ក្រុមហ៊ុនអាកាសចរណ៍ថៃ​ Thai Airways ធ្លាក់ចុះ ខណៈប្រាក់បាតឡើងថ្លៃ

ដោយ Donald Lee

ភ្នំពេញ ៖ ខណៈប្រាក់បាតថៃឡើង ដល់កម្រិតខ្ពស់ក្នុងរយៈពេល៦ឆ្នាំ នៅឆ្នាំនេះដោយមានតម្លៃ៣១,៣១ បាតស្មើនឹង១ដុល្លារអាមេរិកនៅពេលនេះ ខណៈវិស័យសំខាន់​ៗនៅក្នុងសេដ្ឋកិច្ចថៃកំពុងចាប់ផ្តើមធ្លាក់ចុះ។

ប្រធានក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways បានលាឈប់ពីតំណែងកាលពីសប្តាហ៍មុន បន្ទាប់ពីក្រុមហ៊ុនបានចេញផ្សាយ លទ្ធផលនៅត្រីមាសទី២របស់ខ្លួន ដែលបង្ហាញពីការខាតបង់សុទ្ធចំនួន២២០លានដុល្លារ។

ការលាឈប់នេះកើតឡើង ស្របពេលដែលនាយកប្រតិបត្តិជាន់ខ្ពស់៣ រូបនៅក្រុមហ៊ុនអាកាសចរណ៍មួយនេះ ក៏លាឈប់ពីតំណែងជាប្រធានក្រុមហ៊ុន ខណៈអាកាសចរណ៍ថៃលោក Sumeth Damrongchaitham បានប្រាប់បុគ្គលិកថា ក្រុមហ៊ុនអាកាសចរណ៍នេះប្រថុយនឹងការបិទ ប្រសិនបើខ្លួណមិនប្រកួតប្រជែងជាមួយគូប្រជែង ក្នុងតំបន់របស់ពួកគេ។

លោក Damrongchaitham បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថៃថា “នៅក្នុងយុគសម័យ ដែលអតិថិជនមានការផ្តល់ជូនយ៉ាងច្រើន ក្នុងពេលមានការប្រកួតប្រជែងផ្នែកអាកាសចរណ៍ដ៏ខ្លាំងក្លា បុគ្គលិកត្រូវបានគេស្នើសុំឱ្យចូលរួម និងធ្វើការដើម្បីផ្តួលការប្រកួតក្នុងការទទួលបានលទ្ធផលប្រតិបត្តិការប្រសើរឡើង”។

អតីតប្រធានលោក Ekniti Nitithanprapas បាននិយាយថា មូលហេតុចំបងនៃការធ្លាក់ចុះប្រាក់ចំណូល គឺមកពីភ្ញៀវទេសចរមិនមកប្រទេសថៃ ដោយសារតែការកើនឡើងនៃប្រាក់បាតថៃ។

ភាពខ្លាំងនៃប្រាក់បាតកំពុងរារាំង អ្នកទេសចរចំណូលមធ្យមមួយចំនួន ចាកចេញឆ្ងាយពីថៃ ដោយសារកំលាំង ចំណាយរបស់ពួកគេមានការថយចុះ ទាក់ទងនឹងការឡើងថ្លៃរូបិយប័ណ្ណថៃ។

ប្រាក់បាតឡើងថ្លៃ ជាងរូបិយប័ណ្ណផ្សេងៗទៀតនៅអាស៊ី និងស្ថិតក្នុងចំណោមរូបិយប័ណ្ណដ៏ខ្លាំងបំផុតនៅលើពិភពលោកកាលពីឆ្នាំមុន។

វិស័យទេសចរណ៍គឺជាផ្នែកសំខាន់មួយ នៃសេដ្ឋកិច្ចថៃដែលមានចំនួនស្មើនឹង១ ភាគ ៥ នៃ GDP របស់ប្រទេសនេះ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថៃបានបន្ថែមថា ថ្មីៗនេះប្រទេសខ្លួនបានទម្លាក់គោលដៅទេសចរណ៍របស់ខ្លួន មកនៅត្រឹមប្រមាណ៤០លាននាក់សម្រាប់ឆ្នាំនេះ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងកីឡាលោក Piphat Ratchakitprakarn បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងបាងកក កាលពីដើមឆ្នាំនេះថា “ការឡើងថ្លៃប្រាក់បាតថៃគឺជាផ្នែកមួយនៃមូលហេតុ ដែលធ្វើឱ្យចំនួនភ្ញៀវទេសចរធ្លាក់ចុះ ដោយសារតែអ្នកដែលមកថៃទទួលបានប្រាក់តិចពីប្តូររូបិយប័ណ្ណរបស់ពួកគេ”។

ធនាគារថៃបានទម្លាក់អត្រាការប្រាក់ជាលើកទី២នៅឆ្នាំនេះ ដើម្បីទប់ស្កាត់កំនើនប្រាក់បាត និងជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ។ ធនាគារកណ្តាលបានទម្លាក់អត្រាការប្រាក់មកនៅត្រឹម១,២៥ភាគរយ ដែលជាអត្រាមួយដែលមិនធ្លាប់មាន ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុពិភពលោកកាលពីឆ្នាំ២០០៩។

