តម្រូវការ​សម្ភារៈសំណង់​បាន​ហក់​ឡើង​យ៉ាង​គំហុក​ស្រប​ពេល​ការ​រីកចម្រើន​វិស័យ​អចលនទ្រព្យ

​ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖ ការ​រីកចម្រើន​វិស័យ​អចលនទ្រព្យ​បាន​និង​កំពុង​ជំរុញ​ឱ្យ​មាន​កំណើន​តម្រូវការ​សម្ភារៈសំណង់​ ស្រប​ពេល​វិស័យ​សំណង់​នៅ​បន្តសកម្មភាព​គគ្រឹកគគ្រេង​ ដែល​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញថា​មិនទាន់​មាន​ភាព​នឿយណាយ​នៃ​ការ​វិនិយោគ​លើ​វិស័យ​នេះ​នៅឡើយ​។

SONY DSC

របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​ចុងក្រោយ​ដែល​ចេញផ្សាយ​ដោយ​ធនាគារពិភពលោក​កាលពី​ម្សិលមិញ​ បានឱ្យ​ដឹង​ថា​ កំណើន​ជាក់ស្តែង​របស់​សេដ្ឋកិច្ច​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​រក្សា​បាន​ ​៧ភាគរយ​ ក្នុង​ឆ្នាំ២០១៩​។

កំណើន​សេដ្ឋកិច្ច​នេះ​មានការ​រួមចំណែក​យ៉ាង​ខ្លាំង​ពី​វិស័យ​សំណង់​ដែល​ទាញ​ស្រូប​ទាញ​យក​ការ​វិនិយោគ​ពី​ក្នុង​ការ​ស្រុក​ និង​បរទេស​។

របាយការណ៍​ បានឱ្យ​ដឹង​ថា​ “វិស័យ​សំណង់​នៅ​បន្តសកម្មភាព​គគ្រឹកគគ្រេង​ ដែល​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញថា​មិនទាន់​មាន​ភាព​នឿយណាយ​នៃ​ការ​វិនិយោគ​លើ​វិស័យ​នេះ​នៅឡើយ​ទេ​”។ របាយការណ៍​បាន​បន្ត​ថា​ “ជា​លទ្ធផល​ ការនាំចូល​ដែក​សំណង់​បាន​ស្ទុះឡើង​យ៉ាង​គំហុក​ ដល់ទៅ៦៣,៥ភាគរយ​ គិត​ត្រឹម​ខែមិថុនា​ ឆ្នាំ២០១៩​ ពី​ ២៧,៧ភាគរយ​ ក្នុង​ឆ្នាំ២០១៨​”។

តម្រូវការ​ស៊ីម៉ងត៍​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​រហូតដល់៩លាន​តោន​នៅ​ឆ្នាំនេះ​ កើនឡើង​ជិត៩០ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន​។ តម្លៃ​សម្ភារៈសំណង់​បាន​កើនឡើង១០ភាគរយ​ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ស៊ីម៉ងត៍​ជីប​ម៉ុង​ (Chip​ Mong​ Insee​ Cement​ Corporation​)។

វិស័យ​សំណង់​នៅ​កម្ពុជា​មានការ​កើនឡើង​នៅ​ទូទាំង​ប្រទេស​ ដោយ​បាន​បង្កើន​ទំហំ​ទឹកប្រាក់​វិនិយោគ​រហូតដល់​ជាង​ ៧០០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុងរយៈពេល​ ១០​ ខែ​ ក្នុង​ ឆ្នាំ២០១៩នេះ​ នៅ​លើ​គម្រោង​ជិត​ ៤០០០​ ដែល​គ្រោង​សាងសង់​នៅ​លើ​ផ្ទៃក្រឡាដី​ជាង​ ១៥លាន​ម៉ែត្រការ៉េ​។

វិស័យ​សំណង់​ដែល​កំពុង​រីកចម្រើន​នៅ​កម្ពុជា​ ក៏​កំពុង​បង្កើន​ការនាំចូល​វត្ថុធាតុ​ដែក​សំណង់​ពី​បណ្តា​ប្រទេស​នានា​ដូចជា​ ប្រទេស​វៀតណាម​។

ក្រុមហ៊ុន​ផលិត​ដែក​ Hoa​ Phat​ Group​ ដែល​មាន​មូលដ្ឋាន​នៅ​វៀតណាម​បាន​រាយការណ៍​ថា​ ការ​លក់​ដែក​បាន​កើន​ឡើង ២៨,៦៨ភាគរយ​ ដោយ​កម្ពុជា​ជា​អ្នកទិញ​ភាគច្រើន​។ ការនាំចេញ​របស់​ក្រុមហ៊ុន​ផលិត​ដែកថែប​ ប្រទេស​វៀតណាម​បាន​កើនឡើង​ដល់​ ២៤៦ភាគរយ​ពីឆ្នាំ​មុន​។ ប្រទេស​កម្ពុជា​បាន​ទិញ​ដែកថែប​ជិត​ ៤៥,៤៣០តោន​ ពី​ក្រុមហ៊ុន​នេះ​នៅក្នុង​រយៈពេល​បី​ខែ​ដំបូង​នៃ​ឆ្នាំនេះ​៕

កម្ពុជា​-វៀតណាម​ដាក់ចេញ​ផែនការ​ពង្រឹង​ការ​លើកកម្ពស់​សេដ្ឋកិច្ច​នៅ​បណ្តោយ​ព្រំដែន

​ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា​-វៀតណាម​ បាន​រៀបចំ​សេចក្តី​ព្រាង​ផែនការមេ​តភ្ជាប់​សេដ្ឋកិច្ច​កម្ពុជា​-វៀតណាម​ និង​ខេត្ត​ជាប់​ព្រំដែន​ឆ្នាំ២០២១​-២០៣០​។

យោង​តាម​កិច្ចប្រជុំ​បច្ចេកទេស​រវាង​ លោក​ ហ៊ូ​ តាំង​អេង​ រដ្ឋលេខាធិការ​ក្រសួងផែនការ​ និង​លោកស្រី​ ផាន់​ ង៉ុ​កម៉ាយ​ភឿង​ អនុប្រធាន​វិទ្យាស្ថាន​អភិវឌ្ឍន៍​យុទ្ធ​សាស្រ្ត​ នៃ​ក្រសួងផែនការ​សារ​ធារ​ណរដ្ឋ​វៀតណាម​កាលពី​ថ្ងៃទី​ ២៧​ ខែវិច្ឆិកា​ម្សិលមិញ​នៅ​ខេត្តកំពត​នេះ​ បាន​ពិភាក្សា​ផ្តោត​លើ​វិស័យ​សំ​ខាន់​ៗចំនួន០៩​ រួមមាន​ វិស័យ​គមនាគមន៍​ វិស័យ​វិនិយោគ​ វិស័យ​ហិរញ្ញវត្ថុ​ វិស័យ​កសិកម្ម​ វិស័យ​ទេសចរណ៍​ វិស័យ​រ៉ែ​ និង​ថាមពល​ វិស័យ​បរិស្ថាន​ វិស័យ​សុខាភិបាល​ ព្រមទាំង​ខឿន​សេដ្ឋកិច្ច​ជាប់​ព្រំដែន​។

