ជប៉ុន​សន្យា​បន្ត​ពង្រឹង​កិច្ចប្រតិបត្តិការ​លើ​គម្រោង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​នាំ​ផ្លូវ​ហោះហើរ​នៅ​កម្ពុជា

ដោយ វុត្ថា

ភ្នំពេញ៖ លោក Mikami MASSAHIRO ឯកអគ្គរាជទូត វិសាមញ្ញ និង​ពេញ​សម្ថ​ភាព របស់​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សន្យា​នឹង​បន្ត​ពង្រឹង​កិច្ចប្រតិបត្តិការ​លើ​គម្រោងផ្សេងៗទៀត ពាក់ព័ន្ធ​នឹង​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​នាំ​ផ្លូវ​ហោះហើរ ការពង្រឹង​សមត្ថភាព និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​លើ​វិស័យ​អាកាសចរ​ស៊ីវិល​បន្តទៀត​នាពេល​អ​នាគ​ត់។

លោក Mikami MASSAHIRO ឯកអគ្គរាជទូត វិសាមញ្ញ និង​ពេញ​សម្ថ​ភាព របស់​ប្រទេស​ជប៉ុន​នៅ​កម្ពុជា បាន​លើក​ឡើង​​បែបនេះ​នៅក្នុង​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ថ្ងៃទី ២២ ខែមករា ឆ្នាំ២០២០ ជាមួយ​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ស្តីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អាកាសចរ​ស៊ីវិល​នាពេល​អនាគត​ខាងមុខ។

លោក Mikami MASSAHIRO បានធ្វើការ​កោត​ស​សើរ​នូវ​ការរីកចម្រើន​ជា​លំដាប់​របស់​វិស័យ​អាកាសចរ​ស៊ីវិល​នៅ​កម្ពុជា។

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​ថ្លែង​អំណរគុណ​ចំពោះ​ប្រទេស​ជប៉ុន​ដែល​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ជំនាញ​អាកាសចរ​ស៊ីវិល និង​គម្រោង New CNS/ATM ដែល​ធ្វើឱ្យ​ការគ្រប់គ្រង និង​នាំ​ផ្លូវ​ហោះហើរ​កាន់តែ​មាន​សុវត្ថិភាព​ដូច​បណ្តា​ប្រទេស​ជឿនលឿន​នានា​នៅលើ​ពិភពលោក៕

តើ​ខេត្ត/ក្រុង​ណាខ្លះ​ដែលមាន​ភាព​ទាក់ទាញ​ការវិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម បាននិងកំពុង​ធ្វើ​ពិពិធ​កម្ម​ទីតាំង​រោងចក្រ សហគ្រាស និង​ឃ្លាំង​ទៅកាន់​បណ្តា​ខេត្ត​នានា ដើម្បី​សម្រួល​ដល់​ការនាំចេញ និង​តម្រូវការ​ប្រើប្រាស់​កំលាំង​ពលកម្ម។

នៅពេល​និយាយ​ពី​វិស័យ​រោងចក្រ សហគ្រាស ភាគច្រើន​ត្រូវបាន​គេ​ផ្តោត​សំខាន់​ទៅ​ខេត្តកំពង់ស្ពឺ ដែលមាន​ផ្លូវជាតិ​លេខ៤ ផ្តល់​ភាពល្អប្រសើរ​សម្រាប់​ការដឹកជញ្ជូន​ឆ្ពោះទៅកាន់​កំពង់ផែ​អន្តរជាតិ ដើម្បី​ធ្វើការ​នាំចេញ​ទៅកាន់​ទីផ្សា​រសាក​ល។

នាយិកា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ Century21 Cambodia លោកស្រី Grace Rachny Fong បាន​មានប្រសាសន៍ប្រាប់​នា​ព្រឹក​ថ្ងៃទី២២ មករា​កន្លងមក​ថា មុនពេល​សម្រេច​ជ្រើសរើស​ទីតាំង​សម្រាប់​បង្កើតជា​រោងចក្រ សហគ្រាស និង​ឃ្លាំង គ្រប់​អ្នកវិនិយោគ​ទាំងអស់ សុទ្ធតែ​បានគិត​គូរ​យ៉ាង​ល្អិតល្អន់​ទៅលើ​ផលប៉ះពាល់ និង​ភាពងាយស្រួល​ក្នុង​កិច្ចប្រតិបត្តិការ​ផលិត និង​ដឹកជញ្ជូន។

លោកស្រី​បាន​បន្តទៀតថា “ជាក់ស្ដែង​ដូចជា​ខេត្តកំពង់ស្ពឺ កណ្តាល ហេតុផល​ដែលមាន​រោងចក្រ​ច្រើន គឺ​ដោយសារតែ​ខេត្ត​ទាំងនេះ មាន​កត្តា​ភូមិសាស្ត្រ​ល្អ​ជាង​បណ្តា​ខេត្ត​ដទៃទៀត ដែល​ក្រៅពី​មាន​វិសាលភាព​ដី​ធំ​ទូលាយ តម្លៃ​ទាប ងាយស្រួល​ក្នុង​ការទិញ និង​អភិវឌ្ឍន៍ គឺ​នៅមាន​ផ្លូវជាតិ​លេខ៤ ដែល​បម្រើ​ជា​ប្រយោជន៍​ក្នុងការ​ដឹកជញ្ជូន។

លោកស្រី​បាន​មានប្រសាសន៍ ក្រៅពី​ខេត្តកំពង់ស្ពឺ តំបន់​ខេត្ត / ក្រុង ដែលមាន​ភាព​ទាក់ទាញ​នៅក្នុង​វិស័យនេះ រួមមាន​ដូចជា ខេត្តកណ្តាល កំពត (តំបន់​ផ្លូវជាតិ​លេខ៣) កំពង់ចាម និង​ខេត្តកំពង់ឆ្នាំង ព្រោះ​ខេត្ត​ទាំងអស់នេះ សុទ្ធ​តែមាន​ផ្លូវជាតិសំខាន់ៗដែល​អនុគ្រោះ​ដល់​វិស័យ​ដឹកជញ្ជូន​សម្រាប់​ការនាំចេញ​ទាំងអស់។

