កម្ពុជាបាននាំចេញត្បូងពេជ្រមិនទាន់កែច្នៃជាង ៥៦ លានដុល្លារក្នុងរយៈពេល ៤ ឆ្នាំ

ដោយ ៖ ប៊ី
ភ្នំពេញ៖ កម្ពុជាបាននាំចេញត្បូងពេជ្រមិនទាន់កែច្នៃជាង ៥៦ លានដុល្លារក្នុងរយៈពេល ៤ ឆ្នាំ ខណៈការនាំចូលត្បូងពេជ្រមិនទាន់កែច្នៃតាមវិញ្ញានបត្រគីមប័រលីប្រូសេស (Kimberly Process) មានទឹកប្រាក់ប្រហែលជាង ១៣០លានដុល្លារ។

កម្ពុជាបានក្លាយជាសមាជិកពេញសិទ្ធិរបស់ Kimberly Process ឆ្នាំ២០១២ ក្នុងរយៈពេល ០៤ឆ្នាំ (២០១៤-២០១៨) ការនាំចូលត្បូងពេជ្រមិនទាន់កែច្នៃតាមវិញ្ញានបត្រគីមប័រលីប្រូសេស មានទឹកប្រាក់ប្រហែលជាង ១៣០លានដុល្លារសហរដ្ឋអាមេរិក និងការនាំចេញមានទឹប្រាក់ប្រហែលជាង ៥៦លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។
កាលពីពេលថ្មីៗនេះ ក្នុងនាមជាសមាជិករបស់អង្គការគីមប័រលីប្រូសេស (Kimberley Process Certificates-KPCs) ដែលមានក្រសួងពាណិជ្ជកម្មជាស្ថាប័នចេញវិញ្ញាបនបត្រគីមប័រលីប្រូសេស នាំចូល-នាំចេញត្បូងពេជ្រមិនទាន់កែច្នៃ (Rough Diamond) បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចក្រុមការងារត្រួតពិនិត្យរបស់ការអនុវត្តគម្រោងគីមប័រប្រូសេស Working Group On Monitoring WGM ចុះបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៤ ដល់ទី០៦ ខែវិច្ឆិកា ឆ្នាំ០១៩។

គោលដៅនៃដំណើរទស្សនកិច្ចនៅកម្ពុជា គឺមានគោលបំណងត្រួតពិនិត្យការអនុវត្តគម្រោងគីមប័រលីប្រូសេស សម្រាប់ការនាំចូល-នាំចេញត្បូងពេជ្រមិនទាន់កែច្នៃ របស់ប្រទេសដែលជាសមាជិក ស្របតាមនីតិវិធី និងក្របខណ្ឌគតិយុត្តរបស់ Kimberley Process Certificates Scheme។
នៅក្នុងរយៈពេលនៃដំណើរទស្សនកិច្ចនេះ លោក កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម បានជួបសម្តែងការគួរសមជាមួយក្រុមការងារត្រួតពិនិត្យរបស់ការអនុវត្តគម្រោងគីមប័រលីប្រូសេស កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ និងក្នុងនាមស្ថាប័នចេញវិញ្ញាបនបត្រគីមប័រលីប្រូសេសនាំចូល-នាំចេញត្បូងពេជ្រមិនទាន់កែច្នៃ ចូលរួមសហការយ៉ាងជិតស្និទ្ធ និងស្វាគមន៍រាល់យោបល់ណែនាំ ព្រមទាំងការផ្តល់អនុសាសន៍ល្អៗ ដើម្បីឲ្យការអនុវត្តការងារក្នុងគម្រោងគីមប័រលីប្រូសេសនៅកម្ពុជា កាន់តែល្អប្រសើរ។
ជានិច្ចកាលកម្ពុជាអនុវត្តទៅតាមបទបញ្ញត្តិនានារបស់អង្គការគីមប័រលីប្រូសេស ដើម្បីចូលរួមប្រឆាំងនឹងការចរាចរត្បូងពេជ្រដោយខុសច្បាប់ និងការធ្វើពាណិជ្ជកម្មត្បូងពេជ្រ ដោយបានពីការបង្ហូរឈាម (Blood Diamond) ស្របទៅតាមច្បាប់អន្តរជាតិ។
បន្ទាប់មក ក្រុមការងារត្រួតពិនិត្យរបស់ការអនុវត្តគម្រោងគីមប័រលីប្រូសេស បានជួបប្រជុំជាមួយលោកប្រធាននាយកដ្ឋាននាំចេញ-នាំចូល តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងចុះទស្សនកិច្ចផ្ទាល់នៅនាយកដ្ឋាននាំចេញ-នាំចូល ក្រសួងពាណិជ្ជកម្ម ការិយាល័យគយ និងរដ្ឋាករប្រចាំតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងសាខាគយ និងរដ្ឋាករច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងក្រុមហ៊ុន Laurelton Diamonds (Cambodia) Co., Ltd ដើម្បីពិនិត្យលើដំណើរការនៃការអនុវត្តនីតិវិធី ការត្រួតពិនិត្យការនាំចេញ-នាំចូលត្បូងពេជ្រមិនទាន់កែច្នៃ៕

កម្ពុជា​ត្រូវការ​ថវិកា​ចំនួន​ជិត​ ៦០ពាន់​លាន​ដុល្លារ​សម្រាប់​សម្រេច​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​ ៥ឆ្នាំ​

ដោយ ​វុត្ថា​

ភ្នំពេញ​៖ កម្ពុជា​ត្រូវការ​ថវិកា​ជិត​ ៦០ពាន់​លាន​ដុល្លារ​អាមេរិក​ ដើម្បី​សម្រេច​រាល់​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​រយៈពេល ៥ឆ្នាំ ​ចាប់ពី​ឆ្នាំ២០១៩​ ដល់​ឆ្នាំ២០២៣​។

យោង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​រយៈពេល ៥ឆ្នាំ​ចាប់ពី​ឆ្នាំ២០១៩​ ដល់​ឆ្នាំ២០២៣​ ត្រូវ​បាន​ប្រកាស​ផ្សព្វផ្សាយ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​នៅ​ព្រឹក​ថ្ងៃទី០៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ បានឱ្យ​ដឹង​ថា​ ដើម្បី​សម្រេច​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​រយៈពេល ៥ឆ្នាំនេះ​ ត្រូវការ​ប្រភព​ហិរញ្ញប្បទាន​ដោយ​ធនធាន​ក្នុង​ស្រុក​ និង​ធនធាន​ក្រៅ​ស្រុក​ ព្រមទាំង​វិនិយោគមូលធន​របស់​វិស័យ​សាធារណៈ​ និង​ឯកជន​ប្រមាណ​ជា​ ៥៩.៩ពាន់​លាន​ដុល្លារ​អាមេរិក​។

