CEO​ Master​ Club​ នឹង​រៀបចំ​មហា​ព្រឹត្តិ​ការណ៍​ដ៏​ធំ​ដែល​មាន​ម្ចាស់​អាជីវកម្ម​ចូលរួម ១០០០នាក់​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ CEO​ Master​ Club​ នឹង​រៀបចំ​កម្មវិធី​ “រា​ត្រី​ស្រមោល​សជួបជុំ​ម្ចាស់​អាជីវកម្ម​កម្ពុជា​ CEO​ Award​ 2019​” នឹង​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី២៦​ ខែតុលា​ឆ្នាំ​ ២០១៩​ ខាងមុខនេះ​ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។

លោក​ អោម​ សេង​បូរ៉ា​ ស្ថាបនិក​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ CEO​ Master​ Club​ ​បានឱ្យ​ដឹង​នៅ​ថ្ងៃទី២៤​ ខែតុលា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ កម្មវិធី​នេះ​ មាន​សមាជិក​គ្រួសារ​ CEO​ Master​ Club​ និង​ម្ចាស់​អាជីវកម្ម​កម្ពុជា​ ចូលរួម​ប្រមាណ ១០០០នាក់​ចូលរួម​។

លោក​បន្ត​ថា​ ព្រឹត្តិ​ការណ៍​ដ៏​ធំ​នេះ​ ក៏​មានការ​អញ្ជើញ​ផ្តល់​កិត្តិយស​ជា​អធិបតី​ពី​ឯកឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែ​ត ក្នុង​កម្មវិធី​“រា​ត្រី​សមោលស​ជួបជុំ​ម្ចាស់​អាជីវកម្ម​កម្ពុជា​ CEO​ Award​ 2019​” នេះ​ផង​ដែរ​។

ស្ថាបនិក​ CEO​ Master​ Club​ រូប​នេះ​បាន​បញ្ជាក់​ថា​ មកដល់​ពេល​ CEO​ Master​ Club​ បាន​រៀបចំ​កម្មវិធី​រា​ត្រី​សមោលស​ជួបជុំ​ម្ចាស់​អាជីវកម្ម​កម្ពុជា​នេះ​ អស់​រយៈពេល៦ឆ្នាំ​មក​ហើយ​ចាប់តាំងពី​ឆ្នាំ២០១៤​ ដើម្បី​ជំរុញ​លើកទឹកចិត្ត​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សមាជិក​គ្រួសារ​ CEO​ Master​ Club​ និង​ម្ចាស់​អាជីវកម្ម​កម្ពុជា​ ដែល​មាន​ម្ចាស់​អាជីវកម្ម​ប្រមាណ១០០០នាក់​ចូលរួម​ជា​រៀងរាល់​ឆ្នាំ​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ CEO​ Master​ Club​ បានឱ្យ​ដឹង​ថា​ កម្មវិធី​រា​ត្រី​ស្រមោល​សជួបជុំ​ម្ចាស់​អាជីវកម្ម​កម្ពុជា​ CEO​ Master​ Award​ 2019​ រៀបចំឡើង​ក្នុង​គោលបំណង​ ដូច​ខាងក្រោម​ ទី១​ លើកកម្ពស់​សហគ្រិនភាព​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ខ្លាំងក្លា​ ពង្រីក​ទំនាក់ទំនង​ធុរកិច្ច​ ដោះដូរ​ពាណិជ្ជកម្ម​ក្នុងចំណោម​សហគ្រិន​កម្ពុជា​ ឱ្យ​កាន់តែ​ទូលំទូលាយ​ លើកទឹក ចិត្ត​សហគ្រិន​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​កសាង​សមត្ថភាព​របស់​ខ្លួន​ជាមួយ​ CEO​ Master​ Club​ ក្នុង​ការគ្រប់គ្រង​អាជីវកម្ម​របស់​ខ្លួន​ តាមរយៈ​ការ​ផ្តល់​ជូន​ Master​ CEO​ Award​ ។

ទី២​ ទទួលស្គាល់​ស្នាដៃ​សហគ្រិន​ឆ្នើម​របស់​ CEO​ Master​ Club​ ដែល​បាន​បង្ហាញ​ពី​លទ្ធផល​ នៃ​ការ​រីក​ចំរើន​អាជីវកម្ម​របស់​ខ្លួន​គ្រប់គ្រង​អាជីវកម្ម​ តាមរយៈ​ការ​ផ្តល់​ជូន​ Outstanding​ CEO​ Award​។

CEO​ Master​ Club​ គឺជា​ស្ថាប័ន​ប្រមូល​ផ្តុំ​ និង​បណ្តុះបណ្តាល​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​នៅ​កម្ពុជា​ ឱ្យ​ក្លាយទៅ ជា​អគ្គនាយក​ ដែល​មាន​លក្ខណៈ​អាជីព​និង​មាន​សមត្ថភាព​ខ្ពស់​ ក្នុង​ការដឹកនាំ​គ្រប់គ្រង​ចាត់ចែង​ស្ថាប័ន​អាជីវកម្ម​របស់​ខ្លួន​ ពីតូច​ទៅ​ធំ​ ពី​លក្ខណៈ​គ្រួសារ​ទៅ​ស្តង់ដារ​ ៕

OCIC​ គ្រោង​ចំណាយ​ប្រា​ក់់​ជាង​ ២០០០លាន​ដុល្លារ​លើ​ការរៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ធទីក្រុង​ថ្មី​ស្ថិតនៅ​ទល់មុខ​កោះ​ពេជ្រ​

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន ​OCIC​ គ្រោង​ចំណាយ​ប្រាក់ ២០០០លាន​ដុល្លារ​ ក្នុង​ការរៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ថ្មី​ទី​ក្រុង​កោះ​នរា​ ដែល​មាន​ទីតាំងនៅ​ទល់មុខ​នឹង​ទីក្រុង​កោះ​ពេជ្រ​ ស្រប​នឹង​ដងទន្លេ​មេគង្គ​ក្រោម​។

លោក​ទូច​ សំណាង ​អគ្គនាយករង​ក្រុមហ៊ុន​ OCIC​ បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី២៤​ តុលា​នេះ​ថា​ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ និង​កំពុង​ចាប់ផ្តើម​ចាក់​ដី​បំពេញ​ ដើម្បី​កសាង​ទីក្រុង​ថ្មី​ ដែល​មានឈ្មោះ​ “ទីក្រុង​កោះ​នរា​” ហើយ​ ដែល​គំរោង​នេះ​មានផ្ទៃ​ដី​ជាង១០០ហិ​កតា​ និង​គ្រោង​ចំណាយពេល​សាងសង់​រយៈពេល​បី​ឆ្នាំ​។

