រដ្ឋបាល​ខេត្តកោះកុង​ព្រមាន​ចាត់វិធានការ​សំណង់​ខុសច្បាប់​

ដោយ ​វុត្ថា​

កោះ​កុងៈ​ រដ្ឋបាល​ខេត្តកោះកុង​បានឱ្យ​ដឹង​ថា​ កន្លងមក​ការសាងសង់​សំណង់​មួយចំនួន​ មិនបាន​គោរពច្បាប់​ និង​បទបញ្ញត្តិ​ទាក់ទង​ការងារ​នគរូបនីយកម្ម​ និង​សំណង់​ ព្រមទាំង​បាន​សាងសង់​បំពាន​លើ​តំបន់ហាមឃាត់​ទៀតផង​ បណ្តាល​ឱ្យ​មាន​អនាធិបតេយ្យ​ បាត់បង់​សោភ័ណភាព​ទីប្រជុំជន​ទូទាំង​ខេត្ត​។

យោង​តាម​សេចក្តី​ជូនដំណឹង​ស្តី​ពី​ការ​សុំច្បាប់​សាងសង់​ ចុះហត្ថលេខា​ដោយ​លោកស្រី​ មិថុនា​ ភូ​ថង​ អភិបាលខេត្ត​កោះកុង​ដែល​គេហទំព័រ​ propertyarea.asia​ ទទួល​បាន​នៅ​ថ្ងៃទី២៣​ ខែតុលា​ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ ដើម្បី​អនុវត្ត​តាម​ខ្លឹមសារ​នៃ​អនុក្រឹត្យ​ និង​លិខិត​យោង​ខាងលើ​ រដ្ឋបាល​ខេត្ត​តកោះកុង​ បាន​ដំណឹង​ដល់​សារ​ធា​រណៈ​ជន​ ព្រមទាំង​មន្ទីរ​ អង្គភាព​ ស្ថាប័ន​ និង​ភ្នាក់ងារ​ហិរញ្ញវត្ថុ​ ដែល​មានបំណង​សាងសង់​ ជួសជុល​ និង​សង់​បន្ថែម​នូវ​សំណង់​ ជួសជុល​ និសង់​បន្ថែម​នូវ​សំណង់​របស់​ខ្លួន​ ត្រូវ​អនុវត្ត​តាម​ចំណុច​ដូចជា​

​ទី១​ រាល់​សំណង់​ ទោះបីជា​សំណង់​ឯកជន​ សំណង់​រដ្ឋ​ ឬសំណង់​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្តី​ ដាច់ខាត​ត្រូវ​សុំ​លិខិត អនុញ្ញាត​សាងសង់​ជាមុន​សិន​ ពី​សមត្ថកិច្ច​ជំនាញ​គ្រប់​លំដាប់ថ្នាក់​ ទើប​អាច​ដំណើរការ​សាងសង់​បាន​ ក្នុង​ន័យ​នេះ​ម្ចាស់​សំណង់​ ពុំ​មាន​សិទ្ធិ​សាងសង់​បណ្តើរ​ ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​បណ្តើរ​នោះ​ឡើយ​។

ទី២​ ចំពោះ​សំណង់​ដែល​ទទួល​បាន​លិខិតអនុញ្ញាត​សាងសង់​រួចហើយ​ ក្នុងរយៈពេល​មួយ​សប្តាហ៍​យ៉ាង​យូរ​ ម្ចាស់​សំណង់​ត្រូវ​មក​បំពេញបែបបទ​ ស្នើសុំ​លិខិតអនុញ្ញាត​បើក​ការដ្ឋាន​សាងសង់​ ពី​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ខេត្ត​ ទើប​ អាច​ដំណើរការ​សាងសង់​បាន​(លើកលែងតែ​សំណង់​ដែល​ស្ថិតនៅ​ក្នុង​ក្រុង​ ស្រុក​ ដែល​មាន​ការិយាល័យ​ច្រកចេញ​ចូល​តែមួយ​ គឺ​ត្រូវ​សុំច្បាប់​បើក​ការដ្ឋាន​ពីរ​ដ្ឋ​បាល​ក្រុង​ ស្រុក​នោះ​) ។ ប្រសិនបើ​ ពុំ​មាន​លិខិត អនុញ្ញាត​បើក​ការដ្ឋាន​សាងសង់​ទេ​ សំណង់​នោះ​មិន​អាច​ដំណើរការ​សាងសង់​បាន​ឡើយ​។

ទី៣​ សំណង់​ដែល​មាន​លិខិត​អនុញ្ញា​សាងសង់​ ត្រូវ​សាងសង់​ឱ្យ​បាន​ត្រឹមត្រូវ​តាម​គម្រោង​ប្លង់​ដែល​បាន​អនុញ្ញាត​។ ករណី​ការសាងសង់​មិន​ត្រឹមត្រូវ​តាម​គម្រោង​ប្លង់​ មន្ទីរ​រៀបចំ​ដែនដី​នរូ​បនី​យក​ម្ម​សំណង់​ និង​សុរិយោដី​ខេត្ត​ មាន​សិទ្ធិ​ផ្អាក​ការដ្ឋាន​សំណង់​នោះ​ជា​បណ្តោះអាសន្ន​ ហើយ​តម្រូវ​ឱ្យ​ម្ចាស់​សំណង់​កែតម្រូវ​សំណង់​របស់​ខ្លួន​អោយ​បាន​ត្រឹមត្រូវ​ឡើងវិញ​តាម​គម្រោង​។

ទី៤​ ចំពោះ​សំណង់​ដែល​បាន​ផ្អាក​ការដ្ឋាន​សាងសង់​ ដើម្បី​ធ្វើការ​កែតម្រូវ​ ត្រូវ​មក​សុំ​លិខិតអនុញ្ញាត​បើក​ការដ្ឋាន​ បន្ត​ពី​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ខេត្ត​ ទើប​អាច​សាងសង់​បាន​។ ទី៥សំណង់​ដែល​ជួស​ជូល​ ឬសាងសង់​បន្ថែម​ ម្ចាស់​សំណង់​ត្រូវ​សុំ​លិខិតអនុញ្ញាត​ ពី​សមត្ថកិច្ច​ជំនាញ​ជាមុន​សិន​ ទើប​អាច​សាងសង់​ និង​ជួសជុល​បាន​។ ទី៦​ គ្រប់ការ​ដ្ឋាន​សំណង់​ត្រូវ​ធ្វើ​កា​រហ៊ុ​ព័ទ្ធ​ការដ្ឋាន​ និង​ទុកដាក់​គ្រឿងសំណង់​ឱ្យ​បាន​ត្រឹមត្រូវ​ ជៀសវាង​ការ​ទុកដាក់​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​ ដែល​នឹង​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​។

