មន្ត្រី​ពាណិជ្ជកម្ម​ចិន​ធ្វើដំណើរ​ទៅ​ទីក្រុង​វ៉ាស៊ីនតោន​ដើម្បី​ចាប់ផ្តើម​ការពិភាក្សា​ពាណិជ្ជកម្ម​ឡើងវិញ​

0

ដោយ​ Donald​ Lee​

ប៉េ​កាំងៈ​ អនុរដ្ឋ​មន្រ្តី​ហិរញ្ញវត្ថុ​ចិន​ Liao​ Min​ នឹង​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃពុធ​ ដើម្បី​ចាប់ផ្តើម​ការពិភាក្សា​ពាណិជ្ជកម្ម​ឡើងវិញ​។

លោក​ Liao​ នឹង​ដឹកនាំ​ប្រតិភូ​រដ្ឋាភិបាល​ទៅកាន់​រដ្ឋធានី​របស់​អាមេរិក​ បន្ទាប់ពី​ទទួលយក​ការ​អញ្ជើញ​ ពីរ​ដ្ឋ​បាល​របស់​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​។

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ បាន​កើន​កំ​ដៅ​ឡើង​យ៉ាង​ខ្លាំង​អស់​រយៈពេល​ជាង​មួយឆ្នាំ​។ ប៉ុន្តែ​ថ្មី​ៗនេះ​ភាគី​ទាំងសងខាង​ បាន​បញ្ចេញ​កាយវិការ​ផ្សះផ្សា​គ្នា​ នៅពេល​ដែល​ទីក្រុង​ប៉េកាំង​ រៀបចំ​សម្រាប់​ខួប​លើក​ទី៧០នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

ចិន​បាន​អនុញ្ញាត​ឱ្យ​ទិញ​សណ្តែកសៀង​អាមេរិក​ជាង៦០ម៉ឺន​តោន​ បន្ទាប់ពី​ហាមឃាត់​ការនាំចូល​ផលិតផល​កសិកម្ម​របស់​អាមេរិក​ នៅពេល​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​កាន់តែ​យ៉ាប់យ៉ឺន​កាលពី​ខែមុន​។

ប្រធានាធិបតី​អាមេរិក​លោក​ Donald​ J.Trump​ បាន​បញ្ជា​ឱ្យ​មាន​ការ​ពន្យា​ពេល​នៃ​ការ​តំឡើង​ពន្ធគយ​ ដើម្បី​កុំឱ្យ​មានការ​រំខាន​ដល់​ការរៀបចំ​គម្រប់​ខួប​ក្រុង​ប៉េកាំង​។ ការ​តំឡើង​ពន្ធគយ​លើ​ទំនិញ​ចិន​ ដែល​មានតម្លៃ២៥០ពាន់​លាន​ដុល្លារ​ នឹង​ចូលជាធរមាន​ក្នុងរយៈពេល២សប្តាហ៍​បន្ទាប់ពី​ខួប​នេះ​។

លោក​ Trump​ បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ Twitter​ កាលពី​ថ្ងៃពុធ​ “តាម​សំណើ​របស់​ឧបនាយក​រដ្ឋមន្រ្តី​ចិន​ គឺ​លោក ​Liu​ He​ ហើយដោយ​សារ​តែ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ នឹង​ប្រារព្ធ​ខួប​លើក​ទី៧០របស់​ពួកគេ​នៅ​ថ្ងៃទី​ ១ ខែ​ តុលា​ យើង​បាន​ព្រមព្រៀង​គ្នា​ ដោយ​កាយវិការ​នៃ​ឆន្ទៈល្អ​ ក្នុង​ការ​ផ្លាស់​ប្តូរ​ការ​កើនឡើង​ពន្ធ​លើ​ទំនិញ២៥០ពាន់​លាន​ដុល្លារ​ (២៥​% ទៅ​ ៣០​%) គិត​ចាប់ពី​ថ្ងៃទី១ដល់​ថ្ងៃទី១៥​ ខែតុលា​”៕

ប្លង់​គោល​អភិវឌ្ឍន៍​ក្រុង​-ស្រុក​ទាំងអស់​នៃ​ខេត្តកណ្តាល​ត្រូវ​បាន​សិក្សា​បញ្ចប់​ហើយ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ មន្រ្តី​ជំនាញ​ខេត្តកណ្តាល​បាន​អះអាង​ថា​ ប្លង់​គោល​អភិវឌ្ឍន៍​ក្រុង​-ស្រុក​ទាំងអស់​នៃ​ខេត្តកណ្តាល​ត្រូវ​បាន​សិក្សា​ចប់​ ខណៈ​ដែល​ថ្នាក់​ជាតិ​បានសម្រេច​ទទួលស្គាល់២​ ​ថ្នាក់​ខេត្ត​ទទួលស្គាល់១​ និង​ផ្សេងទៀត​មិនទាន់​បានសម្រេច​។

លោក​បណ្ឌិ​តវ៉ាន់​ វ៉ា​ត អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម​ និង​ជា​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​ខេត្តកណ្តាល​បាន​មានប្រសាសន៍​ឱ្យ​ដឹង​នៅ​ថ្ងៃទី​ ១៦​ ខែកញ្ញា​ ឆ្នាំ២០១៩​ នេះ​ថា​ កន្លងមក​នេះ​ប្លង់​គោល​អភិវឌ្ឍន៍​ក្រុង​តាខ្មៅ​ និង​ស្រុក​កោះធំ​ត្រូវ​បាន​ចុះហត្ថលេខា​ទទួលស្គាល់​កម្រិត​ថ្នាក់​ជាតិ​ ហើយ​មួយទៀត​ទទួល​កម្រិត​ថ្នាក់​ខេត្ត​ គឺ​ស្រុក​កៀនស្វាយ​ ក្រៅពីនោះ​មិនទាន់​បានសម្រេច​ទទួលស្គាល់​នៅឡើយ​ទេ​។

លោក​បន្ត​ថា​ “ការចុះបញ្ជី​កន្លងមក​ និង​បច្ចុប្បន្ន​ ត្រូវ​បាន​អនុវត្ត​តាម​ផែនការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​ហើយ​ ដោយសារតែ​វា​ជា​តម្រូវការ​របស់ក្រ​សួង​ ទាំង​ការ​ចេញ​បណ្ណ​ និង​ ផ្ទេរ​ប្លង់​រឹង​ និង​ទន់​ក៏​ត្រូវ​មាន​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​ដែរ​ កុំ​អោយ​មានការ​ប្រឈម​នា​ពេល​អនាគត​”។