ស្រដៀង​គ្នា​ទៅនឹង​ការលើកឡើង​ខាងលើនេះ លោក​ឧកញ៉ា​តេង រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ R Investment  បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ដដែល​ថា អ្នកវិនិយោគ​ក្នុង​វិស័យ​រោងចក្រ ឧស្សាហកម្ម​នានា បានគិត​ទៅលើ​កត្តាធំៗមុនពេល​សម្រេច​ជ្រើស​ទីតាំង ដោយ​ពួកគេ​គិត​លើ​រឿង​មួយចំនួន​ដូចជា ទី១ ពិនិត្យ​ទៅលើ​ទីផ្សារ​នៃ​កម្លាំង​ពលកម្ម ទី២ ពិនិត្យ​ទៅលើ​មធ្យោបាយ​នៃ​ការដឹកជញ្ជូន​រួមមាន (ផ្លូវថ្នល់) ហើយ​ទី៣ គឺ​ទំហំ​នៃ​ការផ្គត់ផ្គង់​ថាមពល សម្រាប់​ដំណើរការ​ចង្វាក់​ផលិតកម្ម ដែល​កត្តា​ទាំងនេះ គឺជា​រឿង​សំខាន់បំផុត។

លោក​ឧកញ៉ា​បាន​បញ្ជាក់ថា “វា​ជា​ការពិត នៅពេល​ដែលមាន​តម្រូវការ​ប្រើប្រាស់​ដី​សម្រាប់​អភិវឌ្ឍន៍​លើ​វិស័យ​រោងចក្រ សហគ្រាស គឺ​បាន​ជំរុញ​ឱ្យ​តម្លៃ​ដីធ្លី​នៅក្នុង​តំបន់​មានការ​ឡើងថ្លៃ ហើយក៏​អាច​ចូលរួម​ជំរុញ ឱ្យមាន​ការអភិវឌ្ឍ​លើ​វិស័យ​លំនៅដ្ឋាន​ផងដែរ ខណៈដែល​កម្លាំង​កម្មក​រ​សុទ្ធ​តែមាន​តម្រូវការ​ស្នាក់នៅ​ក្នុងពេល​បម្រើ​ការងារ”៕

ខេត្ត​មួយ​របស់​ប្រទេស​ប៉ូឡូញ ចាប់អារម្មណ៍​សហការ​ជាមួយ​ខេត្តបាត់ដំបង

ដោយ វុត្ថា

បាត់ដំបងៈ លោក  Marek Woziak អភិបាលខេត្ត​វៀល​កូ​ប៉ូ​លី​ស្កា នៃ​ប្រទេស​ប៉ូឡូញ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក លោក​សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ដើម្បី​ស្វែងរក​កិច្ចសហប្រតិបត្តិការ និង​ឪ​កាស​វិនិយោគ​នៅក្នុង​ខេត្តបាត់ដំបង។

លោក Marek Woziak អភិបាលខេត្ត វៀល​កូ​ប៉ូ​លី​ស្កា ឱ្យដឹង​នៅក្នុង​ជំ​នួ​កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ម្សិលមិញ​នេះ​ថា ការជួបពិភាក្សាគ្នា​នាពេលនេះ គឺជា​ស្ពាន ដើម្បី​បន្ត​រឹតចំណង​ការងារ​វិយោគ និង​ការងារ​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជន​ខេត្ត វៀល​កូ​ប៉ូ​លី​ស្កា ប្រទេស​ប៉ូឡូញ និង​ប្រជាជន​ខេត្តបាត់ដំបង​ប្រទេស​កម្ពុជា។

លោក​បន្តថា លោក​នឹងធ្វើ​ការពិភាក្សា​ជាមួយ​អ្នកវិនិយោគ នៅ​ខេត្ត​វៀល​កូ​ប៉ូ​លី​ស្កា ដើម្បី​សិក្សា​ស្វែងយល់ និង​កៀគរ​អ្នកវិនិយោគ មក​ធ្វើការ​ដាក់ទុន​វិនិយោគ នៅ​ខេត្តបាត់ដំបង​ផងដែរ។

លោក​សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង​ខេត្តបាត់ដំបង​ឱ្យដឹង​ដែរ​ថា ខេត្តបាត់ដំបង​មាន​សក្តានុពល​លើ​វិស័យ​កសិកម្ម និង​ក​សិ​ឧ​ស្សហ៍កម្ម និង​ជា​ខេត្ត​ជង្រុក​ស្រូវ​ដ៏​ធំ​មួយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ឡ​រស​ម្ងួ​ត​ស្រូវ​បាន​ក្នុង​មួយថ្ងៃ​ប្រមាណ​ជាង ៣ពាន់​តោន។

លោក​បន្តទៀតថា ក្រៅពី​ដាំ​ស្រូវ​ខេត្តបាត់ដំបង នៅមាន​ដំណាំ​ជាច្រើន​ទៀត​ដូចជា ពោត ដំឡូង និង​ផ្លែឈើ​ហូប​ផ្លែ​ជាច្រើន​ទៀត ដែល​មិនទាន់មាន​ការវិនិយោគ មិនទាន់​ការ​វេច​ខ្ចប់ មិនទាន់​បច្ចេកទេស ដើម្បី​រក្សាទុក​បានយូរ និង​នាំ​ចេញទៅ​ប្រកួតប្រជែង​នៅ​ទីផ្សារ​ក្រៅប្រទេស​នៅឡើយ​ទេ៕

