រដ្ឋាភិបាលនឹងបញ្ចប់ការរៀបចំគោលនយោបាយឌីជីថលដើម្បីទាញយកផលប្រយោជន៍ពីបដិវត្តន៍វិស័យឧស្សាហកម្ម

ដោយ ៖ ប៊ី

ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានអះអាងថា ក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ដែលខ្លួនបាននឹងកំពុងសហការ ជាមួយអន្តរក្រសួងគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ការថ្លែងយ៉ាងដូច្នេះរបស់លោករដ្ឋមន្ត្រី ត្រាំ អ៊ឹវតឹក ធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យលោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។

លោករដ្ឋមន្ត្រីបានជម្រាបជូនលោកឯកអគ្គរដ្ឋទូតជប៉ុន អំពីការងារជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការត្រៀមខ្លួនទាញយកផលប្រយោជន៍ពីបដិវត្តន៍ឧស្សា​ហកម្មជំនាន់ទី៤ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

រដ្ឋាភិបាលឌីជីថល គឺជាការប្រើប្រាស់មធ្យោបាយអេឡិកត្រូនិក ដើម្បីគ្រប់គ្រងប្រព័ន្ធការងារ និងមូលដ្ឋាននៃការផ្តល់សេវាឲ្យមានតម្លាភាព មានភាពងាយស្រួល លឿន និងផ្សារភ្ជាប់ទំនាក់ទំនង ជាមួយប្រជាពលរដ្ឋ និងអាជីវកម្មកាន់តែប្រសើរ ព្រមទាំងបង្កើ​នប្រសិទ្ធភាពការងាររាជរដ្ឋាភិបាល តាមរយៈការបង្កើតនិងប្រើប្រាស់រចនាសម្ព័ន្ធឌីជីថលរួម វេទិកាឌីជីថលរួម សេវាកម្មឌីជីថលរួម ដោយឈរលើយន្តការ «បង្កើតម្តងប្រើបានគ្រប់កន្លែង» និងកម្មវិធីពង្រឹងសមត្ថភាពដល់គ្រប់ភាគីពាក់ព័ន្ធ។

លោករដ្ឋមន្ត្រីបន្តថា “ការងារសំខាន់ៗដែលបាននិងកំពុងយកចិត្តទុកដាក់ រួមការរៀបចំក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីល គោលនយោបាយសេដ្ឋកិច្ចឌីជីថល ការការពារសន្តិសុខព័ត៌មានវិទ្យា ពាណិជ្ជកម្មអេឡិចត្រូនិក ការកសាងបទដ្ឋានគតិយុត្តគាំទ្រជាដើម”។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងធ្វើការជាមួយ អន្តរក្រសួងលើការរៀបចំក្របខណ្ឌ គោលនយោបាយរដ្ឋាភិបាលឌីជីថល ដែលគ្រោងនឹងបញ្ចប់ នៅខែមិថុនាឆ្នាំ២០២០ខាងមុខ។ ចេញពីក្របខណ្ឌគោលនយោ​បាយរដ្ឋាភិបាលឌីជីថលនេះ យើងនឹងរៀបចំនូវផែនការមេ និងផែនការវិនិយោគបន្តទៀត។

ទាក់ទងនឹងពាណិជ្ជកម្មអេឡិចត្រូនិក ដែលកំពុងរីកចម្រើនក្នុងប្រទេសកម្ពុជា និងពិភពលោក លោករដ្ឋមន្ត្រី ក៏បានលើកឡើងនូវការខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនប្រៃសណីយ៍ ដើម្បីជួយគាំទ្រដល់វិស័យនេះ ក៏ដូចជាការបង្កើតនូវហត្ថលេខាឌីជីថល ដែលនឹងដើរតួសំខាន់នៅក្នុងពាណិជ្ជអេឡិកត្រូនិកផងដែរ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ត្រាំ អ៊ឹវតឹក បានស្នើដល់ឯកអគ្គរដ្ឋទូតជប៉ុន ក្នុងបន្តជួយគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាលមន្ត្រីរាជការក្រសួង ក៏ដូចជាការគាំទ្រផ្នែកបច្ចេកទេស ដល់ការកសាងគោលនយោបាយ និងបទដ្ឋានគតិយុត្តទាក់ទងនឹងវិស័យប្រៃសណីយ៍ផងដែរ៕

អគ្គនាយកដ្ឋានពន្ឋដារប្រមូលចំណូលបានជិត៣០០០លានដុល្លារចូលក្នុងថវិកាជាតិ

ដោយៈ រ៉ាណេត

ភ្នំពេញៈ នៅក្នុងរយៈពេល១២ខែនៃឆ្នាំ២០១៩កន្លងទៅនេះ លទ្ធផលនៃការប្រមូ​លពន្ធ-អាករគ្រប់ប្រភេទរបស់អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចបានជិត៣០០០លានដុល្លារសហរដ្ឋអាមេរិក។

នៅឆ្នាំ២០១៩ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ) មានចំនួន១១,២៧៧.៣២ ប៊ីលានរៀល (ប្រមាណ២៨១៩.៣៣ លានដុល្លារ) ធៀបនឹងផែនការប្រចាំឆ្នាំ២០១៩ ឃើញថាលទ្ធផលទទួលបានលើសផែនការប្រមាណ២៣.២០% ត្រូវជាប្រមាណ២,១២៣.៦៩ ប៊ីលានរៀល ស្មើនឹងប្រមាណ៥៣០.៩២លានដុល្លារអាមេរិក។

ទំហំទឹកប្រាក់ដែលទទួលបាននៅក្នុងឆ្នាំ២០១៩ខាងលើនេះ បើប្រៀបធៀបនឹង    រយៈពេលដូចគ្នានៃឆ្នាំ២០១៨ ឃើញថាចំណូលពន្ធ-អាករសម្រាប់រយៈពេល១២ខែ ឆ្នាំ២០១៩ កើនឡើងចំនួន២៤៨៥.៩២ប៊ីលានរៀល (ប្រមាណជា ៦២១.៤៨លានដុល្លារអាមេរិក)ស្មើនឹង២៨.២៨%។ នេះបើផ្អែកតាមការប្រកាសក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០១៩ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅសាលាជាតិពន្ធដារ។

លោកគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ឲ្យដឹងថា លទ្ធផលនៃការគ្រប់គ្រងប្រមូល ចំណូលសម្រាប់ឆ្នាំ២០១៩ គឺពិតជាឆ្លុះបញ្ចាំង និងមិនអាចកាត់ផ្តាច់បានពីគុណតម្លៃនៃសន្តិភាព ជាកត្តាចម្បងញ៉ាំងឱ្យមានការវិនិយោគ និងកំណើនសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់ ដែលជាសមិទ្ធផលមិនអាចកាត់ថ្លៃ បានក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកគង់ វិបុល បានបន្ថែមថា ក្នុងឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារ បានដាក់ឱ្យអនុវត្តនូវប្រព័ន្ធអនឡាញ សម្រាប់ការស្នើសុំការបង្វិលសង និងការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម តាមប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែមរបស់អគ្គនាយកដ្ឋានពន្ធដារ(E-VAT Refund) បានបង្កើនប្រសិទ្ធិភាព នៃការគ្រប់គ្រងប្រមូលអាករលើតម្លៃបន្ថែម និងទប់ស្កាត់ការគេចវេះកេងបន្លំប្រាក់ពន្ធ ដែលជាលទ្ធផលក្នុងរយៈពេល១២ខែ ឆ្នាំ២០១៩ ចំណូលអាករលើតម្លៃបន្ថែមកើនឡើង ៣១.០៥% ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ហើយតាមរយៈវិធានការ E-VAT រួមជាមួយវិធានការពន្ធដារសំខាន់ៗផ្សេងៗទៀត បានជំរុញកំណើនពន្ធលើប្រាក់ចំណូលប្រមាណ ២៨.៤៧%, អាករពិសេស៣០.៧២%, ពន្ធប្រថាប់ត្រា៤៣.៧៣%, ពន្ធលើប្រាក់បៀរវត្ស១៨.២១% និងពន្ធលើឈ្នួលដី និងផ្ទះ៦៨.២០% ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨៕

ខេត្តសៀមរាប-ខេត្តអូសាការបស់ជប៉ុន ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទេសចរណ៍

ដោយ ៖ វុត្ថា
ភ្នំពេញ៖ ខេត្តសៀមរាបរបស់ប្រទេសកម្ពុជា និងខេត្តអូសាការបស់ជប៉ុន បានចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍។
ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការត្រូវបានធ្វើឡើងនៅថ្ងៃទី ២១ ខែមករា ម្សិលមិញនេះ នៅក្នុងឱកាសដែលលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានដឹកនាំប្រតិភូរដ្ឋបាលខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយប្រតិភូរដ្ឋបាលខេត្តអូសាកា ដឹកនាំដោយលោក Yoshimura Hirofumi អភិបាលខេត្តអូសាកា។

បើតាមការលើកឡើងរបស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប ឱ្យដឹងថា កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង២ កម្ពុជា-ជប៉ុន និងជម្រុញការផ្សព្វផ្សាយវិស័យទេសចរណ៍ រវាងខេត្តសៀមរាប និងខេត្តអូសាកា ប្រទេសជប៉ុន។ អូសាកាគឺជាខេត្តមួយរបស់ជប៉ុន ដែលមានភាពលេចធ្លោខាងផ្នែកបច្ចេកវិទ្យា និងដំណាំកសិ-ឧស្សហកម្ម ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន កាលពីកន្លងមកនេះ បានជំរុញឱ្យប្រទេសជប៉ុនបង្កើនជើងហោះហើរពីទីក្រុងនានា និងខេត្តដើម្បីហោះត្រង់មកភ្នំពេញនិងខេត្តសៀមរាប។ លោកថា ទេសចរជប៉ុននៅតែជាប្រភពទីផ្សារមួយដ៏សំខាន់ក្នុងវិស័យទេសចរណ៍សម្រាប់កម្ពុជា តួយ៉ាងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនភ្ញៀវទេសចរជប៉ុនបានឈរនៅលំដាប់លេខ៧ ក្នុងចំណោមទីផ្សារសំខាន់ៗ ទាំង១០របស់កម្ពុជា។
នៅរយៈពេល៩ខែ នៃឆ្នាំ២០១៩នេះ ទេសចរបរទេសមកទស្សនាកម្ពុជាជាង ៤.៨លាននាក់ កើនឡើង ១០% ក្នុងនោះទេសចរជប៉ុនមានជិត ១៥ម៉ឺននាក់ កើន២.៨% ធៀបនឹងឆ្នាំ២០១៨។ ឆ្នាំ២០១៨ កម្ពុជាទេសចរជប៉ុនចូលមកកម្ពុជាមានជាង ២១ម៉ឺននាក់ គឺកើនឡើង ៣.៥% ក្នុងចំណោមទេសចរបរទេសសរុបជាង ៦លាននាក់។ ដោយឡែក នៅឆ្នាំ២០១៨នោះ ក៏មានទេសចរកម្ពុជាប្រមាណ ២ម៉ឺននាក់ បានទៅទស្សនាប្រទេសជប៉ុនផងដែរ។
បច្ចុប្បន្នជើងហោះហើរត្រង់របស់ជប៉ុនហោះពីទីក្រុងតូក្យូ ទៅភ្នំពេញ ពីភ្នំពេញទៅតូត្យូ របស់ក្រុមហ៊ុន អល នីបប៉ុន អ៊ែរវ៉េ (All Nippon Airways ) កំពុងដំណើរការយ៉ាងជោគជ័យ៕

កម្ពុជា-ចិន ឯកភាពគ្នារៀបចំព្រឹត្តិការណ៍ធំៗជំរុញកំណើនទេសចរឱ្យកាន់តែប្រសើរ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច និងឯកភាពគ្នាជាមួយថ្នាក់ដឹកនាំរបស់ប្រទេសចិនក្នុងការបង្កើត និងរៀបចំព្រឹត្តិការណ៍ធំៗនៅក្នុងប្រទេសទាំង២ ដើម្បីរឹតបណ្តឹងកិច្ចទំនាក់ទំនង និងបង្កើនកំណើនភ្ញៀវទេសចររវាងប្រទេសទាំង២ឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។

តាមរយៈក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសកម្ពុជា បានឯកភាពគ្នាជាមួយរដ្ឋាភិបាលចិន ដែលតំណាងដោយអភិបាលរងខេត្តហឹណាន លើការបង្កើតឱ្យមានព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ និងកីឡាធំៗ ដើម្បីបង្កើនភាពទាក់ទាញ និងជំរុញកំណើនភ្ញៀវទេសចរបន្ថែមទៀត។

