កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិ​ការណ៍​ទេស​ចរ​ណ៍​ធំៗ​ចំនួន៥នៅ​ចុងឆ្នាំ​នេះ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រសួងទេសចរណ៍​ បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការរៀបចំ​មហា​ព្រឹត្តិ​កា​រណ៍​ធំៗ​ចំនួន៥នៅ​ចុងឆ្នាំ​នេះ​ ដើម្បី​ជា​ការ​បន្ថែម​កម្លាំង​ក្នុង​ការ​អូសទាញ​បណ្តា​ភ្ញៀវ​ទេសចរ​មកកាន់​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​។

គិត​ចាប់ពី​ដើមខែ​វិច្ឆិកា​ រហូតដល់​ចុងខែ​ធ្នូ​ ឆ្នាំ២០១៩ខាងមុខនេះ​ ក្រសួងទេសចរណ៍​នឹង​រៀបចំ​មហា​ព្រឹត្តិ​ការណ៍​ទេស​ចរ​ណ៍​ធំៗ​ចំនួន៥​ នៅ​តាម​បណ្តា​ខេត្ត​/ក្រុង​ ផ្សេង​ៗ គ្នា​។ ព្រឹត្តិ​ការណ៍​ទាំង៥​ រួមមាន​ដូចជា​ ទី១​ ទិវា​សត្វ​ផ្សោត​ទន្លេមេគង្គ​ ឆ្នាំ២០១៩​ ថ្ងៃទី២៥​-២៧​ ខែតុលា​ ធ្វើ​នៅ​ខេត្តក្រចេះ​ ​ទី២​ ទិវា​បុណ្យ​កោងកាង​ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី៩​-១១​ ខែវិច្ឆិកា​ នៅ​សហគមន៍​ពាម​ក្រសោម​ ខេត្តកោះកុង​។ ទី៣​ ព្រះរាជ​ពិធី​បុ​ណ្យុំ​ទូក​ បណ្ដែតប្រទីប​ និង​សំពះព្រះខែ​ អកអំបុក​ ដែល​ជា​បុណ្យប្រពៃណី​ជាតិខ្មែរ​ដ៏​ធំ​មួយ​ ចាប់ពី​ថ្ងៃទី១០​-១២​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នៅ​រាជធានី​ភ្នំពេញ​។ ទី៤​ ព្រឹត្តិ​ការណ៍​កីឡា​ពាក់កណ្តាល​ Maraton​ ថ្ងៃទី០៨​ ខែធ្នូ​ ឆ្នាំ២០១៩​ និង​ទី៥​ ពិធីបុណ្យ​សមុទ្រ​លើក​ទី៨​ ចាប់ពី​ថ្ងៃទី២០​-២២​ ខែធ្នូ​ ឆ្នាំ២០១៩​ នៅ​ខេត្តកំពត​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោកស្រី​ឆាយ​ ស៊ី​វលី​ន បាន​មានប្រសាសន៍​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី២១​ តុលា​នេះ​ថា​ ព្រឹត្តិ​ការណ៍​ទាំង៥ខាងលើ​ដែល​រដ្ឋាភិបាល​រៀបចំ​តាមរយៈ​ក្រសួងទេសចរណ៍​នេះ​ វា​គឺជា​ផលិតផល​ទេសចរណ៍​យ៉ាង​សំខាន់​ ដែល​អាច​ជាច​លក​រណ៍​ ក្នុង​ការ​អូសទាញ​ភ្ញៀវ​ទេសចរ​មកកាន់​កម្ពុជា​បន្ថែម​។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ដូចជា​ព្រឹត្តិ​ការណ៍​បុ​ណ្យ​អ៊ុ​ទូក​ មិន​ត្រូវ​បាន​ធ្វើ​ឡើយ​ដោយសារតែ​កក្តា​ធម្មជាតិ​ ហើយក៏​ជះឥទ្ធិពល​មួយ​ចំណែក​ក្នុង​វិស័យ​ទេសចរណ៍​ផង​ដែរ​”។ លោកស្រី​បន្ត​ថា​ “ដោយឡែក​នៅក្នុង​ឆ្នាំនេះ​ ក្រៅពី​រដ្ឋាភិបាល​សម្រេច​ ឱ្យ​មាន​ព្រឹត្តិ​ការណ៍​ព្រះរាជ​ពិធី​បុ​ណ្យ​អ៊ុ​ទូក​ ថែមទាំង​មាន​ព្រឹត្តិការ​ណធំៗ​ចំនួន៤ផ្សេងទៀត​ ដែល​កាន់តែ​ជួយ​ជា​កម្លាំង​ក្នុង​ការ​អូសទាញ​ទេសចរ​”។

លោកស្រី​បាន​បញ្ជាក់​ថា​ ជាមួយនឹង​ការរៀបចំ​ព្រឹត្តិការ​ណធំៗ​ ប្រចាំឆ្នាំ​ទាំង៥ខាងលើ​នេះ​ តំណាង​ឱ្យ​ក្រុមហ៊ុនទេសចរណ៍​ឯកជន​ចំនួន៣០០​ ជាស​មា​ជិ​ករបស់​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ ក្នុងចំណោម​ក្រុមហ៊ុនទេសចរណ៍​សរុប​ នៅ​កម្ពុជា​ប្រមាណ៧០០​ សូម​បង្ហាញ​ពី​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ និង​ចូលរួម​សហការ​ ដើម្បី​ជំរុញ​ឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​មាន​ភាពល្អ​ប្រសើរ​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ថោង​ ខុន​ បាន​មានប្រសាសន៍​កាលពី​ពេល​កន្លងទៅ​នេះ​ថា​ កម្ពុជា​មាន​មរតក​វប្បធម៌​ដ៏​សម្បូរ​បែប​ ជាពិសេស​តំបន់​ប្រាសាទ​នានា​ជា​បេតិកភណ្ឌ​ពិភពលោក​ របស់​អង្គការ​ UNESCO​ ជា​ផលិតផល​ដ៏​ពិសិដ្ឋ​ ព្រម​ជាមួយ​ធនធាន​ធម្មជាតិ​ ដែល​ជា​កក្តា​លី​ករ​ទាក់ទាញ​ទេសចរណ៍​ មក​ពី​ជុំវិញ​ពិភពលោក​ កាន់តែ​ច្រើនឡើង​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។

រាជរដ្ឋាភិបាល​កម្ពុជា​ ក៏ដូចជា​ក្រសួងទេសចរណ៍​ កំពុង​ខិតខំ​បន្ថែម​ទៀត​ ដើម្បី​ធ្វើការ​អភិវឌ្ឍ​ផល​លិ​តផល​ទេសចរណ៍​ នៅ​តាម​គោលដៅ​សំ​ខាន់​ៗផ្សេងទៀត​ ទាំង​នៅ​សៀមរាប​ រាជធានី​ភ្នំពេញ​ តំបន់ឆ្នេរ​ ច្រករបៀង​ភាគ​ខាងត្បូង​ និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ភូមិភាគ​ឦសាន​ និង​ភូមិភាគ​និរតី​ដែល​មាន​ព្រៃកោងកាង​ដ៏​ស្រស់បំព្រង​ និង​ធំជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍​៕

ក្រុមហ៊ុន​រុករក​រ៉ែ​មួយ​អះអាង​ពី​វត្តមាន​ដំណក់​ប្រេង​នៅ​តំបន់​ប្លុក​ទី៨ នៅ​កម្ពុជា​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Angkor​ Resources​ Corp​ បាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ខ្លួន​បាន​ទទួល​របាយការណ៍​មួយ​ ដែល​បញ្ជាក់​ពី​ដំណក់​ប្រេង​នៅ​ខាងក្នុង​ និង​ជុំវិញ​ប្លុក​ប្រេង​ទី​ ៨ (Block​ VIII​) និង​អាជ្ញាប័ណ្ណ​ប្រេង​ និង​ហ្គាស​ថ្មី​របស់​ក្រុមហ៊ុន​អង្គរ​។

