សហរដ្ឋ​អា​មេ​រិក​ប្ដេជ្ញា​ពព្រឹ​ងវិស័យ​ឌីជីថល​ជាមួយ​កម្ពុជា​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ តាមរយៈ​ឯកអគ្គ​រដ្ឋទូត​ប្រចាំ​កម្ពុជា​ សហរដ្ឋអាមេរិក​ បាន​បង្ហាញ​ពី​គោល​បំណង់​រឹ​តបណ្តឹង​ចំណងមិត្តភាព​ការទូត​ និង​សហប្រតិបត្តិ​ការ​ជាមួយ​កម្ពុជា​ លើ​ការ​ពង្រឹង​វិស័យ​ឌីជីថល​ ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ថែមទៀត​ ខណៈ​ដែល​វិស័យ​មួយ​នេះ​មាន​សារសំខាន់​ នៅក្នុង​ការ​ជួយ​បង្កើន​កំណើន​ និង​គ្រប់គ្រង​ចំណូល​សេដ្ឋកិច្ច​ជាតិ​យ៉ាង​សំខាន់​។

លោក​ W. Patrick​ Murphy​ ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍​ក្នុង​ជំនួប​ជាមួយ​លោក​ត្រាំ​ អ៊ី​វតឹ​ករ​ដ្ឋ​មន្រ្តី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​កាលពី​ថ្ងៃទី៤​ ធ្នូ​កន្លងមក​ថា​ គោលបំណង​របស់​លោក​នៅក្នុង​ការ​ចូល​ជួប​នេះ​ គឺ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ ក្នុង​វិស័យ​ឌីជីថល​រវាង​សហរដ្ឋអាមេរិក​ និង​ព្រះរាជាណាចក្រ​កម្ពុជា​ ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែមទៀត​ ដោយ​លោក​បាន​វាយតម្លៃ​ខ្ពស់​ ចំពោះ​ការ​រីក​លូតលាស់​នៃ​វិស័យ​ទូរស័ព្ទចល័ត​នៅ​កម្ពុជា​។

លោក​បញ្ជាក់​ថា​ “កម្ពុជា​ គឺជា​ប្រទេស​មួយ​ស្ថិត​ក្នុងចំណោម​ប្រទេស​នាំមុខ​ ដែល​មាន​អ្នកប្រើ​ប្រាស់​ទូរស័ព្ទ​ច្រើនជាង​គេ​នៅក្នុង​តំបន់​ ហើយ​កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ដែល​មាន​កិច្ចសហការ​ល្អ​រវាង​ក្រសួង​ និង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-សហរដ្ឋ អាមេរិក​ ហៅ​កាត់​ (USABC​) នា​ពេល​កន្លងមក​”។ លោក​បន្ត​ថា​ “សហរដ្ឋអាមេរិក​រំពឹង​ថា​នឹង​មាន​ការិយាល័យ​តំណាង​ USABC ​នៅ​កម្ពុជា​នា​ពេល​ខាងមុខ​ ហើយ​ការ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ នឹង​កាន់តែ​ត្រូវ​បាន​ពង្រឹង​ និង​ពង្រីក​ទ្វេរ​ឡើង​ថែមទៀត​”។

រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ លោក​ ត្រាំ​ អ៊ី​វតឹ​ក បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​ លោក​ឯកអគ្គ​រដ្ឋទូត​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ផ្តល់​ទំនុកចិត្ត​ និង​ប្រគល់​ភារកិច្ច​ថ្មី​ មក​បំពេញបេសកកម្ម​ ជាឯក​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។

ជាមួយគ្នា​នេះ​ លោក​ក៏បាន​បង្ហាញ​ពី​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ ទៅលើ​គោលបំណង​ខាងលើ​នេះ​ ជាមួយនឹង​ការ​សុំ​ឱ្យ​មានការ​ជួយ​ បណ្តុះបណ្តាល​នូវ​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​ឌីជីថល​ បែប​ទំនើប​ចុងក្រោយ​មកដល់​កម្ពុជា​។

លើស​ពីនេះ​ទៅទៀត​ លោក​សង្ឃឹមថា​ វត្តមាន​របស់​ឯកអគ្គ​រដ្ឋទូត​ថ្មី​សហរដ្ឋអាមេរិក​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ទំនាក់ទំនង​ ដែល​មានស្រាប់​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែមទៀត​ រវាង​ប្រទេស​ទាំងពីរ​៕

ចំណេះដឹង​! តើ​កម្ពុជា​មាន​វិស័យ​ប៉ុន្មាន​ដែល​រួមចំណែក​ធ្វើ​ឱ្យ​ផលិតផល​ក្នុង​ស្រុក​ (GDP​) មានការ​កើនឡើង​?

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ ប្រទេស​និ​មួយ​ៗមាន​កំលាំង​ចលករ​សេដ្ឋកិច្ច​ប្រហាក់​ប្រហែល​ ឬខុសគ្នា​អាស្រ័យ​លើ​លក្ខខ័ណ្ឌ​ភូមិ​សាស្រ្ត​ អាកាសធាតុ​ និង​ងគោលនយោបាយ​របស់​រដ្ឋាភិបាល​។

ប៉ុន្តែ​នៅក្នុង​ប្រទេស​កម្ពុជា​ វិស័យ​ដែល​រួមចំណែក​ធ្វើ​ឱ្យ​ផលិតផល​ ក្នុង​ស្រុក​សរុប​ (GDP​) មានការ​កើនឡើង​មាន​ចំនួន៣ធំៗ​ដូចជា​៖

១) វិស័យ​កសិកម្ម​

ប្រទេស​កម្ពុជា​ ជា​ប្រទេស​កសិកម្ម​ មាន​ប្រជាជន​ប្រហែល៨៥​ %ជា​កសិករ​ ដែល​មានផ្ទៃ​ដី​ដាំដុះ​ដំណាំ​ជា​ប្រភេទ​ដី​ប្រកបដោយ​ជីជាតិ​ សម្បូរ​ ប្រភព​ទឹក​សម្រាប់​ស្រប​ស្រព​ និង​មាន​អាកាសធាតុ​ ក្តៅ​ហើយ​សើម​ ដែល​អំណោយផល​ដល់​ការ​បង្កបង្កើនផល​ស្ទើ​តែ​គ្រប់​ប្រភេទ​។

មួយវិញទៀត​ កម្ពុជា​ក៏បាន​ផ្តល់​នូវ​បច្ចេកទេស​ក្នុង​ការ​ដាំដុះ​ ថែ​រទាំ​ និង​មានការ​ជួយ​ជ្រោមជ្រែង​លើ​ការ​រក​ទីផ្សារ​ឱ្យ​កសិករ​ផង​ដែរ​។ ដំណាំ​ដែល​មាន​ភាព​ល្បីល្បាញ​ និង​ធ្វើការ​ណែនាំ​ចេញទៅ​បរទេស​មាន​ដូចជា​ស្រូវ​ អង្ករ​ ពោត​សណ្តែក​ គ្រាប់ស្វាយ​ចន្ទី​ និង​ដំឡូងមី​ ។ល។

២) វិស័យ​ឧស្សាហកម្ម​

វិស័យ​នេះ​ សំដៅ​ទៅលើ​វិស័យ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​ កសិ​-ឧស្សាហកម្ម​ និង​កែច្នៃ​ អគ្គិសនី​ ឧស្សាហកម្ម​ កាត់ដេរ​សម្លៀកបំពាក់​ ចាប់តាំងពី​ចាប់តាំងពី​ពេល​ដែល​ប្រទេស​កម្ពុជា​ យើង​ងាក​មក​អនុវត្ត​សេដ្ឋកិច្ច​ តាម​បែប​ទីផ្សារសេរី​រួចមក​ មាន​វិនិយោគិន​បរទេស​ច្រើន​ បាន​សម្លឹង​មើលឃើញ​ពី​សក្តា​នុ​ពល​ និង​ភាព​អំណោយ​របស់​កម្ពុជា​។

