វិភាគ ៖ គ្មានឥណ្ឌា តើមានអ្វីកើតឡើងចំពោះភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ?

ដោយ ៖ ប៊ី
ភ្នំពេញ៖ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានសមាជិកចំនួន ១៦ ប្រទេសនឹងធ្វើឲ្យបណ្តាប្រទេសទាំងនេះក្លាយជាប្លុកពាណិជ្ជកម្មមួយដ៏ធំបំផុតលើពិភពលោក ប៉ុន្តែកាលពីពេលថ្មីនេះ៖ ឥណ្ឌាបានដកខ្លួនចេញពីការចូលរួមក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់នេះ។

ឥណ្ឌាបានលើកឡើងថា ខ្លួនមានបញ្ហាជាច្រើនគួរឱ្យកត់សម្គាល់ដែលនៅតែមិនទាន់ដោះស្រាយ។ ប្រទេសដែលចូលរួមក្នុង RCEP ទាំងអស់នឹងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហានេះតាមរបៀបដែលអាចទៅរួច។ ការសម្រេចចិត្តចុងក្រោយរបស់ឥណ្ឌានឹងពឹងផ្អែកទៅលើដំណោះស្រាយដែលពេញចិត្តនៃបញ្ហាទាំងនេះ។
លោក Yoshihide Suga លេខាធិការខុទ្ទកាល័យគណៈរដ្ឋមន្ត្រី បានថ្លែងនៅទីក្រុងតូក្យូកាលពីថ្ងៃ អង្គារ ថា ជប៉ុននឹងអំពាវនាវដល់ឥណ្ឌាពិចារណាឡើងវិញនូវផែនការរបស់ខ្លួនដែលមិនចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់បណ្តាប្រទេសអាស៊ី និងអូសេអានីនេះ។ នេះបើយោងតាមសារព័ត៌មាន Japanese Times
លោក Suga បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ជប៉ុនសង្ឃឹមថានឹងបន្តដើរតួនាទីឈានមុខឆ្ពោះទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP របស់ប្រទេសចំនួន ១៦ រួមមានប្រទេសឥណ្ឌា”។

ឥណ្ឌាបានប្រកាសកាលពីថ្ងៃច័ន្ទថាខ្លួនបានដកខ្លួនចេញពី RCEP ដែលគាំទ្រដោយចិន ដោយលើកឡើងពីផលប៉ះពាល់សក្តានុពលនៃកិច្ចព្រមព្រៀងលើជីវភាពរស់នៅរបស់ពលរដ្ឋខ្លួនដែលងាយរងគ្រោះបំផុត។ ចិនបានឱ្យដឹងថា ប្រទេសចំនួន ១៥ ដែលនៅសេសសល់សម្រេចចិត្តឈានទៅមុខជាមុន ហើយឥណ្ឌាត្រូវបានស្វាគមន៍ឱ្យចូលរួមជាមួយ RCEP នៅពេលណាដែលត្រៀមខ្លួនរួច។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជប៉ុន Hiroshi Kajiyama បាននិយាយកាលពីពេលថ្មីៗនេះថា ទីក្រុងតូក្យូនឹងធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយដែលរួមមានប្រទេសឥណ្ឌា។ នេះនឹងធ្វើឱ្យលទ្ធិប្រជាធិបតេយ្យធំបំផុតរបស់ពិភពលោកស្ថិតនៅក្នុងក្របខ័ណ្ឌ RCEP និងស្របតាមគោលនយោបាយរបស់នាយករដ្ឋមន្ត្រី ស៊ីន ហ្សូអាបេ ក្នុងការជំរុញទំនាក់ទំនងជាមួយឥណ្ឌាដើម្បីធ្វើឱ្យមានតុល្យភាពអំណាចដែលកំពុងកើនឡើងរបស់ទីក្រុងប៉េកាំង។

លោក Kajiyama ដែលមិនមានវត្តមានក្នុងកិច្ចចរចាចុងក្រោយនៅទីក្រុងបាងកកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូថា “ប្រទេសរបស់យើងចង់ដើរតួនាទីឈានមុខឆ្ពោះទៅរកកិច្ចព្រមព្រៀងដំបូងរវាងប្រទេសទាំង ១៦ រួមទាំងឥណ្ឌាដែលមានគោលបំណងចុះហត្ថលេខានៅឆ្នាំ ២០២០“។
ចិនបានព្យាយាមពន្លឿនកិច្ចព្រមព្រៀង RCEP នៅពេលដែលខ្លួនប្រឈមនឹងកំណើនសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះពីសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក។ កិច្ចព្រមព្រៀងមួយនឹងធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់អាស៊ីបន្ថែមទៀតជាមួយចិន ខណៈរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump ជំរុញឱ្យប្រទេសនានាក្នុងតំបន់បញ្ឈប់ប្រាក់កម្ចីហេដ្ឋារចនាសម្ព័ន្ធរបស់ចិន និងបច្ចេកវិទ្យាទូរគមនាគមន៍ 5G។
កាលពីថ្ងៃ ច័ន្ទ នៅទីក្រុងបាងកកមេដឹកនាំនៃប្រទេសទាំង ១៦ ដែលកំពុងចរចា RCEP បានបោះបង់ចោលការបញ្ចប់ការចរចារនៅដំណាច់ឆ្នាំនេះ ដោយសារមានការបដិសេធពីឥណ្ឌា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយនៅថ្ងៃដដែលបន្ទាប់ពីកិច្ចប្រជុំកំពូលប្រទេសថៃមេដឹកនាំ RCEP បានសន្យាថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីធំបំផុតរបស់ពិភពលោកនៅឆ្នាំ ២០២០។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រូវបានរំពឹងថានឹងធ្វើតាំងពីឆ្នាំ ២០១៥ មកម្លេះ។

សេចក្តីថ្លែងការណ៍បានឱ្យដឹងថា ៛យើងបានកត់សម្គាល់ឃើញថា ប្រទេសចំនួន ១៥ ដែលចូលរួមក្នុង RCEP បានបញ្ចប់ការចរចាផ្អែកលើ ២០ ជំពូក និងបញ្ហាចូលទីផ្សាររបស់ពួកគេ ហើយបានប្រគល់សិទ្ធិឱ្យពួកគេពនិត្យច្បាប់ដើម្បីចាប់ផ្តើមចុះហត្ថលេខានៅឆ្នាំ ២០២០”។
សេចក្តីថ្លែងការណ៍នេះ បានបន្ថែមថា ឥណ្ឌាមានបញ្ហាគួរឱ្យកត់សម្គាល់ដែលនៅតែមិនទាន់ដោះស្រាយ ដោយលើកឡើងថាខ្លួន និងសមាជិក RCEP ផ្សេងទៀតមិនបានឈានដល់កិច្ចព្រមព្រៀងក្នុងវិស័យសំខាន់ៗដូចជាពន្ធគយជាដើម។
ឥណ្ឌាមានការព្រួយបារម្ភថាកិច្ចព្រមព្រៀងនេះនឹងបណ្តាលឱ្យមានការហូរចូលនៃផលិតផលកសិកម្ម និងឧស្សាហកម្មដែលមានតំលៃថោករួមទាំងស្មាតហ្វូនមកពីចិនដែលបង្កើនឱនភាពពាណិជ្ជកម្មរបស់ខ្លួនបន្ថែមទៀត។

នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ជឿជាក់ថា ការចូលរួមក្នុងប្លុកពាណិជ្ជកម្មនេះមិនសមស្របនឹងផលប្រយោជន៍របស់ប្រទេសលោកទេ។ ការព្រួយបារម្ភចម្បងផ្តោតជុំវិញទំនិញចិនដែលមានតំលៃថោកកំពុងជន់លិចទីផ្សារឥណ្ឌា។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NDTV លោក Modi បាននិយាយថា “នៅពេលដែលខ្ញុំវាស់ស្ទង់ពីកិច្ចព្រមព្រៀង RCEP ដោយគោរពផលប្រយោជន៍របស់ប្រជាជនឥណ្ឌាទាំងអស់ ខ្ញុំមិនទទួលបានចម្លើយវិជ្ជមានទេ”។
ប្រសិនបើតំបន់ពាណិជ្ជកម្មសេរីដែលនឹងគ្របដណ្តប់ចំនួនពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកត្រូវបានអនុវត្ត សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគក្នុងចំណោមប្រទេស RCEP នឹងធ្វើឱ្យកាន់តែខ្លាំងក្លាថែមទៀតនៅលើវិធានការណ៍ដូចជាការលុបបំបាត់ និងការកាត់បន្ថយពន្ធ។
សេដ្ឋកិច្ចនៃបណា្តប្រទេសក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) មានទំហំប្រមាន ៣០ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំនួនប្រជាជនមស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនសកលលោក។ ប្លុកនេះមាន ៣១,៦ ភាគរយ នៃផលិតកម្មសរុបលើពិភពលោក មាន២៨,៥ ភាគរយនៃពាណិជ្ជកម្មពិភពលោក និងមាន ១ ភាគ ៥ នៃលំហូរវិនិយោគផ្ទាល់ពីបរទេសសកលនៅឆ្នាំ ២០១៦។
ការពិភាក្សាស្តីពីការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលពាក់ព័ន្ធនឹងចិន អាស៊ាន អូស្រ្តាលី ឥណ្ឌា ជប៉ុន ញ៉ូវហ្សេឡែន និងកូរ៉េខាងត្បូង បាននិងកំពុងបន្តចាប់តាំងពីឆ្នាំ ២០១២ ហើយខណៈពេលការដំណើរចរចាមានភាពយឺតយ៉ាវដោយបានប្រជុំជាង ២៦ ជុំនៃការចរចា ប្រមុខនៃរដ្ឋជាសមាជិកបានសន្យាកាលពីខែវិច្ឆិកាដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះនៅឆ្នាំនេះ។

ប្រសិនបើបានបញ្ចប់ការពន្លឿនចរចាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់នឹងក្លាយជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក។
លោក Tong Jiadong សាស្រ្តាចារ្យពាណិជ្ជកម្មអន្តរជាតិនៅសាកលវិទ្យាល័យ Nankai University នៅភាគខាងជើងប្រទេសចិន បាននិយាយថា ក្រុងប៉េកាំងចង់បង្កើនសមាហរណកម្មក្នុងតំបន់តាមរយៈភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងមធ្យោបាយផ្សេងទៀតជា ពិសេសដើម្បីផ្លើយតបនឹងភាពតានតឹងរវាងអាមេរិក និងចិន។ លោក បានមានប្រសាសន៍ថា “វិធានការទាំងនេះបានជួយកាត់បន្ថយផលប៉ះពាល់ នៃសង្គ្រាមពាណិជ្ជកម្ម”។
យោងតាមតួលេខដែលបានចេញផ្សាយដោយទីក្រុងប៉េកាំងកាលពីដើមខែនេះ ទំហំពាណិជ្ជកម្មរវាងចិន និងបណ្តាប្រទេសអាស៊ានមានតម្លៃ ២៩១,៨ ពាន់លានដុល្លារក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០១៩ ពោលគឺបានកើនឡើង 4 ភាគរយ។ ប្លុកអាស៊ានដែលមានសមាជិក ១០ ប្រទេសគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី ២ របស់ចិននៅក្នុងរយៈពេលនេះ បន្ទាប់ពីសហភាពអឺរ៉ុប។ ទិន្នន័យនេះត្រូវបានចេញផ្សាយ ស្របពេលរដ្ឋាភិបាលក្រុងប៉េកាំងរៀបចំធ្វើកិច្ចចរចាជុំចុងក្រោយបំផុតនៃកិច្ចចរចាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅក្នុងទីក្រុង Zhengzhou ដែលជារដ្ឋធានីនៃខេត្ត Henan ប្រទេសចិន៕

ការវិនិយោគរបស់ជប៉ុន នៅកម្ពុជា កើនដល់ទឹកប្រាក់ប្រមាណ ២៥០០លានដុល្លារសហរដ្ឋអាមេរិក

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅក្នុងលំហូរសាច់ប្រាក់វិនិយោគដែលមកពីបណ្តាប្រទេសនានានៅលើសាកលលោកមកកាន់កម្ពុជា សម្រាប់តែប្រទេសជប៉ុន ត្រឹមរយៈពេល៩ខែ ឆ្នាំ២០១៩កន្លងទៅនេះ មានទំហំទឹកប្រាក់ប្រមាណ ២៥០០លានដុល្លារសហរដ្ឋអាមេរិក ទៅលើចំនួន ១៤១ គម្រោង ។


ប្រទេសជប៉ុន បានក្លាយជាចំណែកមួយយ៉ាងសំខាន់នៅក្នុងការជួយជំរុញកិច្ចអភិវឌ្ឍនៅកម្ពុជា តាមរយៈការផ្តល់ជំនួយលើគ្រប់វិស័យ ការចាក់បញ្ចូលនូវទុនវិនិយោគយ៉ាងសន្ធឹកសន្ធាប់បន្ទាប់ពីប្រទេសចិន។ ជាក់ស្ដែងនៅត្រឹមរយៈពេល៩ខែ ឆ្នាំ២០១៩កន្លងទៅនេះ ទំហំវិនិយោគរបស់ជប៉ុននៅកម្ពុជា មានចំនួនរហូតដល់ប្រមាណ២៥០០លានដុល្លារសហរដ្ឋអាមេរិក ទៅលើគម្រោងចំនួន១៤១ ដែលក្នុងនោះមានចំនួន ៦៦គម្រោង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានទំហំទឹកប្រាក់ប្រមាណ ៣៤០លានដុល្លារសហរដ្ឋអាមេរិក។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានបង្ហាញពីក្ដីសាទរ និងមោទនចំពោះសមិទ្ធផលដែលទទួលបានពីភាគីជប៉ុន។ លោកឧកញ៉ាបានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា “ជប៉ុន គាត់មានចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយណាស់”។ លោកឧកញ៉ាបានបន្តទៀតថា “ក្រោមការសម្លឹងឃើញពីសក្ដានុពលក្នុងការវិនិយោគ ជប៉ុនបានបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតំបន់ជាយក្រុងភ្នំពេញ (នៅកំបូល) ហើយអាចនឹងឈានទៅតំបន់ផ្សេងទៀតដូចជាក្រុងព្រះសីហនុ ខណៈដែលនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តកោះកុង បានចូលរួមចំណែករួចទៅហើយ”។