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន ៖ កម្ពុជាកំពុងបន្តដំណើរយ៉ាងស្វាហាប់ឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៥០

ដោយវុត្ថា

ភ្នំពេញៈ កម្ពុជាកំពុងបន្តដំណើរយ៉ាងស្វាហាប់ តម្រង់ទិសឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ ២០៥០ ដើម្បីប្រែក្លាយខ្លួនទៅជាប្រទេសអភិវឌ្ឍន៍ ដោយបានកំណត់យកឆ្នាំ២០៣០ ជាឆ្នាំដែលត្រូវសម្រេច ឱ្យបាននូវលទ្ធផលជាសារវ័ន្ធនៃកំណែទម្រង់សំខាន់ៗ និងការប្រែក្លាយខ្លួនជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់។


លោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោកស្រី Carren Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំនៅកម្ពុជាកាលពីពេលថ្មីៗនេះថា ការគំាទ្ររបស់សហភាពអឺរ៉ុបពិតជាបានចូលរួមចំណែកដល់កិច្ចអភិវឌ្ឍនៅកម្ពុជា ឈានឆ្ពោះទៅគោលដៅឆ្នាំ ២០៣០ និង ២០៥០ក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការដែលកាន់តែរឹងមាំជាងមុន។

លោកឧបនាយករដ្ឋមន្ត្រីថា ក្រៅពីជំនួយសម្រាប់ការអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance, ODA) ដែលនៅតែបន្តដើរតួនាទីសំខាន់ចូលរួមចំណែកសម្រាប់ការអភិវឌ្ឍន៍កម្ពុជា សម្រាប់រយៈពេលមធ្យមខាងមុខនេះ កម្ពុជាត្រូវការជាចាំបាច់នូវពិពិធកម្មសេដ្ឋកិច្ច ជាមួយដៃគូសំខាន់ដូចជាសហភាពអឺរ៉ុប តាមរយៈកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ទាក់ទាញវិនិយោគ និងពាណិជ្ជកម្មមកពីសហគមអឺរ៉ុប។

កម្ពុជាកំពុងតែខិតខំ ឲ្យមានការយល់កាន់តែច្បាស់អំពីកម្ពុជា លើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា រៀបចំកែទម្រង់ហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានសម្រាប់ការវិនិយោគនៅកម្ពុជាឲ្យកាន់ល្អប្រសើរ សម្រាប់ទាក់ទាញវិនិយោគិនមកពីសហគមអឺរ៉ុប។

ជាមួយគ្នានេះ កម្ពុជាបាននឹងកំពុងលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រវាងកម្ពុជា និងអឺរ៉ុប តាមរយៈទេសចរណ៍ បម្លាស់ប្តូរវប្បធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស និង វិជ្ជាជីវៈ និងការតភ្ជាប់ (Connectivity) ទាំង ផ្នែកទន់ និងផ្នែករូបវន្ត ជាដើម។

លោកស្រី Carren Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំនៅកម្ពុជាបានឱ្យដឹងថា សហភាពអឺរ៉ុបតែងប្រកាន់ជំហរច្បាស់លាស់ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការល្អ និងពេញលេញជាមួយរាជរដ្ឋាភិបាល ដើម្បីបន្តចូលរួមចំណែកជំរុញកិច្ចអភិវឌ្ឍនៅកម្ពុជា

លោកស្រី Carren Moreno បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវកិច្ចអភិវឌ្ឍក្នុងសន្ទុះលឿន និងប្រកបដោយផ្លែផ្កា និង អរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រដល់ប្រតិបត្តិការរបស់សហភាពអឺរ៉ុប រហូតទទួលបានជោគជ័យក្នុងកិច្ចសហប្រតិបត្តិការកន្លងមក។

លោកស្រីបន្តថា សហគមន៍អឺរ៉ុប នឹងបន្តតាំទ្រជំរុញកិច្ចសហប្រតិបត្តិការកម្ពុជាសហភាពអឺរ៉ុបឲ្យកាន់តែស៊ីជម្រៅ និងជាយុទ្ធសាស្ត្រថែមទៀត តាមរយៈកិច្ចសហប្រតិបត្តិការដែរសមតាមតម្រូវការជាអាទិភាព ជាក់ស្តែង និងកម្មវិធីអភិវឌ្ឍន៍របស់កម្ពុជា ក៏ដូចជាបន្តការគាំទ្រដល់កម្មវិធី នៃកិច្ចសហប្រតិបត្តិការដែលកំពុងតែអនុវត្តន៍ ដូចជា កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Public Financial Management Reform Program) ការបណ្តុះបណ្តាលធនធានមនុស្សជាដើម៕

ក្រុមហ៊ុនឯកជនបានទិញរថភ្លើងចំនួន ១០ គ្រឿងបន្ថែមដើម្បីលើកស្ទួយការដឹកជញ្ជួនតាមដែកនៅកម្ពុជា

ដោយ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុនឯកជនបានទិញរថភ្លើងចំនួន ១០ គ្រឿងបន្ថែមក្នុងការលើកស្ទួយការដឹកជញ្ជួនតាមដែកនៅកម្ពុជា ស្របពេលក្រសួងសាធារណការ និងដឹកជញ្ជូនសន្យាជំរុញសកម្មភាពដឹកជញ្ជូនទំនិញតាមផ្លូវដែកឱ្យកាន់តែរស់រវើកដើម្បីកាត់បន្ថយខូតខាតផ្លូវជាតិ និងកាន់បន្ថយការគ្រោះថ្នាក់ចរាចរណ៍។

