សម្តេច​តេជោ​បញ្ជា​ឱ្យ​លោក​កែវ​ រតនៈ​ដក​ថ្លៃបង់​សេវា​សំរាម​ជាមួយ​វិ​ក្ក័​យបត្រ​អគ្គិសនី​នៅ​តាម​បណ្តា​ខេត្ត​នានា​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ សម្តេច​តជោ​ ហ៊ុន​ សែន​បាន​បញ្ជា​ឱ្យ​លោក​កែវ​ រតនៈ​ អគ្គនាយក​នៃ​អាជ្ញាធរ​អគ្គិ​សនី​ក​ម្ព​ជា​ ដក​ការ​បង់ថ្លៃ​សេវា​ ដែល​មាន​ភ្ជាប់​ថ្លៃ​សំរាម​ជាមួយ​វិ​ក្ក័​យបត្រ​អគ្គិសនី​ នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​ទូទាំង​ប្រទេស​ ក៏​ត្រូវ​ដកចេញ​ដូចគ្នានឹង​រាជធានី​ភ្នំពេញ​ដែរ​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​ដ្ឋ​មន្ត្រី​នៃ​កម្ពុជា​ នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋ​មន្ត្រី​នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ​បាន​អះអាង​ថា​ ការ​ធ្វើ​ដូចយ៉ាង​ដូច្នេះ​ ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​ដល់​ពលរដ្ឋ​ដែល​មិនបាន​ប្រើប្រាស់​សេវា​ប្រមូល​សំរាម​តែ​ត្រូវ​បង់លុយ​។

សម្តេច​ថា​ “វា​អយុត្តិធម៌​ពេក​ហើយ​ ឡាន​មិនដែល​ប្រមូល​សំរាម​ដល់​ផ្ទះ​ផង​ តែ​ត្រូវ​បង់ថ្លៃ​សេវា​ដែរ​”។សម្តេច​បន្ថែម​ថា​ “ម្យ៉ាងទៀត​បើ​ទោះបី​អគ្គិសនី​កម្ពុជា​បញ្ចុះ​ថ្លៃ​ ក៏​នៅតែ​មានតម្លៃ​ខ្ពស់​ដដែល​។ ចឹង​ត្រូវ​ដកចេញ​ទាំងអស់​ បើ​ពិនិត្យ​ខេត្ត​ណា​ដូច​នៅ​ភ្នំពេញ​”។

សម្តេច​បញ្ជាក់​ថា​ “ការ​ដក​តម្លៃ​សំរាម​ចេញពី​វិ​ក្ក័​យបត្រ​អគ្គិសនី​ ជា​ការវះកាត់​ជំងឺរ៉ាំរ៉ៃ​មួយ​ដែល​គ្មាន​ការ​ដោះស្រាយ​ ដែល​នឹង​ចាប់ពី​ថ្ងៃទី១​ ខែមករា​ ឆ្នាំ២០២០​”។

សម្តេច​តេជោ​ បាន​ប្រកាស​ការ​ដកសិទ្ធិ​គ្រប់គ្រង​ សំរាម​ពី​ក្រុមហ៊ុន​ស៊ិន​ទ្រី​ជា​រឿង​ចាំបាច់​ ហើយ​ត្រូវ​ប្រញាប់​ដាក់ចេញ​វិធានការ​ដោះស្រាយ​ ឆ្លើយតប​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។ ក្រោយ​រដ្ឋ​គ្រប់គ្រង​មាន​ស្ថិរភាព​ហើយ​ រដ្ឋ​នឹង​ជ្រើសរើស​ក្រុមហ៊ុន​ចំនួន៤​ សម្រាប់​ធ្វើការ​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​ចែកចេញជា៤តំបន់​។

ជាមួយគ្នា​នេះ​ សម្តេច​តេជោ​ហ៊ុន​ សែន​ ប្រគល់​ភារកិច្ច​ឱ្យ​ក្រសួង​រ៉ែ​ និង​ថាមពល​ គិតគូរ​ស្វែងរក​ការ​វិនិយោគ​ បង្កើត​រោងចក្រអគ្គិសនី​ ដោយ​ការ​ដុត​សំរាម​នៅ​ទីលាន​ចាក់សំរាម​ និង​ហាម​ដាច់ខាត​ មិន​ឱ្យ​មានការ​នាំចូល​សំរាម​ពីក្រៅ​ប្រទេស​ ដើម្បី​ដំណើរការ​រោងចក្រអគ្គិសនី​នេះ​ឡើយ​។

សម្រាប់​របៀបវារៈ​នៃ​កិច្ចប្រជុំ​ពេញអង្គ​គណ​រដ្ឋមន្រ្តី​ ដែល​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នា​សប្តាហ៍​នេះ​ បាន​ផ្តោត​កិច្ចពិភាក្សា​ លើ​រប​បៀ​បវារៈ​មួយចំនួន​រួមមាន​ ទី១​ សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២០​។ ទី២​ សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការ​ទូទាត់​ថវិកា​ ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០១៨​។

​ទី៣បញ្ហា​ផ្សេង​ៗ សេចក្តី​ប្រកាស​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្តី​ពី​ ការ​ដាក់​ឱ្យ​អនុវត្ត​ “យុទ្ធ​សាស្រ្ត​ស្តី​ពី​ការកែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​ ការ​វិ​និ​យោសា​ធា​រណៈ២០១៩​-២០២៥​” និង​ “យុទ្ធ​សាស្រ្ត​ស្តី​ពី​ការគ្រប់គ្រង​បំណុល​សាធារណៈ២០១៩​-២០២៣​”៕

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អះអាង​ ផ្សារ​ AEON​ ទី៣ នឹង​ចាប់ផ្តើម​សាងសង់​នា​ពេល​ខាងមុខនេះ​

ដោយ ​វុត្ថា

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ ​ប៉ាន​ សូរ​ស័ក្តិ​ បាន​អះអាង​ថា​ផ្សារ​ AEON​ ទី៣របស់​ជប៉ុន​ នឹង​ចាប់ផ្តើម​សាងសង់​នា​ពេល​ខាងមុខនេះ​ ខណៈ​ទំហំ​ពាណិជ្ជ​កម្ម​រវា​កម្ពុជា​និង​ប្រទេស​ជប៉ុន​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​បន្ត​កើន​ដល់​ ២ ពាន់​លាន​ដុល្លារ​អាមេរិក​ នៅក្នុង​ឆ្នាំ​ ២០២០​ ខាងមុខនេះ​។

