រដ្ឋាភិបាល​កម្ពុជា​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ជនបរទេស​ ដែល​ថត​វីដេអូ​បង្ហោះ​បំភ័យ​ភ្ញៀវ​ទេសចរ​មិន​ឲ្យ​មក​កម្ពុជា​

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ លោក​ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ Fresh​ News​ នៅ​ថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ថា​ បន្ទាប់ពី​មាន​បុរស​ជនជាតិ​បរទេស​ ដែល​បាន​បង្ហោះ​វីដេអូ​ឲ្យ​ភ្ញៀវ​បរទេស​ មកលេង​កម្ពុជា​ ដែល​ប៉ះពាល់​កិត្តិយស​ និង​គោលដៅ​ទេសចរណ៍​កម្ពុជា​ ក្រសួងទេសចរណ៍​បាន​បើក​កិច្ចប្រជុំ​មួយ​ ជាមួយ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​ ក្រសួងមហាផ្ទៃ​ និង​ក្រុម​មេធាវី​ផង​ដែរ​ ដើម្បី​រក​វិធី​ចាត់ការ​ចំពោះ​ជនបរទេស​ដ៏​គម្រក់​ម្នាក់​នោះ​។

ក្រៅពី​ចាត់វិធានការ​លើ​ជនបរទេស​រូប​នោះ​ ក្រសួងទេសចរណ៍​ គ្រោង​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​ក្រុមហ៊ុន​ Google​ និង​ក្រុមហ៊ុន​ Facebook​ ដើម្បី​ស្នើសុំ​ឲ្យ​លុប​វិ​ដេ​អូ​នោះ​ចោល​។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​ «ក្រសួងទេសចរណ៍​បានសម្រេច​ស្នើ​ ទៅ​ក្រសួងមហាផ្ទៃ​ ដើម្បី​បិទ​ទិដ្ឋាការ​ជនបរទេស​រូប​នោះ​ មិន​ឲ្យ​ចូល​មក​កម្ពុជា​ជាអចិន្ត្រៃយ៍​តែម្តង​ ដែល​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ បាន​ឯកភាព​តាម​សំណើ​របស់ក្រ​សួង​ហើយ​”។ លោក​បន្ត​ថា​ “ក្រសួងទេសចរណ៍​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រុមហ៊ុន​ Google​ និង​ Facebook​ ដើម្បី​ស្នើសុំ​ឲ្យ​លុប​វីដេអូ​ដែល​ជនបរទេស​រូប​នោះ​បាន​បង្ហោះ​”។

លោក​បាន​បញ្ជាក់​ថា​ ចំពោះ​វីដេអូ​របស់​ជនបរទេស​រូប​នោះ​ ក្រសួងទេសចរណ៍​នឹង​រៀបចំ​សំណើ​ ទៅកាន់​ក្រសួង​ការបរទេស​ និង​កិច្ច​ហស​ប្រតិបត្តិ​ការអន្តរជាតិ​ ដើម្បី​ចាត់ការ​លើ​ជនបរទេស​ដ៏​គំរក់​រូប​នោះ​បន្ថែម​ទៀត​។

លោក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​បន្ថែម​ថា​ ការ​ចាត់វិធានការ​លើ​ជនបរទេស​រូប​នោះ​ ធ្វើឡើង​ស្របតាម​ច្បាប់​ស្តី​ពី​ទេសចរណ៍​ មាត្រា៥០​ និង​មាត្រា៦៨​ ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ ក្នុង​នោះ​អគ្គនាយករង​នៃ​អគ្គនាយក​ដ្ឋាន​ អន្តោ​រប្រ​វេស​ន៍​ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​បាន​ក៏បាន​អះអាង​ថា​ ទង្វើ​របស់​ជនបរទេស​រូប​នោះ​ក៏​ល្មើសច្បាប់​របស់​កម្ពុជា​ស្តី​ពី​ការគ្រប់គ្រង​ជនបរទេស​ មិនមែន​អន្តោប្រវេសន៍​ផង​ដែរ​ ដូច្នេះ​រាជរដ្ឋាភិបាល​អាច​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ និង​បិទ​ទិដ្ឋាការ​ជនបរទេស​រូប​នោះ​ មិន​ឲ្យ​ចូល​មក​កម្ពុជា​ជាអចិន្ត្រៃយ៍​។

កាលពី​ពេល​ថ្មី​ៗនេះ​ មាន​ជនបរទេស​ម្នាក់​ ដែល​អះអាង​ថា​ ជា​ជនជាតិ​អ៊ីរ៉ង់​ រស់​នៅ​ប្រទេស​ហូ​ឡង់​ មាន​ YouTube​ ឈ្មោះថា​ «James​ FT​» បាន​ថត​វីដេអូ​នៅកន្លែង​មួយចំនួន​របស់​កម្ពុជា​ បង្ហោះ​ក្នុង​ន័យ​បំភ័យ​ភ្ញៀវ​ទេសចរ​ មិន​ឲ្យ​មកលេង​កម្ពុជា​ ដោយ​រូបគេ​ក៏បាន​និយាយ​ក្នុង​វីដេអូ​នោះ​ ពាក់ព័ន្ធ​នឹង​កិ​តិ្ត​យស​ និង​គោលដៅ​ទេសចរណ៍​ កម្ពុជា​ ។

បន្ទាប់ពី​មានការ​បង្ហោះ​នេះ​ ទាំង​វិស័យ​ឯកជន​ផ្នែក​ទេសចរណ៍​ មន្ត្រី​រាជរដ្ឋាភិបាល​ និង​ប្រជាពលរដ្ឋ​ បាន​ប្រតិកម្ម​ថ្កោលទោស​ ចំពោះ​ទង្វើ​ដ៏​គម្រក់​នេះ​ និង​ស្នើ​ឲ្យ​សមត្ថកិច្ច​ ចាត់វិធានការ​ចំពោះ​ជនបរទេស​រូប​នោះ​ផង​ដែរ​៕

https://www.youtube.com/watch?v=4dmKZs-3va8

ក្រុមហ៊ុន​ Huawei​ ជិត​ក្លាយជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​លំដាប់​លេខមួយ​នៅ​លើ​ពិភពលោក​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ការប្រកួត​ប្រជែង​ដណ្តើម​យក​ លំដាប់​ទូរស័ព្ទ​ស្មា​តហ្វូ​នកំ​ពូល​ៗនៅ​លើ​ពិភពលោក​កំពុង​ចាប់ផ្តើម​ក្តៅ​ ខណៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា ​Huawei​ កំពុង​ខិត​ជិតដល់​លំដាប់​ចំណាត់​របស់​ក្រុមហ៊ុន​ផលិត​ គ្រឿង​អេឡិចត្រូនិក​សាម​សុង​ បើ​ទោះបីជា​រដ្ឋាភិបាល​អាមេរិក​ បាន​ចុះបញ្ជី​ខ្មៅ​ក្រុមហ៊ុន​ចិន​នេះ​នៅដើម​ឆ្នាំនេះ​ក៏ដោយ​។

ក្រុមហ៊ុន​ Samsung​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​នឹង​រក្សា​តំណែង​លេខ១របស់​ខ្លួន​ ជាមួយនឹង​ទូរស័ព្ទ​ចំនួន៣២៣លាន​គ្រឿង​ ដែល​ត្រូវ​បាន​នាំចេញ​នៅ​ឆ្នាំនេះ​។ ក្រុមហ៊ុន​នឹង​បញ្ចប់​នៅ​ឆ្នាំនេះ​នូវ​ចំណែក​ទីផ្សារ២១​,៣ ភាគរយ​។

ក្រុមហ៊ុន​ Huawei​ ដែល​មាន​មូលដ្ឋាន​នៅ​ចិន​ នឹង​បញ្ចប់​ការ​ដឹកជញ្ជូន​ចេញ២៥១​ លាន​គ្រឿង​ដែល​មាន​ចំនួន១៧​,៧ ភាគរយ​នៃ​ទីផ្សារ​នៅក្នុង​ឆ្នាំ​ ២០១៩​ ដែល​ជា​ការ​កើនឡើង​ជាង៣ភាគរយ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។

ការ​កើនឡើង​នេះ​បាន​កើតឡើង​ នៅពេល​ដែល​ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ បាន​ចុះ​ក្នុង​បញ្ជីខ្មៅ​ក្រុមហ៊ុន​ Huawei​ អំឡុង​ពេល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​។ អ្នកវិភាគ​សេដ្ឋកិច្ច​ខ្លះ​បាន​ចាត់ទុក​ការ​ផ្លាស់​ប្តូរ​នេះ​ គឺ​ស្មើនឹង​ការ​កាត់ទោស​ប្រហារជីវិត​ សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ហ្សិន​ជិន​ និង​ព្យាករណ៍​ថា​ការ​លក់​ស្មា​តហ្វូ​ននឹង​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៅ​ឆ្នាំនេះ​។

