អ្នកជំនាញ​បង្ហើប​ពី​គន្លឹះ​ប្រាប់​ដល់​យុវជន​ឲ្យ​ចេញ​រកស៊ី​

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ពេលវេលា​មាស​របស់​យុវជន​មិន​គួរ​ជា​ពេល​ដើរ​ផឹកស៊ី​ រាំរែក​ច្រើនពេក​នោះ​ទេ​ ប៉ុន្តែ​ពួកគេ​គួរតែ​ចំណាយពេល​វេលា​គិត​ពី​ការ​រកស៊ី​ ដើម្បីអនាគត​របស់​ខ្លួន​មាន​ភាព​ត្រ​ចេះ​ត្រចង់​។

អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​ និង​បាន​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​ជាច្រើន​គំរោង​នៅ​កម្ពុជា​ លោក​ង៉ែត​ ជូ​ បាន​មាន ប្រសាសន៍​ថា​ ចាប់តាំងពី​ពេល​មានការ​ងារ​ធ្វើ​ដំបូង​ យុវជន​គួរ​កុំ​សង្វាត​បង់​រំលស់​ផ្ទះ​ បង់​រំលស់​ឡាន​ ឬបង់​រំលស់​ម៉ូតូ​នាំ​ខាត​ឱកាស​ ខាតពេល​វេលា​ ប៉ុន្តែ​ពួកគេ​គប្បី​នាំគ្នា​សង្វាត​ខ្ចីប្រាក់​ធនាគារ​ ឬគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​យក​មក​វិនិយោគ​ជាមួយ​គេឯង​ក្រែង​ទទួល​បានផល​ចំណេញ​ ដក​បទពិសោធន៍​ ទទួល​បាន​ចំណេះដឹង​ និង​រៀន​ស្គាល់​មនុស្ស​អោយ​បាន​ច្រើន​។

លោក​បន្ត​ថា​ “ក្នុង​កាលៈទេសៈ​នេះ​យុវជន​មិន​ត្រូវ​ឈប់​ពី​ការងារ​ និង​ត្រូវ​ខិតខំ​បំពេញការងារ​អោយ​បាន​ល្អ​”។ លោក​បន្ថែម​ថា​ “បើ​ការងារ​ក៏​ជោគជ័យ​ មុខរបរ​ក៏​ជោគជ័យ​ នោះ​គឺជា​សមិទ្ធិ​ផល​ល្អ​របស់​អ្នក​ហើយ​។ ជំហាន​បន្ទាប់​ អ្នក​អាច​ចេញ​រកស៊ី​បាន​”។

នៅពេល​និយាយ​ដល់​បញ្ហា​នេះ​ ស្មេរ​នឹកឃើញ​ដល់​សម្តី​របស់​មហាសេដ្ឋី​លេខ​នៅ​ ហុងកុង​ គឺ​លោក​លី​ កា​ស៊ីញ​ ដែល​បាន​លើកឡើង​ថា​ “ចេញ​រកស៊ី​បើ​អ្នក​ខាត​ អ្នក​នឹង​ឆ្លាត​ជាង​មុន​ ហើយ​បើ​រកស៊ី​ជោគជ័យ​ អ្នក​នឹង​ក្លាយជា​អ្នកមាន​”៕

ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់​ដ៏​ធំ​មក​ពី​បារាំង​កំពុង​សិក្សា​លទ្ឋ​ភាព​វិនិយោគ​នៅ​កម្ពុជា​

ដោយៈ​ រ៉ា​ណេត​

កំពតៈ​ តប​ទៅ​នឹង​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ថាមពល​អគ្គិសនី​ ដែល​កំពុងតែ​មាន​ភាព​ខ្វះ​ខាត់​នៅឡើយ​នោះ​ ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់​ មក​ពី​ប្រទេស​បារាំង​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ ក្នុង​ការ​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​។

ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដ៏​ធំ​មួយ​ មក​ពី​ប្រទេស​បារាំង​មានឈ្មោះ​ Blue​ Circle​ ដែល​មាន​ជំនាញ​ក្នុង​ការផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់​ បាន​ចាប់អារម្មណ៍​ និង​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ ដោយ​ជា​ជម្រើស​ដំបូង​អាច​ដាក់​ទីតាំងនៅ​តំបន់​ភ្នំបូកគោ​ ខេត្តកំពត​ បន្ទាប់ពី​បាន​ធ្វើការ​សិក្សា​ពីទី​តាំង​រួច​ម្ដង​ហើយ​ កាលពីដើម​ឆ្នាំ​។

អគ្គនាយក​ថាមពល​ ក្រសួង​រ៉ែ​និង​ថាមពល​ លោក​ វ៉ិចទ័រ​ ហ្សូ​ណា​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃទី៥​ ខែតុលា​ ឆ្នាំ២០១៩កន្លងមក​ថា​ ក្នុង​គម្រោង​របស់​ក្រុមហ៊ុន​អាច​មានលទ្ធភាព​ ក្នុង​ការផលិត​រហូតដល់​ប្រមាណ៨០មេ​ហ្គា​វ៉ា​ត នៅក្នុង​ជំហាន​ដំបូង​។

លោក​បាន​បន្ត​ទៀត​ថា​ “ Blue​ Circle​ ជា​ក្រុមហ៊ុន​ដ៏​ធំ​មក​ពី​ប្រទេស​បារាំង​ ហើយ​ក្រសួង​បាន​ចេញ​លិខិតអនុញ្ញាត​ឱ្យ​គាត់​ ធ្វើការ​សិក្សា​នៅក្នុង​ខេត្តកំពត​ គឺ​នៅ​បូកគោ​ ហើយនិង​ខេត្តមណ្ឌលគីរី​ ប៉ុន្តែ​ផ្អែក​តាម​ភាព​ជាក់ស្ដែង​ នៅ​តំបន់​បូកគោ​មាន​សក្តា​នុ​ពល​ល្អ​ជាង​ ហើយ​ខាង​ក្រុមហ៊ុន​ អាច​នឹង​ធ្វើការ​វិនិយោគ​នៅ​តំបន់​នេះ​ ដែល​អនុគ្រោះ​ដល់​ខេត្តកំពត​ក្នុង​ការប្រើ​ប្រាស់​”។