លោក​បណ្ឌិ​តវ៉ាន់​ វ៉ា​តបាន​បន្ថែម​ថា​ ជាមួយគ្នា​នេះ​ ខេត្ត​នឹង​អញ្ជើញ​មន្ត្រី​ពាក់ព័ន្ធ​ និង​ប្រជាពលរដ្ឋ​ ដើម្បី​ធ្វើ​វេទិកា សាធារណៈ​បន្ថែម​ទៀត​ ​ព្រោះ​កន្លងមក​នេះ​ មាន​បញ្ហា​ជាមួយ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ ដែល​ពួកគាត់​មិនទាន់​យល់​ច្បាស់​ និង​មិន​គាំទ្រ​លើ​ការរៀបចំ​របស់​អជ្ញា​ធរ​។

លោក​បាន​បន្ត​ថា​ “ក្រោមការដឹកនាំរបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការគាំទ្រពីអភិបាលនៃគណអភិបាលខេត្តកណ្តាល ឯកឧត្តម ម៉ៅ ភារុណ សម្រាប់ខេត្តកណ្តាល​ត្រូវបាន​ធ្វើ​ការសិក្សា​សព្វគ្រប់​អស់ហើយ​ នូវ​គ្រប់​ក្រុង​ និង​ស្រុក​ ហើយ​យើង​បាន​នឹង​កំពុង​រៀបចំ​ធ្វើ​វេទិកា​ និង​ការ​កែសម្រួល​សម​ហរ​ណកម្ម​ជាមួយនឹង​ការចុះបញ្ជី​ ព្រោះ​កាលពី​លើក​មុន​យើង​ធ្វើ​ដាច់ដោយឡែក​ តែ​ឥឡូវ​យើង​បញ្ចូល​គ្នា​ ទាំង​ប្លង់​គោល​ និង​ការចុះបញ្ជី​ផង​ដែរ​”។

ខេត្តកណ្តាល​មាន​ក្រុង​ និង​ស្រុក​ចំនួន១១នៅ​ទូទាំង​ខេត្ត​ ខណៈ​ការរៀបចំ​ប្លង់​គោល​មាន​សារៈសំខាន់​ណាស់​ ដើម្បី​រៀបចំ​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ណាមួយ​ ឲ្យ​មាន​ភាព​សមស្រប​ នឹង​ការ​រីកចម្រើន​សេដ្ឋកិច្ច​សង្គម​ ក៏ដូចជា​ធ្វើឲ្យ​សហគមន៍​មានការ​អភិវឌ្ឍ​មាន​ភាព​របៀបរៀបរយ​។

លោក​បន្ត​ថា​ “ការរៀបចំ​ប្លង់​គោល​បាន​កំណត់​តំបន់​ណាមួយ​ នឹង​ត្រូវ​ប្រើប្រាស់​ជា​តំបន់​លំនៅ​ដ្ឋាន​ តំបន់​ពាណិជ្ជកម្ម​ តំបន់ឧស្សាហកម្ម​ និង​តំបន់កសិកម្ម​ជាដើម​”៕

ទីផ្សារ​ភាគហ៊ុន​ទី​ក្រុង​ឡុងដ៍​ចង់បាន​ទំនាក់ទំនង​ល្អជា​មួយ​ចិន​ជាង​ក្រុង​ហុងកុង​

0

ដោយ​ Donald​ Lee​

ទី​ក្រុង​ឡុងដ៍ៈ​ ផ្សារហ៊ុន​ទី​ក្រុង​ឡុងដ៍​បាន​ស្តី​ បន្ទោស​ដល់​ការ​ផ្លាស់​ប្តូរ​ផ្សារហ៊ុន​ក្រុមហ៊ុន​ Hong​ Kong​ Exchanges​ and​ Clearing​ (HKEX​) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​ ចំពោះ​ការប៉ុនប៉ង​របស់​ខ្លួន​ ក្នុង​ការ​កាន់កាប់​ផ្សារហ៊ុន​ដ៏​ធំ​បំផុត​មួយ​នៅ​អឺរ៉ុប​។

ក្រុមហ៊ុន​ HKEX​ បាន​ផ្តល់​សំណើ​ចំនួន៣៦​,៦ពាន់​លាន​ដុល្លារ​ ដល់​ក្រុមប្រឹក្សា​ភិបាល​ផ្សារហ៊ុន​ទី​ក្រុង​ឡុង​កាលពី​សប្តាហ៍​មុន​។

ប្រធាន​ផ្សារហ៊ុន​ទី​ក្រុង​ឡុងដ៍​លោក​ Don​ Robert​ បាន​ផ្ញើ​ការ​ស្តី​បន្ទោស​យ៉ាង​លឿន​ទៅកាន់​ផ្សារហ៊ុន​ហុងកុង​ថា​ លោក​មិន​ជឿ​ថា​ការទិញ​នេះ​ គឺ​ស្ថិតនៅ​ក្នុង​ផលប្រយោជន៍​យូរអង្វែង​ល្អ​បំផុត​របស់​ផ្សារហ៊ុន​ចក្រភព​អង់គ្លេស​ ដែល​គិតគូរ​ពី​ស្ថានភាព​អស្ថិរភាព​នា​ពេល​បច្ចុប្បន្ន​ ដោយសារតែ​ការ​តវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ ដែល​បាន​ធ្វើ​ឱ្យ​រញ្ជួយ​ទឹកដី​ហុងកុង​រយៈពេល ១៥សប្តាហ៍​។

លោក​ Robert​ បាន​សរសេរ​ថា​ “យើង​មិន​ជឿ​ថា​ ក្រុមហ៊ុន​ HKEX​ ផ្តល់​ឱ្យ​យើង​នូវ​ទីតាំង​យូរអង្វែង​ល្អ​បំផុត​នៅ​អាស៊ី​ ឬជា​វេទិកា​ចុះបញ្ជី​ និង​ពាណិជ្ជកម្ម​ល្អ​បំផុត​សម្រាប់​ប្រទេស​ចិន​”។

លោក​បាន​បន្ថែម​ថា​ ផ្សារហ៊ុន​អង់គ្លេស​បាន​តស៊ូ​ ដើម្បី​រក្សា​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ផ្សារហ៊ុន​សៀងហៃ​ ដើម្បី​ធ្វើអាជីវកម្ម​នៅក្នុង​ប្រទេស​ចិន​។

