលដ្ឋានកំណើន និងការកែទម្រង់ស៊ីជម្រៅសម្រាប់គាំទ្រដល់ការរីកចម្រើននៃសេដ្ឋកិច្ចប្រកបដោយចីរភាព។

ការនាំចេញរំពឹងថានឹងបន្តមានកំណើនក្នុងអត្រាខ្ពស់ ពិសេសការនាំចេញទំនិញសម្រាប់ធ្វើដំណើរ ទំនិញកម្មន្តសាលផ្សេងៗ ទោះបីជាកំណើនការនាំចេញ សម្លៀកបំពាក់អាចថមថយល្បឿនក៏ដោយ។

ទោះបីជាសហភាពអឺរ៉ុបនឹងអាចសម្រេចដក EBA ពីកម្ពុជា នៅខែកុម្ភៈ ឆ្នាំ២០២០ ក៏ដោយ ការនាំចេញសម្លៀកបំពាក់របស់កម្ពុជានៅតែរំពឹងថាបន្តមានកំណើន ដោយសារយន្តការនៃការដក EBA ពេញលេញនឹងត្រូវអនុវត្តនៅ ៦ខែ ក្រោយពីការសម្រេច កម្ពុជានៅតែអាចនាំចេញទៅសហភាពអឺរ៉ុបបាន ទោះបីជា EBA ត្រូវបានដក ក៏ដោយ ពីព្រោះការបាត់បង់ EBA គ្រាន់តែ អាចបង្កើនថ្លៃ ទំនិញនាំចេញរបស់កម្ពុជាទៅសហភាពអឺរ៉ុប ដោយសារការដាក់ពន្ធក្នុងរង្វង់ ០,១% ទៅ ១២,៥% ទៅតាមប្រភេទទំនិញ។

ប៉ុន្តែប្រសិនបើតម្រូវការរបស់សហភាពអឺរ៉ុបមកលើទំនិញនាំចេញពីកម្ពុជានៅតែមាន នោះការនាំចេញរបស់កម្ពុជាទៅសហភាពអឺរ៉ុប ក៏នៅតែមានកំណើន ផងដែរ ជាពិសេសក្រោយពីការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប ដោយសារទំនិញកម្ពុជានាំចេញទៅអង់គ្លេសមានចំនួន ២០% នៃការនាំចេញទៅសហភាពអឺរ៉ុប។

កំណើនប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា មិនទាន់មានផលប៉ះពាល់ទៅលើការប្រកួតប្រជែងរបស់កម្ពុជានោះទេ ដោយសារការបង្កើនមានលក្ខណៈសន្សឹមៗ ស្របពេលដែលផលិតភាពក៏បានកើនឡើងផងដែរ និងរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ ជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម, អភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម, និងសម្រួលការធ្វើពាណិជ្ជកម្ម ព្រមទាំងបានអនុវត្តការកែទម្រង់ចាំបាច់នានា សំដៅបង្កើតបរិយាកាសកាន់តែអំណោយផលដល់ការវិនិយោគ ជំរុញផលិតកម្មក្នុងស្រុក និងលើកកម្ពស់ការធ្វើពិពិធកម្មផលិតផល និងទីផ្សារនាំចេញជាដើម។

កំណើនសេដ្ឋកិច្ចកម្ពុជាក៏នឹងត្រូវគាំទ្រដោយលំហូរវិនិយោគផ្ទាល់បរទេសដែលរំពឹងថាបន្តមានកំណើនរឹងមាំ ជាមួយនឹងការបង្កើនការវិនិយោគ នៃប្រទេសក្នុងតំបន់ ដែលអំណោយផលដោយសក្តានុពលនៃសេដ្ឋកិច្ចកម្ពុជា និងការបង្វែរទិសដៅវិនិយោគមកតំបន់អាស៊ីរួមមានកម្ពុជា ផងដែរ៕

ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធធំៗជាយុទ្ធសាស្ត្រសំខាន់មួយរបស់កម្ពុជាដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ដោយ ប៊ី

ភ្នំពេញ៖ ការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗគឺជាយុទ្ធសាស្ត្រសំខាន់មួយរបស់ប្រទេសកម្ពុជាដើម្បីជំរុញកំណើនសេដ្ឋកិច្ច ស្របពេលការខិតខំរបស់រដ្ឋាភិបាលក្នុងការកែលំអហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសដើម្បីទ្រទ្រង់កំណើនក្នុងវិស័យផលិតកម្ម និងពង្រីកឧបករណ៍ប្រើប្រាស់ក្រុងនឹងរួមចំណែកដល់កំណើនចំណាយក្នុងវិស័យសំណង់។