លោក តូច ចាន់កុសល់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា បន្ថែមពីនេះទៀតក្រុមហ៊ុនឯកជនបានទិញរថភ្លើងចំនួន១០គ្រឿងបន្ថែមដើម្បីលើកស្ទួយការដឹកជញ្ជូនតាមផ្លូវដែកប្រកបដោយប្រសិទ្ធភាព ដែលដឹកទំនិញបានច្រើន ខណៈផ្លូវដែកបានកំពុងតភ្ជាប់ដាក់ឱ្យដំណើរការរួចរាល់បច្ចុប្បន្ននេះ។

លោក ចាន់កុសល់ បានបញ្ជាក់ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ ២០២០ កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២០ ថា ការដឹកជញ្ជូនតាមរថភ្លើងនេះ គឺបើកទាំងយប់ទាំងថ្ងៃ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការដឹកជញ្ជូនទំនិញមានភាពឆាប់រហ័ស ឆ្លើយតបទៅនឹងតម្រូវការរបស់អាជីវករ ហើយសកម្មភាពនេះនឹងធានាឱ្យការដឹកជញ្ជូនទំនិញតាមផ្លូវជាតិមានការធ្លាក់ចុះផងដែរ។

លោក បានថ្លែងថា “ធ្វើយ៉ាងណាឱ្យស្ថានភាពតាមផ្លូវជាតិមានភាពធូរថយ ព្រោះគោលបំណងរបស់រថភ្លើងធំ ទី១កាត់បន្ថយការដឹកជញ្ជូនធ្ងន់លើផ្លួវជាតិ ដើម្បីកុំឱ្យខូចផ្លូវ ទី២កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍កើតមានឡើង ការធ្វើចរាចរណ៍តាមរថភ្លើងមានសុវត្ថិភាពជាងផ្លូវឡាន ទី៣កាត់បន្ថយការបំពុលបរិស្ថាន ព្រោះរថភ្លើងអូសក្បាលបីបានរហូតទំនិញ៣០ទូ៤០ទូ ចឹងវាស្មើនឹង៣០ឡាន៤០ឡាន ចឹងការបំពុលបរិស្ថាន និងការគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកាត់បន្ថយ”។

ការដឹកជញ្ជូនទិញតាមរថភ្លើង គឺមានចំនួនជាង១ម៉ឺនតោនក្នុងឆ្នាំ២០១៩ ដែលមានការកើនឡើងជាងឆ្នាំ២០១៨ បន្ទាប់ពីផ្លូវរថភ្លើងពីភ្នំពេញទៅព្រំដែនកម្ពុជា ថៃ បានកែលម្អរួចរាល់៕

អ្នកជំនាញពីររូបនឹងបង្ហាញពីគន្លឹះជោគជ័យលើវិស័យអចលនទ្រព្យជាលើកដំបូង

ដោយៈ រ៉ាណេត

ភ្នំពេញៈ អ្នកជំនាញចំនួន២រូបដែលសុទ្ធតែមានមានភាពជោគជ័យ នៅក្នុងវិស័យមួយនេះជាច្រើនឆ្នាំ នឹងចូលមកបង្ហាញពីវិធីសាស្ត្រនានា ដែលអាចជួយឱ្យទទួលបានភាពជោគជ័យ តាមរយៈកម្មវិធីសិក្ខាសាលា«ត្រៀមខ្លួន ដើម្បីជោគជ័យសម្រាប់អាជីវកម្មដំបូងក្នុងវិស័យអចលនទ្រព្យ»។

តាមរយៈការរៀបចំដោយសាលាអចលនទ្រព្យកម្ពុជា (Real Estate School of Cambodia) នៅត្រឹមថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ នៅសាលប្រជុំនៃភោជនីយដ្ឋានទន្លេបាសាក១ អ្នកជំនាញ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ និងកំពុងទទួលបានភាពជោគជ័យ នៅក្នុងវិស័យអចលនទ្រព្យ នឹងធ្វើការចែករំលែកនូវចំណេះដឹង ជំនាញ រួមជាមួយបទពិសោធន៍ផ្ទាល់ខ្លួន ដើម្បីជួយលើកកម្ពស់ធនធានមនុស្សក្នុងវិស័យមួយនេះ ឱ្យកាន់តែមានភាពល្អប្រសើរ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យKhmer Foundation Appraisal (KFA) លោកឧកញ៉ា នួន រិទ្ធី ជាវាគ្មិននៅក្នុងកម្មវិធីនេះ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះថា តាមរយៈកម្មវិធីបណ្តុះបណ្តាលមួយនេះ សិក្ខាកាមដែលបានចូលរួម នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ពាក់ព័ន្ធនឹងចំណេះដឹងពីវិស័យអចលនទ្រព្យនៅកម្ពុជា រួមជាមួយនឹងគន្លឹះ ដែលអាចជួយឱ្យទទួលបានភាពជោគជ័យពីការធ្វើអាជីវកម្មនៅក្នុងវិស័យមួយនេះ។

លោកឧកញ៉ាបន្តថា “តាមរយៈកម្មវិធីនេះនឹងមានការធ្វើបទបង្ហាញ និងបណ្តុះបណ្តាលចំណេះដឹង និងជំនាញដែលអាចទាញយកផលប្រយោជន៍ ពីវិស័យមួយនេះក្នុងអត្រាមួយកម្រិតខ្ពស់ និងអាចចៀសផុតពីហានិភ័យ”។ លោកឧកញ៉ាបន្តទៀតថា “ភាគច្រើន ភ្នាក់ងារដែលកំពុងតែប្តិបត្តិសព្វថ្ងៃ ហាក់មិនបានបំពេញតាមតម្រូវការរបស់អតិថិជនឱ្យគ្រប់ជ្រុងជ្រោយនោះទេ ដែលវាជាហេតុបណ្តាលឱ្យអតិថិជនបាត់បង់ទំនុកចិត្ត ឬអាចងាកទៅរកភ្នាក់ដទៃធ្វើជាដៃគូ”។