លោក​ Stephen​ Burega​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Angkor​ បាន​មានប្រសាសន៍​ថា​ “យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ ដែល​បាន​រក​ឃើញ​ទីតាំង​ និង​ការ​ធ្វើតេស្ត​សាកល្បង​លើ​អាជ្ញាប័ណ្ណ​ប្រេង​និង​ឧស្ម័ន​ថ្មី​របស់​យើង​”។

លោក​បាន​បន្ត​ថា​ “លទ្ធផល​តេ​ស្ត​ពី​ក្រុមហ៊ុន ​Schlumberger​ លើ​ដំណក់​ប្រេង​បញ្ជាក់​ពី​វត្ត​មាន​អ៊ី​ដ្រូ​កាបូន​។ ជាមួយនឹង​ចំនួន​ដ៏​ច្រើន​នៃ​ការងារ​ និង​ទិន្នន័យ​ត្រូវ​បាន​ចងក្រង​នៅ​លើ​ប្លុក​ ដែល​មាន​ទំហំ ៧៨០០គីឡូម៉ែត្រ​ការ៉េ​ទី៨​ របស់​ក្រុមហ៊ុន​អង្គរ​ (Block​ VIII​) យើង​មាន​គោលដៅ​ជាច្រើន​”។ លោក​បន្ត​ថា​ “នេះ​អនុញ្ញាត​ឱ្យ​យើង​ពន្លឿន​ការរុករក​ដំបូង​របស់​យើង​ និង​អនុញ្ញាត​ឱ្យ​យើង​ផ្តោត​លើ​តំបន់​ ដែល​ត្រូវ​បាន​កំណត់​រួចហើយ​”។

របាយការណ៍​ដែល​និពន្ធ​ ដោយ​លោក ​John​ C. Menzies​ និង​ក្រុមហ៊ុន​ Cmi​ Capital​ Limited​ (“Cmi​”) បាន​កំណត់​អត្តសញ្ញាណ​ និង​ឯកសារ​ឃើញ​ប្រេង​និង​ផ្ទៃ​កើតឡើង​ចំនួន២១ដាច់ដោយឡែក​ពីគ្នា​។ ពីរ​សំណាក​ប្រេង​ទាំងនេះ​ ត្រូវ​បាន​យក​គំ​រូ​តាម​ប ច្ចេ​កទេស​ស្តង់ដារ​ឧស្សាហកម្ម​ ហើយ​សំណាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ក្រុមហ៊ុន ​Schlumberger​ Limited​ នៃ​ប្រទេស​ឌូ​បៃ​សម្រាប់​ការវិភាគ​ និង​ការ​បកស្រាយ​។

លទ្ធផល​ពី​ក្រុមហ៊ុន​ Schlumberger​ បាន​បង្ហាញ​ ថា​សំណាក​មាន​ផ្ទុក​អ៊ី​ដ្រូ​កាបូន​នៃ​ប្រភព​ដើម​ thermogenic​ (ឧទាហរណ៍​អ៊ី​ដ្រូ​កាបូន​រាវ​ ដែល​បង្កើត​នៅ​ជម្រៅ​ពី​ថ្ម​ប្រភព​ចាស់​ដែល​បាន​ផ្លាស់ទី​ទៅ​ផ្ទៃ​ខាងលើ​)។

ការស្រាវជ្រាវ​ឯករាជ្យ​របស់​ក្រុមហ៊ុន​អង្គរ​ ដែល​ធ្វើឡើង​ដោយ​លោក​ Lorne​ Rosenthal​ (បណ្ឌិត​) បង្ហាញថា​ប្លុក​ទី៨​ គឺជា​កន្លែង​សម្រាប់​អាងទន្លេ​ដីគោក​ដែល​ទើបនឹង​ត្រូវ​បាន​គេ​ស្គាល់​ និង​មិនទាន់​បាន​រក​ឃើញ​ថ្មី​ ដែល​ទាក់ទង​ទៅ​នឹង​ដងខ្លួន​នៃ​ភ្នំបូកគោ​ដែល​អាច​មាន​សក្តា​នុ​ពល​ច្រើន​៕

ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​អាមេរិក​រៀបចំ​ពង្រីក​ខ្លួន​ទៅ​ក្នុង​តំបន់​ទន្លេមេគង

រូបភាព៖ Property Area

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Amazon​ ដែល​ជា​ក្រុមហ៊ុន​ធំ​បំផុត​របស់​ពិភពលោក​មានតម្លៃ​ ៩០០​ ពាន់​លាន​ដុល្លារ​នឹង​ចាប់ផ្តើម​កម្មវិធី​ដើម្បី​ជួយ​អ្នកលក់​តាម​ Internet​ របស់​វៀតណាម​ចាប់​យក​អតិថិជន​នៅ​ជុំវិញ​ពិភពលោក​ ខណៈ​ខ្លួន​ត្រូវ​បាន​ជឿ​ថា​ កំពុង​បើក​សេវាកម្ម​ ទៅកាន់​តំបន់​ទន្លេមេគង្គ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​។

អ្នក​បណ្តុះបណ្តាល​ Amazon​ Global​ Selling​ នឹង​ជួយ​ភ្ជាប់​អ្នកលក់​តាម​ Internet​ របស់​វៀតណាម​ ទៅកាន់​ទីផ្សារ​មួយ​ជាមួយ​អតិថិជន៣០០លាន​នាក់​ នៅ​ជុំវិញ​ពិភពលោក​។ គ្រូ​បណ្តុះបណ្តាល​នឹង​ណែនាំ​អ្នកលក់​ក្នុង​ការបង្កើត​ពាណិជ្ជសញ្ញា​ និង​ម៉ាក​។

សេចក្តី​ថ្លែងការណ៍​មួយ​ពី​ក្រុមហ៊ុន ​Amazon​ បានឱ្យ​ដឹង​ថា​ “ប្រសិនបើ​អ្នកជា​ម្ចាស់​យីហោ​មួយ​ ក្រុមហ៊ុន​ Amazon​ ផ្តល់​នូវ​ឧបករណ៍​ដើម្បី​ជួយ​អ្នកបង្កើត​ លូតលាស់​ និង​ការពារ​វា​”។

ក្រុមហ៊ុន​ Amazon​ បាន​បើក​សេវាកម្ម​ពាណិជ្ជកម្ម​តាម​ Internet​ នៅ​អាស៊ី​អាគ្នេយ៍​លើកដំបូង​របស់​ខ្លួន​នៅក្នុង​ខែ​នេះ​នៅ​សឹង្ហ​បូរី​ ហើយ​ត្រូវ​បាន​ជឿជាក់​ថា​ កំពុង​ដំណើរការ​បើក​គេហទំព័រ​ ដែល​មាន​មូលដ្ឋាន​នៅ​វៀតណាម​ សម្រាប់​តំបន់​ទន្លេមេគង្គ​នា​ពេល​អនាគត​។

ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ Alibaba​ បាន​បង្ហាញ​ការចាប់អារម្មណ៍​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ ក្លាយជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ពាណិជ្ជកម្ម​ តាម​ប្រព័ន្ធ​អេឡិចត្រូនិក​សម្រាប់​តំបន់​ទន្លេមេគង្គ​ ខណៈ​ការប្រកួត​ប្រជែង​នៅ​ក្នុ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​ ចាប់ផ្តើម​រីក​ដុះដាល​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។

