ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ​គ្រោង​វិនិយោគ​រោងចក្រ​តម្លើង​រថយន្ត​នៅ​កម្ពុជា​

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ក្រុមហ៊ុន​ជំនាញ​ដ៏​ធំ​មួយ​មក​ពី​ខេត្ត​សាន​តុង​ប្រទេស​ នឹង​មក​បណ្តាក់​ទុន​វិនិយោគ​រោងចក្រ​តម្លើង​រថយន្ត​នៅ​កម្ពុជា​ ដែល​ការសម្រេច​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​បាន​ចុះ​មក​សិក្សា​ និង​ស្វែងយល់​ពី​កាលានុវត្ត​ភាព​ និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​រួមគ្នា​ជាមួយ​គណៈប្រតិភូ​អ្នក​វិនិយោគ​ខេត្ត​សាន​តុង​ក្នុងចំណោម​ក្រុមហ៊ុន​ទាំង២០​។

បន្ទាប់ពី​បាន​ធ្វើទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​សក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​តាមរយៈ​គណៈប្រតិភូ​ខេត្ត​សាន​តុង​ ដែល​ដឹកនាំ​ដោយ​លោក​ វ៉ាង​ ស៊ូ​ជាន​ (WANG​ SHUJIAN​) សមាជិក​គណៈកម្មាធិការ​អចិន្រៃ្តយ៍​ នៃ​គណៈកម្មាធិការ​បក្ស​ខេត្ត​ និង​ជា​អភិបាលរងខេត្ត​សាន​តុង​ និង​គណៈប្រតិភូ​អមដំណើរ​ ដែល​រួមមាន​ទាំង​អគ្គនាយក​នៃ​ក្រុម​ហ៊ុន​ធំៗ​មក​ពី​ខេត្ត​សាន​តុង​ផង​ដែរ​នោះ​ ក្រុមហ៊ុន​ Fu​ Lai​ Chun​ Group​ ដែល​មាន​ជំនាញ​ក្នុង​ការ​តម្លើង​រថយន្ត​ នឹង​ដាក់​ទីតាំង​របស់​ខ្លួន​នៅ​កម្ពុជា​។

ការសម្រេច​ចិត្ត​ខាងលើ​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ចូល​ជួប​សម្ដែង​ការគួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ប៉ាន​ សូរ​ស័ក្ដិ​ កាលពី​រសៀល​ថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ ។

លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​លើកឡើង​នៅក្នុង​កិច្ច​សំណេះសំណាល​ថា​ កម្ពុជា​ និង​ចិន​ បាន​បង្កើត​ទំនាក់ទំនង​មិត្តភាព​ជា​ប្រវត្តិសាស្ត្រ​ ក្នុងអំឡុងឆ្នាំ១៩៥៦​ ហើយក៏​មានការ​រីកចម្រើន​ជាបន្តបន្ទាប់​ រហូត​ក្លាយទៅជា​កិច្ច​សហប្រតិបត្តិ​ការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ នៅ​ថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០១០​ ស្រប​ទៅ​នឹង​ក្របខណ្ឌ​តំបន់​ ដែល​ប្រទេស​ចិន​ បាន​ដាក់ចេញ​រួមមាន​៖ គំនិត​ផ្តួចផ្តើម​ “ខ្សែក្រវាត់​មួយ​ និង​ផ្លូវ​មួយ​” “មូលនិធិ​ផ្លូវ​សូត្រ​” និង​ “ធនាគារ​វិនិយោគ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ឤស៊ី​” ដើម្បី​ពង្រឹង​ភាពជា​ដៃគូ​ និង​ជំរុញ​ការ​អភិវឌ្ឍ​បែប​ “ឈ្នះ​-ឈ្នះ​” រវាង​ប្រទេស​ក្នុងរង្វង់​តំបន់​ខ្សែក្រវាត់​ និង​ផ្លូវ​សូត្រ​។

លោក​បាន​បន្ត​ទៀត​ថា​ “សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ និង​វិនិយោគិន​ដ៏​ចម្បង​របស់​កម្ពុជា​។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ឆ្នាំ​ ២០១៨​ មាន​ ចំនួន​ ៦ ០៤០​ លា​នដុល្លារឤ​មេ​រិក​ កើនឡើង​ជាង​ ១៣,៨​% បើ​ធៀប​នឹង​ឆ្នាំ២០១៧​។ ក្នុង​ឆ្នាំ២០១៧​ ទំហំ​វិនិយោគ​ចិន​សរុប​នៅ​កម្ពុជា​ ឈរ​លំដាប់​លេខ​១ ធៀប​នឹង​ទំហំ​វិនិយោគទុន​ពី​ប្រទេស​ដទៃទៀត​ ដែល​មាន​ទំហំ​សរុប​ប្រមាណ​ ១ ៦៤៤​ លា​នដុល្លារឤ​មេ​រិក​។

លើស​ពីនេះ​ ប្រទេស​យើង​ទាំងពីរ​ ក៏បាន​ឯកភាព​គ្នា​ ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​កើនឡើង​ដល់​ ៦០០០​ លា​នដុល្លារឤ​មេ​រិក​ នៅ​ឆ្នាំ២០២០​”។ ជាមួយគ្នា​នេះ​ផង​ដែរ​ លោក​រដ្ឋមន្ត្រី​ក៏បាន​លើក​បង្ហាញ​ពី​សក្ដានុពល​ចម្បង​របស់​កម្ពុជា​ដែល​កំពុង​មាន​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ​ ដែល​សង្កត់ធ្ងន់​ទៅលើ​វិស័យ​កសិកម្ម​ជាពិសេស​លើ​កសិផល​ដូចជា​ ស្វាយ​ ចេក​ មៀន​ ដំឡូងមី​ និង​ស្រូវ​ ប៉ុន្តែ​កំពុង​ខ្វះខាត​រោងចក្រ​កែច្នៃ​ និង​វេច​ខ្ចប់​។

ជា​ការ​ឆ្លើយតប​ លោក​ វ៉ាង​ ស៊ូ​ជាន​ បាន​បញ្ជាក់​ថា​ នៅក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ​ មាន​ក្រុម​ហ៊ុន​ធំៗ​ចំនួន​ពីរ​បានសម្រេច​ចិត្ត​វិនិយោគ​នៅ​កម្ពុជា​ គឺ​ក្រុមហ៊ុន​ Guomei​ Linqor​ Group​ ដើម្បី​សាងសង់​រោងចក្រ​កែច្នៃ​កសិកម្ម​សរីរាង្គ​មួយ​ ដោយ​ប្រើប្រាស់​កាកសំណល់​សំរាម​ក្នុង​ការផលិត​ជីសរីរាង្គ​ ការ​វេច​ខ្ចប់​ លក់​ជីសរីរាង្គ​ និង​ចែកចាយ​បន្លែ​សរីរាង្គ​ និង​ក្រុមហ៊ុន​ Fu​ Lai​ Chun​ Group​ ដើម្បី​ដំឡើងរថយន្ត​។

ដោយឡែក​ ក្រុមហ៊ុន​ Guomei​ Linqor​ Group​ ក៏​មាន​គម្រោង​វិនិយោគ​លើ​រោងចក្រ​កែច្នៃ​ដំឡូងមី​ជា​ម្សៅ​ ក្នុង​លទ្ធភាព​ផលិត​ ១០០.០០០​ តោន​ នៅ​ខេត្តក្រចេះ​ផង​ដែរ​។

លោក​ វ៉ាង​ ស៊ូ​ជាន​ ក៏បាន​តាំងចិត្ត​ថា​ នឹង​បន្ត​ជួយ​ផ្សព្វផ្សាយ​ និង​ទាក់ទាញ​វិនិយោគិន​ពី​ខេត្ត​សាន​តុង​ មក​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត​ ហើយ​បាន​ធានា​ទិញ​ផលិតផល​ទាំងនោះ​ផង​ដែរ​៕

អង្គការ​ OECD​ ព្យាករណ៍​បង្ហាញថា​ កំណើន​សេដ្ឋកិច្ច​ពិភពលោក​កាន់តែ​មាន​ភាព​យ៉ាប់យ៉ឺន​

ដោយ​ Donald​ Lee​

ភ្នំពេញ​៖ កំណើន​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ធ្លាក់ចុះ​ និង​កំពុង​ឈាន​ទៅ​រក​កម្រិត​ខ្សោយ​បំផុត​ដែល​មិនធ្លាប់​មាន​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​កាលពី​ ១០​ ឆ្នាំមុន​។ នេះ​បើ​យោង​តាម​អង្គការ​សហប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) ។