លោក​ Robert​ បាន​បន្ថែម​ថា​ “យើង​ផ្តល់​តម្លៃ​ដល់​ភាពជា​ដៃគូ​ ដែល​មានផល​ប្រយោជន៍​ទៅវិញទៅមក​ ជាមួយ​ផ្សារហ៊ុន​សៀង​ហៃល​ ជា​បណ្តាញ​ដែល​ពេញចិត្ត​ និង​ដោយ​ផ្ទាល់​របស់​យើង​ ដើម្បី​ទទួល​បាន​ឱកាស​ជាច្រើន​ជាមួយ​ប្រទេស​ចិន​”៕

លោក​ Donald​ Trump​ មាន​អចលនទ្រព្យ​ផ្ទាល់ខ្លួន​ចំនួន១២២លាន​ដុល្លារ​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ លោក​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ គឺជា​អ្នកមាន​ទ្រព្យសម្បត្ដិ​ផ្នែក​អចលនទ្រព្យ​មួយ​រូប​នៅ​អាមេរិក​។ មិន​ត្រឹមតែ​ក្រុមហ៊ុន​របស់​លោក​មានទ្រព្យ​ច្រើនជាង២ពាន់​លាន​ដុល្លារ​លើ​អចលនទ្រព្យ​នៅ​ទូទាំង​ទីក្រុង​ញូ​វយ៉​ក វ៉ា​ស៊ីន​តោន​ឌី​ស៊ី​ ឈី​កា​ហ្គោ​ សាន់​ហ្វ្រាន់​ស៊ី​ស្កូ​ និង​ទី​ក្រុង​ធំៗ​ដទៃទៀត​នៅ​អាមេរិក​ប៉ុណ្ណោះទេ​ លោក​ក៏​មាន​អចលនទ្រព្យ​ផ្ទាល់ខ្លួន​ជាង១២២លាន​ដុល្លារ​ផង​ដែរ​ នៅ​តាម​បណ្តោយ​តំបន់​អា​ត្លង់​ទិ​ក។ នេះ​បើ​យោង​តាម​ការ​ប៉ាន់ស្មាន​របស់​ទស្សនា​វត្ដី​ Forbes​។

កាលពី​ខែ​ មិថុនា​ ឆ្នាំ​ ២០១៩​ លោក​ Trump​ បាន​លក់​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់​លោក​នៅ​ភាគ​ខាងលិច​ ដែល​ជា​វិមាន​ផ្ទះ​ Tudor​-style​ ទំហំ​ ៥,៣៩៥​ ហ្វី​តការ៉េ​នៅ​តំបន់​ Beverly​ Hills​ ក្នុង​តម្លៃ១៣​,៥លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​តាម​របាយការណ៍​របស់​ Jack​ Flemming​ សម្រាប់​កាសែត​The​ Los​ Angeles​ Times​។

ការ​លក់​នេះ​ នៅតែ​បន្សល់ទុក​នូវ​អចលនទ្រព្យ​របស់​លោក​ Trump​ ចំនួន៨កន្លែង​ទៀត​ឥឡូវនេះ​ ខណៈ​រឿង​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ វា​គ្រាន់តែ​ជា​ចំណែក​នៃ​ទ្រព្យសម្បត្តិ​សរុប​របស់​លោក​ ដែល​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​ មាន​ប្រាក់​ចំនួន​ចំនួន
៣​,១ពាន់​លាន​ដុល្លារ​។

អ្នកតំណាង​ឱ្យ​ក្រុមហ៊ុន​លោក​ Trump​ មិនបាន​ឆ្លើយ​តប​ភ្លាម​ៗចំពោះ​សំណើសុំ​ការ​អត្ថា​ធិប្បាយ​ពី ​Business​ Insider​ អំពី​តម្លៃ​អចលនទ្រព្យ​ផ្ទាល់ខ្លួន​របស់​លោក​ Trump​ ទេ​៕

គម្រោង​សាងសង់​ផ្សារ​បោះ​ដុំ​បន្លែ​ផ្លែឈើ​នៅ​បឹង​តា​មោឃ​ចាប់ផ្តើម​ធ្វើសកម្មភាព​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ជាមួយ​គំរោង​ផ្លាស់ប្ដូរ​ទីតាំង​ផ្សារ​បោះ​ដុំ​បន្លែ​ និង​ផ្លែឈើ​ពី​ផ្សារដើមគរ​ ទៅកាន់​ទីតាំង​ថ្មី​ ដែល​ស្ថិត​ជ្រុង​ម្ខាង​នៃ​បឹង​តា​មោឃ​ (បឹង​កប់​ស្រូវ​) លើ​ផ្ទៃដី​ទំហំ២០ហិ​កតា​នោះ​ បច្ចុប្បន្ន​សកម្មភាព​នៃ​ដំណើរការ​សាងសង់​ផ្សារ​នេះ​ បាន​កំពុង​មាន​សកម្មភាព​យ៉ាងសកម្ម​។

តំបន់​ជុំវិញ​បឹង​តា​មោឃ​ បច្ចុប្បន្ន​នេះ​ត្រូវ​បាន​កាត់​ចូល​ចំណែក​ខ្លះ​ មក​ក្នុង​ចំណុះ​ខណ្ឌ​ព្រែកព្នៅ​ រាជធានី​ភ្នំពេញ​ កំពុងតែ​មានការ​អភិវឌ្ឍ​ទៅលើ​វិស័យ​អចលនទ្រព្យ​ វិស័យ​សំណង់​និង​លំនៅ​ដ្ឋាន​ និង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ ជាពិសេស​គម្រោង​អភិវឌ្ឍ​ផ្ទៃ​បឹង​មួយភាគធំ​ធ្វើជា​ទីលានប្រណាំង​ទូ​កកានូ​ ដែល​កាន់តែ​ជំរុញ​ឱ្យ​តម្លៃ​ដីធ្លី​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​។ ដោយឡែក​ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​អភិវឌ្ឍ​ និង​សាងសង់​ផ្សារ​បោះ​ដុំ​បន្លែ​ ផ្លែឈើ​ និង​ទី​ចំណត​រថ​យន្ត​ធំៗ​ ដែល​នឹង​ត្រូវ​ផ្លាស់ប្ដូរ​ចេញពី​ផ្សារដើមគរ​ និង​ផ្សារ​នាគ​មាស​ ក៏​កំពុងតែ​បន្តសកម្មភាព​ផង​ដែរ​។

