ផ្លូវ​ ២៤ខ្សែ​ នៅ​ក្រុង​ព្រះសីហនុ​ចាប់ផ្តើម​ស្ថាបនា​ឡើង​វិ​ញប​ណ្តើរៗ​ហើយ​

ដោយ ​វុត្ថា

​ភ្នំពេញ​៖ រដ្ឋាភិបាល​តាមរយៈ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ចាប់ផ្តើម​ស្ថាបនា​ឡើងវិញ​នូវ​គម្រោង​ផ្លូវ​ ២៤ខ្សែ​នៅក្នុង​ក្រុង​ ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​ និង​ភាព​កកស្ទះ​ ក៏ដូចជា​សោភ័ណភាព​ក្រុង​កាន់តែ​ល្អ​ប្រសើរ​។

លោក​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី២១​ ម្សិលមិញ​នេះ​ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ផ្លូវ​ ៣ខ្សែ​ ដែល​ស្ថិតនៅ​ក្នុង​គម្រោង​ ២៤ខ្សែ​ ក្នុង​នោះ​បន្ត​ទៅ​ពិនិត្យ​តូប​នៅ​ចុង​អូរ​ឈើទាល​ និង​ផ្តល់​ឱ្យ​អាជីវករ​សាងសង់​តូប​របស់​ពួកគាត់​ទៅតាម​លក្ខណៈ​ស្តង់​ដា​ ដែល​ធ្វើ​ឱ្យ​មាន​សោភ័ណភាព​កាន់តែ​ល្អ​ ដើម្បី​ឱ្យ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​មក​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ​ឱ្យ​បាន​ច្រើន​។

របាយការណ៍​របស់​រដ្ឋាភិបាល​បានឱ្យ​ដឹង​ថា​ មានផ្លូវ​ចំនួន២៤ខ្សែ​ នឹង​ត្រូវ​ជួសជុល​ស្ថាបនា​ឱ្យ​កាន់តែ​បាន​ល្អ​ឡើងវិញ​ ក្នុង​នោះ​កម្លាំង​ក្រុមការងារ​ស្ថាបនា​ ក៏បាន​ចុះ​ធ្វើសកម្មភាព​ ក្រោម​កិច្ចសហការ​ពី​អជ្ញា​ធរ​ពាក់ព័ន្ធ​ រួមមាន​៖

១- កង​វិស្វកម្ម​ សម្តេច​តេជោ​ ហ៊ុន​ សែន​ សៀមរាប​ ស្ថាបនា​ផ្លូវ​មហាវិថី​ជំទាវ​ម៉ៅ​ ប្រវែង​ ៩.៣៦៥ម​ ចំនួន​ ០១ខ្សែ​។

២- កង​វិស្វកម្ម​ លេខ​ ១៧៨​ ស្ពាន​ថ្នល់​ ស្ថាបនា​វិថី​ឯករាជ្យ​ ប្រវែង​ ៥.៣៦៥ម​ ចំនួន​ ០១ខ្សែ​។

៣- ក្រុមហ៊ុន​ ហេង​ សម្បត្តិ​ ស្ថាបនា​មហាវិថី​ឆ្នេរ​រាម​, វិថី​អូរត្រេះ​, វិ​ថី​ពូ​ទ្បូ​វៃ​, វិថី២ធ្នូ​, វិថី២៨​ មិថុនា​ ប្រវែង​សរុប​ ២៣.៣៦០ម​ ចំនួន​ ០៥ខ្សែ​។

៤- ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​មេគង្គ​ ស្ថាបនា​មហាវិថី​រាម​ លេខ​ ៤៥​ និង​វិថី​មិត្តភាព​កម្ពុជា​-រុស្សី​ លេខ​ ៧០៥​ ប្រវែង​សរុប​ ១១.៦០៣ម​ ចំនួន​ ០២ខ្សែ​។

៥- ក្រុមហ៊ុន​ សារ​ជីវកម្ម​ ពិស្ណុការ​ ស្ថាបនា​ខ្សែ​ផ្លូវ​លេខ​ ៤, ៦, ១២​, ៧.១៧​, ១៨​. ១៩​, ២០​, ១១​ ប្រវែង​សរុប​ ១២.៥៧២ម​. ចំនួន​ ០៩ខ្សែ​។

៦- ក្រុមហ៊ុន​ SCE​ ស្ថាបនា​វិថី​ចំណោត​អូរ​ត្រាវ​ លេខ​ ៤៩​ ប្រវែង​សរុប​ ៦.៥០៦ម​ ចំនួន​ ១ខ្សែ​៧- ក្រុមហ៊ុន​ VT​ ស្ថាបនា​ផ្លូវ​លេខ​ ១១៥​, ១៣៥​, ១០២​, ១២៦​, ៥០២​ ប្រវែង​សរុប​ ៥.៥៦២ម​ ចំនួន​ ០៥​ ខ្សែ​។

គម្រោង​ស្ថាបនា​ផ្លូវ​ ក្នុង​ក្រុង​ព្រះសីហនុ​នេះ​ នឹង​ប្រើ​រយៈពេល​ ៨ខែ​ ដើម្បី​ស្ថាបនា​ជួសជុល​ឲ្យ​រួចរាល់​ជាស្ថាពរ​ ក្រោម​ថវិកា​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ដែល​បាន​ទំលាក់​ឱ្យ​ស្ថាបនា​ឡើងវិញ​ចំនួន​ជាង​ ១០០​ លាន​ដុល្លារ​អាមេរិក​៕

កម្ពុជា​បាន​និង​កំពុង​វិនិយោគទុន ២៤លាន​ដុល្លារ​នៅ​មីយ៉ាន់ម៉ា​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ កម្ពុជា​បាន​និង​កំពុង​ក្លាយជា​ប្រទេស​ វិនិយោគ​ផ្ទាល់​ពី​បរទេស​ជាមួយ​ទុន​វិនិយោគ​ ២៤​ លាន​ដុល្លារ​នៅ​មីយ៉ាន់ម៉ា​។

កម្ពុជា​ស្ថិត​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ចំនួន៨ទៀត​ បាន​បោះ​វិនិយោគ​ផ្ទាល់​បរទេស​ (FDI​) ដែល​មាន​ទឹក​ដល់ ៣៨.១៥ពាន់​លាន​ដុល្លារ​ ស្មើនឹង៤៦​,៦ភាគរយ​នៃ​ FDI​ សរុប​នៅ​មីយ៉ាន់ម៉ា​ពីឆ្នាំ១៩៨៨​ និង១៩៨៩​ ដល់​ថ្ងៃទី៣០​ ខែកញ្ញា​ ឆ្នាំនេះ​។ នេះ​បើ​យោង​តាម​តួលេខ​ ដែល​ចេញផ្សាយ​ដោយ​នាយក​វិនិយោគ​ និង​រដ្ឋបាល​ក្រុមហ៊ុន​ (DICA​)។