លោក​ ជាវ​ តាយ​ អភិបាលខេត្ត​កំពត​បាន​មានប្រសាសន៍​ថា​ ខេត្តកំពត​ដែល​ជា​ខេត្ត​ជាប់នឹង​ខេ​ត្ត​គៀ​នយ៉ា​ងនៃ​ប្រទេស​វៀ​ណាម​ មាន​សក្តា​នុ​ពល​គ្រប់​វិស័យ​ទាំង៩នេះ​ខាងលើ​។

ខេត្តកំពត​បាន​រៀបចំ​កិ​ច្ច​សហ​ប្រ​ត្តិ​បត្ត​ការ​ដោយ​គ្រោង​បង្កើត​ផ្សារ​តាម​ព្រំដែន​ សាងសង់​កំពង់ផែ​ចំនួន៥​ ដែល​ក្នុង​នោះ​មាន​ កំពង់ផែ​អន្តរជាតិ០១​។

លោក​បន្ត​ថា​ ជាមួយ​នេះ​ ខេត្តកំពត​បាន​ និង​កំពុង​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​គ្រប់​មជ្ឈដ្ឋាន​ឲ្យ​មក​ទស្សនា​កម្សាន្ត​ ហើយក៏​កំពុង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ពិសេស​ស្ថាបនា​ផ្លូវ​ទៅកាន់​ប្រទេស​វៀតណាម​ជាដើម​។

លោក​បន្ថែម​ថា​ ដោយឡែក​ រាល់​បញ្ហា​ប្រឈម​ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ខេត្តកំពត​ និង​ខេ​ត្ត​គៀ​នយ៉ាង​ ក៍​ដូចជា​ប្រទេស​វៀតណាម​ រដ្ឋបាល​ខេត្តកំពត​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​នៅ​កម្រិត​អប្បបរមា​តាមដែល​អាច​ធ្វើ​បាន​៕

អជ្ញា​ធរ​ខេត្ត​កំពង់ស្ពឺ​ ប្រកា​សស​ផ្អាក​ចរាចរណ៍​លើ​កំណាត់ផ្លូវ​ជាតិ​លេខ៤​ ត្រង់​ចំណុច​គម្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង

ដោយ​ ៖ រ៉ា​ណេត​

កំពង់ស្ពឺ​ ៖ នៅ​ព្រឹក​ថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នេះ​ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ បាន​ចេញ​សេចក្ដីប្រកាស​ និង​ជូនដំណឹង​ដល់​សាធារណៈ​ជន​ទូទៅ​អំពី​ការ​ផ្អាក​ចរាចរណ៍​ចំនួន១ថ្ងៃ​ពេញ​ ដើម្បី​រៀបចំ​តម្លើង​ និង​បំពាក់​ផ្នឹម​សាងសង់​ស្ពាន​អាកាស​ថ្មើរ​ជាលើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ខេត្ត​កំពង់ស្ពឺ​។

នៅក្នុង​សេចក្ដីជូនដំណឹង​បាន​បញ្ជាក់​ថា​ ចាប់តាំងពី​ព្រឹក​វេលា​ម៉ោង​ ១០ព្រឹក​ រហូតដល់​ម៉ោង​ ៥ល្ងាច​ ផ្លូវជាតិ​លេខ៤​ ត្រង់​ចំណុច​ចំណុច​រថយន្ត​ផ្សារ​កំពង់ស្ពឺ​ ដែល​ជាគោល​ដៅ​សាងសង់​ស្ពាន​ថ្មើរជើង​អាកាស​លើកដំបូង​ប្រចាំ​ខេត្ត​ ស្ថិតនៅ​ក្នុង​ភូមិ​ក្រាំង​ពពេល​ និង​ភូមិ​ពាណិជ្ជកម្ម​ សង្កាត់​រកាធំ​ ក្រុង​ច្បារមន​ នឹង​បិទផ្លូវ​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ពេញមួយថ្ងៃ​ ដើម្បី​បញ្ចៀស​បញ្ហា​កកស្ទះ​ចរាចរណ៍​ និង​រក្សា​សុវត្ថិភាព​ជូន​អ្នកធ្វើ​ដំណើរ​។

១- ចំពោះ​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ​ ដែល​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​ ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤​ សូម​បញ្ចៀស​ទៅកាន់​ផ្លូវជាតិ​លេខ៣​

២- ចំពោះ​រថយន្ត​ទេសចរណ៍​គ្រប់​ប្រភេទ​ សូម​បញ្ចៀស​ទៅតាម​ផ្លូវ​កណ្តោល​ជ្រុំ​ (ផ្លូវ​លេខ១០៤​ និង១០៥​) និង​តាមផ្លូវ​បំបែក​តាម​ចំណុច​ភ្លើងស្តុប​មន្ទីរ​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ខេត្ត​ និង​ត្រង់​ចំណុច​ភ្លើងស្តុប​បំបែក​ច្បារមន​ ។

ស្ពាន​អាកាស​ថ្មើរជើង​ត្រង់​ចំណុច​បេនឡាន​ ផ្សារ​កំពង់ស្ពឺ​ក្នុង​តម្លៃ​សាងសង់៣៤ម៉ឺន​ដុល្លារ​អាមេរិក​ នឹង​លេច​រូបរាង​ឡើង​នៅក្នុង​ខែធ្នូ​ ឆ្នាំ២០១៩នេះ​ហើយ​ ។

លោក​ វ៉ី​ សំណាង​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ថា​ “ស្ពាន​អាកាស​ថ្មើរជើង​នេះ​ សាងសង់​បាន​ជាង​ ៧០ភាគរយ​ហើយ​ ដោយ​អនុវត្តន៍​ទៅតាម​លក្ខណៈ​បច្ចេកទេស​ស្តង់​ដា​អន្តរជាតិ​ ដែល​មាន​ប្រវែង៣០ម៉ែត្រ​ កម្ពស់៥,២ម៉ែត្រ​ នឹង​ទទឹង៣ម៉ែត្រ​ ដែល​ធ្វើ​ពី​បេតុង​អា​មេ​”។

លោក​បន្ត​ថា​ “រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ នឹង​គ្រោង​រៀបចំ​ពិធី​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ពាន​អាកាស​ថ្មើរជើង​នេះ​ នៅ​ចុងខែ​ធ្នូ​ ឆ្នាំ២០១៩ខាងមុខនេះ​ ដែល​ជាស​មិទ្ធ​ផល​ថ្មី​ជា​ប្រវត្តិសាស្ត្រ​ ដែល​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ទន្ទឹងរង់ចាំ​មើល​”។

វត្តមាន​ស្ពាន​អាកាស​ថ្មើរជើង​លើកដំបូង​ នៅក្នុង​ខេត្ត​កំពង់ស្ពឺ​មួយ​នេះ​ ត្រូវ​បាន​សាងសង់​កាលពី​ខែឧសភា​ ឆ្នាំ​ ២០១៩ កន្លងមក​នេះ​។ វា​ជាផ្នែក​មួយ​ក្នុង​ការ​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏ដូចជា​ការ​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ​នោះ​៕

