សាវ​ជីវកម្ម​ IFC​ ផ្តល់​កម្ចី​ចំនួន​ ៨៧​,៥លាន​ដុល្លារ​ទៅ​ក្រុមហ៊ុន​ BIM​ Land​ ដើម្បី​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​

0

ដោយ ​វុត្ថា​

វៀតណាមៈ​ ក្រុមហ៊ុន​ Stock​ Joint​ BIM​ ដែល​ជា​ក្រុមហ៊ុន​ អភិវឌ្ឍន៍​អចលនទ្រព្យ​ស្ថិត​ក្រោម​ក្រុមហ៊ុន​ BIM​ Group​ បានសម្រេច​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (IFC​) ដែល​ជាស​មា​ជិ​ករបស់​ធនាគារពិភពលោក​ ដើម្បី​ទទួលយក​នូវ​ប្រាក់កម្ចី​រហូតដល់៨៧​,៥លាន​ដុល្លារ​ ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​នៅក្នុង​ប្រទេស​វៀតណាម​ និង​ ប្រទេស​ឡាវ​។

ក្រុមហ៊ុន ​BIM​ បានឱ្យ​ដឹង​កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​ថា​ វិស័យ​ទេសចរណ៍​គឺជា​កត្តា​ជំរុញ​ដល់​ការអភិវឌ្ឍន៍​ដ៏​សំខាន់​មួយ​ សម្រាប់​ប្រទេស​ទាំងពីរ​នេះ​។ កាលពី​ឆ្នាំមុន​ប្រទេស​វៀតណាម​ បាន​សទ​ទួល​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន១៥​,៥ លាន​នាក់​ ខណៈ​ប្រទេស​ឡាវ​បាន​ទាក់ទាញ​ភ្ញៀវ​អន្តរជាតិ​ប្រមាណ៤​,២ លាន​នាក់​គឺ​ទាប​ជាង​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស៣៨លាន​នាក់​ដែល​បាន​មកលេង​ប្រទេស​ថៃ​ជា​រៀងរាល់​ឆ្នាំ​។

ក្រុមហ៊ុន​នេះ​បញ្ជាក់​ទៀ​ថា​ ទាំង​ប្រទេស​វៀតណាម​ និង​ប្រទេស​ឡាវ​មាន​សក្តា​នុ​ពល​គួរ​ឱ្យ​កត់សម្គាល់​សម្រាប់​កំណើន​បន្ថែម​ទៀត​។ បញ្ហា​ប្រឈម​ធំ​មួយ​នៃ​ប្រទេស​ទាំងពីរ​នេះ​ គឺ​កង្វះ​កន្លែង​ស្នាក់នៅ​ដែល​មានគុណ​ភាព​ នៅក្នុង​តំបន់​គោលដៅ​ទេសចរណ៍​។

លោក​ QàonQu​ốc Huy​ នាយក​ប្រតិបត្តិ​នៅ​ក្រុមហ៊ុន ​BIM​ Land​ បាន​មានប្រសាសន៍​ថា​ ក្រុមហ៊ុន​ BIM​ land​ នឹង​សាងសង់​បន្ថែម​នូវ​ចំនួន​ បន្ទប់​សណ្ឋាគារ​លំដាប់​អន្តរជាតិ​ ឬអា​ផា​តមិន​ ដែល​មានគុណ​ភាព​ខ្ពស់​ជាង១៥០០កន្លែង​ នៅក្នុង​ទីក្រុង​វៀងចន្ទន៍​ ទីក្រុង​ Long​ Bay​ និង​កោះ​ Ph​ú Qu​ốc។ លើស​ពីនេះ​ទៅទៀត​គម្រោង​នៅ​កោះ​ Ph​ú Qu​ốc នឹង​ត្រូវ​បង្កើត​ស្តង់ដារ​បរិស្ថាន​ និង​សង្គមថ្មី​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ដោយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ប្រភេទ​ថ្មី​។

សាវ​ជីវកម្ម​ IFC​ នឹង​ផ្តល់​ប្រាក់កម្ចី​រហូតដល់៥០លាន​ដុល្លារ​ ពី​គណនី​ផ្ទាល់ខ្លួន​និង​ប្រាក់កម្ចី​ ដែល​មានទំនុក​ចិត្ត​រហូតដល់៣៧​,៥លាន​ដុល្លារ​អាមេរិក​ ដល់​ក្រុមហ៊ុន​ BIM​ Land​ និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​ ពី​កម្មវិធី​វិនិយោគ​ផ្តល់​ប្រាក់កម្ចី​ពហុ​គ្រប់គ្រង​ (MCPP​) ដែល​គ្រប់គ្រង​ដោយ​ IFC​។

​;យ៉ាងហោចណាស់​ថវិកា១០លាន​ដុល្លារ​ នៃ​កញ្ចប់​ហិរញ្ញប្បទាន​នេះ​នឹង​ត្រូវ​ផ្តល់​ជូន​ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ប្រទេស​ឡាវ​។

ក្រុមហ៊ុន​រំពឹង​ថា​ គម្រោង​នេះ​នឹង​បង្កើត​ការងារ​ប្រហែល១៤០០កន្លែង​ ដែល៦០​ ភាគរយ​សម្រាប់​ស្ត្រី​។ ក្រៅពី​ការជួល​បុគ្គ​លិ​ក្នុង​ស្រុក​ និង​បាន​ប្រាក់ឈ្នួល​ខ្ពស់​ គម្រោង​នេះ​ នឹង​ទទួល​បាន​ប្រហែល៩០ភាគរយ​នៃ​ទំនិញ​ និង​សេវាកម្ម​នៅក្នុង​ស្រុក​ផង​ដែរ​។ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ក៏​នឹង​ចែករំលែក​ការ​អនុ​វត្ត​ល្អ​ៗ ដើម្បី​ជួយ​ឱ្យ​ក្រុមហ៊ុន​បង្កើន​ការអនុវត្ត​ការងារ​របស់​ខ្លួន​។

លោក​ Kyle​ Kelhofer​ នាយក​ IFC​ ប្រចាំ​ប្រទេស​វៀតណាម​ និង​ឡាវ​បាន​មានប្រសាសន៍​ថា​ ឧស្សាហកម្ម​ទេសចរណ៍​ ជា​ការចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការងារ​ប្រាក់ចំណូល​ពី​ការ​ប្តូរ​ប្រាក់​បរទេស​ និង​ចំណូល​ពន្ធ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​។

យោង​តាម​ការ​ខិតខំ​របស់​រដ្ឋាភិបាល​ ការ​ផ្តល់​ប្រាក់កម្ចី​របស់ ​IFC ​ទៅ​ BIM​ Land​ នឹង​ជួយ​បង្កើត​ឱកាស​ការងារ​ ដែល​មាន​ជំនាញ​ខ្ពស់​សម្រាប់​កម្លាំង​ពលកម្ម​ ក្នុង​ប្រទេស​ឡាវ​ និង​វៀតណាម​ ដោយ​ពង្រឹង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​ការចូលរួម​របស់​វិស័យ​ឯកជន​៕

រដ្ឋាភិបាល​ព្រមាន​ក្រុម​ឈ្មួញ​ និង​អ្នកទិញ​ដី​ឡូ​តិ៍​នៅ​ស្រុក​សំឡូត​

0

ដោយ​៖​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​បាន​ធ្វើការ​ព្រមាន​ក្រុម​ឈ្មួញ​ និង​ក្រុម​អ្នកលក់​ដី​ឡូត៍​ក្នុង​ស្រុក​សំឡូត​ ខេត្តបាត់ដំបង​ ដែល​បាន​ទន្រ្ទាន​ដី​របស់​រដ្ឋ​ និង​ជា​ដី​អភិរក្ស​។