លោក​ រដ្ឋមន្ត្រី​ ប៉ាន​ សូរ​ស័ក្តិ​ នៅក្នុង​ជំនួប​ពិភាក្សា​ ជាមួយ​លោក​ MIKAMI​ Masahiro​ ឯកអគ្គ​រាជទូត​ថ្មី​របស់​ជប៉ុ​នប្រ​ចំា​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​ ២៤​ ខែតុលា​ ម្សិលមិញ​នេះ​ បាន​លើកឡើង​ថា​ កម្ពុជា​ និង​ជប៉ុន​ មាន​ចំណងមិត្តភាព​ជាយូរមកហើយ​ ដែល​ជាហេតុ​នាំឲ្យ​ប្រទេស​ទាំងពីរ​មាន​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ស្អិត​រមួត​ទាំង​វិស័យ​ការទូត​ និង​វិស័យ​សេដ្ឋកិច្ច​-ពាណិជ្ជកម្ម​។

លោក​បន្ត​ថា​ ជាមួយគ្នា​នេះ​ ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មានសន្ទុះ​កើន​ទ្បើង​ស្មើនឹង​ ១,៦​ ពាន់​លាន​ដុល្លារ​អាមេរិក​ នៅ​ឆ្នាំ២០១៨​ កើន​ប្រមាណ​ ១០​% ធៀប​ទៅ​ឆ្នាំ២០១៧​ ហើយ​អាច​កើន​ដល់​ ២ ពាន់​លាន​ដុល្លារ​អាមេរិក​ នៅ​ឆ្នាំ២០២០​ នា​ពេល​ខាងមុខ​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ ទន្ទឹម​នឹង​នេះ​ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​បាន​នឹង​កំពុង​ពង្រីក​អាជីវកម្ម​នៅ​កម្ពុជា​ និង​បាន​ផលិត​ផលិតផល​មួយចំនួន​នាំទៅ​ប្រទេស​ថៃ​ តាមកម្ម​វិធី​ថៃ​បូក​មួយ​ ជាមួយគ្នា​នេះ​ផង​ដែរ​ ផ្សារ​អ៊ី​អន​ទីបី​ នឹង​ចាប់ផ្តើម​សាងសង់​នា​ពេល​ឆាប់​ៗខាងមុខនេះ​។

លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ដល់​ភាគី​ជប៉ុន​ផ្តល់​ការ​យកចិត្ត​ទុកដាក់​ដល់​ការ​វិនិយោគ​ការកែច្នៃ​ម្ហូបអាហារ​ កសិផល​ បន្លែ​ផ្លែឈើ​ និង​ជួយ​ផ្តល់​ជំនួយ​បច្ចេកទេស​ សម្ភារ:បរិ​ក្ខា​ និង​ការ​បណ្តុះបណ្តាល​ដល់​មន្ត្រី​អគ្គនាយក​ដ្ឋាន​កាំកុងត្រូល​កម្ពុជា​។

លោក​ MIKAMI​ Masahiro​ ឯកអគ្គ​រាជទូត​ថ្មី​របស់​ជប៉ុ​នប្រ​ចំា​កម្ពុជា​ បានឱ្យ​ដឹង​ដែរ​ថា​ ចំនួន​វិនិយោគិន​ និង​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា​មានការ​កើន​ទ្បើង​ជាបន្តបន្ទាប់​ បាន​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​ ដែល​ជួយ​ឲ្យ​ប្រជាជន​ប្រទេស​ទាំងពីរ​កាន់តែ​យល់ដឹង​ពីគ្នា​ទៅវិញទៅមក​កាន់តែ​ជិតស្និទ្ធ​ និង​បាន​សង្កត់ធ្ងន់​ថា​កត្តា​ស្ថេរ​ភាព​នយោបាយ​បាន​នាំឲ្យ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​រក្សា​បាន​ប្រមាណ​ ៧,២​%។លោក​ ក៏បាន​គាំទ្រ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ ផ្អែក​តាមរយៈ​ជំនួប​ពិភាក្សា​ការងារ​ វេទិកា​ធុរកិច្ច​ ការ​ផ្គូ​រផ្គង​វិនិយោគិន​ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ផ្ទាល់​ពីជ​ប៉ុន​។

លោក​ថា​ រាល់​មតិយោបល់​របស់​លោក​រដ្ឋមន្រ្តី​ គឺជា​កត្តា​សំខាន់​ក្នុង​ការ​ជួយ​បង្កើន​ការនាំចេញ​របស់​កម្ពុជា​ និង​ជា​កិច្ចការ​ដែល​ត្រូវ​សហការ​គ្នា​នា​ពេល​ខាងមុខ​៕

ធនាគារ​ដ៏​ធំ​របស់​ចិន​កំពុង​ចាប់អារម្មណ៍​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​ចំនួន៣នៅ​កម្ពុជា​

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ធនាគារ​អភិវឌ្ឍន៍​ចិន​ CDB​ សាខា​ខេត្ត​ក្វាង​ស៊ី​ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ក្នុង​ការ​វិនិយោគ​អាកាសយាន​ដ្ឋាន​ភ្នំពេញថ្មី​ បន្ថែម​ពីលើ​គម្រោង​ដែល​មានស្រាប់​រួមមាន​ដូចជា​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ព្រះសីហនុ​ និង​គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ថ្មី​ខេត្តសៀមរាប​។

នាយកចាត់ការ​ទូទៅ​របស់​ CDB​ សាខា​ខេត្ត​ក្វាង​ស៊ី​ ប្រទេស​ចិន​ លោក​ Mei​ Shiwen​ ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​វិនិយោគិន​មួយ​ក្រុម​ដើម្បី​សិក្សា​ពី​សក្ដានុពល​ និង​ឱកាស​វិនិយោគ​ជា​ដៃគូ​នៅ​កម្ពុជា​ បាន​លើកឡើង​ពី​គោលបំណង​ចង់​បណ្តាក់​ទុន​វិនិយោគ​ទៅលើ​គម្រោង​សាងសង់​អាកាសយាន​ដ្ឋាន​ភ្នំពេញ​បន្ថែម​ពីលើ​គម្រោង​ដែល​ស្រាប់​នា​ពេល​បច្ចុប្បន្ន​នេះ​។

