ក្រុមហ៊ុន ​ខេ អេ​ច​ លែ​ន​ ជ្រើស​យក​យុទ្ធសាស្ត្រឈ្នះ ឈ្នះ​ចំនួន៤ ជា​មូលដ្ឋាន​របស់ខ្លួន

0
ក្រុមហ៊ុន ​ខេ អេ​ច​ លែ​ន​ ជ្រើស​យក​យុទ្ធសាស្ត្រឈ្នះ ឈ្នះ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញ៖ ក្រុមហ៊ុន ខេ អេ​ច លែ​ន (KH LAND CO,.LTD) ដែល​បាននិងកំពុង​ដើរតួនាទី​ជា​អ្នកទទួល​សិទ្ធិ​លក់​លើ​គម្រោង​អចលនទ្រព្យធំៗជាច្រើន បានដាក់​ចេញ​នូវ​ទស្សនវិស័យ​របស់​ខ្លួន ដែល​ប្រកបទៅដោយ​គុណ​តម្លៃ​ខ្ពស់​ជាងគេ គឺ​តាមរយៈ​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ឈ្នះ ឈ្នះ​ចំនួន៤ សម្រាប់​គោលការណ៍​ស្នូល​នៃ​ក្រុមហ៊ុន​របស់ខ្លួន។

ក្រុមហ៊ុន ​ខេ អេ​ច​ លែ​ន​ ជ្រើស​យក​យុទ្ធសាស្ត្រឈ្នះ ឈ្នះ

ឈរ​នៅលើ​គោលការណ៍​ចម្បង​ក្រោម​ពាក្យស្លោក «ក្រុមហ៊ុន​ឈ្នះ បុគ្គលិក​ឈ្នះ ភ្នាក់ងារ​ដៃគូ​ឈ្នះ អតិថិជន​ឈ្នះ» ធ្វើជា​យុទ្ធសាស្ត្រ​នោះ នៅត្រឹម​រយៈ២១ខែ នៃ​ការចាប់ផ្តើម​ក្រុមហ៊ុន​អចលនទ្រព្យ ក្រុមហ៊ុន ខេ អេ​ច លែ​ន បាន​ពង្រីក​វិសាលភាព​របស់ខ្លួន​យ៉ាង​ជោគជ័យ ដោយមាន​ថ្នាក់ដឹកនាំ និង​ធនធានមនុស្ស​មាន​សម​ត្ថ​ភាព​ខ្ពស់។

លោក ប៊​ន សុវណ្ណ ប្រធាន​គ្រប់គ្រង​ផ្នែក​លក់​នៃ​ក្រុមហ៊ុន ខេ អេ​ច លែ​ន បាន​មានប្រសាសន៍​ឲ្យ​ដឹងថា “ភាពជោគជ័យ​ដែល​ក្រុមហ៊ុន​ទទួលបាន​នៅពេលនេះ ក៏​ព្រោះតែ​ក្រុមហ៊ុន​បាន​ឈរ​នៅលើ​គោលជំហរ​មួយ​យ៉ាងរឹងមាំ ដោយ​ប្រកាន់យក​គោលការណ៍ «ក្រុមហ៊ុន​ឈ្នះ បុគ្គលិក​ឈ្នះ ភ្នាក់ងារ​ដៃគូ​ឈ្នះ អតិថិជន​ឈ្នះ» រួម​ជាមួយនឹង​ការរក្សា​នូវ​ភាពស្មោះត្រង់​ជា​ចម្បង។

លោក​បាន​បន្តថា ស្នូល​គ្រឹះ​ដែល​ធ្វើឱ្យ​ក្រុមហ៊ុន ខេ​អេ​ច លែ​ន ទទួលបាន​ភាពជោគជ័យ ពង្រីក​វិសាលភាព​ខ្លួន​បាន​យ៉ាង​ធំ ពី​បុ​គ្ក​លិ​ក​គ្រា​ដំបូង​ប្រមាណ​ជាង១០រហូត​ឡើង​ជាង៩០នាក់ នៅពេល​បច្ចុប្បន្ននេះ គឺ​ភាពស្មោះត្រង់ និង​ការតម្រង់ទិស​បណ្តុះបណ្តាល​ធនធានមនុស្ស។

គ្រប់​បុគ្គលិក​ដែល​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន ក្រៅពី​ទទួលបាន​ប្រាក់បៀវត្សរ៍​ប្រចាំខែ ថែមទាំង​អាច​ទទួលបាន​ប្រាក់​បន្ថែម​នៃ​កម្រៃជើងសារ​ពី​ការខិតខំ​ប្រឹងប្រែង​លក់ មានឱកាស​ទទួលបាន​ការបណ្តុះបណ្តាល​ចំណេះដឹង និង​ជំនាញ​ក្នុងនាម​ជា​អ្នកលក់​អចលនទ្រព្យ ហើយក៏​មានឱកាស​ទទួល​បាន​ប្រាក់​បន្ថែម​លើកទឹកចិត្ត​ប្រចាំឆ្នាំ។

លោក​ប៊​ន សុវណ្ណ បាន​បន្តទៀតថា លើសពីនេះទៅទៀត អ្វីដែល​កាន់តែ​ល្អប្រសើរ​ចំពោះ​អតិថិជន ក្រៅពី​ទិញ​បាន​ដី​ដែលមាន​ទីតាំង​ល្អ ហើយ​យើង​បានរៀបចំ​គម្រោង​អភិវឌ្ឍន៍​នៅ​ជុំវិញ​តំបន់​នោះ ដើម្បី​ធ្វើ​ឲ្យ​តម្លៃ​ដី​តំបន់​នោះ​ឡើងថ្លៃ ដែល​ផ្តល់​ផលចំណេញ​ដល់​អតិថិជន។លោក​បន្តថា “មូលដ្ឋាន​ដែល​ក្រុមហ៊ុន​បាន​ដើរតួនាទី​ជា​ភ្នាក់ងារ​លក់ តែងតែមាន​ការរីកចម្រើន​លឿន ព្រោះ​គម្រោង​ដែល​ក្រុមហ៊ុន​ទទួល​យកមក​លក់ សុទ្ធតែ​មានការ​សិក្សា​ច្បាស់លាស់ ហើយ​ជ្រើសរើស​ក្រុមហ៊ុន​ដែលមាន​គុណ​តម្លៃ និង​មិន​ទុក​តំបន់​ពួកគេ​អភិវឌ្ឍន៍​ចោល។

លោក​ប្រធាន​គ្រប់គ្រង​ផ្នែក​លក់​នៃ​ក្រុមហ៊ុន ខេ អេ​ច លែ​ន​រូបនេះ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា តាមរយៈ​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ទាំងនេះ នៅក្នុង​រយៈពេល​ដ៏​ខ្លី ក្រុមហ៊ុន​បាន​លក់​យ៉ាង​ជោគជ័យ លើ​គម្រោង​ចំនួន៤រួចហើយ ខណៈដែល​បច្ចុប្បន្នកំពុង​តែ​បន្ត​លក់​គម្រោង​ទី៥ ដែលមាន​ផ្ទៃដី​រហូតដល់៣០ហិកតា ស្ថិតនៅ​ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល​កំពុង​លក់​បញ្ចប់។ ទីតាំង​នេះ​គឺជា​តំបន់​ជាយ រាជធានី​ភ្នំពេញ ដែល​ស្ថិតក្នុង​គម្រោង​អភិវឌ្ឍន៍ យ៉ាងសកម្ម​របស់​រាជ​រដ្ឋាភិបាល និង​ជាទី​តាំង​ដ៏​មាន​សក្ដានុពល​សម្រាប់​វិស័យ​រោងចក្រ សហគ្រាស បណ្តុំ​ឃ្លាំង ស្របទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ហើយក៏​កំពុង​ផ្តោត​សំខាន់​ទៅលើ​គម្រោង​ទី៦ក្នុងពេល​ដ៏​ខ្លីឆាប់ៗខាងមុខនេះ។