ក្នុងអំឡុងពេល​ខាងលើ​នេះ​ ប្រទេស​ចំនួន៥០​ បាន​និង​កំពុងធ្វើការ​វិនិយោគ​លើ​គម្រោង​ចំនួន១​,៨៣៧​ ដែល​មាន​ទឹកប្រាក់​ចំនួន៨១​,៨៧៤​ ពាន់​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ Eleven​ Myanmar​ កាលពី​ម្សិលមិញ​។

បណ្តា​ប្រទេស​អា​ស៊ាន​ធំៗ​ចំនួន៩​ ដែល​បាន​វិនិយោគ​នៅ​មីយ៉ាន់ម៉ា​ រួមមាន​ សឹង្ហ​បូរី​ ថៃ​ វៀតណាម​ ម៉ាឡេស៊ី​ ឥណ្ឌូ​នេ​ស៊ី​ ហ្វីលីពីន​ ព្រុយ​ណេ​ កម្ពុជា​និង​ឡាវ​។

សឹង្ហ​បូរី​ឈរ​កំពូល​តារាង​ នៃ​វិនិយោគិន​បរទេស​កំ​ពូល​ៗចំនួន៥០​ ដោយមាន​ទំហំ​ទឹកប្រាក់​វិនិយោគ​សរុប​ជាង២២ពាន់​លាន​ដុល្លារ​។ ថៃ​ឈរ​នៅ​លេខ៣ដោយមាន​ទឹកប្រាក់​ជាង១១ពាន់​លាន​ដុល្លារ​។ វៀតណាម​ជាប់​ចំណាត់ថ្នាក់​លេខ៧​ ជាមួយ​ទឹកប្រាក់​ជាង២ពាន់​លាន​ដុល្លារ​។ ម៉ាឡេស៊ី​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​ ៨ ដែល​មាន​ទឹកប្រាក់​ប្រមាណ​ ២ពាន់​លាន​ដុល្លារ​។

ឥណ្ឌូណេស៊ី​ជាប់​ចំណាត់ថ្នាក់​ទី១៤​ ជាមួយ​ទឹកប្រាក់​ជាង២៧០លាន​ដុល្លារ​ ហ្វីលីពីន​ហ្វីលីពីន​ជាប់​ចំណាត់ថ្នាក់​លេខ១៧​ ជាមួយ​ទឹកប្រាក់​ប្រមាណ១៥០លាន​ដុល្លារ​ ប្រ៊ុយណេ​ជាប់​ចំណាត់ថ្នាក់​លេខ២០​ ជាមួយ​ទឹកប្រាក់​ជាង១១០​ លាន​ដុល្លារ​ កម្ពុជា​ឈរ​ចំណាត់ថ្នាក់​ទី៣០​ ជាមួយនឹង​ទុន២៤​ លាន​ដុល្លារ​ និង​ឡាវ​ឈរ​លេខ៤៨​ ជាមួយនឹង​តិច​ជាង​មួយ​លាន​ដុល្លារ​។

វេទិកា​ Malaysia​-Myanmar​ Connect​ 2019​ ដែល​ធ្វើឡើង​នៅ​ទីក្រុង​រ៉ង់ហ្គូន​កាលពី​ថ្ងៃទី៣០​ ខែសីហា​ បាន​បង្ហាញថា​ អាជីវកម្ម​កំ​ពូល​ៗចំនួន៥​ មក​ពី​ប្រទេស​ម៉ាឡេស៊ី​ គ្រោង​នឹង​ធ្វើការ​វិនិយោគ​នៅក្នុង​មីយ៉ាន់ម៉ា​នៅ​ឆ្នាំក្រោយ​។

ក្នុងអំឡុងពេល៣១ឆ្នាំ​ វិស័យ​ចំនួន១១​ ដែល​មើលឃើញ​ការ​ហូរ​ចូល​យ៉ាងច្រើន​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​គឺ​វិស័យ​ប្រេង​ និង​ឧស្ម័ន​ថាមពល​ ផលិតកម្ម​ ការ​ដឹកជញ្ជូន​ និង​ការ​ទំនាក់ទំនង​ អចលនទ្រព្យ​ លំនៅ​ដ្ឋាន​ សណ្ឋាគារ​ និង​ទេសចរណ៍​ រ៉ែ​ ចិញ្ចឹមសត្វ​ និង​ជលផល​កសិកម្ម​ និង​ឧស្សាហកម្ម​៕

OCIC​ នឹង​រៀបចំ​ឲ្យ​មាន​ផ្លូវ​ថ្មើ​ជើង​ព័ទ្ធជុំវិញ​ទីក្រុង​កោះ​ពេជ្រ​

ដោយ ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ OCIC​ នឹង​រៀប​ចំ​ប្រព័​ន្ឋ​ផ្លូវ​ថ្មើ​ជើង​ព័ទ្ធជុំវិញ​ទីក្រុង​កោះ​ពេជ្រ​ ដែល​ជាទី​ក្រុង​រណប​តំបូង​គេ​ និង​មានការ​រីកចម្រើន​លឿន​ជាងគេ​នៅ​កណ្តាល​ រាជធានី​ភ្នំពេញ​។

អគ្គនាយករង​ក្រុមហ៊ុន ​OCIC ​លោក​ទូច​ សំណាង​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ តាម​ផែនការមេ​របស់​គំរោង​អភិវឌ្ឍន៍​នេះ​ ក្រុមហ៊ុន​នឹង​រៀបចំ​ផ្លូវ​ថ្មើ​ជើង​ព័ទ្ឋ​ជុំវិញ​កោះ​នេះ​នា​ពេល​អនាគត​ ខណៈ​សកម្មភាព​អភិវឌ្ឍន៍​នៅ​លើ​កោះ​នេះ​ ទើប​សម្រេច​បាន៥០ភាគរយ​នៃ​ផែនការ​ ប៉ុន្តែ​ផ្ទៃក្រឡា​សំណង់​ទើប​សម្រេច​បាន២៥ភាគរយ​នៃ​គំរោង​ទាំងមូល​ប៉ុណ្ណោះ​។