វិស័យ​កាត់ដេរ​មានការ​រីក​ចំរើន​ខ្លាំង​ឡើង​ នៅពេល​ដែល​កម្ពុជា​គោរព​តាម​ លក្ខ​ខ័ណ្ឌ​ផ្សេង​ៗ របស់​ប្រទេស​បញ្ជាទិញ​ មាន​ដូចជា​សហរដ្ឋអាមេរិក​ បណ្តា​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប​ ជាដើម​។ វិស័យ​មួយ​នេះ​ បាន​ផ្តល់​ជា​ការងារ​ដល់​កម្មករ​រាប់​ម៉ឺន​នាក់​ ហើយ​ក្នុង​នោះ​ ភាគច្រើន​ជា​ច្រើ​ជា​ស្ត្រី​ដែល​មក​ពី​ជនបទ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះទេ​ វា​បាន​ជួយ​ជម្រុ​ញកា​រនាំ​ចេញ​របស់​កម្ពុជា​យើង​ ឱ្យ​មានការ​កើនឡើង​ ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​យើង​ មានការ​រីក​ចំរើន​មួយ​ផ្នែក​ធំ​ផង​ដែរ​។

៣) វិស័យ​សេវាកម្ម​

វិស័យ​សេវាកម្ម​នេះ​មាន​៖ ទេសចរណ៍​ សំណង់​ សណ្ឋាគារ​ធនាគារ​ មីក្រូហិរញ្ញវត្ថុ​ ។ល។ ប្រទេស​កម្ពុជា​ សម្បូរទៅដោយ​រមណីយដ្ឋាន​ទេសចរ​ គួរ​ជាទី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ជាច្រើន​ ដូចជា​រមណីយដ្ឋាន​បែប​ប្រវត្តិសាស្ត្រ​ បែប​ធម្មជាតិ​ បែប​កែច្នៃ​ និង​ទីកន្លែង​សក្ការៈ​បូជា​ ផ្សេង​ៗ ទៀត​ ដែល​មាន​ពាសពេញ​ផ្ទៃ​ប្រទេស​។

កំណើន​ភ្ញៀវ​ទេសចរ​ មានការ​កើនឡើង​ជាលំដាប់​ពី​មួយ​ទៅ​មួយឆ្នាំ​ ដោយសារ​មានការ​យកចិត្ត​ទុកដាក់​ពី​រដ្ឋាភិបាល​ ការចូលរួម​របស់​ប្រជាជន​ អង្គភាព​នានា​ និង​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ៗទៀត​៕

លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ ជំរុញ​ឱ្យ​ក្រុមហ៊ុន​ចិន​សិក្សា​បញ្ចប់់​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ បាវិត​ក្នុងរយៈពេល២ឆ្នាំ​

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ China​ Rail​ Way​ International​ Group​ .,Ltd​ ធ្វើការ​សិក្សា​គម្រោង​ផ្លូវ​ល្បឿន​លឿន​ តភ្ជាប់​ភ្នំពេញ​ បាវិត​ត្រឹមតែ២ឆ្នាំ​ ដើម្បី​ឈាន​ទៅ​ស្ថាបនា​បាន​ឆាប់រហ័ស​។

លោក​ វ៉ា​ស៊ី​ម សូ​រិយា​ អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​ ៤ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩កន្លងមក​បានឱ្យ​ដឹង​ថា​ គម្រោង​នេះ​ គឺជា​គម្រោង​របស់​រដ្ឋាភិបាល​ តាមរយៈ​ក្រសួង​សាធារណៈ​ការ​ និង​ដឹក​ជញ្ចូ​នបាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ក្របខណ្ឌ​ សម្រាប់​គម្រោង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ តភ្ជាប់​ពី​ភ្នំពេញ​ទៅ​បាវិត​ ឱ្យ​ក្រុមហ៊ុន​China​ Rail​ Way​ International​ Group​ .,Ltd​ ធ្វើ​កា​រសិ​ក្សា​។

លោកន្ត​ថា​ “ក្នុង​ការសិក្សា​នេះ​ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ស៊ុន​ ចាន់​ថុ​លបាន​ស្នើ​ឱ្យ​ខាង​ក្រុមហ៊ុន​ពន្លឿន​ការសិក្សា​ឱ្យ​បាន​ឆាប់​ យ៉ាង​ហោច​ណា​សក្នុ​ងរ​យៈ​ពេល២ឆ្នាំ​ អោយ​ចប់​សព្វគ្រប់​ ដើម្បី​បាន​ស្ថាន​នា​ផ្លូវ​នេះ​”។លោក​បន្ត​ថា​ ​;“មានន័យថា​អោយ​សិក្សា​មួយឆ្នាំ​កន្លះ​ ហើយ​សល់​សក​ន្លះ​ឆ្នាំ​ទៀត​ធ្វើ​ការ​ចចាម្តង​ទៀត​ នៅពេល​ដឹងពី​ទំហំ​ទឹកប្រាក់​ដែល​ត្រូវ​ចំណាយ​លើ​ការសាងសង់​”។

លោក​បន្ថែម​ថា​ ជាមួយគ្នា​នេះ​ ខាង​ក្រុមហ៊ុន​ក៏បាន​លើកឡើង​ពី​ការ​ប្តេជ្ញា​ ក្នុង​ការសិក្សា​ឱ្យ​បាន​ចប់​សព្វគ្រប់​ តាម​សំ​ណូ​ពរ​បស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ នៅក្នុង​ពិធី​ចុះហត្ថលេខា​នេះ​។

លោ​កន្ថែ​មទៀ​ថា​ គម្រោង​ដែល​នឹង​ចុះហត្ថលេខា​នេះ​ គ្រាន់តែ​ជា​គម្រោង​ក្របខណ្ឌ​របស់​រដ្ឋាភិបាល​ តាមរយៈ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ប្រគល់​ឱ្យ​ក្រុមហ៊ុន​សម្រាប់​សិក្សា​ប៉ុណ្ណោះ​ បន្ទាប់ពី​សិក្សា​ និង​ដឹងពី​តម្លៃ​ថ្លៃ​អស់​ប៉ុន្មាន​រួចរាល់​ហើយ​នោះ​នឹង​ធ្វើ​កុងត្រា​មួយទៀត​ចាប់ផ្តើម​សាងសង់​ហើយ​។

គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-បាវិត​ (Phnom​ Penh​-Bavet​ Expressway​) ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-បាវិត​ មាន​ប្រវែង​សរុប​ប្រហែល១៣៥​ គ.ម​។ ផ្លូវ​នេះ​ត្រូវ​សាងសង់​ជា​ ០៤គន្លង​ តួ​ផ្លូវ​មាន​ទទឹង២៥​,៥ម៉ែត្រ​។ ខ្សែ​ផ្លូវ​នេះ​ នឹង​ចេញពី​ភ្នំពេញ​នៅ​ចំណុច​ផ្លូវ​ខ្សែ​ក្រ​វ៉ាត់​ក្រុង​ទី៣​ កាត់តាម​ខេត្តកណ្តាល​ ខេត្តព្រៃវែង​ និង​ខេត្តស្វាយរៀង​ ឆ្ពោះទៅ​ក្រុង​បាវិត​ ព្រំដែន​កម្ពុជា​-វៀតណាម​។

យោង​តាម​របាយការណ៍​សិក្សា​របស់​ទីភ្នាក់ងារ​ សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន​ (JICA​) ផ្លូវ​ល្បឿន​លឿន​នេះ​ជា​ប្រភេទ​ផ្លូវ​លើ​អាកាស​ (Viaduct​) ប្រវែង​ប្រហែល១២​ គ.ម​ មាន​លូ​ប្រអប់​ (Box​ Culvert​) ប្រវែង​ប្រហែល២៨​,៤ គ.ម​ និង​ជា​ប្រភេទ​ផ្លូវ​លើកកម្ពស់​ (Embankment​) ប្រវែង​ប្រហែល៨៥​,៨ គ.ម​។ ផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ​-បាវិត​ មានផ្លូវ​បំបែក​ ប្តូរ​ទិស​ (Inter​-Change​) ចំនួន៧កន្លែង​ កន្លែង​ឈប់សម្រាក៦កន្លែង​ និង​ច្រក​ទ្វារ​ ព្រំដែន​ថ្មី​ចំនួន១ផង​ដែរ​។

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-បាវិត​ ត្រូវ​បាន​បញ្ចប់​ការសិក្សា​សមិទ្ធិ​លទ្ធភាព​ និង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ពិភាក្សា​លើ​តម្លៃ​នៃ​គម្រោង​ និង​ប្រភព​ថវិកា​។

ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​កម្ពុជា​ និង​ក្រសួង​ដឹកជញ្ជូន​របស់​ប្រទេស​វៀតណាម​ ក៏បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​ ការជំរុញ​ការសិក្សា​ និង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-បាវិត​ និង​ផ្លូវ​ល្បឿន​លឿន​ហូជីមិញ​-ម៉ុ​កបៃ​រួចរាល់​ផង​ដែរ​ ៕