ការកើនឡើងនូវកម្រិតប្រាក់ចំណូលផ្ទាល់ខ្លួន កំណើនគ្រួសារ និងការធ្វើចំណាកស្រុករបស់ប្រជាជនពីតំបន់ជនបទមកតំបន់ទីក្រុងនឹងជួយបង្កើនតម្រូវការកន្លែងសាងសង់ល្អ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ល្អប្រសើរជាងនៅក្នុងប្រទេស។

ការបង្កើនការវិនិយោគសាធារណៈទៅក្នុងវិស័យសំណង់ពាណិជ្ជកម្មនៅកម្ពុជានឹងក្លាយជាឱកាសទីផ្សារដ៏សំខាន់សម្រាប់ក្រុមហ៊ុនដែលប្រតិបត្តិការនៅក្នុងវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ។ វត្តមានរបស់អ្នកប្រើប្រាស់ដ៏ច្រើនកំពុងបណ្តាលឱ្យមានលំហូរវិនិយោគផ្ទាល់ពីបរទេស (វិនិយោគផ្ទាល់ពីបរទេស) ចូលមកក្នុងប្រទេសនេះ។ លើសពីនេះទៅទៀត ការបង្កើនការវិនិយោគលើវិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធនាំឱ្យមានការរីកចម្រើននៃសកម្មភាពសំណង់។

របាយការណ៍នៃការស្រាវជ្រាវទីផ្សារសំណង់ និងហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០១៩ បញ្ជាក់ថា ការប្រកួតប្រជែងនៅតែបន្តកាន់តែខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំជាមួយនឹងការដាក់ពាក្យសុំសាងសង់មានការកើនឡើង។ របាយការណ៍ LNGAnalysis នេះនិយាយអំពីសេណារីយ៉ូឆ្នាំ ២០១៩ និងចក្ខុវិស័យកំណើននៃទីផ្សារសំណង់ និងហេដ្ឋារចនាសម្ព័ន្ធកម្ពុជាសម្រាប់ឆ្នាំ ២០២០-២០២៦ ។ ដើម្បីគណនាទំហំទីផ្សារ ប្រាក់ចំណូលពី ការលក់ទីផ្សារនៃសំភារៈសំណង់ និងហេដ្ឋារចនាសម្ព័ន្ធដល់អ្នកលក់រាយ អ្នកលក់ដុំ និងអ្នកទិញស្ថាប័នត្រូវបានយកពិចារណា។

ទីផ្សារសំណង់និងហេដ្ឋារចនាសម្ព័ន្ធសកលកំពុងត្រៀមខ្លួនកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលនៃការព្យាករណ៍ ២០២០-២០២៦ ។ និន្នាការដែលកំពុងបន្តឆ្ពោះទៅរកទំនើបភាវូបនីយកម្មសំណង់ និងហេដ្ឋារចនាសម្ព័ន្ធតាមរយៈគម្រោងកែលម្អសំណង់អគារថ្មី និងគម្រោងស៊ីវិលកំពុងគាំទ្រដល់ប្រទេសកម្ពុជាក្នុងការពង្រឹងទំហំសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ។

របាយការណ៍បង្ហាញពីការវិភាគដ៏ទូលំទូលាយនៃសកម្មភាពសំណង់ និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ និន្នាការសំខាន់ៗ និងការយល់ដឹងទូលំទូលាយអំពីទីផ្សារសំណង់ និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមជាមួយកត្តាជំរុញគន្លឹះការរឹតត្បិត និងឱកាសរីកចម្រើនត្រូវបានបង្ហាញនៅក្នុងរបាយការណ៍។

ទីផ្សារសំណង់ និងហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសកម្ពុជាត្រូវបានប្រៀបធៀបទៅនឹងទីផ្សារប្រកួតប្រជែងចំនួន ៥ របស់ខ្លួននៅក្នុងតំបន់ដើម្បីវិភាគតួនាទីរបស់ប្រទេសកម្ពុជានៅលើតំបន់ និងគោលនៃប្រតិបត្តិការរបស់ខ្លួន៕

