ក្រុមហ៊ុន​រ៉ែ​ធំ​មួយ​បាន​ពង្រីក​ទំហំ​វិនិយោគ​ដើម្បី​ពន្លឿន​ការរុករក​ប្រេង​ក្នុង​ប្លុក​ទី៨នៅ​កម្ពុជា​

ដោយ​ ប៊ី​

ភ្នំពេញ​៖ ក្រុមហ៊ុន​ Angkor​ Resources​ Corp​ បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា​ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ EnerCam​បាន​ប្រមូល​ទុន ១​,០០០​,០០០​ ដុល្លារ​អាមេរិក​រហូតមកដល់​បច្ចុប្បន្ន​ ដើម្បី​ជំរុញ​អាជ្ញាប័ណ្ណ​ប្រេង​ និង​ឧស្ម័ន​ថ្មី​នៅ​កម្ពុជា​(ប្លុក​ប្រេង​ទី៨​) តាមរយៈ​ ការ​លក់​ភាគហ៊ុន​ឯកជន​របស់​ក្រុមហ៊ុន​ថាម​ EnerCam​ Resources​ Singapore​ ដល់​វិនិយោគិន​អន្តរជាតិ​ដែល​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ​។

ក្រុមហ៊ុន​ EnerCam​ Resources​ Singapore​ ជា​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​បាន​ចុះបញ្ជី​នៅ​សឹង្ហ​បូរី​ ដោយក្រុម​ហ៊ុន​Angkor​ ដើម្បី​កាន់កាប់​កម្មសិទ្ធិ ១០០ភាគរយ​នៃ​អាជ្ញាប័ណ្ណ​សម្បទាន​ប្រេង​ និង​ឧស្ម័ន​នៅ​កម្ពុជា​។

មុន​ពេល​ការ​លក់​ភាគហ៊ុន១០០ភាគរយ​ នៃ​ក្រុមហ៊ុន​EnerCam​សឹង្ហ​បូរី​ ត្រូវ​បាន​កាន់កាប់​ដោយក្រុម​ហ៊ុន​កាណាដា​ ដែល​ជា​កម្មសិទ្ធិ​គ្រប់គ្រង​ទាំងស្រុង​ដោយក្រុម​ហ៊ុន​ EnerCam​ Exploration​ Ltd​ ។ ទាំង​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ EnerCam​ Resources​ Singapore​ Pty​ Ltd​ និង​ក្រុមហ៊ុន​ EnerCam​ Exploration​ Ltd​ មិនមែន​ដាក់​ជួញដូរ​ជា​សាធារណៈ​ទេ​។

ក្រុមហ៊ុន ​EnerCam​ Exploration​ ជា​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​Angkor​ បាន​ផ្តល់​ថវិកា​រហូតដល់ ២​,៥លាន​ភាគហ៊ុន​ នៃ​ភាគហ៊ុន១០លាន​ដុល្លារ​របស់​ក្រុមហ៊ុន​ EnerCam​ សឹង្ហ​បូរី​សម្រាប់​លក់​ ក្នុង​តម្លៃ១ដុល្លារ​អាមេរិក​ក្នុង​មួយ​ហ៊ុន​ ដើម្បី​ផ្គត់ផ្គង់​ការ​ចំណាយ​នៅ​ដំណាក់កាល​ដំបូង​ និង​អាជ្ញាប័ណ្ណ​ប្រេង​និង​ឧស្ម័ន​ការរុករក​ប្លុក​ទី៨​។ ភាគហ៊ុន​ទាំងនេះ​មិន​មាន​សម្រាប់​សាធារណៈ​ជន​ទេ​ ហើយ​ត្រូវ​គោរព​តាម​ល័ក្ខខ័ណ្ឌ​មួយចំនួន​ រួម​ទាំង​សិទ្ធិ​ក្នុង​ការទិញ​។

ទុន​វិយោគ​នឹង​ត្រូវ​ប្រើប្រាស់​ ដើម្បី​បង់ថ្លៃ​អាជ្ញាប័ណ្ណ​ និង​ទទួល​បាន​ទិន្នន័យ​ដែល​មានស្រាប់​ក្នុង​ការរុករក​នៅ​ និង​ចំណាយ​ប្រតិបត្តិ​ការ​ទូទៅ​៕

លោ​កឡុង​ គឹ​មសួគ៌​ បង្ហើប​ប្រាប់​ពី​វិធីសាស្ត្រ​ទាញ​យក​ចំណែក​ទីផ្សារ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ការ​ចូលខ្លួន​មក​ប្រឡូក​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​ ដើម្បី​ទទួល​បានផល​ប្រយោជន៍​ពី​វិស័យ​មួយ​នេះ​ វា​មិនមែន​ជា​រឿង​ដែល​ងាយស្រួល​នោះ​ទេ​ ពោល​គឺ​តម្រូវ​ឱ្យ​មានចំណេះ​ដឹង​ និង​ជំនាញ​យ៉ាង​ពិតប្រាកដ​ ដែល​អាច​ប្រឈមមុខ​ជាច្រើន​ជាមួយ​បណ្តា​ក្រុមហ៊ុន​ប្រកួតប្រជែង​ដទៃទៀត​ ដើម្បី​ទទួល​បាន​ចំណែក​ទីផ្សារ​ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

តើមាន​វិធីសាស្ត្រ​អ្វីខ្លះ​ និង​ត្រូវ​អនុវត្ត​បែប​បណា​ ទើប​អាច​មាន​ភាព​ជោគជ័យ​ខ្ពស់​ក្នុង​ការ​ទទួល​បាន​ចំណែក​ទីផ្សារ​នៅក្នុង​វិស័យ​មួយ​នេះ​?។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ ​Century​21​ Advanced​ Property​ លោ​កឡុង​ គឹ​មសួគ៌​ ដែល​មានបទ​ពិសោធន៍​ខ្ពស់​ និង​កំពុងតែ​ទទួល​បាន​ភាព​ជោគជ័យ​នៅ​លើ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​នេះ​បាន​លើកឡើង​ថា​ពាក្យ​ថា​ «ជោគជ័យ​» នៅក្នុង​វិស័យ​អចលនទ្រព្យ​ វា​ងាយស្រួល​ក្នុង​ការ​និយាយ​ ប៉ុន្តែ​វា​ពិបាក​ក្នុង​ការ​ទទួល​បាន​លទ្ធផល​ល្អ​ពិតប្រាកដ​ណាស់​។

លោក​បាន​បន្ត​ទៀត​ថា​ “ដើម្បី​អាច​ឈរជើង​នៅក្នុង​ទីផ្សារ​មួយ​នេះ​បាន​ គឺ​ត្រូវ​ពឹងផ្អែក​ទៅលើ​ចំណុច​សំ​ខាន់​ៗទាំង​ ៥ រួម​មាន​ដូចជា​ ​ការ​កសាង​ទំនុកចិត្ត​ជាមួយ​អតិថិជន​ ភាព​មានការ​ទទួលខុសត្រូវ​ខ្ពស់​ និង​មាន​ដំណោះស្រាយ​ដ៏​ល្អ​សម្រាប់​អតិថិជន​ មាន​ចំ​នេះ​ដឹង​ និង​វិជ្ជាជីវៈ​ពិតប្រាកដ​ មាន​ក្រមសីលធម៌​ ជាពិសេស​ចេះ​មើល​ និង​វិភាគ​ទៅលើ​ស្ថានភាព​ទីតាំង​ភូមិសាស្ត្រ​”។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​រូប​នេះ​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ ក្រៅពី​គោលការណ៍​ទាំង៥​ ដែល​ជា​ចំណុច​សំខាន់​ក្នុង​កិច្ច​ដំណើរ​ប្រតិបត្តិ​ការ​ឱ្យ​មានប្រសិទ្ធភាព​ខាងលើ​នេះ​ នៅ​ទាម​ទា​ឱ្យ​មាន​ភាព​វៃឆ្លាត​ ក្នុង​ការ​ទំនាក់​ទំនង​ភ្ញៀវ​ ដើម្បី​ទទួល​បានការ​ងារ​បម្រើ​ផ្នែក​សេវា​ ក្នុងនាម​ជា​ក្រុមហ៊ុន​ភ្នាក់ងារ​ជំនាញ​ ក៏ដូចជា​អាច​ផ្សព្វផ្សាយ​ និង​លក់​នូវ​ផលិតផល​អចលនទ្រព្យ​របស់​ក្រុមហ៊ុន​ផង​ដែរ​ ដែល​ក្នុង​នោះ​រាប់បញ្ចូល​ ទាំង​ចំណេះដឹង​លើ​ការប្រើ​ប្រាស់​ មធ្យោបាយ​ទំនាក់ទំនង​បែប​ទំនើប​ តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ផង​ដែរ​។