នៅក្នុង​ឱកាស​ចូល​ជួប​សម្តែង​ការគួរសម​ជាមួយ​លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ នៅ​ទីស្ដីការ​ក្រសួង​ កាលពី​ថ្ងៃទី២៤​ ខែតុលា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ លោក​ Mei​ Shiwen​ បាន​មាន​ប្រសាសន៍​ថា​ “តប​ទៅ​នឹង​កិច្ច​សហប្រតិបត្តិ​ការ​ក្នុងរយៈពេល​កន្លងមក​ រវាង​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ និង​ធនាគារ​អភិវឌ្ឍន៍​ចិន​ (CDB​) ក្នុង​ការចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​ឱ្យ​មានការ​រីកចម្រើន​ ជា​លទ្ធផល​គឺ​ទទួល​បានសម្រេច​សមិទ្ធផល​ជាច្រើន​”។

លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​ ធនាគារ​អភិវឌ្ឍន៍​ចិន​ (CDB​) ដែល​ជា​ធនាគារ​ក្រោម​ការដឹកនាំ​ផ្ទាល់​ពី​ក្រុមប្រឹក្សារដ្ឋ​ចិន​ បាន​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោ​ងធំៗ​ចំនួន​ពីរ​នៅ​កម្ពុជា​គឺ​ គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ក្រុង​ព្រះសីហនុ​ និង​គម្រោ​ងព្រលា​នយន្តហោះ​សៀមរាប​ថ្មី​ជាដើម​”។

លោក​បាន​បន្ត​ទៀត​ថា​ “ យោង​តាម​បទពិសោធន៍​ និង​កិច្ចសហការ​គ្នា​យ៉ាង​ល្អ​កាលពី​ពេល​កន្លងទៅ​នេះ​ ធនាគារ​ CDB​ បាន​ចាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​លើ​អាកាសយាន​ដ្ឋាន​ភ្នំពេញថ្មី​ និង​ការ​អភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ និង​កំពង់ផែ​ក្រុង​ព្រះសីហនុ​ផង​ដែរ​”។

លោក​ទេស​រដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​ ស៊ុន​ ចាន់​ថុល​ បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ធនាគារ​អភិវឌ្ឍន៍​ចិន​(CDB​) ដែល​បាន​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ និង​គម្រោង​ដទៃទៀត​នៅ​កម្ពុជា​ឱ្យ​ដំណើរការ​បាន​ដោយ​រលូន​។

ជាមួយគ្នា​នេះ​ផង​ដែរ​ លោក​ក៏បាន​ស្នើ​ឱ្យ​ធនាគារ​ CDB​ ពិនិត្យមើល​កិច្ច​សហប្រតិបត្តិ​ការ​ បន្ថែម​ទៀត​លើ​គម្រោង​វិនិយោគ​ចិន​នៅ​កម្ពុជា​ដែល​ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ ផ្លូវ​ល្បឿន​លឿន​ ការ​អភិវឌ្ឍ​កំពង់ផែ​ ការ​ដឹកជញ្ជូន​ផ្លូវដែក​ និង​ប្រព័ន្ធ​ដឹកជញ្ជូន​ក្នុង​ទីក្រុង​ ជាពិសេស​ការ​ដឹកជញ្ជូន​តាមផ្លូវទឹក​៕

ក្រុមហ៊ុន​ជប៉ុន​ធំ​មួយ​ចង់​បង្កើត​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយ​ចន្ទី​កម្រិត​អន្តរជាតិ​នៅ​កម្ពុជា​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ដ៏​ធំ​ប្រចាំ​នៅក្នុង​ប្រទេស​ជប៉ុន​ ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ លើ​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ និង​វិស័យ​កសិកម្ម​នោះ​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ចង់​បណ្តាក់​ទុន​នៅ​កម្ពុជា​ ដើម្បី​បង្កើត​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយ​ចន្ទី​ សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​ពិភពលោក​។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​ សិក្សា​ពី​សក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​នាយក​ក្រុមហ៊ុន​ Top​ Planning​ Japan​ Co​., Ltd​ លោក ​Murayama​ Tsetuo​ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ចង់​វិនិយោគ​នៅ​កម្ពុជា​ ដោយ​ការបង្កើត​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយ​ចន្ទី​លំដាប់​អន្តរជាតិ​សម្រាប់​ការនាំចេញ​ ខណៈ​ដែល​អ្នកជំនាញ​ជនជាតិ​ជប៉ុន​ សុទ្ធតែ​បាន​ទទួលស្គាល់​ថា​ គុណភាព​ និង​រសជាតិ​គ្រាប់ស្វាយ​ចន្ទី​របស់​កម្ពុជា​ មាន​ភាពល្អ​ប្រសើរ​ជាង​គ្រាប់ស្វាយ​ចន្ទី​របស់​ប្រទេស​វៀតណាម​ និង​ប្រទេស​ឥណ្ឌា​។

នៅក្នុង​ឱកាស​ចូល​ជួប​សម្ដែង​ការគួរសម​ ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​លោក​ វេង​ សា​ខុន​ នៅ​ទីស្ដីការ​ក្រសួង​កាលពី​ថ្ងៃទី២៤​ ខែតុលា​ឆ្នាំ២០១៩នេះ​ លោក​ Murayama​ Tsetuo​ បាន​មានប្រសាសន៍​ថា​ កន្លង​ពី​ពេល​មកនេះ​ ដោយ​ទទួល​បានការ​ជួយឧបត្ថម្ភ​គាំទ្រ​ពី​អង្គការ​ JICA​ ក្រុមហ៊ុន​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំ​ពី​សក្តា​នុ​ពល​ដំណាំ​ស្វាយចន្ទី​កម្ពុជា​ ហើយ​លទ្ធផល​នៃ​ការសិក្សា​គឺ​បាន​ធ្វើតេស្ត​សាកល្បង​រស់​ជាតិ​គ្រាប់ស្វាយ​ចន្ទី​ផលិត​នៅ​កម្ពុជា​ ដោយ​ប្រជាជន​ជប៉ុន​បង្ហាញថា​ គ្រាប់ស្វាយ​ចន្ទី​កម្ពុជា​មាន​រស់​ជាតិ​ឆ្ងាញ់​ ជាង​គ្រាប់ស្វាយ​ចន្ទី​របស់​វៀតណាម​ ឥណ្ឌា​ និង​អា​ហ្វិ​ក។