ទី៧​ ក្រុម​ជាង​សាងសង់​សំណង់​ ត្រូវ​មាន​វិញ្ញាបនបត្រ​ប្រកប​អាជីវកម្ម​សាងសង់​ ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ ឬមន្ទីរ​រៀបចំ​ដែន​ដែនដី​គរូប​នី​យក​ម្ម​ សំណង់​ និង​សុរិយោដី​ខេត្ត​នៅ​មាន​សុពលភាព​តាមផ្លូវ​ច្បាប់​។ ទី៨​ ហាម​ដាច់ខាត​មិន​ឱ្យ​សាងសង់​លើ​ដី​ ដែល​មាន​លក្ខណៈ​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ និង​ដី​តំបន់ហាមឃាត់​ដូចជា​៖ ដី​បម្រុង​ជីក​រ៉ែ​ ដី​តំបន់​ព្រៃឈើ​ ទំនប់ទឹក​បុរាណវិទ្យា​សាស្ត្រ​ ដី​បម្រុង​ធ្វើ​សួន​ ឧទ្យាន​សាធារណៈ​ ដី​បម្រុងទុក​ធ្វើ​ផ្លូវ​ ដី​ចំណី​ផ្លូវ​ ដី​ទីធ្លា​ គល់​ស្ពាន​ ដី​ព្រែក​ ដី​បឹង​ ត្រពាំង​ អូរ​ ស្ទឹង​ ដី​ឆ្នេរ​ច្រាំង​មាត់សមុទ្រ​។ល។

ទី៩​ សំណង់​សត្វឃាត​ សំណង់​ចិញ្ចឹមសត្វ​សម្រាប់​ធ្វើអាជីវកម្ម​គ្រប់​ប្រភេទ​ ដែល​បង្ក​រប៉ះ​ពាល់​ ដល់​បរិស្ថាន​ និង​ប្រជាពលរដ្ឋ​ត្រូវ​សាងសង់​ឆ្ងាយ​ពីទី​ប្រជុំជន​យ៉ាងតិច​ ២ គីឡូម៉ែត្រ​។ ទី១០​ រាល់​សំណង់​ត្រូវ​បំពាក់​អាង​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​។ ប្រព័ន្ធ​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ មិន​អាច​តភ្ជាប់​ដោយ​ផ្ទាល់​ ជាមួយនឹង​ប្រព័ន្ធ​លូ​បង្ហូរទឹក​សាធារណៈ​ បាន​ឡើយ​។ ទី១១​ រាល់​សំណង់​ទាំងឡាយ​ណា​ ដែល​បំពាន​លើ​សេចក្តី​ជូនដំណឹង​នេះ​ រដ្ឋបាល​ឃុំ​ សង្កាត់​ ក្រុង​ ស្រុក​ ខេត្ត​ព្រមទាំង​សមត្ថកិច្ច​ជំនាញ​ នឹង​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ជាធរមាន​៕

កម្ពុជា​-ចិន​គ្រោង​ធ្វើ​ពិពិធ​កម្ម​ពាណិជ្ជកម្ម​លើ​ផលិតផល​កសិកម្ម​

ដោយៈ​ រ៉ា​ណេត​

ប្រទេស​ចិ​នៈ​ រដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រសួង​ពាណិជ្ជកម្ម​ បាន​ស្នើ​ដល់​ភាគី​ខាង​ប្រទេស​ចិន​ ឱ្យ​មានការ​កែប្រែ​នូវ​នីតិវិធី​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ លើ​ផ្នែក​កសិ​កផល​ជាមួយ​កម្ពុជា​ ដើម្បី​ជំរុញ​និង​លើកកម្ពស់​កសិផល​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​។

ក្នុង​ដំណើរ​ទស្សនកិច្ច​ និង​ចូលរួម​នៅក្នុង​ព្រឹត្តិការ​ពិព័រណ៍​ពាណិជ្ជកម្ម​ ផ្លែឈើ​អន្តរជាតិ​លើក​ទី៤​ ដែល​បាន​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​ ២១​-២៤​ ខែតុលា​ ឆ្នាំ២០១៩​ នៅ​ទី​ក្រុ​ងយុន​ឆឹង​ ខេត្ត​សាន់​ស៊ី​ ប្រទេស​ចិន​ លោក​ សំ​ សិរី​រត​ន៍​ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ បាន​សម្តែង​នូវ​ការចាប់អារម្មណ៍​ខ្ពស់​ ចំពោះ​ការរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ លើកផលិតផល​កសិកម្ម​កម្រិត​អន្តរជាតិ​។

ក្នុងនាម​ជា​ប្រធាន​ប្រតិភូ​កម្ពុជា​ លោក​សំ​ សិរី​រត​ន៍​ បាន​មានប្រសាសន៍​ថា​ “កិច្ច​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិ​ការ​ និង​ភាពជា​ដៃគូ​យុទ្ធ​សាស្រ្ត​គ្រប់ជ្រុងជ្រោយ​រវាង​កម្ពុជា​-ចិន​ ក្នុង​គន្លង​ខ្សែក្រវាត់​ និង​ផ្លូវ​បាន​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-ចិន​ ឡើង​ដល់កម្រិត​ដែល​ប្រមុខ​រដ្ឋាភិបាល​ នៃ​ប្រទេស​ទាំងពីរ​ចង់បាន​ ក្នុង​នោះ​ចិន​នៅតែ​ឈរ​ក្នុង​លំដាប់​ឈានមុខ​គេ​នៃ​ការ​ធ្វើវិនិយោគ​ និង​ទេសចរណ៍​នៅ​កម្ពុជា​”។

លោក​ សំ​ សិរី​រត​ន៍​ បាន​លើកឡើង​ពី​កាលានុវត្ត​ភាព​ សក្តា​នុ​ពល​វិនិយោគ​ វឌ្ឍនភាព​នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ​ និង​គោលនយោបាយ​លើកទឹកចិត្ត​ របស់​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ជាពិសេស​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ ដូចជា​ការកែច្នៃ​ កសិផល​ទៅជា​ផលិតផល​សម្រេច​ផ្សេង​ៗ ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​ផង​ និង​ជំរុញ​ការនាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ផង​ ខណៈ​ដែល​កម្ពុជា​ នៅតែ​មាន​ឧត្តមភាព​ និង​ភាព​អនុគ្រោះ​ពាណិជ្ជកម្ម​នៅឡើយ​។