លោក​ Laurence​ Boone​ ប្រធាន​សេដ្ឋវិទូ​របស់​ OECD​ បាន​និយាយ​នៅក្នុង​របាយការណ៍​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ថា​ “ក្នុងរយៈពេល​ពីរ​ឆ្នាំ​កន្លងមក​នេះ​ លទ្ធផល​ និង​កំណើន​សេដ្ឋកិច្ច​សកល​បាន​ធ្លាក់ចុះ​ជាលំដាប់​ ស្រប​ពេល​ភាព​មិន​ប្រាកដប្រជា​នៃ​គោលនយោបាយ​ និង​លំហូរ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ទន់ខ្សោយ​”។

របាយការណ៍​បាន​កែប្រែ​ការព្យាករណ៍​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​ឆ្នាំ​ ២០១៩​ របស់​ខ្លួន​ដល់​ ២,៩​ ភាគរយ​ និង​ ៣ ភាគរយ​សម្រាប់​ឆ្នាំក្រោយ​។ ការព្យាករណ៍​ពី​កំណើន​សម្រាប់​ឆ្នាំ​ ២០២០​ និង២០២១​ ឃើញ​ពី​ចំណុចខ្សោយ​បំផុត​មួយ​ ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​ក្នុង​ឆ្នាំ​ ២០០៩​ ។ អង្គការ​ OECD​ ជឿជាក់​ថា​ សេដ្ឋ​កិ​ច្ច​ធំៗ​នៅ​ជុំវិញ​ពិភពលោក​នឹង​ធ្លាក់ចុះ​គួរ​ឱ្យ​កត់សម្គាល់​នៅ​ឆ្នាំក្រោយ​។

លោក​ Boone​ មាន​បញ្ជាក់​ថា​ “កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​អាមេរិក​ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្លាក់ចុះ​មក​ត្រឹម​ ២ ភាគរយ​នៅ​ត្រឹម​ឆ្នាំ​ ២០២១​ ស្រប​ពេល​កំណើន​សេដ្ឋកិច្ច​ជប៉ុន​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ប្រហែល​ ០,៧​ និង​តំបន់​អឺ​រ៉ូមា​ន ១,២​ ភាគរយ​។ កំណើន​សេដ្ឋកិច្ច​ចិន​នឹង​បន្ត​ធ្លាក់ចុះ​មក​ត្រឹម​ប្រហែល​ ៥.៥​ ភាគរយ​នៅ​ឆ្នាំ​ ២០២១​”។

ការ​ព្យាករ​នេះ​គឺ​ស្រប​នឹង​របាយការណ៍​សេដ្ឋកិច្ច​ផ្សេងទៀត​ដែល​ចេញ​ដោយ​ដោយ​ធនាគារ​វិនិយោគ​ជាច្រើន​។ធនាគារ​ Morgan​ Stanley​ បាន​ចេញផ្សាយ​របាយការណ៍​មួយ​នៅ​សប្តាហ៍​នេះ​ដោយ​បាន​ព្យាករ​ថា​ សេដ្ឋកិច្ច​ពិភពលោក​នឹង​មាន​កំណើន​តិច​តូច​នៅ​ចុងឆ្នាំ​ ២០១៩​ និង​ឈាន​ដល់​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ជិត​ ៣,២​ ភាគរយ​នៅក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​ ២០២០​។

របាយការណ៍​ធន​គារ​ Morgan​ Stanley​ ជឿជាក់​ថា​ ប្រសិនបើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​អាច​នឹង​ត្រូវ​បាន​ធ្វើឡើង​ ហើយ​ធនាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​បន្ត​កាត់បន្ថយ​អត្រា​ការប្រាក់​ នោះ​ការ​កើនឡើង​នៃ​កំណើន​សេដ្ឋកិច្ច​អាច​ត្រូវ​បាន​កើតមាន​។

របាយការណ៍​ធនាគារ​ Morgan​ Stanley​ បាន​លើកឡើង​ថា​ “តាម​ទស្សនៈ​វិ​ស័យ​ធំៗ​ យើង​គិតថា​ ទស្សនវិស័យ​សេដ្ឋកិច្ច​សកល​ពឹងផ្អែក​លើ​កម្លាំង​សំខាន់​ពីរ​ដែល​ផ្តោត​លើ​ការកាត់បន្ថយ​គោលនយោបាយ​ និង​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​។ ហើយ​ឥឡូវនេះ​ចាប់តាំងពី​ឆ្នាំ​ ២០១៨​ យើង​មាន​កម្លាំង​ទាំងពីរ​កំពុង​ដើរ​ក្នុង​ទិសដៅ​តែមួយ​ដើម្បី​ជួយ​ដល់​ការ​ធ្លាក់ចុះ​។ ការ​បន្ធូរបន្ថយ​របស់​ធនាគារ​កណ្តាល​កាន់តែ​ខ្លាំង​ឡើង​ៗ ហើយ​ជម្លោះ​ពាណិជ្ជកម្ម​កំពុង​ធូរស្រាល​”៕

លោក ថេង ចាន់ថន ពីកូនអ្នកកសិករធ្វើស្រែក្លាយជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ផ្តើមចេញពីជីវិតជាកូនអ្នកកសិករធ្វើស្រែចំការនៅខេត្តតាកែវ ក្នុងកម្រិតជីវភាពក្រខ្សត់ ដែលត្រូវពុះពារតស៊ូជំនះរាល់ភាពលំបាកក្នុងនាមជាកូនប្រុសច្បងនៅក្នុងគ្រួសារ ដែលមានបងប្អូនចំនួន៥នាក់ បច្ចុប្បន្ននេះ លោក ថេង ចាន់ថន បានកែប្រែជោគវាសនារបស់ខ្លួនបានយ៉ាងប្រសើរ រហូតក្លាយជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យដែលកំពុងតែទទួលបានភាពជោគជ័យនៅលើមុខជំនួញ ។

បច្ចុប្បន្ននេះ លោក ថេង ចាន់ថន គឺជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ  PAPA & MAMA Real Estate Co,.Ltd ដែលកំពុងមានប្រតិបត្តិការយ៉ាងសកម្មក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាក្នុងនាមជាភ្នាក់ងារជំនាញ មានបទពិសោធន៍ខ្ពស់ផ្នែកខាងទិញ-លក់គម្រោងអភិវឌ្ឍន៍សំណង់លំនៅដ្ឋាន ជាពិសេស មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ ដែលបានបញ្ចប់ការសាងសង់រួចជាស្ថាពរ និងគម្រោងធំៗមួយចំនួនទៀតដែលកំពុងបន្តសកម្មភាពការសាងសង់នៅពេលបច្ចុប្បន្ននេះផងដែរ។

បង្ហើបប្រាប់ពីរបត់ជីវិត ក៏ដូចជាបទពិសោធន៍ការងារជាច្រើនមុនពេលក្លាយជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ PAPA & MAMA Real Estate Co,.Ltd ដែលកំពុងមានកេរ្តិ៍ឈ្មោះបោះសំឡេងសព្វថ្ងៃនេះ លោក ថេង ចាន់ថន បានលើកឡើងថា “ខ្ញុំមានស្រុកកំណើតខេត្តតាកែវ ភូមិវាល ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ដោយមានឪពុក-មានជាកសិករធ្វើស្រែចំការបន្តិចបន្តួចតែប៉ុណ្ណោះ”។ លោកបានរំលឹកទៀតថា “បន្ទាប់ពីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំ២០០៨ ខ្ញុំបានសម្រេចចិត្តសុំគ្រួសារមកបន្តការសិក្សានៅសាលវិទ្យាល័យនៅរាជធានីភ្នំពេញ ដោយគ្រានោះខ្ញុំត្រូវរៀនបណ្តើរ និងឆ្លៀតធ្វើការដើម្បីទទួលបានកម្រៃបណ្ដើរសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់ខ្ញុំ”។

លោក ថេង ចាន់ថន បានបន្តទៀតថា “បន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាបត្រកាលពីឆ្នាំ២០១២ លើមុខជំនាញទំនាក់ទំនងអន្តរជាតិ ខ្ញុំបានចូលបម្រើការងារនៅក្នុងស្ថានប័នអង្គការមិនមែនរដ្ឋាភិបាលជាច្រើន ក្នុងនាមជាអ្នកសម្របសម្រួល អ្នកគ្រប់គ្រង និងទំនាក់ទំនងកិច្ចការសាធារណៈ និងអន្តរជាតិ រួមជាមួយនឹងការងារនៅក្នុងស្ថាប័នធនាគារផងដែរ។ ក្រោយមកទៀតខ្ញុំក៏បន្តការសិក្សា និងបញ្ចប់ថ្នាក់អនុបណ្ឌិតជំនាញផ្នែកសហគ្រិនភាព និងគ្រប់គ្រងគម្រោង​ កាលពីឆ្នាំ២០១៦”។