លោក​បាន​បញ្ជាក់​ទៀត​ថា​ “ទាំង​គុណភាព​អនាម័យ​ បរិមាណ​ផលិត​ ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ដាំដុះ​ និង​ការកែច្នៃ​ផលិតផល​គ្រាប់ស្វាយ​ចន្ទី​ នៅ​កម្ពុជា​នៅ​មានកម្រិត​ ហើយ​កត្តា​អវិជ្ជមាន​ទាំងនេះ​ ធ្វើ​ឱ្យ​ក្រុមហ៊ុន​មាន​ឆន្ទ:ចង់​បង្កើត​រោងចក្រ​ កែច្នៃ​គ្រាប់ស្វាយ​ចន្ទី​កម្ពុជា​កម្រិត​ស្តង់ដារ​អន្តរជាតិ​ ធ្វើ​យ៉ាងណា​កាត់បន្ថយ​ និង​ឈាន​ទៅ​លុបបំបាត់​ចំណុច​អវិជ្ជមាន​ទាំងនេះ​ ដើម្បី​ទទួល​បាន​ចំណាត់ថ្នាក់​ពិភពលោក​នា​ពេល​អនាគត​”។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ លោក​ វេង​ សា​ខុន​ បាន​មានប្រសាសន៍​ រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​ជានិច្ច​ នូវ​រាល់​គម្រោង​វិនិយោគ​នានា​នៅ​កម្ពុជា​ ហើយ​គម្រោង​នៃ​ការបង្កើត​រោងចក្រ​នេះ​ គឺ​ស្រប​នឹង​គោលនយោបាយ​របស់ក្រ​សួង​ ដែល​បាន​ និង​កំពុង​ខិតខំ​ជំរុញ​ផលិតភាព​ផលិតកម្ម​ឱ្យ​មាន​លក្ខណ:ល្អ​ប្រសើរ​។

លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​ ក្រសួង​បាន​ព្យាយាម​បង្កើន​គុណភាព​ទាំង​បរិមាណ​ និង​អនាម័យ​ តាម​រយ:វិស័យ​ឯកជន​ ដៃគូ​អភិវឌ្ឍ​ និង​សហគមន៍​កសិកម្ម​ដោយ​អនុវត្ត​តាម​អភិក្រម​ “រដ្ឋ​ ឯកជន​ ដៃគូ​អភិវឌ្ឍ​ និង​សហគមន៍​កសិកម្ម​” ដោយ​ប្រើ​ប្រាស់​ប ច្ចេ​កវិទ្យា​ដាំដុះ​ កែច្នៃ​ វេច​ខ្ចប់​ទាន់សម័យ​ សំដៅលើ​កកម្ពស់​តម្លៃបន្ថែម​ កាត់បន្ថយ​ការនាំចេញ​វត្ថុធាតុដើម​”។

លោក​បាន​បន្ត​ទៀត​ថា​ តាម​រយ:បទពិសោធន៍​ដែល​ក្រុមហ៊ុន​មានស្រាប់​ ក្រសួង​សង្ឃឹមថា​គម្រោង​នេះ​ នឹង​ដំណើរការ​ទៅ​ដោយ​រលូន​ ហើយ​ក្រសួង​ក៏ដូចជា​អង្គភាព​ពាក់ព័ន្ធ​នឹង​រង់ចាំ​ផ្តល់​កិច្ចសហការ​ពេញលេញ​ ដើម្បី​ឱ្យ​ការ​វិនិយោគ​នេះ​សម្រេច​ទទួល​បាន​ជោគជ័យ​តាម​ការ​គ្រោងទុក​។ ព្រម​ជាមួយគ្នា​នេះ​ ក្រុមហ៊ុន​គួរតែ​រៀបចំផែនការ​ដាំដុះ​ ឯកសារ​ផ្លូវច្បាប់​ បច្ចេកទេស​ ចងក្រង​សហគមន៍​ផលិត​ ហើយ​គួរ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជាកសិករ​កម្ពុជា​ ក្រុមហ៊ុន​ និង​ជាពិសេស​សេដ្ឋកិច្ច​ជាតិ​៕

ធនាគារ​កណ្តាល​អះអាង​ថា​អាល្លឺម៉ង់​អាច​នឹង​ធ្លាក់​ចូលក្នុង​វិបត្តិសេដ្ឋកិច្ច​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ យោង​តាម​របាយការណ៍​ប្រចាំខែ​ របស់​ធនាគារ​កណ្តាល​អាល្លឺម៉ង់​បានឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​អាល្លឺម៉ង់​ ដែល​ជា​សេដ្ឋកិច្ច​ធំ​បំផុត​របស់​សហ​ភាព​អ៊ឺ​រ៉ុប​ អាច​នឹង​ធ្លាក់​ចូលក្នុង​វិបត្តិសេដ្ឋកិច្ច​វិញ​នៅ​ខែកញ្ញា​។

ធនាគារ​ Bundesbank​ បាន​បញ្ជាក់​ថា​ “បច្ចុប្បន្ន​សូចនាករ​សេដ្ឋកិច្ច​សំ​ខាន់​ៗ បាន​ផ្តល់​នូវ​សញ្ញា​នៃ​ការ​ងើបឡើង​វិញ​តិចតួច​ និង​ប្រកបដោយ​និរន្តរភាព​ ក្នុង​ការនាំចេញ​ និង​ស្ថេរ​ភាព​ឧស្សាហកម្ម​”។

យោង​តាម​ធនាគារ​កណ្តាល​នេះ​បានឱ្យ​ដឹង​ថា​ វិស័យ​ផលិតកម្ម​រថយន្ត​ ដែល​ជា​វិ​ស័យ​ដដ៏​សំខាន់​របស់​អាល្លឺម៉ង់​ បាន​ធ្លាក់ចុះ​ចាប់តាំងពី​ដើមឆ្នាំ​នេះ​ ដោយសារ​កង្វះខាត​តម្រូវការ​នៅ​បរទេស​។

ផលិតផល​ក្នុង​ស្រុក​សរុប​របស់​អា​ឡឺម៉​ង់​ បាន​ធ្លាក់ចុះ ០​,១ ភាគរយ​ពី​ខែមេសា​ ដល់​ខែមិថុនា​ ហើយ​អ្នកជំនាញ​យល់ស្រប​ជាមួយ​ធនាគារ​កណ្តាល​ថា​ វិស័យ​ផលិតកម្ម​នឹង​មិន​កើនឡើង​ សម្រាប់ត្រី​មាស​ដែល​នៅសល់​នៃ​ឆ្នាំនេះ​ទេ​។

របាយការណ៍​ប្រចាំខែ​បាន​លើកឡើង​ថា​ “កំលាំង​ចលករ​សេដ្ឋកិច្ច​របស់​អាល្លឺម៉ង់​អាច​ធ្លាក់ចុះ​ម្តង​ទៀត​នៅ​ត្រីមាស​ទី៣​ ឆ្នាំ​២០១៩​។ ពេល​ចុងក្រោយ​គឺ​ការ​បន្ត​ធ្លាក់ចុះ​នៅក្នុង​ឧស្សាហកម្ម​នាំចេញ​”។

ប្រសិនបើ​ការព្យាករណ៍​របស់​ធនាគារ​កណ្តាល​ សម្រាប់ត្រី​មាស​ទី៣បង្ហាញ​ការពិត​នោះ​ អាល្លឺម៉ង់​ នឹង​ចូល​ទៅ​ក្នុង​វិបត្តិសេដ្ឋកិច្ច​ បើសិនជា​សេដ្ឋកិច្ច​ប្រទេស​នេះ​ធ្លាក់ចុះ​ក្នុង​រយៈពេល​ពីរ​ត្រីមាស​ជាប់គ្នា​៕

តើ​គួរ​ទិញ​ដី​ក្នុង​តម្លៃ​ប៉ុណ្ណា​បើសិនជា​ស្ថានភាព​អចលនទ្រព្យ​ជាប់​គាំង​?