ការ​ហាមឃាត់​របស់​អាមេរិក​ បាន​កាត់បន្ថយ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​របស់​ក្រុ​មហ៊ុ​នប​ច្ចេ​កវិទ្យា​ចិន​ ចេញពី​អ្នកផ្គត់ផ្គង់​គ្រឿង​បន្លាស់​សំ​ខាន់​ៗរបស់​អាមេរិក​ និង​បច្ចេកវិទ្យា​សូ​ហ្វ​វែរ​ ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ ដែល​ទាក់ទង​នឹង​ 5G​ និង​ស្មា​តហ្វូ​ន។

ជិត២០ភាគរយ​ នៃ​សមាសធាតុ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​ Huawei​ គឺ​មក​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ Qualcomm​, Intel​ និង​ Micron​ Technology​ ដែល​ផ្តល់​នូវ​មី​ក្រូ​ឈី​បដែល​ប្រើ​នៅក្នុង​បណ្តាញ​ និង​ម៉ូឌឹម​ 5G​ ។

ទោះ​យ៉ាងណា​ក្រុមហ៊ុន​ Huawei​ បាន​ផ្តោត​លើ​ទីផ្សារ​ក្នុង​ស្រុក​ និង​បាន​ប្រកាស​ការ​លក់​យ៉ាង​ខ្លាំង​នៅក្នុង​ប្រទេស​ចិន​។

ក្នុង​ពេលនេះ​ ក្រុមហ៊ុន​ Apple​ ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​ បាន​នាំចេញ១៩៣​ លាន​គ្រឿងក្នុង​ឆ្នាំនេះ​។ ទូរស័ព្ទ​ Iphone​ ​បាន​គ្រប់គ្រង​ទីផ្សារ​ចំនួន១៣​,៦ ភាគរយ​នៅ​ឆ្នាំនេះ​៕

អាមេរិក​ និង​ចិន​បាន​ផ្អាក​សង្រ្គាម​ពន្ធគយ​ ខណៈ​កិច្ច​ព្រមព្រៀង​ដំណាក់កាល​ទី១​បាន​បញ្ចប់​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​បញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ថ្លៃ​បំផុត​មួយ​នៅក្នុង​ប្រវត្តិ​សាស្រ្ត​ ហើយ​បាន​នាំមក​នូវ​សញ្ញា​ដំបូង​នៃ​ការ​ថយ​ចុះ​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រយៈពេល១៧ខែ​ រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទាំងពីរ​។

ទីក្រុង​ប៉េកាំង​បា​នព​ន្យា​ពន្ធគយ​លើ​ការនាំចូល​រថយន្ត​ និង​កសិកម្ម​របស់​អាមេរិក​ដែល​បាន​ចូលជាធរមាន​កាលពី​ថ្ងៃអាទិត្យ​។ យោង​តាម​គណៈកម្មការ​ពន្ធគយ​របស់​ក្រុមប្រឹក្សារដ្ឋ​ចិន​ ទីក្រុង​ប៉េកាំង​ បាន​ផ្អាក​ការ​យកពន្ធ​លើ​រថយន្ត​គ្រឿង​ បន្លាស់​រថយន្ត​ និង​ពោត​របស់​អាមេរិក​។

លោក​ Robert​ Lighthizer​ អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​បាន​ និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ នៅ​លើ​ទូរទស្សន៍​អាមេរិក​កាលពី​ថ្ងៃអាទិត្យ​ ថា​ “នេះ​គឺជា​ជំហាន​ដំបូង​ក្នុង​ការ​ព្យាយាម​បញ្ចូល​ប្រព័ន្ធ​ពីរ​ផ្សេងគ្នា​ ដើម្បី​ជា​ប្រយោជន៍​ដល់​យើង​ទាំងពីរ​”។

លោក​ Lighthizer​ ​បានឱ្យ​ដឹង​ថា​ “ប្រធានាធិបតី​មិន​ល្ងង់​ទេ​។ គាត់​ឆ្លាត​ណាស់​”។

អង្គការ​សហប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ​(OECD​) បាន​បញ្ជាក់​ថា​ ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ បាន​បណ្តាល​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ ដូច​កម្រិត​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​កាលពី១០ឆ្នាំមុន​។

ការ​ផ្អាក​នេះ​ ស្របតាម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី១​ ដែល​ប្រកាស​ដោយ​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ កាលពី​ចុង​សប្តាហ៍​មុន​។

លោក​ Trump​ បាន​ព្យួរ​ពន្ធគយ​លើ​ទំនិញ​ចិន​ ដែល​មានតម្លៃ១៦០ពាន់​លាន​ដុល្លារ​ដែល​រាប់បញ្ចូល​ទាំង​ស្មា​តហ្វូ​ន និង​កុំព្យូទ័រ​ផ្ទាល់ខ្លួន​។ លើស​ពីនេះ​ការ​យកពន្ធ​លើ​ទំនិញ​អេ​ឡិច​ត្រូ​និច​របស់​ចិន​ ដែល​មានតម្លៃ១២០ពាន់​លាន​ដុល្លារ​ ត្រូវ​បាន​ទម្លាក់​មក​នៅ​ត្រឹម​ ៧.៥ភាគរយ​ ខណៈ​ដែល​ពន្ធគយ​ផ្សេងទៀត​នឹង​នៅតែ​ដដែល​ នៅពេល​ដែល​ភាគី​ទាំងពីរ​ចរចា​គ្នា​ក្នុង​ដំណាក់កាល​បន្ទាប់​។

ផល​ប៉ះពាល់​ នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បណ្តាល​ឱ្យ​មានការ​ធ្លាក់ចុះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ និង​ការ​តម្រៀប​ឡើងវិញ​ នូវ​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

សង្គ្រាម​ពន្ធ​នាំ​ឱ្យ​អត្រាកំណើន​ផលិតផល​ ក្នុង​ស្រុក​សរុប​របស់​ចិន​ធ្លាក់ចុះ​ដល់៦​ ភាគរយ​នៅក្នុង​ត្រីមាស​ទី៣​។ នេះ​បើ​យោង​តាម​របាយការណ៍​ស្ថិតិ​ជាតិ​ចុងក្រោយ​បង្អស់​របស់​ការិយាល័យ​ស្ថិតិ​ជាតិ​របស់​ចិន​ (NBS​) ។

ត្រីមាស​ទី៣​ នៃ​ឆ្នាំ២០១៩​ គឺជា​រយៈពេល​ដំណើរ​សេដ្ឋកិច្ច​អាក្រក់​បំផុត​ ក្នុងរយៈពេល​ជិត៣០ឆ្នាំ​ និង​ជា​សញ្ញា​បង្ហាញ​ពី​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ ធ្លាក់ចុះ​ពី​កំណើន ៦​,២ភាគរយ​នៅក្នុង​ត្រីមាស​ទី២​។

លើស​ពីនេះ​ទៀត​ អង្គការ​ UNCTAD​ ដែល​ជា​ស្ថាប័ន​សំខាន់​របស់​អង្គការសហប្រជាជាតិ​ទាក់ទង​នឹង​បញ្ហា​ពាណិជ្ជកម្ម​ និង​ការ​អភិវឌ្ឍ​បាន​ចេញ​របាយការណ៍​មួយ​ ដែល​រក​ឃើញថា​ អ្នកប្រើ​ប្រាស់​ និង​អាជីវកម្ម​របស់​អាមេរិក​កំពុង​រងគ្រោះ​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​។

លោក​ Alessandro​ Nicita​ សេដ្ឋវិទូ​បាន​ថ្លែង​នៅក្នុង​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ថា​ “អ្នកប្រើ​ប្រាស់​អាមេរិក​​កំពុង​បង់ពន្ធ​លើ​តម្លៃ​ខ្ពស់​។ មិន​ត្រឹមតែ​អ្នកប្រើ​ប្រាស់​ចុងក្រោយ​ដូចជា​យើង​ប៉ុណ្ណោះទេ​ ប៉ុន្តែ​អ្នកនាំ​ចូល​ផលិតផល​មធ្យម​ និង​ក្រុមហ៊ុន​អាមេរិក​ដែល​នាំចូល​គ្រឿងបន្លាស់​ និង​គ្រឿង​បន្លាស់​ផ្សេង​ៗពី​ចិន​ទទួលរង​ផល​ប៉ះពាល់​”។

ទិន្នន័យ​របស់​រដ្ឋាភិបាល​អាមេរិក​ថ្មី​បាន​បង្ហាញថា​ អ្នកប្រើ​ប្រាស់​ និង​ក្រុមហ៊ុន​នៅ​អាមេរិក​កំពុង​រង​ការវាយប្រហារ​យ៉ាង​ខ្លាំង​ ពី​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ និង​គោលនយោបាយ​ពាណិជ្ជកម្ម​ដ៏​ខ្លាំងក្លា​របស់​លោក​ Trump​។