ការចរចា​តម្លៃ​លក់​ថាមពល​កកើត​ឡើងវិញ​ ដើរ​ដោយ​ថាមពលខ្យល់​ជាមួយ​ក្រុមហ៊ុន​ គឺ​គ្រោង​នឹង​ធ្វើ​ក្នុង​ពេល​ខាង​មុ​ខឆាប់​ៗនេះ​ ខណៈ​ដែល​ការ​វិនិយោគ​គ្រោង​ចំ​ណាយ​ប្រមា​ន ២​-៣លាន​ដុល្លារ​ក្នុង​មួ​យមេហ្គា​វ៉ាត់​។

បើ​ទោះជា​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ ដើរ​ដោយ​ថាមពលខ្យល់​ ដែល​ទើបតែ​មាន​ជាលើកដំបូង​នៅ​កម្ពុជា​យ៉ាងណាក៏​ដោយ​ ប៉ុន្តែ​ការចរចា​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​តម្លៃ​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាមពល​ វា​គឺជា​រឿង​ចាំបាច់​ ដោយសារ​អគ្គិសនី​កម្ពុជា​ចង់បាន​ប្រភព​ថាមពល​ដែល​មានតម្លៃ​ទាប​ ដើម្បី​លក់​ចេញ​ឱ្យ​អ្នកប្រើ​ប្រាស់​ក្នុង​តម្លៃថោក​ ឱ្យ​ស្រប​ទៅតាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ដាក់ចេញ​កាលពី​ពេល​កន្លងទៅ​៕

អាមេរិក​ និង​ចិន​ចរចា​រក​កន្លែងចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ មេដឹកនាំ​អាមេរិក​ និង​ចិន​កំពុង​ចរចា​រក​កន្លែង​ដែល​ត្រូវ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី១​ ខណៈ​អ្នកចរចា​កំពុង​ពុះពារ​រក​សេចក្តី​លម្អិត​អំពី​ការ​បន្ធូរបន្ថយ​ពន្ធគយ​ និង​ការទិញ​កសិផល​។

អ្នកចរចា​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​មានបំណង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​“ ដំណាក់កាល​មួយ​” បណ្តោះអាសន្ន​ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​ APEC​ នៅ​ប្រទេស​ឈីលី​នៅ​ថ្ងៃទី១៦​ ខែវិច្ឆិកា​ ​ប៉ុន្តែ​ប្រធានាធិបតី​ឈីលី​ បាន​លុបចោល​ព្រឹត្តិ​ការណ៍​នេះ​ ដោយសារតែ​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ កំពុង​ធ្វើ​ឱ្យ​ប្រទេស​នេះ​រញ្ជួយ​។

លោក​ Donald​ Trump​ បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា​ ទីតាំង​ដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់​ការប្រជុំ​បន្ទាប់​ អាច​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​រដ្ឋ​កសិកម្ម​អាមេរិក​ Iowa​ ដោយ​ សារ​តែ​មាន​កិច្ច​ព្រមព្រៀង​យ៉ាងច្រើន​សម្រាប់​ចិន​ ក្នុង​ការទិញ​ទំនិញ​កសិកម្ម​អាមេរិក​ដែល​មានតម្លៃ​ដល់ទៅ៥០ពាន់​លាន​ដុល្លារ​។

ក្រុម​អ្នកវិភាគ​ក៏បាន​ប៉ាន់ស្មាន​ផង​ដែរ​ថា​ ប្រេស៊ីល​អាច​ជាទី​តាំង​សក្តា​នុ​ពល​មួយ​សម្រាប់​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ​ ខណៈ​លោក​ប្រធានាធិបតី​ចិន​លោក​ស៊ី​ ជី​នពីង​ គ្រោង​នឹង​នៅ​ទីនោះ​សម្រាប់​កិច្ចប្រជុំ​កំពូល​មួយ​ នៅ​ថ្ងៃទី​ ១៣​ ខែ​ វិច្ឆិកា​។

រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ថា​ អាឡាស្កា​ ឬហា​វ៉ៃ​ គឺជា​ទីតាំង​ដែល​មាន​សក្តា​នុ​ពល​សម្រាប់​ការ​ចុះហត្ថលេខា​នេះ​។

លោក​ Wilbur​ Ross​ បាន​ប្រាប់​សារព័ត៌មាន​ Bloomberg​ ថា​ “មាន​យោបល់​ថា​នៅ​អាឡាស្កា​ មាន​យោបល់​ថា​នៅ​ហា​វ៉ៃ​។ ខ្ញុំ​ប្រាកដ​ថា​ ប្រជាជន​ចិន​នឹង​មាន​យោបល់​មួយចំនួន​ថា​គួរតែ​ធ្វើ​នៅ​ចិន​”។

ការ​ចុះហត្ថលេខា​លើ​ពាណិជ្ជកម្ម​នេះ​កើតឡើង​ ខណៈ​អ្នកសេដ្ឋកិច្ច​របស់​អង្គការសហប្រជាជាតិ​ បាន​ចេញផ្សាយ​របាយការណ៍​គួរ​ឱ្យ​ព្រួយបារម្ភ​មួយ​ អំពី​ការខូចខាត​ដែល​បណ្តាល​មក​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​។

អង្គការសហប្រជាជាតិ​បាន​ថ្លែង​នៅក្នុង​របាយការណ៍​ថា​ “ជម្លោះ​ពន្ធ​ពាណិជ្ជកម្ម​រវាង​ចិន​ និង​អាមេរិក​គឺជា​ស្ថានភាព​ចាញ់​ ចាញ់​ សម្រាប់​ប្រទេស​ទាំងពីរ​ និង​ពិភពលោក​ទាំងមូល​ ហើយ​វា​ទំនងជា​យ៉ាប់យ៉ឺន​ ដរាបណា​គ្មាន​កិច្ច​ព្រមព្រៀង​ណាមួយ​”។

យោង​តាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ ការនាំចេញ​ចិន​ទៅកាន់​អាមេរិក​បាន​ធ្លាក់ចុះ​ចំនួន៥៣​ ពាន់​លាន​ដុល្លារ​ ហើយ​ការនាំចេញ​អាមេរិក​ទៅកាន់​ចិន​បាន​ធ្លាក់ចុះ​ចំនួន ១៤​,៥ពាន់​លាន​ដុល្លារ​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន​៕

ចំណេះដឹង​! តើ​រដ្ឋាភិបាល​មាន​ផែនការ​សកម្មភាព​អ្វីខ្លះ​ចំពោះ​លំនៅឋាន​ និង​ការតាំងទី​លំនៅ​ថ្មី​?