លោក​បន្ត​ថា​ “នា​ពេល​អនាគត​អា​គារ​ខ្ពស់​ៗជាច្រើន​ នឹង​សាងសង់​នៅ​លើ​ទីក្រុង​នេះ​ ហើយ​វត្តមាន​សា​លពិព៌​ណ និង​អាពាហ៍​ពិពាហ៍​នឹង​រើចេញ​ពីទី​ក្រុង​នេះ​ ឆ្ពោះទៅ​កាន់​ទីក្រុង​រណប​ជ្រោយ​ចង្វា​រ”។ លោក​បន្ត​ថា​ “បច្ចុប្បន្ន​ផ្នែក​ទីផ្សារ​កំពុង​សិក្សា​ពី​លទ្ឋ​ភាព​នៃ​ការ​ចាកចេញ​នូវ​សា​លពិព៌​ណនេះ​ ហើយ​ជំនួស​វិញ​ដោយ​អា​គារ​ខ្ពស់​ៗ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​”។

លោកស្រី ​Grace​ Rachny​ Fong ​នាយិកា​ក្រុមហ៊ុន ​Century21​ Cambodia​ បាន​មា​មប្រសាសន៍​ថា​ តំបន់​កោះ​ពេជ្រ​ និង​តំបន់​ជុំវិញ​នេះ​នឹង​មាន​ភាព​រីកចម្រើន​ ហើយ​វា​នឹង​ក្លាយជា ​Hub​ Bussiness​ លំដាប់​អន្តរជាតិ​មួយ​នៅ​ទីក្រុង​ភ្នំពេញ​ ដោយសារ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​វិនិយោគ​អន្តរជាតិ​ជាច្រើន​កំពុង​ចាប់អារម្មណ៍​ និង​វិនិយោគ​សាងសង់​អា​គារ​ខ្ពស់​ៗនៅ​តំបន់​នេះ​។

លោកស្រី​បន្ត​ថា​ “នា​ពេល​អនាគត​ តំបន់​នេះ​ នឹង​ពោរពេញ​ដោយ​អា​គារ​ខ្ពស់​ៗ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​ ដែល​នឹង​ធ្វើឲ្យ​តំបន់​នេះ​កាន់តែ​មាន​ភាព​រស​រវើក​ និង​ប្រកបដោយ​ភាព​ស៊ីវិល័យ​”៕

IMF​៖ សេដ្ឋកិច្ច​សកល​នឹង​ស្ទុះ​ងើបឡើង​វិញ​នៅ​ឆ្នាំ២០២០​ ខណៈ​សេដ្ឋកិច្ច​ចិន​នឹង​ធ្លាក់ចុះ​ក្រោម៦ភាគរយ​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) បាន​ចេញផ្សាយ​ការព្យាករណ៍​កំណើន​សេដ្ឋកិច្ច​សកល​ ដែល​បាន​បង្កើន​ការពង្រីក​ផលិតផល​ ក្នុង​ស្រុក​សរុប​របស់​ពិភពលោក​នៅ​ឆ្នាំ២០២០​ ដល់៣​,៤ភាគរយ​ ខណៈ​អត្រាកំណើន​ផលិតផល​ ក្នុង​ស្រុក​សរុប​របស់​ប្រទេស​ចិន​ត្រូវ​បាន​រំពឹង​ថា​ នឹង​ធ្លាក់ចុះ​ក្រោម៦ភាគរយ​ជាលើកដំបូង​ ចាប់តាំងពី​ឆ្នាំ​ ១៩៩០​។

របាយការណ៍​ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក​របស់​ IMF​ បាន​បញ្ជាក់​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ បាន​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ នៅ​ឆ្នាំនេះ​ ដោយសារតែ​ភាព​មិន​ច្បាស់លាស់​ ដែល​សង្រ្គាម​ពាណិជ្ជកម្ម​បាន​បង្កើត​ឡើង​ នៅក្នុង​ទីផ្សារ​ពិភពលោក​។

ក្នុង​ពេល​ជាមួយគ្នា​នេះ​ដែរ​ សេដ្ឋកិច្ច​ចិន​ដែល​មាន​ភាព​ចាស់ទុំ​ ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​ធ្លាក់ចុះ​ក្រោម ៦ភាគរយ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ IMF​។

ទីក្រុង​ប៉េកាំង​បាន​ធ្វើសកម្មភាព​យ៉ាង​ខ្លាំង​ ក្នុង​ការ​ពង្រឹង​សេដ្ឋកិច្ច​របស់​ខ្លួន​តាម​ ​យៈ​ការជំរុញ​ការងារ​ និង​ការ​វិនិយោគ​នៅក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​។

ទីក្រុង​ប៉េកាំង​បាន​បន្ថែម​ការងារ​ថ្មី​ជិត១១លាន​កន្លែង​ នៅក្នុង​រយៈពេល៣ត្រីមាស​ដំបូង​នៃ​ឆ្នាំ២០១៩​។ នេះ​បើ​យោង​តាម​របាយការណ៍​នៅក្នុង​កាសែត​ People​’s Daily​ របស់​ចិន​។

របាយការណ៍​បានឱ្យ​ដឹង​ថា​ “ភាព​មិន​ប្រាកដប្រជា​ខាងក្រៅ​កាន់តែ​ច្រើន​ ការ​ខិតខំ​កាន់តែ​ច្រើន​គួរតែ​ត្រូវ​ធ្វើ​ដើម្បី​ពង្រឹង​ស្ថានភាព​ផ្ទៃក្នុង​ ។ ការអនុវត្ត​វិធានការ​ជាបន្តបន្ទាប់​ដើម្បី​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ និង​បើកទូលាយ​ដល់​ពិភព​ខាងក្រៅ​ គឺជា​ការធានា​ដ៏​មាន​ឥទ្ធិ​ពដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ជាក់លាក់​”៕

ចំណេះដឹង​! តើ​ទំនិញ​ប្រភេទ​អ្វី​នាំចូល​តាម​របប​អាគារ​លក់ទំនិញ​រួច​ពន្ធ​?