ចំនួនអាផាតមិនយូនីតជួលកើនឡើង ២៨ ភាគរយក្នុងឆមាសទី ៤ ឆ្នាំ២០១៩

ដោយ ប៊ី

ភ្នំពេញ៖ ចំនួនអាផាតមិនយូនីតសរុបកើនឡើង ២៣៤ យូនីត ស្មើនឹង ២,៧២៥ យូនីតក្នុងឆមាសទី ៤ ឆ្នាំ ២០១៩ កើនឡើង ២៨ ភាគរយ បើធៀបនឹងនៅត្រីមាសទី ៤ ឆ្នាំ ២០១៨ ខណៈអគារអាផាតមិនថ្មីចំនួន ៣ បានបញ្ចប់ការសាងសង់នៅឆមាសទី ២ នៃឆ្នាំ ២០១៩ រួមមានអាគារអាផាតមិន Grade A ចំនួន ១ អាគារ និង Grade B ចំនួន២ អាគារ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន CBRE Cambodia។

របាយការណ៍បានឱ្យដឹងថា ខណៈការផ្គត់ផ្គង់អាផាតមិន Grade B បច្ចុប្បន្នលើសពីចំនួន Grade A នេះត្រូវបានរំពឹងថានឹងវិលត្រឡប់មកវិញក្នុងកំឡុងឆ្នាំ ២០២០ នៅពេលដែលទីផ្សារអាផាតមិនលំដាប់ប្រណីតត្រូវបានកំណត់ដើម្បីគ្រប់គ្រងការផ្គត់ផ្គង់ថ្មី។

របាយការណ៍ បានបញ្ជាក់ថា “ការកាន់កាប់អាផាតមិននៅតែមានភាពរឹងមាំនៅទូទាំងទីផ្សារជាមួយនឹងអចលនទ្រព្យដែលមានគុណភាពខ្ពស់ដែលមើលឃើញអត្រានៃការកាន់កាប់មានស្ថេរភាពជាមធ្យម ៨០%។ អគារអាផាតមិនថ្មីៗត្រូវចំណាយពេលយូរដើម្បីជួល ដោយមានការប្រកួតប្រជែងពីខុនដូសម្រាប់អ្នកជួលកាន់តែដើរតួសម្រាប់ប្រកួតប្រជែង”។

ការជួលក្នុងវិស័យអាផាតមិនបានកើនឡើងនៅឆមាសទី ២ នៃឆ្នាំ ២០១៩ ដែលជំរុញដោយការផ្គត់ផ្គង់ថ្មីចូលទីផ្សារជាមួយនឹងទំហំយូនីតខុសៗគ្នា ការផ្តល់សេវាកម្ម និងគុណភាព។

ការបែងចែកថ្លៃជួលមានលក្ខណៈទូលំទូលាយណាស់ ដោយអចលនទ្រព្យ Grade A ខ្លះតម្លៃជួលរហូតដល់ ១១,០០០ ដុល្លារក្នុងមួយខែ។ នេះបើយោងតាមរបាយការណ៍ខាងលើ។

បឹងកេងកង១ បានបង្កើនចំណែកនៃការផ្គត់ផ្គង់របស់ខ្លួនក្នុងរយៈពេលពាក់កណ្តាលឆ្នាំមុន កើនឡើងដល់ ៤២% បើប្រៀបធៀបទៅនឹង ៣៨% នៅក្នុងឆមាសទីមួយ។

ជាលទ្ធផលនៃការបន្តការផ្គត់ផ្គង់របស់បឹងកេងកង ១ បន្តការគ្របដណ្តប់ក្នុងការផ្គត់ផ្គង់ ហើយចំណែកផ្សេងទៀតនៃការផ្គត់ផ្គង់ក្នុងខណ្ឌផ្សេងទៀតមានកំរិតមធ្យមក្នុងរយៈពេលឆមាសទី ២។

នៅឆ្នាំ ២០២០ ខណ្ឌដូនពេញ និងទួលគោកបានត្រៀមខ្លួនទទួលចំណែកផ្គត់ផ្គង់កាន់តែច្រើន ជាពិសេសប្រតិបត្តិករអន្តរជាតិពេញចិត្តនឹងទីតាំងដែលនៅជិតនឹងតំបន់ពាណិជ្ជកម្ម៕

ស្ពានស្ទឹងសង្កែ ជាគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើងត្រូវបានតភ្ជាប់

ដោយវុត្ថា

បាត់ដំបង៖ ស្ពានស្ទឹងសង្កែ ដែលជាគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ្ឌ) ត្រូវបានធ្វើពិធីតភ្ជាប់ជាផ្លូវការ ក្រោមអធិបតីភាព លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងប្រធាននាយកដ្ឋានផ្លូវថ្នល់ និងប្រធានគម្រោងផ្លូវជាតិលេខ៥ និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។

លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងប្រធាននាយកដ្ឋានផ្លូវថ្នល់ និងប្រធានគម្រោងផ្លូវជាតិលេខ៥ ពិធីតភ្ជាប់កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ម្សិលមិញនេះ ឱ្យដឹងថា ស្ពានតភ្ជាប់ស្ទឹងសង្កែ មានប្រវែង ១៥៧ ម៉ែត្រ ជាស្ពានភ្លេះ មានចំនួន ២ ស្ពាន ដោយស្ពាននីមួយៗ មានទទឹង ប្រមាណជិត ១១ ម៉ែត្រ ដែលជាគម្រោងកំណាត់ផ្លូវជាតិលេខ៥ ។

កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ្ឌ) ដែលមានប្រវែង ៨៦,៧ គីឡូម៉ែត្រ ។ បើតាមការឱ្យដឹងពីក្រសាធារណៈការ និងដឹកជញ្ជូនកាលពីឆ្នាំ ២០១៩ កន្លងមក គម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ្ឌ) សម្រេចបានច្រើនហើយ។

គម្រោងនេះ ទទួលបានឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA) នូវទឹកប្រាក់១៩,២០៨លានយេន ស្មើនឹង១៦១.៩០លានដុល្លារ។ បើតាមផែនការគម្រោងនេះ ប្រើរយៈពេល ៣៦ខែ ចាប់ផ្ដើមសាងសង់ពីខែកុម្ភៈ ឆ្នាំ២០១៧ និងគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២០៕

រដ្ឋាភិបាលកំពុងដោះស្រាយ និងពិចារណាលើសំណើទាំង៧របស់អង្គការសង្គមស៊ីវិល ពាក់ព័ន្ធនឹងសុវត្ថិភាពកម្មករសំណង់

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយនឹងក្រសួងពាក់ព័ន្ធ បាន និងកំពុងធ្វើការដោះស្រាយនូវរាល់បញ្ហានានាពាក់ព័ន្ធទៅនឹងកិច្ចអនុវត្តច្បាប់សំណង់ ដើម្បីពង្រឹងគុណភាពសំណង់ សុខសុវត្ថិភាពកម្មករសំណង់ ស្របទៅនឹងការស្នើសុំរបស់សហគម អង្គការសង្គមស៊ីវិលនានា។

តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលធ្វើការផ្សព្វផ្សាយកាលពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះបានបញ្ជាក់ថា ក្រសួងបានទទួលញត្តិរបស់តំណាងសហព័ន្ធសហជីព សមាគម អង្គការសង្គមស៊ីវិល និងសហគមន៍ ដែលធ្វើការក្នុងវិស័យការងារ និងសិទ្ធិមនុស្ស ដែលបានអំពាវនាវដល់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា ឱ្យយកចិត្តទុកដាក់ដោះស្រាយនូវវិធានការចំនួន ៧ចំណុច។

នៅក្នុងវិធានការដែលបានស្នើសុំទាំង៧ចំណុចខាងលើនេះ បានផ្តោតលើការត្រួតពិនិត្យ វាយតម្លៃគម្រោងសាងសង់ លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពកម្មករផ្នែកសំណង់ ការទូទាត់សំណងជូនជនរងគ្រោះនិងការផ្តន្ទាទោសជនដែលបង្កគ្រោះថ្នាក់ការផ្អាកអ្នកម៉ៅការបន្តដែលគ្មានអាជ្ញាបណ្ណ ការធ្វើស្តូបរំលឹកការចងចាំព្រឹត្តិការណ៍ការបាក់រលំអគារ និងការអនុវត្តសេចក្តីណែនាំការពង្រឹងគុណភាពនិងសុវត្ថិភាពសំណង់។

ជាការឆ្លើយតប ក្រសួងបានបញ្ជាក់ថា ចំណុចដែលទាមទារមួយចំនួន ក្រសួងបាននឹងកំពុងអនុវត្តរួចហើយ។ ចំពោះមុខក្រសួងនឹងពិនិត្យដោះស្រាយយ៉ាងយកចិត្តទុកដាក់នូវរាល់សំណូមពរទាំងឡាយណា ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួង។ ចំពោះរាល់សំណូមពរផ្សេងទៀតដែលផុតពីដែនសមត្ថកិច្ចរបស់ក្រសួង ក្រសួងនឹងបញ្ជូនទៅក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងដោះស្រាយបន្តទៀត។ ជាមួយគ្នានេះ ក្រសួងក៏បានត្រៀមខ្លួនជាស្រេច ដើម្បីសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីបន្តពិនិត្យនិងដោះស្រាយនូវរាល់កង្វល់នានាដែលបានលើកឡើង។

លោកឧបនាយកដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជា សុផារ៉ា បានព្រមានចាត់វិធានការក្ដៅទៅលើបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ ក៏ដូចជាក្រុមហ៊ុនទទួលម៉ៅការសាងសង់ទាំងឡាយណាដែលមិនបានគោរព និងអនុវត្តទៅតាមច្បាប់សំណង់ដែលបានកំណត់ ដោយការដកហូតនូវអាជ្ញារប័ណ្ណបញ្ចប់សកម្មភាពសាងសង់ និងអាជីវកម្ម ព្រមទាំងមានទោសយ៉ាងធ្ងន់ធ្ងរថែមទៀតផង។

ជាមួយនឹងការអនុវត្តតាមច្បាប់សំណង់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំដោយមានការចូលរួមពីបណ្តាមន្ត្រីរដ្ឋបាលមូលដ្ឋានទាំង១៤ខណ្ឌ ទូទាំងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការ និងការធ្វើសេចក្ដីជូនដំណឹងទៅដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងសំណង់អគារដែលមានសភាពទ្រុឌទ្រោមឱ្យមានការប្រយ័ត្នខ្ពស់ទៅលើសុខសុវត្ថិភាព។ បន្ថែមពីនេះ ក៏មានការកំណត់ដាច់ខាតមិនឱ្យមានកម្មករសំណង់ស្នាក់នៅក្នុងសំណង់អគារទាំងឡាយណាដែលកំពុងសាងសង់ និងមិនទាន់បញ្ចប់ជាដាច់ខាត៕

តើ “អន្តរការីហិរញ្ញវត្ថុ”មានន័យដូចម្តេច?

ដោយ Propertyarea.asia

ភ្នំពេញៈ អន្តរការីហិរញ្ញវត្ថុ (Financial Intermediaries) គឺជាស្ថាប័នហិរញ្ញវត្ថុ ដែលតាមរយៈវានេះ អ្នកសន្សំប្រាក់អាចផ្តល់ជាប្រយោល នូវមូលនិធិរបស់ខ្លួនទៅដល់អ្នកខ្ចីប្រាក់បាន។

ពាក្យ “អន្តរការី” ឆ្លុះបញ្ចាំងអំពីតួនាទីរបស់ស្ថាប័នទាំងនេះ នៅឈរចន្លោះ អ្នកសន្សំប្រាក់ និងអ្នកខ្ចីប្រាក់៕

ចំណេះដឹង!តើអ្វីជាគោលនយោបាយជាតិស្តីពីធនធានរ៉ែ?

ដោយវុត្ថា

ភ្នំពេញៈ រាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយជាតិស្តីពី ធនធានរ៉ែ ដើម្បីចង្អុលបង្ហាញនូវចក្ខុវិស័យ គោលបំណង គោលដៅ និងតួនាទីរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានរ៉ែដ៏មានតម្លៃរបស់ជាតិ។

គោលនយោបាយនេះ បានដាក់ចេញនូវយុទ្ធសាស្រ្ត និងផែនការសកម្មភាពសំខាន់ៗ ដើម្បីធានាឱ្យការអភិវឌ្ឍធនធានរ៉ែ ត្រូវបានធ្វើឡើងប្រកបដោយចីរភាព ប្រសិទ្ធភាព ប្រសិទ្ធផល និងតម្លាភាព ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភាដែលបានកំណត់ថា «អភិវឌ្ឍធនធានរ៉ែ ដើម្បីប្រែក្លាយធនធាននេះ ឱ្យទៅជាប្រភពថ្មីមួយទៀត នៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា”។

គោលនយោបាយជាតិស្តីពី ធនធានរ៉ែនេះ នឹងផ្តល់ជាកម្លាំងថែមទៀត ក្នុងការអភិវឌ្ឍធនធានរ៉ែដ៏មានតម្លៃរបស់កម្ពុជា ដើម្បីធានាឲ្យការអភិវឌ្ឍធនធានរ៉ែ ដែលត្រូវបានធ្វើឡើងប្រកបដោយចីរភាព ប្រសិទ្ធភាព ប្រសិទ្ធផល និងតម្លាភាព ស្របតាមកម្មវិធីនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ដែលបានកំណត់ថា “ការអភិវឌ្ឍធនធានរ៉ែ ប្រេងកាត និងឧស្ម័ន ដើម្បីប្រែក្លាយធនធាននេះ ឲ្យទៅជាប្រភពថ្មីមួយទៀត នៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