ដូច្នេះ នៅក្នុងវគ្គសិក្ខាសាលានេះ នឹងមានបង្ហាញអ្នកចូលរួមឱ្យដឹង និងស្គាល់ពីអ្វីដែលហៅថា Professional Real Estate Agency ហើយនឹងមានឯកសារច្បាប់ពាក់ព័ន្ធអ្វីខ្លះដែលត្រូវរៀបចំ។ នៅពេលពួកគាត់បានយល់ដឹងពីរបៀប នៃការស្វែងរកភ្ញៀវ របៀបនៃការផ្តល់ទំនុកចិត្តដល់អតិថិជន និងការចេះមើលវាយតម្លៃទៅលើស្ថានភាពអចលនទ្រព្យ នោះពួកគាត់នឹងមានអត្រាជោគជ័យខ្ពស់នៅក្នុងការងារ និងអាជីវកម្ម”។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) លោ​ក ឃាង ពុទ្ធី ដែលជាវាគ្មិនសំខាន់ម្នាក់ នៅក្នុងកម្មវិធីខាងលើនេះបានមានប្រសាសន៍ឲ្យដឹងផងដែរថា ដោយសារតែវិស័យអចលនទ្រព្យនៅកម្ពុជា មានភាពរីកចម្រើន និងអភិ​វឌ្ឍន៍យ៉ាងឆាប់រហ័ស ដែលអាចទាញយកផលចំណេញបានច្រើន បានធ្វើឱ្យមនុស្សជាច្រើនងាកមកចាប់អារម្មណ៍នៅក្នុងវិស័យនេះ ប៉ុន្តែវាមិនមែនងាយស្រួលក្នុងការទទួលបានជោគជ័យទាំងអស់នោះទេ។

លោកបន្តទៀតថា “ជាការចូលរួមក្នុងពង្រឹងវិស័យនេះ ក៏ដូចជាជួយបណ្តុះបណ្តាលធនធាននៅក្នុងវិស័យអចលនទ្រព្យ ពួកខ្ញុំនឹងធ្វើការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដែលធ្លាប់ជួបប្រទះនៅក្នុងប្រតិបត្តិនៃអាជីវកម្ម និងភាពជំនាញជាភ្នាក់ងារទៅដល់អ្នកជំនាន់ក្រោយ”។ លោកបានបញ្ជាក់ទៀតថា “នៅពេលដែលពួកគាត់បានស្គាល់ពីវិស័យនេះច្បាស់ រួមជាមួយនឹងការចេះពីវិធីសាស្ត្រក្នុងការធ្វើអាជីវកម្ម និងភាពជាអ្នកជំនាញ នោះពួកគាត់អាចកាត់បន្ថយនូវភាពបរាជ័យ បានយ៉ាងប្រសើរជាងការចូលប្រឡូកបែបប្រថុយប្រថាន”។

កម្មវិធីបណ្តុះបណ្តាលនេះរៀបចំដោយសាលាអចលនទ្រព្យកម្ពុជា(real estate school of Cambodia)៕

សម្តេចតេជោជូនពរបងប្អូនខ្មែរខ្សែស្រឡាយចិនក្នុងឪកាសចូលឆ្នាំចិនជិតមកដល់

ដោយវុត្ថា

ភ្នំពេញ៖ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានជូនពរបងប្អូនខ្មែរ-ចិន ខណៈនៅសល់តែ២ថ្ងៃទៀត ថ្ងៃសែនចូលឆ្នាំចិននឹងមកដល់។

សម្តេចបានសរសេរនៅក្នុងហ្វេសបុកផ្លូវការ របស់សម្តេចនៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២០ នេះថា មួយឆ្នាំៗពិតជាលឿនមែន ហើយមិនយូរប៉ុន្មានថ្ងៃចូលឆ្នាំខ្មែរ ក៏នឹងមកដល់ទៀតនៅខែមេសាខាងមុខ។ សព្វថ្ងៃនេះ បងប្អូនខ្សែស្រឡាយកាត់ចិនក៏មានកាន់តែច្រើន ហើយបងប្អូនមានជីវភាពរស់នៅកាន់តែធូរធារផងដែរ។

សម្តេចសរសេរបន្តថា តាមធម្មតាអោយតែចូលឆ្នាំចិនម្តងៗ គឺបានសប្បាយដល់បងប្អូនខ្មែរផងដែរ ដូចពាក្យកំពុងពេញនិយមនិយាយថា ចូលឆ្នាំចិន ស្រវឹងខ្មែរ តែសូមចៀសវាងកុំនាំបញ្ហាដល់ខ្លួន ដោយសារការសប្បាយភ្លេចគិតមិនបានប្រុងប្រយ័ត្ន ជាពិសេសក្នុងថ្ងៃសែនចូលឆ្នាំចិនខាងមុខនេះ។

សម្តេចបន្ថែមថាសូមជូនពរបងប្អូនខ្មែរ-ចិន និងជនរួមជាតិជួបតែសេចក្តីសុខចម្រុងចម្រើន និងទទួលបានលាភសំណាង និងហេងហេងគ្រប់ៗគ្នាក្នុងឱកាសចូលឆ្នាំចិនខាងមុខនេះ

បុណ្យចូលឆ្នាំចិនដែលត្រូវបានគេស្គាល់ថា ជាពិធីបុណ្យនិទាឃរដូវនៅក្នុងប្រទេសចិនសម័យទំនើប ឫក៏ជាពិធីបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិចិន ដែលជាពិធីបុណ្យដ៏សំខាន់មួយរបស់ជនជាតិចិនទូទាំងពិភពលោក។ នៅក្នុងឆ្នាំ២០២០នេះ ថ្ងៃបុណ្យចូលឆ្នាំចិន ត្រូវនឹងថ្ងៃទី២៥-២៧ ខែមករា និងថ្ងៃសែនចូលឆ្នាំចិនធ្វើឡើងនៅថ្ងៃទី២៤ ខែមករាខាងមុខនេះ