ទោះយ៉ាងណា អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះ គឺថាធនាគារកណ្តាលនៅអាស៊ីបានទទួលស្គាល់ការពិតដែលថា សេដ្ឋកិច្ចត្រូវការអត្រាការប្រាក់ទាបជាងមុន ដើម្បីជំរុញការចំណាយក្នុងស្រុក និងដើម្បីទប់ស្កាត់ការឡើងថ្លៃយ៉ាងរហ័សនៃរូបិយប័ណ្ណ (ប្រាក់បាតថៃ) ។ នេះបើយោងតាមរបាយការណ៍ធនគារថៃ ING បានចេញផ្សាយក្នុងសប្តាហ៍នេះ៕

រដ្ឋាភិបាលបង្កើតមជ្ឈមណ្ឌលការតភ្ជាប់បណ្តាញអ៊ិនធឺណិតថ្នាក់ជាតិនៅកម្ពុជា

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រដ្ឋាភិបាលបាននឹងកំពុងបបង្កើត មជ្ឈមណ្ឌលគ្រប់គ្រងការតភ្ជាប់បណ្តាញអ៊ិនធឺណិតថ្នាក់ជាតិនៅកម្ពុជា (National Internet Exchange) ដែលមានមុខងារចំនួនពីរដូចជា មជ្ឈមណ្ឌលផ្លាស់ប្តូរអ៊ីនធឺណិតក្នុងប្រទេស និងមជ្ឈមណ្ឌលច្រកអ៊ីនធឺណិតអន្តរជាតិ។

យោងតាមអន្តរក្រសួងកិច្ចប្រជុំស្តីពីការគ្រប់គ្រងច្រកចេញចូលអ៊ីនធឺណិតថ្នាក់ជាតិ (National Internet Gateway) នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ បានឱ្យដឹងថា ការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងការតភ្ជាប់បណ្តាញអ៊ិនធឺណិតថ្នាក់ជាតិ នៅកម្ពុជាផ្តល់នូវអត្ថប្រយោជន៍ដូចជា ទី១ ធ្វើឱ្យការប្រើប្រាស់អ៊ីនធឺណិតមានលក្ខណៈសន្សំសំចៃតាម រយៈការបង្វែរផ្លូវអ៊ីនធឺណិតក្នុងប្រទេស ដោយមិនចាំបាច់តភ្ជាប់ទៅក្រៅប្រទេសឱ្យមកតភ្ជាប់បណ្តាញអ៊ីនធឺណិត នៅមជ្ឈមណ្ឌលផ្លាស់ប្តូរអ៊ីនធឺណិតក្នុងប្រទេសវិញ។

ទី២ -បង្កើតការប្រើប្រាស់អ៊ីនធឺណិត ក្នុងប្រទេសឱ្យមានល្បឿនលឿនជាមួយនឹងថ្លៃទាបសមរម្យផ្តល់អត្ថប្រយោជន៍ជូនសាធារណជន និងប្រើប្រាស់អ៊ីនធឺណិតប្រកបដោ​យប្រសិទ្ធភាព។

ទី៣ ជំរុញឱ្យមានការបង្កើតមាតិកា និងកម្មវិធីក្នុងស្រុកកាន់តែច្រើនឡើង។ ទី៤ កាត់បន្ថយហានិភ័យ ដោយបង្កលក្ខណៈងាយស្រួល ក្នុងការគ្រប់គ្រងសុវត្ថិភាពលើប ណ្តាញអ៊ីនធឺណិត។

ទី៤ -លើកកម្ពស់ការការពារសន្តិសុខជាតិ និងអធិបតេយ្យជាតិ ដោយគ្រប់គ្រងនិងត្រួតពិនិត្យការតភ្ជាប់បណ្តាញអ៊ីនធឺណិត ទៅក្រៅប្រទេសទាំងអស់ត្រូវឆ្លងកាត់នៅមជ្ឈ​មណ្ឌលច្រកអ៊ីនធឺណិតអន្តរជាតិ៕

ក្រុងតាខ្មៅចាប់ផ្តើមផ្លាស់ប្តូរមុខមាត់ខណៈប្លង់គោលអភិវឌ្ឍន៍បានបញ្ចប់

ដោយ ៖ គង់ សូរិយា

កណ្តាល ៖  ភាពរីកចម្រើន និងការអភិវឌ្ឍទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងតាខ្មៅ កំពុងតែបន្តដំណើរជាជំហានៗ និងកាន់តែល្អប្រសើរជាងមុនដែលស្របទៅនឹងគម្រោងស្ថិតនៅក្នុងប្លង់គោលរបស់ក្រសួង និងសាលាខេត្តដែលកំពុងអនុវត្តន៍យ៉ាងសកម្ម។

អភិបាលរងខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានប្រាប់ឱ្យដឹងតាមរយៈទូរស័ព្ទកាលពីរសៀលពេលថ្មីៗនេះថា ក្រុងតាខ្មៅពេលនេះ មានវិសាលភាពធំទូលាយជាងពេលមុន បន្ទាប់ពីមានការកាត់បញ្ចូលឃុំចំនួន៤មកពីស្រុកស្អាង ធ្វើជាចំណុះរបស់ក្រុងតាខ្មៅ ដែលរួមមានឃុំស្វាយរលំ ឃុំសត្បូរ ឃុំព្រែកគយ និងឃុំរកាខ្ពស់។ លោកបានលើកឡើងថា នៅក្នុងប្លង់គោលរបស់ខេត្ត ក្រុងតាខ្មៅនឹងមានការអភិវឌ្ឍនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្ទើរទូទាំងក្រុង ដែលក្រៅពីមានការពង្រីកក្រុងនៅមានការពង្រីកផ្លូវជាច្រើនកន្លែង ដើម្បីធ្វើយ៉ាងណាផ្តកល់ភាពងាយស្រួល ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពល​រដ្ឋ ខណៈដែលចំនួននៃមនុស្សចេះតែមានការកើនឡើងឥតឈប់ឈរ។

លោកបន្តថា នៅក្នុងតំណាក់កាលដែលសាលាខេត្ត ក៏ដូចជាក្រសួងរៀបចំដែនដីនរូបនីយកម្ម និងសំណង់ កំពុងតែផ្តោតការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍនេះ បានធ្វើឱ្យវិស័យសំណង់នៅក្នុងក្រុងតាខ្មៅទាំងមូលមានការរីកចម្រើនផងដែរ ជាពិសេស វិស័យលំនៅដ្ឋាន ដែលកំពុងតែមានភាពផុសផុលយ៉ាងខ្លាំង ក្រោមការវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុក។

លោកបណ្ឌិតវ៉ាន់ វ៉ាត អ្នកឯកទេសផ្នែកនគរូបនីយកម្ម ដែលជាអ្នករៀបចំប្លង់គោ​លក្រុងតាខ្មៅ និងបណ្តាស្រុកនានាទូទាំងខេត្តកណ្តាល បានមានប្រសាសន៍ឱ្យដឹងថាប្លង់គោលប្រើប្រាស់ដីធ្លីក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម បរិស្ថាន និងកិច្ចធានាធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាពនិរន្តរភាព។ លោកបានបញ្ជាក់ថា “ប្លង់គោលអភិវឌ្ឍន៍និមួយៗពិតជាមានសារៈសំខាន់ណាស់ ព្រោះប្លង់គោ​លបានកំណត់និយាមការណ៍ទំហំផ្លូវ ដើម្បីកំណត់ពីផែនការប្រើប្រាស់ដីធ្លីនៅក្នុងមូលដ្ឋានឱ្យមានភាពសមស្រប និងដើម្បីជំរុញការប្រើប្រាស់ដី និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព”។

លោកបន្តថា ប្លង់គោលបានកំណត់តំបន់អភិវឌ្ឍន៍ផ្សេងៗគ្នា ដូចជា តំបន់សម្រាប់អភិវឌ្ឍន៍វិស័យឧស្សាហកម្ម តំបន់អភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្ម និងតំបន់ធ្វើកសិកម្មជាដើម។ ប្លង់គោលអាចអនុវត្តន៍បាន ក៏ទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើឱ្យការងារនេះមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។ការរៀបចំប្លង់គោល គឺជាការវិវត្តថ្មីមួយក្នុងការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន សម្រាប់ប្រជាពលរដ្ឋ ឧស្សាហកម្ម ទេសចរណ៍ កសិកម្ម និងគម្រោងបង្កើតឋានសុខដុមនៃការរស់នៅ លំហែកាយ និងការប្រកបការងារផ្សេងៗ ជាពិសេសតាមរយៈការអនុវត្តន៍ប្លង់គោលនេះ អាចកាត់បន្ថយនូវទំនាស់ដីធ្លីផ្សេងៗ ដែលធ្លាប់តែមានបញ្ហាកើតឡើងឥតឈប់ឈរនៅក្នុងមូលដ្ឋាន។

លោកបណ្ឌិតបានបន្តថា “ភាពរីកចម្រើននៅក្នុងក្រុងតាខ្មៅ ជាពិសេសការពង្រីកវិសាលភាពក្រុងទាំងមូលឱ្យបានធំទូលាយដើម្បីឱ្យស្របទៅនឹងកំណើននៃចំនួនប្រជាសាស្រ្តនេះ បានជំរុញឱ្យវិសយអចលនទ្រព្យ និងសំណង់មានការកើនឡើងផងដែរ”។