អភិបាល​នៃ​គណ​អភិបាលខណ្ឌ​ព្រែកព្នៅ​ លោក​សុខ​ សម្បត្តិ​ បាន​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី១៦​ ខែកញ្ញា​ ឆ្នាំ២០១៩កន្លងមក​ថា​ បច្ចុប្បន្ន​នេះ​ គម្រោង​នៃ​ការសាងសង់​ផ្សារ​បោះ​ដុំ​បន្លែ​ និង​ផ្លែឈើ​ គឺ​នៅតែ​បន្តសកម្មភាព​ មិន​មានការ​ផ្អាក​នោះ​ទេ​ ខណៈ​ដែល​ការសិក្សា​ត្រូវ​បាន​បញ្ចប់​ទាំងស្រុង​រួចរាល់​ហើយ​នោះ​។

លោក​បាន​បន្ត​ទៀត​ថា​ “ឥឡូវ​ គឺ​កំពុងតែ​បូម​ដី​ដាក់​លុប​បំពេញ​ នៅ​តាម​ច្រាំង​មាត់បឹង​ជា​ជំហាន​ដំបូង​ រួម​ជាមួយនឹង​កា​រំ​ណត់​ទីតាំង​ព្រំ​ដី​ផង​ដែរ​”។ លោក​បាន​បន្ត​ទៀត​ថា​ “ការ​លុប​ដី​នៅពេល​នេះ​ ទើបតែ​បាន​ចំនួន​តិច​នៅឡើយ​ ដោយហេតុថា​ពាក់ព័ន្ធ​ទៅ​នឹង​កត្តា​អាកាសធាតុ​ ភ្លៀង​ធ្លាក់​ច្រើន​ ដែល​រំខាន​ដល់​ដំណើរការ​ងារ​របស់​អ្នកបច្ចេកទេស​”។

​;លោក​បាន​បន្ត​ទៀត​ថា​ ចំពោះ​ការកំណត់​ពេលវេលា​ជាក់លាក់​ថា​ អាច​នឹង​បញ្ចប់​ការ​លុប​ដី​នៅ​ត្រឹម​ប៉ុន្មាន​ខែ​ទៀត​នោះ​ យើង​នៅ​មិនទាន់​អាច​កំណត់​បាន​នៅឡើយ​នោះ​ទេ​ ព្រោះ​ទំហំ​ដែល​ត្រូវ​លុប​មាន​រហូតដល់​ទៅ២០ហិ​កតា​ ហើយ​ជម្រៅ​បឹង​មាន​កន្លែង​ខ្លះ​រាក់​ កន្លែង​ខ្លះ​ជ្រៅ​ ដែល​ត្រូវ​ចំណាយ​ច្រើន​បន្តិច​។

ទោះជាយ៉ាងណា​ លោក​បាន​បញ្ជាក់​ថា​ សកម្មភាព​របស់​ក្រុមការងារ​ជំនាញ​នៅតែ​បន្ត​ទៅមុខ​ជានិច្ច​ស្រប​ទៅ​នឹង​ការសម្រេច​សម្រាប់​រដ្ឋាភិបាល​។

អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​កម្ពុជា​ លោក​ ង៉ែត​ ជូ​ បាន​មានប្រសាសន៍​ផង​ដែរ​ថា​ ការ​រុះរើ​ និង​ផ្លាស់ទី​តាំង​ផ្សារ​បោះ​ដុំ​បន្លែ​ និង​ផ្លែឈើ​ ពី​ផ្សារដើមគរ​ ទៅ​បឹង​តា​ម៉ោក​ វា​ជា​រឿង​ល្អ​ សម្រាប់​សាធារណៈ​ជន​ទូទៅ​មួយចំនួន​ធំ​ ប៉ុន្តែ​ក៏​មាន​អាច​ប៉ះពាល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ដែល​អាស្រ័យផល​មួយចំនួន​តូច​ដែរ​។

លោក​បាន​បន្ត​ទៀត​ថា​ “ជាក់ស្ដែង​ផ្សារ​ដោះ​ដុំ​បន្លែ​ និង​ផ្លែឈើ​នៅ​ទីតាំង​ចាស់​គឺ​មានផល​ប៉ះពាល់​ច្រើន​ ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ ប៉ះពាល់​ដល់​បរិស្ថាន​ ប៉ះពាល់​សណ្ដាប់ធ្នាប់​ ជាពិសេស​រំ​ខាន់​ដល់​ប្រជាពលរដ្ឋ​ ដែល​មាន​លំនៅ​ដ្ឋាន​ជុំវិញ​ទីតាំង​ចាស់​”។ លោក​បាន​បន្ត​ថា​ “ក្រោយពេល​ផ្លាស់ប្ដូរ​ទីតាំង​ អជ្ញា​ធរ​អាច​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការរៀបចំ​សណ្ដាប់ធ្នាប់​ និង​សម្រួលការ​កកស្ទះ​បាន​មួយ​កម្រិត​ធំ​ ដែល​ជា​ការ​លើកកម្ពស់​សោភ័ណភាព​ក្រុង​ផង​ដែរ​ ប៉ុន្តែ​ក៏​មានផល​ប៉ះពាល់​ទៅដល់​អាជីវករ​ខ្នាត​តូច​មួយចំនួន​ដែល​កំពុងតែ​អាស្រ័យផល​ពី​ផ្សារ​មួយ​នេះ​ផង​ដែរ​ ដោយហេតុថា​ពួកគាត់​មិន​មានលទ្ធភាព​ក្នុង​ការ​នាំ​កសិផល​ទៅកាន់​ផ្សារ​ទីតាំង​ថ្មី​ ព្រោះ​មាន​ចម្ងាយ​ឆ្ងាយ​”។

លោក​ ង៉ែត​ ជូ​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ ជា​ធម្មតា​ទេ​ នៅពេល​ដែល​មានការ​អភិវឌ្ឍ​នៅ​តំបន់​ណាមួយ​ តែង​ជៀស​មិន​ផុត​ពី​ផល​ប៉ះពាល់​ ពី​អ្នក​អាស្រ័យផល​នោះ​ទេ​ ជាពិសេស​ប្រជាពលរដ្ឋ​ ក៏ដូចជា​អាជីវករ​ខ្នាត​តូច​ ដែល​មិន​អាច​មាន​ធនធាន​ក្នុង​ការសម្រប​ខ្លួន​តាម​គោលការណ៍​របស់​រដ្ឋាភិបាល​៕

ចំណេះដឹង​! តើ​កម្ពុជា​អាច​ធ្វើជាតូបនីយកម្ម​ទ្រព្យសម្បត្តិ​របស់​អ្នក​វិនិយោគ​បាន​ដែរ​ឬទេ​?

