លោក​ឧបនាយក​រដ្ឋមន្ត្រី​ជា​ សុ​ផា​រ៉ា​ ក្រើនរំលឹក​ដល់​អ្នក​នៅក្នុង​វិស័យ​ឧស្សាហកម្ម​សំណង់​ចូលរួម​គោរពច្បាប់​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ លោក​ ឧបនាយក​រដ្ឋមន្ត្រី​ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ក្រើនរំលឹក​ដល់​អ្នកប្រកបអាជីព​ ក្នុង​វិស័យ​សំណង់​ចូលរួម​គោរពច្បាប់​សំណង់​ និង​បទប្បញ្ញត្តិ​នានា​ពាក់ព័ន្ធ​វិស័យ​សំណង់​ឱ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​ធានា​នូវ​សុវត្ថិភាព​ និង​គុណភាព​សំណង់​នៅ​កម្ពុជា​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ បាន​មានប្រសាសន៍​ក្នុង​ពិធី​បើក​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​នៅ​កម្ពុជា​-អន្តរជាតិ​លើក​ទី៦រយៈ ពេល៣ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី៥​-៧ ខែធ្នូ​ ឆ្នាំ​ ២០១៩​ នេះ​ថា​ អ្នកប្រកបអាជីព​ និង​ធុរជន​ក្នុង​វិស័យ​ឧស្សាហកម្ម​សំណង់​ទាំងអស់​ ដែល​រួមមាន​ ស្ថាបត្យករ​ វិស្វករ​ អ្នក​ប្រឹក្សា​យោបល់​ អ្នកគ្រប់គ្រង​សំណង់​អ្នកសាង​សង់​ និង​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​ ម្ចាស់​សំណង់​ត្រូវ​ចូលរួម​គោរពច្បាប់​សំណង់​ និង​បទប្បញ្ញត្តិ​នានា​ពាក់ព័ន្ធ​ វិស័យ​សំណង់​។

លោក​បន្ត​ថា​ ​“តាមរយៈ​កម្មវិធី​នេះ​ ខ្ញុំ​និង​ក្នុងនាម​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ សូម​ធ្វើការ​ក្រើនរំលឹក​ថា​ ច្បាប់​សំណង់​ និង​បទប្បញ្ញត្តិ​ដែល​យើង​មាន​ជាធរមាន​រួចហើយ​នេះ​ ត្រូវ​គោរព​ឱ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​ធានា​នូវ​សុវត្ថិភាព​ និង​គុណភាព​សំណង់​នៅ​កម្ពុជា​”។

លោក​ឧបនាយក​រដ្ឋមន្ត្រី​បាន​ផ្តល់​អនុសាសន៍​មួយចំនួន​ ដល់​អ្នក​វិនិយោគ​ក្នុង​វិស័យ​នេះ​ដូចជា​ ត្រូវ​មាន​លិខិតអនុញ្ញាត​សាងសង់​ និង​លិខិតអនុញ្ញាត​បើក​ការដ្ឋាន​មុន​ពេលធ្វើការ​សាងសង់​ និង​ត្រូវ​អនុវត្ត​តាម​ប្លង់​បច្ចេក​ទេ​ សដែល​បាន​អនុញ្ញាត​ និង​បទប្បញ្ញត្តិ​បច្ចេក​ទេស​ផ្សេង​ៗឱ្យ​បាន​ត្រឹមត្រូវ​។- ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​ សាងសង់​ និង​ សិក្សា​គម្រោង​ប្លង់​ រួម​ទាំង​ក្រុម​ជាងសំណង់​ទាំងអស់​ ត្រូវ​មក​ស្នើសុំ​ចុះបញ្ជី​ជា​អ្នក​ប្រកប​អាជីវកម្ម​ស្របតាម​ច្បាប់​ជាធរមាន​។- ត្រូវ​រៀបចំ​ការដ្ឋាន​សាងសង់​ ឱ្យ​មាន​សណ្តាប់​ធ្នាប់​ និង​អនាម័យ​ជាប្រចាំ​ និង​ការដ្ឋាន​សំណង់​ទាំងអស់​ពុំ​ត្រូវ​ដី​កបេតុង​ ឌី​ និង​សម្ភារៈសំណង់​ធ្វើ​ឱ្យ​ជ្រះ​តាម​ដងផ្លូវ​សាធារណៈ​ឡើយ​។

– ការដ្ឋាន​សំណង់​ទាំងអស់​ត្រូវ​មាន​បំពាក់​សម្ភារ​ និង​ឧបករណ៍​សម្រាប់​ការពារ​សុវត្ថិភាព​ និង​សុខភាព​ជូន​កម្មករ​ទាំងអស់​ដែល​ធ្វើការ​ក្នុង​ការដ្ឋាន​។ល។ -ការដ្ឋាន​សំណង់​ទាំងអស់​ត្រូវ​មាន​វិស្វករ​ ស្ថាបត្យករ​ និង​អ្នកគ្រប់គ្រង​ការដ្ឋាន​នៅ​ត្រួត ពិនិត្យ​បច្ចេកទេស​ជាប្រចាំ​ក្នុង​ការដ្ឋាន​សំណង់​។ ទន្ទឹម​នឹង​នេះ​ រាល់​សំណង់​ទាំងអស់​ត្រូវ​ មានការ​សិក្សា​គម្រោង​ប្លង់​ស្ថាបត្យកម្ម​ ប្លង់​គ្រឿង​ផ្គុំ​សំណង់​ប្លង់​ទឹក​ ភ្លើង​ និង​មេកានិច​- រួម​ទាំង​ត្រូវ​មានការ​សិក្សា​ពី​ភូ​គាម​សាស្រ្ត​ឱ្យ​បាន​ត្រឹមត្រូវ​ តាម​បទដ្ឋាន​បច្ចេកទេស​ផង​ដែរ​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ជា​ សុ​ផា​រ៉ា​បាន​បន្ថែម​ថា​ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ ទើប​ទទួល​បាន​នូវ​ផ្លែផ្កា​ដ៏​ត្រចះត្រចង់​ និង​ជោគជ័យ​ថ្មី​មួយ​បន្ថែម​ទៀត​គឺ​ច្បាប់​ស្តី​ពី​សំណង់​របស់​កម្ពុជា​។ ដែល​ច្បាប់​នេះ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​បាន​ខិតខំ​រៀបចំ​ និង​រង់​ចាំ​លទ្ឋ​ផល​ជា​យូរណាស់​មក​ហើយ​ ដើម្បី​យក​មក​ប្រើប្រាស់​ ក្នុង​ ការគ្រប់គ្រង​ វិស័យ​សំណង់​ របស់​កម្ពុជា​។

លោក​បន្ថែម​ថា​ ច្បាប់​សំណង់​ដែល​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​នា​ពេលនេះ​ ក៏​មានការ​ចូលរួម​ផ្តល់​មតិយោបល់​ និង​បាន​ដកស្រង់​ យក​ធាតុ​ចូ​លល្អៗ​ពី​អ្នកជំនាញ​ សំណង់​ នៃ​ក្រសួង​ ដីធ្លី​ ហេដ្ឋារចនាសម្ព័ន្ធ​ ដឹកជញ្ជូន​ និង​ទេសចរណ៍​នៃ​ប្រទេស​ជប៉ុន​ និង​ពី​បណ្តា​ក្រសួង​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​ និង​ឯកជន​ជាតិ​ និង​អន្តរជាតិ​ជាច្រើន​បាន​យ៉ាង​ល្អិតល្អន់​ និង​សមស្រប​តាម​លក្ខខណ្ឌ​ និង​តម្រូវការ​របស់​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​រហូត​បានសម្រេច​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ហើយ​ច្បាប់​សំណង់​នេះ​ មាន​ទាំងអស់២២ជំពូក​ និង​ ១១១​ មាត្រា​៕

ចំណេះដឹង​! តើ​អ្វី​ជា​យុទ្ធសាស្ត្រអភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ២០១៦​-២០២៥​?

