សម្ដេចតេ​ជោ​ស្នើឱ្យ​វិនិយោគិន​កម្ពុជា​ដែលមាន​លទ្ធភាព​វិនិយោគ​នៅក្នុងប្រទេស​ស្រីលង្ការ

0

ដោយ​ វុត្ថា

ភ្នំពេញៈ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា អំពាវនាវ​ឱ្យ​វិនិយោគិន​កម្ពុជា ពិចារណា​ពិនិត្យ​លទ្ធភាព​ដាក់ទុន​វិនិយោគ​នៅ​ស្រីលង្ការ ឱ្យបាន​កាន់តែច្រើន​ថែមទៀត។

សម្តេច​តេ​ជោ​បាន​ថ្លែង​នៅក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា-ស្រីលង្កា នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ បានឱ្យដឹងថា កម្ពុជា​កាលពី១០ ឆ្នាំមុន  គឺ​បាន​អំពាវ​នវ​ឱ្យ​វិនិយោគិន​បរទេស ពី​គ្រប់​មជ្ឈដ្ឋាន​មក​វិនិយោគ​នៅ​កម្ពុជា តែ​ពេលនេះ​ប្រជាជន​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ មានលទ្ធភាព​ក្នុងការ​វិនិយោគ​នៅក្រៅ​ប្រទេស។

សម្តេច​បាន​ថ្លែងថា “ពីមុន​កម្ពុជា​អំពាវនាវ​ឲ្យ​បរទេស​មក​វិនិយោគ​នៅ​កម្ពុជា ប៉ុន្តែ​បច្ចុប្បន្ន​ពលរដ្ឋ​កម្ពុជា​ក៏មាន​លទ្ធភាព វិនិយោគ​នៅ​បរទេស​ផងដែរ ហេតុដូច្នេះ​បាន​អំពាវនាវ​ឲ្យ​ធុរកិច្ច​ជនកម្ពុជា។

សម្តេច​តេ​ជោ​បញ្ជាក់ថា កម្ពុជា​បានធ្វើ​ការវិនិយោគ នៅក្នុង​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ាន រួមមាន​ប្រទេស​ភូមា ឡាវ និង​ទី​ម័​រ​ព្រមទាំង​ប្រទេស​មួយចំនួនទៀត​នៅលើ​ពិភពលោក។

ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ស្រីលង្កា និង​កម្ពុ​ជាមាន​ជំ​នួន​តិចតួច​បំផុត​ប្រមាណ ៤លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​តែប៉ុណ្ណោះ ខណៈ​ប្រទេស​កម្ពុជា​នាំចេញ និង​នាំចូល​របស់​ប្រទេស​ទាំង​នៅមានកម្រិត​នៅឡើយ។

លោក គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា​បានឱ្យដឹងថា វេទិកា​ធុរកិច្ច​កម្ពុជា-ស្រីលង្ការ ដែល​ត្រូវ​បានរៀបចំ​នៅ​កម្ពុជា​នាពេលនេះ ពិតជា​ផ្តល់ឱកាស​ដល់​ភាគី​ទាំងពី​បង្កើន​ការវិនិយោគ​ឱ្យ​កើនឡើង​ថែមទៀត៕

រដ្ឋាភិបាល​អនុម័ត​គ​ម្រោ​ង​វិនិយោគ​មាន​ទឹកប្រាក់​ជិត ១៦៨លាន​ដុល្លារ

0
អគារ CDC។ រូបថត៖ សហការី

ដោយ ​វុត្ថា

ភ្នំពេញៈ រដ្ឋាភិបាល​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត​គម្រោង​វិនិយោគ៣ ដែលមាន​ទឹកប្រាក់​ចំនួន​ជិត១៦៨លាន​ដុល្លារ​អាមេរិក លើ​ការបង្កើត​រោងចក្រ និង​សណ្ឋាគារ ដែល​ផ្តល់ឱកាស​ការងារ​ដល់​ពលរដ្ឋ​កម្ពុ​ជាជាង១ពាន់​កន្លែង។

យោងតាម​ការចុះផ្សាយ​តាម​ហ្វេ​ស​បុក​ផ្លូវការ របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅ​ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៩នេះ​ថា​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ចំនួន​បី ដូច​ជាទី១-ក្រុមហ៊ុន “E.G.N EASY CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ម្ហូបអាហារ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៣,៤លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២១០កន្លែង។

ទី២ ក្រុមហ៊ុន​“CAMBODIAN DECORATIVE BUILDING MATERIAL CHAKREY TING CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​តុបតែង​ពិ​ដាន​ជញ្ជាំង…។ល។ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ភ្នំ​តូច ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត មាន​ទុនវិនិយោគ​ប្រមាណ៣០,៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២១៧កន្លែង។

និង​ទី៣-ក្រុមហ៊ុន“ ROYAL FIELD DEVELOPMENT COMPANY CO.,LTD.”គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៣ ដែលមាន​ចំនួន៣០០បន្ទប់ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​មហាវិថី​សហព័ន្ធ​រុស្សី ភូមិ១០ សង្កាត់​ផ្សារ​ដេប៉ូ​ទី៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ១៣៤លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧២៩កន្លែង៕

តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ២១កំពុង​ស្វាគមន៍​ការវិនិយោគ

0
តំបន់​សេដ្ឋកិច្ច​ពិសេស

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ បច្ចុប្បន្ននេះ កម្ពុ​ជាមាន​តំបន់​សេដ្ឋកិច្ច​ជាច្រើន​កំពុងតែ​បើកទ្វារ​ចំហ រង់ចាំ​ស្វាគមន៍​ការចូល​ខ្លួ​ញន​របស់​បណ្តា​ធុរជន​នានា​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត ខណៈដែល​នៅត្រឹម​រយៈពេល ៦ខែ ឆ្នាំ២០១៩ កន្លងទៅនេះ ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា បានសម្រេច​ផ្ត​ល់អ​ជ្ញា​ប័ណ្ណ​ចំនួន ៤៣គម្រោង ធ្វើ​ប្រតិបត្តិការ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស។

