បុរី​ GALAXY​ 11​ ផ្តល់​ឱកាស​ចំណេញ​ចន្លោះ​ពី​ ១០​,០០០​ ទៅ​ ២០​,០០០​ ដុល្លារ​ដល់​អតិថិជន​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ជាមួយនឹង​ការ​វិនិយោគ​ ឬទិញ​លំនៅឋាន​ក្នុង​គម្រោង​បុរី​ GALAXY​ 11​ ដែល​នៅក្នុង​តំបន់​ដ៏​មាន​សក្ដានុពល​ ជា​បណ្តុំ​នៃ​ទីប្រជុំជន​ ស្ថិតនៅ​សង្កាត់​ស្ពានថ្ម​ ខណ្ឌដង្កោ​នឹង​ អ្នក​វិនិយោគ​ ឬអ្នកទិញ​នឹង​ទទួល​បានផល​ចំណេញ​ចន្លោះ​ពី១០​,០០០​ ទៅ​ ២០​,០០០ដុល្លារ​អាមេរិក​។

លោក​ ហេង​ ពិសិដ្ឋ​ នាយក​ប្រតិបត្តិ​គម្រោង​បុរី​លំនៅ​ដ្ឋាន​ដ៏​ទំនើប​ GALAXY​ 11​ បាន​ថ្លែងប្រាប់​ Propertyarea.asia​ នៅ​ថ្ងៃទី​ ១៧​ ខែធ្នូ​ ឆ្នាំ​ ២០១៩​ ថា​ គម្រោង​ GALAXY​ 11​ ផ្តោត​លើ​គោលការណ៍៣សំ​ខាន់​ៗ ទី១​ គុណភាព​សំណង់​ ទី២​ ផាសុ​ខភាព​ក្នុង​ការរស់នៅ​ ពិសេស​ទី៣​ ផល​ចំណេញ​សម្រាប់​អតិថិជន​ ខណៈ​អតិថិជន​របស់​គម្រោង​ GALAXY​ 11​ នឹង​ទទួល​បានផល​យ៉ាង​ក្នុង​ការ​វិនិយោគ​ក្នុង​គម្រោង​ GALAXY​ 11​។

លោក​បាន​លើកឡើង​ថា​ យើង​ផ្តោត​លើ​សំណង់​រឹងមាំ​ ដូច្នេះ​សំណង់​របស់​យើង​សាងសង់​ផ្ទះ​ត្រឹមតែ៣ជាន់​ទេ​ ប៉ុន្តែ​យើង​បុក​គ្រឹះ​ទុក​សម្រាប់​សាងសង់​ផ្ទះ៥ជាន់​ គឺ​យើង​ធ្វើការ​សាងសង់​ដោយ​ផ្តោត​លើ​ភាពរឹងមាំ​តែម្តង​។ លោក​បាន​បន្ត​ថា​ “យើង​ផ្តោត​លើ​ការរស់នៅ​។ ជុំវិញ​គម្រោង​របស់​យើង​ យើង​ដាំ​ដើម​ឈើ​ធំៗ​ ហើយ​នៅផ្ទះ​មួយ​មួយ​ យើង​ដាំ​ដើមឈើ​មួយ​ ហើយ​ក្នុង​គម្រោង​ផង​ដែរ​ យើង​មាន​ក្លឹប​ហាត់ប្រាណ​សម្រាប់​អ្នក​រស់នៅ​។ យើង​ផ្តោត​លើ​ការរស់នៅ​បែប​ផាសុ​ខភាព​ និង​សុវត្ថិភាព​។ យើង​អាច​និយាយ​ថា​ យើង​អភិវឌ្ឍ​គម្រោង​ឱ្យ​កា្លយ​ជា​តំបន់​បៃតង​ តាម​គោលការណ៍​របស់​រដ្ឋាភិបាល​។

លោក​ហេង​ ពិសិដ្ឋ​បានឱ្យ​ដឹង​ទៀត​ថា​ បុរី​ GALAXY11​ យើង​ផ្តោត​លើ​ផល​ចំណេញ​ច្រើន​ដល់​អតិថិជន​របស់​យើង​។ អតិថិជន​វិនិយោគ​នៅពេល​នេះ​ ក្នុង​គម្រោង​បុរី​ GALAXY​ 11​ ​រហូត​គម្រោង​ EAON​ បើក​ការដ្ឋាន​ អតិថិជន​អាច​ចំណេញ​ចន្លោះ​ពី​ ១០​,០០០​ ទៅ​ ២០​,០០០​ ដុល្លារ​ឡើង​ទៅ​ ព្រោះ​គម្រោ​ងផ្សេង​ៗនៅ​តំបន់​នោះ​ ពេល​លឺ​ថា​មាន​គម្រោង​ EAON​ 3 គេ​តម្លើង​តម្លៃ១០​,០០០ដុល្លារ​ក្នុង​មួយ​ផ្ទះ​។

|
លោក​មានប្រសាសន៍​ថា​ “តែ​សម្រាប់​គម្រោង​បុរី​ GALAXY​ 11​ យើង​មិន​តម្លើង​តម្លៃ​ផ្ទះ​ទេ​ ដោយសារ​យើង​ចង់​ទុក​ឱកាស​ឱ្យ​អតិថិជន​យើង​ចំណេញ​។ ចំណែក​តម្លៃ​ផ្ទះ​របស់​យើង​គឺ​មានតម្លៃ​ទាប​ជាងគេ​ ដោយសារ​បាន​ពិនិត្យ​តម្លៃ​ផ្ទះ​ក្នុង​ទីផ្សារ​រួចហើយ​”។

គម្រោង​បុរី​ GALAXY​ 11​ ដែល​នៅក្នុង​តំបន់​ដ៏​មាន​សក្ដានុពល​ ជា​បណ្តុំ​នៃ​ទីប្រជុំជន​ ស្ថិតនៅ​សង្កាត់​ស្ពានថ្ម​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ដោយ​ចំណាយពេល​ត្រឹម៥នាទី​ក្នុង​ការ​ធ្វើដំណើរ​ពីទី​តាំង​គម្រោង​ផ្សារ​ទំនើប​ AEON3​ តែប៉ុណ្ណោះ​ សាងសង់​លើ​ផ្ទៃដី៣ហិ​កតា​ និង​មាន​ប្រភេទ​ផ្ទះ​វី​ឡា​ព្រីន​ វិឡា​ទោល​ ផ្ទះ​អាជីវកម្ម​។

ប្រភេទ​លំនៅ​ដ្ឋាន​ប្រភេទ​ Shop​ House​ មានតម្លៃ​ចាប់ពី​ជាង៨ម៉ឺន​ដុល្លារ​ឡើង​ទៅ​ ។ ប្រភេទ​លំនៅ​ដ្ឋាន​ វីឡា​ទោល​ មានតម្លៃ​ចាប់ពី​ជាង១៤ម៉ឺន​ដុល្លារ​ឡើង​ទៅ​ ។ ប្រភេទ​លំនៅ​ដ្ឋាន​ វីឡា​ ព្រីនស៍​ មានតម្លៃ​ចាប់ពី​ជាង៣០ម៉ឺន​ដុល្លារ​ឡើង​ទៅ​ ដោយ​គ្រប់​ប្រភេទ​លំនៅ​ដ្ឋាន​ទាំងអស់​លោក​ អ្នក​គ្រាន់តែ​កក់​ត្រឹម៣០ភាគរយ​ ជាមួយនឹង​ការ​បង់​រំលស់​រយៈ១៨ខែ​ដោយ​គ្មាន​ការប្រាក់​។

ដោយឡែក​សម្រាប់​អតិថិជន​ដែល​កក់​លំនៅ​ដ្ឋាន​ ចាប់ពី​ថ្ងៃនេះ​រហូតដល់​ដំណាច់ឆ្នាំ២០១៩​ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ពិសេស​ រួម​ជាមួយនឹង​ការ​ទទួល​រង្វាន់​នូវ​ម៉ូតូ​ Honda​ ស៊េរី​ថ្មី​មួយ​គ្រឿង​ភ្លាម​ៗ ព្រមទាំង​ទទួល​បាន​ប័ណ្ណ​ផ្សងសំណាង​ ដែល​មាន​ទឹកប្រាក់​សរុប​រហូតដល់​200,000​ដុល្លារ​ និង​គ្រឿង​បរិ​ក្ខា​ សម្ភារៈ​ប្រើប្រាស់​នៅក្នុង​ផ្ទះ​ជាច្រើន​ប្រភេទ​ថែមទៀត​ផង​។

ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​តាមរយៈ​ទូរស័ព្ទ​លេខ​ ០១៧​ ៦៦​ ១១​ ២២​ / ០៩៨​ ៦៦​ ១១​ ២២​៕