0

ដោយ ​វុត្ថា​

ភ្នំពេញ​៖​ យោង​តាម​ទិដ្ឋភាព​ច្បាប់​ គឺ​កម្ពុជា​មិន​អាច​ធ្វើ​តូប​នី​យក​ម្ម​ទ្រព្យសម្បត្តិ​វិនិយោគ​បានទេ​ ដោយសារ​យន្តការ​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ បាន​កំណត់​នូវ​គោលការណ៍​ រដ្ឋ​ទទួល​នូវ​វិនិយោគ​ត្រូវ​ផ្តល់​ការ​ការពារ​ សន្តិសុខ​ពេញលេញ​ ជាពិសេស​រដ្ឋ​មិន​អាច​ចាត់វិធានការ​ណាមួយ​ ដើម្បី​ដកហូត​ទ្រព្យសម្បត្តិ​វិនិយោគ​ តាមវិធី​តូប​នី​យក​ម្ម​ ឬវិធាន​ដកហូត​សិទ្ធិ​ផ្សេងទៀត​ ចំពោះ​វិនិយោគ​បរទេស​ ដែល​បាន​មក​វិនិយោគ​លើទឹក​ដី​របស់​ខ្លួន​ឡើយ​។

មាន​គោលការណ៍​ដែល​ត្រូវលើ​កលែង​ដូចជា​ ការ​វិនិយោគ​ដោយ​ស្របច្បាប់​ ដើម្បី​ផលប្រយោជន៍​សាធារណៈ​ ​មិន​ត្រូវ​ធ្វើឡើង​ដោយមាន​ការរើសអើង​ ត្រូវ​សង​សំណង​យ៉ាង​ឆាប់រហ័ស​ ត្រឹមត្រូវ​ មាន​ប្រសិទ្ធិ​ភាព​ ទឹកប្រាក់​សំណង​អាច​ធ្វើការ​ផ្ទេរ​បាន​ដោយសេរី​ (ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ការ​ប្តូរ​ប្រាក់​)។

យោង​តាមច្បាប់​ជាតិខ្មែរ​ រាជរដ្ឋាភិបាល​នឹង​មិន​ធ្វើ​តូប​នី​យក​ម្ម​ លើ​ទ្រព្យសម្បត្តិ​វិនិយោគ​ទេ​ ពិសេស​វិនិយោគិន​បរទេស​ ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​របស់​អ្នក​វិនិយោគ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​ (មាត្រា​ ៩ ច្បាប់​ស្តី​ពី​វិនិយោគ​)។

ទោះ​រដ្ឋ​មិន​អាច​ធ្វើ​តូប​នី​យក​ម្ម​ទ្រព្យ​វិនិយោគ​ក៏ដោយ​ ប៉ុន្តែ​រដ្ឋ​អាច​ដកហូត​ទ្រព្យសម្បត្តិ​វិនិយោគ​បាន​តាមច្បាប់​អាស្សាមិករណ៍​ ដែល​គោរព​តាម​លក្ខខណ្ឌ​ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ ច្បាប់​ភូមិបាល​ ដើម្បី​ធានា​ការសម្រួល​ ដើម្បីកុំឲ្យ​មានការ​រំលោភបំពាន​រវាង​សិទ្ធិ​អំណាច​សាធារណៈ​ និង​កិច្ចការពារ​កម្មសិទ្ធិ​ឯកជន​៕

រដ្ឋាភិបាល​គ្រោង​បង្កើត​ទីក្រុង​សៀមរាប​ថ្មី​មួយ​ក្នុង​ខេត្តសៀមរាប​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ មន្រ្តី​រដ្ឋាភិបាល​បាន​អះអាង​ថា​ រដ្ឋាភិបាល​គ្រោង​សាងសង់​ទីក្រុង​សៀមរាប​ថ្មី​មួយ​ ដែល​មាន​ចម្ងាយ​ប្រមាណ ៦០គីឡូម៉ែត្រ​ពីទី​ក្រុង​សៀមរាប​បច្ចុប្បន្ន​នេះ​។

លោក​ថោង​ ខុន​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​បាន​លើកឡើង​បែបនេះ​ ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​ដែល​បា​នប្រារព​ធ្វើ​នៅក្នុង​ខេត្តសៀមរាប​ កាលពី​ថ្ងៃទី១៦​ កញ្ញា​កន្លងមក​នេះ​។ លោក​បន្ត​ថា​ “ដើម្បី​ត្រៀមខ្លួន​ទទួល​វត្តមាន​ភ្ញៀវ​ទេសចរ​ ដែល​នឹង​មានការ​កើនឡើង​នា​ពេល​ខាងមុខ​នោះ​ គណៈកម្មការ​អន្តរក្រសួង​នេះ​ ក៏​មាន​គម្រោង​សិក្សា​បង្កើត​ក្រុង​សៀមរាប​ថ្មី​មួយ​ ដែល​មានការ​អនុញ្ញាត​ឱ្យ​មានការ​កសាង​អគារ​ទំនើប​ៗ និង​ត្រូវ​មាន​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ធំ​ថ្មី​នៅ​ទីនោះ​ផង​ដែរ​”។

លោក​រដ្ឋមន្រ្តី​បាន​បន្ត​ថា​ ក្រុង​សៀមរាប​ថ្មីនេះ​ ត្រូវ​បាន​បង្ហើប​ថា​មាន​ទីតាំង​ស្ថិតនៅ​ទិសខាងកើត​ក្រុង​សៀមរាប​បច្ចុប្បន្ន​ មាន​ចម្ងាយ​ប្រមាណ៦០គីឡូម៉ែត្រ​។ លោក​បន្ត​ថា​ ក្រោយ​មានការ​ធ្លាក់ចុះ​ភ្ញៀវ​ទេសចរ​នៅ​គោលដៅ​សៀមរាប​-អង្គរ​ គណៈកម្មការ​អន្តរក្រសួង​ បាន​ប្រកាស​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ​ អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ចំនួន៤​ ជាចម្បង​ ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នានា​ ដើម្បី​ស្រោចស្រង់​កំណើន​ភ្ញៀវ​ទេសចរ​ឡើងវិញ​ ខណៈ​តំបន់​ដែល​មាន​សក្ដានុពល​សំ​ខាន់​ៗចំនួន៤​ ក៏​ត្រូវ​បាន​កំណត់​ថាត្រូវ​តែ​អភិវឌ្ឍន៍​ទៅ​គោលដៅ​ ទេសចរណ៍​ទាក់ទាញ​ជាចាំបាច់​ផង​ដែរ​។