នៅក្នុងដំណើរទស្សនកិច្ចផ្លូវការណ៍ ដែលដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅក្នុងខេត្តហឹណាន ប្រទេសចិន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ម្សិលមិញនេះ បានជួបសវនាការជាមួយលោក ស៊ី លីអ៊ី (Xu Liyi) សមាជិកគណៈកម្មការអចិន្ត្រៃយ៍បក្សកុម្មុយនីស្ដចិនខេត្តហឺណាន និងជាលេខាធិការគណៈកម្មការបក្សក្រុងស៊ិនចូវ (Zhengzhou) និងជួបមួយលោក តាយ ប៉ាយហ័រ (DAI Baihua) អភិបាលរងខេត្តហឺណាន ដើម្បីសុំការគាំទ្រត្រៀមរៀបចំពិធីបិទ «ឆ្នាំទេសចរណ៍ និងវប្បធម៌កម្ពុជា-ចិន» និងពិភាក្សាការងារលើកិច្ចការមួយចំនួនទៀត ដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍ ការទាក់ទាញវិនិយោគប្រកបដោយគុណភាពមកកាន់ប្រទេសកម្ពុជា។

លោក ថោង ខុន បានលើកឡើងថា ដោយមានការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា និងការគាំទ្រពីក្រសួងវប្បធម៌ និងទេសចរណ៍ចិន ភាគីកម្ពុជា-ចិនបានជ្រើសរើសឆ្នាំ២០១៩ ជាឆ្នាំទេសចរណ៍ និងវប្បធម៌រួមគ្នា ដែលបានប្រារព្ធពិធីបើកកាលពីខែមករា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ហើយនឹងរៀបចំពិធីបិទវិញនាខែមេសា ឆ្នាំ២០២០ នៅទីក្រុងស៊ិនចូវ ខេត្តហឺណាន ដែលជាខេត្តមួយដ៏ធំមានប្រជាជនប្រមាណជាង ១០០លាននាក់ និងមានកម្រិតជីវភាពរស់នៅខ្ពស់។ ជាការឆ្លើយតបនឹងសំណើរបស់កម្ពុជា ភាគីចិនបានគាំទ្រកម្ពុជាលើការជំរុញ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក៏ដូចពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់ប្រសើរឡើង ស្របតាមស្មារតីនៃសហគមន៍វាសនារួមនៃប្រជាជាតិកម្ពុជា-ចិន៖

១៖ សហការគាំទ្ររៀបចំកម្មវិធីបិទឆ្នាំទេសចរណ៍ និងវប្បធម៌កម្ពុជា-ចិន ដែលនឹងអាចរៀបចំឡើងនាដើមខែមេសា ឆ្នាំ២០២០ ខាងមុខ។
២៖ គាំទ្រការប្រកាសបើកឲ្យមានមហោស្រពវប្បធម៌ និងទេសចរណ៍កម្ពុជាប្រចាំឆ្នាំនៅខេត្តហឺណាន។
៣៖ សម្របសម្រួលឲ្យមានការហោះហើរត្រង់ នៃក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរ អែរ និងអាកាសចរណ៍កម្ពុជាផ្សេងទៀតឱ្យបើកការហោះហើរត្រង់រវាងកម្ពុជា និងក្រុងស៊ិនចូវឲ្យបានទាន់កម្មវិធីបិទឆ្នាំទេសចរណ៍ និងវប្បធម៌ខាងមុខនេះ។
៤៖ ចំពោះមុខ ភាគីចិននឹងផ្ដល់កិច្ចសហការឲ្យមានការិយាល័យតំណាងទេសចរណ៍កម្ពុជានៅក្រុងស៊ិនចូវ ហើយភាគីចិនគាំទ្រសហការជំរុញគំនិតផ្ដួចផ្ដើមបង្កើតអគ្គកុងស៊ុលកម្ពុជានៅទីក្រុងស៊ិនចូវ។
៥៖ ដោយខេត្តហឺណាន់ជាដើមកំណើតនៃទីតាំងវត្តសាវលីញ ដែលមានការបង្ហាត់បង្រៀនក្បាច់គុនកុងហ៊្វូ វូស៊ូ (Wushu) លោកអភិបាលខេត្តបានសន្យាថានឹងជួយបណ្តុះបណ្តាលកីឡាករ និងគ្រូបង្ហាត់កម្ពុជាផងដែរ។
សូមរំលឹកថា កាលពីឆ្នាំ២០១៩ កម្ពុជាទទួលទេសចរអន្តរជាតិប្រមាណ ៦.៧លាននាក់ ក្នុងកំណើនជាង ៨% ក្នុងនោះទេសចរចិនមានប្រមាណ ២.៥លាននាក់ ក្នុងអត្រាកំណើន ២៥%៕

អ្នកជំនាញៈ កំណើនសេដ្ឋកិច្ចរបស់ពលរដ្ឋកម្ពុជាមិនទាន់ស្របទៅនឹងកំណើនតម្លៃអចលនទ្រព្យ

ដោយវុត្ថា

ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា កំណើនផលិតសរុបក្នុងស្រុក (GDP) របស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ ពុំមានលទ្ធភាពក្នុងារទិញលំនៅឋានសម្រាប់រស់នៅនោះទេ ខណៈតម្លៃលំនៅឋានបានឡើងថ្លៃចន្លោះពី១៥ ទៅ២០ភាគរយក្នុងមួយឆ្នាំៗ ទៅមួយឆ្នាំទៅតាមតំបន់។


អ្នកស្រាវជ្រាវសេដ្ឋកិច្ចកម្ពុជា បានប្រាប់គេហទំpropertyarea.asia លោកបណ្ឌិតហុង វណ្ណៈបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២០កន្លងមកថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៣រហូតមកដល់ពេលនេះ គឺមានសន្ទុះរីកចំរើនខ្លាំង ទាំងវិនិយោគិនបរទេសក៏មានកើនឡើងផងដែរ តែបើនិយាយពីប្រាក់ចំណូលរបស់ពលរដ្ឋ (GDP)នាពេលបច្ចុប្បន្ននេះ គឺមិនទាន់មានលទ្ធភាពខ្លាំងដូចនៅបណ្តាប្រទេសនានានៅក្នុងតំបន់នោះទេ ។