អ្នកជំនាញ​៖ តម្រូវការ​ជួល​ទីតាំង​លក់រាយ​នៅ​តាម​បណ្តា​ផ្សារ​ទំនើប​អាច​នឹង​មានការ​ធ្លាក់ចុះ​នៅ​ឆ្នាំ២០២០​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ស្រប​ទៅ​នឹង​កំណើន​នៃ​ការ​ផ្គត់ផ្គង់​ផ្សារ​ទំនើប​ នៅពេល​បច្ចុប្បន្ន​ រួម​ជាមួយនឹង​គម្រោង​ដាក់បញ្ចូល​ នូវ​ទីតាំង​លក់រាយ​នៅ​តាម​ផ្សារ​ទំនើប​ថ្មី​ បន្ថែម​ទៀត​នា​ អំឡុង​ឆ្នាំ២០២០ខាងមុខនេះ​ អ្នកជំនាញ​បាន​ធ្វើការ​ព្យាករណ៍​ថា​ ទីផ្សារ​នេះ​អាច​ប្រឈម​នឹង​វិបត្តិ​ ព្រោះថា​ការ​ផ្គត់ផ្គង់​មាន​ចំនួន​ច្រើនលើស​តម្រូវការ​ និង​មានការ​ប្រកួតប្រជែង​ខ្ពស់​។

បច្ចុប្បន្ន​នេះ​ ការ​ផ្គត់ផ្គង់​ផ្សារ​ទំនើប​គ្រប់​ប្រភេទ​នៅ​កម្ពុជា​ មានការ​កើនឡើង​យ៉ាងច្រើន​ ដោយ​គិត​ត្រឹម​ចុងខែ​វិច្ឆិកា​ ឆ្នាំ២០១៩ នេះ​ មាន​ផ្សារ​ទំនើប​ចំនួន២៨កំពុង​ដំណើរការ​ រាប់ទាំង​ផ្សារ​ដែល​ទើបតែ​ចាប់​ដំណើរការ​សាកល្បង​ផង​ដែរ​ ហើយ​ផ្សារ​ទំនើប​ថ្មី​ៗបន្ថែម​ទៀត​ នឹង​ដាក់​ដំណើរការ​នៅ​ចុងឆ្នាំ​នេះ​។

ស្រប​ទៅ​នឹង​ភាព​ជាក់ស្ដែង​ នៃ​ការ​កើនឡើង​នូវ​ចំនួន​ផ្សារ​ទំនើប​ទាំងអស់​នេះ​ នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ CBRE​ Cambodia​ លោកស្រី​ អាន​ សុធី​តា​ បាន​មានប្រសាសន៍​ថា​ ការ​កើនឡើង​នូវ​ចំនួន​ផ្សារ​ទំនើប​គ្រប់​ប្រភេទ​ នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ គឺជា​សញ្ញា​វិជ្ជមាន​ដែល​បង្ហាញ​ពី​កំណើន​សេដ្ឋកិច្ច​ ក៏ដូចជា​ការ​អភិវឌ្ឍ​នៅក្នុង​ប្រទេស​ ខណៈ​ដែល​កម្រិតជីវភាព​ និង​ការយល់​ដឹង​របស់​ប្រជាពលរដ្ឋ​ក៏​មានការ​កើនឡើង​ផង​ដែរ​។

លោកស្រី​បន្ត​ថា​ “នៅពេល​បច្ចុប្បន្ន​នេះ​ មាន​ផ្សារ​ទំនើប​ជាច្រើន​កំពុងតែ​ដំណើរការ​ និង​បំពេញ​តម្រូវការ​របស់​អតិថិជន​ ដែល​រួមមាន​ទាំង​ប្រភេទ​ Shopping​ Mall​ ប្រភេទ​ Retail​ Podium​ និង​ប្រភេទ​ Community​ Mall​ ផង​ដែរ​ ប៉ុន្តែ​ក្នុងចំណោម​ផ្សារ​ទាំងអស់​នេះ​ ភាគច្រើន​ជា​ប្រភេទ​ Community​ Mall​ ដែល​ជា​ផ្សារ​ទំនើប​ខ្នាត​តូច​បែប​សហគមន៍​ និង​ងាយស្រួល​បង្កើត​ និង​មាន​តម្រូវ​ច្រើន​”។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “នៅពេល​មានការ​ផ្គត់ផ្គង់​ច្រើន​ នៅក្នុង​វិស័យ​តែមួយ​ គឺ​តម្រូវ​មានការ​ប្រកួតប្រជែង​គ្នា​ខ្លាំង​ ទាំង​គុណភាព​ ទាំង​សោភ័ណភាព​ ជាពិសេស​ទៅលើ​តម្លៃ​នៃ​ការជួល​ ដែល​ត្រូវតែ​មានការ​ធ្លាក់ចុះ​ដោយ​ស្វ័យប្រវត្តិ​”។

លោកស្រី​បន្ថែម​ថា​ “អត្រា​ជួល​ធ្លាក់ចុះ​ ដោយសារតែ​តម្រូវការ​ជួល​ទីតាំង​លក់រាយ​ត្រូវ​បាន​បែងចែក​ ប៉ុន្តែ​ទោះជាយ៉ាងណា​ក៏ដោយ​ អ្នក​អភិវឌ្ឍ​ចាំបាច់​ត្រូវតែ​មានការ​ត្រៀម​ទុក​ នូវ​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការប្រកួត​ប្រជែង​ ដើម្បី​ជៀសវាង​ហានិភ័យ​”។

តាម​របាយការណ៍​ដែល​សិក្សា​ ដោយក្រុម​អ្នកជំនាញ​ស្រាវជ្រាវ​ក្រុមហ៊ុន​ CBRE​ Cambodia​ បានឱ្យ​ដឹង​ថា​ ព្រមគ្នា​ជាមួយនឹង​វត្តមាន​ផ្សារ​ទំនើប​នានា​ ដែល​កំពុង​មានដំណើរ​នៅពេល​បច្ចុប្បន្ន​នេះ​ នៅ​ត្រឹម​ឆ្នាំ២០២០ខាងមុខនេះ​ នឹង​មាន​ផ្សារ​ទំនើប​គ្រប់​ប្រភេទ​ប្រមាណ១៩គម្រោង​ទៀត​ ដែល​គ្រោង​នឹង​ដាក់​ចូល​ទីផ្សារ​នៅ​កម្ពុជា​ ដែល​កាន់តែ​ជំរុញ​ឱ្យ​មានការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​៕

អាគារ​លំនៅ​ដ្ឋាន​ MESONG​ កម្ពស់​ ៧១ជាន់​ ចាប់ផ្តើម​ប្រកាស​ពី​វត្តមាន​របស់​ខ្លួន​នៅ​កម្ពុជា​

ដោយ​ ប៊ី​

ភ្នំពេញ​៖ មជ្ឈមណ្ឌល​លំនៅ​ដ្ឋាន​លំដាប់​ពិភពលោក​ MESONG​ ដែល​បាន​បោះទុន​វិនិយោគ​រាប់​រយ​លាន​ដុល្លារ​នៅ​ទីក្រុង​កោះ​ពេជ្រ​ចាប់​ផ្តើម​សម្ភោ​ធផ្លូវការ​នៅ​ថ្ងៃនេះ​។

គម្រោង​ MESONG​ មាន​ កំពស់៧១ជាន់​ ស្មើនឹង​កំពស់២៥២ម៉ែត្រ​ បាន​និង​កំពុង​វិនិយោគ​ដោយក្រុម​ហ៊ុន​ Wonder​ Prime​ One​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​។