លោកឧកញ៉ាបានបន្តទៀតថា “ភាគច្រើនការវិនិយោគរបស់ជប៉ុននៅកម្ពុជាដែលមានភាពឈានមុខ រួមមានដូចជាការបង្កើតរោងចក្រផលិតគ្រឿងបង្គុំយានយន្ត រោងចក្រផលិតគ្រឿងអគ្គិសនី រោងចក្រគ្រឿងអេឡិចត្រូនិច និងរោងចក្រផលិតគ្រឿងបរិក្ខាផ្សេងៗទៀត”។ លោកឧកញ៉ាបានបញ្ជាក់ថា “វត្តមាននៃការវិនិយោគនៅកម្ពុជារបស់ជប៉ុន គឺពិតជារឿងសំខាន់ ដែលក្រៅពីចាក់បញ្ចូលចំណូលដល់សេដ្ឋកិច្ចជាតិ ថែមទាំងជួយធ្វើពិពិធកម្មលើផ្នែកធនធានមនុស្សផងដែរដោយសារតែស្ទើរគ្រប់ក្រុមហ៊ុនវិនិយោគរបស់ជប៉ុន តែងជួយបណ្តុះបណ្តាញចំណេះដឹង និងជំនាញដល់បុគ្គលិកជាជនជាតិខ្មែរមុនពេលឱ្យចូលបម្រើការងារ”។

នៅក្នុងកិច្ចគាំទ្រ និងជំរុញលើកទឹកចិត្តដល់ការវិនិយោគរបស់ជប៉ុន រដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានពិភាក្សាទីលើ៥ចំណុចពាក់ព័ន្ធទៅនឹងបរិយាកាសវិនិយោគរបស់ជប៉ុននៅកម្ពុជា ដែលក្នុងនោះរួមមានដូចជា តម្លៃនៃការផ្គត់ផ្គង់អគ្គិសនី, ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ, ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បរមា, សេវាឡូជីស្ទីក និងការបញ្ចេញទំនិញពីគយ, អាករពិសេសលើទំនិញ និងសេវាមួយចំនួនទៀត ៕

អូស្ត្រាលីផ្តល់ហិរញ្ញប្បទានប្រមាណ ៥៦ លានដុល្លារក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា

ដោយ ៖ វុត្ថា
ភ្នំពេញ៖ ក្នុងរយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ហិរញ្ញប្រមាណ ៥៦លានដុល្លារក្នុងមួយឆ្នាំដល់កម្ពុជា ដែលបានចូលរួមចំណែកធំធេងក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា។

យោងតាមកិច្ចប្រជុំរវាងមន្ត្រីជាន់កម្ពុជា និងអូស្ត្រាលី កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ម្សិលមិញនេះ ក៏បានផ្តោតសំខាន់លើ ការផ្លាស់ប្តូរយោបល់ និងស្វែងយល់លើកាលានុវត្តភាពថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និង ការពិភាក្សាអំពីផែនការហិរញ្ញប្បទានសម្រាប់វិនិយោគនៅម្ពុជា (Aid Investment Plan) ឆ្នាំ ២០២០-២០២៤ ដែលនឹងអនុម័តនាពេលខាងមុខផងដែរ។
លោកស្រី Julie Heckscher មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី បានឱ្យដឹងថាកម្ពុជាគឺជាដៃគូ និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា។


ទន្ទឹមនឹងនេះ លោកស្រី បានបញ្ជាក់អំពីការបន្តគាំទ្រដល់ការអភិវឌ្ឍកម្ពុជា តាមរយៈផែនការហិរញ្ញប្បទានសម្រាប់វិនិយោគនៅកម្ពុជា ឆ្នាំ ២០២០-២០២៤ មានគោលដៅដូចជា ១) ជំរុញសេវាសាធារណៈប្រកបដោយនិរន្តភាព និងបរិយាប័ន្ន ២)កំណើនសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំ និងបរិយាប័ន្ន ៣) ដំណើរការរៀបចំគោលនយោបាយសាធារណៈប្រកដោយប្រសិទ្ធិភាព និងតម្លាភាព។

លោក ឈៀង យ៉ាងណារ៉ា អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលអូស្ត្រាលីដែលបានជួយអភិវឌ្ឍកម្ពុជាហើយបន្តគាំទ្រការអភិវឌ្ឍនៅកម្ពុជាលើវិស័យសំខាន់ៗនៅក្នុងប្រទេសកម្ពុជារួមមាន ៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យកសិកម្ម វិស័យអប់រំ និងសុខាភិបាល ព្រមទាំងវិស័យអភិបាលកិច្ច ។
បន្ថែមពីនេះ លោកបញ្ជាក់ថា ផែនការហិរញ្ញប្បទានសម្រាប់វិនិយោគនៅកម្ពុជាឆ្នាំ ២០២០-២០២៤ និងជួយកម្ពុជា ឱ្យសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០៕

គម្រោង​ Wealth​ Mansion​ ចុះ​ MOU​ ជាមួយ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ​ KW​ ANGEL​ Realty​

ដោយ​ រ៉ា​ ណេត​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​លំនៅ​ដ្ឋាន​បែប​សហកម្មសិទ្ធិ​ Wealth​ Mansion​ បាន​ធ្វើការ​ចុះហត្ថលេខា​លើ​កិច្ច​អនុស្សរណៈ​យោគយល់​ជាមួយ​ក្រុមហ៊ុន​ ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ​ KW​ ANGEL​ Realty​ ​លើ​ការ​ផ្តល់​សិទ្ធ​លក់​ខុន​ដូ​នៅក្នុង​គំរោង​ ដែល​នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ២០២១ខាងមុខនេះ​។

ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ក្រុមហ៊ុន​ម្ចាស់​គម្រោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​លំនៅ​ដ្ឋាន​បែប​សហកម្មសិទ្ធិ​ Wealth​ Mansion​ ក្រោម​វត្តមាន​របស់​អ្នកតំណាង​ក្រុមហ៊ុន​ទាំងពីរ​ ព្រមទាំង​ភ្ញៀវ​កិត្តិយស​ជាតិ​ អន្តរជាតិ​ ជាច្រើន​នាក់​ទៀត​ ដែល​ស្ថិតនៅ​ក្នុង​វិស័យ​អចលនទ្រព្យ​។