សេដ្ឋកិច្ច​សកល​មាន​ភាព​ច្របូកច្របល់​ ខណៈ​កិច្ច​ព្រមព្រៀង​រវាង​អាមេរិក​ និង​ចិន​នឹង​ត្រូវ​ពន្យារ​បន្ទាប់​បោះឆ្នោត​ឆ្នាំ​ ២០២០​

ដោយ​ Donald​ Lee​

ភ្នំពេញ​៖ ទីផ្សារ​ជុំវិញ​ពិភពលោក​បាន​រង្គោះរង្គើ​ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ បាន​ថ្លែង​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​នឹង​កើតមាន​ បន្ទាប់ពី​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ​ ២០២០​។

ការ​អត្ថា​ធិប្បាយ​របស់​លោក​ Trump​ នៅ​ថ្ងៃ​ អង្គារ​ កន្លងមក​នេះ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​កំពូល​ណា​តូ​ដែល​កំពុង​ធ្វើឡើង​នៅ​ទី​ក្រុង​ឡុង​។ ការបោះឆ្នោត​សកល​អាមេរិក​ធ្វើឡើង​នៅ​ខែ​ វិច្ឆិកា​ ឆ្នាំក្រោយ​។

លោក​ Trump​ បាន​និយាយទៅ​កាន់​អ្នកសារព័ត៌មាន​ថា​ “តាមវិធី​ខ្លះ​ ខ្ញុំ​ចូលចិត្ត​គំនិត​នៃ​ការ​រង់ចាំ​រហូតដល់​ក្រោយ​ការបោះឆ្នោត​សម្រាប់​កិច្ច​ព្រមព្រៀង​ជាមួយ​ចិន​ ប៉ុន្តែ​ពួកគេ​ចង់​ធ្វើ​កិច្ច​ព្រមព្រៀង​ឥឡូវនេះ​ ហើយ​យើង​នឹង​ដឹង​ថា​តើ​កិច្ច​ព្រមព្រៀង​នេះ​នឹង​ត្រូវ​ធ្វើឡើង​ ឬអត់​”។

ទីផ្សារ​នៅ​ជុំវិញ​តំបន់​អាស៊ី​បាន​ធ្លាក់ចុះ​យ៉ាង​ឆាប់រហ័ស​ បន្ទាប់ពី​ការ​អត្ថា​ធិប្បាយ​របស់​លោក​ Trump​ នៅ​ព្រឹក​ថ្ងៃ​ ពុធ​។ ភាគហ៊ុន​ Nikkei​ របស់​ជប៉ុន​បាន​ធ្លាក់ចុះ​ ១,២៥​ ភាគរយ​ ហុងកុង​ ១,១៣​ ភាគរយ​ និង​ Kospi​ របស់​កូរ៉េ​ខាងត្បូង​ធ្លាក់ចុះ​ ១,០៥​ ភាគរយ​។

ទីក្រុង​ប៉េកាំង​បាន​ឆ្លើយតប​ដោយ​បញ្ជាក់​ថា​ លោក​ Trump​ កំពុង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ជាប់​គាំង​ និង​បង្ក​ភាព​វឹកវរ​នៅក្នុង​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ក៏បាន​អត្ថា​ធិប្បាយ​ផង​ដែរ​ថា​ លោក​ Trump​ កំពុង​បណ្តាល​ឱ្យ​គោលនយោបាយ​សេដ្ឋកិច្ច​សកល​ដែល​មាន​លក្ខណៈ​ស៊ីវិល័យ​ត្រូវ​ដកចេញ​ និង​ត្រូវ​បាន​ជំនួស​ដោយ​អ្វីមួយ​ដូចជា​ច្បាប់​នៃ​ព្រៃ​។

នៅក្នុង​របាយការណ៍​របស់​ Global​ Times​ ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ចិន​ បានឱ្យ​ដឹង​ថា​ អាមេរិក​កំពុង​បាត់បង់​ការ​គ្រប់គ្រង​ដោយ​យកពន្ធ​លើ​ពិភពលោក​ជា​អាវុធ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ ហើយ​ប្រកាស​សង្គ្រាម​ប្រឆាំង​នឹង​ពិភពលោក​ទាំងមូល​ដោយ​មិន​ស្ទាក់​ស្ទើ​។ នេះ​បង្ហាញថា​ ពិភពលោក​របស់​យើង​កំពុង​ស្ថិត​ក្នុង​ភាព​ច្របូកច្របល់​ ហើយ​ប្រព័ន្ធ​អភិបាលកិច្ច​ពិភពលោក​ដែល​មាន​ភាព​ផុយ​ស្រួយ​កំពុង​មាន​ភាព​វឹកវរ​។ អ្វីមួយ​ដូចជា​ច្បាប់ព្រៃ​ដែល​ធ្លាប់​ត្រូវ​បាន​បោះបង់ចោល​កំពុង​វិលត្រឡប់​មកវិញ​”។

របាយការណ៍​នេះ​បាន​បន្ថែម​ទៀត​ថា​ “ភាពជា​តិ​និយម​តូច​ចង្អៀត​ និង​ប្រជានិយម​កំពុង​ជួបប្រទះ​នូវ​ការ​កើនឡើង​ដែល​មិន​សម​ហេតុផល​។ ការអប់រំ​ជាស​កល​សម្រាប់​មនុស្សជាតិ​ទាំងអស់​បាន​ទទួលជោគជ័យ​ពិតមែន​ ប៉ុន្តែ​ការ​គិតពិចារណា​ហួសហេតុ​ពេក​ និង​ពាក្យស្លោក​ដែល​បង្កហេតុ​កំពុង​កើតមាន​” ។

កាលពី​សប្តាហ៍​មុន​ ក្រុម​អ្នកវិភាគ​ និង​ទីផ្សារ​មាន​សុទិដ្ឋិនិយម​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​នឹង​ត្រូវ​បាន​ចុះហត្ថលេខា​ នៅពេល​ដែល​ភាគី​ទាំងសងខាង​បាន​បង្ហាញ​ពី​ភាព​ជឿនលឿន​កំពុង​ត្រូវ​បាន​ធ្វើឡើង​ ហើយ​ថា​ កិច្ច​ព្រមព្រៀង​ដំណាក់​កាល​ទី​ ១ ជិត​មកដល់​ហើយ​។

លោក​ Trump​ បាន​និយាយ​កាលពី​ថ្ងៃ​ អង្គារ​ ថា​ “យើង​ស្ថិតនៅ​ក្នុង​កិច្ច​ព្រមព្រៀង​ចុងក្រោយ​នៃ​កិច្ច​ព្រមព្រៀង​ដ៏​សំខាន់​មួយ​ ខ្ញុំ​គិតថា​ អ្នក​អាច​និយាយ​ថា​ កិច្ច​ព្រមព្រៀង​ដ៏​សំខាន់​បំផុត​មួយ​នៅក្នុង​ពាណិជ្ជកម្ម​ដែល​មិនធ្លាប់​មាន​”។ សង្រ្គាម​ពាណិជ្ជកម្ម​រយៈពេល​ ១៦​ ខែ​បាន​បង្អាក់​ដល់​សេដ្ឋកិច្ច​ពិភពលោក​។

អង្គការ​សហប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) បាន​បញ្ជាក់​ថា​ ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​បាន​បណ្តាល​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ ដូច​កម្រិត​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​កាលពី​ ១០​ ឆ្នាំមុន​។

ទន្ទឹម​នឹង​នេះ​ដែរ​ លោក​ Trump​ និង​ប្រធានាធិបតី​បារាំង​លោក​ Emmanuel​ Macron​ បាន​បង្ហាញ​ពាក្យសំដី​ដាក់គ្នា​នៅ​ឯកិច្ចប្រជុំ​កំពូល​របស់​ណា​តូ​នៅ​ទី​ក្រុង​ឡុង​ បន្ទាប់ពី​ការប្រកាស​របស់​អាមេរិក​ថា​នឹង​ដាក់​ពន្ធ​ ១០០​ ភាគរយ​លើ​ទំនិញ​បារាំង​ដែល​មានតម្លៃ​ ២,៤​ ពាន់​លាន​ដុល្លារ​ និង​រួមបញ្ចូល​ស្រា​សំ​ប៉ាញ​ កាបូប​ច្នៃ​ និង​ឈីស​។