លោកបន្តថា “តែយ៉ាងណាក៏ដោយតម្លៃលំនៅឋាន នឹងនៅទ្រឹងនៅក្នុងតំបន់មួយចំនួន ឬកើនដល់កំរិតកំពូលពិដាន ដើម្បីឱ្យពលរដ្ឋកម្ពុជាមានលទ្ធភាព ក្នុងការបង់រំលោះផ្ទះ ឬទិញផ្ទះ”។ លោកបន្តថា “នៅពេលសេដ្ឋកិច្ចរបស់កម្ពុជា មានកំណើនកាន់តែខ្ពស់តាមការបណ្តាក់ទុនវិយោគពីបរទេស និងកែទម្រងផ្សទេ ហើយពលរដ្ឋយើងមានចំណូលច្រើទៅមុខទៀត នឹងជួយសម្រួលកាន់តែច្រើនដល់យុវជន យើងកាន់តែមានលទ្ធភាពបន្ថែមទៀត”។

លោកបន្តថា តែបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋយើងមួយចំនួនច្រើន បាននឹងកំពុងមានលទ្ធភាពក្នុងការទិញលំនៅឋាន និងអ្នកខ្លះទៀតបានបង់រំលោះផ្ទះ ដោយសារតែមានចំណូលសមរម្យទៅតាមលទ្ធភាព ចំណេះ ជំនាញ និងសមត្ថភាពរបស់ពួកគេ។

លោកចក់ ស៊ីណាត ប្រធានក្រុមហ៊ុន Kraty Realty Co,. Ltd ឱ្យដឹងថា បច្ចុច្បន្ន​នេះ ប្រជាពលរដ្ឋកម្ពុជាមានលទ្ធភាព ក្នុងការទិញលំនៅឋានតាមរយៈការបង់រលោះ តែបង់ទាំងស្រុង មិនមានលទ្ធភាពទាំងអស់នោះទេ។ នេះសំដៅដល់ការអ្នកលទ្ធភាព ដែលធ្វើឱ្យវិស័យអចលនទ្រព្យកាន់តែរីកចំរើន ។

លោកបន្តថា “ប្រជាពលរដ្ឋដែលមានការគិតគូរដិតដល់ គួបផ្សំជាមួយនឹងប្រាក់ចំណូលសមរម្យ នៅពេលទិញលំនៅឋានគឺមិនមានហានិភ័យនោះទេ តែអ្នកមួយចំនួនតូចនៅពេលសម្រេចចិត្តទិញលំនៅឋាន ខណៈដែលខ្លួនមិនទាន់មានលទ្ធភាព ឬប្រាក់ចំណូលសមរម្យនឹងធ្វើឱ្យមានហានិភ័យនាពេលខាងមុខនេះ”។

លោកចក់ ស៊ីណាតបានបន្ថែមថា បើនិយាយពីGDP របស់ប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ននេះ គឺមិនមានលទ្ធភាពក្នុងការទិញលំនៅឋាននោះទេ វាមិនដូចនៅស្រុកគេនោះទេ។ កំណើនវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា កើនឡើងដោយសារកំណើននៃការវិនិយោគមកពីក្រៅស្រុកកើនឡើង។

អ្នកស្រីតាំងហួរ នាយិកា ក្រុមហ៊ុន អចលនទ្រព្យ Amatak Property Service ឱ្យដឹងដែរថា វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ គឺមានសន្ទុះមានការរីកចំរើន ស្ទើតែគ្រប់ទីកន្លែងទាំងដីធ្លី និងលំនៅឋាន និងនៅតែបន្តមានការរីកចំរើនទៅមុខនទៀត តែបើនិយាយពីកំណើនតម្លៃនេះ និងកំណើនGDP របស់ពលរដ្ឋកម្ពុជាវិញ ហាក់មានគំលាតគ្នាឆ្ងាយ។

អ្នកស្រីបន្តថា “កំណើនGDP និងកំណើនវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា គឺមានគំលាតគ្នាឆ្ងាយ តែបើកំណើនទាំងពីរមានភាពប្រហាក់ប្រហែលគ្នា កាន់តែល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា”។

លោកម៉េត វីរៈ អ្នកធ្វើការក្រុមហ៊ុនឯកជនមួយនៅក្នុងទីក្រុងភ្នំពេញ បានឱ្យដឹងដែរថា ប្រាក់ចំណូលរបស់ពលរដ្ឋកម្ពុជាមួយចំនួន មិនទាន់មានលទ្ធភាពទិញលំនៅឋាននោះទេ បើទោះបីមានការអនុញ្ញាតឱ្យបង់រំលោះក្តី ដោយសារតែចំនូលនៃការបង់រំលោះគឺមានកំរិតខ្ពស់ ចាប់ពី៣០០ ទៅ៥០០ ក្នុងមួយខែ។

លោកបន្តថា កំណើននៃតម្លៃលំនៅឋានពីមួយឆ្នាំ ទៅមួយឆ្នាំ គឺហាក់ធ្វើឱ្យប៉ះពាល់ដល់ចំណូលរបស់ពលរដ្ឋកម្ពុជា ខណៈការចំណាយប្រចាំថ្ងៃក៏មានតម្លៃខ្ពស់។ លោកថា ចំណូលប្រចំាខែរបស់ពលរដ្ឋ មានប្រមាណ៨៥០ ទៅ១៥០០ដុល្លារអាមេរិក ក្នុងមួយខែ (បូកបញ្ចូល ២)ទើបមានលទ្ធភាពបង់រំលោះលំនៅឋាន។

យោងតាមរបាយការណ៍របស់រដ្ឋាភិបាលកម្ពុជាបានបង្ហាញថា កម្ពុជាសម្រេចបានកំណើនខ្ពស់ប្រមាណ ៧% ក្នុងបរិការណ៍អតិផរណាទាប អត្រាប្តូរប្រាក់មានស្ថិរភាព និងទុនបម្រុងអន្តរជាតិបន្តកើនឡើង។ សម្រាប់ កំណើននៃផលិតផលក្នុងស្រុកសរុបជាមធ្យ​មសម្រាប់មនុស្សម្នាក់ ប្រមាណពី១.៥៤៨ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ១.៦៧៩ ដុល្លារអាមេរិកក្នុងឆ្នាំ២០១៩៕

អាជ្ញាធរខេត្តកំពង់ស្ពឺស្នើសុំវិស័យឯកជនចូលរួមអភិវឌ្ឍន៍ភ្នំឳរ៉ាល់ដែលជាភ្នំខ្ពស់ជាងគេនៅកម្ពុជា