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ (KFA​) លោក​ឧកញ៉ា​ នួន​ រិទ្ធី​ ធ្លាប់​បាន​មានប្រសាសន៍​ឱ្យ​ដឹងផង​ដែរ​ថា​ ដង្កោ​ គឺជា​ខណ្ឌ​ងាយស្រួល​ក្នុង​ការអភិវឌ្ឍន៍​ ព្រោះ​ខណ្ឌ​នេះ​មាន​សណ្ឋានដី​ និង​អំណោយផល​ល្អ​ច្រើន​ ម្យ៉ាងទៀត​វា​ក៏​មាន​ទីតាំង​ស្ថិតនៅ​ជិត​ ទីប្រជុំជន​នៃ​រាជធានី​ភ្នំពេញ​ ដែល​ជា​បណ្តុំ​នៃ​មណ្ឌល​ពាណិជ្ជ​ ហើយ​វា​ក៏​មាន​ភាព​ងាយស្រួល​ ក្នុង​ការពង្រីក​ខ្លួន​ទៅដល់​ស្រុក​កណ្ដាលស្ទឹង​ ដែល​ឃុំ​មួយចំនួន​ស្ថិត​ក្នុង​ស្រុក​មួយ​នេះ​ ត្រូវ​បាន​កាត់​ចូល​មក​ក្នុង​ខណ្ឌដង្កោ​។

លោក​ឧកញ៉ា​បាន​បន្ត​ថា​ លើស​ពីនេះ​ទៅទៀត​ ក្រៅពី​មាន​ទំនោរ​ទៅលើ​ទីផ្សារ​លំនៅ​ដ្ឋាន​ ខណ្ឌដង្កោ​ ក៏​មាន​សួន​ឧស្សាហកម្ម​មួយចំនួន​នៅ​ទីនោះ​ផង​ដែរ​ រហូត​ត្រូវ​បាន​គេ​ចាត់ទុកថា​ ជា​តំបន់​មានការ​អភិវឌ្ឍ​ចម្រុះ​។ ម្យ៉ាងទៀត​ ចំពោះ​ទិសដៅ​នៃ​ការអភិវឌ្ឍន៍​នា​ពេល​អនាគត​ វា​នឹង​ឆ្ពោះទៅ​រក​តំបន់​ជាយក្រុង​ ដែល​ស្ថិតនៅ​ជុំវិញ​រាជធានី​ភ្នំពេញ​ចម្ងាយ​ប្រមាណ៣០គីឡូម៉ែត្រ​ ព្រោះ​បច្ចុប្បន្ន​តំបន់​កណ្ដាល​ក្រុងភ្នំពេញ​ ស្ទើរតែ​អស់​ដី​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​លំនៅឋាន​ទៅ​ហើយ​ ដែល​ធ្វើ​ឱ្យ​អចលនវត្ថុ​កាន់តែ​មានតម្លៃ​ខ្ពស់​។

លោក​ឧកញ៉ា​ នួន​ រិទ្ធី​បាន​បន្ត​ថា​ អ្វី​ដែល​ធ្វើ​ឱ្យ​ខណ្ឌដង្កោ​ មាន​សក្ដានុពល​ ក៏​ព្រោះតែ​តំបន់​នេះ​មាន​ប្រព័ន្ធ​ទឹក​ ភ្លើង​ និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ខ្វាត់ខ្វែង​ ដែល​អាច​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ ទៅ​តំបន់​នេះ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ អាច​កាត់បន្ថយ​ការ​កកស្ទះ​បាន​យ៉ាង​ប្រសើរ​ផង​ដែរ​។

ហេតុផល​មួយទៀត​ដែល​ធ្វើ​ឱ្យ​មនុស្សជា​ច្រើន​ ក៏ដូចជា​បណ្តា​អ្នកធ្វើ​ជំនួញ​លើ​វិស័យ​អចលនទ្រព្យ​ មាន​ទំនោរ​ទៅលើ​ការ​វិនិយោគ​ក្នុង​ខណ្ឌដង្កោ​ ជាពិសេស​នៅ​ប៉ែក​ខាងត្បូង​តែម្ដង​ ក៏​ព្រោះ​វា​មាន​ភាពល្អ​ប្រសើរ​ជាច្រើន​ដូចជា​ ស្ថិតនៅ​ក្បែរផ្លូវ៦០ម៉ែត្រ​ ដែល​បែងចែក​ទៅកាន់​ផ្លូវជាតិ​លេខ២​ និង​ផ្លូវជាតិ​លេខ៣​ មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ស្ថិតនៅ​ជិត​គម្រោង​ផ្សារ​ទំនើប ​AEON3​ ផ្សារ​ទំនើប​ប៉េង​ហួត​ Eco​ Mall​ អាច​ធ្វើដំណើរ​ត្រឹម​ជាង១០នាទី​មកដល់​កណ្តាល​រាជធានី​ភ្នំពេញ​៕

ពន្ធដារ​រកចំណូល​បាន​ជិត៣០០០លាន​ដុល្លារ​រយៈពេល១១ខែ​នៃ​ឆ្នាំនេះ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​កម្ពុជា​បានឱ្យ​ដឹង​ថា​ សម្រាប់​រយៈពេល១១ខែ​ឆ្នាំ​ ២០១៩​ នេះ​ ចំណូល​ពន្ធ​-អាករ​ ដែល​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ប្រមាណ​មូល​បាន​មាន​ចំនួន​ ១០​,៥២៦.៦៨ពាន់​លាន​រៀល​ ស្មើនឹង​ប្រមាណ២​,៦៣១.៦៧​ លាន​ដុល្លារ​អាមេរិក​ស្មើនឹង​ ១១៥.០០​% នៃ​ផែនការ​ប្រចាំឆ្នាំ២០១៩នេះ​។

យោង​តាម​របាយការណ៍​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ដែល​ ក្រុមការងារ​គេហទំព័រ​ propertyarea.asia​ ទទួល​បាន​ទទួល​បា​នៅ​ថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ​ ២០១៩​ នេះ​ ឱ្យ​ដឹង​ថា​ ប្រសិនបើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ២០១៨​ ឃើញថា​ ចំណូល​ពន្ធ​-អាករ​សម្រាប់​រយៈពេល១១ខែ​ ឆ្នាំ​ ២០១៩នេះ​ កើនឡើង​ចំនួន​ ២,២៨១.៨២​ ប៊ី​លាន​រៀល​ ប្រមាណ​ជា​ ៥៧០​,៤៦​ លាន​ដុល្លារ​អាមេរិក​ស្មើនឹង២៧.៦៨​ % ។

របាយការណ៍​ដដែល​បញ្ជាក់​ទៀត​ថា​ ដោយឡែក​ក្នុង​ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នេះ​ ចំណូល​ដែល​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ប្រមូល​បាន​មាន​ចំនួន​ ៩០៩​.ប៊ី​លាន​រៀល​ ប្រមាណ​ ២២៧.៤៨​ លាន​ដុល្លារ​អាមេរិក​ ស្មើនឹង​ ៩,៩៤​ % នៃ​ផែនការ​ប្រចាំឆ្នាំ​។ បើ​ប្រៀបធៀប​នឹង​ចំណូល​ពន្ធ​-អាករ​ប្រចាំខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៨​ ​; ឃើញថា​ កើនឡើង​ចំនួន​ ១៥៩.៩០​ ប៊ី​លាន​រៀល​ ប្រមាណ​ ៣៩.៩៨​ លាន​ដុល្លារ​អាមេរិក​ ស្មើនឹង​ ២១.៣២​ %។

សម្តេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ CUS​ នាទី​ក្រុង​កោះ​ពេជ្រ​កាលពី​កន្លង​មក​ថ្មី​ៗនេះ​ ថា​ ចំណូល​ពន្ធ​បាន​មក​ពី​គយ​ និង​ពន្ធដារ​ មកដល់​ត្រឹម​ថ្ងៃទី៩​ ខែធ្នូ​ ទទួល​បាន​ចំនួន៥​,៦៥២ លាន​ដុល្លារ​អាមេរិក​ លើស​ផែនការ​គ្រោងទុក​ប្រមាណ១​,១០៣លាន​ដុល្លារ​ ដោយ​ក្នុង​នោះ​ចំណូល​បាន​ពី​ពន្ធ​ទិញ​រថយន្ត​ និង​ម៉ូតូ​មាន​រហូតដល់៥២ភាគរយ​។