ក្នុង​នោះ​ការ​វិនិយោគមូលធន​របស់​វិស័យ​ឯកជន​មាន​ចំនួន​ប្រមាណ​ ៤៣.៤ពាន់​លាន​ដុល្លារ​អាមេរិក​ ស្មើនឹង​ ៧២.៥​% នៃ​ទុន​វិនិយោគ​សរុប​ និង​វិនិយោគមូលធន​នៃ​វិស័យ​សាធារណៈ​ប្រមាណ​ ១៦.៤ពាន់​លាន​ដុល្លារ​អាមេរិក​ ស្មើនឹង​ ២៧.៥​% នៃ​ទុន​វិនិយោគ​សរុប​។

សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅក្នុង​​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​ ២០១៩​-២០២៣​ ​នៅ​ថ្ងៃទី​ ៧ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ ថា​ កម្ពុជា​នៅ​មានការ​ងារ​អាទិភាព​សេសសល់​នៅក្នុង​ដំណើរការ​នៃ​ការអនុវត្ត​ផែនការ​យុទ្ធ​សា​សស្ត្រ​អភិវឌ្ឍ​ជាតិ​ ២០១៤​-២០១៨​ ចំនួន៧​៖

១) ការ​លើកកម្ពស់​ ការកាត់បន្ថយ​ភាព​ក្រីក្រ​ និង​កំណើន​ប្រកប​ដោយ​បរិ​យា​ប័ន្ន ២) ការពង្រីក​វិស័យ​កសិកម្ម​ ៣) ការ​ធានា​​នូវ​ភាព​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ ៤) ការគ្រប់គ្រង​ការ​ធ្វើ​ចំណាកស្រុក​ និង​នគរូបនីយកម្ម​ ៥) ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​ និង​ការ​កាប់ព្រៃ​ឈើ​ ៦) ការធានា​នូវ​អភិបាលកិច្ច​ល្អ​ប្រសើរ​ និង ៧​) កែ​លម្អ​មូលដ្ឋាន​ធន​ធាន​មនុស្ស​។

ទោះបីជា​យើង​ជួបនឹង​បញ្ហា​ប្រឈម​ជាច្រើន​ក្នុង​ការអនុវត្ត​ការងារ​អាទិភាព​ទាំងនេះ​ តែ​យើង​បាន​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុង​ការអនុវត្ត​ការងារ​គន្លឹះ​ទាំងឡាយ​នៅក្នុង​ក្របខ័ណ្ឌ​ ផែនការ​យុទ្ធ​សា​ស្ដ្រអភិវឌ្ឍន៍​ជាតិ​ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បាន​នូវ​ជោគ​ជ័យ​ធំៗ​គួរ​ជា​ទី​មោទ​នៈ​ក្នុង​ពេក​កន្លងមក​។

សម្តេច​បន្ត​ថា​ កម្ពុជា​បាន​លើកកម្ពស់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​ និង​ការបង្កើត​នូវ​បរិយាកាស​អំណោយ​ផល​មួយ​សម្រាប់​ធានា​ឱ្យ​មាន​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ការ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​មាន​កំណើនថេរ​ ក្នុងរង្វង់​៧% និង​ការសម្រេច​បាន​នូវ​វឌ្ឍនភាព​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​សង្គម​-សេដ្ឋកិច្ច​ និង​ការ​កាត់​ បន្ថយ​ភាព​ក្រីក្រ​ស្របតាម​ឆន្ទៈ​នៃ​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។

ចំពោះមុខ​នេះ​ ផែនការ​យុទ្ធ​សា​ស្ដ្រអភិវឌ្ឍន៍​ជាតិ​ នឹង​បន្ត​គាំទ្រ​និង​ជំរុញ​ល្បឿន​នៃ​កម្មវិធី​ នយោបាយ​របស់​រាជរដ្ឋាភិបាល​ ពិសេស​យុទ្ធ​សាស្រ្ត​ចតុកោណ​ ដំណាក់កាល​ទី៤​ ដើម្បី​ កំណើន​ការងារ​ សមធម៌​ និង​ ប្រសិទ្ធភាព​ ដែល​ជា​របៀបវារៈ​គោលនយោបាយ​សង្គម​-សេដ្ឋកិច្ច​ សម្រាប់​កសាង​មូលដ្ឋាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៥០​។

ក្រសួងផែនការ​បាន​អោយ​ដឹង​ថា​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិនេះ​ ត្រូវ​បាន​រៀបចំឡើង​បន្ត​ពី​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ២០១៤​-២០១៨​ ដែល​ត្រូវ​បាន​ចប់​អាណត្តិ​នា​ចុងឆ្នាំ២០១៨​ ក្នុង​នីតិកាល​ទី៥​ នៃ​រដ្ឋសភា​កន្លងទៅ​។

ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ២០១៩​-២០២៣​ មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការអនុវត្ត​គោលនយោបាយ​អាទិភាព​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​កំណត់​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤​ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​៕

វិភាគ ៖ តៃវ៉ាន់នឹងក្លាយជាខ្លាសេដ្ឋកិច្ចនៅអាស៊ីចុងក្រោយគេបង្អស់

ដោយ Donald Lee
ភ្នំពេញ៖ កោះតៃវ៉ាន់ដែលជាប្រទេសចុងក្រោយបង្អស់ជា “អាស៊ីខ្លា” នៅតែកំពុងទទួលបាននូវកំណើនសេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍ ខណៈសមភាគីរបស់ខ្លួនហុងកុង សឹង្ហបូរី និងកូរ៉េខាងត្បូងត្រូវជាប់នៅក្នុងអន្ទាក់ខ្លា។

សេដ្ឋកិច្ចតៃវ៉ាន់បានកើនឡើងជិត ៣ ភាគរយនៅក្នុងត្រីមាសទី ៣។ នេះបើយោងតាមទិន្នន័យទីភ្នាក់ងារស្ថិតិតៃវ៉ាន់ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។
កោះមួយនេះមានកំណើនសេដ្ឋកិច្ចច្រើនជាងសមភាគីអាស៊ីខ្លាសេដ្ឋកិច្ចរបស់ខ្លួនដែលកំពុងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចបន្តិចៗម្តង។

