សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ​ ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​បាន​ជិត​ ២លាន​ដុល្លារ​

ដោយៈ​ រ៉ា​ណេត​

ព្រះ​សី​ហនុៈ​ នៅក្នុង​ឆ្នាំ២០១៩នេះ​ សម្រាប់​ការ​ប្រមូល​ពន្ធ​ទៅលើ​មធ្យោបាយ​ដឹកជញ្ជូន​គ្រប់​ប្រភេទ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​ មាន​ចំនួន​ប្រមាណ​ជិត២លាន​ដុល្លារ​អាមេរិក​ ខណៈ​ចំនួន​យានយន្ត​សរុប​ជាង១៣០០០គ្រឿង​។

ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ​ លោក​សន​ ស៊ី​ផល​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​ នៅ​ថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ថា​ ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​ ២០១៩​ គឺ​ចាប់ពី​ខែមិថុនា​ រហូតដល់​ថ្ងៃទី៣០​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ​ ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​បាន​ចំនួន ១៣​,០៦៩គ្រឿង​ និង​បា្រក់​ពន្ធ​មាន​ចំនួន​ ​៧, ០៦៩​,៥៣០០០០រៀល​ ស្មើនឹង​ជិត២លាន​ដុល្លារ​។ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ២០១៨​ មានការ​កើនឡើង​រថយន្ត១២៥៨គ្រឿង​ ស្មើនឹង​ ១០​,៦៥​ ភាគរយ​ និង​ប្រាក់​ពន្ធ​កើនឡើង១​,៤០២​, ៣៩០​,០០០រៀល​ ស្មើ​ ២៤.៧៤ភាគរយ​។

ចាប់ពី​ខែមករា​ ឆ្នាំ២០២០​ ខាងមុខ​ មន្ត្រី​សាខា​ពន្ធដារ​នឹង​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ ចុះ​ត្រួតពិនិត្យ​លើ​មធ្យោ​ បាយ​ដឹកជញ្ជូន​គ្រប់​ប្រភេទ​ ដែល​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​សាធារណៈ​ក្នុង​ខេត្ត​ព្រះសីហនុ​ ដើម្បី​ប្រមូល​ថវិកា​ជូន​ជាតិ​។ ឆ្នាំ២០១៨​ ក្រោយពេល​បិទ​បញ្ចប់​ការ​បង់ពន្ធ​លើ​មធ្យា​បាយ​ដឹក​ ជញ្ជូន​រួចមក​ មន្ត្រី​សាខា​ពន្ធ​ដា​ សហការ​ជាមួយ​សមត្ថកិច្ច​ ចុះ​ត្រួតពិនិត្យ​ រក​ឃើញ​យានយន្ត​ គ្រប់​ប្រភេទ​បាន​ជាង២០០គ្រឿង​ ដែល​មិនបាន​ចូល​មក​បង់ពន្ធ​ និង​ធ្វើការ​ផាកពិន័យ​បាន​ចំនួន​ជាង១០០លាន​រៀល​។

លោក​ សន​ ស៊ី​ផល​ បន្ត​ថា​ ដោយសារ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​កាន់តែ​ច្រើន​អំពី​កាតព្វកិច្ច​បង់ពន្ធ​គ្រប់​ប្រភេទ​ ពួកគាត់​បាន​នាំគ្នា​ចូល​មក​បង់ពន្ធ​នៅ​តាម​សាខា​ពន្ធដារ​ និង​តាម​ធនាគារ​ ដែល​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ អគ្គនាយក​ដ្ឋាន​ពន្ធ​ដា​ មាន​ដូចជា​ ធនាគារ​អេ​ស៊ី​លីដា​ ធនាគា​សាធារណ​: ធនាគារ​កា​ណា​ឌី​យ៉ា​ ធនាគា​វឌ្ឍនៈ​ និង​ធនាគារ​ ANZ​ ។

កាលពី​ឆ្នាំ២០១៨​ សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ​ ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​គ្រប់​ប្រភេទ​បាន​ចំនួន១១​,៨១១​គ្រឿង​ និង​ប្រាក់​ពន្ធ​ចំនួន​ ៥៦៦៧​, ១៥០​,០០០រៀល​៕

ក្រសួងសាធារណការ​សហការ​ជាមួយ​ធនាគារ​ ADB​ ផ្តោត​លើ​កិច្ច​ព្រមព្រៀងឆ្លងកាត់​ព្រំដែន​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​សហការ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​ អាស៊ី​ (ADB​) រៀបចំ​កិច្ចប្រជុំ​អនុ​គណៈកម្មាធិការ​គយ​ ​; (CBTA​) ជា​លើក​ទី២ស្ដីពី​កិច្ច​ព្រម​ព្រៀង​ឆ្លង់​កាត់​ព្រំដែន​បណ្តោះអាសន្ន​ ដោយមាន​ការចូលរួម​ពី​មន្ត្រី​ជាន់ខ្ពស់​មក​ពី​បណ្តា​ប្រទេស​ក្នុង​មហា​អនុ​តំបន់​មេគង្គ​ ដើម្បី​គ្រប់គ្រង​ក្រុមហ៊ុន​ប្រតិបត្តិ​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​។ ​

សមាជិក​នៅក្នុង​មហា​អនុ​តំបន់​មេគង្គ​ ដែល​រួមមាន​ប្រទេស​កម្ពុជា​ ថៃ​ ឡាវ​ វៀតណាម​ មីយ៉ាន់ម៉ា​ និង​ប្រទេស​ចិន​ រួម​ជាមួយនឹង​វត្តមាន​របស់​លោកស្រី​ Ms​. Kanya​ S, Sasradipoera​ អ្នកជំនាញ​ការ​ពាណិជ្ជកម្ម​ជាន់ខ្ពស់​ របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី​ បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​អនុ​គណៈកម្មាធិការ​គយ​ ​(CBTA​) ជា​លើក​ទី២​ ស្ដីពី​កិច្ច​ព្រម​ព្រៀង​ឆ្លង់​កាត់​ព្រំដែន​បណ្តោះអាសន្ន​ (Second​ Customs​ Subcommittee​ Meeting​ on​ Interim​ Transit​ Arrangement​ Under​ Cross​-Border​ Transport​ Facilitation​ Agreement​ (CBTA​) ដែល​បាន​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​ កាលពី​ថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ២០១៩​ ។

លោក​ នួន​ ច័ន្ទ​រិទ្ធ​ អគ្គនាយករង​នៃ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​បាន​លើកឡើង​ថា​ កិច្ចប្រជុំ​បណ្តា​ប្រទេស​ក្នុង​មហា​អនុ​តំបន់​មេគង្គ​ គឺ​ធ្វើឡើង​ក្នុង​គោលបំណង​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​ផ្នែក​បច្ចេកទេស​ ក្នុង​ការគ្រប់គ្រង​យានយន្ត​ចេញ​-ចូល​ ការគ្រប់គ្រង​ ក្រុមហ៊ុន​ប្រតិបត្តិ​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ និង​នីតិវិធី​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​គយ​ ស្របតាម​បទដ្ឋាន​គតិ​យុត្ត​ពាក់ព័ន្ធ​នៃ​បណ្តា​ប្រទេស​ទាំងនេះ​។

លោក​បន្ត​ទៀត​ថា​ “កិច្ចការ​ទាំងអស់​នេះ​ គឺ​ធ្វើឡើង​ដើម្បី​សំដៅ​ដល់​ការសម្រួល​ និង​បង្កើន​បរិមាណ​ទំនិញ​នាំចេញ​ នាំចូល​បន្ថែម​ទៀត​ នៅក្នុង​បណ្ដា​ប្រទេស​នៃ​មហា​អនុ​តំបន់​មេគង្គ​”។