កាលពី​ខែមីនា​ រដ្ឋមន្រ្តី​ក្រសួងសាធារណការ​និង​ ដឹកជញ្ជូន​ លោក​ស៊ុន​ ចាន់​ថុល​ បាន​ទៅ​ទស្សនកិច្ច​ក្រុមហ៊ុន​ 4PX​ អ៊ិ​ចប្រេស​ខូ​អិល​ធី​ឌី​នៅ​ក្រុង​សិន​ជិន​។ ក្រុមហ៊ុន​ Shenzhen​ 4PX​ អ៊ិ​ចស្ព្រេស​ជា​ក្រុមហ៊ុន​ដឹកជញ្ជូន​ ឆ្លងដែន​ធំ​បំផុត​មួយ​របស់​ប្រទេស​ចិន​ និង​ជាផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ Cainiao​ Smart​ Logistics​ Network​ Ltd​ ដែល​ជា​ក្រុមហ៊ុន​ដឹក​ជញ្ចូ​នរ​បស់​ Alibaba​ Group​ Holding​ Ltd​។

របាយការណ៍​ហ្វេ​សប៊ុ​ក និង​ក្រុមហ៊ុន​ Bain​ &​ Company​ បាន​រក​ឃើញថា​ វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​អាស៊ី​អាគ្នេយ៍​ កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​រីកចម្រើន​មួយ​ ជាមួយនឹង​កំណើន​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ ដែល​ត្រូវ​បាន​កត់ត្រា​កាលពី​ឆ្នាំមុន​។ អ្នកប្រើ​ប្រាស់​ឌីជីថល​កើនឡើង៣ដង​ រហូតដល់២៥០លាន​នាក់​ ហើយ​រំពឹង​ថា​នឹង​កើន​ដល់​ ៣១០លាន​នាក់​នៅ​ឆ្នាំ២០២៥​ ។

ការ​លក់រាយ​តាម​អន​ឡាញ​ នឹង​មាន​ទឹកប្រាក់​ដល់៣៨ពាន់​លាន​ដុល្លារ​ នៅ​អាស៊ី​អាគ្នេយ៍​នៅ​ចុងឆ្នាំ​នេះ​។ នេះ​បើ​យោង​តាម​របាយការណ៍​ដាច់ដោយឡែក​មួយ​ ដែល​បង្កើត​ឡើង​ដោយ​ Google​ និង​ Temasek​ ។ នៅ​ឆ្នាំ​ ២០២៥​ តំបន់​អាស៊ី​អាគ្នេយ៍​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​នាំមក​នូវ​ប្រាក់ចំណូល​ជាង១៥០​ ពាន់​លាន​ដុល្លារ​៕

ប៉េកាំង​៖ គ្មាន​មូលហេតុ​សម្រាប់​ភាព​ស្លន់​ស្លោ​ទេ​ ខណៈ​សេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ​

ដោយ​ Donald​ Lee​

ប៉េ​កាំងៈ​ ទីក្រុង​ប៉េកាំង​បាន​អះអាង​ថា​ ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​នៅក្នុង​ត្រីមាស​ទី៣​ មិនមែន​ជា​បុព្វហេតុ​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​នោះ​ទេ​ ហើយ​ជា​លទ្ធផល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​និង​ការ​វិវត្ត​របស់​មជ្ឈឹ​មបូព៌ា​ទៅជា​សេដ្ឋកិច្ច​រីកចម្រើន​។

របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​កាសែត​ People​’s Daily ​របស់​ចិន​បាន​បង្ហាញថា​ “សេដ្ឋកិច្ច​ចិន​បាន​ធ្លាក់ចុះ​ក្នុង​ត្រីមាស​ទី៣​ ប៉ុន្តែ​វា​មិនមែន​ជា​មូលហេតុ​នៃ​ភាព​ភិតភ័យ​ទេ​”។

អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ចិន​ បាន​ធ្លាក់ចុះ​ដល់៦ភាគរយ​នៅក្នុង​ត្រីមាស​ទី៣​។ នេះ​បើ​យោង​តាម​របាយការណ៍​ការិយាល័យ​ស្ថិតិ​ជាតិ​ (NBS​) ចេញផ្សាយ​កាលពី​ថ្ងៃសុក្រ​។ ត្រីមាស​ទី៣​ នៃ​ឆ្នាំ២០១៩​ គឺជា​រយៈពេល​ដំណើរការ​អាក្រក់​បំផុត​ក្នុងរយៈពេល​ជិត៣០ឆ្នាំ​ ​និង​ជា​សញ្ញា​បង្ហាញ​ពី​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ ធ្លាក់ចុះ​ពី​កំណើន៦​,២ ភាគរយ​នៅក្នុង​ត្រីមាស​ទី២​។

របាយការណ៍​នេះ​បានឱ្យ​ដឹង​ទៀត​ថា​ “ស្ថិត​ក្នុង​ភាព​តានតឹង​ពាណិជ្ជកម្ម​ និង​ការ​ផ្លាស់​ប្តូរ​របស់​ប្រទេស​ពី​ដំណាក់កាល​ នៃ​កំណើន​សេដ្ឋកិច្ច​យ៉ាង​លឿន​ ទៅ​ការ​អភិវឌ្ឍ​ប្រកបដោយ​គុណភាព​ វា​ជា​លទ្ធផល​ល្អ​ និង​ស្របតាម​ច្បាប់​មូលដ្ឋាន​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​”។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បានឱ្យ​ដឹង​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​កំពុង​រួមចំណែក​ដល់​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ពិភពលោក​ និង​ការ​ធ្លាក់ចុះ​ដែល​មិនធ្លាប់​មាន​ចាប់តាំងពី​វិបត្តិសេដ្ឋកិច្ច​ដ៏​ធំ​កាលពី១០ឆ្នាំមុន​។

របាយការណ៍​របស់​ IMF​ បាន​បង្ហាញថា​ “សេដ្ឋកិច្ច​ពិភពលោក​កំពុង​ធ្លាក់ចុះ​ស្របគ្នា​ ហើយ​កំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ២០១៩​ បាន​ធ្លាក់ចុះ​ម្តង​ទៀត​ដល់៣ភាគរយ​ ដែល​ជា​ល្បឿន​ទាប​បំផុត​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​”។

របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​ចិន​បាន​បញ្ជាក់​ថា​ សេដ្ឋកិច្ច​កំពុង​ផ្លាស់​ប្តូរ​ទៅ​ដំណាក់កាល​អភិវឌ្ឍន៍​មួយ​ ដែល​ការប្រើ​ប្រាស់​ក្នុង​ស្រុក​នឹង​ដើរតួ​នាទី​ កាន់តែ​ធំ​ជាជាង​ពាណិជ្ជកម្ម​អន្តរជាតិ​។

របាយការណ៍​បានឱ្យ​ដឹង​ថា​ “ការប្រើ​ប្រាស់​បាន​បន្ត​ជា​កម្លាំង​ស្នូល​ ក្នុង​ការជំរុញ​តម្រូវការ​ ដែល​រួមចំណែក៦០.៥​ ភាគរយ​នៃ​កំណើន​សេដ្ឋកិច្ច​ក្នុងរយៈពេល​នេះ​”។

របាយការណ៍​នេះ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅតែ​បន្ត​មាន​ភាពរឹងមាំ​ ខណៈ​ទុន​វិនិយោគ​ប្រមាណ៣៥៤លាន​ដុល្លារ​ បាន​ហូរ​ចូល​ចិន​ជា​រៀងរាល់ថ្ងៃ​។

របាយការណ៍​នេះ​បាន​បញ្ជាក់​ថា​ “ស្ថិត​ក្នុង​ការ​ធ្លាក់ចុះ​នៃ​ការ​វិនិយោគ​អន្តរជាតិ​ វិនិយោគិន​បរទេស​បាន​បោះឆ្នោត​ទុកចិត្ត​លើ​ទីផ្សារ​ចិន​”៕