ក្រុមសេដ្ឋវិទូជឿជាក់ថា កំណើនសេដ្ឋកិច្ចតៃវ៉ាន់ត្រូវបានបង្កើតឡើងដោយការផលិតស្មាតហ្វូន និងអេឡិចត្រូនិចដែលមានសមត្ថភាពខ្ពស់ ខណៈសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនកំពុងធ្វើឱ្យខ្លាអាស៊ីដែលពឹងផ្អែកលើពាណិជ្ជកម្មផ្សេងទៀតធ្លាក់ចុះ។
ហុងកុងបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចជាផ្លូវការរួចទៅហើយ ដោយសារតែការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដែលកំពុងបន្ត និងជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន។


សេដ្ឋកិច្ចហុងកុងបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចលើកដំបូងរបស់ខ្លួនចាប់តាំងពីមានវិបត្តិសេដ្ឋកិច្ចជិត ១០ ឆ្នាំមកហើយ។ សេដ្ឋកិច្ចបានប្រឈមនឹងការធ្លាក់ចុះប្រចាំត្រីមាសជាប់គ្នា និងមានការធ្លាក់ចុះយ៉ាងខ្លាំង ៣,២ ភាគរយនៅក្នុងត្រីមាសទី ៣។
សេដ្ឋកិច្ចសឹង្ហបូរីខកខានមិនបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចដោយកើនឡើង ០,៦ ភាគរយនៅក្នុងត្រីមាសចុងក្រោយ។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មសឹង្ហបូរីដែលបានចេញផ្សាយកាលពីខែមុន។
សេដ្ឋកិច្ចទីក្រុងនេះបានធ្លាក់ចុះមកត្រឹម ២,៧ ភាគរយនៅក្នុងត្រីមាសទី ២ ដោយសារជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន និងការរំខានដល់សង្វាក់ផ្គត់ផ្គង់។ នៅក្នុងការប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំ ផលិតផលក្នុងស្រុកសរុបរបស់សឹង្ហបូរីបានកើនឡើងត្រឹមតែ ០.១ ភាគរយប៉ុណ្ណោះ។
អត្រាកំណើនរបស់កូរ៉េខាងត្បូងអាចនឹងបញ្ចប់នៅត្រឹម ២ ភាគរយក្នុងឆ្នាំនេះ និង ២,២ ភាគរយនៅឆ្នាំ ២០២០។ នេះបើយោងតាមរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។ នេះការធ្លាក់ចុះ ០,៦ ភាគរយពីការប៉ាន់ស្មានពីមុន។
សេដ្ឋកិច្ចកូរ៉េខាងត្បូងបានព្យាយាមធ្វើឱ្យប្រសើរឡើងវិញចាប់តាំងពីដើមឆ្នាំនេះ។ អត្រាគ្មានការងារធ្វើបានឈានដល់កំរិតខ្ពស់ក្នុងរយៈពេល ៩ ឆ្នាំ ហើយផលិតផលក្នុងស្រុកសរុបរបស់ខ្លួនបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីមានវិបត្តិសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០០៨ ។
សង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិនកំពុងទាញសេដ្ឋកិច្ចក្នុងតំបន់ឱ្យធ្លាក់ចុះ
ការនាំចេញចិនទៅកាន់អាមេរិកបានធ្លាក់ចុះមកត្រឹម ៥៣ ពាន់លានដុល្លារ ហើយការនាំចេញអាមេរិកទៅកាន់ចិនបានធ្លាក់ចុះមកត្រឹម ១៤,៥ ពាន់លានដុល្លារបើប្រៀបធៀបទៅនឹងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍សេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិចេញផ្សាយនៅសប្តាហ៍នេះ។
របាយការណ៍របស់អង្គការសហប្រជាជាតិបញ្ជាក់ថា ក្នុងចំណោមការខាតបង់នាំចេញរបស់ចិនចំនួន ៣៥ ពាន់លានដុល្លារអាមេរិកនៅលើទីផ្សារអាមេរិក ប្រហែល ២១ ពាន់លានដុល្លារ (ឬ ៦៣ ភាគរយ) ត្រូវបានបង្វែរទៅប្រទេសទាំងនេះ និងប្រទេសដទៃទៀត ខណៈ១៤ ពាន់លានដុល្លារដែលនៅសេសសល់ត្រូវបានបាត់បង់ ឬចាប់យកដោយអ្នកផលិតអាមេរិក។
របាយការណ៍របស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា រួមជាមួយតៃវ៉ាន់ អ្នកឈ្នះផ្សេងទៀតនៅក្នុងសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិនរួមបញ្ចូលទាំងប្រទេសម៉ិកស៊ិក (ទទួលបាន ៣,៥ ពាន់លានដុល្លារអាមេរិកក្នុងឆមាសទី ១ ឆ្នាំ ២០១៩) សហភាពអឺរ៉ុប (២,៧ ពាន់លានដុល្លារ) និងវៀតណាម (២,៦ ពាន់លានដុល្លារ)៕

សម្តេច តេជោ បញ្ជាក់ថា លោក សម រង្សី មិនចូលស្រុកទេ និងអំពាវនាវកុំអោយប្រជាជនភ័យខ្លាច

