មហាសេដ្ឋីនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia គ្រោងពង្រីកការធ្វើពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា

មហាសេដ្ឋីនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia គ្រោងពង្រីកការធ្វើពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា
មហាសេដ្ឋីនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia គ្រោងពង្រីកការធ្វើពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា

ដោយ ៖ ប៊ី

គូ​ឡា​ឡាំ​ពួ​ ៖ មហាសេដ្ឋី​អាកាសចរណ៍​ដែល​មានទ្រព្យ​សម្បត្តិ​ពាន់​លាន​ដុល្លារ​ លោក​ Tony​ Fernandes​ កំពុង​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​បើក​សាខា​ក្រុមហ៊ុន​សម្ព័ន្ធ​អាកាសចរណ៍​ AirAsia​ នៅ​កម្ពុជា​ បន្ទាប់មក​នៅ​ចិន​ និង​នៅ​មីយ៉ាន់ម៉ា​។

មហាសេដ្ឋីនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia គ្រោងពង្រីកការធ្វើពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា

លោក​ Fernandes​ នាយក​ប្រតិបត្តិ​ និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន​ AirAsia​ Group​ បាន​ប្រាប់​សារព័ត៌មាន​ Nikkei​ Asian​ Review​ ក្នុង​បទសម្ភាសន៍​មួយ​ថា​ លោក​កំពុង​យកចិត្ត​ទុកដាក់​ក្នុង​ការ​យក​កម្ពុជា​ជា​ដៃគូ​អាជីវកម្ម​។ លោក​ បន្ថែម​ថា​ “ខ្ញុំ​ចូលចិត្ត​កម្ពុជា​ ចិន​ និង​មីយ៉ាន់ម៉ា​ បន្ទាប់ពី​ការប៉ុនប៉ង​លើក​ទី៣​ ដើម្បី​បង្កើត​សម្ព័ន្ធភាព​នៅ​វៀតណាម​បាន​បរាជ័យ​កាលពីដើម​ឆ្នាំនេះ​”។

លោក​ Fernandes​ បាន​និយាយ​ថា​ លោក​បាន​ផ្លាស់​ប្តូរ​ការ​យកចិត្ត​ទុកដាក់​ទៅ​ផ្នែក​ផ្សេងទៀត​នៃ​តំបន់​នេះ​។លោក​ Fernandes​ អាយុ​ ៥៥​ ឆ្នាំ​ជា​អតីត​នាយក​ប្រតិបត្តិ​ឧស្សាហកម្ម​តន្ត្រី​នៅ​អង់គ្លេស​ដែល​បាន​ណែនាំ​ក្រុមហ៊ុន​អាកាសចរណ៍​កម្រិតមធ្យម​ទៅកាន់​តំបន់​អាស៊ី​ បាន​និយាយ​ថា​ “ខ្ញុំ​មិន​មាន​គម្រោង​អ្វី​ទេ​នៅ​វៀតណាម​សម្រាប់​ពេលនេះ​ បន្ទាប់ពី​ព្យាយាម​ ៣ ដង​។

យើង​មិន​អាច​រក​ដៃគូ​ត្រឹមត្រូវ​ ហើយ​ឥឡូវនេះ​ខ្ញុំ​គិតថា​ មាន​ក្រុមហ៊ុន​អាកាសចរណ៍​ច្រើនពេក​នៅ​ទីនោះ​។ ពេលវេលា​នឹង​មកដល់​ហើយ​”។ច្បាប់​កម្ពុជា​មិន​រឹតត្បិត​កម្មសិទ្ធិ​បរទេស​ក្នុង​ឧស្សាហកម្ម​អាកាសចរណ៍​ក្នុង​ស្រុក​ទេ​ ប៉ុន្តែ​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​ត្រូវ​ទាមទារ​ឱ្យ​មាន​វិនិយោគ​រហូតដល់​ ៣០​ លាន​ដុល្លារ​នៅក្នុង​ប្រទេស​នេះ​ក្នុងអំឡុងពេល​ ៣ ឆ្នាំ​ដំបូង​ដោយ​មិនរាប់​បញ្ចូល​យន្តហោះ​។

ប្រជាប្រិយ​ភាព​ដែល​កំពុង​កើនឡើង​របស់​ប្រទេស​នេះ​ជាគោល​ដៅ​ទេសចរណ៍​បាន​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​គាំទ្រ​ដោយ​ចិន​ជាច្រើន​រួច​ទៅ​ហើយ​ ដោយមាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​ ៦ គ្រោង​នឹង​បញ្ចូល​គ្នា​។នៅ​ខាងក្រៅ​រាជធានី​ភ្នំពេញ​ អាកាសយាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​របស់​ប្រទេស​កម្ពុជា​គឺ​មួយ​ក្នុងចំណោម​អាកាសយាន​ដ្ឋាន​អន្តរជាតិ​មមាញឹក​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​។

កាលពី​ឆ្នាំមុន​មាន​អ្នកដំណើរ​ចំនួន​ ៤.៥​ លាន​នាក់​ ដោយសារ​ចំណាប់​អារម្មណ៍​អន្តរជាតិ​ដែល​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅលើ​ប្រាសាទអង្គរវត្ត​ដែល​ជា​វិមាន​សាសនា​ធំជាង​គេ​នៅ​លើ​ពិភពលោក​។បច្ចុប្បន្ន​ក្រុមហ៊ុន​អាកាសចរណ៍​ AirAsia​ Group​ បាន​ចុះបញ្ជី​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​ជា​ដៃគូ​នៅក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ និង​ថៃ​ដោយមាន​ផែនការ​ឲ្យ​ក្រុមហ៊ុន​សម្ព័ន្ធ​ហ្វីលីពីន​ចូលក្នុង​ផ្សារហ៊ុន​ជា​សាធារណៈ​នៅ​ឆ្នាំក្រោយ​។

ភាគហ៊ុន​របស់​ក្រុមហ៊ុន​បាន​បិទ​ក្នុង​តម្លៃ​ ១,៨២​ រីង​ហ្គី​តកាលពី​ថ្ងៃ​ ពុធ​ ពោល​ ធ្លាក់ចុះ​ពី​ ៣,២៩​ រីង​ហ្គី​តកាលពី​ខែ​ កុម្ភៈ​ ដែល​ផ្តល់​ឱ្យ​ក្រុមហ៊ុន​នូវ​មូលធនប័ត្រ​ចំនួន​ ៦,០៨​ ពាន់​លា​នរីងហ្គីដ​ (១,៤៦​ ពាន់​លាន​ដុល្លារ​)។

លោក​ Fernandes​ បាន​និយាយ​ថា​ “ពេលខ្លះ​វា​ងាយស្រួល​ក្នុង​ការ​ទទួល​បានដៃ​គូ​ដែល​អាច​ជឿ​ទុកចិត្ត​បាន​ ប៉ុន្តែ​យើង​ត្រូវតែ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ អាកាសយាន​ដ្ឋាន​អាច​ទទួលយក​កំណើន​របស់​យើង​ ហើយ​ថា​ តើ​យើង​អាច​ផ្តល់​សំណើ​ពិសេស​ដល់ទី​ផ្សារ​នេះ​បានទេ​។ វា​មិនមែន​តែងតែ​អំពី​អាជ្ញាប័ណ្ណ​នោះ​ទេ​”។

ក្នុងរយៈពេល​វែង​ លោក​ Fernandes​ បាន​និយាយ​ថា​ លោក​ចង់ឱ្យ​ក្រុមហ៊ុន​ AirAsia​ បង្កើត​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នៅ​ចិន​ដែល​លោក​ចាត់ទុកជា​សេដ្ឋកិច្ច​ដែល​ងាយស្រួល​សម្រាប់​ការ​វិនិយោគ​បរទេស​។ ទីផ្សារ​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ AirAsia​ ដោយក្រុម​នេះ​បាន​កត់ត្រា​ស្ទើ​តែ​ ២០​ ភាគរយ​នៃ​ការ​លក់​ប្រចាំឆ្នាំ​របស់​ខ្លួន​ពី​ទិសដៅ​របស់​ចិន​។

លោក​ Fernandes​ បាន​មានប្រសាសន៍​ថា​ “យើង​ត្រូវតែ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ យើង​អាច​ពាក់ព័ន្ធ​នៅក្នុង​ទីផ្សារ​ដ៏​ធំ​បែបនេះ​”។ខណៈ​ពេល​ដែល​គាត់​ផ្តោត​លើ​ការពង្រីក​ឱកាស​ លោក​ Fernandes​ ក៏​កំពុង​ជំរុញ​ផែនការ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​របស់​លោក​ក្លាយជា​ក្រុមហ៊ុន​ដឹកនាំ​បច្ចេកវិទ្យា​តាមរយៈ​ការ​វិនិយោគ​ប្រចាំឆ្នាំ​ ១០០​លា​នរីងហ្គី​ត។ លោក​បាន​និយាយ​ថា​ ក្រុមហ៊ុន​ AirAsia​ នឹង​ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​ឌីជីថល​នៅ​ត្រីមាស​ទីមួយ​នៃ​ឆ្នាំក្រោយ​៕