ជាមួយគ្នានេះ​ផងដែរ ក្រៅពី​ជា​ក្រុមហ៊ុន​កំពុងមាន​ភាព​មមាញឹក ក្នុង​ការលក់​ដី​ឡូ​តិ៍​យ៉ាងសកម្ម​នៅតាម​តំបន់​ជាយក្រុង ក្រុមហ៊ុន ខេ អេ​ច លែ​ន បាននិងកំពុង​ត្រៀមខ្លួន​រួម​ជាស្រេច​ធ្វើការ​ជា​ភ្នាក់ងារ​លក់​ជាមួយ​អ្នកវិនិយោគធំៗ ដើម្បី​អភិវឌ្ឍ​ក្រុមហ៊ុន​នេះ​ទៅជា​ក្រុមហ៊ុន​ធំជាងគេ​នៅ​កម្ពុជា ដោយ​យើង​នឹង​សហការ​ជាមួយ​លក់​ជាមួយ​អ្នកវិនិយោគ​សាងសង់​គម្រោងធំៗរួមមាន៖ បុរី ខុន​ដូ និង​សំណង់​អា​ផាត​ម៉ិ​ន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផងដែរ។ ខេ អេ​ច លែ​ន ឯ.ក គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ​ស្របច្បាប់​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ស្របតាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

ក្រុមហ៊ុន ​ខេ អេ​ច​ លែ​ន​ ជ្រើស​យក​យុទ្ធសាស្ត្រឈ្នះ ឈ្នះក្រុមហ៊ុន ​ខេ អេ​ច​ លែ​ន​ ជ្រើស​យក​យុទ្ធសាស្ត្រឈ្នះ ឈ្នះក្រុមហ៊ុន ​ខេ អេ​ច​ លែ​ន​ ជ្រើស​យក​យុទ្ធសាស្ត្រឈ្នះ ឈ្នះក្រុមហ៊ុន ​ខេ អេ​ច​ លែ​ន​ ជ្រើស​យក​យុទ្ធសាស្ត្រឈ្នះ ឈ្នះ

អនុប្រធាន​ក្រុមប្រឹក្សា​ CREA ដឹកនាំ​កិច្ចប្រជុំ​​រៀបចំ​ក្រម​សីល​ធម៌​វិជ្ជាជីវៈ​សំរាប់​សមាគម​ និង​វិស័យ​អចលនទ្រព្យ

0
​ក្រម​សីល​ធម៌​វិជ្ជាជីវៈ

ដោយ​គង់ សូរិយា

ភ្នំពេញៈ អនុប្រធាន​ក្រុមប្រឹក្សា​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា លោក​យិន លាង​គង់​បាន​ដឹកនាំ​ថ្នាក់ដឹកនាំ និង​សមាជិកសមាគម​ដើម្បី​រៀបចំ​ក្រម​សីល​ធម៌​វិជ្ជាជីវៈ សំរាប់​ប្រើប្រាស់​ក្នុង​ក្របខ័ណ្ឌ​សមាគម ក៏ដូចជា​ប្រើប្រាស់​ទូទៅ​ក្នុង​វិស័យនេះ។

​ក្រម​សីល​ធម៌​វិជ្ជាជីវៈ

ក្រម​សីល​ធម៌វិជ្ជាជីវៈ​មាន​សារៈសំខាន់​ណាស់ សំរាប់​វិស័យ​សំណង់ និង​អចលនទ្រព្យ និង​គ្រប់​វិស័យ ដោយសារ​ការធ្វើការ​ដោយ​ឈរលើ​មូលដ្ឋាន​វិជ្ជាជីវៈ និង​ក្រម​សីល​ធម៌ នឹងធ្វើ​ឲ្យ​ការងារ​របស់់​ក្រុមហ៊ុន ឬ​សមាគម​ណាមួយ​នោះ​មានគុណ​តម្លៃ និង​ទទួលបាន​ជោគជ័យ ប្រកបដោយ​និរន្តរភាព។

លោក​យិន លាង​គង់​បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី៧ សីហា ​នៅ​ទីស្នាក់ការ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​ថា ដោយ​យល់ឃើញថា​ក្រម​សីល​ធម៌វិជ្ជាជីវៈ មាន​សារៈសំខាន់ ក្នុងការ​ធ្វើ​ឲ្យ​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​មាន​ទំនុកចិត្ត ហេតុនេះ​ទើប​សមាគម​បាន និង​កំពុង​ផ្តោត​ការងារ​សំខាន់ លើ​ការរៀបចំ​បទដ្ឋាន​ក្រម​សីល​ធម៌​វិជ្ជាជីវៈ​នេះ​ឡើង ដែល​មិន​ត្រឹមតែ​អាច​ប្រើប្រាស់ ក្នុង​ក្របខ័ណ្ឌ​សមាគម​នោះទេ ប៉ុន្តែ​ក៏​អាច​ប្រើប្រាស់​បាន​ទូទៅ​សំរាប់​អ្នក​ពាក់​ព័​ន្ឋ​ក្នុង​វិស័យនេះ​ផងដែរ។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏មាន​ការណែនាំ​ស្តីពី ក្រម​សីល​ធម៌​វិជ្ជា​ផងដែរ ប៉ុន្តែ​មិនបាន​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នៅឡើយ។

លោក​បន្តថា “អ្នកដើរ​តួនាទី​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ក្តី អ្នកវិនិយោគ​ក្តី ការប្រកាន់​ខ្ជាប់​ក្រម​សីល​ធម៌​វិជ្ជាជីវៈ មិន​ត្រឹម​ធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់ខ្លួន​ទទួលបាន​អតិថិជន​កាន់តែច្រើន​នោះទេ ប៉ុន្តែ​ក៏​ជាការ​ជួយ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ផងដែរ។

លោក​បន្តថា “សមាគម​អ្នកជំនាញ​អចលនទ្រព្យ​បាន និង​កំពុង​គោរព​តាម​ក្រម​សីល​ធម៌​របស់​ក្រសួង ប៉ុន្តែ​សមាគម​បាននិងកំពុង​ពង្រឹង​លើ​ការងារ​នេះ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​សមាជិកសមាគម​គោរព​នូវ​ក្រម​សីល​ធម៌​វិជ្ជាជីវៈ ដើម្បី​ជួយ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​សំណង់ និង​អចលនទ្រព្យ​កាន់តែ​រីកចម្រើន​លឿន​ថែមទៀត។