យោងតាម​របាយការណ៍​ដែល​បង្ហាញ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា CDC បាន​បង្ហាញថា នៅត្រឹម​រយៈពេល៦ខែ នៃ​ឆ្នាំ២០១៩ កន្លងទៅនេះ តាមរយៈ​គណៈកម្មការ​វិនិយោគ​កម្ពុជា និង​គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា បានសម្រេច​ឯកភាព​លើ​គម្រោង​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​សរុប​មាន ១៥៣គម្រោង ក្នុងនោះ​គម្រោង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន ១១០គម្រោង និង​គម្រោង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន ៤៣គម្រោង។ នៅក្នុង​ចំណោម​គម្រោង​ទាំង ១៥៣ខាងលើនេះ មាន​ទំហំ​ទឹកប្រាក់​វិនិយោគ​សរុប​ប្រមាណ ៥១៨១ លាន​ដុល្លារ​អាចបង្កើត​ការងារ​បាន​ជាង ១៦៧,៣៣០កន្លែង។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា លឹម ហេង បាន​មានប្រសាសន៍ថា ការកើនឡើង​នូវ​ចំនួន​ទុនវិនិយោគ​សរុប​នៅ​កម្ពុជា ទៅលើ​គម្រោង​ទាំងអស់​ដូច​ការលើកឡើង​ខាងលើនេះ នៅ​មិនទាន់​គ្រប់គ្រាន់​តាម​តម្រូវការ​រស់​រដ្ឋាភិបាល​នៅឡើយ​នោះទេ។

លោក​ឧកញ៉ា​បាន​បន្តទៀតថា “ជាការ​លើកទឹកចិត្ត​ដល់​បណ្តា​ក្រុមហ៊ុន​នានា​ឱ្យ​ចូលមក​វិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស រាជរដ្ឋាភិបាល​បានសម្រេច​កែសម្រួល​នូវ​គោលនយោបាយ​ផ្ទៃក្នុង​ជាច្រើន បន្ថែម​ពីលើ​ការអនុគ្រោះ​ពន្ធ និង​កា​ត់ប​ន្ថ​នីតិវិធី​ក្នុងការ​នាំចេញ​ផលិតផល​សម្រេច​ចេញទៅ​កាន់​ទី​ផ្សារលើ​សាកលលោក។

លោក​ឧកញ៉ា​បាន​បន្តទៀតថា “គ្រប់​បណ្តា​ក្រុមហ៊ុន​ដែល​ចូលខ្លួន​មកកាន់​តំបន់​សេដ្ឋកិច្ច​ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា សុទ្ធ​តែមាន​សិទ្ធិ​គ្រប់គ្រង​ទៅលើ​ភាគហ៊ុន ឬ​ទុនវិនិយោគ​សរុប។ លោក​ឧកញ៉ា​បញ្ជាក់ថា “អ្វីដែល​សំខាន់​នោះ​គឺ ក្រុមហ៊ុន​ត្រូវបាន​អនុគ្រោះ​ពន្ធលើប្រាក់ចំណេញ១០០ភាគរយ​ក្នុង​រយៈពេល​ចាប់ពី៣-៩ឆ្នាំ ខណៈដែល​ការ​នាំចូល​សម្ភារៈ និង​វត្ថុធាតុដើម​សម្រាប់​កែច្នៃ​ធ្វើការ​នាំចេញ​ក៏​មិន​ត្រូវបាន​បង់ពន្ធ១០០ភាគរយ ហើយ​នីតិវិធី​ក្នុងការ​បំពេញបែបបទ​ឯកសារ​ត្រូវបាន​បំបាត់ចោល​ជាច្រើន​ដំណាក់កាល” ។

តំបន់​សេដ្ឋកិច្ច​ពិសេស

ភាគច្រើន ក្រុមហ៊ុន​ដែល​ចូលខ្លួន​ទៅកាន់​តំបន់​សេដ្ឋកិច្ច​ពិសេស​រួមមាន​ដូចជា​រោងចក្រ​កាត់ដេរ រោងចក្រ​ស្បែកជើង រោងចក្រ​កាបូប រួមជាមួយ​នឹង​រោង​ផលិត​សម្ភារៈប្រើប្រាស់​មួយចំនួនទៀត​តម្រូវ​នាំចេញ​ទៅកាន់​ទីផ្សារ​អាស៊ាន និង​ទីផ្សារ​អឺរ៉ុប ត្បិត​ទីតាំង​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងអស់​សុទ្ធតែ​ស្ថិតនៅ​ជិត​តំបន់​ច្រកទ្វារព្រំដែន និង​កំពង់ផែ​ទឹក​ជ្រៅ ដែល​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ដឹកជញ្ជូន ៕

តើ​ការទម្លាក់​តម្លៃ​ប្រាក់​យ័ន​អាចជួយ​ដល់​សេដ្ឋកិច្ច​ចិន​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​យ៉ាងដូចម្តេច?

0
ទម្លាក់​តម្លៃ​ប្រាក់​យ័ន

ដោយ Donald Lee

ភ្នំពេញ៖ ជា​រៀងរាល់ថ្ងៃ​ធនាគារកណ្តាល​ចិន​កំណត់​អត្រា​ប្តូរប្រាក់​យ័ន​ដើម្បី​ដោះដូរ​ជាមួយនឹង​ប្រាក់​ដុល្លារ​អាមេរិក។

រយៈពេល​ជាង​ដប់ឆ្នាំ​រហូតមកដល់​ស​ប្តា​ហ៍​នេះ ធនាគារ​ប្រជាជន​ចិន (PBOC) បានកំណត់​អត្រា​ខ្ពស់ជាង ៧យ័ន​ឲ្យ​ស្មើនឹង ១ដុល្លារ​អាមេរិក។

ប៉ុន្តែ​កាលពី​ថ្ងៃ ច័ន្ទ ធនាគារ PBOC បានអនុញ្ញាត​ឱ្យប្រាក់​យន់​ចុះខ្សោយ និង​ត្រូវបាន​ផ្លាស់ប្តូរ​ក្នុងតម្លៃ​ទាប​ជាង ៧ យ័ន​ក្នុង​មួយ​ដុល្លារ​អាមេរិក។

ប្រាក់ ៧ យ័ន ដែល​ស្មើនឹង ១ដុល្លារ​អាមេរិក​គឺជា​ខ្សែបន្ទាត់​ក្រហម​ក្រៅផ្លូវការ​មួយ​សម្រាប់​សហគមន៍​ពាណិជ្ជកម្ម​ពិភពលោក ហើយ​អាមេរិក​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ចិន​ពី​ការកេងបន្លំ​រូបិយប័ណ្ណ នៅពេល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​ដែល​នៅតែ​បន្ត​កើតឡើង​នាពេល​មុខ​ទៀត។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​សរសេរ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម Twitter ថា “ប្រទេស​ចិន​បាន​ទម្លាក់​តម្លៃ​រូបិយប័ណ្ណ​របស់​ពួកគេ​ទៅជា​កំរិត​ទាប​ជា​ប្រវត្តិសាស្ត្រ​មួយ។