ដោយៈ រ៉ាណេត

កំពង់ស្ពឺៈ ឱរ៉ាល់ដែលជាភ្នំខ្ពស់ជាងគេនៅកម្ពុជា មានកំពស់រហូតដល់១៨១៣ម៉ែត្រ ត្រូវបានអាជ្ញាធរខេត្តកំពង់ស្ពឺ ស្នើសុំឲ្យមានការចូលរួមវិនិយោគពីវិស័យឯកជន ខណៈភ្នំនេះពោរពេញទៅដោយសម្រស់ធម្មជាតិយ៉ាងត្រកាល។

ភ្នំឱរ៉ាល់ ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានជាប់នៅក្នុងកំណត់ត្រាភ្នំដែលខ្ពស់ជាងគេ១ក្នុងចំណោម១០ប្រចាំនៅក្នុងតំបន់អាស៊ី ដែលមានកម្ពស់រហូតដល់ ១៨១៣ ម៉ែត្រ និងមានភាពទាក់ទាញទៅលើវិស័យទេសចរណ៍ធម្មជាតិ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានទទួលស្គាល់ពីភាពទាក់ទាញ និងសក្ដានុពលរបស់ភ្នំឱរ៉ាល់ ហើយក្នុងស្ថិតនៅក្នុងគម្រោងរបស់រដ្ឋបាលខេត្ត ដែលនឹងធ្វើការអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍កម្សាន្តបែបធម្មជាតិផងដែរ។

លោក វ៉ី សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ កាលពីដើមសប្ដាហ៍នេះថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពុងតែធ្វើការសិក្សា ស្វែងយល់ពីសក្ដានុពលនៅក្នុងវិស័យទេសចរណ៍ជាជំហ៊ានដំបូង ដោយមានមន្ត្រីជំនាញរបស់ខេត្តមួយក្រុង ចុះធ្វើការបានមួយដំណាក់កាលរួចហើយ។

លោកបានបន្តថា “មុនពេលធ្វើការវិនិយោគ យើងត្រូវតែមានការសិក្សាឱ្យបានលម្អិតទៅលើភាពល្អប្រសើរនៃតំបន់ និងភាពរងផលប៉ះពាល់ពីការអភិវឌ្ឍ ដើម្បីមានវិធានការការពារ ចៀសវាងមានការកាប់ទន្ទ្រានយកដីតំបន់គម្របព្រៃឈើ ក៏ដូចជាតំបន់ពាក់ព័ន្ធដែលអាចនឹងក្លាយជាបញ្ហាធំ”។

លោកអភិបាលខេត្តបានបន្តទៀតថា “ខ្ញុំនឹងទៅពិនិត្យ និងសិក្សាដោយខ្លួនឯងផ្ទា​ល់រយៈពេល៣ថ្ងៃ ហើយក៏កំពុងតែស្វែងរកសប្បុរសជនចូលរួមជួយកសាងផ្លូវ និងជណ្ដើ​រឡើងផងដែរ”។ លោកបានបញ្ជាក់ទៀតថា “ការអភិវឌ្ឍតំបន់ជុំវិញ និងភ្នំឱរ៉ាល់ឱ្យទៅជាកន្លែងកម្សាន្តបែបធម្មជាតិ គឺត្រូវពឹងផ្អែកលើវិស័យឯកជនជាចម្បង ដែលក្រៅពីអាចលើកកម្ពស់សោភ័ណភាពតំបន់ អាចបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចខេត្ត ថែមទាំងអាចជួយបង្កើតជាផលិតផលទេសចរណ៍ថ្មីផងដែរ។

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា លោក ធួន ស៊ីណាន បានបង្ហាញពីក្ដីបារម្ភ ទៅលើការបាត់បង់នូវសម្បត្តិធនធានធម្មជាតិ ដែលមាននៅតំបន់នេះ។

លោកបានបញ្ជាក់ថា “ប្រសិនបើការអភិវឌ្ឍត្រូវបានធ្វើឡើង ស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល គឺជារឿងល្អបំផុត ប៉ុន្តែខ្ញុំបារម្ភខ្លាចការអភិវឌ្ឍត្រូវបានធ្វើឡើងដោយភាពមិនស្មោះត្រង់ ដើម្បីប្រយោជន៍បុគ្គល”។ លោកថា “គម្រោងអភិវឌ្ឍន៍ខ្លះ គ្រាន់តែប្រកាសធ្វើជារូបភាពបិទបាំងផលប្រយោជន៍តែប៉ុណ្ណោះ ។ គ្រាន់តែធ្លាយគម្រោ​ងអភិវឌ្ឍនៅតំបន់ភ្នំនេះ ខ្ញុំជឿថាមានមនុស្ស និងឈ្មួញរកស៊ីដីមិនតិចនាក់នោះទេ បានធ្វើសកម្មភាពទិញ លក់ដីរួចទៅហើយ”។

លោកបានបញ្ជាក់ថា លោកគិតថា មិនចាំបាច់ធ្វើការអភិវឌ្ឍឱ្យទូលំទូលាយនៅតំបន់ភ្នំមួយនេះនោះទេ។ ប្រសិនបើចង់បង្កើតផលិតផលទេសចរណ៍ថ្មី ដែលទាញយកប្រយោជន៍ពីភ្នំឱរ៉ាល់ រដ្ឋាភិបាលគ្រាន់តែកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាជណ្ដើរឡើង ផ្លូវសម្រាប់ធ្វើដំណើរឡើងភ្នំ ជាពិសេសបង្រៀន និងអប់រំប្រជាពលរដ្ឋនៅក្នុងតំបន់ឱ្យចេះពីរបៀបលក់សេវាកម្មទេសចរណ៍ ឱ្យមានល្អក្នុងរូបភាពជាសហគមន៍ ដើម្បីធ្វើយ៉ាងណាឱ្យបង្កើនគុណភាពសេវាកម្ម ដែលទាំងអស់នេះសុទ្ធតែជារឿងចាំបាច់ក្នុងធ្វើ៕