លោកបន្តថា “នៅក្នុងស្ថាការណ៍ដ៏ល្អប្រសើរនៃវិស័យអចលនទ្រព្យកម្ពុជាមានភាពរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងខ្លាំង ហើយសម្លឹងឃើញពីឱកាសល្អ ខ្ញុំបានចាប់ផ្តើមសម្រេចចិត្តចូលប្រឡូក ដោយផ្តើមចេញពីការងារជាភ្នាក់ងារឯករាជ្យ សហការជាមួយបណ្តាក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកនានាក្នុងការចេញលក់គម្រោង”។ លោកបន្តថា “ឆ្លងកាត់បទពិសោធន៍ក្នុងនាមជាភ្នាក់ងារជំនាញលើការលក់គម្រោងប្រកបដោយភាពជោគជ័យអស់រយៈពេល៥ឆ្នាំ ខ្ញុំគិតថា សមល្មមដល់ពេលដែលខ្ញុំត្រូវពង្រីកខ្លួននៅក្នុងវិស័យមួយនេះ ហើយក៏សម្រេចចិត្តបង្កើតជាក្រុមហ៊ុនអចលនទ្រព្យស្របច្បាប់ដោយមានការចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះឈ្មោះនៅក្រសួងពាណិជ្ជកម្ម ក៏ដូចជានៅអគ្គនាយកដ្ឋានពន្ធដារផងដែរ ដោយដាក់ឈ្មោះក្រុមហ៊ុនថា PAPA & MAMA Real Estate Co,.Ltd ”។

ជាលទ្ធផលដែលទទួលបានពីការខិតខំប្រឹងប្រែងរបស់លោក ថេង ចាន់ថន បច្ចុប្បន្ននេះ នៅក្រោមកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន PAPA & MAMA Real Estate Co,.Ltd មានក្រុមហ៊ុនវិនិយោគ និងម្ចាស់គម្រោងអភិវឌ្ឍជាច្រើនបានផ្តល់ទំនុកចិត្តសម្រាប់ការលក់នៅលើទៅផ្សារដល់ក្រុមហ៊ុនរបស់លោក ដែលនៅក្នុងនោះរួមមានគម្រោង Ur Ban Village,លដែលកំពុងដំណើរការសាងសង់គម្រោងទី២ នៅសង្កាត់ចាក់អង្រែ ផ្លូវ៦០ម៉ែត្រ, គម្រោង Morgan EnMaison, គម្រោង KMH Shop House រួមជាមួយនឹងគម្រោង Embassy Central ផងដែរ។

លោកបានបញ្ជាក់ថា ភាពជោគជ័យទាំងអស់នេះ គឺកើតចេញពីការព្យាយាម តាំងចិត្ត និងសិក្សាស្វែងយល់បន្ថែមពីបរិយាកាសជុំវិញ ដែលជាចំណឹងពាក់ព័ន្ធទៅនឹងអាជីពក្នុងនាមជាភ្នាក់ងារអចលនទ្រព្យ។ អ្វីដែលជាគន្លឹះសំខាន់ គឺភាពច្បាស់លាស់ ពិតប្រាកដ ស្មោះត្រង់ប្រកបដោយវិជ្ជាជីវៈ ដើម្បីអាចទទួលបានទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជន ជាពិសេស ក្រុមហ៊ុន ដែលជាដៃគូសហការនៅលើទីផ្សាររួមគ្នា ៕

ខុន​ដូ​ 7នាទី​ពី​ TK​ Avenue​ សម្ពោធ​ភ្លាម​ ផ្តល់​រំលស់​ 100​% ភ្លាម​ និង​អាច​ចូល​នៅ​ភ្លាម​

ដោយ​ វុត្ថា​

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​20​ ខែវិច្ឆិកា​ ឆ្នាំ​2019​ ដើម្បី​អបអរ​ការ​សម្ពោធ​សាកល្បង​ដាក់អោយ​ប្រើប្រាស់​អាងហែលទឹក​ ខ្លឹ​បហា​ត់​ប្រាណ​ ហាង​កាហ្វេ​នៅក្នុង​ Vista​ Condo​ លោក​ គង់​ គឹ​មហុង​ នាយក​ប្រតិបត្តិ​បាន​ថ្លែងអំណរគុណ​ដល់​ការ​គាំទ្រ​របស់​អតិថិជន​ទាំងឡាយ​ដែល​បាន​គាំទ្រ​គម្រោង​ Vista​ និង​គម្រោង​ដ៏​ទៃ​ទៀត​របស់​ក្រុមហ៊ុន​បុរី​វីឡា​ទួលសង្កែ​ក្នុងរយៈពេល​ 20​ឆ្នាំ​កន្លងមក​នេះ​។

ក្នុង​ឱកាស​ដ៏​ពិសេស​នេះ​ លោក​ ភី​ នី​ដូ​ណា​ នាយក​ផ្នែក​លក់​និង​ទីផ្សារ​ ក៏បាន​ប្រកាស​ការ​ផ្តល់​ជូន​ពិសេស​ ដោយ​អតិថិជន​អាច​រំលស់​ 100​% ជាមួយ​ក្រុមហ៊ុន​ផ្ទាល់​ ហើយ​ថែមទាំង​អាច​ចូល​រស់នៅ​បា​នភ្លាមៗ​ទៀត​។

Vista​ Condo​ បាន​បញ្ចប់​ការ​សាង​សង់​ថ្មី​ៗនេះ​ជាមួយ​ទំហំ​បន្ទប់​ធំ​ទូលាយ​ចាប់ពី​ 53.3​ម៉ែត្រការ៉េ​ ហើយ​អតិថិជន​អាច​ទទួល​បាន​ប្លង់​រឹង​ភ្លាម​ៗទៀតផង​។ វិធី​បង់ប្រាក់​មាន​ច្រើន​ជម្រើស​ រួមមាន​ការ​រំលស់​ជាមួយ​ក្រុមហ៊ុន​ផ្ទាល់​ ឬធ​នា​គារ​ ដែល​ការ​បង់ប្រាក់​ងាយស្រួល​ អាច​រំលស់​បាន​ចាប់ពី​ 335​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ខែ​ប៉ុណ្ណោះ​។

ចំណែក​ទីតាំង​ Vista​ Condo​ ស្ថិត​ក្នុង​តំបន់​សក្តា​នុ​ពល​ចុះពី​ផ្លូវ​ជា​សុ​ផា​រ៉ា​តែ​ 200​ម៉ែត្រ​ប៉ុណ្ណោះ​ ដែល​អាច​ធ្វើដំណើរ​ត្រឹមតែ​ 7នាទី​ ពី​ផ្សារ​ទំនើប​ TK​ Avenue​ ឬ 6នាទី​ពី​ផ្សារ​ AEON​ Sen​ Sok​។

ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​ក្នុងរយៈពេល​ 20​ឆ្នាំនេះ​ គឺ​ដោយសារ​ទីតាំង​អភិវឌ្ឍ​គម្រោង​នីមួយ​មាន​សក្តា​នុ​ពល​ តម្លៃ​អចលនទ្រព្យ​មា​នកំនើន​លឿន​ និង​ផ្តោត​លើ​គុណភាព​សំណង់​ដែល​មាន​ស្តង់​ដា​ខ្ពស់​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មក​យើងខ្ញុំ​តាមរយៈ​ទូរ​សព្ទ័​លេខ​ : 085​ 880​ 883​៕

កម្ពុជា​ជាប់​ចំណាត់ថ្នាក់​កំពូល​ទាំង​ ១០​ នៅ​លើ​ពិភពលោក​ក្នុង​សន្ទស្សន៍​អភិវឌ្ឍន៍​មនុស្ស​ក្នុង​ឆ្នាំ២០១៩

​ដោយ​ ប៊ី​

ភ្នំពេញ​៖ ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា​ក្នុងរយៈពេល​ ៣០​ ឆ្នាំ​កន្លងមក​បាន​នាំ​ឱ្យ​ប្រទេស​នេះ​ជាប់​ចំណាត់ថ្នាក់​កំពូល​ទាំង​ ១០​ នៅ​លើ​ពិភពលោក​ និង​ទី​ ២ នៅ​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ស្តី​ពីអ​ត្រា​នៃ​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​នៅក្នុង​សន្ទស្សន៍​អភិវឌ្ឍន៍​មនុស្ស​។ នេះ​បើ​របាយការណ៍​ថ្មី​មួយ​ដែល​ចេញ​ដោយ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​កាលពី​ម្សិលមិញ​។

របាយការណ៍​អភិវឌ្ឍន៍​មនុស្ស​ឆ្នាំ​ ២០១៩​ របស់​កម្ពុជា​បាន​លើកឡើង​ថា​ “បច្ចុប្បន្ន​ ប្រជាជន​កម្ពុជា​ច្រើន​ជាង​មុន​ៗ ទទួល​បាន​ប្រើប្រាស់​ផ្លូវ​ ថាមពល​ សេវាកម្ម​សាធារណៈ​ប្រសើរ​ជាង​មុន​ និង​ឱកាស​សេដ្ឋកិច្ច​ និង​ការ​ងា​រថ្មីៗ​”។