លោក​ ឡុង​ គឹ​មសួគ៌​ បាន​លើកយក​នូវ​បទពិសោធន៍​ ជាក់ស្ដែង​មក​បង្ហាញ​ផង​ដែរ​ថា​ “ក្នុងនាម​ជា​ភ្នាក់ងារ​ជំនាញ​ ត្រូវ​យល់ដឹង​ឱ្យ​បាន​ច្បាស់​នូវ​វិធី​ ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ប្រភេទ​ផលិតផល​អចលនទ្រព្យ​របស់​ខ្លួន​”។ លោក​បន្ត​ថា​ “វិធី​សាស្រ្ត​ជាក់ស្ដែង​ដូចជា​ការ​លក់​ដី​ឡូ​តិ៍​ជាដើម​ វិធីសាស្ត្រ​ក្នុង​ការជំរុញ​ការ​លក់​ គឺ​កសាង​បណ្តាញ​ (Network​) ពោល​គឺ​ធ្វើ​យ៉ាងណា​ពង្រីក​បណ្តាញ​ ដែល​ជា​ភ្នាក់ងារ​លក់​ឱ្យ​បាន​ច្រើន​”។

សម្រាប់​ការ​លក់​លំនៅ​ដ្ឋាន​ គឺ​មាន​វិធីសាស្ត្រ​ខុសពី​ការ​លក់​ដី​ឡូ​តិ៍​ គេ​ជ្រើសរើស​ចង​យក​បណ្តាញ​Online​ ធ្វើជា​មធ្យោបាយ​ក្នុង​ការ​ផ្សព្វផ្សាយ​ជា​សំខាន់​។ ដោយឡែក​ សម្រាប់​ការ​លក់​ខុន​ដូ​ ឬ អា​ផា​តមិន​វិញ​ វិធីសាស្ត្រ​ក្នុង​ការ​ផ្សព្វផ្សាយ​ ដើម្បី​ជំរុញ​ការ​លក់​ គឺ​ត្រូវ​បង្កើត​ជា​ព្រឹត្តិ​ការណ៍​ ក្នុង​ដាក់​តាំង​បង្ហាញ​ពី​ចំណុច​សំខាន់​របស់​អគារ​ និង​ផលប្រយោជន៍​ដែល​អាច​ទទួល​បាន​ត្រឡប់​ពី​ការទិញ​ ឬការ​វិនិយោគ​នៅពេលអនាគត​។

លោក​បាន​បន្ត​ទៀត​ថា​ “វិធីសាស្ត្រ​ដែល​បាន​លើកយក​មក​បង្ហាញ​ ទាំងអស់​ខាងលើ​នេះ​ បើ​មើលទៅ​គឺ​គ្រាន់តែ​ជា​ទ្រឹស្ដី​តែប៉ុណ្ណោះ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅទៀត​នោះ​ គឺ​ការ​តាំងចិត្ត​ ចំណាយពេល​ និង​ការ​ព្យាយាម​ធ្វើ​ ទើប​អាច​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​យ៉ាង​ពិតប្រាកដ​”។

ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century​21​ Advanced​ Property​ មាន​ទីស្នាក់ការ​កណ្តាល​នៅក្នុង​សណ្ឋាគារ​ HIMAWARY​ Phnom​ Penh​ បាន​ចាប់​ដំណើរការ​កាលពី​អំឡុង​ចុងឆ្នាំ២០១៥​ ហើយ​រហូតមកដល់​ពេលនេះ​ ភ្ជាប់​ជាមួយនឹង​ការ​ទទួល​បាន​ភាព​ជោគជ័យ​នៅក្នុង​មុខ​ជំនួញ​ ក្រុមហ៊ុន​បាន​បង្កើន​នូវ​ចំនួន​បុគ្គលិក​ជាច្រើន​នាក់​ ជាពិសេស​ ថែមទាំង​បាន​ពង្រីក​សាខា​ចំនួន២​ ទីតាំង​ផ្សេងគ្នា​នៅក្នុង​រាជធានី​ភ្នំពេញ​ ដោយសា​ខា​ទី១ស្ថិតនៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ​ សាខា​ទី២ស្ថិតនៅ​ក្នុង​ខណ្ឌឫស្សីកែវ​ ហើយ​នៅ​ត្រឹម​ដើមឆ្នាំ២០២០​ ឆាប់​ៗខាងមុខនេះ​ ក្រុមហ៊ុន​មាន​គម្រោង​បង្កើត​សាខា​បន្ថែម​ទៀត​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​ទីផ្សារ​ និង​ការ​គាំទ្រ​ពីអ​តិថិ​ជន​៕

ខេត្ត​ត្បូងឃ្មុំ​ទាក់ទាញ​ក្រុមហ៊ុន​សហគ្រាស​បាន​ប្រមាណ៥០០កន្លែង​

ដោយ ​វុត្ថា​

ខេត្ត​ត្បូង​ឃ្មុំ៖​ រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​ បាន​ទាក់ទាញ​ក្រុមហ៊ុន​សហគ្រាស​មក​បណ្តា​កទុន​វិយោគ​នៅ​ទូទាំង​ខេត្ត​ បាន​ប្រមាណ៥០០សហគ្រាស​ ដែល​ធ្វើ​ឱ្យ​ខេត្ត​ទើប​បង្កើត​ក្រោយគេ​មួយ​នេះ​ កាន់តែ​មាន​មានការ​រីក​ចំរើន​ និង​ការអភិវឌ្ឍន៍​។

លោក​ ​ជាម​ ច័ន្ទ​សោភ័ណ​ អភិបាលខេត្ត​ត្បូងឃ្មុំ​ ​កាលពី​ពេល​ថ្មី​ៗនេះ​បាន​ជំរុញ​ឲ្យ​អង្គភាព​សភា​ពាណិជ្ជកម្ម​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ​ ក្នុងនាម​ក្បាលម៉ាស៊ីន​ពាណិជ្ជកម្ម​ខេត្ត​ ត្រូវ​រួម​សាមគ្គី​គ្នា​ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ទុន​ធំៗ​ មក​ទំនាក់ទំនង​បណ្តាក់​ទុក​រកស៊ី​ក្នុង​ខេត្ត​ឲ្យ​កាន់តែ​មានសន្ទុះ​ទ្វេឡើង​ និង​ម្យ៉ាងទៀត​គឺ​ដើម្បី​ជួយ​សម្រួល​លក្ខណៈ​ងាយស្រួល​ដល់​អាជីវករ​ សេវា​ករ​ កសិករ​ និង​អ្នករក​ស៊ី​ទាំងអស់​ក្នុង​ខេត្ត​ មាន​ទីផ្សារ​ល្អ​ច្បាស់លាស់​ ជួយ​លើកកម្ពស់​កម្រិតជីវភាព​ពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល​។

លោក​ជាម​ ច័ន្ទ​សោភ័ណ្ឌបាន​បន្ត​ថា​ ខេត្ត​ត្បូងឃ្មុំ​កំពុងតែ​ទាក់ទាញ​ប្រជាពលរដ្ឋ​ និង​អ្នក​វិ​និ​យោ​គិន​ថ្មី​ៗជាច្រើន​ឲ្យ​ចាប់​អារម្មណ៍​មក​រស់នៅ​ និង​វិនិយោគ​លើ​វិស័យ​សំ​ខាន់​ៗជាច្រើន​ ជាពិសេស​អចលនទ្រព្យ​ ដោយសារតែ​ខេត្ត​នេះ​ជា​តំបន់​អភិវឌ្ឍ​ថ្មី​ ទាមទារ​ឲ្យ​មានការ​វិនិយោគ​សំណង់​អគារ​ ផ្សារ​ទំនើប​ លំនៅឋាន​ ដើម្បី​ឆ្លើយតប​កំណើន​ប្រជាពលរដ្ឋ​ចេះតែ​កើនឡើង​ និង​តម្រូវការ​វិនិយោគ​ជាក់ស្តែង​។

ខេត្ត​ត្បូងឃ្មុំ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កាត់ចេញ​ពី​ខេត្ត​កំពង់ចាម​ បាន​និង​កំពុង​គ្រប់គ្រង​ក្រុង​ចំនួន១​ និង​ស្រុក​ចំនួន៦​ គឺ​ក្រុង​សួង​ ស្រុក​ត្បូងឃ្មុំ​ ស្រុក​អូររាំងឪ​ ស្រុក​ក្រូចឆ្មារ​ ស្រុក​តំបែរ​ ស្រុក​ពញាក្រែក​ និង​ស្រុក​មេមត់​។