ការប្រកាស​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ​ជាចាំបាច់​នេះ​ ត្រូវ​បាន​ធ្វើឡើង​នា​ឱកាស​កិច្ចប្រជុំ​លើក​ទី៣​ របស់​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​រៀបចំផែនការ​មេ​អភិវឌ្ឍន៍​ទេសចរណ៍​នៅ​ខេត្តសៀមរាប​។

អង្គរ​ប្រជុំ​បាន​ប្រកាស​ដាក់ចេញ​គម្រោង​ផែនការមេ​ សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​ និង​ផែនការ​សកម្មភាព​ការងារ​អនុវត្តន៍​ ចំពោះមុខ​រយៈពេល​ខ្លី​ ឆ្នាំ២០១៩​-២០២០​ ក្រោម​ទិសស្លោក​ «ប្រែក្លាយ​បញ្ហា​ប្រឈម​ទៅជា​ឱកាស​»៕

អ្នកឧកញ៉ា​ គិត​ ម៉េ​ង បន្តជាប់​ឆ្នោត​ជា​ប្រធាន​សភា​ពាណិជ្ជ​កម្មអាណត្តិ​ថ្មី​ទី៤​

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ​អ្នកឧកញ៉ា​ គិត​ ម៉េ​ង ដែល​អ្នកជំនួញ​គ្រប់គ្នា​ទាំង​ជាតិ​ និង​អន្តរជាតិ​ទទួលស្គាល់​ថា​ជាកំពូល​មហាសេដ្ឋី​ដ៏​ល្បីឈ្មោះ​ប្រចាំ​នៅ​កម្ពុជា​ បាន​ទទួលការ​គាំទ្រ​ពីសំណាក់​ថ្នាក់ដឹកនាំ​ និង​សមាជិក​នៃ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បោះឆ្នោត​អោយ​បន្ត​មុខតំណែង​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ និង​រាជធានី​ភ្នំពេញ​ក្នុង​អាណត្តិ​ថ្មី​ អាណត្តិ​ទី៤ជា​បន្ត​ទៀត​។ ​

ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ និង​រាជធានី​ភ្នំពេញ​នេះ​ ធ្វើឡើង​នៅ​ថ្ងៃទី១៦​ ខែកញ្ញា​ ឆ្នាំ២០១៩នេះ​ នៅ​អគ្គនាយក​ដ្ឋាន​សភា​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ​-កម្ពុជា​ ក្រោម​អធិបតី​លោក​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​និង​លោក​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​។

ការបោះឆ្នោត​គាំទ្រ​ជា​បន្ត​ទៀត​ពីសំណាក់​សមាជិក​សមាជិកា​ដ៏​ឧត្តុង្គ​ឧត្តម្ភនៃ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ គឺ​សបញ្ជាក់​ឲ្យ​ឃើញថា​ អ្នកឧកញ៉ា​ ពិតជា​ឥស្សរ​ជនដ៏ឧ​ត្តុ​ងឧត្តម្ភក្នុង​វិស័យ​ឯកជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ស្នាដៃ​ដ៏​ធំធេង​ ក្នុង​ការ​រួមចំណែក​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​នោះ​បាន​ធ្វើ​ឲ្យ​ប្រ​ទេ​កម្ពុជា​ស្គាល់​នូវ​ការលូតលាស់​ វិបុលភាព​ តាម​លំនាំ​នៃ​សេដ្ឋកិច្ច​ទីផ្សារសេរី​ និង​ដំណើរការ​នៃ​លិទ្ធិ​ប្រជាធិបតេយ្យ​ ជាគុណប្រយោជន៍ដល់​ការ​លើកកម្ពស់​ជីវភាពរស់នៅ​ជូន​ពលរដ្ឋ​កម្ពុជា​។

ក្នុង​អាណត្តិ​ដឹកនាំ​របស់​អ្នកឧកញ៉ា​ បាន​ធ្វើឲ្យ​វិស័យ​ឯកជន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​រដ្ឋាភិបាល​ និង​បាន​ទាក់ទាញ​អ្នកវិនិយោគទុន​ជាច្រើន​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​ និង​បាន​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ធុរកិច្ច​សំ​ខាន់​ៗផង​ដែរ​។

ប្រធាន​សភា​ពាណិជ្ជកម្ម​អាណត្តិ​ទី១​ គឺ​ឧកញ៉ា​លោក​ ថេង​ ប៊ុ​នម៉ា​ អាណត្តិ​ទី២​ គឺ​លោក​ឧកញ៉ា​ សុខ​ គង់​ និង​អាណត្តិ​ទី៣​ គឺ​អ្នកឧកញ៉ា​ គិត​ ម៉េ​ង ជាប់២អាណត្តិ​។ ជាមួយគ្នា​នេះ​ អ្នកឧកញ៉ា​ ​គិត​ ម៉េ​ង ​បាន​កាន់​តំណែង​ជា​ប្រធាន​សភាពា​ណិជ្ជកម្ម​កម្ពុជា​អស់​រយៈពេល៣អាណត្តិ​ស្មើនឹង​ ៩ឆ្នាំ​ រួចមក​ហើយ​ ហើយ​ពេលនេះ​នៅតែ​បន្ត​កាន់​តំណែង​ដឹកនាំ​សមាជិកសភា​ពាណិជ្ជកម្ម​ក្នុង​អាណត្តិ​ថ្មី​ទី៤​ រយៈពេល៣ឆ្នាំ​បន្ត​ទៀត​ ៕

