ផ្សារ​ទំនើប​ FURI​ Times​ Square​ នឹង​ចាប់​បើក​ដំណើរការ​នៅដើម​សប្ដាហ៍​ក្រោយនេះ​ហើយ​

ផ្សារទំនើប FURI Times Square នឹងចាប់បើកដំណើរការនៅដើមសប្ដាហ៍ក្រោយនេះហើយ

ដោយ​ ៖ រ៉ា​ណេត​

ព្រះសីហនុ​ ៖ នៅ​ត្រឹម​ថ្ងៃច័ន្ទ​ដើម​សប្ដាហ៍​ក្រោយនេះ​ ផ្សារ​ទំនើប​ដ៏​ទាន់សម័យ​ និង​ស៊ីវិល័យ​លើកដំបូង​គេ​បង្អស់​ប្រចាំ​នៅក្នុង​ក្រុង​ព្រះសីហនុ​ FURI​ Times​ Square​ នឹង​ចាប់​បើក​ដំណើរការ​ហើយ​ ជាមួយនឹង​ការ​នាំមក​នូវ​បទពិសោធន៍​ថ្មី​នៃ​ការទិញ​លក់ទំនិញ​គ្រប់​ប្រភេទ​យ៉ាង​សម្បូរ​បែប​បំផុត​ ក្រោម​ការចូលរួម​ពីសំណាក់​លោក​អភិបាលខេត្ត​ព្រះសីហនុ​ជា​អធិបតី​។

ជាមួយនឹង​ការ​ត្រៀមខ្លួន​បង្ហាញ​វត្តមាន​ថ្មី​ នៃ​ការ​បើក​ទំព័រ​ជា​ប្រវត្តិសាស្ត្រ​ប្រចាំ​នៅក្នុង​ក្រុង​ព្រះសីហនុ​ ផ្សារ​ទំនើប​ដ៏​ធំ​លើកដំបូង​គេ​បង្អស់​ ប្រចាំ​នៅក្នុង​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី២ប្រចាំ​ប្រទេស​កម្ពុជា​ FURI​ TIMES​ SQUARE​ នឹង​ធ្វើ​ឱ្យ​មហាជន​ ក៏ដូចជា​អតិថិជន​ទូទៅ​មាន​ភាព​ភ្ញាក់ផ្អើល​ និង​រំភើប​យ៉ាង​ខ្លាំង​ទៅ​នឹង​ទិដ្ឋភាព​ដ៏​អស្ចារ្យ​ នៃ​ការរចនា​ម៉ូដ​ផ្សារ​ទំនើប​ទាំងមូល​ រាប់ទាំង​ផ្នែក​ខាងក្នុង​ និង​ខាងក្រៅ​ផង​ដែរ​។

ប្រធាន​គ្រប់គ្រង​ផ្នែក​លក់​នៅ​ផ្សារ​ទំនើប​ FURI​ Times​ Square​ កញ្ញា​ តាំង​ គី​មហុង​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ នៅ​ត្រឹម​ថ្ងៃច័ន្ទ​ ទី៩​ ខែធ្នូ​ឆ្នាំ២០១៩ខាងមុខនេះ​ ផ្សារ​ទំនើប​បែប​ស៊ីវិល័យ​មួយ​នេះ​ នឹង​ចាប់​បើកទ្វារ​ដំណើរការ​លក់​លើកដំបូង​ ដើម្បី​ជា​ការ​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​អតិថិជន​នៅក្នុង​ក្រុង​ព្រះសីហនុ​។

 

កញ្ញា​ តាំង​ គី​មហុង​ បាន​បន្ត​ឱ្យ​ដឹង​ថែមទៀត​ថា​ “ជាមួយនឹង​កិច្ច​ដំណើរការ​សាកល្បង​នេះ​ ផ្សារ​ទំនើប​ FURI​ Times​ Square​ បាន​នាំមក​ជូន​អតិថិជន​នូវ​បណ្តា​ផលិតផល​ មុខទំនិញ​ចំរុះ​យ៉ាង​សម្បូរ​បែប​ ដែល​សុទ្ធតែ​ជា​ម៉ាក​យី​ហោ​ល្បី​ៗ លំដាប់​សាកលលោក​ដូចជា​ ក្រុមហ៊ុន​ KFC​ , ក្រុមហ៊ុន​ Starbucks​, ក្រុមហ៊ុន​ Amazone​ Café​ , ក្រុមហ៊ុន​ KOI​ , ក្រុមហ៊ុន​ Dakasi​ Tea​, ហាង​អាហារ​មក​ពី​ប្រ​ទែ​សាំងហ្គាពួរ​ ​ក្រុមហ៊ុន​លក់​សម្លៀកបំពាក់​ LEVI’s​ , ក្រុមហ៊ុន​ NIKE​ , ក្រុមហ៊ុន​ Samsonite​, ក្រុមហ៊ុន​នាឡិកា​ដ៏​ល្បីឈ្មោះ​ G-Shock​, ក្រុមហ៊ុន​លក់​រថយន្ត​ HGB​ Group​ រួម​ជាមួយ​ក្រុម​ហ៊ុន​ល្បី​ៗជាច្រើន​ទៀត​ ដោយ​រាប់បញ្ចូល​ទាំង​គ្រឿង​បរិ​ក្ខា​ប្រើប្រាស់​ប្រចាំថ្ងៃ​ និង​គ្រឿងសំអាង​ផង​ដែរ​ ”។

កញ្ញា​បាន​បន្ត​ទៀត​ថា​ “ផ្សារ​ទំនើប​នេះ​ នឹង​ចាប់​បើកទ្វារ​បម្រើ​អតិថិជន​ចាប់ពី​ម៉ោង៩ព្រឹក​ រហូតដល់​ម៉ោង១១យប់​ ដែល​ក្រៅពី​មាន​លក់​នូវ​មុខទំនិញ​ និង​អាហារ​យ៉ាង​សម្បូរ​បែប​ ក៏​មាន​ទីកន្លែង​កម្សាន្ត​សម្រាប់​កុមារ​ និង​យុវវ័យ​ផង​ដែរ​ ជាពិសេស​មាន​រោងកុន​បែប​ទំនើប​នៅ​ជាន់​ខាងលើ​ រួម​ជាមួយនឹង​ Sky​ Bar​ ដែល​រៀបចំ​នៅ​ជាន់​ខាងលើ​លំហ​រអា​កាស​នៅពេល​រាត្រី​ផង​ដែរ​”។

សូម​ចូលរួម​ទាំងអស់គ្នា​ និង​ស្វាគមន៍​ចំពោះ​ការ​មកដល់​ថ្មី​នៃ​ផ្សារ​ទំនើប​ដ៏​ទាន់សម័យ​ និង​ស៊ីវិល័យ​លើកដំបូង​គេ​បង្អស់​នៅ​ក្រុង​ព្រះសីហនុ​ ….៕

គម្រោង​បុ​រី​ធំៗ​ កំពុង​សម្រុកចូល​អភិវឌ្ឍន៍​នៅ​តំបន់​ជាយក្រុង​ក្នុង​ខណ្ឌដង្កោ​

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ជា​តំបន់​ដែល​មាន​ភូមិសាស្ត្រ​ល្អ​សមស្រប​ទៅ​នឹង​វិស័យ​លំនៅ​ដ្ឋាន​យ៉ាង​ប្រសើរ​ បច្ចុប្បន្ន​ តំបន់​ជាយក្រុង​ដែល​ស្ថិតនៅ​ក្នុង​ខណ្ឌដង្កោ​ កំពុងតែ​ទាក់ទាញ​ការចាប់អារម្មណ៍​ពីសំណាក់​បណ្តា​អ្នក​វិនិយោគ​ឱ្យ​ចូល​ទៅ​អភិវឌ្ឍ​យ៉ាង​គំហុក​ក្នុងរយៈពេល​ដ៏​ខ្លី​នា​ពេល​ចុងក្រោយ​នេះ​ ។

