សម្តេច​តេជោ​ជំរុញ​ឱ្យ​មានការ​វិនិយោគ​ចំណតរថយន្ត​ក្រោម​ដី​នៅ​ទីក្រុង​ភ្នំពេញ​ ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​

ដោយ​ វុត្ថា

​ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បានជំរុញឱ្យ​មានការ​វិនិយោគ​លើ​ការសាងសង់​ចំណត​រថយន្ត​ក្រោម​ដី​នៅក្នុង​ទីក្រុង​ភ្នំពេញ​ ដើម្បី​ឆ្លើយតបទៅនឹង​កំណើន​នៃ​ការប្រើ​ប្រាស់​រថយន្ត​ និង​សម្រួល​ដល់​បញ្ហា​កកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង​ភ្នំពេញ​ ។

សម្តេច​តេជោ​ ហ៊ុន​ សែន​ ក្នុង​ពេល​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​មក​ពីសា​កល​វិទ្យាល័យ​បៀ​លប្រាយ​ នៅ​កោះ​ពេជ្រ​កាលពី​ព្រឹក​ថ្ងៃទី​ ២២​ តុលា​ ឆ្នាំ​ ២០១៩​ នេះ​ ថា​ ទីក្រុង​ភ្នំពេញ​បាន​នឹង​កំពុង​ជួប​បញ្ហា​កកស្ទះ​ចរាចរណ៍​ និង​កន្លែង​ចត​រថយន្ត​។

សម្តេច​តេជោ​ថា​ “ដូចដែល​យើង​បានឃើញ​ស្រាប់​រាល់ថ្ងៃ​គឺ​មាន​រថយន្ត​តូច​ធំ​ចត​ពាសវាលពាសកាល​គ្មាន​សណ្តាប់​ធ្នាប់​លើ​ចញ្ចើម​ថ្នល់​ និង​ លើ​ផ្លូវ​សម្រាប់​សាធារណជន​ដើរ​ឆ្លងកាត់​ ឬលើ​ផ្លូវថ្នល់​សម្រាប់​រថយន្ត​បើកបរ​ ដែល​បណ្តាល​អោយ​កកស្ទះ​ចរាចរណ៍​តែម្តង​”។

ដើម្បី​ដោះស្រាយ​សម្រួល​លើ​បញ្ហា​នេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​យល់ព្រម​សម្រេច​អោយ​មានការ​វិនិយោគ​ពី​វិស័យ​ឯកជន​កសាង​សង់​ចំណតរថយន្ត​ក្រោម​ដី​ (៤ឬ៥ជាន់​ចុះទៅ​ក្រោម​) គឺ​អាច​សាងសង់​បាន​នៅ​ពីក្រោម​សួនច្បារ​ក្នុង​រាជធានី​ភ្នំពេញ​ រួម​ទាំង​សួនច្បារ​សម្តេច​ ហ៊ុន​ សែន​ ផង​ដែរ​។

សម្តេច​បន្ថែម​ថា​ ចំពោះ​ទីតាំង​ចំណត​ក្រោម​ដី​ គឺ​មិន​ត្រូវ​ប៉ះពាល់​នៅ​ទីតាំង​ព្រះបរមរាជវាំង​ឡើយ​។ ចំពោះ​ការសាងសង់​វិញ​ គឺ​ត្រូវ​ធ្វើ​ប្រកបដោយ​គុណភាព​ និង​បច្ចេកទេស​ខ្ពស់​ ជាមួយនឹង​ការទទួលខុសត្រូវ​ខ្ពស់​លើ​សុវត្ថិភាព​ជាចម្បង​។

ចំណតរថយន្ត​ក្រោម​ដី​មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​សណ្តាប់​ធ្នាប់​ចរាចរណ៍​ ប៉ុន្តែ​នឹង​ជួយ​លើក​សោភ័ណភាព​ក្រុង​អោយ​កាន់តែ​ស្រស់​ស្អាត​មួយ​កម្រិត​ថែមទៀត​៕

ចំនួន​មហាសេដ្ឋី​ចិន​បាន​វ៉ា​ដាច់​អាមេរិក​នៅ​លើ​ពិភពលោក​

in Hong Kong, Friday, March 16, 2018. (AP Photo/Kin Cheung)

ដោយ​ Donald​ Lee​

ភ្នំពេញ​៖ យោង​តាម​របាយការណ៍​ថ្មី​របស់​ធនាគារ​វិនិយោគ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វីស​ ចំនួន​អ្នកមាន​ទ្រព្យសម្បត្ដិ​ជនជាតិ​ចិន​បាន​កើន​លើស​ចំនួន​អាមេរិក​នៅក្នុង​ចំណាត់ថ្នាក់​ពិភពលោក​ជាលើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​។

របាយការណ៍​វិទ្យាស្ថាន​ស្រាវជ្រាវ​ទ្រព្យសម្បត្ដិ​ពិភពលោក​ (Credit​ Suisse​ Research​ Institute​ Global​ Wealth​ Report​ 2019​) បាន​លើកឡើង​ថា​ “ចិន​បាន​វ៉ា​អាមេរិក​នៅ​ឆ្នាំនេះ​ក្នុង​ការ​ក្លាយជា​ប្រទេស​មាន​ប្រជាជន​ច្រើនជាង​គេ​ដែល​មាន​ ១០​ ភាគរយ​នៃ​ទ្រព្យសម្បត្តិ​ពិភពលោក​” ។

ចាប់តាំងពី​ដើមឆ្នាំ​ ២០០០​ ទ្រព្យសម្បត្តិ​គ្រួសារ​របស់​ចិន​បាន​កើនឡើង​ពី​ ៣,៧​ ទ្រី​លាន​ដុល្លារ​ដល់​ជិត​ ៦៤​ ទ្រី​លាន​ដុល្លារ​ដែល​ជា​អត្រាកំណើន​ជិត​ ៣ ដង​នៃ​សេដ្ឋកិច្ច​ពិភពលោក​។ បច្ចុប្បន្ន​ ចិន​ជា​ប្រទេស​មាន​មហាសេដ្ឋី​ចំនួន​ ៤,៤​ លាន​នាក់​។

ខណៈ​សម្រាប់​ប្រជាជន​ចិន​ដែល​នៅសល់​ ចិន​ក៏​កំពុង​កើនឡើង​ដល់​លំដាប់​កំពូល​ក្នុង​ទ្រព្យសម្បត្តិ​គ្រួសារ​លើស​ប្រទេស​ជប៉ុន​ និង​នៅ​ពីក្រោយ​អាមេរិក​។

របាយការណ៍​បានឱ្យ​ដឹង​ថា​ “បើ​និយាយ​ពី​ទ្រព្យសម្បត្តិ​គ្រួសារ​សរុប​បច្ចុប្បន្ន​ប្រទេស​ចិន​ស្ថិតនៅ​លំដាប់​ទី​ ២ នៅ​ពីក្រោយ​សហរដ្ឋអាមេរិក​ ប៉ុន្តែ​នៅ​ពីមុខ​ប្រទេស​ជប៉ុន​”។

សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ដែល​មាន​រយៈពេល​ជាង​មួយឆ្នាំ​មកនេះ​មិនបាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាជន​ដែល​មាន​ជាងគេ​បំផុត​របស់​ពិភពលោក​នោះ​ទេ​ ខណៈ​ IMF​ បាន​រាយការណ៍​ថា​ សង្គ្រាម​ពន្ធ​ពិភពលោក​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ខាតបង់​ជិត​ ៧០០​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២០​ ។

ទាំង​អាមេរិក​ និង​ចិន​បាន​ដឹកនាំ​ផ្លូវ​ឆ្ពោះទៅ​រក​ការបង្កើត​ទ្រព្យសម្បត្តិ​ប្រឆាំង​នឹង​ការព្យាករណ៍​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ដ៏​អាប់អួរ​សម្រាប់​ប្រទេស​ទាំងពីរ​។ អ្នកមាន​អាមេរិក​បាន​ចូលរួម​ជិត​ ៤ ទ្រី​លាន​ដុល្លារ​ និង​ចិន​ ២ ទ្រី​លាន​ដុល្លារ​នៅក្នុង​ពិភពលោក​។

របាយការណ៍​ បាន​ប៉ាន់ស្មាន​ថា​ ចំនួន​ប្រជាជន​របស់​មហាសេដ្ឋី​នៅ​ជុំវិញ​ពិភពលោក​ឈាន​ដល់​ ៤៧​ លាន​នាក់​នៅ​ឆ្នាំនេះ​។ការត្រួតត្រា​របស់​អ្នកមាន​នៅ​លើ​ពិភពលោក​ជិត​ពាក់កណ្តាល​នៃ​ទ្រព្យសម្បត្តិ​ពិភពលោក​មាន​ទឹកប្រាក់​ ១៥៨,៣​ ទ្រី​លាន​ដុល្លារ​៕

កម្ពុជា​ជា​បេះដូង​អាស៊ាន​ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ក្នុង​តំបន់​កើន​ដល់​ ២,៣ទ្រី​លាន​ដុល្លារ​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា​ កម្ពុជា​គឺជា​បេះដូង​នៃ​អាស៊ាន​ (ASEAN​) ដែល​ជា​តំបន់​មាន​សេដ្ឋកិច្ច​រីកចម្រើន​ឆាប់រហ័ស​ និង​មាន​ប្រជាជន​ប្រមាណ៦២៥លាន​នាក់​ ខណៈ​អាស៊ាន​ជា​តំបន់​ដែល​មាន​សេដ្ឋកិច្ច​លំដាប់ថ្នាក់​ទី៧​ ក្នុង​ពិភពលោក​ និង​លំដាប់ថ្នាក់​ទី៣នៅ​អាស៊ី​។

លោកជំទាវ​ ម៉ែ​ន សំ​អន​ ឧបនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ក្នុង ​”សន្និសីទ​អន្តរជាតិ​វិនិយោគ​ចិន​-កម្ពុជា​” សណ្ឋាគារ​សុខា​ រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ថា​ ទំហំ​ពាណិជ្ជកម្ម​អាស៊ាន​មាន​ប្រមាណ២​,៣ទ្រី​លាន​ដុល្លារ​ ($2.3​ trillion​) ដែល​ក្នុង​នោះ​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំជាង​គេ​របស់​អាស៊ាន​។

កម្ពុជា​ត្រូវ​បាន​ទទួលស្គាល់​ថា​ ជា​ប្រទេស​មួយ​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​ឆាប់រហ័ស​បំផុត​មួយ​ ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​ និង​ពិភពលោក​ ដោយ​ចាប់ផ្តើម​ចេញដំណើរ​ពី​ចំណុចសូន្យ​នៅ​ឆ្នាំ១៩៧៩​។ ជាមួយ​ កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​កើន​ជាមធ្យម​ប្រមាណ៧ភាគរយ​ក្នុង​មួយឆ្នាំ​ កម្ពុជា​បាន​ប្រែក្លាយ​ឋានៈ​ពី​ប្រទេស​ចំណូល​ទាប​ទៅជា​ប្រទេស​ចំណូល​មធ្យម​កម្រិតទាប​ និង​ត្រៀមខ្លួន​ឱ្យ​ក្លាយជា​ប្រទេស​ចំណូល​មធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ២០៣០​ និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០​។

លោកជំទាវ​បន្ត​ថា​ “ជោគជ័យ​ផ្នែក​សេដ្ឋកិច្ច​នេះ​គឺ​ដោយសារ​ ផលិតកម្ម​ និង​សេវាកម្ម​ក្នុង​ស្រុក​មាន​ដំណើ​ការ​ល្អ​ លំហូ​នៃ​ទុន​វិនិយោគ​ទាំង​ក្នុង​ស្រុក​ និង​ពី​បរទេស​ ពាណិជ្ជកម្ម​ និង​ទេសចរណ៍​ មាន​ភាព​រស់រវើក​ រួម​ជាមួយ​ នឹង​គោលនយោបាយ​ទីផ្សារសេរី​ និង​បើក​ចំហរ​ និង​ឆ្ពោះទៅ​រក​ការនាំចេញ​”។

លោកជំទាវ​បាន​បន្ត​ឱ្យ​ដឹង​ថា​ រាជរដ្ឋាភិបាល​បាន​ធានា​នូវ​សុខ​សន្តិភាព​ ស្ថិរភាព​នយោបាយ​ និង​ដាក់ចេញ​នូវ​ការកែទម្រង់​ និង​គោលនយោបាយ​ជាច្រើន​ដែល​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​ ការ​អភិវឌ្ឍ​វិស័យ​ឯកជន​ ការជំរុញ​វិនិយោគ​ និង​ពាណិជ្ជកម្ម​ និង​ការ​បង្កើន​លទ្ធភាព​ប្រកួតប្រជែង​របស់​កម្ពុជា​។

លោកជំទាវ​បាន​បន្ត​ថា​ “លើស​ពីនេះ​ទៀត​ដោយ​កម្ពុជា​មាន​ទីតាំង​ ភូមិសាស្ត្រ​ល្អជា​យុទ្ធសាស្ត្រ​ និង​ពលកម្ម​វ័យក្មេង​ទើប​ធ្វើឲ្យ​កម្ពុជា​ ក្លាយជា​ទិសដៅ​ចម្បង​សម្រាប់​វិនិយោគ​”។

ជាក់ស្តែង​ នៅ​កម្ពុជា​បច្ចុប្បន្ន​ ជាពិសេស​រាជធានី​ភ្នំពេញ​ ក្រុង​សៀមរាប​ និង​ក្រុង​ព្រះសីហនុ​ មានការ​ប្រែប្រួល​មុខមាត់​យ៉ាង​ខ្លាំង​។យើង​សង្កេតឃើញ​មាន​សំណង់​សណ្ឋាគារ​ភោជនីយដ្ឋាន​ទីស្នាក់ការ​ ការិយាល័យ​ លំនៅ​ដ្ឋាន​ ហាង​លក់ទំនិញ​ ផ្សារ​ទំនើប​ជាច្រើន​កំពុង​រីក​ដុះដាល​ដូច​ផ្សិត​។ ក្រុមហ៊ុន​ដែល​មាន​ម៉ា​កល្បី​ៗ លំដាប់​ពិភព​ លោក​កំពុងតែ​មាន​វត្តមាន​កាន់តែ​ច្រើន​នៅ​កម្ពុជា​៕