វិស័យរ៉ែ គឺជាផ្នែកមួយនៃខឿនសេដ្ឋកិច្ចជាតិ ដែលបានដើរតួនាទីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ផ្តល់នូវវិបុលភាពដល់ប្រជាពលរដ្ឋ និងសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រ ស្របតាមទិសដៅជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ក្រសួងសាធារណៈការកំពុងរៀបចំលិខិតស្នើសុំគោលការណ៍ពីសម្តេចតេជោដើម្បីបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ២

ដោយវុត្ថា

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងថា ក្រសួងបាននឹងកំពុងរៀបចំលិខិតស្នើរគោលការណ៍ អនុញ្ញាត្តិពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែន ក្នុងការកំណត់ពេលវេលា បើកការរដ្ឋានពង្រីកផ្លូវជាតិលេខ២នាពេលខាងមុខនេះ។

លោកវ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានប្រាប់គេហទំពរ propertyarea.asia នៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២០កន្លងមកថា ក្រសួងកំពុងរៀបចំលិខិ ស្នើសុំគោលការណ៍ពីសម្តេចតេជោ ដើម្បីកំណត់ថ្ងៃបើករដ្ឋានផ្លូវជាតិលេខ២ និងបើកឱ្យដំណើរផ្លូវជាតិលេខ២១ព្រមជាមួយគ្នា។

លោកបន្តថា “ក្រសួងនឹងជូនដំណឹង នៅពេលវេលាជាក់លាក់បន្ថែមទៀតជុំវិញការបើកការដ្ឋានផ្លូវជាតិលេខ២នេះ បន្ទាប់ពីក្រសួងទទួលបានការអនុញ្ញាត ពីសម្តេចតេ​ជោ ហ៊ុនសែន”។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងកន្លងមកនេះថា ផ្លូវជាតិលេខ២ នឹងចាប់ផ្តើមបើកការដ្ឋានស្ថាបនានៅក្នុងឆ្នាំ២០២០ខាងមុខនេះ ខណៈគ្រឿងចក្របានដឹកមកដល់ប្រទេសកម្ពុជារួចហើយ ហើយថវិកាក៏មានគ្រប់គ្រាន់ ដោយត្រៀមពេលវេលាសមស្រប ស្នើសុំសម្តេចតេជោហ៊ុន សែន រកពេលវេលាអញ្ជើញបើកការដ្ឋានជាផ្លូវការ។

លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា “ស្របជាមួយគ្នានេះ ក៏នឹងរៀបចំបើកសម្ពោធឱ្យដំណើរជាផ្លូវការនូវផ្លូវជាតិលេខ២១ ពីក្រុងតាខ្មៅទៅស្រុកកោះធំ ហើយជាមួយគ្នានោះនឹងបើករដ្ឋានស្ថាបនាផ្លូវជាតិលេខ២ និង ផ្លូវជាតិលេខ២២ នៅឆ្នាំ២០២០នេះផងដែរ” ។

ការស្ថាបនាឡើងវិញនូវផ្លូវជាតិលេខ២ ដោយរាប់ចាប់ពីតាខ្មៅ ដល់អូរចំបក់ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ដល់ទីប្រជុំជនអង្គតាសោម គឺស្ថិតក្រោមគម្រោងឥណទានសម្បទានចំនួន៤៥លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសប្បទានពីរដ្ឋាភិបាលកូរ៉េ ។

គម្រោងផ្លូវជាតិលេខ២ មានប្រវែង៦៦គីឡូម៉ែត្រ ដោយក្នុងនោះចាប់ពីរង្វង់មូលតាខ្មៅ រហូតដល់រង្វង់មូលអូរចំបក់មានប្រវែង៥៧គីឡូម៉ែត្រ និង៩គីឡូម៉ែត្រនៅលើផ្លូវជាតិលេខ២២គ្រោងក្រាលកៅស៊ូAC សង់ស្ពានថ្មី និងពង្រីកទទឹងផ្លូវឲ្យបាន១៣ម៉ែត្រ តាមទំហំចរាចរណ៍ និងតាមដំណាក់កាល។

រីឯចាប់ពីរង្វង់មូលគួរស្រូវ ទៅទិសខាងត្បូងប្រវែង៨គីឡូម៉ែត្រ គ្រោងនឹងសាងសង់ជា៤គន្លង៕