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ លំនៅឋាន​ និង​ការតាំងទី​លំនៅ​ថ្មី​ ជា​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ទីក្រុង​ ដែល​ត្រូវ​មានការ​ចូលរួម​ពី​វិស័យ​នានា​ទាំង​នៅ​ថ្នាក់​ជាតិ​ ទាំង​នៅ​ថ្នាក់ក្រោម​ជាតិ​ក្នុង​ការ​កសាង​ផែនការ​រៀបចំ​ដែនដី​ ប្លង់​គោល​ប្រើប្រាស់​ដី​ ផែនការ​ប្រើប្រាស់​ដី​ ការងារ​សំណង់​ ការងារ​ស្ថាបត្យកម្ម​ វិស្វកម្ម​ ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​សេវាកម្ម​សាធារណៈ​ ការស្វែងរក​ហិរញ្ញប្បទាន​ និង​ប្រភព​ធនធាន​ ការវាយតម្លៃ​អំពី​ផល​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​។ល។

យោង​តាម​ឯកសារ​គោលនយោបាយ​ស្តី​ពី​ លំនៅឋាន​របស់​រដ្ឋាភិបាល​កម្ពុជា​បានឱ្យ​ដឹង​ថា​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​  រដ្ឋាភិបាល​មាន​ផែនការ​សម្របសម្រួល​ រវាង​ស្ថាប័ន​ពាក់ព័ន្ធ​ និង​ការរៀបចំ​លិខិត​បទដ្ឋាន​គតិ​យុត្តិ​ផ្សេង​ៗ ឆ្លើយតបទៅនឹង​គោលនយោបាយ​លំនៅឋាន​ មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ តាមលំដាប់​ថ្នាក់​របស់​រាជរដ្ឋាភិបាល​ ដៃ​គូរ​អភិវឌ្ឍ​ សង្គម​ស៊ីវិល​ វិស័យ​ឯកជន​ និង​សហគមន៍​ផ្ទាល់​។

គោលនយោបាយ​លំនៅឋាន​ បាន​ផ្តោត​លើ​យុទ្ធ​សា​ស្ត្រគំា​ទ្រ​ ដូចជា​ ការចូលរួម​សម្រេច​របស់​សហគមន៍​មូលដ្ឋាន​ ការ​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ជួសជុល​ ឬសាងសង់​លំនៅឋាន​ ការសាងសង់​លំនៅឋាន​ថ្មី​ ដើម្បី​ដោះស្រាយ​តម្រូវការ​ចំពោះមុខ​ ការកំណត់​មូលដ្ឋាន​សម្រាប់​រៀបចំ​ប្លង់​គោល​ប្រើប្រាស់​ដី​ ផែនការ​ប្រើប្រាស់​ដី​នៅ​ទីក្រុង​ ទីប្រជុំជន​ និង​ជនបទ​ ការរៀបចំ​ប្រភេទ​ផ្សេង​ៗនៃ​លំនៅឋាន​ ស្របតាម​តម្រូវ​ការ​ផ្សេង​ៗគ្នា​របស់​ប្រជាជន​ ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​សេវា​សាធារណៈ​ និង​ការកំណត់​តម្លៃ​សេវា​នៃ​ការអនុញ្ញាត​សាងសង់​។ល៕

ក្រុមហ៊ុន​សេវាកម្ម​ម្ហូបអាហារ​ដែល​មូលដ្ឋាន​នៅ​បារាំង​ដ៏​ធំ​មួយ​នឹង​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជា​

ដោយ​ ម៉ា​ណេត

ភ្នំ​ពេញៈ​ ​ក្រុមហ៊ុន​ជំនាញ​ខាង​សេវាកម្ម​អាហារ​ធ្វើដំណើរ​ ដែល​មាន​មូលដ្ឋាន​នៅ​បារាំង​ Newrest​ នឹង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​មកកាន់​កម្ពុជា​ និង​មីយ៉ាន់ម៉ា​នា​ពេល​ខាងមុខនេះ​ ។

ក្រុមហ៊ុន​ EM​ Food​ Services​ Pte​ Ltd​ គ្រប់គ្រង​ដោយ​អាជីវកម្ម​បែប​គ្រួសារ ​Alain​ Dupuis​ និង​មាន​ការិយាល័យ​កណ្តាល​នៅ​សឹង្ហ​បូរី​។ ក្រុម​អាជីវកម្ម​ជំនាញ​ខាង​ម្ហូបអាហារ​ និង​ភេសជ្ជៈ​ឥឡូវនេះ​ រកចំណូល​បាន២០លាន​ផោន​ក្នុង​មួយឆ្នាំ​។

ជាមួយនឹង​ការទិញ​នេះ​ ក្រុមហ៊ុន​ Newrest​ បានឱ្យ​ដឹង​ថា​ ខ្លួន​រំពឹង​ថា​នឹង​ពន្លឿន​ការ​អភិវឌ្ឍ​អាជីវកម្ម​របស់​ខ្លួន​ នៅក្នុង​ទីផ្សារ​សេវាកម្ម​ម្ហូបអាហារ​ តាម​កិច្ចសន្យា​នៅ​អាស៊ី​ និង​មាន​សកម្មភាព​លក់រាយ​ (គ្រប់គ្រង​បារ​ និង​ភោជនីយដ្ឋាន​) ក្រោម​ការ​ផ្តល់​សម្បទាន​នៅ​ក្នុង​ព្រលា​នយន្តហោះ​ក្នុង​តំបន់​។