ជាមួយនឹង​ការពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង និង​ចូលរួម​ជួយ​រដ្ឋាភិបាល​ក្នុងការ​អូសទាញ​ការវិនិយោគ ថ្នាក់ដឹកនាំ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា ក៏បាន​ផ្តោតលើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ផងដែរ ដោយសារ​ធនធានមនុស្ស​ក្នុង​វិស័យនេះ​នៅមាន​ការខ្វះខាត​នៅឡើយ។ ហេតុនេះ​ទើប​នៅពេលថ្មីៗនេះ ថ្នាក់ដឹកនាំ​សមាគម​បាន​ដឹកនាំ​ថ្នាក់ដឹកនាំ និង​សមាជិកសមាគម​ជាច្រើន ទៅ​ទទួល​ការបណ្តុះបណ្តាល​ជំនាញ​អចលនទ្រព្យ​អន្តរជាតិ​នៅ​ប្រទេស​សឹង្ហ​បុរី និង​ប្រទេស​ថៃ​ជាដើម៕

រដ្ឋាភិបាល​សម្រេច​ពង្រឹង​ការធ្វើ​អធិការកិច្ច​សំណង់​ដើម្បី​គ្រប់គ្រង​ការអភិវឌ្ឍន៍អចលនវត្ថុ​ឱ្យមាន​ប្រសិទ្ធិភាព

0
គ្រប់គ្រង​ការអភិវឌ្ឍន៍អចលនវត្

ដោយ វុត្ថា

ភ្នំពេញៈ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ និង​ក្រសួងយុត្តិធម៌ បានសម្រេច​ចេញ​សេចក្តីប្រកាស​អន្តរក្រសួង​ស្តីពី​នីតិវិធី និង​បែប​នៃ​ការធ្វើ​អធិការកិច្ច​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា។

យោងតាម​ប្រកា​សលេខ ១១៨.ប្រក/ដ.ន.ស. ក​យ ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រីក្រសួង​ទាំងពីរ រួមមាន លោក​ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ និង​លោក​អង្គ​វង្ស វ​ឌ្ឍ​នា​រដ្ឋមន្ត្រី​ក្រសួង​យុ​ត្តិ​ធ៌​ម​កាលពី​ថ្ងៃទី២ ខែសីហា ឆ្នាំ ២០១៩ កន្លងមកនេះ​បានឱ្យដឹងថា ការចេញ​សេចក្តីប្រកាស​នេះ គឺ​ក្នុង​គោលបំណង គ្រប់គ្រង​ការអភិវឌ្ឍន៍​អចលនវត្ថុ​ឱ្យមាន​ប្រសិទ្ធិភាព គុណភាព សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម និង​បរិស្ថាន​សម្រាប់​ការរស់នៅ​តាមរយៈ​ការបង្ការ និង​ទប់ស្កាត់​អំពើ​ល្មើស​បទ​ប្បញ្ញត្តិ​ស្តីពី​ន​រូបនីយកម្ម និង​សំណង់។

សេចក្តីប្រកាស​អន្តរក្រសួង​នេះ មាន៦ជំពូក និង ២២មាត្រា ដែល​ចែក​លំ​អិតពី​និតិ​វិធី​របស់​សមត្ថកិច្ច​រប​ស់​មន្ត្រី​អធិកា​រដ្ឋកិច្ច អធិការកិច្ច​សំណង់ និង​បណ្តឹងតវ៉ា​ជាដើម។

ឧបនាយករដ្ឋមន្ត្រី លោក​ជា សុផារ៉ា កាលពី​កន្លងទៅថ្មីៗនេះ បានស្នើ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត ចាត់វិធានការ​ចំពោះ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សាងសង់ និង​ម្ចាស់​សំណង់​ដែល​មិន​អនុវត្តតាម​កាតព្វកិច្ច និង​លក្ខខណ្ឌ​តម្រូវ​ដោយ​បទដ្ឋាន​គតិយុត្ត និង​បទដ្ឋាន​បច្ចេកទេស។

លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​បញ្ជា​ឱ្យ​អជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវដាក់​ពាក្យបណ្តឹង​ទៅ​តុលា ឬ​ព្រះ​រា​ជ្ញា​បន្ទាន់ ដើម្បី​ដោះស្រាយ​តា​ផ្លូវច្បាប់ បន្ទាប់ពី​ពិនិត្យឃើញ​ការដ្ឋាន​សំណង់​ណាមួយ ដែល​សាងសង​គ្មាន​ច្បាប់​អនុញ្ញាត​ផងដែរ។

លោក​ឧបនាយករដ្ឋមន្ត្រី​បន្តថា “គណៈកម្មការ​នឹង​ចុះ​ធ្វើ​ការងារ នេះ​ដោយ​ប្រាកដប្រជា​បំផុត​និង​ព្រមទាំង​បាន​រំលឹក ម្ចាស់​សំណង់​ទាំងអស់​អោយ​ត្រៀម​ឯកសារ​ទាក់ទិន នឹង​សំណង់​របស់ខ្លួន និង​កុំ​មាន​ទម្លាប់​ពេល គណៈកម្មការ​ចុះទៅ​ហុច​ស្រោមសំបុត្រ។

លោក​ឧបនាយករដ្ឋមន្ត្រី​ថា ការបំពេញ​បេសកកម្ម គឺ​អនុវត្តតាម​ជំនាញ និង​វិជ្ជាជីវៈ​ប្រកបដោយ​ក្រមសីលធម៌​ត្រឹមត្រូវ ដើម្បី​ទាក់ទាញ​វិនិយោគ​កាន់តែ​ធំ កាន់តែច្រើន កាន់តែ​ល្អ​ថែមទៀត នៅក្នុង​ខេត្ត​ព្រះសីហនុ តាម​គោលបំណង និង​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​វិនិយោគិន​ទាំង​មានការ​នឹងនរ​ចិត្ត ព្រោះ​គណៈកម្មការ​ចុះទៅ មិនមែន​បំភ័យ​បំភិត ដុត​ឲ្យ​ខ្លោច រោល​ឱ្យ​ឆៅ​នោះទេ។តែ​វា​គឺជា​ការគាំទ្រ​ឲ្យ​បងប្អូន​អនុវត្តតាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ធានា​បរិមាណ និង​គុណភាព កុំ​មានការ មន្ទិលសង្ស័យ​និង ភិតភ័យ។

លោក​ថា “មុននឹង​ចាប់ផ្តើម​សាងសង់ ត្រូវមាន​ច្បាប់​អនុញ្ញាត លិខិត​បើក​ការដ្ឋាន ជាដើម។

ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា ក៏បាន​ដាក់​បញ្ជា​ឱ្យ​មន្ត្រី​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់​ទាំងអស់ និង​ដាក់ពាក្យ​ប្តឹងទៅ​តុលា​នាពេលនេះ បន្ទាប់ពី​មាន​ឧប្បទ្ទវហេតុ​បាក់​រលំ​អាគារ​កំពស់៧ជាន់​នៅ​កណ្តាល​ក្រុងព្រះសីហនុ បណ្តាលអោយមាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន៥៤នាក់ កាលពី​រាត្រី​ទាបភ្លឺ​ថ្ងៃទី២២ មិថុនា២០១៩កន្លងទៅថ្មីៗនេះ៕

ចំណេះដឹង​ច្បាប់! តើ​ក្នុង​លក្ខខណ្ឌ​អ្វីខ្លះ​ដែល​និយោជក​អាច​បញ្ឈប់​ការងារកម្មករ និយោជិត​បាន?