ខេត្ត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​យោង​តាម​ព្រះរាជ​ក្រឹត្យ​ នស​/រកត​/១២១៣​/១៤៤៥​ ដែល​ធ្វើ​នៅ​ថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០១៣​ ហើយ​ត្រូវ​បាន​ចេញប្រកាស​នៅដើម​ខែមករា​ ឆ្នាំ២០១៤​។

ត្បូងឃ្មុំ​ គឺជា​ខេត្ត​ថ្មី​នៃ​ប្រទេស​កម្ពុជា​ ស្ថិតនៅ​វាលទំនាប​កណ្ដាល​នៃ​ទន្លេមេគង្គ​ មាន​ព្រំប្រទល់​ ខាងលិច​ជាប់​ខេត្ត​កំពង់ចាម​។ ខាងជើង​ជាប់​ខេត្តក្រចេះ​ និង​ខាងត្បូង​ជាប់​ខេត្ត​ ព្រៃវែង​ និង​នៅ​ទិសខាងកើត​មាន​ព្រំដែន​អន្តរជាតិ​រួម​ជាមួយ​វៀតណាម​។

ខេត្ត​ត្បូងឃ្មុំ​មានផ្ទៃ​ក្រឡា​ប្រមាណ​ជាង៥​,២៥០​ គីឡូម៉ែត្រ​ក្រឡា​ មាន​ក្រុង​ចំនួន​ ១ ស្រុក​ចំនួន៦​ ឃុំ​ សង្កាត់​ចំនួន៦៤​ និង​ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង៨២​ ម៉ឺន​នាក់​។ ដោយ​បច្ចុប្បន្ន​នេះ​ ខេ​តត្ត​មមាន​កំពុង​ដំណើរការ​គម្រោង​ សាង​សង់​ធំៗ​រួមមាន​ ១.មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ចិន​ ត្បូងឃ្មុំ​ ២.ស្ពាន​ស្ទឹងត្រង់​-ក្រូចឆ្មារ​ និង​ផ្លូវ​តភ្ជាប់​ពី​គល់​ស្ពាន​មក​ទីរួមខេត្ត​ត្បូងឃ្មុំ​ ៣.គំរោង​ផ្សារ​ធំ​តំបន់​ពាណិជ្ជកម្ម​ ខេត្ត​ត្បូងឃ្មុំ​ (ផ្នែកឯកជន​) ៤.គម្រោង​ផ្សារ​ចំការ​ថ្ម​ (ផ្នែកឯកជន​)៥.គម្រោង​ផ្សារ​គំរូ​ព្រំដែន​ ផ្សារ​ដា​ (វិនិយោគ​របស់​រដ្ឋ​)៕

ចំណេះដឹង​! តើ​ការ​តវ៉ា​ប្រឆាំង​កំណត់ហេតុ​គយ​ត្រូវ​ធ្វើ​ដូចម្តេច​?

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ បុគ្គល​ដែល​ទទួលរង​នូវ​ទោសទណ្ឌ​ ឬការ​ឃាត់ទុក​នូវ​ទំនិញ​ មធ្យោបាយ​ដឹកជញ្ជូន​ ឬវត្ថុ​ផ្សេងទៀត​អាច​តវ៉ា​ជា​លាយ​ល័ក្ខណ៍​អក្សរ​ ទៅ​អគ្គនាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ ក្នុង​កំឡុង​ពេល​សាមសិប ​(៣០​) ថ្ងៃ​ ក្រោយពី​ទទួល​បាន​សេចក្តី​ជូនដំណឹង​ ឬការ​ឃាត់ទុក​ ដោយ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​តវ៉ា​ និង​តម្កល់​និមុត្តិធានា​។

លិខិត​សុំ​តវ៉ា​ ត្រូវ​មាន​ព័ត៌មាន​ដូចជា​ ទី១​ នាម​ អាសយដ្ឋាន​ និង​ហត្ថលេខា​របស់​បុគ្គល​ដែល​តម្កល់​ការ​តវ៉ា​។ទី២​ សេចក្តី​លំអិត​នៃ​កំណត់ហេតុ​បទល្មើស​គយ​ ឬកំណត់ហេតុ​ឃាត់ទុក​បណ្តោះអាសន្ន​ រាប់បញ្ចូល​ទាំង​សេចក្តី​ថតចម្លង​កំណត់ហេតុ​ទាំងនេះ​ និង​ទី៣​ សេចក្តី​ពន្យល់​អំពី​មូលហេតុ​នៃ​ការ​តវ៉ា​។

ប្រសិនបើ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​មិនព្រម​តាម​ការ​តវ៉ា​ទេ​ បុគ្គល​ដែល​បាន​ដាក់ពាក្យ​តវ៉ា​ មាន​សិទ្ធិ​តវ៉ា​ទៅ​ស្ថាប័ន​មានសមត្ថកិច្ច​ រាប់បញ្ចូល​ទាំង​តុលាការ​មានសមត្ថកិច្ច​ ចំពោះ​ការសម្រេច​របស់​អគ្គនាយក​គយ​ និង​រដ្ឋាករ​កម្ពុជា​។

ការ​តវ៉ា​នេះ​ ត្រូវ​ធ្វើឡើង​ក្នុងរយៈពេល​សាមសិប​ (៣០​) ថ្ងៃបន្ទាប់​ពី​បាន​ទទួល​សេចក្តី​សម្រេច​ពីអ​គ្គ​នាយក​គយ​និង​រដ្ឋាករ​កម្ពុជា​៕

ការ​លក់​លំនៅឋាន​អាមេរិក​ដាំ​ក្បាល​ចុះ​ ស្រប​តម្លៃ​អចលនទ្រព្យ​ខ្ពស់​ និង​ខ្វះខាត​លំនៅឋាន​តម្លៃ​សមរម្យ​

ដោយ​ ប៊ី​

អាមេរិក​៖ សមាគមន៍​អ្នក​វាយតម្លៃ​ជាតិ​អាមេរិក​ (NAR​) បានឱ្យ​ដឹង​ក្នុង​របាយការណ៍​មួយ​កាលពី​ថ្ងៃអង្គារ​ថា​ ការ​លក់​ផ្ទះនៅ​អាមេរិក​បាន​ធ្លាក់ចុះ​ ២,២​ ភាគរយ​ នៅក្នុង​ខែ​ កញ្ញា​ ដោយសារ​តម្លៃ​ខ្ពស់​ និង​កង្វះខាត​ផ្ទះ​ដែល​មានតម្លៃ​សមរម្យ​។

ការ​លក់​ផ្ទះ​ដែល​មានស្រាប់​រួមមាន​ផ្ទះ​សម្រាប់​មួយ​គ្រួសារ​ ផ្ទះ​ទីប្រជុំជន​ ហើយ​មាន​អត្រា​ប្រចាំឆ្នាំ​ ៥,៣៨​ លាន​ត្រូវ​បាន​កែសម្រួល​តាម​រដូវ​កាល​។លោក​ Robert​ Frick​ សេដ្ឋវិទូ​នៅ​សហព័ន្ធ​ឥណទាន​សហព័ន្ធ​ឥណទាន​ (Navy​ Federal​ Credit​ Union​) បាន​មានប្រសាសន៍​ថា​ “សូម្បីតែ​អត្រា​ប្រាក់កម្ចី​មានទ្រព្យ​បញ្ចាំ​ទាប​ និង​ស្ថានភាព​ការងារ​មាន​សុខភាព​ល្អ​ ក៏​មិន​អាច​ជំនះ​នូវ​កង្វះខាត​ផ្ទះ​ដែល​មានតម្លៃ​ក្រោម​ ៣០​ ម៉ឺន​ដុល្លារ​ដែរ​”។

អត្រា​ប្រាក់កម្ចី​មានទ្រព្យ​បញ្ចាំ​ទាប​ជាង​ ៤ ភាគរយ​ ដែល​មានន័យថា​ អ្នកទិញ​អាច​សន្សំប្រាក់​បាន​តាម​ការប្រាក់​នេះ​។

លោក​ Lawrence​ Yun​ ប្រធាន​សេដ្ឋវិទូ​របស់​សមាគមន៍​អ្នក​វាយតម្លៃ​ជាតិ​អាមេរិក​ មានប្រសាសន៍​ថា​ ចាំបាច់​ត្រូវ​មានការ​សាងសង់​ផ្ទះ​ដែល​មាន​តំលៃ​សមរម្យ​បន្ថែម​ទៀត​។