កាលពី​ពេល​ថ្មី​ៗកន្លងទៅ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​លុបចោល​ ភ្នាក់ងារ​កម្ពុជា​នាវាចរ​(កាំសាប​) និង​បាន​ផ្អាក​មិន​ឱ្យ​មាន​មន្ត្រី​អគ្គនាយក​ដ្ឋាន​កម្ពុជា​ ត្រួតពិនិត្យ​ទំនិញ​អាហរ័ណ​ នីហរ័ណ​ និង​បង្ក្រាប​ការ​ក្លែងបន្លំ​ (កាំកុងត្រូល​) នៅ​តាម​ច្រកព្រំដែន​សំ​ខាន់​ៗ ដើម្បី​សម្រួល​ដល់​នីតិវិធី​នៃ​ការ​ធ្វើ​ចរាចរណ៍​ ទំនិញ​ឆ្លងកាត់​ព្រំដែន​ឱ្យ​មាន​លក្ខណៈ​សាមញ្ញ​ មានប្រសិទ្ធភាព​ តម្លាភាព​ ចំណាយ​តិច​ និង​ចំណេញពេលវេលា​៕

ក្រុមហ៊ុន​OCIC​គ្រោង​ប្រកាស​បង្ហាញ​ពី​ផែនការ​អភិវឌ្ឍន៍​ថ្មី​របស់់​ទីក្រុង​កោះ​នរា​នៅ​ចុង​ត្រីមាស​ទី១ឆ្នាំ២០២០​

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ OCIC ​គ្រោង​ប្រកាស​ ពី​ផែនការ​លំអិត​នៃ​ការអភិវឌ្ឍន៍​ទីក្រុង​កោះ​នរា​នា​ខែ​មិនា​ខាងមុខនេះ​ ប្រសិន​គ្មាន​ការប្រែប្រួល​អ្វី​ទេ​នោះ​។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោក​ទូច​ សំណាង​អគ្គនាយករង​ក្រុមហ៊ុន​នេះ​។

លោក​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​ នា​ព្រលប់​ថ្ងៃទី១៧​ ធ្នូ​ខាងមុខនេះ​ថា​ បើ​តាម​គំរោង​ការប្រកាស​នេះ​ នឹង​ធ្វើឡើង​នា​ខែ​មិនា​ខាងមុខនេះ​ ដែល​ការប្រកាស​នេះ​ នឹង​បង្ហាញ​ពី​ទស្សនទាន​ នៃ​ការ​អភិវឌ្ឍ​ចម្រុះ​របស់​ទីក្រុង​ថ្មី​មួយ​នេះ​។

ទោះជាយ៉ាងណា​លោ​មិនទាន់​បញ្ជាក់ឲ្យដឹង​ ពី​ផែនការ​លំអិត​នៃ​ការ​អភិវឌ្ឍ​របស់​ទីក្រុង​ថ្មីនេះ​នោះ​ទេ​។

បច្ចុប្បន្ន​ក្រុមហ៊ុន​ OCIC​ កំពុង​ចាក់​បំពេញ​ខ្សាច់​ និង​ថ្ម​ លើទឹក​ដី​ដែល​ធ្លាប់​ជា​កោះ​ ហើយ​បាក់​ដោយ​ទឹកជំនន់​កាលពី​ទសវត្សរ៍​កន្លងមក​ ដែល​ការរៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ទីក្រុង​ថ្មីនេះ​ គ្រោង​ចំណាយ​ប្រាក់​រហូតដល់២០០០លាន​ដុល្លារ​អាមេរិក​។

លោក​ទូច​ សំណាង​បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ ជាមួយនឹង​ផែនការ​រៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ថ្មីនេះ​ ក្រុមហ៊ុន​ក៏​កំពុង​សិក្សា​ពី​ការសាងសង់​ស្ពាន​ ក្នុង​ជម្រើស​ចំនួន​ពីរ​ផង​ដែរ​ ដោយ​ជម្រើស​ទី១​ សាងសង់​ស្ពាន​នៅ​លើ​ទន្លេ​ដែល​តភ្ជាប់​ពីទី​ក្រុង​កោះ​ពេជ្រ​ ទៅកាន់​ទីក្រុង​កោះ​នរា​ ដោយ​គ្រោង​ចំណាយ​ប្រាក់​ប្រមាណ៦០លាន​ដុល្លារ​ និង​ជម្រើស​ទី២​ គឺ​គំរោង​សាងសង់​ស្ពាន​ក្រោម​ទន្លេ​ ដែល​គ្រោង​ចំណាយ​ទឹកប្រាក់២០០លាន​ដុល្លារ​អាមេរិក​។

គំរោង​ស្ពាន​ទាំងពីរ​នេះ​ នឹង​ត្រូវ​ជ្រើសរើស​មួយ​ក្នុងចំណោម​ពីរ​ ហើយ​ស្ពាន​ទាំងពីរ​នេះ​មាន​ប្រវែង​ប្រមាណ១០០០ម៉ែត្រ​។

​ទីក្រុង​កោះ​នរា​ ដែល​ស្ថិត​ក្នុង​សង្កា​ត់់​និរោធ​ ខ័ណ្ឌ​ច្បារអំពៅ​ នឹង​មាន​ប្រវែង​សរុប ៣​,៥គីឡូម៉ែត្រ​ និង​លយ​ចូលទន្លេ​ប្រវែង​ប្រមាណ៣៥០ម៉ែត្រ​។

ទីក្រុង​ថ្មីនេះ​ស្ថិតនៅ​ភាគ​ខាងកើត​ ឈៀង​ខាងជើង​នៃ​ទីក្រុង​កោះ​ពេជ្រ​បច្ចុប្បន្ន​នេះ​ ដែល​កាលពីដើម​ឡើយ​តំបន់​នេះ​ជា​កោះ​ ប៉ុន្តែ​ត្រូវ​បា​ក់​ស្រុត​ចដោយសារ​ទឹកជំនន់​ទន្លេមេគង្គ​៕

ចាកចេញ​ពី​អាជីព​ផ្នែក​ថែរក្សា​សម្ផស្ស​ លោកស្រី​តាំង​ ហួរ​បាន​វិវត្តន៍​ខ្លួន​ក្លាយជា​អ្នកដឹកនាំ​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ឆ្នើម​មួយ​រូប​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ឆាកជីវិត​មនុស្ស​ពិតជា​ត្រូវ​បត់បែន​វែងឆ្ងាយ​ សម្រប​តាមពេលវេលា​ កាលៈទេសៈ​ ដើម្បី​ស្វែងរក​អាជីព​មួយ​ដែល​ខ្លួនឯង​ចូលចិត្ត​ ហើយ​ផ្តោត​លើ​ការ​ពង្រឹង​ឆន្ទៈ​ ជាមួយ​ការ​ប្តេជ្ញា​ចិត្ត​ ដើម្បី​ឈាន​ទៅ​ទទួល​បាន​ជោគជ័យ​ក្នុង​ពេល​អនាគត​។

លោកស្រី​តាំង​ ហួរ​បាន​ឆ្លងកាត់​បទពិសោធន៍​ជូរចត់​ជាច្រើន​ ក្នុង​ឆាកជីវិត​ ហើយ​បាន​ប្តូរ​អាជីព​ជាបន្តបន្ទាប់​ រហូត​ក្លាយ​ជា​នាយិ​កកា​ក្រុមហ៊ុន​អចលនទ្រព្យ​ ដ៏​ល្បីឈ្មោះ​ និង​ជោគជ័យ​នា​ពេល​បច្ចុប្បន្ន​។

ជាមួយនឹង​ភាព​មមាញឹក​ការងារ​ប្រចាំថ្ងៃ​ លើ​ការងារ​ក្នុង​វិស័យ​អចលនទ្រព្យ​ លោកស្រី​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​ ដើម្បី​ផ្តល់​កិច្ច​សម្ភាសន៍​ដោយ​បាន​រាប់រៀប​ពី​ការងារ​ប្រចាំថ្ងៃ​ និង​បទពិសោធន៍​ជោគជ័យ​របស់​លោកស្រី​។