អានបន្ថែម៖ ក្រុមហ៊ុន Bangkok Airways ​នឹង​ចាប់​ផ្តើម​ហោះត្រង់​មក​កាន់​ខេត្ត​ព្រះសីហនុ​ នៅ​ដើម​ឆ្នាំ​២០២០​

អគារ​លំនៅ​ដ្ឋាន​បែប​សហ​កម្ម​សិទ្ធិ​កំពស់៣៨ជាន់​ថ្មី​មួយទៀត​នឹង​បង្ហាញខ្លួន​នៅ​សង្កាត់​បឹងកេងកង១​

អគារ​លំនៅ​ដ្ឋាន​បែប​សហ​កម្ម​សិទ្ធិ​កំពស់៣៨ជាន់​ថ្មី​មួយទៀត​នឹង​បង្ហាញខ្លួន​នៅ​សង្កាត់​បឹងកេងកង១​
អគារ​លំនៅ​ដ្ឋាន​បែប​សហ​កម្ម​សិទ្ធិ​កំពស់៣៨ជាន់​ថ្មី​មួយទៀត​នឹង​បង្ហាញខ្លួន​នៅ​សង្កាត់​បឹងកេងកង១​

ដោយ ៖ ចាន់ថា

ភ្នំពេញ​ ៖ អគារ​សហកម្ម​សិទ្ធិ​កប់់​ពពក​ថ្មី​មួយ​ ដែល​ជា​ខុន​ដូរ​កម្រិត​ផ្កាយ​ ៥ នឹង​បង្ហាញ​វត្តមាន​នៅ​សង្កាត់​បឹងកេងកង១​ ដែល​ជា​សង្កាត់​ដ៏​ល្បីល្បាញ​នៃ​ក្រុងភ្នំពេញ​នា​ពេល​ខាងមុខនេះ​។

គំរោង​អគារ​ខុន​ដូរ​ដ៏​ប្រណិត​លំដាប់​ផ្កាយ​ ៥ ​The​ Flora​ Suites​ ដែល​មាន​កម្ពស់​ ៣៨ជាន់​ មាន​ទីតាំង​ស្ថិតនៅ​កណ្តាល​នៃ​សង្កាត់​បឹងកេងកង​ទី១​ របស់​ខណ្ឌ​បឹងកេងកង​ រាជធានី​ភ្នំពេញ​ និង​លេចចេញ​ជារូបរាង​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​ ក្រោម​ការ​វិនិយោគ​ដោយក្រុម​ហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ The​ Flora​ ដែល​ជា​ក្រុមហ៊ុន​ខ្មែរ​ក្នុង​ស្រុក​ ខណៈ​គម្រោង​ថ្មីនេះ​ ត្រូវ​បាន​បើក​លក់​សំរាប់​អតិថិជន​ កម្រិត​ VIP​ ឬ (លំដាប់​អភិជន​) កាលពី​ព្រឹក​ថ្ងៃទី២៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៩កន្លងទៅ​នេះ​។

អគារ​លំនៅ​ដ្ឋាន​បែប​សហ​កម្ម​សិទ្ធិ​កំពស់៣៨ជាន់​ថ្មី​មួយទៀត​នឹង​បង្ហាញខ្លួន​នៅ​សង្កាត់​បឹងកេងកង១​

លោកឧកញ៉ា លីម កុកឡុង (Lim kok loong) នាយកប្រតិបត្តិនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ The flora,គំរោង The Flora Suites បានមានប្រសាសន៍ថា គម្រោងនេះ នឹងចាប់ផ្តើមសាងសង់នៅពាក់កណ្តាលឆ្នាំក្រោយ ដែលមានទំហំអគារសរុប ២០ ៧៨៦ ម៉ែត្រការ៉េ ដោយប្រើពេលសាងសង់ប្រមាណ ២ទៅ៣ឆ្នាំ។ អគារនេះមានចំនួន ១៩៨ យូនីត រចនាម៉ូតបែបទំនើប បំពាក់ទៅដោយកញ្ចក់ហ៊ុំពទ្ធ័ជុំវិញអគារ ដែលអាចអោយអ្នករស់នៅមើលឃើញ នូវទេសភាពជុំវិញទីក្រុងបានយ៉ាងល្អ ពិសេសទេសភា​ពទីក្រុងភ្នំពេញ ពេលថ្ងៃរៀបលិចយ៉ាងច្បាស់ទៀតផង។

គម្រោង The Flora Suites នេះ គឺជាផលិតផលថ្មីស្រឡាង នៃការខិតខំប្រឹងប្រែងរបស់ឌឹផ្លរ៉ា សម្រាប់បំពេញនូវតម្រូវការទីផ្សារ របស់ព្រះរាជាណាចក្រកម្ពុជា ហើយនេះជាឱកាសរបស់គ្រួសារដឹផ្លរ៉ា ក្នុងការបំពេញស្នាដៃ ក៏ដូចជាបម្រើប្រជាជនកម្ពុជា និងជាការលើកមុខមាត់របស់ប្រទេសយើងដែរ។

អគារ​លំនៅ​ដ្ឋាន​បែប​សហ​កម្ម​សិទ្ធិ​កំពស់៣៨ជាន់​ថ្មី​មួយទៀត​នឹង​បង្ហាញខ្លួន​នៅ​សង្កាត់​បឹងកេងកង១​

លោក​បញ្ជាក់​ថា​ ជា​ក្រុមហ៊ុន​វិនិយោគ​លើ​អចលនទ្រព្យ​ក្នុង​ស្រុក​មួយ​ ដែល​ធ្វើការ​ផ្គត់ផ្គង់​ផ្ទះ​ទៅតាម​តម្រូវការ​ជាក់ស្តែង​របស់​អតិថិជន​គ្រប់​ស្រទាប់វណ្ណៈ​នៅ​កម្ពុជា​ ជាមួយនឹង​ការសាងសង់​អគារ​លំនៅ​ដ្ឋាន​ តាមរយៈ​បុរី​ដ៏​ទំនើប​បំផុត​ ដែល​មានការ​រចនា​ម៉ូត​បែប​ខ្មែរ​ និង​អឺរ៉ុប​រួមបញ្ចូល​គ្នា​ យើង​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ ក្នុង​ការ​វិនិយោគ​បែប​អឺរ៉ុប​ ភ្ជាប់​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​ ដែល​ផ្តល់​ឲ្យ​អតិថិជន​យើង​ ទទួល​បាន​នូវ​ផលិតភាព​ ក្នុង​ការរស់នៅ​ដោយ​សម្បូរ​បែប​ ដោយ​នៅ​ជាន់ទី៧នៃ​ខុន​ដូ​ឌឹ​ផ្ល​រ៉ា​ស្វី​ត មាន​ក្លឹប​ហាត់ប្រាណ​ អាងហែលទឹក​ កន្លែង​ស្ទីម​ សោ​ណា​ យូ​ហ្គា​ និង​កន្លែង​សម្រាប់​ក្មេង​លេង​។

នៅ​ជាន់ទី៣៦​ មាន​ Sky​ Club​ ដែល​មាន​ភោជនីយដ្ឋាន​លំដាប់​អន្តរជាតិ​ ហាង​កាហ្វេ​ បន្ទប់​ប្រជុំ​ ដែល​អតិថិជន​ដែល​ស្នាក់​ នៅ​អាច​ពិភាក្សា​ ការងារ​ផ្សេង​បាន​ ដោយ​មិន​ចាំបាច់​ចេញក្រៅ​។ ចំណែក​ឯនៅ​ជាន់ទី៣៧​ មាន​ Sky​ Bar​ ដែល​អាច​ទទួលទាន​អាហារ​ ខណៈ​នៅ​ជាន់ទី៣៨​ មាន​ Sky​ Restaurant​ គឺជា​ភោជនីយដ្ឋាន​ ដែល​ស្ថិតនៅ​ជាន់​កំពូល​ នៃ​អាគារ​ ដែល​អាច​មើល​ទេសភាព​រាជធានី​ភ្នំពេញ​ និង​ទន្លេមេគង្គ​ និង​គយគន់​ទេសភាព​ថ្ងៃលិច​បាន​យ៉ាង​ស្អាត​។

លោក សាំង សុភក្រ្ត័រ៉ាឌី នាយកផ្នែកលក់ និងជំនួយការអគ្គនាយិការរងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ The Flora បានប្រាប់ឱ្យដឹងផងដែរថា ចំណុចពិសេស The Flora Suites នេះគឺបញ្ជាក់ពីភាពអភិជន ភាពទាន់សម័យ និងការរស់នៅដ៏សម្បូរបែប។ គម្រោងនេះ និងបើកលក់ជាផ្លូវការសំរាប់អតិថិជនទូទៅក្នុងពេលឆាប់ៗខាងមុខនេះ ដោយបែងចែកជាយូនីតខុសៗគ្នា មានតំលៃចាប់ពី១០ម៉ឺនដុល្លាឡើងទៅ៕

អានបន្ថែម៖ តើ​អ្វី​ជា​វិញ្ញា​បន​ប័ត្រ​សម្គាល់​អាគារ​សហកម្មសិទ្ធិ​?