ស្ថិតនៅ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​ ខណ្ឌដង្កោ​ បាន​ និង​កំពុងតែ​បង្ហាញ​នូវ​សក្ដានុពល​យ៉ាង​ខ្លាំង​នៅក្នុង​វិស័យ​សំណង​ និង​អចលនទ្រព្យ​ ជាពិសេស​វិស័យ​លំនៅ​ដ្ឋាន​ ដោយសារតែ​តំបន់​នេះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ប្រទាក់ក្រឡា​គ្នា​ជាមួយនឹង​មហាវិថី​សម្ដេច​តេជោ​ ដែល​មាន​ទំហំ​ផ្លូវ៦០ម៉ែត្រ​ ផ្លូវ៣០ម៉ែត្រ​ រួម​ជាមួយនឹង​បណ្តាញ​ផ្លូវ​សំ​ខាន់​ៗជាច្រើន​ទៀត​ដែល​រាជរដ្ឋាភិបាល​កំពុងតែ​រៀបចំ​ស្ថាបនា​បន្ថែម​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Cenrury21​ Fortuna​ Investment​ លោក​ វ៉ា​ វីរៈ​ បាន​មានប្រសាសន៍​ថា​ គ្រប់​បណ្តា​អ្នក​វិនិយោគ​ និង​អភិវឌ្ឍ​គម្រោង​លំនៅ​ដ្ឋាន​ ឬបុ​រី​ធំៗ​ គឺ​ពួកគេ​សុទ្ធតែ​មាន​ធ្វើការ​សិក្សា​ស្វែងយល់​ពី​សក្ដានុពល​ និង​ឱកាស​ទទួល​បាន​ចំណេញ​ត្រឡប់មកវិញ​យ៉ាង​ពិតប្រាកដ​។

លោក​ថា​ “តំបន់​ជាយក្រុង​នៅ​ប៉ែក​ខាងត្បូង​រាជធានី​ភ្នំពេញ​ គឺ​មាន​សក្ដានុពល​ខ្លាំង​ជាងគេ​ បើ​ប្រៀបធៀប​ទៅ​នឹង​តំបន់​ដទៃទៀត​ដោយសារតែ​នៅ​ប៉ែក​ខាងត្បូង​នេះ​ មាន​ភាព​ទាក់ទាញ​ពី​មហាវិថី​ ៦០ម៉ែត្រ​ ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​គម្រោង​អភិ​វឌ្ឍ​ធំៗ​ជាច្រើន​ដែល​ក្នុង​នោះ​រួមមាន​ដូចជា​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ខុន​ដូរ​ ផ្សារ​ទំនើប​ AEON3​ ផ្សារ​ទំនើប​ ជីព​ម៉ុង​ ដែល​កំពុង​សម្រុក​សាងសង់​ផ្សារ​ទំនើប​របស់​ក្រុមហ៊ុន​ ប៉េង​ហួត​ PH​ Diamond​ Place​ រួម​ជាមួយនឹង​គម្រោង​សំ​ណង់​ធំៗ​ជាច្រើន​ទៀត​។ ដោយសារតែ​គម្រោង​និង​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​ទាំងអស់​នេះ​ហើយ​ ដែល​ជំរុញ​ឱ្យ​តំបន់​មួយ​នេះ​មាន​ភាព​ទាក់ទាញ​ និង​មាន​លំហូរ​ប្រជាសាស្ត្រ​ចូល​ទៅ​រស់នៅ​ច្រើន​”។

បច្ចុប្បន្ន​នេះ​ ក្រៅពី​សកម្មភាព​នៃ​ការ​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រាជរដ្ឋាភិបាល​ រួម​ជាមួយនឹង​គម្រោង​អភិវឌ្ឍន៍​សំ​ណង់​ធំៗ​ ក៏​មាន​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ​លំនៅ​ដ្ឋាន​យ៉ាងសកម្ម​ផង​ដែរ​។

លោក​ ហេង​ ពិសិដ្ឋ​ នាយក​ប្រតិបត្តិ​គម្រោង​បុរី​លំនៅ​ដ្ឋាន​ដ៏​ទំនើប​ GALAXY​ 11​ ដែល​ស្ថិតនៅ​ក្នុង​តំបន់​ភាគ​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​ និង​កំពុងតែ​សម្រុក​ដំណើរការ​សាងសង់​ និង​គ្រោង​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ​ បាន​ទទួលស្គាល់​ថា​ នៅ​មួយរយៈពេល​ចុងក្រោយ​នេះ​ ពិតជា​មាន​គម្រោង​អភិ​វឌ្ឍ​ធំៗ​ចូល​មកកាន់​តំបន់​នេះ​ប្រាកដ​មែន​ ជាពិសេស​គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្រិតមធ្យម​និង​ក្រោម​មធ្យម​។

លោក​បាន​បន្ត​ទៀត​ថា​ “សម្រាប់​តែ​គម្រោង​របស់​បុរី​ GALAXY​ 11​ ដែល​កំពុង​សាងសង់​នៅពេល​នេះ​ គឺជា​ប្រភេទ​លំនៅ​ដ្ឋាន​បែប​ទំនើប​ និង​ទាន់សម័យ​ ដែល​មាន​ចែកចេញជា៣ប្រភេទ​ រួមមាន​ដូចជា​ ប្រភេទ​ Shop​ House​ ផ្ទះ​វីឡា​ទោល​ និង​វី​ឡា​ព្រីនស៍​(Prince​) ដោយ​គ្រប់​ប្រភេទ​នៃ​ផ្ទះ​ទាំងអស់​សុទ្ធតែ​ត្រូវ​បាន​រៀបចំ​រចនា​យ៉ាង​វិចិត្រ​ពីសំណាក់​អ្នកជំនាញ​”។ លោក​បាន​បន្ត​ទៀត​ថា​“ក្រៅពី​យកចិត្ត​ទុកដាក់​ទៅលើ​ការរចនា​ម៉ូត​ ប្លង់​មេ​របស់​បុរី​ទាំងមូល​ដែល​ធានា​ថា​ ស្អាត​ទំនើប​ល្អឥតខ្ចោះ​នោះ​ នៅក្នុង​បុរី​ក៏​មានការ​ស្ថាបនា​ផ្លូវភ្លោះ​ទំហំ១៣ម៉ែត្រ​ មាន​រៀបចំ​ជា​កន្លែង​កម្សាន្ត​ សួនច្បារ​សាធារណៈ​ មាន​ពិភព​បៃតង​ផ្តល់​នូវ​បរិយាកាស​ដ៏​ល្អ​ និង​ខ្យល់​ត្រជាក់​បក់​មក​ពី​ស្ទឹង​ មាន​អាងហែលទឹក​ ជាពិសេស​ មានការ​រៀបចំ​ជា​ក្លឹប​ហាត់ប្រាណ​បែប​ទំនើប​ ដោយ​មិន​ចាំបាច់​ចំណាយពេល​ចេញទៅ​ហាត់ប្រាណ​នៅ​ក្រៅ​បុរី​នោះ​ឡើយ​”។