ដោយ ៖ វុត្ថា
ភ្នំពេញ ៖ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ទីក្រុងភ្នំពេញនឹងមិនបញ្ហាអ្វីកើតឡើងនោះទេ និងបានអំពាវនាវឱ្យពលរដ្ឋទាំងអស់មកលេងបុណ្យអំទូកខាងមុខនេះ ខណៈប្រជាពលរដ្ឋមួយចំនួនបានសម្តែងការព្រួយបារម្ភខ្លាំងជុំវិញការមកដល់របស់លោក សម រង្សី ខាងមុខនេះ។
សម្តេចម្តេច តេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីប្រកាសផ្សព្វផ្សាយឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ បញ្ជាក់ថា មិនមានការវាយតប់គ្នាក្នុងរាជធានីភ្នំពេញនោះទេ បើវាយគឺវាយតែមុខសញ្ញាធំ៩នាក់ប៉ុណ្ណោះ ខណៈពេលនេះមេក្បត់ជាតិ សម រង្ស៉ី នៅទីក្រុងប៉ារីសនៅឡើយ។
សម្តេចតេជោបញ្ជាក់ថា ក្រុមមេក្បត់ជាតិ នឹងមិនមកកម្ពុជានោះទេ។ ជាមួយគ្នានេះ សម្តេច តេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អ្នកចូលរួមជាមួយសកម្មភាពក្បត់ជាតិ ឬគាំទ្រលោក សម រង្សី ក្នុងការផ្តូលរំលំរដ្ឋាភិបាលស្របច្បាប់នោះ ត្រូវតែមានទោស ដូច្នេះត្រូវតែប្រញាប់ចេញមកសារភាព ដើម្បីកុំអោយរដ្ឋាភិបាលមានវិធានការណាមួយទាន់ពេលវេលា។
ជាមួយគ្នានេះ សម្តេច តេជោ ក៏បានស្នើដល់ មិត្តភក្តិបរទេសត្រូវយល់ចំពោះកម្ពុជា ពលរដ្ឋកម្ពុជាវេទនាឆ្អែតឆ្អន់ ព្រោះតែពាក្យប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយទីបំផុតធ្វើការចលនាផ្តួលរលំ។សម្តេចតេជោថា បើមិនមានសុខសន្តិភាព មិនអាចនិយាយដល់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនោះឡើយ។
សម្តេច តេជោ ថា សម្តេចបានយកជីវិតធ្វើដើមទុន ដើម្បីរកសុខសន្តិភាព និងការរស់រានជាថ្មីសម្រាប់ជាតិ និងប្រជាជនកម្ពុជា ទោះបីក្នុងតម្លៃណាក៏ត្រូវតែការពារឱ្យបាននូវសុខសន្តិភាព និងការធានាឱ្យបាននូវការរស់រានរបស់ប្រជាពលរដ្ឋកម្ពុជា៕

ក្រសួងទេសចរណ៍ដាក់ចេញផែនការ ៦ចំណុច ដើម្បីបន្តសម្រេចបានកំណើនទេសចរ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ស្ថិតនៅក្នុងគោលដៅនៃការជំរុញកំណើនភ្ញៀវទេសចរនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានដាក់កំណត់ឱ្យអនុវត្តនូវគោលការណ៍សំខាន់ៗចំនួន៦ចំណុចបន្ថែមទៀតជាចាំចាច់។

នៅក្នុងសិក្ខាសាលាបូកសរុបការប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី៣ និងក្រោយពេលរកឃើញជយលាភីរមណីយដ្ឋានទេសចរណ៍គំរូទាំង២៦ សម្រាប់ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានប្រកាសដាក់ចេញអនុសាសន៍ចាំបាច់មួយចំនួនទៀត ដើម្បីអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តរួមគ្នាសម្រេចបានកំណើនទេសចរបន្ថែមទៀត ដែលរួមមាន ៦ចំណុច៖

ទី១. ការវិនិយោគ៖ ត្រូវបន្តខិតខំជំរុញការអភិវឌ្ឍ និងវិនិយោគរមណីយដ្ឋានទេសចរណ៍ និងសហគមទេសចរណ៍គ្រប់ប្រភេទ ដែលមានការគិតគូរបរិស្ថាន ភាពស្អាត និងសង្គម។ ក្នុងបរិបទនេះ រាល់គម្រោងវិនិយោគ និងអភិវឌ្ឍជារមណីយដ្ឋានទេសចរណ៍ទាំងអស់ ត្រូវបញ្ចូលនូវការគិតគូរអំពីទស្សនទានបៃតង និងស្អាត។
តាមរយៈការប្រលងប្រណាំង «រមណីយដ្ឋានទេសចរណ៍គំរូលើកទី៣» នឹងតម្រង់ទិសដល់ធុរកិច្ចនានាចាប់យកទស្សនទាន «បៃតង និងស្អាត» ដោយគិតគូរពីស្ថាបត្យកម្មបៃតង ការសន្សំសំចៃថាមពល ការគ្រប់គ្រងសំណល់ ការគិតគូរពីកិច្ចការសង្គម-មនុស្សធម៌ជាដើម។ ក្នុងន័យនេះ ក្រសួងទេសចរណ៍ត្រូវរៀបចំគោលការណ៍ណែនាំ និងលក្ខណៈវិនិច្ឆ័យនូវគម្រោងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ ដែលតូ្រវមានការគិតគូរពីបរិស្ថានវប្បធម៌ និងការគាំពារសង្គម ដើម្បីជាឯកសារគោលសម្រាប់វាយតម្លៃលើគម្រោងទាំងនោះ។

ទី២. ការគ្រប់គ្រង៖ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវខិតខំជំរុញឲ្យគ្រប់រមណីយដ្ឋានទេសចរណ៍ ត្រូវមានអ្នកគ្រប់គ្រងច្បាស់លាស់ និងមានការចាត់តាំងនូវរចនាសម្ពន្ធគ្រប់គ្រងច្បាស់លាស់ផងដែរ និងត្រូវជំរុញឲ្យគ្រប់រមណីយដ្ឋានទាំងអស់មានផែនការមេអភិវឌ្ឍច្បាស់លាស់។ ទទ្ទឹមនឹងនេះ មន្ទីរទេសចរណ៍ទាំងអស់ត្រូវបន្តប្រឹងប្រែងរៀបចំ គ្រប់គ្រង អភិវឌ្ឍរមណីយដ្ឋានទេសចរណ៍នានា ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អ។ ព្រមជាមួយនេះ នាយកដ្ឋានជំនាញនៃក្រសួងទេសចរណ៍ ត្រូវរៀបចំឱ្យមានស្តង់ដាសម្រាប់រមណីយដ្ឋានប្រភេទផ្សេងៗ ដូចជារមណីយដ្ឋានកសិទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ផ្សងព្រេង រមណីយដ្ឋានអេកូទេសចរណ៍ជាដើម ជាពិសេសស្តង់ដារមណីយដ្ឋានបៃតង ដើម្បីគាំទ្រដល់ចលនាប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូនេះ នៅឆ្នាំក្រោយទៀត។