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ សំរាប់​អ្នក​វិនិយោគ​ឆ្លាតវៃ​ ពួកគេ​អាច​ស្វែងរក​ផល​ចំណេញ​លើ​ការ​វិនិយោគ​ដីធ្លី​នៅ​គ្រប់​កាលៈទេសៈ​ ព្រោះ​ពួកគេ​អាច​ក្តាប់​ស្ថានភាព​ និង​តម្លៃ​ដីធ្លី​បាន​។

លោក​ឃាង​ ពុទ្ធី​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ការទិញ​លក់​ដីធ្លី​អាច​មិនសូវ​មាន​សកម្មភាព​ បើសិនជា​សេដ្ឋកិច្ច​ពិភពលោក​ និង​សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់ចុះ​ ហេតុនេះ​អ្នក​វិនិយោគ​ដែល​ឆ្លាតវៃ​ ពួកគេ​ចេះ​ជ្រើសរើស​ទិញ​យក​អចលន​ទ្រ​ពន្យ​ ដែល​មានតម្លៃ​ទាប​ជាង​ទីផ្សារ​ ពិសេស​ដីធ្លី​ដែល​មានតម្លៃ​ក្រោម១០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

លោក​ពន្យល់​ថា​ តម្លៃ​ដីធ្លី​ដែល​មានតម្លៃ​ទាប​ មិនសូវ​រង​ផល​ប៉ះពាល់​លើ​ចរន្ត​នៃ​ការ​ទិញ​លក់់​នោះ​ទេ​ បើសិនជា​សេដ្ឋកិច្ច​ធ្លាក់ចុះ​ ប៉ុន្តែ​យ៉ាងណាក៏ដោយ​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​រក្សា​បា​នកំនើន​ល្អ​ដដែល​ ក្នុងរយៈពេល​មធ្យម​ខាងមុខ​។ នេះ​បើ​យោង​តាម​ការព្យាករណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​។

ដីធ្លី​ដែល​មានតម្លៃ​ទាប​ត្រឹម៣០​ ទៅ៤០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ មិន​រង​ផល​ប៉ះពាល់​នោះ​ទេ​ បើសិនជា​មាន​វិបត្តិសេដ្ឋកិច្ច​កើតឡើង​។ ផ្ទុយទៅវិញ​បើសិនជា​ដី​មានតម្លៃ​រាប់​រយ​ដុល្លារ​ ឬរាប់ពាន់​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ពិតជា​ពិបាក​លក់​ បើសិនជា​ស្ថានភាព​សេដ្ឋកិច្ច​មិនសូវ​មាន​ភាពល្អ​ប្រសើរ​ ព្រោះ​អ្នក​វិ​និ​យោ​គធំៗ​ពួកគេ​អាច​រង់ចាំ​មើល​ ឬផ្អាក​គំរោង​វិនិយោគ​របស់​ពួកគេ​ បើសិនជា​បញ្ហា​សេដ្ឋកិច្ច​សាកល​កើតឡើង​។

លោក​ឃាង​ ពុទ្ឋី​បាន​បន្ត​ថា​ ចរន្ត​នៃ​ការទិញ​លក់​ដីធ្លី​បច្ចុប្បន្ន​នៅតែ​បន្ត​មាន​សកម្មភាព​ល្អ​នៅឡើយ​ ដោយសារ​សេដ្ឋកិច្ច​កម្ពុជា​មិន​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​ ដែល​កើតមាន​ពី​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​នោះ​ទេ​ ហើយ​អ្វី​ៗនឹង​មាន​ភាពល្អ​ប្រសើរ​ សំរាប់​ឆ្នាំ២០២០ខាងមុខ​ ទោះជា​បច្ចុប្បន្ន​ការទិញ​លក់​អចលនទ្រព្យ​ ហាក់​មាន​សភាព​យឺតយ៉ាវ​ក្តី​ ហើយ​ភាពយឺត​យ៉ាវ​នេះ​ដោយសារ​វា​ជា​កំឡុង​ពេល​ចុងឆ្នាំ​ ដែល​ក្រុមហ៊ុន​នានា​មិនសូវ​បញ្ចេញ​សាច់ប្រាក់​នោះ​ទេ​៕

ចំណេះដឹង​! តើ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា២០១៥​-២០២៥ត្រូវ​បាន​អនុវត្តយ៉ាង​ដូចម្តេច​?

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ គោលនយោបាយ​អភិវឌ្ឍន៍​ វិស័យ​ឧស្សាហកម្ម​កម្ពុជា២០១៥​-២០២៥​ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ ប្រកាស​ផ្សព្វផ្សាយ​ដាក់​ឱ្យ​អនុវត្ដ​កាលពី​ឆ្នាំ២០១៥​ ដើម្បី​ឆ្លើយតបទៅនឹង​ការប្រែប្រួល​នៃ​ រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ក្នុង​ស្រុក​និង​ សភាពការណ៍​ប្រែប្រួល​នៃ​និម្មាបនកម្ម​សេដ្ឋកិច្ច​តំបន់​ និង​ពិភពលោក​។

គោលនយោបាយ​នេះ​ គឺ​ជា​មគ្គុ​ទេ​សក៍​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ ឧស្សាហកម្ម​នៅ​កម្ពុជា​ តាមរយៈ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ ការ​ពង្រឹង​ភាព​ប្រកួតប្រជែង​ និង​ការ​លើកកម្ពស់​ផលិតភាព​ ហើយ​គោលនយោបាយ​នេះ​ នឹង​ក្លាយជា​ឧបករណ៍​សំខាន់​ ក្នុង​ការ​រួមចំណែក​សម្រេច​បាន​នូវ​ទិសដៅ​ នៃ​យុទ្ធ​សា​ស្ដ្រចតុកោណ​ ដើម្បី​កំណើន​ការងារ​សមធម៌​ និង​ប្រសិទ្ធភាព​។