លោក​ Nicholas​ Li​ នាយក​គ្រប់គ្រង​ផ្នែក​លក់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​លំនៅ​ដ្ឋាន​បែប​សហកម្មសិទ្ ធិ​Wealth​ Mansion​ បាន​មានប្រសាសន៍​ថា​ លោក​ពិតជា​រីករាយ​ក្នុង​ការ​ចាប់ដៃ​គូ​សហការ​ ជាមួយ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ​ KW​ ANGEL​ Realty​ ដោយសារតែ​ក្រុមហ៊ុន​មួយ​នេះ​ មានបទពិសោធន៍​ច្រើន​ឆ្នាំ​ នៅក្នុង​វិស័យ​អចលនទ្រព្យ​ជំនាញ​ផ្នែក​លក់​ ដែល​បាន​បង្កើត​ឡើង​នៅ​សហរដ្ឋអាមេរិក​ ហើយក៏​ជា​ក្រុមហ៊ុន​មានឈ្មោះ​ល្បីល្បាញ​នៅ​លើ​សាកលលោក​ផង​ដែរ​។

លោក​បាន​បន្ត​ទៀត​ថា​ “អាស្រ័យ​ដោយ​ភាពល្អ​ប្រសើរ​ នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​លំនៅ​ដ្ឋាន​បែប​សហកម្មសិទ្ធិ​ Wealth​ Mansion​ គួបផ្សំ​ជាមួយនឹង​បទពិសោធន៍​ និង​ភាព​ជំនាញ​ ក្នុង​ការស្វែងរក​អតិថិជន​ ក្នុង​ការ​លក់​របស់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ​ KW​ ANGEL​ Realty​ ខ្ញុំ​ជឿ​ថា​ ពិតជា​ទទួល​បាន​ជោគជ័យ១០០ភាគរយ​ជាក់ជា​មិនខាន​”។

លោក​ Nhem​ Sothea​ នាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ​ KW​ ANGEL​ Realty​ សាខា​ខណ្ឌឫស្សីកែវ​ ដែល​ទទួល​លក់​គម្រោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​លំនៅ​ដ្ឋាន​បែប​សហកម្មសិទ្ធិ​ Wealth​ Mansion​ ក៏​មាន​បង្ហាញ​ពី​ភាព​ជឿជាក់​ថា​ អាច​ទទួល​បាន​ភាព​ជោគជ័យ១០០ភាគរយ​យ៉ាង​ពិតប្រាកដ​ផង​ដែរ​។

លោក​បាន​បន្ត​ថា​ “មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​លំនៅ​ដ្ឋាន​បែប​សហកម្មសិទ្ធិ​ Wealth​ Mansion​ មាន​លក្ខណៈ​ពិសេស​ខុសប្លែក​គម្រោង​ដទៃទៀត​ ដែល​ស្ថិតនៅ​ជិត​ដងទន្លេ​សាប​ ដែល​មាន​ភាព​អំណោយទាន​ពី​ធម្មជាតិ​ពិ​តៗ​”។ លោក​បាន​បន្ត​ទៀត​ថា​ “គម្រោង​នេះ​ ក្រៅពី​មាន​ភាព​អំណោយផល​ពី​ដងទន្លេ​ ថែមទាំង​មាន​ទីតាំង​ល្អ​ បែរមុខ​ទៅ​ទិសខាងកើត​ មាន​ហ៊ុង​ស៊ុយ​ល្អ​ ហើយ​ថែមទាំង​ជា​អគារ​ដ៏​ទំនើប​ជាងគេ​ នៅក្នុង​តំបន់​ ដែល​កាន់តែ​ផ្តល់​ភាព​ទាក់ទាញ​ដល់​មនុស្ស​ទូទៅ​ផង​ដែរ​”។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​លំនៅ​ដ្ឋាន​បែប​សហកម្មសិទ្ធិ​ Wealth​ Mansion​ មាន​ទុន​វិនិយោគ​ប្រមាណ១២០លាន​ដុល្លារ​អាមេរិក​ ជាមួយនឹង​អាគារ​កំពស់៤៥ជាន់​ ដែល​រួម​បញ្ចួ​លនូវ​ផ្សារ​ កន្លែង​ហាត់ប្រាណ​ និង​លំនៅ​ដ្ឋាន​បែប​សហកម្មសិទ្ធិ​ចំនួន១១៨៤យូនី​ត ដោយមាន​ចំណត​យានយន្ត​ក្រោម​ដី​ចំនួន២ជាន់​ និង​បន្ត​រហូតដល់​ជាន់ទី៥​ ហើយ​ចាប់ពី​ជាន់ទី៦ដល់​ជាន់ទី៨ជា​ការិយាល័យ​ និង​ចាប់ពី​ជាន់ទី៩ដល់​ជាន់ទី៣៦ជា​ខុន​ដូ​ ហើយ​ចាប់ពី​ជាន់ទី៣៦ឡើង​ទៅជា​សណ្ឋាគារ​ប្រណីត​លំដាប់​ផ្កាយ៥​ ៕

កម្ពុជា​ជា​ទិសដៅ​ធ្វើដំណើរ​ទេសចរណ៍​កំពូល​ទាំង៥នៅ​ឆ្នាំ២០២០​

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ កម្ពុជា​ស្ថិតនៅ​លើកំពូល​តារាង​ នៃ​ទិសដៅ​ធ្វើដំណើរ​ទេសចរណ៍​ទាំង៥​ នៅ​លើ​ពិភព​សម្រាប់​ឆ្នាំ២០២០ ខាងមុខនេះ​។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទស្សនាវដ្ដី​ Luxury​ Travel​ Magazine​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី​កាល​ពី​ថ្មី​ៗនេះ​។

វា​ជា​ពេលវេលា​ចាប់ផ្តើម​ ដើម្បី​សម្លឹង​កន្លែង​សម្រាប់​ ការ​ធ្វើដំណើរ​ទេសចរណ៍​សម្រាប់​ឆ្នាំ២០២០​ ខណៈ​កម្ពុជា​ត្រូវ​បាន​ជ្រើសរើស​ សម្រាប់​ទិសដៅ​ដំណើរ​កម្សាន្ត​កំពូល​មួយ​សម្រាប់​ឆ្នាំក្រោយ​។

ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទេស​ទេសចរណ៍ ​Audley​ Travel​ ដែល​មាន​មូល​ដ្ឋានៅ​អង់​គ្លេស​ជា​អ្នកដឹកនាំ​ ក្នុង​ការ​ផ្តល់​នូវ​ការ​ធ្វើដំណើរ​ទេសចរណ៍​ ទាំងស្រុង​ទៅកាន់​អាស៊ី​ អាហ្រ្វិក​ អាមេរិក​ខាងត្បូង​ និង​ទិសដៅ​ពិភពលោក​នៅ​ជុំវិញ​ពិភពលោក​ ចាប់តាំងពី​ឆ្នាំ​ ១៩៩៦​ បាន​បញ្ជាក់​ពី​បញ្ជី​ទិសដៅ​ធ្វើដំណើរ​កម្សាន្ត​កំ​ពូល​ៗសម្រាប់​ឆ្នាំ​ថ្មីនេះ​។