លោក​ ហេង​ ពិសិដ្ឋ​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “ភ្ជាប់​ជាមួយនឹង​ទីតាំង​ដ៏​មាន​សក្ដានុពល​ ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​គម្រោង​អភិវឌ្ឍ​ន៍​ធំៗ​ជាច្រើន​ដែល​ស្ថិតនៅ​ផ្លូវ៦០ម៉ែត្រ​ ដែល​នៅ​ក្បែរ​គម្រោង​បុរី​ស្រាប់​ ជាពិសេស​ស្ថិតនៅ​លើ​ផ្លូវ​ទំហំ​ ៣២ម៉ែត្រ​ ដែល​ស្រប​ទិស​ឆ្ពោះទៅ​គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ភ្នំពេញថ្មី​ គឺ​ កាន់តែ​បង្ក​ឱ្យ​ការរស់នៅ​ក្នុង​បុរី​ GALAXY​ 11​ មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើអាជីវកម្ម​គ្រប់​ប្រភេទ​ ប្រកបដោយ​ សុវត្ថិភាព​ខ្ពស់​ មិនចាញ់​តំបន់​អភិវឌ្ឍ​នៃ​ផ្សារ​ទំនើប​ AEON2​ នោះ​ទេ​ហើយ​វា​ក៏​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​លោកអ្នក​ផង​ដែរ​ បើ​ប្រៀបធៀប​ជាមួយ​គម្រោង​បុរី​ដទៃទៀត​”។

គម្រោង​បុរី​ GALAXY​ 11​ នៅក្នុង​តំបន់​ដ៏​មាន​សក្ដានុពល​ ជា​បណ្តុំ​នៃ​ទីប្រជុំជន​ ស្ថិតនៅ​សង្កាត់​ស្ពានថ្ម​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ដោយ​ចំណាយពេល​ត្រឹម៥នាទី​ក្នុង​ការ​ធ្វើដំណើរ​ពីទី​តាំង​គម្រោង​ផ្សារ​ទំនើប​ AEON3​ តែប៉ុណ្ណោះ​។ ប្រភេទ​លំនៅ​ដ្ឋាន​ប្រភេទ​Shop​ House​ មានតម្លៃ​ចាប់ពី​ជាង​ ៨ម៉ឺន​ដុល្លារ​ឡើង​ទៅ​ ។ ប្រភេទ​លំនៅ​ដ្ឋាន​ វីឡា​ទោល​ មានតម្លៃ​ចាប់ពី​ ជាង១៤ម៉ឺន​ដុល្លា​រឡោះ​ងទៅ​ ។ ប្រភេទ​លំនៅ​ដ្ឋាន​ វីឡា​ ព្រីនស៍​ មានតម្លៃ​ចាប់ពី​ ជាង​ ៣០ម៉ឺន​ដុល្លារ​ឡើង​ទៅ​ ដោយ​គ្រប់​ប្រភេទ​លំនៅ​ដ្ឋាន​ទាំងអស់​លោកអ្នក​គ្រាន់តែ​កក់​ត្រឹម​ ៣០ភាគរយ​ ជាមួយនឹង​ការ​បង់​រំលស់​រយៈ១៨ខែ​ ដោយ​គ្មាន​ការប្រាក់​។

ដោយឡែក​សម្រាប់​អតិថិជន​ដែល​កក់​លំនៅ​ដ្ឋាន​ ដើម្បី​បាន​ធ្វើជា​ម្ចាស់​លំនៅ​ដ្ឋាន​ចាប់ពី​ថ្ងៃនេះ​ រហូតដល់​ដំណាច់ឆ្​នាំ២០១៩​ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ពិសេស​ រួម​ជាមួយនឹង​ការ​ទទួល​រង្វាន់​នូវ​ម៉ូតូ​ Honda​ ស៊េរី​ថ្មី​មួយ​គ្រឿង​ភ្លាម​ៗ ព្រមទាំង​ទទួល​បាន​ប័ណ្ណ​ផ្សងសំណាង​ដែល​មាន​ទឹកប្រាក់​សរុប​រហូតដល់​ 200,000​ដុល្លារ​ និង​គ្រឿង​បរិ​ក្ខា​ សម្ភារៈ​ប្រើប្រាស់​នៅក្នុង​ផ្ទះ​ជាច្រើន​ប្រភេទ​ថែមទៀត​ផង​ ។

ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ ០១៧ ៦៦ ១១ ២២ / ០៩៨ ៦៦ ១១ ២២៕

ទីផ្សារ​អាស៊ី​បាន​ងើបឡើង​វិញ​ ខណៈ​នៅតែ​មាន​សុទិដ្ឋិនិយម​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ទីផ្សារ​អាស៊ី​បាន​កើនឡើង​ដោយមាន​ភាព​សុទិដ្ឋិនិយម​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ជិតដល់​ទី​បញ្ចប់​ បើ​ទោះបីជា​មាន​ភាព​តានតឹង​កើនឡើង​ ដោយសារតែ​ការ​អត្ថា​ធិប្បាយ​របស់​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ និង​ច្បាប់​ដ៏​ចម្រូងចម្រាស​របស់​រដ្ឋាភិបាល​អាមេរិក​ស្តី​ពី​ហុងកុង​ និង​ស៊ីន​ជាំ​ងក៏ដោយ​។

សន្ទស្សន៍​ក្រុមហ៊ុន​ Topix​ របស់​ជប៉ុន​កើនឡើង​ ០,៣​ ភាគរយ​ ក្រុមហ៊ុន​អូស្ត្រាលី​ S&​;P កើនឡើង​ ០,៩​ ភាគរយ​ ហុងកុង​កើនឡើង​ ០,៦​ ភាគរយ​ និង​ក្រុមហ៊ុន​សៀងហៃ​ Composite​ កើនឡើង​ ០.៥​ ភាគរយ​។

អ្នកចរចា​អាមេរិក​កំពុង​រំពឹង​ថា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​ ១ នឹង​ត្រូវ​ឈាន​ដល់​ មុន​ការដំឡើង​ពន្ធគយ​លើ​ទំនិញ​ចិន​ដែល​មានតម្លៃ​ ១៥៦​ ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​របាយការណ៍​ពីទី​ភ្នាក់ងារ​ព័ត៌មាន​ Bloomberg​ ។

ទីផ្សារ​ជាច្រើន​បាន​ធ្លាក់ចុះ​នៅដើម​សប្តាហ៍​នេះ​ បន្ទាប់ពី​លោក​ Trump​ បាន​ធ្វើ​អត្ថា​ធិប្បាយ​ក្រៅផ្លូវការ​ដោយ​បញ្ជាក់​ថា​ លោក​បាន​យល់ព្រម​គំនិត​នៃ​ការបញ្ឈប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រហូត​ បន្ទាប់ពី​ការបោះឆ្នោត​ឡើងវិញ​នៅ​ឆ្នាំ​ ២០២០​។

លោក​ Trump​ បាន​និយាយទៅ​កាន់​អ្នកសារព័ត៌មាន​ថា​ “តាមវិធី​ខ្លះ​ ខ្ញុំ​ចូលចិត្ត​គំនិត​នៃ​ការ​រង់ចាំ​រហូតដល់​ក្រោយ​ការបោះឆ្នោត​សម្រាប់​កិច្ច​ព្រមព្រៀង​ជាមួយ​ចិន​ ប៉ុន្តែ​ពួកគេ​ចង់​ធ្វើ​កិច្ច​ព្រមព្រៀង​ឥឡូវនេះ​ ហើយ​យើង​នឹង​ដឹង​ថា​តើ​កិច្ច​ព្រមព្រៀង​នេះ​នឹង​ត្រូវ​ធ្វើឡើង​ ឬអត់​”។

ទន្ទឹម​នឹង​នេះ​ដែរ​ ទីក្រុង​ប៉េកាំង​បាន​បញ្ជាក់​ថា​ មិន​មាន​ពេលវេលា​ និង​កាលបរិច្ឆេទ​កំណត់​សម្រាប់​បញ្ចប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទេ​។