ស្ថិត​ក្នុង​សម្លៀកបំពាក់​ផ្លូវការ​ជា​អ្នកដឹកនាំ​ក្រុមហ៊ុន​ ជាមួយ​ស្នាមញញឹម​រួសរាយ​រាក់ទាក់​ លោកស្រី​ តាំង​ ហួរ​ អគ្គ​នាយិកា​ក្រុមហ៊ុន​ AMATAK​ PROPERTY​ SERVICE​ Co​, Ltd​ បាន​ប្រែក្លាយ​ពី​ថៅកែ​ហាង​ឈ្មោះថា​ Amatak​ Beauty​ Spa​ កាលពី​ឆ្នាំ​2007​ ដែល​លោកស្រី​បាន​ចំណាយពេល​អស់​រយៈពេល​7ឆ្នាំ​ ហើយក៏​បាន​ចាប់ផ្តើម​បើក​ក្រុមហ៊ុន​ភ្នាក់​អចលន​ទ្យ​ថែមទៀត​ បន្ទាប់ពី​ឃើញ​ឱកាស​ និង​ស្រឡាញ់​វិស័យ​អចលនទ្រព្យ​។

មើលឃើញ​ឱកាស​ និង​ចាប់​យក​ឱកាស​ ពិសេស​ជា​ការងារ​ដែល​លោកស្រី​ចូលចិត្ត​ ​លោកស្រី​តាំង​ ហួរ​បាន​ ចាប់​យក​អាជីព​ជា​ភ្នាក់ងារ​អចលនវត្ថុ​ រហូតដល់​បង្កើត​បាន​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ Amatak​ Property​ Service​ Co​, Ltd​ដែល​មានឈ្មោះបោះសម្លេង​រហូតដល់​សព្វថ្ងៃ​នេះ​។

ធ្លាប់តែ​ជា​ស្ត្រី​មេផ្ទះ​ និង​ធ្វើ​កិច្ចការ​ងារ​ផ្ទះ​

ដំបូង​ឡើយ​ ពេល​ប្រឡូក​ក្នុង​វិស័យ​នេះ​ លោកស្រី​បាន​ចាប់ផ្តើម​ទិញ​ផ្ទះ​ចាស់​ៗ ហើយ​ជុស​ជុល​យកចំណេញ​កាលពី២០​ឆ្នាំមុន​។ នោះ​ជា​ការងារ​ដែល​លោកស្រី​បាន​ឆ្លៀតពេល​ទំនេរ​ក្រៅ​កិច្ចការ​ងារ​ក្នុង​ផ្ទះ​។

រហូត​មក​ឆ្នាំ២០១៤​ លោកស្រី​បាន​ចាប់ផ្តើម​ឈានជើង​ចូល​ ក្នុង​វិស័យ​អចលនទ្រព្យ​ បន្ទាប់មក​លោកស្រី​ចាប់ផ្ដើម​យល់ថា​ លោកស្រី​ស្រឡាញ់​វិស័យ​អចលនទ្រព្យ​ និង​ចូលចិត្ត​ដើរចេញ​ខាងក្រៅ​ច្រើន​ ដោយ​យល់ថា​មានឱកាស​ច្រើន​ ដើម្បី​ធ្វើការ​ទំនាក់ទំនង​ក្នុង​វិស័យ​អចលនទ្រព្យ​ដូចជា​ដើរ​ការងារ​ដីធ្លី​ និង​ទិញ​ផ្ទះ​។

លោកស្រី​បាន​ថ្លែង​ថា​ “ខ្ញុំ​ចូលចិត្ត​ដើរ​ច្រើន​ ដើរ​ហាលវាល​ ហាលថ្ងៃ​ គឺ​បង​ចូល​អីចឹង​…វិស័យ​នេះ​ តម្រូវការ​ដើរ​ជួប​អតិថិជន​ច្រើន​ ដើរមើល​ផ្ទះ​ មើល​ដី​ច្រើន​។ នេះ​គឺ​អ្វី​ដែល​ខ្ញុំ​ចូលចិត្ត​”។

ជាមួយនឹង​ទឹកចិត្ត​ស្រលាញ់​ លោកស្រី​បាន​បើក​ក្រុមហ៊ុន​នេះ​ ក្នុង​ឆ្នាំ២០១៥​ ជាល​ទ្ឋ​ផល​ ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​របស់​លោកស្រី​ បាន​ទទួលជោគជ័យ​ និង​គាំទ្រ​ពីអ​តិថិ​ជនជាតិ​ និង​អន្តរជាតិ​ជាប្រចាំ​។

ពេល​បើក​ដំណើរការ​ដំបូង​ក្រុមហ៊ុន​ AMATAK​ Property​ Service​ Co​, Ltd​ មាន​បុគ្គលិក​តែម្នាក់​ ឬ២នាក់​ប៉ុណ្ណោះ​ តែរ​ហូត​មកដល់​បច្ចុប្បន្ន​ ក្រុមហ៊ុន​មាន​បុគ្គល​រហូត​ទៅ​ជិត២០នាក់​ និង​គ្រោង​ពង្រីក​បន្ថែម​ទៀត​នា​ពេល​អនាគត​។

ច្បាស់​ណាស់​នា​ពេល​ខាងមុខ​ដ៏​ខ្លី​ខាងមុខ​ លោកស្រី​គ្រោង​ពង្រីក​កា​រិល័​យរបស់​ខ្លួន​ ដោយសារ​ភាព​ជោគជ័យ​ ដែល​លោកស្រី​ទទួល​បាន​នា​ពេល​បច្ចុប្បន្ន​ និង​ទទួល​បាន​គាំទ្រ​ច្រើន​ពីអ​តិថិ​ជន​។

ក្នុង​ភាពជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ លើ​វិស័យ​នេះ​ភាព​ស្មោះត្រង់​ពិតជា​មាន​សារៈសំខាន់​ និង​ជា​កូនសោ​គន្លឹះ​ ដើម្បី​ទទួល​បានការ​ទុកចិត្ត​ពីអ​តិថិ​ជន​ និង​ផ្តល់​ផល​ចំណេញ​ដល់​អតិថិជន​។

លោកស្រី​តាំង​ ហួរ​បាន​មានប្រសាសន៍​ថា​ ក្នុង​នាម​ជា​ភ្នា​កងារ​អចលនទ្រព្យ​មួយ​ ក្រុមហ៊ុន​តែងតែ​ជ្រើសរើស​ផ្ទះ​ ឬទីតាំង​អចលន​ទ្រព្យ​ល្អ​ៗសម្រាប់​អតិថិជន​ ហើយដែល​ជា​ការ​ផ្តល់​ប្រយោជន៍​ដល់​អ្នកទិញ​ និង​អ្នកលក់​ទាំងសងខាង​។

លោកស្រី​តាំង​ ហួរ​បាន​ថ្លែង​ថា​ “រហូតមកដល់​នេះ​ យើង​ទទួល​បាន​អតិថិជន​ច្រើន​ ដោយសារ​យើង​បាន​ជួយ​ច្រើន​ទាំង​អ្នកលក់​ និង​អ្នកទិញ​ និង​ភាព​ស្មោះត្រង់​ ព្រមទាំង​ក្រម​សីល​ធ៌​មរ​បស់​យើង​”។

ជាមួយនឹង​ការ​ខិតខំ​ប្រឹងប្រែង​ ព្យាយាម​ពុះពារ​ឥត​នឿយហត់​លើ​ការងារ​ ពិសេស​ការ​ពង្រឹង​សមត្ថភាព​ជាប្រចាំ​ ជាល​ទ្ឋ​ផលកាល​ពី​រាត្រី​ថ្ងៃទី១២ខែធ្នូ​ ឆ្នាំ២០១៩​ លោកស្រី​តាំង​ ហួរ​ បាន​ទទួល​ពាន​ផ្នែក​លក់​ចំនួន​ពីរ​ នៅ​ឯមហា​ព្រឹត្តិ​ការណ៍​ផ្តល់​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ ដែល​បាន​រៀបចំ​ជា​លើក​ទី២​ របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​សហការ​ជាមួយ​ក្រុមហ៊ុន​គេហទំព័រ ​Realestate.com.kh​។

លោកស្រី​ថ្លែង​ដោយ​ស្នាមញញឹម​ ប្រកបដោយ​ភាព​ជឿជាក់​ថា​ “ក្រុមហ៊ុន​របស់​យើង​ផ្តោត​លើ​លក់​ ទិញ​ និង​ជួល​។ យើង​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​ពានរង្វាន់​នេះ​ ហើយ​ក្រុមហ៊ុន​ Amatak​ ទទួល​បាន​ពានរង្វាន់ ​Agent​ Of​ Choice​ ហើយ​ខ្ញុំ​ផ្ទាល់​ក៏​ទទួល​បាន​ពាន​ផង​ដែរ​ ក្នុងនាម​ជា​ភា្ន​ក់​ងារ​លក់​ឆ្នើម​មួយ​រូប​”។

