CVEA​ នឹង​រៀបចំ​កម្មវិធី​ Real​ Estate​ Business​ Support​ Program​ នៅ​ចុងខែ​វិច្ឆិកា​នេះ​

ដោយ​ វុត្ថា​

ភ្នំពេញ​៖ សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA​) នឹង​រៀបចំ​កម្មវិធី​ Real​ Estate​ Business​ Support​ Program​ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ខាងមុខនេះ​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់់​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ដែល​គេហទំព័រ propertyarea.asia​ ទទួល​បាន​នៅ​ថ្ងៃទី​ ២៣​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ កម្មវិធី​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ ដើម្បី​ជួយ​សម្របសម្រួល​ និង​ប្រឹក្សា​យោបល់​ជូន​ដល់​ក្រុមហ៊ុន​សមាជិកសមាគម​ផ្នែក​ពាណិជ្ជកម្ម​ដូចជា​៖

១. ការរៀបចំ​ធ្វើ​ផែនការ​យុទ្ធ​សាស្រ្ត​សម្រាប់​ក្រុមហ៊ុន

​២. ការ​គ្រប់​គ្រង​ភា្ន​ក់​ងារ​អចលនវត្ថុ​

៣. ការរៀបចំ​ធ្វើការងារ​ប្រចាំថ្ងៃ​

៤. និង​ការ​ប្រឹក្សា​យោបល់​នានា​ដើម្បី​ជួយ​គាំទ្រ​ដល់​ដំណើរការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​សមាជិក​ ទាំងអស់​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ ។

លោក​ ឡុង​ គឹ​មសួគ៌​ អគ្គ​នាយក្រុម​ហ៊ុន​អចលនទ្រព្យ​ Century21​ Advanced​ Property​ និង​ជា​វាគ្មិន​ដ៏​សំខាន់​មួយ​រូប​នៅក្នុង​កម្មវិធី​ Real​ Estate​ Business​ Support​ Program​ នេះ​ បានឱ្យ​ដឹង​ថា​ ការរៀបចំ​កម្មវិធី​នេះ​គឺ​ក្នុង​គោលបំណង​ចែករំលែក​នូវ​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ ជ្រើសរើស​បុគ្គលិក​ ការចុះបញ្ជី​ការ​ និង​តភ្ជាប់​បណ្តាញ​ទៅដល់​ក្រុម​ហ៊ុន​តូច​ៗ ​ដែល​ជាស​មា​ជិ​ករបស់​សមាគម​។

លោក​បន្ត​ថា​ “ក្នុងនាម​យើង​ជា​ក្រុមហ៊ុន​រឹងមាំ​ហើយ​ ឬក្រុមហ៊ុន​ដែល​បាន​បង្កើត​មុន​ ឬក្រុមហ៊ុន​ធំ​ យើង​ជួយ​គាំទ្រ​ ផ្តល់​បទពិសោធន៍​ទៅ​ឱ្យ​ក្រុម​ហ៊ុន​តូច​ៗ ឱ្យ​ពួកគាត់​ទៅមុខ​ដូច​យើង​ដែរ​ “។

លោក​បញ្ជាក់​ទៀត​ថា​ “សម្រាប់​ការចូលរួម​នៅក្នុង​កម្មវិធី​នេះ​វិញ​ លុះត្រាតែ​ជាស​មា​ជិ​ករបស់​សមាគម​ ទើប​មាន​សិទ្ធិ​ចូលរួម​បាន​ ហើយ​អ្នក​ដែល​ចូលរួម​បាន​ហ្នឹង​ទៀតសោត​ក៏​ជា​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ ឬជា​ម្ចាស់​ក្រុម​ផ្ទាល់​” ។

លោក​ ឡុង​ គឹ​មសួគ៌​ បន្ត​ទៀត​ថា​ “កម្មវិធី​នេះ​ នឹង​ត្រូវ​រៀបចំ​ជា​រៀង​រហូត​ដោយ​មិនកំណត់​នោះ​ទេ​ ឱ្យ​តែ​មាន​ក្រុមហ៊ុន​ស្នើសុំ​ ឬសុំ​ជំនួយ​ផ្សេង​ៗ យើង​នឹង​រៀបចំ​ជូន​ពួកគាត់​ ។ ឱ្យ​តែ​មាន​ក្រុមហ៊ុន​ ៣ ឬ ៤ ក្រុមហ៊ុន​ យើង​ធ្វើ​ម្តង​ ហើយ​នៅ​ខែក្រោយ​បើ​មាន​ក្រុមហ៊ុន​ស្នើសុំ​ទៀត​ យើង​រៀបចំ​ធ្វើ​ទៀត​”៕

លោក​ស៊ី​ ជី​នពីង​ ត្រៀមខ្លួន​រួច​ក្នុង​ការ​ចុះហត្ថលេខា​ដើម្បី​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម

​ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ប្រធានាធិបតី​ចិន​លោក​ស៊ី​ ជី​នពីង​ បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃ​ សុក្រ​ ថា​ ខ្លួន​បាន​ត្រៀម​រួចរាល់​ហើយ​ដើម្បី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​។

លោក​ស៊ី​ បាន​ថ្លែង​នៅក្នុង​វេទិកា​ “សេដ្ឋកិច្ច​ថ្មី​” នៅ​ទីក្រុង​ប៉េកាំង​ថា​ “យើង​ចង់​ធ្វើការ​សម្រាប់​កិច្ច​ព្រមព្រៀង​មួយ​ដំណាក់​កាល​មួយ​ដោយ​ផ្អែកលើ​ការគោរព​គ្នា​ និង​សមភាព​”។

អ្នកចរចា​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​កំពុង​ប្រញាប់​ប្រញាល់​បញ្ចប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ដំណាក់កាល​ មុន​កាលបរិច្ឆេទ​កំណត់​ពន្ធគយ​ ថ្ងៃទី​ ១៥​ ខែ​ ធ្នូ​ ចូលជាធរមាន​ដែល​នឹង​ប៉ះពាល់​ដល់​ការនាំចូល​របស់​ចិន​ដែល​មានតម្លៃ​ ១៥៦​ ពាន់​លាន​ដុល្លារ​។

ពន្ធគយ​កំណត់​គោលដៅ​លើ​ទូរស័ព្ទចល័ត​ កុំព្យូទ័រ​យួរដៃ​ និង​ទំនិញ​ប្រើប្រាស់​ដែល​មានតម្លៃ​ខ្ពស់​។ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​ធ្លាក់ចុះ​នៅ​ឆ្នាំនេះ​ ដោយសារតែ​សង្រ្គាម​ពាណិជ្ជកម្ម​ដែល​កំពុង​កើតមាន​។

ការនាំចេញ​របស់​ចិន​ទៅកាន់​អាមេរិក​បាន​ធ្លាក់ចុះ​ ៥៣​ ពាន់​លាន​ដុល្លារ​ ហើយ​ការនាំចេញ​របស់​អាមេរិក​ទៅកាន់​ចិន​បាន​ធ្លាក់ចុះ​ ១៤,៥​ ពាន់​លាន​ដុល្លារ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​របាយការណ៍​សេដ្ឋកិច្ច​របស់​អង្គការ​សហប្រជាជាតិ​ចេញផ្សាយ​ក្នុង​ខែ​នេះ​។

លោក​ស៊ី​បាន​មានប្រសាសន៍​ថា​ “នៅពេល​ចាំបាច់​ យើង​នឹង​ប្រយុទ្ធ​តប​វិញ​ ប៉ុន្តែ​យើង​បាន​ធ្វើការ​យ៉ាងសកម្ម​ដើម្បី​ព្យាយាម​មិន​ឱ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​។ យើង​មិនបាន​ផ្តួចផ្តើម​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​ទេ​ ហើយ​នេះ​មិនមែន​ជា​អ្វី​ដែល​យើង​ចង់បាន​ទេ​”។