ចំណេះដឹង​! តើ​អ្វី​ជា​យុទ្ធសាស្ត្រអភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ២០១៦​-២០២៥​?
ចំណេះដឹង​! តើ​អ្វី​ជា​យុទ្ធសាស្ត្រអភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ២០១៦​-២០២៥​?

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់ចេញ​នូវ​ចក្ខុវិស័យ​រយៈពេល​វែង​ សម្រាប់​ប្រទេស​គឺ​ “ការធានា​បាន​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ ប្រកបដោយ​ចីរភាព​ បរិ​យា​បន្ន​ និង​សមធម៌​ សំដៅលើ​កកម្ពស់ជីវភាព​ប្រជាពលរដ្ឋ​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​”។

ក្នុង​ន័យ​នេះ​ ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ រួមមាន​វិស័យ​ធនាគារ​ និង​វិស័យ​មិនមែន​ធនាគារ​ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​ការ​គាំទ្រ​ដល់​ការ​កៀរគរ​ និង​បែងចែក​ធនធាន​ហិរញ្ញវត្ថុ​ សម្រាប់​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​។ ក្នុង​ក្របខ័ណ្ឌ​នេះ​ រាជរដ្ឋាភិបាល​បាន​ដាក់​ ឱ្យ​អនុវត្ត​នូវ​ “យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ ឆ្នាំ២០១៦​-២០២៥​” ដើម្បី​បន្ត​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ប្រកបដោយ​ប្រសិទ្ធភាព​។

យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ២០១៦​-២០២៥​ ត្រូវ​បាន​ធ្វើ​បច្ចុប្បន្ន​កម្ម​ពី​ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ២០១១​-២០២០​ ដើម្បី​ឆ្លើយតប​នឹង​ការ​វិវត្ត​នៃ​ស្ថានភាព​បច្ចុប្បន្ន​និង​តម្រូវការ​ជាក់ស្តែង​។ ការ​ធ្វើ​បច្ចុប្បន្ន​កម្ម​នេះ​ គឺជា​លើក​ទី៣ហើយ​ចាប់តាំងពី​ឯកសារ​យុទ្ធសាស្ត្រ​ទី១​ ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ២០០១​។ ​;

គោលដៅ​ចម្បង​របស់​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ២០១៦​-២០២៥គឺ​សម្រេច​ឲ្យបាន​ប្រព័ន្ធ​ហិរញ្ញវត្ថុ​មួយ​ ប្រកបដោយ​ប្រសិទ្ធភាព​ ដោយ​ផ្អែកលើ​គោលការណ៍​ទីផ្សារ​ ហើយ​មាន​លក្ខណៈ​ពិពិធ​ភាព​ ភាពរឹងមាំ​ និង​បរិ​យា​ប័ន្ន ដែល​ផ្តល់​លទ្ធភាព​ទូលំទូលាយ​ ក្នុង​ការ​បំពេញ​តម្រូវការ​សេវា​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​ ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​ និង​ប្រសិទ្ធភាព​ កាត់បន្ថយ​ភាព​ក្រីក្រ​ បង្កើន​ចំណូល​របស់​ប្រជាជន​ ព្រមទាំង​ឆ្លើយតបទៅនឹង​តម្រូវការ​ នៃ​ការ​ធ្វើស​មា​ហរ​ណកម្ម​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នៅក្នុង​តំបន់​៕

ការសិក្សា​៖ ខេត្ត​កំពង់ឆ្នាំង​សមស្រប​សំរាប់​ធ្វើជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ទំនិញ​អន្តរជាតិ​

ការសិក្សា​៖ ខេត្ត​កំពង់ឆ្នាំង​សមស្រប​សំរាប់​ធ្វើជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ទំនិញ​អន្តរជាតិ​
ការសិក្សា​៖ ខេត្ត​កំពង់ឆ្នាំង​សមស្រប​សំរាប់​ធ្វើជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ទំនិញ​អន្តរជាតិ​

ដោយ​ស៊ីវ​ ម៉េ​ង

ភ្នំពេញ​៖ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ​(JICA​) បាន​រក​ឃើញថា​ ខេត្ត​កំពង់ឆ្នាំង​ជា​ភូមិ​សាស្រ្ត​មាន​ភាព​សមស្រប​សម្រាប់​ជាទី​តាំង​ មជ្ឈ​មណ្ឌល​ពា​ណិ​ជ្ជ​កម្ម​ប្រចាំ​តំបន់​ ខណៈ​រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​និង​ដឹក​ ជញ្ជូន​បាន​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​បរទេស​ ស្ថាបនា​ព្រលា​នយន្តហោះ​នៅ​ខេត្ត​កំពង់ឆ្នាំង​ឡើងវិញ​។

រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ លោក​ជា​ អូន​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ការសិក្សា​របស់​អង្គការ​ JICA ​បាន​រក​ឃើញថា​ ខេត្ត​កំពង់ឆ្នាំង​សមស្រប​ជាទី​តាំង​កណ្តាល​ នៃ​ការ​ផ្លាស់​ប្តូរ​ទំនិញ​និង​ការ​ដឹកជញ្ជូន​នៅពេលអនាគត ​(Cargo​ Hub​) ប៉ុន្តែ​ដើម្បី​ប្រែក្លាយ​ខេត្ត​នេះ​ជា​តំបន់​បែបនេះ​បាន​ទាមទារ​ឲ្យ​មានការ​សាងសង់​ផ្លូវ​ហាយ​វេ​ និង​ការសាងសង់​ឡើងវិញ​នូវ​ព្រលា​នយន្តហោះ​ក្នុង​ខេត្ត​ឡើងវិញ​ផង​ដែរ​។

លោក​បន្ត​ថា​ “ប៉ុន្តែ​រហូត​មកទល់​ពេលនេះ​ មិនទាន់​មាន​ក្រុមហ៊ុន​ណា​ចាប់អារម្មណ៍​វិនិយោគ​សាង​សង់​ព្រលា​នយន្តហោះ​ ក្នុង​ខេត្ត​កំពង់ឆ្នាំង​ឡើងវិញ​នៅឡើយ​ទេ​”។ លោក​បន្ត​ថា​ “រដ្ឋាភិបាល​តែងតែមាន​ផែនការ​អភិវឌ្ឍន៍​ហើយ​ ប៉ុន្តែ​អ្វី​ៗវា​ត្រូវ​ការ​​ពេលវេលា​ជាក់លាក់​មួយ​”។

​ទោះជា​យ៉ាង​ណា​លទ្ឋ​ផល​នៃ​ការសិក្សា​នេះ​មិនបាន​បញ្ជាក់​ថា​ នឹង​ចំណាយ​ទុន​វិនិយោគ​ ឬប្រើប្រាស់​ទុន​វិនិយោគ​ពី​ប្រភព​ណា​ និង​គំរោង​នេះ​អាច​ចាប់ផ្តើម​នៅពេល​ណា​នោះ​ទេ​។