លោក​បាន​បន្ថែមថា “វា​ត្រូវបាន​គេ​ហៅថា ការ​កេងចំណេញ​រូបិយវត្ថុ។

ការសម្រេចចិត្ត​របស់​ចិន​ក្នុងការ​ធ្វើឱ្យ​ប្រាក់​យ័ន​ធ្លាក់ចុះ​នេះ​ត្រូវបាន​អ្នកជំនាញ​មើលឃើញថា ជាការ​ឆ្លើយតប​ចំពោះ​កិច្ចចរចា​ពាណិជ្ជកម្ម​របស់លោក Trump ដែល​ប្រកាស​ដំឡើង​ពន្ធ ១០ ភាគរយ​លើ​ទំនិញ​ចិន​ដែលមាន​តម្លៃ ៣០០ ពាន់​លាន​ដុល្លារ។

ប៉ុន្តែ​តើ​ប្រាក់​យ័ន​ដែល​ចុះខ្សោយ​អាចជួយ​ដល់​សេដ្ឋកិច្ច​ចិន​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​យ៉ាងដូចម្តេច?

ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី ២ នៅលើ​ពិភពលោក​បាន​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ការនាំចេញ។ នៅពេល​ធនាគារកណ្តាល​ធ្វើឱ្យ​រូបិយប័ណ្ណ​ធ្លាក់​ថ្លៃធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក ចិន​អាច​បន្ទាប​តម្លៃ​នៃ​ការនាំចេញ​របស់ខ្លួន។

ក្រុម​អ្នកជំនាញ​ជឿជាក់ថា ការទម្លាក់​ថ្លៃ​ប្រាក់​យ័ន​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​ទូទាត់​ការកើនឡើង​តម្លៃ​នាំចេញ ដោយសារតែ​ការដំឡើង​ពន្ធ​របស់លោក Trump ។ លើសពីនេះ​ទៀត នៅពេលដែល​ប្រាក់​យ័ន​ចុះខ្សោយ

អ្នកទិញ​ក្នុងស្រុក​ចិន​ចំណាយ​កាន់តែច្រើន​សម្រាប់​ការនាំ​ចូល។ នេះ​ជាការ​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ផលិត​ក្នុងស្រុក​ដើម្បី​ជំនួស​ការនាំ​ចូល​ដែលមាន​តំលៃ​ថ្លៃ​ជាមួយនឹង​ផលិតផល​ដែល​ផលិត​នៅ​ចិន​ដែល​នឹងត្រូវ​លក់​ក្នុងតម្លៃ​ទាប។

ទីផ្សារ​នៅ​អាមេរិក និង​នៅ​ជុំវិញ​ពិភពលោក​បាន​ប្រតិកម្មភ្លាមៗចំពោះ​ព័ត៌មាន​នៃ​ការទម្លាក់​តម្លៃ​នេះ ហើយ ថា ជា​សញ្ញា​នៃ​ភាព​តានតឹង​ពាណិជ្ជកម្ម​កើនឡើង​ដែល​នឹង​នាំឱ្យ​សេដ្ឋកិច្ចពិភពលោក​ដែល​កំពុង​ធ្លាក់ចុះ។

កាលពី​ថ្ងៃ ច័ន្ទ ផ្សារ​ហ៊ុន​ក្រុមហ៊ុន US Dow Jones និង​ក្រុមហ៊ុន S&P បាន​ធ្លាក់ចុះ​ជិត ៣ ភាគរយ ហើយ ក្រុមហ៊ុន Nasdaq មានការ​ធ្លាក់ចុះ​គួរឱ្យភ្ញាក់ផ្អើល​មួយ​ដល់ ៣.៥ ភាគរយ៕

រដ្ឋាភិបាល​គ្រោងបង្កើត​ក្រុម​ពិសេស​ត្រួតពិនិត្យ​ផ្លូវថ្នល់ បន្ទាប់ពី​មានការ​រិះគន់​ជុំវិញ​ការធ្វើ​ផ្លូវ​ជាប់​រហូត

0
ត្រួតពិនិត្យ​ផ្លូវថ្នល់

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​គ្រោង​បង្កើត​ក្រុម​ពិសេស​ចំនួន ២ក្រុម ដែល​ក្នុង​មួយក្រុម​មាន​គ្នា ៥នាក់ ដើម្បី​ចុះ​ត្រួត​និត្យ​លក្ខណៈ​បច្ចេកទេស គុណភាព​ផ្លូវ សោភណភាព និង​សុវត្ថិភាព បន្ទាប់​មានការ​រិះគន់ខ្លាំងៗពី​ប្រជាពលរដ្ឋ​ជុំវិញ​ការសាងសង់​ផ្លូវ​មិនបាន​ជាប់​យូរ និង​ចំណាយ​ថវិកាជាតិ​ខ្ជះខ្ជាយ​ជាដើម។

ត្រួតពិនិត្យ​ផ្លូវថ្នល់

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី ៧ ខែកក្កដា​ន​នេះ ថា​កន្លងមក​ក្រសួង​ទទួលបាន​រិះគន់​ខ្លាំង​លើ​ការ​ការកសាង​ផ្លូវ​នេះ​ពី​សំណាក់​ប្រជាពលរដ្ឋ​ថា​ធ្វើ​ខាងមុខ ខូច​ខាងក្រោយ​ជាដើម ដោយ​ចាព់ពីពេលនេះ តទៅ​ក្រសួង​លែង​ឱ្យមាន​ពាក្យរិះគន់​ទៀតហើយ​ដោយ​ទទួល​យកតែ​ផ្លូវ​រឹង​មាំជាប់​បានយូរ។

លោក ស៊ុនចាន់ថុល​ថា “យើងខ្ញុំ​តែងតែ​លឺ​ពាក្យ​តិ​ទៀន​ថា​ការសាងសង់​ផ្លូវ​នេះ   ឃើញ​ធ្វើ​ជាប់​រហូត ធ្វើ​មុខ ខូច​អា​ក្រោយ ធ្វើ​អា​ក្រោយ ខូច​អា​មុខ ទាំង​ការសាងសង់ ទាំង​ការជួសជុល ជាដើម។