អង្គការ​សហប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) បាន​បញ្ជាក់​ថា​ ភាព​មិន​ត្រឹមត្រូវ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​បាន​បណ្តាល​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ដូច​កម្រិត​វិបត្តិ​ហិរញ្ញវត្ថុ​កាលពី​ ១០​ ឆ្នាំមុន​។

លោក​ Laurence​ Boone​ ប្រធាន​សេដ្ឋវិទូ​នៃ​អង្គការ​ OECD​ នៅក្នុង​របាយការណ៍​បាន​និយាយ​ថា​ “ក្នុងរយៈពេល​ពីរ​ឆ្នាំ​កន្លងមក​ លទ្ធផល​ និង​កំណើន​សេដ្ឋកិច្ច​សកល​បាន​ធ្លាក់ចុះ​ជាលំដាប់​ ស្រប​ពេល​ភាព​មិន​ប្រាកដប្រជា​នៃ​គោលនយោបាយ​ និង​លំហូរ​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​ខ្សោយ​”។

របាយការណ៍​បាន​កែប្រែ​ការព្យាករណ៍​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​ឆ្នាំ​ ២០១៩​ របស់​ខ្លួន​មក​ត្រឹម​ ២,៩​ ភាគរយ​ និង៣​ ភាគរយ​សម្រាប់​ឆ្នាំក្រោយ​។ ការព្យាករណ៍​ពី​កំណើន​សេដ្ឋកិច្ច​ ២០២០​-២០២១​ គឺជា​ការ​ធ្លាក់ចុះ​មួយ​ចាប់តាំងពី​ខ្សោយ​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ​ ២០០៩​៕

ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​អាមេរិក​ បង្ហាញ​ចំណាប់​អារម្មណ៍​វិនិយោគ​វិស័យ​ថាមពល​នៅ​កម្ពុជា

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ភ្ជាប់​ទៅ​នឹង​ក្ដី​កង្វល់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​ប្រឈម​ទៅ​នឹង​ភាព​ខ្វះខាត​នៃ​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​ទូទាំង​ប្រទេស​ ជាពិសេស​ក្នុង​រាជធានី​ភ្នំពេញ​ ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​សហរដ្ឋអាមេរិក​ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​វិនិយោគ​នៅក្នុង​វិស័យ​មួយ​នេះ​ ដើម្បី​រួម​វិភាគទាន​។

ថ្លែង​នៅក្នុង​ឱកាស​នៃ​ការ​ចូល​ជួប​សម្ដែង​ការគួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ នៅ​ទីស្ដីការ​ក្រសួង​ កាលពី​ថ្ងៃទី២២​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ លោក​ ប៉ា​ទ្រី​ក មើ​ហ្វី​ (W.Patric​ Murphy​) ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​អាមេរិក​ជី​អ៊ី​ (GE​) ដែល​ជា​ក្រុមហ៊ុន​អាមេរិក​ដ៏​ធំ​មួយ​ មានបំណង​ចង់​ចូលរួម​ ក្នុង​វិស័យ​ថាមពល​នៅ​កម្ពុជា​ ដើម្បី​រួម​វិភាគទាន​លើ​ការ​ខ្វះខាត​អគ្គីស​នី​។

លោក​បាន​បន្ត​ទៀត​ថា​ “ក្រុមហ៊ុន​អាមេរិក​ GE​ គឺជា​ក្រុមហ៊ុន​ដែល​មាន​ជំនាញ​ និង​មានបទពិសោធន៍​ខ្ពស់​នៅក្នុង​វិស័យ​ថាមពល​ ដូច្នេះ​ស្រប​ពេល​កម្ពុជា​កំពុង​ជួប​ភាព​ខ្វះខាត​ ក្រុមហ៊ុន​មួយ​នេះ​បាន​បង្ហាញ​ពី​ចំ​នាប់​អារម្មណ៍​ចូល​មកកាន់​កម្ពុជា​ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​”។

លោក​បាន​បន្ថែម​ទៀត​ថា​ “ក្នុងរយៈពេល​ដ៏​ខ្លី​ដែល​លោក​ បាន​មក​បំពេញបេសកកម្ម​នៅ​កម្ពុជា​ លោក​យល់ឃើញ​ថា​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ ជាច​លក​រមួយ​ដ៏​សំខាន់​ នៅក្នុង​សេដ្ឋកិច្ច​កម្ពុជា​។ដើម្បី​គាំទ្រ​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​ ស្ថានទូត​អាមេរិក​ នឹង​រៀបចំ​វេទិកា​ស្ដី​ពី​កសិ​-ឧស្សាហកម្ម​ នៅ​ខែកុម្ភៈ​ ឆ្នាំ២០២០​ ហើយនឹង​អញ្ជើញ​ក្រសួង​ពាណិជ្ជកម្ម​ចូលរួម​ក្នុង​វេទិកា​នេះ​”។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក​ ប៉ាន​ សូរ​ស័ក្ដិ​ បាន​បង្ហាញ​ពី​ការ​គាំទ្រ​នូវ​ចំណាប់​អារម្មណ៍​របស់​ក្រុមហ៊ុន​ជំនាញ​ខាងលើ​នេះ​។

ជាមួយគ្នា​នេះ​ លោក​រដ្ឋមន្ត្រី​ក៏បាន​មានប្រសាសន៍​ផង​ដែរ​ថា​ “បច្ចុប្បន្ន​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចុះ​អនុស្សរណៈ​ជាមួយ​អង្គការ​ការងារ​អន្តរជាតិ​ (ILO​) និង​សមាគម​រោងចក្រ​ កាត់ដេរ​នៅ​កម្ពុជា​ ស្ដីពី​ កម្មវិធី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ ដើម្បី​បន្ត​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ និង​វាយនភ័ណ្ឌ​ ដែល​ទទួលស្គាល់​ស្តង់ដារ​ការងារ​ជា​អន្តរជាតិ​។

ការអនុវត្ត​គម្រោង​រោងចក្រ​ កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​ ហើយក៏​បាន​ទាក់ទាញ​វិនិយោគទុន​ បង្កើត​ការងារ​ និង​ប្រាក់ចំណូល​សម្រាប់​កម្មករ​-កម្មការិនី​ ឲ្យ​កាន់តែ​ប្រសើរ​ទ្បើង​។

លោក​រដ្ឋមន្ត្រី​ ក៏បាន​សម្ដែង​ការ​សរសើរ​ ចំពោះ​ការចូលរួម​លើ​ការ​ ពង្រឹង​ស្ដ​ង់​ដារ​ការងារ​ដោយក្រុម​ហ៊ុន​អាមេរិក​ ដែល​បាន​វិនិយោគទុន​នៅ​កម្ពុជា​ ហើយក៏​សំណូមពរ​ឲ្យ​មានការ​កៀរគរ​ វិនិយោគទុន​បន្ថែម​ទៀត​ លើ​វិស័យ​ដែល​បង្កើត​តម្លៃ​ និង​ជំនាញ​បន្ថែម​ដូចជា​ កែច្នៃ​កសិផល​ កែច្នៃ​ត្បូងពេជ្រ​ កម្មន្ដសាល​ធន់​ស្រាល​ អេឡិចត្រូនិក​ -ល-៕