ការិយាល័យ​ជំរឿន​ និង​ទិន្នន័យ​របស់ក្រ​សួង​កសិកម្ម​អាមេរិក​ បាន​បង្ហាញ​ពី​ផល​ប៉ះពាល់​នៃ​ពន្ធគយ​ ដែល​បាន​ចូល​ជាធរមាន​កាលពី​ថ្ងៃទី១​ ខែ​ កញ្ញា​ លើ​ទំនិញ​ចិន​ដែល​មានតម្លៃ១១២​ ពាន់​លាន​ដុល្លារ​។ ចំពោះ​ការដំឡើង​ពន្ធ​ ជនជាតិ​អាមេរិក​បាន​ចំណាយ​ ៩០៥លាន​ដុល្លារ​បន្ថែម​។

អ្នកនាំពាក្យ​ពាណិជ្ជកម្ម​សេរី​អាមេរិក​លោក​ Jonathan​ Gold​ បាន​ថ្លែង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ “ទិន្នន័យ​នេះ​ផ្តល់​នូវ​ភស្តុតាង​ជាក់ស្តែង​ថា​ ពន្ធគយ​គឺ​ពន្ធ​ដែល​បាន​បង់​ដោយ​អាជីវកម្ម​ កសិករ​ និង​អ្នកប្រើ​ប្រាស់​អាមេរិក​ មិនមែន​ចិន​ទេ​”។ លោក​បន្ថែម​ថា​ “នេះ​ជា​មូលហេតុ​ដែល​ការ​ដក​ពន្ធគយ​ ត្រូវតែ​ជាផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ដំណាក់កាល​ទី១​”៕

ក្រុមហ៊ុន ​Century​21​ ត្រៀម​ពង្រីក​សាខា​ចំនួន៣៨បន្ថែម​ដោយ​ផ្តោត​លើ​ឯកទេស​លើ​វិស័យ​ដីធ្លី​នៅ​ទូទាំង​ប្រទេស​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century​21​ Cambodia​ ​បាន​នឹង​ពង្រីក​សាខា​ចំនួន៣៨​ បន្ថែម​ទៀត​ ដោយ​គ្រប​ដណ្តប់​លើ​ខណ្ឌ​ទាំង១៤​ ​នៃ​រាជធានី​ភ្នំពេញ​ និង​ ២៤ខេត្ត​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ លើ​ឯកទេស​វិស័យ​ដីធ្លី​ ទិញ​លក់​ និង​ជួល​ ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​ មាន២៣ការិយាល័យ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។

លោកស្រី​ Grace​ Rachny​ Fong​ នាយិកា​ក្រុមហ៊ុន​ Century21​ Cambodia​ បាន​ប្រាប់​គេហទំព័រ​ propertyarea.asia​ នៅ​ថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ​ ២០១៩​ នេះ​ថា​ សម្រាប់​ការ​បើក​សាខា​ទាំង៣៨​ នេះ​ ផ្តោត​លើ​ឯកទេស​លើ​វិស័យ​ដីធ្លី​ ពោល​គឺ​ទិញ​-លក់​ និង​ជួល​ដីធ្លី​តែប៉ុណ្ណោះ​ ដោយ​មិន​ផ្តោត​លើ​វិស័យ​លំនៅឋាន​ ​និង​ខុន​ដូ​នោះ​ទេ​ ។

លោកស្រី​បន្ត​ថា​ “គោលបំណង​សំខាន់​ នៃ​ការ​បើក​សាខា​ទាំង៣៨ព្រមគ្នា​នេះ​ ដោយសារតែ​យើង​មើលឃើញ​ ពី​សក្តា​នុ​ពល​នៅក្នុង​ខេត្ត​ទាំង២៤​ និង​ខណ្ឌ​ទាំង១៤​ នេះ​ កំពុង​មាន​សក្តា​នុ​ពល​លើ​វិស័យ​ដីធ្លី​”។ លោកស្រី​បន្ថែម​ថា​ “បច្ចុប្បន្ន​នេះ​មាន​អតិថិជន​មក​ពី​បណ្តា​ខេ​ត្ត​ផ្សេង​ៗ បាន​មក​ទាក់ទង​មក​យើង​ ឱ្យ​ជួយ​បំរើ​សេវាកម្ម​ជូន​ដល់​ពួកគាត់​ ​តែ​យើង​អត់មាន​ភ្នាក់ងារ​របស់​យើង​នៅ​ទីនោះ​ផ្ទាល់​ ដូច្នេះ​យើង​អត់​បាន​បំរើ​សេវាកម្ម​ជូន​ពួកគាត់​”។

​លោកស្រី​បន្ថែម​ថា​ ប៉ុន្តែ​ពេលនេះ​ យើង​មាន​ក្រុមហ៊ុន​ ដែល​ចុះបញ្ជី​ស្របច្បាប់​នៅក្នុង​ទីក្រុង​ភ្នំពេញ​ ដែល​មាន​អាជ្ញាប័ណ្ណ​ជាមួយ​ក្រសួង​ពាក់​ពាក់ព័ន្ធ​ យើង​បាន​ចុះទៅ​បំរើ​សេវ​កម្ម​ជូន​ពួកគាត់​ នៅ​តាម​បណ្តា​ខេត្ត​ទាំង២៤​ និង១៤ខណ្ឌ​។ លោក​បន្ត​ថា​ ការ​ធ្វើ​ដូច្នេះ​ គឺ​ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ការ​បញ្ជាទិញ​ និង​លក់​ដីធ្លី​របស់​ពួកគាត់​ ព្រោះ​យើង​មាន​អ្នកជំនាញ​ឯកទេស​ខាង​ដីធ្លី​ ដែល​អាច​ជួយ​ទៅលើ​ក្រដាស​ស្នាម​ផ្សេង​ៗ របស់​អ្នកបញ្ជា​ទិញ​នៅក្នុង​បណ្តា​ខេត្ត​ និង​ខណ្ឌ​ទំា​ងនោះ​។ មិន​តែប៉ុណ្ណោះ​ យើង​មាន​ក្រុម​មេធាវី​ អ្នកជំនាញ​ខាង​វាយតម្លៃ​ និង​ប្រព័ន្ធ​វាយ​ច្ចេ​កវិទ្យា​ ដែល​អាច​ជួយ​ធ្វើ​ឯកសារ​ជូន​ពួកគាត់​កាន់តែ​មាន​ភាព​ងាយស្រួល​”។

លោកស្រី​ Grace​ Rachny​ Fong​ បាន​បន្ថែម​ថា​ “បើ​មាន​មិន​អ្វី​ប្រែប្រួល​នោះ​ទេ​ សាខា​ទាំង៣៨​ នេះ​ នឹង​ត្រូវ​សម្ពោធ​ថ្ងៃទី២០​ ខែមករា​ ឆ្នាំ២០២០ខាងមុខនេះ​ ខណៈ​ បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​បាន​ចំណាយ​ថវិកា​យ៉ាងច្រើន​ ក្នុង​ការជួល​គ្រូ​មក​ពីក្រៅ​ប្រទេស​ និង​ក្នុង​ស្រុក​ ដើម្បី​បណ្តុះបណ្តាល​បុគ្គលិក​ ដែល​នឹង​ទៅកាន់​ដំណែង​នៅ​តាម​សាខា​ទាំងនោះ​ឱ្យ​ពួកគេ​មាន​ជំនាញ​ពិត​ប្រកដ​”។

លោកស្រី​បន្ថែម​ទៀត​ថា​ ក្រុមហ៊ុន​នឹង​ជ្រើសរើស​បុគ្គលិក​ក្នុង​មួយ​សាខា​ប្រមាណ​ ១០នាក់​បន្ថែម​ទៀត​ និង​ថ្នាក់ដឹកនាំ​មា្នក់​ដែល​បណ្តុះបណ្តាល​រួចហើយ​ ឱ្យ​បំរើ​នៅ​តាម​សាខា​ទាំង៣៨នោះ​ ដែល​នឹង​ធ្វើ​ឱ្យ​បុគ្គលិក​កើន​ដល់​ជិត៤០០នាក់​។

ក្រុមហ៊ុន​ Century​21​ Cambodia​ ជាស​មា​ជិ​កទី៧៥​ ក្នុងចំណោម៧៨​ ប្រទេស​នៅ​ជុំវិញ​ពិភពលោក​ របស់​ម៉ាក់​សញ្ញា​ Century​21​ LLC​។ ក្រុមហ៊ុន​នេះ​ផ្តល់​ជូន​នូវ​សេវាកម្ម​ប្រកបដោយ​វិជ្ជាជីវៈ​ដូចជា​ សេវាកម្ម​ភ្នាក់ងារ​អចលនទ្រព្យ​ ការគ្រប់គ្រង​ និង​ការ​លក់​គម្រោង​ ​; សេវា​ការ​វិនិយោគ​ដីធ្លី​ ព្រមទាំង​ផ្តល់​ជូន​នូវ​ឱកាស​វិ​និ​យក​អាជីវកម្ម​។