ទី៣. បរិស្ថានអនាម័យ៖ ត្រូវខិតខំរក្សាឱ្យបាននូវភាពស្អាត និងបៃតង ជាពិសេសបញ្ឈប់ការបោះសំរាមចោលក្រោមតុ។ ក្នុងន័យនេះ ការគ្រប់គ្រងរមណីយដ្ឋានទាំងអស់ ត្រូវតែសរសេរពាក្យអប់រំមិនឲ្យបោះសំរាមចោលផ្តេសផ្តាស ឬខុសធុងសំរាម និងអប់រំភ្ញៀវទេសចរដែលចូលទៅលេងកម្សាន្តឱ្យបានច្បាស់លាស់ជាមុន និងត្រូវបំពាក់ធុងសំរាមឱ្យបានគ្រប់គ្រាន់ និងធ្វើការបែងចែកសំរាមទៅតាមប្រភេទនីមួយៗ ជំរុញការប្រើប្រាស់ផលិតផលធ្វើពីក្រដាស ឬក្រណាត់ជំនួសផ្លាស្ទិកដូចដែលជយលាភីរមណីយដ្ឋានទេសចរណ៍គំរូ ឆ្នាំ២០១៩នេះ បានកំពុងអនុវត្ត។ ទទ្ទឹមនឹងនេះ ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវសហការជំរុញការបញ្ជ្រាបការយល់ដឹងសាធារណៈ ទៅដល់បុគ្គលិកបម្រើការងារ និងភ្ញៀវទេសចរដែលទៅកម្សាន្តនៅតាមរមណីយដ្ឋាននានា អំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងត្រូវរៀបចំជាក្រមប្រតិបត្តិអំពីប្រការគួរធ្វើ និងមិនគួរធ្វើ ដើម្បីផ្សព្វផ្សាយទៅដល់រមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស។

ទី៤. សន្តិសុខ សុវត្ថិភាព៖ គ្រប់រមណីយដ្ឋានទេសចរណ៍ទាំងអស់ត្រូវដាក់ស្លាកសញ្ញាឱ្យបានគ្រប់គ្រាន់ ទាំងស្លាកបង្ហាញព័ត៌មាន និងស្លាកសញ្ញាបង្ហាញទីតាំងនានា ជាពិសេសស្លាកសញ្ញាបង្ហាញទីតាំងហាមឃាត់ និងតំបន់គ្រោះថ្នាក់ជាដើម ឱ្យសមស្របទៅតាមស្តង់ដាអប្បបរមារមណីយដ្ឋានទេសចរណ៍របស់ក្រសួងទេសចរណ៍។ ជាមួយនេះ ត្រូវសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្នុងតំបន់ធ្វើការគ្រប់គ្រងលំហូរភ្ញៀវទេសចរឱ្យបានច្បាស់លាស់។ ទទ្ទឹមនឹងនេះ ត្រូវរៀបចំមណ្ឌលព័ត៌មានទេសចរណ៍ទៅតាមទំហំជាក់ស្តែង ដើម្បីផ្តល់ព័ត៌មានក៏ដូចជាអប់រំភ្ញៀវទេសចរ មុនពេលចូលទៅលេងកម្សាន្តក្នុងរមណីយដ្ឋានរបស់ខ្លួន ហើយមន្ទីរទេសចរណ៍ត្រូវពង្រឹងមណ្ឌលព័ត៌មានទេសចរណ៍ក្នុងខេត្តរបស់ខ្លួន ដើម្បីជាកន្លែងប្រមូលផ្តុំ និងផ្តល់ព័ត៌មានគ្រប់ជុ្រងជ្រោយពីគោលដៅទេសចរណ៍ក្នុងខេត្តរបស់ខ្លួនទៅដល់ភ្ញៀវទេសចរ។

ទី៥. ការផ្សព្វផ្សាយ៖ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវខិតខំបន្តជំរុញឱ្យរមណីយដ្ឋានទេសចរណ៍ទាំងអស់ចូលរួមក្នុងការប្រលងប្រណាំងនានា ជាពិសេសការប្រលងប្រណាំងរមណីយដ្ឋានគំរូនេះ។ ជាមួយគ្នានេះ លោកបានលើកទឹកចិត្តឲ្យមានការថតវីដេអូខ្លីៗពីរមណីយដ្ឋានទេសចរណ៍ថ្មីៗ ក៏ដូចជាខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយពីគោលដៅថ្មីៗ ដើម្បីចែកចាយតាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានា ហើយនាយកដ្ឋានជំនាញនៃក្រសួងទេសចរណ៍ ត្រូវរៀបចាំឱ្យមានការប្រកួតប្រជែងរូបថតវីដេអូ និងការប្រកួតប្រជែងនានាស្តីពី រមណីយដ្ឋានទេសចរណ៍ជាលក្ខណៈមហាជន ដើម្បីបំផុសគំនិតស្រលាញ់ជាតិមាតុភូមិយើងក្រោមពន្លឺនៃសន្តិភាព។

ទី៦. ផ្នែកឯកជន៖ លោកបានជំរុញលើកទឹកចិត្តឱ្យវិស័យឯកជន ជាពិសេសទីភ្នាក់ងារទេសចរណ៍ទាំងអស់រៀបចំខ្សែទស្សនកិច្ច និងនាំភ្ញៀវទេសចរឲ្យបានច្រើនទៅកាន់រមណីយដ្ឋានទាំងអស់នៅទូទាំងប្រទេស ជាពិសេសរមណីយដ្ឋានជយលាភីក្នុងចលនាប្រលងប្រណាំងគំរូនេះ។ ទទ្ទឹមនឹងនេះ ត្រូវរៀបចំកញ្ចប់ទស្សនកិច្ចក្នុងស្រុកឱ្យបានច្រើនសម្រាប់ប្រជាពលរដ្ឋ សិស្ស-និស្សិត បុគ្គលិកឯកជន កម្មករ-កម្មការនី មន្ត្រីរាជការជាមួយតម្លៃសមរម្យ ទៅគ្រប់គោលដៅទេសចរណ៍ទូទាំងប្រទេស៕

 

ប្រធាន CREA និយាយពីហានិភ័យ និងឱកាសនៃការខ្ចីលុយធនាគារទិញអចលនទ្រព្យ

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ នៅពេលនិយាយពីការខ្ចីឥណទានពីធនាគារ ដើម្បីទិញអចលនទ្រព្យជារឿងមួយដែលមានការពិភាក្សាគ្នាយ៉ាងច្រើន លើលំហូរសាច់ប្រាក់របស់អ្នកខ្ចី ហើយ​មនុ​ស្សមួយចំនួនគិតថាវាជាបំណុល ដែលគួរឱ្យភ័យខ្លាច ប៉ុន្តែការពិតមិនមែនសុទ្ធតែដូច្នេះនោះទេ។

ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោក ឃាង ពុទ្ធី បានមានប្រសា​សន៍ឱ្យដឹងកាលពីដើមសប្តាហ៍នេះថា ពាក្យថាគុនលុយ ឬជាប់បំណុលធនាគារធ្វើឱ្យមនុស្សមានកាតរភ័យខ្លាច ហើយបង្ខំលក់អចលនទ្រព្យនោះទាំងខាតបង់ប្រាក់ ប៉ុន្តែបើសិនជាយើងប្រើប្រាស់លុយធនាគារដោយឆ្លាតវៃ សិក្សាទីផ្សារច្បាស់លាស់ វាមិនបង្កហានិភ័យនោះទេ។ លោកបន្តថា បើសិនជានិយាយថា ការខ្ចីលុយធនាគារនឹងធ្វើឱ្យមានហានិភ័យខ្ពស់ វាជាការបំភ័យ និងប៉ះពាល់ដល់ធនាគារនានា ផ្ទុយទៅវិញបើយើងប្រើប្រាស់ឥណទានបានត្រឹមត្រូវនោះ វានឹងបង្កឱកាសយ៉ាងច្រើនដល់អ្នកវិនិយោគក្នុងវិស័យនេះ។

លោកបន្តថា “ការសម្រេចចិត្តក្នុងការវិនិយោគលើអចលនទ្រព្យអ្វីមួយ ការខ្ចីលុយធនាគារមិនមែនជាកត្តាកំណត់ ក្នុងការសម្រេចចិត្តវិនិយោគទាំងស្រុងនោះទេ”។ លោកបន្តថា “ការវិនិយោគគេត្រូវមើលលើកត្តាមួយចំនួន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ សកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ តង់ស៊ីតេរបស់ប្រជាជនក្នុងតំបន់ ប័ណ្ណកម្មសិទ្ធមានច្បាស់លាស់ និងផែនការអភិវឌ្ឍអចលនទ្រព្យ ដែលទិញនោះគួរយកមកធ្វើអ្វី?”។

លោក ឃាង ពុទ្ធី បានបន្តទៀតថា បើទិញអចលនទ្រព្យបានតម្លៃទាបជាងទីផ្សារ ហើយអចលនទ្រព្យនោះស្ថិតនៅតំបន់ល្អ មានប្រជាជនរស់នៅច្រើន មានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ មានប័ណ្ណកម្មសិទ្ធិច្បាស់លាស់ និងជាតំបន់ដែលមានចរន្តសេដ្ឋកិច្ចល្អ ការខ្ចីឥណទានពីធនាគារ យកមកវិនិយោគមិនមែនជាហានិភ័យនោះទេ៕

សម្តេច តេជោ បញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងរ៉ែ ពន្លឿនតំឡើងរោងចក្រអគ្គិសនី ៤០០ មេហ្គាវ៉ាត់នៅភ្នំពេញឱ្យបានលឿន

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាឱ្យលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឱ្យតម្លើងរោងចក្រម៉ាស៊ីន៤០០មេហ្គាវ៉ាត់នៅទីក្រុងភ្នំពេញឱ្យបានលឿន ខណៈការផ្តត់ផ្គង់ភ្លើងអគ្គិសនីនៅនាដូវប្រាំងឆ្នាំនេះ អាចនឹងត្រូវខ្វះខាត។

សម្តេច តេជោ ហ៊ុន សែន នៅក្នុងពិធីប្រកាសផ្សព្វផ្សាយឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះបានឱ្យលោក ស៊ុយ សែម បង្កើនការងារទាំងយប់ទាំងថ្ងៃ ដើម្បីតម្លើងរោងចក្រ៤០០មេហ្គាវ៉ាត់ដែលបញ្ជាទិញពីអាល្លឺម៉ង់ និងហ្វាំងឡង់បានឱ្យទាន់ពេលវេលា។

សម្តេចថា “កុំធ្វើការតែថ្ងៃ យើងត្រូវធ្វើទាំងយប់ ដោយដាក់វេនគ្នា  បង្កើនចំនួនកម្មករ ដើម្បីចូលធ្វើនៅកន្លែងហ្នឹង ព្រោះថាការកាត់ភ្លើងនៅទីក្រុងមានការលំបាកណាស់”។

សម្តេច តេជោ ហ៊ុន សែន បញ្ជាក់ទៀតថា កម្ពុជាបានបញ្ជាទិញថាមពលអគ្គិសនីពីប្រទេសហ្វាង់ឡង់ចំនួន២០០មេហ្គាវ៉ាត់  និងអាល្លឺម៉ងចំនួន២០០មេហ្គាវ៉ាត់ ដាក់នៅល្វាឯម ដើម្បរុញភ្លើងនេះចូលទីក្រុងភ្នំពេញដើម្បីផ្គត់ផ្គត់ បើខ្វះ១០មេហ្គាវ៉ាត់ បញ្ចេញ១០មេហ្គាវ៉ាត់ បើខ្វះ២០មេហ្គាវ៉ាត បញ្ចេញ២០មេហ្គាវ៉ាត់។ បើខ្វះ១០០មេហ្គាវ៉ាត់ បញ្ចេញ ១០០មេហ្គាវ៉ាត់ ដើម្បីកុំឱ្យទីក្រុងភ្នំពញខ្វះថាមពល។

សម្តេច តេជោ បន្ថែមថា “អ្វីដែលមានការព្រួយបារម្ភនោះគឺថា វារីអគ្គិសនីរបស់យើ​ងបាននិងកំពុងខ្វះខាតទឹកទៀតហើយ តាមតួលេខដែលលោក ស៊ុយ សែម បញ្ជូនមកខ្ញុំជារៀងរាល់ឆ្នាំ” ។ សម្តេចបន្តថា “ឥឡូវនេះ គឺនៅពេលមិ្សមិញនេះ ការផលិតអគ្គិសនីរបស់យើង ដែលមានកម្លាំង ១៨០០ មេហ្គាវ៉ាត់  យើងបានតែ ១៨៤ ទៅ ៦៨៧ មេហ្គាវ៉ាត់ប៉ុណ្ណោះ។