ជាមួយគ្នា​នេះ​ដែរ​ លោក​ក៏បាន​ស្នើ​ភាគី​ចិន​ ជួយ​ជំរុញ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​លើ​ផលិតផល​កសិកម្ម​ ជាពិសេស​រវាង​ផ្លែ​ប៉ោម​ ក្រុ​ងយុន​ឆឹង​ និង​ផលិតផល​កសិកម្ម​កម្ពុជា​។

លោក​ លាវ​ ចឺ​ហុង​ លេខា​បក្ស​ក្រុ​ងយុន​ឆឹង​ ខេត្ត​សាន់​ស៊ី​ បាន​បង្ហាញ​ពី​ការ​គាំទ្រ​នូវ​ការ​លើកឡើង​ពី​ភាគី​ខាង​កម្ពុជា​ទាំងស្រុង​ ដោយ​បាន​សន្យា​រៀបចំ​គណៈ​ ប្រតិភូ​ពាណិជ្ជកម្ម​ ធុរជន​ និង​វិ​និ​យោ​គគិន​ចិន​ក្នុង​ខេត្ត​សាន់​ស៊ី​ មក​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ឱកាស​ឆ្នាំក្រោយ​។

នៅក្នុង​កិច្ចពិភាក្សា​ខាងលើ​នេះ​ភាគី​ទាំងពីរ​ បាន​ជំរុញ​ឱ្យ​មានការ​ធ្វើ​ពិពិធ​កម្ម​ពាណិជ្ជកម្ម​ ដោយធ្វើ​ការ​ផ្លាស់​ប្តូរ​បេសកកម្ម​ពាណិជ្ជកម្ម​ទៅវិញទៅមក​ រវាង​ប្រទេស​កម្ពុជា​ និង​ខេត្ត​សាន់​ស៊ី​ ដើម្បី​ជំរុញ​ឱ្យ​ពាណិជ្ជករ​ និង​អ្នក​វិនិយោគ​ មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ និង​មានឱកាស​បាន​ចាប់ដៃ​គូ​ពាណិជ្ជកម្ម​លើ​វិស័យ​កសិកម្ម​ផង​ដែរ​៕

ដំណឹងល្អ៖ សម្តេច​តេជោ​សម្រេច​ដក​ថ្លៃ​សេវា​ប្រមូល​សំរាម​ពី​ក្រុមហ៊ុន​ ស៊ិន​ទ្រី​ ក្នុង​វិក្កយបត្រ​របស់​អគ្គិសនី​កម្ពុជា​

ដោយ​ វុត្ថា

​ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បានសម្រេច​ដក​ថ្លៃ​សេវា​ប្រមូល​សំរាម​ពី​ក្រុមហ៊ុន​ ស៊ិន​ទ្រី​ ក្នុង​វិក្កយបត្រ​របស់​អគ្គិសនី​កម្ពុជា​ ដោយ​ត្រូវ​ប្រើ​យន្តការ​ផ្សេង​ជំនួស​វិញ​។

សម្តេ​តេជោ​ សរសេរ​នៅក្នុង​ហ្វេ​សបុ​កផ្លូវការ​របស់​សម្តេច​កាលពី​យប់​ថ្ងៃទី​ ២២​ ខែតុលា​ ឆ្នាំ​ ២០១៩​ នេះ​ ថា​ “ដោយ​ក្តាប់​បាន​នូវ​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​អំពី​ការ​ដាក់​ថ្លៃ​សេវា​ប្រមូល​សំរាម​ក្រុមហ៊ុន​ ស៊ិន​ទ្រី​ ក្នុង​វិក្កយបត្រ​របស់​អគ្គិសនី​កម្ពុជា​ ល្ងាច​ថ្ងៃនេះ​ ខ្ញុំ​បានសម្រេច​តាម​សំណើ​របស់​អគ្គិសនី​កម្ពុជា​ដោយ​ដក​ថ្លៃ​ សេវា​ប្រមូល​សំរាម​ចេញពី​វិក្កយបត្រ​ថ្មី​របស់​អគ្គិសនី​កម្ពុជា​ចាប់ពី​ថ្ងៃទី០១​ ខែមករា​ ឆ្នាំ២០២០​ តទៅ​”។

សម្តេច​បន្ត​ថា​ “យន្តការ​យក​ថ្លៃ​សេវា​ប្រមូល​សំរាម​ទៅ​ថ្ងៃមុខ​នឹង​ត្រូវ​ប្រើ​យន្តការ​ផ្សេង​ជំនួស​វិញ​ ដែល​កិច្ចការ​នេះ​ខ្ញុំ​បាន​ប្រគល់​ភារកិច្ច​ជូន​ ឯកឧត្តម​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ធ្វើការ​ប្រជុំ​ និង​ដោះស្រាយ​។ សូម​បងប្អូន​ប្រជា​ ពលរដ្ឋ​ជាទីស្រឡាញ់​មេត្តា​ជ្រាប​ជា​ព័ត៌មាន​”។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកល​វិទ្យាល័យ​បៀ​លប្រា​យកា​លពី​ថ្ងៃទី​ ២២​ ម្សិលមិញ​នេះ​ផង​ដែរ​បាន​ប្រកាស​ដក​យក​សិទ្ធិ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​មកវិញ​ មក​ក្រោម​ការ​កាន់កាប់​របស់​រដ្ឋ​ ប៉ុន្តែ​មិន​ឱ្យ​ក្រុមហ៊ុន​នេះ​ខាតបង់​ឡើយ​ រួច​ដាក់ដេញថ្លៃ​ដោយ​ឱ្យ​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ឯក​ជន​ផ្សេង​ៗ ដោយ​ចែក​តំបន់​គ្នា​គ្រប់គ្រង​។

សម្តេច​តេជោ​ថា​ “បើ​មិន​បែងចែក​តំបន់​ទេ​ គឺ​អត់​ទៅរួច​ទេ​ ទុក​ឱ្យ​ស៊ីន​ទ្រី​បន្ត​ គឺ​អត់​បានទេ​។ ចឹង​ជម្រើស​ត្រូវ​បែងចែក​ជា​តំបន់​ ហើយ​ឱ្យ​មាន​ក្រុមហ៊ុន​យ៉ាងតិច៣​ ប៉ុន្តែ​យល់​ល្អ៤​ នៅក្នុង​ទីក្រុង​ភ្នំពេញ​។ បើ​ស៊ីន​ទ្រី​មិន​កម្រើក​ដៃ​ សំរាម​ពេញ​ក្រុង​”។