លោក​រដ្ឋមន្ត្រី​បន្ថែមថា ដោយ​មើលឃើញ​នៅ​សកម្មភាព​បែបនេះ ក្រសួង​បាន​ណែនាំ​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ទាំងអស់​ត្រូវ​ធ្វើឱ្យ​មានប​ច្ចេកទេស​ត្រឹមត្រូវ រឹង​មាំ ដើម្បី​កុំអោយ​មានការ​ខូចខាត​ថវិកាជាតិ ខូចខាត​ពេលវេលា និង​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ។  កាលពី​កន្លងទៅ​ថ្មី​នេះ ក្រសួង​បាន​បញ្ឈប់​មនុស្ស ៦នាក់ ដែលជា​មន្ត្រី​ពី​គ្រោះ​យោបល់ (consultant) មកពី​ក្រុមហ៊ុន​ឯកជន ដោយសារ​មន្ត្រី​ទាំងនោះ ធ្វើការ​មិនបាន​ដិតដល់​លើ​ការត្រួតពិនិត្យ​ផ្លូវ និង​ស៊ុមគ្រលំ​ជាមួយ​ក្រុមហ៊ុន​ទទួល​គម្រោង​សាងសង់។

លោក ស៊ុន ចាន់ថុល​បន្ថែ​ថា ដើម្បីឱ្យ​ផ្លូវ​មាន​ប្រសិទ្ធិភាព ក្រសួង​នឹង​បង្កើត​ក្រុម​ត្រួតពិនិត្យ​ពិសេស ដើម្បី​លួច ទៅ​ឆ្មក់​មើល​ក្រុមហ៊ុន​ត្រួតពិនិត្យ​បច្ចេក​លក្ខណៈ​ទេស​បរទេស​ដោយ​មិន​ប្រាប់​មុន​នោះទេ ហើយ​ក្រុម​នេះ នឹង​ត្រួត​ពិនិត្យមើល​ក្រុមមន្ត្រី​ត្រួតពិនិត្យ​របស់​ក្រសួង​ថែមទៀត ដើម្បី​ពិនិត្យ​មើលថា ការធ្វើការ​ត្រឹមត្រូវ​ឬ មិន​ត្រឹមត្រូវ។

លោក​បន្តថា ក្រុម​ត្រួតពិនិត្យ​ពិសេស​នេះ គឺមាន​សម្ភារៈ​គ្រប់គ្រាន់​ដើម្បី​ចុះ​ធ្វើ​កិច្ចការ​នេះ​ដោយ​ក្រសួង​បានស្នើ​សុំ​រួចហើយ​ផងដែរ។ ក្រុម​ត្រួតពិនិត្យ​ពិសេស​នេះ ត្រូវ​វ​បាន​បែង​ចែកជា​ពីរ​កង ក្នុង​មួយ​កង​មាន ៥នាក់ ដោយមាន​រថយន្ត​ត្រឹមត្រូវ​ក្នុង​ការចុះ​ធ្វើការ មាន​សម្ភារៈ​ធ្វើការ ក្នុងការ​ខួង​ផ្លូវ​មើល។

លោក​បញ្ជាក់ថា ថ្នាក់ដឹកនាំ​របស់​ក្រសួង​ខិតខំ​ត្រិះរិះ​រហូត​ក្នុងការ​តាម​សកម្មភាព ការសាងសង់​ផ្លូវ ការជួសជុល និង​ថែមទាំង​ផ្លូវ​ឱ្យមាន​ប្រសិទ្ធិភាព​ខ្ពស់ និង​គុណភាព ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ណែនាំ​ក្រុមហ៊ុន​សាងសង់​ឱ្យ​អនុវត្ត​កិច្ចសន្យា​ប្រកបដោយ​គុណភាព ប្រសិទ្ធិភាព និង​បច្ចេកទេស​នៃ​ការសាងសង់​ផ្លូវថ្នល់​នៅ​កម្ពុជា ។

លោក​បញ្ជាក់ថា ចាប់ពីពេលនេះ​តទៅ បើ​ក្រុមហ៊ុន​សាងសង់​ណា​ដែល​គ្មាន​សមត្ថភាព សាងសង់​មិន​ត្រឹមត្រូវ​តាម​កិច្ចសន្យា និង​ធ្វើ​ផ្លូវ​មិនបាន​រឹងមាំ ជាប់លាប់​ល្អ ទាំង​បរិមាណ គុណភាព សោ​ភ័​ណ្ឌ​ភាព សុវត្ថិភាព សុខភាព​អនាម័យ បរិស្ថាន និង​សុវត្ថិភាព​ចរាចរ​ណ៏​ទេ គឺ​ក្រសួង​មិន​ទទួលយក​ទេ ត្រូវ​ចាប់​អោយធ្វើ​សង​ឡើងវិញ​ទាំងអស់  និង​ឈានដល់​ការផ្អាក់​មិនអោយ​ដាក់ពាក្យ​ដេញថ្លៃ​សាងសង់​ផ្លូវ​ផងដែរ៕

ឥណ្ឌូនេស៊ី​គ្រោង​សាងសង់​ស្ពាន​ឆ្លង​សមុទ្រ​វែង​ជាងគេ​តម្លៃ​ជាង ២៨៤លាន​ដុល្លារ

0

ដោយ ​វុត្ថា

ភ្នំពេញៈ រដ្ឋាភិបាល​នៃ​ប្រទេស​ឥណ្ឌូនេស៊ី គ្រោង​នឹង​សាងសង់​ស្ពាន​ប្រវែង៧ គីឡូម៉ែត្រ​ស្មើ នឹង ៤,៣៥ ម៉ា​យ ដើម្បី​ត​ភ្ជាប់​រវាង​កោះ​Batam និង​កោះ​ Bintan នៅក្បែរ​នឹង​ប្រទេស​សិង្ហ​បុរី ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម និង​ទេសចរណ៍​នៅក្នុង​តំបន់​នេះ។

យោងតាម​សេចក្តីប្រកាស​របស់​ការិយាល័យ លេខាធិការ​គណៈរដ្ឋមន្ត្រី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពីពេលថ្មីៗនេះ​ថា ស្ពាន​ដែល​ត​ភ្ជាប់​កោះ​ទាំងពីរ​នេះ នឹងត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជា ៤៤ពាន់​ពាន់​លាន​រូពី ស្មើនឹង ២៨៤,៣៥ លាន​ដុល្លារ ហើយ​ស្ពាន​នេះ​នឹង​ក្លាយជា​កំពង់ផែ​សមុទ្រ​វែង​ជាងគេ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី។

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បន្តថា ការសាងសង់​ស្ពាន​នេះ ក្នុង​គោលបំណង​ទាញយក​ប្រយោជន៍ ពី​ការពង្រីក​អាកាសយានដ្ឋាន​ Chagi របស់​ប្រទេស​សិង្ហ​បុរី​ជាមួយនឹង​ការអភិវឌ្ឍ​ស្ថានីយ​ថ្មី​ចំនួន៥ ដែល​នឹងមាន​ការតភ្ជាប់​ដឹកជញ្ជូន​ទៅកាន់​ទីក្រុង Bintan របស់​ប្រទេស​ឥណ្ឌូនេស៊ី។

ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Joko Widodo បានឱ្យដឹងថា ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នេះ គឺជា​មូលដ្ឋានគ្រឹះ​នៃ​អាណត្តិ​ដំបូង​របស់លោក ដោយបាន​សន្យាថា​នឹង​បន្ត​កាត់បន្ថយ​ឧបសគ្គ​សេដ្ឋកិច្ច នៅ​អាស៊ីអាគ្នេយ៍​ក្នុង​អាណត្តិ​ទី២របស់លោក ដែល​នឹង​ចាប់ផ្តើម​នៅ​ខែតុលា។

រដ្ឋបាល​របស់លោក​ក៏បាន​នឹង​កំពុង​ស្វះ​ស្វែងរក​ទីផ្សារ សម្រាប់​ដាក់​នៅ​កោះ Batam ដែលជា​តំបន់​ពាណិជ្ជកម្ម​សេរី​តែមួយគត់​របស់​ឥណ្ឌូនេស៊ី ដល់​វិនិយោគិន​ដែល​ចង់​ផ្លាស់ប្តូរ​ទីតាំង​រោងចក្រ​ចេញពី​ប្រទេស​ចិន ចំពេល​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ទីក្រុង​ប៉េកាំង​និង​ទីក្រុង​វ៉ាស៊ីនតោន។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​រដ្ឋាភិបាល ក៏បាន​បញ្ជាក់ដែរថា ការសាងសង់​ស្ពាន​នេះ គ្រោង​នឹង​ចាប់ផ្តើម​ដំណើរ​ជា​ផ្លូវការ​នៅ​ឆ្នាំ២០២០ ហើយ​ចំណាយពេល​ពី៣ទៅ៤ឆ្នាំ​ទើប​បញ្ចប់​ការសាងសង់​ជា​ផ្លូវការ៕

តើ​អ្វី​នៅ​ពីក្រោយ​ការបិទ​ផ្សារ​ទំនើប​ចាស់ និង​ការបង្កើត​ផ្សារ​ទំនើបថ្មីៗកាន់តែច្រើន

0

ដោយ រ៉ា​ណេ​ត

ភ្នំពេញៈ តាម​ការព្យាករណ៍​រប​ស់​អ្នកជំនាញ​បានឱ្យដឹងថា នៅត្រឹម​ឆ្នាំ២០៣០ខាងមុខនេះ កំណើន​ផ្សារ​ទំនើប​ខ្នាត​អន្តរជាតិ​នានា​នៅ​កម្ពុជា នឹង​កើនឡើង​រហូតដល់​ជាង​ជិត ៤០ទីតាំង ខណៈ ដែល​បច្ចុប្បន្ននេះ​គេ​សង្កេតឃើញ​មាន​បណ្តា​ផ្សារ​ទំនើប ដែល​ធ្លាប់​ដំណើរការ​មួយចំនួន​បានសម្រេច​បិទទ្វារ ហើយ​មួយចំនួនទៀត​កំពុងតែ​ប្រឈម។

នៅក្នុង​របាយការណ៍​ដែល​សិក្សា​ឡើង ដោយ​អ្នកជំនាញ​ផ្នែក​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អន្តរជាតិ CBRE បាន​បង្ហាញថា ការផ្គត់ផ្គង់​ផ្សារ​ទំនើប​គ្រប់​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា​មានការ​កើនឡើង​យ៉ាងខ្លាំង ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​កម្លាំង​បញ្ជា​ទិញ។ របាយការណ៍​ដដែល​បានបញ្ជាក់​ទៀតថា ផ្សារ​ទំនើប​ដែល​កំពុងតែ​ដំណើរ​នៅលើ​ទីផ្សារ​នាពេល​បច្ចុប្បន្ននេះ​ត្រូវបាន​បែងចែក​ជា​ចំណាត់ថ្នាក់​ផ្សេងគ្នា រួមមាន ប្រភេទ Shopping Center, Retail Podium, Shopping Mall, និង​ប្រភេទ Community Mall ។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​អន្តរជាតិ CBRE Cambodia លោកស្រី អាន សុធី​តា បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​បើ​និយាយ​ពី​វិស័យ​ផ្សារ​ទំនើប គឺមាន​ភាព​រីកចម្រើន​ខ្លាំង ប៉ុន្តែ​ក្នុងនោះ​ក៏មាន​ផ្សារ​តំនើប​មួយចំនួន​តូច​បាន​ជួប​បញ្ហា​ប្រឈម ដោយសារតែ​ការប្រែប្រួល​នៃ​ភាព​ទំនើបកម្ម កិច្ច​រៀបចំ និង​តុបតែង​លម្អ។

ផ្អែក​តាម​គំនូសតាង (Graphic) ដែល​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន CBRE Cambodia បាន​បង្ហាញថា នៅត្រឹម​ឆ្នាំ២០១៣ ប្រភេទ​ផ្សារ​Shopping Center មាន​ចំនួន៧កន្លែង។ នៅត្រឹម​ចុងឆ្នាំ២០១៨ ប្រភេទ​ផ្សារ Retail Podium មាន​ចំនួន៣ ហើយ​រហូតដល់​ឆ្នាំ២០២២ នឹង​កើន​ឡើងដល់១០កន្លែង។ ប្រភេទ​ផ្សារ Shopping Mall នៅ​ដើមឆ្នាំ២០១៩ មាន​ចំនួន៣ ហើយនឹង​បន្ត​កើន​ដល់​ចំនួន១២កន្លែង​នៅត្រឹម​ឆ្នាំ២០២៤ ដោយឡែក​ចំពោះ​ប្រភេទ​ផ្សារ​បែប​Community Mall កាលពីដើមឆ្នាំ២០១៩ មាន​ចំនួន​ត្រឹម៦កន្លែង ហើយនឹង​បន្ត​កើនឡើង​រហូតដល់​ចំនួន១៦កន្លែង នៅត្រឹម​ឆ្នាំ២០២១ ខាងមុខនេះ។