ក្នុង​ទិសដៅ​នេះ​ គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ ២០១៥​-២០២៥​ បាន​កំណត់​នូវ​គោលដៅ​ចំនួន៣​ រួមមាន​ ដូចជា​ ទី១​-បង្កើន​ចំណែក​នៃ​វិស័យ​ ឧស្សាហកម្ម​ក្នុង​ផលទុនជាតិ​សរុប​(ផ.ស.ស​) ឱ្យ​បាន​ដល់៣០ភាគរយ​នៅ​ឆ្នាំ២០២៥​(២៤​,១ភាគរយ​នៃ​ផ.ស.ស.នៅ​ឆ្នាំ២០១៣​) ដែល​វិស័យ​កម្មន្ដសាល​ត្រូវ​កើនឡើង​ពី១៥​,៥ភាគរយ​ នៃផ.ស.ស.នៅ​ឆ្នាំ២០១៣​ ទៅដល់២០ភាគរយ​នៅ​ឆ្នាំ២០២៥​។

ទី២​-ជំរុញ​ពិពិធ​កម្ម​មុខទំនិញ​ដោយ​ បង្កើន​ការនាំចេញ​ទំនិញ​កម្មន្ដសាល​ មិនមែន​ជា​វាយនភ័ណ្ឌ​ឱ្យ​បាន១៥ភាគរយ​ នៃ​បរិមាណ​នាំចេញ​សរុប​នៅ​ឆ្នាំ២០២៥​។ ទន្ទឹម​នឹង​ការជំរុញ​ការនាំចេញ​ ទំនិញ​កែច្នៃ​កសិកម្ម​ឱ្យ​បាន១២ភាគរយ​ នៃ​បរិមាណ​នាំចេញ​សរុប​នៅ​ឆ្នាំ២០២៥​។

ទី៣​-កំណត់​គោលដៅ​នៅ​ឆ្នាំ២០២៥​ ឱ្យ​សហគ្រាស​ធុន​តូច​ចំនួន៨០ភាគរយ​ និង​សហគ្រាស​ធុន​មធ្យម​ចំនួន៩៥ភាគរយ​ ត្រូវ​បាន​ចុះបញ្ជី​ជា​ផ្លូវការ​ហើយ​ សហគ្រាស​ធុន​តូច​ចំនួន៥០ភាគរយ​ និង​សហគ្រាស​ធុន​មធ្យម​ចំនួន៧០ភាគរយ​ មាន​បញ្ជី​ការ​គណនេយ្យ​និង​តារាង​តុល្យការ​ត្រឹមត្រូវ​៕

អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​រកចំណូល​បាន​ជិត២៤០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ គិត​ត្រឹម​រយៈពេល៩ខែ​ នៃ​ឆ្នាំ២០១៩កន្លងទៅ​នេះ​ តាមរយៈ​អគ្គនាយក​ ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ ការ​ប្រមូល​ពន្ធ​ចូល​ជា​ថវិកាជាតិ​ បាន​ចំនួន​ជាង ៩​,៧ទ្រី​លាន​រៀល​ ស្មើនឹង​ប្រមាណ ២៣៩១លាន​ដុល្លារ​សហរដ្ឋអាមេរិក​ កើនឡើង​ជាង៣៥ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈ​ដូចគ្នា​កាលពី​ឆ្នាំ២០១៨​។

អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ លោក​ គុណ​ ញឹម​ បាន​ប្រកាស​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​រយៈពេល៩ខែ​ ក្នុង​ឆ្នាំ២០១៩​ កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗនេះ​ថា​ ជាមួយនឹង​លទ្ធផល​នៃ​ចំណូល​ ដែល​ទទួល​បានខាង​លើ​នេះ​ ត្រូវ​បាន​ប៉ាន់ប្រមាណ​ស្មើនឹង​ជាង ១០៦ភាគរយ​ នៃ​ផែនការ​ឆ្នាំ​ដែល​បាន​កំណត់ដោយច្បាប់​ស្ដីពី​ ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០១៩​។

លោក​បាន​បញ្ជាក់​ថា​ “បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ កាល​ណពីឆ្នាំ២០១៨​ លទ្ធផល​ចំណូល​តាម​ប្រភេទ​ពន្ធ​ និង​អាករ​សំ​ខាន់​ៗ ដែល​ប្រមូល​ដោយ​គយ​មា​នកំនើន​គួរ​ឱ្យ​កត់សម្គាល់​ ក្នុង​នោះ​ពន្ធគយ​ (ពន្ធ​នាំចូល​) មាន​កំណើន​ជិត៣៨ភាគរយ​ អាករ​ពិសេស​កើន​ប្រមាណ៣៩ភាគរយ​ និង​អាករ​លើ​តម្លៃបន្ថែម​ (VAT​) កើន​ជាង៣២ភាគរយ​”។

មុខទំនិញ​ជា​ប្រភព​ចំណូល​សំ​ខាន់​ៗ រួមមាន​(១) យានយន្ត​ និង​គ្រឿងចក្រ​ គ្រប​ដណ្តប់​ប្រមាណ​ជាង៥២ភាគរយ​នៃ​ចំណូល​សរុប ​(២) ប្រេងឥន្ធនៈ​ និង​ថាមពល​ប្រមាណ​ជិត ១៧ភាគរយ​ នៃ​ចំណូល​សរុប​ និង​ (៣) ទំនិញ​ចម្រុះ​ និង​គ្រឿងសំណង់​មាន​ប្រមាណ​ ២៩.៥ភាគរយ​នៃ​ចំណូល​សរុប​។

លោក​បាន​លោក​ឡើង​ថា​ “លទ្ធផល​ដ៏​ល្អ​ប្រសើរ​នេះ​ គឺ​បាន​មក​ដោយសារ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ​ ការអនុវត្ត​កម្មវិធី​កែទម្រង់​របស់​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ ស្របតាម​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​ កែទម្រង់​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល​ ការ​ពង្រឹង​អភិបាលកិច្ច​ផ្ទៃក្នុង​របស់​អង្គភាព​គយ​ និង​ការយល់​ដឹង​កាន់តែ​ទូលាយ​ក្នុង​ការអនុវត្ត​កាតព្វកិច្ច​ពន្ធអាករ​របស់​ធុរជន​ពាក់ព័ន្ធ​”។