សម្តេច​តេជោ​៖ រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ដាក់ឲ្យ​មាន​ក្រុមហ៊ុន​ប្រមូល​សំរាម៣ទៅ៤នៅ​ទីក្រុង​ភ្នំពេញ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​ចាំបាច់​ដាក់ឲ្យ​មាន​ក្រុមហ៊ុន​ ប្រមូល​សំរាម​ពី៣ទៅ៤ក្រុមហ៊ុន​ ខណៈ​ក្រុមហ៊ុន​ស៊ិន​ទ្រី​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​បៀ​លប្រាយ​ នៅ​ទីក្រុង​កោះ​ពេជ្រ​ នា​ព្រឹក​ថ្ងៃទី២២​ តុលា​នេះ​ សម្តេច​តេជោ​បាន​ថ្លែង​ថា​ សម្ដេច​តេជោ​ថា​ មុន​នេះ​តាំងពី​ឆ្នាំ១៩៩៦​ មក​ទីក្រុង​ភ្នំពេញ​មាន​សំរាម​ប្រមាណ៣​0តោន​តែប៉ុណ្ណោះ​ ហើយ​ទឹកដី​ដែល​យើង​ត្រូវ​យក​សំរាម​នោះ​ មាន​ប្រមាណ​តែ៣​00​គីឡូម៉ែត្រ​ការ៉េ​ប៉ុណ្ណោះទេ​។ ប៉ុន្តែ​គិត​មកដល់​បច្ចុប្បន្ន​នេះ​ ទំហំ​ទីក្រុង​ភ្នំពេញ​បាន​កើន​ធំ​រហូត​ទៅដល់​ជាង៦០០គីឡូម៉ែត្រ​ការ៉េ​ ហើយ​បញ្ហា​សំរាម​គឺ​បាន​កើន​រហូត​ទៅដល់​ជាង៣ពាន់​តោន​ក្នុង​មួយថ្ងៃ​។

សម្តេច​តេជោ​បាន​បន្ត​ថា​ “ក្រុមហ៊ុន​ស៊ិន​ទ្រី​មួយ​ មិន​អាច​នឹង​គ្រប់គ្រង​បាន​នោះ​ទេ​ រាជរដ្ឋាភិបាល​ចាំបាច់​ ត្រូវតែ​រក​ក្រុមហ៊ុន៣ទៅ៤បន្ថែម​ទៀត​ ដើម្បី​ដោ​ញស្រាយ​បញ្ហា​សំរាម​នេះ​”។

វិស័យ​ឯកជន​បាន​ប្រកាស​ស្វាគមន៍​ចំពោះ​ប្រមុខ​រដ្ឋាភិបាល​ សម្តេច​តេជោ​ ហ៊ុន​ សែន​ ដាក់​ឱ្យ​មានការ​ដេញថ្លៃ​ក្រុមហ៊ុន​ប្រមូល​សំរាម​ច្រើន​ នៅក្នុង​ទីក្រុង​ភ្នំពេញ​ ខណៈ​នា​ពេល​បច្ចុប្បន្ន​នេះ​ មាន​ក្រុមហ៊ុន​តែមួយ​ទទួលបន្ទុក​ ប្រមូល​សម្រាម​នៅក្នុង​ទីក្រុង​មួយ​នេះ​។

លោក​ធួន​ ស៊ី​ណាន​ ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​កម្ពុជា​ (PATA​) បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​ទីក្រុង​ភ្នំពេញ​មាន​ក្រុមហ៊ុន​តែមួយ​ គឺ​ក្រុមហ៊ុន​ស៊ីន​ទ្រី​ ដែល​មិនបាន​ប្រមូល​ និង​គ្រប់គ្រង​សម្រាម​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ​ ដោយ​កន្លែង​ខ្លះ​នៅសល់​ពាសវាលពាសកាល​បន្ទាប់ពី​ប្រមូល​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សោភណភាព​ទីក្រុង​ទាំងមូល​។

លោក​បន្ត​ថា​ “នៅពេល​ដាក់​ឱ្យ​មានការ​ដេញថ្លៃ​ លើ​ការគ្រប់គ្រង​សំរាម​នេះ​របស់​ប្រមុខ​រដ្ឋាភិបាល​នៅពេល​នេះ​ ពិតជា​ល្អ​ណាស់​ ដើម្បី​ឱ្យ​ក្រុម​ហ៊ុន​ផ្សេង​ៗមាន​ឳកាសចូល​រួម​ប្រមូល​ និង​គ្រប់គ្រង​សម្រាម​នៅក្នុង​ទីក្រុង​ភ្នំពេញ​ កាន់តែ​ល្អ​ប្រសើរ​មួយ​កម្រិត​ ដោយ​បែកចែក​ទីតាំង​ប្រមូល​សម្រាម​ឱ្យ​បាន​ត្រឹមត្រូវ​”។

លោក​ក៏បាន​អំពាវ​ដល់​ក្រុមហ៊ុន​ ដែល​ទទួល​បាន​សិទ្ធិ​ប្រមូល​ និង​គ្រប់គ្រង​សំរាម​ ឱ្យ​បាន​ត្រឹមត្រូវ​។ ជាមួយគ្នា​នេះ​ ត្រូវ​ហ៊ុ​ព័ទ្ធ​រថយន្ត​ដែល​ដឹក​សំរាម​ អោយ​បាន​ល្អ​កុំ​អោយ​ជះក្លិន​អាក្រក់​ នៅពេល​បើក​នៅ​តាមផ្លូវ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​៕

លោក​ Donald​ Trump​ អះអាង​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​នឹង​ទទួល​បានផល​វិជ្ជមាន​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​និយាយ​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​កំពុង​ឈាន​ទៅ​រក​ភាពល្អ​ប្រសើរ​ ហើយ​ដំណាក់កាល​ដំបូង​ នឹង​ត្រូវ​បាន​ចុះហត្ថលេខា​ នៅ​វេទិកា​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​អាស៊ី​-ប៉ាស៊ីហ្វិក​នៅ​ថ្ងៃទី​ ១៦​ ខែ​ វិច្ឆិកា​។

លោក​ Trump​ បាន​ប្រាប់​អ្នកយកព័ត៌មាន​ នៅ​ទីក្រុង​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃ​ចន្ទ​ថា​ “កិច្ច​ព្រមព្រៀង​ជាមួយ​ចិន​ នឹង​ធ្វើឡើង​បាន​យ៉ាង​ល្អ​។ ពួកគេ​ចង់​ធ្វើ​កិច្ច​ព្រមព្រៀង​មួយ​។ ពួកគេ​ត្រូវ​ធ្វើ​កិច្ច​ព្រមព្រៀង​ ពីព្រោះ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​របស់​ពួកគេ​នឹង​ធ្លាក់ចុះ​”។

តំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក​ Robert​ Lighthizer​ បាន​និយាយ​ថា​ ការចរចា​នៅតែ​បន្ត​នៅ​ពីក្រោយ​ឆាក​ ជាមួយ​មន្ត្រី​ពាណិជ្ជកម្ម​មក​ពី​អាមេរិក​ និង​ចិន​ដែល​បាន​ប្រជុំ​ពេញ​មួយ​សប្តាហ៍​។

បើ​ការចរចា​មិន​ជោគជ័យ​ សង្គ្រាម​ពន្ធ​នឹង​ទំនងជា​បន្ត​ទៀត​ ខណៈ​ការដំឡើង​ពន្ធគយ​លើ​ទំនិញ​ចិន​នឹង​ចូលជាធរមាន​នៅក្នុង​ខែ​ ធ្នូ​។

ទន្ទឹម​នឹង​នេះ​ដែរ​ ចិន​នៅតែ​សំឡឹង​មើល​ការ​ប្រមូលប្រាក់២​,៤ពាន់​លាន​ដុល្លារ​តាមរយៈ​សេចក្តី​សម្រេច​របស់​ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ដែល​ទាក់ទង​នឹង​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​បា​រ៉ា​ក់​ អូ​បា​ម៉ា​៕

អ្នកជំនាញ​៖ ការ​ផ្គត់ផ្គង់​ទីកន្លែង​តាំងពិព័រណ៍​ផលិតផល​នានា​នៅ​កម្ពុជា​នៅ​មិនទាន់​អាច​ឆ្លើយតប​នឹង​តម្រូវការ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ការ​ផ្គត់ផ្គង់​ទីតាំង​សម្រាប់​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ផលិតផល​ នានា​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​អ្នកជំនាញ​អះអាង​បញ្ជាក់​ប្រាប់​ថា​ នៅ​មិនទាន់​អាច​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​បាន​គ្រប់គ្រាន់​នៅឡើយ​ទេ​ ខណៈ​ដែល​អ្នក​វិនិយោគ​មួយចំនួន​ធំ​ហា​ក់ព្រងើង​កន្តើយ​មិន​ចាប់អារម្មណ៍​នឹង​មុខ​ជំនួញ​មួយ​នេះ​។

សម្រាប់​តែ​នៅក្នុង​រាជធានី​ភ្នំពេញ​ នៅពេល​និយាយ​ពី​ព្រឹត្តិ​ការណ៍​នៃ​ការ​តាំងពិព័រណ៍​ផលិតផល​នានា​ ភាគច្រើន​គេ​តែង​ នឹកឃើញ​ដល់ទី​តាំង​មិន​លើស​ពី២​-៣ កន្លែង​តែប៉ុណ្ណោះ​ ក្នុង​នោះ​រួមមាន​ដូចជា​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះ​ពេជ្រ​ មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់​ និង​សណ្ឋាគារ​មួយចំនួន​ទៀត​ ដែល​មាន​ទីធ្លា​ធំ​ទូលាយ​ ដូចជា​សណ្ឋាគារ​សុខា​ភ្នំពេញ​ និង​សណ្ឋាគារ​សូ​ហ្វី​តែល​ជាដើម​។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ B2B​ Park​ ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ឃ្មួញ​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ លោក​ ធួន​ ស៊ី​ណាន​ បាន​មានប្រសាសន៍​បញ្ជាក់​ប្រាប់​ថា​ ទីតាំង​សម្រាប់​ប្រា​រព្វ​ពិធី​ពិព័រណ៍​ ត្រូវ​បាន​គេ​ចែកចេញជា២ប្រភេទ​ គឺទី​តាំង​ខាងក្នុង​ និង​ទីតាំង​ខាងក្រៅ​។ លោក​បាន​បន្ត​ទៀត​ថា​ ទីតាំង​ខាងក្នុង​គឺ​សំដៅ​ដល់ទី​តាំង​ទាំងឡាយ​ណា​ ដែល​មាន​ទីធ្លា​ធំ​ទូលាយ​ និង​ត្រូវ​បាន​បិទ​ជិត​ មាន​សុវត្ថិភាព​ពី​គ្រោះ​ធម្មជាតិ​ដូចជា​ខ្យល់​ ភ្លៀង​ និង​កំ​ដៅ​ថ្ងៃ​ដែល​មាន​ទំហំ​ចាប់ពី១០០០ម៉ែត្រការ៉េ​ឡើង​ទៅ​ ប៉ុន្តែ​ទីតាំង​ខាងក្រៅ​ គឺទី​កន្លែងនៅ​វាល​ខាងក្រៅ​មិន​ មាន​រោង​បិទបាំង​ តែ​អាច​សមល្មមនឹង​ការ​ធ្វើ​ស្ដ​ង់​សម្រាប់​ដាក់​តាំង​បង្ហាញ​ ឬលក់​ផលិតផល​បាន​”។

លោក​ធួន​ ស៊ី​ណាន​ បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ការ​ផ្គត់ផ្គង់​ទីតាំង​សម្រាប់​ប្រា​រព្វ​ពិធី​តាំងពិព័រណ៍​ នៅ​មិនទាន់​មាន​ភាព​ទូលំទូលាយ​នៅឡើយ​នោះ​ទេ​ ខណៈ​ដែល​ត្រូវការ​ទីផ្សារ​មាន​ច្រើន​ ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ​”។ លោក​បាន​បន្ត​ទៀត​ថា​ “ជា​ធម្មតា​គ្រប់​ក្រុមហ៊ុន​ដែល​ចូលរួម​ នៅក្នុង​ព្រឹត្តិ​ការណ៍​ពិព័រណ៍​គឺ​ពួកគេ​មានបំណង​តែមួយគត់​ គឺ​ធ្វើ​យ៉ាងណា​បាន​ផ្សព្វផ្សាយ​ពី​ផលិតផល​របស់​ខ្លួន​ ជាមួយនឹង​ការ​ទទួល​បានដៃ​គូ​វិនិយោគ​រួម​បន្ត​ ឬដៃគូ​ចែកចាយ​ ដែល​មិនមែន​ត្រឹមតែ​ជា​ការ​បង្ហាញ​ម៉ាក​សញ្ញា​តែមួយមុខ​នោះ​ទេ​”។

លោក​បាន​បញ្ជាក់​ថា​ សម្រាប់​អ្នក​វិនិយោគ​នៅក្នុង​ការ​ផ្គត់ផ្គង់​ទីតាំង​ជួល​ ក៏ដូចជា​គ្នា​ ត្រូវតែ​គិតទៅ​លើ​ទីផ្សារ​ជាធំ​ ដែល​ប្រៀប​ដូចជា​ការ​វិនិយោគ​ទៅលើ​សណ្ឋាគារ​យ៉ាង​ដូច្នោះ​ដែរ​ ដែល​ចាំបាច់​ត្រូវតែ​គិតពិចារណា​ជាមុន​ ទៅលើ​ទីតាំង​ដែល​មាន​តម្រូវការ​ពិតប្រាកដ​ ជាជាង​ការ​វិនិយោគ​តាម​គ្នា​ ដោយ​គ្មាន​គោលដៅ​ និង​គ្មាន​ការសិក្សា​ច្បាស់លាស់​នោះ​ទេ​”។