របាយការណ៍​បាន​លើកឡើង​ថា​ “ដើម្បី​ទ្រទ្រង់​ និង​បង្កើន​កំណើន​ក្នុងរយៈពេល​វែង​ និរន្តរភាព​បរិស្ថាន​ត្រូវតែ​បញ្ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​”។ របាយការណ៍​នេះ​បាន​បន្ថែម​ទៀត​ថា​ កំណើនប្រជាជន​ និង​នគរូបនីយកម្ម​យ៉ាង​ឆាប់រហ័ស​កំពុង​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​ទៅលើ​ប្រព័ន្ធ​អេកូឡូស៊ី​របស់​កម្ពុជា​ ដែល​បណ្តាល​ឱ្យ​មានការ​រិច​រិល​បរិស្ថាន​ និង​ការបាត់បង់​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​ និង​ជីវចម្រុះ​។

ប្រជាជន​កម្ពុជា​ប្រមាណ​ ៨០​ ភាគរយ​រស់នៅ​ និង​ធ្វើការ​នៅ​តំបន់ជនបទ​ដោយ​ពឹងផ្អែក​លើ​កសិកម្ម​ដោយ​បន្ថែម​ថា​ ធនធាន​ព្រៃឈើ​ និង​សកម្ម​ភាព​ផ្សេង​ៗផ្តល់​នូវ​បណ្តាញ​សុវត្ថិភាព​ដ៏​សំខាន់​សម្រាប់​សហគមន៍​ជនបទ​ទាំងនេះ​ ជាពិសេស​ស្ត្រី​ និង​ប្រជាជន​ក្រីក្រ​ ខណៈ​សកម្មភាព​ទាំងនេះ​ផ្តល់​ប្រភព​ចំណូល​។

របាយការណ៍​នេះ​បានឱ្យ​ដឹង​ថា​ “ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​រវាង​សេដ្ឋកិច្ច​ និង​បរិស្ថាន​ធ្វើ​ឱ្យ​កម្ពុជា​ស្ថិត​ក្នុង​ជំហរតែ​មួយ​ដើម្បី​បង្ហាញថា​ ការ​អភិវឌ្ឍ​មនុស្ស​អាច​ដើរ​ទន្ទឹមគ្នា​ នឹង​និរន្តរភាព​បរិស្ថាន​”។

លោកស្រី​ Valerie​ Cliff​ ជំនួយការ​រដ្ឋបាល​ និង​មន្ត្រី​ទទួលបន្ទុក​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​បាន​និយាយ​នៅ​របាយការណ៍​ថា​ របាយការណ៍​បាន​ចែករំលែក​នូវ​អនុសាសន៍​មួយចំនួន​សម្រាប់​លើកកម្ពស់​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នៅ​ទូទាំង​ប្រទេស​។

លោកស្រី​បាន​និយាយ​ថា​ វិធានការណ៍​សំ​ខាន់​ៗរួមមាន​ការបង្កើត​ភាពជា​ម្ចាស់​ធនធាន​ធម្មជាតិ​ច្បាស់លាស់​ និង​មាន​សុវត្ថិភាព​ការ​កៀរគរ​ថវិកា​ដើម្បី​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ធម្មជាតិ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ប្រជាជន​ក្នុង​តំបន់​ដើម្បី​គ្រប់គ្រង​ធនធាន​ដែល​ពួកគេ​ពឹងផ្អែក​បាន​កាន់តែ​ប្រសើរ​ និង​លើកកម្ពស់​ផលិតផល​ធនធាន​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព​ និង​ឱកាស​ចិញ្ចឹមជីវិត​ជំនួស​។

លោកស្រី​បាន​មានប្រសាសន៍​ថា​ “ការ​ផ្តោត​សំខាន់​នៃ​របាយការណ៍​អភិវឌ្ឍន៍​មនុស្ស​នេះ​គឺ​ដើម្បី​បង្ហាញ​ពី​សក្តា​នុ​ពល​នៃ​មាគ៌ា​អភិវឌ្ឍន៍​នា​ពេល​អនាគត​ដែល​ជំរុញ​ការ​ធ្វើស​មា​ហរ​ណកម្ម​នៃ​ការ​អភិវឌ្ឍ​មនុស្ស​ និង​និរន្តរភាព​បរិស្ថាន​ទន្ទឹម​នឹង​វឌ្ឍនភាព​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​”។

របាយការណ៍​បញ្ជាក់​ពីអ​ត្ថ​ប្រយោជន៍​បរិស្ថាន​ និង​ការ​អភិវឌ្ឍ​រយៈពេល​វែង​នៃ​និរន្តរភាព​សម្រាប់​ការ​បន្ស៊ាំ​ និង​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​ដោយ​បង្ហាញថា​ នេះ​អាច​បណ្តាល​ឱ្យ​មាន​លទ្ធផល​នៃ​ការ​អភិវឌ្ឍ​មនុស្សជាតិ​ដ៏​សំខាន់​កសាង​ភាព​ធន់​ និង​ការ​រីកចម្រើន​ប្រកបដោយ​សុវត្ថិភាព​នៅ​ទូទាំង​កម្ពុជា​។

របាយការណ៍​នេះ​បាន​បញ្ជាក់​ទៀត​ថា​ សហគមន៍​ជនបទ​គឺជា​ភ្នាក់ងារ​ដ៏​សំខាន់​សម្រាប់​និរន្តរភាព​ ហើយ​ពួកគេ​ត្រូវការ​ផ្តល់​អំណាច​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​ពួកគេ​ និង​ជួយ​លើកកម្ពស់​ការ​អភិវឌ្ឍ​មនុស្ស​តាមរយៈ​ការចូលរួម​ក្នុង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព​៕

លោក​ Donald​ Trump​ គោរព​អញ្ជើញ​សម្តេច​តេជោ​ ហ៊ុន​ សែន​ ចូលរួម​ប្រជុំ​កំពូល​ពិសេស​រវាង​អាមេរិក​ និង​អាស៊ាន​ ២០២០​ ខាងមុខនេះ​

ដោយ​ ប៊ី​

ភ្នំពេញ​៖ លោក​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ គោរព​អញ្ជើញ​សម្តេច​តេជោ​ ហ៊ុន​ សែន​ អញ្ជើញ​ចូលរួម​ប្រជុំ​កំពូល​ពិសេស​រវាង​សហ​រដ្ធ​អាមេរិក​ និង​អាស៊ាន​ នៅ​លើទឹក​ដី​សហ​រដ្ធ​អាមេរិក​ក្នុង​ឆមាស​ទី១​ ក្ន​ងឆ្នាំ​ ២០២០​ ខាងមុខនេះ​។ នេះ​បើ​យោង​តាម​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ចុះផ្សាយ​កាលពី​ម្សិលមិញ​នេះ​។

ការគោរព​អញ្ជើញ​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​នៅ​ថ្ងៃ​ ទី២១​ ខែ​ វិច្ឆិកា​ ឆ្នាំ២០១៩​ នេះ​ រវាង​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ Patrick​ Murphy​ ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​។

នៅក្នុង​ជំនួប​នេះ​ លោក​ Patrick​ Murphy​ បាន​នាំ​យក​នូវ​លិខិត០២​ របស់​ លោក​ Donald​ Trump​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ផ្ញើ​ជូនចំពោះ​ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ដែល​លិខិត​ទី០១​ ស្ដី​អំពី​ទំនាក់ទំនង​ និង​សហប្រតិបត្តិ​ការ​រវាង​សហរដ្ឋអាមេរិក​ និង​កម្ពុជា​ ដែល​សហរដ្ឋអាមេរិក​មានបំណង​ពង្រឹង​ និង​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​ដែល​ប្រទេស​ទាំងពីរ​មាន​ជា​យូរលង់​មក​ហើយ​ ដែល​ក្នុង​នោះ​គឺ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយគ្នា​ជាច្រើន​វិស័យ​។

ក្នុង​លិខិត​ពី​សេត​វិ​មា​នវ៉ាយ​ហៅស៍​ ( White​ House​) ដែល​ចុះហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី​ Donald​ Trump​ គឺ​បាន​បញ្ជាក់​ច្បាស់​អំពី​ជំហរ​សហរដ្ឋអាមេរិក​ដោយមាន​ការ​ប្ដេជ្ញា​ខ្ពស់​ក្នុង​ការ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ ជាពិសេស​គោរព​អធិបតេយ្យ​ភាព​របស់​ប្រទេស​កម្ពុជា​ និង​មិន​មានការ​គាំទ្រ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​របប​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​។