ពន្ធគយ​លើ​ការនាំចូល​របស់​បារាំង​កើតឡើង​ បន្ទាប់ពី​ការស៊ើបអង្កេត​របស់​រដ្ឋាភិបាល​អាមេរិក​លើ​ពន្ធ​ថ្មី​នៃ​សេវាកម្ម​ឌីជីថល​បារាំង​ដែល​ដាក់​ពន្ធលើប្រាក់ចំណេញ​ ៣ ភាគរយ​លើ​ក្រុមហ៊ុន​ឌីជីថល​ដែល​រកចំណូល​បាន​ជាង​ ២៧,៨៦​ លាន​ដុល្លារ​នៅ​បារាំង​ និង​ ៨៣០​ លាន​ដុល្លារ​នៅ​ទូទាំង​ពិភពលោក​។ ក្រុម​អ្នកវិភាគ​ជឿជាក់​ថា​ ពន្ធ​ថ្មីនេះ​គឺ​សំដៅ​ដោយ​ផ្ទាល់​ទៅលើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ ដូចជា​ Facebook​ Apple​ និង Amazon​៕

ធនាគារពិភពលោក​៖ កម្ពុជា​រក្សា​បាន​កំណើន​សេដ្ឋកិច្ច​ល្អ​ជាងគេ​ក្នុង​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក

​ដោយ​ ប៊ី​

ភ្នំពេញ​៖ កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​មួយចំនួន​តូច​នៅក្នុង​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក​ដែល​មានការ​រក្សា​បាន​កំណើន​សេដ្ឋកិច្ច​ល្អ​ជាងគេ​នៅក្នុង​តំបន់​។

ដូចដែល​អ្វី​ដែល​ឃើញ​នៅក្នុង​បទ​បង្ហាញ​នៃ​ការ​រក​ឃើញ​សំ​ខាន់​ៗ កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​មួយចំនួន​តូច​នៅក្នុង​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក​ដែល​មាន​សេដ្ឋកិច្ច​បន្តដំណើរ​ការបាន​ល្អ​។

នេះ​បើ​យោង​តាម​សម្តី​របស់​លោកស្រី​ អ៊ី​ហ្គូ​ណា​ ដូ​បា្រ​ចា​ ប្រធាន​គ្រប់​គ្រង​ប្រចំា​កម្ពុជា​ អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​ ដែល​ចេញផ្សាយ​នៅ​ថ្ងៃនេះ​នៅក្នុង​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​ខែ​ វិច្ឆិកា​ឆ្នាំ​ ២០១៩​ ។

លោកស្រី​បន្ត​ថា​ សេដ្ឋកិច្ច​ត្រូវ​បាន​ព្យាករ​ថា​នឹង​នៅតែ​រឹងមាំ​ ទោះបីជា​កំណើន​ពិតប្រាកដ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ធ្លាក់ចុះ​ដល់​ ៧០​ ភាគរយ​នៅ​ឆ្នាំ​ ២០១៩​ បើ​ប្រៀបធៀប​ទៅ​នឹង​ ៧,៥​ ភាគរយ​នៅ​ឆ្នាំ​ ២០១៨​ ហើយ​កំណើន​នៅតែ​បន្ត​ជំរុញ​ដោយ​ការពង្រីក​ការនាំចេញ​ ការ​វិនិយោគ​ និង​តម្រូវការ​ផ្ទៃក្នុង​។ ទោះ​យ៉ាងណា​ … ហានិភ័យ​ដែល​កើតឡើង​ពីក​ត្តា​ក្នុង​ស្រុក​ និង​ខាងក្រៅ​កាន់តែ​ខ្លាំង​ឡើង​។

ការ​ដកចេញ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​ (EBA​) ក៏ដូចជា​ការ​ថយ​ចុះ​យ៉ាង​ខ្លាំង​នៃ​សេដ្ឋកិច្ច​ចិន​អាច​ធ្វើ​ឱ្យ​មាន​ចក្ខុវិស័យ​កំណើន​ធ្លាក់ចុះ​ ដោយសារតែ​ការពឹងផ្អែក​របស់​កម្ពុជា​លើ​ការនាំចេញ​ទៅ​សហភាព​អឺរ៉ុប​ និង​លើ​ FDI​ និង​ភ្ញៀវ​ទេសចរ​មក​ពី​ចិន​។

លើស​ពីនេះ​ទៀត​ ការ​រីកចម្រើន​នៃ​សំណង់​ និង​អចលនទ្រព្យ​ដែល​អូស​បន្លាយពេល​យូរ​ និង​ការ​បង្កើន​ឥណទាន​ដែល​បាន​ផ្តល់​ដល់​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ក៏​ចង្អុលបង្ហាញ​ពី​បរិយាកាស​ដែល​កំពុង​ប្រឈម​កាន់តែ​ខ្លាំង​ឡើង​។

ដើម្បី​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ខាងក្រៅ​របស់​កម្ពុជា​ ថ្មី​ៗនេះ​អាជ្ញាធរ​កម្ពុជា​បាន​ដាក់ចេញ​នូវ​វិធានការណ៍​មួយចំនួន​ដើម្បី​ជួយ​សម្រួល​ដល់​ពាណិជ្ជកម្ម​ដោយ​កាត់បន្ថយ​ថ្លៃដើម​ដឹកទំនិញ​ កាត់​ខ្សែ​ការិយាធិបតេយ្យ​ និង​ជួយ​ទ្រទ្រង់​អាជីវកម្ម​ជាមួយនឹង​ការកាត់បន្ថយ​រយៈពេល​ ៦ ថ្ងៃ​នៃ​ចំនួន​ថ្ងៃឈប់​សម្រាក​សាធារណៈ​នៅ​ឆ្នាំ​ ២០២០​ ។

ការជំរុញ​សារពើពន្ធ​ដែល​មាន​ទំហំ​ធំធេង​ដែល​ត្រូវ​បាន​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ការ​សន្សំ​របស់​រដ្ឋាភិបាល​អាច​ត្រូវ​បាន​ណែនាំ​នៅ​ឆ្នាំ​ ២០២០​ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ការ​ដក​សក្តា​នុ​ពល​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​៕

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ ស្នើ​រដ្ឋាភិបាល​អាល្លឺម៉ង់​បន្ត​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​រូប​នី​យក​ម្ម​បន្ថែម​ទៀត​

ដោយ​ ៖ រ៉ា​ណេត​ ភ្នំពេញ​ ៖ រដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ស្នើសុំ​រដ្ឋាភិបាល​ប្រទេស​អាល្លឺម៉ង់​ បន្ត​ការ​គាំទ្រ​លើ​ការ​អភិវឌ្ឍ​ជា​ដៃ​គួ​ ជាពិសេស​ការចូលរួម​ផ្តល់​នូវ​បច្ចេកទេស​ និង​ថវិកា​ក្នុង​ការរៀបចំ​នគរូបនីយកម្ម​ នៅ​កម្ពុជា​បន្ថែម​ទៀត​។

នៅក្នុង​កិច្ច​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ Christain​ Berger​ ឯកអគ្គ​រដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​ប្រទេស​កម្ពុជា​ នៅ​ទីស្ដីការ​ក្រសួង​ កាលពី​ថ្ងៃទី៤​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ លោក​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ជា​ សុ​ផា​រ៉ា​ បាន​បង្ហាញ​ពី​កាលានុវត្ត​ភាព​របស់​កម្ពុជា​ រួម​ជាមួយនឹង​ការ​ស្នើសុំ​ឱ្យ​ភាគី​រដ្ឋាភិបាល​ប្រទេស​អាល្លឺម៉ង់​បន្ត​ការ​គាំទ្រ​លើ​កិច្ច​អភិវឌ្ឍ​ និង​រៀបចំ​នគរូបនីយកម្ម​នៅ​កម្ពុជា​បន្ត​ទៀត​។

លោក​ឧបនាយក​រដ្ឋមន្រ្តី​ ជា​ សុ​ផា​រ៉ា​ បាន​មានប្រសាសន៍​ថា​ កម្ពុជា​ធ្លាប់​សហការ​គ្នា​ជា​ដៃគូ​ជាមួយ​អាល្លឺម៉ង់​ជាច្រើន​ឆ្នាំ​មក​ហើយ​ ពោល​គឺ​ចាប់តាំងពី​ឆ្នាំ២០០៨​ មក​ ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​ ដែល​តាមរយៈ​កិច្ចសហការ​នេះ​ បាន​ធ្វើ​ឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ទី​ជនបទ​មានការ​កែប្រែ​ ក្នុង​ការសម្រួល​ដល់​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​។