សេដ្ឋកិច្ចពិភពលោកនឹងស្ទុះងើបឡើងវិញ បន្ទាប់ពីបានដាំក្បាលចុះនៅឆ្នាំ២០១៩

ដោយ Donald Lee

ភ្នំពេញៈ សេដ្ឋកិច្ចពិភពលោកនឹងមានការស្ទុះងើបឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះនៅចុងឆ្នាំ២០១៩ ដោយសារភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន និងកំណើនផលិតផល ក្នុងស្រុកសរុបធ្លាក់ចុះនៅទូទាំងពិភពលោក។ នេះបើយោងតាមរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)


ស្ថាបន័នផ្តល់ប្រាក់ក ម្ចីដែលមានមូលដ្ឋាននៅអាមេរិកនេះ បានឱ្យដឹងនៅក្នុងចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកថ្មីរបស់ខ្លួនថា នៅផ្នែកវិជ្ជមាន ស្ថានភាពទីផ្សារត្រូវបានជំរុញដោយសញ្ញាបណ្តោះអាសន្ន ដែលសកម្មភាពផលិតកម្ម និងពាណិជ្ជកម្មពិភពលោកកំពុងថមថយ។ ការផ្លាស់ប្តូរដ៏ធំទូលាយមួយ ឆ្ពោះទៅរកគោលនយោបាយរូបិយវត្ថុ ការផ្តល់ព័ត៌មានមិនប្រាកដប្រជាស្តីពី ការចរចាពាណិជ្ជកម្មរវាងអាមេរិក និងចិន និងការថយចុះនូវការភ័យខ្លាចអំពីបញ្ហានេះ

ទោះយ៉ាងណាIMF បានទម្លាក់ការព្យាករណ៍កំណើន សេដ្ឋកិច្ចពិភពលោករបស់ខ្លួនបន្តិច ដោយសារតែការតស៊ូរបស់ឥណ្ឌាជាមួយនឹងឱនភាពថវិកា និងការធ្លាក់ចុះនៃការវិនិយោគ។

IMFបានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើងពី២,៩ភាគរយ ក្នុងឆ្នាំ ២០១៩ ដល់៣, ភាគរយនៅឆ្នាំ២០២០ និង៣, ភាគរយសម្រាប់ឆ្នាំ ២០២១។


ប្រធាន
IMF លោកស្រី Kristalina Georgievaបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងដាវ៉ូសថា បន្ទាប់ពីការធ្លាក់ចុះរួមក្នុងឆ្នាំ២០១៩ យើងរំពឹងថា កំណើនសេដ្ឋកិច្ចសកលនឹងកើនឡើងនៅឆ្នាំនេះ និងឆ្នាំក្រោយ

ឧបនាយករដ្ឋមន្ត្រីចិនលោក Liu He និងប្រធានាធិបតីអាមេរិក Donald Trump បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងចិននៅថ្ងៃពុធ កន្លងមកនេះ ដោយបញ្ចប់ការកើនឡើងនូវសង្គ្រាមពាណិជ្ជកម្ម ដែលមានរយៈពេលជិត២២ ខែដែលបានគំរាមកំហែងដល់សេដ្ឋកិច្ចសកល៕

តើគួរវិនិយោគដីធ្លីយ៉ាងដូចម្តេចដើម្បីបានចំណេញច្រើន

ដោយស៊ីវ ម៉េង

ភ្នំពេញៈ តើអ្នកមានបំណងវិនិយោគលើដីធ្លីដែរឬទេ? មានប្រាក់ច្រើនកម្រិតណា​? គេហទំព័រPropertyarea.asia បាននាំយកចំណេះដឹងពីអ្នកជំនាញ ដើម្បីធ្វើជាមូល ដ្ឋានយកមកគិតពិចារណា និងវិភាគថាគួរវិនិយោគដីធ្លីនៅទីណា កន្លែងណាដែលទទួលបានប្រាក់ចំណេញច្រើននិងឆាប់រហ័ស។

ទិញដីក្នុងគោលបំណងអ្វី?

តើអ្នកមានបំណងទិញដី ដើម្បីទុកលក់យកប្រាក់ចំណេញ ឬទុកសាងសង់សំណង់នានា? លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងអគ្គនាយកក្រុមហ៊ុនKhmer Real Estate និងKW Cambodiaបានមានប្រសាសន៍ឲ្យដឹងថា ប្រសិនជាលោក អ្នកចង់ទិញដីដើម្បីសាងសង់ខុនដូ សាងសង់អាគារការិយាល័យ ឬសម្រាប់សាងសង់សណ្ឋាគារ សូមទិញដីនៅក្នុងខ័ណ្ឌចំការមន។

ប្រសិនជាចង់ទិញដីទុកលក់យកប្រាក់ចំណេញ រយៈពេលបីឆ្នាំខាងមុខ គួរទិញ​​​នៅតំបន់ទួលគោក និងតំបន់ភ្នំពេញថ្មី ប៉ុន្តែបើទិញដីដែលមានចម្ងាយពី៧ទៅ១០គីឡូ​ម៉ែត្រពីទីក្រុង ពួកគេត្រូវរង់ចាំដល់៧ឆ្នាំទើបចំណេញបាន។ បើទិញចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីទីក្រុង គឺពួកគេអាចទទួលបានផលចំណេញនៅរយៈពេល១០ឆ្នាំក្រោយ។

ការទិញដីធ្លីជាការវិនិយោគត្រឹមត្រូវ និងមិនត្រឹមត្រូវ
លោកឧកញ៉ាគីម ហ៊ាងបានថ្លែងថា ការវិនិយោគដីធ្លី ជាការវិនិយោគដ៏ត្រឹមត្រូវ ប្រ​សិនជាលោក អ្នកសល់លុយដោយខ្លួនឯង មិនដឹងយកទៅវិនិយោគអ្វី ប៉ុន្តែប្រសិនជា​យកលុយបង្វិល ឬយកលុយពីធនាគារដើម្បីទិញដីវិនិយោគ អ្នកជំនាញរូបនេះបាន​និយាយថា “កុំអី” ព្រោះអ្នកខ្លះគិតថា ការប្រាក់ធនាគារ១ឆ្នាំ៨ភាគរយ ហើយដីឡើងថ្លៃ២០ភាគរយក្នុងមួយឆ្នាំ គឺអាចខ្ចីឥណទានពីធនាគារយកមកទិញបាន ប៉ុន្តែវាជា​ការយល់ច្រឡំ ព្រោះដីមិនងាយលក់ភ្លាមៗនោះទេ និងអាចមានភាពជាប់គាំងរយៈពេលពីរឬបីឆ្នាំ ពោលគឺត្រូវការពេលវេលា។