លោកស្រី​បាន​លើកឡើង​ថា​ ការ​ទទួល​បាន​ពាន​នេះ​ គឺ​អាស្រ័យ​លើ​ការបោះឆ្នោត​ ហើយ​ការ​ទទួល​បាន​ពាន​នេះ​ ធ្វើអោយ​អតិថិជន​របស់​ក្រុមហ៊ុន​ និង​លោកស្រី​កាន់តែ​មានទំនុក​ចិត្ត​ ហើយ​លោកស្រី​នឹង​បន្ត​ខំប្រឹង​ប្រែង​ ដើម្បី​ជួយ​ជំរុញ​វិស័យ​នេះ​ ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​បន្ត​ទៀត​។

អ្នក​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​ ភាគច្រើន​គេ​ឃើញ​មានតែ​បរុស​ ដែល​ប្រកបរបរ​ទទួលទាន​ និង​ដឹកនាំ​ក្នុង​វិស័យ​នេះ​ ខណៈ​ពុំសូវ​មាន​ស្ត្រីជា​មេដឹកនាំ​ក្នុង​វិស័យ​នេះនោះ​ទេ​។

ប៉ុន្តែ​លោកស្រី​តាំង​ ហួរ​ បាន​ជំរុញ​ដល់​ស្ត្រី​ ដែល​មានបំណង​ចង់​ប្រឡូក​ចូល​វិស័យ​អចលនទ្រព្យ​ សូមកុំ​រាថយ​ ដោយធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​ ហើយ​លោកស្រី​លើកឡើង​ថា​ “គ្មាន​ភាព​ជោគជ័យ​ឯណា​ បាន​មក​ដោយ​ងាយ​ទេ​”៕

ទីផ្សារ​អាស៊ី​ហក់​ឡើងជា​ថ្មី​បន្ទាប់ពី​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ងងឹត​បាន​បញ្ចប់​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ទី​ផ្សា​អាស៊ី​បាន​ហក់​ឡើង​ខ្លាំង​នៅ​ថ្ងៃអង្គារ​នេះ​ ដោយសារ​ព័ត៌មាន​នៃ​ការបញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ដែល​បាន​ឆ្លុះបញ្ចាំង​តាមរយៈ​ទីផ្សារ​ និង​វិនិយោគិន​នៅក្នុង​តំបន់​ដែល​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​។

ទីផ្សារ​អាស៊ី​ពី​ក្រុមហ៊ុន​ Hang​ Seng​ របស់​ហុង​ហុង​ ទៅ​ក្រុមហ៊ុន​ Kospi​ របស់​កូរ៉េ​ខាងត្បូង​ បាន​កើនឡើង​ប្រហែល០.៥​ ភាគរយ​កាលពី​ព្រឹក​ថ្ងៃអង្គារ​នេះ​។

ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ បាន​បញ្ជាក់​ក្នុង​សុន្ទរកថា​ របស់​លោក​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ ដំណាក់កាល​ទី១​ កាលពី​ចុង​សប្តាហ៍​មុន​ដោយ​និយាយ​ថា​ កិច្ច​ព្រមព្រៀង​ដំណាក់កាល​ទី១បាន​បញ្ចប់​ហើយ​ និង​រង់ចាំ​ការអនុវត្ត​ពេញលេញ​ដោយមាន​ការបកប្រែ​ជា​ភា​សា​ផ្សេង​ៗត្រឹមត្រូវ​។

នៅក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃច័ន្ទ​ លោក​Trump​ បាន​និយាយ​ថា​ “ខ្ញុំ​បាន​និយាយ​ថា​ ធ្វើ​ឱ្យ​ប្រាកដ​ថា​ អ្នកមាន​អ្នកបកប្រែ​ត្រឹមត្រូវ​ ពីព្រោះ​អ្នក​អាច​បាត់បង់​ច្រើន​ជាមួយនឹង​ការបកប្រែ​មិនល្អ​។ ដូច្នេះ​យើង​កំពុង​ធ្វើ​ឱ្យ​បានសម្រេច​”។

ក្រសួង​ការបរទេស​ចិន​ក៏បាន​អះអាង​ថា​ កិច្ច​ព្រមព្រៀង​នេះ​ ជិត​បញ្ចប់​ហើយ​ ក្រៅពី​ព័ត៌មាន​លម្អិត​មួយចំនួន​។

អ្នកនាំពាក្យ​ក្រសួង​លោក​ Geng​ Shuang​ បាន​និយាយទៅ​កាន់​អ្នកសារព័ត៌មាន​ថា​ “ចិន​ និង​អាមេរិក​នៅតែ​ត្រូវការ​បញ្ចប់​នីតិវិធី​ចាំបាច់​មួយចំនួន​”។

លើស​ពីនេះ​ទៀត​ ទីក្រុង​ប៉េកាំង​ បាន​ព្យួរ​ពន្ធ​លើ​ការនាំចូល​រថយន្ត​ និង​កសិកម្ម​របស់​អាមេរិក​ ដែល​ត្រូវ​បាន​កំណត់​ចូលជាធរមាន​កាលពី​ថ្ងៃអាទិត្យ​។

យោង​តាម​គណៈកម្មការ​ពន្ធគយ​ របស់​ក្រុមប្រឹក្សារដ្ឋ​ចិន​បានឱ្យ​ដឹង​ថា​ ទីក្រុង​ប៉េកាំង​បាន​ផ្អាក​ការ​យកពន្ធ​លើ​រថយន្ត​ គ្រឿងបន្លាស់​រថយន្ត​ និង​ពោត​របស់​អាមេរិក​។

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី១​ រវាង​អាមេរិក​ និង​ចិន​បា​នប​ញ្ចប់ស​ង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ថ្លៃ​បំផុត​មួយ​ក្នុង​ប្រវត្តិ​សាស្រ្ត​ ហើយ​បាន​នាំមក​នូវ​សញ្ញា​ដំបូង​នៃ​ការ​ថយ​ចុះ​ នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រយៈពេល១៧ខែ​ រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទាំងពីរ​នៅ​លើ​ពិភពលោក​។

ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បណ្តាល​ឱ្យ​មានការ​ធ្លាក់ចុះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ និង​ការ​ត្រៀម​ឡើងវិញ​នូវ​ខ្សែ​សង្វាក់​តម្លៃ​ ពិភពលោក​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

អង្គការ​សហប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) បាន​បញ្ជាក់​ថា​ ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​បាន​បណ្តាល​ឱ្យ​កំណើន​សេដ្ឋកិច្ច​ ពិភពលោក​ធ្លាក់ចុះ​ដូច​កម្រិត​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​កាលពី១០ឆ្នាំមុន​។

ជាមួយគ្នា​នេះ​ លោក​ Trump ​បាន​បញ្ជាក់​ថា​ ការ​ចរ​ចារ​ដំណាក់កាល​ទី២​ កំពុង​ដំណើរការ​ហើយ​។

លោក​ Trump​ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ Twitter​ ថា​ “យើង​បាន​ព្រមព្រៀង​លើ​ដំណាក់កាល​ដ៏​ធំធេង​មួយ​។ យើង​នឹង​ចាប់ផ្តើម​ការ​ចរ​ចារ​លើ​កិច្ច​ព្រមព្រៀង​ដំណាក់កាល​ទី២​ ភ្លាម​ៗជាជាង​ការ​រង់ចាំ​រហូតដល់​ការបោះឆ្នោត​ឆ្នាំ២០២០​។ នេះ​គឺជា​កិច្ច​ព្រមព្រៀង​ដ៏​អស្ចារ្យ​សម្រាប់​ទាំងអស់គ្នា​។ សូម​អរគុណ​!”៕

រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រកាស​ជួសជុល​ផ្សារ​អូរ​ឬស្សី​ឡើងវិញ​