កូរ៉េ​ខាងត្បូង​ និង​កម្ពុជា​កំពុង​សិក្សា​ដើម្បី​ឈាន​ដល់​ការ​ចាប់ផ្តើម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​

កូរ៉េ​ខាងត្បូង​ និង​កម្ពុជា​កំពុង​សិក្សា​ដើម្បី​ឈាន​ដល់​ការ​ចាប់ផ្តើម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​
កូរ៉េ​ខាងត្បូង​ និង​កម្ពុជា​កំពុង​សិក្សា​ដើម្បី​ឈាន​ដល់​ការ​ចាប់ផ្តើម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​

ដោយ ៖ ប៊ី

ភ្នំពេញ ៖ កូរ៉េ​ខាងត្បូង​ និង​កម្ពុជា​បាន​ព្រមព្រៀង​គ្នា​ ធ្វើការ​សិក្សា​លទ្ធភាព​រួមគ្នា​ស្តី​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA​) ដ៏​មាន​សក្តា​នុ​ពល​របស់​ខ្លួន​ ដើម្បី​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់តែ​ស៊ីជម្រៅ​ និង​ពង្រីក​ការ​ផ្លាស់​ប្តូរ​គ្នា​ពាណិជ្ជកម្ម​។ នេះ​តាម​ការ​លើកឡើង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ក្រុង​សេអ៊ូល​នៅ​ថ្ងៃ​ចន្ទ​នេះ​។

កូរ៉េ​ខាងត្បូង​ និង​កម្ពុជា​កំពុង​សិក្សា​ដើម្បី​ឈាន​ដល់​ការ​ចាប់ផ្តើម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​

កិច្ច​ព្រមព្រៀង​នេះ​ ធ្វើឡើង​ស្របតាម​កិច្ចប្រជុំ​កំពូល​រយៈពេល២ថ្ងៃ​ របស់​ប្រទេស​នេះ​ជាមួយ​បណ្តា​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​ប៊ូ​សាន​ភាគ​ខាងត្បូង​របស់​ប្រទេស​ដែល​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​លោក​ Yoo​ Myung​-hee​ បាន​និយាយ​ថា​ “កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​នេះ​ នឹង​ក្លាយជា​កិច្ច​ព្រមព្រៀង​ដ៏​សំខាន់​មួយ​ដែល​ជួយ​ក្រុមហ៊ុន​កូរ៉េ​ ចូលកាន់​តែ​ជ្រៅ​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​មាន​សក្តា​នុ​ពល​កំណើន​សេដ្ឋកិច្ច​លេចធ្លោ​”។

កូរ៉េ​ខាងត្បូង​ និង​កម្ពុជា​បាន​ប្តេជ្ញា​ថា​នឹង​ខិតខំ​ប្រឹងប្រែង​ ដើម្បី​លើកស្ទួយ​បទបញ្ញត្តិ​ផ្នែក​ពាណិជ្ជកម្ម​ ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​កាលពី​ខែ​ មីនា​។

ក្រសួង​ឱ្យ​ដឹង​ថា​ ទីក្រុង​សេអ៊ូល​ និង​ភ្នំពេញ​នឹង​អនុវត្ត​ការសិក្សា​រួមគ្នា​ស្តី​ពី​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​សម្រាប់​រយៈពេល​មួយឆ្នាំ​។

ការនាំចេញ​កូរ៉េ​ខាងត្បូង​មក​កម្ពុជា​ បាន​កើនឡើង​ដល់​ ៦៦០លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​ ២០១៨​។ កូរ៉េ​បាន​នាំចេញ​វាយនភណ្ឌ​ រថយន្ត​ដឹកទំនិញ​ និង​ភេសជ្ជៈ​មក​កម្ពុជា​ ក្នុង​ឆ្នាំ​ ២០១៨​ ខណៈ​ដែល​ខ្លួ​ណនាំចូល​សម្លៀកបំពាក់​ និង​ស្បែកជើង​។

ដោយមាន​ការ​គាំពារ​និយម​កាន់តែ​កើនឡើង​នៅ​ជុំវិញ​ពិភពលោក​ កូរ៉េ​ខាងត្បូង​បាន​ និង​កំពុង​ខិតខំ​ប្រឹងប្រែង​ ដើម្បី​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច​ ជាមួយ​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ និង​បន្ធូរបន្ថយ​ការពឹងផ្អែក​លើ​ការនាំចេញ​យ៉ាង​ខ្លាំង​របស់​ខ្លួន​ទៅលើ​ចិន​ និង​សហរដ្ឋអាមេរិក​ ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាង​គេ​របស់​ខ្លួន​។

កូរ៉េ​ខាងត្បូង​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​បឋម​ស្តី​ពី​កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ (CEPA​) ជាមួយ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​កាលពី​ខែតុលា​។ កិច្ច​ព្រមព្រៀង​ គឺ​ស្មើនឹង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ប៉ុន្តែ​ក៏​ផ្តោត​លើ​វិសាលភាព​ទូលំទូលាយ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ផង​ដែរ​។

កាលពីដើម​ខែ​នេះ​ ប្រទេស​សមាជិក​អាស៊ាន​ កូរ៉េ​ខាងត្បូង​ និង​ប្រទេស​ដៃគូ​ចំនួន​ ៥ ផ្សេងទៀត​ ក៏បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ស្តី​ពីក​តិ​កា​សញ្ញា​ពាណិជ្ជកម្ម​អាស៊ី​ប៉ាស៊ីហ្វិក​ដ៏​ធំ​មួយ​ ដែល​មានឈ្មោះ​ថា​ ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP​) ។

ការ​ចរ​ចារ​ផ្សេងទៀត​ស្តី​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA​) ជាមួយ​ប្រជាជាតិ​នានា​ រួមមាន​ម៉ាឡេស៊ី​ និង​ហ្វីលីពីន​ ក៏​កំពុង​ដំណើរការ​សម្រាប់​កូរ៉េ​ខាងត្បូង​ផង​ដែរ​។

កម្ពុជា​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ទាក់ទាញ​មួយ​ ខណៈ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​បាន​ប្រកាស​កំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ ក្នុងរង្វង់៧ភាគរយ​ចាប់តាំងពី​ឆ្នាំ​ ២០១១​ ៕ (ប្រភព​ Yonhap​)

អានបន្ថែម៖ ទុន​វិនិយោគ​កូរ៉េ​ នៅ​កម្ពុជា​ បាន​កើនឡើង​ដល់​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​ ៤០០០​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​

ក្រុមហ៊ុន​ Morgan​ Ford​ បោះទុន​ ៦០០​ លាន​ដុល្លារ​ សាងសង់​ខុន​ដូរ​កម្ពស់​ ៦៩ជាន់​នៅ​ជ្រោយ​ចង្វា​រ

ដោយ​ ៖ វុត្ថា

​ភ្នំពេញ​ ៖ ក្រុមហ៊ុន​ ម័​រហ្គេន​ ហ្វ​ត (Morgan​ Ford​) របស់​ចិន​ បានសម្រេច​បោះទុន​វិនិយោគ​ប្រមាណ៦០០លាន​ដុល្លារ​អាមេរិក​ ក្នុង​ការសាងសង់​អគារ​ខុន​ដូរ​ថ្មី​មួយទៀត​ និង​ទំនើប​អស្ចារ្យ​ កម្ពស់​ ២២០ម៉ែត្រ​ និង​ ៦៩​ ជាន់​ នៅ​ជ្រោយចង្វា​រដែ​លមា​នក​ន្លែង​ចត​ឧទ្ធម្ភាគចក្រ​ផង​ដែរ​។

លោក​ Ding​ Yongjun​ អគ្គនាយក​ក្រុមហ៊ុន​ ម័​រហ្គេន​ ហ្វ​ត បានឱ្យ​ដឹង​នៅក្នុង​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​អគារ​ ម័​រហ្គេន​ អេ​នមៃ​សិន​ (Morgan​ En​ Maison​) កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នេះ​ថា​ អគារ​ខុន​ដូរ​នេះ​មាន​កម្ពស់​ ២២០ម៉ែត្រ​ ស្មើ៦៩ជាន់​ មាន​ទីតាំង​ស្ថិតនៅ​លើ​ដងទន្លេ​មេគង្គ​ ក្នុង​ខណ្ឌ​ជ្រោយ​ចង្វា​រ រាជធានី​ភ្នំពេញ​។