0

ដោយ ​វុត្ថា

ភ្នំពេញៈ ករណី​រំលាយ​កិច្ចសន្យា​ជា​ឯកតោភាគី បើ​ធ្វើឡើង​ដោយ​ភាគី​និយោជក ដោយ​គ្មាន​ការព្រមព្រៀង​ពី​និយោជិត គេ​ត្រូវ​មើលថា តើ​កិច្ចសន្យា​នេះ ជា​កិច្ចសន្យា​មានកំណត់​ថិរវេលា ឬ​មិន​កំណត់​ថិរវេលា?។

ចំពោះ​ករណី​កិច្ចសន្យា​មានកំណត់​ថិរវេលា (មានន័យថា នៅពេល​ចុះកិច្ចសន្យា​ការងារ និយោជក និង​និយោជិត​បាន​ព្រមព្រៀងគ្នា​ជាមុន​ថា កិច្ចសន្យា​នេះ គឺធ្វើឡើង សម្រាប់​រយៈពេល​កំណត់​ណាមួយ) និយោជក​អាច​បញ្ឈប់​ការងារ​របស់​និយោជិត​នៅមុន​ពេល​កំណត់​បាន តែ​ក្នុងករណី​ពីរ​ប៉ុណ្ណោះ គឺ​ករណី​និយោជិត​មាន​កំហុស​ធ្ងន់ និង​ករណី​ប្រធាន​ស័ក្តិ។

  • ករណី​និយោជិត​មាន​កំហុស​ធ្ងន់៖ ដូចជា លួច​ឬ​គៃបំបាត់​សហគ្រាស ផ្តល់​សញ្ញាប័ត្រ​ក្លែងក្លាយ​ពេល​សុំចូល​ធ្វើការ រំលោភ​លើ​ការណ៍​សម្ងាត់​ខាង​វិជ្ជាជីវៈ ជេរប្រមាថ ឬ​ប្រព្រឹត្ត​អំពើហិង្សា​ទៅលើ​អ្នកធ្វើការ​ជាមួយគ្នា ឬ​ទៅលើ​និយោជក ឬ​ធ្វើបាតុកម្ម​នយោបាយ នៅក្នុង​សហគ្រាស ។ល។ (មាត្រា ៨៣ នៃ​ច្បាប់​ការងារ)។
  • ករណី​ប្រធាន​ស័ក្តិ៖ ដូចជា សហគ្រាស​ត្រូវ​បិទទ្វារ ទៅតាម​បទបញ្ជា​របស់​អាជ្ញាធរ ឬ​ដោយសារ​មាន​គ្រោះមហន្តរាយធម្មជាតិ ។ល។ (មាត្រា ៨៥)។

ក្រៅពី​ករណី​ពីរ​នេះ និយោជក​មិនអាច​បញ្ឈប់​ការងារ​និយោជិត មុនពេល​កំណត់​បានទេ គឺ​ត្រូវតែ​ចាំ​ឲ្យ​កិច្ចសន្យា​ត្រូវ​ផុតរលត់​ជាធម្មតា នៅពេល​ដល់​កាលកំណត់៕

អ្នកវិនិយោគ​អចលនទ្រព្យ​ក្នុងស្រុក​កំពុង​សម្រុក​វិនិយោគ​ក្នុង​ខេត្តកំពត

0
ទីក្រុងប៉ៃតង

ដោយៈ រ៉ា​ណេ​ត

កំ​ពតៈ ទឹកដី​ខេត្តកំពត​នៅពេល​បច្ចុប្បន្ននេះ កាន់តែ​មានការ​ប្រែប្រួល​ខ្លាំង ស្រប​ពេលដែល​លំហូរ​នៃ​ចំនួន​អ្នកវិនិយោគ​ក្នុងស្រុក បាន​ចាប់​សម្រុក​បោះទុន​វិនិយោគ​វិស័យ​អចលនទ្រព្យ និង​ទេសចរណ៍​នៅក្នុង​ខេត្ត​មួយ​នេះ ហើយ​ភាគច្រើន​វិនិយោគ​ទៅលើ​តំបន់​ជាប់មាត់​ព្រែក និង​ឆ្នេរ​ដែល​កាន់តែ​ជំរុញ​ឱ្យ​តម្លៃ​ដី​ឡើងថ្លៃ។

ខុសប្លែក​ពី​ខេត្ត​ជាប់​តំបន់ឆ្នេរ​សមុទ្រ​ដទៃទៀត ដូចជា ខេត្ត​ព្រះសីហនុ និង​កោះកុង ដែល​អ្នកវិនិយោគ​ភាគច្រើន​ផ្តោតទៅលើ​តំបន់​ទីប្រជុំជន ដើម្បី​អភិវឌ្ឍ​ជា​សំណង់ធំៗ និងខ្ពស់ៗ ក្នុងនាម​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំរុះ ក្រោម​ការបណ្តាក់ទុន​វិនិយោគ​ពី​សំណាក់​ជនជាតិ​បរទេស ជាពិសេស​ជនជាតិ​ចិន។ ដោយឡែក​ចំពោះ​ខេត្តកំពត​វិញ ហាក់​ខុសប្លែក​ពី​ខេត្ត​ទាំង២ខាងលើ ដោយសារតែ​អ្នកវិនិយោគ និង​អ្នក​អភិវឌ្ឍ​ភាគច្រើន​បានដាក់​គោលដៅ​នៅតាម​តំបន់​ជាយក្រុង ជាពិសេស​តំបន់​ដែល​ស្ថិតនៅ​ជាប់មាត់​ព្រែក​តែម្ដង ដើម្បី​បម្រើ​វិស័យ​ទេសចរណ៍ធម្មជាតិ។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ R Investment Group លោក​ឧកញ៉ា តេង រិទ្ធី បាន​មានប្រសាសន៍ប្រាប់​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ​ថា ខេត្តកំពត ស័ក្ដិសម​ទៅនឹង​ការអភិវឌ្ឍ​លើ​វិស័យ​ទេសចរណ៍ ច្រើនជាង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម។ លោក​បាន​បន្តទៀតថា អ្នកវិនិយោគ​ក្នុងស្រុក​ភាគច្រើន ដែល​ចូលទៅ​បណ្តាក់ទុន​នៅក្នុង​ខេត្តកំពត ភាគច្រើន​គឺ​គេ​ផ្តោតទៅលើ​ការធ្វើ​លំនៅដ្ឋាន​បែប​លំហែរ​កាយ ឬ Resort ដែល​ស្ថិតនៅ​ជាយក្រុង ជិត​តំបន់ភ្នំ និង​ជាប់​តំបន់​មាត់​ព្រែក។

លោក​ឧកញ៉ា​បាន​បន្តទៀតថា “ការដាក់​គោល​បែបនេះ ដោយសារតែ​គេ​សម្លឹង​មើលឃើញ​ពី​ស្ថានភាព​អំណោយផល​ពី​ធម្មជាតិ ដែល​ជាទី​ចាប់អារម្មណ៍​ពី​សំណាក់​ភ្ញៀវទេសច​បរទេស ដែល​សូម្បីតែ​រដ្ឋាភិបាល​ក៏បាន​ដាក់​គោលដៅ ធ្វើការ​អភិវឌ្ឍ​ជាទី​ក្រុង​បូកគោ ដែល​ស្ថិតនៅ​ចន្លោះ​ទី​រួម​ខេត្តកំពត និង​ជើងភ្នំ​បូកគោ។

