រាជធានី ខេត្ត​ចំនួន៤ នឹងត្រូវ​បំពាក់ Free Wifi បន្ថែម​មុន​ឆ្នាំ២០២៣

0
រាជធានី ខេត្ត​ ​បំពាក់ Free Wifi

ដោយ ម៉ា​ណេ​ត

ភ្នំពេញ៖ ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ និង​ខេត្តបាត់ដំបង​នឹងត្រូវ​បំពាក់​ឲ្យ​មាន​វ៉ា​យ​ហ្វា​យ (Free Wifi) មុន​ឆ្នាំ២០២៣។

លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​កាលពី​រសៀល​ថ្ងៃទី6 ខែសីហា ឆ្នាំ 2019 បាន​ថ្លៃ​ក្នុង​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​ទេសចរណ៍ រាជធានី​ភ្នំពេញ​ថា កត្តា​សន្តិភាព សន្តិសុខ សុវត្ថិភាព ស្ថិរភាព​នេះហើយ គឺជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ការអភិវឌ្ឍ​រីកចំរើន​លើ​គ្រប់​វិស័យ ក្នុងនោះ​វិស័យ​ទេសចរណ៍​ក៏មាន​ការរីកចម្រើន​គួរឱ្យកត់សម្គាល់។

លោក​មានប្រសាសន៍ថា “ប​ន្ទឹ​ម​នឹង​នេះ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ត្រូវ​បំពាក់​ឲ្យ​មាន​វ៉ា​យ​ហ្វា​យ (Free Wifi) នៅតាម​គោលដៅ​ទេសចរណ៍​និមួយៗ ពិសេស​នៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ និង​ខេត្តបាត់ដំបង ឲ្យ​បាន​មុន​ឆ្នាំ២០២៣។

លោក​ថោង ខុន​បាន​បន្តថា វិស័យ​ទេសចរណ៍ ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុកជា មាស​បៃតង គឺជា​វិស័យ​មួយ​ដែល​ចូលរួម​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច-សង្គម បង្កើត​ការងារ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ជាការ​នាំចេញ​នៅនឹងកន្លែង ព្រមទាំង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ចូលរួម​ថែរក្សា​អភិរក្ស​បរិស្ថាន ឆ្លើយតប​នឹង​បំរែបំរួល​អាកាសធាតុ​ប្រកបដោយ​ប្រសិទ្ធភាព។

ក្នុង​រយៈពេល៦ខែ ដើមឆ្នាំ២០១៩ ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុ​ជាមាន​ចំនួន ៣,៣លាន​នាក់ ធ្លាក់ចុះ៨,៥ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០១៨៕

ក្រុមហ៊ុន NZ Super Fund បោះទុន​ជាង ២០០លាន​ដុល្លារ​វិនិយោគ​លើ​សណ្ឋាគារ

0
ក្រុមហ៊ុន NZ Super Fund

ដោយ វុត្ថា

នូ​វែ​ល​សេ​ឡង់៖ ក្រុមហ៊ុន NZ Super Fund របស់​ប្រទេស​នូ​វែ​ល​សេ​ឡង់​បានសម្រេច​បោះទុន​វិនិយោគ​ទឹកប្រាក់​ចំនួន ៣០០លាន​ដុល្លារ (លុយ​នូ​វែ​សសេស​ឡង់) ស្មើនឹង ២០០,៨លាន​ដុល្លារ​អាមេរិក​ទៅក្នុង​ផលប័ត្រ​សណ្ឋាគារ​ដែល​ប​ង្កើ​ត​ឡើង​ដោយ​ក្រុមហ៊ុន Russel និង ក្រុមហ៊ុន Lockwood Property Group ដែលជា​កិច្ចព្រមព្រៀង​ដ៏​ធំ​ប​ផុត​លើ​វិស័យ​ទីផ្សា​សណ្ឋាគារ​របស់​ប្រទេស​នេះ។