ប្រព័ន្ធ​រថភ្លើង​ស្វ័យប្រវត្តិ​បាន​បញ្ចប់​ការសិក្សា​ដោយ​ត្រូវ​ចំណាយ​ថវិកា​ចំនួន​ ៨០០លាន​ដុល្លារ​

ដោយ​ ប៊ី​

ភ្នំពេញ​៖ ការសិក្សា​ការស្ថាបនា​ប្រព័ន្ធ​ដឹកជញ្ជូន​ផ្លូវ​ដោ​យស្វ័យប្រ​វត្ដិ​ (AGT​) នៅ​ភ្នំពេញ​ដែល​នឹង​ចំណាយ​ ៨០០​ លាន​ដុល្លារ​ត្រូវ​បញ្ចប់​ ខណៈ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ស្វែងរក​ជំនួយ​ពីជ​ប៉ុន​ដើម្បី​អភិវឌ្ឍ​គំ​រោង​ធំៗ​ បន្ថែម​ទៀត​នៅក្នុង​វិស័យ​សាធារណៈ​ និង​ដឹកជញ្ជូន​ក្នុង​ប្រទេស​។

សំណើ​នេះ​ត្រូវ​បាន​លើកឡើង​កាលពី​ពេល​ថ្មី​ៗនេះ​ក្នុង​ជំនួប​ប្រជុំ​មួយ​នៅ​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​ ២៥​ កាលពី​សប្តាហ៍​មុន​នៅ​វៀតណាម​រវាង​លោក​ស៊ុន​ ចាន់​ថុល​ រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ និង​ដឹកជញ្ជូន​ លោក​ Nobuhide​ Minorikawa​ រដ្ឋមន្រ្តី​ក្រសួង​ដែនដី​ ហេដ្ឋារចនាសម្ព័ន្ធ​ ដឹកជញ្ជូន​ និង​ទេសចរណ៍​។

យោង​តាម​ការ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​កផ្លូវការ​របស់ក្រ​សួង​សាធារណការ​ និង​ដឹកជញ្ជូន​ លោក​ស៊ុន​ ចាន់​ថុល​ បាន​ប្រាប់​គណៈប្រតិភូ​ជប៉ុន​ថា​ កម្ពុជា​កំពុង​ស្វែងរក​ការ​វិនិយោគ​ជប៉ុន​សម្រាប់​ការសាងសង់​ប្រព័ន្ធ​ដឹកជញ្ជូន​ផ្លូវ​ដោ​យស្វ័យប្រ​វត្ដិ​ (AGT​) នៅ​រាជធានី​ភ្នំពេញ​។

ការស្ថាបនា​ប្រព័ន្ធ​ AGT​ សម្រាប់​ទីក្រុង​ភ្នំពេញ​មាន​ល្បឿន​យឺត​ មួយ​ផ្នែក​ដោយសារតែ​កង្វះ​អ្នក​វិនិយោគ​ក្នុង​ការ​ផ្តល់​ហិរញ្ញ​ប្ប​ទាន​សម្រា​បការ​អភិវឌ្ឍន៍​។

ប្រព័ន្ធ​ AGT​ ដែល​នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ​ ៨០០​ លាន​ដុល្លារ​អាមេរិក​ត្រូវ​បាន​រំពឹង​ថា​នឹង​ជួយ​សម្រួល​ដល់​បញ្ហា​ចរាចរណ៍​នៅក្នុង​ទីក្រុង​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន​។ ទោះ​យ៉ាងណា​ ការ​ចំណាយ​ដ៏​ច្រើន​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​រក​ថវិកា​ពី​កន្លែង​ផ្សេងទៀត​។ ក្រៅពី​ប្រព័ន្ធ​ AGT​ រដ្ឋាភិបាល​ក៏​សង្ឃឹមថានឹង​បង្កើត​ប្រព័ន្ធ​រថភ្លើង​ និង​ផ្លូវដែក​នៅក្នុង​ក្រុង​។

ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន​ (JICA​) បាន​បញ្ចប់​ការសិក្សា​លទ្ធភាព​លើ​គម្រោង​ប្រព័ន្ធ​ AGT​ ខណៈ​ក្រុមហ៊ុន​ចិន​ចំនួន​ពីរ​កំពុងធ្វើការ​លើ​គម្រោង​ផ្លូវដែក​ និង​រថភ្លើង​ក្រោម​ដី​។

ប្រទេស​ជប៉ុន​ក៏​កំពុងតែ​ផ្តល់​មូលនិធិ​ដល់​គម្រោង​រោងចក្រ​ផលិត​ទឹក​ស្អាត​មួយ​នៅ​កម្ពុជា​នៅ​ឆ្នាំក្រោយ​តាមរយៈ​ជំនួយ​ចំនួន​ ២៧​ ដុល្លារ​អាមេរិក​។ លោក​ស៊ុន​ ចាន់​ថុ​លក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ជំនួយ​របស់​ជប៉ុន​ក្នុង​ការបង្កើត​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​។

គម្រោង​នេះ​រួមបញ្ចូល​ទាំង​ប្រព័ន្ធ​ត្រួតពិនិត្យ​នៅ​សាលាក្រុង​ និង​ភ្លើងស្តុប​ថ្មី​ ១០០​កន្លែង​ ត្រូវ​បាន​ផ្តល់​មូលនិធិ​ជំនួយ​ចំនួន​ ១៦​លាន​ដុល្លារ​អាមេរិក​ពីជ​ប៉ុន​។

លោក​សង្ឃឹមថា​ ជប៉ុន​អាច​ផ្តល់​ជំនួយ​ដូចគ្នា​ដល់​បណ្តា​ខេត្ត​សំ​ខាន់​ៗផ្សេងទៀត​ជា​ ពិសេស​ខេត្តកំពត​ និង​កោះកុង​។ ជប៉ុន​ស្ថិត​ក្នុងចំណោម​អ្នក​ផ្តល់​ជំនួយ​ធំ​បំផុត​ដល់​កម្ពុជា​។ កាលពី​ឆ្នាំមុន​ កម្ពុជា​ទទួល​បាន​ជំនួយ​ចំនួន​ ១៣៥​ លាន​ដុល្លារ​អាមេរិក​ក្នុង​កញ្ចប់​ជំនួយ​របស់​ជប៉ុន​ដែល​បាន​ធ្វើឡើង​ជា​ទម្រង់​ជំនួយឥតសំណង​ និង​ប្រាក់កម្ចី​៕

ធនាគារ​កណ្តាល​អឺរ៉ុប​៖ សេដ្ឋកិច្ច​សកល​ប្រឈម​នឹង​បញ្ហា​ធំ​ពីរ

​ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ប្រធាន​ថ្មី​ធនាគារ​កណ្តាល​អឺរ៉ុប​លោកស្រី​ Christine​ Lagarde​ បាន​មានប្រសាសន៍​ថា​ សេដ្ឋកិច្ច​ពិភពលោក​ត្រូវតែ​ជំនះ​ឧប​សគ្គ​ធំៗ​ ចំនួន​ពីរ​ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​មាន​សុខភាព​ល្អ​។លោកស្រី​បាន​ផ្តោត​លើ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​ជា​កត្តា​ចម្បង​មួយ​ដែល​រារាំង​ដល់​កំណើន​ GDP​ នៅ​ជុំវិញ​ពិភពលោក​ និង​បង្ក​ភាព​មិន​ប្រាកដប្រជា​នៅក្នុង​សង្វាក់​ផ្គត់ផ្គង់​។