លោក ដួង វណ្ណៈ ប្រធាន​ភ្នាក់ងារ​អចលនទ្រព្យ DV Property ដែលជា​អ្នកវិនិយោគ​លើ​ការទិញ-លក់​អចលនទ្រព្យ​នៅក្នុង​ខេត្ត ដែល​កំពុង​តែមាន​សក្ដា​នុព​ល​មួយ​បាន​ទទួលស្គាល់ថា ដី​ដែល​ស្ថិតនៅតាម​តំបន់​ជាយក្រុង​ពិតជា​មាន​តម្រូវការ ប៉ុន្តែ​ចំពោះ​តម្លៃ​មិន​ឡើង​ខ្ពស់​ដូចគ្នា​នោះទេ។

លោក​បាន​បន្តទៀតថា “ដី​ដែលមាន​តម្លៃ​ល្អ​ក៏​អាស្រ័យទៅលើ​ស្ថានភាព រូបរាង​ដី និង​ទីតាំង​ផងដែរ។

ដី​នៅ​ទី​រួម​ខេត្ត​មានតម្លៃ​ថ្លៃ​ចាប់ពី​ជាង១០០០- ២០០០ដុល្លារ​ឡើងទៅ​ក្នុង​មួយ​ម៉ែត្រការ៉េ ឬ​នៅ​ទីតាំង​ខ្លះ ដូចជា​នៅ​ជិត​ផ្សារ​ជាដើម អាច​លើសពីនេះ ប៉ុន្តែ​ហាក់​មិនសូវមាន​ទីផ្សារ​នោះទេ។ ដី​ដែលមាន​តម្រូវ​ការល្អ​គឺ​ងាក​ចេញពី​ទី​រួម​ខេត្ត ជាក់ស្ដែង​ចាប់ពី​ទី​រួម​ខេត្ត​ឆ្ពោះ​មក​តំបន់​សេះស ពេលនេះ​មាន​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅដ្ឋាន​មួយចំនួន​ចាប់ផ្តើម​បញ្ចេញ​សកម្មភាព​អភិវឌ្ឍ​ជាបណ្តើរៗ ហើយ​តម្លៃ​ដី​ដែល​ស្ថិត​នៅជាប់​ផ្លូវធំ​ក្នុង​ចន្លោះ​ចាប់៣៨០-៥៥០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។ លោក​ដួង វណ្ណៈ​បញ្ជាក់​ឲ្យ​ដឹង។

ស្ថិតនៅក្នុង​បរិបថ​នៃ​ភាព​រីកចម្រើន​គួរឱ្យកត់សម្គាល់​នេះ បច្ចុប្បន្ន​សកម្មភាព​នៃ​ការអភិវឌ្ឍ​កំពង់ផែ​ទឹក​ជ្រៅ ដែល​អនុគ្រោះ​ដល់​វិស័យ​ដឹកជញ្ជូន រួម​ជាមួយនឹង​ការកសាង​កំពង់ផែ​ទេសចរណ៍ ដែល​អាច​ស្វាគមន៍​ភ្ញៀវ​ង​ទេសចរ​រហូតដល់ ប្រមាណ១លាន​នាក់​នោះ កំពុង​តែមាន​សកម្មភាព​យ៉ាងសកម្ម ។ ដោយឡែក គម្រោង​អភិវឌ្ឍ​តំបន់ឆ្នេរ​ខ្សាច់​ថ្មី ដែលជា​ទីតាំង​ទេសចរណ៍​កែច្នៃ និង​មជ្ឈមណ្ឌល​ពាណិជ្ជ ក្រោម​ទុនវិនិយោគ​សរុប​រហូត​ប្រមាណ២០០០លាន​ដុល្លារ របស់​ក្រុមហ៊ុន IGB ស្ថិតនៅ​ភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ក៏​កំពុង​ចាប់ផ្តើម។

បន្ថែម​ពីនេះ ក៏មាន​គម្រោង​អភិវឌ្ឍ​ទីក្រុង​បៃតង East Natural City ក្រោម​ការវិនិយោគ និង​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន East Land & Home ស្ថិតនៅ​ខេត្តកំពត ជាប់​ព្រំប្រទល់​ខេត្ត​ព្រះសីហនុ លាតសន្ធឹង​នៅលើ​ផ្ទៃដី​ទំហំ​ជាង២០០ហិកតា មានការ​សាងសង់​ជា​សំណង់​ចំរុះ ដែល​សុទ្ធតែ​បម្រើឱ្យ​វិស័យ​ទេសចរណ៍ ដូចជា ផ្សារ​ទេសចរណ៍ រី​សត​លំដាប់​ផ្កាយ សួន​កម្សាន្ត ផ្ទះ​លំហែកាយ ផ្ទះ​ផ្លែឈើ (លំនៅដ្ឋាន​លំហែរ​កាយ​មាន​រូបរាង​ជា​ផ្លែឈើ) បឹង​កា​ឡូ វិឡា​កូនកាត់ វិឡា​ទោល ផ្ទះ​អាជីវកម្ម និង​កាន់តែ​ពិសេស​ទៀត​នោះ​គឺ ការកសាង​រួប​ប្រាសាទល្បីៗ តំណាងឱ្យ​ប្រទេស​និមួយៗលើ​ពិភពលោក រួម​ជាមួយនឹង​សមុទ្រ​សប្ប​និម្មិត​ដែល​បង្អួត​សម្រស់​ដ៍​ស្រស់ស្អាត​ផងដែរ៕

តើ​ការ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​មានន័យ​ដូចម្តេច?

0

ដោយ មនុ​ប៊ី

ភ្នំពេញៈ ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច គឺជា​ដំណើរការ​នៃ​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​ឱ្យ​ឆ្ងាយ​ពី​ប្រភព​ប្រាក់ចំណូល​តែមួយ​ទៅ​ប្រភព​ជាច្រើន​លើ​វិស័យ និង​ទីផ្សារ​ជាច្រើន​ដែល​កំពុង​រីកចម្រើន។

ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ត្រូវបាន​អនុវត្ត​ជា​យុទ្ធសាស្ត្រ​មួយ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​វិជ្ជមាន។

ឧទាហរណ៍៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែងថា កម្ពុជា​ចាំបាច់​ត្រូវមាន​ប្រព័ន្ធ​ដឹកជញ្ជូន​មួយ ដែល​ប្រសើរ​ជាង​មុន មាន​ថ្លៃ​ថោក​ជាង​មុន និង​មាន​ប្រសិទ្ធភាព​ជាង​មុន ទាំង​តាម​បណ្តាញ​ដឹកជញ្ជូន​ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និង​ផ្លូវដែក សំដៅ​បង្កើន​សមត្ថភាព​នាំចេញ ជំរុញ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ការទាក់ទាញ​វិនិយោគ នៅ​គ្រប់​សកម្មភាព​ធុរកិច្ច​គ្រប់​ប្រភេទ។

រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​វ​ង្សី វិស្សុត​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​ផែនការមេ​ស្តីពី ប្រព័ន្ធ​ដឹកជញ្ជូន​នៅ​កម្ពុជា នៅ​ទីស្តីការក្រសួង​ថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨កន្លងមក​ថា ការរៀបចំ​ផែនការមេ​ស្តីពី​ប្រព័ន្ធ​ដឹកជញ្ជូន​នេះ គឺជា​ការគិតគូរ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ពិសេស​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ ដើម្បី​សម្រេច​ឱ្យបាន​នូវ​ប្រព័ន្ធ​ដឹកជញ្ជូន​មួយ​ដែលមាន​ភាព​ប្រទាក់ក្រឡា និង​មាន​ភាព​ប្រកួតប្រជែង​ខ្ពស់ ធៀប​ជាមួយ​ប្រទេសជិតខាង ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​រយៈពេល​វែង ការតភ្ជាប់​ប៉ូល​សេដ្ឋកិច្ចសំខាន់ៗនៅក្នុង​ប្រទេស និង​ការបង្កើន​ល្បឿន​សមាហរណកម្ម​សេដ្ឋកិច្ច ទៅក្នុង​តំបន់​និង​ពិភពលោក​ផងដែរ។

លោក​បន្តថា “សម្រាប់​ទស្សនវិស័យ​ទៅ​ថ្ងៃមុខ កម្ពុជា​ត្រូវ​ភ្ជាប់​ខ្លួន​ទៅនឹង​បណ្តាញ​ផលិតកម្ម​អន្តរជាតិ តាមរយៈ​ការប្រើប្រាស់​ជា​របៀង​ដឹកជញ្ជូន​ផ្នែក​ខាងកើត​ប្រទេស ភ្ជាប់​ពី​ភ្នំពេញ​ទៅ​វៀតណាម និង​ច្រករបៀង​ដឹកជញ្ជូន​ខាងលិច​ភ្ជាប់​ពី​ភ្នំពេញ ទៅ​ប្រទេស​ថៃ ដោយសារ​ប្រទេស​ទាំងពីរ​នេះ នឹង​ក្លាយទៅជា​មូលដ្ឋាន​ផលិតកម្ម​ដ៏​ធំ​នៅក្នុង​តំបន់”៕

សម្តេច​តេ​ជោ​បង្ហាញ​សក្តានុពល​វិនិយោគ​ និង​ឧត្តមភាពសំខាន់ៗរបស់​កម្ពុជាចំនួន ៥ចំណុច

0
សក្តានុពល​វិនិយោគ​

ដោយ ​វុត្ថា

ភ្នំពេញៈ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបង្ហាញ​សក្តានុពល​វិនិយោគ និង​ឧត្តមភាពសំខាន់ៗរបស់​កម្ពុជា​លើ៥ចំណុច ដើម្បី​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​ស្រីលង្កា ដែលមាន​វត្តមាន​នៅទីនេះ​ធ្វើការ​ពិភាក្សា​បន្ថែម​ជាមួយ​ធុរជន​កម្ពុជា និង​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​សិក្សា​ស្វែងយល់​ពី​សក្តានុពល និង​កលា​នុ​វត្ត​ភាព​វិនិយោគ​នៅ​កម្ពុជា​ព្រមទាំង​សម្រេចចិត្ត​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា-ស្រីលង្កា​ថ្ងៃទី៧ ខែសីហា ឆ្នាំ ២០១៩នេះ​ថ្លែងថា សក្តានុពល​វិនិយោគ និង​ឧត្តមភាពសំខាន់ៗរបស់​កម្ពុជា​លើ៥ចំណុច រួមមាន ទី១ ភាពអំណោយ​ផល​នៃ​ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច ។ ក្រោយពី​ឆ្នាំ១៩៧៩ កម្ពុជា​បាន​ប្រឹងប្រែង​ដោយ​ប្រើប្រាស់​ដៃ​ម្ខាង​ទប់ស្កាត់​ការវិល​ត្រលប់​មកវិញ នៃ​របប​ប្រល័យពូជសាសន៍ និង​ដៃ​ម្ខាង​ទៀត កសាង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពី​ចំណុចសូន្យ ដែលមាន​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច ពី​ខាងក្រៅ​យ៉ាង​អយុត្តិធម៌ រហូត​បាន​បញ្ឈប់​សង្គ្រាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ កាលពី​ចុងឆ្នាំ១៩៩៨ ដោយ​ដាក់ចេញ​នូវ “គោលនយោបាយ​ឈ្នះ-ឈ្នះ។

ការប្រឹងប្រែង​ពុះពារ​អភិវឌ្ឍ​ជាតិ ក្នុង​រយៈពេល​ជាង៤០ឆ្នាំ​ចុង​ក្រោយនេះ បានធ្វើ​ឲ្យ​កម្ពុជា​ប្រែ​មុខមាត់​ថ្មី​ទាំង​ក្នុង​តំបន់ និង​សាកល ហើយ​បច្ចុប្បន្ន​កម្ពុជា​ទទួលបាន​ទាំង​ស្ថិរភាព​នយោបាយ សន្តិភាព និង​ម៉ាក្រូសេដ្ឋកិច្ច​ពេញលេញ ដែល​បាន​ទាក់ទាញ​ធុរជន និង​វិនិយោគិន​មក​ធ្វើជា​ដៃគូ​អភិវឌ្ឍន៍​ជាមួយ​កម្ពុជា។

ទី២ ការបើកចំហ​សេដ្ឋកិច្ច​សម្រាប់​អ្នកវិនិយោគ​ទាំងអស់ ដោយ​គ្មាន​ការរើសអើង​រវាង​អ្នកវិនិយោគ​កម្ពុជា និង​អ្នកវិនិយោគ​បរទេស។ ទី៣ កម្លាំង​ពលកម្ម​ដែលមាន​ភាពសម្បូរ​បែប​និង​វ័យក្មេង ដែល​ក្នុងនោះ​ប្រជាជន​ដែលមាន​អាយុ ៣៥ឆ្នាំ​ចុះ មាន​ចំនួន​ដល់​ទៅ ៧២% នៃ​ចំនួន​ប្រជាជន​សរុប គួបផ្សំ​នឹង​ប្រាក់​ឈ្នួល​ដែលមាន​ភាព​ប្រកួតប្រជែង។

ទីក្រុង​ភ្នំពេញ​

ទី៤ កម្ពុជា​ស្ថិតនៅលើ​ទីតាំង​ជា​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ាន ដែល​តំបន់​នេះ​បាននិងកំពុង​ក្លាយជា “រោងចក្រ​នៃ​អាស៊ី” ។ ទំនិញ​ផលិត​នៅ​កម្ពុជា​អាច​ផ្គត់ផ្គង់​ទីផ្សារ​នៅក្នុង​ស្រុក ទីផ្សារ​អនុតំបន់​មេគង្គ, ទីផ្សារ​អាស៊ាន និង​ទីផ្សារសំខាន់ៗដទៃទៀត​ក្នុង​ពិភពលោក។ និង​ទី៥ កម្ពុ​ជាមាន​សក្តានុពល​សម្រាប់​ការអភិវឌ្ឍ​ទេសចរណ៍ “វប្បធម៌ និង​ធម្មជាតិ រួមមាន សម្បត្តិ​វប្បធម៌ ធនធានធម្មជាតិ កេរ្តិ៍តំណែល​ប្រវត្តិសាស្ត្រ ព្រមទាំង​ទេសភាព​ដ៏​ស្រស់ត្រកាល​នៃ​ឆ្នេរសមុទ្រ ទន្លេ​បឹងបួរ និង​ព្រៃព្រឹក្សា​របស់​ជាតិ ដែល​ទាំងនេះ​មាន​ភាព​ទាក់ទាញ​សម្រាប់​ទីផ្សារ​ទេសចរណ៍​ទាំង​ក្នុងស្រុក និង​អន្តរជាតិ៕