សម្តេច​សង្កត់ធ្ងន់​ថា​ ជា​ក្រុមហ៊ុន​គ្មាន​សមត្ថភាព​ប្រមូល​និង​គ្រប់គ្រង​សំរាម​ដែល​ដល់ពេល​ត្រូវ​រដ្ឋ​ដក​យក​មក​គ្រប់គ្រង​វិញ​ ហើយ​បើកឱកាស​ដល់​ក្រុម​ហ៊ុន​ផ្សេង​ៗដែល​មានលទ្ធភាព​ និង​សមត្ថភាព​យ៉ាងហោចណាស់៤​ ដើម្បី​ចូលរួម​ដេញថ្លៃ​វិនិយោគ​លើ​ការងារ​ប្រមូល​និង​គ្រប់គ្រង​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​អោយ​បាន​ល្អ​។

សម្តេច​តេជោ​បាន​មាន​ប្រសា​ន៍​ថា​ រាល់ថ្ងៃ​ឮតែ​ពលរដ្ឋ​និយាយ​និង​រអ៊ូ​តែ​ពី​ក្រុមហ៊ុន​សំរាម​ស៊ីន​ទ្រី​ គឺ​ក្រុមហ៊ុន​នេះ​គ្មាន​សមត្ថភាព​ធ្វើការ​តទៅទៀត​ទេ​។ សម្តេច​តេជោ​ ហ៊ុន​ សែន​បាន​បញ្ជា​អោយ​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាប់​ធ្វើ​កិច្ចការ​នេះ​អោយ​បាន​ឆាប់​បំផុត​ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ទីក្រុង​យើង​អោយ​កាន់តែ​មាន​សោភ័ណភាព​ស្រស់​ស្អាត​ល្អ​ អនាម័យ​ខ្ពស់​ និង​បរិស្ថាន​ល្អ​៕

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​៖ កម្ពុជា​នឹង​ទទួល​បាន​លុយ​ ១០០០លាន​ដុល្លារ​ពី​តំណក់​ប្រេង​ក្នុងរយៈពេល​ ១០ឆ្នាំ​ដំបូង​

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ មន្រ្តី​ជាន់ខ្ពស់​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា​ កម្ពុជា​នឹង​ទទួល​បាន​ចំណូល១០០០លាន​ដុល្លារ​អាមេរិក​ ពី​តំណក់​ប្រេង​ក្នុងរយៈពេល ១០ឆ្នាំ​តំបូង​។នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ពេជ្រ​ ស្រស់​សមាជិក​នៃ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ និង​ជា​ប្រធាន​គណបក្ស​យុវជន​ខ្មែរ​។

លោក​ពេជ្រ​ ស្រស់​ ដែល​ត្រូវ​បាន​ដក​ស្រស់​សម្តី​ដោ​យសារព៌​តមាន ​Freshnews​ កាលពី​ថ្ងៃទី២២​ តុលា​កន្លងមក​បាន​បញ្ជាក់​ថា​ នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ជាមួយ​លោក​អគ្គបណ្ឌិត​សភា​ចារ្យ​អូន​ ព័ន្ឋមុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក​អូន​ ព័ន្ឋមុនី​រ័ត្ន​បាន​បញ្ជាក់​អំពី​ក្ដី​រំពឹង​នៃ​ចំណូល​ ដែល​កម្ពុជា​ទទួល​បាន​ពី​ វិស័យ​ប្រេងកាត​នៅក្នុង​ប្លុក​Aដែនសមុទ្រ​កម្ពុជា​ថា​ នៅ​រយៈពេល១០ឆ្នាំ​ដំបូង​ នៃ​ដំណើរការ​បូម​ប្រេង​កម្ពុជា​រំពឹង​ថា​ នឹង​ទទួល​បាន​ចំណូល១ពាន់​លាន​ដុល្លារ​។

ជាមួយគ្នា​នេះ​ ឧបនាយក​រដ្ឋ​មន្រ្ដី​អូន​ ព័ន្ធ​មុ​នី​រត្ន័​ ក៏បាន​ទម្លាយ​ពី​ចំណូល​ពន្ធដារ​ ដែល​កម្ពុជា​ទទួល​បាន​ពី​កាស៊ីណូ​នៅ​ឆ្នាំ២០១៩នេះ​ថា​ ប្រមូល​បាន​ពន្ធ​ជាង៥០លាន​ដុល្លារ​អាមេរិក​ ដែល​ចំណូល​នេះ​នឹង​ថមថយ​វិញ​នៅ​ឆ្នាំ២០២០​ ដោយសារតែ​ការ​បិទ​ល្បែង​តាម​អន​ឡាញ​។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្ដី​នៃ​កម្ពុជា​ តែងតែបាន​ប្រកាស​ពី​ភាពរឹងមាំ​ នៃ​ថវិកាជាតិ​ដែល​កម្ពុជា​មាន​ ខណៈ​ដែល​ចំណូល​គយ​ និង​ពន្ធដារ​បាន​កើនឡើង​គួរ​ជា​ទី​មោទ​នៈ​។

កាលពីដើម​ខែតុលា​ ឆ្នាំ២០១៩កន្លងទៅ​នេះ​ សម្ដេច​តេជោ​ហ៊ុន​ សែន​ បាន​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​មាន​ប្រាក់​បម្រុង​ សល់​រហូតដល់១៥ពាន់​លាន​ដុល្លារ​ និង​មាស៣០តោន​ផង​ដែរ​។

សម្តេច​តេជោ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ចំណូល​បាន​ទទួល​ពី​ប្រេង​នឹង​ត្រូវ​យក​ទៅ​ប្រើ​សម្រាប់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ដូចជា​ផ្លូវថ្នល់​ ស្ពាន់​ជាដើម​”៕

ការសិក្សា​៖ ការ​ចំណាយ​តាម​ប្រព័ន្ធ​ឌីជីថល​រំពឹង​ថា​នឹង​កើនឡើង ៣ដង​ឆ្នាំ២០២៥​

ដោយ​ ប៊ី

ភ្នំ​ពេញៈ​ អ្នកប្រើ​ប្រាស់​ឌីជីថល​នៅ​អាស៊ាន​ នឹង​ត្រូវ​ចំណាយ៣ដង​ច្រើនជាង​មុន​នៅ​ឆ្នាំ២០២៥​។ នេះ​បើ​យោង​តាម​ការសិក្សា​ថ្មី​មួយ​ ពី​ក្រុមហ៊ុន​ហ្វេ​សប៊ុ​ក និង​ Bain​ &​ Company​។