លោកស្រី​ Hua​ Chunying​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​នៅ​ថ្ងៃ​ ពុធ​ នេះ​ និយាយ​ទៀត​ថា​ “អាមេរិក​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​កំពុងតែ​មកដល់​ ឬ មិន​មាន​កិច្ច​ព្រមព្រៀង​ ឬសង្ឃឹមថា​នៅពេល​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ ខ្ញុំ​មិន​ត្រូវការ​កិច្ច​ព្រមព្រៀង​ទេ​ ប៉ុន្តែ​ចិន​មិនដែល​និយាយ​រឿង​ទាំងនេះ​ទេ​មែនទេ​”។

លោកស្រី​បាន​បន្ថែម​ថា​ “យើង​ជឿជាក់​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​មិន​សមស្រប​នឹង​ផលប្រយោជន៍​របស់​ភាគី​ណាមួយ​ឡើយ​។ ស្រប​ពេល​សាកល​ភាវូបនីយកម្ម​ ផលប្រយោជន៍​ចិន​ និង​អាមេរិក​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ខ្លាំង​ ហើយ​កិច្ច​សហប្រតិបត្តិ​ការ​របស់​ពួកគេ​គឺជា​គន្លឹះ​ក្នុង​ការ​ស្តារ​សេដ្ឋកិច្ច​ និង​កំណើន​សេដ្ឋកិច្ច​ឡើងវិញ​”។

សង្គ្រាម​ពាណិជ្ជកម្ម​អស់​រយៈពេល​ជាង​ ១៦​ ខែ​បាន​បង្អាក់​ដល់​សេដ្ឋកិច្ច​ពិភពលោក​។ អង្គការ​សហប្រតិបត្តិ​ការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) បាន​បញ្ជាក់​ថា​ ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​បាន​បណ្តាល​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ដូច​កម្រិត​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​កាលពី​ ១០​ ឆ្នាំមុន​៕

ADB​ ផ្តល់​ហិរញ្ញប្បទាន​ជិត​ ១២០លាន​ដុល្លារ​ ដើម្បី​ជួយ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​កម្ពុជា​

ដោយ​ ប៊ី​

ភ្នំពេញ​៖ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) បាន​អនុម័ត​កញ្ចប់​ហិរញ្ញប្បទាន​ចំនួន​ ១១៩,១៦​ លាន​ដុល្លារ​ដើម្បី​ជួយ​ធ្វើ​ទំនើបកម្ម​ និង​កែ​លម្អ​អាកាសធាតុ​ និង​ភាព​ធន់​សម្រាប់​គ្រោះមហន្តរាយ​នៃ​ប្រព័ន្ធ​ធារាសាស្ត្រ​នៅក្នុង​ខេត្ត​ចំនួន​ ៤ នៅ​កម្ពុជា​ដែល​នឹង​ជួយ​ផ្គត់ផ្គង់​ទឹក​ដល់​ដី​កសិកម្ម​ចំនួន​ ៤៣,៥០០​ ហិ​កតា​ដែល​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ប្រជាជន​ ២៩០,០០០​ នាក់​ដែល​ពាក់កណ្តាល​ជា​ស្ត្រី​។

ប្រព័ន្ធ​ធារា​សាស្រ្ត​គ្រប​ដណ្តប់​ដោយ​ជំនួយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ដែល​មាន​ប្រាក់កម្ចី​ចំនួន​ ១១៧​ លាន​ដុល្លារ​ និង​ជំនួយឥតសំណង​ចំនួន​ ២,១៦​ លាន​ដុល្លារ​ពី​មូលនិធិ​អភិវឌ្ឍន៍​អាស៊ី​គឺ​កាំ​ពីង​ពួយ​នៅ​ខេត្តបាត់ដំបង​ ព្រែក​មួយ​កន្លែង​ (Prek​ Po​) ខេត្ត​កំពង់ចាម​ ស្ទឹង​ជី​និ​តខាងត្បូង​ក្នុង​ខេត្តកំពង់ធំ​ និង​ប្រឡាយ​ ១៥​ នៅ​ខេត្តតាកែវ​។

គម្រោង​នេះ​នឹង​ជួយ​លើកកម្ពស់​ផលិតភាព​កសិកម្ម​របស់​ខេត្ត​ និង​ចូលរួម​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​តាម​ជនបទ​ទូទាំង​ប្រទេស​។

លោកស្រី​ Thuy​ Trang​ Dang​ អ្នកឯកទេស​ខាង​អភិវឌ្ឍន៍​ទីក្រុង​ជាន់ខ្ពស់​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ បាន​ថ្លែង​ថា​ “កសិកម្ម​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅក្នុង​ជីវិត​សេដ្ឋកិច្ច​ និង​សង្គម​របស់​ប្រជាជន​នៅ​កម្ពុជា​ ជាពិសេស​ប្រជាជន​ដែល​រស់នៅ​តាម​តំបន់ជនបទ​”។

លោកស្រី​បាន​បន្ត​ថា​ “ការ​ជម្រុ​ញផលិតភាព​កសិកម្ម​ដោយ​ផ្តោត​លើ​ការ​កែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វិស័យ​ ដូចជា​ប្រព័ន្ធ​ធារាសាស្ត្រ​ដែល​គំនិត​ផ្តួចផ្តើម​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នឹង​យកចិត្ត​តុក​ដាក់​ នឹង​ធ្វើ​ឱ្យ​មាន​ភាព​យូរអង្វែង​ដើម្បី​ផ្តល់​អំណាច​ដល់​ប្រជាជន​ និង​លើកកម្ពស់​ពួកគេ​ចេញពី​ភាព​ក្រីក្រ​”។

កសិកម្ម​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​មួយ​នៅក្នុង​សេដ្ឋកិច្ច​កម្ពុជា​ដែល​រួមចំណែក​ ២២​ ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​ក្នុង​ឆ្នាំ​ ២០១៨​ ។ ទោះ​យ៉ាងណា​ វិស័យ​នេះ​ដែល​បាន​ដើរតួ​នាទី​ជា​ឆ្អឹងខ្នង​នៃ​ជីវភាពរស់នៅ​នៅ​តាម​ជនបទ​នៅតែ​មាន​លក្ខណៈ​មិនល្អ​ប្រសើរ​ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​កសិកម្ម​ហួសសម័យ​ ឬមិន​គ្រប់គ្រាន់​។

ឧទាហរណ៍​ ផ្ទៃដី​កសិកម្ម​ ១,៣​ ហិ​កតា​នៃ​ជិត​ផ្ទៃដី​ជិត​ ៤ លាន​ហិ​កតា​ប៉ុណ្ណោះ​ដែល​គ្រប​ដណ្តប់​ដោយ​ប្រព័ន្ធ​ធារាសាស្ត្រ​របស់​ប្រទេស​នេះ​។ ប្រហែល​ ៩០​ ភា​ករយ​ នៃ​ប្រព័ន្ធ​ធារា​សាស្រ្ត​ទាំងនេះ​ត្រូវ​បាន​ចាត់ទុកថា​មិន​ដំណើរការ​ ឬហួសសម័យ​ ដោយសារតែ​បញ្ហា​ការរចនា​ និង​បញ្ហា​មិន​ត្រឹមត្រូវ​។

គម្រោង​កែ​លម្អ​ប្រព័ន្ធ​ស្រោចស្រព​កសិកម្ម​នេះ​នឹង​ធ្វើ​ទំនើបកម្ម​ និង​ប្រព័ន្ធ​ធារា​សាស្រ្ត​ការងារ​អាកាសធាតុ​ដោយ​ជួសជុល​ទំនប់​អាងស្តុកទឹក​ ស្ថានីយ៍​បូមទឹក​ ប្រឡាយ​ និង​ប្រឡាយ​មេ​ ក៏ដូចជា​កែ​លម្អ​ការអនុវត្ត​កសិកម្ម​ និង​លើកកម្ពស់​ការ​ធ្វើ​ពិពិធ​កម្ម​ដំណាំ​តាមរយៈ​ការ​បណ្តុះបណ្តាល​យ៉ាងតិច​ដី​ ២០០​ កន្លែង​។