ក្រុមហ៊ុន​ Century​21​ Real​ Estate​ LLC​ ​មាន​ការិយាល័យ​ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​ និង​ ដំណើរការ​ដោយ​ឯករាជ្យ​ប្រមាណ ៧​,៤00​ នៅ​ ៧៨​ ប្រទេស​ និង​ដែនដី​ទូទាំង​ពិភពលោក​ ដែល​មាន​អ្នកជំនាញ​ផ្នែក​លក់​ អាជីព​ជាង១១១​.000​នាក់​ ។ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​រដ្ឋ​ California​ សហរដ្ឋអាមេរិក​នៅ​ឆ្នាំ១៩៧១​៕

លោកឧកញ៉ា នួន រិទ្ធីៈបង្ហាញ​ពី​វិធីសាស្ត្រ១១ចំណុច​ ដើម្បី​រកស៊ី​អចលនទ្រព្យ​ឲ្យ​ទទួល​បាន​ជោគជ័យ​

ដោយៈ​ រ៉ា​ណេត​

ភ្នំពេញ​៖ ជា​អ្នក​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​ ដោយ​ចាប់ផ្តើម​អាជីព​ក្នុងនាម​ជា​ភ្នាក់ងារ​អចលនទ្រព្យ​សាមញ្ញ​មួយ​រូប​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​បាន​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ និង​ប្រែក្លាយ​ពី​ភ្នាក់ងារ​ធម្មតា​ មក​ជា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ ហើយ​បច្ចុប្បន្ន​លោក​ត្រូវ​បាន​សាធារណៈ​ជន​មួយចំនួន​ធំ​ ទទួលស្គាល់​ជា​អ្នកជំនួញ​ និង​អភិវឌ្ឍន៍​ក្នុង​វិស័យ​អចលនទ្រព្យ​ជោគជ័យ​មួយ​រូប​។

ក្នុង​កិច្ច​សម្ភាសន៍​ពិសេស​ជាមួយ​ Propertyarea.asia​ នា​ព្រឹក​ថ្ងៃទី១៦​ ធ្នូ​នេះ​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ KFA​ (Khmer​ Foundation​ Appraisal​) រូប​នេះ​បាន​បង្ហើប​ពី​វិធី​សាស្រ្ត​មួយចំនួន​ ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​នេះ​ និង​ទទួល​បានការ​ទទួ​លល​ស្គាល់​ពីរ​ហូត​ទទួល​បាន​ពានរង្វាន់​កម្រិត​ជាតិ​ និង​អន្តរជាតិ​ជាច្រើន​ដែល​កាន់តែ​បញ្ជាក់​ពី​គុណភាព​ និង​កិត្យានុភាព​របស់​ក្រុមហ៊ុន​នៅក្នុង​វិស័យ​មួយ​នេះ​។

កាលពី​សប្តាហ៍​មុន​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ KFA​ (Khmer​ Foundation​ Appraisal​) លោក​ឧកញ៉ា​ នួន​ រិទ្ធី​ ទទួល​បាន​ពានរង្វាន់​ក្រុមហ៊ុន​អចលនទ្រព្យ​ឆ្នើម​ប្រចាំឆ្នាំ២០១៩​ ចំនួន​បី​ក្នុង​ពេល​តែមួយ​។

ជាមួយនឹង​ភាព​ម៉ឺងម៉ាត់​ ម៉ត់ចត់​នឹង​ការងារ​ លោក​ឧកញ៉ា​បាន​លើកឡើង​ថា​ “ការ​ធ្វើជំនួញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ដែល​អាច​ទទួល​បាន​ភាព​ជោគជ័យ​ មិនមែន​មាន​លុយ​ច្រើនតែ​មួយ​មុខ​នោះ​ទេ​ ប៉ុន្តែ​ចាំបាច់​ត្រូវ​ទាមទារ​ឱ្យ​មាន​ធនធាន​ជាច្រើន​ទៀត​យក​មក​គួបផ្សំ​”។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ថា​ “ធនធាន​សំ​ខាន់​ៗដែល​ចាំបាច់​បំផុត​នៅក្នុង​កិច្ចប្រតិបត្តិ​ការ​លើ​មុខ​ជំនួញ​ ក្នុង​វិស័យ​អចលនទ្រព្យ​ រួមមាន​ដូចជា​ ជំនាញ​ និង​ភាព​វៃឆ្លាត​ ចំណេះដឹង​ទូទៅ​ទូលាយ​ ឆន្ទៈ​នឹង​ការងារ​ ការបង្កើត​បណ្តាញ​ និង​ទំនាក់ទំនង​ ការ​កសាង​ទំនុកចិត្ត​ ភាព​ស្មោះត្រង់​ ដើមទុន​ យុទ្ធសាស្ត្រ​ រួម​ជាមួយនឹង​ដើមទុន​បម្រុង​”។

ភាព​ជោគជ័យ​ ពិតជា​មិន​អាច​កើតឡើង​ដោយចៃដន្យ​នោះ​ទេ​ ប៉ុន្តែ​ទំនាក់ទំនង​ល្អ​ មានចំណេះ​ដឹង​ទូលំទូលាយ​ និង​មាន​ជំនាញ​ពិតប្រាកដ​ ពិតជា​មិន​ខុសពី​ពាក្យចាស់​លោក​បាន​ពោល​នោះ​ទេ​ “គឺ​ចេះ​ប្រាកដ​ ប្រាក់​រត់​តាម​ហៅ​”។

លោក​ឧកញ៉ា​នួន​ រិទ្ឋី​បាន​បញ្ជាក់​ថា​ “លទ្ធផល​ដែល​ខ្ញុំ​អាច​ទទួល​បាន​នៅពេល​នេះ​ មិនមែន​កើតឡើង​ដោយចៃដន្យ​នោះ​ទេ​ ប៉ុន្តែ​វា​បា​នប្រ​សូត្រ​ចេញពី​សកម្មភាព​ដ៏​មមាញឹក​ និង​ឆន្ទៈ​ស្រប​ទៅតាម​ចក្ខុវិស័យ​ ដែល​បាន​កំណត់ទុក​មុន​ពេល​ចាប់​បោះ​ជំ​ហ៊ាន​ដំណើរការ​ក្រុមហ៊ុន​”។ លោក​បាន​បញ្ជាក់​ថា​ “ក្រុមហ៊ុន​KFA​ បាន​បង្កើត​ឡើង​កាលពី​ថ្ងៃទី២០​ ខែមីនា​ ឆ្នាំ២០១៥​ បន្ទាប់ពី​ខ្ញុំ​បាន​ចូល​ប្រឡូក​ការងារ​ នៅក្នុង​វិស័យ​អចលនទ្រព្យ​អស់​ពេល១០ឆ្នាំ​នៅក្នុង​ក្រុមហ៊ុន​ប៊ុណ្ណា​ រៀល​ធី​ គ្រុប​”។

ជាមួយនឹង​ភាព​ជោគជ័យ​ក្នុង​វិស័យ​ជំនួញ​ជាច្រើន​ក្តី​ ប៉ុន្តែ​លោក​ឧកញ៉ា​រូប​នេះ​តែងតែ​ប្រកាន់​នូវ​ឥរិយាបទ​សាមញ្ញ​ ទន់ភ្លន់​ និង​តែងតែ​ចែករំលែក​ចំណេះដឹង​ និង​ធនធាន​ដល់​សង្គម​ និង​មនុស្ស​ជុំវិញ​ខ្លួន​។

ទាក់ទង​នឹង​ជីវប្រវត្តិ​របស់​លោក​ លោក​ឧកញ៉ា​នួន​ រិទ្ឋី​បាន​រំលឹក​ថា​ លោក​បាន​ចាប់កំណើត​នៅ​សង្កាត់​លេខ៥​ នៅក្នុង​ក្រុម​គ្រួសារ​មួយ​ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ​ ដោយ​លោកឪពុក​ជាម​ន្ត្រី​បម្រើការ​ងារ​ នៅក្នុង​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ហើយ​ម្ដាយ​ជា​អ្នកលក់​ដូរ​បន្តិចបន្តួច​ នៅ​ផ្សារ​អូឡាំពិក​ និង​មាន​បងប្អូន​បង្កើត៣នាក់​ ប្រុស​ម្នាក់​ ស្រី២នាក់​ ដោយ​រូបលោក​គឺជា​កូន​ទី២នៅក្នុង​គ្រួសារ​។

​ជាមួយគ្នា​នេះ​ ដោយសារតែ​ជីវភាព​ខ្សត់ខ្សោយ​ ហើយ​ឪពុកម្ដាយ​មាន​វ័យ​កាន់តែ​ចាស់​ ដូច្នេះ​លោក​ត្រូវ​ទទួលបន្ទុក​ និង​ស៊ូទ្រាំ​នឹង​ភាព​ហត់នឿយ​ រាប់មិនអស់​តាំងពី​តូច​មក​ម៉្លេះ​។