ម្ចាស់ភាគហ៊ុន​ EM​ Food​ Services​ ដែល​ជា​ម្ចាស់ភាគហ៊ុន​ល្បីឈ្មោះ​មួយ​រូបលោក​ Lars​ Crone​ នៅក្នុង​វិស័យ​ម្ហូបអាហារ​ និង​ភេសជ្ជៈ​នឹង​ចាកចេញ​ពី​អាជីវកម្ម​នេះ​។

លោក​ Crone​ បាន​មានប្រសាសន៍​ថា​ “ក្រុម​គ្រួសារ​ Dupuis​ និង​ដៃគូ​របស់​ខ្លួន​មានការ​រំភើប​ចំពោះ​គំនិត​ នៃ​ការ​ស្វាគមន៍​ក្រុម​ Newrest​ Group ​មកកាន់​កម្ពុជា​ និង​មីយ៉ាន់ម៉ា​”។ លោក​បន្ត​ថា​ “ជំនាញ​ក្នុង​សេវាកម្ម​ម្ហូបអាហារ​ក្រៅ​ផ្ទះ​របស់​ក្រុម​ ដូចជា​ Newres ​ដែល​បាន​បង្កើត​ប្រតិ​បត្ដិ​ការ​អន្ដរ​ជាតិ​ យ៉ាង​ទូលំទូលាយ​រួចជាស្រេច​ រួមផ្សំ​នឹង​សមត្ថភាព​របស់​ខ្លួន​ ក្នុង​ការទិញ​យក​ភាគហ៊ុន​ ដោយ​ការពារ​គំរូ​អាជីវកម្ម​ក្រុមហ៊ុន​នី​មួយ​ៗ នឹង​ធានា​បាន​នូវ​ការ​រីកចម្រើន​ និង​ទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត​សម្រាប់​ក្រុមហ៊ុន​ និង​បុគ្គលិក​របស់​យើង​។

ក្រុមហ៊ុន​ EM​ Food​ Services​ គ្រប់គ្រង​ និង​ប្រតិបត្តិ​ការ​សម្បទាន​អាហារ​នៅ​អាកាសយាន​ដ្ឋាន​ជាមួយ​ EMCAT​ ដោយ​ផ្តល់​សេវាកម្ម​កិច្ចសន្យា​ ក្រោម​ការគ្រប់គ្រង​ក្រុមហ៊ុន​ Hagar​ Catering​ និង​កន្លែង​ផលិត​ចំណីអាហារ​ ជាមួយ​សេវាកម្ម​នៅ​តាម​តំបន់​មេគង្គ​នៅ​ជាង​ ៦០កន្លែង​ ដោយមាន​បុគ្គលិក១០០០នាក់​ បម្រើ​អាហារ​ច្រើនជាង១៤​ លាន​អាហារ​ ឬផលិតផល​អាហារ​ក្នុង​មួយឆ្នាំ​។

ក្រុមហ៊ុន​ Newrest​ មាន​សកម្មភាព​នៅក្នុង​ការ​ផ្តល់​សេវា​ម្ហូបអាហារ​ និង​ផ្នែក​បដិសណ្ឋារ​កិច្ច​ ដែល​ពាក់ព័ន្ធ​ទាំងអស់​ រួម​ទាំង​ការ​ផ្តល់​សេវាកម្ម​យន្តហោះ​ និង​ការទិញ​ទំនិញ​ផេ្សង​។

ក្រុមហ៊ុន​ Newrest​ មាន​ប្រាក់ចំណូល​ជិត១​,៩ពាន់​លាន​អឺ​រ៉ូ​ ក្នុង​ឆ្នាំ​ ២០១៧​/១៨​ និង​មាន​និយោជិក៣២​,០០០​ នាក់​ក្នុង៤៩ប្រទេស​នៅ​ទូទាំង​ពិភពលោក​៕

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសន្និសីទធនាគារអាស៊ានលើទី២២និងកិច្ចប្រជុំក្រុមប្រឹក្សាធនាគារអាស៊ាន

ដោយវុត្ថា
ភ្នំពេញៈ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ ធនាគារអាស៊ានលើកទី២២ និងកិច្ចប្រជុំក្រុមប្រឹក្សាធនាគារអាស៊ាន លើកទី៤៩នៅថ្ងៃទី២៥ ដល់ទី២៧ ខែវិច្ឆិកាឆ្នាំ ២០១៩ ខាងមុខនេះក្រោមប្រធានបទ “ការតភ្ជាប់នៃសមាគមអាស៊ានត្រឹមឆ្នាំ២០២៥ ស្តីពី ពិភពលោកថ្មីនៃនវានុវត្តភាពបច្ចេកវិទ្យា សម្រាប់វិស័យធនាគារអាស៊ានតែមួយ”។


ប្រធានសមាគមធនាគារនៅកម្ពុជា លោក អ៊ិន ចាន់នីបានប្រាប់សារព័ត៌មាននៅក្នុងស្រុកនៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះថា សន្និសីទប្រចាំតំបន់នេះ ត្រូវធ្វើឡើងប្តូរវេនគ្នាជាមួយសមាជិកអាស៊ានជារៀងរាល់២ឆ្នាំម្តង ដែលនឹងរំពឹងថាមានប្រតិភូច្រើនជាង៥០០នាក់ មកពីទូទាំងតំបន់ចូលរួមនៅក្នុងសន្និសីទ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ។
លោកបន្តថា “នេះគឺជាកត្តិយសដ៏ធំមួយសម្រាប់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទដ៏សំខាន់មួយនេះ ដែលនឹងនាំយកសមាជិកសំខាន់ៗក្នុងវិស័យធនាគារអាស៊ាន ដើម្បីធ្វើការពិភាក្សាគ្នាជាផ្លូវការសម្រាប់រយៈពេល៣ថ្ងៃ”។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វិស័យធនាគារមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ដោយបានចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មី ជាលើកដំបូង ដែលជួយឲ្យរាល់សេវាហិរញ្ញវត្ថុផ្លូវការទាំងអស់ ស្ថិតក្នុងដៃរបស់ប្រជាពលរដ្ឋកម្ពុជា គ្រប់ពេល និងគ្រប់ទីកន្លែង។