ទេស​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​លោក​ស៊ុន​ ចាន់​ថុ​លក៏​ធ្លាប់​បាន​មានប្រសាសន៍​ថា​ ដោយ​លោក​បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ ធ្វើការ​វិនិយោគ​សាង​សង់​ព្រលា​នយន្តហោះ​ ក្នុង​ខេត្ត​កំពង់ឆ្នាំង​ឡើងវិញ​ ដោយសារ​ខេត្ត​នេះ​មា​នព្រ​លាន​យន្តហោះ​ស្រាប់​ និង​ជាទី​តាំង​មាន​សក្តា​នុ​ពល​នា​ពេល​អនាគត​ ពិសេស​ជា​តំបន់​ដែល​មានការ​តភ្ជាប់​ផ្លូវដែក​រវាង​រាជធានី​ភ្នំពេញ​ ទៅកាន់​ព្រំដែន​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​៕

ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី​តម្លៃ​ ១៥០០លាន​ដុល្លារ​អាច​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ២០២៣​

ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី​តម្លៃ​ ១៥០០លាន​ដុល្លារ​អាច​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ២០២៣​
ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី​តម្លៃ​ ១៥០០លាន​ដុល្លារ​អាច​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ២០២៣​

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី​ ដែល​ស្ថិត​ក្នុងទឹក​ដី​ខេត្តកណ្តាល​ និង​តាកែវ​ ដែល​គ្រោង​បោះទុន​១៥០០​លាន​​ដុល្លារ​អាមេរិក​ បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ហើយ​ និង​គ្រោង​បញ្ចប់​នៅ​ឆ្នាំ២០២៣ប្រសិនជា​គ្មាន​ការប្រែប្រួល​ទេ​នោះ​។

ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី​តម្លៃ​ ១៥០០លាន​ដុល្លារ​អាច​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ២០២៣​

អ្នកឧកញ៉ា​ពុង​ ឃា​វសែ​ អគ្គនាយក​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស​កម្ពុជា​ (OCIC​) បាន​មានប្រសាសន៍​ឲ្យដឹង​ នៅ​ក្នុង​ពិព៌​ណឧស្សាហកម្ម​សំណង់​កម្ពុជា​ អន្តរជាតិ​នា​ព្រឹក​ថ្ងៃទី៥​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ថា​ ឥឡូវ​យើង​កំពុង​បុក​គ្រឹះ​! សំខាន់​​ការសាងសង់​ដំណើរការ​ល្អ​ យើង​មិនសូវ​មាន​ឧបសគ្គ​ប៉ុន្មាន​ពី​ប្រជាជន​ជា​ម្ចាស់ដី​។

លោក​បន្ត​ថា​ “ខ្ញុំ​ជឿ​ថា​ បើសិនជា​យើង​ពុំសូវ​មាន​ឧបសគ្គ​ខាង​ប្រមូល​ដីធ្លី​ទេ​ គឺ​យើង​នឹងអាច​រួច​នៅ២០២៣​”។

គម្រោ​ងព្រលា​នយន្តហោះ​ភ្នំពេញថ្មី​នេះ​ ត្រូវ​បាន​ប្រកាស​ឡើង​ក្នុង​ដំ​ណើរ​ទេស្សន​កិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី​ចិន​ លី​ ខឺ​ឈាង​ មក​កម្ពុជា​ កាលពី​ខែមករា​ ឆ្នាំ ២០១៨​។

នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ និង​លោកនាយក​រដ្ឋមន្ត្រី​ចិន​ ក៏បាន​អញ្ជើញ​ជា​អធិបតីភាព​ ក្នុង​ពិធី​ចុះហត្ថលេខា​គម្រោង​វិនិយោគ​រវាង​ក្រុមហ៊ុន​ OCIC​ លោក​ ពុង​ ខៀវ​សែ​ និង​ក្រុមហ៊ុន​ចិន​។

ព្រលា​នយន្តហោះ​ថ្មីនេះ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​បញ្ជាក់​ថា​ នឹង​សាងសង់​លើ​ផ្ទៃដី​ទំហំ​ប្រមាណ២​,៦០០ហិ​កតា​ ដែល​ជា​ដី​ស្ថិតនៅ​ក្នុង​ក្រុង​តាខ្មៅ​ និង​ស្រុក​កណ្តាល​ស្ទឹង​ ខេត្តកណ្តាល​ ហើយ​អាច​ប៉ះ​តំបន់​មួយចំនួន​ក្នុង​ស្រុក​បាទី​ ខេត្តតាកែវ​។

ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី​តម្លៃ​ ១៥០០លាន​ដុល្លារ​អាច​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ២០២៣​

ដើម្បី​សាង​សង់​ព្រលា​នយន្តហោះ​ថ្មីនេះ​ រាជរដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ OCIC​ របស់​អ្នកឧកញ៉ា​ ពង់​ ឃា​វសែ​ ត្រូវ​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយ​ ដែល​មានឈ្មោះ​ថា​ «ក្រុមហ៊ុន​ ខេម​បូ​ឌា​ អ៊ែរ​ផត​ អ៉ិ​នវេ​សមិន​ ឬ Cambodia​ Airport​ Investment​» ដែល​រាជរដ្ឋាភិបាល​ កាន់កាប់​ភាគហ៊ុន១០ភាគរយ​ និង​ក្រុមហ៊ុន​របស់​ឧកញ៉ា​ពុង​ ឃា​វសែ​ កាន់កាប់​ភាគហ៊ុន​ ៩០ភាគរយ​ ដោយ​វិនិយោគ​ទឹកប្រាក់​ចំនួន​ ១,៥០០លាន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​ទឹកប្រាក់​ ១,១០០លាន​ដុល្លារ​ ជា​កម្ចី​ពី​ធនាគារ​បរទេស​ និង២៨០លាន​ដុល្លារ​ជា​របស់​ក្រុម​ OCIC​ និង២៨០លាន​ដុល្លារ​ទៀត​ ជាដើម​ទុន​ចុះបញ្ជី​។

ព្រលា​នយន្តហោះ​ភ្នំពេញថ្មី​ជា​ប្រភេទ​ 4F​ គឺ​ប្រភេទ​ព្រលា​នយន្តហោះ​ធំ​ ដែល​អាច​នឹង​ស្រូប​យក​ និង​ទទួល​បានការ​ហោះហើរ​ពី​ឆ្ងាយ​ឆ្លង​ទ្វីប​ ដែល​អាច​ឲ្យ​ប្រភេទ​យន្តហោះ​ធុន​យក្ស​ រហូតដល់​ Airbus​ A380​-800​ និង​ យន្តហោះ​ Boeing​ 747​-800​ ចុះចត​បាន​៕

មន្ត្រី​ពាណិជ្ជកម្ម​ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​តូក្យូ​ដើម្បី​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​

មន្ត្រី​ពាណិជ្ជកម្ម​ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​តូក្យូ​ដើម្បី​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​
មន្ត្រី​ពាណិជ្ជកម្ម​ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​តូក្យូ​ដើម្បី​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​ បាន​យល់ព្រម​ជួបគ្នា​នៅ​ទីក្រុង​តូក្យូ​ នៅ​ថ្ងៃទី១៦​ ខែធ្នូ​ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ ដែល​បាន​ធ្វើ​ឱ្យ​រង្គោះរង្គើ​សេដ្ឋកិច្ច​អាស៊ី​ និង​បណ្តាល​ឱ្យ​មានការ​ធ្វើ​ពហិការ​ទំនិញ​ជប៉ុន​ទាំងអស់​នៅ​កូរ៉េ​ខាងត្បូង​។