ជាពិសេស​ទៀត​នោះ​ គឺ​សហ​រដ្ធ​អាមេរិក​នឹង​ជួយការ​ពារ​អធិបតេយ្យ​ភាព​កម្ពុជា​ផង​ដែរ​ ហើយ​សហរដ្ឋអាមេរិក​នឹង​បន្ត​ជួយ​កម្ពុជា​ឱ្យ​មា​នប្រ​ព័ន្ឋគ្រប់គ្រង​ហិរញ្ញវត្ថុ​រឹងមាំ​ប្រកបដោយ​តម្លាភាព​ ទប់ស្កាត់​ការ​លាង​លុយ​កក្វ​ក់​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រទេសជាតិ​ ព្រមទាំង​ជំនួយ​បច្ចេកទេស​ជាច្រើន​ទៀត​ដែល​កម្ពុជា​ត្រូវការ​ គឺ​សហ​រដ្ធ​អាមេរិក​នឹង​ជួយ​ដើម្បី​ជំរុញ​មិត្តភាព​ និង​កិច្ចសហការ​អោយ​កាន់តែ​ល្អ​នឹង​ជឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក​កាន់តែ​ខ្លាំង​។

ចំពោះ​លិខិត​ទី​ ២ គឺ​លោក​ប្រធានាធិបតី​ Donald​ Trump​ គោរព​អញ្ជើញ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ អញ្ជើញ​ចូលរួម​ប្រជុំ​កំពូល​ពិសេស​រវាង​សហ​រដ្ធ​អាមេរិក​ និង​អាស៊ាន​ នៅ​លើទឹក​ដី​សហ​រដ្ធ​ក្នុង​ឆមាស​ទី១​ ក្ន​ងឆ្នាំ​ ២០២០​ ខាងមុខនេះ​។

សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ បាន​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​របស់​លោក​ប្រធានាធិបតី​ Donald​ Trump​ ហើយ​ សម្តេច​តេជោ​ បាន​ចាត់ទុកថា​ជា​កិច្ចប្រជុំ​ដ៏​សំខាន់​ដែល​អាស៊ាន​ និង​សហរដ្ឋអាមេរិក​មាន​កិច្ច​សហប្រតិបត្តិ​ការ​លើ​គ្រប់​វិស័យ​ ដើម្បី​ផលប្រយោជន៍​ទាំងសងខាង​រវាង​អាមេរិក​ និង​អាស៊ាន​។

សម្ដេច​តេជោ​ នឹង​ពិភាក្សា​ជាមួយនឹង​ប្រមុខ​ដឹកនាំ​ប្រទេស​អា​ស៊ាន​ផ្សេង​ៗទៀត​ក្នុង​ការ​គាំទ្រ​អាមេរិក​ និង​អាស៊ាន​ ដើម្បី​ធ្វើ​យ៉ាងណា​អោយ​កិច្ចប្រជុំ​កំពូល​នេះ​អោយ​បាន​ល្អ​ប្រសើរ​។ ហើយ​សម្តេច​គិតថា​ នេះ​ជា​យុទ្ធសាស្ត្រ​ ធ្វើអោយ​ អាស៊ាន​-សហរដ្ឋអាមេរិក​ កាន់តែ​ជិ​តស្និ​ទ្ឋ​ បន្ត​មាន​ភាព​រីកចម្រើន​ និង​ផ្ដល់​ផលប្រយោជន៍​អោយ​គ្នា​ទៅវិញទៅមក​កាន់តែ​ច្រើនឡើង​។

នៅក្នុង​ជំនួប​នេះ​ផង​ដែរ​ ឯកឧត្តម​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ ក៏បាន​ចូលរួម​រំលែក​នូវ​ព្រះ​មរណទុក្ខ​ចំពោះ​ការ​យាង​សោយ​ទី​វង្គ​តរបស់​ សម្ដេច​រាជបុត្រី​ ព្រះរៀម​ នរោត្តម​ បុប្ផា​ទី​វី​ ដែល​ព្រះអង្គ​បាន​ចូលរួម​លើកស្ទួយ​វិស័យ​វប្បធម៌​ជាច្រើន​របស់​ប្រទេស​កម្ពុជា​នោះ​ ហើយ​បាន​យាង​សោយទិវង្គត​កាលពី​ថ្ងៃទី១៨​ វិច្ឆិកា​កន្លងទៅ​នេះ​។

ជា​ការ​ឆ្លើយតប​ សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​អរគុណ​សហរដ្ឋអាមេរិក​ដែល​បាន​គាំទ្រ​ប្រទេស​កម្ពុជា​តាំងពី​កម្ពុជា​មិនទាន់​ទទួល​បាន​ឯករាជ្យ​ក្នុង​ឆ្នាំ​ ១៩៥៣​ មក​ម៉្លេះ​។ នេះ​គឺ​បង្ហាញ​ពី​ចំណងមិត្តភាព​និង​សហប្រតិបត្តិ​ការ​ល្អជា​មួយ​គ្នា​ដែល​មាន​រយៈពេល​យូរលង់​មក​ហើយ​។

ទន្ទឹម​នឹង​នេះ​ដែរ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ ក៏បាន​អរគុណ​ដល់​ឯកឧត្តម​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ដែល​បាន​នាំ​យក​លិខិត​ ២ច្បាប់​របស់​លោក​ប្រធានាធិបតី​ Donald​ Trump​ ទាក់ទង​ទៅ​នឹង​ទាក់ទង​ទៅ​នឹង​ការ​បង្កើន​ទំនាក់ទំនង​ និង​ កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​យើង​ទាំងពីរ​ និង​លិខិត​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំ​ពុល​ពិសេស​អាមេរិក​អាស៊ាន​ ២០២០​ ។

សម្តេច​តេជោ​ បាន​បញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា​ក្នុង​ការ​បង្កើន​មិត្តភាព​ល្អជា​មួ​យស​ហរ​ដ្ធ​អាម​រិក​ ហើយ​រីករាយ​នឹង​ចូលរួម​កិច្ចប្រជុំ​ពិសេស​ដែល​រៀបចំ​ដោ​យស​ហរ​ដ្ធ​អាមេរិក​នៅ​ឆ្នាំក្រោយ​នេះ​។ សម្តេច​តេជោ​ ក៏បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​លោក​ប្រធានាធិបតី​ Donald​ Trump​ ហើយនឹង​ចាត់​មន្រ្តី​ក្រសួង​ការបរទេស​អោយ​រៀបចំ​លិខិត​ឆ្លើយតប​ជា​ផ្លូវការ​ទៅ​សេតវិមាន​វិញ​នៅពេល​ឆាប់​នេះ​៕

សភា​ពាណិជ្ជកម្ម​កម្ពុជា​ សហ​កា​ជាមួយ​សមាគម​ចិន​ដ៏​ធំ​មួយ​ជំរុញ​ការ​វិនិយោគ​នៅ​កម្ពុជា​

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ តំណាង​រាជរដ្ឋាភិបាល​កម្ពុជា​ សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​សហការ​ជា​រដ្ឋាភិបាល​ចិន​ ដែល​តំណាងដោយ​សមាគម​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ត្បូង​-ត្បូង​ ដែល​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់ក្រ​សួង​ការបរទេស​ចិន​ ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ និង​បង្កើន​ការ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​បន្ថែម​ទៀត​។

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​អ្នកឧកញ៉ា​ គិត​ ម៉េ​ង បាន​ជួប​ប្រជុំ​ពិភាក្សា​ជាមួយ​ការងារ​ស៊ីជម្រៅ​ជាមួយ​លោក​ Lyu​ Xinhua​ ប្រធាន​សមាគម​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ភាគ​ខាងត្បូង​ប្រទេស​ចិន​ (Council​ for​ Promoting​ South​-South​ Cooperation​) ដែល​ដឹកនាំ​សហគ្រិនភាព​ និង​ក្រុម​អ្នក​វិនិយោគ​ប្រមាណ​ជិត៦០​ កាលពី​ថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នៅ​ទីស្នាក់ការ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ដើម្បី​ធ្វើ​យ៉ាង​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ និង​បង្កើន​ការ​វិនិយោគ​នៅ​កម្ពុជា​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​ លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ២០១៩ថា​ ​សមាគម​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ភាគ​ខាងត្បូង​ប្រទេស​ចិន​ គាត់​មក​ធ្វើទស្សនកិច្ច​ និង​ស្វែងយល់​ពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ស្ថិតនៅ​ក្នុង​ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ាត់​មួយ​ ដែល​យើង​នឹង​ជំរុញ​បន្ថែម​ទៀត​អំពី​កិច្ច​ព្រមព្រៀង​សេរី​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-ចិន​។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “ប្រធាន​សមាគម​ចិន​ខាងលើ​នេះ​ បាន​ដឹកនាំ​តំណាង​ក្រុមហ៊ុន​ដែល​មានបទពិសោធន៍​ចំនួន២៤ក្រុមហ៊ុន​ និង​ជាង៣០សហគ្រិន​ ដើម្បី​ចាប់ដៃ​គូ​ជាមួយ​កម្ពុជា​ ដោយ​អមដំណើរ​ដោយ​អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ​”។