លោក​បន្ត​ថា​ “ការរៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ទីក្រុង​ថ្មីនេះ​ នឹង​ចំណាយ​ទឹកប្រាក់​ជាង២០០០លាន​ដុល្លារ​អាមេរិក​”។លោក​បន្ត​ថា​ “គំរោង​នេះ​ នឹង​មានការ​សាងសង់​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​តភ្ជាប់​រវាង​ទីក្រុង​កោះ​ពេជ្រ​ និង​ទីក្រុង​កោះ​នរា​នា​ពេល​អនាគត​ ប៉ុន្តែ​គំរោង​លំអិត​កំពុង​សិក្សា​នៅឡើយ​”។

គំរោង​ទីក្រុង​កោះ​នរា​ ស្ថិតនៅ​ក្នុង​សង្កាត់​កោះ​នរា​ ស្ថិត​ក្នុង​ខ័ណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។

លោក​ទូច​ សំណាង​បាន​ឲ្យដឹង​ទៀត​ថា​ ទីក្រុង​ថ្មីនេះ​នឹង​មាន​បណ្តោយ​ប្រវែង៣​,៥គីឡូម៉ែត្រ​ និង​ចេញពី​ច្រាំង​ចូលទន្លេ​ប្រវែង៣០០ម៉ែត្រ​ ហើយ​ទីតាំង​គំរោង​នេះ​ស្ថិតនៅ​ទល់មុខ​ បញ្ឈិ​តភាគ​ខាងត្បូង​ទីក្រុង​កោះ​ពេជ្រ​បច្ចុប្បន្ន​នេះ​។ លោក​បន្ត​ថា​ គំរោង​នេះ​នឹង​រៀបចំផែនការ​អភិវឌ្ឍ​ស្រដៀងគ្នា​នឹង​ទីក្រុង​កោះ​ពេជ្រ​បច្ចុប្បន្ន​នេះ​ ប៉ុន្តែ​ផែនការ​លំអិត​និង​ការ​ចំណាយ​លើ​ការសាងសង់​អាគារ​នានា​ មិនទាន់​ត្រូវ​បាន​គិតគូរ​នៅឡើយ​ទេ​។

លោក​បន្ត​ថា​ “ទីក្រុង​ថ្មីនេះ​ នឹង​លេច​រូបរាង​នៅដើម​ឆ្នាំ២០២៣ខាងមុខនេះ​ហើយ​ ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ចាក់​ថ្ម​ចូលទន្លេ​ ដើម្បី​បង្កើត​នូវ​កោះ​សប្ប​និម្មិត​ថ្មី​មួយ​”។លោក​បន្ត​ថា​ “ការពិត​តំបន់​នេះ​កាលពី​ចុង​ទសវត្សរ៍​ទី៩០​ គឺជា​ដី​កោះ​ តែ​ដោយសារ​ជំនន់​ទន្លេមេគង្គ​ បាន​ធ្វើឲ្យ​ដី​កោះ​នៅ​ទីតាំង​នេះ​បាក់​ចូលទន្លេ​”។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនី​មបាន​ថ្លែង​ស្វាគមន៍​គំរោង​ដ៏​គួរឲ្យ​ចាប់​អារម្មណ៍​នេះ​ ដោយ​លោក​បាន​មានប្រសាសន៍​ថា​ ផ្អែកលើ​កត្ត​តា​ខសុខ​សន្តិភាព​ ស្ថេរ​ភាព​នយោបាយ​ និង​ការ​រីកចម្រើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ ការ​កសាង​ទីក្រុង​ថ្មី​បែបនេះ​នឹង​ជួយ​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​បន្ថែម​ទៀត​។

លោក​បន្ត​ថា​ “វា​មិន​ត្រឹមតែ​ជា​ការ​ជួយ​រួមចំណែក​លើ​ការ​អភិវឌ្ឍ​នោះ​ទេ​ ប៉ុន្តែ​គំរោង​នេះ​ក៏​នឹង​រួមចំណែក​ផ្តល់​ទំនុកចិត្ត​ ដល់​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​កម្រិត​ជាតិ​ និង​អន្តរជាតិ​បន្ថែម​ទៀត​”៕

IMF៖ សេដ្ឋកិច្ចអាស៊ីប្រឈមនឹងការធ្លាក់ចុះកំណើនសេដ្ឋកិច្ចបន្ថែមទៀតនៅឆ្នាំ ២០២០

ដោយ Donald Lee

ភ្នំពេញ៖ សេដ្ឋកិច្ចអាស៊ីនឹងប្រឈមនឹងការថយចុះកំណើនផលិតផលសរុបក្នុងស្រុកបន្ថែមទៀត។ នេះបើយោងតាមទិន្នន័យថ្មីដែលចេញផ្សាយដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

ហុងកុង និងកូរ៉េខាងត្បូងនឹងរងផលប៉ះពាល់ខ្លាំងបំផុតនៅឆ្នាំ ២០២០។ នេះបើយោងតាមរបាយការណ៍ចក្ខុវិស័យសេដ្ឋកិច្ចក្នុងតំបន់ដែលចេញផ្សាយក្នុងសប្តាហ៍នេះ។

ចលាចលនយោបាយនៅហុងកុងឆ្នាំនេះបានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ។ IMF រំពឹងថា អត្រាកំណើនផលិតផលក្នុងស្រុកសរុបរបស់តំបន់នេះនឹងធ្លាក់ចុះប្រហែល ០.៣ ភាគរយក្នុងឆ្នាំនេះ ហើយបានព្យាករណ៍ថានឹងមានកំណើន ១,៥ ភាគរយនៅឆ្នាំ ២០២០ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងពីការប៉ាន់ស្មានកំណើន ២,៩ ភាគរយរបស់ខ្លួន។

ទីក្រុងហុងកុងបានបង្កប់នូវការតវ៉ាដែលបានធ្វើឱ្យទីក្រុងមានភាពច្របូកច្របល់ និងប្រទេសចិនបានបញ្ជាក់ថា ខ្លួននឹងបញ្ជូនទាហានប៉ារ៉ាចូលទៅក្នុងតំបន់នេះដើម្បីបង្ការភាពវឹកវរ។

របាយការណ៍សេដ្ឋកិច្ចរបស់ទីភ្នាក់ងារ Bloomberg បាន ឲ្យដឹងថា “តម្លៃទីផ្សារមូលបត្រជាង ៦០០ ពាន់លានដុល្លារត្រូវបានលុបចោលតាំងពីដើមខែ កក្កដា ហើយអ្នកវិភាគកំពុងសម្តែងក្តីបារម្ភថា តម្លៃអចលនទ្រព្យអាចធ្លាក់ចុះផងដែរ។