អាគារ​កប់​ពពក​នេះ​ ជា​គំរោង​អភិវឌ្ឍន៍​ចម្រុះ​រួមមាន​ ផ្សារ​ទំនើប​ ភោជនីយដ្ឋាន​ និង​ លំនៅ​ដ្ឋាន​បែប​សហ​កម្ម​សិទ្ឋ​សរុប១២៧០យូនី​ត។

គំរោង​នេះ​ ស្ថិតនៅ​ក្បែរ​នឹង​ស្ពាន​នាគ​ទីក្រុង​កោះ​ពេជ្រ​ និង​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ២០២២​។ គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ដែល​ចុះហត្ថលេខា​ដំបូងបង្អស់​ ដោយក្រុម​ហ៊ុន​ WONDER​ DEVELOPMENT​ តំណាង​ឱ្យ​យុគសម័យ​ថ្មី​នៃ​ការរស់នៅ​និង​ជីវភាពរស់នៅ​ប្រកបដោយ​កិត្យានុភាព​បាន​កត់សម្គាល់​នូវ​ព្រឹត្តិ​ការណ៍​ថ្មី​មួយ​ ។

លោក​ Jovi​ Wong​ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បាន​មានប្រសាសន៍​ថា​ “កម្ពុជា​គឺជា​កន្លែង​ដែល​ពោរពេញ​ទៅ​ដោយ​ឱកាស​វិនិយោគ​យើង​មានទំនុក​ចិត្ត​ថា​ ក្រុមហ៊ុន​ MESONG​ នឹង​បញ្ឆេះ​ការ​យកចិត្ត​ទុកដាក់​ទីផ្សារ​ចំពោះ​ប្រទេស​នេះ​ ហើយ​យើង​ទន្ទឹង​រង​ចាំ​ធ្វើ​ឱ្យ​គម្រោង​អភិវឌ្ឍន៍​កាន់តែ​ច្រើន​នា​ពេល​អនាគត​”។

ក្រុមហ៊ុន​ WONDER​ DEVELOPMENT​ គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ដែល​គ្រប់គ្រង​ដោយ​មូលធន​ទាំងស្រុង​នៃ​មូលនិធិ​ដែល​គ្រប់គ្រង​ដោយ​ WONDER​ CAPITAL​ GROUP​ ។ វិនិយោគិន​របស់​មូលនិធិ​រួមមាន​ អ្នកជំនាញ​វិជ្ជាជីវៈ​ហុងកុង​ ដូចជា​វិនិយោគិន​ស្ថាប័ន​ក្រុមហ៊ុន​ចុះបញ្ជី​ហុងកុង​ និង​បុគ្គល​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​។

ក្រុមហ៊ុន​ WONDER​ CAPITAL​ GROUP​ ជា​អ្នក​កាន់​អាជ្ញាប័ណ្ណ​គ្រប់គ្រង​ទ្រព្យសកម្ម​ប្រភេទ​ ៩ ដែល​ផ្តល់​ដោយ​គណៈកម្មការ​មូលប័ត្រ​និង​អនាគត​នៃ​ទីក្រុង​ហុងកុង​។

គណៈ​គ្រប់គ្រង​មានបទពិសោធន៍​វិនិយោគ​អចលនទ្រព្យ​ជាង​ ២០​ ឆ្នាំ​ហើយ​បាន​កាន់​តួនាទី​ប្រតិបត្តិ​អាស៊ី​ – ប៉ាស៊ីហ្វិក​សម្រាប់​អ្នកគ្រប់គ្រង​ទ្រព្យសម្បត្តិ​អន្តរជាតិ​ដែល​មានទ្រព្យ​សម្បត្តិ​រាប់​រយ​ពាន់​លាន​ដុល្លារ​ស្ថិត​ក្រោម​ការគ្រប់គ្រង​៕

ចំណេះដឹង​! និ​តិ​វិធី​សំរាប់​ដាក់ពាក្យ​ និង​ការ​ស្នើសុំ​សម្បទាន​ដី​សេដ្ឋកិច្ច​ត្រូវ​ធ្វើ​ដូចម្តេច​?

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​លើ​ដី​ឯកជន​របស់​រដ្ឋ​ ដែល​បាន​ធ្វើ​អត្តសញ្ញាណ​កម្ម​រួចហើយ​ សំរាប់​គោលដៅ​សម្បទាន​ ដែល​មាន​ផលិតភាព​ បង្កើត​មានការ​ងរ​ធ្វើ​ និង​បំពេញមុខ​ងារ​ជា​ដៃគូ​របស់​រដ្ឋ​ ឱ្យមក​វិនិយោគ​លើ​ដីរដ្ឋ​។

យោង​តាម​មឯកសារ​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ស្តី​ពី​គោលនយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច​បានឱ្យ​ដឹង​ថា​ រដ្ឋ​ស្វះស្វែង​រក​ការ​វិ​និ​និ​យោគ​ណា​ដែល​មានលទ្ធភាព​ផ្នែក​ហិរញ្ញវត្ថុ​ និង​បច្ចេកទេស​ក្នុង​ការ​វិនិយោគ​ និង​អ្នក​ដែល​យកចិត្ត​ទុកដាក់​ជួយ​ដល់​រដ្ឋ​ ក្នុង​ការសម្រេច​គោលដៅ​ការពារ​បរិស្ថាន​ សង្គមកិច្ច​ និង​សេដ្ឋកិច្ច​ ។ រដ្ឋ​នឹង​យកចិត្ត​ទុកដាក់​ សំ​រិត​សំ​រាំង​យក​អ្នកដាក់ពាក្យ​សុំ​ត្រឹមត្រូវ​ ដើម្បី​ធានា​ថា​អ្នកនោះ​នឹង​បំពេញភារកិច្ច​របស់​ខ្លួន​តាម​កិច្ចសន្យា​។

រដ្ឋ​អាច​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​គ្រប់ពេល​ ដោយ​ហៅរក​សំណើ​ដែល​ជា​កម្មវត្ថុ​សំរាប់​ការ​ដេញថ្លៃ​ ទៅតាម​លក្ខខណ្ឌ​ដូច​បាន​ចែង​ក្ន​ងអនុក្រឹត្យ​ស្តី​ពី​ សម្បទាន​ស្របតាម​ច្បាប់​ និង​នីតិវិធី​ស្តី​ពី​សម្បទាន​។

នីតិវិធី​សំរាប់​ការ​ផ្តួចផ្តើម​គំនិត​សម្បទាន​ដី​សេដ្ឋកិច្ច​ គប្បី​បញ្ចូល​ឱ្យ​មាន​នីតិវិធី​នៃ​ការ​ដាក់ពាក្យសុំ​ នីតិវិធី​នៃ​ការវាយតម្លៃ​ និង​ការពិនិត្យ​ឡើងវិញ​ ហើយ​នីតិវិធី​ទាំងនេះ​ ត្រូវ​ដាក់​ឱ្យ​ស្ថិត​ក្រោម​សកម្មភាព​ដូចជា​ គ្រប់​សំណើ​សម្បទាន​ដី​សេដ្ឋកិច្ច​ ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​ទំរង់​បែបបទ​ស្តង់ដារ​ នៃ​ការ​ដាក់ពាក្យ​ស្នើសុំ​ដោយ​លំអិត​ពី​ឈ្មោះ​។