លោក​ជឿជាក់​ថា​ “យើង​ត្រូវតែ​បន្ត​បង្កើន​ស្តុក​លំនៅឋាន​បន្ថែម​ទៀត​។ តម្លៃ​ផ្ទះ​កំពុងតែ​កើនឡើង​យ៉ាង​ឆាប់រហ័ស​ ដោយ សារតែ​កង្វះខាត​ផ្ទះ​ ហើយ​កង្វះ​ស្តុក​លំនៅឋាន​នេះ​កំពុង​រា​រាំង​សក្តា​នុ​ពល​កំណើន​នៃ​ការ​លក់​ផ្ទះ​”។ តំបន់​ដែល​មើលឃើញ​ការ​ធ្លាក់ចុះ​ខ្លាំង​បំផុត​នៃ​ការ​លក់​ផ្ទះនៅ​ក្នុង​ខែ​ កញ្ញា​ ក្នុងរយៈពេល​មួយ​ខែមុន​គឺ​តំបន់​កណ្តាល​ដែល​បាន​ធ្លាក់ចុះ​ចំនួន​ ៣,១​ ភាគរយ​។ នៅ​ប៉ែក​ខាងលិច​ ការ​លក់​ផ្ទះ​បាន​ធ្លាក់ចុះ​ ០,៩​ ភាគរយ​ ។

ជនជាតិ​អា​មេ​រិកាំ​ងក្មេង​ៗតែងតែ​ចង់​ទិញ​ផ្ទះ​ថ្លៃជាង​ឪពុក​ម្តាយ​របស់​ពួកគេ​ ហើយ​កំពុង​ដើរឆ្ពោះ​ទៅ​រក​ទី​ក្រុង​ផ្សេង​ៗទៀត​។ ផ្ទះ​ធំៗ​នៅ​តំបន់​ជាយក្រុង​ដែល​ត្រូវ​បាន​និយម​ហៅថា​ McMansions​ មានតម្លៃ​ថ្លៃ​ណាស់​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​នៅ​លើ​ទីផ្សារ​។ នៅ​ផ្នែក​ជាច្រើន​នៃ​អាមេរិក​ជា​រឿយ​ៗមានតម្លៃ​ជួល​អចលនទ្រព្យ​ច្រើនជាង​ការទិញ​។

ការសិក្សា​ដោយ​ប្រព័ន្ធ​ទិន្នន័យ​ទ្រព្យសម្បត្តិ​ជាតិ​ Attom​ Data​ Solutions​ កាលពី​ខែ​ មករា​ បាន​រក​ឃើញថា​ ការជួល​ផ្ទះ​គឺ​មានតម្លៃ​សមរម្យ​ជាង​ការទិញ​នៅក្នុង​ទីផ្សារ​លំនៅឋាន​របស់​អាមេរិក​ចំនួន​ ៥៩​ ភាគរយ​៕

សភា​ពាណិជ្ជកម្ម​អាល្លឺម៉ង់​ គ្រោង​បើក​ការិយាល័យ​ជាលើកដំបូង​នៅ​កម្ពុជា

​ដោយ​ វុត្ថា​

ភ្នំពេញ​៖ លោក​ Christian​ Berger​ ឯកអគ្គ​រាជទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា​ បាន​អះអាង​ថា​ សភា​ពាណិជ្ជកម្ម​អាល្លឺម៉ង់​ចង់បើ​កការិយាល័យ​នៅ​ប្រទេស​កម្ពុជា​ជាលើកដំបូង​ ដោយសារតែ​ក្រុមហ៊ុន​អាល្លឺម៉ង់​មានការ​ចាប់អារម្មណ៍​លើ​សេដ្ឋកិច្ច​កម្ពុជា​គឺ​ចង់​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​។

លោក​ Christian​ Berger​ នៅក្នុង​ជំនួប​ជាមួយ​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ នៅ​ថ្ងៃទី​ ២៣​ ខែតុលា​ ឆ្នាំ​ ២០១៩​ នេះ​បានឱ្យ​ដឹង​ ប្រទេស​កម្ពុជា​និង​អាល្លឺ​ម៉​ងនៅ​មាន​សក្តា​នុ​ពល​យ៉ាងច្រើន​លើ​កិច្ច​សហប្រតិបត្តិ​លើ​វិស័យ​វិនិយោគ​ ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​។

ជាមួយគ្នា​នេះ​ ឯកអគ្គ​រដ្ឋទូត​រូប​នេះ​ បាន​សន្យា​ថា​នឹង​ព្យាយាម​ឲ្យអស់​លទ្ធភាព​ក្នុង​ការ​បន្ត​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កម្ពុជា​ និង​អាល្លឺម៉ង់​ ព្រោះ​ប្រទេស​យើង​ទាំងពីរ​មាន​ទំនាក់ទំនង​នឹងគ្នា​ជាយូរមកហើយ​ ។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បានឱ្យ​ដឹង​ដែរ​ថា​ បច្ចុប្បន្ន​នេះ​ បើ​ក្រឡេក​ទៅ​មើល​វិស័យ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​គឺ​មានការ​រីកចម្រើន​យ៉ាងច្រើន​ ហើយ​កម្ពុជា​ក៏​មានការ​នាំចូល​ពី​អា​ឡឺម៉​ង់​ច្រើន​ដែរ​ដូចជា​រថយន្ត​ជាដើម​ ហើយ​កម្ពុជា​ក៏​មានការ​នាំចេញ​ទៅ​អាល្លឺម៉ង់​ច្រើន​ដែរ​ដូចជា​ផលិតផល​ស្បែកជើង​សម្លៀកបំពាក់​ផង​ដែរ​។

សម្តេច​បន្ត​ថា​ កន្លងមក​នេះ​ កម្ពុជា​បាន​សំរេចចិត្ត​ទិញ​ម៉ាស៊ីនភ្លើង​ដែល​មួយ​គ្រឿង​ទិញ​ពី​ប្រទេស​អាល្លឺម៉ង់​ ហើយ​បច្ចុប្បន្ន​នេះ​កម្ពុជា​ក៏​មាន​ផលិតផល​ដូចជា​ស្រាបៀ​ររបស់​ប្រទេស​អាល្លឺម៉ង់​ចែក​ចា​យក្នុងប្រ​ទេ​កម្ពុជា​ផង​ដែរ​ដូច្នេះ​បើ​យើង​ក្រឡេក​ទៅ​មើល​វិស័យ​ធុរកិច្ច​កម្ពុជា​អាល្លឺម៉ង់​នេះ​ គឺ​ប្រទេស​យើង​ទាំងពីរ​នៅ​មាន​សក្តា​នុ​ពល​ច្រើន​៕

សម្តេច​តេជោ​ជំរុញ​ឱ្យ​ជ៉​បុន​សម្រេច​នូវ​ផែនការមេ​លើ​ការ​អភិវឌ្ឍ​កំពង់ផែ​ទឹកជ្រៅ​នៅ​ខេត្ត​ព្រះសីហនុ​

ដោយ ​វុត្ថា

​ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​ជំរុញ​ឱ្យ​ប្រទេស​ជប៉ុន​បន្ត​ធ្វើ​ផែនការមេ​ ក្នុង​ការ​អភិវឌ្ឍ​កំពង់ផែ​សមុទ្រ​ទឹកជ្រៅ​នៅ​ខេត្ត​ព្រះសីហនុ​ របស់​កម្ពុជា​ឱ្យ​បាន​ជោគជ័យ​ ដើម្បី​ឱ្យ​កប៉ាល់​ធំ​ អាច​ចូល​ចត​បាន​ ។

សម្តេច​តេជោ​ នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក​ Masahiro​ Mikami​ ឯកអគ្គ​រាជទូត​ជប៉ុន​ថ្មី​ប្រចាំ​នៅ​កម្ពុជា​នៅ​ថ្ងៃទី​ ២៣​ ខែតុលា​ ឆ្នាំ​ ២០១៩​ នេះ​បាន​មានប្រសាសន៍​ចង់​ឲ្យ​ជប៉ុន​សម្រេច​នូវ​ផែនការមេ​នេះ​ ដើម្បីឲ្យ​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ មានន័យថា​ធ្វើ​យ៉ាងណា​ដើម្បីឲ្យ​កប៉ាល់​ធំៗ​នោះ​ចុះចត​ដោយ​ផ្ទាល់​នៅ​កំពង់ផែ​ទឹកជ្រៅ​នេះ​តែម្ដង​ ដោយ​មិន​ចាំបាច់​មានការ​ផ្ទេរ​ទៅតាម​បណ្ដា​ប្រទេសជិតខាង​ឡើយ​។