លោក​បាន​សិក្សា​នៅ​សាលាបឋមសិក្សា​ទួល​ស្លែង​ និង​អនុវិទ្យាល័យ​ទួលស្វាយព្រៃ​ ហើយ​បន្ត​ទៅ​វិទ្យាល័យ​ព្រះ​យុគ​ន្ធ​ មុន​ពេលចូលរៀន​ថ្នាក់​មហា​វិទ្យាល័យ​ន័​រតុន​ ដោយ​ជ្រើសរើស​សិក្សា​ជំនាញ​វិស្វករ​ សំណង់​ស៊ីវិល​ ហើយ​ក្រោយមក​ទៀត​បន្ត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ជំនាញ​គ្រប់គ្រង​ជំនួញ​អន្តរជាតិ​ នៅ​សាកល​វិទ្យាល័យ​បៀ​លប្រាយ​។

នៅក្នុង​វ័យ​សិក្សា​តាំងពី​ថ្នាក់​ទី៣​ រហូតដល់​អនុវិទ្យាល័យ​ លោក​ធ្លាប់​បាន​ឆ្លងកាត់​ជីវិត​ជា​ក្មេង​ដើរ​លក់​កាសែត​នៅ​តាម​ទីប្រជុំជន​ ភោជនីយដ្ឋាន​ ហាង​កាហ្វេ​ ជាដើម​ រួម​ជាមួយនឹង​ការ​បេះ​ផ្លែឈើ​ ដែល​ខ្លួន​បាន​ដាំ​យក​ទៅ​លក់​ ដើម្បី​បាន​ចំណូល​គ្រាន់​សម្រាល​បន្ទុក​គ្រួសារ​។

ភាព​លំបាក​ក្រខ្សត់​ទាំងនេះ​ បាន​បន្ត​រហូតដល់​លោក​ចូលរៀន​នៅ​ថ្នាក់​មហាវិទ្យាល័យ​ឆ្នាំទី២​ ដែល​ជា​ពេល​លោក​ចាប់ផ្តើម​ទទួល​បានការ​ងារ​លើកដំបូង​ នៅក្នុង​ក្រុមហ៊ុន​អចលនទ្រព្យ​ ប៊ុណ្ណា​ រៀល​ធី​ គ្រុប​ ក្នុង​ផ្នែក​ទីផ្សារ​ក្នុងនាម​ជា​អ្នករត់សំបុត្រ​។

​ក្រោយមក​ ដោយសារតែ​អត្ត​ចរឹ​តភាព​ម៉ឺងម៉ាត់​ និង​ភាព​វៃឆ្លាត​ លោក​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ផ្លាស់មក​ផ្នែក​វាយតម្លៃ​អចលនទ្រព្យ​ទូទាំង​ប្រទេស​ ដែល​ជា​ការ​ផ្តល់​ឱកាស​ដ៏​ល្អ​សម្រាប់​រូបលោក​។ បន្ទាប់ពី​បាន​ផ្លាស់មក​ផ្នែក​វាយតម្លៃ​ ផ្អែក​តាម​លទ្ធផល​នៃ​ការងារ​ លោក​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ ផ្តល់​តួនាទី​ជាបន្តបន្ទាប់​ រហូតដល់​ផ្តល់​តំណែង​ ជានា​យក​ប្រតិបត្តិ​នៅក្នុង​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​មួយ​នេះ​។

លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ បន្ទាប់ពី​បាន​សិក្សា​ និង​អនុវត្តន៍​ជា​ជំ​ហ៊ាន​ស្របតាម​ក្ដី​ប្រាថ្នា​ និង​ការរៀបចំ​គោល​ទុក​តាំងពី​វ័យ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​ នៅ​ត្រឹម​ថ្ងៃទី២០ខែមីនា​ ឆ្នាំ២០១៥​ លោក​ក៏បាន​បង្កើត​ក្រុមហ៊ុន​អចលនទ្រព្យ​ផ្ទាល់ខ្លួន​ដែល​មានឈ្មោះ​ Khmer​ Foundation​ Appraisal​ ដោយ​ផ្តោត​សំខាន់​ចំនួន៣​ គឺ​ការ​ផ្តល់​សេវា​វាយតម្លៃ​ ការ​វិនិយោគ​ និង​ការ​អភិវឌ្ឍ​។

ផ្អែក​តាម​បទពិសោធន៍​ ភាពជា​អ្នកជំនាញ​ពិតប្រាកដ​ ជាពិសេស​ភាព​ស្មោះត្រង់​ទៅលើ​ការ​ផ្តល់​សេវាកម្ម​ នៅក្នុង​រយៈពេល​ជិត៥ឆ្នាំ​ ក្រុមហ៊ុន ​KFA​ ទទួល​បាន​លទ្ធផល​គួ​ជា​ទី​មោទ​នៈ​ ដែល​ក្រៅពី​ទទួល​បានការ​ទទួលស្គាល់​ពី​បណ្តា​អតិថិជន​ ក្រុមហ៊ុន​ជា​ដៃគូ​ជាតិ​ និង​អន្តរជាតិ​ ក៏ដូចជា​រដ្ឋាភិបាល​ បច្ចុប្បន្ន​ក្រុមហ៊ុន​អចន​ទ្រព្យ​មួយ​នេះ​បាន​សាយភាយ​កេរ្តិ៍ឈ្មោះ​រហូតដល់​ស្ថាប័ន​អន្តរជាតិ​ រួមមាន​ចក្រភព​អង់គ្លេស​ និង​សហរដ្ឋអាមេរិក​ ដែល​សម្រេច​ប្រគល់​ពានរង្វាន់​ភាពជា​អ្នកដឹកនាំ​ឆ្នើម​ និ​ពានរង្វាន់​ក្រុមហ៊ុន​អចលនទ្រព្យ​ឆ្នើម​ឈានមុខ​គេ​ក្នុង​ការចូលរួម​ជួយ​ដល់​សង្គមជាតិ​ កាលពី​ពេល​កន្លងទៅ​នេះ​។

លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​បញ្ជាក់​ទៀត​ថា​ ទាំងអស់​នេះ​គឺ​គ្រាន់តែ​ជា​បទពិសោធន៍​មួយចំនួន​ក្នុងនាម​ជា​អ្នកជំនួញ​ និង​ជា​ថ្នាក់​ដឹក​ក្រុមហ៊ុន​ ក្នុង​វិស័យ​វិស័យ​អចលនទ្រព្យ​តែប៉ុណ្ណោះ​។

លោក​បន្ត​ថា​ “អ្នក​ដែល​ចង់​ទទួល​បាន​ភាព​ជោគជ័យ​ នៅក្នុង​វិស័យ​មួយ​នេះ​ មិន​ចំពោះតែ​ជា​ភាពជា​សហគ្រិន​ ឬជា​បុគ្គល​ដែល​ចង់​ចូលខ្លួន​ប្រឡូក​ នៅក្នុង​វិស័យ​អចលនទ្រព្យ​ចាំបាច់​ត្រូវតែ​មាន​គោលដៅ​ ឆន្ទៈ​ និង​ចំណេះដឹង​ជាគោល​សំខាន់​”។ លោក​បន្ថែម​ថា​ “បន្ថែម​ពីនេះ​អ្នក​ប្រឡូក​ក្នុង​វិស័យ​នេះ​ ត្រូវ​ចេះ​កសាង​បណ្តាញ​ បង្កើត​ទំនាក់ទំនង​ ដើម្បី​អាច​ទទួល​បាន​ទំនុកចិត្ត​ពី​អ្នកជិតខាង​ ក៏ដូចជា​អតិថិជន​ ទើប​អាច​សម្រេច​ក្ដី​ប្រាថ្នា​បាន​”៕

រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក​ដើម្បី​សម្រួលការ​បង់ថ្លៃ​សេវា​សំរាម​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ សម្រេច​ផ្អាក​ការ​ចេញ​ និង​ចែក​វិក្កយបត្រ​ប្រមូល​ថ្លៃ​សេវា​សំរាម​ និង​សំណល់រឹង​ជា​ក្រដាស​ ដូចដែល​ធ្លាប់​ភ្ជាប់​ជាមួយ​វិក្កយបត្រ​អគ្គិសនី​ ខណៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បង់​ទូទាត់​ តាមមធ្យោបាយ​អេឡិចត្រូនិក​ជំនួស​វិញ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី១៦​ ខែធ្នូ​នេះ​ បាន​ចេញ​សេចក្តី​ណែនាំ​ស្តី​ពី​ ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​គ្រប់គ្រង​ និង​នីតិវិធី​នៃ​ការ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​ និង​សំណល់រឹង​នៅ​រាជធានី​ភ្នំពេញ​ ក្នុង​ដំណាក់កាល​អន្តរកាល​។