ការសិក្សា​រួមគ្នា​របស់​ក្រុមហ៊ុន​យក្ស​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ និង​អ្នក​ពិគ្រោះ​យោបល់​ផ្នែក​គ្រប់គ្រង​សកល​ ដែល​បាន​ចេញផ្សាយ​នៅ​សប្តាហ៍​នេះ​បាន​រក​ឃើញថា​ ខណៈ​អតិថិជន​នៅ​អាស៊ី​អាគ្នេយ៍​ ចំណាយ​ប្រាក់​ជាមធ្យម១២៥ដុល្លារ​អាមេរិក​ លើ​ការទិញ​តាម​អន​ឡា​ញក្នុង​ឆ្នាំ២០១៨​ ការ​ចំណាយ​នេះ​ត្រូវ​បាន​រំពឹង​ថា​ នឹង​កើនឡើង​លើស​ពី​បីដង​ស្មើនឹង ៣៩០ដុល្លារ​ក្នុង​ឆ្នាំ​ ២០២៥​។

ដោយ​សង្កត់ធ្ងន់​អំពី​ការ​កើនឡើង​ជម្រើស​ ការ​ចូល​ប្រើ​អ៊ិ​នធឺ​ណេត​កាន់តែ​ប្រសើរ​ និង​ការ​កើនឡើង​នៃ​ធនធាន​ ដែល​ជា​កត្តា​ដែល​នឹង​បន្ត​ជំរុញ​ ការ​ចំណាយ​កាន់តែ​ច្រើន​តាម​អ៊ិ​នធឺ​ណេត​ របាយការណ៍​បាន​ព្យាករណ៍​ថា​ តំបន់​អាស៊ី​អាគ្នេយ៍​ នឹង​មាន​អ្នកប្រើ​ប្រាស់​ឌីជីថល​ ប្រហែល៣ ១០លាន​នាក់​នៅ​ឆ្នាំ២០២៥​ បើ​ប្រៀបធៀប​ទៅ​នឹង២៥០​ លាន​នាក់​នៅ​ឆ្នាំ២០១៨​ និង​មានតែ៩០លាន​នាក់​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​ ២០១៥​។

ការសិក្សា​ដែល​មាន​ចំណងជើង​ថា ​“Riding​ the​ Digital​ Wave​” ការសិក្សា​បាន​ស្ទាបស្ទង់​លើ​អ្នកឆ្លើយតប១២​,៩៦៥​ នាក់​នៅ​ទូទាំង​សេដ្ឋ​កិ​ច្ច​ធំៗ​ទាំង៦​ របស់​អាស៊ាន​គឺ​ឥណ្ឌូណេស៊ី​ ម៉ាឡេស៊ី​ ហ្វីលីពីន​ សឹង្ហ​បូរី​ ថៃ​ និង​វៀតណាម​ និង​បាន​សម្ភាស​ជាមួយ​នាយក​ប្រតិបត្តិ​ជាង៣០នាក់​ និង​អ្នកវិនិយោគទុន​នៅក្នុង​តំបន់​នេះ​ ក្នុង​ការ​ខិតខំ​ ដើម្បី​រៀន​អំពី​ឥរិយាបថ​ របស់​អ្នកប្រើ​ប្រាស់​ឌីជីថល​សព្វថ្ងៃ​ កំពុង​ផ្លាស់​ប្តូរ​ការ​ចំណាយ​តាម​អ៊ិ​នធឺ​ណេត​នៅក្នុង​តំបន់​។

ជាង៩០ភាគរយ​នៃ​ប្រជាជន​អាស៊ី​អាគ្នេយ៍​ បាន​ភ្ជាប់​អ៊ិ​នធឺ​ណេត​ជាចម្បង​ តាមរយៈ​ស្មា​តហ្វូ​នរ​បស់​ពួកគេ​កាលពី​ឆ្នាំមុន​ ហើយ​ការ​តភ្ជាប់​នេះ​រួម​ជាមួយនឹង​ការ​កើនឡើង​ប្រាក់ចំណូល​ ដែល​បាន​នាំ​ឱ្យ​មានឱកាស​ថ្មី​ សម្រាប់​អ្នកជំនួញ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។

ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ បាន​វ៉ា​ដាច់​វិស័យ​ទេសចរ​អេ​ឡិច​ត្រូ​និច​ (ការទិញ​ ឬកក់​សំបុត្រ​តាម​អន​ឡាញ​) ដោយ​ក្លាយជា​វិស័យ​ធំ​បំផុត​ នៅក្នុង​សេដ្ឋកិច្ច​ឌីជីថល​របស់​អាស៊ាន​។

យោង​តាម​ការ​ចេញផ្សាយ​របាយការណ៍​អេ​ឡិច​ត្រូ​និច​ អាស៊ី​អាគ្នេយ៍​នៅ​ឆ្នាំនេះ​ដែល​ចេញផ្សាយ​ដោយក្រុម​ហ៊ុន​ Google​ ក្រុមហ៊ុន​ Singaporean​ sovereign​ wealth​ fund​ Temasek​ និង​ក្រុមហ៊ុន​ Bain​ &​ Company​ កាលពីដើម​ខែ​នេះ​៕ (ប្រភព​៖ THE​ ASEAN​ POST​)៕

សភា​ពាណិជ្ជកម្ម​ខេត្តសៀមរាប​-ឧត្តរមានជ័យ​ ជំរុញ​ឱ្យ​អ្នក​ធុរកិច្ច​ចិន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​

ដោយៈ​ រ៉ា​ណេត​

សៀម​រា​បៈ​ ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្តសៀមរាប​ ឧត្តរមានជ័យ​បាន​ជំរុញ​ឱ្យ​គណៈប្រតិភូ​មក​ពី​ការិយាល័យ​ស្ថិតិ​នៃ​ខេត្ត​ជៀង​ស៊ូ​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដែល​មក​សិក្សា​ស្វែងយល់​ពី​ស្ថានភាព​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​ ក្នុង​ខេត្ត សៀមរាប​ មក​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​ ជាពិសេស​លើ​វិស័យ​អចលនទ្រព្យ​។

ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្តសៀមរាប​-ឧត្តរមានជ័យ​ លោក​ឧកញ៉ា​ហ៊ុយ​ ភៀវ​ បាន​បង្ហាញ​ពី​សក្ដានុពល​ និង​បទពិសោធន៍​ ក្នុង​វិស័យ​ឯកជន​នៅ​កម្ពុជា​ លើ​កិច្ចសហការ​វិនិយោគ​ជា​ដៃគូ​ ជាមួយ​បណ្តា​ក្រុមហ៊ុន​នានា​ ដែល​មក​បណ្តាក់​ទុន​រួមគ្នា​កាលពី​ពេល​កន្លងទៅ​នេះ​។ បន្ថែម​ពីនេះ​ លោក​ក៏បាន​បង្ហាញ​ ពី​សមិទ្ធិ​ផល​របស់​សភា​ពាណិជ្ជកម្ម​ ក្នុង​ការសម្រប​សម្រួលការ​ងារ​វិស័យ​ឯកជន​ ជាមួយ​វិស័យ​រដ្ឋ​ ជាពិសេស​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​អាជីវករ​ ពាណិជ្ជករ​ ដើម្បី​ទទួល​បាន​ភាពល្អ​ប្រសើរ​នៅក្នុង​មុខ​ជំនួញ​។

លោក​បន្ត​ទៀត​ថា​ “ប្រសិនបើ​ខាង​ភាគី​ចិន​ មានបំណង​ក្នុង​ការ​វិនិយោគ​គម្រោង​កំ​សាន្ត​ផ្សេង​ៗ ក្រៅពី​ការ​ទស្សនា​ប្រាង្គ​ប្រាសាទ​ គឺ​ធ្វើការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ដែល​តម្លៃ​នៅ​ទាប​ជាង​ប្រទេស​ដទៃ​ ដែល​ផ្តល់​ឱកាស​ឲ្យ​អ្នក​វិនិយោគ​មានឱកាស​នៃ​ការ​ចំណេញ​មាន​ច្រើន​”។ លោក​បន្ត​ថា​ “ចំពោះ​ការ​វិនិយោគ​លើ​រថភ្លើង​ល្បឿន​លឿន​ ក្នុង​ប្រទេស​កម្ពុជា​ គឺជា​កត្តា​មួយ​ល្អ​ដែរ​ ក្នុង​ការកាត់បន្ថយ​ពេល​វា​លា​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ផង​ដែរ​”។

លោក​ឧកញ៉ា​ហ៊ុយ​ ភៀវ​ បាន​ថ្លែងអំណរគុណ​ដល់​គណៈប្រតិភូ​ចិន​ ដែល​បាន​ចំណាយពេល​វេលា​មក​ធ្វើទស្សនកិច្ច​ សិក្សា​ស្វែងយល់​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ក្នុង​ខេត្តសៀមរាប​ និង​សំណូមពរ​ដល់​គណៈប្រតិភូ​ចិន​ថា​ ប្រសិនបើជា​គិតដល់​ការ​វិនិយោគ​ សូម​មក​ធ្វើការ​វិនិយោគ​នៅក្នុង​ខេត្តសៀមរាប​។

ជាមួយគ្នា​នោះ​ ភាគី​គណៈប្រតិភូ​ចិន​ បាន​លើកឡើង​អំពី​ការ​កសាង​ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ាត់​មួយ​របស់​ចិន​ ការ​កសាង​ព្រលា​ន យន្តហោះ​ថ្មី​ នៅក្នុង​ខេត្តសៀមរាប​ ដែល​ចំណាយ​ថវិកា​ប្រមាណ​ជា ៩០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ដែល​ជា​គម្រោង​វិនិយោគ​របស់​អ្នក​វិនិយោគ​ខេត្ត​យូ​ណាន​ នៅក្នុង​ខេត្តសៀមរាប​៕

ចំណេះដឹង​! តើ​ការ​ដឹកជញ្ជូន​ត្រូវ​ប្រើប្រាស់​លិខិតស្នាម​យ៉ាងដូច​ម្តេច​?

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ យោង​តាមច្បាប់​នៃ​ប្រទេស​កម្ពុជា​ រាល់​ការ​ដឹកទំនិញ​ចេញចូល​ទាំងអស់​ត្រូវ​ធ្វើ​លិខិតស្នាម​ ដោយ​បំពេញ​នូវ​រាល់​មុខទំនិញ​ ដែល​នាំចូល​ និង​នាំចេញ​ឱ្យ​បាន​សព្វគ្រប់​ ដើម្បី​ទទួល​បាន​លិខិតអនុញ្ញាត​ ដឹកជញ្ជូន​ពីអ​គ្គ​នាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ទៅកាន់​ទីផ្សារ​នានា​។

យោង​តាម​ឯកសារ​របស់​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ បានឱ្យ​ដឹង​ថា​ លិខិតអនុញ្ញាត​ដឹកជញ្ជូន​ ត្រូវ​បាន​ប្រើប្រាស់​ចំពោះតែ​ទំនិញ​នាំចូល​ ដែល​បាន​បំពេញបែបបទ​គយ​ចប់​សព្វគ្រប់​ ហើយ​ពុំ​អាច​ដឹកជញ្ជូន​ទាំងស្រុង​ ក្នុង​មធ្យោបាយ​ដឹកជញ្ជូន​តែមួយ​ ដោយហេតុថា​ មាន​បរិមាណ​ច្រើន​ ឬហេតុផល​សមស្រប​ផ្សេងទៀត​ប៉ុណ្ណោះ​។

ឯកសារ​ដដែល​បន្ត​ថា​ សម្រាប់​ទំនិញ​មិន​លើស​មួយ​ឯកតា​ មធ្យោបាយ​ដឹកជញ្ជូន​ ត្រូវ​ធ្វើឡើង​ដោយ​ច្បាប់ដើម​ និង​ត្រូវ​អម​ភ្ជាប់​ជាមួយ​បង្កាន់ដៃ​ពន្ធ​ច្បាប់​ចម្លង​ ដែល​មានការ​បញ្ជាក់​ពី​ការ​កាត់​ស្តុក​ច្បាស់លាស់​ ហើយ​ត្រូវ​កាន់ជាប់​ជាមួយ​មធ្យោបាយ​ដឹកជញ្ជូន​ដែល​មានការ​បញ្ជាក់​អត្តសញ្ញាណ​កម្ម​ច្បាស់លាស់​ក្នុង​លិខិត​នេះ​។

សម្រាប់​តែ​មធ្យោបាយ​ដឹកជញ្ជូន​ណា​ ដែល​ស្របច្បាប់​ គឺ​មានន័យថា​បាន​បំពេញ​កាតព្វកិច្ច​ពន្ធ​ត្រឹមត្រូវ​។ មាន​ស្លាក​លេខ​សម្គាល់​មធ្យោបាយ​ដឹកជញ្ជូន​ ដែល​ចេញ​ដោយ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ឬស្លាក​សម្គាល់​របស់​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​ (អគរ​)។ ក្នុងករណី​ផ្សេង​ពីនេះ​ ត្រូវ​មានការ​អនុញ្ញាត​ជាមុន​ពីអ​គរ​។