យោង​តាម​សេចក្ដីជូនដំណឹង​ដែល​គេហទំព័រ​ Propertyarea.asia​ ទើបតែ​ទទួល​បាន​មុន​នេះ​បន្តិច​បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​មាន​ជនខិលខូច​មួយចំនួន​ បាន​និង​កំពុងតែ​ប្រព្រឹត្ត​បទ​ល្មើ​ល ដោយ​ការ​កាប់​រានទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ​ និង​លក់​បន្ត​ទៅ​ឱ្យ​បុគ្គល​បន្ទាប់​ក្រោម​រូបភាព​ពុះ​ជា​ដី​ឡូ​តិ៍​ ជាពិសេស​ស្ថិតនៅ​ក្នុង​ស្រុក​សំឡូត​ ខេត្តបាត់ដំបង​ ដែល​ស្ថិត​ក្នុង​តំបន់​រដ្ឋាភិបាល​ហាមឃាត់​។

តាមរយៈ​សេចក្ដី​ប្រកា​សព៌​តមាន​ ដែល​បាន​ចេញមុន​នេះ​បន្តិច​បាន​លើកឡើង​ថា​ ក្រសួងបរិស្ថាន​ មាន​កិត្តិយស​សូមជម្រាប​ជូន​សាធារណជន​មេត្តា​ជ្រាប់​ថា​ កន្លងមក​នេះ​ មាន​ជនខិលខូច​បាន​ទន្ទ្រាន​កាន់កាប់​ខុសច្បាប់​ដី​ ស្ថិត​ក្នុង​តំបន់ការពារ​ធម្មជាតិ​ ហើយ​បាន​យក​ទៅ​រៀបចំ​ជា​ដី​ឡូ​តិ៍​លក់​។ ដី​ឡូ​តិ៍​តំបន់​អភិវឌ្ឍន៍​ ឡុង​ វុទ្ធី​ ដែល​មាន​ទំហំផ្ទៃ​ដី​ ៤៩.៦០០ម៉ែត្រការ៉េ​ មាន​ទីតាំងនៅ​ក្នុង​ភូមិ​ភ្នំ​ដំបង​ ឃុំ​សន្តិភាព​ ស្រុក​សំឡូត​ ខេត្តបាត់ដំបង​ ស្ថិតនៅ​ក្នុង​តំបន់ការពារធម្មជាតិ​ (តំបន់​ប្រើ​បា្រស់​ច្រើនយ៉ាង​ សំឡូត​) ដែល​បាន​កំណត់​ដោយ​ព្រះរាជ​ក្រឹត្យ​ ចុះ​ថ្ងៃទី០១​ ខែវិច្ឆិកា​ ឆ្នាំ១៩៩៣​។

យោង​តាមច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​ ដី​សាធារណៈ​របស់​រដ្ឋ​ គឺ​មិន​អនុញ្ញាត​ឱ្យ​កាប់​រានទន្ទ្រាន​កាន់កាប់​ លក់ដូរ​បាន​ឡើយ​ និង​មិន​អាច​ឋិតនៅ​ក្រោម​ការ​កាន់កាប់​ដោយ​លទ្ធកម្ម​ពិសេស​នៃ​ភោគៈ​ឡើយ​។ ការចាត់ចែង​លក់ដូរ​ដី​សាធារណៈ​របស់​រដ្ឋ​នៃ​តំបន់ការពារធម្មជាតិ​ គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ ដោយ​អ្នក​ប្រព្រឹត្ត​ និង​អ្នក​ជាប់ពាក់ព័ន្ធ​ត្រូវ​ផ្តន្ទា​ទោស​ជាប់ពន្ធ​នា​គារ​ និង​ត្រូវ​បាន​ចាត់​ចូល​ជា​ឧក្រិដ្ឋ​កម្ម​ ដូច​មាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។

ជា​ការ​ជៀសវាង​ពី​ហានិភ័យ​ជាយថាហេតុ​ ដែល​បង្កឡើង​ដោយ​ជនខិលខូច​ មុននឹង​សម្រេចចិត្ត​ទិញ​ដី​ឡូ​តិ៍​ខាងលើ​នេះ​ សូម​សាធារណៈ​ជន​មេត្តា​យល់ដឹង​នូវ​ព័ត៌មាន​សំ​ខាន់​ៗមួយចំនួន​ដូចជា​ ទី១​ ឈ្មោះ​ម្ចាស់​អចលនទ្រព្យ​ ក្នុង​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ​ (តើ​ជា​របស់​អ្នក​អភិវឌ្ឍ​គម្រោង​ពុះ​ដី​ឡូ​តិ៍​ ឬជា​របស់​អ្នក​ផ្សេង​)។ ទី២​ វិញ្ញាបនបត្រ​សម្គាល់​អចលនទ្រព្យ​ (មាន​ជាប់​បន្ទុក​ ឬអត់​) ទី៣​ លិខិតអនុញ្ញាត​អភិវឌ្ឍ​ដី​ ដែល​ចេញ​ដោយ​អជ្ញា​ធរ​ ឬអង្គភាព​មានសមត្ថកិច្ច​

ទី៤​ ឯកសារ​បង់ពន្ធ​អចលនទ្រព្យ​ ​ទី៥​ បណ្ណ​បំបែក​ក្បាលដី​ ​និង​ទី៦​ ខ្លឹមសារ​លម្អិត​នៃ​កិច្ចសន្យាលក់​-ទិញ​។

អាស្រ័យ​ដូចនេះ​ សូម​សាធារណជន​ដែល​មានបំណង​ទិញ​ដី​ឡូ​តិ៍​ គួរ​សិក្សា​លម្អិត​ពី​ចំណុច​សំ​ខាន់​ៗទាំងអស់​នេះ​មុន​ពេល​សម្រេចចិត្ត​ទិញ​៕

រដ្ឋសភា​ផ្តើម​ពិនិត្យ​សេចក្តី​ព្រាងច្បាប់​យកពន្ធ​ត្រួត​គ្នា​ និង​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​រវាង​ហុងកុង​ និង​កម្ពុជា​

0

ដោយ ​វុត្ថា​

ភ្នំពេញ​៖​ រដ្ឋសភា​ជាតិ​បាន​ពិនិត្យ​សិក្សា​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​ រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ស្តី​ពី​ ការ​ជៀសវាង​ការ​ យកពន្ធ​ត្រួត​គ្នា​ និង​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​ នឹង​ពន្ធ​លើ​ប្រាក់ចំណូល​ មុននឹង​រដ្ឋសភា​ឈាន​ទៅ​បើក​កិច្ចប្រជុំ​ពេញអង្គ​អនុម័ត​ជា​ផ្លូវការ​។

លោក​ ជាម​ យៀប​ ប្រធាន​គណៈកម្មការ​ នៅក្នុង​ប្រជុំ​ពិភាក្សា​ផ្ទៃក្នុង​គណៈកម្មការ​ នា​ព្រឹក​ថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០១៩​ នេះ​បានឱ្យ​ដឹង​ថា​ សេចក្តី​ព្រាងច្បាប់​នេះ​មាន​គោលបំណង​ទាក់ទាញ​ និង​សម្រួលការ​វិនិយោគ​ និង​ពាណិជ្ជកម្ម​អន្តរជាតិ​ព្រមទាំង​ទប់ស្កាត់​និង​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ​និង​អន្តរជាតិ​។