សេចក្តី​ណែនាំ​បានឱ្យ​ដឹង​ថា​ អនុលោម​តាម​បទបញ្ជា​របស់​ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​បង្កើត​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម​ និង​សំណល់រឹង​ រាជធានី​ភ្នំពេញ​ ដែល​មាន​ភារកិច្ច​ទទួលបន្ទុក​លើ​ការ​ គ្រប់គ្រង​ការ​ផ្តល់​សេវា​ប្រមូល​សំរាម​ និង​សំណល់រឹង​ ការអនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង​សំរាម​ និង​សំណល់រឹង​ថ្មី​ និង​ការ​ប្រមូល​ចំណូល​ថ្លៃ​សេវា​ប្រមូល​សំរាម​ និង​សំណល់រឹង​ ដោយ​មិន​ដាក់​ក្នុង​វិក្កយបត្រ​អគ្គិសនី​ទៀត​ទេ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យដឹង​ទៀត​ថា​ ក្នុងអំឡុងពេល​អន្តរកាល​ គិត​ចាប់ពី​ថ្ងៃទី០១​ ខែមករា​ ឆ្នាំ២០២០​ រហូតដល់​ពេល​បង្កើត​បាន​ និង​ដាក់​ឱ្យ​ដំណើរការ​ពេញលេញ​ នូវ​ប្រព័ន្ធ​គ្រប់គ្រង​សំរាម​ និង​សំណល់រឹង​ថ្មី​ ក្នុង​ពេល​ឆាប់​ៗខាងមុខ​ រាជរដ្ឋាភិបាល​ អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ស៊ីន​ទ្រី​ មាន​សិទ្ធិបន្ត​ប្រតិបត្តិ​ការ​សម្អាត​ ប្រមូល​ និង​ដឹកជញ្ជូន​សំរាម​ និង​សំណល់រឹង​ជា​បណ្តោះអាសន្ន​សិន​ ប៉ុន្តែ​មិន​មាន​សិទ្ធិ​ក្នុង​ការ​ប្រមូល​ថ្លៃ​សេវា​ សម្អាត​ ប្រមូល​ និង​ដឹកជញ្ជូន​សំរាម​ និង​សំណល់រឹង​តទៅទៀត​ទេ​។

ជាមួយគ្នា​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ សូម​រក្សា​ស្ថានភាព​ចំពោះ​តម្លៃ​សេវា​បច្ចុប្បន្ន​ជា​បណ្តោះអាសន្ន​សិន​ និង​សូម​ប្រជាពលរដ្ឋ​ប្រើប្រាស់​អត្រាតម្លៃ​ សេវា​ប្រមូល​សំរាម​ និង​សំណល់រឹង​ ដែល​បាន​បង់​រួចហើយ​កាលពី​ខែតុលា​ ឆ្នាំ២០១៩​ ជា​មូលដ្ឋាន​ ដើម្បី​បន្ត​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​ និង​សំណល់រឹង​ ក្នុងអំឡុងពេល​អន្តរកាល​នេះ​។

ដើម្បី​ទំនើបកម្ម​សេវា​សាធារណៈ​ និង​សម្រួល​ដល់​ការ​បង់ថ្លៃ​ប្រើប្រាស់​សេវា​ឱ្យ​បាន​គ្រប់​ទីកន្លែង​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ សម្រេច​ផ្អាក​ការ​ចេញ​ និង​ចែក​វិក្កយបត្រ​ប្រមូល​ថ្លៃ​សេវា​សំរាម​ និង​សំណល់រឹង​ជា​ក្រដាស​ ដូចដែល​ធ្លាប់​ភ្ជាប់​ជាមួយ​វិក្កយបត្រ​អគ្គិសនី​ ហើយនឹង​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បង់​ទូទាត់​ តាមមធ្យោបាយ​អេឡិចត្រូនិក​ជំនួស​វិញ​ដូច​ខាងក្រោម​។

ចាប់ពី​ថ្ងៃទី១​ ខែមករា​ ឆ្នាំ២០២០តទៅ​ អតិថិជន​ត្រូវ​បង់ថ្លៃ​សេវា​ប្រចាំខែ​ចាប់ពី​ថ្ងៃទី០១​ ដល់​ថ្ងៃទី១៥​ នៃ​ខែ​បន្ទាប់​ (ឧទាហរណ៍​សម្រាប់​ថ្លៃ​សេវា​ប្រចាំខែ​មករា​ ឆ្នាំ២០២០​ អតិថិជន​ត្រូវ​បង់ថ្លៃ​សេវា​ពី​ថ្ងៃទី០១​ ដល់​ថ្ងៃទី១៥ខែកុម្ភៈ​) តាមមធ្យោបាយ​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក​ (តាម​ទូរស័ព្ទ​ដៃ​) ឬបញ្ហា​រទូ​ទាត់​នៅ​ធនាគារ​ ACLEDA​ ឬ eMONEY​, Lyhour​ Weiluy​, Pi​ Pay​, True​ Money​ និង​ Dara​ Pay​ ជាដើម​។

អតិថិជន​ក៏អាច​ជ្រើសរើស​បង់ថ្លៃ​សេវា​ សម្រាប់​ច្រើន​ខែ​ទុកជាមុន​បាន​ផង​ដែរ​ ដោយ​ប្រព័ន្ធ​ទូទាត់​នឹង​ធ្វើការ​កាត់កង​ និង​បង្ហាញ​សមតុល្យ​ទឹកប្រាក់​នៅសល់​ ជា​ស្វ័យប្រវត្តិ​ជា​រៀងរាល់​ខែ​៕

លោក​ ហ៊ុន​ ម៉ា​ណែ​ត៖ កំណើន​សេដ្ឋកិច្ច​រយៈពេល២០ឆ្នាំ​បាន​ធ្វើ​ឱ្យ​កម្ពុជា​មាន​សមត្ថភាព​ផលិត​ផ្គត់ផ្គង់​ក្នុង​ស្រុក​ និង​នាំចេញ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ឧត្តមសេនីយ៍ឯក​ហ៊ុន​ ម៉ា​ណែ​តបានឱ្យ​ដឹង​ថា​ កំណើន​សេដ្ឋកិច្ច​រយៈពេល​ ២០ឆ្នាំ​ជាប់​ៗគ្នា​មកនេះ​ បាន​ធ្វើ​ឱ្យ​កម្ពុជា​មាន​សមត្ថភាព​ ក្នុង​ការងារ​ផលិត​នូវ​ផលិតផល​សម្រាប់​ផ្គត់ផ្គង់​នៅក្នុង​ស្រុក​ និង​នាំចេញ​ទៅក្រៅ​ស្រុក​នានា​នៅ​ទូទាំង​ពិភពលោក​។

លោក​បណ្ឌិត​ហ៊ុន​ ម៉ា​ណែ​ត នៅក្នុង​ពិធីសម្ពោធ​ជា​ផ្លូវការ​រោងចក្រ​ រ៉ូស​ផ្លា​ស្ទីក​ (ខេម​បូ​ឌា​) ខូ​អិល​ធី​ឌី​ កាលពី​ថ្ងៃទី១៥​ ខែធ្នូ​ម្សិលមិញ​នេះ​បានឱ្យ​ដឹង​ថា​ ការ​វិនិយោគ​ក្នុង​ស្រុក​ ពិតជា​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ ក្នុង​ភាពជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​ នៅក្នុង​ការជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ និង​ការ​លើកកម្ពស់​សហគ្រិនភាព​ក្នុង​វិស័យ​ឯកជន​ ដើម្បី​ស្ថិរភាព​នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ព្រមទាំង​ការ​លើកស្ទួយ​កិត្យានុភាព​ជាតិ​នៅ​លើឆាកអន្តរជាតិ​ តាម​រយៈ​សា្ល​កយីហោ​ដាក់​ថា​ “ផលិត​នៅ​កម្ពុជា​ (Made​ in​ Cambodia​)”។

លោក​បន្ត​ថា​ “សក្តា​នុ​ពល​នេះ​ គឺជា​តំណាង​សក្ខីភាព​ នៃ​ការ​រីកចម្រើន​រួមគ្នា​របស់​យើង​ ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ ក្នុងរយៈពេល២០ឆ្នាំ​ជាប់​ៗគ្នា​”។ លោក​បន្ត​ថា​ “កំណើន​បែបនេះ​ មិនមែន​កើតឡើង​ដោយ​ងាយស្រួល​ឥត​ហេតុ​នោះ​ទេ​ គឺជា​លទ្ធផល​នៃ​ការ​បូក​បញ្ចូល​គ្នា​ នៃ​កំណើន​លើ​គ្រប់​វិស័យ​ទាំងអស់​ ទាំង​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជន​ មន្ត្រី​រាជការ​ កងកម្លាំង​ប្រដាប់​អាវុធ​ សង្គម​ស៊ីវិល​ និង​វិស័យ​ឯកជន​”។