ឈរ​លើ​មូលដ្ឋាន​នេះ​ អាច​ធ្វើ​ឱ្យដៃ​គូ​អភិវឌ្ឍ​ដទៃទៀត​ មានការ​ចាប់អារម្មណ៍​ថា​ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​ ដែល​ផ្ដួចផ្ដើម​ កិច្ចសហការ​ជាមួយ​ដៃគូ​អាល្លឺម៉ង់​ គឺ​មាន​ភាពល្អ​ប្រសើរ​ និង​ផ្ដល់​ផលប្រយោជន៍​ជាច្រើន​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។

លោក​បាន​បន្ត​ទៀត​ថា​ បន្ទាប់ពី​លោក​បាន​មកកាន់​ដំណែង​ជារ​ដ្ឋ​មន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ គឺ​លោក​មានការ​ពេញចិត្ត​ចំពោះ​កិច្ច​សហ​ប្រប​ត្តិ​ការ​ជាមួយ​ភាគី​អាល្លឺម៉ង់​ ដែល​បាន​ធ្វើ​ឱ្យ​មូលដ្ឋាន​ដំបូង​នៃ​ការចុះបញ្ជី​ធ្លី​ ដែល​ចាត់ទុកថា​ជា​ការ​ផ្ដួចផ្ដើម​ក៏​មាន​សារៈសំខាន់​នោះ​ បាន​ធ្វើ​ឱ្យ​ទីផ្សារ​ដី​មានការ​កើនឡើង​ និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ ចាប់តាំងពី​ឆ្នាំ១៩៩៥​ មក​ ដែល​បច្ចុប្បន្ន​នេះ​ បាន​ដំណើរការ​ក្នុង​ការចុះបញ្ជី​ដី​បាន​ ៧៧​% នៃ​ផ្ទៃដី​ដែល​បាន​ចុះបញ្ជី​រួច​។

ជាមួយគ្នា​នេះ​ លោក​ឧបនាយក​រដ្ឋមន្រ្តី​ ជា​ សុ​ផា​រ៉ា​ បាន​ស្នើ​ឯកអគ្គ​រដ្ឋទូត​អាល្លឺម៉ង់​ ប្រចាំ​កម្ពុជា​ ជួយ​គាំទ្រ​អំពី​បញ្ហា​ក្រុម​អ្នកបច្ចេកទេស​ និង​គាំទ្រ​អំពី​បញ្ហា​ការចុះបញ្ជី​ដី​ ព្រមទាំង​ការរៀបចំ​ប្រព័ន្ធ​បច្ចេកទេស​ និង​គាំទ្រ​ថវិកា​សម្រាប់​ដំណើរការ​ដែល​ត្រូវ​ចំណាយ​អស់​ជាច្រើន​ ហើយ​ឯកឧត្តម​សង្ឃឹមថា​ ដំណើរការ​នឹងអាច​បន្ត​ទៅមុខ​ រហូត​ទទួល​បាន​ជោគជ័យ​តាម​ការ​គ្រោងទុក​។

ព្រម​ជាមួយគ្នា​នេះ​ លោក​ក៏បាន​ស្នើសុំ​ឱ្យ​មានការ​សហការ​គាំទ្រ​បន្ត​កិច្ចការ​នានា​ ដើម្បី​ជា​ប្រយោជន៍​រវាង​ប្រទេស​ទាំងពីរ​ និង​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ លើ​វិស័យ​នានា​ដូចជា​ វិស័យ​ពាណិជ្ជកម្ម​ និង​ការនាំចេញ​ជាដើម​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែមទៀត​ ដើម្បី​ជំរុញ​ការ​រីកចម្រើន​នា​ពេល​អនាគត​។

ជា​ការ​ឆ្លើយតប​ លោក​ Christian​ Berger​ ឯកអគ្គ​រដ្ឋទូត​អាល្លឺម៉ង់​ ប្រចាំ​កម្ពុជា​ បាន​បង្ហាញ​ពី​កិច្ច​ស្វាគមន៍​ចំពោះ​សំ​ណើរ​ខាងលើ​នេះ​ ដោយ​សន្យា​នឹង​បន្ត​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​រវាង​អាល្លឺម៉ង់​ និង​កម្ពុជា​ ជាពិសេស​ជាមួយ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ទាក់ទិន​នឹង​គម្រោង​នានា​ដែល​បាន​លើកឡើង​ខាងលើ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ផង​ដែរ​៕

ក្រសួងព័ត៌មាន​នឹង​មាន​អគារ​ខ្ពស់​ជាងគេ​ក្នុងចំណោម​ស្ថាប័ន​នានា​របស់​រដ្ឋាភិបាល

​ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ គម្រោង​សាងសង់​អគារ​ទីស្ដីការ​ក្រសួងព័ត៌មាន​ដែល​មា​នក​ម្ពុស់១៤ជាន់​ ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ជួយ​សម្រួល​ដល់​ការងារ​ផ្នែក​រដ្ឋបាល​ទូទៅ​ ក៏ដូចជា​សម្រាប់​មន្ត្រី​ក្រសួងព័ត៌មាន​បំពេញការងារ​ផង​ដែរ​នោះ​ បាន​ចាប់ផ្តើម​បុក​គ្រឹះ​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ហើយ​ ។

បន្ទាប់ពី​មើលឃើញ​ជាក់ស្ដែង​ពី​សភាព​ចាស់​ទ្រុឌទ្រោម​នៃ​អគារ​ការិយាល័យ​នានា​របស់ក្រ​សួង​ព័ត៌មាន​ រដ្ឋាភិបាល​ ក្រោម​ការ​ចង្អុលបង្ហាញ​ពីសំណាក់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នៅ​ត្រឹម​ព្រឹក​ថ្ងៃទី៤​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ គម្រោង​សាងសង់​អគារ​ទីស្ដីការ​ក្រសួងព័ត៌មាន​ដែល​មាន​កម្ពស់១៤ជាន់​ ត្រូវ​បាន​បុក​គ្រឹះ​បើក​សម្ពោធ​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ក្រោម​អធិបតី​របស់​លោក​ ខៀវ​ កា​ញ៉ា​រី​ទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ រួម​ជាមួយនឹង​មន្ត្រី​ក្រោម​ឱវាទ​ជាច្រើន​នាក់​។

អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ព័ត៌មាន​ និង​សោតទស្សន៍​ លោក​ ផុស​ សុវណ្ណ​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី៤​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ថា​ តាម​គម្រោង​អគារ​ទី​ស្តី​ការក្រ​សួង​ថ្មី​ដែល​មាន​កម្ពស់១៤ជាន់​នេះ​ត្រូវ​ចំណាយ​រយៈពេល​សាងសង់​ចំនួន​ ២៤ខែ​ ដែល​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក​ ឃុន​ សៀ​ ឌីវើ​ឡុប​មេន​ គ្រុប​ ជា​អ្នកទទួល​ខុសត្រូវ​លើ​ការសាងសង់​។

លោក​បាន​បន្ត​ទៀត​ថា​ “ខ្ទង់​ថវិកា​ចំណាយ​លើ​ការសាងសង់​អគារ​នេះ​ គឺ​រដ្ឋាភិបាល​ជា​អ្នករ៉ាប់រង​ ដើម្បី​ធ្វើការ​ដោះដូរ​ពី​ការ​អគារ​ចាស់​ដែល​មាន​ទំហំ​តូច​ មក​ជា​អគារ​ថ្មី​ រឹងមាំ​ និង​មាន​ទំហំ​ធំ​ទូលាយ​ជាង​មុន​ដែល​អាច​ផ្តល់​ភាព​ងាយស្រួល​ដល់​មន្ត្រី​រាជការ​របស់ក្រ​សួង​ទាំងមូល​បំពេញការងារ​ ជាពិសេស​មាន​ទីកន្លែង​ទុកដាក់​ឯកសារ​សំ​ខាន់​ៗ ក៏ដូចជា​ឧបករណ៍​ សម្ភារៈ​បច្ចេកទេស​ក្នុង​ការប្រើ​ប្រាស់​សម្រាប់​បម្រើ​ផលប្រយោជន៍​ដល់​ការ​ផ្សព្វផ្សាយ​សារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ប្រចាំ​ប្រទេស​។