សម្តេច តេជោ បញ្ជាក់ថា “ស្ថានភាពនេះមិនទាន់ដល់ខែប្រាំផង ប៉ុន្តែត្រូវបានធ្លាក់ចុះហើយ។ ចឹងទេអគ្គិសនីរបស់យើង នឹងមានបញ្ហាទៀត ពិតហើយយើងបានបន្ថែមថាមពលមួយចំនួន  ជារោងចក្រដើរដោយឃ្យូងថ្ម រោងចក្រដើរដោយពន្លឺព្រះអាទិត្យ  និងការនាំចូលពីប្រទេសឡាវជាដើម”។

ជាមួយគ្នានេះ សម្តេច តេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ រោងចក្រ សហគ្រាសដែលមានម៉ាស៊ីនខ្លួនឯង នៅពេលដែលមានការចំាបាច់ និងមានការកាត់ភ្លើងដោយប្រការណាមួយនោះ ត្រូវប្រើប្រាស់ម៉ាស៊ីនខ្លួនឯងបណ្តោះអាសន្ន៕

កម្ពុជាស្ថិតក្នុងចំណោមបណ្តាប្រទេសអាស៊ានចំនួន៤ទទួលបានការវិនិយោគផ្ទាល់ពីបរទេសខ្ពស់ជាងគេ

ដោយ ៖ ម៉ាណេត

ភ្នំពេញៈ កម្ពុជាស្ថិតក្នុងបណ្តាប្រទេសអាស៊ានចំនួន៤ ទទួលបានលំហូរវិនិយោគផ្ទាល់ពីបរទេសដែលមានកម្រិតខ្ពស់ជាងគេ។ នេះតាមរបាយការណ៍អាស៊ានថ្មីមួយសិក្សាដោយសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ។

លំហូរវិនិយោគផ្ទាល់ពីបរទេស ក៏មានការកើនឡើងផងដែរ ក្នុងប្រទេសអាស៊ានចំនួន៦ទៀត ប៉ុន្តែកម្ពុជា ឥណ្ឌូនេស៊ី សឹង្ហបូរី និងវៀតណាមមានកំណើនខ្លាំងគួរឱ្យកត់សម្គាល់។

លំហូរវិនិយោគផ្ទាល់ពីបរទេសចូលអាស៊ាន បានកើនឡើងក្នុងរយៈពេល៣ឆ្នាំជាប់គ្នាក្នុងឆ្នាំ២០១៨ ដែលឈានដល់កម្រិតខ្ពស់គ្រប់ពេល ដោយកើនដល់១៥៥ពាន់លានដុល្លារអាមេរិក។ អាស៊ានបានចូលរួមចំណែក នៃលំហូរវិនិយោគផ្ទាល់ពីបរទេសលើពិភពលោកកើនឡើងដល់១១.៥ ភាគរយក្នុងឆ្នាំ២០១៨ ។ និន្នាការនេះត្រូវបានគេរំពឹងថានឹងបន្តឆ្ពោះទៅមុខទៀត។

ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា បានកើនដល់៣ពាន់លានដុល្លារ កើនឡើង ១៥ភាគរយ ដែលភាគច្រើនបានមកពីការវិនិយោគ ពីវិស័យសេវាកម្មដែលមានចំនួន ៧៩ភាគរយ នៃលំហូរចូលការវិនិយោគផ្ទាល់ពីបរទេសទាំងអស់។

របាយការណ៍បានបញ្ចាក់ថា “វិស័យសេវាកម្មមានចំនួន៧៩ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេសទាំងអស់នៅកម្ពុជា ខណៈវិស័យផលិតកម្មមានចំនួន១២ភាគរយ”។

វិនិយោគិនកំពូលៗនៅកម្ពុជា សុទ្ធសឹងតែមានប្រភពមកពីបណ្តាប្រទេសអាស៊ី ដូចជាចិន អាស៊ាន ហុងកុង កូរ៉េខាងត្បូង និងជប៉ុន។

របាយការណ៍បានបញ្ជាក់ថា វិស័យសេវាកម្ម ដែលទទួលបានការវិនិយោគផ្ទាល់ពីបរទេសត្រូវបានជំរុញដោយវិស័យធនាគារ និងធានារ៉ាប់រង។ នៅក្នុងវិស័យធនាគារ ធនាគារពាណិជ្ជកម្មបរទេសមួយចំនួន បានពង្រីកប្រតិបត្តិការរបស់ខ្លួន។

ធនាគារABA (កាណាដា)បានបើកសាខាថ្មីនៅកម្ពុជា ហើយគ្រោងនឹងបើកបន្ថែមទៀតនៅឆ្នាំ ២០១៩។ ធនាគារស៊ីនហាន (សាធារណរដ្ឋកូរ៉េ) បានពង្រីកប្រតិបត្តិការធនាគារសហករណ៍តៃវ៉ាន់ (ខេត្តតៃវ៉ាន់នៃប្រទេសចិន) និងធនាគារឧស្សាហកម្មកូរ៉េ (សា​ធារណរដ្ឋកូរ៉េ) ដែលបានបើកដំណើរការ ការិយាល័យតំណាងនិងមានផែនការបើកសាខានៅឆ្នាំ ២០២០។

វិស័យធានារ៉ាប់រង ដែលទើបតែចាប់ផ្តើមនៅកម្ពុជា ក៏ទទួលបានការជំរុញការវិនិ​យោគក្នុងឆ្នាំ២០១៨ផងដែរ។

របាយការបានបន្ថែមថា “ឧទាហរណ៍ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife (កាណាដា) បានពង្រីកធនាគារ South Pacific (ប៉ាពួញូហ្គីណេ)បានបំពេញការបណ្តាក់ទុនរួមគ្នាជាមួយដៃគូក្នុងស្រុក ហើយក្រុមហ៊ុនDai-ichi Life Holdings (ប្រទេសជប៉ុន) បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលជាកម្មសិទ្ធិទាំងស្រុង ដោយមានគម្រោងវិនិយោគចំនួន៣៧,៧លានដុល្លារ ក្នុងការពង្រីកបន្ថែមទៀតនៅក្នុងប្រទេស។

ក្រុមហ៊ុនដឹកជញ្ជូនបរទេសឥឡូវនេះ កំពុងប្រកួតប្រជែងគ្នាសម្រាប់ទីផ្សារវិនិយោគនៅកម្ពុជា។ របាយការណ៍បានបន្តថា “កំណើនសកម្មភាពពាណិជ្ជកម្មអន្តរជាតិនៅក្នុងប្រទេសនេះបានធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូន និងភ័ស្តុភារកាន់តែច្រើនវិនិយោគ និងពង្រីកនៅកម្ពុជា។