តម្លៃ​មាស​និង​ប្រាក់​កាន់តែ​ហក់​ឡើង​ ខណៈ​វិបត្តិ​ប្រេង​បង្កើន​ការភ័យខ្លាច​ដល់​សេដ្ឋកិច្ច​ពិភពលោក​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ក្រុម​អ្នកជំនាញ​ជឿជាក់​ថា​ ព្យុះ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ គោលនយោបាយ​រូបិយវត្ថុ​របស់​ធនាគារ​កណ្តាល​ និង​វិបត្តិ​ប្រេង​របស់​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​ បាន​ធ្វើ​ឱ្យ​តម្លៃ​មាស​ និង​ប្រាក់​កើនឡើង​យ៉ាង​ខ្លាំង​ ខណៈ​វិនិយោគិន​ជំរុញ​ឆ្ពោះទៅ​រក​ទីកន្លែង​ដែល​មាន​សុវត្ថិភាព​ក្នុង​ការ​ទុក​ប្រាក់​វិនិយោគ​របស់​ពួកគេ​។

តម្លៃ​មាស​បាន​កើនឡើង ១​,២៧ភាគរយ​ និង​ប្រាក់​បាន​កើនឡើង​ជិត៣ភាគរយ​នៅ​ថ្ងៃ​ចន្ទ​ បន្ទាប់ពី​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ប្រកាស​ថា​ ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ បាន​បិទ​រោងចក្រ​ផលិត​ប្រេង​ដ៏​ធំ​បំផុត​របស់​ពិភពលោក​។

ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ និង​ហ្គា​សរ​បស់​រដ្ឋ​អា​រ៉ា​ប៊ី​សា​អូឌីត​ Saudi​ Aramco​ បានឱ្យ​ថា​ ប្រេងឆៅ​ជិត៦លាន​បារ៉ែល​ នឹង​ត្រូវ​បាត់បង់​ជា​រៀងរាល់ថ្ងៃ​ រហូត​ពេល​កន្លែង​ផលិត​ប្រេង​នេះ​ត្រូវ​បាន​ជួសជុល​។

តម្លៃ​មាស​ឈាន​ដល់​តម្លៃ ១​,៥០៧.៤០ដុល្លារ​ក្នុង​មួយ​អោន​ (ប្រហែល៣១ក្រាម​) នៅ​ថ្ងៃ​ចន្ទ​ និង​ប្រាក់​ដល់១៧​,៩៤​ ដុល្លារ​ក្នុង​មួយ​អោន​។

ក្រុម​អ្នកជំនាញ​ជឿជាក់​ថា​ តម្លៃ​មាស​នឹង​ឈាន​ដល់កម្រិត១៦០០ដុល្លារ​ នា​ពេល​ខាងមុខនេះ​។ មាស​បាន​ឈាន​ដល់​តម្លៃ​ខ្ពស់​បំផុត​ ដែល​មិនធ្លាប់​មាន​ក្នុងរយៈពេល៦ឆ្នាំ​ គិត​មកដល់​ឆ្នាំ​ ២០១៩​។

លោក​ Madhavi​ Mehta​ អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន​ Kotak​ Securities​ Ltd​ បាន​និយាយ​ថា​ “ជាមួយនឹង​សញ្ញា​នៃ​វិបត្តិសេដ្ឋកិច្ច​ យើង​បានឃើញ​ការ​ផ្លាស់​ប្តូរ​ឆ្ពោះទៅ​រក​ទ្រព្យសម្បត្តិ​ ដែល​មាន​សុវត្ថិភាព​សម្រាប់​ការ​វិនិយោគ​ដូចជា​ មាស​ ជាដើម​”៕

វិស័យ​អចលនទ្រព្យ​បាន​ផ្លាស់ប្ដូរ​ជីវិត​កាន់តែ​ប្រសើរ​

0

ដោយ ​វណ្ណា​រ៉ា​

កំ​ពង់​ធំៈ​ ជា​ភា​ពមោទ​ននៅ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ដែល​កំពុងតែ​ទាក់ទាញ​ការ​វិនិយោគ​ និង​ផ្តល់​ភាគលាភ​គួរ​ឱ្យ​កត់សម្គាល់​ រហូត​ត្រូវ​បាន​អ្នកជំនួញ​ក្នុង​វិស័យ​នេះ​បង្កើត​ជា​ពាក្យស្លោក​ថា​ “ចក្រវាឡ​អចលនទ្រព្យ​ ផ្លាស់ប្ដូរ​ជីវិត​” និង​យក​ធ្វើជា​ប្រធានបទ​មួយ​យ៉ាង​សំខាន់​ មក​បង្ហាញ​នៅក្នុង​កម្មវិធី​សិក្ខាសាលា​មួយ​ដែល​រៀបចំឡើង​ដោយក្រុម​ហ៊ុន​អចលនទ្រព្យ​សុ​គា​ ស៊ី​ធី​។

លោ​កស៊ឺន​ សុក​គា​ នាយក​គ្រប់​គ្រប់​ទូទៅ​ក្រុមហ៊ុន​អចលនទ្រព្យ​ សុក​គា​ ស៊ី​ធី​បាន​លើកឡើង​សិក្ខាសាលា​និយាយ​ពី​សក្ដានុពល​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​កាលពី​សប្ដាហ៍​កន្លងទៅ​នៅ​សាលសន្និសីទ​ និង​ពិព័រណ៍​នា​ក្រុង​ស្ទឹងសែន​ ខេត្តកំពង់ធំ​ ក្រោម​ការចូលរួម​ពី​បណ្តា​ក្រុមហ៊ុន​ភ្នាក់ងារ​ជា​ដៃគូ​សហការ​ និង​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​វិស័យ​អចលនទ្រព្យ​សរុប​ជិត៤០០នាក់​ថា​ វិស័យ​អចលនទ្រព្យ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ នៅក្នុង​ការ​ជួយ​ជំរុញ​វិស័យ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​មាន​ភាពរឹងមាំ​ ជាពិសេស​បាន​ជួយ​កែប្រែ​កម្រិតជីវភាព​របស់​អ្នកជំនួញ​ នៅក្នុង​វិស័យ​មួយ​នេះ​ឱ្យ​មានការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​ ក្នុង​ការ​បង្កើន​ទ្រព្យ​យ៉ាងច្រើន​នៅក្នុង​រយៈពេល​ដ៏​ខ្លី​។

​ជាក់ស្ដែង​ដូចជា​ក្រុមហ៊ុន​សុក​គា​ ស៊ី​ធី​ ដែល​ផ្តើម​ចេញពី​ការ​តស៊ូ​ និង​ព្យាយាម​ជំនះ​ពីអ​តី​តពលករ​បម្រើការ​ងារ​នៅ​ប្រទេស​កូរ៉េ​ចំនួន៤រូប​ រហូត​ប្រែក្លាយ​ជីវិត​ជា​អ្នក​ជោគជ័យ​នៅក្នុង​មុខ​ជំនួញ​ដីធ្លី​ និង​អចលនទ្រព្យ​នា​ពេល​បច្ចុប្បន្ន​នេះ​។