សម្តេច​តេជោ​បាន​ថ្លែង​ថា​ “រាជរដ្ឋាភិបាល​មាន​ថវិកា​ប្រមាណ ៣​,៥០០លាន​ដុល្លារ​ សម្រាប់​យក​ទៅ​ប្រើប្រាស់​ពេល​មានការ​បន្ទាន់​។ ថវិកា​នេះ​ មិនទាន់​បូក​បញ្ចូល​ប្រាក់​បម្រុង​អន្តរជាតិ១៥ពាន់​លាន​ដុល្លារ​ និង​មាស៣០តោន​នៅឡើយ​នោះ​ទេ​”។

បើ​ទោះបី​មាន​ថវិកា​សល់​ សម្រាប់​ប្រើប្រាស់​ច្រើនយ៉ាង​ណា​ក្តី​ តែ​សម្តេច​តេជោ​ ហ៊ុន​ សែន​បញ្ជាក់​ថា​ ក្រសួង​មិន​អាច​ស្នើសុំ​ចាយ​ថវិកា​បន្ថែម​បាន​នោះ​ឡើយ​។ សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​“សមិទ្ធផល​ទាំងអស់​នេះ​ បាន​មក​ពី​កិច្ច​ខិតខំ​ទាំងអស់គ្នា​”។ សម្តេច​តេជោ​បន្ថែម​ថា​ “អ្នក​ជាប់​កាតព្វកិច្ច​ពន្ធ​ទាំងឡាយ​ ត្រូវតែ​នាំគ្នា​ចូលរួម​បង់ពន្ធ​”។

សម្តេច​តេជោ​ហ៊ុន​ សែន​បាន​ថ្លែង​ថា​ ប្រាក់បង់​ពន្ធ​ គឺ​យក​ទៅ​ប្រើប្រាស់​សម្រាប់​ការ​ធ្វើ​ផ្លូវ​ និង​សាងសង់​មន្ទីរពេទ្យ​ជាដើម​៕

ប្រធាន​ CREA​ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ពិចារណា​ឲ្យបាន​ម៉ត់ចត់​លើ​ការទិញ​អចលនទ្រព្យ​ដែល​គ្មាន​ប័ណ្ណ​កម្ម​សិទ្ធ​ច្បាស់លាស់​

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោល​កឃាង​ ពុទ្ឋី​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ ពិចារណា​ឲ្យបាន​ច្បាស់លាស់​ និង​ម៉ត់ចត់​ មុន​សម្រេចចិត្ត​ទិញ​អចលនទ្រព្យ​គ្មាន​ប័ណ្ណ​កម្ម​សិទ្ឋ​ច្បាស់លាស់​ ជៀសវាង​ហានិភ័យ​នៅពេល​ក្រោយ​។

លោក​ឃាង​ ពុទ្ឋី​បាន​មានប្រសាសន៍​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី១៧​ ធ្នូ​នេះ​ថា​ ការទិញ​ដីធ្លី​ ដែល​គ្មាន​សិទ្ឋ​ច្បាស់លាស់​ នឹង​មាន​ហានិភ័យ​ច្រើន​ ហេតុនេះ​ការទិញ​ដីធ្លី​ដែល​គ្មាន​ប័ណ្ណ​កម្ម​សិទ្ឋ​ច្បាស់លាស់​គួរ​ជៀសវាង​ ហើយ​ស្វែងរក​ដីធ្លី​ដែល​មាន​ប័ណ្ណ​កម្ម​សិទ្ឋ​ច្បាស់លាស់​ និង​ត្រឹមត្រូវ​ គឺជា​ការកាត់បន្ថយ​បញ្ហា​ខ្លួនឯង​ផង​ និង​ជួយ​ដល់​រដ្ឋាភិបាល​ផង​ ដើម្បី​កាត់បន្ថយ​ជម្លោះដីធ្លី​នានា​។

លោក​បន្ត​ថា​ “ជាមួយគ្នា​នេះ​ ខ្ញុំ​អំពាវនាវ​ឲ្យ​មន្រ្តី​ពាក់​ព័ន្ឋពន្លឿន​និ​តិ​វិធី​ នៃ​ការ​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ឋ​ដីធ្លី​ និង​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យបាន​ឆាប់រហ័ស​ ដល់​អ្នក​អភិវឌ្ឍន៍​នានា​ ដើម្បី​ជួយ​លើក​កំពស់​បរិយាកាស​វិនិយោគ​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​”។លោក​បន្ត​ថា​ “ជាមួយគ្នា​នេះ​ លោក​សូម​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​និង​សំ​ណង់់​ ដែល​បាន​ពន្លឿន​ការ​ធ្វើ​ និង​ចេញ​ប័ណ្ណ​កម្ម​សិទ្ឋ​ជូន​ប្រជាពលរដ្ឋ​នា​ពេល​បច្ចុប្បន្ន​នេះ​”។

លោក​ឃាង​ ពុទ្ឋី​បាន​បន្ត​ថា​ លោក​សង្ឃឹមថា​ការ​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ឋ​ បាន​ទាន់ពេល​វេលា​ និង​បាន​កាន់តែ​ឆាប់រហ័ស​ ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ ក៏ដូចជា​កាត់បន្ថយ​ហានិភ័យ​ជម្លោះដីធ្លី​ផង​ដែរ​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​ឲ្យដឹង​ថា​ នៅ​ឆ្នាំ២០១៩​ នេះ​ រាជរដ្ឋាភិបាល​ បានសម្រេច​ចេញ​បណ្ណ​កម្មសិទ្ធិ​ដី​ចំនួន៤៤៣​ ៥៩៨បណ្ណ​ និង​ចែក​ដល់ដៃ​ប្រជាពលរដ្ឋ​ចំនួន៣៥៣​ ៤៣៣បណ្ណ​ រួមមាន​ ទី១​ កម្មវិធី​អនុ​វិស័យ​រដ្ឋបាល​ដីធ្លី​ ៖ បាន​ប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ​ចំនួន៧៤៤ភូមិ​ បាន​ធ្វើការ​បិទផ្សាយ​ជា​សាធារណៈ​ចំនួន៥៧៧ភូមិ​ ស្មើនឹង៥២៩​ ៩៥០ក្បាលដី​ ចេញ​បណ្ណ​ចំនួន៤៤២​ ០៣៦បណ្ណ​ និង​ចែក​បណ្ណ​ជូន​ប្រជាពលរដ្ឋ​ចំនួន៣៥១​ ៨៧១បណ្ណ​ (ក្នុង​នោះ​សម្បទាន​ដី​សង្គមកិច្ច​បាន៣​ ១៤០បណ្ណ​)។

​ទី២​ ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ​៖ សម្រេច​បាន១​ ៥៦២បណ្ណ​ (ដី​រដ្ឋ​បាន៨៥បណ្ណ​ ទំហំ៤៣​ ៤៣៥ហិ​កតា​ ដី​ឯកជន​របស់​បុគ្គល​ឯកជន​បាន១​ ៣៤២បណ្ណ​ និង​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​បាន​ ៦សហគមន៍​ ស្មើនឹង១៣៥បណ្ណ​ ទំហំ៥៨៤០​,៥២ហិ​កតា​ ស្មើនឹង​ ៤៦៥គ្រួសារ​)។

សរុប​លទ្ធផល​ពី​ពេល​ចាប់ផ្តើម​អនុវត្ត​ដល់​ត្រឹម​ថ្ងៃទី១២​ ខែធ្នូ​ ឆ្នាំ២០១៩​ ក្រសួង​ចេញ​បណ្ណ​កម្មសិទ្ធិ​ដី​បាន​ចំនួន​ ៥ ៥៧១​ ៤២២បណ្ណ​ ស្មើនឹង៧៩​,៥៩​% នៃ​ក្បាលដី​ប៉ាន់ស្មាន៧លាន​ក្បាលដី​ ក្នុង​នោះ​ ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​សម្រេច​បាន​ ៤ ៩៥៣​ ៩៧៩​ បណ្ណ​ និង​ចែក​បណ្ណ​ជូន​ប្រជាពលរដ្ឋ​ចំនួន​ ៤ ៦១៣​ ៤៦១​ បណ្ណ​ (ក្នុង​នោះ​តាម​បទបញ្ជា​លេខ​ ០១បប​ បាន​ចំនួន៦៤២​ ៦០៣បណ្ណ​ សម្បទា​ដី​សង្គមកិច្ច​បាន​ចំនួន​ ៦ ៥០៤បណ្ណ​) និង​ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ​សម្រេច​បាន៦១៧​ ៤៤៣បណ្ណ​ (ដី​រដ្ឋ​បាន១​ ៨៥៤បណ្ណ​ ទំហំ៧៧៨​ ៧២៥ហិ​កតា​ ដី​ឯកជន​របស់​បុគ្គល​ឯកជន​បាន៦១៤​ ៧៧០បណ្ណ​ និង​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​បាន៣០សហគមន៍​ ស្មើនឹង​ ៨១៩បណ្ណ​ ទំហំ២៨​ ៥២២​,៥២ហិ​កតា​សម្រាប់​ ៣០៣៣​ គ្រួសារ​)៕