លោក​បន្ត​ថា​ “អគារ​ខុន​ដូរ​នេះ​នេះ​សរុប​មាន​ចំនួន៥​ ជា​អក្សរ​ យូ​ (U) នៅ​លើ​ផ្ទៃដី​សរុប​ ២,៤​ ហិ​កតា​។ អគារ​ទាំងអស់​មានផ្ទៃ​ក្រឡា​សរុប​ជាង​ ៤០ម៉ឺន​ម៉ែត្រការ៉េ​”។


លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការសាងសង់អគារខ្ពស់ៗកប់ពពកនៅរាជធានីភ្នំពេញ និងជាការការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសំណង់ និងបានលើកសម្រស់សោភ័ណភាព និងបង្កើនឱកាសការងារកាន់តែច្រើនឡើងជូនដល់ប្រជាជនកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រីបន្តថា “គម្រោងអគារនេះ គឺជាការចូលរួមចំណែកដ៏ធំរបស់ក្រុមហ៊ុន ម័រហ្គេន លើវិស័យសាងសង់នៅកម្ពុជា”។ លោកបន្តថា ក្រុមហ៊ុននេះបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនក្នុងការវិនិយោគនៅកម្ពុជា ហើយបានរួមចំណែកក្នុងការបង្កើនឱកាសការងារដល់កម្មករកម្ពុជា។

គម្រោងក្រុមហ៊ុន Morgan Ford កន្លងមកជាច្រើន តាំងពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៨ លើគម្រោងនានាជាច្រើន។
បើតាមការគ្រោងទុករបស់ក្រុមហ៊ុន អគារនេះនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២២ ខាងមុខនេះ ហើយនឹងបង្កើតការងារជាច្រើនកន្លែងជូនដល់ប្រជាពលរដ្ឋកម្ពុជា។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal (KFA) លោកឧកញ៉ា នួន រិទ្ធី បានឱ្យដឹងថា បច្ចុប្បន្នបន្ទាប់ពីក្រុងភ្នំពេញ ដែលជាទីក្រុងចាស់ ខណ្ឌជ្រោយចង្វារនេះហើយដែលជាតំបន់ ដែលមានសក្ដានុពល និងកំពុងទាក់ទាញការវិនិយោគច្រើន។ លោកបន្តថា ជាក់ស្ដែងពេលនេះគឺមានគម្រោងសាងសង់ទីក្រុងរណបមួយចំនួនរួចទៅហើយ ដូចជាគម្រោងទីក្រុងរណបរបស់ក្រុមហ៊ុន OCIC និងទីក្រុងរណបរបស់ទីក្រុងលី យ៉ុងផាត់ រួមជាមួយនឹងភាពល្អប្រសើរដែលផ្លូវក្រវ៉ាត់ក្រុង ក៏ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារផងដែរ។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភ័ក្តី ធ្លាប់បានមានប្រសាសន៍ថា តំបន់ជ្រោយចង្វារត្រូវបានចាត់់ចូលជាតំបន់លំនៅដ្ឋាននៅក្នុងផែនការអភិវឌ្ឍន៍ក្រុងភ្នំពេញឆ្នាំ២០១៥-២០៣០ ដែលបានអនុម័តកាលពីឆ្នាំ២០១៥ដោយប្រមុខរដ្ឋាភិបាល។ លោកបន្តថា “វាស័ក្តិសមជាតំបន់លំនៅដ្ឋាន ដោយសារតំបន់់នេះមានទន្លេព័ទ្ឋជុំវិញ ដែលអំណោយផលដល់ការរស់នៅ មានខ្យល់អាកាសចេញចូលប្រកបដោយផាសុខភាព”។លោកបន្តថា “អាជ្ញាធរក្រុងនឹងមិនអនុញ្ញាត្តឲ្យមានរោងចក្រ សហគ្រាសវិនិយោគនៅតំបន់នេះទេ”៕

ទុន​វិនិយោគ​កូរ៉េ​ នៅ​កម្ពុជា​ បាន​កើនឡើង​ដល់​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​ ៤០០០​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ​ ទំហំ​វិនិយោគ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​នៅក្នុង​ប្រទេស​កម្ពុជា​ កំពុងតែ​ស្ថិតនៅ​លើ​ខ្សែបន្ទាត់​ដ៏​ល្អ​មួយ​ក្នុង​ភាពជា​ដៃគូ​ជាមួយនឹង​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង៤០០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ខណៈ​ដែល​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង២​ កំពុងតែ​ស្វះស្វែង​បង្កើន​កិច្ច​ទំនាក់ទំនង​គ្រប់ជ្រុងជ្រោយ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ និង​ស៊ីជម្រៅ​បន្ថែម​ទៀត​។

ក្រៅពី​មាន​កិច្ច​ទំនាក់ទំនង​ក្នុង​វិស័យ​ការទូត​ ប្រទេស​កូរ៉េ​ខាងត្បូង​ ក៏​ជា​ដៃគូ​សហប្រតិបត្តិ​ការ​យ៉ាង​សំខាន់​របស់​កម្ពុជា​ទៅលើ​វិស័យ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​នានា​ ដែល​គិត​មកដល់​ពេល​បច្ចុប្បន្ន​នេះ​ ការ​វិនិយោគ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង៤០០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ដែល​ភាគច្រើន​ទៅលើ​វិស័យ​វាយនភ័ណ្ឌ​ ឧស្សាហកម្ម​ កសិកម្ម​ អចលនទ្រព្យ​ និង​សំណង់​ ។

ឯកអគ្គ​រាជទូត​កម្ពុជា​ ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ លោក​ ឡុង​ ឌី​ម៉ង់​ បាន​មានប្រសាសន៍​កាលពី​ចុង​សប្ដាហ៍​នេះ​ថា​ កម្ពុជា​-កូរ៉េ​ខាងត្បូង​ កំពុងតែ​ស្ថិតនៅ​លើ​ផ្លូវ​ឆ្ពោះទៅ​រក​ការបង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង២​ ហើយ​មិនយូរ​ទៀត​នោះ​ទេ​ លទ្ធភាព​នៃ​ការរៀបចំ​ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​នឹង​ត្រូវ​ធ្វើ​បាន​រួចរាល់​”។

លោក​បន្ត​ទៀត​ថា​ “ផលប្រយោជន៍​ដែល​កម្ពុជា​អាច​ទាញ​បាន​ពី​កិច្ច​ទំនាក់ទំនង​ និង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ​នេះ​ សំខាន់​គឺ​បញ្ហា​នយោបាយ​ និង​សេដ្ឋកិច្ច​ ដែល​នាំមក​នូវ​ផល​ជាច្រើន​ដល់​ភាគី​ទាំង២​ ជាពិសេស​លំហូរ​ចូល​នៃ​ការ​វិនិយោគ​ពីសំណាក់​ប្រទេស​កូរ៉េ​ខាងត្បូង​ឆ្ពោះ​មកកាន់​កម្ពុជា​តែម្ដង​ ដែល​មិន​ មែន​គ្រាន់តែ​ជា​រូបិយប័ណ្ណ​ប៉ុណ្ណោះទេ​ គឺ​នៅ​ទទួល​បាន​ជំនាញ​បច្ចេកវិទ្យា​ជាច្រើន​ទៀត​ ដែលគេ​ធ្លាប់​ទទួល​បាន​ជោគជ័យ​ និង​មានបទពិសោធន៍​ខ្ពស់​ក្រោយគេ​បញ្ចប់​សង្គ្រាម​ចប់​ឆ្នាំ១៩៥៣​ ដែល​ត្រូវ​បាន​បណ្តា​ប្រទេស​ជឿនលឿន​នានា​លើក​សរសើរ​ថា​ កូរ៉េ​ខាងត្បូង​ បាន​ដើរ​លើ​ផ្លូវកាត់​មួយ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​”។

នៅក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​កម្ពុជា​ប្រមាណ​ ៤០០០លាន​ដុល្លារ​ នៅ​លើ​គម្រោង​ចំនួន​ ២១៤​ ដែល​ក្នុង​នោះ​មាន​ចំនួន​ ១២៣​ គម្រោង​បាន​ធ្វើការ​វិនិយោគ​ទៅលើ​វិស័យ​រោងចក្រ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤៨៦លាន​ដុល្លារ​ ដែល​ផ្តល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង៨ម៉ឺន​កន្លែង​។

ដោយឡែក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង២​ មាន​ប្រមាណ​ជិត១០០០លាន​ដុល្លារ​ ដែល​ក្នុង​នោះ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​កូរ៉េ​ខាងត្បូង​មាន​ប្រមាណ៣០ភាគរយ​។ ទំនិញ​ដែល​កម្ពុជា​ធ្វើការ​នាំចេញ​រួមមាន​ដូចជា​សម្លៀកបំពាក់​ គ្រឿង​អេឡិចត្រូនិក​ ស្បែកជើង​ កាបូប​ ភេសជ្ជៈ​ កៅស៊ូ​ ឱសថ​ ក្រ​ដាស់​កាតុង​ រួម​ជាមួយនឹង​ផលិតផល​កសិកម្ម​មួយចំនួន​ទៀត​ ហើយ​ទំនិញ​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​ត្រូវ​បាន​នាំចូល​មក​កាន​ទីផ្សារ​កម្ពុជា​ រួមមាន​ដូចជា​ ក្រណាត់​ត្បាញ​ រថយន្ត​ ភេសជ្ជៈ​ គ្រឿង​អេឡិចត្រូនិក​ គ្រឿងម៉ាស៊ីន​ វត្ថុ​តុប​តែង​លម្អ​រផ្ទះ​ ឱសថ​ សាប៊ូ​ និង​ផលិតផល​ប្លា​ស្ទីក​ជាដើម​ ៕