យ៉ាងណាក៏ដោយ ស្រប​ដែល​កំណើន​ផ្សារ​ទំនើប​គ្រប់​ប្រភេទ បាន​បន្ត​កើនឡើង ក្នុងនោះ​ក៏មាន​ផ្សារ​ទំនើប​មួយចំនួន ដែល​ធ្លាប់​ដំណើរការ​កាលពី​ប្រមាណ៥-១០ឆ្នាំមុន​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ រហូត​ឈានដល់​បិទ និង​ផ្អាក​ដំណើរ​មួយរយៈ ដើម្បី​ធ្វើការ​កែលម្អ​សាជាថ្មី ជាក់ស្ដែង​ដូចជា​ផ្សារ​ទំនើប​សូរិយា (ត្រូវបាន​កែលម្អ​ថ្មី) ផ្សារ​ទំនើប សុ​វណ្ណា(កំពុង​បិទទ្វារ ដើម្បី​កែលម្អ) ក៏ដូចជា​ផ្សារ​ទំនើប ផា​រ៉ា​ហ្គ​ន ដែល​សុទ្ធតែជា​ផ្សារ​ធ្លាប់មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​កាលពី​ប៉ុន្មាន​ឆ្នាំមុន។

ភាព​ប្រឈម និង​ការបិទទ្វារ​ផ្អាក​ដំណើរ​ការលក់ ដើម្បី​ធ្វើការ​កែលម្អ​ថ្មី​នេះ ត្រូវបាន​លោកស្រី អាន សុធី​តា ទទួលស្គាល់ ដោយ​លោកស្រី​បាន​បញ្ជាក់ថា “ធម្មតា អ្វីដែល​ថ្មី អ្វីដែល​ប្លែក និង​ទាន់សម័យ គឺ​តែងមាន​ភាព​ទាក់ទាញ។

លោកស្រី​បាន​បន្តថា កាលពី​ប៉ុន្មាន​ឆ្នាំ ផ្សារ​ទំនើប​សូរិយា ក៏ដូចជា​ផ្សារ​ទំនើប សុ​វណ្ណា បាន​ឈរ​នៅ​លំដាប់​កំពូល ប៉ុន្តែ​ជាក់ស្ដែង​នៅពេល​បច្ចុប្បន្ននេះ ផ្សារ​ដែល​ស្ថិតនៅក្នុង​ចំណាប់អារម្មណ៍ រួមមាន AEON1 , AEON2 និង​ផ្សារ​ទំនើប Olympia ដែល​ទើប​បើក​ដំណើរការថ្មីៗនេះ។ លោកស្រី​បាន​បញ្ជាក់ថា ផ្សារ​ដែល​ដំណើរការ​យូរ​ឆ្នាំ ត្រូវតែមាន​ការកែលម្អ ដែល​យ៉ាងយូរ​ត្រឹម៥ឆ្នាំ​ម្ដង ដើម្បី​អាច​ប្រកួតប្រជែង​ជាមួយ​ផ្សារ​ដែល​ទើប​បង្កើតឡើង​ថ្មី មាន​រចនាបទថ្មី។

អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​កម្ពុជា លោក ង៉ែត ជូ​បាន​មានប្រសាសន៍ថា បើទោះជា​កំណើន​ផ្សារ​ទំនើប មានការ​កើនឡើង​ដូច​ការលើកឡើង​ខាងលើ ប៉ុន្តែ​វា​ហាក់​នៅ​មិនទាន់បាន​បំពេញតម្រូវការ​របស់​មនុស្ស​ទូទៅ​នោះទេ ។

លោក​បាន​បញ្ជាក់ថា “រស​និយមនៃ​មុខទំនិញ​នៅតាម​បណ្តា​ផ្សារ​ទំនើប ភាគ​ជា​អ្នក​រស់នៅក្នុង​ទីក្រុង និង​មាន​កម្រិតជីវភាព​ធូរធា​តែប៉ុណ្ណោះ។ លោក​បន្តទៀតថា “មនុស្ស​ភាគច្រើន ជាពិសេស​បងប្អូន​មកពី​តាម​បណ្តា​ខេត្ត ឬ​ជាយក្រុង​ជាដើម ពួក​គាត​ចូលទៅ​ផ្សារ​ទំនើប ក្នុង​គោលបំណង​កម្សាន្ត​ច្រើន ជាង​ការទិញ​សម្ភារៈប្រើប្រាស់ និង​ចំណីអាហារ។

លោក​បន្តថា នៅ​ប៉ុន្មាន​ឆ្នាំ​ទៀត ក្រោយ​ពេលដែល​កំណើនសេដ្ឋកិច្ច នៅតែមាន​ភាពល្អប្រសើរ កម្រិតជីវភាព​ប្រជាពលរដ្ឋ​មាន​កំណើន​ល្អ នោះ​តម្រូវការ​នៃ​ការប្រើប្រាស់​ផ្សារ​ទំនើប​នឹង​កើនឡើង”៕

ការទម្លាក់​តម្លៃ​ប្រាក់​យ័ន​របស់​ចិន​ជាការ​ទះកំផ្លៀង​លោក​ប្រធានាធិបតី Donald Trump

0
​ប្រាក់​យ័ន

ដោយ Donald Lee

ប៉េកាំងៈ អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​ចិន បាន​និយាយថា ការឆ្លើយតប​របស់​ចិន ចំពោះ​ការដំឡើង​ពន្ធ​របស់លោក​ប្រធានាធិបតី​អាមេរិក Donald Trump គឺ​ស្មើនឹង​ការ​ទះកំផ្លៀង​មេដឹកនាំ​អាមេរិក។

ទីក្រុង​ប៉េកាំង​បាន​ទម្លាក់​តម្លៃ​រូបិយប័ណ្ណ​របស់ខ្លួន ទៅនឹង​ប្រាក់​ដុល្លារ​ដល់​កម្រិត​ទាប​បំផុត ដែលមាន​ធ្លាប់​កើតឡើង​ក្នុង​រយៈពេល១១ឆ្នាំ បន្ទាប់ពី​ការបញ្ចប់​នៃ​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​កាលពី​សប្តាហ៍​មុន និង​ការប្រកាស​របស់លោក​ Trump ថា លោក​នឹង​តំឡើង​ពន្ធ​លើ​ទំនិញ​ចិន ដែលមាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ៣០០ពាន់​លាន​ដុល្លារ។

អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ចិន Max Baucus បាន​និយាយថា “វា​ពិត​ជាការ​ទះកំផ្លៀង ចំពោះ​លោក​ប្រធានាធិបតី Trump [សម្រាប់​ប្រទេស​ចិន] ក្នុងការ​អនុវត្ត​ពន្ធគយ​ទាំងនោះ បន្ទាប់ពី​កិច្ចពិភាក្សា​ក្រុង​សៀង​ហៃ។