សម្តេច​តេ​ជោ៖ កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់នឹងត្រូវ​បញ្ចប់​នៅ២០១៩

0

ដោយ​ម៉ា ណេ​ត

ភ្នំពេញៈ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ភាពជា​បានបញ្ជាក់​ជាថ្មី​ថា កិច្ចព្រមព្រៀង​ភាព​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) នឹងត្រូវ​ព​ន្លឿ​ន​ឲ្យ​បញ្ចប់​នៅ​ចុងឆ្នាំ២០១៩ ខណៈ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​នេះ អាច​នឹង​ចូល​ជាធរ​មាននៅ​ដើមឆ្នាំ២០២។

សម្តេច​តេ​ជោ​បាន​បង្ហើប​ពី​ព៌​ត​មាន​ដ៏​មាន​សារៈសំខាន់​នេះ ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​ស្រីលង្ការ នៅ​ថ្ងៃទី៧ សីហា​នេះ។

ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ដែលមាន​សមាជិក​ចំនួន១៦ប្រទេស នឹងធ្វើ​ឲ្យ​បណ្តា​ប្រទេស​ទាំងនេះ ក្លាយជា​ប្លុក​ពាណិជ្ជកម្ម​មួយ​ដ៏​ធំ​បំផុត​លើ​ពិភពលោក។

សេដ្ឋកិច្ច​នៃ​ប​ណា្ត​ប្រទេស​ក្នុង​កិច្ចព្រមព្រៀង ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោ យ​ក្នុង​តំបន់ (RCEP) មាន​ទំហំ​ប្រមាណ៣០ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក និង​មាន​ចំនួន​ប្រជាជន​ម​ស្ទើរតែ​ពាក់កណ្តាល នៃ​ចំនួន​ប្រជាជន​សាកលលោក។ ប្លុក​នេះ​មាន៣១,៦ ភាគរយ នៃ​ផលិតកម្ម​សរុប​លើ​ពិភពលោក និង​មាន២៨,៥ ភាគរយ​នៃ​ពាណិជ្ជកម្ម​ពិភពលោក និង​តំណាង​ឲ្យ១ភាគ៥ នៃ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​សកល​កាលពី​ឆ្នាំ២០១។

ការពិភាក្សា​ស្តីពី​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​ពាក់ព័ន្ធ​នឹង​ចិន អាស៊ាន អូស្ត្រាលី ឥណ្ឌា ជប៉ុន ញ៉ូ​វ​ហ្សេ​ឡែ​ន និង​កូរ៉េខាងត្បូង បាននិងកំពុង​បន្ត​ចាប់តាំងពី​ឆ្នាំ២០១២ ហើយ​ខណៈពេល​ការ​ដំណើរ​ចរចា​មាន​ភាពយឺតយ៉ាវ ដោយបាន​ប្រជុំ​ជាង ២៦ជុំ​នៃ​ការចរចា​ប្រមុខ​នៃ​រដ្ឋ ជា​សមាជិក​បាន​សន្យា​កាលពី​ខែវិច្ឆិកា ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​នេះ​នៅ​ឆ្នាំនេះ។

ប្រសិនបើ​បានបញ្ចប់​ការ​ព​ន្លឿ​ន​ចរចា ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ នឹងធ្វើ​ឲ្យ​តំបន់​នេះ​នឹង​ក្លាយជា​ប្លុក​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ពិភពលោក។

លោក​Tong Jiadong សាស្ត្រាចារ្យ​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ Nankai University នៅ​ភាគ​ខាងជើង​ប្រទេស​ចិន​បាន​និយាយថា ក្រុង​ប៉េកាំង​ចង់​បង្កើន​សមាហរណកម្ម​ក្នុង​តំបន់ តាមរយៈ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ ក្នុង​តំបន់ (RCEP) និង​មធ្យោបាយ​ផ្សេងទៀត​ជា ពិសេស​ដើម្បី​ឆ្លើយតប​នឹង​ភាព​តានតឹង​រវាង​អាមេរិក និង​ចិន។

លោក​បាន​មានប្រសាសន៍ថា “វិធានការ​ទាំងនេះ បាន​ជួយ​កាត់បន្ថយ​ផលប៉ះពាល់ នៃ​សង្គ្រាម​ពាណិជ្ជកម្ម។

យោងតាម​តួលេខ​ដែល​បានចេញ​ផ្សាយ ដោយ​ទីក្រុង​ប៉េកាំង​កាលពី​ដើមខែ​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន និង​បណ្តា​ប្រទេស​អាស៊ាន មាន​ទំហំ​ទឹកប្រាក់២៩១,៨ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល៦ខែ​ដំបូង នៃ​ឆ្នាំ២០១៩កើនឡើង៤ភាគរយ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

ប្លុក​អាស៊ាន​ដែលមាន​សមាជិក១០ប្រទេស គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​ទី២ របស់​ចិន​នៅក្នុង​រយៈពេល​នេះ បន្ទាប់ពី​សហភាព​អឺរ៉ុប។ ទិន្នន័យ​នេះ​ត្រូវបាន​ចេញផ្សាយ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង រៀបចំ​ធ្វើ​កិច្ចចរចា​ជុំ​ចុងក្រោយ​បំផុត នៃ​កិច្ចចរចា​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) នៅក្នុង​ទីក្រុង Zhengzhou ដែលជា​រដ្ឋធានី​នៃ​ខេត្ត Henan ប្រទេស​ចិន៕

ធនាគារធំៗនៅ​អាស៊ី​ចាប់ផ្តើម​កាត់បន្ថយ​អត្រា​ការប្រាក់​ដើម្បី​ជំរុញ​សេដ្ឋកិច្ច ខណៈ បារម្ភ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក

0

ដោយ Donald Lee

ភ្នំពេញៈ ធនាគារកណ្តាល​ប្រទេស​ថៃ ណូ​វែ​ល​ហ្សេ​ឡង់ និង​ឥណ្ឌា​បាន​ទម្លាក់​អត្រា​ការប្រាក់​កាលពី​ថ្ងៃ ពុធ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​របស់​ពួកគេ នៅពេល​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក-ចិន​គំរាមកំហែង​ធ្វើឱ្យ​សេដ្ឋកិច្ចពិភពលោក​ធ្លាក់ចុះ។