លោក​បន្ត​ថា​ “កម្ពុជា​បាន​ចាប់ផ្តើម​ចរចា​កិច្ច​ព្រមព្រៀង​ខាងលើ​ ជាមួយ​រដ្ឋបាល​ ពិសេស​ហុងកុង​ ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ២០១៧​ រហូត​បាន​បញ្ចប់​ជាស្ថាពរ​ និង​ចុះហត្ថលេខា​រួចរាល់​កាលពី​ពេល​ថ្មី​ៗនេះ​”។

សេចក្តី​ព្រាងច្បាប់​នេះ​មាន៣ត្រា​។ អង្គប្រជុំ​បានសម្រេច​ឯកភាព​គ្នា​ដោយ​រក្សា​អត្ថបទ​ដើម​ទាំងស្រុង​នៃ​សេចក្ដីព្រាង​ច្បាប់​ ដោយ​គ្រាន់តែ​កែសម្រួល​អក្ខរា​វិរុទ្ធ​អោយ​បាន​ត្រឹមត្រូវ​ តាម​វចនានុក្រម​ច្បាប់​តែប៉ុណ្ណោះ​។ ដោយឡែក​នៅ​មាន​ចំនុច​មួយចំនួន​ ដែល​មាន​លក្ខណៈ​ ស្មុគស្មាញ​ គណៈកម្មការ​ជំនាញ​នឹង​លើកយក​ទៅ​ប្រជុំ​ជាមួយ​តំណាង​រដ្ឋាភិបាល​ ដើម្បី​ទទួល​បានការ​ស្រាយ​បំភ្លឺ​នា​ពេល​ខាងមុខ​។

ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ កាលពី​ថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ​ ២០១៩​ កន្លង​មនេះ​បាន​អនុម័ត​ច្ច​លើ​ព្រមព្រៀង​ រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ស្ដីពី​ ការ​ចៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា​ និង​ការ​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ ពន្ធ​លើ​ប្រាក់ចំណូល​នេះ​ ក្រោម​អធិបតីភាព​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​។

ប្រទេស​កម្ពុជា​កម្ពុជា​ និង​រដ្ឋបាល​ទីក្រុង​ហុងកុង​ កាលពី​ឆ្នាំ២០១៨​ កន្លងមក​នេះ​ បាន​ប្តេជ្ញា​បន្ត​ពង្រឹង​ កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ទ្វេភាគី​បន្ថែម​ទៀត​ ដើម្បី​នាំមក​នូវ​អត្ថ​ប្រយោជន៍​រួម​ដល់​សេដ្ឋកិច្ច​រវាង​ភាគី​ទាំងពីរ​ ខណ:ដែល​ទំហំ​ពាណិជ្ជកម្ម​ហុងកុង​នៅ​កម្ពុជា​ ស្មើ​ប្រមាណ២ភាគរយ​ នៃ​ទុន​វិនិយោគ​ផ្ទាល់​សរុប​ពីក្រៅ​ប្រទេស​។

ទីក្រុង​ហុងកុង​ គឺជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ជា​តំបន់​ពាណិជ្ជកម្ម​រវាង​ចិនដីគោក​ អាស៊ី​ និង​ពិភពលោក​ ​តា​មយ​រយ:មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​ ដូចជា​ប្រព័ន្ធ​ច្បាប់​ កម្រិត​របរ​បង់ពន្ធ​ទាប​ កម្រិតខ្ពស់​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ និង​ការ​វិនិយោគ​ជឿនលឿន​ ទាំង​បណ្ដាញ​អ្នក​អភិវឌ្ឍ​ជាតិ​ និង​អន្ដរ​ជាតិ​ រួម​ជាមួយនឹង​លំហូរ​ព័ត៌មាន​សេរី​ ចំពោះ​ទីផ្សារ​នៃ​ការ​វិនិយោគ​ទំនិញ​នានា​ និង​បាន​បង្កើត​ជា​ទម្រង់​នៃ​បណ្ដុំ​ព័ត៌មាន​មូលធន​ ចំពោះ​ការ​វិនិយោគ​ និង​ហិរញ្ញវត្ថុ​ សម្រាប់​អ្នក​វិនិយោគ​សកល​៕

លោក Trump បានជំរុញឲ្យមានតុល្យភាពពាណិជ្ជកម្មរវាងអាមេរិក និងជប៉ុន ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រោងចេញជាផ្លូវការ

0

ដោយ Donald Lee

ភ្នំពេញៈ ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា រដ្ឋាភិបាលអាមេរិក និងជប៉ុន នឹងពន្លឿនកិច្ច​ព្រមព្រៀងពាណិជ្ជកម្ម ក្នុងរយៈពេលពីរបីសប្តាហ៍ទៀត។

លោក Trump បានផ្ញើលិខិតមួយទៅកាន់សភាអាមេរិកដោយបញ្ជាក់ថា ប្រទេសទាំងពីរបានឈានដល់“ កិច្ចព្រមព្រៀង​ពាណិជ្ជកម្មដំបូង” ហើយនឹងបញ្ចប់កិច្ចព្រមព្រៀ​ង​នេះនៅរយៈពេលប៉ុន្មានសប្តាហ៍ក្រោយ។

នៅក្នុងលិខិតរបស់លោក Donald Trump បានសរសេរថា “ខ្ញុំរីករាយដែលបានរាយការណ៍ថា រដ្ឋបាលរបស់ខ្ញុំ​បានឈានដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មដំបូងទាក់ទងនឹងរបាំងពន្ធគយ (កិច្ចព្រមព្រៀង) ជាមួយជប៉ុន ហើយខ្ញុំមាន​បំណងចុះកិច្ចព្រមព្រៀងនេះនៅសប្តាហ៍ខាងមុខនេះ”។

លោក Trump បានដាក់សម្ពាធដល់ជប៉ុន ឱ្យមានតុល្យភាពឱនភាពពាណិជ្ជកម្មរវាងអាមេរិក និងជប៉ុន ដែលបានកើន​ឡើង​ដល់៦៧ពាន់លានដុល្លារ ដែលភាគច្រើនគឺជប៉ុនធ្វើការនាំចេញរថយន្តរបស់ខ្លួនទៅកាន់អាមេរិក៕

រដ្ឋាភិបាល​កំពុង​សម្រុង​ស្ថាបនា​ផ្លូវជាតិ​សំ​ខាន់​ៗចំនួន៨ ដើម្បី​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​ជាតិ​

0

ដោយ​ រ៉ា​ណេត​

ឧត្តរ​មាន​ជ័យៈ​ មន្រ្តី​ជាន់ខ្ពស់​ក្រសួង​សាធារណៈ​ការ​និង​ដឹកជញ្ជូន​បាន​អះអាង​ថា​ ​រដ្ឋាភិបាល​ បាន​និង​កំពុងតែ​យកចិត្ត​ទុកដាក់​ពន្លឿន​ ក្នុង​កិច្ចការ​ជួសជុល​កែ​លម្អ​រ ផ្លូវជាតិ​សំ​ខាន់​ៗចំនួន៨ខ្សែ​ នៅ​ទូទាំង​ប្រទេស​ ព្រមគ្នា​ជាមួយនឹង​ផ្លូវ​សេដ្ឋកិច្ច​ជាតិ​យ៉ាង​សំខាន់​ផ្សេងទៀត​ដូចជា​ ផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ​ ព្រះសីហនុ​ រួម​ជាមួយនឹង​ស្ពាន​ឆ្លង​ដងទន្លេ​ជាច្រើន​កន្លែង​ទៀតផង​ដែរ​។

ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ លោក​ ស៊ុន​ ចាន់​ថុល​ បាន​លើកឡើង​កាលពី​ថ្ងៃទី១៦​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នៅក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​កងទ័ព​ការពារ​ព្រំដែន​គោក​លេខ៤០២​ ស្ថិតនៅ​តំបន់​អូរ​ស្មាច់​ និង​លេខ៤០៣​ នៅ​តំបន់​អន្លង់វែង​ ចំណុះ​យោធភូមិភាគ​ទី៤ខេត្ត​ឧត្តរមានជ័យ​ថា​ ភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់​ ចាំបាច់​ត្រូវតែ​ពឹងផ្អែក​ទៅលើ​វិស័យ​ដឹកជញ្ជូន​ជាចាំបាច់​។

លោក​បាន​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​នេះ​គម្រោង​ដែល​កំពុងតែ​អភិវឌ្ឍន៍​ និង​គម្រោង​សម្រាប់​ពេល​អនាគ​តធំៗ​ មួយចំនួន​ទាក់ទង​នឹង​វិស័យ​សាធារណការ​។ នៅក្នុង​គម្រោង​ទាំងនោះ​រួមមាន​ ការ​ស្ដារ​ការពង្រីក​ និង​ការ​លើកកម្ពស់​គុណភាព​ផ្លូវជាតិ​លេខ២ ផ្លូវជាតិ​លេខ៣​ ផ្លូវជាតិ​លេខ៤​ ផ្លូវជាតិ​លេខ៥​ ផ្លូវជាតិ​លេខ៦​ ផ្លូវជាតិ​លេខ៧​ ផ្លូវជាតិ​លេខ៨​ ផ្លូវជាតិ​លេខ១០​ ពី​សំឡូត​ទៅ​កោះកុង​ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ -ក្រុង​ព្រះសីហនុ​ ផ្លូវដែក​ទាំងពីរ​ខ្សែ​ ស្ពាន​ឆ្លងទន្លេ​មេគង្គ​នៅ​ខេត្តក្រចេះ​ ការសិក្សា​ពង្រីក​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ​ និង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ព្រមទាំង​ផែនការមេ​ភស្តុភារ​កម្ម​ផង​ដែរ​ សំដៅ​សម្រួល​ដល់​ការ​ដឹកជញ្ជូន​ និង​មានតម្លៃ​ប្រកួតប្រជែង​។

លោក​ស៊ុន​ ចាន់​ថុ​លបា​នប​ញ្ជា​ក់​ថា​ ពេលនេះ​ក្រសួង​បាន​ធ្វើការ​កែទម្រង់​សេវា​សាធារណៈ​ ដោយ​ប្រើ​យន្តការ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ ការ​បើក​ឱ្យ​មាន​មណ្ឌល​ផ្ដល់​សេវា​សាធារណៈ​យ៉ាង​ទូលាយ​ ដូចជា​ នៅ​ផ្សារ​ទំនើប​អ៊ី​អន១​ និង​អ៊ី​អន២​ ការ​បង្ខិត​សេវា​សាធារណៈ​ទៅ​កៀក​ប្រជាពលរដ្ឋ​ តាមរយៈ​ឆៀក​ចល័ត​នៅ​តាម​បណ្ដា​ខេត្ត​ ដែល​មិនទាន់​មាន​មណ្ឌល​ឆៀក​ជាដើម​ សំដៅ​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន​ ឱ្យ​មានប្រសិទ្ធភាព​ និង​ឱ្យ​មាន​តម្លាភាព​។

លោក​ទេស​រដ្ឋមន្ត្រី​ បាន​គូស​បញ្ចាក់​ថា​ វិស័យ​សាធារណការ​ គឺជា​វិស័យ​អាទិភាព​មួយ​ ក្នុងចំណោម​វិស័យ​អាទិភាព​ទាំងបួន​របស់​រាជរដ្ឋាភិបាល​ ហើយ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​មាន​ភារកិច្ច​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​នេះ​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្ដី​ ក្រសួង​មិន​អាច​សាងសង់​ផ្លូវ​ ស្ពាន​ និង​កំពង់ផែ​បានទេ​ ប្រសិនបើ​គ្មាន​សុខ​សន្តិភាព​ និង​ស្ថិរភាព​នយោបាយ​។

លោក​បន្ថែម​ថា​ ដូចនេះ​ អ្នក​ទាំងអស់គ្នា​ត្រូវ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​ការពារ​សន្តិភាព​ ព្រោះថា​សុខ​សន្តិភាព​នាំ​ឱ្យ​សេដ្ឋកិច្ច​មានការ​រីកចម្រើន​ កាត់បន្ថយ​ភាព​ក្រីក្រ​ កសាង​និង​អភិវឌ្ឍ​ប្រទេស​ ទាក់ទាញ​វិ​យោគិន​បរទេស​ និង​ទេសចរណ៍​ បង្កើត​ការងារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ បង្កើត​ទីផ្សារ​លក់​ផលិតផល​យើង​នៅ​បរទេស​ និង​សកម្មភាព​ពាណិជ្ជ​កម្ម​ផ្សេង​ៗទៀត​ សំដៅលើ​កកម្ពស់ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ​ និង​ប្រទេសជាតិ​ ៕

អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​ជាច្រើន​ចាប់ផ្តើម​គំរោង​វិនិយោគ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​តំបន់​ត្រពាំងរូង​ ខេត្តកោះកុង​

0

ដោយ​គង់​ សូ​រិយា

​ភ្នំ​ពេញៈ​ អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​ជាច្រើន​បាន​និង​កំពុង​វិនិយោគ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​តំបន់​ត្រពាំងរូង​ ឃុំ​ត្រពាំងរូង​ ស្ថិត​ក្នុង​ស្រុក​កោះកុង​ ខេត្តកោះកុង​ ដែល​ជា​តំបន់​មាន​ភាព​អំណោយផល​បំផុត​លើ​វិស័យ​អេកូ​ទេសចរណ៍​។

ជាមួយនឹង​ភាព​អំណោយផល​នៃ​ធនធាន​ធម្មជាតិ​ មាន​ព្រែក​ទឹកថ្លា​យ៉ង់​ ដើមឈើ​ខៀវស្រងាត់​ និង​ទឹកជ្រោះ​ថ្លា​យ៉ង់​ បច្ចុប្បន្ន​នេះ​ក្រុម​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​បាន​និង​កំពុង​សាងសង់​ផ្ទះសំណាក់​ ផ្ទះ​តង់​ និង​បឹង​ហ្កា​ឡូ​ជាច្រើន​ ដើម្បី​ជួល​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ​ ពិសេស​ភ្ញៀវ​ទេសចរណ៍​មក​ពី​បណ្តា​ប្រទេស​ នៅក្នុង​សហគមន៍​អឺរ៉ុប​ ដែល​ចូលចិត្ត​ទស្សនា​ និង​កំសាន្ត​នៅ​តាម​រមណីយដ្ឋាន​ធម្មជាតិ​។