អាស័យ​ដ្ឋាន​របស់​អ្នកស្នើ​សុំ​ ភាព​ស្របច្បាប់​នៃ​ក្រុមហ៊ុន​ ការ​ផ្តល់​ទិ​ន្ន័​យផ្នែក​សាជីវកម្ម​ និង​ហិរញ្ញវត្ថុ​ ការ​ពិ​ព័ណ៌នា​អំពី​គម្រោង​ដែល​បាន​ស្នើ​ឡើង​ និង​ទិសដៅ​នៃ​ការប្រើ​ប្រាស់​ទីតាំង​ បច្ចេកទេស​នៃ​ការ​ដាំដុះ​ ការកែច្នៃ​ ការវាយតម្លៃ​បឋម​ពី​ផល​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​។

គម្រោង​អាច​ស្នើ​ឡើង​នូវ​ទីតាំង​ជាក់លាក់​ណាមួយ​ ឬលើ​សំ​ណើរ​សុំ​ទី​តំាង​សំរាប់​គម្រោង​ដែល​បាន​ស្នើ​ឡើង​ ដោយ​មា​នភា្ជប់​គំនូស​ផែនទី​ទីតាំង​ដែល​បាន​ស្នើ​។

ពាក្យ​ស្នើសុំ​អាច​ដាក់​នៅ​ច្រកចេញ​ចូល​តែមួយ​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ឬនៅ​គណៈកម្មាធិការ​ប្រើប្រាស់​ និង​បែងចែក​ដី​ថ្នាក់​ខេត្ត​ក្រុង​ ប្រសិន​តម្លៃ​វិនិយោគ​សរុប​របស់​គម្រោមា​នទឹកប្រាក់​ជាង២លាន​ដុល្លារ​អាមេរិក​។ ក្រោយពី​លេខាធិការ​ដ្ឋាន​បច្ចេកទេស​នឹង​ធ្វើការ​កំណត់​ ប្រសិនបើ​ការ​ស្នើសុំ​នេះ​ ឆ្លើយតបទៅនឹង​ដែន​យុទ្ធសាស្ត្រ​ ដែល​បាន​កំណត់​ដោយ​លេខាធិការ​ដ្ឋាន​បច្ចេកទេស​ និង​ប្រសិនបើ​មាន​ទីតាំង​ណា​អាច​ទទួលយក​ពាក្យ​ស្នើសុំ​នេះ​បាន​ ដោយ​ផ្អែកលើ​ផែនការ​ប្រើប្រាស់​ និង​បែងចែក​ដី​ដែល​បាន​បង្កើត​ឡើង​ដោយ​ខេត្ត​ក្រុង​នី​មួយ​ៗ ។

​ប្រសិនបើ​ពាក្យសុំ​នេះ​ ត្រូវ​បាន​បញ្ជាក់​ថា​សមស្រប​ លេខាធិការ​ដ្ឋាន​បច្ចេកទេស​នឹង​តម្រូវ​ឱ្យ​អ្នកដាក់ពាក្យ​សុំ​លើក​សំ​ណើរ​ជា​ផ្លូវការ​៕

រុស្ស៊ី​ និង​ចិន​បង្ហាញ​គំរោង​វិនិយោគ​រួមគ្នា​ចំនួន៧០​ មានតម្លៃ​មហាសាល​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ មូលនិធិ​វិនិយោគ​រុស្ស៊ី​ និង​ចិន​ (RCIF​) បាន​បង្ហាញថា​ ក្រុម​វិនិយោគ​ចិន​ និង​រុស្ស៊ី​មាន​គម្រោង​ជាច្រើន​ ដែ​កគ្រិ​ងវិនិយោគ​រួមគ្នា​មានតម្លៃ​ទឹកប្រាក់១១២​ ពាន់​លាន​ដុល្លារ​កំពុង​ស្ថិត​ក្នុង​ការ​គ្រោងទុក​សម្រាប់​ការ​អភិវឌ្ឍ​។

ការប្រកាស​នេះ​ ត្រូវ​បាន​ធ្វើឡើង​នៅ​ទីក្រុង​ប៉េកាំង​ កាលពី​ថ្ងៃអង្គារ​ នៅ​ឯគណៈកម្មការ​វិនិយោគ​រុស្ស៊ី​ និង​ចិន​។

ការ​ចេញផ្សាយ​ដោយ​មូលនិធិ​វិនិយោគ​ផ្ទាល់​របស់​រុស្ស៊ី​ (RDIF​) បានឱ្យ​ដឹង​ថា​ “មកដល់ពេលនេះ​ គណៈកម្មាធិការ​ប្រឹក្សា​អាជីវកម្ម​រុស្ស៊ី​ និង​ចិន​កំពុង​ពិចារណា​លើ​គម្រោង​ចំនួន៧០​ សម្រាប់​ទឹកប្រាក់​សរុប​ចំនួន១១២ពាន់​លាន​ដុល្លារ​។ គណៈកម្មាធិការ​បាន​ជួយ​អនុវត្ត​គម្រោង​ឆ្លងកាត់​ព្រំដែន​ ដែល​មានតម្លៃ​ជាង១០ពាន់​លាន​ដុល្លារ​អាមេរិក​រួចហើយ​”។

ភាគី​ទាំងពីរ​ក៏បាន​យល់ព្រម​ធ្វើជា​ដៃគូ​ លើ​វេទិកា​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​របស់​រុស្ស៊ី​ដូចជា​ Amazon​ ឬ Alibaba​។ ក្រុមហ៊ុន​ RDIF​ ក្រុមហ៊ុន​ Alibaba​ Group​ ក្រុមហ៊ុន​ Mail.ru​ Group​ និង​ក្រុមហ៊ុន​Megafon​ គ្រោង​នឹង​ក្លាយជា​ផ្នែក​មួយ​ នៃ​គំរោង​ភាពជា​ដៃគូ​រួមគ្នា​នេះ​។

ចិន​បាន​ខិត​ទៅ​ជិត​ប្រទេស​រុស្ស៊ី​ នៅពេល​ដែល​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​ឈាន​ដល់​ខែទី១៧​ ហើយ​។ សង្រ្គាម​ពាណិជ្ជកម្ម​បាន​ធ្វើ​ឱ្យ​រំខាន​ដល់​សង្វាក់​ផ្គត់ផ្គង់​ និង​ពាណិជ្ជកម្ម​នៅ​ជុំវិញ​ពិភពលោក​ និង​គំរាមកំហែង​ទម្លាក់​សណ្តាប់​ធ្នាប់​សេដ្ឋកិច្ច​ដែល​មានស្រាប់​។

ក្រុម​អ្នកវិភាគ​បាន​អះអាង​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​ គឺជា​ការ​ឈានមុខ​គេ​នៅក្នុង​សង្គ្រាម​ត្រជាក់​ថ្មី​មួយ​នេះ​ ដែល​ពាក់ព័ន្ធ​នឹង​អាមេរិក​និង​ចិន​។

ចិន​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​រុស្ស៊ី​ ក្នុងរយៈពេល៩ឆ្នាំ​កន្លងមក​នេះ​។ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ បាន​កើនឡើង​ជិត៣០ភាគរយ​កាលពី​ឆ្នាំ​ មុន​។ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ បាន​កើនឡើង​ពី​ជាង១០០ពាន់​លាន​ដុល្លារ​ទៅ២០០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០២៤​។