លោកស្រី​ Lagarde​ មានប្រសាសន៍​ថា​ “ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​ដែល​កំពុង​កើតមាន​ និង​ភាព​មិន​ប្រាកដប្រជា​ខាង​ភូមិសាស្ត្រ​នយោបាយ​កំពុង​រួមចំណែក​ដល់​ការ​ធ្លាក់ចុះ​នៃ​កំណើន​ពាណិជ្ជកម្ម​ពិភពលោក​ដែល​មាន​ចំនួន​ច្រើនជាង​ពាក់កណ្តាល​ចាប់តាំងពី​ឆ្នាំមុន​។ នេះ​បាន​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ដល់កម្រិត​ទាប​បំផុត​ចាប់តាំងពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​មុន​”។

ប្រធាន​ធនាគារ​កណ្តាល​ក៏បាន​កត់សម្គាល់​ផង​ដែរ​ថា​ សេដ្ឋកិច្ច​ពិភពលោក​កំពុង​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​ ហើយ​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​សម្រប​ខ្លួន​ និង​វិនិយោគ​លើ​បច្ចេកវិទ្យា​ និង​និ​ន្នា​ការ​ផ្សេង​ៗ។ លោកស្រី​ Lagarde​ បាន​ថ្លែង​ថា​ ”ស្រប​ពេលនេះ​ដែរ​ ក៏​មានការ​ផ្លា​សប្តូ​រដោយ​ធម្មជាតិ​រចនាសម្ព័ន្ធ​ជាច្រើន​ផង​ដែរ​។

យើង​កំពុង​ចាប់ផ្តើម​មើលឃើញ​ការ​ផ្លាស់​ប្តូរ​ជាស​កល​ដែល​ជំរុញ​ដោយ​ទីផ្សារ​ដែល​កំពុង​រីកចម្រើន​ – ពី​តម្រូវការ​ខាងក្រៅ​ទៅ​តម្រូវការ​ក្នុង​ស្រុក​ ពី​ការ​វិនិយោគ​ទៅ​ការប្រើ​ប្រាស់​ និង​ពី​ផលិតកម្ម​ទៅ​សេ​វា​កម្ម​ៗ។

អង្គការ​សហប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) បាន​ចេញ​របាយការណ៍​មួយ​ដែល​បង្ហាញ​ការ​សន្និដ្ឋាន​ស្រដៀង គ្នា​នេះ​នៅ​សប្តាហ៍​នេះ​។របាយការណ៍​បាន​កែប្រែ​ការព្យាករណ៍​កំណើន​ផលិតផល​សរុប​ពិភពលោក​ក្នុង​ស្រុក​ឆ្នាំ​ ២០១៩​ របស់​ខ្លួន​មក​ត្រឹម​ ២,៩​ ភាគរយ​ និង​ ៣ ភាគរយ​សម្រាប់​ឆ្នាំក្រោយ​។

ការព្យាករណ៍​ពី​កំណើន​ ២០២០​-២០២១​ ឃើញ​ពី​ការ​ធ្លាក់ចុះ​មួយ​ចាប់តាំងពី​ខ្សោយ​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ​ ២០០៩​។លោក​ Laurence​ Boone​ ប្រធាន​សេដ្ឋវិទូ​របស់​ OECD​ បាន​និយាយ​នៅក្នុង​របាយការណ៍​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ថា​ “ក្នុងរយៈពេល​ពីរ​ឆ្នាំ​កន្លងមក​ លទ្ធផល​ និង​កំណើន​សេដ្ឋកិច្ច​សកល​បាន​ធ្លាក់ចុះ​ជាលំដាប់​ ស្រប​ពេល​ភាព​មិន​ប្រាកដប្រជា​នៃ​គោលនយោបាយ​ និង​លំហូរ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ទន់ខ្សោយ​”៕

ចំនួន​ក្រុមហ៊ុន​ និង​សហគ្រាស​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​ កើនឡើង​ដល់​ជាង​ ១៨០០​

ដោយ​ ៖ រ៉ា​ណេត

ព្រះសីហនុ​ ៖ ស្រប​ពេល​ដែល​វិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​មាន​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នោះ​ គិត​ត្រឹម​ខែកញ្ញា​ ឆ្នាំ២០១៩​ នេះ​ កំណើន​នៃ​ក្រុមហ៊ុន​ និង​សហគ្រាស​នៅ​ទូទាំង​ខេត្ត​មានការ​កើនឡើង​យ៉ាង​គំហុក​រហូតដល់​ប្រមាណ​ជាង​ ១៨០០​។ នេះ​បើ​តាម​ការ​អះអាង​របស់​ប្រធានមន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ​។

ស្រប​ទៅ​នឹង​ផែនការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ លើ​ការ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ឱ្យទៅ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ បច្ចុប្បន្ន​នេះ​មាន​បណ្តា​ក្រុមហ៊ុន​ជាតិ​ និង​អន្តរជាតិ​ ជាច្រើន​ រាប់ទាំង​សហគ្រាស​ផង​ដែរ​ កំពុងតែ​មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ ដែល​គិត​ត្រឹម​ខែកញ្ញា​ ឆ្នាំ២០១៩កន្លងទៅ​នេះ​ ចំនួន​ក្រុមហ៊ុន​ និង​សហគ្រាស​នានា​បាន​កើនឡើង​រហូតដល់​ប្រមាណ​ជាង​ ១៨០០​ រួច​ទៅ​ហើយដែល​បាន​មក​ចុះបញ្ជី​ស្របច្បាប់​។

ប្រធានមន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ​ លោក​ ព្រហ្ម​ សុខ​ជាវ​ណ្ណ​ដា​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី២២​ ខែវិច្ឆិកា​ ឆ្នាំ២០១៩ថា​ សក្ដានុពល​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ខេត្ត​ព្រះសីហនុ​គឺ​មាន​ខ្ពស់​បើ​ប្រៀបធៀប​ទៅ​នឹង​បណ្តា​ខេត្ត​ដទៃទៀត​។

លោក​បាន​បន្ត​ទៀត​ថា​ “នៅពេល​បច្ចុប្បន្ន​នេះ​ មាន​ក្រុមហ៊ុន​ និង​សហគ្រាស​ជាច្រើន​បាន​បង្កើត​ជាបន្តបន្ទាប់​ ដែល​គិត​ចាប់តាំងពី​ដើមឆ្នាំ២០១៩មក​ គិតជា​មធ្យម​គឺ​មាន​ប្រមាណ​ចាប់ពី១០០​-២០០​ ក្រុមហ៊ុន​ និង​សហគ្រាស​ ត្រូវ​បាន​បង្កើត​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

ចំនួន​ទាំងអស់​នេះ​ គឺ​គិតតែ​សម្រាប់​អ្នក​ដែល​មក​ចុះបញ្ជី​ពាណិជ្ជកម្ម​ និង​អនុវត្ត​ទៅតាមច្បាប់​តែប៉ុណ្ណោះ​ ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន​ និង​សហគ្រាស​មួយចំនួន​ទៀត​ដែល​មិនបាន​មក​ចុះបញ្ជី​ គឺ​មិន​ត្រូវ​បាន​រាប់បញ្ចូល​នោះ​ទេ​”។

លោក​ ព្រហ្ម​ សុខ​ជាវ​ណ្ណ​ដា​ បាន​បន្ត​ទៀត​ថា​ “ជាមួយនឹង​សក្ដានុពល​ខេត្ត​កំពុង​មាន​កំណើន​ខ្ពស់​ ដែល​ជំរុញ​ឱ្យ​កើតមាន​សហគ្រាស​ ក៏ដូចជា​ក្រុមហ៊ុន​បង្កើត​ឡើងជា​បន្តបន្ទាប់​នេះ​ យើង​បាន​អំពាវនាវ​ និង​លើកទឹកចិត្ត​ដល់​ម្ចាស់​អាជីវកម្ម​ ចូលរួម​គោរព​ និង​អនុវត្ត​ច្បាប់​ទាំងអស់គ្នា​ ដើម្បី​ធានា​ដល់​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ ក៏ដូចជា​មុខ​ជំនួញ​នានា​មាន​ភាព​ស្ថិតស្ថេរ​ និង​យូរអង្វែង​”។