សំណង់​អគារ​ខ្ពស់កប់ពពក​ចំនួន៣នឹង​បញ្ចប់​ការសាងសង់​នៅក្នុង​ឆ្នាំ២០២០​

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ យោង​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​ www.skyscrapercenter.com​ ស្តី​ពី​ សំណង់​អគារ​ខ្ពស់​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ឲ្យដឹង​ថា​ មាន​អគារ​ខ្ពស់​ៗចំនួន៣​ ដែល​គ្រោង​នឹង​បញ្ចប់​ការសាងសង់​ នៅក្នុង​ឆ្នាំ២០២០​ខាងមុខនេះ​។

១) អគារ​ MORGAN​ TOWER​

អគារ​ MORGAN​ TOWER​ មាន​កំពស់២១០ម៉ែត្រ​ និង​មាន​ចំនួន៤៦ជាន់​ត្រៀម​នឹង​រំលេច​ខ្លួន​នៅ​ទីក្រុង​កោះ​ពេជ្រ​ នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​។ អាគារ​ MORGAN​ TOWER​ ជា​បណ្ដុំ​ដោយ​ការិយាល័យ​ សាល​ប្រជុំ​ សណ្ឋាគារ​ ភោជនីយដ្ឋាន​ និង​ Sky​ Bar​ ដែល​ជា​អាគារ​សន្សំសំចៃ​ថាមពល​ មុនគេ​បង្អស់​នៅ​កម្ពុជា​។

ក្រៅពី​ទីក្រុង​កោះ​ពេជ្រ​ក្រុមហ៊ុន​នឹង​មាន​គម្រោង​ សាងសង់​អាគារ​លំដាប់​ផ្កាយ​ប្រាំ​ នៅ​ក្រុង​ព្រះសីហនុ​ផង​ដែរ​ ខណៈ​ក្រុមហ៊ុន​ MORGAN​ TOWER​ ជា​ក្រុមហ៊ុន​ដែល​បាន​សាងសង់​អា​គារ​ទំនើប​ៗ នៅ​ប្រទេស​ចិន​ ដូចជា​ ទីក្រុង​សៀងហៃ​ និង​ឈឹង​ឌូ​ជាដើម​។ អាគារ​នេះ​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី១៨​ សីហា​ កាលពី​ឆ្នាំ​ ២០១៨​។

២) អគារ​ Sky​ ​Villa​

អគារ​ Sky​ Villa​ ជា​គម្រោង​សាងសង់​ខុន​ដូ​ភ្លោះ​ដ៏​ធំ​មួយ​ របស់​ក្រុមហ៊ុន​ Crystal​ Orange​ Construction​ Plc​. ដែល​មាន​ចំនួន២៥៦យូនី​ត និង​កម្ពស់៣៥ជាន់​ តាម​បណ្តោយ​មហាវិថី​ព្រះសីហនុ​ ក្រោម​ទុន​វិនិយោគ​ប្រហែល១០០លាន​ដុល្លារ​អាមេរិក​។

អគារ​Sky​ Villa​ នឹង​ក្លាយជា​កន្លែង​រស់នៅ​ដ៏​ល្អដាច់គេ​នៅ​កម្ពុជា​ ព្រោះ​ការរចនា​ម៉ូដ​របស់​ Sky​ Villa​ ត្រូវ​ធ្វើឡើង​ដោយក្រុម​ហ៊ុន​ C.Y​. Lee​ &​ Partners​, Architects​ &​ Planners​ ដែល​ជា​ក្រុមហ៊ុន​ ដ៏​មាន​កេរ្តិ៍ឈ្មោះ​ល្បី​បំផុត​ក្នុង​ពិភពលោក​ តាមរយៈ​ការរចនា​ប្លង់​អគារ​ Taipei​ 101​ ដែល​មាន​សម្រស់​ និង​កម្ពស់៥០៩ម៉ែត្រ​នៅ​តៃវ៉ាន់​។

៣) អគារ​ The​ Peak​

The​ Peak​ជា​អគារ​ពាណិជ្ជកម្ម​ ដែល​ខ្ពស់​ជាងគេ​ចំនួន៣​ នៅ​ភ្នំពេញ​កម្ពស់៥៥ជាន់​ ទល់មុខ​មាត់ទន្លេ​ នៅ​ក្បែរ​ស្ពាន​នាគ​កោះ​ពេជ្រ​ ជាមួយនឹង​ទុន​វិនិយោគ៥៨០លា​នដុ​លា្លរ​ បាន​ចាប់​បុក​គ្រឹះ​បើក​ការដ្ឋាន​សាងសង់​កាលពី​ឆ្នាំ២០១៦នេះ​។

The​ Peak​ Project​ ជា​ម្រោ​ងអភិវឌ្ឍន៍​អចលនវត្ថុ​មួយ​ ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង់​ និង​អភិវឌ្ឍន៍​ដោយក្រុម​ហ៊ុន​ Oxley​-Gem​ (Cambodia​) Co​.,LTtd​ តាមរយៈ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ Oxley​ International​ Holding​ Land​ Limited​ នៃ​ប្រទេស​សិង្ហបុរី​ ដែល​ជា​ក្រុមហ៊ុន​ដែល​មាន​ សក្ដានុពល​ខាង​ធនធាន​ហិរញ្ញវត្ថុ​ ធនធានមនុស្ស​ និង​បទពិសោធន៍​លើ​វិស័យ​សំណង់​អគារ​ធំៗ​ ខ្ពស់​ៗហើយ​ប្រណិត​ ហើយ​ថែមទាំង​ទទួល​បាន​កិ​ត្ដិ​ស័ព្ទ​ ដ៏​ល្បីល្បាញ​ ខាង​វិស័យ​អភិវឌ្ឍ​សំណង់​អចលនវត្ថុ​ នៅ​សិង្ហបុរី​ជាច្រើន​ឆ្នាំ​មក​ហើយ​រួម​ជាមួយ​ Worldbridge​ Land​ សព្វថ្ងៃ​នេះ​។

ក្នុង​គម្រោង​សាងសង់​នេះ​ មាន​អគារ​ភ្លោះ​កម្ពស់៥៥ជាន់​ដ៏​ប្រណីត​ និង​សណ្ឋាន​គារ​The​ Shangri​-La​ Hotel​ ​ដែល​ប្រកបដោយ​កិត្យានុភាព​ ក្នុង​ពិភពលោក​ជា​យូរណាស់​មក​ហើយ​ ឥឡូវ​បាន​ចាប់ផ្ដើម​សាងសង់​ក្នុងទឹក​កម្ពុជា​ ដែល​គម្រោង​នេះ​ មាន​ចំណុះ​សរុប​ ចំនួន​ប្រមាណ១០១៤​ Unite​៕

IMFC​ ជំរុញ​ឱ្យ​មានការ​ដោះស្រាយ​ភាព​តានតឹង​ពាណិជ្ជកម្ម​សាកល​

ដោយ ​វុត្ថា​

វ៉ា​ស៊ីន​តោ​នៈ​ គណៈកម្មាធិការ​រូបិយ​ និង​ហិរញ្ញវត្ថុ​អន្តរជាតិ​ (IMFC​) ដែល​ជា​ស្ថាប័ន​ រៀបចំ​គោលនយោបាយ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) កាលពី​ថ្ងៃសៅរ៍​បាន​អំពាវនាវ​ដល់​ប្រទេស​នានា​ ឱ្យ​ដោះស្រាយ​នូវ​ភាព​តានតឹង​ពាណិជ្ជកម្ម​ និង​គាំទ្រ​ដល់​ការ​ធ្វើ​កំណែទម្រង់​ចាំបាច់​ របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​មួយ​នេះ​។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​ បន្ទាប់ពី​កិច្ចប្រជុំ​លើក​ទី៤០​ របស់​គណៈកម្មាធិការ​ IMFC ​បានឱ្យ​ដឹង​ថា​ ទស្សនវិស័យ​កំណើន​សេដ្ឋកិច្ច​ ត្រូវ​បាន​គេ​មើល​ពី​ភាព​មិន​ប្រាកដប្រជា​ និង​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ធ្លាក់ចុះ​កាន់តែ​ខ្លាំង​ រួម​ទាំង​ភាព​តានតឹង​ពាណិជ្ជកម្ម​ ភាព​មិន​ប្រាកដប្រជា​នៃ​គោលនយោបាយ​ និង​ហានិភ័យ​ភូមិសាស្ត្រ​នយោបាយ​ប្រឆាំង​នឹង​គោលនយោបាយ​មាន​កំរិត​ខ្ពស់​ និង​ការ​កើនឡើង​នូវ​កម្រិត​បំណុល​ និង​ភាព​ងាយ​រងគ្រោះ​ផ្នែក​ហិរញ្ញវត្ថុ​កាន់តែ​ខ្ពស់​។