ការព្យាករណ៍​របស់​ Audley​ Travel​ គឺ​ផ្អែកលើ​តម្រូវការ​របស់​អតិថិជន​ ភាព​ល្បីល្បាញ​ ការ​រីកចម្រើន​នៃ​ប្រទេស​ និង​ការយល់​ដឹងពី​អ្នកឯកទេស​ប្រទេស​របស់​ក្រុមហ៊ុន​។ ពួកគេ​បាន​ចំណាយពេល​ពេញ​មួយ​ជីវិត​ ដើម្បី​ទទួល​បាន​ចំណេះដឹង​អំពី​ផ្លូ​វល្អៗ​ ការណែនាំ​អាហារ​ កន្លែង​ស្នាក់នៅ​និង​អាថ៌កំបាំង​ ក្នុង​ស្រុក​មួយ​ជ្រុង​ជាក់លាក់​នៃ​ពិភពលោក​។

កម្ពុជា​គឺជា​ទិសដៅ​មួយ​ ដែល​ត្រូវ​បាន​បំភ្លេច​ចោល​ នៅ​តំបន់​ឥណ្ឌូចិន​អស់​រយៈពេល​ជា​យូរ​មក​ ប៉ុន្តែ​ការហោះហើរ​ត្រង់​ថ្មី​ ពីទី​ក្រុង​បាងកក​ទៅ​ព្រះសីហនុ​ កំពុង​ចាប់ផ្តើម​នៅ​ខែមករា​កន្លងមក​នេះ​ បាន​ជំរុញ​អ្នកទេសចរ​ត្រូវតែ​ទស្សនា​សម្រាប់​ឆ្នាំ២០២០​។

ការណែនាំ​របស់​ប្រតិបត្តិ​ករ​ទេសចរណ៍​ Audley​ ឱ្យ​ដឹង​ថា​ ប្រាសាទ​ដ៏​អស្ចារ្យ​របស់​កម្ពុជា​ គឺជា​កន្លែង​ទាក់ទាញ​ដ៏​ល្បីល្បាញ​បំផុត​របស់​ប្រទេស​ ប៉ុន្តែ​ក្រៅពី​ប្រសាទ​អង្គរ​និង​ បាយ័ន​ អ្នកទេសចរ​នឹង​ទទួល​បាន​រង្វាន់​ ជាមួយនឹង​បទពិសោធន៍​កាន់តែ​ប្រសើរ​។

ចំណេះដឹង​អំពី​អ្នកឯកទេស​របស់​ Audley​ មានន័យថា​ ពួកគេ​អាច​រៀបចំ​ឱ្យ​អ្នកធ្វើ​ដំណើរ​ទៅ​ទស្សនា​ កន្លែង​ដែល​មិនសូវ​បាន​ទៅ​ទស្សនា​ ដូចជា​ នៅ​ភាគ​ឦសាន​ដាច់ស្រយាល​ និង​ឆ្នេរ​ខាងត្បូង​ស្រស់​ស្អាត​ ដើម្បី​គេច​ចេញពី​ឆ្នេរខ្សាច់​ ដែ​លពោ​ពេញដោយ​មនុស្ស​។ អ្វី​ដែល​ពិសេស​បំផុត​នោះ​ គឺ​ជើងហោះហើរ​ថ្មី​ នឹង​ធ្វើ​ឱ្យ​ការ​ធ្វើដំណើរ​កាន់តែ​ងាយស្រួល​ ព្រោះថា​អ្នកធ្វើ​ដំណើរ​លែង​ត្រូវ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ ត្រឡប់ទៅ​ភ្នំពេញ​វិញ​សម្រាប់​ការហោះហើរ​របស់​ពួកគេ​។

កម្ពុជា​ស្ថិត​ក្នុងចំណោម​ទិសដៅ​កំពូល​ទាំង៥ក្នុង​នោះ​ រួមមាន​ អេហ្ស៊ីប​ អូទ្រីស​ អៀរឡង់​ និង​មីយ៉ាន់ម៉ា​៕

សេដ្ឋកិច្ច​ហ្វីលីពីន​ងើបឡើង​វិញ​បន្ទាប់ពី​ស្ថិត​ក្នុង​សភាព​ទ្រឹង​

ដោយ​ Donald​ Lee​

ហ្វីលីពីនៈ​ ​សេដ្ឋកិច្ច​ហ្វីលីពីន​បាន​ចាប់ផ្តើម​ងើបឡើង​វិញ​ និង​កំ​ពុង​ឈេ​ជា​ប្រទេស​មួយ​ ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​បំផុត​នៅ​អាស៊ី​។

ទិន្នន័យ​ដែល​ចេញ​ដោយ​អាជ្ញាធរ​ស្ថិតិ​ហ្វីលីពីន​ (PSA​) បានឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​បាន​កើនឡើង ៦.២ភាគរយ​ នៅក្នុង​ត្រីមាស​ទី៣ឆ្នាំនេះ​ ហើយ​ទំនងជា​នឹង​ឈាន​ដល់​កំណើន​ចន្លោះ​ពី៦​ ទៅ៧ភាគរយ​សម្រាប់​ឆ្នាំនេះ​។

នេះ​មានន័យថា​ សេដ្ឋកិច្ច​ហ្វីលីពីន​ នឹង​ត្រូវ​កើនឡើង​យ៉ាងហោចណាស់៦​,៧ភាគរយ​នៅ​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំនេះ​ ដើម្បី​ឆ្លើយតប​នឹង​គោលដៅ៦​,៧ និង៧ភាគរយ​សម្រាប់​ឆ្នាំ២០១៩​ ជា​បញ្ហា​ប្រឈម​ ដែល​ប្រទេស​នេះ​កំពុង​យកចិត្ត​ទុកដាក់​។

​រដ្ឋលេខាធិការ​ផែនការ​សេដ្ឋកិច្ច​ សង្គម​ លោក​ Ernesto​ Pernia​ បាន​មានប្រសាសន៍​ថា​ សេដ្ឋកិច្ច​ហ្វីលីពីន​ មើលទៅ​កំពុង​ឆ្ពោះទៅ​រក​ការ​ធ្លាក់ចុះ​ ចាប់តាំងពី​ដើមឆ្នាំ​មក​ ប៉ុន្តែ​ស្ថានភាព​បាន​ចាប់ផ្តើម​ប្រសើរ​ជាង​មុន​នៅ​ត្រីមាស​ចុងក្រោយ​នេះ​។