គម្រោង​នេះ​នឹង​សាកល្បង​ប្រព័ន្ធ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ធារា​សាស្រ្ត​ដើម្បី​ធានា​បាន​នូវ​និរន្តរភាព​នៃ​ប្រព័ន្ធ​ធារា​សាស្រ្ត​ដែល​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ ទន្ទឹម​នឹង​ការ​ពង្រឹង​សហគមន៍​អ្នកប្រើ​ប្រាស់​ទឹក​ កសិករ​ដែល​មានស្រាប់​ និង​បង្កើត​ប្រព័ន្ធ​បន្ថែម ចំនួន​បី​បន្ថែម​ទៀត​ដោយមាន​ការចូលរួម​យ៉ាង​ខ្លាំង​ពី​ស្ត្រី​។

គម្រោង​នេះ​ក៏​នឹង​ទទួល​បាន​ជំនួយឥតសំណង​ចំនួន​ ១,៦​ លាន​ដុល្លារ​ពី​មូលនិធិ​បច្ចេកវិទ្យា​កម្រិតខ្ពស់​ដែល​ផ្តល់​ហិរញ្ញប្បទាន​ដោយ​រដ្ឋាភិបាល​ជប៉ុន​ និង​គ្រប់គ្រង​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការគ្រប់គ្រង​ធនធានទឹក​នៅក្នុង​ខេត្ត​ទាំង​ ៤ តាមរយៈ​ការបង្កើត​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​ធនធាន​ទឹ​ដើម្បី​កែលំអ​វិធី​ទិន្នន័យ​ស្តី​ពី​ការ​ប្រមូល​ទឹក​ចែករំលែក​ និង​ប្រើប្រាស់​សម្រាប់​ការ​ធ្វើ​ផែនការ​ការគ្រប់គ្រង​ និង​វិនិយោគ​ធនធានទឹក​ឱ្យ​កាន់តែ​ប្រសើរ​៕

រដ្ឋមន្ត្រី​សាធារណៈ​ការ​៖ ផ្លូវជាតិ​លេខ​ ២ នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​ ២០២០ខាងមុខនេះ

ដោយ​ វុត្ថា

​ភ្នំពេញ​៖ លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បានឱ្យ​ដឹង​ថា​ ផ្លូវជាតិ​លេខ​ ​២ នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន​ស្ថាបនា​នៅក្នុង​ឆ្នាំ​ ២០២០​ ខាងមុខនេះ​ ខណៈ​គ្រឿងចក្រ​បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​រួចហើយ​។

លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ ថ្លែងប្រាប់​ក្រុប​អ្នកសារព័ត៌មាន​នៅក្នុង​វេទិកា​សំណេះសំណាល​ស្ដីពី​ចល័ត​ភាព​ក្នុង​ទីប្រជុំជន​ (URBAN​ MOBILITY​ FORUM​) នា​ថ្ងៃទី​ ៥ ខែធ្នូ​ ២០១៩នេះ​ គ្រឿងចក្រ​បាន​ មកដល់​ប្រទេស​កម្ពុជា​បណ្តើរ​ហើយ​ និង​ថវិកា​ក៏​មាន​គ្រប់គ្រាន់​ដោយ​ត្រៀម​ពេលវេលា​សមស្រប​ស្នើសុំ​សម្តេច​តេជោ​ ហ៊ុន​ សែន​ រក​ពេលវេលា​ អញ្ជើញ​បើ​ករ​ដ្ឋាន​ជា​ផ្លូវការ​។

បើ​តាម​លោក​ទេស​រដ្ឋមន្ត្រី​ស៊ុន​ ចាន់​ថុល​ បញ្ជាក់​ថា​ ​“ស្រប​ជាមួយគ្នា​នេះ​ ក៏​នឹង​រៀបចំ​បើក​សម្ពោធ​ឱ្យ​ដំណើរ​ជា​ផ្លូវការ​នូវ​ផ្លូវជាតិ​លេខ​ ២១​ ពី​ក្រុង​តាខ្មៅ​ ទៅ​កោះធំ​ ហើយ​ជាមួយគ្នា​នោះ​នឹង​បើ​ករ​ដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ​ ២ និង​ ផ្លូវជាតិ​លេខ​ ២២​ នៅ​ឆ្នាំ​ ២០២០​ ខាងមុខនេះ​”។

ការស្ថាបនា​ឡើងវិញ​នូវ​ផ្លូវជាតិ​លេខ​ ២ ដោយ​រាប់​ចាប់ពី​តាខ្មៅ​ ដល់​អូរ​ចំបក់​ និង​ផ្លូវជាតិ​លេខ២២​ ពី​អូរ​ចំបក់​ដល់ទី​ប្រជុំជន​អង្គតាសោម​ គឺ​ស្ថិត​ក្រោម​គម្រោង​ឥណទាន​សម្បទាន​ចំនួន៤៥លាន​ដុល្លារ​អាមេរិក​ ដែល​ជា​ហិរញ្ញប្បទាន​សប្ប​ទាន​ពី​រដ្ឋាភិបាល​កូរ៉េ​ ។

គម្រោង​ផ្លូវជាតិ​លេខ២​ មាន​ប្រវែង៦៦គីឡូម៉ែត្រ​ដោយ​ក្នុង​នោះ​ចាប់ពី​រង្វង់​មូល​តាខ្មៅ​ រហូតដល់​រង្វង់​មូល​អូរ​ចំបក់​មាន​ប្រវែង៥៧គីឡូម៉ែត្រ​ និង៩គីឡូម៉ែត្រ​ នៅ​លើ​ផ្លូវជាតិ​លេខ២២គ្រោង​ក្រាល​កៅស៊ូ​ AC​ សង់ស្ពាន​ថ្មី​ និង​ពង្រីក​ទទឹង​ផ្លូវ​ឲ្យបាន​ ១៣ម៉ែត្រ​ តាម​ទំហំ​ចរាចរណ៍​ និង​តាម​ដំណាក់កាល​។ រី​ឯចាប់ពី​រង្វង់​មូល​គួរស្រូវ​ ទៅ​ទិសខាងត្បូង​ប្រវែង​ ៨គីឡូម៉ែត្រ​ គ្រោង​នឹង​សាងសង់​ជា​ ៤គន្លង​៕

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ បង្ហាញ​ពី​ឱកាស​ឈានឡើង​របស់​កម្ពុជា​

ដោយ​ ប៊ី​

ភ្នំពេញ​៖ ក្រសួង​ពាណិជ្ជកម្ម​ បាន​បញ្ជាក់​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​បង្ហាញ​ពី​កាលានុវត្ត​ភាព​ឈ្នះ​-ឈ្នះ​សម្រាប់​កម្ពុជា​ បន្ទាប់ពី​បាន​ចំណាយពេល​សិក្សា​ស្រាវជ្រាវ​អស់​រយៈពេល​ជា​យូរ​មក​នោះ​។

ការសិក្សា​ស្រាវជ្រាវ​ស្តី​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​ និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ (EAEU​) ត្រូវ​បាន​ធ្វើឡើង​រវាង​ក្រសួង​ពាណិជ្ជកម្ម​ និង​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​ស្តី​ពី​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ (EAEU​) ។