នៅ​ប្រទេសជិតខាង​ ការ​ផ្គត់ផ្គង់​ទីតាំង​សម្រាប់​ពិធី​តាំងពិព័រណ៍​ គឺ​មាន​វិសាលភាព​ខ្លាំង​ ហើយ​អ្នក​វិនិយោគ​អាច​ទាញ​ យក​ផលប្រយោជន៍​បន្ថែម​ពី​ការជួល​ទីតាំង​ ដូចជា​ទទួល​បាន​ចំណូល​ ពី​ស្នាក់នៅ​ក្នុងរយៈពេល​ខ្លី​ (បន្ថែម​ការ​វិនិយោគ​ផ្នែក​សណ្ឋាគារ​) ទទួល​បាន​ពី​ផ្នែក​អាហារដ្ឋាន​ (បង្កើត​អាហារដ្ឋាន​ស្ថិតនៅ​មណ្ឌល​ពិព័រណ៍​) ហើយក៏​អាច​ទទួល​បាន​ចំណូល​ពី​វិស័យ​ដឹកជញ្ជូន​មួយចំណែកទៀត​ផង​ដែរ​។

លោក​ធួន​ ស៊ី​ណាន​ បាន​មានប្រសាសន៍​បង្ហើប​ប្រាប់​ឱ្យ​ដឹង​ថា​ ដោយសារ​ការ​មើលឃើញ​ពី​ឱកាស​ក្នុង​ការ​វិនិយោគ​ នៅ​ត្រឹម​ដើមឆ្នាំ២០២០ឆាប់​ៗខាងមុខនេះ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ B2B​ Park​ នឹង​ចូលខ្លួន​មក​ផ្គត់ផ្គង់​ក្នុង​វិស័យ​នេះ​ ដោយមាន​ការបែងចែក​នូវ​ពេលវេលា​ច្បាស់លាស់​ នៃ​ការរៀបចំ​ព្រឹត្តិ​ការណ៍​ពិព័រណ៍​លំដាប់​អន្តរជាតិ​ចំនួន​ ១២​ ដង​ ក្នុង​មួយឆ្នាំ ​(១ខែ​ម្ដង​) និង​ការ​តាំងពិព័រណ៍​ខ្នាត​តូច​ និង​មធ្យម​ ប្រចាំ​សប្ដាហ៍​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​បណ្តា​ក្រុមហ៊ុន​ ក៏ដូចជា​ម្ចាស់​អាជីវកម្ម​នានា​ក្នុង​ការ​ទទួល​បានដៃ​គូ​វិនិយោគ​បន្ត​។ លោក​បាន​បញ្ជាក់​ថា​ “គ្រប់​បណ្តា​ក្រុមហ៊ុន​ទាំងអស់​ដែល​ចូលរួម​នៅក្នុង​ការ​បង្ហាញ​ផលិតផល​ នៅក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ B2B​ Park​ នឹង​ទទួល​បាន​ឱកាស​នៃ​ចំណែក​ទីផ្សារ​ពី​ការ​ប្រឹក្សា​ យោបល់​ និង​ជួល​ស្វែង​រកប​ ណ្តាញ​ទីផ្សារ​ និង​ការ​លក់​បន្ត​ តាមរយៈ​ក្រុមការងារ​ជំនាញ​ប្រចាំ​នៅ​មជ្ឈមណ្ឌល​ផ្ទាល់​តែម្ដង​។

ជាមួយគ្នា​នេះ​លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ គ្រប់​ផលិតផល​ទាំងអស់​ដែល​អាច​ទទួល​បាន​ចំណែក​ទីផ្សារ​ស្របតាម​គោលដៅ​ លុះត្រាតែ​ការ​ផ្សព្វផ្សាយ​ និង​ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​នៅកន្លែង​ដែល​មាន​សក្ដានុពល​ និង​មាន​ប្រសិទ្ធភាព​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century21​ Fortuna​ Investment​ ​លោក​ វ៉ា​ វីរៈ​ បាន​ទទួលស្គាល់​ថា​ ការ​ផ្គត់ផ្គង់​ទីតាំង​សម្រាប់​រៀបចំ​ពិព័រណ៍​នៅ​កម្ពុជា​ ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​ គឺ​មាន​ភាព​ខ្វះខាត​ពិតមែន​ ប៉ុន្តែ​ក៏​មានហេតុ​ផល​របស់​វា​ផង​ដែរ​។

លោក​បាន​បន្ត​ទៀត​ថា​ “យើង​ទទួលស្គាល់​ថា​ ការ​ផ្គត់ផ្គង់​នៅក្នុង​ផ្នែក​មួយ​នេះ​មាន​ភាព​ខ្វះខាត​ច្រើន​ ដែល​នៅក្នុង​រាជធានី​ភ្នំពេញ​ មានត្រឹមតែ​ប៉ុន្មាន​ទីតាំង​តែប៉ុណ្ណោះ​”។ លោក​បាន​បន្ត​ទៀត​ថា​ “ការដែល​ជំរុញ​ឱ្យ​អ្នក​វិនិយោគ​មើល​រំលង​ ហើយ​ទៅ​បណ្តាក់​ទុន​លើ​ផ្នែក​ដទៃទៀត​ ក៏​ព្រោះតែ​វិស័យ​នេះ​ មាន​ទីផ្សារ​តាម​រដូវ​កាល​តែប៉ុណ្ណោះ​ ដែល​វា​ខុសពី​ការ​វិនិយោគ​ដទៃទៀត​ ដែល​អាច​ទទួល​បាន​ចំណូល​ជាប្រចាំ​ខែ​”៕

អាជ្ញាធរ​ជាតិ​អប្សរា​ចេញ​សេចក្ដីប្រកាស​លុបបំបាត់​ការ​ផ្សព្វផ្សាយ​ផ្ទុយពី​ទិដ្ឋភាព​ជាក់ស្ដែង​នៃ​តំបន់​អង្គរ​

ដោយៈ​រ៉ា​ណេត​

សៀម​រា​បៈ​ អាជ្ញាធរ​ជាតិ​អប្សរា​ ដោយមាន​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ស្ថាប័នជាតិ​-អន្តរជាតិ​ ក្នុង​គោលដៅ​អភិរក្ស​និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ រមណីយដ្ឋាន​អង្គរ​ បាន​រៀបចំ​អភិវឌ្ឍន៍​ គ្រប់គ្រង​ ជួសជុល​ អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ​ឱ្យ​រួចផុត​ពី​បេតិកភណ្ឌ​ប្រឈម​នឹង​គ្រោះថ្នាក់​ រហូត​បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ធំ​មួយ​ក្នុង​សកលលោក​ និង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ១​ ជាគោល​ដៅ​ទេស​ចរ​ណ៍​ផ្ទួន​ៗគ្នា​នា​ឆ្នាំ​កន្លងមក​។