អត្រាកំណើនរបស់កូរ៉េខាងត្បូងអាចនឹងបញ្ចប់ត្រឹម ២ ភាគរយក្នុងឆ្នាំនេះ និង ២,២ ភាគរយនៅឆ្នាំ ២០២០ ។ វាមានការធ្លាក់ចុះ ០,៦ ភាគរយពីការប៉ាន់ស្មានពីមុន។
សេដ្ឋកិច្ចកូរ៉េខាងត្បូងបានព្យាយាមធ្វើឱ្យប្រសើរឡើងវិញចាប់តាំងពីដើមឆ្នាំនេះ។ អត្រាគ្មានការងារធ្វើបានឈានដល់កំរិតខ្ពស់ក្នុងរយៈពេល ៩ ឆ្នាំ ហើយផលិតផលក្នុងស្រុកសរុបរបស់ខ្លួនបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីមានវិបត្តិសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០០៨ ។

ការធ្លាក់ចុះគឺជាលទ្ធផលនៃការធ្លាក់ចុះសេដ្ឋកិច្ចចិនដែលជាការធ្លាក់ចុះនៃវិស័យបច្ចេកវិទ្យា និងការធ្លាក់ចុះជាទូទៅនៃសេដ្ឋកិច្ចពិភពលោក ដោយសារតែភាពតានតឹងពាណិជ្ជកម្មពិភពលោក។

របាយការណ៍របស់ IMF បានឱ្យដឹងថា “ហានិភ័យនៅក្នុងតំបន់ រួមមានការធ្លាក់ចុះយឺតជាងការរំពឹងទុកនៅចិន ភាពតានតឹងក្នុងតំបន់ដូចជាទំនាក់ទំនងទ្វេភាគីរវាងជប៉ុន និងកូរ៉េ ការកើនឡើងហានិភ័យភូមិសាស្ត្រនយោបាយ”។

សេដ្ឋកិច្ចសឹង្ហបូរីរួចផុតពីការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចដោយកើនឡើង ០,៦ ភាគរយនៅក្នុងត្រីមាសទី ៣។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មសឹង្ហបូរីដែលបានចេញផ្សាយក្នុងខែនេះ។

មូលនិធិរូបិយវត្ថុអន្តរជាតិបានកែការព្យាករណ៍ឆ្នាំ ២០១៩ របស់សឹង្ហបូរីដែលមានកំណើនផលិតផលក្នុងស្រុកសរុប ០,៥ ភាគរយ និងអត្រាកំណើន ១ ភាគរយសម្រាប់ឆ្នាំ ២០២០ ។

សេដ្ឋកិច្ចសឹង្ហបូរីបានធ្លាក់ចុះមកត្រឹម ២,៧ ភាគរយនៅក្នុងត្រីមាសទី ២ នៃឆ្នាំនេះ ដោយសារតែជម្លោះពាណិជ្ជកម្មរវាងអាមេរិកនិងចិន។ នៅក្នុងការប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំផលិតផលក្នុងស្រុកសរុបរបស់សឹង្ហបូរីបានកើនឡើងត្រឹមតែ ០.១ ភាគរយប៉ុណ្ណោះ៕

ផ្សារ​ទំនើប​ FURI​ TIME​S SQUARE នៅ​ក្រុង​ព្រះសីហនុ​នឹង​ចាប់​បើក​ដំណើរការ​នៅ​ថ្ងៃស្អែក​នេះ​

ផ្សារ​ទំនើប Furi Times Square ប្រកាស​ផ្តល់ឱកាស​ការងារ​ជាច្រើន​រយ​កន្លែង
ផ្សារ​ទំនើប Furi Times Square ប្រកាស​ផ្តល់ឱកាស​ការងារ​ជាច្រើន​រយ​កន្លែង

ដោយៈ​ រ៉ា​ណេត​

ព្រះ​សី​ហនុៈ​ នៅ​ត្រឹម​ព្រឹក​ថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០១៩​ ស្អែកនេះ​ ផ្សារ​ទំនើប​ដ៏​ធំ​លើកដំបូង​គេ​ ប្រចាំ​នៅក្នុង​ក្រុង​ព្រះសីហនុ​ FURI​ Times​ Square​ នឹង​ចាប់ផ្តើម​បើក​ដំណើរការ​ហើយ​ ជាមួយនឹង​ការ​នាំមក​ជូន​នូវ​បទពិសោធន៍​ថ្មី​ នៃ​ការទិញ​ លក់​ ទំនិញ​គ្រប់​ប្រភេទ​បែប​ស៊ីវិល័យ​ និង​សម្បូរ​បែប​បំផុត​។

នាយិកា​គ្រប់គ្រង​ទីផ្សារ​ និង​ការ​លក់​ផ្សារ​ទំនើប​ FURI​ Times​ Square​ កញ្ញា​ លីម​ សុខា​ដា​វីន​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ នៅ​ត្រឹម​ព្រឹក​ថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០១៩ស្អែកនេះ​ ផ្សារ​ទំនើប​បែប​ស៊ីវិល័យ​មួយ​នេះ​ នឹង​ចាប់​បើកទ្វារ​ដំណើរការ​លក់​លើកដំបូង​ ដើម្បី​ជា​ការ​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​អតិថិជន​នៅក្នុង​ក្រុង​ព្រះសីហនុ​។

កញ្ញា​បាន​បន្ត​ទៀត​ថា​ “ការ​បើកទ្វារ​ដំណើរ​នៅ​ថ្ងៃស្អែក​នេះ​ គ្រាន់តែ​ជា​ការ​បើក​ជំហាន​ដំបូង​ ដែល​ស្រប​ទៅ​នឹង​ឱកាស​នៃ​ថ្ងៃឈប់​សម្រាក​របស់​មន្ត្រី​រាជការ​ និង​សាធារណៈ​ជន​ទូទាំង​ប្រទេស​នៃ​ពិធី​បុ​ណ្យ​អ៊ុ​ទូក​ បណ្តែត​ប្រទីប​អកអំបុក​ និង​សំពះព្រះខែ​ ដោយឡែក​ពិធី​បើក​សម្ពោធ​ជា​ផ្លូវ​ការណ៍​តែម្ដង​ គឺ​នៅ​ដំណាច់ឆ្នាំ២០១៩ឆាប់​ៗខាងមុខនេះ​”។