យោង​តាម​ទិន្នន័យ​ ដែល​បាន​ចេញផ្សាយ​ដោយ​ធនាគារ​កណ្តាល​ហ្វីលីពីន​បានឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​នៅ​ទ្រឹង​អត្រាកំណើន​នៅ​ត្រីមាស​ទី២​ ទាប​បំផុត​ចាប់តាំងពី​ឆ្នាំ២០១៥​ ។ អត្រាកំណើន​នៅក្នុង​ត្រីមាស​ទី២​ មាន​ចំនួន៥​,៥ភាគរយ​ ដែល​ជា​ការ​ធ្លាក់ចុះ​គួរ​ឱ្យ​កត់សម្គាល់​ពី​ការព្យាករណ៍​ ដែល​ប៉ាន់ស្មាន​ថា​មាន​អត្រា​ជិត៦ភាគរយ​។ ហើយ​ការ​ធ្លាក់ចុះ​គួរ​ឱ្យ​កត់សម្គាល់​ បើ​ប្រៀបធៀប​ទៅ​នឹង​អត្រាកំណើន៦.២ភាគរយ​ រវាង​ខែមេសា​ និង​មិថុនា​ឆ្នាំមុន​។

អាជ្ញាធរ​ហ្វីលីពីន​បានឱ្យ​ដឹង​ថា​ “ក្នុងចំណោម​វិស័យ​សេដ្ឋកិច្ច​សំ​ខាន់​ៗ សេវាកម្ម​បាន​បង្ហាញ​ ពី​កំណើន​លឿន​បំផុត​ជាមួយ ៦​,៩ ភាគរយ​ ឧស្សាហកម្ម​បាន​កើនឡើង៥​,៦ ភាគរយ​ កសិកម្ម​ ការ​ប្រមាញ់​ ព្រៃឈើ​ និង​នេសាទ​បាន​កើនឡើង​ ៣,១ ភាគរយ​”។

អាជ្ញាធរ​ហ្វីលីពីន​បាន​បន្ថែម​ថា​ “ជាមួយនឹង​ចំនួន​ប្រជាជន​ ដែល​បាន​ព្យាករ​នៅក្នុង​ប្រទេស​ឈាន​ដល់១០៨​,៣ លាន​នាក់​នៅក្នុង​ត្រីមាស​ទី៣​ នៃ​ឆ្នាំ២០១៩​ ផលិតផល​ក្នុង​ស្រុក​សរុប​ សម្រាប់​មនុស្សម្នាក់​បាន​កើនឡើង៤.៥ភាគរយ​”។

ធនាគារ​កណ្តាល​ហ្វីលីពីន​ និង​ធនាគារ​កណ្តាល​នៅ​ទូទាំង​ទ្វីបអាស៊ី​ បាន​កាត់បន្ថយ​អត្រា​ការប្រាក់​នៅ​ឆ្នាំនេះ​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ធ្លាក់ចុះ​របស់​ពួកគេ​។

ឥណ្ឌូ​នេ​ស៊ី​ ថៃ​ កូរ៉េ​ខាងត្បូង​ ម៉ាឡេស៊ី​ នូវែ​លសេ​ឡង់​ និង​ឥណ្ឌា​ បាន​កាត់បន្ថយ​អត្រា​ការប្រាក់​រួចហើយ​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់ចុះ​ ដែល​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅលើ​ពាណិជ្ជកម្ម​ជាមួយ​ចិន​។

តាមរយៈ​ការ​ទម្លាក់​អត្រា​ការប្រាក់​ ធនាគារ​កណ្តាល​គ្រោង​នឹង​ជំរុញ​ ធនាគារពាណិជ្ជ​កម្ម​នៅក្នុង​ប្រទេស​របស់​ខ្លួ​នឱ្យ​ផ្តល់​ប្រាក់កម្ចី​ក្នុង​អត្រា​ទាប​ និង​ជំរុញ​ឱ្យ​ខ្ចី​កាន់តែ​ច្រើន​ ដើម្បី​បង្កើន​ចរាចរ​ប្រាក់​នៅក្នុង​សេដ្ឋកិច្ច​៕

ស្វែងយល់​ពី​ទំហំ​នៃ​ការនាំចេញ​ពី​កម្ពុជា​ទៅកាន់​បណ្តា​ប្រទេស​ផ្សេង​ៗ

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ ប្រទេស​កម្ពុជា​ក៏ដូចជា​ប្រទេស​នានា​ តែងតែ​ពឹងផ្អែក​លើ​ការនាំចេញ​ ដើម្បី​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​របស់​ខ្លួន​ឲ្យ​មាន​ភាព​រ៉ឹង​មាំ​ ហើយ​ការនាំចេញ​បាន​តិច​ឬច្រើន​អាស្រ័យ​លើ​ទំនាក់ទំនង​ និង​សមត្ថភាព​ផលិត​។

​ថ្ងៃនេះ​គេហទំព័រ​ Propertyarea.asia​ សូម​លើកយក​របាយ​កា​រណ៍៍​មួយចំនួន​ទាក់ទង​នឹង​ការនាំចេញ​ និង​ប្រភេទ​ផលិតផល​នៃ​ការនាំចេញ​របស់​ប្រទេស​កម្ពុជា​ ដែល​បាន​នាំចេញ​ទៅកាន់​បណ្តា​ប្រទេស​នានា​។

ក្នុងរយៈពេល ៩ខែ​ដើមឆ្នាំ ២០១៩នេះ​ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅកាន់​គោលដៅ​សំ​ខាន់​ៗដូចជា​ សហរដ្ឋអាមេរិក​ (២៩​%) សហភាព​អឺរ៉ុប​ (២៤​%) ជប៉ុន​ (៨%) ចិន​ (៧%) អង់គ្លេស​ (៧%) កាណាដា​ (៦%) ថៃ​ (៤%) វៀតណាម​ (២%) ហើយ​មុខ​ទំ​និ​ញចម្បង​ៗរួមមាន​ សម្លៀកបំពាក់​ ស្បែកជើង​ ទំនិញ​ធ្វើដំណើរ​ កង់​ អង្ករ​ បរិក្ខារ​អគ្គិសនី​ កៅស៊ូ​ និង​ផលិតផល​កសិកម្ម​ផ្សេងទៀត​។

ជាមួយគ្នា​នេះ​ មុខទំនិញ​នាំចូល​សំ​ខាន់​ៗមាន​ ដូចជា​ វត្ថុធាតុដើម​សម្រាប់​វិស័យ​វាយនភណ្ឌ​ យានយន្ត​ ប្រេងឥន្ធនៈ​ បរិក្ខារ​សំណង់​ ម្ហូបអាហារ​និង​ភេសជ្ជៈ​ និង​ជី​កសិកម្ម​ជាដើម​ ដែល​នាំចូល​ពី​ប្រទេស​ចិន​ (៣៩​%) ថៃ​ (១៥​%) វៀតណាម​ (១៣​%) ជប៉ុន​ (៥%) កូរ៉េ​ខាងត្បូង​ (៣%) ឥណ្ឌូណេស៊ី​ (៣%) ហុងកុង​ (៣%) សិង្ហបុរី​ (២%) ម៉ាឡេស៊ី​ (២%) សហរដ្ឋអាមេរិក​ (២%) និង​ដាណឺម៉ាក​ (១%)៕

ចំណេះដឹង​! តើ​គោលនយោបាយ​ដីធ្លី​ត្រូវ​បាន​អនុវត្តយ៉ាង​ដូចម្តេច​?