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ស្ទើរតែ​គ្រប់​ទំនិញ​សព្វសារពើ​ទាំងអស់​ ដែល​នាំចូល​មក​ចែកចាយ​នៅ​លើ​ទៅ​ទីផ្សារសេរី​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ភាគច្រើន​សុទ្ធតែ​ត្រូវ​បាន​គិត​បញ្ចូល​ថ្លៃ​បង់ពន្ធ​ ប៉ុន្តែ​ក៏​មាន​ប្រភេទ​ទំនិញ​មួយ​ភាគ​តូច​ ត្រូវ​បាន​អគ្គនាយក​ដ្ឋាន​គយ​លើ​កលែង​មិប​គិត​ពន្ធ​នោះ​ទេ​។

យោង​តាម​កឯកសារ​របស់​អគ្គ​នាយ​ករ​ដ្ឋាន​ និង​រដ្ឋ​ករ​កម្ពុជា​បានឱ្យ​ដឹងពី​ការលើកលែង​ពន្ធ​លើ​ប្រភេទ​ទំនិញ​ទាំងនេះ​ ត្រូវ​បាន​អនុលោម​តាម​ លិខិត​លេខ​ ០០៥​ សហវ​ ចុះ​ថ្ងៃទី២​ ​ខែមីនា​ ឆ្នាំ២០០០ស្តី​ពី​ ការ​កែ​សំរួល​បែបបទ​គ្រប់គ្រង​ ការនាំចូល​ទំនិញ​តាម​របប​ អាគារ​លក់ទំនិញ​រួច​ពន្ធ​ Duty​ Free​ Shop​ លិខិត​លេខ​ ១០០៦​ គរ​ ចុះ​ថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ២០០៤​ ស្តី​ពី​ បែបបទ​គ្រប់គ្រង​ការនាំចូល​ទំនិញ​ តាម​របប​អាគារ​លក់ទំនិញ​រួច​ពន្ធ​ Duty​ Free​ Shop​ បែបបទ​នៃ​ការនាំចូល​ត្រូវ​មាន​លិខិតអនុញ្ញាត​នាំចូល​ ដែល​ចេញ​ដោយ​អគ្គនាយក​ដ្ឋាន​រដ្ឋាករ​ រាល់ពេល​នាំចូល​ត្រូវ​មាន​ឃ្លាំង​សម្រាប់​ស្តុក​ និង​អាគារ​លក់ទំនិញ​រួច​ពន្ធ​ ដើម្បី​ដំណើរការ​អាជីវកម្ម​ស្របតាម​ កិច្ចសន្យា​ការ​បំពេញបែបបទ​នាំចូល​ ការ​បង់​កម្រៃ​ Duty​ Free​ ​ត្រូវ​ធ្វើ​នៅ​មាត់ច្រក​នាំចូល​តាម​បណ្តា​ ការិយាល័យ​សាខា​គយ​និង​រដ្ឋាករ​ពាក់ព័ន្ធ​តាមច្បាប់​និង​នីតិវិធី​ជាធរមាន​។

ឯកសារ​ដដែល​បន្ត​ថា​ ការ​ធ្វើ​ចរាចរទំនិញ​រួច​ពន្ធ​ រាល់​ការ​ដឹកជញ្ជូន​ចរាចរទំនិញ​រួច​ពន្ធ​ គ្រប់​ប្រភេទ​ឆ្លងកាត់​ផ្ទៃក្នុង​ប្រទេស​ ត្រូវ​អម​ភ្ជាប់​ជាមួយ​នូវ​លិខិត​ អនុញ្ញាត​ដឹកជញ្ជូន​ដែល​ចេញ​ដោយ​ (អគរ​) ហើយ​ក្នុងករណី​ ដែល​អា​ជ្ញារ​ធរ​គយ​មានសមត្ថកិច្ច​យល់ថា​ ចាំបាច់​ មន្រ្តី​គយ​និង​រដ្ឋាករ​យ៉ាងតិច​ពីរ​រូប​ អម​ឃ្លាំមើល​ទំនិញ​ទាំងនោះ​ រហូតដល់​គោលដៅ​អាជីវកម្ម​ ស្របច្បាប់​នានា​។

កាតព្វកិច្ច​របស់​អាជីវករ​អាជីវករ​លក់ទំនិញ​រួច​ពន្ធ​ទាំងអស់​ ត្រូវ​គោរព​និង​អនុវត្ត​ឲ្យបាន​ល្អ​ និង​ទាន់ពេល​វេលា​តាម​ខ្លឹមសារ​ នៃ​សេចក្តី​ជូនដំណឹង​លេខ០០៥សហវ​ ខាងលើ​ត្រូវ​បង្ក​ការ​ងាយស្រួល​ និង​ការ​សហការ​ខ្ពស់​ជាប្រចាំ​ ជាមួយ​មន្រ្តី​មានសមត្ថកិច្ច​គ្រប់​ផ្នែក​ផ្ញើរ​បាយ​ការណ៍​ជាប្រចាំ​តាម​គំរូ​ ដែល​ណែនាំ​ដោយ​(អគរ​)ឲ្យបាន​ទៀងទាត់​មក​នាយកដ្ឋាន​រដ្ឋាករ​កត់ត្រា​ឲ្យបាន​ច្បាស់លាស់​ លើ​វិក្កយបត្រ​លក់​ចេញ​នូវ​យថា​ ប្រភេទ​ បរិមាណ​ទំនិញ​ ព្រមទាំង​អត្តសញ្ញាណ​អតិថិជន​ដែល​បាន​ទិញ​ប្រចាំថ្ងៃ​នី​មួយ​ៗ៕

តំបន់​ផ្លូវ ៦០ម៉ែត្រ​ទាក់ទាញ​ការ​វិនិយោគ​លើ​សាល​ពិព័រណ៍​រថយន្ត​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ STAR​ AUTO​ (CAMBODIA​) CO​.,LTD​ គ្រោង​សាងសង់​អគារ​តាំង​លក់​រថយន្ត​ លក់​គ្រឿង បន្លាស់​ និង​សេវាកម្ម​ថែទាំ​រថយន្ត​នៅ​លើ​ផ្ទៃដី​ទំហំ​ ៨.០០០ម៉ែត្រការ៉េ​ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​សម្តេច​តេជោ​ហ៊ុន​សែន ​(ផ្លូវ៦០ម៉ែត្រ​) ភូមិ​ទួល​រកា​ សង្កាត់​ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។

យោង​តាម​កិច្ចប្រជុំ​អន្តរក្រសួង​ដើម្បី​ពិនិត្យ​ និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ដំបូង ​(IESIA​) នៅ​ថ្ងៃទី២១​ ខែតុលា​ ឆ្នាំ​ ២០១៩នេះ​ បាន​គាំទ្រ​ទាំងស្រុង​លើ​គម្រោង​អគារ​តាំង​លក់​រថយន្ត​ លក់​គ្រឿងបន្លាស់​ និង​សេវាកម្ម​ថែទាំ​រថយន្ត​ ដោយ​ខាង​ក្រុមហ៊ុន​ ត្រូវ​យកចិត្ត​ទុកដាក់​ក្នុង​ការគ្រប់គ្រង​សំណល់រឹង​/រាវ​ និង​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​។