កិច្ចចរចា​ពាណិជ្ជកម្ម​នេះ​នឹង​ក្លាយជា​លើក​ទី១​ បន្ទាប់ពី​ទីក្រុង​តូក្យូ​បាន​ដក​កូរ៉េ​ខាងត្បូង​ចេញ​ពី​បញ្ជី​ស (បញ្ជី​ដៃគូ​ពាណិជ្ជកម្ម​ដែល​អាច​ទុកចិត្ត​បាន​) នៃ​ដៃគូ​ពាណិជ្ជកម្ម​ដោយ​ប្រព័ន្ធ​អនុគ្រោះ​ និង​បាន​ដាក់កម្រិត​លើ​ការនាំចេញ​សម្ភារៈ​សំ​ខាន់​ៗ ដែល​ចាំបាច់​សម្រាប់​ឧបករណ៍​ពាក់កណ្តាល​សម្រេច​ និង​ឧស្សាហកម្ម​ផលិត​បន្ទះ​អេក្រង់​។

រដ្ឋាភិបាល​ជប៉ុន​បាន​អះអាង​ថា​ ការ​ដក​កូរ៉េ​ខាងត្បូង​ចេញពី​បញ្ជី​ពណ៌ស​ គឺ​ដោយសារតែ​ទីក្រុង​សេអ៊ូល​ មិនបាន​ត្រួតពិនិត្យ​ទំនិញ​ឱ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​ធានា​ថា​បច្ចេកវិទ្យា​នេះ​ នឹង​មិន​ត្រូវ​បាន​ប្រើ​នៅក្នុង​ការស្រាវជ្រាវ​អាវុធ​ ដោយ​ប្រទេស​ទាំងឡាយ​ឡើយ​។

កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ ដែល​បាន​គ្រោងទុក​ត្រូវ​បាន​ប្រកាស​ ដោយ​រដ្ឋមន្រ្តី​ឧស្សាហកម្ម​ជប៉ុន​ Hiroshi​ Kajiyama​ នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ ព្រហស្បតិ៍​។

លោក​ Kajiyama​ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​ “ខ្ញុំ​សង្ឃឹមថា​ តាមរយៈ​ការសន្ទនា​ យើង​អាច​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​លើ​ការ​មិន​ប្រើ​អាវុធ​”។

ក្រុង​សេអ៊ូល​អះអាង​ថា​ ការ​រឹតត្បិត​ពាណិជ្ជកម្ម​របស់​ជប៉ុន​ មិនមែន​ដោយសារតែ​ការភ័យខ្លាច​ថា​ បច្ចេកវិទ្យា​នឹង​ចូលក្នុង​កណ្តាប់​ដៃ​ របស់​ប្រទេស​ទាំងឡាយ​នោះ​ទេ​ ប៉ុន្តែ​នៅក្នុង​ការសងសឹក​ នៃ​សេចក្តី​បង្គាប់​របស់​តុលាការ​កំពូល​កូរ៉េ​ខាងត្បូង​ កាលពី​ឆ្នាំមុន​ដល់​សាជីវកម្ម​ជប៉ុន​ បង់ប្រាក់​សំណង​សម្រាប់​ការចូលរួម​របស់​ពួកគេ​ ក្នុង​ពលកម្ម​ទាសករ​លើ​ជនជាតិ​កូរ៉េ​ អំឡុង​ការ​កាន់កាប់​របស់​ខ្លួន​នៅ​ឆ្នាំ​ ១៩១០​ ដល់​ ១៩៤៥​។

រដ្ឋាភិបាល​ជប៉ុន​បាន​អះអាង​ថា​ សេចក្តី​សម្រេច​របស់​តុលាការ​កូរ៉េ​ ផ្ទុយពី​សន្ធិសញ្ញា​ឆ្នាំ១៩៦៥​ រវាង​ប្រទេស​ទាំងពីរ​ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ រាល់​ការ​ទាមទារ​សំណង​ពេល​សង្គ្រាម​ គឺ​បាន​បញ្ចប់​ទាំងស្រុង​ និង​ចុងក្រោយ​។

ទន្ទឹម​នឹង​នេះ​ដែរ​ សេដ្ឋកិច្ច​ជប៉ុន​ត្រូវ​បាន​ជាប់​គាំង​នៅ​ឆ្នាំ២០២០​ ខណៈ​ដែល​ខ្លួន​នៅតែ​បន្ត​កំណើន​យឺត​នៅ​ចុងឆ្នាំ​។ នេះ​បើ​យោង​តាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) ។ IMF​ បាន​ទម្លាក់​ការ​ព្យាករ​កំណើន​របស់​ជប៉ុន​ ជាថ្មី​ម្តង​ទៀត​នៅ​ឆ្នាំនេះ​ ដោយ​ថយ​ចុះពី០​,៩ ភាគរយ​មក​នៅ​ត្រឹម០​,៨ ភាគរយ​។

យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ជប៉ុន​ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​ទីបី​នៅ​លើ​ពិភពលោក​បាន​ចាប់ផ្តើម​ធ្លាក់ចុះ​នៅក្នុង​ត្រីមាស​ទី​ ៣ ដោយមាន​អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ ០,២ ភាគរយ​។

យោង​តាម​ក្រុម​អ្នកវិភាគ​បាន​ឱដឹង​ថា​ សេដ្ឋកិច្ច​ជប៉ុន​បាន​ធ្លាក់ចុះ១​,៦ ភាគរយ​ ពី​ត្រីមាស​មុន​ ដោយសារតែ​ភាព​តានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ រវាង​អាមេរិក​និង​ចិន​។ សេដ្ឋកិច្ច​ជប៉ុន​ ពឹងផ្អែក​ខ្លាំង​លើ​ការនាំចេញ​ និង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ភ័ស្តុភារ​សំ​ខាន់​ៗនៅ​ជុំវិញ​ពិភពលោក​។

សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េ​ខាងត្បូង​ ធ្វើ​ឱ្យ​ប្រជាជន​កូរ៉េ​ភាគច្រើន​ធ្វើ​ពហិការ​ទំនិញ​ និង​សេវាកម្ម​របស់​ជប៉ុន​ទាំងអស់​។ ទំនាក់ទំនង​សេដ្ឋកិច្ច​នយោបាយ​ និង​វប្បធម៌​រវាង​ប្រទេស​យក្ស​សេដ្ឋកិច្ច​អាស៊ី​ទាំងពីរ​ បាន​ឈាន​ដល់​កំរិត​ទាប​ជា​ប្រវត្តិសាស្ត្រ​។

សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​ក៏បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ផង​ដែរ​ ដោយសារតែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ដែល​កំពុង​ជះឥទ្ធិពល​ដល់​សង្វាក់​តម្លៃ​ពិភពលោក​។

​;ធនាគារ​កណ្តាល​កូរ៉េ​ខាងត្បូង​ព្យាករណ៍​ថា​ សេដ្ឋកិច្ច​កូរ៉េ​ នឹង​ជាប់​គាំង​នៅ​ឆ្នាំ​ ២០២០​ ដោយសារ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ក្នុង​តំបន់​ និង​ពិភពលោក​ នៅពេល​ប្រទេស​នេះ​ ជំរុញ​ការ​ផ្លាស់​ប្តូរ​មូលដ្ឋាន​ផលិតកម្ម​ទៅកាន់​អាស៊ី​អាគ្នេយ៍​។