លោក អ៊ិន ចាន់នី បានបញ្ជាក់ទៀថា ដោយមានការគាំទ្រ និងការសហការពីណាក់ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា បានផ្តោតទៅលើការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើនបរិយាប័ន្ន ក្នុងវិស័យហិរញ្ញវត្ថុផ្លូវការផង និងជួយលើកកម្ពស់ការប្រើប្រាស់រូបបិយបណ្ណ របស់ប្រទេសយើងគឺប្រាក់រៀលខ្មែរ សម្រាប់រាល់ការធ្វើអាជីវកម្មធំ និងតូចទាំងអស់ជាសារព័ន្ឋ។
លោក អ៊ិន ចាន់នី បានសម្តែងសុទិដ្ឋិនិយមថា សមាជិកដែលមកពីទូទាំងសហគមន៍អាស៊ាន នឹងចែករំលែកបទពិសោធន៍ជាច្រើន ដែលត្រូវសិក្សាអំពីវិធីសាស្ត្រដែលធនាគារកម្ពុជា កំពុងតែប្រើប្រាស់បច្ចេកវិទ្យា ក៏ដូចជាការរីកចម្រើនផ្សេងៗ ដើម្បីផ្តល់ជូនផលិតផល និងសេវាកម្មបន្ថែមទៀត ដល់អតិថិជនរបស់ខ្លួនដែលកំពុងកើនឡើងឥតឈប់ឈរ និងដើម្បីធ្វើឲ្យប្រសិទ្ធភាព តម្លាភាព និងអត្ថប្រយោជន៍នៃការប្រតិបត្តិការណ៍របស់ពួកគេ កាន់តែល្អប្រសើរជាងមុន។
សន្និសីទនេះ នឹងមានចូលរួមពីបណ្តាធនាគារជាច្រើន នៅក្នុងប្រទេសកម្ពុជា និង លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគាជាតិនៃកម្ពុជា ដែលជាគណៈអធិបតី និងវាគ្មិនសំខាន់ៗដូចជា លោកស្រី ជា សេរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ព្រមទាំងការចូលរួមពី អ្នកឯកទេសជំនាញផ្សេងៗគ្នា ព្រមទាំងវាគ្មិនកត្តិយសមកពីទូទាំងតំបន់ ដើម្បីធ្វើបទបង្ហាញទៅកាន់ប្រតិភូ លើប្រធានបទដែលមានសារៈសំខាន់ជុំវិញការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងសេវាហិរញ្ញវត្ថុ ដែលអញ្ជើញមកពី សមាគមធនាគារិកអាស៊ាន ធនាការកណ្តាលនៃប្រទេសសិង្ហបុរី សហព័ន្ឋធនាគារហ្វីលីពីន (Union Bank of Philippines) សមាគមធនាគានៃប្រទេសថៃ ធនាគារពិភពលោក (World Bank) សាជីវកម្មហិរញ្ញវត្តុអន្តរជាតិ (IFC) ព្រមទាំងវាគ្មិនកិត្តិយសជាច្រើននាក់ទៀតផងដែរ។
សន្និសីទនេះ ក៏បានរៀបចំនូវការពិព័រណ៍ស្តីពីធនាគារ ដែលហៅថា «Banking Expo» ខណៈដែលក្រុមហ៊ុននានា ដែលធ្វើការក្នុងវិស័យធនាគារ នឹងបង្ហាញពីផលិតផល និងសេវាកម្មរបស់ពួកគេ ជូនទៅកាន់អ្នកដែលចូលរួមទាំងអស់៕

ធនាគារកណ្តាលថៃបន្ទាបអត្រាការប្រាក់ជាថ្មីដើម្បីគ្រប់គ្រងការឡើងថ្លៃប្រាក់បាត

ដោយ : Donald Lee

ភ្នំពេញៈ ធនាគារថៃបានទម្លាក់អត្រាការប្រាក់ ជាលើកទី២នៅឆ្នាំនេះ ដើម្បីទប់ស្កាត់កំណើនប្រាក់បាត និងជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ។

ធនាគារកណ្តាលបានទម្លាក់អត្រាការប្រាក់ មកនៅត្រឹម១,២៥ភាគរយ ដែលជាអត្រាមួយ ដែលមិនធ្លាប់មានចាប់តាំងពីមានវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោកកាលពីឆ្នាំ២០០៨។
នៅក្នុងរបាយការណ៍ស្តីពី ការកាត់បន្ថយអត្រាការប្រាក់ ធនាគារINGបានឱ្យដឹងថា “មិនមានការភ្ញាក់ផ្អើលអ្វីទេនៅទីនេះ ព្រោះការផ្លាស់ប្តូរនេះស្របទៅនឹងទស្សនៈរួម និងការព្យាករណ៍របស់យើង ដោយពឹងផ្អែកលើការបន្តធ្លាក់ចុះនៃកំណើន ក៏ដូចជា អត្រាអតិផរណានៅឆ្នាំនេះ”។
រូបិយប័ណ្ណថៃ ស្ថិតក្នុងចំណោមរូបិយប័ណ្ណខ្លាំងបំផុត នៅលើពិភពលោកក្នុងរយៈពេលមួយឆ្នាំកន្លងមក។ ប្រាក់បាតឡើងថ្លៃជាង៥ភាគរយ ធៀបនឹងប្រាក់ដុល្លារអាមេរិកនៅឆមាសទីមួយឆ្នាំនេះ។ តាមពិតប្រាក់បាតឡើងថ្លៃជាងរូបិយប័ណ្ណផ្សេងៗទៀត នៅអាស៊ី។
ប្រាក់បាតឡើងដល់កម្រិតខ្ពស់រយៈពេល៦ឆ្នាំកន្លងមក ដោយនៅឆ្នាំនេះបានកើនដល់៣១,៣១ ធៀបនឹងប្រាក់១ដុល្លារអាមេរិកនៅពេលនេះ។
ភាពខ្លាំងប្រាក់បាតកំពុងរារាំងដល់អ្នកទេសចរ ដែលមានចំណូលតិចមួយចំនួននៅឆ្ងាយពីថៃ ដោយសារកំលាំងចំណាយរបស់ពួកគេ មានការថយចុះទាក់ទងនឹងការពង្រឹងរូបិយប័ណ្ណថៃ។
វិស័យទេសចរណ៍គឺជាសមាសធាតុដ៏សំខាន់មួយ នៃសេដ្ឋកិច្ចថៃដែលមានចំនួនស្មើនឹង១ ភាគ៥នៃ GDP របស់ប្រទេសនេះ៕