អតីត​ឯកអគ្គរដ្ឋទូត ដែល​បាន​បំពេញភារកិច្ច ក្នុងអំឡុង​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក Barack Obama បាន​បន្ថែមថា “ប្រទេស​ចិន​គិតថា​ការធ្វើ​របស់ Trump គឺ​មិន​ត្រឹមត្រូវ ដូច្នេះ​យើង​នឹងធ្វើ​ការទម្លាក់​តម្លៃ​រូបិយប័ណ្ណ ដើម្បី​ឆ្លើយតប​នឹង​លោក Trump”។

លោក​ឯកអគ្គរដ្ឋទូត ក៏បាន​ថ្លែង​ផងដែរ​ថា វិធីសាស្ត្រ​មិនចេះ​អត់ធ្មត់​របស់លោក Trump មិនឱ្យ​តម្លៃ​ខ្ពស់​ចំពោះ​ការចរចា​ពាណិជ្ជកម្ម​របស់​ចិន​ទេ។

លោក ​Baucus បាន​និយាយថា “គន្លឹះ​នៅទីនេះ គឺ​ដើម្បីឱ្យ​យើង​ទទួលបាន​ស្ថេរភាព និង​អាច​ព្យាករណ៍​បាន​កាន់តែច្រើន និង​វិធី​ធ្វើ​នោះ​គឺ​ត្រូវ​អត់ធ្មត់​បន្តិច។

លោក​បាន​ពន្យល់ថា “នេះ​ជា​វិធី​មួយ​ដែល​កំពុង​បង្កើនល្បឿន រវាង​ប្រទេស​យើង​ទាំងពីរ។ យើង​ត្រូវការ​មនុស្សពេញវ័យ​ទាំងសងខាង ដើម្បី​បញ្ឈប់​ភាពមិន​សម​ហេតុ​សម​ផល​នេះ”៕

៦ជំ​ហ៊ាន​ពី ​Propertyarea.asia ដើម្បី​ឆ្ពោះទៅមុខ​កាន់តែ​ឆ្ងាយ​ជាង​មុន

0

ដោយៈ​យិន លាង​គង់​ស្ថាបនិក និង​ជា​អគ្គនាយក​គេហទំព័រ Propertyarea.asia

ភ្នំពេញៈ មិត្ត​អ្នកអាន​ជាទីគោរព​ស្រលាញ់! បន្ទាប់ពី​បានដាក់​ឲ្យ​ដំណើរការ​គេហទំព័រ Propertyarea.asia រយៈពេល​ជិត២ឆ្នាំ​មកនេះ យើង​បានទទួល​ការគាំទ្រ​យ៉ាងច្រើន​ពី​ស្រទាប់​មហាជន ពិសេស​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​នានា​នៅក្នុង និង​ក្រៅប្រទេស។

ឈរលើ​ក្រមសីលធម៌ និង​មូលដ្ឋាន​វិជ្ជាជីវៈ តាមរយៈ​ការ​ផ្តល់ព័ត៌មាន​ពិត ឥត​លំអៀង យើង​បាននិងកំពុង​ចូលរួមចំណែក​ជាមួយ​រដ្ឋាភិបាល ដើម្បី​លើក​កំពស់​កិត្យានុភាព​ជាតិ ទៅកាន់​ឆាក​អន្តរជាតិ និង​ឆ្លុះបញ្ចាំង​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​កម្ពុជា ពិសេស​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ។

“ទឹកឃ្មុំ​មួយ​ដំណក់់​អាច​ចាប់​រ៉ុយ​បាន​រាប់រយ​ក្បាល (ព័ត៌មាន​វិជ្ជមាន) ផ្ទុយទៅវិញ​ថ្នាំពុល​មួយ​ពាន់​លីត្រ មិនអាច​ចាប់​រុយ​បាន​នោះទេ”។

សារ​ខាងលើនេះ “ជា​គុណ​តម្លៃ​នៃ​ព័ត៌មាន​របស់​យើង” ព្រោះ​យើង​ឈរលើ​មូលដ្ឋាន​នៃ​ការវិភាគ ពិចារណា​គ្រប់​ជ្រុងជ្រោយ និង​ផ្សារភ្ជាប់​ជាមួយ​មូលដ្ឋាន​វិជ្ជាជីវៈ ដែលជា​តម្លៃ​ស្នូល​របស់​យើង។ នេះ​ជា​អ្វីដែល​យើង​កំពុង​ផ្តោត​ការយកចិត្តទុកដាក់ ហើយ​ដឹកនាំ និង​ក្រុមការងារ​ទាំង​អស់នៃ​ក្រុមហ៊ុន Propertyarea.asia បាននិងកំពុង​ផ្តល់ព័ត៌មាន​លើ​ភាព​វិជ្ជមាន ប៉ុន្តែ​តិ​ទៀន​ក្នុងន័យ​ស្ថាបនា។

ដោយសារ​បទពិសោធន៍ គួបផ្សំ​ជាមួយ​វិជ្ជាជីវៈ និង​ការរកឃើញ​នូវ​គុណ​តម្លៃ​ស្នូល​ក្នុង​វិស័យ​សារព័ត៌មាន​នេះហើយ ទើប Propertyarea.asia បានធ្វើ​ឲ្យ​មាន​ឥទ្ធិពល ក្នុង​វិស័យ​សារព័ត៌មាន​បែប​ឌីជីថល​នៅ​កម្ពុជា។ ជាក់ស្តែង​ព័ត៌មាន​របស់​យើង​ត្រូវបាន​ស្ថាប័ន​រដ្ឋាភិបាល អ្នកវិនិយោគ​ជាតិ អន្តរជាតិ ប្រជាពលរដ្ឋ​យកទៅ​ធ្វើជា​ឯកសារយោង​សំរាប់​ធ្វើជា​មូលដ្ឋាន​នៃ​គំរោង​វិនិយោគ​របស់​ពួកគេ។

បច្ចុប្បន្ននេះ មាន​បណ្តាញ​សារ​ព៌​ត​មាន​តាម​អន​ឡាញ​ចន្លោះ​ពី៦០ ទៅ៧០បាន​កូ​ពី​ព៌​ត​មាន​របស់​យើងខ្ញុំ យកទៅ​ចុះផ្សាយ​នៅលើ​គេហទំព័រ​របស់​ពួកគេ។