តាមរយៈ​ការ​អភិរក្ស​បេតិកភណ្ឌ​ និង​វិស័យ​ទេសចរណ៍​វប្បធម៌​ រមណីយដ្ឋាន​អង្គរបាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ និង​បាន​ផ្តល់​នូវ​ប្រយោជន៍​ដ៏​ឧត្តុ​ងឧត្តម​ទាំង​ផ្ទាល់​ និង​ប្រយោល​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ​ ជាពិសេស​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ទៅកាន់​ពិភពលោក​។

ផ្ទុយទៅវិញ​ កន្លងមក​នេះ​មានការ​ផ្សព្វផ្សាយ​ និង​ចែករំលែក​រូបភាព​ពុំ​ស្តែង​ចេញ​អំពី​បច្ចុប្បន្នភាព​ នៃ​តំបន់​រមណីយដ្ឋាន​អង្គរ​ ទៅ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ ដែល​សកម្មភាព​ទាំងនោះ​ខុសពី​ការពិត​ ទៅ​នឹង​អ្វី​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បច្ចុប្បន្ន​ កំពុង​បំពេញ​យ៉ាង​សស្រាក់​សស្រាំ​។ លើស​ពីនេះ​ការ​ផ្សព្វផ្សាយ​ និង​ចែកចាយ​រូបភាព​ផ្ទុយពី​បច្ចុប្បន្នភាព​បែបនេះ​ អាច​បង្ក​ឱ្យ​ភ្ញៀវ​ទេសចរ​មានការ​យល់​ច្រឡំ​ និង​គិត​មិនល្អ​ក្នុង​ការសម្រេច​ចិត្ត​ជ្រើសរើស​មក​ទស្សនា​នៅ​កម្ពុជា​និង​រមណីយដ្ឋាន​អង្គរ​។

លោក​ ឡុង​ កុសល​ អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​ថា​ អាជ្ញាធរ​ជាតិ​អប្សរា​ ក្រៅពី​កិច្ចការ​ជួសជុល​អភិរក្ស​ប្រាសាទ​ បាន​យកចិត្ត​ទុកដាក់​ធ្វើជា​ប្រចាំថ្ងៃ​លើ​កិច្ចការ​លើកកម្ពស់​បរិស្ថាន​ ឱ្យ​មាន​ភាព​បៃតង​នៅក្នុង​តំបន់​អង្គរ​ តាមរយៈ​ការរៀបចំ​សួន​ស្មៅ​ ការ​ដាំ​ដើមឈើ​ប្រណីត​ ការទប់ស្កាត់​អ្នកលក់​ដូរ​នៅ​លើ​វាលស្មៅ​ តាម​កសិន្ធុ​អង្គរវត្ត​ ការរៀបចំ​ចំណត​យានយន្ត​ ការ​ធ្វើ​ផ្លូវ​កង់​ ការស្ថាបនា​និង​ថែទាំ​ផ្លូវថ្នល់​ក្នុង​ឧទ្យាន​អង្គរ​។ល។ កិច្ចការ​ទាំងនេះ​ គឺ​ក្នុង​បំណង​បម្រើ​ដល់​សេវាកម្ម​ទេសចរណ៍​ និង​លើកកម្ពស់​តំបន់​រមណីយដ្ឋាន​អង្គរ​ឱ្យ​កាន់តែ​មាន​ភាព​ស្រស់​ស្អាត​ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​ទស្សនា​កាន់តែ​ច្រើន​។

លោក​បាន​បញ្ជាក់​ទៀត​ថា​ “ការប្រើ​ប្រាស់​រូបភាព​ ដែល​ពុំ​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ជាក់ស្តែង​បច្ចុប្បន្ន​ ពុំមែន​ជា​រឿង​ល្អ​ប្រសើរ​ទេ​។ ដូច្នេះ​ សូម​សាធារណជន​ប្រើប្រាស់​រូបភាព​និង​ខ្លឹមសារ​ ដែល​ឆ្លុះបញ្ចាំង​ពី​វឌ្ឍនភាព​ជាក់ស្តែង​ នៃ​តំបន់​រមណីយដ្ឋាន​អង្គរ​ ជាពិសេស​សកម្មភាព​ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ធ្វើ​នា​បច្ចុប្បន្ន​នេះ​ ដូចជា​ការរៀបចំ​ចំណត​ ការ​ដាំ​ស្មៅ​ ដាំ​ផ្កា​ ដាំ​ដើមឈើ​។ល។ ដើម្បី​រឹតតែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ​កាន់តែ​កើនឡើង​មិនខាន​។

សូម​រួមគ្នា​លុបបំបាត់​ការ​ផ្សព្វផ្សាយ​ និង​ចែកចាយ​រូបភាព​មិនមែន​បច្ចុប្បន្នភាព​អំពី​តំបន់​រមណីយដ្ឋាន​អង្គរ​ ដើម្បី​បំផុស​និង​ផ្សព្វផ្សាយ​រូប​ភា​ពល្អៗ​ និង​ភាព​ស្រស់​ស្អាត​នៃ​តំបន់​រមណីយដ្ឋាន​អង្គរ​ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ជាតិ​!!!៕

សម្តេច​តេជោ​បញ្ជាទិញ​រថយន្ត​ ៤៥០គ្រឿង​ ដើម្បី​ត្រៀម​ដឹក​ថ្នាក់ដឹកនាំ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​

ដោយ ​វុត្ថា

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​ប្រកាស​បញ្ជាទិញ​រថយន្ត​ប្រមាណ​ ៤៥០​ គ្រឿង​សម្រាប់​ដឹក​ថ្នាក់ដឹកនាំ​មក​ពី​អាស៊ី​ និង​អឺរ៉ុប​មក​ចូលរួម​កិច្ចប្រជុំ​កម្ពុជា​ នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ នៅឆ្នាំ ២០២០។

សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ទទួលការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ សម្រាប់​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ភ្នំពេញ​ ដោយ​ផ្ដោត​ទៅលើ​ប្រធានបទ​ស្ដីពី​ ការ​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​គន្លឹះ​ នា​ពេល​បច្ចុប្បន្ន​៖ សន្តិភាព​ ការ​បង្រួបបង្រួម​ជាតិ​ ការពឹងពាក់​គ្នា​ទៅវិញទៅមក​ វិបុលភាព​ និង​តម្លៃ​សកល​។

លោក​ ឯក​ ថា​ ជា​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​ បានឱ្យ​ដឹង​ថា​ កិច្ចប្រជុំ​កំពូល​នេះ​ នឹង​មានការ​ចូលរួម​ពី​បណ្ដា​ថ្នាក់ដឹកនាំ​ ជា​ប្រមុខរដ្ឋ​ និង​ប្រមុខ​រដ្ឋាភិបាល​ ប្រធាន​រដ្ឋសភា​ និង​ប្រធាន​ព្រឹទ្ធសភា​ រដ្ឋមន្ត្រី​ និង​អតីត​ប្រមុខរដ្ឋ​ និង​អតីត​ប្រមុខ​រដ្ឋាភិបាល​ មក​ពី​ជាង៥០ប្រទេស​ ព្រមទាំង​អ្នកមុខអ្នកការ​តំណាង​មក​ពី​វិស័យ​ឯកជន​ សិល្បៈ​ករ​ យុវជន​ សរុប​ទាំងអស់​មក​ពី​ជាង ១៥០ប្រទេស​។