តំបន់ណាចំណេញលឿនជាងគេ

ការទិញដីដែលទទួលបានផលចំណេញលឿនជាងគេ គឺទិញនៅក្នុងខ័ណ្ឌសែន​សុខ ដង្កោ និងខ័ណ្ឌពោធិសែនជ័យ ពិសេសតំបន់ទួលគោក និងភ្នំពេញថ្មី ដោយសារ​តំបន់នេះដីនឹងឡើងថ្លៃទ្វេរដងនៅរយៈពេលពីរ ឬបីឆ្នាំខាងមុខនេះ។

ការវិនិយោគដីធ្លីមិនសុទ្ឋជាជម្រើសល្អ

ការវិនិយោគលើវិស័យដីធ្លី មិនសុទ្ឋតែជាជម្រើសល្អនោះទេ ព្រោះក្នុងវិស័យ​សំណ​ង់ និងអចលនទ្រព្យមានវិស័យផ្សេងៗទៀត ដែលអាចប្រមូលប្រាក់បានលឿនជាងវិស័យដីធ្លី។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានថ្លែងថា ប្រសិនជាអ្នកមានអាយុ៥០ឆ្នាំ ជាពេលដល់អាយុជិតចូល​និវត្តន៍ មិនគួរវិនិយោគលើវិស័យដីធ្លីនោះទេ គឺគួរទិញខុនដូ ទិញដីសាងសង់ផ្ទះជួល ឬទិញ​ផ្ទះល្វែងសម្រាប់ជួល ដែលអាចបានប្រាក់ភ្លាមៗត្រលប់មកវិញ។

ផ្ទុយទៅវិញប្រ​សិនជាលោក អ្នកមានអាយុចន្លោះពី៣០ទៅ៤០ឆ្នាំ គួរវិនិយោគលើវិស័យដីធ្លី ព្រោះ​ទិញដីមានផលចំណេញខ្ពស់ និងជាវ័យដែលលោក អ្នកកំពុងរកលុយបានច្រើន។

តើមានលុយអ្នកប៉ុន្មាន?

តើលោក អ្នកមានប្រាក់ប៉ុន្មាន មានស្ថានភាពជីវិតយ៉ាងដូចម្តេច? ព្រោះការ​សម្រេចចិត្តក្នុងលក្ខខ័ណ្ឌនេះ មានសារៈសំខាន់ មុនធ្វើការវិនិយោគក្នុងវិស័យនេះ។

ការវិនិយោគលើវិស័យអ្វីមួយ ក៏គួរមានលក្ខខ័ណ្ឌជាក់លាក់ទាក់ទងនឹង ចំនួនទុនវិនិយោគ លក្ខខ័ណ្ឌការងារ លក្ខខ័ណ្ឌជីវិតជាដើម ដោយលោកបានថ្លែងថា ប្រសិនជាអ្នកទើបរៀបការ ហើយសល់លុយ១០ម៉ឺនដុល្លារ គួរទិញផ្ទះសម្រាប់ស្នាក់នៅសិន ប្រសិនជាមានផ្ទះ ហើយសល់លុយគួរទិញដីទុក ហើយប្រសិនជាមានផ្ទះ​ស្នាក់នៅ និងមានដីរួចហើយ គួរទិញខុនដូ ព្រោះខុនដូជាវិស័យថ្មីមួយ ដែលកំពុងមានការពេញ​និយម និងបង្ហាញពីភាពស៊ីវិល័យ៕

ក្រុមហ៊ុនក្នុងតំបន់មួយគ្រោងពង្រីកការវិនិយោគលើការគ្រប់គ្រងសំណល់នៅកម្ពុជា

ដោយ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុនRecyGlo ដែលជាក្រុមហ៊ុនគ្រប់គ្រងកាកសំណល់ (សំរាម) និងវិភាគទិន្នន័យ និងមានមូលដ្ឋាននៅទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា កំពុងស្ថិតក្នុងដំណាក់កាលជឿនលឿន នៃការបង្កើនមូលធនវិនិយោគចំនួន៩០ម៉ឺនដុល្លារ ដើម្បីពង្រីកទីផ្សារដែលមានស្រាប់ និងឈានទៅរកទីផ្សារថ្មី ដូចជាកម្ពុជា ឥណ្ឌូនេស៊ី និងសឹង្ហបូរី។

លោក Okka Phyo Maung សហស្ថាបនិកក្រុមហ៊ុនបានឱ្យគេហទំព័រ e27 ឲ្យដឹងថា “យើងចាប់ផ្តើមរកប្រាក់ចំណូលពីថ្ងៃទីមួយ ហើយ៩០ភាគរយនៃកិច្ចសន្យារបស់យើងគឺជាការទូទាត់ជាមុន”។ លោកបន្តថា “ទោះយ៉ាងណាយើងនៅតែត្រូវរៃអង្គាសប្រាក់សម្រាប់ការអភិវឌ្ឍផលិតផលឱ្យកាន់តែប្រសើរ ក្រុមបច្ចេកវិទ្យាកាន់តែខ្លាំង និងពង្រីកទៅក្នុងតំបន់ភូមិសាស្ត្រជាច្រើននៅក្នុងអាស៊ាន”។

ចំពោះការពង្រីកភូមិសាស្ត្រវិនិយោគរបស់ខ្លួន ក្រុមហ៊ុនកំពុងសម្លឹងមើលទីផ្សារដូចជាឥណ្ឌូនេស៊ី សឹង្ហបូរី និងកម្ពុជា។

លោក Maung បានថ្លែងថា “ឥឡូវយើងកំពុងកំណត់គោលដៅឥណ្ឌូនេស៊ី និងកម្ពុជា ខណៈពេលដែលកំពុងរីកចម្រើននៅទីផ្សារម៉ាឡេស៊ី និងសឹង្ហបូរី ហើយមានផែនការពង្រីកយ៉ាងសកម្ម”។លោកបន្តថា “ផលិតផលរបស់យើងបានត្រៀមរួចរាល់ហើយ ហើយយើងអាចប្រើប្រាស់មូលដ្ឋានអតិថិជន ដែលមានស្រាប់នៃអង្គការអន្តរជាតិអង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនក្នុងតំបន់ដំបូង និងទៅរកទីផ្សារSME និងទីផ្សារអ្នកប្រើប្រាស់”។