កញ្ញា​លីម​ សុខា​ដា​វីន​ បាន​បន្ត​ឱ្យ​ដឹង​ថែមទៀត​ថា​ “ជាមួយនឹង​កិច្ច​ដំណើរការ​សាកល្បង​នេះ​ ផ្សារ​ទំនើប​ FURI​ Times​ Square​ បាន​នាំមក​ជូន​អតិថិជន​នូវ​បណ្តា​ផលិតផល​ មុខទំនិញ​ចំរុះ​យ៉ាង​សម្បូរ​បែប​ ដែល​សុទ្ធតែ​ជា​ម៉ាក​យី​ហោ​ល្បី​ៗ លំដាប់​សាកលលោក​ ដូចជា​ ក្រុមហ៊ុន​ KFC​ , ក្រុមហ៊ុន​ Starbucks​, ក្រុមហ៊ុន​ Amazone​ Caf​é , ក្រុមហ៊ុន​ KOI​ , ក្រុមហ៊ុន​ Dakasi​ Tea​, ក្រុមហ៊ុន​លក់​សម្លៀកបំពាក់​ LEVI​’s , ក្រុមហ៊ុន​ NIKE​ , ក្រុមហ៊ុន​ Samsonite​, ក្រុមហ៊ុន​នាឡិកា​ដ៏​ល្បីឈ្មោះ​ G-Shock​, ក្រុមហ៊ុន​លក់​រថយន្ត​ HGB​ Group​ រួម​ជាមួយ​ក្រុម​ហ៊ុន​ល្បី​ៗជាច្រើន​ទៀត​ ដោយ​រាប់បញ្ចូល​ទាំង​គ្រឿង​បរិ​ក្ខា​ប្រើប្រាស់​ប្រចាំថ្ងៃ​ និង​គ្រឿងសំអាង​ផង​ដែរ​ ”។

កញ្ញា​បាន​បន្ត​ទៀត​ថា​ “ផ្សារ​ទំនើប​នេះ​ នឹង​ចាប់​បើកទ្វារ​បម្រើ​អតិថិជន​ចាប់ពី​ម៉ោង៩ព្រឹក​ រហូតដល់​ម៉ោង១១យប់​ ដែល​ក្រៅពី​មាន​លក់​នូវ​មុខទំនិញ​ និង​អាហារ​យ៉ាង​សម្បូរ​បែប​ ក៏​មាន​ទីកន្លែង​កម្សាន្ត​សម្រាប់​កុមារ​ និង​យុវវ័យ​ផង​ដែរ​ ជាពិសេស​មាន​រោងកុន​បែប​ទំនើប​នៅ​ជាន់​ខាងលើ​ រួម​ជាមួយនឹង​ Sky​ Bar​ ដែល​រៀបចំ​នៅ​ជាន់​ខាងលើ​លំហ​រអា​កាស​នៅពេល​រាត្រី​ផង​ដែរ​”។

សូម​រីករាយ​ និង​ស្វាគមន៍​ នៃ​ការ​មកដល់​ផ្សារ​ទំនើប​ដ៏​ទាន់សម័យ​ និង​ស៊ីវិល័យ​លើកដំបូង​គេ​បង្អស់​នៅ​ក្រុង​ព្រះសីហនុ​ទាំងអស់គ្នា​ …..៕

លោក​ម៉ាង​ ស៊ី​ណេត​ ដឹកនាំ​កិច្ច​ជុំ​បង្កើត​គណៈកម្មការ​រៀបចំ​ពិធី​អុំទូក​ផ្កាចារ​នៅ​អាងទឹក​ព្រៃនប់​

ដោយ ​វុត្ថា

​ខេត្ត​ព្រះសីហនុ​៖ លោក​ ម៉ាង​ ស៊ី​ណេត​ អភិបាលរងខេត្ត​ព្រះសីហនុ​បាន​បើក​កិច្ចប្រជុំ​បង្កើត​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​អុំទូក​ផ្កាចារ​ នៅ​អាងទឹក​ព្រៃនប់​ ឃុំ​ព្រៃនប់​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ រយៈពេល២ថ្ងៃ​ ចាប់ពី​ថ្ងៃទី២​ ដល់​ថ្ងៃទី៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ។

លោក​ ម៉ាង​ ស៊ី​ណេត​ ថ្លែង​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​ដែល​មានការ​ចូលរួម​ពី​លោក​អភិបាល​ អភិបាលរង​ក្រុង​ ស្រុក​ និង​មន្ទីរ​ អង្គភាព​ពាក់ព័ន្ធ​នានា​នៅ​សាលាខេត្ត​ព្រះសីហនុ​ នា​ព្រឹក​ថ្ងៃទី២៤​ ខែតុលា​ ឆ្នាំ២០១៩​ បាន​គូសបញ្ជាក់​ថា​ ដើម្បីឲ្យ​ពិធី​អុំទូក​ផ្កាចារ​សម្រេច​បាន​តាម​ផែនការ​ ត្រូវ​បំផុស​ដល់​មូលដ្ឋាន​ដែល​មាន​ទូក​ឲ្យ​ចូលរួម​ប្រឡងប្រណាំង​ឲ្យបាន​ច្រើន​។

លោក​បន្ត​ថា​ ការ​ប្រណាំងទូក​នេះ​ គឺ​ដើម្បី​បង្កើត​បរិយាកាស​សប្បាយរីករាយ​អធិកអធ័ម​ចលនា​ដល់​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​ និង​អង្គភាព​បោះទីតាំង​ក្នុង​ខេត្ត​ព្រះសីហនុ​ រដ្ឋបាល​ក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ រោងចក្រ​ សហគ្រាស​ ក្រុមហ៊ុន​ ចូលរួម​ជួយឧបត្ថម្ភ​ជា​សម្ភារៈ​ និង​ថវិកា​ដល់​ទូក​នី​មួយ​ៗដើម្បី​រក្សា​បាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​ របៀបរៀបរយ​ក្នុង​បរិវេណ​ នៃ​ពិធី​ប្រណាំងទូក​ផ្កាចារ​ ។

លោ​អភិបាលរងខេត្ត​ព្រះសីហនុ​រូប​នេះ​ បាន​កំណត់​ច្បាស់​ថា​ ឆ្នាំនេះ​គណៈកម្មការ​នឹង​រៀបចំ​អោយ​បាន​ធំជាង​មុន​ ដោយ​មានៈ​ តន្ត្រីសម័យ​ ល្បែង​ប្រជា​ប្រិយ៏​ ​បង្ហោះគោម​ បាញ់កាំជ្រួច​ និង​មានកម្ម​វិ​ធី​សប្បាយ​ៗជា​ច្រើ​ទៀត​ ។ ​