ក្រុមហ៊ុន​អចលនទ្រព្យ​ Century21​ ពង្រីក​ការិយាល័យទី២៣​ នៅ​ក្រុង​ព្រះសីហនុ​

ដោយៈ​ រ៉ា​ណេត​

ព្រះ​សី​ហនុៈ​ ​ស្រប​ទៅ​នឹង​ភាព​រីកចម្រើន​ និង​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​នៃ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ជាពិសេស​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅក្នុង​ក្រុង​ព្រះសីហនុ​ ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ដ៏​ល្បីឈ្មោះ​ Century21​ Cambodia​ បាន​ពង្រីក​សាខា​ទី២៣ របស់​ខ្លួន​ ដែល​មានឈ្មោះ​ថា ​Century21​ Laymin​ Realty​ ប្រចាំ​ខេ​ត្ត​ជាប់់​មាត់សមុទ្រ​មួយ​នេះ​។

ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century21​ Laymin​ Realty​ នៅ​ក្រុង​ព្រះសីហនុ​ ដែល​ជាស​មា​ជិ​កនៃ​គ្រួសារ​ Century21​ Cambodia​ ត្រូវ​បាន​ប្រកាស​បើក​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃទី២៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៩កន្លងមក​ ក្រោម​វត្តមាន​របស់​អភិបាលខេត្ត​ព្រះ​សីនុ​ គួច​ ចំរើន​។

នាយិកា​ក្រុមហ៊ុន​ Century21​ Cambodia​ លោកស្រី​ Grace​ Reachny​ Fong​ បាន​មានប្រសាសន៍​ថា​ ព្រះសីហនុ​ គឺជា​ខេត្ត​ដ៏​មាន​សក្ដានុពល​សេដ្ឋកិច្ច​ ដែល​ស្ថិតនៅ​ក្នុង​ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ាត់​មួយ​របស់​ប្រទេស​ចិន​។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “ការ​វិនិយោគ​នៅក្នុង​ខេត្ត​មួយ​នេះ​ មាន​សក្ដានុពល​ខ្លាំង​ទៅលើ​វិស័យ​អចលនទ្រព្យ​ ជាពិសេស​វិស័យ​អគារ​ពាណិជ្ជកម្ម​ លំនៅ​ដ្ឋាន​សហកម្មសិទ្ធិ​ ដូចជា​ខុន​ដូ​ និង​អា​ផា​តមិនជា​ដើម​។ បន្ថែម​ពីនេះ​ ការ​វិនិយោគ​លើ​វិស័យ​សណ្ឋាគារ​កម្រិត​អន្តរជាតិ​ក៏​មាន​ភាព​ប្រសើរ​ផង​ដែរ​”។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “នៅក្នុង​ពេល​ដ៏​ខ្លី​ឆាប់​ៗខាងមុខនេះ​ ខេត្ត​ព្រះសីហនុ​នឹង​ប្រែរូប​រាង​ ទៅជា​តំបន់​ដែល​រំលេច​ទៅ​សំណង់​អា​គារ​ខ្ពស់​ៗ ស្អេកស្កះ​ ស្ទើរគ្រប់​ទីកន្លែង​ ក្រោម​ការ​សម្រុក​វិនិយោគ​ពីសំណាក់​ក្រុមហ៊ុន​អន្តរ​ជា​តិ​ធំៗ​ ជាពិសេស​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​ ដោយសារតែ​ព្រះសីហនុ​ជា​តំបន់​ដែល​អំណោយផល​ទាំង​កត្តា​ភូមិសាស្ត្រ​សេដ្ឋកិច្ច​ និង​ធម្មជាតិ​”។

លោកស្រី​ Grace​ Rachny​ Fong ​បាន​បន្ត​ថា​ ក្រៅពី​ជា​តំបន់​សមុទ្រ​ដែល​ស្ថិតនៅ​ក្នុង​ក្ដី​ប្រាថ្នា​ការ​វិនិយោគ​របស់​ជនជាតិ​ចិន​ នៅ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាច្រើន​កន្លែង​ មាន​ផែស្ងួត​ មាន​កំពង់ផែ​ទឹកជ្រៅ​ ផ្តល់​ភាព​ងាយស្រួល​ក្នុង​ដឹកជញ្ជូន​ទំនិញ​ឆ្លងដែន​ឆ្ពោះទៅ​ភ្ជាប់​ជាមួយ​កំពង់ផែ​អន្តរជាតិ​នានា​នៅ​លើ​ពិភពលោក​។

លោកស្រី​បន្ត​ថា​ ដោយសារ​សម្លឹងឃើញ​ពី​ការ​អភិវឌ្ឍ​ និង​សក្ដានុពល​នា​ពេល​បច្ចុប្បន្ន​ និង​បន្ត​ទៅ​ថ្ងៃ​អនាគត​ ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century21​ Laymin​ Realty​ ដែល​ជា​ការិយាល័យទី២៣​ របស់​ Century21​ Cambodia​ និង​ជា​ការិយាល័យ​លើកដំបូង​នៅ​ក្រុង​ព្រះសីហនុ​ បានសម្រេច​បើក​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ​ ដើម្បី​ចូលរួម​បម្រើ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ក៏ដូចជា​បង្កើន​ទំនុក​កាន់តែ​ខ្លាំង​ នៅក្នុង​វិស័យ​មួយ​នេះ​ ចំពោះ​បណ្តា​ក្រុមហ៊ុន​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​ផង​ដែរ​”។

អភិបាលខេត្ត​ព្រះសីហនុ​ លោក​ គួច​ ចំរើន​ បាន​បង្ហាញ​ពី​ក្ដី​សាទរ​ចំពោះ​វត្តមាន​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century21​ Laymin​ Realty​ រួម​ជាមួយនឹង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ ចំពោះ​ដំណើរ​ប្រតិបត្តិ​ការ​រវាង​ក្រុមហ៊ុន​ និង​រដ្ឋបាល​ខេត្ត​ក្នុងនាម​ជា​អាជ្ញាធរ​។

លោក​បាន​បន្ត​ទៀត​ថា​ “វត្តមាន​របស់​ក្រុមហ៊ុន​អន្តរជាតិ​នានា​នៅក្នុង​ខេត្ត​ គឺ​បាន​បង្ហាញ​ពី​ភាព​រីកចម្រើន​ ក៏ដូចជា​សក្ដានុពល​នៅក្នុង​ខេត្ត​ផង​ដែរ​”។លោក​បន្ត​ថា​ “នៅពេល​ដែល​មាន​ក្រុមហ៊ុន​អន្តរជាតិ​ចូល​នៅក្នុង​ទីផ្សារ​មួយ​ គឺ​បាន​បញ្ជាក់​ពី​ទំនុកចិត្ត​នៅក្នុង​ប្រទេស​រួច​បាត់​ទៅ​ហើយ​”។

បច្ចុប្បន្ន​នេះ​ នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​ វិស័យ​អចលនទ្រព្យ​ និង​វិស័យ​សំណង់​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ ដែល​គិត​ត្រឹម​អគារ​ដែល​មាន​កម្ពស់​ខ្ពស់​ៗចាប់ពី​កម្ពស់ ៥ជាន់ឡើង​ទៅ​ មាន​រហូ​ដល់​ប្រមាណ ៨០០គម្រោង​ ដែល​ក្នុង​នោះ​គម្រោង​ចំនួន២២៩​ បាន​បញ្ចប់​ការសាងសង់​ជាស្ថាពរ​។

កាលពី​ឆ្នាំ២០១៨​ ទុន​វិនិយោគ​លើ​វិស័យ​សំណង់​ នៅ​ខេត្ត​ព្រះសីហនុ​មាន​ទឹកប្រាក់​ជាង ១០០០លាន​ដុល្លារ​ ហើយ​នៅ​ឆ្នាំ២០១៩​ ក៏​មាន​ជាង ១០០០លាន​ដុល្លារ​ផង​ដែរ​ ជាមួយនឹង​ក្ដី​រំពឹង​ថា​ នឹង​បន្ត​កំណើន​ទុន​វិនិយោគ​បន្ថែម​ទៀត​ នៅ​ឆ្នាំ​បន្ទាប់​ខាងមុខនេះ​៕