នៅឆ្នាំ ២០១៩ ក្រុមហ៊ុនសាជីវកម្ម Evergreen Marine Corporation (តៃវ៉ាន់) បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុនដឹកទំនិញ Nippon Express (ជប៉ុន) បានចាប់ផ្តើមសាងសង់ក្រុមហ៊ុនឃ្លាំង និងក្រុមហ៊ុនវេចខ្ចប់ Oji group (ជប៉ុន) បានពង្រីកបន្ថែមទៀត”៕

អាមេរិក នឹងវិនិយោគលើវិស័យសំខាន់ចំនួន៣ នៅក្នុងខេត្តព្រះសីហនុ ដើម្បីពង្រីកឥទ្ធិពលជាមួយចិន

ដោយ : វុត្ថា
ភ្នំពេញ ៖ ក្រៅពីប្រទេសចិន ជប៉ុន បារាំង និងប្រទេសផ្សេងទៀត ដែលមានមហិច្ឆិតាវិនិយោគនៅក្នុងខេត្តព្រះសីហនុកន្លងមកនេះ ពេលនេះ សហរដ្ឋអាមេរិកដែលជាប្រទេសមហាយក្សសេដ្ឋកិច្ចនៅលើពិភពលោក បានបង្ហាញមហិច្ឆិតារបស់ខ្លួនចូលរួមវិនិយោគលើវិស័យអាទិភាពសំខានន់ចំនួន ៣ នៅក្នុងខេត្តនេះផងដែរ។


លោក MICHAEL NEWBILL អនុប្រធានបេសកកម្មនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជានៅក្នុងជំនួបជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ៦ ម្សិលមិញនេះ គឺគោលបំណងដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរខេត្តកាន់តែល្អប្រសើរថែមទៀត ។
លោកបន្តថា គោលបំណងដែលមកទស្សនកិច្ចនេះ គឺចង់ជួយ និងធ្វើការវិនិយោគនៅខេត្តព្រះសីហនុ មានដូចជា ទី១.ចង់ផ្តល់អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ ២.ចង់ជួយបណ្តុះបណ្តាលធនធានមនុស្សផ្នែកភាសាអង់គ្លេស និងកីឡា ទី៣.មានបំណងនាំក្រុមហ៊ុនរបស់អាមេរិក មកវិនិយោគលើវិស័យថាមពលអគ្គិសនីនៅខេត្តព្រះសីហនុ ។


លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសស្វាគមន៍ចំពោះលោក MICHAEL NEWBILL ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចខេត្តព្រះសីហនុ និងតាមរយៈវត្តមាន នឹងផ្តល់ការគាំទ្រដល់កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជា ក៏ដូចជាខេត្តព្រះសីហនុ គាំទ្រគ្នាក្នុងការរក្សាឱ្យបាននូវដំណើរការសុខសន្តិភាពនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកចំណងទាក់ទងឱ្យកាន់តែល្អប្រសើរ។
លោកបន្តថា រដ្ឋបាលខេត្តមានផែនការអភិវឌ្ឍទីក្រុងព្រះសីហនុ ឱ្យទៅទីក្រុងវៃឆ្លាត (Smart City) នាពេលអនាគត។ ជាមួយគ្ននេះ សហរដ្ឋអាមេរិក មានកិច្ចសហប្រតិបត្តិការជាមួយខេត្តព្រះសីហនុ លើសកម្មភាពការងារសមយុទ្ធ រវាងកងកម្លាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ បានជួយឧបត្ថម្ភគាំទ្រ សាងសង់ និងជួសជុលអគារធ្វើការនៅមូលដ្ឋានសមុទ្រ និងការងារសង្គមមួយចំនួននៅក្នុងក្រុងព្រះសីហនុ ។
លោកអភិបាលខេត្ត ក៏បានស្នើដល់ស្ថានទូតអាមេរិកជួយជម្រុញដល់ក្រុងស៊ីអាថុល បន្តទំនាក់ទំនងជិតស្និទ្ធ និងរឹតចំណងមិត្តភាពឱ្យកាន់តែល្អប្រសើរ ។លោកក៏បានស្នើសុំស្ថានទូតអាមេរិកជួយផ្តល់ជំនួយអភិវឌ្ឍធនធានមនុស្ស និងវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ និងជួយធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគអាមេរិក មកទេសចរណ៍ និងវិនិយោគនៅខេត្តព្រះសីហនុឱ្យបានកាន់តែច្រើន ព្រោះខេត្តព្រះសីហនុមានសក្តានុពលខ្លាំងលើវិស័យទេសចរណ៍ ។
លោកអភិបាលបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកបានជួយឧបត្ថម្ភគាំទ្រដល់វិស័យអប់រំ ក្នុងនោះមានសាងសង់ និងជួសជុលសាលារៀន បន្ទប់ទឹកសិស្ស ជីកអណ្ដូងទឹកជាដើម គាំទ្រដល់វិស័យសុខាភិបាល ក្នុងនោះរួមមាន សង់អាគាររង់ចាំនៅមណ្ឌលសុខភាព និងបំពាក់បរិក្ខារពេទ្យ ។
ចំពោះវិស័យសេដ្ឋកិច្ច សហរដ្ឋអាមេរិកបានជួយបញ្ជាទិញទំនិញជាច្រើនពីរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ខេត្តព្រះសីហនុបានបង្កើតទំនាក់ទំនងខេត្តបងប្អូនជាមួយនឹងក្រុងស៊ីអាថុល សហរដ្ឋអាមេរិក ចាប់ពីឆ្នាំ២០០០ និងទទួលបាននូវជំនួយមនុស្សធម៍ មានដូចជាការពិនិត្យព្យាបាលជំងឺទូទៅ និងព្យាបាលវះកាត់ភ្នែកចំនួន ២លើក៕

សម្ដេចតេជោ ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣

ដោយ ៖ វុត្ថា
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្សព្វផ្សាយឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនេះ ត្រូវបានរៀបចំឡើងបន្តពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ដែលត្រូវបានចប់អាណត្តិនាចុងឆ្នាំ២០១៨ ក្នុងនីតិកាលទី៥ នៃរដ្ឋសភាកន្លងទៅ។
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ មានតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយ អាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា៕