IMFC​ បាន​សរសេរ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ថា​ “ពាណិជ្ជកម្ម​ និង​សេវាកម្ម​ដោយសេរី​ និង​យុត្តិធម៌​ ដែល​ផ្តល់​អត្ថ​ប្រយោជន៍​ទៅវិញទៅមក​ គឺជា​ក្បាលម៉ាស៊ីន​សំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ច​ និង​ការបង្កើត​ការងារ​។ ប្រព័ន្ធ​ពាណិជ្ជកម្ម​អន្តរជាតិ​ដ៏​រឹងមាំ​ជាមួយនឹង​ច្បាប់​ ដែល​ត្រូវ​បាន​អនុវត្តយ៉ាង​ល្អ​ គឺ​យន្តការ​នៃ​ដោះស្រាយ​បញ្ហា​ប្រឈម​នា​ពេល​បច្ចុប្បន្ន​ និង​អនាគត​ដើម្បី​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​សកល​។

សេចក្តី​ថ្លែងការណ៍​ដដែល​បន្ថែម​ថា​ “យើង​ទទួលស្គាល់​ពី​តម្រូវការ​ ដើម្បី​ដោះស្រាយ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ និង​គាំទ្រ​ដល់​ការ​ធ្វើ​កំណែទម្រង់​ចាំបាច់​ របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ដើម្បី​កែ​លម្អ​មុខងារ​របស់​ខ្លួន​”។

លោក​ Lesetja​ Kganyago​ ប្រធាន​ IMFC​ និង​ជា​អភិបាល​ធនាគារ​បម្រុង​នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ បាន​និយាយ​នៅក្នុង​សន្និសីទ​កាសែត​មួយ​ កាលពី​ថ្ងៃសៅរ៍​ថា​ ភាព​តានតឹង​ពាណិជ្ជកម្ម​ បាន​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ ដល់​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​ពិភពលោក​។

លោក​បន្ត​ថា​ “មិន​មាន​អ្នកឈ្នះ​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ទេ​។ នៅទីបញ្ចប់​អ្នក​ចាញ់​ដ៏​ធំ​បំផុត​គឺជា​សេដ្ឋកិច្ច​ពិភពលោក​”។

នាយក​គ្រប់គ្រង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ លោកស្រី​ Kristalina​ Georgieva​ បានឱ្យ​ដឹង​ដែរ​ថា​ អ្វី​ដែល​កិច្ចប្រជុំ​ IMFC​ ធ្វើឡើង​ដើម្បី​កសាង​ផល​ចំណេញ​យ៉ាង​ពិតប្រាកដ​ពី​ភាព​តានតឹង​ពាណិជ្ជកម្ម​ រហូតដល់​ភាព​មិន​ប្រាកដ​។ ការ​ធ្លាក់ចុះ​នៃ​ការ​វិនិយោគ​ ការកាត់បន្ថយ​ការលូតលាស់​ដល់​ឳកាស​ការងារ​ និង​ដើម្បី​លុបបំបាត់​ទំនុកចិត្ត​អតិថិជន​។

លោកស្រី​ថា​ “ខ្ញុំ​ជឿជាក់​ថា​មាន​សំលេង​ខ្លាំង​ ចំពោះ​ការយោគយល់​លើ​អ្នកធ្វើ​គោលនយោបាយ​ ដោយ​មិន​គិត​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ គួរតែ​យកចិត្ត​ទុកដាក់​ខ្លាំង​ចំពោះ​កាតព្វកិច្ច​របស់​ពួកគេ​ ចំពោះ​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ក្នុង​ពាណិជ្ជកម្ម​”។

IMFC​ បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ថា​ “យើង​នឹង​សហការ​ដើម្បី​កាត់បន្ថយ​ អតុល្យភាព​សកល​ហួស ប្រមាណ​ តាមរយៈ​គោលនយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​រចនាសម្ព័ន្ធ​ ដែល​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​ ពិភពលោក​ប្រកបដោយ​ចីរភាព​”។

លើស​ពីនេះ​ទៀត​ IMFC ​បាន​កត់សំគាល់​ថា​ បណ្តា​ប្រទេស​កំពុងធ្វើការ​ឆ្ពោះទៅ​រក​ប្រព័ន្ធ​ពន្ធ​អន្តរជាតិ​ ដែល​មាន​លក្ខណៈ​ទំនើប​ និង​យុត្តិធម៌​ជាស​កល​ ជាពិសេស​ការ​យកពន្ធ​ទាក់ទង​នឹង​ឌីជីថល​ ហើយនឹង​ដោះស្រាយ​ការប្រកួត​ប្រជែង​ពន្ធ​ ដែល​មាន​គ្រោះថ្នាក់​ ការ​ផ្លាស់​ប្តូរ​ប្រាក់ចំណេញ​សិប្បនិម្មិត​ និង​បញ្ហា​ពន្ធ​ផ្សេងទៀត​៕

កម្ពុជា​-តួ​កគី​ នឹង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​ដល់១០០០លាន​ដុល្លារ​

ដោយៈ​ រ៉ា​ណេត​

តួ​កគីៈ​ ​រដ្ឋាភិបាល​កម្ពុជា​ នឹង​តួ​កគី​គ្រោង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​កើន​ដល់១០០០លាន​ដុល្លារ​ ចាប់ពី​ឆ្នាំ២០២០ ខាងមុខនេះ​តទៅ​ ខណៈ​កាលពី​ឆ្នាំ២០១៨កន្លងទៅ​នេះ​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​តួ​កគី​ បានសម្រេច​ប្រមាណ​ជា​ ៥១០លាន​ដុល្លារ​តែប៉ុណ្ណោះ​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​ពាណិជ្ជកម្ម​បាន​បង្ហាញថា​ ចាប់តាំងពី​ឆ្នាំ២០១៤រហូតដល់​ឆ្នាំ២០១៨​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​តួ​កគី​ មាន​ចំនួន​ប្រមាណ​ ៥១០លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។ ក្នុង​នោះ​កម្ពុជា​ នាំចេញ​ទៅ​តួ​កគី​មាន​ទឹកប្រាក់​ ៤៣៧.៨៤​ លាន​ដុល្លារ​អាមេរិក​ និង​នាំចូល​ពី​តួ​កគី​មាន​ទឹកប្រាក់​ជាង៧២.១៦លាន​ដុល្លារ​អាមេរិក​។

នៅក្នុង​គោលបំណង​ពង្រឹង​ និង​ពង្រីក​វិស័យ​ពាណិជ្ជកម្ម​ ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ ក្រសួង​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​តួ​កគី​ បាន​រៀបចំ​កិច្ចប្រជុំ​លើក​ទី២​ នៃ​គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​តួ​កគី​រយៈពេល២ថ្ងៃ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ នៅ​ទីក្រុង​អង់ការ៉ា​ ក្រោម​វត្តមាន​របស់​លោក​ ប៉ាន​ សូរ​ស័ក្ដិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ក្នុងនាម​ជា​សហប្រធាន​ជាមួយ​លោក​បេ​គៀរ​ ប៉ាក​ដឺ​មៀ​លី​ (Kekir​ Pakdemirli​) រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ និង​រុក្ខាប្រមាញ់​ នៃ​សាធារណរដ្ឋ​តួ​កគី​។