ពិធីបុណ្យចូលឆ្នាំថ្មី មានអាយុកាលរាប់សតវត្សមកហើយ ដោយសារតែជំនឿ និងប្រពៃណីរបស់ជនជាតិចិន ដែលមានតាំងពីយូរលង់ណាស់មកហើយ។

ជាប្រពៃណីពិធីបុណ្យចូលឆ្នាំចិន គឺជាពេលវេលានៃការគោរពបូជាព្រះ និងបុព្វបុរស។ បុណ្យចូលឆ្នាំចិនត្រូវបានប្រារព្ធនៅក្នុងប្រទេសចិន និងតាមបណ្តាប្រទេសដែលមានប្រជាជនចិនរស់នៅ មានដូចជានៅចិនដីគោក តៃវ៉ាន់ ហុងកុង ម៉ាកាវ សិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម ម៉ូរីស អូស្ត្រាលី ហ្វីលីពីន រួមទាំងប្រទេសកម្ពុជាយើងផងដែរ។

បុណ្យចូលឆ្នាំចិនត្រូវបានគេចាត់ទុកថា ជាថ្ងៃឈប់សម្រាកដ៏សំខាន់សម្រាប់ជនជាតិចិន និងអ្នកជាប់សែស្រឡាយចិនទូទាំងពិភពលោក៕

សម្តេច ស ខេង កោតសសើរការរីកចំរើនរបស់ខេត្តពោធិ៍សាត់

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងការកោត សសើរចំពោះការរីកចំរើនរបស់ខេត្តពោធិ៍សាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលសំដៅដល់ការជួយលើកស្ទួយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងឪកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ និងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ រាជធានី ខេត្ត នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ បានសម្តែងការអបអរសាទរចំពោះការរីកចំរើនរបស់ខេត្តពោធិសាត់ស្ទើគ្រប់វិស័យ។

សម្តេចថា “សូមអបអរសាទរ ខេត្តពោធិសាត់ ខ្ញុំធ្វើដំណើរឆ្លងកាត់ច្រើនតាមខេត្តហ្នឹង អប់សារទរពីសមិទ្ធិផលមានផ្លូវកៅស៊ូច្រើនគ្រាន់តែក្នុងឆ្នាំ ២០១៩ កន្លងមកនេះ អភិវឌ្ឍន៍បានផ្លូវជាង១០០ គីឡូ “។

សម្តេចបន្តថា “ខ្ញុំថា ប្រហែលជាមានខេត្តផ្សេងៗ ច្រណែនទេដឹង ដែលខេត្តខ្លះទើបតែអភិវឌ្ឍន៍ផ្លូវជាតិបានប្រហែល ២០ គីឡូ ហើយខេត្តខ្លះក៏បានច្រើនជាងនេះដែរ” ។

លោក ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិសាត់ បានឱ្យដឹងដែរថា ខេត្តពោធិសាត់មានចំងាយផ្លូវប្រវែង ១៨៦ គីឡូម៉ែត្រពីរាជធានីភ្នំពេញ មានក្រឡាផ្ទៃចំនួន ១ ២៦ ៩២ ក្រឡា ដែលមានការបែងចែកក្រុង១ ស្រុក៦ សង្កាត់ ៧ និង ឃុំសង្កាត់ ៤២។

លោកបន្តថា ខេត្តពោធិសាត់មានប្រជាពលរដ្ឋចំនួន ជាង ៤៩ ម៉ឺននាក់ ហើយខេត្តនេះ មានសក្តានុពលខ្ពស់លើការវិនិយយោគខ្ពស់ ជាពិសេសលើវិស័យកសិកម្ម។ ជាមួយគ្នានេះ ខេត្តមួយនេះ មានទាំងតំបន់អេកូរទេសចរណ៍ជាច្រើនកន្លែងដែលអាចផ្តល់ឪកាសដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តជាលក្ខណៈគ្រួសារ និងជាក្រុមការងារ ឬមិត្តភក្រជាដើម។

នៅក្នុងខេត្តពោធិសាត់ទាំងមូល មានអាជីកម្មសរុបចំនួនជាង ៥០០០ កន្លែង ក្នុងនោះមានរោងចក្រចំនួន ១៣៦ រោងចក្រដែលមានកម្មករជាង ១ម៉ឺននាក់កំពុងបំរើការ ។ ក្រៅពីនេះ ក៏មានអាជីវកម្មផ្សេងជាច្រើន ដូចជារោងម៉ាស៊ីនកិនស្រូវ មានទាំងឡសំងូតជាច្រើនតាំងសម្រាប់ផលិតក្នុងការនាំចេញ និងផ្គត់ផ្គង់នៅក្នុងស្រុក៕

អាមេរិក​នៅតែ​បន្ត​គំរាមកំហែង​ដាក់​ពន្ធគយ​លើ​ប្រទេស​បារាំង

ដោយ Donald Lee

ភ្នំពេញៈ អាមេរិក​បាន​យល់ព្រម​ពង្រីក កិច្ចចរចា​ពាណិជ្ជកម្ម​ជាមួយ​បារាំង ដើម្បី​ចៀសវាង​សង្គ្រាម​ពាណិជ្ជកម្ម បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក Donald Trump បាន​គំរាម​ដាក់ទណ្ឌកម្ម​ពាណិជ្ជកម្ម​ដ៏​ធំធេង លើ​ទំនិញ​បារាំង​ដែល​ចូលមក​អាមេរិក ចាប់ផ្តើម​នៅ​សប្តាហ៍​នេះ។