ទូក​ទាំងអស់​មានការ​ចូលរួម​មក​ពី​តាម​បណ្តា​ក្រុង​ ស្រុក​ទាំង៥​ ក្នុង​ខេត្ត​ព្រះសីហនុ​ ។ លោក​ក៏បាន​ជំរុញ​ឱ្យ​មានការ​ផ្សព្វផ្សាយ​តាម​គ្រប់រូប​ភាព​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ ភ្ញៀវ​ជាតិ​ អន្តរជាតិ​ចូលរួម​ក្នុង​ពិធី​នេះ​ឱ្យ​បាន​ច្រើន​កុះករ​ ។

ជា​រៀងរាល់​ឆ្នាំ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ តែងតែបាន​រៀបចំ​ពីធី​ប្រណាំងទូក​ផ្កាចារ​ នៅ​អាងទឹក​ព្រៃនប់​ ឃុំ​ព្រៃនប់​ ស្រុក​ព្រៃ​នប​ ខេត្ត​ព្រះសីហនុ​ ដើម្បី​បង្កើត​បរិយាកាស​សប្បាយរីករាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ៕

កូរ៉េ​ខាងត្បូង​ជាមួយ​អាស៊ាន​នឹង​ជំរុញ​វិស័យ​ទេសចរណ៍​ដែល​ជា​សក្តា​នុ​ពល​សេដ្ឋកិច្ច​នៅ​អាស៊ី​អាគ្នេយ៍​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ រដ្ឋមន្រ្តី​រដ្ឋ​កូរ៉េ​ខាងត្បូង​ និង​អាស៊ាន​រួម​ទាំង​កម្ពុជា​បាន​ចាប់ផ្តើម​ពិភាក្សា​យ៉ាង​ខ្លាំង​ស្តី​ពី​វិធី​ជំរុញ​ សក្តា​នុ​ពល​ទេសចរណ៍​រវាង​ប្រទេស​មួយ​ ក្នុងចំណោម​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាង​គេ​នៅ​អាស៊ី​ និង​តំបន់​ដែល​មាន​ប្រជាជន​ជិត ៧០០លាន​នាក់​ និង​ផលិតផល​ក្នុង​ស្រុក​សរុប​កើនឡើង​ដល់៣ទ្រី​លាន​ដុល្លារ​។

ក្រសួងវប្បធម៌​ កីឡា​ និង​ទេសចរណ៍​កូរ៉េ​ខាងត្បូង​ បាន​ថ្លែង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា​ តាមរយៈ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​វប្បធម៌​នេះ​ យើង​រំពឹង​ថា​នឹង​បង្កើត​សន្ទុះ​មួយ​សម្រាប់​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ នៅក្នុង​កិច្ច​សហប្រតិបត្តិ​ការ​ និង​ផ្លាស់​ប្តូរ​វប្បធម៌​កូរ៉េ​ និង​អាស៊ាន​។

រដ្ឋមន្រ្តី​សង្ឃឹមថា​ “នឹង​បង្កើត​គម្រោង​រួមគ្នា​រយៈពេល​វែង​ រវាង​រដ្ឋ​ជាស​មា​ជិ​កទាំងអស់​”។

ក្រសួង​នឹង​ស្នើ​ឱ្យ​មាន​គម្រោង​សហប្រតិបត្តិ​ការ​ចម្រុះ​ និង​ជាក់ស្តែង​ដើម្បី​ពង្រីក​ការ​ផ្លាស់​ប្តូរ​វប្បធម៌​កូរ៉េ​ និង​អាស៊ាន​ដែល​ជាផ្នែក​មួយ​នៃ​ការងារ​ នៃ​គោលនយោបាយ​ថ្មី​ខាងត្បូង​។

គោលនយោបាយ​ថ្មី​ខាងត្បូង​ ដែល​ជា​គំនិត​ផ្តួចផ្តើម​បង្កើត​ឡើង​ ដោយ​ប្រធានាធិបតី​ Moon​ Jae​-in​ មាន​គោលបំណង​ជំរុញ​ ទំនាក់ទំនង​រវាង​កូរ៉េ​ខាងត្បូង​ និង​អាស៊ាន​ និង​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​វិនិយោគ​។

ប្រទេស​កូរ៉េ​បាន​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ភាគច្រើន​ លើ​គំនិត​ផ្តួចផ្តើម​របស់​ខ្លួន​នៅ​កម្ពុជា​។ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និង​កូរ៉េ​ខាងត្បូង​បាន​ឈាន​ដល់៨៥​ លាន​ដុល្លារ​ក្នុងរយៈពេល៤ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៩​។ ការនាំចេញ​របស់​កម្ពុជា​ទៅ​កូរ៉េ​ខាងត្បូង​មានតម្លៃ២១​,៦លាន​ដុល្លារ​ កើន៤​,៣៨ភាគរយ​ បើ​ប្រៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

កូរ៉េ​ខាងត្បូង​បាន​ឈរ​នៅ​លំដាប់​ទី២​ ក្នុង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​។ រហូតមកដល់​ពេលនេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ របស់​កូរ៉េ​ចំនួន​ ២១២​ គម្រោង​ដែល​មាន​ទឹកប្រាក់​ចំនួន៤​,៥៦ពាន់​លាន​ដុល្លារ​។ ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​ជិត៣០០បាន​ធ្វើ​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​ ដោយ​ផ្តល់​ការងារ​ដល់​មនុស្ស​រាប់ពាន់​នាក់​។

ពាណិជ្ជកម្ម​ទ្វេភាគី​របស់​កូរ៉េ​ខាងត្បូង​ និង​អាស៊ាន​នឹង​ឈាន​ដល់​ទំហំ​ទឹកប្រាក់​ ២០០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០២០​។ គោលដៅ​ដើម​នៃ​ការ​ឈាន​ដល់២០០ពាន់​លាន​ដុល្លារ​ នៅក្នុង​ពាណិជ្ជកម្ម​ទ្វេភាគី​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ក្នុង​ឆ្នាំ២០១៤​។

ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​កត់ត្រា​អតិរេក​ពាណិជ្ជកម្ម​យ៉ាងច្រើន​ ដែល​មាន​ចំនួន​ ៩៣​,៤ពាន់​លាន​ដុល្លារ​ជាមួយ​អាស៊ាន​កាលពី​ឆ្នាំមុន​។

ការនាំចេញ​ភាគច្រើន​ទៅកាន់​អាស៊ី​អាគ្នេយ៍​ គឺ​បន្ទះ​ឈី​បកុំព្យួទ័រ​ និង​វាយនភ័ណ្ឌ​។ នេះ​យោង​តាម​របាយការណ៍​របស់​ធនាគារ​កូរ៉េ​។

ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កូរ៉េ​ និង​តំបន់​អាស៊ាន​ បាន​កើនឡើង​ដល់១៦០ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៧​ គឺ​កើនឡើង​ទ្វេដង​ បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន​មួយទៀត​ ហើយ​គ្រោង​នឹង​ឈាន​ដល់​ ទំហំ​ទឹកប្រាក់២០០ពាន់​លាន​ដុល្លារ​នៅ​ចុងឆ្នាំ២០២០​៕