លោក​ Masahiro​ Mikami​ ឯកអគ្គ​រាជ​ទូ​ជប៉ុន​បាន​លើកឡើង​ពី​អ្វី​ដែល​ជប៉ុន​នឹង​បន្ត​ជួយ​ដល់​កម្ពុជា​ជា​បន្ត​ទៀត​ជាពិសេស​គឺ​ពាក់ព័ន្ធ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​មក​កម្ពុជា​ ។

លោក​ថា​ ជប៉ុន​នឹង​សកម្មភាព​ដែល​សហការ​ជាមួយនឹង​ស៊ី​ម៉ាក់​ ក្នុង​ការ​ដោះ​មីន​នៅ​កម្ពុជា​ផង​ដែរ​ ជប៉ុន​នឹង​បន្ត​លើ​ការ​ផ្ដល់​ជំនួយ​លើ​វិស័យ​ថាមពល​អគ្គិសនី​ និង​ធ្វើ​ផែនការមេ​សម្រាប់​កំពង់​ផែ​ស្វ័យ​យ័​តទឹកជ្រៅ​នៅ​ខេត្ត​ព្រះសីហនុ​។

លោក​បន្ត​ថា​ បច្ចុប្បន្ន​ទំនាក់ទំនង​ភាគី​រវាង​កម្ពុជា​ និង​ជប៉ុន​គឺ​មាន​ទំនាក់ទំនង​ល្អ​។ ប្រទេស​ជប៉ុន​នៅតែ​បន្ត​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ ជាពិសេស​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ទៅលើ​ផ្នែក​នយោបាយ​ សេដ្ឋកិច្ច​វប្បធម៌​ រួម​ទាំង​វិ​ស័យ​ផ្សេង​ៗច្រើន​ទៀត​។

សម្ដេច​តេជោ​ ក៏បាន​បញ្ជាក់​អំពី​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មានការ​កើនឡើង​មានការ​កើនឡើង​ជាលំដាប់​ ហើយ​សម្តេច​ចង់​បន្ត​ឃើញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​ និង​ជប៉ុន​មានការ​កើនឡើង​ជា​បន្ត​ទៀត​រួម​ទាំង​ការ​បណ្ដាក់ទុន​ពី​អ្នក​វិនិយោគ​ជប៉ុន​មក​កម្ពុជា​ផង​ដែរ​។

សម្ដេច​តេជោ​ចង់​ឲ្យ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​យើង​ទាំងពីរ​បន្ថែម​ទៀត​ជាពិសេស​លើ​ការពង្រីក​នូវ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​វិ​ស័យ​ផ្សេង​ៗជាច្រើន​ទៀត​។ សម្ដេច​បាន​បន្ត​ទៀត​ថា​កន្លងមក​ជប៉ុន​ក៏បាន​ចូលរួម​ចំណែក​ក្នុង​ការ​ផ្ដល់​ជំនួយ​ប្រទេស​កម្ពុជា​ដូចជា​ការ​កសាង​នូវ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​នឹង​ធ្វើអោយ​កម្ពុជា​រីកចម្រើន​ផង​ដែរ​។

បច្ចុប្បន្ន​នេះ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​យើង​ទាំងពីរ​មានដល់​កម្រិតខ្ពស់​ ពិសេស​ក្នុង​កម្រិត​ដៃគូ​យុទ្ធសាស្ត្រ​ ដោយ សារតែ​កន្លងមក​មានការ​ផ្លាស់ប្ដូរ​នៃ​ថ្នាក់ដឹកនាំ​កំពូល​រវាង​ប្រទេស​ទាំងពីរ​ ហើយ​លើស​ពីនេះ​ទៅទៀត​បច្ចុប្បន្ន​យើង​មានការ​ហោះហើរ​ត្រង់​ទៅមក​រវាង​ប្រទេស​ទាំងពីរ​ផង​ដែរ​ ដែល​អាច​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​សម្រាប់​អ្នក​វិនិយោគ​និង​ភ្ញៀវ​ទេសចរណ៍​ផង​ដែរ​៕

រដ្ឋាភិបាល​កម្ពុជា​ត្រូវការ​បច្ចេកវិទ្យា​ឌីជីថល​ដើម្បី​រុញ​កំណើន​សេដ្ឋកិច្ច​ថ្មី​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​អះអាង​ថា​ ប្រទេស​កម្ពុជា​នា​ពេលនេះ​ពិតជា​មាន​ភាព​ចាំបាច់​ណាស់​ ក្នុង​ការ​ចាប់​យក​នូវ​កាលានុវត្ត​ភាព​ និង​សក្តា​នុ​ពល​ទាំងឡាយ​ ពី​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​វិស័យ​ឌីជីថល​អាច​ក្លាយទៅជា​ក្បាលម៉ាស៊ីន​អូស​កំណើន​សេដ្ឋកិច្ច​ថ្មី​។

លោក​ វង្សី​ វិស្សុត​រដ្ឋលេខាធិការ​ប្រចាំការ​ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​នៅក្នុង​កិច្ចពិភាក្សា​តុមូល​ស្តី​ពី​ ការរៀបចំ​ក្របខណ្ឌ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​ ជាមួយ​ធនាគារ​ពិ​ពភលោ​ក (WB​) កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ក្នុង​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី៤​ និង​ដើម្បី​អាច​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ ក្លាយជា​ប្រទេស​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​ ​ និង​ដើម្បី​ប្រើប្រាស់​វិស័យ​បច្ចេកវិទ្យា​ សម្រាប់​ធ្វើការ​ពង្រួញ​ផ្លូវ​ និង​ពន្លឿន​ការ​អភិវឌ្ឍ​ប្រទេស​ កា​របង្តើន​ផលិតភាព​ ប្រសិទ្ធភាព​ និង​ភាព​ប្រកួតប្រជែង​ ព្រមទាំង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ ដែល​កំពុង​មានស្រាប់​ ក៏ដូចជា​បញ្ហា​ប្រឈម​នានា​ ដែល​អាច​កើតមានឡើង​ជាយ​ថា​ ហេតុ​ដោយសារ​ឥទ្ធិពល​ នៃ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ខាងលើ​។

លោក​បន្ត​ថា​ “ក្នុងស្មារតី​នេះ​ កាលពីដើម​ឆ្នាំ២០១៩កន្លងទៅ​នេះ​ ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ ដែល​ជា​ស្ថាប័ន​ខួរក្បាល​របស់​នាយក​រដ្ឋមន្រ្តី​ បាន​បង្កើត​នូវ​ក្រុមការងារ​បច្ចេកទេស​មួយ​ ដើម្បី​រៀបចំ​ក្របខណ្ឌ​គោលនយោបាយ​ អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​នៅក្នុង​រយៈពេល​វែង​”។

លោ​កវង្សី​ វិស្សុត​បាន​បន្ថែម​ថា​ គិត​មកទល់​នឹង​ពេលនេះ​ ក្រុមការងារ​បាន​រៀបចំ​នូវ​ឯកសារ​ទស្សនាទាន​រួម​មួយ​សម្រាប់​ ​ ជា​មូលដ្ឋាន​ក្នុង​ការរៀបចំ​ក្របខណ្ឌ​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​ ដោយ​ ផ្តោត​លើ​អាទិភាព​ និង​យុទ្ធ​សាស្រ្ត​ រួមមាន​ទី១​.ការរៀបចំ​ និង​បង្តើ​តរដ្ឋាភិបាល​ឌីជីថល​គ្រប់ជ្រុងជ្រោយ​ ដើម្បី​ម្យ៉ាង​ពង្រឹង​ការ​ផ្តល់​សេវា​សាធារណៈ​ប្រកប​ ដោយ​គុណភាព​ ប្រសិទ្ធភាព​ និង​តម្ល​ភាព​ផង​ និង​ម្យ៉ាងវិញទៀត​ ដើម្បី​បង្កើត​នូវ​បរិស្ថាន​ និង​ជា​ឃ្នាស់​សម្រាប់​ជំរុញ​សេដ្ឋកិច្ច​ឌីជីថល​ និង​នវានុវត្តន៍​ផង​ដែរ​