លោក​បាន​បន្ត​ទៀត​ថា​ “ពួកគាត់​ភាគច្រើន​សុទ្ធតែ​ជា​អតីត​អនុរដ្ឋ​មន្ត្រី​ និង​ជាស​មាស​ភាព​តំណាង​ក្រុមហ៊ុន​ដែល​ចំណុះ​រដ្ឋ​ជាមួយ​ឯកជន​ និង​ជា​អតីតមន្ត្រី​ជាន់​ចាស់​ដែល​មានបទពិសោធន៍​ខ្ពស់​ក្នុង​វិស័យ​ពាណិជ្ជកម្ម​”។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​រូប​នេះ​បាន​បន្ត​ទៀត​ថា​ “ តាមរយៈ​នៃ​កិច្ច​ជំនួប​ដ៏​ប្រសើរ​នេះ​ ខ្ញុំ​សង្ឃឹមថានឹង​កាន់តែ​មាន​ភាពល្អ​ប្រសើរ​នៅក្នុង​ការពង្រីក​ និង​ពង្រឹង​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា​-ចិន​ កាន់តែ​មាន​ភាពល្អ​ប្រសើរ​ ជាពិសេស​ទាក់ទាញ​បានការ​វិនិយោគ​ពីសំណាក់​ប្រទេស​ចិន​បន្ថែម​ទៀត​ ខណៈ​ដែ​សក្ដានុពល​ និង​ឱកាស​វិនិយោគ​ត្រូវ​បាន​ពួកគាត់​សិក្សា​ស្វែងយល់​យ៉ាង​ច្បាស់​រួច​ទៅ​ហើយ​នោះ​”។ ​

គំនិត​ផ្តួចផ្តើម​ “ខ្សែក្រវាត់​ និង​ផ្លូវ​” របស់​ចិន​ បាន​ផ្តល់​អត្ថ​ប្រយោជន៍​យ៉ាងច្រើន​រវាង​កម្ពុជា​ និង​ចិន​ ខណៈ​ដែល​ចិន​បាន​ចាត់ទុក​កម្ពុជា​ ជា​ចំណុច​ស្នូល​របស់​គំនិត​ផ្តួចផ្តើម​នេះ​ ហើយ​គំនិត​ផ្តួចផ្តើម​នេះ​ គឺជា​រឿង​សំខាន់​បំផុត​ ដើម្បី​សហការ​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​កាន់តែ​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​យ៉ាងច្រើន​ដល់​កម្ពុជា​ ដែល​ក្រៅពី​កិច្ច​ពង្រឹង​ចំណង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ ក៏​មានការ​ជំរុញ​កំណើន​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​៕

គម្រោង​ទឹក​ស្អាត​នៅ​តាខ្មៅ​នឹង​ចាប់ផ្តើម​ដាក់​ការ​ដេញថ្លៃ​រើស​ក្រុមហ៊ុន​សាងសង់​នៅ​ជប៉ុន​នៅ​ឆ្នាំ២០២០​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ គម្រោងការ​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ទីក្រុង​តាខ្មៅ​ ខេត្តកណ្តាល​ ក្រោម​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ នឹង​ដាក់ដេញថ្លៃ​ជ្រើសរើស​ក្រុមហ៊ុន​សាងសង់​នៅ​ជប៉ុន​នៅ​ខែមីនា​ ឆ្នាំ២០២១​ ខណៈ​ការ​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ដែល​ឈរឈ្មោះ​ការ​ដេញថ្លៃ​នឹង​ធ្វើឡើង​ឡើង​ នៅ​ពី​ខែមេសា​ ឆ្នាំ២០២១​ ដល់​ខែ​ កញ្ញា​ ឆ្នាំ២០២៣​ សិក្សា​ប្លង់​លម្អិត​ និង​សាងសង់​ឲ្យ​រួចរាល់​។

វឌ្ឍនភាព​គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អាត​ នៅ​ក្រុង​តាខ្មៅ​នេះ​ត្រូវ​បាន​ឡើង​ ក្នុង​កិ​ច្ច​ប្រចុះ​មួយ​នៅ​ទី​ស្តី​ការក្រ​សួង​លោក​ ចម​ ប្រសិទ្ធ​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ និង​អង្គការ​ JICA​ ដឹកនាំ​ដោយ​លោក​បណ្ឌិត​ Shigeyuki​ MATSUMOTO​ អគ្គនាយករង​ និង​ជានា​យក​ក្រុម​ទទួលបន្ទុក​នាយកដ្ឋាន​ប្រភព​ធនធានទឹក​សកល​ នៃ​អង្គការ​ JICA​ ជប៉ុន​។

គោលបំណង​នៃ​ជំនួប​ពិភាក្សា​ គឺ​ដើម្បី​ធ្វើ​សេចក្តី​រាយ​ការ​ពី​វឌ្ឍនភាព​ នៃ​ការអនុវត្ត​គម្រោងការ​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ នៅ​ទីក្រុង​តាខ្មៅ​ ខេត្ត​កណ្តល​ ក្រោម​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​។

ប្រព័ន្ធ​ផលិតកម្ម​ថ្មី​ ស្ថិតនៅ​ទីតាំង​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ នៅ​ក្រុង​តាខ្មៅ​ ស្ថានីយ​បូមទឹក​ឆៅ​ពី​ទន្លេបាសាក់​ មាន​សមត្ថភាព​ផលិត៣៣.០០០ម៉ែត្រ​ត្រីគុណ​ ក្នុង​មួយថ្ងៃ​។ ប្រព័ន្ធ​ប្រព្រឹត្តិ​កម្ម​សម្អាត​ទឹក​មាន​ សមត្ថភាព ៣០.០០០​ ម៉ែត្រ​ត្រីគុណ​ ក្នុង​មួយថ្ងៃ​។ កាលបរិច្ឆេទ​អនុវត្ត​គម្រោង​នឹង​ត្រូវ​បញ្ចប់​នៅ​ខែ​ កញ្ញា​ ឆ្នាំ២០២៣​។

ក្រុមហ៊ុន​សាងសង់​ នឹង​ធ្វើការ​ដេញថ្លៃ​ជ្រើសរើស​ទៅតាម​នីតិវិធី​ ក្រុមហ៊ុន​គ្រប់គ្រង​និង​ដំណើរការ​ គឺ​ក្រុមហ៊ុន ​SPC​(Special​ Purpose​ Company​) ជា​ក្រុមហ៊ុន​ជប៉ុន​នឹង​ត្រូវ​បង្កើត​ឡើង​សម្រាប់​គ្រប់គ្រង​ និង​ថែ​ទាំ​ព្រ​ព័ន្ធ​ផលិតកម្ម​ ក្នុងរយៈពេល១០ឆ្នាំ​ និង​លក់​ទឹក​ដុំ​ជូន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​។

លោក​ Shigeyuki​ MATSUMOTO​ បាន​លើក​ឡើង​ពី​វឌ្ឍ​ភាព​ និង​គោលដៅ​នៃ​ការអនុវត្ត​គម្រោង​រួមមាន​ដូចជា​ បាន​បញ្ចប់​ការសិក្សា​រៀបចំ​ឯកសារ​ ស្នើសុំ​ហិរញ្ញប្បទាន​ឥត​សំណង​ពី​រាជរដ្ឋាភិបាល​ជប៉ុន​-បាន​បញ្ចប់​ការសិក្សា​វាយតម្លៃ​ ផល​ប៉ះពាល់​បរិស្ថាន​ ហើយ​គ្រោង​ នឹង​ប្រជុំ​ឆ្លង​ចុងក្រោយ​ជាមួយ​ បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ​នៅដើម​ខែធ្នូ​ឆ្នាំ២០១៩​ ខាងមុខនេះ​។

លោក​បណ្ឌិត​បាន​បញ្ជាក់​ថា​ នៅ​ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ បាន​បញ្ចប់​ការសិក្សា​ស្តី​ពីរ​បាយ​កា​រណ៍​រៀបចំ​គម្រោង​-ខែមីនា​ ឆ្នាំ២០២០​ កិច្ច​ព្រមព្រៀង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ សម្រាប់​អនុវត្តន៍​គម្រោង​។ នៅ​ខែ​ មេសា​ ឆ្នាំ២០២០​ រៀបចំ​ឯកសារ​ដេញថ្លៃ​។