CVEA​ នឹង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​តាមរយៈ​ការ​ចុះ​ MOU​ ជាមួយ​សមាគម​អចលនទ្រព្យ​ចំនួន៣នៅ​សហរដ្ឋអាមេរិក​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅក្នុង​ឱកាស​នៃ​ការចូលរួម​នៅក្នុង​ព្រឹត្តិ​ការណ៍​សន្និសីទ​ និង​ពិព័រណ៍​អចលនទ្រព្យ​ប្រចាំឆ្នាំ​រយៈពេល៤ថ្ងៃ​នៅ​សហរដ្ឋអាមេរិក​ សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា CVEA​ គ្រោង​នឹង​ចុះ​កិច្ច​អនុស្សារ​ណៈ​យោគយល់​ ជាមួយ​សមាគម​អចលនទ្រព្យ​ចំនួន៣ផ្សេងគ្នា​ ដើម្បី​ជំរុញ​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​នៅ​កម្ពុជា​បន្ថែម​ទៀត​។

មុន​ពេល​ចា​កើ​ចេញ​បី​ព្រលា​នយន្តហោះ​អន្តរជាតិ​-ភ្នំពេញ​ ដើម្បី​ចាកចេញ​ទៅកាន់​សហរដ្ឋអាមេរិក​ ចូលរួម​នៅក្នុង​ព្រឹត្តិ​ការណ៍​ពិព័រណ៍​អចលនទ្រព្យ​ប្រចាំឆ្ នាំ​( THE​ REALTOR​® CONFERENCE​ &​ EXPO​ – 2019​ ) ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនីម​ ដែល​ដឹកនាំ​សមាជិក​ចំនួន២៣នាក់​ រួម​ដំណើរ​ទៅជាមួយ​ផង​ដែរ​នោះ​បាន​មានប្រសាសន៍​ថា​ “ព្រឹត្តិ​ការណ៍​សន្និសីទ​ និង​ពិព័រណ៍​អចលនទ្រព្យ​ប្រចាំឆ្នាំ​ របស់​សមាគម​ជាតិ​អ្នក​វាយតម្លៃ​អចលនទ្រព្យ​អាមេរិក​ ហៅ​កាត់​ (NAR​) មាន​រយៈពេល៤ថ្ងៃ​ ដោយធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី៨​-២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​ទីក្រុង​សេន​ហ្វ្រេ​នស៊ី​ស្កូ​ (San​ Francisco​) រដ្ឋ​កា​លី​ហ្វ​ញ៉ា​ (California​) ”។

លោក​ច្រឹក​ សុ​ខនីម​ បាន​បន្ត​ទៀត​ថា​ “នៅក្នុង​ព្រឹត្តិ​ការណ៍​មាន​បណ្តា​សមាគម​ និង​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ចូលរួម​ជាច្រើន​ ដើម្បី​ធ្វើការ​ស្វែងយល់​ពី​បរិ​កាស​នៃ​ទីផ្សារ​អចលនទ្រព្យ​ នៅ​តាម​បណ្តា​ប្រទេស​នានា​នៅ​លើ​សាកលលោក​ ជាពិសេស​គឺ​ការផ្លាស់ប្ដូរ​នូវ​បទពិសោធន៍​ ចំណេះដឹង​ក្នុង​វិស័យ​រួមគ្នា​ ក៏ដូចជា​សិក្សា​បន្ថែម​ពី​ផ្នែក​បច្ចេកវិទ្យា​ក្នុង​វិស័យ​អចលនទ្រព្យ​ ភាព​ជំនាញ​ទៅលើ​ការវាយតម្លៃ​ និង​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​អន្តរជាតិ​ ក្នុងនាម​ជាស​មា​ជិ​ករបស់​សមាគម​ជាតិ​ អ្នក​វាយតម្លៃ​អចលនទ្រព្យ​អាមេរិក​ (NAR​)។

ភ្ជាប់​ទៅ​នឹង​គម្រោង​នៃ​ការ​ចុះ​ កិច្ច​អនុស្សរណៈ​យោគយល់​ រវាង​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ជាមួយនឹង​សមាគម​អចលនទ្រព្យ​ចំនួន៣ផ្សេងគ្នា​នោះ​ លោក​ ច្រឹក​ សុ​ខនីម​ បាន​បញ្ជាក់​ថា​ យើង​មាន​ផែនការ​ចុះ​ MOUចំនួន៣​ ក្នុង​នោះ​មាន​សមាគម​នៅ​សហរដ្ឋអាមេរិក​ចំនួន២​ និង​សមាគម​នៅ​អឺរ៉ុប១​ ដែល​យើង​កំពុងធ្វើការ​ហ្នឹង​ ដោយ​យើង​ផ្ដោត​លើ​ការ​សហការ​គ្នា​។

កម្ពុជា​យើង​អត់​ទាន់​បើក​ជំហរ​ជើងមេឃ​ទៅ​ខាង​អឺរ៉ុប​ តែ​ឥលូវ​យើង​កំពុង​ពង្រីក​ទីផ្សារ​ទៅ​ផ្នែក​អឺរ៉ុប​ ចឹ​ងយើង​អាច​នាំ​ភ្ញៀវ​របស់​យើង​ មិន​ត្រឹមតែ​អាច​ទៅ​សហរដ្ឋអាមេរិក​ទេ​ គឺ​អាច​ទៅ​អឺរ៉ុប​ថែមទៀត​ នេះ​គឺជា​ទិសដៅ​ធំ​របស់​យើង​ យើង​ចង់​ពង្រីក​សក្ដានុពល​លើ​ពិភពលោក​”។