ដោយ ​វុត្ថា

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រកាស​ជួសជុល​ជាន់​ឡៅតឿ​ផ្សារ​អូរ​ឬស្សី​ឡើងវិញ​ ដើម្បី​ការពារ​សុវត្ថិភាព​ប្រជា​ពល​ដ្ឋ​ បន្ទាប់ពី​មានការ​ប្រេះស្រាំ​។

យោង​តាម​សេចក្ដីជូនដំណឹង​ ចេញផ្សាយ​នៅ​ថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ ឱ្យ​ដឹង​ថា​ សំណង់​អគារ​ផ្សារ​អូ​រប្ញស្សី​ ដែល​មាន​រយៈពេល​យូរឆ្នាំមកហើយ​នោះ​ នៅ​មាន​លក្ខណៈ​រឹងមាំ​នៅឡើយ​។

លើកលែងតែ​សំណង់​ឡៅតឿ​ ដែល​មាន​សភាព​បែក​ប្រេះស្រាំ​ដោយអន្លើ​ ហើយ​ប្រសិនបើ​ទុក​យូរ​បន្ត​ទៀត​ អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ ជាពិសេស​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ អតិថិជន​ និង​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​។

សេចក្តី​ជូនដំណឹង​ដដែល​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ស្នើ​អាជីវករ​ ដែល​កំពុង​លក់ដូរ​នៅ​លើ​ឡៅតឿ​ ក្រោម​ឡៅតឿ​ និង​ជុំវិញ​បរិវេណ​ទីតាំង​នេះ​ទាំងអស់​ ផ្ទេរ​ការលក់ដូរ​ជា​បណ្តោះអាសន្ន​ក្នុងរយៈពេល​ខ្លី​ ទៅ​ទីតាំង​ថ្មី​នៅ​ក្រៅ​ផ្សារ​ ដើម្បី​រក្សា​សន្តិសុខ​ សុវត្ថិភាព​ និង​ចៀសវាង​រាល់​ហានិភ័យ​ ដែល​កើតមានឡើង​ជាយថាហេតុ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ថា​ ការផ្ទេរ​ការលក់ដូរ​ជា​បណ្តោះអាសន្ន​នេះ​ ដើម្បី​បង្ក​លក្ខណៈ​ឱ្យ​ក្រុមការងារ​បច្ចេកទេស​សំណង់​ ធ្វើការ​ជួសជុល​ឡើងវិញ​ជាបន្ទាន់​ និង​ឆាប់​រួចរាល់​ ដើម្បី​ឱ្យ​អាជីវករ​ បាន​ត្រឡប់​ចូល​មក​លក់ដូរ​ នៅកន្លែង​ដើម​វិញ​ប្រកបដោយ​សុវត្ថិភាព​ និង​សោភណភាព​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ មាន​ក្តី​សង្ឃឹមទុក​ជាមុន​ថា​ សាធារណជន​ និង​អាជីវករ​ នៅក្នុង​ផ្សារ​អូរឫស្សី​ទាំងអស់​ បាន​យល់​ពី​ស្ថានភាព​ជាក់ស្តែង​នេះ​ និង​សហការ​ចូលរួម​អនុវត្ត​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​៕

ក្រុមហ៊ុន​អកាស​ចរណ៍​នៅ​កម្ពុជា​បាន​កើនឡើង​ជិតដល់​ចំនួន​ជិត៥០ហើយ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ លោកនាយ​ឧត្តមសេនីយ៍​ម៉ៅ​ ហា​វណ្ណា​ល់​ រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ ទទួលបន្ទុក​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​បានឱ្យ​ដឹង​ថា​ កម្ពុជា​បច្ចុប្បន្ន​នេះ​ មាន​ក្រុមហ៊ុន​អាកាសចរ​ជាតិ​ និង​អន្តរជាតិ​ជិត៥០បាន​និង​កំពុង​ប្រតិបត្តិ​ការ​ នៅក្នុង​ប្រទេស​កម្ពុជា​។

លោកនាយ​ឧត្តមសេនីយ៍​ ម៉ៅ​ ហា​វណ្ណា​ល់​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ Sengdaove​ KATTIGNASACK​ អគ្គនាយក​ក្រសួង​ដឹក​ជញ្ចូ​នប្រ​ទេស​ឡាវ​ នៅ​ថ្ងៃទី​ ១៧​ ខែធ្នូ​ ឆ្នាំ​ ២០១៩​ នេះ​ឱ្យ​ដឹង​ថា​ នា​ឆ្នាំ១៩៩៣​ មានតែ​ក្រុមហ៊ុន​អាកាស​ចរ​ណ៏​អន្តរជាតិ​មួយ​គត់​ហោះ​មក​ប្រទេស​កម្ពុជា​ និង​មាន​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ ដែល​មាន​ចំណតយន្តហោះ​អាច​ចត​បានតែ១០យន្តហោះ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ឥឡូវនេះ​ មាន​ក្រុមហ៊ុន​អាកាសចរ​អន្តរជាតិ​ ហោះ​មក​កម្ពុជា​ ចំនួន​ ៤៤​ ក្រុមហ៊ុន​ បូក​នឹង​ក្រុមហ៊ុន​អាកាសចរ​ក្នុង​ស្រុក​ចំនួន៥ទៀត​។

​ដោយឡែក​ចំណតយន្តហោះ​ ដែល​អាច​ចត​បាន​យន្តហោះ​ បាន​កើន​ដល់​ចំនួន៤០​ ដែល​ក្នុង​នោះ​យន្តហោះ​ប្រភេទ​ធំ​អាច​ចត​បាន​ចំនួន១០យន្តហោះ​ និង​គិត​ត្រឹម​ចុងខែ​វិច្ឆិកា​នេះ​ កម្ពុជា​បាន​ទទួល​អ្នក១០​,៥លាន​នាក់​។

លោក​ Sengdaove​ KATTIGNASACK​ អគ្គនាយក​ ក្រសួង​ដឹក​ជញ្ចូ​នប្រ​ទេស​ឡាវ​ ​បាន​វាយតម្លៃ​ខ្ពស់​ និង​កោតសរសើរ​ចំពោះ​ការ​រីកចម្រើន​ វិស័យ​អាកាសចរ​ស៊ីវិល​នៅ​កម្ពុជា​ និង​ស្វែងរក​នូវ​ទំនាក់​ទំនង​រវាង​ស្ថា​ប័ទាំ​ង២​ ឱ្យ​កាន់តែ​ជិត​ស្និត​ថែមទៀត​។

វិស័យ​អាកាសចរ​ស៊ីវិល​កម្ពុជា​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ មានការ​រីកចម្រើន​គួរឲ្យ​កត់សម្គាល់​ និង​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ ដល់​ការ​អភិវឌ្ឍ​នៃ​វិស័យ​នេះ​ ជាពិសេស​ការ​ដឹកជញ្ជូន​ និង​ទេសចរណ៍​ និង​សេដ្ឋកិច្ច​របស់​ប្រទេស​។ ស្រប​ពេល​ដែល​ចំនួន​ភ្ញៀវ​ទេសចរ​ចូល​មក​កម្ពុជា​ និង​ពី​កម្ពុជា​ទៅកាន់​បរទេស​មាន​កំណើន​ជាលំដាប់​នោះ​ ការ​វិនិយោគ​លើ​វិស័យ​អាកាសចរណ៍​របស់​សហគ្រិន​ក្នុង​ស្រុក​ ក៏​កាន់តែ​មាន​ចំនួន​កើនឡើង​ជាបន្តបន្ទាប់​ផង​ដែរ​៕

គម្រោង​ដី​ឡូ​តិ៍​ចំការ​ដូងក្រអូប​ទំហំ​ធំ​បែប​រមណីយដ្ឋាន​ស្ថិតនៅ​តាមផ្លូវ​ជាតិ​លេខ៥កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​