លោក​បន្ថែម​ថា​ “នៅ​ខែសីហា​ ឆ្នាំ២០២០​ ដល់​ខែកុម្ភៈ​ឆ្នាំ២០២១​ ការ​ដេញថ្លៃ​ជ្រើសរើស​ក្រុមហ៊ុន​សាងសង់​នៅ​ជប៉ុន​។ នៅ​ខែមីនា​ ឆ្នាំ២០២១​ ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ដែល​ឈរឈ្មោះ​ការ​ដេញថ្លៃ​។ ពី​ខែមេសា​ ឆ្នាំ២០២១​ ដល់​ខែកញ្ញា​ ឆ្នាំ២០២៣​ សិក្សា​ប្លង់​លម្អិត​ និង​សាងសង់​ឲ្យ​រួចរាល់​”៕

ក្រុមហ៊ុន​កាហ្វេ​លំដាប់​អន្តរជាតិ​ Starbucks​ ចាប់ផ្តើម​វាយ​ឡុក​ទីផ្សារ​ក្រុង​ព្រះសីហនុ​

ដោយៈ​ រ៉ា​ណេត​

ព្រះ​សី​ហនុៈ​ នៅ​ព្រឹក​ថ្ងៃទី២២ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ ក្រុមហ៊ុន​កាហ្វេ​ដ៏​ល្បីឈ្មោះ​លំដាប់​អន្តរជាតិ​ Starbucks​ ចាប់ផ្តើម​បើក​សម្ពោធ​លក់​បម្រើ​អតិថិជន​ នៅ​ក្រុង​ពាណិជ្ជកម្ម​ព្រះសីហនុ​ជាលើកដំបូង​ហើយ​។

ស្ថិតនៅ​លើ​ទីតាំង​ដ៏​ល្អ​នៃ​ផ្សារ​ទំនើប​ដ៏​ធំ​ និង​លើកដំបូង​គេ​បង្អស់​នៅ​ក្រុង​ព្រះសីហនុ​ FURI​ Times​ Square​ ក្រុមហ៊ុន​ការ​ហ្វេ​ល្បីឈ្មោះ​លំដាប់​ពិភពលោក​ Starbucks​ ចាប់ផ្តើម​បើកទ្វារ​សម្ពោធ​ការ​លក់​របស់​ខ្លួន​ ជាមួយនឹង​គម្រោង​ពង្រីក​សាខា​របស់​ខ្លួន​ នៅក្នុង​ក្រុង​ពាណិជ្ជកម្ម​មួយ​នេះ​ថែមទៀត​ផង​។

នៅក្នុង​ឱកាស​នៃ​ការ​ចាប់ផ្តើម​លក់​ ជាលើកដំបូង​នៅពេល​នេះ​ Starbucks​ ក៏បាន​នាំមក​ជូន​នូវ​កម្មវិធី​ពិសេស​សម្រាប់​អតិថិជន​របស់​ខ្លួន​ ជាមួយនឹង​ការទិញ​កាហ្វេ​គ្រប់​រស់​ជាតិ​ចំនួន​មួយ​កែវ​ និង​ទទួល​បានការ​បន្ថែម​ជូន​នូវ​កែវ​ទឹក​ដ៏​ស្រស់​ចំនួន​មួយ​ភ្លាម​ៗ ដែល​កម្មវិធី​ដ៏​ពិសេស​មួយ​នេះ​ នឹង​ផ្តល់​ជូន​សម្រាប់​តែ​អតិថិជន​ចំនួន២០០នាក់​ដំបូង​ តែ​ប៉ុ​ណ្ណោះ​។

លោក​ប៉ោ​ លីម​ តំណាង​ក្រុមហ៊ុន​កាហ្វេ​ Starbucks​ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​ “ការពង្រីក​ខ្លួន​ទៅកាន់​ក្រុង​ព្រះសីហនុ​ ដែល​ជាគោល​ដៅ​ទី៣នេះ​ ដោយសារ​ខេត្ត​ព្រះសីហនុ​ក្នុងរយៈពេល៣ឆ្នាំ​កន្លងមក​នេះ​ មាន​សក្តា​នុ​ពល​ក្នុង​ការ​វិនិយោគ​”។ លោក​បន្ត​ថា​ “បន្ថែម​ពីនេះ​ វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​ មាន​អគារ​សំណង់​មានសន្ទុះ​រីកចម្រើន​យ៉ាង​កំ​ហុក​ ជាពិសេស​មាន​ផ្សារ​ទំនើប​ Furi​ Times​ Squares​ ដែល​គ្រោង​នឹង​បើក​ដំណើរ​ជា​ផ្លូវការ​ដំបូង​នៅក្នុង​ខេត្ត​នេះ​ គឺជា​ពេលវេលា​ដ៏​ត្រឹមត្រូវ​មួយ​សម្រាប់​ Starbucks​ ក្នុង​ការ​បន្ត​ពង្រីក​ខ្លួន​ទៅកាន់​ទីនោះ​”។

លោក​បាន​បន្ថែម​ទៀត​ថា​ ផ្សារ​ទំនើប​ Furi​ Times​ Squares​ ស្ថិតនៅ​ទីតាំង​ល្អ​ និង​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ដ៏​សំខាន់​ នៅក្នុង​កណ្តាល​ក្រុង​ព្រះសីហនុ​ ដូច្នេះ​ Starbucks​ និង​ទទួល​បាន​ជោគជ័យ​ និង​មានការ​គាំទ្រ​ច្រើន​។ លោក​បន្ត​ថា​ ផ្សារ​នេះ​មិន​ត្រឹមតែ​ស្ថិតនៅ​ទីតាំង​ល្អ​នោះ​ទេ​ តែ​មានការ​រៀប​ចំ​ឌី​សាញ​ដ៏​ទាក់ទាញ​ មានការ​រៀប​ចំ​ប្រព័​ន្ឋ​នៃ​ការ​លក់​យ៉ាង​ល្អ​ប្រសើរ​ ដែល​ផ្តល់​នូវ​អំណាច​នៃ​ការ​ទាក់ទាញ​អតិថិជន​យ៉ាងច្រើន​ នា​ពេល​អនាគត​។

នៅ​ចុងឆ្នាំ​នេះ​ Starbucks​ នឹង​បន្ត​ពង្រីក​ខ្លួន​បានឱ្យ​បាន២០ទីតាំង​ នៅ​ទូទាំង​ប្រទេស​។

ជាមួយនឹង​ការ​បង្ហាញ​វត្តមាន​របស់​ក្រុមហ៊ុន​កាហ្វេ​ លំដាប់​អន្តរជាតិ​ Starbucks​ នៅពេល​នេះ​ ក៏​មាន​បណ្តា​ក្រុមហ៊ុន​លក់​សម្ភារៈ​ប្រើប្រាស់​ ដែល​មាន​ម៉ាក​សញ្ញា​ល្បី​ៗលំដាប់​អន្តរជាតិ​ជាច្រើន​ទៀត​ ចូល​មក​បង្ហាញខ្លួន​នៅក្នុង​ផ្សារ​ទំនើប​មួយ​នេះ​ផង​ដែរ​ ដែល​ក្នុង​នោះ​រួមមាន​ដូចជា​ក្រុមហ៊ុន​ KFC​ ហាង​អាហារ​Bee​ Chheng​ Hiang​ ក្រុមហ៊ុន​ Amazone​ Caf​é ​ក្រុមហ៊ុន​ KOI​ ​ក្រុមហ៊ុន​ Dakasi​ Tea​, Pizza​ Company​ ក្រុមហ៊ុន​លក់​សម្លៀកបំពាក់​ LEVI​’s , ក្រុមហ៊ុន​ NIKE​ , ក្រុមហ៊ុន​ Samsonite​, ក្រុមហ៊ុន​នាឡិកា​ដ៏​ល្បីឈ្មោះ​ G-Shock​, ក្រុមហ៊ុន​លក់​រថយន្ត​ HGB​ Group​ រួម​ជាមួយ​ក្រុម​ហ៊ុន​ល្បី​ៗជាច្រើន​ទៀត​។

លោក​ នង​ ឌី​ណា​រ៉ា​ ប្រធាន​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​ និង​ពិធីការ​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ បាន​បង្ហាញ​ពី​ក្ដី​សាទរ​ ចំពោះ​វត្តមាន​ក្រុមហ៊ុន​លក់​ផលិតផល​ ចំណីអាហារ​ និង​សម្ភារៈ​ប្រើប្រាស់​ ដែល​មាន​ម៉ា​កល្បី​ៗលំដាប់​អន្តរជាតិ​ នៅក្នុង​ផ្សារ​ទំនើប​ FURI​ Times​ Square​ ដែល​ទើបតែ​មាន​ជាលើកដំបូង​នៅក្នុង​ក្រុង​ព្រះសីហនុ​។