តើគោលនយោបាយដីធ្លីត្រូវបានអនុវត្តយ៉ាងដូចម្តេច

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ ដោយ​យល់ឃើញ​ពី​ភាព​ចំា​បាច់​ ក្នុង​ការគ្រប់គ្រង​ដីធ្លី​ និង​ធនធាន​ធម្មជាតិ​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ ផលិតភាព​ ​និរន្តរ ភាព​បរិស្ថាន​ និង​ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ រាជរដ្ឋាភិបាល​កម្ពុជា​ បានសម្រេច​ដាក់ចេញ​នូវ​ចក្ខុវិស័យ​ គោលបំណង​ និង​សកម្មភាព​ទាំងឡាយ​ក្នុង​វិស័យ​ដីធ្លី​។

យោង​តាម​ឯកសារ​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បានឱ្យ​ដឹង​ថា​ ចក្ខុវិស័យ​នៃ​គោលនយោបាយ​ដីធ្លី​នៅ​កម្ពុជា​ គឺ​គ្រប់គ្រង​ រៀបចំ​ ប្រើប្រាស់​ និង​បែងចែក​ដី​ ប្រកបដោយ​សមធម៌​ តម្លាភាព​ ប្រសិទ្ធិ​ភាព​ និង​ចីរភាព​ ដើម្បី​រួមចំណែក​ធ្វើ​ឱ្យ​សំរេច​គោលដៅ​ជាតិ​ នៃ​ការកាត់បន្ថយ​ភាព​ក្រីក្រ​ ការធានា​សន្តិសុខ​ស្បៀង​ ការ​ការពារ​បរិស្ថាន​និង​ធនធាន​ធម្មជាតិ​ កិច្ចការពារ​ជាតិ​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ក្នុង​បរិបទ​សេដ្ឋកិច្ច​ទីផ្សារ​។

ក្រុមប្រឹក្សា​គោលនយោបាយ​ដីធ្លី​ មាន​ភារកិច្ច​ជំរុញ​ និង​ត្រួតពិនិត្យ​ការអនុវត្ត​គោលនយោបាយ​ដីធ្លី​ស្របតាម​ទិសដៅ​របស់​ឧត្តម​ ក្រុមប្រឹក្សា​កំណែ​ទម្រ​ងរ​ដ្ឋ​ ព្រមទាំង​សម្របសម្រួល​រវាង​អនុ​វិស័យ​ដីធ្លី​ទាំង​បី​ (រដ្ឋបាល​ដីធ្លី​ ការរៀបចំ​ដែនដី​ និង​ការបែងចែក​ដីធ្លី​) ក្នុង​ការអនុវត្ត​ន៍​ច្បាប់​ភូមិបាល​ និង​ច្បាប់​ដទៃទៀត​ ដែល​ពាក់ព័ន្ធ​នឹង​បរិស្ថាន​ ព្រៃឈើ​ ជលផល​ ធនធានទឹក​ ក្រប​រដ្ឋប្បវេណី​ វិមជ្ឈការ​ និង​វិស​ហម​ជ្ឈ​ការ​។ល។

គោលបំណង​នៃ​រដ្ឋបាល​ដីធ្លី​គឺ​ ធ្វើការ​ចុះបញ្ជី​កម្មសិទ្ធិ​ និង​សិទ្ធិ​ផ្សេង​ៗទៀត​លើ​អចលនវត្ថុ​ទាំងអស់​ (រដ្ឋ​ និង​ឯកជន​)ឱ្យ​បាន​ច្បាស់លាស់​ ធ្វើការ​ផ្ទេរសិទ្ធិ​លើ​ទ្រព្យ​ទាំងនោះ​ជា​ផ្លូវការ​ ទប់ស្កាត់​ និង​ដោះស្រាយ​វិវាទ​ដីធ្លី​ សំដៅ​ពង្រឹង​សុវត្ថិភាព​នៃ​ការ​កាន់កាប់​ដីធ្លី​ ធានា​បាន​នូវ​ទំនុកចិត្ត​ និង​ប្រសិទ្ធិ​ភាព​នៃ​ទីផ្សារ​ដីធ្លី​។

ការចុះបញ្ជី​ដីធ្លី​ ត្រូវ​បាន​គោរព​តាម​គោលការណ៍​អភិបាលកិច្ច​ល្អ​ តម្លាភាព​ វិមជ្ឈការ​ និង​វិស​ហម​ជ្ឈ​ការ​ និង​សមធម៌​យេនឌ័រ​ ដើម្បី​បង្កើត​បាន​ជាវ​ប្ប​ធម៌​នៃ​ការចុះបញ្ជី​ដីធ្លី​ និង​បង្កើត​ភាព​ជឿជាក់​លើ​ប្រព័ន្ធ​ចុះបញ្ជី​ដីធ្លី​។ ការងារ​នេះ​ត្រូវ​មាន​លក្ខណៈ​សាមញ្ញ​ ច្បាស់លាស់​ ឆាប់​រហ័យ​ ងាយ​ទទួល​បាន​មានតម្លៃ​ទាប​។ ត្រូវ​រៀបចំ​ឱ្យ​មាន​ប្រព័ន្ធ​ព័ត៌មាន​ដីធ្លី​ (Land​ Information​ System​) ដើម្បី​ផ្តល់​ព័ត៌មាន​ជាក់លាក់​ ពីអ​ចលនវត្ថុ​ក្នុង​តម្លៃ​សមស្រប​៕

មន្ត្រីជាន់ខ្ពស់ជប៉ុនអះអាងថានឹងបន្តសហប្រតិបត្តិការជាមួយកម្ពុជាលើគ្រប់វិស័យ

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ ឧបការីរដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងការបរទេសជប៉ុនលោក SUZUKI Hideo បានអះអាងថា ប្រទេសជប៉ុន និងរដ្ឋាភិបាលជប៉ុន នឹងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធគ្រប់វិស័យជាមួយប្រទេសកម្ពុជា។

លោកឧបការីរដ្ឋមន្ត្រីបានមានប្រសាសន៍ក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃម្សិលម៉ិញនេះថា ជប៉ុននឹងបន្តពង្រីកព្រមទាំងពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរឱ្យយកាន់តែរឹងមាំថែមទៀត តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការ និងការគាំទ្រក្នុងវិស័យនានា រួមទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសក៏ដូចជាការជំរុញ ដល់ការអភិវឌ្ឍវិស័យឯកជននានា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងវិស័យអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងក្តីសោមនស្ស និងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោក SUZUKI Hideo ដែលបានអញ្ជើញមកបំពេញភារកិច្ចនៅកម្ពុជា ។ លោកអគ្គបណ្ឌិតសភាចារ្យ បានអរគុណចំពោះប្រទេសជប៉ុន និងប្រជាជនជប៉ុន ដោយលោកបានបញ្ជាក់ថា ប្រទេសជប៉ុន និងប្រជាជនជប៉ុនបានរួមចំណែ​កយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ចាប់តាំងពីដំណើរការស្វែងរកសន្តិភាពរហូតមកដល់បច្ចុប្បន្ននេះ។