ទី២​.ការជំរុញ​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ ដូចជា​ ខែ្ស​កាប​អុ​បទិច​ ខ្សែកាប​អុបទិក​តាម​បាតសមុទ្រ​ មជ្ឈមណ្ឌល​ទិន្នន័យ​ និង​ការ​តភ្ជាប់​បណ្តាញ​សេវា​ដល់​អ្នកប្រើ​ប្រាស់​ និង​ធុរកិច្ច​ ដើម្បី​ធ្វើ​ឱ្យ​សេ​វា​អ៊ិ​នធឺ​ណែ​តកាន់តែ​មាន​ល្បឿន​ លឿន​ ហើយ​ថ្លៃ​កាន់តែ​ថោក​ជាមុន​ និង​មាន​វិសាលភាព​អាច​គ្រប​ដណ្តប់​ទូទាំង​ប្រទេស​ ទី៣​.ការ​ទាញ​យក​ប្រយោជន៍​ជាអតិបរិមា​ពី​វិស័យ​ឌីជីថល​ តាមរយៈ​ការ​បង្កើន​អក្ខរកម្ម​ និង​សមត្ថភាព​ឌីជីថល​ ពិសេស​ការ​អភិវឌ្ឍ​ជំនាញ​ឌីជីថល​ និង​ការស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ (R&​D)។

ទី៤​ ការបង្កើត​ក្របខណ្ឌ​ច្បាប់​ និង​បទ​ប្ប​ញ្ញ​តិ្ត​ពាក់​ព័ន្ធ​ផ្សេង​ៗ ពិសេស​បទដ្ឋាន​ស្តង់​ដា​មួយចំនួន​ ក្នុង​គោលដៅ​ពង្រឹង​ការគ្រប់គ្រង​ទិន្នន័យ​ ការ​ការពារ​ទិន្នន័យ​ឯកជន​ និង​ការ​ទប់​ស្តា​ត់​បទល្មើស​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ជាដើម​។ល។ និង​ ៥.ការបង្កើត​នូវ​ថ្នាល​ និង​ប្រព័ន្ធ​អេកូឡូស៊ី​ សម្រាប់​លើកស្ទួយ​សហគ្រិនភាព​ និង​ការបង្កើត​ធុរកិច្ច​ថ្មី​ (Startup​) ក្នុង​វិស័យ​ឌីជីថល​។

លោក​រដ្ឋលេខាធិការ​រូប​នេះ​បន្ថែម​ថា​ រាជរដ្ឋាភិបាល​បាន​ និង​កំពុង​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ជាបន្តបន្ទាប់​រួចហើយ​ ក្នុង​គោលដៅ​បង្កើត​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​ខាងលើ​នេះ​ ដូចជា​ ទី១​ ការបង្កើត​និង​ដាក់​ឱ្យ​ដំណើរការ​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ (SDF​) ទី២​ ការបង្កើត​ និង​ដាក់​ឱ្យ​ដំណើរការ​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី​តេជោ​ ទី៣​ ការបង្កើត​និង​ដាក់​ឱ្យ​ដំណើរការ​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព​ (EDF​) និង​មជ្ឈមណ្ឌល​លើកកម្ពស់​សហគ្រិនភាព​ (EPC​) និង​ទី៤​ ការរៀបចំ​បង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SMEs​ Bank​) ជាដើម​៕

វិភាគ​៖ តើ​វិស័យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​គួរ​យក​គំរូ​តាម​កូរ៉េ​ខាងត្បូង​យ៉ាងដូច​ម្តេច​?

លោក​ បណ្ឌិត​ Sang​ Won​ PARK​ ប្រធាន​សមាគមមិត្តភាព​កម្ពុជា​ កូរ៉េ​

ភ្នំ​ពេញៈ​ នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ តួនាទី​សហគ្រាស​ធុន​តូច​ និង​មធ្យម​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ខណៈ​សេដ្ឋកិច្ច​ជាតិ​មានការ​រីកចម្រើន​ សមាមាត្រ​ និង​តួនាទី​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅក្នុង​សេដ្ឋកិច្ច​ជាតិ​ក៏អាច​ផ្លាស់​ប្តូរ​បាន​ដែរ​។

ជាពិសេស​ តួនាទី​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដែល​មានការ​ប្រមូល​ដើមទុន​ចូលរួម​ ដល់​ផលិតកម្ម​ឧស្សាហកម្ម​ភាគច្រើន​ និង​ជា​វិស័យ​ចម្បង​សម្រាប់​ការងារ​នៅក្នុង​ប្រទេស​។ ទន្ទឹម​នឹង​នេះ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ត្រូវតែ​ស្វែងរក​តួនាទី​របស់​ខ្លួន​ ហើយ​អាច​រួចផុត​ពី​បញ្ហា​ចំពោះមុខនៃ​ការប្រកួត​ប្រជែង​ ឬអាច​ប្រជែង​មួយ​គ្នា​ជាមួយ​ដៃគូ​ប្រកួតប្រជែង​មូល​ធន​ធំៗ​ នៅក្នុង​ប្រទេស​មួយ​ដែល​សេដ្ឋកិច្ច​ជាតិ​កំពុង​អភិវឌ្ឍ​រួម​ជាមួយនឹង​ការ​ប្រមូល​ដើមទុន​។

ក្នុងករណី​ប្រទេស​កូរ៉េ​ គំរូ​នៃ​កំណើន​សេដ្ឋកិច្ច​ តាមរយៈ​ការ​បង្កើន​ផលិតកម្ម​ត្រូវ​បាន​បញ្ចប់​ចាប់តាំងពី​ចុង​ទសវត្ស​ឆ្នាំ​១៩៨០​ ដែល​ជា​រយៈពេល​ក្នុង​ការ​ប្រមូល​ដើមទុន​យ៉ាង​ឆាប់រហ័ស​ ដោយ​ប្រទេស​កូរ៉េ​បាន​ចូល​ទៅ​ក្នុង​ការបង្កើត​ថ្មី​ ប្រកបដោយ​ប្រសិទ្ធភាព​ ជាមួយនឹង​សាជីវកម្ម​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​ ហើយ​កូរ៉េ​បាន​លើកកម្ពស់​ការប្រកួត​ប្រជែង​តាម​ប្រព័ន្ធ​អន្តរជាតិ​ ដោយ​ការប្រើ​ប្រាស់​ប្រព័ន្ធ​តាំងពី​ឆ្នាំ​ ១៩៩០​។ ម៉្យាងវិញទៀត​ក្នុងអំឡុងពេល​នោះ​ គំលាត​ត្រូវ​បាន​ស្ថិតនៅ​ក្រោម​ការ​អភិវឌ្ឍ​ ហើយ​ត្រូវ​ប្រកួតប្រជែង​ជាមួយ​សា​ជីវ​កម្ម​ធំៗ​ក្នុង​ស្រុក​ និង​នៅ​តាម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេងទៀត​ ដូចជា​ចិន​ជាដើម​។

ជា​លទ្ធផល​ គំលាត​រវាង​ក្រុមហ៊ុន​ដើមទុន​ធំ​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុង​សេដ្ឋកិច្ច​កូរ៉េ​បាន​ពង្រីក​។ លើស​ពីនេះ​ គម្លាត​នៃ​ផលិតភាព​ការងារ​កាន់តែ​រីក​ធំ​បន្ថែម​ទៀត​ដល់​ប៉ូល​នី​យក​ម្ម​។ ប៉ុន្តែ​បន្ទាប់ពី​វិបត្តិសេដ្ឋកិច្ច​ និង​ការរៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​ នៅ​ចុង​ទសវត្ស​ឆ្នាំ១៩៩០​ ដល់​ដើម​ទសវត្សរ៍​ឆ្នាំ២០០០​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ បាន​ចាប់ផ្តើម​លេចចេញ​ជា​ក្បាលម៉ាស៊ីន​កំណើន​ថ្មី​មួយ​ ដែល​ឱ្យ​មានការ​រីកចម្រើន​ ប្រកបដោយ​ភាព​ច្នៃប្រឌិត​ នៃ​សេដ្ឋកិច្ច​កូរ៉េ​ក្នុង​ទម្រង់​ជា​ក្រុមហ៊ុន​បណ្តាក់​ទុន​។

ដំបូង​នៅពេល​ផ្តោត​លើ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ សមាមាត្រ​នៃ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ នៅក្នុង​ប្រទេស​កូរ៉េ​ ជាមួយនឹង​ចំនួន​និយោជិក​បាន​កើនឡើង​ពី​ ៨៧.៥​ ភាគរយ​ ក្នុង​ឆ្នាំ២០១១​ ដល់៨៩​,៨ភាគរយ​ ក្នុង​ឆ្នាំ២០១៧​។ ក្នុងចំណោម​នោះ​ចំនួន​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ដែល​ជំរុញ​ដោយ​ការ​ច្នៃប្រឌិត​ បាន​កើនឡើង១៨​,១ ភាគរយ​ ពី​ ៦០.៦៥០​ ក្នុង​ឆ្នាំ​ ២០១១​ ដល់​ ៧១.៦៤៦​ ក្នុង​ឆ្នាំ​ ២០១៨​។