លោក​បាន​លើកឡើង​ថា​ “តាមរយៈ​នៃ​ការ​ចុះ​អនុស្សារ​ណៈ​យោគយល់​នេះ​ រួម​ជាមួយនឹង​ការ​បង្ហាញ​ពី​កាលានុវត្ត​ភាព​ ក៏ដូចជា​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ នឹងអាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​ អ្នក​វិនិយោគ​មក​ពី​បណ្តា​ប្រទេស​ដទៃទៀត​ មកកាន់​កម្ពុជា​ជាក់ជា​មិនខាន​”៕

កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពុង​ដំណើរ២៣​ ដែល​មាន​គម្រោង​វិនិយោគ​ចំនួន​ ៤៨២នៅ​ទូទាំង​ប្រទេស​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ បច្ចុប្បន្ន​កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ ដែល​កំពុង​ដំណើរការ​ចំនួន២៣​ ដែល​មាន​គម្រោង​វិនិយោគ​ចំនួន៤៨២​ ដែល​ផ្តល់​ការងារ​ដល់​កម្មករ​កម្មការនី​ចំនួន​ជាង១៣ម៉ឺន​នាក់​ និង​ចូលរួម​ចំណែក​ដល់​ប្រមាណ១៤​% នៃ​ការនាំចេញ​សរុប​។

លោក​សុខ​ ចិន្តា​សោភា​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ អគ្គលេខាធិការ​ក្រុម​ប្រឹ​ក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅក្នុង​ជំនួប​ជាមួយ​ លោក​ Eva​ Nguyen​ BINH​ ឯកអគ្គ​រដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ ខណៈ​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ក្រុង​ព្រះសីហនុ​នៅ​ថ្ងៃទី៦​ ខែវិច្ឆិកា​នេះ​បានឱ្យ​ដឹង​ថា​ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ មាន​គម្រោង​វិនិយោគ​ចំនួន១៨១គម្រោង​ ដែល​ផ្តល់​ការងារ​ដល់​កម្មករ​ កម្មការនី​ ចំនួន​ជាង២ម៉ឺន៥ពាន់​នាក់​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ “ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​ ត្រូវ​បាន​ផ្តួចផ្តើម​គំនិត​ដោយ​ផ្ទាល់​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ដោយ​បច្ចុប្បន្ន​នេះ​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ បាន​និង​កំពុង​មានការ​រីក​ចំរើន​យ៉ាង​ខ្លាំង​”។

លោក​ Eva​ Nguyen​ BINH​ ឯកអគ្គ​រដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ បាន​វាយតម្លៃ​ខ្ពស់​ ចំពោះ​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ ដែល​មានការ​រៀបចំ​បាន​ល្អ​ប្រសើរ​ និង​បាន​ចូលរួម​ចំណែក​ដល់​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ ខណៈ​លោកស្រី​បាន​ទស្សនា​រោងចក្រ​ចំនួន៣​ គឺ​រោងចក្រ​ផលិត​ធុងទឹក​រថយន្ត​ រោងចក្រ​ផលិត​ក្តារ​បន្ទះ​ និង​រោងចក្រ​ផលិត​សម្ភារៈ​សម្រាប់​ជិះសេះ​។

លោកស្រី​សន្យា​ថា​ នឹង​ជំរុញ​អ្នក​វិនិយោគ​បារាំង​ ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​ ជាពិសេស​ មក​បណ្តាក់​ទុន​នៅ​បណ្តា​តំបន់​សេដ្ឋកិច្ច​ពិសេស​។

រដ្ឋាភិបាល​កម្ពុជា​ បានសម្រេច​បង្កើត​តំបន់​សេដ្ឋកិច្ច​ នៅ​តាម​នៅ​រាជធានី​ ខេត្ត​ ដែល​មាន​សក្តា​ដានុ​ពល​សេដ្ឋកិច្ច​ និង​ការ​ដឹកជញ្ជូន​ ក្នុង​គោលបំណង​ក្នុង​ការ​លើក​លើកទឹកចិត្ត​ពន្ធ​ និង​អាករ​ដល់​អ្នក​វិនិយោគ​ក្នុង​តំបន់​។

បន្ថែម​ពីនេះ​រដ្ឋាភិបាល​ ក៏​មានការ​លើកទឹកចិត្ត​លើ​ការនាំចូល​ សម្ភារ​បរិក្ខារ​ផលិតកម្ម​ សម្ភារ​សាងសង់​ ធាតុ​ចូល​ផលិតកម្ម​ ត្រូវ​សម្រេច​ផ្តល់​ជូន​ដល់​អ្នក​វិនិយោគ​ក្នុង​តំបន់​តាម​សំណូមពរ​ និង​គោលការណ៍​នៃ​ច្បាប់​ដោយសា​មី​អ្នក​វិនិយោគ​ ក្នុង​តំបន់​នោះ​ត្រូវ​រៀបចំ​បញ្ជី​សម្ភារ​បរិក្ខារ​ផលិតកម្ម​ សម្ភារៈ​សាងសង់​ ធាតុ​ចូល​ផលិតកម្ម​ដែល​ត្រូវ​នាំចូល​ ទាំងនោះ​ ដាក់​ជូន​រដ្ឋបាល​តំបន់​សេដ្ឋកិច្ច​ពិសេស​ពិនិត្យ​ ដែល​នឹង​ត្រូវ​ផ្តល់​ជូន​នៅនឹង​កន្លែង​ ហើយ​រដ្ឋបាល​ តំបន់​សេដ្ឋកិច្ច​ពិសេស​គ្រាន់តែ​រាយការណ៍​ជូន​មក​ គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​ និង​ស្ថាប័ន​គ្រប់គ្រង​ ដើម្បី​ជ្រាប​ជា​ព័ត៌មាន​ប៉ុណ្ណោះ​។

សិទ្ធិ​ដែល​ត្រូវ​បាន​ទទួលការ​លើកទឹកចិត្ត​ផ្នែក​សារពើពន្ធ​ នឹង​សម្រេច​ជូន​អ្នក​វិនិយោគ​ក្នុង​តំបន់​ នៅក្នុង​វិញ្ញាបនបត្រ​ចុះបញ្ជី​ជាស្ថាពរ​ ដែល​នឹង​ត្រូវ​ចេញ​ជូន​អ្នក​វិនិយោគ​ក្នុង​តំបន់​ ស្របតាម​ច្បាប់​ និង​អនុក្រឹត្យ​ស្តី​ពី​ ការអនុវត្ត​ច្បាប់​ស្តី​ពី​វិសោធនកម្ម​នៃ​ច្បាប់​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាធរមាន​៕