ក្នុង​ជំនួប​កិច្ចពិភាក្សា​នេះ​ ភាគី​ទាំងពីរ​បាន​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វិនិយោគ​ និង​វិ​ស័យ​សក្តា​នុ​ពល​ពាក់ព័ន្ធ​ដទៃទៀត​ ក្នុង​គោលបំណង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ រវាង​ប្រទេស​ទាំងពីរ​ឱ្យ​ឈាន​ដល់កម្រិត​កំណត់​ នា​ពេល​ពេល​អនាគត​ និង​បម្រើ​ផលប្រយោជន៍​ទៅវិញទៅមក​។

រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​លោក​ប៉ាន​ សូរ​ស័ក្តិ​ បាន​លើកឡើង​ពី​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​តួ​កគី​ផង​ដែរ​ ដែល​ក្នុង​នោះ​រួមមាន​ ដូចជា​ ទំ​និ​ញសក្តា​នុ​ពល​រួមមាន​ដូចជា​ សំលៀកបំពាក់​ កង់​ ស្វាយ​ មៀន​ កៅស៊ូ​ ដំឡូងមី​ ពោត​ ម្រេច​ និង​អង្ករ​៕

ក្រសួង​ដឹកនាំ​ក្រុមហ៊ុនទេសចរណ៍​ជាច្រើន​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​នៅ​ប្រទេស​សឹង្ហ​បុរី​

ដោយៈ​ រ៉ា​ណេត​

សឹង្ហ​បុ​រីៈ​ មន្រ្តី​ជាន់ខ្ពស់​ក្រសួងទេសចរណ៍​ បាន​ដឹកនាំ​ក្រុមហ៊ុន​ដែល​ប្រកប​អាជីវកម្ម​លើ​វិស័យ​ទេសចរណ៍​ជាច្រើន​ ទៅ​ចូលរួម​នៅក្នុង​មហា​ព្រឹត្តិ​ការណ៍​ទេសចរណ៍​អន្តរជាតិ​នៅ​ប្រទេស​សឹង្ហ​បុរី​ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ និង​បង្កើន​កិច្ច​ទំនាក់ទំនង​ជាមួយ​បណ្តា​ ក្រុមហ៊ុនទេសចរណ៍​អន្តរជាតិ​នានា​ មក​វិនិយោគ​នៅ​កម្ពុជា​ ។

រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ លោក​សូ​ ម៉ា​រ៉ា​ បាន​ដឹកនាំ​ប្រតិភូ​ក្រសួងទេសចរណ៍​ និង​ក្រុមហ៊ុន​ឯកជន​ក្នុង​វិស័យ​ទេស​ចណ៍​ជាច្រើន​ ដើម្បី​ចូលរួម​នៅក្នុង​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​ ITB​ ASIA​ ២០១៩​ លើក​ទី១២​ នៅ​ទីក្រុង​សឹង្ហ​បុរី​ ប្រទេស​សឹង្ហ​បុរី​ ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​។

ព្រឹត្តិ​ការណ៍​ទេសចរណ៍​ ITB​ ASIA​ ២០១៩​ គឺជា​ពិព័រណ៍​ទេសចរណ៍​ Business​ to​ Business​ អន្តរជាតិ​លំដាប់​ពិភពលោក​ដ៏​ធំ​មួយ​នៅ​តំបន់​អាស៊ី​ ដែល​មាន​អ្នកលក់​ជាង​ ១៣០០ស្តង់​ និង​អ្នកទិញ​ អ្នកសារព័ត៌មាន​ អ្នកជំនួញ​វិស័យ​ទេសចរណ៍​ ភ្ញៀវ​កិត្តិយស​នានា​សរុប​ប្រមាណ​ជាង១​,២៥០នាក់​ ព្រមទាំង​មាន​អ្នកចូលរួម​ទស្សនា​ ចំនួន​ប្រហែល​ ១១​,០០០នាក់​។

លោក​សូ​ ម៉ា​រ៉ា​ ដែល​ជា​ប្រធាន​ប្រតិភូ​ បាន​ជួប​សំណេះសំណាល​ជាមួយ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ព្រមទាំង​ប្រតិបត្តិ​ករ​ទេសចរណ៍​នានា​ ដើម្បី​បង្ហាញ​ជូន​អំពី​សុខ​សន្តិភាព​ ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​របស់​កម្ពុជា​ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​បាន​មានប្រសាសន៍​ថា​ “កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​ទេសចរ​អន្តរជាតិ​ និង​វិនិយោគិន​បរទេស​កាន់តែ​ច្រើន​ថែមទៀត​”។

តាម​របាយការណ៍​ផ្លូវការ​របស់ក្រ​សួង​ទេសចរណ៍​បាន​បញ្ជាក់​ថា​ រយៈពេល៨ខែ​ ដើមឆ្នាំ២០១៩នេះ​ ប្រទេស​កម្ពុជា​ទាំងមូល​ទទួល​ បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ ៤,៣៦០​,៣៩៧នាក់​ កើនឡើង១០.៤​% បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ២០១៨​ ក្នុង​នោះ​ ភ្ញៀវ​ទេសចរ​ ចូល​តាមផ្លូវអាកាស​មាន​ចំនួន៣​,១០៤​,៤៨៩នាក់​ ស្មើនឹង៧១.២​% នៃ​ចំនួន​ភ្ញៀវ​សរុប​ ដែល​មាន​កើន១៦.៦​%(ក្នុង​នោះ​ ចូល​តាមអាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ចំនួន១​,៤២៧​,៤៨៧នាក់​ កើន១៤.៧​%,។ តាមអាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប១​,១៨៨​,២៥៤នាក់​ ថយ​ចុះ៩.១​% និង​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ព្រះសីហនុ​ចំនួន៤៨៨​,៧៤៨នាក់​ កើនឡើង៣៤៣.៥​%)៕

វិភាគ​៖ មន្ត្រី​ហិរញ្ញវត្ថុ​ពិភពលោក​នឹង​ធ្វើអ្វី​នៅ​កំឡុង​ពេល​បញ្ហា​ប្រឈម​នៃ​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ជាសាកល​?

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ បណ្តា​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​ពិភពលោក​ និង​មន្រ្តី​ធនាគារ​កណ្តាល​បាន​បញ្ចប់​កិច្ចប្រជុំ​ធ្លាក់ចុះ​កាលពី​ថ្ងៃសៅរ៍​ ដោយ​សន្យា​ថា​នឹង​ប្រើ​វិធី​សមស្រប​ទាំងអស់​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ ដែល​ចុះ​ខ្សោយ​បំផុត​ក្នុងរយៈពេល​មួយ​ទសវត្សរ៍​ ប៉ុន្តែ​មានការ​បង្ហាញផ្លូវ​តិចតួច​ ក្នុង​ការកាត់បន្ថយ​ភាព​តានតឹង​លើ​គោលនយោបាយ​ពាណិជ្ជកម្ម​អន្តរជាតិ​ ជា​ប្រភព​ដ៏​សំខាន់​នៃ​ការ​ធ្លាក់ចុះ​។

គណៈកម្មាធិការ​រៀបចំ​គោលនយោបាយ​ សម្រាប់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​មក​ពី១៨៩ប្រទេស​ បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​បិទ​ថា​ កំណើន​សេដ្ឋកិច្ច​គួរតែ​កើនឡើង​នៅ​ឆ្នាំក្រោយ​។