​យោង​តាម​ការ​ស្ទាបស្ទង់​នៃ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ការបង្កើត​ថ្មី​ដែល​ត្រូវ​បាន​ចាត់​ថ្នាក់​ ទៅជា​ក្រុមហ៊ុន​បណ្តាក់​ទុន​(ការ​ច្នៃប្រឌិត​បច្ចេកវិទ្យា​) និង​ការ​ច្នៃប្រឌិត​គ្រប់គ្រង​”។ ចំនួន​ក្រុមហ៊ុន​បណ្តាក់​ទុន​រួម​ បាន​កើនឡើង​យ៉ាង​ខ្លាំង​ពី
២៦​,១៤៨​ ក្នុង​ឆ្នាំ​ ២០១១​ និង៣១​,២៦០​ ក្នុង​ឆ្នាំ២០១៥​ និង​បាន​កើនឡើង​ដល់៣៦.៨២០​ ឆ្នាំ២០១៨​។

ដូច្នេះ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ នៅ​កូរ៉េ​បាន​បង្កើត​គំរូ​អាជីវកម្ម​ និង​ធានា​នូវ​ភាព​ប្រកួតប្រជែង​តាម​វិ​ធី​ផ្សេង​ៗ ដើម្បី​សម្រប​ខ្លួន​បាន​ក្នុង​បរិ​ដ្ឋាន​អេកូឡូស៊ី​ថ្មី​ ចាប់តាំងពី​ឆ្នាំ​ ២០០០​។ ទន្ទឹម​នឹង​នេះ​វិស័យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​បាន​ធានា​តួនាទី​របស់​ខ្លួន​ដោយ​ផ្អែកលើ​ការប្រកួត​ប្រជែង​ជាស​កល​ ក្រោម​ការ​ផ្តួចផ្តើម​គំនិត​សហគ្រាស​ ដែល​មានស្រាប់​ជាមួយ​រចនា​សម្ពន្ធ័​សេដ្ឋកិច្ច​ ដោយ​ធានា​បាន​នូវ​ទំនាក់ទំនង​ប្រកបដោយ​ចីរភាព​ជាមួយ​សា​ជីវ​កម្ម​ធំៗ​ ហើយ​រដ្ឋាភិបាល​កំពុង​គាំទ្រ​យ៉ាងសកម្ម​ចំពោះ​បញ្ហា​នេះ​។

នៅក្នុង​សេដ្ឋកិច្ច​កូរ៉េ​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ត្រូវតែ​ខ្លាំង​ ក្នុង​ការប្រកួត​ប្រជែង​ជាមួយ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដទៃទៀត​ និង​ការប្រកួត​ប្រជែង​រវាង​សា​ជីវ​កម្ម​ធំៗ​ដែល​មានស្រាប់​។ ហើយ​កត្តា​ក្រៅ​ ត្រូវ​រួចផុត​ពី​ការប្រកួត​ប្រជែង​ ពី​ក្រុមហ៊ុន​នាំ​ចេញ​ធំៗ​ នៅ​អាស៊ី​អាគ្នេយ៍​ ចិន​ អាមេរិក​ខាងជើង​ និង​អឺរ៉ុប​។

​យោង​តាម​លទ្ធផល​ នៃ​សូចនាករ​ស្ថិតិ​ទាក់ទង​នឹង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ រហូតមកដល់​ពេល​ថ្មី​ៗនេះ​ អត្ថ​ប្រយោជន៍​ត្រូវ​បាន​យក​មក​ធ្វើការ​ប្រៀបធៀប​ ត្រូវ​បាន​បែងចែក​តាម​វិស័យ​ ក្នុង​ការប្រកួត​ប្រជែង​ជាមួយ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ នៅ​ចិន​ ជប៉ុន​ និង​អាស៊ី​អាគ្នេយ៍​ដូចដែល​បានឃើញ​ពីមុន​។

ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​រដ្ឋាភិបាល​កូរ៉េ​ បាន​និង​កំពុង​ខិតខំ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ នូវ​ការប្រកួត​ប្រជែង​ផ្នែក​នាំចេញ​ ដើម្បី​ពង្រឹង​មូលដ្ឋាន​គ្រឹះ​នៃ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុង​ការនាំចេញ​។ នេះ​គឺជា​ការប្រកួត​ប្រជែង​ តាមរយៈ​ការ​ច្នៃប្រឌិត​ផលិតកម្ម​ឆ្លាតវៃ​ ដោយ​ប្រើ​បច្ចេកវិទ្យា​អាយ​ស៊ី​ធី​។ ការ​ផ្តោត​អារម្មណ៍​លើ​ការ​លើកកម្ពស់​ភាព​ប្រកួតប្រជែង​ តាមរយៈ​ការ​ពន្លឿន​ការ​ច្នៃប្រឌិត​ថ្មី​នៃ​វិស័យ​ផលិតកម្ម​ តាមរយៈ​ការ​លើកកម្ពស់​រោងចក្រ​តាម​តំបន់​។ លើស​ពីនេះ​ការពង្រីក​ក្រុមហ៊ុន​សាម​សុង​អេឡិចត្រូនិក​ឆ្លាតវៃ​ ក្រុមហ៊ុន​ POSCO​ សភា​ពាណិជ្ជកម្ម​កូរ៉េ​ និង​ក្រុមហ៊ុន​ Hyundai​ បាន​និង​កំពុង​ជំរុញ​គោលនយោបាយ​ ដែល​នាំទៅ​ដល់​ការបង្កើត​គំរូ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ឈ្នះ​ឈ្នះ​ជាមួយ​សហគ្រាស​ធុន​តូច​ និង​មធ្យម​។

លើស​ពីនេះ​ រដ្ឋាភិបាល​គាំទ្រ​ដល់​ដើមទុន​វិនិយោគ​ និង​ការ​វិនិយោគ​ដទៃទៀត​ដើម្បី​ជួយ​សម្រួល​ដល់​ការ​វិនិយោគ​ នៅក្នុង​ក្រុមហ៊ុន​បណ្តាក់​ទុន​រួម​។ ជាពិសេស​ក្នុងករណី​ក្រុមហ៊ុន​ច្នៃប្រឌិត​បច្ចេកវិទ្យា​ រដ្ឋាភិបាល​កំពុង​បង្កើត​មូលនិធិ​ច្នៃប្រឌិត​ ដើម្បី​រីកចម្រើន​ជា​ក្រុមហ៊ុន​ទាំងនេះ​។ ទន្ទឹម​នឹង​នេះ​វា​ក៏​កំពុង​លើកកម្ពស់​គោលនយោបាយ​ ដើម្បី​ជំរុញ​ការ​បណ្តាក់​ទុន​រួម​ ដូចជា​ការបង្កើត​មូលនិធិ​សកល​ ដើម្បី​ឱ្យ​ក្រុមហ៊ុន​បណ្តាក់​ទុន​រួម​នៅ​ក្រៅប្រទេស​អាច​វិនិយោគ​ ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​នៅក្នុង​ប្រទេស​កូរ៉េ​។

អ្វី​ដែល​សំខាន់​បំផុត​ ដើម្បី​ប្រកួតប្រជែង​ ប្រៀបធៀប​នឹង​អ្នកដទៃ​ទៀត​នៅ​ក្នុង​បរិ​ដ្ឋាន​អេកូឡូស៊ី​ថ្មី​ យើង​កំពុង​ជំរុញ​ការ​គាំទ្រ​ពន្ធ​ និង​ជំរុញ​កម្លាំង​បច្ចេកទេស​ច្នៃប្រឌិត​តាមរយៈ​ការ​លើកកម្ពស់​កម្លាំង​ពលកម្ម​បច្ចេកទេស​ជឿនលឿន​។