លោក​បាន​បញ្ជាក់​ថា​ “កាលពីមុន​ក្រសួងព័ត៌មាន​គឺ​មាន​ភាព​លំបាក​ក្នុង​ការ​ខ្វះខាត​បន្ទប់​សម្រាប់​មន្ត្រី​បម្រើការ​ងារ​ ប៉ុន្តែ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​ ភាព​ងាយស្រួល​នឹង​កើតមាន​ ជាពិសេស​ ជាមួយនឹង​វត្តមាន​ថ្មី​នៃ​អគារ​នេះ​ នឹង​មាន​អគ្គនាយក​ដ្ឋាន​សំ​ខាន់​ៗចំនួន២​ តាំងនៅ​ក្នុង​អគារ​នេះ​ រួម​ជាមួយនឹង​ការិយាល័យ​របស់​មន្ត្រី​ដែល​ជា​ថ្នាក់ដឹកនាំ​របស់ក្រ​សួង​ព័ត៌មាន​ជាច្រើន​នាក់​ទៀតផង​ដែរ​”៕

រដ្ឋាភិបាល​ព្រាង​ផែនការមេ​សម្រាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ​នៅ​កម្ពុជា​ ឆ្នាំ​ ២០២១​-២០៣០

​ដោយ ​វុត្ថា

​ភ្នំពេញ​៖ គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​នឹង​កំពុង​រៀបចំ​សេ​ក្តី​ព្រាង​ផែនការ​មេ​សម្រប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ​នៅ​កម្ពុជា​ ឆ្នាំ​ ២០២១​-២០៣០​ ដើម្បី​សម្រួល​ដល់​ការ​ដឹកជញ្ជូន​តភ្ជាប់​ក្នុង​តំបន់​ និង​ពិភពលោក​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ចេញផ្សាយ​នៅ​ថ្ងៃទី​ ៤ ខែធ្នូ​ ឆ្នាំ​ ២០១៩​ នេះ​ថា​ «សេចក្តី​ព្រាង​ផែនការមេ​» នេះ​ ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​ ដើម្បី​ជំរុញ​ការ​តភ្ជាប់​របស់​កម្ពុជា​ កាត់បន្ថយ​ថ្លៃ​ដឹកជញ្ជូន​ និង​ឡូ​ជី​ស្ទីក​ ជំរុញ​សមាហរណកម្ម​កម្ពុជា​ទៅ​ក្នុង​តំបន់​ និង​ពិភពលោក​ បង្កើន​ភាព​ប្រកួតប្រជែង​ និង​ពិពិធ​កម្ម​ សេដ្ឋកិច្ច​កម្ពុជា​ សំដៅ​ធានា​និរន្ត​ភាព​នៃ​កំណើន​សេដ្ឋកិច្ច​ ក្នុង​កម្រិ​តឧត្តមា​នុ​ពល​។

«សេចក្តី​ព្រាង​ផែនការមេ​» នេះ​ រួមបញ្ចូល​ផែនការមេ​ចំនួន៧ដែល​ក្នុង​នោះ​រួមមាន​៖

១. ផែនការមេ​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ​ (intermodal​ transport​)

២. ផែនការមេ​ដឹកជញ្ជូន​ផ្លូវគោក​

៣. ផែនការមេ​ដឹកជញ្ជូន​ផ្លូវដែក​

៤. ផែនការមេ​ដឹកជញ្ជូន​ផ្លូវទឹក​

៥. ផែនការមេ​ដឹកជញ្ជូន​ផ្លូវ​សមុទ្រ​

៦. ផែនការមេ​ដឹកជញ្ជូន​ផ្លូវអាកាស​

៧. ផែនការមេ​សម្រាប់​ប្រព័ន្ធ​ឡូ​ជី​ស្ទីក​ ។

លោក​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បានឱ្យ​ដឹង​ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏​សម្លឹងឃើញ​នូវ​តួនាទី​ដ៏​សំខាន់​មួយទៀត​ របស់​ផែនការមេ​នេះ​ ដែល​ជាឯក​សារ​ចង្អុល​ទិស​ ក៏ដូចជា​កំណត់​នូវ​ក្របខ័ណ្ឌ​រួម​ នៃ​ផែនការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ គ្រប់​មធ្យោបាយ​ រួម​ទាំង​ប្រព័ន្ធ​ឡូ​ជី​ស្ទីក​ ដែល​នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​ វិនិយោគ​សាធារណៈ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ ដឹកជញ្ជូន​នៅ​កម្ពុជា​ផង​ដែរ​ ។

លោក​បន្ត​ថា ​«សេចក្តី​ព្រាង​ផែនការមេ​» នេះ​ បាន​ផ្តល់​ជា​ជម្រើស​វិធានការ​ថា​ ត្រឹម​ឆ្នាំ​ ២០៣០​ ការ​ដឹកជញ្ជូន​ផ្លូវគោក​នៅតែ​ជាអាទិភាព​សម្រាប់​កម្ពុជា​ ប៉ុន្តែ​ត្រូវ​ផ្តោត​លើ​គុណភាព​ឱ្យ​ច្រើនជាង​បរិមាណ​ ហើយ​ត្រូវ​បន្ត​អភិវឌ្ឍ​ការ​ដឹកជញ្ជូន​ផ្លូវអាកាស​ ការ​ដឹកជញ្ជូន​ផ្លូវ​សមុទ្រ​ ព្រមទាំង​ស្តារ​ និង​ពង្រឹង​ឡើងវិញ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​តភ្ជាប់​ការ​ដឹកជញ្ជូន​ផ្លូវដែក​ និង​ផ្លូវទឹក​ ។

«សេចក្តី​ព្រាង​ផែនការមេ​» ក៏បាន​កំណត់​នូវ​អភិក្រម​ ៣.៣.៤.២​ ដែល​ជា​រូបមន្ត​នៃ​ការ​តភ្ជាប់​របស់​កម្ពុជា​ក្នុង​កម្រិត​ប្រទេស​ និង​តំបន់​ ដែល​សំដៅលើ​៖ របៀង​ដឹកជញ្ជូន​ចម្បង​ ៣ (ភាគ​ពាយព្យ​ ឬភ្នំពេញ​-ប៉ោយប៉ែត​ អាគ្នេយ៍​ ឬភ្នំពេញ​-បាវិត​ និរតី​ ឬភ្នំពេញ​-ក្រុង​ព្រះសីហនុ​) របៀង​ដឹកជញ្ជូន​រង​ ៣ (តំបន់ឆ្នេរ​ តំបន់​ភាគ​ខាង​ជើង​ឈាង​ខាងកើត​ និង​តំបន់​ខាងជើង​) ប៉ូល​កំណើន​ ៤ (ភ្នំពេញ​ ខេត្ត​ព្រះសីហនុ​ សៀមរាប​ និង​បាត់ដំបង​) និង​ ប៉ូល​ភ្ជាប់​កំណើន​ ២ (ស្វាយរៀង​-បាវិត​ សិរី​សោ​ភណ្ឌ​-ប៉ោយប៉ែត​) ។

«សេចក្តី​ព្រាង​ផែនការមេ​» នេះ​ ជា​ជំនួយ​របស់​រដ្ឋា​ភិ​បាល​ចិន​ងដែល​ ត្រូវ​បាន​រៀបចំ​ដោយក្រុម​ហ៊ុន​ China​ International​ Engineering​ Consulting​ Corporation​ (CIECC​) ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ​ ២០១៨​ មក​ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ២០២០​ ខាងមុខ​ ។

មកទល់​ពេលនេះ​ ក្រុមការងារ​បាន​បញ្ចប់​សេចក្តី​ព្រាង​ និង​កំពុង​ដាក់ស្នើ​សុំ​យោបល់​ និង​អនុសាសន៍​បន្ថែម​ពី​ភាគី​ពាក់ព័ន្ធ​ សំដៅ​កែ​លម្អ​ឱ្យ​កាន់តែ​សុ​ក្រិត​ និង​គ្រប់ជ្រុងជ្រោយ​ ៕

រដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ ៣លាន​ដុល្លារ​សម្រាប់​ប្ដូរ​ស្លាក​លេខ​ចាស់​ដែល​គ្មាន​ QR​ កូដ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​ស្នើសុំ​ថវិកា​ពី​រាជរដ្ឋាភិបាល​ប្រមាណ​ ៣លាន​ដុល្លារ​អាមេរិក​ សម្រាប់​ចំណាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ដែល​មាន​ស្លាក​លេខ​យាន​យន្ដ​ចាស់​ ហើយ​គ្មាន​ QR​ កូដ​ មក​ដូរ​យក​ស្លាក​លេខ​ថ្មី​ និង​មាន​ QR​ កូដ​ត្រឹមត្រូវ​ ដោយ​ឥតគិតថ្លៃ​។

លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋ​មន្រ្ដី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ រយៈពេល១០ខែ​ ឆ្នាំ២០១៩​ កាលពី​រសៀល​ថ្ងៃទី៣ខែធ្នូ​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ថា​ ការ​ធ្វើ​ដូច្នេះ​ គឺ​ដើម្បី​ធានា​សុវត្ថិភាព​ និង​កុំឱ្យ​បន្ដ​មានការ​ប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ​ នៅ​ទូទាំង​ប្រទេស​តទៅទៀត​។

លោក​បន្ត​ថា​ “ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បាន​ធ្វើ​លិខិត​មួយ​ផ្ញើ​ជូន​ទៅ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដើម្បី​ស្នើសុំ​ថវិកា​ប្រមាណ៣លាន​ដុល្លារ​ សម្រាប់​ការ​ផ្ដល់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ដែល​មាន​ស្លាក​លេខ​ឡាន​ចាស់​ គ្មាន​QR​កូដ​ មក​ដូរ​យក​ស្លាក​លេខ​ថ្មី​ និង​មាន​QR​កូដ​”។

លោក​ទេស​រដ្ឋមន្ត្រី​ថា​ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ដែល​មាន​លេខ​ស្លាក​ឡាន​ចាស់​ គ្មាន​ QR​ កូដ​ សូម​អញ្ជើញ​ទាំងអស់​ មក​ដូរ​យក​ស្លាក​ថ្មី​ ដែល​មាន​ QR​ កូដ​។ ពេល​មក​ដូរ​នោះ​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​ឈ្មោះ​ ផ្ទះ​កាត់​នៅកន្លែង​ណា​ កាត់ឈ្មោះ​ហើយ​ ប៉ុន្ដែ​អត់​យក​លុយ​ទេ​ ធ្វើ​ឱ្យ​ព្រី​ ដែល​រាជរដ្ឋាភិបាល​យើង​ត្រូវ​ចេញ​ ឱ្យ​ប្រហែល៣លាន​ដុល្លារ​អាមេរិក​ បង់​ឱ្យ​តែ​ក្រុមហ៊ុន ​KTS​ ដែល​មក​ជាន់​លេខ​ទេ​ គឺ​ធ្វើ​ឱ្យ​ទទេ​ ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ ជាអំណោយ​របស់​រាជរដ្ឋាភិបាល​។

លោក​ទេស​រដ្ឋ​មន្រ្ដី​បន្ដ​ថា​ ពេល​មក​ដូរ​យក​ស្លាក​លេខ​ថ្មី​ ដែល​មាន​QR​ កូដ​នោះ​ ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​ អាសយដ្ឋាន​ ផ្ទះលេខ​ប៉ុន្មាន​ និង​ទីកន្លែង​រស់នៅ​រាជធានី​ ឬខេ​ត្ដ​ណា​ ដោយ​ត្រូវ​ធ្វើជា​ថ្មី​ឡើងវិញ​ និង​កាត់ឈ្មោះ​ឱ្យទៅ​ម្ចាស់​ដោយ​មិន​គិតថ្លៃ​នោះ​ទេ​។

លោក​រដ្ឋមន្ត្រី​បន្ថែម​ទៀត​ថា​ ការ​ធ្វើ​ស្លាក​លេខ​ថ្មី​ ដែល​មាន​ QR​ កូដ​ ជូន​ដល់​ប្រជាពលរដ្ឋ​ គឺ​ក្រសួងសាធារណការ​មិន​យក​លុយ​ថ្លៃ​ធ្វើ​នោះ​ទេ​ គឺ​ផ្ដល់​ជូន​ដោយ​ឥតគិតថ្លៃ​ ហើយ​ត្រូវ​រៀបចំ​ទិន្នន័យ​ថ្មី​ ធ្វើ​ស្លាក​លេខ​ថ្មី​មាន​ QR​ កូដ​ មាន​ទីលំនៅ​ត្រឹមត្រូវ​ កាត់ឈ្មោះ​ត្រឹមត្រូវ​ ដើម្បី​កុំឱ្យ​មាន​ស្លាក​លេខ​ក្លែងក្លាយ​ប្រើប្រាស់​បន្ដ​ទៀត​។

លោក​បន្ត​ថា​ “អញ្ចឹង​ធ្វើ​បច្ចុប្បន្នភាព​ មាន​អាសយដ្ឋាន​ មាន​ម្ចាស់​យាន​យន្ដ​ មាន​ប័ណ្ណ​សម្គាល់​យាន​យន្ដ​គឺ​ថ្មី​ទាំងអស់​ មាន​QR​ កូដ​ទាំងអស់​”។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​ឯកឧត្ដម​ទេស​រដ្ឋ​មន្រ្ដី​ ស៊ុន​ ចាន់​ថុល​។

ការ​លើកឡើង​របស់​លោក​រដ្ឋ​មន្រ្ដី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​រូប​នេះ​ បន្ទាប់ពី​ពេល​ថ្មី​ៗកន្លងមក​នេះ​ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​បាន​រក​ឃើញ​ និង​ចាប់បាន​អ្នកធ្វើ​ស្លាក​លេខ​ក្លែងក្លាយ​ចំនួន៧កន្លែង​ ដែល​ជា​កន្លែង​ធ្វើ​ស្លាក​លេខ​នគរបាល​ លេខ​ខ.មលេ​ខកងរាជអាវុធហត្ថ​ លេខ​ភ្នំពេញ​ និង​លេខ​ខេ​ត្ដ​ ដែល​ទាំង៧កន្លែង​នេះ​ គឺជា​កន្លែង​ជាន់​លេខ​សេះហោះ​ ឬស្លាក​លេខ​ក្លែងក្លាយ​។

លោក​ទេស​រដ្ឋ​មន្រ្ដី​ ស៊ុន​ ចាន់​ថុល​ ក៏បាន​បន្ថែម​ថា​ ដើម្បី​កុំឱ្យ​មាន​ស្លាក​លេខ​សោះ​ហោះ​ ឬក្លែងក្លាយ​ប្រើប្រាស់​បន្ដ​ទៀត​ នៅក្នុង​ប្រទេស​កម្ពុជា​ គឺ​ចាំបាច់​ត្រូវ​ប្ដូរ​មក​លេខ​ថ្មី​ ដែល​មាន​ QR​ កូដ​ ដើម្បី​ផ្ដល់​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ស្លាក​លេខ​ត្រឹមត្រូវ​ និង​ទទួល​បាន​នូវ​ទិន្នន័យ​ល្អ​ទាំងអស់​ សម្រាប់​ការគ្រប់គ្រង​ស្លាក​លេខ​យាន​យន្ដ​។

លោក​បាន​បន្ថែម​ទៀត​ថា​ គម្រោង​ស្នើសុំ​ថវិកា​ និង​រៀបចំ​ប្ដូរ​ស្លាក​លេខ​ចាស់​ និង​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ សម្រាប់​ប្ដូរ​ឱ្យមក​ប្រើប្រាស់​ស្លាក​លេខ​ថ្មី​ ដែល​មាន​ QR​ កូដ​នេះ​ ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​កំពុងតែ​ធ្វើការងារ​ជាមួយ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ហើយ​លទ្ធផល​យ៉ាងណា​នោះ​នៅ​មិនទាន់​បាន​ទទួល​នៅឡើយ​៕

គេហទំព័រ​ Propertyarea.asia​ ចុះ​ MOU ​ជាមួយ​សាលា​អចលនទ្រព្យ​កម្ពុជា​ដើម្បី​សហការ​លើ​ការ​ផ្សព្វ​ផ្សាយ​ព័​ត៌មាន​

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ គេហទំព័រ​ Propertyarea.asia​ បាន​ចុះ​កិច្ច​ព្រមព្រៀង​សហការ​ជាមួយ​គេហទំព័រ​របស់​សាលា​អចលនទ្រព្យ​កម្ពុជា ​(realestateschool.com.kh​) ដើម្បី​ផ្សព្វ​ផ្សាយ​ព៌​តមាន​ទា​ក់់​ទង​នឹង​វិស័យ​អចលនទ្រព្យ​ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​។