​លោក​បាន​បញ្ជាក់​ថា​ “វត្តមាន​ក្រុមហ៊ុន​អន្តរជាតិ​ និង​ផ្សារ​ទំនើប​មួយ​នេះ​ គឺជា​ការ​បង្ហាញ​ពី​ការ​អភិវឌ្ឍ​ និង​ភាព​រីកចម្រើន​របស់​ក្រុង​ព្រះសីហនុ​ ខណៈ​ដែល​កម្រិតជីវភាព​ប្រជាជន​កាន់តែ​មាន​ភាព​ធូរ​ធា​ ដោយ​ចំណូល​របស់​មនុស្សម្នាក់​ក្នុង​មួយឆ្នាំ​នៅ​ខេត្ត​នេះ​មាន​ទឹកប្រាក់ ៣៧២៦ដុល្លារ​ ហើយ​កំណើន​សេដ្ឋកិច្ច​មាន​ប្រមាណ ១០​,៣ភាគរយ​”។

លោក​បាន​បន្ត​ទៀត​ថា​ នៅក្នុង​ក្រុង​ព្រះសីហនុ​កាលពីមុន​ មានត្រឹមតែ​ជា​ផ្សារ​ទំនើប​ខ្នាត​តូច​ដែល​វិនិយោគ​ដោយ​ជនជាតិ​ចិន​ និង​លក់ទំនិញ​តែប៉ុណ្ណោះ​ ប៉ុន្តែ​ឥឡូវនេះ​ FURI​ Times​ Square​ បាន​នាំមក​នូវ​បទពិសោធន៍​ថ្មី​ក្នុងនាម​ជា​ផ្សារ​ទំនើប​ ដែល​មាន​លក់ទំនិញ​ ចំណីអាហារ​ សម្ភារៈ​ប្រើប្រាស់​គ្រប់​ប្រភេទ​ ជាពិសេស​ជា​តំបន់​កម្សាន្ត​ សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ ដែល​កាន់តែ​ជួយ​លើកមុខ​មាត់​ក្រុង​ព្រះសីហនុ​ផង​ដែរ​៕

ខណ្ឌ​ថ្មី​ៗចំនួន៣កំពុង​ក្លាយជា​ខណ្ឌពា​ណិជ្ជ​កម្ម​ថ្មី​នៃ​ទីក្រុង​ភ្នំពេញ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ​ដោយ​សា​រកំនើ​នប្រ​ជា​សាស្រ្ត​ ការ​វិនិយោគ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ និង​កំនើន​សេដ្ឋកិច្ច​ បាន​ធ្វើឲ្យ​រាជធានី​ភ្នំពេញ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ ហើយ​ខណ្ឌ​ថ្មី​ៗចំនួន៣បាន​និង​កំពុង​ក្លាយជា​តំបន់​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ថ្មី​ (CBD​) នៅ​រាជធានី​ភ្នំពេញ​។

លោក​ ឃាង​ ពុទ្ធី​ ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ ឱ្យ​ដឹង​ថា​ មកដល់​ពេល​បច្ចុប្បន្ន​នេះ​ មាន​ខណ្ឌ​មួយចំនួន​ដូចជា​ខណ្ឌ​ ចំការមន​ ខណ្ឌ​បឹងកេងកង​ ខណ្ឌទួលគោក​ និង​ខណ្ឌដូនពេញ​ បាន​ក្លាយទៅជា​តំបន់​ពាណិជ្ជកម្ម​ ដោយមាន​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​អគារ​ខ្ពស់​ៗជាច្រើន​រីក​ដុះ​ដាល់​កាន់តែ​ច្រើន​។

លោក​បន្ត​ថា​ ក្រៅពី​នេះ​ក៏​មាន​ខណ្ឌ​មួយចំនួន​ទៀត​ នៃ​ទីក្រុង​ភ្នំពេញ​ក៏បាន​និង​កំពុង​ប្រែក្លាយ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ផង​ដែរ​ ដែល​រួមមាន​ខណ្ឌមានជ័យ​ (តំបន់៦០ម៉ែត្រ​) ​ខណ្ឌ​ជ្រោយចង្វា​ និង​សែនសុខ​ជាដើម​ ព្រោះ​ខណ្ឌ​ទំា​ងនេះ​ បាន​នឹង​កំពុង​មានការ​រីក​ចំរើន​យ៉ាង​លឿន​ទាំង​ ហេដ្ឋារចនាសម្ព័ន្ធ​ សំណង់​អគារ​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​យ៉ាងច្រើន​។

លោក​ឃាង​ ពុទ្ធី​ បន្ថែម​ថា​ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​បាន​រីក​ចំរើន​ក្នុងរង្វង់៧​ ​ភាគរយ​ជាច្រើន​ឆ្នាំ​មកនេះ​ បាន​ជំរុញ​ឱ្យ​ទីក្រុង​ភ្នំពេញ​ មាន​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​រីក​ធំ​ ​ដែល​ទាម​ទា​ឱ្យ​រដ្ឋាភិបាល​ ឬអាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​ពង្រឹង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​ ដើម្បី​ឆ្លើយតបទៅនឹង​កំណើន​អគារ​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​របស់​ប្រទេស​។

លោក​បន្ត​ថា​ “នៅពេល​មាន​អគារ​ពាណិជ្ជកម្ម​ (Commercial​ Buildings​) រីក​ដុះ​ដាល់​កាន់តែ​ច្រើន​ នៅក្នុង​ខណ្ឌ​ដែល​មាន​សេដ្ឋកិច្ច​រីក​ចំ​រើ​នទំា​ងនោះ​ ក៏​ត្រូវ​កា​រស​ម្ភា​រៈប​ង្កា​អគ្គីភ័យ​ផង​ដែរ​ ​និង​ពិនិត្យមើល​គុណភាព​សំណង់​ ឱ្យ​បាន​គ្រប់ ជ្រុងជ្រោយ​ជៀសវាង​ហា​នី​ភ័យ​ណាមួយ​កើតឡើង​ជាយថាហេតុ​”។

ជាមួយគ្នា​នេះ​ដែរ​ តម្លៃ​អចលនទ្រព្យ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​រីក​ចំរើន​ទាំងនេះ​ ក៏​មានតម្លៃ​ខ្ពស់​ផង​ដែរ​ បើ​ធៀប​ជាមួយនឹង​បណ្តា​ខណ្ឌ​ផ្សេងទៀត​ នៅក្នុង​រាជធានី​ភ្នំពេញ​ ហើយពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ តម្លៃ​អចលនទ្រព្យ​នៅក្នុង​តំបន់​ទាំងនេះ​ បន្ត​កើនឡើង​ជាលំដាប់​អាស្រ័យ​ទៅលើ​ទំហំ​ និង​ទីតាំង​ជាក់ស្តែង​។

នៅក្នុង​រាជ​ធា​នី​ភ្នំ​ពញ​មាន​ខណ្ឌ​សរុប​ ចំនួន១៤ដែល​រួមមាន​ ខណ្ឌ​ព្រែកព្នៅ​ ខណ្ឌ​ជ្រោយ​ចង្វា​រ ខណ្ឌ​សែនសុខ​ ខណ្ឌមានជ័យ​ ខណ្ឌ​ឬស្សី​កែវ​ ខណ្ឌ៧មករា​ ខណ្ឌ​ច្បារអំពៅ​ ខណ្ឌទួលគោក​ ខណ្ឌដូនពេញ​ ខណ្ឌចំការមន​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ខណ្ឌដង្កោ​ ខ័ណ្ឌ​បឹងកេងកង​ និង​ខ័ណ្ឌ​កំបូល​។

សម្តេ​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បានឱ្យ​ដឹង​ក្នុង​ពិធីសម្ពោធ​ «អគារ​ឥន្ទ្រ​ទេវី​» របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា​ នៅក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី២១​ ខែវិច្ឆិកា​ថា​ រាជធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​នេះ​ មានការ​រីក​ចំរើន​លើ​គ្រប់​វិស័យ​ទាំង​វិស័យ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ ​សំណង់​អគារ​ សំណង់​អគារ​ខ្ពស់​ៗ ការពង្រីក​ផ្ទៃដី​ ជាដើម​ មិន​ដូច​កាលពី​ពេល​កន្លងមក​នោះ​ទេ​។

សម្តេច​ថា​ “ចឹង​បាន​ជា​នៅ​ទីក្រុង​ភ្នំពេញ​បច្ចុប្បន្ន​ យើង​ពិនិត្យមើល​អំពី​ការ​រីក​លូតលាស់​នៅ​ទីក្រុង​ភ្នំពេញ​។ ភ្នំពេញ​កាលពី​សម័យមុន​ ដែល​យើង​ចូល​មក​គ្រប់គ្រង​ គឺ​ភ្នំពេញ​តែ​ជាង៣០០គីឡូម៉ែត្រ​ការ៉េ​ទេ​ ប៉ុន្តែ​ឥឡូវ​ឡើង​ទៅដល់​ជាង៦០០ គីឡូម៉ែត្រ​ការ៉េ​”៕