ជាមួយនឹង​ការវិវត្ត​ជា​វិជ្ជមាន​នេះ ក្រុមការងារ​របស់​យើងខ្ញុំ​បាន និង​កំពុង​រៀបចំ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​យើងខ្ញុំ ទៅកាន់​បណ្តាញ​ទំនាក់ទំនង​សង្គម​ដទៃទៀត ក្នុង​គោលដៅ​ធ្វើយ៉ាងណា​ឲ្យ​ព័ត៌មាន​របស់​យើង ទៅដល់​មនុស្ស​ជាច្រើន​ទៀត​នៅ​ជុំវិញ​ពិភពលោក ជាមួយ​ព័ត៌មាន​លឿន​ជាង​មុន កាន់តែ​មាន​សុ​ក្រិត​ភាព​ជាង​មុន និង​អាច​ផ្តល់នូវ​ចំណេះដឹងថ្មីៗជាច្រើន​ទៀត​ដល់​ស្រទាប់​មហាជន ពិសេស​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​ប្រើប្រាស់​ជា​ទុន​ចំណេះដឹង ដើម្បី​ធ្វើជា​មូលដ្ឋាន​ពិចារណា និង​វិភាគ។

ហេតុនេះ​ទើប​ក្រុមការងារ​បច្ចេកទេសរ​បស់​យើង បាន​បង្កើន​នូវ​ការផ្សព្វផ្សាយ​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​កាន់តែច្រើន ដូចជា Line ដែល​លោកអ្នក​អាច​ចូល​អាន​តាមរយៈ​អាស័យដ្ឋាន [email protected], Instagram តាមរយៈ​អាស័យដ្ឋាន propertyareaasia, Twitter តាមរយៈ​អាស័យដ្ឋាន ​AreaAsia, Linkedin តាមរយៈ​អាស័យដ្ឋាន [email protected], Telegram តាមរយៈ​អាស័យដ្ឋាន​t.me/propertyarea_asia និង Property Tv Cambodia ដែល​ផ្តោតលើ​ព័ត៌មានថ្មីៗ ទាន់​ហេតុការណ៍ ទាំង​ជាតិ និង​អន្តរជាតិ ពិសេស​ទាក់ទង​នឹង​ចំណេះដឹង​ថ្មី​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា។

យើងខ្ញុំ​ស្វាគមន៍​រាល់​ការ​ផ្តល់យោបល់ ប្រកបដោយ​គុណ​តម្លៃ ហើយ​យើង​រីករាយ​ក្នុងការ​ទទួលយក​ការរិះគន់ ប្រកបដោយ​គតិបណ្ឌិត​របស់លោក លោកស្រី គ្រប់ពេលវេលា។

សូម​អរគុណ​ដល់​បណ្តា​ក្រុមហ៊ុន​នានា ដែល​តែងតែ​ឧបត្ថម្ភ​គាំទ្រ​គេហទំព័រ​របស់​យើងខ្ញុំ​តាមរយៈ​វេ​ប​សាយ​ក្តី តាមរយៈ Facebook Page ក្តី សូម​គោរព​ជូនពរ លោក លោកស្រី​ឲ្យ​ជួបប្រទះ​តែ​សេចក្តីសុខ សុភមង្គល និង​ទទួលជោគជ័យ​លើ​គ្រប់មុខ​ជំនួញ ឬ​អាជីវកម្ម​នានា៕

រដ្ឋាភិបាល​សម្រេច​កាត់​បន្ថយ​ថ្ងៃ​ឈប់សម្រាក​ចំនួន ៦ថ្ងៃ នៅ​ឆ្នាំ២០២០ខាងមុខ

0
ថ្ងៃឈប់សម្រាក

ដោយ នៅ ស៊ី​វុត្ថា

ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​អនុក្រឹត្យ​ស្ដីពី ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ត្រីរាជកា​រ និយោជិត កម្មករ​ប្រចាំឆ្នាំ២០២០ ដោយបាន​កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​ចំនួន៦ថ្ងៃ នៅ​ឆ្នាំ២០២០ខាងមុខ។

នៅក្នុង​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​តេ​ជោ​ហ៊ុន សែន ចុះ​នៅ​ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩បានឱ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក ក្នុង​ព្រះរាជ​ពិធីបុណ្យ​ចម្រើន ព្រះជន្ម​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី មក​នៅត្រឹម​ចំនួន១ថ្ងៃ និង​បានប្រកាស​លែងឱ្យ​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ និង​ទិវា​ចំនួន ៥ គឺ ៖ ១) ពិធីបុណ្យ​មាឃបូជា ដែល​តែងតែ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ១៥ កើត ខែមាឃ ជា​រៀងរាល់ឆ្នាំ ២) ទិវា​ជាតិ​នៃ​ការចងចាំ ដែល​តែងតែ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី២០ ខែឧសភា ជា​រៀងរាល់ឆ្នាំ ៣) ទិវា​កុមារ​អន្តរជាតិ ដែល​តែងតែ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី២០ ខែឧសភា ជា​រៀងរាល់ឆ្នាំ ៤) ទិវា​រំឭក​ខួប នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា និង៥) ទិវា​សិទ្ធិមនុស្ស១០ ធ្នូ។

ចំណែកឯ​ថ្ងៃ​ឈប់សម្រាក​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​ខ្មែរ​វិញ នៅ​ឆ្នាំ២០២០ ខាងមុខ ប្រជាពលរដ្ឋ​ខ្មែរ មិន​ថា​មន្ត្រីរាជការ និយោជិត ឬ​កម្មករ​នោះទេ នឹងត្រូវ​បានអនុញ្ញាត​ឱ្យ​ឈប់សម្រាក​បន្ថែម មុន​ពិធីបុណ្យ​នេះ​មួយថ្ងៃ គឺ​នៅ​ថ្ងៃ​ចន្ទ​ទី១៣ ខែមេសា ឆ្នាំ២០២។

រដ្ឋាភិបាល​កម្ពុជា​ធ្លាប់បាន​ឱ្យដឹងថា ការកាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​សាធារណៈ នឹង​ក្លាយទៅជា​យុទ្ធសាស្ត្រ​សំខាន់​មួយ ក្នុងចំណោម​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ដទៃ​ផ្សេងទៀត សម្រាប់​ជំរុញ និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​ជាតិ និង​អន្តរជាតិ ក៏ដូចជា​សហគ្រិន​ក្នុងស្រុក​ទាំងឡាយ ឱ្យមាន​ទស្សនទាន​ប្រកបដោយ​ភាព​វិជ្ជមាន សម្រាប់​ការរីកចម្រើន និរន្តរភាព​នៃ​ដំណើរការ​អាជីវកម្ម ក៏ដូចជា​លទ្ធភាព​បង្កើន​ប្រាក់ចំណេញ​របស់ខ្លួន​នៅ​កម្ពុជា៕