ក្នុង​កិច្ច​ជំរុញ​ឱ្យ​ការ​ប្រមូល​ពន្ធ​និង​អាករ​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ និង​ទទួល​បាន​លទ្ធផល​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​ ​លោក​ គុណ​ ញឹម​ បាន​ណែនាំ​ឱ្យ​មន្ត្រី​គយ​ និង​រដ្ឋាករ​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​កម្លាំងកាយ​ចិត្ត​ ក្នុង​ការ​បំពេញភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​វិជ្ជាជីវៈ​ និង​បាន​រំលឹក​មតិ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ លោក​អគ្គបណ្ឌិត​សភា​ចារ្យ​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ដែល​បាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​គយ​ និង​រដ្ឋាករ​ប្រចាំឆមាស​ទី១ឆ្នាំ២០១៩កន្លងទៅ​។

លើស​ពីនេះ​ លោក​ក៏បាន​ណែនាំ​បន្ថែម​ដោយ​សង្កត់ធ្ងន់​ និង​ត្រូវ​យកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ លើ​ការងារ​ជំនាញ​សំ​ខាន់​ៗមួយចំនួន​ ដូចជា​ ការ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការងារ​បច្ចេកទេស​គយ​ អនុវត្តន៍​បន្ត​ដូច​ភ្លៀងរលឹម​ ការងារ​បង្ការ​និង​បង្រ្កាប​អំពើ​រត់គេច​និង​បន្លំ​ពន្ធ​ ការ​ធ្វើ​សាមញ្ញ​កម្ម​នីតិវិធី​គយ​ និង​កែ​លម្អ​សេវា​គយ​បន្ថែម​ទៀត​ ការអនុវត្ត​នីតិវិធី​បំពេញបែបបទ​គយ​មុន​ពេល​ទំនិញ​មកដល់​ ជំរុញ​បញ្ចប់​យុទ្ធ​សាស្រ្ត​នៃ​ការអនុវត្ត​ច្បាប់​ និង​យុទ្ធ​សាស្រ្ត​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ការ​កសាង​ផែនការ​សកម្មភាព​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ឆ្នាំ២០២០ជាដើម​៕

កម្ពុជា​បន្ត​នាំមុខ​ក្នុង​ការនាំចេញ​កង់​ទៅ​អឺរ៉ុប​ជាថ្មី​ម្តង​ទៀត​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ខណៈ​កម្ពុជា​បន្ត​គ្រប​ដណ្តប់​លើ​ការនាំចេញ​កង់​ ទៅកាន់​សហ​គម​ន៍​អ៊ឺ​រ៉ុ​បនៅ​ឆ្នាំនេះ​ ក្រុម​ឧស្សាហ​កម្ម​ធំៗ​នៅ​កម្ពុជា​បាន​និយាយ​ថា​ ខ្លួន​នឹង​ផ្លាស់​ប្តូរ​ទីលំនៅ​ទៅកាន់​ប្រទេសជិតខាង​ ដូចជា​ ប្រទេស​វៀតណាម​ប្រសិនបើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ របស់​សហភាព​អឺរ៉ុប​ត្រូវ​បាន​ដកចេញ​។

ឧស្សាហកម្ម​កង់​កម្ពុជា​ កំពុង​ជួបប្រទះ​ឆ្នាំ​មាស​មួយផ្សេងទៀត​ ក្នុង​ឆ្នាំ២០១៩​។ នៅក្នុង​ឆមាស​ទី១​ នៃ​ឆ្នាំនេះ​វិស័យ​នេះ​បាន​ផលិត​ និង​នាំចេញ​កង់​ចំនួន៨៣៥​,០០០​ ទៅ​សហភាព​អឺរ៉ុប​។

ឧស្សាហកម្ម​កង់​របស់​ប្រទេស​នេះ​ បាន​វ៉ា​ដាច់​គូប្រជែង​ជិត​បំផុត​របស់​ខ្លួន​តៃវ៉ាន់​ទៅ​ពីរ​ដង​ ដែល​ផលិត​បាន​កង់​ចំនួន
៥៤៦​,០០០កង់​ នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំ២០១៩​។

ទោះជាយ៉ាងណា​ការប្រកួត​ប្រជែង​ និង​ការបាត់បង់​ EBA​ របស់​កម្ពុជា​កំពុង​គំរាមកំហែង​ដល់​ការ​ធ្លាក់ចុះ​របស់​កម្ពុជា​ ក្នុងនាម​ជា​កន្លែង​ផលិត​កង់​កំពូល​របស់​សហភាព​អឺរ៉ុប​។

សម្ព័ន្ធភាព​ជិះកង់​កម្ពុជា​ (CBC​) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ខែ​នេះ​ ដោ​ យបញ្ជាក់​ថា​ ក្រុមហ៊ុន​ផលិតកម្ម​ជាស​មា​ជិ​ករបស់​ខ្លួន​ នឹង​ផ្លាស់ទៅ​ប្រទេស​វៀតណាម​ ប្រសិនបើ​ EBA​ ត្រូវ​បាន​ដកចេញ​នៅ​ឆ្នាំក្រោយ​។

លោក​ Jon​ Edwards​ ប្រធាន​ CBC​ នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ “វា​ជា​រឿង​គួរ​ ​ឱ្យ​សោក​ស្តាយ​ សម្រាប់​កម្លាំង​ការងារ​របស់​យើង​ និង​ការ​បំផ្លិច​បំផ្លាញ​សម្រាប់​សហគមន៍​ដែល​យើង​ធ្វើ​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​ ប្រសិនបើ​យើង​ត្រូវ​បាន​បង្ខំ​ឱ្យ​ផ្លាស់ទី​តាំង​ទៅ​ប្រ​ទេ​ សផ្សេងទៀត​ ដែល​នឹង​នៅតែ​មាន​សិទ្ធិ​ចូល​ ទៅកាន់​សហភាព​អឺរ៉ុប​ ដោយ​ឥតគិតថ្លៃ​ដូចជា​ បង់ក្លាដេស​ មីយ៉ាន់ម៉ា​ និង​វៀតណាម​ជាដើម​”។

លោក​បាន​បន្ថែម​ថា​ “យើង​សង្ឃឹមថា​ គណៈកម្មការ​នឹង​មិន​ចាត់វិធានការ​ណាមួយ​ដែល​ធ្វើ​ឱ្យ​ប្រតិបត្តិ​ការ​បន្ត​របស់​យើង​ នៅ​កម្ពុជា​គ្មាន​និរន្តរភាព​ឡើយ​”។