វិស័យ​សេវាកម្ម​កំពុង​នាំមុខ​ក្នុង​ការ​ទាក់ទាញ​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​មកកាន់​កម្ពុជា​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ​វិស័យ​សេវាកម្ម​ ក្នុង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI​) នៅ​កម្ពុជា​បាន​ហក់​ឡើង​យ៉ាង​ខ្លាំង​បំផុត​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​របាយការណ៍​វិនិយោគ​ថ្មី​ ASEN​ ឆ្នាំ​ ២០១៩​។

ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​ បាន​កើន​ដល់​ទឹកប្រាក់៣ពាន់​លាន​ដុល្លារ​ កើនឡើង១៥ភាគរយ​ដែល​ភាគច្រើន​ បាន​មក​ពី​ការ​វិនិយោគ​ពី​វិស័យ​សេវាកម្ម​ ដែល​មាន​ចំនួន៧៩ភាគរយ​ នៃ​លំហូរ​ចូល​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ទាំងអស់​។

របាយការណ៍​បាន​បញ្ចាក់​ថា​ “វិស័យ​សេវាកម្ម​មាន​ចំនួន៧៩ភាគរយ​ នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ទាំងអស់​នៅ​កម្ពុជា​ ខណៈ​វិស័យ​ផលិតកម្ម​មាន​ចំនួន១២ភាគរយ​”។

វិនិយោគិន​កំ​ពូល​ៗនៅ​កម្ពុជា​ សុទ្ធសឹងតែ​មាន​ប្រភព​មក​ពី​បណ្តា​ប្រទេស​អាស៊ី​ ដូចជា​ ចិន​ អាស៊ាន​ ហុងកុង​ កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​។

របាយការណ៍​បាន​បញ្ជាក់​ថា​ វិស័យ​សេវាកម្ម​ ដែល​នាំមុខ​ក្នុង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ត្រូវ​បាន​ជំរុញ​ដោយ​វិស័យ​ធនាគារ​ និង​ធានារ៉ាប់រង​។

នៅក្នុង​វិស័យ​ធនាគារ​ ធនាគារពាណិជ្ជ​កម្ម​ បរទេស​មួយចំនួន​ បាន​ពង្រីក​ប្រតិបត្តិ​ការ​របស់​ខ្លួន​។

ធនាគារ​ABA​(កាណាដា​) បាន​បើក​សាខា​ថ្មី​នៅ​កម្ពុជា​ ហើយ​គ្រោង​នឹង​បើក​បន្ថែម​ទៀត​នៅ​ឆ្នាំ​ ២០១៩​។ ធនាគារ​ស៊ីន​ហាន​ (សាធារណរដ្ឋ​កូរ៉េ​) បាន​ពង្រីក​ប្រតិបត្តិ​ការ​ធនាគារ​សហករណ៍​តៃវ៉ាន់​ (ខេត្ត​តៃវ៉ាន់​នៃ​ប្រទេស​ចិន​) និង​ធនាគារ​ឧស្សាហកម្ម​កូរ៉េ​ (សាធារណរដ្ឋ​កូរ៉េ​) ដែល​បាន​បើក​ដំណើរការ​ ការិយាល័យ​តំណាង​និង​មាន​ផែនការ​បើក​សាខា​នៅ​ឆ្នាំ​ ២០២០​។

វិស័យ​ធានារ៉ាប់រង​ ដែល​ទើបតែ​ចាប់ផ្តើម​នៅ​កម្ពុជា​ ក៏​ទទួល​បានការ​ជំរុញ​ការ​វិនិយោគ​ក្នុង​ឆ្នាំ២០១៨ផង​ដែរ​។

របាយការណ៍​បាន​បន្ត​ថា​ “ឧទាហរណ៍​ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ Manulife​ (កាណាដា​) បាន​ពង្រីក​ធនាគារ​ South​ Pacific​ (ប៉ា​ពួ​ញូ​ហ្គីណេ​) បាន​បំពេញ​កា​រប​ណ្តា​ក់​ទុន​រួមគ្នា​ជាមួយ​ដៃគូ​ក្នុង​ស្រុក​ ហើយ​ក្រុមហ៊ុន​ Dai​-ichi​ Life​ Holdings​ (ប្រទេស​ជប៉ុន​) បាន​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ ដែល​ជា​កម្មសិទ្ធិ​ទាំងស្រុង​ ដោយមាន​គម្រោង​វិនិយោគ​ចំនួន ៣៧​,៧លាន​ដុល្លារ​ ក្នុង​ការពង្រីក​បន្ថែម​ទៀត​នៅក្នុង​ប្រទេស​។

ក្រុមហ៊ុន​ដឹកជញ្ជូន​បរទេស​ឥឡូវនេះ​ កំពុង​ប្រកួតប្រជែង​គ្នា​សម្រាប់​ទីផ្សារ​វិនិយោគ​នៅ​កម្ពុជា​។

របាយការណ៍​បាន​បន្ត​ថា​ “កំណើន​សកម្មភាព​ពាណិជ្ជកម្ម​អន្តរជាតិ​ នៅក្នុង​ប្រទេស​នេះ​ បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ និង​ភ័ស្តុភារ​កាន់តែ​ច្រើន​វិនិយោគ​ និង​ពង្រីក​នៅ​កម្ពុជា​។ នៅ​ឆ្នាំ​ ២០១៩​ ក្រុមហ៊ុន​សាជីវកម្ម​ Evergreen​ Marine​ Corporation​ (តៃវ៉ាន់​) បាន​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ ក្រុមហ៊ុន​ដឹកទំនិញ​ Nippon​ Express​ (ជប៉ុន​) បាន​ចាប់ផ្តើម​សាងសង់​ក្រុមហ៊ុន​ឃ្លាំង​ និង​ក្រុមហ៊ុន​វេច​ខ្ចប់​ Oji​ group​ (ជប៉ុន​) បាន​ពង្រីក​បន្ថែម​ទៀត​”៕