ខេត្តកំពតបន្តការរីកចំរើនផ្នែកបដិសណ្ឋារកិច្ចលើវិស័យទេសចរណ៍ដោយមានកន្លែងស្នាក់នៅកើនឡើងដល់ ២៦៥ កន្លែង

ដោយ ​វុត្ថា

​ភ្នំពេញ​៖ ខេត្តកំពត​មាន​កន្លែង​ស្នាក់នៅ​ និង​សេវាកម្ម​ជាច្រើន​សម្បូរ​បែប​ ដោយ​ក្នុង​នោះ​មាន​ដូចជា​សណ្ឋាគារ​ បឹង​ហ្គា​ឡូ​ និង​ផ្ទះសំណាក់​ជាដើម​ មាន​ចំនួន​សរុប​ ២៦៥កន្លែង​ ស្មើនឹង​ ៣ ៥៨៥​ បន្ទប់​ ជាមួយនឹង​ការរៀបចំ​បាន​យ៉ាង​ត្រឹមត្រូវ​ ឆ្លើយតប​នឹង​តម្រូវការ​របស់​ភ្ញៀវ​ជាតិ​ និង​ភ្ញៀវ​អន្តរជាតិ​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​ទេសចរណ៍​ ដែល​គេហទំព័រ​ propertyarea.asia​ ទទួល​បាន​នៅ​ថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ​ ២០១៩នេះ​ ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​ សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍​ភាគច្រើន​នៅ​ខេត្តកំពត​ បាន​ និង​កំពុង​ឈាន​ដល់​ការរៀបចំ​អាជីវកម្ម​របស់​ខ្លួន​ស្របតាម​បរិបទ​ «ស្អាត​ និង​បៃតង​» ដែល​បាន​គិត​បន្ថែម​ជាមួយ​កិច្ចការពារ​បរិស្ថាន​ ការចូលរួម​ទទួលខុសត្រូវ​សង្គម​ និង​ការបែងចែក​ប្រកបដោយ​សមធម៌​។

របាយការណ៍​ដដែល​បន្ត​ថា​ មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ស្នាក់នៅ​ក្នុង​ខេត្តកំពត​ បាន​គិតគូរ​យកចិត្ត​ទុកដាក់​លើ​ការរៀបចំ​សោភ័ណភាព​ សណ្ដាប់ធ្នាប់​ និង​អនាម័យ​ ព្រម​ជាមួយគ្នា​នោះ​ ក៏បាន​រៀបចំ​តាំង​បង្ហាញ​បញ្ជីរាយនាម​សេវាកម្ម​ ការ​យកចិត្ត​ទុកដាក់​លើ​ការ​ពង្រឹងគុណភាព​សេវាកម្ម​ និង​ការ​ថែរក្សា​អនាម័យ​បរិស្ថាន​ទាំង​ក្នុង​និង​ក្រៅ​បរិវេណ​អាជីវកម្ម​ ពិសេស​បាន​ពង្រឹង​ការ​ទទួល​បដិសណ្ឋារ​កិច្ច​ចំពោះ​ភ្ញៀវ​ទេសចរ​ផង​ដែរ​។

របាយការណ៍​ដដែល​បន្ថែម​ថា​ ​; គ្រប់​អាជីវកម្ម​ទាំងអស់​ក៏បាន​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​ការ​រក្សា​សន្តិសុខ​សុវត្ថិភាព​នៃ​ការ​ស្នាក់នៅ​ ការ​ផ្ដល់​អត្ថ​ប្រយោជន៍​ផ្សេង​ៗដល់​បុគ្គលិក​ និង​ការរៀបចំ​ឯកសណ្ឋាន​សម្រាប់​បុគ្គលិក​គ្រប់គ្នា​ផង​ដែរ​។ ខេត្តកំពត​ស្ថិតនៅ​ភាគ​ខាងត្បូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​ ដែល​មាន​អាកាសធាតុ​អំណោយផល​គួរ​ជាទី​មនោរម្យ​ ដល់​ការសម្រាក​លម្ហែ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​នៅ​គ្រប់​រដូវ​កាល​។

លោក​ សយ​ ស៊ី​ណុល​ ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តកំពត​បានឱ្យ​ដឹង​ដែរ​ថា​ សម្រាប់​ពិធីបុណ្យ​សមុទ្រ​ខាងមុខនេះ​ ខេត្ត​មាន​បន្ទប់​ជាង​ ៣០០០​ បន្ទប់​ និង​មាន​កន្លែង​បោះតង់​ទាំង​នៅ​បូកគោ​មាន​ប្រហែល៥០០​ ស្តង់​ ហើយក៏​មាន​សេវា​ស្នាក់នៅ​ក្នុង​ទីក្រុង​ដែល​ជា​ផ្ទះ​របស់​បងប្អូន​របស់​ប្រជាពលរដ្ឋ​ដែល​យើង​រៀបចំ​ស្នាក់នៅ​ ប្រមាណ​ជាង​ ១០០​ បន្ទប់​ទៀត​ ដូច្នេះ​សរុប​ទាំងអស់​ប្រមាណ​ជា​ ៤០០០​ បន្ទប់​។

លោក​បន្ត​ថា​ បើ​ទោះបី​ចំនួន​នេះ​មិន​ទាប់​គ្រប់យ៉ាង​ណា​ក្តី​ តែ​ការរៀបចំ​នេះ​ គឺ​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ក្នុង​ពិធីបុណ្យ​សមុទ្រ​ ខាងមុខនេះ​ បន្ថែម​ពី​ភ្ញៀវ​ទេសចរ​ក៏អាច​ទៅ​ស្នាក់នៅ​ក្នុង​ខេត្ត​កែប​បាន​ផង​ដែរ​ដែល​មាន​ចំងាយ​ប្រមាណ២០​ គីឡូ​ពី​ខេត្តកំពត​ ហើយ​មាន​កន្លែង​ស្នាក់នៅ​ប្រមាណ​ ២០០០​ បន្ទប់​ បន្ថែម​ទៀត​។

លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ធ្លាប់​បានឱ្យ​ដឹង​ថា​ ពិធីបុណ្យ​សមុទ្រ​លើក​ទី៨​ ជុំ​ទី២​ នៅក្នុង​ខេត្តកំពត​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២០​-២១​-២២​ ខែធ្នូ​ ឆ្នាំ២០១៩​ នេះ​ នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ប្រមាណ​កន្លះ​លាន​នាក់​៕

ទឹកប្រាក់​ជាង២០០០លាន​ដុល្លារ​ត្រូវ​បាន​ចាក់​ចូលក្នុង​វិស័យ​កសិកម្ម​ក្នុង​រយៈពេល៨ខែ​ឆ្នាំនេះ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ មន្រ្តី​ជាន់ខ្ពស់​ធនាគារជាតិនៃកម្ពុជា​បាន​ថ្លែង​ថា​ គិត​ត្រឹម​រយៈពេល៨ខែ​ ឆ្នាំ២០១៩កន្លងទៅ​នេះ​ បណ្តា​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា​ បាន​ផ្តល់​ឥណទាន​ដល់​វិស័យ​កសិកម្ម​រហូត​ ដល់​ជាង២ពាន​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ដើម្បី​ជា​ការចូលរួម​ជួយ​លើកស្ទួយ​វិស័យ​នេះ​ឱ្យ​រីកចម្រើន​។

នៅក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ ក្នុង​សន្និសីទ​ម៉ាក្រូ​សេដ្ឋកិច្ច​ ប្រចាំឆ្នាំ​លើក​ទី៦​ របស់​ធនាគារជាតិនៃកម្ពុជា​ស្ដីពី​ “វិស័យ​កសិកម្ម​ក្នុង​បរិបទ​ នៃ​ការផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស​ នៃ​រចនា​សម្ពន្ធ​សេដ្ឋកិច្ច​ និង​ភាព​មិន​ប្រាកដប្រជា​នៃ​ពាណិជ្ជកម្ម​ពិភពលោក​” ដែល​រៀបចំ​ដោយ​ធនាគារ​ ជាតិ​នៃ​កម្ពុជា​ នៅ​ថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០១៩កន្លងមក​នេះ​ លោកស្រី​នាវ​ ច័ន្ទ​ថា​ណា​ បាន​បញ្ជាក់​ថា​ បើ​តាម​ទិ​ន្ន័​យនៅ​ឆ្នាំ២០១០​ ឥណទាន​សរុប​លើ​វិស័យ​កសិកម្ម​ មាន​ចំនួន១.៦ទ្រី​លាន​រៀល​ ស្មើ៣៨១លាន​ដុល្លារ​អាមេរិក​ ប៉ុន្ដែ​គិត​ត្រឹម​ខែសីហា​ ឆ្នាំ២០១៩នេះ​ ឥណទាន​សរុបទៅ​កាន់​វិស័យ​នេះ​ បាន​កើន​ដល់១៣.១ទ្រី​លាន​រៀល​ ស្មើរ​នឹង២.២០០លាន​ដុល្លារ​អាមេរិក​”។