ជាមួយគ្នានេះ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal (KFA) លោកឧកញ៉ា នួន រិទ្ធី បានបច្ចុប្បន្ននេះ ក្រុងតាខ្មៅលែងឯកោដូចមុនទៀតហើយ ដែលពេលនេះ ក្រៅពីមានការអភិវឌ្ឍនៅក្នុងតំបន់ទីប្រជុំជនក្នុងក្រុង នៅតាមបណ្តាជាយក្រុងក៏មានភាពរីកចម្រើនដែរ ជាពិសេសផ្នែកសំណង់លំនៅដ្ឋាន ដែលធ្វើឱ្យតម្លៃដីមានការកើនឡើងឥតឈប់ឈរ។

លោកថា បច្ចុប្បន្នចំពោះតម្លៃដីដែលស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម គឺនៅក្នុងចន្លោះចាប់ពី ៧០០-១៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយតំបន់ខ្លះទៀតអាចឡើងរហូតដល់ ២០០០-៣០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដោយឡែកដីដែលស្ថិតនៅតំបន់ជាយក្រុង ជាពិសេសដីដែលនៅជាប់ នឹងផ្លូវក្រវ៉ាត់ក្រុងក្នុងស្រុកស្អាង មានតម្លៃចន្លោះពី១៥០- ៣៥០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដែលអាស្រ័យទៅតាមទំហំដី និងទីតាំង។

លោកឧកញ៉ាបញ្ជាក់ថា គិតជាមធ្យមតម្លៃដី និងអចលនទ្រព្យនៅទីប្រជុំជនក្នុងក្រុងតាខ្មៅ បានកើនឡើងប្រមាណ៣០-៥០ភាគរយ ខណៈដែលតម្លៃដីនៅតំបន់ជាយក្រុងតាមបណ្តោយផ្លូវជាតិលេខ២១ បានកើនឡើងចន្លោះប្រមាណ២០-៣០ ភាគរយ ហើយដីដែលនៅជាប់ផ្លូវក្រវ៉ាត់ក្រុង បានកើនឡើងស្ទើរតែ១០០ភាគរយ៕

 

ចំណេះដឹង! តើការវាយតម្លៃថ្លៃអចលនទ្រព្យគួរប្រកាន់ភ្ជាប់នូវអភិក្រមអ្វីខ្លះ?

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋាភិបាលបានរៀបចំឱ្យមានប្រព័ន្ធវាយតម្លៃ ថ្លៃអចលនទ្រព្យស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់កម្ពុជា  និងមាលក្ខណៈឯកភាពគ្នានៅទូទាំងប្រទេស ដើម្បីតម្រង់ទិសជាដំណាក់ៗទៅរកនិយាមមួយ ដែលមានជាលក្ខណៈអន្តរជាតិនៃការវាយតម្លៃអចលនទ្រព្យ មានការទទួលស្គាល់ជាសកលសម្រាប់បំរើពហុគោលបំណង។

ក្នុងគោលបំណងនេះ គ្រសួងបានចងក្រវិធីសាស្ត្រ នៃការប៉ានស្មានតម្លៃថ្លៃដី និងតម្លៃសំណង ផ្សេងៗនៅជាប់នឹងដី ទៅតាមតម្លៃប្រហាក់ប្រហែលនឹងតម្លៃទីផ្សារ បង្កើតបានជាផែនទីវាយតម្លៃថ្លៃដី និងធ្វើការវាយតម្លៃថ្លៃសំណង់ នៅជាប់នឹងក្បាលដី ដើម្បីរៀបចំបញ្ជីវាយតម្លៃថ្លៃអចលនទ្រព្យនៅតាមភូមិ ឃុំ សង្កាត់ សម្រាប់បម្រើសេចក្តីត្រូវការរបស់វិស័យសាធារណៈ និងវិស័យឯកជនដែលនឹងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច។

យោតាមឯកសារគោលនយោបាយជាតិ របស់ក្រសួងរៀចំដែនដី នគរូបនីយកម្ម និងសំណង់ស្តីពី ប្រព័ន្ធវាយតម្លៃថ្លៃអចលនទ្រព្យបានឱ្យដឹងថា ដើម្បីសម្រេចគោលបំណងខាងលើនេះ រដ្ឋាភិបាលបានរៀបចំបទដ្ឋានបច្ចេកទេស យន្តការអនុវត្តន៍ និងការតាមដានត្រួតពិនិត្យប្រកបដោយតម្លាភាព និងមានសង្គតិភាព ដែលពាក់ព័ន្ធមានទំនុកចិត្ត និងយល់ព្រមទទួលយក។

ជាធម្មតា ប្រព័ន្ធវាយតម្លៃថ្លៃអចលនទ្រព្យគួរប្រកាន់ភ្ជាប់នូវអភិក្រមនៃអភិបាលកិច្ចល្អ និងគោរពទៅតាមគោលការណ៍ដូចជា….