គំរោង​សាងសង់​ស្ពាន​ទៅ​អរិយក្សត្រ​នៅតែ​មិនទាន់​មាន​ភាព​ច្បាស់លាស់​

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ស្ពាន​ដែល​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​អរិយក្សត្រ​ និង​តំបន់​ស្វាយ​ជ្រុំ​ស្ថិតនៅ​ក្នុង​ភាព​មិន​ប្រាកដប្រជា​ និង​កំណត់ពេល​សាងសង់​ជាក់លាក់​នៅឡើយ​ ដែល​ធ្វើឲ្យ​ក្តី​សង្ឃឹម​សម្រាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ កាន់តែ​ចំណាយពេល​រង់ចាំ​យូរ​តទៅទៀត​។

លោក​វ៉ា​ ស៊ី​មសូរិ​យា​អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​ថ្លែង​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ការសាងសង់​ស្ពាន​ភ្ជាប់​រវាងផ្លូវ​ជាតិ​លេខ១​ ពី​តំបន់​ក្តី​តា​កុយ​ ទៅកាន់​តំបន់​អារិ​យក្ស​ត្រ​ និង​ពី​តំបន់​ជ្រោយ​ចង្វា​រទៅ​តំបន់​ស្វាយ​ជ្រុំ​នឹង​មានការ​ប្រែប្រួល​ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ពី​ភាពលំអិត​នោះ​ទេ​។

លោក​បន្ត​ថា​ “ខ្ញុំ​មិនទាន់​មា​នព៌​តមាន​លំអិត​ទាក់ទង​នឹង​គម្រោង​នេះ​ទេ​ ព្រោះ​រហូត​មកទល់​ពេលនេះ​ មិនទាន់​មា​នព៌​តមាន​វិវត្តន៍​ថ្មី​នៅឡើយ​ទេ​”។

អគ្គនាយក​បច្ចេកទេស​នៃ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​លោ​កនូ​វឌ្ឍនៈ​បាន​ថ្លែង​ឲ្យដឹង​ផង​ដែរ​ថា​ ក្រុមហ៊ុន​ចិន​កំពុង​សិក្សា​ ពីទី​តាំង​សម្រាប់​សាងសង់​ស្ពាន​នេះ​ ប៉ុន្តែ​ការកំណត់​សាងសង់​ជា​ផ្លូវការ​នៅពេល​ណា​ មិនទាន់​កំណត់​ជាក់លាក់​នោះ​ទេ​ ប៉ុន្តែ​វា​ជា​គំរោង​នា​ពេល​អនាគត​ ដែល​ត្រូវតែ​សាងសង់​។លោក​បន្ត​ថា​ គំរោង​នេះ​មិនទាន់​ស្ថិតនៅ​ក្នុង​ផែនការ​ជាក់លាក់​ ឬដាក់​ចូល​ផែនការ​របស់ក្រ​សួង​ថា​ នឹង​សាងសង់​នៅពេល​ណា​នោះ​ទេ​ ព្រោះ​យើង​រង់ចាំ​ជំនួយ​របស់​ប្រទេស​ចិន​។

ក្នុង​ឳកាស​អញ្ជើញ​សម្ភោ​ធបើកឲ្យ​ប្រើប្រាស់​ មហាវិថី​សម្តេច​តេជោ​ហ៊ុន​ សែន​ ដែលគេ​ហៅ​រត់មាត់​ថា​ ផ្លូវ៦០ម៉ែត្រ​ លោក​ហ៊ុន​ សែន​បាន​ថ្លែង​ថា​ ដើម្បីឲ្យ​ការសាងសង់​និង​ភ្ជាប់​ផ្លូវ​ខ្សែ​ក្រ​វ៉ាត់​ក្រុង​ពេញលេញ​ កម្ពុជា​ចាំបាច់​ត្រូវ​សាងសង់​ស្ពាន​ភ្ជាប់​រវាង​តំបន់​ក្តី​តា​កុយ​ ភ្ជាប់​ទៅកាន់​តំបន់​អរិយក្សត្រ​ និង​ពី​ផ្លូវ​កែវ​ ចិន្តា​ នា​តំបន់​ជ្រោយ​ចង្វា​រ ភ្ជាប់​ទៅកាន់​តំបន់​ស្វាយ​ជ្រុំ​ ស្ថិត​ក្នុង​ឃុំ​ស្វាយ​ជ្រុំ​ ស្រុក​ល្វាឯម​ ខេត្តកណ្តាល​។

ការប្រកាស​ពី​ការសាងសង់​ស្ពាន​ទៅកាន់​តំបន់​នោះ​ បាន​ធ្វើឲ្យ​តំលៃ​ដី​នៅ​តំបន់​ទាំងនោះ​បាន​កញ្រ្ជោល​ឡើង​យ៉ាង​ខ្លាំង​ ហើយ​អ្នក​វិនិយោគ​ក្នុង​ស្រុក​មួយចំនួន​បាន​សាងសង់​បុរី​មួយចំនួន​នៅ​តំបន់​នោះ​រួចមក​ហើយ​។

លោក​ច្រឹក​ សុ​ខនី​មប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចន​លវត្ថុ​កម្ពុជា​ បាន​ថ្លែង​ថា​ ប្រសិនជា​មានការ​ប្រកាស​សាងសង់​ស្ពាន​ បាន​ធ្វើឲ្យ​តំលៃ​ដីធ្លី​នៅ​តំបន់​អរិយក្សត្រ​ និង​តំបន់​ស្វាយ​ជ្រុំ​មានការ​ប្រែប្រួល​យ៉ាង​ខ្លាំង​ ប៉ុន្តែ​ប្រសិនជា​ស្ពាន​ពន្យា​ពេល​សាងសង់​ តំលៃ​អចលនទ្រព្យ​នៅ​តំបន់​នោះ​ ក៏​ទ្រុឌទ្រោម​ទៅតាម​នោះ​ផង​ដែរ​។

លោក​បន្ត​ថា​ “ប្រសិនជា​ស្ពាន​សាងសង់​កាន់តែ​ឆាប់​កាន់តែ​ល្អ​ ព្រោះ​វា​នឹង​ធ្វើឲ្យ​តំបន់​នោះ​មានការ​អភិ​វឌ្ឈ​ន៍​កាន់តែ​លឿន​ ព្រោះ​គំរោង​មួយចំនួន​ដែល​វិនិយោគ​នៅ​តំបន់​នោះ​ គឺ​រំពឹង​ពី​ការសាងសង់​ស្ពាន​របស់​រដ្ឋាភិបាល​”៕

ខេត្តសៀមរាប​បាន​និង​កំពុង​សាងសង់​ផ្លូវ​បេតុង​ចំនួន៥ខ្សែ​ដើម្បី​លើក​កំពស់​សោភ័ណភាព​ក្រុង​

ដោយ ​វុត្ថា

សៀម​រា​បៈ​ រដ្ឋបាល​ខេត្តសៀមរាប​ តាមរយៈ​មន្ទីរ​សាធារណៈ​ខេត្ត​ បាន​នឹង​កំពុង​សាងសង់​ផ្លូវ​បេតុង​ចំនួន៥ខ្សែ​ ដើម្បី​លើក​កំពស់​សោភ័ណភាព​ក្រុង​ និង​សម្រួល​ដល់​ការ​ធ្វើដំណើរ​ និង​ឱ្យ​សាក​សមជា​ខេត្ត​សេដ្ឋកិច្ច​ និង​ទេសចរណ៍​របស់​ប្រទេស​។

យោង​តាម​ការ​ចុះផ្សាយ​របស់​រដ្ឋបាល​ខេត្តសៀមរាប​ នៅ​ថ្ងៃទី២៤​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩កន្លងមក​នេះ​បានឱ្យ​ដឹង​ថា​ ​ឆ្នាំ ២០១៩ នេះ​ រដ្ឋបាល​ខេត្ត​ បាន​លើក​គម្រោ​ថវិកា​ សាងសង់​ផ្លូវ​ចំនួន១៧គម្រោង​ក្នុង​ក្រុង​សៀមរាប​ ហើយ​ផ្លូវ​ទាំង៥ខ្សែ​ គឺ​ស្ថិត​ក្នុងចំណោម​ផ្លូវ​ទាំង​ ១៧ខ្សែ​នេះ​ផង​ដែរ​។

តាម​ការ​ចុះផ្សាយ​ដដែល​បន្ត​ថា​ ផ្លូវ​ទាំង​ ៥ខ្សែ​ ដែល​បាន​នឹង​កំ​ពុង​សា្ថ​បនា​នា​ពេលនេះ​ រួមមាន​៖ ១-សាងសង់​ផ្លូវ​បេតុង​ និង​ដាក់​លូ​បណ្តោយ​ផ្លូវ​មុខកាត់​ ១ម៉ែត្រ​ នៅ​ភូមិ​តា​វៀន​ ពីក្រោយ​ផ្សារ​លើ​ កាត់​ផ្ទះ​តា​អុច​ ដល់​ផ្លូវវាង​ក្រុង​ ប្រវែង​ ១២៥៩ ម៉ែត្រ​។