ដោយបង្កើតឡើងក្នុងឆ្នាំ២០១៧ លោកMaung និងលោកShwe Yamin Oo (នាយកប្រតិបត្តិ) ផ្តល់ជូននូវដំណោះស្រាយកែច្នៃបរិស្ថាន ដែលមិនប៉ះពាល់ដល់បរិស្ថានដល់សហគ្រាសនៅប្រទេសមីយ៉ាន់ម៉ា និងម៉ាឡេស៊ី។

សេវាកម្មរបស់វារួមមានការធ្វើសវនកម្មកាកសំណល់ដំបូង ការបែងចែកការបែងចែក និងការយល់ដឹង ការបង្កើតធុងសំរាមការបែងចែក ការរើសសំរាម និងការប្រមូលសំរាម លក្ខណៈសំរាម និងការវិភាគ និងការដឹកទៅកាន់រោងចក្រកែឆ្នៃ។ ក្រុមហ៊ុនក៏ផ្តល់របាយការណ៍សម្រាប់ទិន្នន័យសំរាម និងផ្ទាំងព័ត៌មានតាមInternet ម្រាប់អតិថិជនផងដែរ។

ក្រុមហ៊ុន RecyGlo ជាផ្នែកមួយនៃកម្មវិធីបង្កើនល្បឿនជាច្រើន ដូចជាគម្រោងការពន្លឿនអាស៊ីនៅសឹង្ហបូរី និងកម្មវិធីបង្កើនល្បឿនមហាសមុទ្រ Katapult នៅប្រទេសន័រវេ។ នៅក្នុងខែ កុម្ភៈ ក្រុមហ៊ុនបានទទួលការវិនិយោគ១៥ម៉ឺនដុល្លារ ជាផ្នែកមួយនៃកម្មវិធី Katapult ។ គម្រោងការពន្លឿនអាស៊ីក៏បានវិនិយោគជាផ្នែកមួយនៃកម្មវិធីនេះដែរ៕

នៅពីក្រោយភាពជាប់គាំងនៃគម្រោងD I Riviera ជាមួយតម្លៃទុនវិនិយោគ៧០០ លានដុល្លារនៅទីក្រុងកោះពេជ្រ

ដោយស៊ីវ ម៉េង

ភ្នំពេញៈ គំរោងអភិវឌ្ឍន៍ចម្រុះរួមមានលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម D. I Riviera ដែលស្ថិតនៅលើទីក្រុងកោះពេជ្របានជាប់គាំង អស់រយៈពេលជាង១ឆ្នាំមកហើយ ដែលធ្វើឲ្យវាក្លាយជានិមិត្តរូបមិនល្អ សំរាប់ទីក្រុងនេះ។

តើអ្វីជាមូលហេតុនៅពីក្រោយការជាប់គាំងគំរោងវិនិយោគ ដែលបានប្រកាសជាលើកដំបូងជាមួយទុន៧០០លានដុល្លារនេះ?។

យោងតាមប្រភពអ្នកវិនិយោគ ដែលធ្វើការជិតស្និទ្ឋជាមួយអ្នកវិនិយោគគម្រោងនេះបានបង្ហើបឲ្យដឹងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា គំរោងនេះពិតជាបានជាប់គាំង ដោយសារដើមឡើយ ម្ចាស់គំរោងនេះបានសាងសង់ខុនដូ ដែលមានទំហំធំៗនៃយូនីតនិមួយៗ ដែលធ្វើឲ្យតម្លៃយូនីតខុនដូក្នុងគំរោងនេះពិបាកលក់ ឬពិបាកស្វែងរកអ្នកទិញ។ ដោយសារបញ្ហានេះ បានធ្វើឲ្យអ្នកវិនិយោគបានធ្វើការកែលំអរគំរោងនេះ(Renovated) ជាថ្មី ដោយកែជាបន្ទប់តូចៗវិញ ដើម្បីងាយស្រួលលក់។

ប្រភពដដែលបានបន្តថា “ការកែចុះកែឡើងនៃអាគារមួយ មិនមែនជារឿងសាមញ្ញនោះទេ នៅពេលរចនាសម្ព័ន្ឋអាគារនោះ ត្រូវបានសាងសង់ជិតរួចទៅហើយនោះ”។ លោកបន្តថា “ជាមួយនឹងបញ្ហាទាក់ទងនឹងបច្ចេកទេសនេះ ថ្នាក់ដឹកនាំក្រុមហ៊ុនGREEN LAND Group ក៏មានជម្លោះផ្ទៃក្នុងនឹងគ្នាផងដែរ ដែលបញ្ហានេះបានបន្តជាប់ទាក់ទងដល់ធនាគារកាណាឌីយ៉ា ដែលជាអ្នកផ្តល់់ឥណទានដល់គំរោងនេះផងដែរ”។

អ្នកវិនិយោគរូបនោះបានបន្តថា លោកគិតថាបញ្ហានេះមិនងាយដោះស្រាយបាន​នោះទេ ហើយដំណោះស្រាយជានាពេលអនាគត មានតែធនាគារកាណាឌីយ៉ាទិញយកអាគារនេះវិញ ទើបគំរោងនេះអាចដើរទៅមុខបាន។

គំរោងD. I RIVIERAជាគំរោងមួយ ដែលមានការរចនាយ៉ាងពិសេស ដោយគំរោងនេះមានអាគារចំនួន៥ ក្នុងនោះអាគារមុខចំនួ​ន២មានកំពស់២៨ជាន់ និងអាគារចំនួន៣ទៀតមានកំពស់៣៨ជាន់ ដោយមានការរចនាអាងងូតទឹកនៅខាងលើដំបូលប្រវែងជាង២០០ម៉ែត្រ ប៉ុន្តែជាក់ស្តែងរហូតមកទល់ពេលនេះ ការសាងសង់អាគារកំពស់៣៨ជាន់បានធ្វើឡើងតែ២អាគារប៉ុណ្ណោះ នៅសល់អាគារ១ទៀតមិនទាន់សាងសង់នៅឡើយទេ។

គម្រោងដ៏ធំនេះក៏មានផ្សារទំនើបនៅចំកណ្តាល ហើយផ្សារទំនើបនេះក៏មានភាពជាប់គាំងផងដែររហូតមកទល់ពេលនេះ។
លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCICបានមានប្រសាសន៍ថា លោកមិនមានព៌តមានលំអិតទាក់ទងនឹងគំរោងនេះនៅឡើយទេ។