១) តម្លាភាព:  ដោយមានការចូលរួម និងមានការផ្សព្វផ្សាយជាសាធារណៈដល់ភាគីពាក់ព័ន្ធ ព្រមទាំងបើកទូលាយនូវសិទ្ធិតវ៉ា ចំពោះលទ្ធផលានៃការវាយតម្លៃ ស្របតាមនីតិវិធីដែលបានកំណត់ជាគោលការណ៍។

២)យន្តការ និងនីតិវិធីឯកភាពគ្នា: មានទម្រង់ជាបទដ្ឋានរួមមួយដូចគ្នារវាងតំបន់ផ្សេងៗទូទាំងប្រទេស។

៣) យុត្តិធម៌ និងមិនលំអៀង: គោរពទៅតាមនីតិវិធីដែលបានកំណត់ និងមិនមានការរើសអើង។

៤) សុក្រឹតភាព: ភាពជឿទុកចិត្តលើការវាយតម្លៃ និងធានាបច្ចុប្បន្នភាពនៃការវាយតម្លៃ។

៥) ភាពអាចដឹងជាមុន:  គ្រប់ភាគីពាក់ព័ន្ធ និងសាធារណៈជនអាចដឹងបានមុនអំពីតម្លៃថ្លៃដីនៅតាមទីតាំង ឬតំបន់ជាក់លាក់នីមួយៗ  និងគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ៕

រដ្ឋាភិបាលកម្ពុជាពិភាក្សាស៊ីជម្រៅជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបពីបញ្ហា EBA

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបជជែកពិភាក្សាស៊ីជម្រៅ ជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ក្នុងគោលដៅពង្រឹងភាពជាដៃគូយ៉ាងជិតស្និទ្ធ ជាពិសេសពិភាក្សាទៅលើបញ្ហា EBA នៅកម្ពុជា។

បន្ទាប់ពីចប់ជំនួបពិភាក្សាកាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកកុយ គួងបានមានប្រសាសន៍ប្រាប់បណ្តាអ្នកសារព័ត៌មានថា លោកស្រីកាមែន ម៉ូរីណូ (Carmen Moreno) ឯក​អគ្គរដ្ឋទូតសហភាពអឺរ៉ុប បានជំរាបជូនលោកឧបនាយករដ្ឋមន្ត្រីថា លោកស្រីនឹងបន្តពង្រឹងភាពជាដៃគូជាមួយកម្ពុជា ហើយអ្វីដែលសហភាពអឺរ៉ុបមាន និងបន្តអនុវត្តបន្តទៀត។

លោកស្រីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានកោតសរសើរពីកម្ពុជាមានការរីកចម្រើនខ្លាំងទាំងសេដ្ឋកិច្ច និងសង្គម។

លោកបានបន្តទៀតថា “សហភាពអឺរ៉ុបនៅតែបន្តជាដៃគូអភិវឌ្ឍនៅកម្ពុជា ជំនួយអភិវឌ្ឍសហភាពអឺរ៉ុបបានផ្តល់មកកម្ពុជា នាពេលកន្លងមកមានចំនួនប្រមាណ៧០០លានដុល្លារ និងផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហមប្រមាណ២០លានដុល្លារ”។

លោកកុយ គួងបានបន្តទៀតថា “អ្វីដែលសំខាន់ លោកស្រីឯកអគ្គរដ្ឋទូតសហភាពអឺរុប បានសន្យាបន្តជម្រុញធុរកិច្ចអឺរ៉ុប ចូលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានច្រើន បន្តសហការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យផ្សេងៗទៀត”។

អ្នកនាំក្យក្រសួងការបរទេសរូបនេះបានបញ្ជាក់ថា នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាពីEBA ហើយលោកស្រីត្រៀមសហការជាមួយកម្ពុជា ទាក់ទងនឹងបញ្ហា EBA ព្រោះគណៈកម្មាធិការសហភាពអឺរ៉ុប បានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិភាក្សាលើករណី EBA សេចក្តីសម្រេចណាមួយនឹងចេញលទ្ធផលនៅពេលខាងមុខ៕

ទិវាទិញទំនិញតាមអនឡាញធំបំផុតលើពិភពលោករីករាលដាលដល់តំបន់អាស៊ីអាគ្នេយ៍

ដោយ ៖ Donald Lee

ភ្នំពេញ ៖ ទិវាទិញទំនិញតាមអនឡាញធំបំផុតលើពិភពលោក (Singles Day ឬ 11.11) នឹងជាការចាប់ផ្តើមនៃថ្ងៃទិញទំនិញធំបំផុតប្រចាំឆ្នាំ ដែលធ្វើឱ្យមានការលក់យ៉ាងច្រើនសម្បើម នៅលើវេទិកាពាណិជ្ជកម្មតាមអនឡាញ ដែលមានមូលដ្ឋាននៅចិន Alibaba និងក្រុមហ៊ុន Lazada នៅអាស៊ីអាគ្នេយ៍។

ផលិតផលចិន និងអន្តរជាតិចំនួន ២០០,០០០ កំពុងគ្រោងនឹងដាក់បញ្ចូលនៅក្នុងទិវាទិញទំនិញតាមអនឡាញធំបំផុតលើពិភពលោក។ នេះបើយោងតាម Alibaba ។