២-សាងសង់​ផ្លូវ​បេតុង​ និង​ដាក់​លូ​ប្រអប់​បណ្តោយ​ផ្លូវ​ មុខកាត់​ ៣,៥ម៉ែត្រ​ នៅ​ភូមិ​តា​វៀន​ ពី​ផ្លូវ​ ៧មករា​ ចំណុច​ហាង​លក់​គ្រឿងសំណង់​ លី​ ហាំង​សេង​ ដល់​ផ្លូវ​គ្លីនិក​ នាគ​ ទេព​ ប្រវែង​ ៧៩០ម៉ែត្រ​។ ៣-សាងសង់​ផ្លូវ​បេតុង​ និង​ដាក់​លូ​បណ្តោយ​ផ្លូវ​មុខកាត់​ ១ម៉ែត្រ​ នៅ​ភូមិ​ចុង​កៅស៊ូ​ ពី​ផ្លូវជាតិ​លេខ៦​ ចំណុច​ភ្លើងស្តុប​ស្មាញ​លីង​ ដល់​ផ្លូវ​ផ្ទះ​តា​អុច​ ប្រវែង​ ៣៣៥ម៉ែត្រ​។

៤-សាងសង់​ផ្លូវ​បេតុង​ និង​ដាក់​លូ​បណ្តោយ​ផ្លូវ​មុខកាត់​ ០,៨ម៉ែត្រ​ នៅ​ភូមិ​តា​វៀន​ ពី​ផ្លូវ​ក្រោយ​ផ្សារ​លើ​ ដល់​ផ្លូវវាង​ក្រុង​ចំណុច​តារាង​បាល់​ជន្លង់​ ប្រវែង​ ៧៣០ម៉ែត្រ​។ ៥-សាងសង់​ផ្លូវ​បេតុង​ និង​ដាក់​លូ​បណ្តោយ​ផ្លូវ​មុខកាត់ ០​,៨ម៉ែត្រ​ នៅ​ភូមិ​តា​វៀន​ ពី​ភោជនីយ​ ដ្ឋាន​ស្វាយមាស​ ដល់​ផ្លូវវាង​ក្រុង​ ប្រវែង​ ៨៨៥ម៉ែត្រ​។ ​រដ្ឋបាល​ខេត្ត​ បាន​ជម្រុ​ញឲ្យ​រៀបចំ​បណ្តាញ​លូ​ ប្រឡាយ​ឲ្យបាន​រួចរាល់​មុន​ពេល​ដំណើរការ​សាងសង់​ផ្លូវ​ ព្រមទាំង​ការរៀបចំ​បណ្តាញ​ក្រោម​ដី​នានា​ផង​ដែរ​។

ជាមួយគ្នា​នេះ​ រដ្ឋា​បាល​ខេត្ត​សៀម​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​សាធារណជន​ ពិសេស​បងប្អូន​រស់នៅ​តាម​ដងផ្លូវ​ ដែល​ដំណើរការ​សាងសង់​ មេត្តា​យោគយល់​ក្នុងអំឡុងពេល​ដំណើរការ​សាងសង់​ ដែល​អាច​បង្ក​ការ​លំបាក​ធ្វើដំណើរ​ ការ​កកស្ទះ​ចរាចរ​ និង​ផល​ប៉ះពាល់​បរិស្ថាន​ផង​ដែរ​។

រាជរដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​កាលពី​កន្លងមក​នេះ​ ក៏បាន​ពន្លឿន​ការសាងសង់​ និង​ស្ថាបនា​ ផ្លូវ​សំ​ខាន់​ៗនៅក្នុង​ខេត្តសៀមរាប​ ដើម្បី​លើក​សោភ័ណភាព​ ក្នុង​គោលបំណង​សំខាន់​ក្នុង​ការជំរុញ​ និង​បង្កើន​ភាព​ទាក់ទាញ​ទេសចរ​ឱ្យ​កាន់តែ​ច្រើន​៕

ចំណេះដឹង​! តើ​ការគ្រប់គ្រង​និង​ការបែងចែក​ដី​រដ្ឋ​ត្រូវ​អនុវត្ត​ដូចម្តេច​?

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ ប្រជាពលរដ្ឋ​ និង​នីតិ​វិ​បុគ្គល​សា​ធា​រណៈ​ផ្សេង​ៗ គឺជា​ម្ចាស់ដី​រដ្ឋ​ទាំងអស់​។ ដី​សាធារណៈ​របស់​រដ្ឋ​ នឹង​ត្រូវ​គ្រប់គ្រង​ដោយ​ក្រសួង​ឬ ស្ថាប័ន​ឬអង្គភាព​ដែល​មាន​អាណត្តិ​ជាប់នឹង​ប្រយោជន៍​សាធារណៈ​នោះ​ ឬជាប់នឹង​ការប្រើ​ប្រាស់​ជា​សាធារណៈ​នូវ​តំបន់​ជាក់លាក់​ណាមួយ​នៃ​ដី​សាធារណៈ​របស់​រដ្ឋ​។

យោង​តាឯក​សា​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ស្តី​ពី​ គោលនយោបាយ​ស្តី​ពី​ការគ្រប់គ្រង​ដី​រដ្ឋ​បានឱ្យ​ដឹង​ថា​ ក្រសួង​ ឬស្ថាប័ន​ ឬអង្គភាព​នី​មួយ​ៗ នឹង​មាន​សិទ្ធិ​ផ្ទេរអំណាច​គ្រប់គ្រង​ ទ្រព្យសាធារណៈ​មួយ​បន្ត​ទៀត​ ដោយ​ផ្អែកលើ​កិ​ច្ច​ន្យា​ជា​លាយ​លក្ខ​អក្សរ​ នៃ​ការទទួលខុសត្រូវ​គ្រប់គ្រង​ រាប់ទាំង​លក្ខណៈ​ជាក់លាក់​នៃ​ទ្រព្យ​ដែល​ត្រូវ​ផ្ទេរ​ ដោយ​យោង​តាម​លក្ខខណ្ឌ​ច្បាប់​។

អនុក្រឹត្យ​នេះ​ នឹង​កំណត់​នូវ​ការរៀបចំ​ស្ថាប័ន​គ្រប់គ្រង​ដី​រដ្ឋ​ ដែល​យក​ច្បាប់​ភូមិបាល​ និង​ច្បាប់​ពាក់ព័ន្ធ​ដទៃទៀត​មក​ពិចារណា​។ ដី​សាធារណៈ​របស់​រដ្ឋ​ នឹង​ត្រូវ​គ្រប់គ្រង​ដោយ​ក្រសួង​ ឬអាជ្ញាធរ​ដែល​ក្នុង​អាណត្តិ​របស់​ខ្លួន​ មាន​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ឬការប្រើ​ប្រាស់​ជា​សាធារណៈ​។ ដី​ឯកជន​របស់​រដ្ឋ​ ត្រូវ​គ្រប់គ្រង​ដោយ​គណៈកម្មាធិការ​ប្រើប្រាស់​ និង​បែងចែក​ដី​ថ្នាក់​ខេត្ត​ក្រុង​។

គណៈកម្មាធិការ​ប្រើប្រាស់​ និង​បែងចែក​ដី​ថ្នាក់​ខេត្ត​ ក្រុង​ត្រូវ​បា​នប្រ​គលសិទ្ធិ​ឱ្យ​មាន​មតិ​សម្រេច​លើ​ទីតាំង​សម្បទាន​ដី​សង្គមកិច្ច​ និង​សម្បទាន​ដី​សេដ្ឋកិច្ច​ ស្របតាម​នីតិវិធី​ដែល​បាន​បង្កើត​សំរាប់​ការផ្ទេរ​ដី​នេះ​។ គណៈកម្មាធិការ​ប្រើប្រាស់​ និង​បែងចែក​ដី​ថ្នាក់​ខេត្ត​នឹង​មានអំណាច​ផ្ទេរ​ការទទួលខុសត្រូវ​ លើ​ការគ្រប់គ្រង​ដី​ឯកជន​របស់​រដ្ឋ​ ទៅ​ឱ្យ​អង្គភាព​សាធារណៈ​ផ្សេងទៀត​ ​; ប៉ុន្តែ​មិន​អាច​ផ្ទេរសិទ្ធិ​លក់​ ជួល​ ឬសិទ្ធិ​ប្រគល់​ដី​ទៅ​ឱ្យ​អង្គភាព​សាធារណៈ​ដទៃទៀត​ឡើយ​។

គណៈកម្មាធិការ​ប្រើប្រាស់​ និង​បែងចែក​ដី​ថ្នាក់​ខេត្ត​នី​មួយ​ៗ នឹង​ទទួលខុសត្រូវ​ចំពោះ​ការ​កសាង​ផែនការ​ប្រើប្រាស់​ដី​ថ្នាក់​ខេត្ត​ក្រុង​ ដែល​បង្កើត​ផែនការ​ប្រើប្រាស់​