សហភាព​អឺរ៉ុប​ និង​វៀតណាម​ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​នៅក្នុង​ខែ​ កក្កដា​ ដែល​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ប្រទេស​នេះ​ ដើម្បី​គ្រប់គ្រង​ទីផ្សារ​។ មុន​ពេល​ចុះហត្ថលេខា​ ការនាំចេញ​កង់​របស់​វៀតណាម​ត្រូវ​បាន​បង់ពន្ធ១០​,៥ភាគ​រយ​។

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី​ រវាង​សហ​ភាព​អ៊ឺ​រ៉ុប​ និង​វៀតណាម​លុបចោល​ពន្ធគយ​ស្ទើរតែ​ទាំងអស់​ ហើយនឹង​អនុញ្ញាត​ឱ្យ​ឧស្សាហកម្ម​ ផលិត​កង់​របស់​វៀតណាម​ អាច​ប្រកួតប្រជែង​ ជាមួយនឹង​អត្ថ​ប្រយោជន៍​ សន្ធឹក​សន្ធាប់​ជាង​ប្រទេស​ផលិត​ផ្សេងទៀត​។

វា​មិន​ច្បាស់​ទេ​ថា​ តើ​ឧស្សាហកម្ម​ផលិត​កង់​នៅ​កម្ពុជា​ នឹង​គិត​យ៉ាងដូច​ម្តេច​ ចំពោះ​ប្រទេស​ហ្វីលីពីន​ និង​បង់​ក្លា​ដែស​ ដែល​ទទួល​បាន​អត្ថ​ប្រយោជន៍​រួច​ទៅ​ហើយ​ ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ GSP​ + ដែល​អនុញ្ញាត​ឱ្យ​ការនាំចេញ​ ដោយ​ឥតគិតថ្លៃ​ពន្ធគយ​ទៅ​សហភាព​អឺរ៉ុប​។

គួរ​ឱ្យ​ព្រួយបារម្ភ​ជាង​នេះ​ទៅទៀត​ ក្រុមហ៊ុន​ផលិត​កង់​ដែល​មាន​មូលដ្ឋាន​នៅ​ឥណ្ឌា​ឈ្មោះ​ Hero​ និង​ TI​ Cycles​ កំពុង​វិនិយោគ​យ៉ាង​ខ្លាំង​ នៅ​ប្រទេស​ស្រីលង្កា​ បន្ទាប់ពី​ប្រទេស​កោះ​មួយ​នេះ​ បាន​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ GSP​+ឡើងវិញ​។ នេះ​បើ​យោង​តាម​ Bike​ Europe​៕

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បិទ​ការដ្ឋាន​សាងសង់​ផ្សារ​មួយ​កន្លែង​របស់​ជនជាតិ​ចិន​នៅ​ស្រុក​ព្រៃនប់

ដោយ ​វុត្ថា​

ព្រះ​សី​ហនុៈ​ លោក​គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ បាន​ចុះ​ពិនិត្យ​ និង​បញ្ជា​ឱ្យ​បិទ​ការដ្ឋាន​សាងសង់​ផ្សារ​មួយ​កន្លែង​ របស់​ជនជាតិ​ចិន​ ដែល​មិន​មានច្បាប់​អនុញ្ញាត​សាងសង់​ ស្ថិតនៅ​ភូមិ​គគីរ​ ឃុំ​បិតត្រាំង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​។

លោក​ ឃាង​ ភា​រម្យ​ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះ​ព្រះសីហនុ​ បានឱ្យ​ដឹង​ថ្ងៃទី២៤​ ខែតុលា​ឆ្នាំ​ ២០១៩​ នេះ​ថា​ ​កាលពី​ម្សិលមិញ​នេះ​ លោក​អភិបាលខេត្ត​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះទៅ​ពិនិត្យ​រក​ឃើញថា​ ផ្សារ​មួយ​កន្លែង​របស់​ជនជាតិ​ចិន​ ពុំ​មានច្បាប់​អនុញ្ញាត​សាងសង់​ត្រឹមត្រូវ​ ហើយ​ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​បញ្ជា​បិទ​ការដ្ឋាន​នោះ​។

លោក​បន្ត​ថា​ “នៅពេល​បង្កើត​ទៅជា​ផ្សារ​ ត្រូវ​សុំច្បាប់​ទៅ​ក្រសួង​ពាក់ព័ន្ធ​ ដើម្បី​ទទួល​បាន​សិទ្ធិ​សាងសង់​ តែបើ​មិន​មាន​ទេ​នោះ​ អាជ្ញាធរ​ត្រូវតែ​បញ្ជា​ឱ្យ​បិទ​តែម្តង​”។ លោក​បន្ថែម​ថា​ “ទីតាំង​ផ្សារ​ដែល​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ចុះ​បិទ​នេះ​ គឺ​មិនមែន​នៅ​ទីក្រុង​នោះ​ទេ​ គឺ​នៅ​ជាយក្រុង​”។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​កា​ពី​កន្លងទៅ​នេះ​ ក៏បាន​បិទ​ការដ្ឋាន​សំណង់​ជាច្រើន​ទីតាំង​ បន្ទាប់ពី​ចុះ​ពិនិត្យ​ឃើញថា​ ការ​រដ្ឋា​នសំ​ណង់​ទំា​ងនោះ​ពុំ​បាន​អនុវត្ត​បទដ្ឋាន​បច្ចេកទេស​ បទដ្ឋាន​គតិយុត្តិ​ ស្តង់ដារ​សំណង់​ ស្តង់ដារ​សុវត្ថិភាព​ និង​គុណភាព​សំណង់​ ហើយ​តម្រូវ​ម្ចាស់​សំណង់​ទាំង​សុំច្បាប់​សាងសង់​ឱ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ​។

ជាមួយគ្នា​នេះ​ លោក​ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​ បាន​ស្នើ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ ខេត្ត​ ចាត់វិធានការ​ចំពោះ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សាងសង់​ និង​ម្ចាស់​សំណង់​ដែល​មិន​អនុវត្ត​តាម​កាតព្វកិច្ច​ និង​លក្ខខណ្ឌ​តម្រូវ​ដោយបទ​ដ្ឋាន​គតិ​យុត្ត​ និង​បទដ្ឋាន​បច្ចេកទេស​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ក៏បាន​បញ្ជា​ឱ្យ​អជ្ញា​ធរ​ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលា​ ឬព្រះ​រា​ជ្ញា​បន្ទាន់​ ដើម្បី​ដោះស្រាយ​តា​ផ្លូវច្បាប់​ បន្ទាប់ពី​ពិនិត្យ​ឃើញ​ការដ្ឋាន​សំណង់​ណាមួយ​ ដែល​សាង​សង​គ្មាន​ច្បាប់​អនុញ្ញាត​ផង​ដែរ​៕