ទន្ទឹម​នឹង​នេះ​អត្រា​ការ​ប្រា​ ក់​ត្រូវ​បាន​កំណត់​អតិបរមា១៨​ ភាគរយ​ នៅ​ខែមេសា​ឆ្នាំ២០១៧​ ដើម្បី​សម្រួល​ដល់​លទ្ធភាព​ទទួល​បាន​ឥណទាន​ដល់​កសិករ​។

ស្រប​ជាមួយនឹង​ប្រធានបទ​ ដែល​លើកយក​ពី​វិស័យ​កសិកម្ម​មក​ពិភាក្សា​ ក្នុង​សន្និសីទ​នេះ​ លោកស្រី​ នាវ​ ច័ន្ទ​ថា​ណា​ ក៏បាន​លើក​ពីក​ត្តា​ប្រឈម​ និង​ដំណោះស្រាយ​មួយចំនួន​ ដែល​ជំរុញ​ឲ្យ​វិស័យ​នេះ​ឈាន​ឆ្ពោះទៅ​មុខ​។

លោកស្រី​បញ្ជាក់​ថា​ “ថ្ងៃនេះ​ខ្ញុំ​សូម​លើកយក​ចំណុច​សំ​ខាន់​ៗមួយចំនួន​ លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ ដែល​គួរ​យក​មក​ពិភាក្សា​ក្នុង​សន្និសីទ​ថ្ងៃនេះ​”។ លោកស្រី​បន្ត​ថា​ “ខ្ញុំ​យល់ថា​ ដើម្បី​ជំរុញ​កំណើន​វិស័យ​កសិកម្ម​ ត្រូវ​ធ្វើឲ្យ​ផលិតភាព​នៃ​វិស័យ​នេះ​ល្អ​ប្រសើរ​ឡើង​ និង​បង្កើត​ភាព​ធន់​ និង​អាកាសធាតុ​លើ​វិស័យ​នេះ​”៕

អ្នកជំនាញ​៖ដី​នៅក្នុង​ខណ្ឌ​ចំនួន៣ក្នុង​រាជធានី​ភ្នំពេញ​មានតម្លៃ​ខ្ពស់​ជាងគេ​

ដោយៈ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ នៅក្នុងចំណោម​ខណ្ឌ​ទាំង១៤​ នៃ​រាជធានី​ភ្នំពេញ​ ខណ្ឌ​ចំនួន៣​ រួមមាន​ ខណ្ឌចំការមន​ ខណ្ឌ​បឹងកេងកង​ និង​ខណ្ឌដូនពេញ​ ត្រូវ​បាន​អ្នកជំនាញ​ផ្នែក​វាយតម្លៃ​អចលនទ្រព្យ​លើកឡើង​ថា​ មានតម្លៃ​ថ្លៃ​ខ្ពស់​ជាង​តាម​បណ្តា​ខណ្ឌ​នានា​ ហើយនឹង​បន្ត​កើនឡើង​នៅពេល​ខាងមុខនេះ​ទៀត​ ខណៈ​ដែល​តម្រូវការ​ប្រើប្រាស់​នៅក្នុង​តំបន់​ទាំងនេះ​នៅតែ​មាន​។

នាយក​ក្រុមហ៊ុន​ Key​ Real​ Estate​ Co​,.Ltd​ លោក​ សន​ សៀ​បបាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗនេះ​ថា​ ​បច្ចុប្បន្ន​តម្លៃ​នៃ​អចលនវត្ថុ​នៅក្នុង​ខណ្ឌ​ចំនួន៣​ កំពុងតែ​បន្ត​មាន​សក្តា​នុ​ពល​របស់​ខ្លួន​ ដែល​ក្នុង​នោះ​រួមមាន​ដូចជា​ ខណ្ឌចំការមន​ ខណ្ឌដូនពេញ​ និង​ខណ្ឌ​បឹងកេងកង​ ដែល​រដ្ឋាភិបាល​ទើបតែ​បង្កើត​ឡើង​កាលពី​ពេល​ថ្មី​ៗនេះ​។ ទោះជាយ៉ាងណា​លោក​បញ្ជាក់​បញ្ជាក់​ថា​ ខណ្ឌ​ទាំង៣ដែល​បាន​លើកឡើង​ខាងលើ​នេះ​ មិនមែន​មានន័យថា​ តម្លៃ​ដី​ ឬតម្លៃ​អចលនវត្ថុ​ មានកម្រិត​ស្មើគ្នា​នោះ​ទេ​ ប៉ុន្តែ​វា​មាន​តំបន់​ខ្លះ​ឡើងថ្លៃ​ ហើយ​តម្លៃ​ខ្លះ​នៅ​រក្សា​តម្លៃ​ធម្មតា​ដូច​ឆ្នាំ​កន្លងទៅ​។

លោក​បន្ត​ថា​ ខណ្ឌចំការមន​ តំបន់​ដែល​មានការ​ចាប់អារម្មណ៍​ពីសំណាក់​អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​ គឺ​តំបន់​កោះ​ពេជ្រ​ ដែល​កំពុងតែ​មានការ​រីកចម្រើន​ខ្លាំង​ លើ​ការ​សា​សង់​សំណង់​អាគារ​ពាណិជ្ជកម្ម​នានា​កម្រិត​អន្តរជាតិ​ ហើយក៏​ជា​តំបន់​ដែល​មហាជន​ទូទៅ​ទទួលស្គាល់​ថា​ ជា​តំបន់​ដែល​មាន​សក្ដានុពល​ផង​ដែរ​។

នៅ​តំបន់​កោះ​ពេជ្រ​បច្ចុប្បន្ន​មានតម្លៃ​ក្នុង​ចន្លោះ​ចាប់ពី​ជាង​ ៤០០០​-៥០០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ហើយ​នៅ​ប៉ែក​ម្ខាងទៀត​ចាប់ពី​គល់​ស្ពាន​នាគ​កោះ​ពេជ្រ​ មក​ខាង​តំបន់​មណ្ឌល​កម្សាន្ត​ NAGA​ 1 ​NAGA​2 ក៏​មាន​តម្លៃ​ប្រហាក់​ប្ហែល​គ្នា​នឹង​តំបន់​កោះ​ពេជ្រ​ផង​ដែរ​។

ចំពោះ​ខណ្ឌ​បឹងកេងកង​ ក៏​មាន​តំបន់​ខ្លះ​នៅ​រក្សា​តម្លៃ​ប្រហាក់​ប្រហែល​ឆ្នាំ​កន្លងទៅ​ដែរ​ ប៉ុន្តែ​នៅក្នុង​តំបន់​សង្កាត់​បឹងកេងកង១​ អាច​មាន​អត្រា​ខ្ពស់​ជាងគេ​បន្តិច​ ដោយសារតែ​សង្កាត់​មួយ​នេះ​ ត្រូវ​បាន​ហ៊ុ​ព័ទ្ធ​ទៅ​ដោយ​ផ្លូវ​សំ​ខាន់​ៗចំនួន​ រួមមាន​ផ្លូវ​ ម៉ៅ​សេង​ទុង​ ផ្លូវ​ព្រះមុនីវង្ស​ ផ្លូវ​ព្រះសីហនុ​ និង​ផ្លូវ​ព្រះ​នរោត្តម​។

អាស្រ័យ​ដោយ​តំបន់​នេះ​ ជា​តំបន់​សក្ដានុពល​អចលនទ្រព្យ​ ធ្វើ​ឱ្យ​តម្លៃ​ដី​ស្ថិតនៅ​ក្នុង​ចន្លោះ​ចាប់ពី៤៥០០​ ទៅ​ ៥៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ឬទីតាំង​ខ្លះ​អាច​ខ្ពស់​ជាង​នេះ​អាស្រ័យ​ដោយ​ទីតាំង​មាន​តម្រូវការ​ និង​តាម​ទំហំ​ផង​ដែរ​។