លោក​បន្ត​ថា​ កិច្ចប្រជុំ​កំពូល​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​អង្គការ​សហព័ន្ធ​សន្តិភាព​សកល ​(UPF​) ដែល​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ ធ្វើការ​ជា​អ្នក​ពិគ្រោះ​យោបល់​ជាមួយ​ក្រុមប្រឹក្សា​សង្គម​ និង​សេដ្ឋកិច្ច​ របស់​អង្គការសហប្រជាជាតិ​ (UN​/ECOSOC​) ក៏​ចូលរួម​សម្របសម្រួល​ក្នុង​ដំណើរការ​កិច្ចប្រជុំ​កំពូល​នេះ​ផង​ដែរ​។

លោក​បន្ថែម​ថា​ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ក៏​នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ប្រមុខរដ្ឋ​មួយចំនួន​ និង​ប្រមុខ​រដ្ឋាភិបាល​ ដែល​នឹង​អញ្ជើញ​មក​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​នេះ​។ កិច្ចប្រជុំ​កំពូល​នេះ​ ក៏​នឹង​មាន​រៀបចំ​នូវ​កម្មវិធី​ ការ​ជួបជុំគ្នា​លក្ខណៈ​ជា​ក្រុម​គ្រួសារ​ និង​មិត្តភាព​ប្រមាណ៣០០០នាក់​ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​កោះ​ពេជ្រ​។

កាលពី​ខែមករា​ ឆ្នាំ២០១៨​ រដ្ឋាភិបាល​នៃ​ប្រទេស​ សេណេហ្គាល់​ បាន​សហការ​ជាមួយ​សហព័ន្ធ​សហភាព​សកល​ (UPF​) ក្នុង​ការ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាហ្វ្រិក​លើកទីមួយ​ ដែល​មានការ​ចូលរួម​ជាង១២០០នាក់​ មក​ពី​ជាង​ ៦០ប្រទេស​។

កិច្ចប្រជុំ​កំពូល​អាហ្វ្រិក​លើក​ទីពីរ​ ត្រូវ​បាន​ធ្វើឡើង​នៅ​អាហ្វ្រិក​ខាងត្បូង​ នៅ​ក្រុង​ខេប​។ ហើយ​កាលពី​ខែធ្នូ​ ឆ្នាំ២០១៨​ កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ ត្រូវ​បាន​ធ្វើឡើង​នៅ​ប្រទេស​នេប៉ាល់​ ដែល​មានការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ប្រមាណ១៥០០នាក់​ មក​ពី៤៥ប្រទេស​៕

ការ​ធ្វើដំណើរ​តាម​រថយន្តក្រុង​របស់​ប្រជាពលរដ្ឋ​មានការ​កើនឡើង​ដល់៣ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ​

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ជា​ការសម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​ កាត់បន្ថយ​ភាព​កកស្ទះ​ដែល​តែង​កើតមាន​ជា​រៀងរាល់ថ្ងៃ​ និង​ស្ទើរគ្រប់​ទីកន្លែង​ទូទាំង​រាជធានី​ សាលា​រាជ​ធា​នៅ​ភ្នំពេញ​ភ្នំពេញ​ ក្រោម​ជំនួញ​ពី​រដ្ឋាភិបាល​ជប៉ុន​ បច្ចុប្បន្ន​ មាន​រថយន្តក្រុង​ចំនួន២៣៥គ្រឿង​កំពុង​ដំណើរការ​ ដោយមាន​ការ​គាំទ្រ​ពីសំណាក់​ប្រជាពលរដ្ឋ​ប្រចាំថ្ងៃ​ប្រមាណ​ ២៦០០០​-៣០០០០នាក់​។

នៅ​ត្រឹម​ល្ងាច​ថ្ងៃច័ន្ទ​ ទី២១​ ខែតុលា​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ការ​កែសម្រួល​ខ្សែ​រត់​រថយន្តក្រុង​ (City​ Bus​) ក្នុង​គោលបំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សេវា​សាធារណៈ​រថយន្តក្រុង​នៅក្នុង​រាជធានី​ភ្នំពេញ​នោះ​ រដ្ឋបាល​រាជធានី​បាន​អនុញ្ញាត​ឱ្យ​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​រាជធានី​ភ្នំពេញ​ និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ JICA​ ដាក់​ឱ្យ​ដំណើរការ​សេវា​ដឹកជញ្ជូន​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន១៣ខ្សែ​។

នៅក្នុង​សេចក្ដីជូនដំណឹង​ដដែល​បាន​លើកឡើង​ថា​ នៅក្នុង​កិច្ច​ជួយ​កែសម្រួល​ដល់​ការ​ដឹ​ជញ្ជូន​ប្រជាពលរដ្ឋ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានសម្រេច​ដូច​ខាងក្រោម​ ៖

ទី១​៖ ខ្សែ​ទី១B​ ដែល​ពីមុន​រត់ចេញ​ពី​ចំណត​ច្បារអំពៅ​ រហូតដល់​ផ្សារ​គគីរ​ ត្រូវ​បាន​កែសម្រួល​ឱ្យ​រត់ចេញ​ពី​ចំណត​បឹង​ឈូក​ទៅ​ផ្សារ​គគីរ​ (វិល​ជុំ​) វិញ​។

ទី២​៖ ទី​ខ្សែ៥​ បច្ចុប្បន្ន​រត់​ពី​ស្ថានីយ៍​ចំណតរថយន្ត​ក្រុង​ព្រែកព្នៅ​ កាត់តាម​ផ្សារ​អ៊ី​អន២​ ដល់​ផ្សារ​អ៊ី​អន១​ ត្រូវ​បាន​កាត់​ជា​ពីរ​ខ្សែ​ ដោយ​ខ្សែ​ទី៥A​ រត់ចេញ​ពី​ស្ថានីយ​ចំណតរថយន្ត​ក្រុង​ព្រែកព្នៅ​ ដល់​ផ្សារ​អ៊ី​អន២​ (វិល​ជុំ​) និង​ខ្សែ​ទី២B​ រត់​ណី​ផ្សារ​អ៊ី​អន១​ ដល់​ផ្សារ​អ៊ី​អន២​ (វិល​ជុំ​)។ ចំពោះ​ការ​បង់ថ្លៃ​សេវា​ គឺ​អ្នក​ជិះ​បង់​តែមួយ​លើក​ ដោយ​គ្រាន់តែ​បង្ហា​ញក​ន្ទ​យសំ​បុត្រ​លើក​ទី១​ ដល់​ភ្នាក់ងារ​បម្រើសេវា​របស់​រដ្ឋាករ​។