ពិធី​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការសិក្សា​នេះ​ធ្វើឡើង​កាលពី​ម្សិលមិញ​ក្រោម​អធិបតីភាព​ លោក​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ និង​លោក​សាស្រ្តា​ចារ្យ​ Hidetoshi​ Nishimura​ ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន​ និង​អាស៊ី​បូព៌ា​ (ERIA​)។ ពិធី​ផ្សព្វផ្សាយ​នេះ​ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​មក​ពី​បណ្តា​ក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល​ វិស័យ​ឯកជន​ ដៃគូ​អភិវឌ្ឍន៍​ អង្គការ​អន្តរជាតិ​ និង​វិទ្យាស្ថាន​ស្រាវជ្រាវ​នានា​សរុប​ប្រមាណ​ ៨០នាក់​។

សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ ជាទី​ផ្សារ​មួយ​ដ៏​ធំ​មួយ​គ្របដណ្ដប់​ប៉ែក​អឺរ៉ុប​ខាងកើត​ ដោយមាន​សមាជិក​ចំនួន៥​ ប្រទេស​ គឺ​អា​មេ​នី​ បេ​ឡា​រុស​ កាហ្សាក់ស្ថាន​ កៀហ្ស៉ី​ស៊ី​ស្ថាន​ និ​ងរុស្ស៉ី​។ សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ មាន​ប្រជាជន​សរុប​ចំនួន​ ១៧៦លាន​នាក់​ និង​ផលិតផល​ក្នុង​ស្រុក​សរុប​ ២.៥​ ទ្រី​លាន​ដុល្លារ​អាមេរិក​ នៅ​ឆ្នាំ២០១៦​។

លោក​ ប៉ាន​ សូរ​ស័ក្តិ​ បាន​លើកឡើង​ថា​ តាមរយៈ​ការបង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​ និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ នឹងអាច​ឱ្យ​ភាគី​ទាំងពីរ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​-ពាណិជ្ជកម្ម​លើ​ទំនិញ​ សេវា​ និង​វិនិយោគ​។

លោកបន្ត​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​ និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ មានផល​វិជ្ជមាន​មក​លើ​សេដ្ឋកិច្ច​កម្ពុជា​ និង​អនុញ្ញាត​ឱ្យ​កម្ពុជា​ទាញ​យក​ផលប្រយោជន៍​បន្ថែម​តាមរយៈ​ការចូលរួម​នៅក្នុង​ខ្សែ​ចង្វាក់​ផលិតកម្ម​តំបន់​ និង​ពិភពលោក​។

ក្នុង​របាយ​ការសិក្សា​ បាន​បង្ហាញថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​ និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ នឹង​នាំ​ឱ្យ​មានការ​រីកចម្រើន​ក្នុង​វិស័យ​ផលិតកម្ម​ ពង្រីក​សេវាកម្ម​ និង​ការ​អភិវឌ្ឍ​សេវា​កម្ម​ថ្មី​ៗបន្ថែម​ទៀត​។

ការសិក្សា​ក៏​បង្ហាញថា​ ការពង្រីក​សេវាកម្ម​ហិរញ្ញវត្ថុ​ ការ​ដឹកជញ្ជូន​ សេដ្ឋកិច្ច​ឌីជីថល​ និង​សេវាកម្ម​កសិកម្ម​ ជា​វិស័យ​ដ៏​សំខាន់​ដែល​ចូលរួម​ជួយ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​។កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ (Cambodia​-Eurasian​ Economic​ Union​ FTA​-CEFTA​) បង្ហាញ​ពី​កាលានុវត្ត​ភាព​ឈ្នះ​-ឈ្នះ​សម្រាប់​ប្រទេស​កម្ពុជា​ ក្នុង​ការ​ធ្វើស​មា​ហរ​ណកម្ម​សេដ្ឋកិច្ច​របស់​ខ្លួន​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ទៅ​ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម​ពិភពលោក​ និង​ការ​ធ្វើស​មា​ហរ​ណកម្ម​សេដ្ឋកិច្ច​របស់​ខ្លួន​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​កណ្តាល​ និង​ជាមួយ​ប្រទេស​រុ​ស្ស៉ី​។

តាមរយៈ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បង្កើន​ឱកាស​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ទៅវិញទៅមក​។ ជាពិសេស​កម្ពុជា​ អាច​បង្កើន​ការនាំចេញ​សម្លៀកបំពាក់​ និង​វាយនភ័ណ្ឌ​ ផលិតផល​កសិកម្ម​ និង​ទំនិញ​ដទៃទៀត​ ខណៈ​ដែល​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ ក៏អាច​ជ្រៀតចូល​ទីផ្សារ​កម្ពុជា​កាន់តែ​ទូលំទូលាយ​ជាង​មុន​ ជាពិសេស​លើ​វិស័យ​ថាមពល​។

លោក​ ប៉ាន​ សូរ​ស័ក្តិ​ បាន​លើកឡើង​ថា​ អនុលោម​តាម​យុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី៤​ នីតិកាល​ទី៦​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​ផ្តោត​លើ​ការបង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​ដៃគូ​ ក្រសួង​ពាណិជ្ជកម្ម​បាន​ បាន​និង​កំពុង​សិក្សា​លើ​លទ្ធភាព​ចរចា​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​ចិន​ និង​ប្រទេស​កូរ៉េ​ខាងត្បូង​ផង​ដែរ​។

លទ្ធផល​នៃ​ការសិក្សា​ បាន​បង្ហាញ​ពី​ភាព​វិជ្ជមាន​ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​រួមគ្នា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ នឹង​នាំ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ មានការ​កើនឡើង​ បង្កើន​ការងារ​សម្រាប់​ប្រជាជន​ ឈាន​សម្រេច​បាន​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ នៅ​ឆ្នាំ២០៥០​៕

លោក​ឧបនាយក​រដ្ឋមន្ត្រី​ជា​ សុ​ផា​រ៉ា​៖ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅក្នុង​ឆ្នាំនេះ​ មាន​ចំនួន​ ៩៣០០លា​នដ​ល្លារ

លោក​ឧបនាយក​រដ្ឋមន្ត្រី​ជា​ សុ​ផា​រ៉ា​៖ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅក្នុង​ឆ្នាំនេះ​ មាន​ចំនួន​ ៩៣០០លា​នដ​ល្លារ
លោក​ឧបនាយក​រដ្ឋមន្ត្រី​ជា​ សុ​ផា​រ៉ា​៖ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅក្នុង​ឆ្នាំនេះ​ មាន​ចំនួន​ ៩៣០០លា​នដ​ល្លារ

​ដោយ ​វុត្ថា

​ភ្នំពេញ​៖ លោក​ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បានឱ្យ​ដឹង​ថា​ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅក្នុង​ឆ្នាំនេះ​ មាន​ចំនួន​ ៩៣០០លា​នដ​ល្លារ​ កើនឡើង​ ប្រមាណ​ ៧៨​ ភា​គរ​បើ​ធៀប​នឹង​ឆ្នាំមុន​ ដោយ​ភា​កច្រើន​កើនឡើង​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

លោក​ ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ នៅក្នុង​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​នៅ​កម្ពុជា​-អន្តរជាតិ​លើក​ទី៦​ រយៈពេល៣ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​ ៥-៧ ខែធ្នូ​ ឆ្នាំ​ ២០១៩​ នេះ​ ថា​ទាំងនេះ​គឺ​ដោយសារ​មាន​ការ​ជឿ​រជាក់​លើ​ការអភិវឌ្ឍន៍​ រីកចម្រើន​សេដ្ឋកិច្ច​ជាតិ​ និង​ស្ថេរ​ភាព​នយោបាយ​របស់​កម្ពុជា​ ជាពិសេស​ក្រោម​កិច្ច​ ដឹកនាំ​របស់​ សម្តេច​អគ្គ​បហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ឆ្នាំ​ ២០១៨​ បានឱ្យ​ដឹង​ ទិន្នន័យ​សំណង់​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ​ ២០១៨​ មាន​ចំនួន​ ៣,២៩០​ គម្រោង​ មានផ្ទៃ​ក្រឡា​ចំនួន​ ១២,៣៧៨,១១៩​ ម៉ែត្រការ៉េ​ ដែល​មានតម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ ៥,៧៥៥,០៧០,១២០​ ដុល្លារ​ ៕