លោក​សន​ សៀ​បបាន​បន្ត​ទៀត​ថា​ ដោយឡែក​ខណ្ឌដូនពេញ​ ដែល​ស្ថិតនៅ​តាម​ រុក្ខ​វិថិ​ក្រមួនស​ ដែល​ជា​តំបន់​ប្រមូល​ផ្តុំ​ដោយ​ស្ថាប័ន​ធនាគារ​ឯកទេស​ ធនាគារពាណិជ្ជ​ ក៏ដូចជា​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ ជាដើម​នោះ​ បច្ចុប្បន្ន​ដី​នៅ​តំបន់​នេះ​ហាក់​មានតម្លៃ​ខ្ពស់​ជាងគេ​បន្តិច​ ពោល​គឺ​គិតជា​មធ្យម​មានតម្លៃ​ ក្នុង​ចន្លោះ​ចាប់ពី៦០០០​ ទៅ៧០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​៕

តើ​តំបន់​ខាង​ជើង​ឈៀង​ខាងលិច​រាជធានី​ភ្នំពេញ​កំពុង​មាន​ភាព​ទាក់ទាញ​ដូចម្តេច​ក្នុង​វិស័យ​អចលនទ្រព្យ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ តំបន់​ខាង​ជើង​ឈៀង​ខាងលិច​រាជធានី​ភ្នំពេញ​ ដែល​ស្ថិតនៅ​ក្នុង​ខណ្ឌ​សែនសុខ​ នា​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​អ្នកជំនាញ​ និង​វិនិយោគ​ក្នុង​វិស័យ​នេះ​អះអាង​ថា​ កំពុង​មាន​ភាព​ទាក់ទាញ​ខ្លាំង​ ខណៈ​ដែល​វិស័យ​សំណង់​នៅ​តំបន់​នេះ​ក៏​កំពុង​មាន​ភាព​រីកចម្រើន​យ៉ាង​គំហុក​។

នាយិកា​ក្រុមហ៊ុន​ Amatak​ Property​ Service​ លោកស្រី​ តាំង​ ហួរ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ នៅក្នុងចំណោម​តំបន់​ជាយ​រាជធានី​ភ្នំពេញ​ ខណ្ឌ​សែនសុខ​ បាន​និង​កំពុង​បង្ហាញ​ពី​សក្តា​នុ​ពល​យ៉ាង​ខ្លាំង​ ជាពិសេស​ចាប់ពី​តំបន់​ក្បែរ​ផ្សារ​ទំនើប​ AEON​ 2 និង​ផ្សារ​Makro​ រហូត​ធ្លាយ​ទៅដល់​តំបន់​ទំនប់​កប់​ស្រូវ​។

លោក​កស្រី​បាន​បន្ត​ថា​ នៅ​តំបន់​នេះ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ ដែល​នៅ​ថ្ងៃខាងមុខ​វា​អាច​នឹង​ក្លាយទៅជា​ទីក្រុង​ថ្មី​មួយទៀត​ ដោយមាន​ផ្សារ​ទំនើប​AEON​2 ផ្សារ​Makro​ បុ​រី​ធំៗ​ ក៏ដូចជា​មណ្ឌល​ពាណិជ្ជកម្ម​មួយចំនួន​ បាន​អភិវឌ្ឍន៍​នៅ​តំបន់​នេះ​រួចជាស្រេច​ ហើយក៏​មាន​មនុស្ស​កំពុងតែ​ចាប់អារម្មណ៍​ទៅ​រស់នៅ​ច្រើន​ដែរ​។

លោកស្រី​បន្ត​ថា​ “ភាព​ទាក់ទាញ​ទាំងនេះ​ បាន​ជម្រុ​ញឱ្យ​តម្លៃ​ដី​នៅ​ប៉ែក​ខាង​ជើង​ឈៀង​ខាងលិច​មួយ​នេះ​ មានការ​កើនឡើង​ជាបន្តបន្ទាប់​ ដែល​ជាទូទៅ​ស្ថិតនៅ​ក្នុង​តម្លៃ​ ជាង២០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​”។

ស្រដៀងគ្នា​នឹង​ការ​លើកឡើង​ខាងលើ​នេះ​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ ឃាង​ ពុទ្ធី​ បានឱ្យ​ដឹង​ថា​ សម្រាប់​តំបន់​ណា​ដែល​មាន​សក្ដានុពល​ ឬយ៉ាងណា​នោះ​ គឺ​ត្រូវ​បែងចែក​ជា២​ ដែល​គិត​រយៈពេល​ខ្លី​ និង​រយៈពេល​វែង​នៅ​ថ្ងៃខាងមុខ​។ លោក​ថា​ រយៈពេល​ខ្លី​ បច្ចុប្បន្ន​នៅ​ទំ​បន់​ផ្លូវជាតិ​ជាយក្រុង​ជាប់​ផ្លូវជាតិ៤​ តំបន់​ AEON​2 គឺ​មាន​ល្អ​ប្រសើរ​ និង​ទាក់ទាញ​ខ្លាំង​ ដោយសារតែ​មាន​ផ្សារ​ទំនើប​ មាន​មណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​រួច​ទៅ​ហើយ​។

ដោយឡែក​សម្រាប់​តំបន់​ ដែល​មាន​សក្ដានុពល​រយៈពេល​វែង​ គឺ​នៅ​តំបន់​តាមផ្លូវ​ជាតិ៦​ ជាពិសេស​ក្រោយពេល​ស្តាត​ពហុកីឡាដ្ឋាន​មរតក​សម្ដេច​តេជោ​ ត្រូវ​បាន​សាងសង់​រួច​ និង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ដែល​ធ្វើ​ឱ្យ​មាន​មនុស្ស​ចរាចរណ៍​ច្រើន​។

លោក​បន្ត​ថា​”តំបន់​ដែល​មាន​មនុស្ស​ចរាចរណ៍​ច្រើន​ គឺ​ជម្រុ​ញឱ្យ​មាន​តម្រូវការ​ខ្ពស់​លើ​ផ្នែក​អចលនទ្រព្យ​ ហើយ​ចរន្ត​តម្លៃ​ដី​ក៏​មានការ​ឡើងថ្លៃ​ដោយ​ស្វ័យប្រវត្តិ​”។

លោក​ឧកញ៉ា​ នួន​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​ Khmer​ Foundation​ Appraisal​ (KFA​) ក៏បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ តំបន់​នោះ​បាន​រីកចម្រើន​ និង​អភិវឌ្ឍន៍​រួច​ទៅ​ហើយ​ ប៉ុន្តែ​វា​អាច​នឹង​បន្ត​រាលដាល​រហូតដល់​តំបន់​ជិតខាង​មួយចំនួន​ទៀត​ ដូចជា​នៅ​ប៉ែក​ខាង​សង្កាត់​ក្រាំងធ្នង់​ រហូត​អាច​ដល់​ទំនប់​កប់​ស្រូវ​ ហើយ​មួយ​ប៉ែក​ទៀត​អាច​ធ្លាយ​ទៅ​ខាង​តំបន់​ភ្នំ​ប្រសិ​ទ្ឋ​ ដែល​ស្ថិតនៅ​ក្នុង​ខណ្ឌ​ព្រែកព្នៅ​ ប៉ុន្តែ​ពាក់ព័ន្ធ​ទៅ​នឹង​តម្លៃ​ដី​នៅ​លើ​ទីផ្សារ​ គឺ​មិន​ខ្ពស់​ដូច​តំបន់​ដែល​មានការ​អភិវឌ្ឍ​រួចរាល់​នោះ​ទេ​៕

ចំណេះដឹង​! តើ​ស្ថាប័ន​ធនាគារ​មាន​តួ​នា​ទីអ្វីខ្លះ?