ជាមួយនឹង​ភាពល្អ​ប្រសើរ​នៃ​វិស័យ​ពាណិជ្ជកម្ម​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​នៅពេល​នេះ​បាន​ជួយ​ជំរុញ​ឱ្យ​កំណើន​សេដ្ឋកិច្ច​ទូទាំង​ខេត្ត​ប្រមាណ​ ១០.៣ភាគរយ​ ខណៈ​ដែល​កំណើន​ GDP​ មាន​ប្រមាណ​ ៣៧២៦ដុល្លារ​ សម្រាប់​មនុស្សម្នាក់​។

ដោយឡែក​នៅ​ឆ្នាំ​បន្ទាប់​ ២០២០ខាងមុខនេះ​ គេ​រំពឹង​ថា​ កំណើន​សេដ្ឋកិច្ច​នឹង​នៅតែ​អាច​រក្សា​បាន​នូវ​ភាពល្អ​ប្រសើរ​ដដែល​ ស្រ​ពេល​ដែល​គម្រោង​វិនិយោគ​ធំ​ដែល​មានតម្លៃ​រាប់ពាន់​ដុល្លារ​កំពុង​សម្រុកចូល​ជាបន្តបន្ទាប់​ ៕

គួរ​យល់ដឹង​! តើ​អ្វីទៅ​ជា​សន្និធិ​គយ​បណ្តោះអាសន្ន​ និង​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់​?

សន្និធិគយបណ្តោះអាសន្ន និងភណ្ឌាគារគយមានដែនកំណត់

 ដោយ​ ៖ វុត្ថា​

ភ្នំពេញ​ ៖ សន្និធិ​គយ​បណ្តោះអាសន្ន​ គឺ​សំដៅលើ​សន្និធិ​ទំនិញ​ ដែល​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​គយ​ នៅកន្លែង​ ដែល​ទទួលការ​អនុញ្ញាត​ ដើម្បី​រង់ចាំ​ការ​បំពេញបែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​។

អាជ្ញាប័ណ្ណ​សម្រាប់​ ប្រតិបត្តិ​ការ​ ទីកន្លែង​សន្និធិ​គយ​បណ្តោះអាសន្ន​ ត្រូវ​សម្រេច​ដោយ​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ (មាត្រា​ ៤៣​)។ភណ្ឌាគារ​គយ​មាន​ដែន​កំណត់​គឺជា​ទីកន្លែង​ដែល​ទំនិញ​ត្រូវ​បាន​ដាក់​ សម្រាប់​រយៈពេល​ជាក់លាក់​មួយ​ ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​គយ​ ដោយមាន​បញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់​។

ការ​ដាក់​ទំនិញ​ក្នុង​ភណ្ឌា​ គារ​គយ​មាន​ដែន​កំណត់​ ត្រូវ​បាន​ព្យួរ​ការ​បង់ពន្ធ​ អាករ​ និង​ការ​ដាក់កម្រិត​កំណត់​ដែល​ទំនិញ​ទាំងនោះ​ ត្រូវ​ជាប់​។

ភណ្ឌាគារ​គយ​មាន​ដែន​កំណត់​មាន៣ប្រភេទ​ ៖

ក. ភណ្ឌាគារ​សាធារណៈ​ ដែល​ទទួលការ​អនុញ្ញាត​ពីរ​ដ្ឋ​មន្រ្តី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​អាច​ធ្វើ​ ប្រតិបត្តិ​ការ​ ដោយ​ភ្នាក់ងារ​របស់​រាជរដ្ឋាភិបាល​ ឬ ដោយ​បុគ្គល​ណាមួយ​បាន​។ ភណ្ឌាគារ​នេះ​ត្រូវ​បាន​ ប្រើប្រាស់​សម្រាប់​ផ្តល់​សេវា​ដល់​បុគ្គល​ទាំងឡាយ​ដែល​មាន​សិទ្ធិ​ធ្វើ​សន្និធិ​ទំនិញ​។

ខ. ភណ្ឌាគារ​ឯកជន​ ត្រូវ​បាន​ផ្តល់​ការអនុញ្ញាត​ដោយ​នាយក​ទីចាត់ការ​គយ​និង​រដ្ឋាករ​ ត្រូវ​បាន​ប្រើប្រាស់​ ដោយឡែក​ ដោយ​បុគ្គល​ណា​ម្នាក់​សម្រាប់​ធ្វើ​សន្និធិ​ទំនិញ​ ដើម្បី​ការប្រើ​ប្រាស់​ដោយឡែក​ រាប់បញ្ចូល​ ទាំង​ប្រតិបត្តិ​ករ​អគារ​លក់ទំនិញ​រួច​ពន្ធ​។

គ. ភណ្ឌាគារ​ពិសេស​ គឺជា​ភណ្ឌាគារ​ដែល​ទទួល​បាន​សិទ្ធិ​ពី​នាយក​ទីចាត់ការ​គយ​និង​រដ្ឋាករ​ សម្រាប់​ថែរក្សា​ប្រភេទ​ទំនិញ​គ្រោះថ្នាក់​ប៉ះពាល់​ដល់​គុណភាព​ទំនិញ​ដ៏​ទៃ​ទៀត​ ឬ អាច​ត្រូវការ​ទីកន្លែង​ ពិសេស​សម្រាប់​រក្សា​ទំនិញ​ទាំងនោះ​។

អាជ្ញាប័ណ្ណ​សម្រាប់​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់​ ត្រូវ​កំណត់​នូវ​ល័ក្ខខ័ណ្ឌ​សម្រាប់​ម្ចាស់​កម្មសិទ្ធិ​ និង​ប្រតិបត្តិ​ករ​រាប់បញ្ចូល​ទាំង​ទីតាំង​ សំណង់​ គម្រោង​អគារ​ នីតិវិធី​សម្រាប់​ចាត់ចែង​ និង​គ្រប់គ្រង​ (មាត្រា​ ៤៤​)។ទំនិញ​អាច​រក្សាទុក​ក្នុង​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់​ រហូតដល់​រយៈពេល ២​​ឆ្នាំ​គិត​ពី​ថ្ងៃ​ចុះ​បញ្ជិកា​ (មាត្រា​ ៤៦​)។

ស្ថិត​ក្នុង​កាលៈទេសៈ​ជាក់ស្តែង​ រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​អាច​អនុញ្ញាត​ឲ្យ​បង្កើត​ភណ្ឌាគារ​ ផលិតកម្ម​មាន​ដែន​កំណត់​ ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​គយ​ក្នុង​គោលបំណង​កែច្នៃ​ និង​ផលិត​ទំនិញ​។ ផលិតផល​ដែល​ដាក់​ចូលក្នុង​ភណ្ឌាគារ​ផលិតកម្ម​មាន​ដែន​កំណត់​ត្រូវ​ព្យួរ​ពន្ធ​ និង​អាករ​នាំចូល​ (មាត្រា​ ៤៩​)។