ក្រុម​មន្រ្តី​បាន​ទទួលស្គាល់​ថា​ កត្តា​មួយចំនួន​អាច​ធ្វើ​ឱ្យ​ខូចការ​ព្យាករណ៍​នោះ​ រួមមាន​ការ​បន្ត​ជម្លោះ​ លើ​គោលនយោបាយ​ពាណិជ្ជកម្ម​អន្តរជាតិ​ និង​ការ​កើនឡើង​ហានិភ័យ​ភូមិសាស្ត្រ​នយោបាយ​។

សេចក្តី​ថ្លែងការណ៍​នេះ​បានឱ្យ​ដឹង​ថា​ “យើង​ទទួលស្គាល់​ពី​តម្រូវការ​ ក្នុង​ការ​ដោះស្រាយ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ និង​គាំទ្រ​ដល់​ការ​ធ្វើ​កំណែទម្រង់​ចាំបាច់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ ប៉ុន្តែ​វា​មិនបាន​រៀបរាប់​លម្អិត​ អំពី​វិធី​ដើម្បី​សម្រេច​បាន​នោះ​ទេ​”។

វា​ក៏​មិន​មាន​សញ្ញា​ណាមួយ​ដែល​ថា​ ការពិភាក្សា​នៅ​ខាងក្រៅ​កិច្ចប្រជុំ​បាន​បង្កើត​នូវ​របកគំហើញ​ណាមួយ​ នៅក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ ដែល​ផ្តួចផ្តើម​ដោយ​ប្រធានាធិបតី​ Donald​ Trump​ ដែល​ជាផ្នែក​មួយ​នៃ​វិធី​សាស្រ្ត​ ដ៏​តឹង​រឹង​របស់​លោក​ ក្នុង​ការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ពាណិជ្ជកម្ម​អាមេរិក​ ដើម្បី​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​អាមេរិក​។

រដ្ឋ​មន្រ្តី​ក្រសួង​រតនាគារ​អាមេរិក​លោក​ Steven​ Mnuchin​ នៅក្នុង​សុន្ទរកថា​ទៅកាន់​គណៈកម្មាធិការ​ IMF​ បាន​និយាយ​ថា​ គោលបំណង​របស់​រដ្ឋបាល​ គឺ​ដើម្បី​រៀបចំ​មូលដ្ឋាន​គ្រឹះ​ សម្រាប់​ការ​រីកចម្រើន​នា​ពេល​អនាគត​ តាមរយៈ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ ដែល​ត្រឹមត្រូវ​។

លោក​ Steven ​បាន​និយាយ​ថា​ ការចរចា​កាលពី​សប្តាហ៍​មុន​រវាង​មេ​រិក​ និង​ចិន​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទាំងពីរ​ បាន​ទទួល​បាន​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​លើ​ដំណាក់កាល​ទី១​ នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ ដើម្បី​ដោះស្រាយ​អាមេរិក​ដែល​អះអាង​ថា​ចិន​កំពុង​លួច​កម្មសិទ្ធិ​បញ្ញា​។

ខណៈ​លោក ​Trump​ បាន​ផ្អាក​ការដំឡើង​ពន្ធ​ លើ​ផលិតផល​ចិន​ចំនួន២៥០ពាន់​លាន​ដុល្លារ​ ដែល​ត្រូវ​បាន​គ្រោង​នឹង​ចូលជាធរមាន​នៅ​សប្តាហ៍​មុន​នេះ​ មាន​ព័ត៌មាន​ជាក់លាក់​មួយចំនួន​ អំពី​កិច្ច​ព្រមព្រៀង​នោះ​ត្រូវ​បាន​ផ្សព្វផ្សាយ​។ ក្រុម​មន្ត្រី​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ ការចរចា​ដើម្បី​បញ្ចប់​ព័ត៌មាន​លម្អិត​ទាំងនោះ​ កំពុង​ដំណើរការ​ហើយ​។

នាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF​) លោកស្រី​ Kristalina​ Georgieva​ មានប្រសាសន៍​ថា​ #ការ​គំរាមកំហែង​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ គឺជា​ចំណុច​សំខាន់​នៃ​ការពិភាក្សា​សម្រាប់​មន្រ្តី​ហិរញ្ញវត្ថុ​។

លោកស្រី​បាន​និយាយ​ថា​ IMF​ បាន​ប៉ាន់ប្រមាណ​ថា​ ពន្ធគយ​ដែល​បាន​ដាក់​រួចហើយ​ ឬគំរាមកំហែង​អាច​នឹង​កាត់បន្ថយ​កំណើន​ សេដ្ឋកិច្ច​ពិភពលោក ​0,៨ភាគរយ​នៅ​ចុងឆ្នាំ​ក្រោយ​។ ភាគច្រើន​នៃ​កត្តា​ទាំងនោះ​គឺ​មក​ពី​ទំនុកចិត្ត​អាជីវកម្ម​។

លោកស្រី​បាន​និយាយ​ថា​ “នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ មនុស្ស​គ្រប់គ្នា​ចាញ់​។ អ្នកបង្កើត​គោលនយោបាយ​ គួរតែ​យកចិត្ត​ទុកដាក់​ខ្ពស់​ ចំពោះ​កាតព្វកិច្ច​របស់​ខ្លួន​ ចំពោះ​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ក្នុង​ពាណិជ្ជកម្ម​”។

ចំណែក​លោក​ David​ Malpass​ ប្រធាន​ធនាគារពិភពលោក​បាន​មានប្រសាសន៍​ថា​ ការពិភាក្សា​ផ្នែក​ហិរញ្ញវត្ថុ​នៅ​សប្តាហ៍​នេះ​ បាន​ផ្តោត​លើ​វិធី​ដោះស្រាយ​បញ្ហា​ប្រឈម​ជាច្រើន​។

លោក​បាន​មានប្រសាសន៍​ថា​ “កំណើន​សេដ្ឋកិច្ច​កំពុង​ធ្លាក់ចុះ​ ការ​វិនិយោគ​មាន​សភាព​យឺត​ សកម្មភាព​ផលិតកម្ម​មាន​សភាព​ទន់ខ្សោយ​ ហើយ​ពាណិជ្ជកម្ម​កំពុង​ចុះ​ខ្សោយ​”។ លោក​បន្ត​ថា​ “ការប្រែប្រួល​អាកាសធាតុ​ និង​ភាព​ផុយ​ស្រួយ​កំពុង​ធ្វើ​ឱ្យ​ប្រទេស​ក្រីក្រ​ងាយ​រងគ្រោះ​”។

លោក​បាន​មានប្រសាសន៍​ថា​ ធនាគារពិភពលោក​ ប្តេជ្ញា​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​ ដោយ​ផ្តល់​នូវ​ជីវភាព​ប្រសើរ​ សម្រាប់​ប្រជាជន ៧០០លាន​នាក់​ នៅក្នុង​ពិភពលោក​ដែល​កំពុង​រស់នៅ​ក្នុង​ភាព​ក្រីក្រ​ខ្លាំង​។

តាម​ទស្សនវិស័យ​សេដ្ឋកិច្ច​ ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​ IMF​ បាន​ព្យាករ​ថា​ សេដ្ឋកិច្ច​ពិភពលោក​នឹង​កើនឡើង៣ភាគរយ​នៅ​ឆ្នាំនេះ​ ដែល​ជា​កំនើន​ទាប​បំផុត​ ក្នុងរយៈពេល​មួយ​ទសវត្សរ៍​។ IMF​ បាន​និយាយ​ថា​ ៩០ភាគរយ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ កំពុង​ជួបប្រទះ​នូវ​ការ​ធ្លាក់ចុះ​នៃ​កំណើន​។