លើស​ពីនេះ​ទៀត​ ធនាគារ​កូរ៉េ​បាន​កាត់បន្ថយ​ការ​ព្យា​ករណ៍​កំនើន​សេដ្ឋកិច្ច​ របស់​ខ្លួន​នៅ​ឆ្នាំ២០១៩បន្ថែម​ទៀត​ ដោយ​ថយ​ចុះពី០​,២នៃ​កំនើន​សេដ្ឋកិច្ច២ភាគរយ​ នៃ​កំនើន​ផលិតផល​សរុប​ក្នុង​ស្រុក​ ដែល​កម្រិត​កំណើន​មិនធ្លាប់​បានឃើញ​ ចាប់តាំងពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​អស្ចារ្យ​កាលពី១០ឆ្នាំមុន​៕

លោក​ឧបនាយក​រដ្ឋមន្ត្រី​ជា​ សុ​ផា​រ៉ា​ ស្នើ​ឱ្យ​វិនិយោគិន​គាំទ្រ​គោលនយោបាយ​សម្តេច​តេជោ​ក្នុង​ការ​រក្សា​ស្ថេរ​ភាព​នយោបាយ​

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ លោក​ ឧបនាយក​រដ្ឋមន្ត្រី​ ជា​សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ស្នើ​ដល់​វិនិយោគិន​ជាតិ​ និង​អន្តជាតិ​បន្ត​គាំទ្រ​គោលនយោបាយ​របស់​សម្តេ​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ដើម្បី​ថែរក្សា​សន្តិភាព​ ការអភិវឌ្ឍន៍​ ស្ថេរ​ភាព​ និង​បរិយាកាស​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ នៅក្នុង​ពិធី​បើក​ឱ្យ​ដំណើរការ​ ពិព័រណ៍​ឧស្សាហកម្ម​សំណង់​នៅ​កម្ពុជា​-អន្តរជាតិ​លើក​ទី៦​ រយៈពេល៣ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី៥​-៧ ខែធ្នូ​ ឆ្នាំ​ ២០១៩នេះ​ថា​ ​ការ​ស្នើ​ឱ្យ​ជួយ​គាំទ្រ​នេះ​ គឺ​ដើម្បី​ជា​កិត្តិយស​ ស្ថេរ​ភាព​ និង​ការ​រីក​ចំរើន​របស់​ប្រទេស​កម្ពុជា​ ដើម្បី​ក្លាយ​ទៅ​ជា​ប្រទេស​មោទ​នៈ​ភាព​ និង​មាន​ស្ថេរ​ភាព​ ក្នុង​ទទួលយក​អ្នក​វិនិយោគ​មក​ពីគ្រប់ទិស​នៅ​លើស​កលោក​។

លោក​បន្ត​ថា​ “បើ​ចង់ឱ្យ​មានការ​អភិវឌ្ឍន៍​ឱ្យ​មានការ​រីក​ចំរើន​ ​និង​ឱ្យ​មាន​ស្ថេរ​ភាព​មានតែ​យើង​ខំប្រឹង​ប្រែង​បង្កើន​ស្នាដៃ​បន្ថែម​ រួមចំណែក​ក្នុង​ការអភិវឌ្ឍន៍​ និង​គាំទ្រ​គោ​លន​បាយ​របស់​សម្តេច​តេជោ​ឱ្យ​មាន​ស្ថេរ​ភាព​តែប៉ុណ្ណោះ​”។

លោក​បាន​បន្ត​ដោយ​លើក​ជាឧទាហរណ៍​ថា​ “ឧទាហរណ៍​នៅក្នុង​ប្រទេស​ដែល​មាន​នូវ​ភាព​វឹកវរ​ ដូចជា​នៅក្នុង​ប្រទេស​មជ្ឈឹ​មបូព៌ា​ ​អត់មាន​ពីណា​ទៅ​វិនិយោគ​នោះ​ទេ​ ។ នៅ​ហុងកុង​ដែល​ធ្លាប់តែ​យើង​ទៅ​មើល​ទេសភាព​ ​ឬក៏​ទៅ​ទិញ​នាឡិ​ការ​ដៃ​ តែ​ឥឡូវ​ យើង​អត់​ហ៊ាន​ទៅ​ហុងកុង​។ សួរ​ថា​អ្នកណា​ហ៊ាន​ទៅ​ផ្សារ​ទិញ​របស់​ ឬ អ្នក​ហុងកុង​ក៏​មិន​ហ៊ាន​ ដូច្នេះ​លទ្ធផល​នៃ​អស្ថេរ​ភាព​នេះ​បាន​ធ្វើ​ឱ្យ​ហិនហោច​” ។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ជា​ សុ​ផា​រ៉ា​បាន​បន្ថែម​ថា​ “អាស្រ័យហេតុ​នេះ​ ចំពោះ​សេដ្ឋកិច្ច​នយោបាយ​នេះ​ គឺ​មានតម្លៃ​ធំ​ណាស់​សម្រាប់​ជាតិ​ ​និង​មាតុភូមិ​របស់​យើង​។ ចឹង​ហើយ​សុំ​ឱ្យ​អ្នក​ទាំងអស់គ្នា​ ​ឆ្លៀតយក​ឪកាស​នេះ​ជួយ​គាំទ្រ​ ហើយ​ការ​ជួយ​គាំទ្រ​នេះ​ សម្រាប់​មាតុភូមិ​របស់​យើង​ផង​ ​និង​ការពារ​ទ្រព្យសម្បត្តិ​ ក៏ដូចជា​ទុន​ និង​អាយុជីវិត​របស់​ខ្លួន​ដែល​បាន​ខិតខំ​ប្រឹងប្រែង​តាំងពី​ឆ្នាំ១៩៧៩​ រហូតដល់​បច្ចុប្បន្ន​នេះ​”។

លោក​ឧបនាយក​ដ្ឋ​មន្ត្រី​បញ្ជាក់​ទៀ​ថា​ មកដល់​បច្ចុប្បន្ន​នេះ​ យើង​មាន​ភាព​រឹង​មុំា​ បន្ថែម​ទៀត​ ដែល​ចាត់ទុកថា​ជា​ការ​សំ​ណូ​ពរ​ដ៏​ចាំបាច់​បំផុត​ ដែល​កូនខ្មែរ​គ្រប់រូប​ត្រូវតែ​មានការ​ខិតខំ​ដោយខ្លួនឯង​ ហើយ​បង្កើន​លើ​ការទទួលខុសត្រូវ​ ហើយ​គិត​គូ​ផលប្រយោជន៍​របស់​ខ្លួន​ទៅខាងមុខ​ និង​ផលប្រយោជន៍​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្បុ​ជា​ ​ទីកន្លែង​ណា​ដែល​យើង​សប្បាយរីករាយ​ មានតែ​ជាតិ​ និង​មាតុភូមិ​របស់​ខ្លួន​ទេ​៕

រដ្ឋាភិបាល​ត្រៀម​ចំណាយ​ជិត​ ៩០០លាន​ដុល្លារ​សម្រាប់​អនុវត្ត​ផែនការ​សកម្មភាព​ឆ្នាំ២០២០​