មហាវិថី​ សម្តេច​ ហ៊ុន​ សែន​ ឬផ្លូវ៦០ម៉ែត្រ​ ជា​តំបន់​មួយ​ដែល​កំពុង​មាន​កំណើន​វិនិយោគ​ខ្លាំងក្លា​ បើ​ធៀប​នឹង​តំបន់​ដទៃទៀត​ នៅក្នុង​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន​ តំបន់​នេះ​មាន​ភាព​ទាក់ទាញ​ និង​មាន​សក្តា​នុ​ពល​ខ្លាំង​ សម្រាប់​វិស័យ​អចលនទ្រព្យ​ ស្រប​ពេល​ជាមួយនឹង​គម្រោង​ផែនការ​អភិវឌ្ឍន៍​ ទីក្រុង​របស់​សាលាក្រុង​ភ្នំពេញ​នៅ​ឆ្នាំ២០៣៥​។

ផ្លូវ៦០ម៉ែត្រ​ មាន​ទទឹង៦០ម៉ែត្រ​ និង​បណ្តោយ​ជិត១០គីឡូម៉ែត្រ​ ដែល​ជា​ផ្លូវ​តភ្ជាប់​ដ៏​សំខាន់​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ​ បាន​ភ្ជាប់គ្នា​រវាងផ្លូវ​លេខ២៧១​ ភាគ​ខាងជើង​ ជាមួយ​ផ្លូវជាតិ​លេខ២ភាគ​ខាងត្បូង​។

តំបន់​មហាវិថី​សម្ដេច​តេជោ​ឬផ្លូវ៦០ម៉ែត្រ​ កំពុង​ទាក់ទាញ​គម្រោង​វិ​និ​យោ​គធំៗ​ចូល​ទៅ​ក្នុង​តំបន់​នេះ​យ៉ាងច្រើន​ ដូចជា​ គម្រោង​បុរី​ លំនៅឋាន​ អគារ​ការិយាល័យ​ និង​ អគារ​ពាណិជ្ជកម្ម​ជាដើម​ ដែល​នឹង​ប្រែក្លាយ​តំបន់​នេះ​ ទៅជា​តំបន់​អភិ​វឌ្ឍ៍​មួយ​ដ៏​សំខាន់​ ហើយ​ក្នុងរយៈពេល៥ឆ្នាំខាងមុខ​ នឹង​ក្លាយជា​តំបន់​ដ៏​ពេញនិយម​សម្រាប់​ការរស់នៅ​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ទីក្រុង​ភ្នំពេញ​៕

អ្នក​ធុរកិច្ច​ថៃ​-កម្ពុជា​ចំនួន២២រូប​ ស្វែងរក​​ឱកាស​វិនិយោគ​រួមគ្នា​នៅ​កម្ពុជា​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ​ កម្ពុជា​ចំនួន២២រូប​ ដឹកនាំ​ដោយ​លោក​ Idsara​ Amornkitbamrung​ ប្រធាន​នាយកដ្ឋាន​វិនិយោគ​ក្នុង​តំបន់​ នៃ​ក្រុមប្រឹក្សា​វិនិយោគ​ នៃ​ប្រទេស​ថៃ​ ដើម្បី​សិក្សា​ស្វែងយល់​ពី​ការ​វិនិយោគ​ សេដ្ឋកិច្ច​-ពាណិជ្ជកម្ម​ ការនាំចេញ​-នាំចូល​ផលិតផល​ និង​រៀបចំ​កិច្ច​ជំនួប​ពាណិជ្ជកម្ម​រវាង​ពាណិជ្ជករ​កម្ពុជា​-ថ្ងៃ​។

រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​ពាណិជ្ជកម្ម​លោ​កកឹម​ ស៊ី​ថន​ នៅ​ថ្ងៃទី២១​ ខែតុលា​ ឆ្នាំ២០១៩បាន​ប្រាប់​ក្រុម​អ្នក​ធុរកិច្ច​ថៃ​អំពី​កាលានុវត្ត​ភាព​ សក្តា​នុ​ពល​វិនិយោគ​ វឌ្ឍនភាព​នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ​ គោលនយោបាយ​ពាណិជ្ជកម្ម​ និង​កិច្ចប្រឹងប្រែង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ក្នុង​ការ​លើកស្ទួយ​បរិយាកាស​ធុរកិច្ច​ វិនិយោគ​ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ក៏បាន​ផ្តល់​យោបល់​ដល់​គណៈប្រតិភូ​ថៃ​ ដែល​មាន​ចំណាប់​អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​ លើ​វិស័យ​កសិកម្ម​ឧស្សាហកម្ម​ សណ្ឋាគារ​ ទេសចរណ៍​ ហេដ្ឋារចនាសម្ព័ន្ធ​ វារីអគ្គិសនី​ និង​បច្ចេកវិទ្យា ​(IT​) ដែល​ផ្តល់​ឱកាស​ដល់​ពាណិជ្ជករ​ថៃ​ មក​វិនិយោគ​លើ​វិស័យ​ទាំងនេះ​។

លោក​ Idsara​ Amornkitbamrung​ ប្រធាន​នាយកដ្ឋាន​វិនិយោគ​ក្នុង​តំបន់​ នៃ​ក្រុមប្រឹក្សា​វិនិយោគ​ នៃ​ប្រទេស​ថៃ​បាន​ថ្លែងអំណរគុណ​ ចំពោះ​ក្រសួង​ពាណិជ្ជកម្ម​ ដែល​ផ្តល់​ពេលវេលា​ដ៏​មានតម្លៃ​ចូលរួម​ផ្តល់​ការណែនាំ​ និង​ជម្រាប​ផ្តល់​អំពី​ព័ត៌មាន​សំ​ខាន់​ៗមួយចំនួន​ធំ​ ចែក​ជូន​ដល់​ពាណិជ្ជករ​ថៃ​ទាំង២២រូប​ ដែល​មាន​គោលបំណង​ និង​មាន​ចំណាប់​អារម្មណ៍​មក​វិនិយោគ​ ធ្វើ​ពាណិជ្ជកម្ម​នាំចេញ​-នាំចូល​ផលិតផល​នៅ​ប្រទេស​កម្ពុជា​។

បើក​តាម​ការ​ឱ្យ​ដឹងពី​លោ​កកឹម​ ស៊ី​ថន​ថា​ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-ថៃ​ ដែល​មានតម្លៃ​ជាង៣ពាន់​លាន​ដុល្លារ​អាមេរិក​ គិត​ត្រឹម​ឆ្នាំ២០១៨​ និង​ដើមឆ្នាំ២០១៩នេះ​មាន​ទំហំ​ទឹកប្រាក់​ជាង២ពាន់​លាន​ដុល្លារ​អាមេរិក​៕