ដោយៈ​ រ៉ា​ណេត​

កំ​ពង់​ឆ្នាំងៈ​ គម្រោង​ដី​ឡូ​តិ៍​ចំការ​ដូងក្រអូប​ ស្ថិតនៅ​តំបន់​ដីទួល​មាន​ជីវជាតិ​ល្អ​ អំណោយផល​ដល់​ដំណាំ​គ្រប់​ប្រភេទ​ ដែល​ជា​តំបន់​មាន​សក្ដានុពល​ដ៏​ទាក់ទាញ​ លក់​ក្នុង​តម្លៃ​សមរម្យ​ បាន​ចាប់ផ្តើម​ប្រកាស​លក់​ជា​ផ្លូវការ​ហើយ​ ជាមួយ​ការ​ផ្តល់​ជា​កញ្ចប់​យ៉ាង​ពិសេស​ដល់​អតិថិជន​ ចំណេញ​បាន​ទាំង​លុយ​ ចំណេញ​បាន​ទាំង​ផលដំណាំ​និង​មាន​រមណីយដ្ឋាន​លំ​ហែរ​កំសាន្ត​។

គម្រោង​ដី​ឡូ​តិ៍​ចំការ​ដូងក្រអូប​ ដែល​រៀបចំ​អភិវឌ្ឍ​ដោយក្រុម​ហ៊ុន​ Hin​ Ruos​ Real​ Estate​ Co​,Ltd​ មាន​ទំហំ​សរុប​ជិត៣០ហិ​កតា​ ស្ថិតនៅ​ភូមិ​ស្ពានដែក​ ឃុំ​ធ្លកវៀន​ ស្រុក​សាមគ្គី​មានជ័យ​ ខេត្ត​កំពង់​ឆ្នាំ​ ដែល​មាន​ចម្ងាយ​ប្រមាណ៤៩ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ និង​មាន​ផ្សារ​ចំនួន៤ស្ថិតនៅ​ក្បែរ​ ដូចជា​ ផ្សារ​ឧត្ដុង្គ​ ផ្សារ​ត្រាច​ ផ្សារ​លង្វែក​ និង​ផ្សារ​សាលា​លេខ៥​ ដែល​ស្ថិតនៅ​ជិ​តព្រលា​នយន្តហោះ​ឧត្ដុង្គ​ ចុះពី​ផ្លូវជាតិ​លេខ៥​ ចម្ងាយ​ប្រមាណ៥គីឡូម៉ែត្រ​ ដែល​គ្រោង​នឹង​ចាក់កៅស៊ូ​នៅ​ឆ្នាំ២០២០ខាងមុខនេះ​ ហើយ​នៅ​ទល់មុខ​ គឺជា​ទីតាំង​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​។

លោក​ ហ៊ិ​ន រស់​ អគ្គនាយក​ក្រុមហ៊ុន​ HIN​ RUOS​ Real​ Estate​ Co​,.Ltd​ បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១៧​ ធ្នូ​នេះ​ថា​ ដី​ឡូ​តិ៍​នៅក្នុង​គម្រោង​ចំការ​ដូងក្រអូប​នេះ​ មាន​ទំហំ៤០​x៤០ម៉ែត្រ​ លក់​ក្នុង​ម្លៃ​ត្រឹម១៧​,០០០ ដុល្លារ​ ដោយ​នៅក្នុង​បរិវេណ​ដី​មាន​ដាំដំណាំ​ដូងក្រអូប​ចំនួន៨០ដើម​ រួម​នឹង​ដំ​ណាំ​ផ្សេង​ៗទៀត​។

ក្រុមហ៊ុន​ក៏​ថែមទាំង​ផ្តល់​ជូន​នូវ​កញ្ចុះ​ទំហំ៤ម៉ែត្រ​ចំនួន​មួយ​ សម្រាប់​អង្គុយ​ជួបជុំគ្នា​ ព្រមទាំង​ការរៀបចំ​បោះបង្គោល​ព្រំ​ រៀប​របង​ឥដ្ឋ​ ព័ទ្ធ​លួស​ជុំវិញ​ព្រុំ​ដី​ មាន​ទ្វារ​ដែក​ធំ​ ហើយ​ក្រុមហ៊ុន​នឹង​ផ្តល់​សេវា​ថែទាំ​ដំណាំ​ ដោយ​ក្នុង​ដី​ឡូត៍​និ​មួយ​ៗមានការ​ផ្តល់​ជូន​នូវ​ដំណាំ​ ស្វាយ​ និង​ខ្នុរ​ ព្រមទាំង​ផ្តល់​ការ​ថែ​រទាំ​ និង​មាន​សន្តិសុខ​ជួយ​មើលថែ​រទាំ​រយៈពេល២ឆ្នាំ​ដោយ​មិន​គិតថ្លៃ​។

ដោយឡែក​ហេដ្ឋារចនាសម្ព័ន្ធ​ នៅក្នុង​គម្រោង​ដី​ឡូ​តិ៍​ចំការ​ដូងក្រអូប​ ត្រូវ​បាន​ស្ថាបនា​សាងសង់​លក្ខ​ណៈ​ស្ដ​ង់​ដា​ ដូចជា​ គម្រោង​សំណង់​បុរី​យ៉ាង​ដូច្នោះ​ ដោយ​គម្រោង​ប្រភេទ​នេះ​ មិនទាន់​មាន​ក្រុមហ៊ុន​ពុះ​ដី​ឡូ​តិ៍​ណាមួយ​បាន​ធ្វើ​នៅឡើយ​នោះ​ទេ​។

ផ្លូ​វធំៗ​ត្រូវ​បាន​សង់​ចំនួន៤ខ្សែ​ ដោយ​មួយ​ខ្សែ​ៗជា​ប្រភេទ​ផ្លូវភ្លោះ​ ភ្ជាប់​ជាមួយ​ផ្លូវរដ្ឋ​ទំហំ១៥ម៉ែត្រ​ ដោយមាន​ទទឹង១២ ម៉ែត្រ​ និង​មាន​សួនច្បារ​ទំហំ​ទទឹង១ម៉ែត្រ​ ជា​ទ្រូង​កណ្តាល​ មាន​ដាំ​លម្អ​ដោយ​ដើមក្ងោក​ រួម​ជាមួយនឹង​ការ​បំពាក់​អំពូល​សូ​ឡា​ផង​ដែរ​។ កាន់តែ​ពិសេស​ជាង​នេះ​ទៅទៀត​ ខាង​ផ្នែក​ក្រោយ​គម្រោង​មាន​ស្ទឹង​ និង​ព្រែក​ ដែល​នឹង​មាន​គម្រោង​អភិវឌ្ឍ​ជា​តំបន់​ទេស​ចណ៍​ធម្មជាតិ​ (Resort​) ដូចជា​កន្លែង​ជិះទូក​កម្សាន្ត​ កន្លែង​ស្ទូចត្រី​ និង​ធ្វើ​ផ្ទះទឹក​លំ​ហែរ​កាយ​ជាដើម​។

នេះ​គឺជា​គម្រោង​ទី២ហើយ​ បន្ទាប់ពី​គម្រោង​ទី១​ ត្រូវ​បាន​ទទួលជោគជ័យ​រួច​ទៅ​ហើយ​។

លោ​កហ៊ិ​ន រស់​ បាន​មានប្រសាសន៍​ថា​ ហេតុផល​ដែល​លោក​សម្រេច​ពុះ​ដី​ឡូ​តិ៍​ដែល​មាន​ទំហំ​ ៤០​ x៤០​ ម៉ែត្រ​ ក្នុង​មួយ​ឡូ​តិ៍​ គឺ​ដោយសារតែ​លោក​កត់សម្គាល់​ឃើញថា​ ប្រភេទ​ដី​ឡូ​តិ៍​ ដែល​ស្ថិតនៅ​ក្នុង​គម្រោង​របស់​លោក​ គឺ​មាន​ទំហំដី​សម​ល្មម​ក្នុង​ការ​ដាំដំណាំ​ ដើម្បី​អាស្រ័យផល​តាម​បែប​ធម្មជាតិ​យ៉ាង​ប្រសើរ​ ហើយ​វា​ក៏​ជា​ការ​ផ្តល់​ផល​ចំណេញ​ ដល់​អតិថិជន​ដែល​មាន​គម្រោង​បង្កើត​ជា​ឧទ្យាន​ចំការ​ហូប​ផ្លែ​ និង​ងាយស្រួល​ក្នុង​វិនិយោគ​បន្ត​យកចំណេញ​ក្នុង​ពេល​ដ៏​ខ្លី​ ខុសប្លែក​ពី​គម្រោង​ពុះ​ដី​ឡូ​តិ៍​របស់​ក្រុមហ៊ុន​ដទៃ​ ដែល​មាន​ទំហំ​ក្បាលដី​តូច​ បណ្តោយ​ខ្លី​ និង​មិន​មានការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចនេះ​ឡើយ​។