រដ្ឋាភិបាល​អាមេរិក​បានប្រកាសថា ខ្លួន​គ្រោង​នឹងដាក់​ពន្ធ១០០ភាគរយ លើ​ទំនិញ​បារាំង​ដែលមាន​តម្លៃ២,៤ ពាន់​លាន​ដុល្លារ និង​រួមបញ្ចូល​ស្រា​សំប៉ាញ កាបូបដៃ និង​ឈី​ស ប្រសិនបើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មិនត្រូវ​បានធ្វើ​នៅ​សប្តាហ៍​នេះ។

ពន្ធ​នាំចូល​លើ​ការ​នាំចូល​របស់​បារាំង​កើតឡើង បន្ទាប់ពី​ការស៊ើបអង្កេត​មួយ​របស់​រដ្ឋាភិបាល​អាមេរិក​លើ​ពន្ធ​ថ្មី នៃ​សេវាកម្ម​ឌីជីថល​បារាំង​ដែល​នឹងដាក់​ពន្ធ៣ភាគរយ លើ​ក្រុមហ៊ុន​ឌីជីថល ដែល​រកចំណូលបាន​ជា​ង២៧,៨៦លាន​ដុល្លារ​នៅ​បារាំង និង៨៣០ លាន​ដុល្លារ​នៅ​ទូទាំង​ពិភពលោក។

ក្រុមអ្នកវិភាគ​ជឿជាក់ថា “ការយកពន្ធ​ថ្មី​នេះ គឺ​សំដៅ​ដោយផ្ទាល់​ទៅលើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក ដូចជា​ហ្វេ​ស​ប៊ុ​ក អេប​ផល និង​អា​ម៉ា​ហ្សូ​ន។

លោក ​Trump បាន​ជំរុញ​ប្រធានាធិបតី​បារាំង Emmanuel Macron យ៉ាងខ្លាំង​ដែល​ធ្វើឱ្យ​លោក​បាន​យល់ព្រម​ពន្យារពេល​យកពន្ធ​ឌីជីថល លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​រហូតដល់​ដំណាច់​ឆ្នាំនេះ។

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​បារាំង​លោក​ Bruno Le Maire បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​សហភាព​អឺរ៉ុប នៅ​ទីក្រុង​ប្រ៊ុ​ស​សែ​ល (Brussel) កាលពី​ថ្ងៃ​អង្គា​រថា “លោក Macron និង Trump មានការ​ពិភាក្សា​ប្រកបដោយ​លក្ខណៈ​ស្ថាបនា ហើយ​ពួកគេ​បាន​យល់ព្រម​ចៀសវាង​រាល់​ការកើនឡើង​រវាង​អាមេរិក និង​បារាំង​លើ​បញ្ហា​ពន្ធ​ឌីជីថល។

លោក​Macron បាន​បង្ហោះ​សារ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ធ្វី​ត​ធឺ​ថា ភាគី​ទាំងពីរ​កំពុងធ្វើការ​ជាមួយគ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​ជៀសវាង​សង្គ្រាម​ពាណិជ្ជកម្ម។

លោក​បាន​សរសេ​រលើប​ណ្តា​ញ​សង្គម​ទៀតថា “មានការ​ពិភាក្សា​ដ៏​អស្ចារ្យ​ជាមួយ​លោក Donald Trump អំពី​ពន្ធ​ឌីជីថល។ យើង​នឹង​ធ្វើការ​រួមគ្នា​លើ​កិច្ចព្រមព្រៀង​ដ៏​ល្អ​មួយ ដើម្បី​ចៀសវាង​ការដំឡើង​ពន្ធ។

ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​បារាំង​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​កាលពី​ឆ្នាំមុន ដោយ​ភាគី​ទាំងពីរ​បាន​សន្យាថា​នឹង​យកពន្ធ​ជាការ​សងសឹក។

ឯកអគ្គ​រដ្ឋ Robert Lighthizer បាន​ថ្លែង​នៅក្នុង​របាយការណ៍​រប​ស់ USTR បាន​មានប្រសាសន៍ថា “ការសម្រេចចិត្ត​របស់ USTR (តំណាង​ពាណិជ្ជកម្ម​អាមេរិក) នៅថ្ងៃនេះ​ផ្ញើ​សញ្ញា​យ៉ាងច្បាស់​ថា អាមេរិក​នឹង​ចាត់វិធានការ​ប្រឆាំងនឹង​ច្បាប់​ពន្ធ​ឌីជីថល ដែល​រើសអើង ឬ​ដាក់បន្ទុក​មិន​ត្រឹមត្រូវ​លើ​ក្រុមហ៊ុន​អាមេរិក។

លោក​Lighthizer បាន​បន្ថែមថា “តំណាង​ពាណិជ្ជកម្ម​អាមេរិក​ផ្តោតលើ​ការប្រឆាំង​ការកើនឡើង​នៃ​ការ​គាំពារ​និយម របស់​បណ្តា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប ដែល   ផ្តោតលើ​ក្រុមហ៊ុន​អាមេរិក​ដោយ​អយុត្តិធម៌ មិន​ថា​តាមរយៈ​ពន្ធ​សេវាកម្ម​ឌីជីថល ឬ​កិច្ចខិតខំ​ប្រឹងប្រែង​ផ្សេងទៀត ដែល​ផ្តោតលើ​ក្រុមហ៊ុន​សេវាកម្ម​ឌីជីថល ឈានមុខ​របស់​អាមេរិក។

បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក Donald Trump បានប្រកាស​ដំឡើង​ពន្ធ​សហភាព​អឺរ៉ុប​កាលពី​ឆ្នាំមុន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​បារាំង បាន​ប្តេជ្ញា​សងសឹក​ចំពោះ​អ្វី ដែល​លោក​ចាត់ទុកថា ជា​ទណ្ឌកម្ម​ពាណិជ្ជកម្ម។

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​បារាំង​លោក Bruno Le Maire បាន​និយាយ​កាលពី​ខែ តុលា​ឆ្នាំមុន​ថា “យើង​អឺរ៉ុប នឹងធ្វើ​ការដាក់ទណ្ឌកម្ម​ស្រដៀង​គ្នា​នេះ នៅក្នុង​ប៉ុន្មាន​ខែ​ទៀត ប្រហែលជា​រឹតតែ​ពិបាក​ថែមទៀត ក្នុង​ក្របខ័ណ្ឌ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដើម្បី​សងសឹក​ចំពោះ​ទណ្ឌកម្ម​របស់​អាមេរិក​ទាំងនេះ”៕

អាល្លឺម៉ង់​សន្យា​ជំរុញ​អ្នក​ធុរកិច្ច​របស់់ខ្លួន​មក​វិនិយោគ​នៅ​កម្ពុជា

ដោយ​វុត្ថា

ភ្នំពេញៈ លោក​ Christian Berger ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ ទើប​តែងតាំង​ថ្មី បាន​សន្យា​ជួយ​ជំរុញ​ឲ្យ​ពាណិជ្ជករ និង​វិនិយោគិន​អាល្លឺម៉ង់ ងាក​មក​ចាប់អារម្មណ៍​លើ​សក្តានុពល​ពាណិជ្ជកម្ម​របស់​កម្ពុជា។

លោក​ Christian Berger ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ទើប​តែងតាំង​ថ្មី​រូបនេះ​បានបង្ហាញ​ការប្តេជ្ញា​បែបនេះ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៅ​ថ្ងៃទី២១ ខែមករា​ម្សិលមិញ​នេះ ក្នុង​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​រវាង​ប្រទេស​ទាំងពីរ។

លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ក៏បាន​បង្ហាញ​ពី​ការស្វាគមន៍​ការវិនិយោគ​ពី​ប្រទេស​អាល្លឺម៉ង់ និង​ការត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​សម្របសម្រួល​ដល់​កិច្ចសហការ​ជូន​ដល់​អ្នក​វិនិយោគិន​អាល្លឺម៉ង់ ដែលមាន​បំណង​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា។

លោក​រដ្ឋមន្ត្រី​ថា “រាជរដ្ឋាភិបាល​កម្ពុជា​ខិតខំ​ប្រឹងប្រែង ក្នុងការ​សម្របសម្រួល​ពាណិជ្ជកម្ម និង​ការវិនិយោគ​ជូន​ដល់​ពាណិជ្ជករ និង​វិនិយោគិន តាមរយៈ​កំណែទម្រង់​ច្បាប់ និង​បទ​ប្បញ្ញត្តិ ស្ថាប័ន និង​ការកាត់បន្ថយ​ថ្លៃ​ចំណាយផ្សេងៗជាដើម។លោក​បន្តថា “រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ផ្តោតទៅលើ​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ ដើម្បី​ធ្វើ​សមា​រណកម្ម​ចូលទៅក្នុង​ទីផ្សារ​អន្តរជាតិ។

កម្ពុជា​និង​អាល្លឺម៉ង់ មាន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដោយបាន​ផ្តល់ជំនួយ​អភិវឌ្ឍន៍​មក​កម្ពុជា លើ​វិស័យផ្សេងៗរួមមាន​វិស័យ​សុខាភិបាល អប់រំ និង​វិស័យ​មួយចំនួនទៀត ពី​ឆ្នាំ២០១៣ ដល់​ឆ្នាំ២០១៥ មាន​ទឹកប្រាក់​ប្រមាណ​ជា៦៥លាន​ដុល្លារ ហើយ​សម្រាប់​វិស័យ​ដោះមីន​នៅ​កម្ពុជា រដ្ឋាភិបាល​អាល្លឺម៉ង់​បានផ្ដល់​ជំនួយ គិត​ជា​ទឹកប្រាក់​ជាង២៦លាន​ដុល្លារ​គិតពី​ឆ្នាំ១៩៩៤ ដល់​ឆ្នាំ២០១៩។

ដោយឡែក​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អាល្លឺម៉ង់​នៅ​ឆ្នាំ២០១៨កន្លងមក មាន​ទឹកប្រាក់​ប្រមាណ១២០០លាន ដុល្លារ​សហរដ្ឋអាមេរិក។ កម្ពុជា​នាំ​ទំនិញ​ទៅកាន់​ទីផ្សារ​អាល្លឺម៉ង់​ប្រមាណ​ជាង១០០០លាន​ដុល្លារ និង​នាំចូល​ពី​មក​កម្ពុជា​ប្រមាណ​ជាង១០៦លាន​ដុល្លារ។ ក្នុង​រយៈពេល៦ខែ​ដើមឆ្នាំ២០១៩កន្លងមកនេះ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ៥៥០លាន​ដុល្លារ​អាមេរិក។

នៅក្នុង​ចំណោម​ប្រទេស២៨ នៅ​សហភាព​អឺរ៉ុប អាល្លឺម៉ង់​មាន​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ធំជាងគេ បន្ទាប់មក​ចក្រភព​អង់គ្លេស និង​ប្រទេស​បារាំង។ រីឯ​វិស័យ​ទេសចរណ៍​ទេសចរណ៍​រប​ស់មកក​ម្ពុ​ជា ប្រមាណ១០ម៉ឺន​នាក់​ក្នុង១ឆ្នាំ។សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ មាន​ទំនាក់ទំនង​ក​ទូត​ជាមួយ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ១៩៦៧៕