លោកបន្ដថា ជាក់ស្តែងសមិទ្ធផលផ្លែផ្កាជាច្រើន ដែលកម្ពុជាសម្រេចបាន មានការចូលរួមចំណែក និងគាំទ្រយ៉ាងសកម្មទាំងធនធានហិរញ្ញប្បទាន និងជំនួយបច្ចេកទេស ពីប្រទេសជប៉ុន និងប្រជាជនជប៉ុន។

លោក SUZUKI Hideo ក៏បានសម្តែងក្តីរីករាយដែលបានមកបំពេញកិច្ចការនៅកម្ពុជា និងសម្តែងការកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននាំមកនូវការអភិវឌ្ឍន៍ជាច្រើន ក្នុងផ្នែកសង្គម-សេដ្ឋកិច្ច និងការរីកចម្រើនលើគ្រប់វិស័យ ពិសេសកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម ៧ភាគរយ ក្នុងមួយឆ្នាំដែលបានធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយពីប្រទេសដែលធ្លាប់មានចំណូលទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។

លោក SUZUKI Hideo បានបញ្ជាក់ថា ប្រទេសជប៉ុន និងរដ្ឋាភិបាលជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធគ្រប់វិស័យ ជាមួយប្រទេសកម្ពុជា និងបន្តពង្រីក ព្រមទាំងពង្រឹងទំនាក់ទំនងទ្វេភាគីរវាង ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត តាមរយៈការពង្រីកកិ​ច្ចសហប្រតិបត្តិការ និងការគាំទ្រក្នុងវិស័យនានា រួមទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេ​កទេសក៏ដូចជាការជំរុញ ដល់ការអភិវឌ្ឍវិស័យឯកជននានា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងវិស័យអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា។

ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន (JICA) បានសន្យាផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជាសរុបប្រមាណជាង ៥០០០ពាន់លានដុល្លារអាមេរិក ក្នុងនោះមានជំនួយឥតសំ​ណងប្រមាណជាង៣,៥០០លានដុល្លារ និងជំនួយហិរញ្ញប្បទានសម្បទានចំនួន ១៥០០លានដុល្លារ។ តួលេខនេះមិនរាប់បញ្ចូល កិច្ចសហប្រតិបត្តិការបច្ចេកទេស និងគម្រោងនានាដែលត្រូវបានផ្តល់ដោយប្រជាជន និងសប្បុរសជនជប៉ុន ជូនដល់ប្រជាជនកម្ពុជាដោយផ្ទាល់ឡើយ៕

 

ទីក្រុងប៉េកាំង ៖ សង្គ្រាមពាណិជ្ជកម្មគឺការបំភាន់ ខណៈកិច្ចព្រមព្រៀងដំណាក់កាលទី១ ខិតជិតមកដល់

ដោយ Donald Lee
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោក Gao Feng បាននិយាយថា សង្គ្រាមពាណិជ្ជកម្មគឺជាការបំភាន់ ហើយជម្លោះនេះនឹងត្រូវបញ្ចប់ នៅពេលដែលពន្ធទាំងអស់ត្រូវបានរំកិលត្រឡប់មកវិញ។
លោក Gao បានថ្លែងនៅក្នុងសន្និសីទកាសែតនៅក្រសួងពាណិជ្ជកម្មថា “សង្គ្រាមពាណិជ្ជកម្មគឺជាការបំភាន់មួយដោយការដាក់ពន្ធរបស់អាមេរិក ហើយសង្គ្រាមពាណិជ្ជកម្មនឹងត្រូវបញ្ចប់ ប្រសិនបើពន្ធគយត្រូវបានដកចេញ”។
ការលើកឡើងរបស់លោក Gao ធ្វើឡើងស្របពេលដែលអាមេរិក និងចិនកំពុងបញ្ចប់ផ្នែកចុងក្រោយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១។
ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា ជិត ៦០ ភាគរយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ត្រូវបានបញ្ចប់កាលពីសប្តាហ៍មុន ហើយក្រសួងពាណិជ្ជកម្មចិនបានពង្រឹងទស្សនៈនេះលើដំណើរការនៃការឈានដល់ការចុះកិច្ចព្រមព្រៀងនេះ។
លោក Gao បាននិយាយនៅក្នុងសន្និសីទកាសែតថា “ក្រុមទាំងពីរបានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ យើងសង្ឃឹមថា ក្រុមទាំងពីរអាចធ្វើការជាមួយគ្នា និងធ្វើសកម្មភាពក្នុងស្មារតីស្មើភាពគ្នា ការគោរពគ្នាទៅវិញទៅមក និងដោះស្រាយនូវកង្វល់ស្នូលទាំងសងខាង”។
អង្គការ UNCTAD ដែលជាស្ថាប័នសំខាន់របស់អង្គការសហប្រជាជាតិទាក់ទងនឹងបញ្ហាពាណិជ្ជកម្ម និងការអភិវឌ្ឍ បានចេញរបាយការណ៍ស្តីពីផលប៉ះពាល់នៃការធ្វើសង្រ្គាមពាណិជ្ជកម្មអស់រយៈពេលជាងមួយឆ្នាំទៅលើសេដ្ឋកិច្ចពិភពលោកទាំងមូល។
របាយការណ៍របស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា “ជម្លោះពន្ធពាណិជ្ជកម្មរវាងចិន និងអាមេរិកគឺជាស្ថានភាព “ចាញ់ ចាញ់” សម្រាប់ប្រទេសទាំងពីរ និងពិភពលោកទាំងមូល ហើយវាទំនងជាយ៉ាប់យ៉ឺន ដរាបណាមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានយកមកដោះស្រាយ”។

ក្រុមសេដ្ឋវិទូអង្គការសហប្រជាជាតិ និយាយថា ពន្ធគយកាន់តែខ្ពស់លើទំនិញចិនចូលអាមេរិកត្រូវបានប្រគល់ឱ្យអ្នកប្រើប្រាស់ និងក្រុមហ៊ុនអាមេរិកជាអ្នកបង់។

លោក Alessandro Nicita សេដ្ឋវិទូនៅក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិ បានថ្លែងថា “អតិថិជនអាមេរិកកំពុងបង់ពន្ធលើតម្លៃខ្ពស់ជាងនេះ។ មិនត្រឹមតែអ្នកប្រើប្រាស់ចុងក្រោយប៉ុណ្ណោះទេដែលចូលចិត្តយើង ប៉ុន្តែអ្នកនាំចូលផលិតផលមធ្យម និង ក្រុមហ៊ុនដែលនាំចូលគ្រឿងបន្លាស់ពីចិន”។
របាយការណ៍ក៏បានបញ្ជាក់ផងដែរថា សេដ្ឋកិច្ចចិនបានខាតបង់ ៣៥ ពាន់លានដុល្លារនៅឆមាសទី ១ នៃឆ្នាំ ២០១៩ ដោយសារបញ្ហាសង្គ្រាមពាណិជ្ជកម្មដែលកំពុងកើតឡើង៕