ក្រុមហ៊ុនជាច្រើន គ្រោងនឹងលក់អ្វីគ្រប់យ៉ាងចាប់ពីខោលីអូ រហូតដល់រថយន្តនៅលើវេទិកាផ្សាយផ្ទាល់ពេញមួយថ្ងៃ ក្នុងអំឡុងពេលនៃពិធីបុណ្យនេះ។

ក្រុមហ៊ុន Alibaba Group Holding Ltd. ប្រមូលចំណូលបានចំនួន ៣០,៧ ពាន់លានដុល្លារ ក្នុងឱកាសទិវាទិញទំនិញតាមអនឡាញធំបំផុតលើពិភពលោកលើកចុងក្រោយ។

ក្រុមហ៊ុន Aliexpress ដែលជាផ្នែកមួយក្រុមហ៊ុនមេ Alibaba ដែលប្រតិបត្តិការទូទាំងពិភពលោកបានឱ្យដឹងថា “យើងមានកិច្ចព្រមព្រៀងទិញលករាប់លាន ដោយយើងនឹងផ្តល់ប័ណ្ណចំនួ ៣០០លានដុល្លារដល់អ្នក។ ការបញ្ចុះតម្លៃយ៉ាងទាប គ្មានទីបញ្ចប់ការចែកចាយទូទាំងពិភពលោក រីករាយនឹងការលក់ដាច់បំផុតប្រចាំឆ្នាំរបស់យើង”។

ទិវាទិញទំនិញតាមអនឡាញធំបំផុតលើពិភពលោកលើកចុងក្រោយ ត្រូវបានបង្កើ​តឡើងដោយស្ថាបនិក Alibaba លោក Jack Ma បន្ទាប់ពីថ្ងៃនោះបានក្លាយជាការពេញនិយមក្នុងចំណោមនិស្សិតមហាវិទ្យាល័យ”។

និមិត្តសញ្ញាលេខនៃថ្ងៃ “11.11” ប្រហាក់ប្រហែលនឹងការបញ្ចេញមតិរបស់ចិន សម្រា​ប់តែម្នាក់ឯង ឬឯកោ ៕

ការដោះស្រាយផលប៉ះពាល់គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុសម្រេចបាន៥០ភាគរយ

ដោយ ៖ វុត្ថា

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងថា ការដោះស្រាយផលប៉ះពាល់នានានៅតាមបណ្តោយផ្លូវគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ គិតត្រឹមបំណាច់ខែតុលាកន្លងមកនេះ សម្រេចបានប្រមាណ ៥០ភាគរយហើយ។

លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ បានឱ្យដឹងថា  ជាមួយគ្នានេះ ការសាងសាង់ផ្លូវល្បឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ  បើគិតពេលដូចគ្នាទើបតែសម្រេចបានប្រមា​ណ ៦ភាគរយប៉ុណ្ណោះ ដោយសារបញ្ហាអាកាសធាតុ និងការដោះស្រាយបញ្ហាប៉ះពាល់នានានៅតាមបណ្តោយផ្លូវនេះ ។

លោកបន្តថា“បញ្ហាអាកាសធាតុ ជាបញ្ហាពិភពលោក ក៏ជាបញ្ហាក្នុងការស្ថាបនាផ្លូវនេះផងដែរ  ឧទាហរណ៍បើមានភ្លៀងខ្លាំង ខ្យល់ខ្លាំង យើងមិនអាចធ្វើកើតនោះទេ”។ លោកបន្តថា “ឥឡូវនេះទើបរួចផុតពីរដូវវស្សា ទោះបីផុតរដូវវស្សាមែន  តែកន្លែងខ្លះក៏នូវមានបញ្ហាច្រើនផងដែរដែលរួមមានអូរ ប្រឡាយ ស្ទឹង គំនាប និងព្រៃឈើជាដើម ដែលយើងត្រូវមានកិច្ចសហការ ជាមួយក្រសួងជំនាញ ដើម្បីបញ្ជៀសនូវផលប៉ះពាល់ផ្សេងៗនេះ”។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុនេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩កន្លងមកនេះ ក្រោមអធិបតីភាព  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសម្តេចបានមានប្រសាសន៍ថា គម្រោងនេះ គឺជាប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជា ក្នុងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេ​ញ-ព្រះសីហនុ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុនេះ ឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាលប្រវែង៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ ដែលចំណាយថវិកាសរុបប្រមាណ២,០០០លានដុល្លារអាម៉េរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។

គម្រោងនេះ ត្រូវបានផ្តល់ការប្រឹក្សាបច្ចេកទេសសាង សង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Minconsult SDN BHD ប្រើរយៈពេលសាងសង់ចំនួន៤៨ខែ ដោយគិតចាប់ពីខែមីនា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២៣៕