នាយក​រដ្ឋមន្រ្តី​រុស្ស៊ី​លោ​កឌី​មី​ទ្រី​ មេដ​វេ​ដេវ​ (Dmitry​ Medvedev​) បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ប្រទេស​រុស្ស៊ី​កាលពីដើម​ឆ្នាំនេះ​ថា​ “ផែនការ​នេះ​ គឺ​ដើម្បី​សម្រេច​បាន​នូវ​គម្រោង​ទាំងនោះ​ តាមរយៈ​គម្រោង​រួមគ្នា​ក្នុង​វិស័យ​ថាមពល​ ឧស្សាហកម្ម​ បច្ចេកវិទ្យា​ និង​កសិកម្ម​”។

លោ​កមេដ​ វេ​ដេវ​បាន​បន្ថែម​ថា​ “យើង​កំពុងធ្វើការ​យ៉ាង​ខ្ជាប់ខ្ជួន​ ដើម្បី​ដក​របាំង​ដែល​រារាំង​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​កសិកម្ម​។ វា​ទាក់ទង​នឹង​ការ​ផ្គត់ផ្គង់​សណ្តែកសៀង​ ស្រូវសាលី​ និង​ដំណាំ​មួយចំនួន​ទៀត​ទៅ​ចិន​”។

ចំណុច​សំខាន់​មួយ​ នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​គឺ​ការទិញ​ផលិតផល​កសិកម្ម​របស់​អាមេរិក​ ដូចជា​ សណ្តែកសៀង​ពី​ចិន​។ ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​និយាយ​ថា​ លោក​ចង់ឱ្យ​ចិន​ព្រម​ទិញទំនិញ​កសិកម្ម​ មានតម្លៃ៥០​ ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​ជាផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​៕

ក្រុមហ៊ុន​ចិន​ធំៗ​ ចំនួន៣៥​ ចាប់អារម្មណ៍​លើ​ការ​វិនិយោគ​ក្នុងទឹក​ដី​ខេត្ត​កំពង់ស្ពឺ​

ដោយ ​វុត្ថា

កំពង់ស្ពឺ​៖ ក្រុម​ហ៊ុន​ធំៗ​ ចំនួន៣៥​ មក​ពីសា​ធារ​ណរដ្ឋ​ប្រជាមានិត​ចិន​បាន​ចុះ​មក​សិក្សា​ស្វែងយល់​ពី​ឱកាស​សម្រាប់​វិនិយោគ​ និង​បណ្តាក់​ទុន​វិនិយោគ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ ។

លោក​ វ៉ី​ សំណាង​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​ នៅក្នុង​ជំនួប​ជាមួយ​គណៈប្រតិភូ​មក​ពីសា​ធារ​ណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ថ្ងៃទី២៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ បានឱ្យ​ដឹង​អំពើ​ស្ថានភាព​រួម​របស់​រដ្ឋបាល​ខេត្ត​ សក្កា​នុ​ពល​នានា​ និង​ក្រុមហ៊ុន​នានា​ដែល​កំពុងធ្វើការ​វិនិយោគ​នៅក្នុង​ខេត្ត​ ដែល​មានការ​ទទួលស្គាល់​ និង​បានច្បាប់​អនុញ្ញាត​ដោយក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ (CDC​)។

លោក​បន្ត​ថា​ ខេត្ត​កំពង់ស្ពឺ​កំពុង​ត្រូវការ​អ្នក​វិនិយោគិន​បន្ថែម​ទៀត​ ដើម្បី​អភិវឌ្ឍន៍​ខេត្ត​ ហើយ​ផ្តល់​ទីផ្សារ​ការ​រងា​រនៅ​នឹង​កន្លែង​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា​ មានការ​ងារ​ធ្វើ​ មាន​ជីវភាព​ធូ​ធារ​ កាត់បន្ថយ​ការ​ចំណាកស្រុក​ បង្កើន​ជីវភាពរស់នៅ​ជួបជុំ​គ្រួសារ​ ឱ្យ​កាន់​តែ​ប្រសើ​ឡើង​ ស្រប​ពេល​ដែល​ខេត្ត​កំពង់ស្ពឺ​កំពុង​ក្លាយជា​ជង្រុក​របស់​អ្នក​វិនិយោគ​ផង​ដែរ​ ។

លោក​អភិបាលខេត្ត​បាន​សំណូមពរ​ដល់​គណៈប្រតិភូ​ចិន​ ជួយ​ដល់​ភាគី​កម្ពុជា​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ វិស័យ​ឧស្សាហកម្ម​ ពាណិជ្ជកម្ម​ ប្រកបដោយ​គុណភាព​និង​ប្រសិទ្ធិ​ភាព​ ដើម្បី​លើកស្ទួយ​ជីវភាព​ប្រជាជន​ក្នុង​ខេត្ត​មាន​ជីវភាព​កាន់តែ​រីក​ចំរើន​ឡើង​។

គណៈប្រតិភូ​បាន​រីករាយ​និង​ទទួល​សំណូមពរ​របស់​ឯកឧត្តម​អភិបាលខេត្ត​ យក​ទៅ​សិក្សា​បន្ថែម​ និង​ណែនាំ​កៀងគរ​អ្នក​វិនិយោគ​លើ​គ្រប់​វិស័យ​មក​អភិវឌ្ឍន៍​នៅ​លើទឹក​ដី​ខេត្ត​កំពង់ស្ពឺ​ឲ្យ​មានការ​រីក​ចំរើន​បន្ថែម​ទៀត​និង​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយគ្នា​ជា​ដៃគូ​ល្អ​នា​ពេល​អនា​គត់​។

លោក​អភិបាលខេត្ត​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ចិន​មួយចំនួន​ដែល​បាន​វិនិយោគ​នៅ​ខេត្ត​កំពង់ស្ពឺ​កន្លងមក​និង​បន្ត​សហការ​គ្នា​រកស៊ី​ជាមួយគ្នា​ធ្វើឲ្យ​ខេត្ត​កំពង់ស្ពឺ​មានការ​អភិវឌ្ឍន៍​កាន់តែ​រី​ចំរើន​តទៅ​៕

គម្រោង​អភិវឌ្ឍន៍​ផ្សារ​ទំនើប​សិន​ជូរី​ផ្លា​ហ្សា​ថ្មី​កម្ពស់ ៧ជាន់​ ចាប់ផ្តើម​បុក​គ្រឹះ​សាងសង់​នៅ​ថ្ងៃនេះ​

ដោយ​ វុត្ថា

ភ្នំពេញ​៖ ​គម្រោង​អភិវឌ្ឍន៍​ផ្សារ​ទំនើប​សេន​ជូរី​ផ្លា​ហ្សា​ ដែល​កំពស់​ ៧ជាន់​ ផ្នែក​ខាងលើ​ ៥ជាន់​ និង​ក្រោម​ដី​ ២ជាន់​ បាន​ចាប់ផ្តើម​សម្ពោធ​បើ​ករ​ដ្ឋាន​សាងសង់​នៅ​ថ្ងៃនេះ​ ដោយ​គ្រោង​ចំ​ណាយ​ពេល​ព ២៤ខែ​ នឹង​បញ្ចប់​។