តាមរយៈ​ការទម្លាក់​អត្រា​ការប្រាក់ ធនាគារកណ្តាល​ទាំងនេះ​គ្រោង​នឹង​ជះឥទ្ធិពល​ដល់​ធនាគារ​ពាណិជ្ជកម្ម​ឱ្យ​ផ្តល់ប្រាក់​កម្ចី​ក្នុង​អត្រា​ទាប និង​ជំរុញ​ឱ្យ​ខ្ចី​កាន់តែច្រើន ដើម្បី​បង្កើន​ចរាចរ​ប្រាក់​នៅក្នុង​សេដ្ឋកិច្ច។

ធនាគារកណ្តាល​ថៃ បាន​បោះឆ្នោត​ទម្លាក់​អត្រា​ការប្រាក់​ឱ្យនៅ​ត្រឹម១,៥ ភាគរយ ដែលជា​ការធ្លាក់ចុះ​មួយ​ភាគ​បួន​ភាគរយ។

ធនាគារកណ្តាល​ថៃ បានចេញ​ផ្សាយ​កំណត់ចំណាំ​មួយ ដែល​បាន​បញ្ជាក់ថា ខ្លួន​រំពឹងថា អត្រាកំណើន​សេដ្ឋកិច្ច​នឹង​ធ្លាក់ចុះ កាន់តែខ្លាំង​ថែមទៀត​នៅ​ឆ្នាំនេះ ដោយសារ​ប្រាក់​បាត​ថៃ​នៅតែ​បន្ត​កើនឡើង ដោយ​ធ្វើឱ្យប៉ះពាល់​ដល់​វិស័យសំខាន់ៗ នៃ​សេដ្ឋកិច្ច​ដូចជា ការនាំចេញ និង​ទេសចរណ៍។

សេចក្តីថ្លែងការណ៍​គោលនយោបាយ​របស់​ធនា​គារ​កណ្តាល​នេះ បានបង្ហាញ​នៅ​ថ្ងៃ ពុធ នេះ​ថា “គណៈកម្មាធិការ​បាន​វាយតម្លៃថា​សេដ្ឋកិច្ច​ថៃ នឹង​កើនឡើង​ក្នុង​អត្រា​ទាប​ជាង​ការវាយតំ​លៃ​ពីមុន ដោយសារតែ​ការធ្លាក់ចុះ​នៃ​ការនាំចេញ​ទំនិញ ដែល​បានចាប់ផ្តើម​ប៉ះពាល់​ដល់​តម្រូវការ​ក្នុងស្រុក។

ធនាគារកណ្តាល​នូ​វែ​ល​សេ​ឡង់ និង​ឥណ្ឌា​ក៏បាន​កាត់បន្ថយ​អត្រា​ការប្រាក់​នៅថ្ងៃនេះ​ដែរ។

ប្រទេស​ឥណ្ឌា​បាន​ទម្លាក់​អត្រា​របស់ខ្លួន​មក​នៅត្រឹម ៥,៤ភាគរយ ដែលជា​កម្រិត​ទាប​បំផុត​ក្នុង​មួយ​ទសវត្ស​ចុងក្រោយ​នេះ ខណៈដែល​ខ្លួន​ព្យាយាម​ដោះស្រាយ​ជាមួយនឹង​ការថយចុះ​អត្រាកំណើន​ផលិតផល​ក្នុងស្រុក​សរុប។

សេដ្ឋកិច្ច​ឥណ្ឌា​ធ្លាក់ចុះ ដែលមាន​ធ្លាប់មាន​គិត​ត្រឹម​ខែមីនា​ឆ្នាំនេះ ក្នុង​រយៈពេល៥ ឆ្នាំ ដោយមាន​អត្រាកំណើន​ត្រឹមតែ៥,៨ភាគរយ។

ធនាគារកណ្តាល​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ ក៏បាន​ទម្លាក់​អត្រា​ការប្រាក់​របស់ខ្លួន​ទៅជា​អត្រា​គួរឱ្យភ្ញាក់ផ្អើល​មួយ​គឺ​ត្រឹម​មួយ​ភាគរយ៕

សាលា​រាជធានី​ភ្នំពេញ​នឹង​សាងសង់​ផ្លូវ​ថ្មើរជើង​ជុំវិញ​បឹង​សំរោង​ដើម្បី​បង្កើន​សោភ័ណភាព និង​ទេសចរណ៍

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ យ៉ាងយូរបំផុត​នៅត្រឹម​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ខាងមុខ មន្ត្រី​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ និង​អ្នកជំនាញ​នឹង​ចុះ​ធ្វើការ​វាស់វែង​ដីធ្លី​ដែល​ត្រូវ​ស្ថាបនា​ផ្លូវ​ថ្មើរជើង​ស្ថិតនៅ​ជុំវិញ​បឹង​សំរោង ក្នុង​សង្កាត់​សំរោង និង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។

យោងតាម​សេចក្ដីប្រកាស​របស់​រដ្ឋ​បាល​សាលា​រាជធានី​ភ្នំពេញ ដែល​គេហទំព័រ​ Propertyrea.asia ទើប​ទទួលបាន​នា​ល្ងាច​ថ្ងៃទី៧ សីហា​នេះ​បាន​ឲ្យ​ដឹងថា ដើម្បី​កែលម្អ​សោភ័ណភាព​ផ្ទៃ​បឹង​សំរោង ដែល​ស្ថិតនៅ​ភូមិសាស្ត្រ​ខាងលើនេះ ឱ្យមាន​លក្ខណៈ​ល្អប្រសើរ សម្រាប់​ជាទី​កន្លែង​ដើរ​លំហែរ​កាយ​របស់​ប្រជាពលរដ្ឋ​ទូទៅ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ នឹងធ្វើ​ការស្ថាបនា​ផ្លូវ​ថ្មើរជើង និង​សួន​សាធារណៈ​នៅ​ជុំវិញ​តំបន់​បឹង​សំរោង​ឱ្យ​កាន់តែ​ស្រស់ស្អាត​ស័ក្ដិ​សមជា​តំបន់​លំហែរ​កាយ។

សេចក្ដីប្រកាស​ដដែល​នេះ​បានបញ្ជាក់​ទៀតថា នៅក្នុង​គម្រោង​នៃ​ការអភិវឌ្ឍ​ផ្លូវ​ថ្មើរជើង​នេះ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាននិងកំពុង​ធ្វើការ​កំណត់​ព្រំ​ផ្ទៃ​បឹង​សំរោង ដើម្បី​ដោះស្រាយ​ផលប៉ះពាល់ តាម​គោលនយោបាយ​ដល់​ពលរដ្ឋ ដែល​កំពុង​អាស្រ័យ​ផល​លើ​ផ្ទៃ​បឹង និង​ទីតាំង​ចិញ្ចឹម​ត្រី​មួយចំនួន ដោយឡែក​សម្រាប់​អ្នកកាន់កាប់​ផ្ទៃ​បឹង​ដោយ​ខុសច្បាប់​នៅ​មិនទាន់មាន​ចំណាត់ការ ឬ​ដំណោះស្រាយ​នៅឡើយ​នោះទេ។

អាស្រ័យហេតុនេះ សូម​ប្រិយមិត្ត​អ្នកអាន​ទាំងអស់​ស្វែងយល់ ពី​ខ្លឹមសារ​លម្អិត​ដូចដែល​មាននៅ​ក្នុង​លិខិត​សេចក្ដីជូនដំណឹង របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ដូចខាងក្រោម​នេះ៕