លោក​ហ៊ុន​ ម៉ា​ណែ​តបន្ត​ថា​ ក្នុង​ទស្ស​វត្សរ៍​ឆ្នាំ៩០​ ផលិតផល​ប្រើប្រាស់​របស់​យើង​ត្រូវ​បាន​នាំចូល​មក​ពី​ប្រទេសក្រៅ​សឹងតែ​ទាំងអស់​ ហើយ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ ផលិតផល​មក​ពី​អាស៊ី​មិន​មាន​មក​ពី​កម្ពុជា​ទេ​។ ប៉ុន្តែ​សព្វថ្ងៃ​នេះ​ ផលិតផល​ជាច្រើន​ជា​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ក្នុង​ស្រុក​ ត្រូវ​បាន​ផលិត​នៅក្នុង​ប្រទេស​របស់​យើង​ ហើយ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ជាច្រើន​ ក៏​ឃើញ​មានការ​លក់​ផលិតផល​កម្ពុជា​ ដែល​នេះ​ គឺជា​មោទនភាព​ជាតិ​របស់​យើង​ក្នុងនាម​ជាខ្មែរ​ ពីព្រោះ​ការនាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​ មាន​លក្ខខណ្ឌ​តម្រូវ​ស្តង់ដារ​ខ្ពស់​ ដូច្នេះ​ការដែល​យើង​អាច​ចូលក្នុង​ទីផ្សារ​ទាំងនោះ​បាន​ គឺ​បញ្ជាក់​បាន​អំពី​សមត្ថភាព​ផលិត​របស់​យើង​ ទាំង​បរិមាណ​ និង​គុណភាព​ ហើយ​ជា​គុណភាព​ដែល​មានការ​ទទួលស្គាល់​ ជា​អន្តរជាតិ​ និង​ផលិត​ដោយ​វិស្វករ​ និង​អ្នកបច្ចេកទេស​ ជា​កូនខ្មែរ​ ដែល​មាន​សមត្ថភាព​ជំនាញ​ច្បាស់លាស់​។

ក្នុង​នោះ​វា​ជា​ភាព​ជោគជ័យ​នៃ​ផលិតផល​របស់​កម្ពុជា​ ក៏​ពឹងផ្អែក​សំខាន់​បំផុត​លើ​ការ​គាំទ្រ​នៅក្នុង​ស្រុក​ ហើយ​បច្ចុប្បន្ន​នេះ​ ខ្មែរយើង​មិន​ត្រឹមតែ​ផលិត​បានទេ​ ប៉ុន្តែ​គុណភាព​ក៏​ត្រូវតែ​ល្អ​ស្របតាម​ស្តង់ដារ​ផង​ដែរ​ ពីព្រោះ​នៅក្នុង​ទីផ្សារសេរី​ អ្នក​ផលិត​ត្រូវ​ផលិត​ទាំង​បរិមាណ​ គុណភាព​ និង​តម្លៃ​ ជាពិសេស​កត្តា​គុណភាព​ និង​តម្លៃ​នេះឯង​ ដែល​ត្រូវ​រួមផ្សំ​ជាមួយគ្នា​ នៅក្នុង​ការប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​។

លោក​បណ្ឌិត​ហ៊ុន​ ម៉ា​ណែ​ត បញ្ជាក់​ថា​ ការ​កសាង​សមត្ថភាព​របស់​កម្ពុជា​ ក្នុង​ការផលិត​នូវ​ផលិតផល​នានា​ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​ ក៏ដូចជា​ នាំ​ផលិតផល​ខ្មែរ​ទៅលើ​ទីផ្សារ​អន្តរជាតិ​ មិន​ត្រឹមតែ​បាន​ចូលរួម​ក្នុង​ការ​លើក​កិត្តិយស​ជាតិខ្មែរ​នៅ​លើឆាកអន្តរជាតិ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការបង្កើត​ការងារ​ និង​បង្កើន​សមត្ថភាព​អោយ​កូនខ្មែរ​ ដែល​ជា​កត្តា​សំខាន់​ក្នុង​ការជំរុញ​ការ​រីក​ចម្រើ​សេដ្ឋកិច្ច​ជាតិ​ និង​លើកកម្ពស់​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរយើង​៕

កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមពាណិជ្ជកម្មថ្មីជាមួយប្រទេសនានានឹងជំរុញកំនើន សេដ្ឋកិច្ចអាមេរិក

ដោយ ប៊ី

ភ្នំពេញៈ លោក Larry Kudlow ទីប្រឹក្សាសេដ្ឋកិច្ចនៃសេតវិមាន បាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយចិន កាណាដា និងម៉ិកស៊ិកូ នឹងគួរតែជំរុញកំណើនសេដ្ឋកិច្ចអាមេរិក ប្រហែល០.៥ ភាគរយក្នុងឆ្នាំ២០២០

លោក Kudlow បាននិយាយទៅកាន់ Fox News ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះនឹងជួយបានច្រើន។ ពួកគេនឹងកាត់បន្ថយភាពមិនប្រាកដប្រជា ហើយប្រហែលជា នឹងផ្តោតលើការធ្វើអាជីវកម្មសំខាន់ៗមួយចំនួនលោកបន្តថា យើងនឹងធ្វើឱ្យផលិតផលក្នុងស្រុកសរុប មានភាពល្អប្រសើរជាមួយកំណើន០.៥ ភាគរយនៅក្នុងឆ្នាំ ២០២០

សហព័ន្ធមូនិធិបម្រុងរបស់អាមេរិក កាលពីខែ កញ្ញាបានព្យាករណ៍ថា សេដ្ឋកិច្ចអាមេរិកនឹងកើនឡើង,០ ភាគរយនៅឆ្នាំ២០២០ ដែលធ្លាក់ចុះបន្តិចពី,២ ភាគរយនៅឆ្នាំនេះ។ កត្តាធំមួយដែលធ្វើឱ្យសេដ្ឋកិច្ចអាមេរិក គឺភាពមិនច្បាស់លាស់ដែលបណ្តាលមកពីសកម្មភាពពន្ធរបស់លោកTrump និងវិធីសាស្រ្តរំខានរបស់លោក ចំពោះគោលនយោបាយពាណិជ្ជកម្ម។

កាលពីសប្តាហ៍មុនរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានបញ្ចប់ការងារ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកខាងជើង ដែលបានកែលម្អឡើងវិញជាមួយម៉ិកស៊ិកូ និងកាណាដា ដែលទទួលបានការយល់ព្រម ពីប្រធានសភាលោក Nancy Pelosi (D-Calif) និងមេដឹកនាំ AFL-CIO លោក Richard Trumka

លោក Kudlow បាននិយាយថា លោករំពឹងថា សភានឹងអនុម័តនូវកិច្ចព្រមព្រៀងអាមេរិក ម៉ិកស៊ិក កាណាដានៅចុងសប្តាហ៍នេះ ប៉ុន្តែមិនបានផ្តល់ការប៉ាន់ស្មានច្បាស់លាស់អំពីការបោះឆ្នោតចុងក្រោយទេ។ គណៈកម្មាធិការអាមេរិក នឹងបោះឆ្នោតនៅថ្ងៃ អង្គារ នេះលើកិច្ចព្រមព្រៀងនេះ ដែលនឹងកំណត់ដំណាក់កាល សម្រាប់ការបោះឆ្នោតសភាទាំងមូលនៅថ្ងៃព្រហស្បតិ៍។

រដ្ឋបាលTrump ក៏បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម មួយដំណាក់កាលមួយជាមួយចិន ក្នុងការដោះស្រាយនូវកង្វល់មួយចំនួន ដែលជំរុញឱ្យលោកTrump ាក់ពន្ធលើទំនិញចិន ដែលមានតម្លៃជាង៣៥០ពាន់លានដុល្លារ។ ជាលទ្ធផលកាតព្វកិច្ចថ្មីដែលត្រូវបានគ្រោងចូលជាធរមានកាលពីថ្ងៃ អាទិត្យ ត្រូវបានលុបចោល ហើយពន្ធមួយចំនួនដែលមានស្រាប់ត្រូវបានកាត់បន្ថយ។

លោក Kudlow បានមានប្រសាសន៍ថា ការប្តេជ្ញាចិត្តរបស់ចិន ក្នុងការទិញផលិតផលកសិកម្មថាមពលផលិតទំនិញ និងសេវាកម្មពីអាមេរិកតម្លៃ២០០ ពាន់លានដុល្លារអាមេរិកនឹងកើនឡើងទ្វេដង ពីការនាំចេញរបស់អាមេរិកពីប្រមាណ១៨០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។