ក្រៅពី​នេះ​ អាជីវកម្ម​ខ្នាត​តូច​ រួម​ទាំង​អាជីវកម្ម​ខ្នាត​តូច​ចំនួន៣​,១៤លាន​ និង​អ្នក​អាជីវកម្ម​ចំនួន៥​,៥៦លាន​ កំពុង​ធ្វើជា​ម្ចាស់​អាជីវកម្ម​ផ្ទាល់ខ្លួន​។ នា​ពេល​ថ្មី​ៗនេះ​រដ្ឋាភិបាល​ កំពុង​លើកកម្ពស់​គោលនយោបាយ​គាំទ្រ​ការ​ច្នៃប្រឌិត​ ប្រកបដោយ​ភាព​សកម្ម​ដោយ​ដាក់បញ្ចូល​សហគ្រាស​ខ្នាត​តូច​ ដែល​ប្រកបរបរ​ចិញ្ចឹមជីវិត​ជាគោល​ដៅ​ សម្រាប់​គាំទ្រ​គោលនយោបាយ​។ នេះ​ក៏​ព្រោះតែ​វិស័យ​អាជីវកម្ម​ខ្នាត​តូច​ទាំងនេះ​ មាន​តួនាទី​បង្កើត​ការងារ​យ៉ាង​សំខាន់​នៅ​កូរ៉េ​។

នៅពេល​ការ​ប្រមូល​ដើមទុន​កំពុងតែ​ដំណើរការ​ ដែល​មាន​សភាព​ស្រដៀងគ្នា​នឹង​ប្រទេស​កម្ពុជា​ដែរ​ គំរូ​កំណើន​នៃ​ការពង្រីក​ការ​រួមបញ្ចូល​ សម្រាប់​ផលិតកម្ម​មានប្រសិទ្ធភាព​ តួនាទី​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​គោលនយោបាយ​ក្នុង​ការ​កែលំអ​ភាព​ប្រកួតប្រជែង​នឹង​កាន់តែ​មាន​ភាព​បន្ទាន់​។ បទពិសោធន៍​របស់​ប្រទេស​កូរ៉េ​ នឹង​ក្លាយជា​គំរូ​ដ៏​ល្អ​សម្រាប់​ប្រទេស​កម្ពុជា​៕

ដី​ឡូត៍​ឋានសួគ៌​ត្រពាំងរូង​កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​តាមរយៈ​ការ​កក់​ប្រាក់​ត្រឹម ២៥០ដុល្លារ​ប៉ុណ្ណោះ​

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ គំរោង​ដី​ឡូត៍​ឋានសួគ៌​ត្រពាំងរូង​ កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​វិនិយោគ​ពីអ​តិ​ថិន​ជន​ជាច្រើន​ ដោយ​ការ​បើក​លក់​ក្នុងរយៈពេល​ជាង១ខែ​ប៉ុណ្ណោះ​ ការ​លក់​របស់​យើង​សម្រេច​បាន​ជិត ៥០ភាគរយ​។

​ជាមួយ​លក្ខខ័ណ្ឌ​បង់ប្រាក់​ពិសេស​ និង​ផែនការ​អភិវឌ្ឍន៍​ច្បាស់លាស់​ ដើម្បី​ប្រែក្លាយ​តំបន់​នេះ​ ជា​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ដ៏​ប្រណីត​ គំរោង​វិនិយោគ​នេះ​កំពុង​ដើរស្របគ្នា​នឹង​ផែនការ​របស់ក្រ​សួង​ទេសចរណ៍​ ក្នុង​ការ​ប្រែក្លាយ​ខេត្តកោះកុង​ជា​តំបន់​ទេសចរណ៍​ពិសិដ្ឋ​ ដោយ​ផ្តោត​លើ​ការ​កំសាន្ត​លំ​ហែរ​ និង​ការ​ស្នាក់នៅ​សំរាប់​និវត្តន៍​ជន​។

​លោក​អេង​ ឆៃ​លាង ​សហ​ភា​គហ៊ុនិ​កនៃ​គំរោង​ដី​ឡូត៍​រមណីយដ្ឋាន​ ឋានសួគ៌​ត្រពាំងរូង​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​ នា​ព្រឹក​ថ្ងៃទី២៣​ តុលា​នេះ​ថា​ តំបន់​ត្រពាំងរូង​ស្ថិត​ក្នុង​គោលដៅ​ នៃ​រៀបចំផែនការ​អភិវឌ្ឍន៍​ជា​រមណីយដ្ឋាន​ទេសចរណ៍​ និង​សហគមន៍​ទេសចរណ៍​នៅ​តំបន់​ ដោយសារ​តំបន់​នេះ​មានសម្បត្តិ​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​ មាន​ដងព្រែក​ដែល​មាន​ទឹកថ្លា​ឆ្វង់​ ពិសេស​ជា​តំបន់​ដែល​មាន​ទឹកប្រៃ៦ខែ​ និង​ទឹកសាប​រយៈពេល៦ខែ​ក្នុង​មួយឆ្នាំ​។

​លោក​បន្ត​ថា​ “ក្រុម​វិនិយោគ​របស់​យើង​ កំពុង​ប្រែក្លាយ​ដី​មាន​ទំហំ​ជិត៥ហិ​កតា​នេះ​ ជា​រមណីយដ្ឋាន​ទេសចរណ៍​ ដែល​អាច​ទទួលភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិសាសន៍​ ពិសេស​ភ្ញៀវ​ទេសចរណ៍​អឺរ៉ុប​ ដែល​ចូលចិត្ត​ដំណើរ​ទេ​សរ​ណ៍​បែប​ផ្សងព្រេង​ និង​ការ​ស្នាក់នៅ​ជាមួយ​ធម្មជាតិ​”។ លោក​បន្ត​ថា​ “យើង​មាន​ក្រុមការងារ​ ដែល​កំពុងធ្វើការ​ជា​មួយ​វេ​បសាយ ​Tripadviser​, Agoda​, Booking.com​ ដើម្បី​ផ្សព្វផ្សាយ​ពី​សក្តា​នុ​ពល​ និង​គំរោង​រមណីយដ្ឋាន​របស់​យើង​”។

ដី​ឡូត៍​រមណីយដ្ឋាន​ឋានសួគ៌​ត្រពាំងរូង​ មាន​ទំហំផ្ទៃ​ដី​ជិត៥ហិ​កតា​ ហើយ​ឡូត៍​និ​មួយ​ៗមាន​ទំហំ​ចាប់ពី១០គុណ​នឹង ២០ម៉ែត្រ​ និង​ទំហំ​ធំជាង​នេះ​ដែល​មាន​ទទឹង១០គុណ​នឹង៣០ម៉ែត្រ​ ដែល​ផ្តល់​ឲ្យ​អតិថិជន​មាន​ភាព​ងាយស្រួល​ ក្នុង​ការ​ជ្រើសរើស​សាងសង់​លំនៅ​ដ្ឋាន​ ឬបឹង​ហ្កា​ឡូត៍​សំរាប់​ជួល​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ ដើម្បី​ទទួល​បានផល​ចំណូល​ប្រចាំខែ​ផង​ដែរ​។

​លោក​អេង​ ឆៃ​លាង​បាន​បន្ត​ថា​ ដោយ​ឈរ​លើ​ផែនការ​ និង​ចក្ខុវិស័យ​ច្បាស់លាស់​ យើង​នឹង​ផ្តល់​ជូន​អតិថិជន​ទិញ​ដី​ក្នុង​គំរោង​របស់​យើង​ នូវ​ផល​ចំណូល​ប្រចាំខែ​ តាមរយៈ​ការ​សាង​សង់​បឹង​ហ្កា​ឡូ​ ផ្ទះ​លំ​ហែរ​ និង​គំរោង​រមណីយដ្ឋាន​បណ្តែត​ទឹ​កផ្សេង​ៗទៀត​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ទៅ​កំសាន្ត​និង​ទស្សនា​តំបន់​នេះ​។

​គំរោង​ដី​ឡូត៍​ឋានសួគ៌​ត្រពាំងរូង​ ស្ថិត​ក្នុង​ភូមិ​ត្រពាំងរូង​ ឃុំ​ត្រពាំងរូង​ ស្រុក​កោះកុង​ ខេត្តកោះកុង​ និង​មាន​ចម្ងាយ​ប្រមាណ ១៧គីឡូម៉ែត្រ​ពី​គំរោង​តារា​សាគរ​ និង​ព្រលា​នយន្តហោះ​អន្តរជាតិ​ថ្មី​ដែល​វិនិយោគ​ដោយ​ Tianjing​ Union​ Development​ Group​ ដែល​គ្រោង​ដាក់ឲ្យ​ដំណើរការ​ចុងឆ្នាំ​នេះ​។

អតិថិជន​ចាប់អារម្មណ៍​វិនិយោគ​លើ​គំរោង​នេះ​ អាច​ទំនាក់ទំនង​តាមរយៈ​លេខទូរស័ព្ទ០៨៦​ ៤៨​ ៥៥​ ៦៦​, 096​ 492​ 8888​៕