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ ស្ថាប័ន​ធនាគារ​ គឺជា​គ្រឹះស្ថាន​សេវា​ហិរញ្ញវត្ថុ​ ដែល​ផលិត​និង​លក់​មូលធន​ជា​សាធារណៈ​ ប្រកប​ទៅ​ដោយ​វិជ្ជាជីវៈ​ និង​បាន​ដើរតួ​យ៉ាង​សំខាន់​ នៅក្នុង​ផ្នែក​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​។

ធន​គារ​មាន​តួនាទី​សំ​ខាន់​ៗដូចជា​៖

តួនាទី​អន្តរការី​៖ បង្វែរ​ការ​សន្សំ​ជា​សាច់ប្រាក់​ពីសា​ធា​រណៈ​ជន​ ឲ្យ​ទៅជា​ឥណទាន​សម្រាប់​សហគ្រាស​ពាណិជ្ជកម្ម​ និង​សហគ្រាស​ផ្សេងទៀត​ ដើម្បី​វិនិយោគ​នៅក្នុង​ការសាងសង់​ សម្ភារ​បរិក្ខារ​ ឧបករណ៍​ប្រើប្រាស់​និង​សន្និធិ​។ល។

តួនាទី​ទូទាត់​៖ ជា​ការ​អនុវត្ដ​នូវ​ការ​ទូ​ទា​ត់​ផ្សេង​ៗ សម្រាប់​ទំនិញ​ និង​សេវាកម្ម​ក្នុងនាម​ជា​អតិថិជន​របស់​ពួកគេ​ ដូចជា​ការ​ចេញ​និង​ការ​ទូទាត់​ជំរះ​មូល​ប្ប​ទាន​បត្រ​ ផ្ទេរ​សាច់ប្រាក់​ ការ​ទូទាត់​តាម​ប្រពន្ធ័​អេ​ទ្បិ​ត្រូ​និច​ និង​ការ​ដកប្រាក់​តាម​ប្រព័ន្ធ​ម៉ាស៊ីន​ទំនើប​អេ​ធី​អឹម​ (ATM​)។

តួនាទី​ជា​អ្នកធានា​៖ ឈរ​ពី​ខាងក្រោយ​អតិថិជន​របស់​គេ​ ដើម្បី​ធ្វើការ​ទូទាត់​ឬសង​នូវ​បំណុល​របស់​អតិថិជន​ នៅពេល​ដែល​អតិថិជន​ទាំងនោះ​ មិន​អាច​សង​ឲ្យ​ទៅ​ម្ចាស់បំណុល​របស់​គេ​ក្នុង​កាលៈទេសៈ​ចៃដន្យ​ ដោយ​ធនាគារ​គ្រាន់តែ​ចេញ​នូវ​លិខិតឥណទាន​ ដើម្បី​បង្ហាញ​នូវ​ទឹកប្រាក់​នៅក្នុង​គណនី​អតិថិជន​របស់​គេ​។

តួនាទី​គ្រប់គ្រង​ហា​និ​ភ័យ៖​ ជួយ​ទៅដល់​អតិថិជន​ក្នុង​ការរៀបចំ​នូវ​ការគ្រប់គ្រង​ប្រតិ​បត្ដិ​ការ​ហិរញ្ញវត្ថុ​ សម្រាប់​ការ​កើតមាន​ហានិភ័យ​ នៃ​ការបាត់បង់​ទ្រព្យសម្បត្ដិ​ និង​ជីវិត​មនុស្ស​។

តួនាទី​ជាទី​ប្រឹក្សា​លើ​ការ​សន្សំ​៖ ជួយ​ដល់​អតិថិជន​លើ​ការ​ផ្ដល់​ការ​ប្រឹក្សា​យោបល់​សម្រាប់​គោលដៅ​រយៈពេល​វែង​ ក្នុង​ការ​ធ្វើ​ឱ្យ​មានជីវិត​ល្អ​ប្រសើរ​ ដូចជា​ គម្រោង​សាងសង់​ឬគម្រោង​អាជីវ​កម្ម​ផ្សេង​ៗ ដើម្បី​ជៀសវាង​ទុក​ប្រាក់សន្សំ​មិន​ចរាចរ​នៅ​លើ​ទីផ្សារ​។

តួនាទី​ជា​អ្នកថែរក្សា​វត្ថុ​មានតម្លៃ​៖ ទុកដាក់​វត្ថុ​មានតម្លៃ​របស់​អតិថិជន​ និង​វាយតម្លៃ​ប្រកបដោយ​ភាព​សុ​ក្រិត​ភាព​ នូវ​តម្លៃ​របស់ទ្រព្យ​សកម្ម​ឬទ្រព្យសម្បត្ដិ​ ដែល​ធ្វើ​ប្រតិ​បត្ដិ​ការ​នៅ​លើ​ទីផ្សារ​។

តួនាទី​ជា​ភ្នាក់ងារ​៖ ក្នុងនាម​ជា​អ្នកតំណាង​ឲ្យ​អតិថិជន​ដើម្បី​ចាត់ចែង​ និង​ការពារ​នូវ​ទ្រព្យសកម្ម​របស់​ពួកគេ​ឬចេញ​និង​លស់​ ឬទទួល​ទូទាត់​លក់​ចេញ​ និង​ទិញ​ចូល​នូវ​ប័ណ្ណ​ភាគហ៊ុន​នានា​។ ជា​ធម្មតា​ សកម្មភាព​ទាំងនេះ​ ត្រូវ​បាន​ផ្ដល់ឲ្យ​ដោយ​នាយកដ្ឋាន​សច្ចភាព​របស់​ធនាគារ​។

តួនាទី​អ្នក​អនុវត្ត​គោលនយោបាយ​៖ ធ្វើ​ប្រតិបត្តិ​ការ​ស្របតាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​ ក្នុង​គោលបំណង​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ និង​ឈាន​ទៅដល់​គោលដៅ​ដែល​សង្គម​ចង់បាន​៕

ជប៉ុន​ កូរ៉េ​កំពុង​ពិភាក្សា​គ្នា​ដើម្បី​ឈាន​ទៅ​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ មន្ត្រី​ជាន់ខ្ពស់​ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​តូក្យូ​កាលពី​ថ្ងៃច័ន្ទ​ ដើម្បី​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​ ដែល​ទីក្រុង​តូក្យូ​រឹតត្បិត​ការនាំចេញ​សម្ភារៈ​បច្ចេកវិទ្យា​សំ​ខាន់​ៗ ហើយ​ប្រជាជន​កូរ៉េ​ធ្វើ​ពហិការ​ មិន​ប្រើប្រាស់​ផលិតផល​ផលិត​នៅ​ជប៉ុន​។

លោក ​Yoichi​ Iida​ នាយក​ក្រសួង​ពាណិជ្ជកម្ម​សេដ្ឋកិច្ច​ និង​ឧស្សាហកម្ម​របស់​ជប៉ុន​ និង​លោក​ Lee​ Ho​-hyeon​ នាយក​ក្រសួង​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​បាន​ជួបគ្នា​ ដែល​ធ្វើ​អ្នកវិភាគ​ជឿជាក់​ថា​ ជា​ជំហាន​ដំបូង​ឆ្ពោះទៅ​រក​សន្តិភាព​ ដល់​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​។

កិច្ចពិភាក្សា​ពាណិជ្ជកម្ម​គឺជា​កិច្ចពិភាក្សា​ទីមួយ​ បន្ទាប់ពី​ក្រុង​តូក្យូ​បាន​ដក​កូរ៉េ​ខាងត្បូង​ចេញពី​ បញ្ជី​ស នៃ​ដៃគូ​ពាណិជ្ជកម្ម​អនុគ្រោះ​ និង​បាន​រឹតត្បិត​ការនាំចេញ​សម្ភារៈ​សំ​ខាន់​ៗ ដែល​ចាំបាច់​សម្រាប់​ឧបករណ៍​ពាក់កណ្តាល​សម្រេច​សំខាន់​ និង​ឧស្សាហកម្ម​ផលិត​បន្ទះ​អេក្រង់​។ នេះ​ក៏​ជា​លើក​ទី១​ ដែល​មន្រ្តី​គយ​បាន​ជួបគ្នា​ក្នុងរយៈពេល​ជាង៣ឆ្នាំ​។

រដ្ឋាភិបាល​ជប៉ុន​បាន​អះអាង​ថា​ ការ​ដក​រ៉េ​ខាងត្បូង​ចេញពី​បញ្ជី​ពណ៌ស​ ដោយសារតែ​ទីក្រុង​សេអ៊ូល​ មិនបាន​ត្រួតពិនិត្យ​ទំនិញ​ឱ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​ធានា​ថា​បច្ចេកវិទ្យា​នេះ​ នឹង​មិន​ត្រូវ​បាន​ប្រើ​នៅក្នុង​ការស្រាវជ្រាវ​អាវុធ​ ដោយ​បណ្តា​ប្រទេស​ផ្តាច់​ការ​ទាំងឡាយ​ឡើយ​។

ទីក្រុង​សេអ៊ូល​អះអាង​ថា​ ការ​រឹតត្បិត​ពាណិជ្ជកម្ម​របស់​ជប៉ុន​ មិនមែន​ដោយសារតែ​ការភ័យខ្លាច​ថា​ បច្ចេកវិទ្យា​នឹង​ចូលក្នុង​កណ្តាប់​ដៃ​របស់​ខ្លួន​ ជាមួយ​ប្រទេស​ផ្តាច់​ការ​ទាំងឡាយ​នោះ​ទេ​ ប៉ុន្តែ​នៅក្នុង​ការសងសឹក​នៃ​សេចក្តី​បង្គាប់​ របស់​តុលាការ​កំពូល​កូរ៉េ​ខាងត្បូង​កាលពី​ឆ្នាំមុន​ ដល់​សាជីវកម្ម​ជប៉ុន​បង់ប្រាក់​សំណង​ សម្រាប់​ការចូលរួម​របស់​ពួកគេ​ក្នុង​ពលកម្ម​ទាសករ​លើ​ជនជាតិ​កូរ៉េ​ អំឡុង​ការ​កាន់កាប់​របស់​ខ្លួន​នៅ​ឆ្នាំ១៩១០​ ដល់​ ១៩៤៥​។