ប្រតិបត្តិ​ការកែច្នៃ​ ឬ ចំរាញ់​តេល​សិលា​ឆៅ​ ឬ បី​ទីម​ខនិជ​ ដើម្បី​ទទួល​បាន​ផលិតផល​តេល​សិលា​ ត្រូវ​ដាក់​ ឲ្យ​ស្ថិតនៅ​ក្រោម​របប​ភណ្ឌាគារ​ផលិតកម្ម​មាន​ដែន​កំណត់​បាន​ (មាត្រា​ ៥០​)៕

សេដ្ឋកិច្ច​វៀតណាម​នឹង​រីកចម្រើន​ដូច​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុងរយៈពេល​ ១០​ ឆ្នាំខាងមុខ​

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ កំណើន​សេដ្ឋកិច្ច​វៀតណាម​បាន​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ឆ្នាំនេះ​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ អាមេរិក​ និង​ចិន​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ផលិតកម្ម​ទៅ​រក​ទីតាំង​ដែល​ទំនិញ​របស់​ខ្លួន​នឹង​មិន​រង​ផល​ប៉ះពាល់​ពី​ពន្ធ​អាមេរិក​។

ក្រុមហ៊ុន​ប្រឹក្សា​ IHS​ Markit​ បានឱ្យ​ដឹង​ថា​ ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​ក្នុងរយៈពេល​ ១០​ ឆ្នាំ​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​នេះ​កើនឡើង​ដល់​ទំហំ​របស់​អារ៉ាប៊ីសាអ៊ូឌីត​ក្នុងរយៈពេល​ ១០​ ឆ្នាំ​។

លោក​ Michael​ Ryan​ នាយករង​នៃ​ IHS​ Markit​ ផ្នែក​សេវាកម្ម​ឧស្សាហកម្ម​ បាន​បញ្ជាក់​ក្នុង​របាយការណ៍​ថា​ “នៅក្នុង​ឆ្នាំ​ ២០២៨​ ទំហំ​នៃ​សេដ្ឋកិច្ច​វៀតណាម​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ដល់​ ៦១៧​ ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​ជួយ​ដោយ​ការ​បន្ត​កំណើន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​វិស័យ​នាំចេញ​ផលិតកម្ម​ ក៏ដូចជា​ការនាំចេញ​ទេសចរណ៍​ ខណៈ​ការ​ចំណាយ​របស់​អ្នកប្រើ​ប្រាស់​ត្រូវ​បាន​ជំរុញ​ដោយ​កំណើន​យ៉ាង​ឆាប់រហ័ស​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​មនុស្ស​ម្នា​ក់ៗ​”។

លោក​ Ryan​ បន្ថែម​ថា​ “នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​នាំ​ឱ្យ​ប្រទេស​វៀតណាម​ផ្លាស់​ប្តូរ​ពី​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតទាប​ទៅជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​ដែល​តំណាង​ឱ្យ​វឌ្ឍនភាព​សេដ្ឋកិច្ច​ឈានមុខ​គេ​សម្រាប់​ប្រទេស​នេះ​”។

របាយការណ៍​បាន​បង្ហាញថា​ ការនាំចេញ​របស់​វៀតណាម​ទៅកាន់​អាមេរិក​បាន​កើនឡើង​នៅ​ឆ្នាំ​ ២០១៩​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​បាន​កើតឡើង​យ៉ាង​ខ្លាំង​។ការនាំចេញ​របស់​វៀតណាម​ទៅកាន់​អាមេរិក​បាន​កើនឡើង​ជិត​ ៣០​ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៩​ ហើយ​បន្ទាប់ពី​ដំណាច់ឆ្នាំ​ ២០១៨​ ការនាំចេញ​ក៏​កើនឡើង​ដែរ​។

ការនាំចេញ​វៀតណាម​ទៅកាន់​អាមេរិក​បាន​បន្ត​បង្ហាញ​ពី​កំណើន​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ​ ២០១៨​ ដែល​កើនឡើង​ ១១​ ភាគរយ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ បន្ទាប់មក​ការនាំចេញ​កើនឡើង​យ៉ាង​លឿន​ ២៨​ ភាគរយ​ក្នុងរយៈពេល​ ៩ ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៩​។

របាយការណ៍​នេះ​បាន​បន្ថែម​ទៀត​ថា​ “កំណើន​ដ៏​ឆាប់រហ័ស​នៃ​កំណើន​នាំចេញ​ទៅកាន់​អាមេរិក​មួយ​ផ្នែក​ឆ្លុះបញ្ចាំង​ពី​ផល​ប៉ះពាល់​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​មួយចំនួន​ឆ្ងាយ​ពី​ចិន​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​”។

កំណើន​សេដ្ឋកិច្ច​វៀតណាម​នៅក្នុង​តំបន់​អាស៊ី​បាន​លេចធ្លោ​ជាងគេ​ មិន​ដូច​ប្រទេស​អាស៊ី​ដែល​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​ដទៃទៀត​កំពុង​រង​នូវ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ ចិន​និង​អូសទាញ​សេដ្ឋកិច្ច​របស់​ពួកគេ​ឱ្យ​ធ្លាក់ចុះ​ដូច​កាលពី​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​នៅ​ឆ្នាំ​ ២០០៩​។

សេដ្ឋកិច្ច​អាស៊ី​កំពុង​ឈាន​ទៅ​រក​ការ​ធ្លាក់ចុះ​ដ៏​ធំ​មួយ​នៅ​ឆ្នាំ​ ២០១៩​ ដល់​ឆ្នាំ​ ២០២០​។ នេះ​បើ​យោង​តាម​អនុប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​នៃ​នាយកដ្ឋាន​អាស៊ី​ប៉ាស៊ីហ្វិក​៕

វិភាគ​៖ ឆ្នាំ​ ២០១៩​ ត្រៀម​បញ្ចប់​ជាមួយ​ការ​នាំមក​នូវ​ឱកាស​មាស​ក្នុង​វិស័យ​អចលនទ្រព្យ​

ដោយ​ ម៉ា​ណេត

​ភ្នំពេញ​៖ បើ​ទោះ​បើជា​មាន​កតា្ត​គំរាមកំហែង​ពីក្រៅ​ និង​ស្ថានភាព​រអាក់រអួល​ខាងក្នុង​បន្តិចបន្តួច​ក៏ដោយ​ ក៏​វិស័យ​អចលនទ្រព្យ​កម្ពុជា​នៅតែ​ទទួល​បាន​កំណើន​ការ​វិនិយោគ​ល្អ​ប្រសើរ​ និង​រំពឹង​ថា​នឹង​បញ្ចប់​ដោយ​វិជ្ជមាន​សម្រាប់​ពេញ​មួយឆ្នាំ​ ២០១៩​។

កម្ពុជា​បាន​ទាក់ទាញ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុងរយៈពេល៩ឆ្នាំ​ ២០១៩នេះ​ មាន​ចំនួន​ជាង​ ៦៤៩៤​ លាន​ដុល្លារ​អាមេរិក​ កើនឡើង​ប្រមាណ​ ៣៤,៧៣​ ភាគរយ​ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ ដែល​គេហទំព័រ​ propertyarea.asia​ ទទួល​បាន​នៅ​ថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ២០១៩​ នេះ​។កត្តា​គំរាមកំហែង​ពីក្រៅ​មាន​ដូច​ជា​បញ្ហា​ញសង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ដែល​ក្រុមហ៊ុន​អ្នកវិភាគ​គិតថា​ ក្រុម​វិនិយោគិន​បរទេស​ ដូចជា​ ចិន​ និង​អាមេរិក​ នឹង​ត្រៀម​ទុនបម្រុង​ដើម្បី​ទប់ទល់​នឹង​បញ្ហា​នេះ​ជាជាង​ធ្វើការ​វិនិយោគ​។