ចិន​ក្លាយជា​មហាអំណាច​ Internet​ ដ៏​សំខាន់​នៅក្នុង​ពិភពលោក​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ចិន​បាន​ក្លាយជា​មហាអំណាច​ Internet​ ដ៏​សំខាន់​នៅ​លើ​ពិភពលោក​ក្នុងរយៈពេល២៥ឆ្នាំ​ ចាប់តាំងពី​ប្រទេស​នេះ​បាន​បង្កើត​បណ្តាញ​ Internet​ ជាលើកដំបូង​ក្នុង​ឆ្នាំ១៩៩៤​។

ក្រុមហ៊ុន​ Internet​ ធំៗ​ភាគច្រើន​ គឺ​មាន​មូលដ្ឋាន​នៅ​ចិន​ ដែល​មាន​គេហទំព័រ​ពាណិជ្ជកម្ម​តាម​អន​ឡាញ ​JD​ និង​ Alibaba​ នាំមុខ​គេ​នៅ​ចិន​។

នៅក្នុង​សុន្ទរកថា​មួយ​នៅ​អាមេរិក​ កាលពី​សប្តាហ៍​មុន​លោក​ Mark​ Zuckerberg​ ស្ថាបនិក ​Facebook​ បាន​មានប្រសាសន៍​ថា​ “កាលពី​មួយ​ទសវត្សរ៍​មុន​វេទិកា​ Internet​ សំ​ខាន់​ៗទាំងអស់​គឺ​អាមេរិក​។ សព្វថ្ងៃ​នេះ​ក្នុងចំណោម៦នាក់​ ក្នុងចំណោម១០ក្រុមហ៊ុន​គឹ​មក​ពី​ចិន​”។

សេដ្ឋកិច្ច​ឌីជីថល​ចិន​ កំពុង​ក្លាយជា​កត្តា​ជំរុញ​ដ៏​សំខាន់​មួយ​ នៃ​សេដ្ឋកិច្ច​របស់​ខ្លួន​ ខណៈ​វិស័យ​ផ្សេងទៀត​ កំពុង​រង​ឥទ្ធិពល​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ និង​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក​។

យោង​តាម​របាយការណ៍​អភិវឌ្ឍន៍​ Internet​ របស់​ប្រទេស​ចិន​ឆ្នាំ២០១៩បាន​បង្ហាញថា​ ការប្រើ​ប្រាស់​ Internet​ នៅ​ចិន​កំពុង​ឈាន​ដល់​ចំនួន១ពាន់​លាន​នាក់​ ហើយ​ត្រូវ​បាន​គិតជា​ទឹកប្រាក់​ចំនួន៤​,៤២​ ទ្រី​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០១៨​ ដែល​ស្មើនឹង៣៥ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ចិន​។

របាយការណ៍​ពី​ស៊ីន​ហួរ​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បានឱ្យ​ដឹង​ថា​ “ចំ​ពេល​ភាព​មិន​ប្រាកដប្រជា​ នៃ​កំណើន​សេដ្ឋកិច្ច​សកល​ ការ​ធ្វើ​ឌីជីថល​បាន​ក្លាយជា​កត្តា​ជំរុញ​សេដ្ឋកិច្ច​ដ៏​សំខាន់​”។

ក្រុម​ហ៊ុម​ Internet​ ដ៏​ធំ​របស់​អាមេរិក​ដូចជា​ Facebook​ និង​Twitter​ ដែល​ហាមឃាត់​មិន​ឱ្យធ្វើ​ប្រតិបត្តិ​ការ​ នៅក្នុង​ប្រទេស​ចិន​បាន​រិះគន់​យ៉ាង​ខ្លាំង​ ចំពោះ​ជំហរ​ផ្តាច់​ការ​របស់​ក្រុង​ប៉េកាំង​ ក្នុង​ការគ្រប់គ្រង​ Internet​ និង​កំណត់​សេរី​ ក្នុង​ការ​បញ្ចេញមតិ​នៅ​លើ​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។

លោក ​Zuckerberg​ បាន​មានប្រសាសន៍​ថា​ “ចិន​កំពុង​ធ្វើ​ Internet​ របស់​ខ្លួន​ដោយ​ផ្តោត​លើ​តម្លៃ​ខុសគ្នា​ខ្លាំង​ ហើយ​ឥឡូវនេះ​កំពុង​នាំចេញ​ ចក្ខុវិស័យ​របស់​ពួកគេ​លើ​ Internet​ ទៅ​ប្រទេស​ដទៃទៀត​”។

ស្ថាបនិក​ហ្វេ​សប៊ុ​ករូប​នេះ​ បាន​សម្តែង​ការ​សោក​ស្តាយ​ ចំពោះ​និន្នាការ​បច្ចុប្បន្ន​នៅ​ជុំវិញ​ពិភពលោក​ ដែល​កម្រិត​ និង​ការ​ឃ្លាំមើល​ការ​បញ្ចេញមតិ​ ដោយសេរី​ ដែល​បង្កើត​ដោយ​ទីក្រុង​ប៉េកាំង​ និង​ការ​ចេញ​ឆ្ងាយ​ពី​តម្លៃ​អាមេរិក​។

លោក​ Zuckerberg​ មានប្រសាសន៍​ថា​ “រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ​ Internet​ ស្ទើរតែ​គ្រប់​ប្រទេស​ទាំងអស់​នៅ​ខាងក្រៅ​ចិន​ ត្រូវ​បាន​កំណត់​ដោយ​អាមេរិក​ជាមួយនឹង​តម្លៃ​នៃ​ការ​បញ្ចេញមតិ​ដោយសេរី​”។លោក​បន្ត​ថា​ “មិន​មានការ​ធានា​ថា​តម្លៃ​ទាំងនេះ​នឹង​ការ​ជោគជ័យ​នោះ​ទេ​”។

លោក​ Zuckerberg​ បាន​បន្ថែម​ថា​ ការ​ដាក់កម្រិត​លើ​ការ​បញ្ចេញមតិ​របស់​ចិន​នៅ​លើ​វេទិកា​សង្គម​ គឺជា​ហេតុផល​ចម្បង​ដែល​ហ្វេ​សប៊ុ​ក និង​សេវាកម្ម​ផ្សេងទៀត​របស់​ខ្លួន​មិន​មាន​វត្តមាន​នៅ​ចិន​។