លោក​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ សម្រាប់​អ្នក​ដែល​មិន​មានលទ្ធភាព​ទិញ​ដី​ឡូ​តិ៍​ នៅក្នុង​គម្រោង​ចំការ​ដូងក្រអូប​ទាំងស្រុង​ ក៏អាច​សហការ​ជាមួយ​មិត្ត​ភ័ក្ដ ឬញាតិមិត្ត​ ដើម្បី​ទិញ​ ដោយសារតែ​ដី​ឡូ​តិ៍​នៅក្នុង​គម្រោង​មួយ​នេះ​ មាន​ទំហំ​ធំ​រហូតដល់៤០​ x៤០​ ម៉ែត្រ​ ស្មើនឹង​ ១៦០០​ ម៉ែត្រការ៉េ​ ងាយស្រួល​បែងចែក​ទៅតាម​លទ្ធភាព​បាន​យ៉ាង​ងាយស្រួល​។ គ្រប់​អតិថិជន​ទាំងអស់​នឹង​ទទួល​បានការ​រៀបចំ​ឯកសារ​ រត់ការ​កាត់​ប្លង់​ បង់ពន្ធ​ប្រថាប់ត្រា​ ដែល​ជា​ការ​ចំណាយ​របស់​ក្រុមហ៊ុន​ផ្ទាល់​ ដើម្បី​បង្កើន​ទំនុកចិត្ត​កាន់តែ​ខ្ពស់​។

ទាំងអស់​អស​នេះ​គឺជា​ការ​ផ្តល់​ជូន​យ៉ាង​ពិសេស​ ដោយក្រុម​ហ៊ុន​ HIN​ RUOS​ Real​ Estate​ Co​,.Ltd​ សម្រាប់​អតិថិជន​ដែល​ប្រាថ្នា​ ចង់បាន​ដីចំការ​ដំណាំ​ផ្ទាល់ខ្លួន​ ក៏ដូចជា​សម្រាប់​ក្រុម​គ្រួសារ​ផង​ដែរ​។ រួសរាន់​ឡើង​ ដី​ឡូ​តិ៍​ដែល​មាន​ទីតាំង​ល្អ​ និង​ពោរពេញ​ទៅ​ដោយ​សក្ដានុពល​ ចំនួន​មានកំណត់​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ តាមរយៈ​ទូរស័ព្ទ​លេខ​ ៖ ០១៥​ ៧៨០​ ៨៨៨​ / ០៧៧​ ៣៣៣​ ៧៤៤​៕

ក្រុមហ៊ុន​ Smart​ Axiata​ បោះទុន​វិនិយោគ​ចំនួន១​,៤០០លាន​ដុល្លារ​លើ​គម្រោង​ជាច្រើន​នៅ​កម្ពុជា​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Smart​ Axiata​ បាន​បោះ​ទុក​វិនិយោគ​នៅ​កម្ពុជា​ អស់​ប្រមាណ​ ១,៤០០លាន​ដុល្លារ​អាមេរិក​ហើយ​ ហើយ​ក្រុមហ៊ុន​កំពុង​មាន​គម្រោង​វិនិយោគ​បង្កើត​បន្ថែម​ទៀត​ គឺ​ការ​វិនិយោគ​លើ​បច្ចេកវិទ្យា​ថ្មី​ ទំនើប​ រួម​ទាំង​ប្រព័ន្ធ​ល្បឿន​លឿន ​5G ​ផង​ដែរ​។

លោក ​TAN​ SRI​ JAMALUDIN​ IBRAHIM​ ប្រធាន​ក្រុមហ៊ុន​ Axiata​ Group​ Berhad​ ​នៅក្នុង​ជំនួប​ជាមួយ​សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ថ្ងៃទី​ ​១៧​ ខែធ្នូ​ ឆ្នាំ​ ២០១៩​ នេះ​បាន​ឲ្យដឹង​ថា​ ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ Smart​ Axiata​ គឺ​មិន​ត្រឹមតែ​ដើម្បី​រក​ផល​ចំណេញ​នោះ​ទេ​ ប៉ុន្តែ​គឺ​មាន​គោលដៅ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ ក៏ដូចជា​សង្គមជាតិ​កម្ពុជា​ផង​ដែរ​។

លោក​បន្ត​ថា​ “បច្ចុ​ប្ប​នេះ​ ក្រុមហ៊ុន ​Smart​ បាន​ចូលរួម​ចំណែក​យ៉ាងច្រើន​ ក្នុង​កិច្ចការ​សង្គម​ដូចជា​លើ​ វិស័យ​អប់រំ​ វិស័យ​សុខាភិបាល​ក៏ដូចជា​វិស័យ​បរិស្ថាន​ និងកីឡា​ផង​ដែរ​”។ លោក​បន្ត​ថា​ “ក្រុមហ៊ុន​នឹង​បន្ត​ពង្រីក​វិសាលភាព​របស់​ក្រុមហ៊ុន​បន្ត​ទៀត​ ដែល​នឹង​គ្របដណ្ដប់​ទៅតាម​ទី​ជនបទ​នៅ​ទូទាំង​ប្រទេស​”។

សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​ដ្ឋ​មន្ត្រី​កម្ពុជា​ បាន​ថ្លែងអំណរគុណ​ ចំពោះ​លោក​ TAN​ SRI​ និង​ក្រុមហ៊ុន​ Smart​ ដែល​បាន​ចូលរួម​ចំណែក​ ក្នុង​ការអភិវឌ្ឍន៍​កម្ពុជា​តាមកម្ម​វិធី​មនុស្ស​ធម៍​នា​នរ​បស់​ក្រុមហ៊ុន​។ ទន្ទឹម​នឹង​នេះ​សម្តេច​តេជោ​ បាន​សុំ​អោយ​ក្រុមហ៊ុន​ពិចារណា​ពង្រីក​វិសាលភាព​របស់​ក្រុមហ៊ុន​ ឲ្យ​គ្របដណ្ដប់​ទៅលើ​ទី​ជនបទ​អោយ​បាន​ច្រើន​ទូលំទូលាយ​ ជាពិសេស​ សម្ដេច​តេជោ​បាន​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​ពិចារណា​ ក្នុង​ការ​ជួយ​ផ្តើ់​នូវ​សេវា​ Internet​ ដល់​សាលារៀន​ រួម​ទាំងសាកល​វិទ្យាល័យ​ និង​វិទ្យាល័យ​ ព្រមទាំង​នៅ​តាម​បណ្ណាល័យ​ជាដើម​ និង​មន្ទីរពេទ្យ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​គ្រូបង្រៀន​ និស្សិត​ និង​សិស្សានុសិស្ស​ មានឱកាស​ប្រើប្រាស់​បច្ចេកវិទ្យា​តាម​Internet​ ដើម្បី​បង្កើន​ការសិក្សា​ស្រាវជ្រាវ​ពង្រីក​ចំណេះវិជ្ជា​ ដើម្បី​ពង្រឹងគុណភាព​ និង​សមត្ថភាព​ធនធានមនុស្ស​អោយ​កាន់តែ​រីកចម្រើន​។