ការ​គំរាម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​អឺរ៉ុប​មិន​បង្ក​ផល​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​កម្ពុជា​ ខណៈ​កម្ពុជា​ត្រូវ​ពង្រឹង​បទ​បញ្ញា​តសំណង់​បន្ថែម​ដើម្បី​ទាញ​យក​ការ​វិនិយោគ​បន្ថែម​ពី​បរទេស​។ នេះ​បើ​យោង​តាម​អ្នកជំនាញ​ក្នុង​ស្រុក​។

លោក​ James​ Hodge​ នាយករង​ក្រុមហ៊ុន​ CBRE​ Cambodia​ បានឱ្យ​ដឹង​ក្នុ​ថា​ ទាក់ទង​នឹង​ការ​គំរាមកំហែង​ពី​ខាងក្រៅ​ដូចជា​ ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​អឺរ៉ុប​ វា​នៅតែ​មាន​ឳកាស​ និង​ពេលវេលា​ក្នុង​ការចរចា​ក្នុង​ទទួល​បាន​វា​មកវិញ​ ហើយ​ចំណែក​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​បាន​បង្កើត​ឳកាស​ជាច្រើន​ដល់​កម្ពុជា​។

ទាក់ទង​នឹង​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​ លោក​ ឱ្យ​ដឹង​ថា​ “ដូ​ច្នេះ​ថ្មី​ៗនេះ​ យើង​ឃើញ​រោងចក្រ​ផលិតកម្ម​ចិន​ជាច្រើន​កំពុង​សម្លឹង​រក​កន្លែង​វិនិយោគ​នៅ​ទីនេះ​ ហើយ​ទីតាំង​វិនិយោគ​ផ្សេងទៀត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដូចជា​វៀតណាម​ ដោយ​តម្លៃ​កម្លាំង​ពលកម្ម​នៅ​ទីសម​រម្យ​ ខណៈ​កម្ពុជា​ក៏​តម្លៃ​កម្លាំង​ពលកម្ម​សមរម្យ​ដែរ​ក្នុង​ការប្រកួត​ប្រជែង​ជាមួយ​វៀតណាម​ដើម្បី​ទាញ​យក​វិនិយោគ​ក្រៅប្រទេស​។

ទោះបីជា​យ៉ាង​ក៏ដោយ​ លោក​ បាន​បន្ត​ថា​ “កិច្ចការ​សំខាន់​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទាក់ទាញ​វិនិយោគ​ផ្សេងទៀត​ក្រៅពី​ប្រទេស​ចិន​គឺ​រៀបចំ​សមត្ថភាព​បទ​បញ្ញា​តរបស់​យើង​ឱ្យ​បាន​ប្រសើរ​ ហើយ​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​អ្វី​ដែល​យើង​មាន​ក្នុង​ប្រទេស​”។កង្វះខាត​បទ​បញ្ញា​តទាក់ទង​គុណភាព​សំណង់​ និង​ការអនុញ្ញាត​លក់​ ហើយ​បើ​អ្វី​ទាំងអស់​នេះ​ត្រូវ​បាន​ធ្វើ​ប្រសើរ​ឡើង​ វា​នឹង​ធ្វើ​ឱ្យ​វិ​និ​យោ​គិន​ផ្សេង​ៗទៀត​មានទំនុក​ចិត្ត​ក្នុង​វិនិយោគ​នៅ​ទីនេះ​ និង​ដាក់​ទុន​របស់​ពួកគេ​នៅ​ផង​ដែរ​។

សម្រាប់​ផល​ចំ​ពេញ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ កាលពី​ពេល​ថ្មី​ៗ ប្រធាន​ក្រុមហ៊ុន​ផលិត​កង់​ធំ​បំផុត​របស់​អាមេរិក​ Kent​ International​ បាន​មកដល់​កម្ពុជា​ ដើម្បី​ស្វែងរក​ទី​តាំង​សម្រា​បង់​ការសាងសង់​រោងចក្រ​ ខណៈ​ក្រុមហ៊ុន​រង​ចាំ​ការវិវត្តន៍​ចុងក្រោយ​នៃ​ចាំ​ការ​ចរ​ចារ​ពាណិជ្ជកម្ម​វាង​អាមេរិក​ និង​ចិន​។

លោក​ Arnold​ Kamler​ ប្រធាន​ក្រុមហ៊ុន​កង់​អាមេរិក​ Kent​ International​ បាន​ប្រាប់​សារព័ត៌មាន​ Fox​ Business​ ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ក្រុមហ៊ុន​កំពុង​សម្លឹង​ទីតាំង​ ដើម្បី​រៀបចំ​រោងចក្រ​កង់​នៅ​កម្ពុជា​ ខណៈ​ក្រុមហ៊ុន​ក៏​រង​ចាំ​ការចរចា​រវាង​អាមេរិក​ និង​ចិន​នា​ពេល​ខាងមុខ​។

កាលពីដើម​ឆ្នាំនេះ​ ក្រុមហ៊ុន​ផលិត​ដែក​ធំជាង​គេ​ទីពីរ​លើ​ពិភពលោក​មួយ​ក៏បាន​សម្លឹង​មើល​ការ​ផ្លាស់​ប្តូរ​រោងចក្រ​របស់​ខ្លួន​ពីទី​ក្រុង​ស៊ីន​ជាំ​ង (Xinjiang​)នៃ​ប្រទេស​ចិន​ មក​បង្កើត​មូលដ្ឋាន​ផលិត​នៅ​កម្ពុជា​។រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សារា​ចរណ៍​ណែនាំ​ ឲ្យ​បញ្ឈប់​ការ​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​ តាម​ម៉ាស៊ីន​អេ​ឡិក​ត្រូ​និក​គ្រប់​ប្រភេទ​ក្នុង​និង​ក្រៅប្រទេស​។

សាលា​រា​ចរណ៍​ណែនាំ​នេះ​ ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នៅ​ថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០១៩នេះ​។ សម្រាប់​បញ្ហា​នេះ​ក៏បាន​ធ្វើ​ឱ្យ​វិនិយោគិន​ចិន​មួយចំនួន​ចាកចេញ​កម្ពុជា​ ប៉ុន្តែ​ក្រុម​អ្នកជំនាញ​បាន​លើកឡើង​ថា​ វា​មានផល​ប៉ះពាល់​តិច​តូច​ដល់​វិស័យ​ជួល​ ប៉ុន្តែ​វា​មិន​ប៉ះពាល់​ទាំងស្រុង​ដល់​វិស័យ​អចលនទ្រព្យ​នោះ​ទេ​ ហើយ​នា​ពេល​ខាងមុខ​នឹង​អ្នក​វិ​និ​យោ​គធំៗ​ផ្សេង​ៗចូល​មក​ជាបន្តបន្ទាប់​ ដោយ​កម្ពុជា​រក្សា​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ជាងគេ​នៅក្នុង​តំបន់​។

ដោយឡែក​ក៏​មានការ​លើកឡើង​ពីសំណាក់​ជំនាញ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ មិន​ត្រឹមតែ​ភ្នំពេញ​ដែល​មានការ​រីកចម្រើន​នោះ​ទេ​ នៅ​តាម​បណ្តា​សំខាន់​មួយចំនួន​ក៏​មាន​រីកចម្រើន​ផង​ដែរ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនី​មបាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ វិស័យ​អចលនទ្រព្យ​នៅ​ឆ្នាំ២០១៩​ នឹង​មិន​ហក់​ឡើង​ខ្ពស់​ខ្លាំង​នោះ​ទេ​ ប៉ុន្តែ​ផ្នែក​សំ​ខាន់​ៗនៅក្នុង​វិស័យ​នេះ​នៅតែ​សម្រេច​បា​នកំនើន​សមរម្យ​មួយ​ ដូចជា​ផ្នែក​លំនៅ​ដ្ឋាន​នឹងអាច​សម្រេច​បាន១០ទៅ១៥ភាគរយ​ តម្លៃ​ដីធ្លី​អាច​ហក់​ឡើង​ដល់១៥ភាគរយ​ តម្រូវការ​ការិយាល័យ​អាច​សម្រេច​បា​នកំនើន១៥ទៅ២០ភាគរយ​។