លោក​ម៉ម​ សិរី​បញ្ញា​អគ្គនាយក​ក្រុមហ៊ុន ​Easy​ Property​ Investment​ Co​, Ltd​ដែល​កំពុង​វិនិយោគ​រមណីយដ្ឋាន​ឋានសួគ៌​ត្រពាំងរូង​ ស្ថិត​ក្នុង​ឃុំ​ត្រត​ពាំង​រូង​លើ​ផ្ទៃដី​ជិត៥ហិ​កតា​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​ នា​ព្រឹក​ថ្ងៃទី១៧​ កញ្ញា​នេះ​ថា​ តំបន់​ត្រពាំងរូង​ ស្ថិតនៅ​ក្នុង​តំបន់​ដែល​ក្រសួងទេសចរណ៍​រៀបចំ​ ជាគោល​ដៅ​ទេសចរណ៍​បែប​ធម្មជាតិ​  ហើយ​តំបន់​នេះ​មិន​ត្រឹមតែ​ល្បីល្បាញ​នា​ពេល​បច្ចុប្បន្ន​ប៉ុណ្ណោះទេ​ តែ​មាន​ភាព​ល្បីល្បាញ​តាំងពី​ដើម​ទសវត្សរ៍​ទី៥០​ ដោយសារ​អ្នក​និ​ពន្ឋ​សម័យ​ដើម​បាន​និ​ពន្ឋ​បទចម្រៀង​ “ដៃសមុទ្រ​ត្រពាំងរូង​”យ៉ាង​ពិរោះ​លន្លង់លន្លោច​ ដោយ​រៀបរាប់​ពី​ទិដ្ឋភាព​ និង​ភាព​ស្រស់​ត្រកាល​នៃ​តំបន់​ខាងលើ​នេះ​។

​លោក​បន្ត​ថា​“តំបន់​ត្រពាំងរូង​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ដ៏​ប្រណីត​ ជាក់ស្តែង​បច្ចុប្បន្ន​អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​ជាច្រើន​បាន​ និង​កំពុង​ចូល​ទៅ​វិនិយោគ​លើ​រមណីយដ្ឋាន​កែច្នៃ​ជាច្រើន​ ដើម្បី​ប្រែក្លាយ​តំបន់​នេះ​ជា​ឋានសួគ៌​ធម្មជាតិ​មួយ​”។លោក​បន្ត​ថា​ “ដោយសារ​មើលឃើញ​ភាព​អំណោយផល​នេះ​ហើយ​ ទើប​ខ្ញុំ​បាន​និង​កំពុង​វិនិយោគ​គំរោង​ដី​រមណីយដ្ឋាន​នៅ​តំបន់​នេះ​ ដែល​ជា​តំបន់​កំពុង​មាន​សក្តា​នុ​ពល​លើ​ផ្នែក​ភូមិ​សាស្រ្ត​ មាន​សក្តា​នុ​ពល​លើ​ធនធាន​ធម្មជាតិ​ និង​កំពុង​ទាក់ទាញ​ការ​វិនិយោគ​ពី​អ្នក​វិនិយោគ​កូរ៉េ​ បារាំង​ អាល្លឺម៉ង់​ជប៉ុន​ជាដើម​”។

ជាមួយនឹង​លក្ខណៈ​អំណោយផល​ផ្នែក​ភូមិ​សាស្រ្ត​ តំបន់​ត្រពាំងរូង​ក៏​មាន​ទីតាំងនៅ​ជិត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ដែល​រួម​មា​នព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​ក្នុង​ខេត្តកោះកុង​ គំរោង​លំនៅ​ដ្ឋាន​វិស្សមកាល​ គំរោង​សាងសង់​កំពង់ផែ​អន្តរជាតិ​ និង​គំរោង​វិនិយោគ​សេវាកម្ម​បដិសណ្ឋារ​កិច្ច​របស់​ក្រុមហ៊ុន​ Union​ Development​ Group​ ដែល​គ្រោង​បោះទុន ៤០០០​លាន​ដុល្លារ​នៅ​តំបន់​នេះ​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោកស្រី​ឆាយ​ ស៊ីវ​លី​នបាន​ថ្លែង​ថា​ កោះកុង​ ពិតជា​មាន​លក្ខណៈ​ពិសេស​ជាងគេ​ ក្នុងចំណោម​ខេត្ត​ដែល​ស្ថិតនៅ​ជាប់​តំបន់ឆ្នេរ​ ដោយសារតែ​ភាព​អំណោយផល​និង​សក្តា​នុ​ពល​ នៃ​ធនធាន​ធម្មជាតិ​នៅក្នុង​ខេត្ត​នេះ​ ដែល​មិនទាន់​ទាញយ​កម​កប្រើប្រាស់​អស់​នៅឡើយ​។

លោកស្រី​បន្ត​ថា​ “តំបន់​តា​តៃ​ អណ្តូង​ទឹក​ ត្រពាំងរូង​ សុទ្ឋ​តែ​មាន​សក្តា​នុ​ពល​ក្នុង​ការរៀបចំ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ ដែល​បច្ចុប្បន្ន​ធនធាន​ធម្មជាតិ​ទាំងនោះ​ នៅ​មាន​លក្ខណៈ​ថ្មី​ មិនទាន់​មានការ​បំផ្លិច​បំផ្លាញ​នៅឡើយ​”។ លោកស្រី​បន្ត​ថា​ “ខេត្តកោះកុង​ជា​ខេត្ត​ដែល​មាន​ភាព​សម្បូរ​បែប​ នៃ​ធនធាន​ធម្មជាតិ​ និង​ទេសចរណ៍​ដ៏​លេចធ្លោ​ ដែល​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ គួរ​ទាញ​យក​មក​ប្រើប្រាស់​ឲ្យ​អស់​សក្តា​នុ​ពល​ ដើម្បី​ទាញ​យក​ចំណូល​បង្កើន​កំនើន​សេដ្ឋកិច្ច​ជាតិ​”។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្តកោះកុង​ និង​ជាស​មា​ជិ​កស​មា​គម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ជឹង​ សុ​ខម៉េ​ងបាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ តំបន់​ត្រពាំងរូង​ជា​តំបន់​ដែល​មាន​ទឹកជ្រោះ​ ដងព្រែក​ដ៏​ស្រស់​ស្អាត​ និង​ព្រៃ​ព្រឹក្សា​ដ៏​ទាក់ទាញ​ ហើយ​អ្នក​វិ​និ​យោក​ក្នុង​ស្រុក​ និង​អន្តរជាតិ​បាន​និង​កំពុង​ចាប់​អា​រម្ម​ ណ៍​នៅ​តំបន់​នេះ​។

លោក​បន្ត​ថា​ បើសិនជា​មានការ​វិនិយោគ​រមណីយដ្ឋាន​ ទេសចរណ៍​ធម្មជាតិ​នៅ​តំបន់​នេះ​ ពិតជា​ប្រសើរណាស់​ ហើយ​ខ្ញុំ​គាំទ្រ​ ដោយសារ​ព្រែក​និង​ធម្មជាតិ​ដ៏​ល្អ​នៅ​តំបន់​នេះ​”។ លោក​បន្ត​ថា​ “ ទេសភាព​នៅ​តំបន់​នេះ​ស្រស់​ស្អាត​ណាស់​ ហើយ​បើ​ធ្វើ​ដំនើ​រតាម​ផ្លូវទឹក​មកកាន់​ទីរួមខេត្ត​ ស្រែអំបិល​ និង​កោះ​ស្មាច់​ គឺ​មាន​ចម្ងាយ​ជិត​ ពោល​គឺ​តំបន់​នេះ​ពិតជា​មាន​សក្តា​នុ​ពល​ទេសចរណ៍​”។

លោក​ជឹង​ សុ​ខម៉េ​ងបាន​បន្ត​ថា​ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ខេត្តកោះកុង​មានការ​អភិវឌ្ឍ​ច្រើន​ លើ​គំរោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ តំបន់​សេដ្ឋកិច្ច​ពិសេស​ តំបន់​តារា​សាគរ​ ពិ​សេ​សព្រ​លាន​យន្តហោះ​ខេត្តកោះកុង​ថ្មី​ នឹង​បើក​ដំណើរការ​នៅ​ចុងឆ្នាំ​នេះ​ ហើយ​នៅ​ពេល​ព្រលា​នេះ​បើក​ដំណើរការ​ ខេត្តកោះកុង​នឹង​មាន​ភាព​រីកចម្រើន​កាន់តែ​ខ្លាំង​ថែមទៀត​៕