រដ្ឋាភិបាល​បាន​កែសម្រួល​ប្លង់​មេ​អភិវឌ្ឍន៍​តំបន់​តារា​សាគរ​ខេត្តកោះកុង​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​បាន​បើក​កិច្ចប្រជុំ​អន្តរក្រសួង​ ពិនិត្យ​ពិភាក្សា​លើ​សំណើសុំ​កែសម្រួល​ប្លង់​មេ​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ ស្ថិត​ស្រុក​គីរីសាគរ​ និង​ស្រុក​បុទុមសាគរ​ ខេត្តកោះកុង​ របស់​ក្រុមហ៊ុន​ Union​ development​ Group​ Co​.,Ltd​។

កិច្ចប្រជុំ​អន្តរក្រសួង​បាន​ពិនិត្យ​ពិភាក្សា​ លើ​ការ​កែសម្រួល​គម្រោង​ប្លង់​មេ​អភិវឌ្ឍន៍​តារា​សាគរ​ ខេត្តកោះកុង​ ត្រូវ​បាន​ធ្វើឡើង​កាលពី​ពេល​ថ្មី​ៗនេះ​ ដែល​ដឹកនាំ​ដោយ​ សុខ​ ចិន្តា​សោភា​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

យោង​តាម​គេហ​ទំ​ព័ត៌​របស់​ក្រុមហ៊ុន​ Union​ development​ Group​ Co​.,Ltd​ ដែល​បាន​ចុះផ្សាយ​កាលពី​កន្លងមក​នេះ​បានឱ្យ​ដឹង​ថា​ ប្លង់​មេ​នៃ​តំបន់​ពិសោធន៍​ការ​អភិវឌ្ឍ​ វិនិយោគ​ចម្រុះ​កម្ពុជា​-ចិន​ ឬតំបន់​វិស្សមកាល​ទេសចរណ៍​តារា​សាគរ​កម្ពុជា​ ត្រូវ​បាន​បែង​ ចែក​ជា៧ផ្នែក​ ត្រូវ​បាន​កំណត់​ជា ​”អន្តរ​ប្រតិបត្តិ​ការ​” ក្នុង​វេទិកា​រស​ហប្រ​តិប​ត្តិកា​រវិ​និ​យោគ​ និង​ជា​យុទ្ធ​សាស្រ្ត​រវាង​ចិន​-កម្ពុជា​។

គេហទំព័រ​នេះ​បាន​បន្ត​ថា​ “ប្រទេស​កម្ពុជា​គឺជា​គន្លឹះ​ដ៏​សំខាន់​ នៅ​អាស៊ី​អាគ្នេយ៍​សម្រាប់​ប្រទេស​ចិន​ ក្នុង​ការ​តភ្ជាប់​ទៅ​អឺរ៉ុប​ អាស៊ី​និង​អាហ្រ្វិក​ក្នុង​យុទ្ធ​សាស្រ្ត​”ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ាត់​មួយ​” ជា​មូលដ្ឋាន​ឧស្សាហកម្ម​ដ៏​សំខាន់​ សម្រាប់​យុទ្ធ​សាស្រ្ត​”ចាកចេញ​” នៃ​ក្រុមហ៊ុន​ចិន​ទៅកាន់​ អាស៊ី​អាគ្នេយ៍​”។

វេទិកា​សហប្រតិបត្តិ​ការ​វិនិយោគ​ និង​ជា​យុទ្ធ​សាស្រ្ត​រវាង​ចិន​-កម្ពុជា​ ក៏បាន​ក្លាយទៅជា​វេទិកា​យុទ្ធ​សាស្រ្ត​ដ៏​សំខាន់​ សម្រាប់​ប្រទេស​ចិន​ ក្នុង​ការនាំចេញ​នូវ​សមត្ថភាព​ផលិតកម្ម​និង​ សេវា​គ្រប់គ្រង​បច្ចេកទេស​ទៅកាន់​តំបន់​អាស៊ី​អាគ្នេយ៍​។ ជា​គំរូ​ដ៏​ល្អ​សម្រាប់​យន្តការ​កិច្ច​សហប្រតិបត្តិ​ការ​ចិន​ – អាស៊ាន​ ដើម្បី​កសាង​ទំនាក់ទំនង​ជា​យុទ្ធ​សាស្រ្ត​គ្នានឹងគ្នា​។ គម្រោង​នេះ​ ក្លាយ ជា​តំបន់​ស្នូល​នៅក្នុង​ច្រករបៀង​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ កម្ពុជា​។

គេហទំព័រ​ដដែល​បញ្ជាក់​ថា​ “គម្រោង​នឹង​អភិវឌ្ឍន៍​ដំណាក់កាល​ដំបូង​ ស្ថិតនៅ​លើ​ផ្ទៃដី៦៨០០ហិ​កតា​ ដែល​ស្ថិតនៅ​កែង​នៃ​ដី​ដែល​មាន​រាង​ជា​អក្សរ ​L។ ថ្ងៃ​អនាគត​នឹង​ក្លាយជា​ចំណុច​កណ្តាល​នៃ​ទីក្រុង​ ដែល​ធ្វើ​ឲផ្នែក​ទាំងសងខាង​នៃ​ទីក្រុង​មានការ​អភិវឌ្ឍន៍​។ នឹង​ក្លាយជា​ទីក្រុង​ចម្រុះ​សម្រាប់​ការរស់នៅ​ ទេសចរណ៍​ ពិព័រណ៍​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​”។

ក្រុមហ៊ុន​ UNION​ Development​ Group​ Co​., Ltd​. Cambodia​ បាន​បោះទុន​វិនិយោគ​ទឹកប្រាក់១​,២០០លាន​ដុល្លារ​ ដើម្បី​បើក​ការដ្ឋាន​សាងសង់​ «ក្រុង​វិស្សមកាល​ទេសចរណ៍​» កាលពីដើម​ឆ្នាំ២០១៩​ ដើម្បី​រួមចំណែក​លើកកម្ពស់​វិស័យ​ទេសចរណ៍​ សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ នៅក្នុង​ប្រទេស​កម្ពុជា​។

គម្រោង​ «ក្រុង​វិស្សមកាល​ទេសចរណ៍​» ត្រូវ​បាន​សាងសង់​លើ​ផ្ទៃដី​សរុប​ចំនួន ១​,២០០ហិ​កតា​ ដែល​ប្រមូល​ផ្តុំ​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​ចម្រុះ​ ដូចជា​ សណ្ឋាគារ​លំដាប់​ផ្កាយ៥​ ខុន​ដូ​ទំនើប​ បឹង​កាឡូ​ ការិយាល័យ​ធ្វើការ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​សួន​កម្សាន្ត​ខ្នាត​អន្តរជាតិ​។