លោកក៏បានបង្ហាញក្តីសង្ឃឹមថា យន្តការនៃការអនុវត្តកិច្ចព្រមព្រៀងនេះ នឹងធានាថា ចិនគោរពតាមការសន្យា ដែលខ្លួនបានធ្វើដើម្បីការពារកម្មសិទ្ធិបញ្ញា និងបញ្ឈប់ការជំរុញក្រុមហ៊ុនអាមេរិកឱ្យប្រគល់បច្ចេកវិទ្យាដែលមានតម្លៃ។

ប៉ុន្តែលោក Kudlow បាននិយាយថា ប្រសិនបើពួកគេរំលោភបំពាន យើងនឹងចាត់វិធានការណ៍

នាយក​រដ្ឋមន្ត្រី​កម្ពុជា​-វៀតណាម​ នឹង​ចូលរួម​សម្ពោធ​ផ្សារ​ព្រំដែន​នៅ​ថ្ងៃទី​ ២៤​ ខែ​នេះ​

ដោយ​ វុត្ថា

​ភ្នំពេញ​៖ សម្តេ​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ និង​ លោក​ Nguyen​ Xuan​ Phuc​ នាយក​រដ្ឋមន្រ្តី​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ​នឹង​អញ្ជើញ​ចូលរួម​សម្ពោធ​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​-វៀតណាម​ ​«ផ្សារ​ដា​» ស្ថិតនៅ​ក្នុង​ស្រុក​មេមត់​ ជាប់​ព្រំដែន​ខេត្ត​ត្បូងឃ្មុំ​ និង​ខេត្ត​តៃ​និញ​ នៅ​ថ្ងៃទី​ ២៤​ ខែធ្នូ​ ឆ្នាំ​ ២០១៩​ ខាងមុខនេះ​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ នៃ​សាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​ចំនួន​ ២,៥៨៨នាក់​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ នៅ​ថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ឱ្យ​ដឹង​ថា​ នៅ​ថ្ងៃទី២៤​ ខែធ្នូ​នេះ​ សម្តេច​នឹង​អញ្ជើញ​ទៅ​សម្ពោធ​ផ្សារ​ព្រំដែន​កម្ពុជា​-វៀតណាម​ នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​ ដែល​ជា​អតីត​សមរភូមិ​ប្រយុទ្ធ​របស់​សម្តេច​នៅ​ឆ្នាំ១៩៧១​។

សម្តេច​បន្ត​ថា​ ក្រោយ​ដាក់ចេញ​នយោបាយ​ឈ្នះ​ឈ្នះ​បញ្ចប់​សង្គ្រាម​ហើយ​នោះ​ គឺ​ការ​បិទ​បញ្ចប់​ភ្លើងសង្គ្រាម​នៅ​តាម​ព្រំដែន​ និង​ប្រែក្លាយ​ទៅជា​តំបន់​អភិវឌ្ឍន៍​ ដោះដូរ​ទំនិញ​ជាដើម​។

សម្តេច​បន្ថែម​ថា​ ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជិតខាង​កើនឡើង​ជាលំដាប់​ ដោយ​ក្នុង​នោះ​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ថៃ​ កើន​ដល់​ ៧ ពាន់​លា​ដុល្លារ​អាមេរិក​ និង​វៀតណាម​មាន​ចំនួន​ ៥ពាន់​លាន​ដុល្លារ​អាមេរិក​។

លោក​ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ធ្លាប់​បានឱ្យ​ដឹង​ថា​ ផ្សារ​គំរូ​ព្រំដែន​នេះ​ នឹង​ជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន​ និង​លើកកម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា​-វៀតណាម​។

លើស​ពីនេះ​ លោក​រដ្ឋមន្រ្តី​ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​វៀតណាម​ ជាពិសេស​ក្រសួង​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​ ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ ដែល​បាន​ជួយ​សម្របសម្រួល​គម្រោង​សាងសង់​ផ្សារ​នេះ​ ដើម្បី​ទុកជា​និម្មិត​រូប​ និង​ជាស​មិទ្ធ​ផល​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​រវាង​ប្រទេស​ទាំងពីរ​។

លោក​បន្ត​ថា​ «ខ្ញុំ​សង្ឃឹមថា​ផ្សារ​នេះ​ នឹង​បម្រើ​អត្ថ​ប្រយោជន៍​ប្រជាពលរដ្ឋ​កម្ពុជា​ និង​សម្រាប់​ដាក់​លក់ទំនិញ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ ជាពិសេស​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​ និង​របាំង​ពាណិជ្ជកម្ម​នានា​ ដែល​តែ​តែង​រាំងស្ទះ​ដល់​ធ្វើ​ចរាចរណ៍​ទំនិញ​ និង​ផលិតផល​នៅ​តាម​ព្រំដែន​កម្ពុជា​ និង​វៀតណាម​»៕

សម្តេច​តេជោ​ ៖ អគារ​ខ្ពស់​ចាប់ពី​ ៧ជាន់ឡើង​ មាន​ជាង​ ១០០០អគារ​នៅក្នុង​ទីក្រុង​ភ្នំពេញ

សម្តេច​តេជោ​ ៖ អគារ​ខ្ពស់​ចាប់ពី​ ៧ជាន់ឡើង​ មាន​ជាង​ ១០០០អគារ​នៅក្នុង​ទីក្រុង​ភ្នំពេញ
សម្តេច​តេជោ​ ៖ អគារ​ខ្ពស់​ចាប់ពី​ ៧ជាន់ឡើង​ មាន​ជាង​ ១០០០អគារ​នៅក្នុង​ទីក្រុង​ភ្នំពេញ

​ដោយ ​វុត្ថា

​ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ប្រទេស​កម្ពុជា​ បាន​គូសបញ្ជាក់​ថា​ សំណង់​អគារ​កំពស់​ចាប់ពី​ ៧ ជាន់ឡើង​ នៅក្នុង​ទីក្រុង​ភ្នំពេញ​ មាន​ជាង​ ១០០០​ អគារ​ ដែល​កាលពីមុន​គឺ​មិន​មាន​នោះ​ទេ​ ។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ នៃ​សាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​ចំនួន​ ២,៥៨៨នាក់​ នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ ថា​ ការ​កើនឡើង​នៃ​ចំនួន​ អគារ​ខ្ពស់​ច្រើនបែប​នេះ​ ដោយសារ​កត្តា​សន្តិភាព​នៅក្នុង​ប្រទេស​ ដែល​រាជរដ្ឋាភិបាល​ខិតខំ​ប្រឹង​ថែរក្សា​រហូត​មក​។

សម្តេច​តេជោ​បន្ត​ថា​ កត្តា​សន្តិភាព​បាន​ធ្វើ​ឱ្យ​មានការ​អភិវឌ្ឍន៍​ នៅក្នុង​ប្រទេស​ បើ​គ្មាន​សន្តិភាព​ទេ យើង​មិន​មាន​អគារ​ច្រើនបែប​នេះ​ទេ​ ​ដូច​ក្នុង​ខេត្ត​ព្រះសីហនុ​ មាន​ប្រមាណ​ជាង​ ៩០០​ អគារ​ ឡើង​ច្រូងច្រាង​ តាម​ពីក្រោយ​ទីក្រុង​ភ្នំពេញ​។

ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ព្យាករណ៍​ថា​ វិស័យ​សំណង់​នៅតែ​រក្សា​ភាពរឹងមាំ​ ដោយសារ​ វិស័យ​សំណង់​គាំទ្រ​ដោយ​សន្ទុះ​កំណើន​នៃ​សំណង់​តម្លៃ​មធ្យម​ និង​សមរម្យ​ តាមរយៈ​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​តម្លៃ​សមរម្យ​ និង​ភាព​ជឿជាក់​ចំពោះ​ការ​វិនិយោគ​នៅ​កម្ពុជា​ ដែល​ជួយ​ប៉ះប៉ូវ​ការ​ធ្លាក់ចុះ​នៃ​សំណង់​តម្លៃ​ខ្ពស់​មួយ​ផ្នែក​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ បាន​បង្ហាញថា​ សំណង់​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​សរុប​ ៣៤៣៣​ គម្រោង​ មានផ្ទៃ​ក្រឡា​សំណង់​សរុប​ចំនួន​ ១៣,០០០,៦៥៣​ ម៉ែត្រការ៉េ​ ដែល​មានតម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ ៦,៤៩៤​, ៣៧២,៣៧១​ ដុល្លារ​។

បើ​ធៀប​នឹង​រយៈពេល៩ខែ​ ឆ្នាំ២០១៨មាន​ចំនួន​ ២៥៤១​ គម្រោង​ មានផ្ទៃ​ក្រឡា​សំណង់​សរុប​ចំនួន​ ១០,៧៩០,៥៩៧​ ម៉ែត្រការ៉េ​ ដែល​មានតម្លៃ​ប៉ាន់ស្មាន​ទុន​វិយោគ​ប្រមា​ ណ ៤៨២០,២០៨,៨៤៦​ ដុល្លារ​ កើនឡើង​ចំនួន​ ៣៤,៧៣​ ភាគរយ​ ៕