អាមេរិក​ក្លាយជា​អ្នក​ផលិត​ថាមពល​ធំ​បំផុត​បន្ទាប់ពី​ការវាយប្រហារ​កន្លែង​ផលិតកម្ម​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត​

0

ដោយ​ Donald​ Lee​

សហរដ្ឋ​អា​មេ​រិកៈ​ ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ បាន​ទទួលស្គាល់​យ៉ាង​ឆាប់រហ័ស​នូវ​ជំហរ​ថ្មី​របស់​អាមេរិក​ ក្នុងនាម​ជា​អ្នក​ផលិត​ថាមពល​ធំជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ បន្ទាប់ពី​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ ធ្វើ​ឱ្យ​ខូចខាត​ដល់ទី​តាំង​ផលិត​ប្រេង​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​។

លោក ​Donald​ J. Trump​ បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ Twitter​ នា​ព្រឹក​ថ្ងៃទី១៧​ កញ្ញា​នេះ​ថា​ “ដោយសារតែ​យើង​ធ្វើ​បាន​យ៉ាង​ល្អ​ ជាមួយ​ថាមពល​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ យើង​គឺជា​អ្នកនាំ​លក់​ចេញ​ថាមពល​សុទ្ធ​ ហើយ​ឥឡូវនេះ​ ជា​អ្នក​ផលិត​ថាមពល​លេខមួយ​នៅ​លើ​ពិភពលោក​”។

ការ​កោតសរសើរ​នេះ​ ធ្វើ​ឱ្យ​អ្នកវិភាគ​មួយចំនួន​ច្រឡំ​ ខណៈ​អា​រ៉ា​ប៊ី​សា​អូឌីត​ជា​សម្ព័ន្ធ​មិត្ត​សំខាន់​នៅ​មជ្ឈឹ​មបូព៌ា​ និង​ជា​ប្រភព​ចម្បង​មួយ​នៃ​ប្រេងឆៅ​នៅ​លើ​ពិភពលោក​។ អារ៉ាប់​ប៊ី​សា​អូឌីត​ ដឹកជញ្ជូន​ច្រើនជាង៧លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​ក្នុង​មួយថ្ងៃ​ និង​ចូលរួម​ចំណែក៥ភាគរយ​ នៃ​ផលិតកម្ម​ប្រេង​ប្រចាំថ្ងៃ​របស់​ពិភពលោក​។ នេះ​បើ​យោង​តាម​ទិន្ន​ ន័យ​ផ្លូវការ​របស់​រដ្ឋាភិបាល​។

បន្ទាប់ពី​ការវាយប្រហារ​ តម្លៃ​ប្រេង​ឡើង​ដល់២០ភាគរយ​ ដោយមាន​តម្លៃ​ជិត៧០​ ដុល្លារ​ក្នុង​មួយ​បារ៉ែល​។

លោក​ Trump​ បាន​បន្ថែម​ “យើង​មិន​ត្រូវការ​ប្រេង​ និង​ឧស្ម័ន​មជ្ឈឹ​មបូព៌ា​ទេ​ តាមពិត​មានក​ប៉ាល់​មួយចំនួន​នៅ​ទីនោះ​ ប៉ុន្តែ​នឹង​ជួយ​សម្ព័ន្ធ​មិត្ត​របស់​យើង​!”។

ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​ បាន​ផ្តួល​រំលំ​រោងចក្រ​កែច្នៃ​ប្រេង​ធំ​បំផុត​របស់​ពិភពលោក​ ដែល​គ្រប់គ្រង​ដោយក្រុម​ហ៊ុន​រដ្ឋ​ Aramco​៕

សម្តេច​តេជោ​៖ ការ​ធ្វើ​ទេសន្តរប្រវេសន៍​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​គឺជា​ចរន្ត​សកល​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញ៖​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ថា​ ការ​ធ្វើ​ទេសន្តរប្រវេសន៍​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ គឺជា​ចរន្ត​សកល​មួយ​ដែល​កំពុងតែ​ជះឥទ្ធិពល​ស្ទើរគ្រប់​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក​។

សម្តេច​តេជោ​មានប្រសាសន៍​ នៅក្នុង​ពិ​ពី​បើក​សន្និសីទ​ថ្នាក់​រដ្ឋមន្រ្តី​ការងារ​លើក​ទី៣ស្តី​ពី​ កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ការងារ​សម្រាប់​ប្រទេស​កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ ថៃ​ និង​វៀតណាម​ (CLMTV​) នៅ​ថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ក្នុងនាម​រដ្ឋាភិបាល​នៃ​ប្រទេស​នី​មួយ​ៗ តែងតែ​គិតគូរ​យកចិត្ត​ទុកដាក់​ខ្ពស់​ ទៅលើ​សុខទុក្ខ​របស់​ពលករ​ទេសន្តរប្រវេសន៍​ទាំងអស់​ ដោយ​បាន​អនុវត្ត​គោលនយោបាយ​សម្រាប់​ការពារ​ ការគោរព​សិទ្ធិ​ និង​លក្ខខណ្ឌ​ការងារ​ ស្របតាម​បទដ្ឋាន​អាស៊ាន​ និង​លិ​ខិតូ​បក​រណ៍​អន្តរជាតិ​ ដោយ​ចាត់ទុក​ការអនុវត្ត​សិទ្ធិ​ការងារ​ និង​កិច្ច​គាំពារ​សង្គម​គឺជា​ការអនុវត្ត​សិទ្ធិមនុស្ស​ដូចគ្នា​ផង​ដែរ​។

សម្តេច​បន្ថែម​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ច្បាស់លាស់​ទាក់ទង​នឹង​ទេសន្តរប្រវេសន៍​ការងារ​ ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤​ ដើម្បី​កំណើន​ការងារ​ សមធម៌​ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា​ ដែល​បាន​ផ្តោត​ការ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​លើ​កំណែទម្រង់​គ្រប់​វិស័យ​ និង​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ថ្មី​មួយចំនួន​រួមមាន​ គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ​ និង​ការងារ​ ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ គោលនយោបាយ​ជាតិ​ស្តី​ពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេក​ ទេស​និង​វិជ្ជាជីវៈ​ គោលនយោបាយ​ស្តី​ពី​ទេសន្តរប្រវេសន៍​ការងារ​ សម្រាប់​ប្រទេស​កម្ពុជា​ កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា​ ជាពិសេស​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ ដែល​រួមចំណែក​ក្នុង​ការ​គាំពារ​ពលករ​ទេសន្តរប្រវេសន៍​។

សម្រាប់​របប​សន្តិសុខ​សង្គម​ ក្របខណ្ឌ​គោលនយោបាយ​នេះ​បាន​គិតគូរ​ដល់​មន្ត្រី​រាជការ​សាធារណៈ​ កម្មករ​និយោជិត​វិស័យ​ឯកជន​ ដោយ​បង្កើត​ឱ្យ​មានរបប​ធានារ៉ាប់រង​សង្គម​ផ្នែក​សុខុមាលភាព​ ជរាភាព​ ទុព្វលភាព​ មរណភាព​ និង​ហានិភ័យ​ការងារ​ ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​ប្រាក់ចំណូល​ បង្កើន​ផលិតភាព​ការងារ​ និង​យុត្តិធម៌​សង្គម​។ ជា​លទ្ធផល​ កម្ពុជា​បាន​ដាក់​ឱ្យ​ដំណើរការ​នូវ​របប​ហានិភ័យ​ការងារ​ ថែទាំ​សុខភាព​ និង​សោធន​និវត្តន៍​ដែល​គ្រប​ដណ្តប់​លើ​សហគ្រាស​ គ្រឹះស្ថាន​ផ្នែក​ផលិតកម្ម​ ផ្នែក​សេវាកម្ម​ និង​ផ្នែក​សាធារណៈ​ ស្ទើរតែ១០០​%នៃ​កម្មករ​និយោជិត​ និង​មន្ត្រី​សាធារណៈ​។