លោក​ Zuckerberg​ បានឱ្យ​ដឹង​ថា​ “វា​ជាហេតុ​ផល​មួយ​ ដែល​យើង​មិន​ធ្វើ​ប្រតិបត្តិ​ការ​ហ្វេ​សប៊ុ​ក Instagram​ ឬសេវាកម្ម​ផ្សេងទៀត​របស់​យើង​នៅ​ចិន​។ ខ្ញុំ​ចង់បាន​សេវាកម្ម​របស់​យើង​មាននៅ​ចិន​ ពីព្រោះ​ខ្ញុំ​ជឿជាក់​ក្នុង​ការ​ភ្ជាប់​ពិភពលោក​ទាំងមូល​ ហើយ​ខ្ញុំ​គិតថា​ យើង​អាច​ជួយ​បង្កើត​សង្គម​បើកចំហ​មួយ​”។

លោក​បាន​បន្ថែម​ថា​ “ខ្ញុំ​បាន​ខិតខំ​ធ្វើ​ឱ្យ​វា​កើតឡើង​។ ប៉ុន្តែ​យើង​មិន​អាច​ទទួល​បានការ​យល់ស្រប​ លើ​អ្វី​ដែល​វា​ត្រូវការ​សម្រាប់​យើង​ ដើម្បី​ប្រតិបត្តិ​ការ​នៅ​ទីនោះ​ ហើយ​ពួកគេ​មិនដែល​អនុញ្ញាត​ឱ្យ​ពួក​យើង​ធ្វើ​ទេ​”៕

រដ្ឋាភិបាល​កំពុង​ប្រែក្លាយ​ក្រុង​ចំនួន៨ទៅជា​ទីក្រុង​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​

រូបថត៖ Property Area

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ កំពុង​ដាក់ចេញ​ផែនការ​ប្រែក្លាយ​ក្រុង​ចំនួន៨ទីតាំង​ ឱ្យ​ក្លាយជា​ទីក្រុង​និរន្តរភាព​នៅ​ត្រឹម​ឆ្នាំ២០៣០ខាងមុខ​ ដើម្បី​ធានា​បាន​ផាសុ​ខភាព​ ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ រួម​ទាំង​ធានា​បាន​នូវ​ការ​ថែរក្សា​បរិស្ថាន​ផង​ដែរ​។

ប្រធាន​នាយកដ្ឋាន​សេដ្ឋកិច្ច​បៃតង​ នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ នៃ​ក្រសួងបរិស្ថាន​លោក​តាំង​ ម៉េ​ងអៀង​ បាន​មាន​ប្រសាសន៍​នៅក្នុង​សិក្ខាសាលា​ត្រួតពិនិត្យ​លទ្ធផល​ការងារ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ឆ្នាំ​ ២០១៩​ និង​ទិសដៅ​ការងារ​ឆ្នាំ​ ២០២០​ នា​ថ្ងៃទី​ ២១​ ខែតុលា​ឆ្នាំ​ ២០១៩​ នេះ​បានឱ្យ​ដឹង​ថា​ ​ថ្មី​ៗនេះ​រដ្ឋាភិបាល​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ ផែនការ​អភិវឌ្ឍ​ទីក្រុង​និរន្តរភាព​សម្រាប់​រាជធានី​ភ្នំពេញ២០១៨​–២០៣០​។

លោក​បន្ត​ថា​ “ផែនការ​អភិវឌ្ឍ​ទីក្រុង​ចំនួន៧ទីតាំង​ផ្សេងទៀត​ អាច​នឹង​ប្រកាស​ឱ្យ​ប្រើប្រាស់​នៅ​ចុងឆ្នាំ២០១៩​ រឺ​ដើមឆ្នាំ​២០២០ខាងមុខនេះ​ ដើម្បី​ផ្ដល់​ផាសុ​ខភាព​ និង​ភាព​ងាយស្រួល​ក្នុង​ការរស់នៅ​ដល់​ប្រជាពលរដ្ឋ​ ដោយ​ប្រែក្លាយ​ទីក្រុង​ទាំង៨ឱ្យ​ក្លាយជា​ទីក្រុង​និរន្តរភាព​ នៅ​ត្រឹម​ឆ្នាំ​ ២០៣០​”។

លោក​បន្ថែម​ថា​ ក្រុង​ចំនួន៧ ផ្សេងទៀត​ ដែល​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ នឹង​ប្រែក្លាយ​ឱ្យទៅ​ជាទី​ក្រុង​និរន្ត​ភាព​សុទ្ធ​ជាទី​តាំង​ប៉ូល​សេដ្ឋកិច្ច​ និង​ប៉ូល​ទេសចរណ៍​ ដោយ​ក្នុង​នោះ​ រួមមាន​ ក្រុង​សៀមរាប​ ក្រុងកែប​ ក្រុង​ព្រះសីហនុ​ ក្រុង​កំពង់ចាម​ ក្រុង​បាវិត​ ក្រុង​សួង​ និង​ក្រុង​បាត់ដំបង​។

លោក​តាំង​ ម៉េ​ងអៀង​ បញ្ជាក់​ទៀត​ថា​ ជុំវិញ​ការងារ​រៀបចំ​ ទីក្រុង​និរន្តរភាព​នេះ​ ជា​ការងារ​អន្តរក្រសួង​ ដោយមាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ ប្រកបដោយ​ចីរភាព​ជា​អ្នកសម្របសម្រួល​រួម​ មានការ​ចូលរួម​ពី​ក្រសួង​ បរិស្ថាន​ ក្រសួង​រៀបចំ​ដែនដី​ ក្រសួង​មួយចំនួន​ផ្សេងទៀត​ ទាក់ទង​ការ​ដឹកជញ្ជូន​ ការរៀបចំ​ប្រព័ន្ធ​លូ​ រួម​ទាំង​ មន្ត្រី​ថ្នាក់​មូលដ្ឋាន​។

លោក​ទិន​ ពន្លក​ អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ជាតិ​ អភិវឌ្ឍន៍​ដោយ​ចីរភាព​បានឱ្យ​ដឹង​ដែរ​ថា​ ក្រឹម​ប្រឹក្សា​អភិវឌ្ឍន៍​ប្រកប ដោយ​និរន្តរភាព​ បាន​បញ្ចប់​ការសិក្សា​ និង​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ ផែនការ​អភិវឌ្ឍន៍​ទីក្រុង​និរន្តរភាព​ សម្រាប់​រាជធានី​ភ្នំពេញ២០១៨​-២០៣០​ សំណើ​គោលនយោបាយ​សារពើពន្ធ​សម្រាប់​យានយន្ត​ របាយការណ៍​ស្តី​ពី​ដំណោះស្រាយ​ផល​ប៉ះពាល់​ ពី​ការប្រែប្រួល​អាកាសធាតុ​ លើ​កំណើន​សេដ្ឋ​កិ​ច្ច​ក្នុ​ប្រទេស​កម្ពុជា​។ របាយការណ៍​ស្តី​ពី​ការកាត់បន្ថយ​ហានិភ័យ​វិនិយោគ​ ក្នុង​វិស័យ​ថាមពល​កកើត​ឡើងវិញ​នៅ​ប្រទេស​កម្ពុជា​ ​របាយការណ៍​ជាតិ​លើក​ទី៦​ ក្រោម​អនុសញ្ញា​សហប្រជាជាតិ​ស្តី​ពី​ជីវៈ​ចម្រុះ​ ។