ទី៣​៖ ខ្សែ​ទី១០​ ដែល​ពីមុន​រត់ចេញ​ពី​ផ្សារ​ស៊ិន​ជូរី​ផ្លា​ហ្សា​ ដល់​ចំណត​បឹង​ឈូក​ ត្រូវ​បាន​កែសម្រួល​ឱ្យ​រត់ចេញ​ពី​ស្ថានីយ​ចំណតរថយន្ត​ក្រុង​ផ្លូវ២០០៤​ ជាប់​របង​បញ្ជាការ​ដ្ឋាន​កាំង​ទ័ពអាកាស​ ដល់​ច្បារអំពៅ​រួច​វិល​ត្រលប់​មកវិញ​។

ទី៤​៖ ខ្សែ​ទី១៣​ ពីមុន​រត់ចេញ​ពី​ចំណិត​រង្វង់​មូល​កួច​កាណុង​ ទៅដល់​រង្វង់​មូល​ផ្សារដើមថ្កូវ​ (វិល​ជុំ​) ត្រូវ​បាន​កែ​សម្រល​ឱ្យ​រត់ចេញ​ពី​ចំណត​ រាជាយស្ម័យ​យាន​ ទៅដល់​រង្វង់​មូល​ផ្សារដើមថ្កូវ​ វិល​ជុំវិញ​៕

សម្តេច​តេជោ​៖ ទំហំ​ទីក្រុង​ភ្នំពេញ​បាន​កើន​ដល់​ ៦០០​ គីឡូម៉ែត្រ​ការ៉េ

​ដោយ ​វុត្ថា​

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា​ ​បានឱ្យ​ដឹង​ថា​ ទំហំ​ទីក្រុង​ភ្នំពេញ​បាន​កើន​ដល់​ ៦០០​ គីឡូម៉ែត្រ​ការ៉េ​ ​ដែល​ធ្វើ​ឱ្យ​មានការ​លំបាក​លើ​ការគ្រប់គ្រង​សម្រាម​នៅក្នុង​ក្រុង​ ខណៈ​កាលពីមុន​មានត្រឹមតែ​ ៣០០​ គីឡូម៉ែត្រ​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកល​វិទ្យាល័យ​បៀ​លប្រាយ​ចំនួន​ ៤,០៣៨នាក់​ នៅ​ថ្ងៃទី​ ២២​ ខែតុលា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ បច្ចុប្បន្ន​នេះ​នៅក្នុង​ទីក្រុង​ភ្នំពេញ​មាន​សម្រាម​ ៣ ពាន់​តោន​ក្នុង​មួយថ្ងៃ​ ខណៈ​ក្រុមហ៊ុន​ប្រមូល​សម្រាប់​មានតែ​មួយ​ដែល​ធ្វើ​ឱ្យ​សម្រាម​រាយប៉ាយ​នៅក្នុង​ក្រុង​។

សម្តេច​សម្តេច​ក៏​បញ្ជា​ឱ្យ​មានការ​ដេញថ្លៃ​ចំពោះ​ក្រុមហ៊ុន​ប្រមូល​សម្រាម​ដោយ​បែងចែក​តំបន់​ ឬខណ្ឌ​ដើម្បី​គ្រប់គ្រង​សម្រាម​ឱ្យ​បាន​ត្រឹមត្រូវ​ និង​មាន​សណ្តាប់​ធ្នាប់​ល្អ​ និង​សោភណ័​ភាព​ទីក្រុង​ភ្នំពេញ​។

ប្រទេស​កម្ពុជា​កំពុង​ស្ថិតនៅ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​អភិវឌ្ឍ​ និង​ការពង្រីក​ទីក្រុង​ ដោយមាន​ប្រជាជន​ ២១​ ភាគរយ​ ក្នុងចំណោម​ប្រជាជន​ទាំងអស់​ កំពុង​រស់នៅ​តាម​ទីក្រុង​ ។ ត្រឹម​ឆ្នាំ​ ២០៥០​ គេ​រំពឹង​ថា​ ៣៦​ ភាគរយ​នៃ​ប្រជាជន​ទាំងអស់​ នឹង​រស់នៅ​ក្នុង​តំបន់​ក្រុង​។

យោង​របាយការណ៍​របស់​ធនាគារពិភពលោក​បានឱ្យ​ដឹង​ថា​ ការ​អភិវឌ្ឍ​ និង​ការពង្រីក​ទីក្រុង​របស់​ប្រទេស​កម្ពុជា​កើតឡើង​ក្នុង​អត្រា​ទាប​ជាង​អ្វី​ដែលគេ​រំពឹង​ទុក​ សម្រាប់​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​ របស់​ប្រទេស​នេះ​ បង្ហាញថា​ ល្បឿន​ និង​វិសាលភាព​នៃ​ការ​អភិវឌ្ឍ​ និង​ការពង្រីក​ទីក្រុង​ ទំនងជា​នឹង​បន្ត​មានការ​កើនឡើង​។

ប្រទេស​ ដែល​មាន​ ផសស​ សម្រាប់​ប្រជាជន​ម្នាក់​ ដូចជា​ ប្រទេស​បង់ក្លាដេស​ ឬគី​ហ្សី​ស្ថាន​ ជាដើម​ មាន​អត្រា​នគរូបនីយកម្ម​ជិត​ ៣៥​%។ទីក្រុង​ភ្នំពេញ​បានសម្រេច​នូវ​កំណើន​គួរឲ្យ​កត់សម្គាល់​ ក្នុងរយៈពេល១០ឆ្នាំ​ចុងក្រោយ​នេះ​ ហើយ​បច្ចុប្បន្ន​នេះ​ មាន​ប្រជាជន​ជិត​ ២ លាន​នាក់​កំពុង​រស់នៅ​ក្នុង​ទីក្រុង​។ដោយហេតុថា​នេះ​គឺជា​ទីក្រុង​ធំជាង​គេ​ និង​មានការ​អភិវឌ្ឍ​ឆាប់រហ័ស​ជាងគេ​ ក្នុង​ប្រទេស​ ហើយក៏​ជា​ច្រក​ផ្លូវ​ទំនាក់ទំនង​ជាមួយនឹង​សេដ្ឋកិច្ច​សកលលោក​ផង​ដែរ​។

ទីក្រុង​នេះ​មាន​ភាព​ប្រឈម​ជាច្រើន​ ក្នុង​ការ​ផ្តល់​សេវា​ជា​មូលដ្ឋាន​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​លូ​ ការ​សំអាត​ទឹក​ស្អុយ​ ការ​ដឹកជញ្ជូន​ជា​សាធារណៈ​ និង​សំណល់រឹង​។ ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​មានការ​រៀបចំផែនការ​ និង​គ្រប់គ្រង​កំណើន​ក្នុង​ទីក្រុង​ឲ្យបាន​ទាន់ពេល​វេលា​ ដើម្បីកុំឲ្យ​ទីក្រុង​ភ្នំពេញ​ និង​ទីក្រុង​ផ្សេងទៀត​ត្រូវ​ជាប់​គាំង​ក្នុង​គន្លង​នៃ​កំណើន​ដែល​ពុំ​មាន​និរន្តរភាព​៕