​ទន្ទឹម​នឹង​នេះ​ កម្ពុជា​កំពុង​រៀបចំ​ និង​ដាក់​ឱ្យ​អនុវត្ត​ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម​នៅ​ឆ្នាំ២០១៨កន្លងមក​នេះ​ ដើម្បី​ពង្រីក​វិសាលភាព​បន្ថែម​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រកបរបរ​ស្វ័យ​និ​យោជន៍​និង​ពលករ​ទេសន្តរប្រវេសន៍​ផង​ដែរ​។

តាមរយៈ​របប​សន្តិសុខ​សង្គម​កម្ពុជា​ នឹង​មាន​ប្រព័ន្ធ​គាំពារ​សង្គម​មួយ​កាន់តែ​ប្រសើរ​ឡើង​ ដែល​ជួយ​ដល់​ការ​អភិវឌ្ឍ​ សុខុមាលភាព​សង្គម​ជូន​ដល់​កម្មករ​និយោជិត​ និង​មន្ត្រី​សាធារណៈ​និង​ធ្វើ​ឱ្យ​សង្គម​កាន់តែ​មាន​សមធម៌​។ ដើម្បី​សម្រេច​បាន​នូវ​សេចក្តី​ថ្លែងការណ៍​ស្តី​ពី​ផែនទី​បង្ហាញផ្លូវ​នេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​ផ្តល់​អនុសាសន៍​មួយចំនួន​ដូច​ខាងក្រោម​៖

១) ប្រទេស​ CLMTV​ សូម​ធ្វើការ​ពិ​ភា​ក្សា​ដោយ​លឈរ​លើ​គោលនយោបាយ​ជាតិ​ ច្បាប់​ជាតិ​ ច្បាប់អន្តរជាតិ​ និង​ភាព​បត់បែន​តាម​បរិបទ​នៃ​ប្រទេស​នី​មួយ​ៗ ក្នុង​គោលដៅ​ឈាន​ទៅដល់​ការ​ដាក់ចេញ​នូវ​ផែនទី​បង្ហាញផ្លូវ​ ដើម្បី​ឆ្ពោះទៅ​កាន់ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​របស់​រដ្ឋមន្ត្រី​ការងារ​ស្តី​ពី​ចល័ត​ភាព​នៃ​របប​សន្តិសុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​នៃ​ប្រទេស​ CLMTV​។

២) ប្រទេស​សមាជិក​ CLMTV​ សូម​ប្រើប្រាស់​គ្រប់​យន្តការ​នៃ​កិច្ចពិភាក្សា​ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី​ និង​ពហុភាគី​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​សេចក្តី​ថ្លែងការណ៍​រួម​របស់​រដ្ឋមន្ត្រី​ការងារ​ស្តី​ពី​ចល័ត​ភាព​ នៃ​របប​សន្តិសុខ​សង្គម​ សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​នៃ​ប្រទេស​ CLMTV​ តាម​ផែនការ​ដែល​បាន​គ្រោងទុក​។

៣) ប្រទេស​សម​ជិ​ក CLMTV​ សូម​បន្ត​ពង្រឹង​ និង​ពង្រីក​ការអនុវត្ត​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ការងារ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ក្នុងចំណោម​ប្រទេស​ CLMTV​ និង​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ ដើម្បី​ធានា​ពី​ការ​ការពារ​សិទ្ធិ​ និង​អត្ត​ប្រយោជន៍​របស់​ពលករ​ទេសន្តរប្រវេសន៍​។

សម្តេច​នាយក​រដ្ឋមន្ត្រី​សង្ឃឹមថា​ ការ​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ជា​មិត្ត​ និង​ជាមួយ​បណ្តា​អង្គការ​ជា​ដៃគូ​អភិវឌ្ឍន៍​នានា​នឹង​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​ ដើម្បី​យើង​រួមគ្នា​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ (UN​) និង​ដើម្បី​វឌ្ឍនភាព​រួម​របស់​ប្រទេស​ទាំង៥​៕

ធនាគារជាតិ​កម្ពុជា​ វៀតណាម​នឹង​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ធនាគារជាតិនៃកម្ពុជា​ និង​ធនាគារ​រដ្ឋ​វៀតណាម​ (SBV​) បាន​បើក​កិច្ចប្រជុំ​ទ្វេភាគី​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ម្សិលមិញ​ ដើម្បី​ផ្លាស់​ប្តូរ​និង​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការគ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច​ជាពិសេស​ផ្នែក​ហិរញ្ញវត្ថុ​ និង​ធនាគារ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចុះ​នៅ​ថ្ងៃទី​ ១៧​ ខែកញ្ញា​។

ថ្លែង​ក្នុង​ឱកាស​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ ដែល​ធ្វើឡើង​ក្នុង​ឱកាស​អបអរសាទរ​ខួប​លើក​ទី៤០នៃ​ការបង្កើត​ធនាគារជាតិនៃកម្ពុជា​ លោក​ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​ បាន​បង្ហាញ​ការ​សាទរ​ដល់​ធនាគារ​ SBV​ ចំពោះ​ការ​ជួយ​យ៉ាងច្រើន​ទាក់ទង​នឹង​ការ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​ធនធានមនុស្ស​ចាប់តាំងពី​ថ្ងៃ​ដំបូង​ នៃ​ការបង្កើត​របស់​ខ្លួន​រហូតមកដល់​សព្វថ្ងៃ​។

លោក​ក៏បាន​វាយតម្លៃ​ ខ្ពស់​ចំពោះ​ប្រតិបត្តិ​ការ​របស់​ធនាគារ​វៀតណាម​ នៅ​កម្ពុជា​ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​ សកម្ម​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​ ក៏ដូចជា​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​។

លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ធនាគារជាតិនៃកម្ពុជា​ នឹង​បន្ត​ការសម្រប​សម្រួល​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ធនាគារ​ SBV​ ក្នុង​ការ​ផ្លាស់​ប្តូរ​គណៈប្រតិភូ​ និង​ចែករំលែក​ព័ត៌មាន​អំពី​កិច្ច​សហប្រតិបត្តិ​ការ​ ដោយ​រួមចំណែក​ជំរុញ​ថែមទៀត​ នូវ​កិច្ច​សហប្រតិបត្តិ​ការ​គ្រប់ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ​។

លោក ​Le​ Minh​ Hung​ ទេសាភិបាល​ធនាគារ​ SBV​ បាន​បញ្ជាក់​ថា​ ធនាគារ​រដ្ឋ​វៀតណាម​មាន​មោទនភាព​ ដែល​បាន​ចូលរួម​ចំណែក​មួយ​ផ្នែក​ ដល់​ការ​អភិវឌ្ឍ​នា​ពេល​បច្ចុប្បន្ន​របស់​ធនាគារជាតិនៃកម្ពុជា​ជាពិសេស​ និង​សេដ្ឋកិច្ច​កម្ពុជា​ជាទូទៅ​។