រដ្ឋាភិបាល​កម្ពុជា​ឆ្លើយតប​ទៅកាន់​សហភាព​អឺរ៉ុប​ពាក់ព័ន្ធ​នឹង​បញ្ហា​ EBA​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ សម្រាប់​ឆ្នាំ២០២០ខាងមុខនេះ​ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ នៅ​ថ្នាក់ក្រោម​ជាតិ​ (គ.ជ.អ.ប​) ដែល​មាន​សម្ដេច​ក្រឡាហោម​ ស ខេង​ ឧបនាយក​រដ្ឋ​មន្ដ្រី​ រដ្ឋ​មន្ដ្រី​ក្រសួងមហាផ្ទៃ​ ជា​ប្រធាន​ បាន​ព្រាង​គម្រោង​ចំណាយ​ថវិកា​សរុប​ចំនួន​ជិត៩០០លាន​ដុល្លារ​ ដែល​ក្នុង​នោះ​ថវិការដ្ឋ​ប្រមាណ ៩៥ភាគរយ​ និង​ថវិកា​រួមចំណែក​ពី​ដៃគូ​អភិវឌ្ឍ​ប្រមាណ៥ភាគរយ​។

ថវិកា​សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ មាន​ចំនួន​ប្រមាណ​ជាង ៣​,៤ទ្រី​លាន​រៀល​ ឬមាន​ចំនួន​ប្រមាណ​ជាង ៨៥៥លាន​ដុល្លារ​អាមេរិក​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០១៩​ ថវិកា​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឆ្នាំ២០២០ខាងមុខនេះ​ មាន​ចំនួន​កើនឡើង​ប្រមាណ​ជិត​ ១,១ទ្រី​លាន​រៀល​ ឬមាន​ចំនួន​ប្រមាណ​ជាង២៧៦លាន​ដុល្លារ​អាមេរិក​ ដោយសារ​ការ​បង្កើន​អត្រា​ចូលរួម​ពី​ថវិការដ្ឋ​ ទៅ​ក្នុង​មូលនិធិ​ឃុំ​ សង្កាត់​ មូលនិធិ​ក្រុង​ ស្រុក​ និង​ការបង្កើត​ឲ្យ​មាន​នូវ​ ប្រភព​ចំ​ណូល​ផ្សេង​ៗទៀត​សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។

រដ្ឋ​មន្ដ្រី​ក្រសួង​មុខងារ​សាធារណៈ​ លោក​ពេជ្រ​ ប៊ុ​នធិន​ បាន​មានប្រសាសន៍​នៅក្នុង​ពិធី​បើក​អង្គ​សិក្ខាសាលា​កាលពី​ថ្ងៃទី៥​ ខែធ្នូ​ ឆ្នាំ២០១៩​ នេះ​ថា​ “សេចក្តី​ព្រាង​បឋម​នៃ​ផែនការ​សកម្មភាព​ និង​ថវិកា​ឆ្នាំ២០២០នេះ​ បាន​រៀបចំឡើង​ដោយ​ផ្អែក​ទៅលើ​គម្រោងថវិកា​សរុប​ប្រមាណ​ជាង៣​,៥ទ្រី​លាន​រៀល​ ស្មើនឹង​ប្រមាណ៨៥៥លាន​ដុល្លារ​អាមេរិក​ ដែល​ក្នុង​នោះ​ថវិការដ្ឋ​ប្រមាណ​ជិត​ ៩៥​ ភាគរយ​ និង​ថវិកា​ចូលរួម​ចំណែក​ពី​ដៃគូ​អភិវឌ្ឍន៍​ប្រមាណ​ជាង៥ភាគរយ​។

លោក​បាន​បន្ត​ទៀត​ថា​ ចំនួន​ថវិកា​នេះ​ នៅ​ពុំ​ទាន់បាន​គិត​បញ្ចូល​នូវ​ថវិកា​ ដែល​ត្រូវ​ផ្ទេរ​សម្រាប់​អនុវត្ត​មុខងារ​នានា​ ដែល​បាន​ផ្ទេរ​ទៅ​ឲ្យ​រដ្ឋបាល​ ថ្នាក់ក្រោម​ជាតិ​ ជាពិសេស​មុខងារ​ដែល​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​រដ្ឋបាល​ក្រុង​ ស្រុក​ ខណ្ឌ​ស្រប​នឹង​ការរៀបចំ​រចនាសម្ព័ន្ធ​គ្រប់គ្រង​ថ្មី​របស់​រដ្ឋបាល​ក្រុង​ ស្រុក​ ខណ្ឌ​តាម​គោលការណ៍​ នៃ​រដ្ឋបាល​ឯកភាព​ និង​មុខងារ​ក្នុង​វិស័យ​សុខាភិបាល​ ដែល​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី​ ខេត្ត​ តាមរយៈ​អនុក្រឹត្យ​ ដែល​បាន​ដាក់ចេញ​នា​ពេល​ថ្មី​ៗនេះ​។

ឆ្នាំ២០២០ខាងមុខនេះ​ គឺជា​ឆ្នាំទី២​ នៃ​ការអនុវត្ត​យុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី៤​ របស់​រាជរដ្ឋាភិបាល​នៃ​នីតិកាល​ទី៦នៃ​រដ្ឋសភា​ ជា​ឆ្នាំ​ចុងក្រោយ​នៃ​ផែនការ​អនុវត្ត​ដំណាក់កាល​ទី៣​ របស់​គ.ជ.អ.បនិង​ជា​ឆ្នាំ​ចុងក្រោយ​នៃ​ការអនុវត្ត​កម្មវិធី​ជាតិ​ សម្រាប់​ការ​អភិវឌ្ឍ​ការ​អភិវឌ្ឍ​ តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ (២០១០​-២០២០​) ហើយក៏​ជា​ឆ្នាំ​ដែល​ គ.ជ.អ.ប​ ត្រូវ​គិតគូរ​អំពី​ការរៀបចំ​កម្មវិធី​ជាតិ​៕

ក្រសួង​សាធារណៈ​ការ​​គ្រោងនឹង​បង្កើត​ចំណត​បន្ថែម​ និង​គន្លង​ផ្លូវ​ពិសេស​សម្រាប់​រថយន្ត​សាធារណៈ​

ដោយ ​វុត្ថា​

ភ្នំពេញ​៖ ​ដើម្បី​សម្រួល​ និង​ការ​កើនឡើង​នៃ​យានយន្ត​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​អះអាង​ថា​ ​ក្រសួង​គម្រោង​បង្កើត​ចំណត​បន្ថែម​ បូករួម​នឹង​គន្លង​ផ្លូវ​ពិសេស​សម្រាប់​ រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​សាធារណៈ​ ដើម្បី​ឱ្យ​សេវា​នេះ​ធ្វើដំណើរ​បាន​លឿន​ និង​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​។

លោក​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ នៅក្នុង​វេទិកា​សំណេះសំណាល​ស្ដីពី​ ចល័ត​ភាព​ក្នុង​ទីប្រជុំជន​ (URBAN​ MOBILITY​ FORUM​) កាលពី​ព្រឹក​ថ្ងៃទី៥​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ថា​ កំណើន​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​នា​ពេល​បច្ចុប្បន្ន​នេះ​ មានការ​រីក​លូតលាស់​យ៉ាង​ឆាប់រហ័ស​ ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​មានលទ្ធភាព​គ្រប់គ្រាន់​ ក្នុង​ការទិញ​សម្ភារៈ​ប្រើប្រាស់​នានា​បាន​ ហើយ​ទាម​ទា​ឱ្យ​មានការ​រៀបចំ​សេវា​ដឹកជញ្ជូន​អោយ​បាន​កាន់តែ​ប្រសើរ​។