លោកស្រី​ឧកញ៉ា​ ចាន់​ សុទ្ធា​ អគ្គ​នាយិកា​ក្រុមហ៊ុន​សេន​ជូរី​គ្រុប​ បាន​ថ្លែង​ឱ្យ​ដឹង​នៅក្នុង​ពិធីសម្ពោធ​បើក​កា​រដ្ឋា​នៅ​ថ្ងៃទី​ ២៧​ ខែវិច្ឆិកា​នេះ​ ថា​ ផ្សារ​ទំនើប​សេន​ជូរី​ផ្លា​ហ្សា​ នឹង​ក្លាយទៅជា​មជ្ឈមណ្ឌល​ ពាណិជ្ជកម្ម​ ឧស្សាហកម្ម​ សេវាកម្ម​ និង​ទេសចរណ៍​ដ៏​ធំ​បំផុត​ នៅក្នុង​រាជធានី​ភ្នំពេញ​ ហើយ​តំបន់​នេះ​ក៏​នឹង​ក្លាយទៅជា​ទី​ចាប់អារម្មណ៍​ខ្លាំង​បំផុត​របស់​ភ្ញៀវ​ទេសចរ​ជាតិ​-អន្តរជាតិ​ បន្ទាប់ពី​ផ្សារ​ទំនើប​មួយ​នេះ​លេចចេញ​រូបរាង​ឡើង​។

លោក​ ឃួង​ ស្រេង​ អភិវឌ្ឍ​រាជធានី​ភ្នំពេញ​បាន​បានឱ្យ​ដឹង​ដែរ​ថា​ គម្រោង​អភិវឌ្ឍ​ផ្សារ​ទំនើប​នេះ​ ក្នុង​គោល​ ដៅ​រៀបចំ​សណ្តាប់​ធ្នាប់​នៅ​តំបន់​នេះ​ឲ្យបាន​រៀបរយ​និង​ការ​បង្អួត​ភ្ញៀវ​ទេសចរ​បរទេស​ ខណៈ​បច្ចុ​ប្ប​តំបន់​នេះ​មាន​ស្ថានភាព​អា​ក្រ​ក់​ខ្លំា​ងរ​ងការ​លិចលង់​ជាប្រចាំ​នៅពេល​មាន​ភ្លៀង​ធ្លាក់​ម្តង​ ហើយ​ការលក់ដូរ​គ្មាន​សណ្តាប់​ធ្នាប់​ប៉ៈ​ពាល់​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ​។

លោក​ថា​ “សរសើរ​ហើយ​សរសើរ​ទៀត​ចំពោះ​អាជីវ​ករ​ទំាង​ផ្សារ​រដ្ឋ​និង​ផ្សារ​ឯកជន​ ដែល​បាន​ទុក​ ចិត្ត​មកដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ប្រគល់​តួនាទី​នេះ​មក​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ហើយ​ផ្តល់​ការ​វិនិយោគ​ជូន​ក្រុមហ៊ុន​ផ្សារ​សិន​ជូរី​គ្រុប​ ដើម្បី​ធ្វើការ​អភិវឌ្ឍ​ជា​ផ្សារ​ទំនើប​ ចឹង​អាជីវ​ករ​ទំាង​អស់​ត្រូវ​ទុកចិត្ត​មាន​កិច្ចការ​បញ្ហា​អ្វី​ត្រូវ​តេ​មក​ខ្ញុំ​។ ហើយ​ក្រុមហ៊ុន​ត្រូវ​ធ្វើអ្វី​តាម​ កិច្ចសន្យា​ដើម្បី​សុ​ខដុ​មទំាង​អស់​គ្នា​”។

លោក​ អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់​ម្ចាស់​វិនិយោគ​គម្រោង​អភិវឌ្ឍន៍​ ផ្សារ​សិន​ជូរី​ផ្លា​ហ្សា​ មិន​ត្រូវ​ធ្វើអ្វី​ខុសពី​គម្រោង​ដែល​បាន​ព្រមព្រៀង​ឡើយ​ ដើម្បី​កុំ​អោយ​មានការ​ ឆ្គាំឆ្គង​ជាមួយ​ក្រុម​អាជីវករ​។

លោកស្រី​ចាន់​ សុធា​អគ្គ​នាយិកា​ក្រុមហ៊ុន​សិន​ជូរី​គ្រុប​ បាន​ឲ្យដឹង​បន្ត​ថា​ គម្រោង​អភិវឌ្ឍន៍​ផ្សារ​ទំនើប​នេះ​មាន​កំពស់៥ជាន់​ ហើយ​នៅពេល​ក្រុមហ៊ុន​សាងសង់​រួច​ នឹង​ប្រគល់​តូប​ជូន​អាជីវករ​វិញ​ដែល​បច្ចុប្បន្ន​ពួកគេ​មាន​តូប​កំពុង​លក់​ នៅ​ផ្សារ​រដ្ឋ​ និង​ផ្សារ​ឯកជន​។

លោកស្រី​បាន​អៈអាង​ថា​ ក្រុមហ៊ុន​នឹង​ពន្លឿន​ការសាងសង់​ផ្សារ​ទំនើប​នេះ​ឲ្យហើយ​តាម​ ផែនការ​ដែល​បាន​កំណត់​ក្នុងរយៈ​ពេល២៤ខែ​ ពោល​នឹង​ត្រូវហើយ​រួចរាល់​នៅ​ចុងឆ្នាំ២០២១​ ខាងមុខ​។ បច្ចុប្បន្ន​អាជីវករ​លក់​នៅ​ទីតាំង​ផ្សារ​សិន​ជូរី​ទាំង​រដ្ឋ​និង​ឯកជន​ចំនួន៦៧០តូប​ ដោយ​ត្រូវ​រើ​ទៅ​លក់​ជា​បណ្តោះអាសន្ន​ទី​តំាង​សួនកុមារ​ពោធិ​សែន​ជ័យ​ មុខ​ផ្សារ​សិន​ជូរី​ផ្លា​ហ្សា​៕

លោក​ Donald​ Trump​ បាន​បញ្ជាក់​ពី​ការវិវត្តន៍​ចុងក្រោយ​នៃ​ការចរចា​ពាណិជ្ជកម្ម​ដំណាក់កាល​ទី១

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​ថ្លែង​ថា​ អ្នកចរចា​ពាណិជ្ជកម្ម​ទាំងសងខាង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ការ​បញ្ចប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​ ១ នៅ​ថ្ងៃ​ អង្គារ​នេះ​។

លោក​ Trump​ បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ឯសេតវិមាន​នៅ​ថ្ងៃ​ អង្គារ​នេះ​ថា​ “យើង​ស្ថិត​ក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​កិច្ច​ព្រមព្រៀង​ដ៏​សំខាន់​មួយ​។ ខ្ញុំ​គិតថា​ អ្នក​អាច​និយាយ​ថា​ កិច្ច​ព្រមព្រៀង​ដ៏​សំខាន់​បំផុត​មួយ​នៅក្នុង​ពាណិជ្ជកម្ម​។ វា​នឹង​ដំណើរការ​ល្អ​ ប៉ុន្តែ​នៅពេល​ជាមួយគ្នា​នេះ​ យើង​ចង់​ឃើញ​ដំណើរការ​ល្អ​នៅក្នុង​ទីក្រុង​ហុងកុង​”។