ចំនែក​ខុន​ដូ​ នឹង​មានការ​ផ្គង់​ផ្គង់​ចូល​ទីផ្សារ​ច្រើន​ ហេតុនេះ​តម្លៃនឹង​មិន​កើនឡើង​នោះ​ទេ​ តែ​តម្រូវការ​អាច​កើន​ក្នុង​ចន្លោះ៥ទៅ៧ភាគរយ​។

លោក​បន្ត​ថា​ “ខ្ញុំ​នៅតែ​មាន​សុទិដ្ឋិនិយម​ក្នុង​វិស័យ​នេះ​ ដោយសារ​តម្លៃ​សុខ​សន្តិភាព​ និង​ស្ថេរ​ភាព​នយោបាយ​នេះ​ ជា​មូលដ្ឋាន​ដ៏​សំខាន់​នៃ​ការ​រីកចម្រើន​ក្នុង​វិស័យ​នេះ​”។ លោក​បន្ត​ថា​ កំនើ​នក្នុង​វិស័យ​នេះ​ មាន​សុខភាព​ល្អ​ជាង​មុន​ ទោះជា​អត្រាតម្លៃ​ស្ថិត​ក្នុង​កំនើន​មធ្យម​ក្តី​សម្រាប់​ឆ្នាំ២០១៩ ខាងមុខ​”។

ជាមួយគ្នា​នេះ​ អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​អន្តរជាតិ​លោក​វ៉ា​ វីរៈ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Century21​Fortuna​ Investment បាន​សម្តែង​សុទិដ្ឋិនិយម​ផង​ដែរ​ថា​ ដោយ​សា​រកំនើន​សេដ្ឋកិច្ច​ និង​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​កើនឡើង​ខ្ពស់​ លោក​នៅតែ​មាន​សុទិដ្ឋិនិយម​ក្នុង​វិស័យ​នេះ​ ដែល​នឹង​បន្ត​មាន​ភាព​រីកចម្រើន​ខ្លាំង​ថែមទៀត​ ពិសេស​តម្លៃ​ដីធ្លី​នឹង​បន្ត​ហក់​ឡើង​មួយ​កម្រិត​ទៀត​ នៅក្នុង​ទីក្រុង​ ជាយក្រុង​ និង​បណ្តា​ខេត្ត​ដែល​មាន​សក្តា​នុ​ពល​សេដ្ឋកិច្ច​ដូចជា​ ខេត្ត​ព្រះសីហនុ​ កំពត​ កែប​ និង​ខេត្តកោះកុង​ជាដើម​។លោក​បន្ត​ថា​ “ចរន្ត​ទិញ​លក់​ដីធ្លី​នឹង​មានការ​កើនឡើង​ ហេតុនេះ​តម្លៃ​ដីធ្លី​នឹង​សម្រេច​បា​នកំនើន​ខ្ពស់​បន្ថែម​ទៀត​”៕

រដ្ឋាភិបាល​សម្រេច​បើក​តំបន់​សម្បទាន​ស្វែង​រុករក​រ៉ែ​ចំនួន​ ៤ទីតាំង​ សម្រាប់​ការ​ដាក់ពាក្យ​ស្នើសុំ​អាជ្ញាប័ណ្ណ​

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ រដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រសួង​រ៉ែ​ និង​ថាមពល​ បានសម្រេច​ប្រកាស​ដាក់ចេញ​នូវ​តំបន់​សម្បទាន​ស្វែង​រុករក​រ៉ែ​ចំនួន៤ទីតាំង​ ស្ថិតនៅ​ក្នុង​ខេត្ត​ផ្សេងគ្នា​ចំនួន៤​ ដើម្បី​ផ្តល់​លទ្ធភាព​ដល់​បណ្តា​ក្រុមហ៊ុន​ឯកជន​ជាតិ​ និង​អន្តរជាតិ​ ធ្វើការ​ដាក់ពាក្យ​ស្នើសុំ​អាជ្ញាប័ណ្ណ​ក្នុង​ការរុករក​ដោយ​ស្របច្បាប់​។

យោង​តាម​សេចក្ដីប្រកាស​ចេញ​ដោយ​ក្រសួង​រ៉ែ​ និង​ថាមពល​ ដែល​គេហទំព័រ​ www.propertyarea.asia​ ទើប​ទទួល​បាន​មុន​នេះ​ បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​បានសម្រេច​ចេញ​សេចក្ដីប្រកាស​ជា​សាធារណៈ​ និង​ជូនដំណឹង​ដល់​បណ្តា​ក្រុមហ៊ុន​ជាតិ​ អន្តរជាតិ​ឱ្យ​បាន​ជ្រាប​ថា​ ក្រសួង​រ៉ែ​ និង​ថាមពល​ ចាប់ផ្តើម​ទទួលពាក្យ​ក្នុង​ការប្រកួត​ប្រជែង​ដើម្បី​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ស្វែ​ករុ​ករ​ករ៉ែ​នៅក្នុង​តំបន់​សម្បទាន​ចំនួន៤ទីតាំង​ ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​ចំនួន៣ផ្សេងគ្នា​ រួមមាន​ ៖

១, តំបន់​សម្បទាន​ស្វែ​ករុ​ករ​ករ៉ែ​ទំហំ​ ៤៩,២៥​ គីឡូម៉ែត្រ​ក្រឡា​ ស្ថិតនៅ​តំបន់​ព្រែក​កេងកង​ ស្រុក​ថាឡាបរិវ៉ាត់​ ខេត្ត​ស្ទឹងត្រែង​។ ​

២, ​តំបន់​សម្បទាន​ស្វែ​ករុ​ករ​ករ៉ែ​ទំហំ​ ៣២​ គីឡូម៉ែត្រ​ក្រឡ​ ស្ថិតនៅ​តំបន់​ស្រុក​ថាឡាបរិវ៉ាត់​ ខេត្ត​ស្ទឹងត្រែង​។ ​

៣, តំបន់​សម្បទាន​ស្វែ​ករុ​ករ​ករ៉ែ​ទំហំ​ ៤១,៥៨​ គីឡូម៉ែត្រ​ក្រឡា​ ស្ថិតនៅ​ក្នុង​តំបន់​ភ្នំព្រឹក​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​។ ​

៤, តំបន់​សម្បទាន​ស្វែ​ករុ​ករ​ករ៉ែ​ទំហំ​ ៩៣,៩៤​ គីឡូម៉ែត្រ​ក្រឡា​ ស្ថិតនៅ​តំបន់​អូរ​ចុស​ ឃុំ​កំពង់ចាម​ ស្រុក​សំបូរ​ ខេត្តក្រចេះ​ និង​ឃុំ​សុចិត្រ​ ឃុំ​មាន​រិទ្ធិ​ ​ស្រុក​សណ្តាន់​ ខេត្តកំពង់ធំ​។

សេចក្ដី​លម្អិត​ សូម​អាន​សេចក្ដីប្រកាស​ដូច​ខាងក្រោម​ ៖