ដោយ​លោ​កយិន​ លាង​គង់​ស្ថាបនិក​និង​អគ្គនាយក​គេហទំព័រ​ Propertyarea.asia​ និង​លោក​ខាត់​ បូរ៉ា​ នាយក​សាលា​អចលនទ្រព្យ​កម្ពុជា ​(Real​ Estate​ School​ of​ Cambodia​) បាន​ចុះហត្ថលេខា​លើ​កិច្ចសហការ​នេះ​ ដែល​ធ្វើឡើង​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់១នា​ព្រឹក​ថ្ងៃទី៤​ ធ្នូ​នេះ​។

លោក​ខាត់​ បូរ៉ា​ នាយក​សាលា​អចលនទ្រព្យ​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ក្នុងនាម​ថ្នាក់ដឹកនាំ​សាលា​ និង​ក្នុងនាម​លោ​ក អោម​ សេង​បូរ៉ា ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​សាលា​អចលនទ្រព្យ​កម្ពុជា​ មាន​សេចក្តី​រីករាយ​ក្នុង​ការ​សហការ​ ជាមួយនឹង​គេហទំព័រ​ Propertyarea.asia​ ក្នុង​ការ​ផ្សព្វ​ផ្សាយ​ព៌័ត៌មាន​ដ៏​មាន​សារៈសំខាន់​ ដែល​ផ្តល់់​ជូន​អ្នក​អា​ននូវព័​ត៌មាន​អាច​ទុកចិត្ត​បាន​ និង​មាន​មូលដ្ឋាន​វិទ្យាសាស្រ្ត​។

លោក​បន្ត​ថា​ “គេហទំព័រ​ Propertyarea.asia​ បាន​និង​កំពុង​ឈានមុខ​គេ​ ក្នុង​ការ​ផ្សព្វផ្សាយ​ពី​វិស័យ​អចលនទ្រព្យ​ និង​សេដ្ឋកិច្ច​កម្ពុជា​ ដោយ​មើលឃើញ​នូវ​ទស្សនទាន​នៃ​ការ​ផ្សព្វផ្សាយ​ដោយ​ភាព​វិជ្ជមាន​នេះ​ហើយ​ ទើប​យើង​សហការ​គ្នា​ ដើម្បី​ឈរ​លើ​មូលដ្ឋាន​ ឈ្នះ​ ឈ្នះ​ទាំងអស់គ្នា​”។ លោក​បន្ត​ថា​ “គេហទំព័រ​ Propertyarea.asia​ នឹង​ផ្តល់​នូវ​ព័ត៌មាន​មានប្រយោជន៍​ជាច្រើន​ប្រចាំ​សប្តាហ៍​ ដល់​ realestateschool.com.kh​ ដោយ​ផ្តោត​លើព័ត៌មាន​សំ​ខាន់​ៗចំនួន៧​”។

ព័​ត៌មាន​សំ​ខាន់​ៗចំនួន៧​ ដែល​នឹង​ត្រូវ​យក​ទៅ​ធ្វើការ​ផ្សព្វផ្សាយ​លើ​គេហទំព័រ realestateschool.com.kh​ ដូចជា​៖ 1- បច្ចុប្បន្នភាព​វិស័យ​ខុន​ដូ​ និង​អា​ផា​តមិន​ 2- បច្ចុប្បន្នភាព​វិស័យ​លំនៅឋាន​ 3- បច្ចុប្បន្នភាព​វិស័យ​ដីធ្លី​ ​និង​ដី​ឡូ​តិ៍​ 4- បច្ចុប្បន្នភាព​វិស័យ​ជួល​ការិយាល័យ​ 5- បច្ចុប្បន្នភាព​ច្បាប់​ ​និង​គោលនយោបាយ​សម្រាប់​វិស័យ​អចលនទ្រព្យ​។ 6- បច្ចុប្បន្នភាព​វិស័យ​អគារ​ពាណិជ្ជកម្ម​ ​និង​ផ្សារ​ទំនើប​ 7- បច្ចប្បន្ន​ភាព​បច្ចេកវិទ្យា​សម្រាប់​វិស័យ​អចលនទ្រព្យ​។

លោ​កយិន​ លាង​គង់​ ស្ថាបនិក​ និង​ជា​អគ្គនាយក​គេហទំព័រ​ Propertyarea.asia ​បាន​ថ្លែងអំណរគុណ​ដល់​សហសេវិក​ និង​ក្រុមការងារ​គេហទំព័រ​ Propertyarea.asia​ ដែល​បាន​ខិតខំ​យក​អស់ពី​កំលាំង​កាយ​ចិត្ត​ ក្នុង​ការ​បំពេញការងារ​ ដែល​ជាល​ទ្ឋ​ផល​បាន​ធ្វើឲ្យ​គេហទំព័រ​នេះ​ ទទួល​បាន​ទំនុកចិត្ត​ពី​អ្នកអាន​ជាតិ​ និង​អន្តរជាតិ​ ពិសេស​បាន​ទទួលការ​គាំទ្រ​ពី​រដ្ឋាភិបាល​ តាមរយៈ​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដោយ​ក្រសួង​បាន​ផ្តល់​ការ​អនុញ្ញាត្ត​ឲ្យ​គេហទំព័រ​នេះ​ ផ្សព្វផ្សាយ​ពី​មូលដ្ឋាន​ច្បាប់​បទដ្ឋាន​គតិយុត្តិ​នានា​ ដើម្បី​ផ្សព្វផ្សាយ​ដល់​សាធារណៈ​ជន​បាន​សិក្សា​ស្វែងយល់​។

លោក​បន្ត​ថា​“ដោយ​ឈរ​លើ​មូលដ្ឋាន​វិជ្ជាជីវៈ​ និង​ក្រម​សីល​ធ៌ម​ បច្ចុប្បន្ន​គេហទំព័រ​នេះ​ទទួល​បាន​អ្នកអាន​ បាន​កើនឡើង​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ដោយ​ចំនួន​អ្នក​ចូល​អាន​មាន​ចន្លោះ​ពី ១៥០០០នាក់​ ទៅ​ជិត ៣០០០០នាក់​ជា​រៀងរាល់ថ្ងៃ​”។ លោក​បន្ត​ថា​ “យើង​ចង់​ដើរតួ​នាទី​ជា​វេទិកា​មួយ​របស់​រដ្ឋាភិបាល​ ដោយ​ផ្តល់​ព័ត៌មាន​អាច​ទុកចិត្ត​បាន​ ដើម្បី​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​អាចយ​កប្រើប្រាស់​ជា​មូលដ្ឋាន​ពិចារណា​ ដើម្បី​សម្រេចចិត្ត​ក្នុង​ការ​វិនិយោគ​”។

ជាមួយនឹង​ភាព​ជោគជ័យ​នេះ​ គេហទំព័រ​ Propertyarea.asia​បាន​ និង​កំពុង​ផ្សព្វ​ផ្សាយ​ព័​ត៌មាន​ជា​ភាសាខ្មែរ​ និង​អង់គ្លេស​ ហើយនឹង​ពង្រីក​ការ​ផ្សព្វផ្សាយ​ជា​ភាសា​ចិន​នៅពេលអនាគត​។

លោ​កយិន​ លាង​គង់​ បាន​បន្ត​ទៀត​ថា​ បច្ចុប្បន្ន​ក្រុមការងារ​គេហទំព័រ​នេះ​ បាន​និង​កំពុងធ្វើការ​យ៉ាងសកម្ម​ផង​ដែរ​ ដើម្បី​ផលិត​ជា​វីដេអូ​ចំណេះដឹង​ និង​ព៌​តមាន​ថ្មី​ៗទាន់​ហេតុការណ៍​ ដើម្បី​ពង្រីក​ផលិតផល​របស់​យើង​ ទៅកាន់​អតិថិជន​កាន់តែ​សម្បូរ​បែប​ និង​មាន​ជម្រើស​ច្រើន​សំរាប់​ការ​អាន​ ការ​ទស្សនា​ និង​ស្តាប់​។

លោក​បន្ត​ថា​ “គេហទំព័រ​នេះ​ផ្តោត​លើ​ការ​ផ្សព្វផ្សាយ​រឿង​វិជ្ជមាន​ និង​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ ដើម្បី​ផ្តល់​ជូន​អ្នកអាន​នូវ​ទស្សន​វិជ្ជមាន​ និង​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ ជាជាង​ផ្សព្វផ្សាយ​ពី​ឧក្រិដ្ឋ​កម្ម​ និង​ភាព​អសកម្ម​នានា​នៅក្នុង​សង្គម​”៕