ក្រុមហ៊ុន​ UNION​ Development​ Group​ Co​., Ltd​ បាន​ចុះ​កិច្ចសន្យា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ នៅ​ថ្ងៃទី៩​ ខែឧសភា​ ឆ្នាំ២០០៨​ ដើម្បី​ធ្វើការ​អភិវឌ្ឍ​គម្រោង​តារា​សាគរ​ លើ​ផ្ទៃដី​សរុប​ទំហំ៣៦​,០០០ហិច​តា​៕

នាយក​រដ្ឋមន្ត្រី​៖ ជប៉ុន​នឹង​បន្ត​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ការ​អភិវឌ្ឍ​របស់​កម្ពុជា​

ដោយ​ ប៊ី​

តូក្យូ​៖ លោក​ Shinzo​ Abe​ នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​ជប៉ុន​ បាន​ទូល​ថ្វាយព្រះ​មហាក្សត្រ​ខ្មែរ​ ព្រះករុណា​ ព្រះបាទ​សម្តេច​ ព្រះ​បរមនាថ​នរោត្តម​ សីហ​មុនី​ថា​ ជប៉ុន​បន្ត​គាំទ្រ​យ៉ាង​ពេញទំហឹង​ ចំពោះ​ការ​អភិវឌ្ឍ​របស់​កម្ពុជា​ ហើយ​ឈរ​នៅជា​មួយ​កម្ពុជា​ជានិច្ច​។

ការ​បញ្ជាក់​របស់​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​ បាន​ធ្វើឡើង​ក្នុង​ពេល​អញ្ជើញ​ចូល​គាល់​ និង​ជួប​សវនាការ​ជាមួយ​ព្រះមហាក្សត្រ​ខ្មែរ​ នៅ​រសៀល​ថ្ងៃទី២២​ ខែតុលា​ ឆ្នាំ២០១៩កន្លងទៅ​នេះ​ ក្នុង​ពេល​ព្រះអង្គ​កំពុង​គង់​ប្រថាប់​ បំពេញ​ព្រះរាជកិច្ច​ក្នុង​ប្រទេស​ជប៉ុន​។

លោក​ Shinzo​ Abe​ បាន​លើកឡើង​ថា​ “ព្រះករុណា​ព្រះ​បរ​មរ​រន​កោដ្ឋ​ ព្រះអង្គ​មិន​ត្រឹមតែ​បាន​នាំមក​ជូន​កម្ពុជា​ នូវ​សន្តិភាព​ និង​ការអភិវឌ្ឍន៍​តែប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ ព្រះអង្គ​ បាន​បង្កើត​ឡើង​នូវ​ទំនាក់ទំនង​សាមគ្គីភាព​ រវាង​ប្រទេស​យើង​ទាំងពីរ​កម្ពុជា​-ជប៉ុន​”។

បន្ថែម​ពីលើ​នេះ​ លោក​បាន​បន្ត​ថា​ ប្រទេស​ជប៉ុន​និង​កម្ពុជា​ មានការ​អភិវឌ្ឍន៍​គួរឲ្យ​កត់សម្គាល់​ ក្នុងនាម​ជា​ដៃ​គូរ​យុទ្ធ​សាស្រ្ត​ចាប់តាំងពី​ឆ្នាំ២០១៣​ ហើយ​ប្រទេស​ជប៉ុន​ តែងតែ​ឈរ​នៅជា​មួយ​ប្រទេស​កម្ពុជា​ លើ​ការអភិវឌ្ឍន៍​ប្រជាធិបតេយ្យ​។

លោក​បានឱ្យ​ដឹង​ទៀត​ថា​ “ប្រទេស​ជប៉ុន​ និង​បន្ត​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ​ ក្រោម​ការ​ឯកភាព​របស់​ប្រជាជន​”។ លោក​បន្ត​ថា​ “ប្រទេស​ជប៉ុន​ ក៏បាន​គាំទ្រ​ដល់​ការ​អភិរក្ស​ប្រាសាទ​អង្គរ​ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ហើយនឹង​បន្ត​គាំទ្រ​ការ​ផ្លាស់​ប្តូរ​លើ​វិស័យ​វប្បធម៌​ និង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​កាន់តែ​រីកចម្រើន​”។

ដូចគ្នា​នេះ​ដែរ​ ព្រះអង្គ​ ក៏បាន​សម្តែង​ការ​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​ការ​គាំទ្រ​របស់​ប្រទេស​ជប៉ុន​ សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ ក្នុងរយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក​ និង​បាន​អបអរសាទរ​ចំពោះ​ចំណងមិត្តភាព​ សាមគ្គីភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​ ដែល​កំពុង​ឈានទៅមុខ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​៕

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​កំពស់​ ៦៩ជាន់​ បាន​ចាប់ផ្តើម​សាងសង់​នៅ​ទីក្រុង​កោះ​ពេជ្រ​

ដោយ​ ស៊ីវ​ ម៉េ​ង

ភ្នំ​ពេញៈ​ គំរោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​ ដែល​មាន​កំពស់​រហូតដល់ ៦៩ជាន់​ ស្ថិតនៅ​ទីក្រុង​កោះ​ពេជ្រ​ បាន​បង្ហាញ​រូបរាង​អា​គា​រស្ថា​បត្យ​តកម្ម​ដ៏​អស្ចារ្យ​របស់​ខ្លួន​ហើយ​។

បច្ចុប្បន្ន​ក្រុមការងារ​ផ្នែក​វិស្វកម្ម​បាន​ និង​កំពុង​ចាប់ផ្តើម​សកម្មភាព​សាងសង់​ជាមួយនឹង​គ្រឿងចក្រ​មួយចំនួន​ ខណៈ​ការ​ព័ទ្ឋ​របង​បាន​បញ្ចប់​ ហើយ​មានការ​ដាក់ភ្លើង​បំភ្លឺ​នៅពេល​រាត្រី​ផង​ដែរ​។ គំរោង​នេះ​មានឈ្មោះ​ Wonder​ Prime​ One​។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ខ្ពស់​នេះ​ នឹង​ប្រើប្រាស់​ចម្រុះ​ដូចជា​ សណ្ឋាគារ​ អា​ផា​តម៉ិ​នប្រ​ណី​ត ការិយាល័យ​ជាដើម​។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កប់​ពពក​នេះ​មាន​កំពស់​រហូតដល់​ ២៧៦ម៉ែត្រ​។