លិខិតអនុញ្ញាត​ដឹកជញ្ជូន​អម​មធ្យោបាយ​ដឹកជញ្ជូន​ខាងលើ​ ត្រូវ​មានការ​បញ្ជាក់​ “បានឃើញ​ឆ្លងកាត់​” ពី​អង្គភាព​គយ​ និង​រដ្ឋាករ​ មួយចំនួន​តាមតម្រាយ​ផ្លូវ​ ដែល​ដឹកជញ្ជូន​ទំនិញ​តាម​ការកំណត់​ដោយឡែក​៕

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​៖ កម្ពុជា​មាន​លុយ​ចំនួន​ ៣ពាន់​លាន​ដុល្លារ​តម្កល់​នៅ​រតនាគារជាតិ

ដោយ ​វុត្ថា

​ភ្នំពេញ​៖ លោក​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​អះអាង​ថា​ នៅ​បច្ចុប្បន្ន​នេះ​ថវិកាជាតិ​ មាន​ក្នុង​រតនា​គា​ជាតិ​ ដែល​សល់​ពី​ការ​ចំណាយ​ប្រចាំឆ្នាំ​កន្លងទៅ​ គឺ​មាន​ចំនួន៣ពាន់​លាន​ដុល្លារ​អាមេរិក​។

លោក​ ឧបនាយក​រដ្ឋ​មន្រ្ដី​ អូន​ ព័ន្ធ​មុ​នី​រត្ន័​ នៅក្នុង​កិច្ចប្រជុំ​រវាង​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​ជាមួយ​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ស្ដី​អំពី​ ច្បាប់​ថវិកា​សម្រាប់​ការគ្រប់គ្រង​ ឆ្នាំ២០២០​ នៅ​ថ្ងៃទី​ ២២​ ខែតុលា​នេះ​ ក៏បាន​លើកឡើង​ពី​ចំណូល​ ដែល​កម្ពុជា​ទទួល​បាន​ពី​ វិស័យ​ប្រេងកាត​ នៅក្នុង​ប្លុក​ A ដែនសមុទ្រ​កម្ពុជា​ថា​ នៅ​រយៈពេល១០ឆ្នាំ​ដំបូង​ នៃ​ដំណើរការ​បូម​ប្រេង​កម្ពុជា​រំពឹង​ថា​ នឹង​ទទួល​បាន​ចំណូល១ពាន់​លាន​ដុល្លារ​។

លោក​ឧបនាយក​រដ្ឋ​មន្រ្ដី​ អូន​ ព័ន្ធ​មុ​នី​រត្ន័​ ក៏បាន​ទម្លាយ​ពី​ចំណូល​ពន្ធដារ​ ដែល​កម្ពុជា​ទទួល​បាន​ ពី​វិស័យ​កាស៊ីណូ​ នៅ​ឆ្នាំ២០១៩នេះ​ថា​ ប្រមូល​បាន​ពន្ធ​ជាង៥០លាន​ដុល្លារ​អាមេរិក​ ដែល​ចំណូល​នេះ​នឹង​ថមថយ​វិញ​នៅ​ឆ្នាំ២០២០​ ដោយសារតែ​ការ​បិទ​ល្បែង​តាម​អន​ឡាញ​។

លោក​ ង៉ែត​ ជូ​ អ្នកវិភាគ​ឯករាជ​សេដ្ឋកិច្ច​កម្ពុជា​ បានឱ្យ​ដឹង​ថា​ សម្រាប់​ថវិការ​ប្រមាណ​ ៣ពាន់​លាន​ដុល្លារ​ដែល​តម្កល់​នៅ​រតនាគារជាតិ​ គឺ​មិន​ច្រើន​នោះ​ទេ​ សម្រាប់​ប្រទេស​កម្ពុជា​ ព្រោះ​វា​គ្រាន់តែ​ជា​ប្រា​ក់បំ​រ៉ុង​ប៉ុណ្ណោះ​ ។ ​លោក​បន្ថែម​ថា​ ទាក់ទង​ទៅ​នឹង​ការ​ទទួលផល​ពី​ប្រេងកាត​ គឺ​មិនទាន់​ជា​ច្បាស់​នៅឡើយ​ទេ​ ព្រោះ​រដ្ឋាភិបាល​បាន​ប្រកាស​ជា​រឿង​ៗ ថា​នឹង​ទទួល​បាន​ឆាប់​ៗនេះ​ ។

តែបើ​ប្រទេស​កម្ពុជា​យើង​ទទួល​បាន​ពី​វិស័យ​ប្រេងកាត​នេះ​ នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​លូតលាស់​ទៅមុខ​ថែមទៀត​។ លោក​ក៏បាន​ស្នើ​ដល់​ឱ្យ​មានការ​គ្រប់គ្រង់​ប្រាក់ចំណូល​ពី​វិស័យ​ប្រេងកាត​នេះ​ ឱ្យ​មាន​តម្លាភាព​ ជាពិសេស​កត់ត្រា​ និង​ធ្វើ​របាយការណ៍​ក្នុង​មួយ​ខែ​ ឬ មួយឆ្នាំ​បាន​ប៉ុន្មាន​ពី​ចំណូល​ និង​ចំណាយ​ឱ្យ​បាន​ច្បាស់​ថា​តើ​កម្ពុជា​ទទួល​បាន​ចំណូល​ប៉ុន្មាន​ឱ្យ​ពិតប្រាកដ​ ដើម្បី​ឱ្យ​មាន​តម្លាភាព​នៃ​ថវិកាជាតិ​៕

ទំហំ​សេដ្ឋកិច្ចខេត្ត​កែប​កើនឡើង​ដល់​ប្រមាណ​ ៥០​,៧លាន​ដុល្លារ​

ដោយៈ​ រ៉ា​ណេត​

ខេត្ត​កែ​បៈ​ ជាមួយនឹង​ភាពល្អ​ប្រសើរ​ និង​អភិវឌ្ឍ​ទាំង​ផ្នែក​ទេសចរណ៍​ និង​កំណើន​នៃ​ការ​វិនិយោគ​នៅក្នុង​តំបន់​ សេដ្ឋកិច្ច​នៅក្នុង​ខេត្ត​កែប​ទាំងមូល​ បាន​កើនឡើង​ដល់​ប្រមាណ២០៥​,៥២៦លាន​រៀល​ (៥០​,៧លាន​ដុល្លារ​) ស្មើនឹង​ប្រមាណ ០.២០ភាគរយ​ នៃ​ផលទុនជាតិ​សរុប​។