រូបថត៖ Property Area

លោក​បន្ថែម​ថា​ អគ្គលេខាធិការ​ដ្ឋាន​ កំពុង​បន្ត​ការសិក្សា​ស្រាវជ្រាវ​សំ​ខាន់​ៗ មួយចំនួន​ទៀត​ ទាក់ទង​នឹង​ប្រសិទ្ធភាព​ថាមពល​ក្នុង​វិស័យ​កាត់ដេរ​ ប្រសិទ្ធភាព​សេដ្ឋកិច្ច​នៃ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ការ​ទាញ​យក​ឥន្ធនៈ​ពី​សំណល់រឹង​ ការគ្រប់គ្រង​សំណល់រាវ​បែប​វិមជ្ឈការ​ ស្តង់​ដា​អគារ​បៃតង​ កម្មវិធី​យានយន្ត​អគ្គិសនី​ បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ ការ​ទូទាត់​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​។ល។ ៕

រូបថត៖ Property Area

ឡាវ​គ្រោង​សាងសង់​ខ្សែ​ផ្លូវ​ដែ​កតភ្ជា​ក់​ទៅកាន់​បណ្តា​ប្រទេស​ក្នុង​តំបន់់​អាស៊ាន​នៅ២០២១​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​ឡាវ​បាន​ចាប់ផ្តើម​ឱ្យ​ក្រុមហ៊ុន​របស់​ខ្លួន​ Pero​ Trade​ សិក្សា​អំពី​លទ្ធភាព​សាងសង់​ផ្លូវដែក​ តភ្ជាប់​ទៅកាន់​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ ដោយ​ចាប់ផ្តើម​តភ្ជាប់​ជា​តំបូង​ជាមួយ​ប្រទេស​វៀតណាម​។

ក្រសួងផែនការ​និង​វិនិយោគ​ឡាវ​ កាលពី​ពេល​ថ្មី​ៗនេះ​បាន​ចុះហត្ថលេខា​លើ​អនុស្សារ​ណៈ​យោគយល់​ (MOU​) ជាមួយ​ក្រុមហ៊ុន​ Petro​ ​Trade​ ដើម្បី​បញ្ចប់​ការសិក្សា​នូវ​គម្រោង​រចនា​ប្លង់​ផ្លូវដែក​នេះ​។

យោង​តាម​ខ្លឹមសារ​នៃ​អនុស្សារ​ណៈ​យោគយល់​ (MOU​) បានឱ្យ​ដឹង​ថា​ ផ្លូវដែក​នេះ​ រត់ចេញ​ពី​ស្រុក​ Thakhaet​ នៃ​ខេត្ត​Khammuan ​របស់​ប្រទេស​ឡាវ​ ទៅកាន់​ព្រំដែន​ប្រទេស​វៀតណាម​ ​ដើម្បី​តភ្ជាប់​ជាមួយ​កំពង់ផែ​ Vung​ Ang​ ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​ Ha​ Tinh​ ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម​។

MOU ​ដដែល​បន្ត​ថា​ ផ្លូវដែក​នេះ​ នឹង​តភ្ជាប់​ប្រទេស​ឡាវ​ ទៅកាន់​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ នឹង​ជួល​ដល់​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ និង​សម្របសម្រួល​ដល់​ការ​វិនិយោគ​ ពាណិជ្ជកម្ម​ និង​កសិកម្ម​ ដែល​ផ្តល់​សក្តា​នុ​ពល​ដល់​ប្រទេស​ឡាវ​ ដើម្បី​ក្លាយជា​ប្រទេស​ឧស្សាហកម្ម​ទំនើប​។

លោក​ Chanthone​ Sithinxay​ ប្រធាន​ក្រុមហ៊ុន​ Petro​ Trade​ បានឱ្យ​ដឹង​ថា​ ផ្លូវដែក​នេះ​មាន​ចម្ងាយ​ពី២៤០​គីឡូម៉ែត្រ​ ទៅ២៧០គីឡូម៉ែត្រ​ ដែល​ក្នុង​នោះ​មាន​ប្រវែង​ ១៥០ម៉ែត្រ​គីឡូម៉ែត្រ​ ស្ថិតនៅ​ខាង​ភាគី​ឡាវ​ និង១២០​ គីឡូម៉ែត្រ​ផ្សេងទៀត​ ស្ថិតនៅ​ខាង​ភាគី​វៀតណាម​។

លោក​បន្ត​ថា​ បន្ទាប់ពី​ទទួល​បានការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​វៀតណាម​ ក្រុមហ៊ុន​នឹង​បន្ត​ការស្ទង់មតិ​ និង​សិក្សា​បន្ត​ពី​ព្រំដែន​វៀតណាម​ដល់​កំពង់ផែ​ Vung​ Ang​ ដែល​ត្រូវពេល​ប្រមាណ១២ខែ​ក្នុង​ការ​បញ្ចប់​ការសិក្សា​ និង​រចនា​ប្លង់​។ ក្រោយពី​មានការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​សាងសង់​ផ្លូវដែក​នេះ​ នៅក្នុង​ឆ្នាំ​ ២០២១​ និង​បញ្ចប់​នៅ​ឆ្នាំ២០២៤​។

លោក​បាន​បញ្ជាក់​ថា​ ខ្សែ​ផ្លូវដែក​នេះ​ នឹង​ក្លាយជា​ផ្លូវដែក​អន្តរជាតិ​ ដើម្បី​ដឹកជញ្ជូន​ទំនិញ​ និង​អ្នកដំណើរ​ដែល​មាន​ល្បឿន ៩០គីឡូម៉ែត្រ​ ទៅ១២០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ដោយ​ប្រើ​បច្ចេកវិទ្យា​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។ តែ​យ៉ាងណាក៏ដោយ​ លោក​ទាន់បាន​ប្រាប់​ពី​តម្លៃ​វិនិយោគ​ លើ​គម្រោង​វិនិយោគ​លើ​ផ្លូវដែក​នេះ​នៅឡើយ​ទេ​ ហើយ​លោក​នឹង​បង្ហាញ​ទំហំ​ថវិកា​ទាំងមូល​នៅពេល​បញ្ចប់​ការសិក្សា​ជា​ផ្លូវការ​៕