ការពិសោធន៍ការធ្វើការងាររយៈពេលបួនថ្ងៃក្នុងមួយសប្តាហ៍ក្រុមហ៊ុន Microsoft ទទួលបានជោគជ័យ

ដោយ Donald Lee
ភ្នំពេញ៖ ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនដែលផ្នែកមួយនៃក្រុមហ៊ុនយក្ស Microsoft បានដាក់ចេញនូវការធ្វើពិសោធន៏ការធ្វើការងាររយៈពេល ៤ ថ្ងៃក្នុងមួយសប្តាហ៍ប្រកបដោយមហិច្ឆិតាដែលបង្ហាញពីការជម្រុញផលិតភាពការងារកម្មករបាន ៤០ ភាគរយ។

ក្រុមហ៊ុន Microsoft បានចេញផ្សាយរបាយការណ៍នេះ នៅថ្ងៃ សុក្រ ថា ដោយរួមានបុគ្គលិកការិយាល័យជប៉ុនចំនួន ២ ៣០០ នាក់នៅក្នុងខែសីហា។
ការពិសោធន៍នេះបានផ្តល់ឱ្យបុគ្គលិកថ្ងៃ សុក្រ ជាថ្ងៃឈប់សម្រាកដែលមានប្រាក់ឈ្នួល ហើយហាមឃាត់ការប្រជុំដែលមានរយៈពេលជាង 30 នាទី និងកំណត់ចំនួនអ្នកចូលរួមត្រឹម ៥ នាក់។
លទ្ធផលបានបង្ហាញថាជាង ៩០ ភាគរយនៃនិយោជិកចូលចិត្តគំនិតនៃការធ្វើការងារ ៤ ថ្ងៃក្នុងមួយសប្តាហ៍ ហើយឃើញថា មានការកើនឡើង ៤០ ភាគរយនៃផលិតភាពការងារ និងមានការធ្លាក់ចុះបរិមាណក្រដាសដែលត្រូវបានប្រើសម្រាប់ការបោះពុម្ព និងចម្លង។
របាយការណ៍របស់ Microsoft បានបញ្ជាក់ថា “ការអនុវត្តការអនុវត្តនៅបទបញ្ជាផ្ទៃក្នុងនេះមានគោលបំណងលើកកម្ពស់ ជម្រើសជីវិតការងារ យើងនឹងធ្វើជំរុញឱ្យនិយោជិកទាំងអស់អោយធ្វើការក្នុងរយៈពេលខ្លីសម្រាក និងរៀនឱ្យបានល្អដើម្បីបង្កើនផលិតភា ពនិងការច្នៃប្រឌិតបន្ថែមទៀត”៕

រដ្ឋាភិបាល សហការជាមួយសមាជិក ERIA ពិភាក្សាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា ដែលមានអន្តរក្រសួងចូលរួមបានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)រៀបចំកម្មវិធីស្វែងយល់ និងសិក្សា ដើម្បីពង្រឹងចំណេះដឹង បទពិសោធន៍ យុទ្ធសាស្ត្រ យុទ្ធវិធី និងគំនិតថី្មៗ និងលើកកម្ពស់សមត្ថភាពមន្ត្រីរាជការវិស័យសេវាហិរញ្ញវត្ថុ និងវិស័យសេវាទូរគមនាគមន៍ និងក្រសួងនានាជាច្រើនទៀត។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធនាគារជាតិនៃកម្ពុជា និងក្រុមប្រឹក្សាភិបាលផ្សារមូលបត្រកម្ពុជា ក្រសួងពាណិជ្ជកម្ម បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) រៀបចំសិក្ខាសាលាពិភាក្សាជាក្រុម ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (វិធីសាស្ត្របញ្ជីអវិជ្ជមាន) “Focus Group Discussion for ATISA (Negative List Approach)” ។

អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម លោក ពេជ ឬទ្ធី បានមានប្រសាសន៍កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ថា “ដោយទទួលបានអណត្តិពីរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) និងផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៥ ដែលបានអនុម័តដោយប្រមុខដឹកនាំអាស៊ានទាំងអស់ កាលពីកិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ នៅប្រទេសម៉ាឡេស៊ី ដែលបានបង្ហាញពីគោលបំណងរបស់អាស៊ាន ក្នុងការពង្រីក និងធ្វើឲ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មសេវាកម្ម”។ លោកបានបន្តទៀតថា “ដើម្បីជំរុញសមាហរណកម្មអាស៊ានទៅកាន់ខ្សែសង្វាក់ផ្គត់ផ្គង់សេវាកម្មសកលោក និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់ប្រទេសសមាជិកអាស៊ានលើវិស័យសេវាកម្មផងដែរ។ ជាមួយគ្នានេះដែរ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (ATISA) ដែលត្រូវបានបញ្ចប់ការចរចាដោយជោគជ័យ និងបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសឹង្ហបុរី។