លោក​បាន​ថ្លែង​ថា​ ក្នុង​បរិបទ​ដែល​សេដ្ឋកិច្ច​ពិភពលោក​ កំពុង​ជួបប្រទះ​ការ​អភិវឌ្ឍ​ស្មុគស្មាញ​ យន្តការ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ធនាគារ​កណ្តាល​ទាំងពីរ​ នឹង​ជួយ​ឱ្យ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​ ចែករំលែក​នូវ​បទពិសោធន៍​ ដើម្បី​អភិវឌ្ឍ​ជាមួយគ្នា​ថែមទៀត​៕

គម្រោង​លំនៅឋាន​ជាច្រើន​បាន​និង​កំពុង​ឆ្ពោះ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៣​

0

ដោយ ​វុត្ថា​

ភ្នំពេញ​៖ គម្រោង​លំនៅឋាន​ជាច្រើន​បាន​និង​កំពុង​រីក​ដុះដាល​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៣​ បើ​ទោះបី​ផ្លូវ​ដ៏​មាន​សក្តា​នុ​ពល​សេដ្ឋកិច្ច​មួយ​នេះ​ បាន​នឹង​កំពុង​ពង្រីក​ និង​ស្ថាបនា​ឡើងវិញ​ និង​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ២០២១​ ឬលឿន​ជាង​នេះ​យ៉ាងណា​ក្តី​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ​Century​ 21​ Fortuna​ Investment​ លោក​វ៉ា​ វីរៈ​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ១៧​ ខែកញ្ញា​ ឆ្នាំ​ ២០១៩នេះ​ថា​ ផ្លូវ​សំ​ខាន់​ៗចេញពី​រាជរាជ​ធានី​ភ្នំពេញ​ ជាពិសេស​ផ្លូវជាតិ​លេខ៣​ បាន​នឹង​កំពុង​មាន​សក្តា​នុ​ពល​លើ​វិស័យ​សំណង់​ការអភិវឌ្ឍន៍​គម្រោង​លំនៅឋាន​ រោងចក្រ​ និង​អគារ​ពាណិជ្ជកម្ម​ជាដើម​។

លោក​បន្ត​ថា​ “នៅ​តាម​បណ្តោយ​ផ្លូវជាតិ​នេះ​ រាប់​ពី​គីឡូម៉ែត្រ​ទី១០ទៅ២០​ គីឡូ​ ម៉ែត្រ​ចេញពី​រង្វង់​មូល​ចោមចៅ​ មាន​គម្រោង​សាងសង់​លំនៅ​ឋាន​ធំៗ​ចំនួន៤ទៅ៥​ គម្រោង​ជាច្រើន​បា​នឹង​កំពុង​វិនិយោគ​ដោយ​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ដោយសារ​នៅ​តា​មណ្តោយ​ផ្លូវជាតិ​លេខ៣នេះ​ ដី​មានតម្លៃ​ធូ​ថ្លៃ​ និង​កាលពី​លើក​មុន​ ផ្លូវ​គេ​មិនទាន់​បាន​ធ្វើ​ការ​ជុស​ជួល​”។

លោក​បន្ថែម​ថា​ ប៉ុន្តែ​នៅពេល​នេះ​ផ្លូវជាតិ​លេខ៣​ បាន​នឹង​កំពុង​ស្ថាបនា​ឡើងវិញ​ ដែល​ជំរុញ​ឱ្យ​មានការ​សាងសង់​លំនៅឋាន​។ ការទិញ​លំនៅឋាន​ កុំ​គិត​ពី​ចំងាយ​ឆ្ងាយ​ សំខាន់​គឺ​ផ្លូវ​សម្រាប់​ធ្វើដំណើរ​ មាន​ភាព​ងាយស្រួល​ និង​បាន​លឿន​ ហើយ​ក្នុងរយៈពេល​ ២ឆ្នាំទៅ​មុខ​ទៀត​ ស្ពាន​អាកាស​ចោមចៅ​ត្រូវ​បាន​បញ្ចប់​ទៀត​ នឹង​ធ្វើអោយ​ចរាចរណ៍​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​។

អគ្គនាយក​ក្រុមហ៊ុន​ Premium​ Housing​ លោក​ ម៉ាន់​ ចាន់​ឌី​ បានឱ្យ​ដឹង​ដែរ​ថា​ ជា​ការពិត​ណាស់​ផ្លូវជាតិ​លេខ៣​ មាន​សក្តា​នពុល​ខ្ពស់​ ហើយ​បាន​នឹង​កំពុង​ទាក់ទាញ​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ជាច្រើន​ រួមមាន​ គម្រោង​របស់​បុរី​ពិភព​ថ្មី​ និង​បុរី​លឹម​ឈាង​ហាក់ជា​ដើម​។

លោក​បន្ត​ថា​ ក្រៅពី​គម្រោង​លំនៅឋាន​ប្រមាណ៣​ ទៅ៤​ ក៏​មាន​គម្រោង​សាងសង់​រោងចក្រ​ និង​អភិវឌ្ឍន៍​ជាច្រើន​ផ្សេងទៀត​ ក៏បាន​ទៅ​បោះទីតាំង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៣នេះ​ដែរ​ ដែល​ធ្វើ​ឱ្យ​សក្តា​នុ​ពល​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​មួយ​នេះ​ កាន់តែ​មាន​ភាព​ទាក់ទាញ​ លើ​ការ​អភិវឌ្ឍ​គម្រោង​លំនៅឋាន​ និង​គម្រោង​ផ្សេងទៀត​ ស្រប​ទៅ​នឹង​ផ្លូវ​ក៏បាន​នឹង​កំពុង​ពង្រីក​ និង​ស្ថាបនា​ឡើងវិញ​ផង​ដែរ​។

ស្រប​ពេល​ដែល​រដ្ឋាភិបាល​បាន​នឹង​កំពុង​ជួសជុល​ និង​ពង្រីក​ឡើងវិញ​នូវ​ជាតិ​លេខ៣​ ចាប់ពី​ចំណុច​រង្វង់​មូល​ចោមចៅ​ ក្រុងភ្នំពេញ​ឆ្ពោះទៅ​ទីរួមខេត្ត​កំពត​ បាន​ធ្វើ​ឱ្យ​ដី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៣​ នេះ​មាន​សក្តា​នុ​ពល​កាន់តែ​ខ្លាំង​ក្នុង​ការ​ពុះ​ជា​ឡូ​ត៍ៗ​ ​ការសាងសង់​អគារ​ពាណិជ្ជកម្ម​ និង​អគារ​ផ្ទះល្វែង​សម្រាប់​លក់​ជាដើម​។

ផ្លូវជាតិ​លេខ៣​ ជា​ខ្សែ​ផ្លូវ​នៃ​ប៉ូល​សេដ្ឋកិច្ច​ និង​ទេសចរណ៍​ដ៏​មាន​សក្តា​នុ​ពល​របស់​កម្ពុជា​ តភ្ជាប់​រាជធានី​ភ្នំពេញ​ ទៅកាន់​ខេត្តកំពត​ ដោយ​ឆ្លងកាត់​រាជធានី​-ខេត្ត​ចំនួន៥រួមមាន​ រាជធានី​ភ្នំពេញ​ ខេត្តកណ្តាល​ កំពង់ស្ពឺ​ តាកែវ​ និង​កំពត​ និង​អាច​តភ្ជាប់​ទៅកាន់​កំពង់ផែ​សមុទ្រ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ តាមរយៈ​ផ្លូវជាតិ​លេខ៤​ និង​ខេត្តកោះកុង​ ច្រកព្រំដែន​កម្ពុជា​-ថៃ​ តាមរយៈ​ផ្លូវជាតិ​លេខ៤​ និង​ផ្លូវជាតិ​លេខ៤៨​៕