រដ្ឋាភិបាល​ជប៉ុន​បាន​អះអាង​ថា​ សេចក្តី​សម្រេច​របស់​តុលាការ​កូរ៉េ​ មាន​ជម្លោះ​ដោយ​ផ្ទាល់​ជាមួយ​សន្ធិសញ្ញា​ឆ្នាំ១៩៦៥​ រវាង​ប្រទេស​ទាំងពីរ​ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ រាល់​ការ​ទាមទារ​សំណង​ពេល​សង្គ្រាម​គឺ​បាន​បញ្ចប់​ទាំងស្រុង​ និង​ចុងក្រោយ​។

ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី៣​ លើ​ពិភពលោក​នេះ​ បាន​ចាប់ផ្តើម​បាត់បង់​ថាមពល​នៅក្នុង​ត្រីមាស​ទី៣​ ដោយមាន​អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប០​,២ ភាគរយ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ជប៉ុន​។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​(IMF​) បានឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​ជប៉ុន​នឹង​ត្រូវ​បាន​ជាប់​គាំង​នៅក្នុង​ឆ្នាំ២០២០​ ខណៈ​ដែល​ខ្លួន​នៅតែ​បន្ត​កំណើន​យឺត​នៅ​ចុងឆ្នាំ​នេះ​។ IMF​ បាន​ទម្លាក់​ការ​ព្យាករ​កំណើន​របស់​ជប៉ុន​ជាថ្មី​ម្តង​ទៀត​ ដោយ​ធ្លាក់ចុះ​ពី០​,៩ភាគរយ​ មក​នៅ​ត្រឹម០​,៨ ភាគរយ​។

ក្រុម​អ្នកវិភាគ​បានឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​របស់​ជប៉ុន​បាន​ធ្លាក់ចុះ១​,៦ភាគរយ​ ពី​ត្រីមាស​មុន​ ដោយសារតែ​ភាព​តានតឹង​ នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​។ សេដ្ឋកិច្ច​ជប៉ុន​ពឹងផ្អែក​ខ្លាំង​លើ​ការនាំចេញ​ និង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ភ័ស្តុភារ​សំ​ខាន់​ៗ នៅ​ជុំវិញ​ពិភពលោក​។

សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េ​ខាងត្បូង​ ធ្វើ​ឱ្យ​ប្រជាជន​កូរ៉េ​ភាគច្រើន​ធ្វើ​ពហិការ​ទំនិញ​ និង​សេវាកម្ម​របស់​ជប៉ុន​ទាំងអស់​។ ទំនាក់ទំនង​សេដ្ឋកិច្ច​ នយោបាយ​ និង​វប្បធម៌​រវាង​ប្រទេស​យក្ស​សេដ្ឋកិច្ច​អាស៊ី​ទាំងពីរ​ បាន​ឈាន​ដល់​កំរិត​ទាប​ជា​ប្រវត្តិសាស្ត្រ​។

សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​ក៏បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ផង​ដែរ​ ដោយសារតែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ដែល​កំពុង​ជះឥទ្ធិពល​ដល់​សង្វាក់​តម្លៃ​ពិភពលោក​។

ធនាគារ​កណ្តាល​កូរ៉េ​ខាងត្បូង​ព្យាករណ៍​ថា​ សេដ្ឋកិច្ច​នឹង​ជាប់​គាំង​នៅ​ឆ្នាំ២០២០​ ដោយសារ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ក្នុង​តំបន់​ និង​ពិភពលោក​ នៅពេល​ប្រទេស​នេះ​ជំរុញ​ការ​ផ្លាស់​ប្តូរ​មូលដ្ឋាន​ផលិតកម្ម​ទៅកាន់​អាស៊ី​អាគ្នេយ៍​៕

ក្រុមហ៊ុនឥដ្ឋការ៉ូ និងឥដ្ឋធំមួយមកពីប្រទេសចិនគ្រោងនឹងវិនិយោគនៅកម្ពុជា

ដោយ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុនឥដ្ឋការ៉ូ និងឥដ្ឋមួយចំនួនមកពីប្រទេសចិន គ្រោងនឹងវិនិយោគនៅកម្ពុជា ដើម្បីទាញយកប្រយោជន៍ពីវិស័យសំណង់ និងអចលនទ្រព្យដែលកំពុងរីកចម្រើននាពេលបច្ចុប្បន្ន។

ការលើកឡើងពីគម្រោងវិនិយោគនេះត្រូវបានធ្វើឡើងក្នុងជំនួបប្រជុំរវាង លោកទេសរដ្ឋមន្ត្រីចម ប្រសិទ្ធ និងសមាគមវិស័យឥដ្ឋការ៉ូ និងឥដ្ឋសំណង់ចិនកាលពីសប្តាស៍មុន។

ប្រតិភូសមាគមវិស័យឥដ្ឋការ៉ូ និងឥដ្ឋចិន មួយក្រុមដឹកនាំដោយ លោកស្រី Xu Yanming ជាប្រធាន ដើម្បីពិភាក្សាការងារទាក់ទង និងការចង់សិក្សាស្វែងយល់ពីឱកាសវិនិយោគលើវិស័យឧស្សាហកម្មផលិតឥដ្ឋការ៉ូ និងឥដ្ឋសំណង់នៅកម្ពុជា។ ក្នុងនោះក៏ចង់ដឹងពីគោលនយោបាយលើកទឹកចិត្ត ក្នុងច្បាប់វិនិយោគរបស់កម្ពុជាផងដែរ

លោកទេសរដ្ឋមន្ត្រីចម ប្រសិទ្ធ បានសម្តែងការស្វាគមន៌ និងបានជម្រាបសក្តានុពល និងភាពអំណោយផល ចំពោះការវិនិយោគលើវិស័យផលិតគ្រឿងសំណង់នៅកម្ពុជា ស្របពេលដែលកម្ពុជាកំពុងមានការរីកចម្រើនខ្លាំងលើវិស័យនេះ

លោកបានបញ្ជាក់ថា បច្ចុប្បន្នទោះបីមានក្រុមហ៊ុន រោងចក្រ និងសិប្បកម្មមួយចំនួនកំពុងផលិត វិស័យឥដ្ឋការ៉ូ ឥដ្ឋសំណង់ រឺក្បឿងនៅកម្ពុជាក៏ដោយ ក៏ប៉ុន្តែកម្ពុជានៅតែនាំចូលគ្រឿងសំណង់ទាំងនេះពីក្រៅប្រទេសផងដែរ។

ដូច្នេះកម្មវត្ថុវិនិយោគខាងលើនេះ លោកទេសរដ្ឋមន្ត្រី សូមស្វាគមន៍ និងស្នើឲ្យដាក់ពាក្យវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិនិត្យ វាយតម្លៃនិងសម្រេចថា អ្វីដែលត្រូវលើកទឹកចិត្តខ្លះ

លោកបានបញ្ជាក់ថា បើសិនជាផលិតផលរបស់ក្រុមហ៊ុនក្នុងសមាគមផលិតឥដ្ឋការ៉ូរឺឥដ្ឋសំណង់ទៅមានគុណភាពខ្ពស់តាមស្តង់ដារ ពិតជាមានទីផ្សារល្អនៅកម្ពុជា ព្រោះជួយកាត់បន្ថយការនាំចូលពីក្រៅ ហើយក៏អាចមានលទ្ធភាពធ្វើការនាំចេញទៅក្រៅតាមប្រពន្ធអនុគ្រោះពាណិជ្ជកម្មរបស់កម្ពុជាផងដែរ

លោកស្រីXu Yanming ជាប្រធានប្រតិភូបានបង្ហាញ នូវការចាប់អារម្មណ៌ចំពោះការវិនិយោគក្នុងទីផ្សារកម្ពុជា និងបញ្ជាក់ថា សមាគមឥដ្ឋការ៉ូ ិងឥដ្ឋសំណង់ចិន គឺជាបណ្តុំរោងចក្រ ដែលផលិតមានលក្ខណៈល្បីល្បាញនៅប្រទេសចិន និងនាំចេញទៅលក់នៅក្រៅប្រទេសជាច្រើន ហើយសង្ឃឹមថានឹងមានទីផ្សារល្អនៅកម្ពុជា នោះពេលដែលសម្រេចចិត្តបង្កើតរោងចក្រនៅកម្ពុជា