លោក​ រិន​ វីរៈ​ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងផែនការ​ បាន​មានប្រសាសន៍​ក្នុង​ពិធី​ផ្សព្វផ្សាយ​បឋម​ពី​លទ្ឋ​ផល​ នៃ​ទំហំ​សេដ្ឋកិច្ច​របស់​ខេត្ត​ជាប់មាត់​សមុទ្រ​នេះ​ កាលពី​ព្រឹក​ថ្ងៃទី២២​ តុលា​នេះ​ថា​ យោង​តាម​ការ​គណនា​របស់​អ្នក​បច្ច​កទេស​ ខេត្ត​កែប​មាន​ទំហំ​សេដ្ឋកិច្ច​សរុប​ប្រមាណ៥០.៧លាន​ដុល្លា​អាមេរិក​ មាន​ប្រមាណ០​,២០ភាគរយ​នៃ​សេដ្ឋកិច្ច​ជាតិ​ទាំងមូល​។

កំណើន​សេដ្ឋកិច្ច​ក្នុង​ខេត្ត​កើនឡើង​ប្រមាណ៥​,៦ភាគរយ​ នៅ​ឆ្នាំ២០១៨​ បើ​ធៀប​នឹង​ឆ្នាំ២០១៧​។ ប្រាក់ចំណូល​ជាមធ្យម​សម្រាប់​មនុស្ស​ម្នា​ក់ៗ​នៅ​ឆ្នាំ២០១៨​ មាន​ចំនួន១​,២១៧ដុល្លារ​។

លោ​ករិន​ វីរៈ​បាន​បន្ថែម​ទៀត​ថា​ ថ្វីត្បិតតែ​ទំហំ​សេដ្ឋកិច្ច​ខេត្ត​ មានការ​កើនឡើង​ក៏ដោយ​ ក៏​ខេត្ត​ត្រូវ​យកចិត្ត​ទុកដាក់​លើ​វិស័យ​មួយចំនួន​ ដូចជា​ វិស័យ​សេវាកម្ម​ កសិកម្ម​ និង​ឧស្សាហកម្ម​ ព្រោះ​វិស័យ​ទាំងនេះ​ហើយ​ ដែល​ជម្រុ​ញសេដ្ឋកិច្ច​ខេត្ត​កែប​ឱ្យ​មានការ​រីកចម្រើន​ខ្លាំង​។ ក្នុង​ឆ្នាំ២០១៨​ នេះ​ផ្នែក​សេវាកម្ម​មាន​ទំហំ៥៤.០​ ភាគរយ​ ផ្នែក​កសិកម្ម​មាន២៩.៧​ ភាគរយ​ និង​ផ្នែក​ឧស្សាហកម្ម​មាន១៦.៣ភាគរយ​ ក្នុង​ការ​ជម្រុ​ញសេដ្ឋកិច្ច​ខេត្ត​ឱ្យ​មានការ​រីកចម្រើន​។

លោក​ កែន​ សត្ថា​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប​ បាន​លើកឡើង​ថា​ សម្រាប់​ខេត្ត​កែប​ រដ្ឋបាល​ខេត្ត​គ្រប់​ជាន់ថ្នាក់​ បាន​ខិតខំ​ព្យាយាម​ធ្វើការ​អភិវឌ្ឍ​ខេត្ត​ឱ្យ​ទទួល​បាន​នូវ​ភាព​រីកចម្រើន​ជាបន្តបន្ទាប់​។ ជាក់ស្ដែង​អត្រា​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ ក្នុង​ខេត្ត​ថយ​ចុះពី​ចំនួន១៤​,៣៧ភាគរយ​នៅ​ឆ្នាំ២០១៥​ មក​ត្រឹម ៤​,៤៣ភាគរយ​ក្នុង​ឆ្នាំ២០១៩នេះ​៕

ស្ពាន​អាកាស​ថ្មើរជើង​នៅ​ទល់មុខ​ផ្សារ​កំពង់ស្ពឺ​នឹង​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​នៅ​ខែធ្នូ​ខាងមុខនេះ​

ដោយ ​វុត្ថា​

កំ​ពង់​ស្ពឺៈ​ ស្ពាន​អាកាស​ថ្មើរជើង​ត្រង់​ចំណុច​បេនឡាន​ ផ្សារ​កំពង់ស្ពឺ​ក្នុង​តម្លៃ​សាងសង់៣៤ម៉ឺន​ដុល្លារ​អាមេរិក​ នឹង​លេច​រូបរាង​ឡើង​នៅក្នុង​ខែធ្នូ​ ឆ្នាំ២០១៩នេះ​ហើយ​ ។

លោក​ វ៉ី​ សំណាង​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​ នៅក្នុង​ចុះ​ពិនិត្យមើល​វឌ្ឍនភាព​ នៃ​ការសាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នា​រសៀល​ថ្ងៃទី២២​ ខែតុលា​ ឆ្នាំ២០១៩​ នេះ​បានឱ្យ​ដឹង​ ស្ពាន​អាកាស​ថ្មើរជើង​នេះ​ បាន​នឹង​កំពុង​សាងសង់​បាន​ប្រមាណ៥០​% អនុវត្តន៍​ ទៅតាម​លក្ខណៈ​បច្ចេកទេស​ស្តង់​ដា​អន្តរជាតិ​ ដែល​មាន​ប្រវែង៣០ម៉ែត្រ​ កម្ពស់
៥​,២ម៉ែត្រ​ នឹង​ទទឹង៣ម៉ែត្រ​ ដែល​ធ្វើ​ពី​បេតុង​អា​មេ​។

លោក​បន្ត​ថា​ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ នឹង​គ្រោង​រៀបចំ​ពិធី​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ពាន​អាកាស​ថ្មើរជើង​នេះ​ នៅ​ចុងខែ​ធ្នូ​ ឆ្នាំ២០១៩ខាងមុខនេះ​ ដែល​ជាស​មិទ្ធ​ផល​ថ្មី​ជា​ប្រវត្តិសាស្ត្រ​ ដែល​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ទន្ទឹងរង់ចាំ​មើល​។

វត្តមាន​ស្ពាន​អាកាស​ថ្មើរជើង​លើកដំបូង​ នៅក្នុង​ខេត្ត​កំពង់ស្ពឺ​មួយ​នេះ​ ត្រូវ​បាន​សាងសង់​កាលពី​ខែឧសភា​ ឆ្នាំ​ ២០១៩កន្លងមក​នេះ​។ វា​ជាផ្នែក​មួយ​ក្នុង​ការ​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏ដូចជា​ការ​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ​នោះ​៕