គំរោង​នេះ​ ត្រូវ​បាន​វិនិយោគ​ដោយក្រុម​ហ៊ុន​ Wonder​ Capital​ Group​ មក​ពីទី​ក្រុង​ហុងកុង​។

អគ្គនាយករង​ក្រុមហ៊ុន​ OCIC​ ដែល​កំពុង​គ្រប់គ្រង​ទីក្រុង​កោះ​ពេជ្រ​ លោក​ទូច​ សំណាង​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​បាន​បញ្ចប់​ការ​ខួង​គ្រឹះ​រួចហើយ​ និង​គ្រោង​ប្រកាស​បើ​កសម្ភោ​ធនៅ​ខែកក្កដា​នេះ​។ លោក​បន្ត​ថា​ ក្រុមហ៊ុន​នេះ​បាន​ទិញ​ដី​នៅ​ទីក្រុង​កោះ​ពេជ្រ​ ដើម្បី​សាងសង់​អាគារ​នេះ​ តែ​យ៉ាងណា​លោក​មិន​បញ្ចេញ​ឲ្យដឹង​ពី​ទំហំ​ទឹកប្រាក់​នោះ​ទេ​។

លោក​បាន​បន្ត​ថា​ បច្ចុប្បន្ន​ផ្ទៃដី​ទីក្រុង​កោះ​ពេជ្រ​ ទើប​ប្រើប្រាស់​អស់​ប្រមាណ៥០ភាគរយ​ប៉ុណ្ណោះ​ ហើយ​បើ​គិត​ពី​ផ្ទៃក្រឡា​សំ​ណង់់​ ទើប​សម្រេច​បាន២៥ភាគរយ​ ឬ១ភាគ៤នៃ​ផែនការ​នៅឡើយ​។

នាយិកា​ក្រុមហ៊ុន​ Century21​ Cambodia​ អ្នកនាង​ Grace​ Rachny​ Fong​ បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ តំបន់​កោះ​ពេជ្រ​ និង​តំបន់​ជុំវិញ​បាន​និង​កំពុង​ក្លាយជា​ Hub​ business​ លំដាប់​អន្តរជាតិ​ជា​បណ្តើរ​ៗហើយ​ ដោយ​តំបន់​នេះ​នឹង​មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កប់​ពពក​ធំៗ​ជាច្រើន​ទៀត​នឹង​សាងសង់​ឡើង​៕

កម្ពុជា​-អាមេរិក​សន្យា​បន្ត​ពង្រីក​ និង​ពង្រឹង​នូវ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិ​ការ​ឱ្យ​កាន់តែ​ល្អ​

ដោយ ​វុត្ថា

​ភ្នំពេញ​៖ ប្រទេស​កម្ពុជា​ នឹង​សហរដ្ឋអាមេរិក​ បាន​សន្យា​ពង្រីក​ និង​ពង្រឹង​ទំនាក់ទំនង​លើ​កិច្ច​សហប្រតិបត្តិ​ការ​លើ​គ្រប់​វិស័យ​បន្ថែម​ទៀត​ ។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក W.Patrick​ Murphy​ ឯកអគ្គ​រដ្ឋទូត​ថ្មី​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ កាលពី​ល្ងាច​ថ្ងៃទី​ ២៣​ ខែតុលា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ឱ្យ​ដឹង​ថា អ្វី​ដែល​ជា​ការ​បន្ត​ធ្វើ​រវាង​កម្ពុជា​-អាមេរិក​នោះ​គឺ​ការ​បន្ត​ពង្រីក​ និង​ពង្រឹង​នូវ​ទំនាក់ទំនង​ ក៏ដូចជា​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​យើង​ទាំងពីរ​បន្ថែម​ទៀត​។

សម្តេច​បន្ត​ថា​ ដោយសារ​កន្លងមក​កម្ពុជា​ និង​សហរដ្ឋអាមេរិក​មានការ​សហការ​គ្នា​លើ​គ្រប់​វិស័យ​ ពិសេស​កន្លងមក​យើង​មាន​ចំណុច​ដែល​បាន​ឯកភាព​គ្នា​ច្រើន​ ហើយ​យើង​នឹង​បន្តពេល​វេលា​ ដើម្បី​ធ្វើការ​សហការ​គ្នា​ជាបន្តបន្ទាប់​ទៀត​។

កម្ពុជា​និង​អាមេរិក​ក៏​មាន​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ជាច្រើន​ផង​ដែរ​មាន​ទាំង​វិស័យ​អប់រំ​វិស័យ​សុខាភិបាល​ជាដើម​ ហើយ​យើង​នឹង​បន្ត​ធ្វើការងារ​លើ​វិស័យ​សំ​ខាន់​ៗនេះ​ជា​បន្ត​ទៀត​ ។ សម្ដេច​តេ​ជោម​ ក៏បាន​ជំរុញ​ដល់​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ផង​ដែរ​ទាក់ទង​ទៅ​នឹង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​កម្រិត​អន្តរជាតិ​ ជាពិសេស​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​ និង​ក្នុង​ក្របខណ្ឌ​អាស៊ាន​ និង​សហរដ្ឋអាមេរិក​ផង​ដែរ​។

សម្តេច​បន្ត​ថា​ កម្ពុជា​នឹង​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ២០២២​ ដូច្នេះ​សម្តេច​ចង់​ឃើញ​អាមេរិក​ និង​អាស៊ាន​មានការ​សហការ​គ្នា​។ ទាក់ទង​ទៅ​នឹង​ទំនាក់ទំនង​នេះ​ផង​ដែរ​ នៅ​ឆ្នាំក្រោយ​នេះ​គឺជា​ខួប​ទី៧០​ នៃ​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ​ ដូច្នេះ​កម្ពុជា​ និង​ទូត​អាមេរិក​ នឹង​សហការ​គ្នា​ក្នុង​ការ​ធ្វើ​កម្មវិធី​មួយចំនួន​នៅ​ខួប​នៃ​ទំនាក់ទំនង​នេះ​។

លោក​ W.Patrick​ Murphy​ អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ដែល​បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម​ បាន​ចូល​ជួប​សំដែង​ការគួរសម​និង​ពិភាក្សា​ការងារ​នៅពេល​នេះ​។

ដូច្នេះ​តាមរយៈ​ជំនួប​នេះ​ គឺជា​លើកដំបូង​របស់​លោក​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ថ្មី​ ក្នុង​ការ​ជួប​សំដែង​ការគួរសម​និង​ពិភាក្សា​ការងារ​ដោយ​ផ្តោត​សំខាន់​ទៅលើ​ការ​បន្ត​ពង្រឹង​ និង​ពង្រីក​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​បន្ថែម​ទៀត​៕