លោក​បាន​បន្ថែម​ថា​ “ខ្ញុំ​គិតថា​ ប្រធានាធិបតី​ស៊ី​អាច​ធ្វើ​ឱ្យ​រឿង​នោះ​កើតឡើង​។ ខ្ញុំ​ស្គាល់​គាត់​ ហើយ​ខ្ញុំ​ដឹង​ថា​ លោក​ចង់​ធ្វើ​ឱ្យ​វា​កើតឡើង​”។ អ្នកដឹកនាំ​ចរចា​របស់​ចិន​លោក​ Liu​ បាន​និយាយទៅ​កាន់​តំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក​ Robert​ Lighthizer​ ​និង​រដ្ឋមន្រ្តី​ក្រសួង​រតនាគារ​អាមេរិក​លោក​ Steven​ Mnuchin​ បាន​បញ្ចប់​ការទាក់ទង​គ្នា​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ អង្គារ​នេះ​ស្តី​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​មួយ​។

សង្រ្គាម​ពាណិជ្ជកម្ម​ ១៦​ ខែ​បាន​ធ្វើ​ឱ្យ​រំខាន​ដល់​សង្វាក់​ពាណិជ្ជកម្ម​ពិភពលោក​ និង​ខ្សែ​សង្វាក់​តម្លៃ​នៅ​ជុំវិញ​ពិភពលោក​។

អង្គការ​សហប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) បាន​បញ្ជាក់​ថា​ ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​បាន​បណ្តាល​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ដូច​កម្រិត​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​កាលពី​ ១០​ ឆ្នាំមុន​។

លើស​ពីនេះ​ទៀត​ ធនាគារ​ New​ York​ Federal​ Reserve​ បាន​រក​ឃើញថា​ ក្រុមហ៊ុន​ និង​អ្នកប្រើ​ប្រាស់​អាមេរិក​កំពុង​ទទួលរង​ផល​ប៉ះពាល់​ពី​ពន្ធគយ​ខ្ពស់​នៃ​ទំនិញ​ចិន​។ពន្ធគយ​គឺជា​ទម្រង់​នៃ​ការ​យកពន្ធ​ និង​ជា​វិធី​មួយ​ដែល​ប្រទេស​នានា​រក​ប្រាក់ចំណូល​បាន​។ កាលពីមុន​ ពន្ធគយ​គឺជា​ប្រភព​ធំ​បំផុត​នៃ​ការ​ផ្តល់​មូលនិធិ​សម្រាប់​រដ្ឋាភិបាល​។ ពន្ធគយ​គឺជា​ទម្រង់​នៃ​ពន្ធលក់​ដែល​ត្រូវ​បាន​គិត​ដោយ​អាជ្ញាធរ​គយ​របស់​ប្រទេស​។

ពន្ធ​ទាំងនេះ​ត្រូវ​បាន​ទូទាត់​នៅ​ឯកំ​ពង់​ផែ​នៃ​ការ​ចូល​ទំនិញ​ដោយ​អាជ្ញាធរ​ពន្ធគយ​របស់​ប្រទេស​មួយ​ ហើយ​ត្រូវ​បាន​ទូទាត់​ដោយ​អ្នកទិញ​ទំនិញ​ក្នុង​ស្រុក​។

ការសិក្សា​ស្រាវជ្រាវ​មួយ​ដោយ​ធនាគារ​ New​ York​ Federal​ Reserve​ បានឱ្យ​ដឹង​ថា​ “អាជីវកម្ម​ និង​អ្នកប្រើ​ប្រាស់​អាមេរិក​ត្រូវ​បានការ​ពារ​ពី​ពន្ធគយ​ខ្ពស់​ដល់កម្រិត​ដែល​ក្រុមហ៊ុន​ចិន​បញ្ចុះ​ថ្លៃ​ដុល្លារ​ដែល​ពួកគេ​ទូទាត់​”។

របាយការណ៍​ដដែល​បាន​បង្ហាញ​ទៀត​ថា​ “ទិន្នន័យ​តម្លៃ​នាំចូល​របស់​អាមេរិក​បាន​បង្ហាញថា​ តម្លៃ​ទំនិញ​ចិន​មកដល់​ពេលនេះ​មិនបាន​ធ្លាក់ចុះ​ទេ​។ ជា​លទ្ធផល​ អ្នកលក់​ដុំ​អ្នកលក់​រាយ​ អ្នកលក់​រាយ​ និង​អ្នកប្រើ​ប្រាស់​នៅ​អាមេរិក​ជា​អ្នក​បង់ពន្ធ​”។

ការិយាល័យ​ជំរឿន​ និង​ទិន្នន័យ​របស់ក្រ​សួង​កសិកម្ម​អាមេរិក​បាន​បង្ហាញ​ពី​ផល​ប៉ះពាល់​នៃ​ពន្ធគយ​ដែល​បាន​ចូលជាធរមាន​កាលពី​ថ្ងៃទី​ ១ ខែ​ កញ្ញា​ លើ​ទំនិញ​ចិន​ដែល​មានតម្លៃ​ ១១២​ ពាន់​លាន​ដុល្លារ​។ ចំពោះ​ការដំឡើង​ពន្ធ​តែមួយ​ ជនជាតិ​អាមេរិក​បាន​ចំណាយ​ ៩០៥​ លាន​ដុល្លារ​បន្ថែម​។

នៅក្នុង​ខែ​ កញ្ញា​ តែមួយ​ ជនជាតិ​អាមេរិក​បាន​បង់ពន្ធ​សរុប​ចំនួន​ ៧,១​ ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​ច្រើនជាង​ចំនួន​ផ្សេងទៀត​នៅ​ក្នុង​ប្រ​វតិ្តសាស្រ្ត​អាមេរិក​ កើនឡើង​ ៥៩​ ភាគរយ​ បើ​ប្រៀបធៀប​នឹង​ខែ​ដូចគ្នា​កាលពី​ឆ្នាំមុន​ និង​ការ​កើនឡើង​ចំនួន​ ៦០០​ លាន​ដុល្លារ​កាលពី​ខែមុន​។

សេចក្តី​ថ្លែងការណ៍​ពី​អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​ឈ្មោះថា​ Tariffs​ Hurt​ the​ Heartland​។អង្គការ​ UNCTAD​ ដែល​ជា​ស្ថាប័ន​សំខាន់​របស់​អង្គការសហប្រជាជាតិ​ទាក់ទង​នឹង​បញ្ហា​ពាណិជ្ជកម្ម​ និង​ការ​អភិវឌ្ឍ​បាន​ចេញផ្សាយ​របាយការណ៍​ដែល​រក​ឃើញ​ការ​សន្និដ្ឋាន​ដូចគ្នា​ទៅលើ​ផល​ប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​។

លោក​ Alessandro​ Nicita​ សេដ្ឋវិទូ​បាន​ថ្លែង​នៅក្នុង​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ថា​ “អ្នកប្រើ​ប្រាស់​អាមេរិក​កំពុង​បង់ពន្ធ​ក្នុង​តម្លៃ​ខ្ពស់​ ហើយ​មិន​ត្រឹមតែ​អ្នកប្រើ​ប្រាស់​ចុងក្រោយ​ដូចជា​យើង​ប៉ុណ្ណោះទេ​ ប៉ុន្តែ​អ្នកនាំ​ចូល​ផលិតផល​មធ្យម​ ​; និង​ក្រុមហ៊ុន​ដែល​នាំចូល​គ្រឿងបន្លាស់​ពី​ចិន​ផង​ដែរ​”៕