​ប៉ុន្តែ​ IMF​ ព្យាករណ៍​ថា​ កំណើន​សេដ្ឋកិច្ច​ នឹង​កើនឡើង​បន្តិច​ដល់៣​,៤ភាគរយ​ក្នុង​ឆ្នាំ២០២០​ ប៉ុន្តែ​តួលេខ​នេះ​ នៅតែ​ទាប​ជាង​អត្រា៣​,៦ភាគរយ​ក្នុង​ឆ្នាំ​ ២០១៨​ ។

អង្គការ​ Jubilee​ USA​ ដែល​ជា​អង្គការ​សាសនា​ ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ជាស​កល​បានឱ្យ​ដឹង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ ខណៈ​ពេល​ដែល​ IMF​ បាន​គូសបញ្ជាក់​ ពី​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​មួយចំនួន​ អនុសាសន៍​សម្រាប់​ដោះស្រាយ​ជាមួយ​ពួកគេ​មាន​តិច​តូច​។

លោក​ Eric​ LeCompte​ នាយក​ប្រតិបត្តិ​របស់​អង្គការ​ខាងលើ​នេះ​ បាន​មានប្រសាសន៍​ថា​ “ការ​វិនិយោគ​ដែល​មាន​ហានិភ័យ​ ភាព​តានតឹង​ពាណិជ្ជកម្ម​ និង​ប្រទេស​កំពុង​ខ្ចីប្រាក់​ច្រើន​ពី​បណ្តា​ប្រទេស​នានា​ គឺជា​ក្តី​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​ស្ថិរភាព​ហិរញ្ញវត្ថុ​”។

ខណៈ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​លោក​ Trump​ គឺជា​ប្រធានបទ​ដ៏​សំខាន់​នៃ​ការពិភាក្សា​នៅ​ឯកិច្ចប្រជុំ​ មន្ត្រី​ហិរញ្ញវត្ថុ​ភាគច្រើន​ បាន​ជៀសវាង​ការរិះគន់​ផ្ទាល់​ដល់​ ប្រធានាធិបតី​អាមេរិក​។

លោកស្រី​ Christine​ Lagarde​ ដែល​បាន​ដោះស្រាយ​ជាមួយ​រដ្ឋបាល​លោក​ Trump​ ក្នុងអំឡុងពេល៣ឆ្នាំ​ចុងក្រោយ​ ក្នុងនាម​ជា​ប្រធាន​ IMF​ បាន​និ​យា​យត្រង់ៗ​នៅក្នុង​បទសម្ភាសន៍​មួយ​ ដែល​ត្រូវ​ចាក់​ផ្សាយ​ថ្ងៃអាទិត្យ​ របស់​ទូរទស្សន៍​ CBS​។

នៅពេល​សួរ​អំពី​សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក​ Trump​ ជាមួយ​ចិន​ លោកស្រី​បាន​និយាយ​ថា​ “វា​នឹង​ផ្តល់​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​នូវ​ “ការ​កាត់សក់​ដ៏​ធំ​មួយ​” (ការ​ធ្លាក់ចុះ​ខ្លាំង​) ហើយ​គួរតែ​ត្រូវ​បាន​ដោះស្រាយ​ ដោយ​ឱ្យ​ភាគី​ទាំងអស់​អង្គុយ​ចុះ​ ហើយ​ដាក់អ្វី​ៗនៅ​លើ​តុ​ និង​ព្យាយាម​ដោះស្រាយ​គ្នា​បន្តិច​ម្តង​ៗ ដើម្បី​ឱ្យ​យើង​មាន​ភាព​ប្រាកដប្រជា​”។

ការវាយប្រហារ​តាម​ Twitter​ ជា​ញឹកញាប់​របស់​ Trump​ ទៅលើ​ប្រធាន​ធនាគារ​ Federal​ Reserve​ លោក​ Jerome​ Powell​ លោកស្រី​ Lagarde​ បាន​និយាយ​ថា​ ធនាគារ​កណ្តាល​ ចាំបាច់​ត្រូវ​មាន​ឯករាជ្យ​ ដើម្បី​ធ្វើការងារ​របស់​ពួកគេ​បាន​ល្អ​។

លោកស្រី​បាន​ថ្លែង​ថា​ “ស្ថេរ​ភាព​ទីផ្សារ​ មិន​គួរ​ជា​ប្រធានបទ​លើ​បណ្តាញ​សង្គម​នៅ​ទីនេះ​ ឬនៅ​ទីនោះ​ទេ​។ វា​តម្រូវ​ឱ្យ​មានការ​ពិចារណា​ គិត​ដោយ​ស្ងប់ស្ងាត់​ និង​វាស់វែង​ និង​សម​ហេតុផល​”។

លោកស្រី​ Lagarde​ គ្រោង​នឹង​ចូលកាន់​តំណែង​ នៅ​ថ្ងៃទី១​ ខែ​ វិច្ឆិកា​ ក្នុងនាម​ជា​ប្រធាន​ធនាគារ​កណ្តាល​អឺរ៉ុប​ ដែល​គ្រប់គ្រង​គោលនយោបាយ​រូបិយវត្ថុ​ សម្រាប់​ប្រទេស​ចំនួន១៩​ ដែល​ប្រើប្រាស់​រូបិយប័ណ្ណ​អឺ​រ៉ូ​៕

Max​ Caf​é ហាង​កាហ្វេ​គុណភាព​ និង​កន្លែង​ជជែក​អំពី​អចលនទ្រព្យ​

ដោយ​ រត្ថា​

ភ្នំ​ពេញៈ​ ជាមួយនឹង​រសជាតិ​កាហ្វេ​ឈ្ងុយឆ្ងាញ់​ Max​ Cafe ​មិន​ត្រឹមតែ​ជា​កន្លែង​សាក​រសជាតិ​កាហ្វេ​នោះ​ទេ​ ប៉ុន្តែ​វា​ក៏​ជា​ហាង​កាហ្វេ​ដែល​អ្នក​ទៅ​ទីនោះ​អាច​ជជែក​ជាមួយ​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ដើម្បី​ស្វែងរក​ឳកាស​វិនិយោគ​ និង​សិក្សា​ពី​ស្ថានភាព​វិវត្តន៍​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ផង​ដែរ​។

លោ​កស្រី​នុ​ត រត្ថា​ ភា​គហ៊ុនិ​ក Max​ Cafe​ បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ Max​ Cafe​ ជា​ជម្រើស​ទីមួយ​សម្រាប់​អ្នក​ ដែល​ចូលចិត្ត​កាហ្វេ​ដែល​មានគុណ​ភាពល្អ​ និង​ អ្នកជំនាញ​អចលនទ្រព្យ​។

លោកស្រី​បន្ត​ថា​ “យើង​ផ្តោច​សំខាន់​ទៅលើ​គុណភាព​ សេវាកម្ម​ និង​អនាម័យ​ដោយ​យើង​នាំចូល​ផលិត​ នឹង​រៀបចំ​តាម​បែប​ស្តង់ដារ​អន្តរជាតិ​”។ លោកស្រី​បន្ត​ថា​ “មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​Max​ Caf​é មាន​បណ្ណាល័យ​អំ​ពីរ​អចលនទ្រព្យ​ដែល​ ជា​កន្លែង​ដែល​ល្អ​បំផុត​សំរាប់​អ្នក​ដែល​ចង់​សិក្សា​រស្រៀ​វជ្រា​វ អំ​ពីរ​អចលនទ្រព្យ​ និង​បង្កើត​ទំនាក់ទំនង​ជាមួយ​ភ្នាក់ងារ​អចលន​ទ្រព្យ​ផ្សេង​ៗ”។

Max​ Cafe​ មាន​ទីតាំងនៅ​ #One​ Park​,អគារ​ A01​, ផ្លូវ​ ៥៨​, សង្កាត់​ ច្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ដែល​មាន​ចំងាយ​ 200 ​ម៉ែ​តពីរ​ផ្សារ ​Eden​ Garden ​ប៉ុណ្ណោះ​៕