សម្តេច​តេជោ​បាន​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​ Smart​ Axiata​ ពិចារណា​ពិនិត្យមើល​ប្រព័ន្ធ​ស្មា​តនៅ​ក្រៅប្រទេស​ (Roaming​) ផង​ដែរ​ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រព័ន្ធ​ស្មា​ត អាច​ដំណើរការ​ទៅ​បាន​ទាំង​ការ​ហៅ​ចេញចូល​ និង​ប្រព័​ន្ឋ​ Internet​ អោយ​បាន​ល្អ​នៅ​ក្រៅប្រទេស​អោយ​បាន​ច្រើន​។ ព្រោះ​ពេល​សម្តេច​តេជោ​ អញ្ជើញ​ទៅ​បេសកកម្ម​ក្រៅប្រទេស​ គឺ​ប្រព័​ន្ឋ​ស្មា​តមិនសូវ​មាន​ Roaming​ ដែល​លំបាក​ប្រើប្រាស់​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​កោតសរសើរ​ប្រព័ន្ធ​ស្មា​តដែល​ជា​ប្រព័ន្ធ​ដ៏​ល្អ​មួយ​ ដែល​មាន​ល្បឿន​លឿន​ជឿ​ទុកចិត្ត​បាន​។ តាមរយៈ​ការពង្រីក​វិសាលភាព​ថែមទៀត​ទាំង​នៅក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​គឺ​នឹង​ធ្វើអោយ​កាន់តែ​ពេញនិយម​ ពី​ប្រជា​ពល​ រដ្ធ​ និង​យុវជន​ សិស្សានុសិស្ស​ជាមិនខាន​ ព្រោះ​សព្វថ្ងៃ​នេះ​ ក្រុមហ៊ុន​ Smart​ Axiata​ កំពុង​មាន​សក្ដានុពល​ឈាន​ខ្លាំង​ផ្នែក​វិស័យ​ Telecommunication​ ដែល​ទាក់ទាញ​បាន​ជំនឿ​ជឿជាក់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​កម្ពុជា​៕

ក្រុមហ៊ុន​ប្រេង​និង​ឧស្ម័ន​នៅ​អារ៉ាប់រួម​ធំ​មួយ​ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​ប្រេង​នៅ​កម្ពុជា​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ថ្លែង​ថា​ ក្រុមហ៊ុន​ Mubadala​ Petroleum​ ដែល​ជា​ក្រុមហ៊ុន​ប្រេង​ និង​ឧស្ម័ន​ធំជាង​គេ​នៅ​អារ៉ាប់រួម​ កំពុង​ស្វែងរក​ឱកាស​វិនិយោគ​នៅក្នុង​វិស័យ​ប្រេង​នៅ​កម្ពុជា​។

នៅក្នុង​កិច្ចប្រជុំ​មួយ​កាល​ពី​សប្តា​ស៍​មុន​មួយ​លោក​ ម៉េ​ង សក្តិ​ធា​រ៉ា​ រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល​ លោក​ Mazin​ al​-Lamki​ អគ្គនាយក​ក្រុមហ៊ុន​ Mubadala​ Petroleum​ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ ក្នុង​ការ​វិនិយោគ​ក្នុង​វិស័យ​ប្រេង​នៅ​កម្ពុជា​។

លោក​ ជៀប​ សួរ​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ប្រេងកាត​ ក្រសួង​រ៉ែ​និង​ថាមពល​ ត្រូវ​បាន​រាយការណ៍​ថា​ ក្រសួង​បាន​ស្វាគមន៍​ចំពោះ​ការចូលរួម​របស់​ខ្លួន​ នៅក្នុង​ប្លុក​ប្រេង​នៅ​សមុទ្រ​ និង​ដីគោក​ដោយមាន​ជំនាញ​ និង​បទពិសោធន៍​របស់​ក្រុមហ៊ុន​។

ក្រុមហ៊ុន​នេះ​ បាន​ចូលរួម​នៅក្នុង​ឱកាស​វិនិយោគ​របស់​កម្ពុជា​ រួមមាន​ការរុករក​ និង​ផលិតកម្ម​ ក៏ដូចជា​ការបង្កើត​រោងចក្រ​ចម្រាញ់​ប្រេង​ផង​ដែរ​។

លោក​ជៀប​ សួរ​បាន​ថ្លែង​ថា​ “យើង​បាន​ជូនដំណឹង​ ដល់​ក្រុមហ៊ុន​អំពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។ ចំពោះ​ការរុករក​ប្រេងកាត​ យើង​មាន​ប្លុក​នៅ​ឯនាយ​សមុទ្រ​ចំនួន៤​ និង​ប្លុក​ប្រេង​លើ​ដីគោក​ចំនួន ១៨ទៀត​ដែល​គ្មាន​ការគ្រប់គ្រង​។ យើង​កំពុង​បង្កើត​ក្រុមការងារ​ដើម្បី​ពិភាក្សា​បន្ថែម​ទៀត​ អំពី​ឱកាស​វិនិយោគ​នា​ពេល​អនាគត​”។

លោក​បន្ត​ថា​ កម្ពុជា​បាន​បែងចែក​តំបន់​ ដែល​មាន​ប្លុក​សមុទ្រ​ចំនួន៦​ និង​តំបន់​នៅ​លើ​ដី​ចំនួន១៩ សម្រាប់​រក​ឃើញ​ប្រេងកាត​។

ក្រុមហ៊ុន​ KrisEnergy​ ដែល​មាន​មូលដ្ឋាន​នៅ​សឹង្ហ​បូរី​ បច្ចុប្បន្ន​កំពុង​អភិវឌ្ឍន៍​ប្លុក​អណ្តូង​ប្រេង​អប្សា​រា​ក្នុង​ឈូងសមុទ្រ​ថៃ​ក្នុង​ដែនទឹក​កម្ពុជា​។

ក្រសួង​រំពឹង​ថា​នឹង​ចុះ​កិច្ច​ព្រមព្រៀង​ប្រេង​ជាមួយ​ក្រុមហ៊ុន​ Cambodian​ Resources​ Energy​ Development​ Co​ អំពី​អណ្តូង​ប្រេង​នៅ​ប្លុក​ D ។ ក្រសួង​ក៏​កំពុង​ចរចា​កិច្ច​ព្រមព្រៀង​ប្រេង​ ជាមួយ​ក្រុមហ៊ុន​កាណាដា​ EnerCam​ Co​ សម្រាប់​ការ​រក​ឃើញ​នៅ​លើ​ដីគោក​ប្លុក​ VIII​។

លោក​បន្ត​ថា​ “ប្លុក​Aកំពុង​ឆ្ពោះទៅ​រក​ផលិតកម្ម​ ហើយ​យើង​គ្រោង​នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រុករក​ប្រេង​នៅ​ប្លុក​ចំនួន៤​ នៅ​សមុទ្រ​នឹង​បើកចំហ​សម្រាប់​វិនិយោគិន​ថ្មី​ដូចជា​ក្រុមហ៊ុន​ Mubadala​។

ដោយ​មើលឃើញ​ពី​សក្តា​នុ​ពល​ នៃ​ធនធាន​ប្រេង​និង​រ៉ែ​នៅ​កម្ពុជា​ លោក​ Mazin​ បាន​និយាយ​ថា​ ក្រុមហ៊ុន​បាន​ចាប់ អារម្មណ៍​ ក្នុង​ការ​វិនិយោគ​ក្នុង​វិស័យ​ប្រេង​នៅ​កម្ពុជា​។ យើង​នឹង​ធ្វើការ​សិក្សា​ ឱ្យ​បាន​ឆាប់​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ពីព្រោះ​មាន​តម្រូវការ​ចាំបាច់​សម្រាប់​ការ​វិនិយោគ​ក្នុង​វិស័យ​ប្រេង​ និង​ឧស្ម័ន​របស់​ប្រទេស​កម្ពុជា​។

ក្រុមហ៊ុន​ Mubadala​ ជា​ក្រុមហ៊ុន​ប្រេង​និ​ ងឧស្ម័ន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​អាប៊ូដាប៊ី​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០១២​ ។ បច្ចុប្បន្ន​នេះ​ប្រតិបត្តិ​ការ​នៅក្នុង​ប្រទេស​ចំនួន​ ១០​ នៅ​មជ្ឈិមបូព៌ា​ អាហ្វ្រិក​ខាងជើង​ និង​អាស៊ី​អាគ្នេយ៍​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ជាថ្មី​កាលពី​ដើម​សប្តា៍​នេះ​ថា​ នៅ​ពាក់កណ្តាល​ឆ្នាំក្រោយ​ ប្រទេស​កម្ពុជា​នឹង​ទាញ​យក​ដំណក់​ប្រេង​លើកដំបូង​ចេញពី​ប្លុក​ A នៃ​អណ្តូង​ប្រេង​អប្សរា​៕