លោក​បន្ត​ថា​ “ការ​រីក​លូតលាស់​នៃ​កំណើន​សេដ្ឋកិច្ច​ របស់​ប្រជាពលរដ្ឋ​យ៉ាង​ឆាប់រហ័ស​បែបនេះ​ បាន​ធ្វើអោយ​កំណើន​ នៃ​ការប្រើ​ប្រាស់​យានយន្ត​របស់​ប្រជាពលរដ្ឋ​ មានការ​កើនឡើង​គួរ​អោយ​កត់សម្គាល់​”។ លោក​បន្ត​ថា​ “ជាក់ស្តែង​ក្នុង១ឆ្នាំ​ ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ទិញ​ម៉ូតូ​ជាង៣០ម៉ឺន​គ្រឿង​ ដែល​ជា​អត្រា​មួយ​ខ្ពស់​គួរ​ សម​សម្រាប់​កម្ពុជា​ ក្នុងរយៈ​កាល​ប៉ុន្មាន​ឆ្នាំនេះ​ ហើយដែល​កំណើន​យានជំនិះ​ច្រើនបែប​នេះ​ហើយ​ ដែល​ជាហេតុ​ធ្វើឲ្យ​ បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​កម្ពុជា​ ដូច្នេះ​នេះ​ជា​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ​”។

លោក​រដ្ឋមន្ត្រី​ថា​ ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ មាន​គម្រោង​បង្កើត​ចំណត​បន្ថែម​ បូករួម​នឹង​គន្លង​ផ្លូវ​ពិសេស​សម្រាប់​ រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​សាធារណៈ​ ដើម្បី​ឱ្យ​សេវា​នេះ​ ធ្វើដំណើរ​បាន​លឿន​ ធ្វើ​ឱ្យ​ពលរដ្ឋ​ងាក​មក​ធ្វើដំណើរ​ តាម​រថយន្តក្រុង​ ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​។

លោក​បន្ត​ថា​ ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​កែ​ ប្រែ​ស្ថានភាព​ផ្លូវ​ គំនូស​ផ្លូវ​ ស្លាក​សញ្ញា​ចរាចរណ៍​ អោយ​កាន់តែ​ល្អ​បន្ថែម​ទៀត​ ដើម្បី​ធ្វើ​យ៉ាងណា​អោយ​ប្រជាពលរដ្ឋ​ បាន​យល់ដឹង​កាន់តែ​ច្បាស់​ ក្នុង​ការកាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​កម្ពុជា​។

នៅក្នុង​ទីក្រុង​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​នេះ​ មាន​រថយន្តក្រុង​រត់​ចំនួន១៣ខ្សែ​ ​តែ​មិនទាន់​ឆ្លើយតប​តម្រូវការ​ជាក់ស្តែង​ និង​ការ​កើនឡើង​នៃ​ចំនួន​រថយន្ត​ ដែល​ធ្វើ​ឱ្យ​ចរាចរណ៍​នៅក្នុង​ទីក្រុង​ភ្នំពេញ​មានការ​កកស្ទះ​នៅ​តំបន់​មួយចំនួន​។ ម្យ៉ាងទៀត​ការ ប្រើ​ប្រាស់​សេវា​សាធារណៈ​រថយន្តក្រុង​ពីសំណាក់​របស់​ពលរដ្ឋ​ ហាក់​មិនទាន់​ខ្លាំង​នៅឡើយ​ទេ​ បើ​ទោះបី​រដ្ឋាភិបាល​បាន​ដាក់​ឱ្យ​ដំណើរ​កន្លងមក​នេះ​៕

បារាំង​បិទទ្វារ​សេវា​សាធារណៈ​ជាច្រើន​ ខណៈ​កម្មករ​រាប់​លាន​នាក់​ធ្វើកូដកម្ម​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល

​ដោយ​ Donald​ Lee​

ភ្នំពេញ​៖ សេវាកម្ម​សាលារៀន​ ព្រលា​នយន្តហោះ​ ឡានក្រុង​ និង​រថភ្លើង​របស់​បារាំង​ភាគច្រើន​បាន​បិទទ្វារ​ ខណៈ​ដែល​កម្មករ​រាប់​លាន​នាក់​បាន​ធ្វើកូដកម្ម​កាលពី​ថ្ងៃ​ ព្រហស្បតិ៍​ ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​បាន​គ្រោង​នឹង​ធ្វើ​កំណែទម្រង់​ប្រាក់​សោធន​។

កូដកម្ម​នេះ​បាន​ក្លាយជា​ការ​តវ៉ា​ទូទាំង​ប្រទេស​ដ៏​ធំ​បំផុត​មួយ​ក្នុងរយៈពេល​ជាច្រើន​ឆ្នាំ​ ហើយ​បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​ជាប់​គាំង​។ កូដកម្ម​ធំ​ចុងក្រោយ​បាន​កើតឡើង​ក្នុង​ឆ្នាំ​ ១៩៩៥​ ហើយ​បាន​បិទ​រាល់​ការ​ដំណើរការ​ប្រទេស​នេះ​អស់​រយៈពេល​ជាង​ ៣ សប្តាហ៍​ ហើយ​បង្ខំ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ផែនការ​កំណែទម្រង់​ប្រាក់​សោធន​របស់​ខ្លួន​នៅពេល​នោះ​។

សហជីពកម្មករ​បាន​ព្រមាន​រដ្ឋាភិបាល​ថា​ កូដកម្ម​នឹង​បន្ត​រហូត​ ដល់ពេល​ប្រធានាធិបតី​បារាំង​ Emmanuel​ Macron​ បោះបង់ចោល​ផែនការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ប្រាក់​សោធន​។

រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ Christophe​ Castaner​ បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ ពុធ​នេះ​ ថា​ “យើង​ដឹង​ថា​នឹង​មាន​មនុស្សជា​ច្រើន​នៅក្នុង​ការ​តវ៉ា​ទាំងនេះ​ ហើយ​យើង​ដឹងពី​ហានិភ័យ​។ ខ្ញុំ​បាន​ស្នើសុំ​ជា​ប្រព័ន្ធ​ នៅពេល​មាន​កុបកម្ម​ ឬអំ​ពើ​ហឹង្សា​យើង​ធ្វើការ​ចាប់​ខ្លួ​នភ្លាមៗ​”។

ការស្ទង់មតិ​មតិ​ក្នុង​ស្រុក​បង្ហាញ​ពី​ការ​គាំទ្រ​យ៉ាង​ទូលំទូលាយ​នៃ​សកម្មភាព​ឧស្សាហកម្ម​ដោយ​ទទួល​បានការ​គាំទ្រ​ជាង​ ៦៩​ ភាគរយ​។ខ្សែរថ​ភ្លើង​ក្រោម​ដី​ចំនួន​ ១១​ ត្រូវ​បាន​បិទ​នៅ​ទីក្រុង​ប៉ារីស​ ជើងហោះហើរ​រាប់​រយ​ត្រូវ​បាន​លុបចោល​ ហើយ​សាលារៀន​រាប់ពាន់​ទៀត​បាន​បិទទ្វារ​កាលពី​ថ្ងៃ​ ព្រហស្បតិ៍​ ដោយសារ​កូដកម្ម​ដែល​អាច​ធ្វើឡើង​រហូតដល់​ដំណាច់ឆ្នាំ​។