លោកស្រីបណ្ឌិត Intan M. Ramli អ្នកស្រាវជ្រាវគោលនយោបាយរបស់វិទ្យាស្ថាន ERIA បានលើកឡើងថា ប្រទេសសមាជិកអាស៊ានទាំងអស់ ត្រូវបានណែនាំឲ្យធ្វើការផ្ទេរតារាងសន្យាតាមវិស័យពីកញ្ចប់សន្យាចុងក្រោយរបស់ខ្លួន ជាបញ្ជីវិជ្ជមាន (Positive List) ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីសេវាកម្ម (AFAS) ទៅជាបញ្ជីអវិជ្ជមាន (Negative List) ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (ATISA)។ ក្នុងនោះផងដែរ ប្រទេសសមាជិកអាស៊ានមួយចំនួន ក៏មានផលវិបាក ក្នុងការផ្ទេរតារាងសន្យាទៅជាបញ្ជីបដិលោម (Non-conforming measures) ជាពិសេសប្រទេសដែលមានការអភិវឌ្ឍតិចតួច ដូចជាកម្ពុជា ដែលមិនធ្លាប់មានបទពិសោធន៍ពីមុនមក និងបញ្ហាធនធានមនុស្សនៅមានកម្រិតផងដែរ៕

 

ចំណតយន្តហោះថ្មីនៃអកាសយានដ្ឋានអន្តរជាតិភ្នំពេញ តម្លៃ ៨លានដុល្លារ សម្ពោធដាក់ឱ្យដំណើរការ

ដោយ ៖ វុត្ថា
ភ្នំពេញ ៖ ចំណតយន្តហោះថ្មី “B” នៃអកាសយានដ្ឋានអន្តរជាតិភ្នំពេញ តម្លៃ ៨ លានដុល្លារសហរដ្ឋអាមេរិកត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃនេះ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃចំនួនភ្ញៀវទេសចរ ក៏ដូចជាកំណើនយន្តហោះនានា មកចុះចតនៅរាជធានីភ្នំពេញ។

លោក Alain BRUN នាយកប្រតិបត្តិនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឱ្យដឹងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ បានឱ្យដឹងថា ចំណតយន្តហោះថ្មីនេះ មានសមត្ថភាពផ្ទុក យន្តហោះចំនួន១២គ្រឿង ហើយការសម្រេចសាងសង់ ចំណតយន្តហោះថ្មី បន្ថែមនេះ គឺដើម្បីឆ្លើយតបទៅនឹងចំនួនអ្នកដំណើរ និងចំនួនយន្តហោះកើនឡើងផងដែរ។

លោកបន្តថា ចំណតយន្តហោះថ្មី B មានទំហំបណ្តោយប្រវែង៥៤០ម៉ែត្រ និងទទឹងប្រវែង៨៦ម៉ែត្រ។ លោកថា ក្រោយបញ្ចប់កម្មវិធី អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ព្រលានយន្តហោះ ត្រូវបានបញ្ចប់នោះ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នឹងមានចំណតយន្តហោះ សរុបមានចំនួន៤២ ដែលអាចនឹងបម្រើនូវសេចក្តីត្រូវការនៃការហោះហើរ ដែលកំពុងតែមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនេះ ផងដែរ។
លោកសង្ឃឹមថា នៅក្នុងឆ្នាំ២០១៩នេះ ភ្ញៀវទេសចរអាចនឹងកើនឡើងដល់៦លាននាក់ ឆ្លងកាត់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងដែរថា ការសាងសង់ចំណតយន្តហោះថ្មី “B” នេះគឺមានគោលដំណងចំនួន២ រួមមានទី១ ដើម្បីជាចំណតដល់យន្តហោះសម្រាប់ទិសដៅពាណិជ្ជកម្ម និងទី២ គឺដើម្បីត្រៀមទទួលយន្តហោះរបស់គណៈប្រតិភូបរទេស ដែលអាចនឹងអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅឆ្នាំក្រោយ ព្រមទាំងព្រឹត្តិការណ៍ធំៗផ្សេងទៀតផងដែរ។
លោកបន្ថែមថា ការសាងសង់ចំណតអាកាសយាន B ថ្មី របស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏ជាឆ្លើយតបទៅនឹងតម្រូវការចំណតអាកាសយាន ស្របតាមការរីកចម្រើនវិស័យអាកាសចរ និងកំណើនអ្នកដំណើរតាមផ្លូវអាកាស នៅព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ ។

ចាប់តាំងពីឆ្នាំ១៩៩៥ ដែលមានរយៈពេល ២៥ឆ្នាំមកនេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានប្តេជ្ញាចិត្ត កសាងហេដ្ឋារចនាសម្ព័ន្ធដ៏ល្អបំផុតសម្រាប់អាកាសយានដ្ឋានអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះ ការវិនិយោគ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយចំណតយន្តហោះថ្មីនេះ អាចផ្តល់ភាពងាយស្រួល ដល់យន្តហោះណា ដែលត្រូវការពេលយូរសម្រាប់ឈប់ នៅក្នុងព្រលាននេះផងដែរ៕