ពិព័រណ៍​ឧស្សាហកម្ម​សំណង់​អន្តរជាតិ​បាន​ចាប់ផ្តើម​ជាមួយ​ផលិតផល​ជិត​ ១០០០ប្រភេទ​ ក្រោម​វត្តមាន​លោក​ឧបនាយក​រដ្ឋមន្ត្រី​ជា​ សុ​ផា​រ៉ា​

ដោយ​ វុត្ថា

​ភ្នំ​ពេញៈ​ ពិព័រណ៍​ឧស្សាហកម្ម​សំណង់​នៅ​កម្ពុជា​-អន្តរជាតិ​លើក​ទី៦​ រយៈពេល៣ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​ ៥-៧ ខែធ្នូ​ ឆ្នាំ​ ២០១៩​ បាន​ចាប់ផ្តើម​ជាមួយ​ផលិតផល​ជិត​ ១០០០ប្រភេទ​ ក្រោម​វត្តមាន​លោក​ឧបនាយក​រដ្ឋមន្រ្តី​ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ចាប់ផ្តើម​នៅ​ថ្ងៃនេះ​ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​។

អ្នកឧកញ៉ា​ ពុង​ ឃា​វសែ​ ប្រធាន​សមាគម​អ្នកសាង​សង់​កម្ពុជា​ បានឱ្យ​ដឹង​ថា​ ពិព័រណ៍​ឧស្សាហកម្ម​សំណង់​នៅ​កម្ពុជា​-អន្តរជាតិ​ នេះ​លើក​ទី៦នៃ​ការរៀបចំ​ពិធី​តាំងពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​មាន​លក្ខណៈ​អន្តរជាតិ​ធំជាង​គេ​ដែល​រៀបចំ​ឱ្យ​មាន​ស្តង់​ឆ្នាំនេះ​ ៣៥០​ ស្តង់​ និង​ផលិតផល​ជិត​ ១០០០​ ប្រភេទ​ ដែល​ផលិត​ផលាំង​នេះ​មាន​ខ្លះ​ជា​ផលិតផល​ក្នុង​ស្រុក​ និង​ មាន​ខ្លះ​ជា​ផលិតផល​ដែល​បាន​នាំចូល​ពី​បណ្តា​ប្រទេស​ជាច្រើន​លើ​ពិភពលោក​ ហើយ​ឆ្នាំនេះ​សង្កេតឃើញ​មានការ​ចូលរួម​ដាក់​តាំង​ផលិត​ផល​ផ្សេង​ៗ សរុប២០៧​ ក្រុមហ៊ុន​ គឺ​មានការ​កើនឡើង​ជាង​ឆ្នាំមុន​ ដែល​ឆ្នាំមុន​មានត្រឹមតែ១៨៦​ ក្រុមហ៊ុន​ប៉ុណ្ណោះ​។

អ្នកឧកញ៉ា​បន្ថែម​ថា​ កម្មវិធី​នេះ​រៀបចំឡើង​តី​ចង់​បង្ហាញ​ពី​ការអភិវឌ្ឍន៍​ ការ​រីក​ចំរើន​និង​សក្តា​នុ​ពល​នៃ​ការ​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​លើ​ទីផ្សារ​កម្ពុជា​ទាំងមូល​។ ជាក់ស្តែង​ដូច​យើង​បានឃើញ​ហើយ​ថា​នៅ​រាជធានី​ភ្នំពេញ​ និង​នៅ​ក្រុង​ព្រះសីហនុ​ ។

លោក​បន្ថែម​ថា​ បច្ចុប្បន្ន​មាន​សំណង់​អគារ​ខ្ពស់​ៗ ទំនើប​ៗធំ​ស្កឹមស្កៃ​បាន​រីក​ដុះ​ដែល​គួរ​ឱ្យ​មាន​ភាព​ស្ងប់​ស្ដែង​ដូចជា​មាន​ សំណង់​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ការិយាល័យ​ធនាគារ​ ផ្សារ​ទំនើប​ សណ្ឋាគារ​ អគារ​ស្នាក់នៅ​រួម​ និង​ បុរី​លំនៅឋាន​បាន​សាងសង់​ឡើងជា​បន្តបន្ទាប់​ជាច្រើន​ ដែល​សំណង់​ទាំងនេះ​មាន​លក្ខ​ណៈ​ទំនើប​ៗ ទាន់សម័យ​ ហើយ​បាន​ ប្រើប្រាស់​បច្ចេកវិទ្យា​ និង​សម្ភារៈ​បរិក្ខារ​ ឧបករណ៍​ក្នុង​ការសាងសង់​ទាំងអស់​សុទ្ធ​ សឹង​មានគុណ​ភាពល្អ​ និង​លក្ខណៈ​បច្ចេកទេស​ទំនើប​និង​មាន​ស្តង់ដារ​ត្រឹមត្រូវ​ពុំ​ចាញ់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដ៏​ទៃ​ទៀត​នៅ​លើ​ពិភពលោក​ឡើយ​ ហើយ​សំណង់​ទាំងនេះ​បាន​ប្រែក្លាយ​ទិដ្ឋភាព​ទីក្រុង​យ៉ាង​ស្រស់បំព្រង​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក្នុង​កម្មវិធី​ពិព័រណ៍​នេះ​ក៏បាន​រៀបចំ​ឱកាស​ និង​ទីកន្លែង​ សម្រាប់​ផ្តល់​ឱ្យ​ធុរកិច្ច​ជន​ ទាំងអស់​ដែល​មាន​របរ​អាជីវកម្ម​ជា​អ្នកសាង​សង់​ អ្នកលក់​ ឬម្ចាស់​រោងចក្រ​ អ្នកទិញ​ អ្នក​ចែកចាយ​ អ្នកផ្គត់ផ្គង់​ បាន​ជួបគ្នា​ដោយ​ផ្ទាល់​ដើម្បី​ពិភាក្សា​គ្នា​ថា​តើ​អ្វី​ដែល​ជា​តម្រូវការ​ជាក់ស្តែង​ និង​ ចាំបាច់​សម្រាប់​វិស័យ​ ឧស្សាហកម្ម​ សំណង់​នៅ​កម្ពុជា​ជាពិសេស​នៅក្នុង​កម្មវិធី​ពិព័រណ៍​នេះ​ក៏​បង្កើត​ឱ្យ​មានកម្ម​វិធី​ជួបជុំ​សំណេះសំណាល​ ពិភាក្សា​ធុរកិច្ច​សម្រាប់​ឱ្យ​សមាជិកសមាគម​ និង​ ក្រុមហ៊ុន​ដែល​មាន​ធុរកិច្ច​លើ​វិស័យ​សំណង់​ ៥ទៃ​ទៀត​ដែល​កំពុង​ប្រតិបត្តិ​ការ​ធុរកិច្ច​នៅ​កម្ពុជា​ជាច្រើន​មក​ពិភាក្សា​គ្នា​នូវ​អ្វី​ដែល​មាន​ និង​តម្រូវការ​ជាក់ស្តែង​ស្របតាម​ការ​រីក​ចំរើន​ និង​អភិវឌ្ឍន៍​ប្រទេសជាតិ​៕