ប្រព័ន្ធ​សោធន​និវត្តន៍​របស់​ប្រទេស​បារាំង​គឺជា​ប្រព័ន្ធ​មួយ​ដែល​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ចំណាយ​ប្រាក់​ ១៤​ ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ខ្លួន​។ នេះ​បើ​យោង​តាម​អង្គការ​សហប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) ។ សកម្មភាព​ឧស្សាហកម្ម​កើតឡើង​នៅពេល​មិនល្អ​សម្រាប់​លោក​ Macron​ និង​សេដ្ឋកិច្ច​បារាំង​។

នៅ​សប្តាហ៍​នេះ​ រដ្ឋាភិបាល​អាមេរិក​បាន​ប្រកាស​ផែនការ​នឹង​ដាក់​ពន្ធ​ ១០០​ ភាគរយ​លើ​ទំនិញ​បារាំង​ដែល​មានតម្លៃ​ ២,៤​ ពាន់​លាន​ដុល្លារ​ និង​រួមបញ្ចូល​ស្រា​សំ​ប៉ាញ​ កាបូប​ច្នៃ​ និង​ឈីស​។

ពន្ធគយ​លើ​ការនាំចូល​របស់​បារាំង​កើតឡើង​ បន្ទាប់ពី​ការស៊ើបអង្កេត​របស់​រដ្ឋាភិបាល​អាមេរិក​លើ​ពន្ធ​ថ្មី​នៃ​សេវាកម្ម​ឌីជីថល​បារាំង​ដែល​ដាក់​ពន្ធលើប្រាក់ចំណេញ​ ៣ ភាគរយ​លើ​ក្រុមហ៊ុន​ឌីជីថល​ដែល​រកចំណូល​បាន​ជាង​ ២៧,៨៦​ លាន​ដុល្លារ​នៅ​បារាំង​ និង​ ៨៣០​ លាន​ដុល្លារ​នៅ​ទូទាំង​ពិភពលោក​។

ក្រុម​អ្នកវិភាគ​ជឿជាក់​ថា​ ពន្ធ​ថ្មីនេះ​គឺ​សំដៅ​ដោយ​ផ្ទាល់​ទៅលើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ដូចជា​ Facebook​ Apple​ និង​ Amazon​ ៕

កម្ពុជា​ចុះ​ MOU​ ជាមួយ​ ហ្សកដានី​ ដើម្បី​ជំរុញ​ឱ្យ​មានការ​ហោះហើរ​រវាង​ប្រទេស​ទាំងពីរ​

ដោយ​ វុត្ថា

​ទីក្រុង​អាកា​បា​៖ អាជ្ញាធរ​អាកាសចរ​ស៊ីវិល​កម្ពុជា​ និង​ហ្សកដានី​ បានសម្រេច​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ជំរុញ​ឱ្យ​មានការ​ហោះហើរ​រវាង​ប្រទេស​ទាំងពីរ​ និង​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​វិស័យ​អាកាសចរ​ស៊ីវិល​ផង​ដែរ​។

យោង​តាម​ការ​ចុះផ្សាយ​ពី​គេហទំព័រ​រដ្ឋ​លេខា​អាស​ចរណ៍​ស៊ីវិល​ បានឱ្យ​ដឹង​នៅ​ថ្ងៃទី​ ៥ ខែធ្នូ​ឆ្នាំ​ ២០១៩​ នេះ​ថា​ ការ​ចុះ ហត្ថលេខា​ត្រូវ​បាន​ធ្វើឡើង​ ខណៈ​ លោក​បណ្ឌិត​ លោក​ ម៉ៅ​ ហា​វណ្ណា​ល់​ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការ​ដ្ឋាន​អាកា​ស៊ីវិល​ នៅក្នុង​ឪកាសចូល​រួម​សន្និសីទ​ ស្តី​ពី​ការចរចា​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវអាកាស​ ដែល​សហការ​រៀបចំ​ដោយ​ អង្គការ​អាកាសចរ​ស៊ីវិល​អន្តរជាតិ​ (ICAO​) និង​អាជ្ញាធរ​អាកាសចរ​ស៊ីវិល​ នៃ​ព្រះរាជាណាចក្រ​ហ្សកដានី​ចាប់ពី​ថ្ងៃទី០២ ដល់០៦​ ខែធ្នូ​ ឆ្នាំ២០១៩​ ដោយមាន​តំណាង៧៦​ ប្រទេស​ចូលរួម​។

លោក​ ម៉ៅ​ ហា​សវ​ រដ្ឋមន្ត្រី​ ក៏បាន​ស្នើសុំ​ទៅ​ លោកH.E.DR​. KHALID​ SAIF​ រដ្ឋមន្ត្រី​ដឹកជញ្ជូន​ នៃ​ព្រះរាជាណាចក្រ​ហ្សកដានី​ ឱ្យ​ជួយ​ស្វែងរក​គ្រប់​លទ្ធភាព​ ជុំ​រុញ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ហ្សកដានី​ (Royal​ Jordanian​ Airlines​) ដែល​កំពុង​ហោះហើរ​មកកាន់​រាជធានី​បាងកក​ ឱ្យ​ពង្រីក​ផ្លូវ​ហោះហើរ​របស់​ខ្លួន​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​។

ក្រៅពី​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​ប្រទេស​ម្ចាស់​ផ្ទៈ​រៀបចំ​សន្និសីទ​ និង​ចូលរួម​សន្និសីទ​ លោក​បណ្ឌិត​ រដ្ឋមន្ត្រី​ ក៏បាន​ជួប​ប្រជុំ​ទ្វេភាគី​ ជាមួយ​បណ្តា​ប្រទេស​មួយចំនួន​ថែមទៀត​ ដូចជា​ ចក្រភព​អង់គ្លេស​ សហរដ្ឋអាមេរិក​ កា​តា​ កូ​ឡ៊ុ​ប៊ៀ​ ឈីលី​ បង់ក្លាដេស​ និង​អូម៉ង់​ ជាដើម​ ដើម្បី​ពង្រឹ​កកិច្ច​សហប្រតិបត្តិ​ការ​វិស័យ​អាកាសចរ​ស៊ីវិល​ និង​ស្វែងរក​លទ្ធភាព​ចុះហត្ថលេខា​កិច្ច​ព្រមព្រៀង​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវអាកាស​។

មកទល់​ពេល​បច្ចុប្បន្ន​នេះ​ ព្រះរាជាណាចក្រ​កម្ពុជា​ បានសម្រេច​នូវ​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវអាកាស​ ជា​លក្ខណៈ​ទ្វេភាគី​ បាន​ចំនួន​ ៤៤ប្រទេស​ និង​កិច្ច​ព្រមព្រៀង​ពហុភាគី​អាស៊ាន​មួយចំនួន​ផង​ដែរ​ ដែល​អាច​ជួយ​ជុំ​រុញ​ឱ្យ​មាន​កំណើន​ដឹកជញ្ជូន​តាមផ្លូវអាកាស​កាន់តែ​ទូលំទូលាយ​ថែមទៀត​ និង​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​តាមផ្លូវអាកាស​ក្នុង​តំបន់​ និង​អន្តរ​តំបន់​ថែមទៀត​ផង​៕