ដី​សាធារណៈ​របស់​រដ្ឋ​ ដោយ​ការពិគ្រោះ​យោបល់​ជាមួយ​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ និង​ត្រូវ​បាន​ទទួលការ​យល់ព្រម​ពី​ក្រុមប្រឹក្សា​គោលនយោបាយ​ដីធ្លី​។ គ្មាន​ការប្រើ​ប្រាស់​ដី​រដ្ឋ​ផ្ទុយពី​ផែនការ​ប្រើប្រាស់​ដី​ អាច​ត្រូវ​បាន​អនុញ្ញាត​ឡើយ​។ ប៉ុន្តែ​ ផែនការ​ប្រើប្រាស់​ដី​នេះ​ ក៏អាច​ធ្វើ​កែប្រែ​បាន​ដោយ​គណៈកម្ម​កា​ធិការ​ប្រើប្រាស់​ និង​បែងចែក​ដី​ខេត្ត​ក្រុង​ ក្រោម​ការពិគ្រោះ​យោបល់​ជាមួយ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ និង​ដោយ​គ្មាន​ការជំទាស់​ពី​ក្រុមប្រឹក្សា​គោលនយោបាយ​ដីធ្លី​។

ការបែងចែក​ដី​នៅក្នុង​បរិបទ​នេះ​មានន័យថា​ ជា​ការចាត់ចែង​ដី​របស់​រដ្ឋ​សម្រាប់​គោល​ដៅ​ផ្សេង​ៗ។ មានតែ​ដី​ឯកជន​របស់​រដ្ឋ​ប៉ុណ្ណោះ​ ដែល​អាច​ធ្វើការ​បែងចែក​បាន​ ។ ដី​សាធារណៈ​របស់​រដ្ឋ​ អាច​ធ្វើការ​បែងចែក​បាន​ លុះត្រាតែ​បាន​ធ្វើ​ចំ​ណាច់​ថ្នាក់​ឡើងវិញ​មក​ជា​ដី​ឯកជន​របស់​រដ្ឋ​ជាមុន​សិន​។

ដោយហេតុថា​ ដី​ត្រូវតែ​ធ្វើ​ចំណាត់ថ្នាក់​ឱ្យទៅ​ជា​ដី​ឯកជន​របស់​រដ្ឋ​ ហើយ​មុ​នឹង​នឹង​ធ្វើ​ចំណា​តថ្នាក់​ដី​នេះ​ ត្រូវតែ​បាន​ចុះបញ្ជី​ជាមុន​សិន​។ ដូច្នេះ​គឺ​មានតែ​ដី​ឯកជន​របស់​រដ្ឋ​ ដែល​បាន​ចុះបញ្ជី​រួចហើយ​ទេ​ ដែល​អាច​បែងចែក​បាន​។ ដី​ឯកជន​របស់​រដ្ឋ​ អាច​បែងចែក​សម្រាប់​ការប្រើ​ប្រាស់​ ជា​ទ្រព្យសម្បត្តិ​រដ្ឋ​ ជា​ទ្រព្យ​ខេត្ត​ក្រុង​ ឬជា​ទ្រព្យ​សហគមន៍​ និង​សំរាប់​អង្គភាព​ឯកជន​។

ការបែងចែក​សំរាប់​អង្គភាព​ឯកជន​ អាច​ធ្វើ​ទៅ​បាន​តាមរយៈ​សម្បទាន​ ដោយ​អនុលោម​តាម​អនុក្រឹត្យ​ពាក់​ព័ន្ឋ ឬតាមរយៈ​ភតិសន្យា​(ការជួល​) ដែល​នឹង​មាន​ព័រ​ណ៌​នា​នៅក្នុង​អនុក្រឹត្យ​ ។ យោង​តាមច្បាប់​ភូមិបាល​ ដី​ឯកជន​របស់​រដ្ឋ​អាច​ជា​កម្មវត្ថុ​ នៃ​ភិត​សន្យា​ ។ បទបញ្ជា​បច្ចុប្បន្ន​នៃ​ភិ​តិ​សន្យា​ គឺ​ផ្អែកលើ​បរទ​បញ្ជា​លេខ​ ៣០​ បប​/ ១៩៩៧​៕

គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ៗជាច្រើន​នឹង​ត្រូវ​សម្ពោធ​បើកការដ្ឋាន​សាងសង់​នៅ​ ឆ្នាំ២០២០ខាងមុខ​

ដោយ ​វុត្ថា

​ភ្នំពេញ​៖ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ នឹង​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ និង​ដាក់​ឱ្យ​ដំណើរ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​គម្រោង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​ជាច្រើន​នៅដើម​ឆ្នាំ​ ២០២០ខាងមុខនេះ​។

លោក​ គង់​ វិមាន​ អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​ប្រាប់​គេហទំព័រ​ propertyarea.asia​ នៅ​ថ្ងៃទី​ ២៣​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ខណៈ​ពេលនេះ​ ក្រុមការងារ​របស់ក្រ​សួង​ បាន​បញ្ចប់​ការសិក្សា​លើក​គម្រោង​ស្ថាបនា​ផ្លូវ​ ស្ពាន​ ហើយដែល​ត្រូវ​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ និង​ផែនការ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ជាច្រើន​គម្រោង​ផង​ដែរ​នៅ​ឆ្នាំ​ ២០២០​ ខាងមុខនេះ​ បន្ទាប់ពី​ទទួល​បានការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​។

លោក​បន្ត​ថា​ នៅ​ឆ្នាំ​ ២០២០ខាងមុខនេះ​ មាន​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ដែល​បាន​សាងសង់​រួចរាល់​ នឹង​ត្រូវ​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ប្រើប្រាស់​ជា​ផ្លូវការ​ និង​ត្រៀម​សម្ពោធ​បើ​ករ​ដ្ឋាន​សាងសង់​នូវ​គម្រោង​សាងសង់​ស្ពាន​ និង​ផ្លូវ​ថ្មី​មួយចំនួន​ទៀត​។

លោក​បន្ត​ថា​ “គម្រោង​ទាំងនេះ​ បាន​ទទួលការ​អនុញ្ញ​ត និង​អនុម័ត​ពី​រាជរដ្ឋាភិបាល​រួចហើយ​ សម្រាប់​គម្រោង​ និង​ផែនការ​ឆ្នាំ​ ២០២០​ ខាងមុខនេះ​។ ចឹង​ទេ​ យើង​បើក​បណ្តើរ​ យើង​បិត​បណ្តើរ​” ។

លោក​បន្ត​ទៀត​ថា​ ជាក់ស្តែង​ យើង​ក៏​កំពុង​ត្រៀម​សម្ពោធ​បើ​ករ​ដ្ឋាន​ផ្លូវជាតិ​លេខ១០​ ដែល​ជា​ផ្លូវ​អតិត​ ១៥៥៥​ នៅក្នុង​ឆ្នាំ​ ២០២០ខាងមុខនេះ​ផង​ដែរ​ ដែល​ផ្លូវ​នេះ​តភ្ជាប់​ពី​ខេត្តកោះកុង​ មក​ក្រុង​ពោធិ៍សាត់​ ។ ក្រុមការងារ​បាន​ចុះ​ធ្វើការ​កិច្ចការ​នេះ​ ជាង​មួយឆ្នាំ​មក​ហើយ​។

លោក​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ធ្លាប់​បានឱ្យ​ដឹង​ថា​ ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ១០នេះ​ នឹង​ត្រូវ​ធ្វើឡើង​រួមគ្នា​នឹង​ពិធីសម្ពោធ​ឲ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ៥៥​ ក្រោម​អធិបតី​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ។ ​

ផ្លូវជាតិ​លេខ១០​ មាន​ប្រវែង១៩៣​ គីឡូម៉ែត្រ​ ដែល​តភ្ជាប់​ចេញពី​ស្រុក​សំឡូត​នៃ​ខេត្តបាត់ដំបង​ ទៅ​ខេត្តកោះកុង​ ដោយ​ឆ្លងកាត់​ស្រុក​វាលវែង​ ខេត្តពោធិ៍សាត់​ ។

បើ​តាម​លោក​ ស៊ុន​ ចាន់​ថុល​ គម្រោង​ផ្លូវ​មួយ​ខ្សែ​នេះ​ ទទួល​បាន​ប្រាក់កម្ចី​ពី​រដ្ឋាភិបាល​ចិន​ប្រមាណ​ ១៨៣លាន​ដុល្លារ​អាមេរិក​សម្រាប់​ការសាងសង់​។ក្រៅពី​ផ្លូវជាតិ​លេខ១០​ ដែល​គ្រោង​នឹង​បើក​ការដ្ឋាន​នេះ​ បណ្ដា​ផ្លូវជាតិ​ និង​ស្ពាន​ជាច្រើន​គម្រោង​ ក៏​នឹង​ត្រៀម​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ និង​កំពុង​ត្រូវ​បាន​យកចិត្ត​ទុកដាក់​លើកកម្ពស់​ផ្លូវ​ពី​រដ្ឋាភិបាល​៕