លោក​ ស៊ឺន​ សុក​គា​បាន​បន្ត​ថា​ “ដោយសារតែ​ភាព​លំបាក​ក្នុង​ការបម្រើ​ការងារ​ជា​ពលករ​នៅ​ប្រទេស​កូរ៉េ​ និង​សមាជិក​ចំនួន៣នាក់​ផ្សេងទៀត​ បានសម្រេច​រើ​បម្រាស់​ខ្លួន​ចេញ​ភាពជា​កម្មករ​ មក​ចូល​ប្រឡូក​នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ ដោយ​នៅក្នុងចំណោម​សមា​ជិត៣នាក់​ខាងលើ​នេះ​ មាន២នាក់​ជា​ពលករ​ ហើយ​ម្នាក់ទៀត​ជា​យុវនារី​ធ្លាប់​បម្រើការ​ងារ​ជា​បុគ្គលិក​ឯកជន​មួយ​”។ លោក​បន្ត​ទៀត​ថា​ “នៅ​ក្នុង​តំណា​ក់​កាល​ដំបូង​ ពួក​ខ្ញុំ​បាន​សហការ​គ្នា​វិនិយោគ​លើ​គម្រោង​ពុះ​ដី​ឡូត៍​លក់​ ក្នុង​ទំហំ៧ហិ​កតា​ ស្ថិតនៅ​ក្នុង​ស្រុក​កំពង់ថ្ម​ ខេត្តកំពង់ធំ​ ដែល​ជា​គម្រោង​ទី១​”។

​នៅក្នុង​គម្រោង​មួយ​នេះ​ ដោយសារតែ​ជា​បទពិសោធន៍​ថ្មី​ នៅក្នុង​វិស័យ​អចលនទ្រព្យ​ ក្រុម​របស់​លោក​បាន​ប្រឈម​នឹង​ភាព​លំបាក​ និង​ឧបសគ្គ​ជាច្រើន​ ទាមទារ​ឱ្យ​មានការ​ដោះស្រាយ​ជាចាំបាច់​ ដែល​កើត​ចេញ​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​ ជាពិសេស​គ្រួសារ​ដែល​មានការ​រារាំង​ ហាមឃាត់​មិន​ឱ្យ​ចូល​ប្រឡូក​នៅក្នុង​វិស័យ​នេះ​។

លោក​បាន​បន្ត​ទៀត​ថា​ “ក្រោម​ការ​តស៊ូ​ និង​ព្យាយាម​ជំនះ​រាល់​បញ្ហា​ដែល​តែងតែ​កើតមាន​ ជា​លទ្ធផល​ពួក​ខ្ញុំ​ទទួល​បាន​បទពិសោធន៍​យ៉ាងច្រើន​នៅ​លើ​ទីផ្សារ​ អចលនទ្រព្យ​ ហើយក៏​ទទួល​បាន​ភាព​ជោគជ័យ​ជាបន្តបន្ទាប់​ ដោយ​ចាប់ពី​គម្រោង​ទី១​ រហូតដល់​គម្រោង​ទី៤ក្នុង​ពេល​ដ៏​ខ្លី​បំផុត​”។

ដោយឡែក​នៅក្នុង​គម្រោង​ថ្មី​ទី៥​ ស្ថិតនៅ​ក្នុង​ក្រុង​សៀមរាប​ ក្រៅពី​មានការ​ចែង​ចែក​ជា​ប្រភេទ​ដី​ឡូត៍​សម្រាប់​សាងសង់​លំនៅ​ដ្ឋាន​ ក្រុមហ៊ុន​ក៏​មានការ​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ផង​ដែរ​ ដើម្បី​ផ្គត់ផ្គង់​ទៅ​នឹង​តម្រូវការ​ជាក់ស្ដែង​ដែល​កំពុងតែ​មានការ​គាំទ្រ​យ៉ាងច្រើន​ ពីសំណាក់​បណ្តា​ក្រុមហ៊ុន​ភ្នាក់ងារ​ជា​ដៃគូ​ ក៏ដូចជា​អតិថិជន​ទូទៅ​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ​។

អ្វី​ដែល​ជា​មោទនភាព​របស់​ក្រុមហ៊ុន​ សុក​គា​ ស៊ី​ធី​ នៅពេល​នេះ​ ក្រៅពី​មាន​គណៈ​គ្រប់គ្រង​ដែល​មាន​ភាព​ច្បាស់លាស់​ និង​ជំនាញ​ខ្ពស់​នៅក្នុង​វិស័យ​អចលនទ្រព្យ​ រួម​ជាមួយ​បុគ្គលិក​ស្មោះត្រង់​ ជាពិសេស​ក្រុមហ៊ុន​ ភ្នាក់ងារ​ជា​ដៃគូ​ដែល​សុទ្ធតែ​មាន​ជំនាញ​ បាន​ជម្រុ​ញឱ្យ​ការ​លក់​របស់​មាន​ភាព​រលូន​។

ជាក់ស្ដែង​ដូចជា​នៅក្នុង​គម្រោង​ទី៥នេះ​ ក្រោយ​ការប្រកាស​លក់​មុន​គម្រោង​បុក​គ្រឹះ​ត្រឹម២សប្ដាហ៍​ លក់​បាន​រហូតដល់​ប្រមាណ៣០ភាគរយ​។ បន្ថែម​ពីនេះ​ ក្រៅពី​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ត្រចះ​ត្រ​ចង​នា​ពេលនេះ​ គណៈ​គ្រប់គ្រង​ ដែល​ជា​ស្ថាបនិក​ទាំង៤រូប​ បាន​ព្យាយាម​អូសទាញ​ដឹកដៃ​មនុស្ស​រាប់​សិប​អ្នក​ដែល​ជា​បុគ្គលិក​ កំពុងតែ​បម្រើការ​ងារ​នៅក្នុង​ក្រុមហ៊ុន​របស់​ខ្លួន​ បន្តដំណើរ​ទៅមុខ​រួមគ្នា​ ដើម្បី​ទទួល​បាន​ភាព​រីកចម្រើន​ទាំង​ចំណេះដឹង​ និង​ធនធាន​ទៅ​ថ្ងៃ​អនាគត​៕