លោក​ Donald​ Trump​ ដំឡើង​កូនប្រសា​ររបស់​ខ្លួន​ដើម្បី​ជួយ​ដល់​ការចរចា​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ប្រធានាធិបតី​អាមេរិក​ លោក​ Donald​ Trump​ បាន​ដំឡើង​កូនប្រសា​ររបស់​លោក​ ដើម្បី​ជួយ​ក្នុង​ការចរចា​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ ដែល​កំពុង​ដួល​រលំ​ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​ កាន់តែ​កើនឡើង​កំ​ដៅ​ខ្លាំង​រវាង​ភាគី​ទាំងពីរ​។

លោក ​Jared​ Kushner​ បាន​ចូលរួម​ជាមួយ​ក្រុម​ចរចា​ ដែល​ដឹកនាំ​ដោយ​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​ លោក​Robert​ Lighthizer​ និង​រដ្ឋលេខាធិការ​ក្រសួង​រតនាគារ​លោក ​Steven​ Mnuchin​ ដើម្បី​ជួប​ផ្ទាល់​ជាមួយនឹង​ថ្នាក់ដឹកនាំ​ក្រុម​ចិន​ ដែល​ដឹកនាំ​ដោយ​ឧបនាយក​រដ្ឋមន្រ្តី​ចិន​លោក​ Liu​ He​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Reuters​។

លោក​ Trump​ កំពុង​ប្រើ​លោក​ Kushner​ ធ្វើជា​តួអង្គ​មួយផ្សេងទៀត​ ដើម្បី​ចរចា​ជាមួយ​ទីក្រុង​ប៉េកាំង​ដោយ​ផ្ទាល់​ នៅពេល​ដែល​ភាគី​ទាំងពីរ​ ប្រញាប់​ប្រញាល់​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ មុន​ពេល​ពន្ធគយ​ថ្មី​ចូល​ប៉ះពាល់​ដល់​ទំនិញ​ចិន​ នៅ​ថ្ងៃទី១៥​ ខែ​ ធ្នូ​។

លោក​ Kushner​ គឺជា​ប្តី​របស់​កូនស្រី​របស់​ Trump​ លោកស្រី​ Ivanka​ Trump​ និង​ធ្លាប់​បាន​ណែនាំ​លើ​បញ្ហា​មួយចំនួន​ រួមមាន​ការ​អភិវឌ្ឍ​ផែនការ​សន្តិ​ភា​ពម​ជ្ឈឹម​បូព៌ា​។

ទីផ្សារ​នៅ​ជុំវិញ​ពិភពលោក​បាន​ធ្លាក់ចុះ​ បន្ទាប់ពី​លោក​ Trump​ បាន​បញ្ជាក់​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​នឹង​កើតមាន​ បន្ទាប់ពី​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ២០២០​។

លោក ​Trump​ បាន​និយាយទៅ​កាន់​អ្នកសារព័ត៌មាន​ថា​ “តាមវិធី​ខ្លះ​ ខ្ញុំ​ចូលចិត្ត​គំនិត​នៃ​ការ​រង់ចាំ​ រហូតដល់​ក្រោយ​ការបោះឆ្នោត​ សម្រាប់​កិច្ច​ព្រមព្រៀង​ជាមួយ​ចិន​ ប៉ុន្តែ​ពួកគេ​ចង់​ធ្វើ​កិច្ច​ព្រមព្រៀង​ឥឡូវនេះ​ ហើយ​យើង​នឹង​ដឹង​ថា​ តើ​កិច្ច​ព្រមព្រៀង​នេះ​នឹង​ត្រូវ​ធ្វើឡើង​ឬអត់​”។

សង្គ្រាម​ពាណិជ្ជកម្ម​អស់​រយៈពេល​ជាង១៦ខែ​ បាន​បង្អាក់​ដល់​សេដ្ឋកិច្ច​ពិភពលោក​។ អង្គការ​សហប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​)បាន​បញ្ជាក់​ថា​ ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ បាន​បណ្តាល​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ដូច​កម្រិត​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​កាលពី១០ឆ្នាំមុន​៕

ក្រុមហ៊ុន​អចលនទ្រព្យ​ KW​ Cambodia​ ចូលរួម​លើកទឹកចិត្ត​ដល់​កីឡាបាល់ទាត់​ខ្មែរ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅក្នុង​គោលបំណង​បង្ហាញ​ពី​ទឹកចិត្ត​ស្រឡាញ់​ និង​ការ​គាំទ្រ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ នៃ​ការប្រកួត​នៅក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ SEA​ Games​ 2019​ នៅ​ប្រទេស​ហ្វីលីពីន​ ដែល​កម្ពុជា​កំពុងតែ​ទទួល​បាន​ នូវ​លទ្ធផល​ល្អ​ប្រសើរ​ជាបន្តបន្ទាប់​ ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ KW​ Cambodia​ បាន​ចូលរួម​អបអរសាទរ​ ជាមួយនឹង​ការ​ផ្តល់​នូវ​រង្វាន់​ជា​ទឹកប្រាក់​លើកទឹកចិត្ត​យ៉ាង​សន្ធឹក​សន្ធាប់​ ទៅដល់​ក្រុមជម្រើសជាតិ​កម្ពុជា​ដែល​អាច​ទទួល​បាន​ជ័យជំនះ​។

លោកឧកញ៉ា​បណ្ឌិ​តគីម​ ហ៊ា​ង អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ​ រៀល​អេ​ស្ទេ​ត និង ​KW​ Cambodia បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី៤​ ធ្នូ​កន្លងមក​ថា​ ក្នុង​គោលដៅ​ និង​ទឹកចិត្ត​ជា​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​ លោក​សូម​កោតសរសើរ​ដល់​ក្រុមកីឡា​ករ​ខ្មែរ​ ដែល​លេង​បាន​ល្អ​ នៅក្នុង​កីឡា​ស៊ី​ហ្គេម​។

លោក​បន្ត​ថា​ សម្រាប់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ U22​ បាន​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រាត់​ ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ KW​ Cambodia​ នឹង​ផ្តល់​រង្វាន់​ដល់​ U22​ កម្ពុជា​ដូច​ខាង​ក្រោមៈ​

១. នឹង​ផ្តល់​ប្រាក់​រង្វាន់​ ១២​ ០០០​ ០០០រៀល​ សម្រាប់​វគ្គ​នេះ​!

២. នឹង​ផ្តល់​ប្រាក់​រង្វាន់​ ១៦​ ០០០​ ០០០រៀល​ បើ​បាន​លេខ​ ៣!

៣. នឹង​ផ្តល់​ប្រាក់​រង្វាន់​ ២០​ ០០០​ ០០០រៀល​ បើ​បាន​លេខ​ ២!

៤. នឹង​ផ្តល់​ប្រាក់​រង្វាន់​ ៤០​ ០០០​ ០០០រៀល​ បើ​បាន​លេខ​ ១!

៥. KW​ Cambodia​ ពិតជា​មា​នមោ​ទនៈ​ភាព​ ចំពោះ​ការឧបត្ថម្ភ​នេះ​ បើ​ទោះជា​មិន​ច្រើន​ តែ​យើង​ចង់​បង្ហាញ​ពី​ការ​គាំទ្រ​របស់​យើង​ ចំពោះ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ និង​ទៅ​អនាគត​!។

ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម ២២ឆ្នាំ​កម្ពុជា​ បាន​យកឈ្នះ​ម៉ាឡេស៊ី​ ៣-១ នា​ការប្រកួត​ចុងក្រោយ​នៅក្នុង​ពូល​ A នៃ​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​ ខណៈ​ហ្វីលីពីន​ឈ្នះ​ទីម័រខាងកើត​ ៦-១។ លទ្ធផល​នេះ​ នាំឲ្យ​កម្ពុជា​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​ក្រុម​កំពូល​តារាង​ មីយ៉ាន់ម៉ា​៕