យោងតាម​សេចក្តីប្រកាស​ក្រុមហ៊ុន​នេះ បានឱ្យ​ដឹ​កាលពី​កន្លងទៅ​ថា ក្រុមហ៊ុន​នេះ បាន​ចំណាយលុយ​ចំនួន ៤២ពាន់​លាន​ដុល្លារ​បាន​ទិញយក​សណ្ឋាគារ BreakFree នៅ​ទីក្រុង Christchurch, សណ្ឋាគារ Sheraton និង​សណ្ឋាគារ Adina Auckland Britomart នៅក្នុង​ទីក្រុង Auckland ប្រទេស​នូ​វែ​ល​សេស​ឡង់ ។

លោក Will Goodwin នាយក​វិនិយោគ​ផ្ទាល់​របស់​ក្រុមហ៊ុន NZ Super Fund បាន​ថ្លែងថា ប្រទេស​នូ​វែ​ល​សេ​ឡង់​ត្រូវការ​សណ្ឋាគារ​បន្ថែមទៀត ដើម្បី​គាំទ្រ​ដល់​កំណើនប្រជាជន​ក្នុងស្រុក និង​ភ្ញៀវទេសចរ​អន្តរជាតិ។

លោក​បន្តថា ឧស្សាហកម្ម​ទេសចរណ៍​របស់​ប្រទេស​នូ​វែ​ល​សេ​ឡង់​នៅតែ​បន្ត​បង្ហាញ​ពី​កំណើន​គួរឱ្យកត់សម្គាល់​ដោយ​ការចំណាយ​សរុប​លើ​វិស័យ​ទេសចរណ៍​បាន​កើនឡើង ៧,៧% ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ដល់ ៣៩,១ពាន់​លាន​ដុល្លារ ។

ទោះយ៉ាងណា​ក្រុមហ៊ុន Coliers International បាន​ព្យាករណ៍​ថា បន្ទប់​សណ្ឋាគារ​នឹងត្រូវ​ការបន្ថែម​ចំនួន ៤.៥០០ នៅ​ទូទាំងប្រទេស​នៅ​ឆ្នាំ ២០២៥ ។

ទីក្រុង Auckland នឹង​ត្រូវការ​បន្ទប់​ស​ណ្ឋា​គារ​ថ្មី​ចំនួន ៤៣០០បន្ទប់ ប៉ុន្តែ​បច្ចុប្បន្ននេះ​មាន​ចំនួន ២៥០០បន្ទប់​ប៉ុណ្ណោះ។

នាយក​សណ្ឋាគារ​ជាតិ Colliers អន្តរជាតិ លោក Dean Humphries បាន​និយាយថា នេះ គឺជា​ប្រតិបត្តិការ​ទីផ្សារ​សណ្ឋាគារ​ធំ​បំផុត​តែមួយគត់​នៅក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន។

រដ្ឋាភិបាល​នូ​វែ​ល​សេ​ឡង់​បានចាប់ផ្តើម​បង្កើត​ក្រុមហ៊ុន NZ Super Fund ក្នុង​ឆ្នាំ ២០០៣ ដើម្បី​ជួយ​ដល់​ការធ្វើ​សមាហរណកម្ម​ស​កល។ ហើយ​ក្រុមហ៊ុន Russel Group ជា​ក្រុម​សំណង់​កាន់កាប់​ដោយ​ឯកជន​នៅ​ប្រទេស​ញូ​វែ​ល​សេ​ឡង់។

ក្រុមហ៊ុន Lockwood Group គឺជា​ក្រុម​វិនិយោគឯកជន​មួយ​ដែល​គ្រប់គ្រង​ដោយ​លោក Steve Lockwood ដែលជា​ស្ថាបនិក​និង​ជា​ម្ចាស់​ភាគហ៊ុន​ធំ​នៃ​អាជីវកម្ម​ផ្តល់​សេវា​ធានារ៉ាប់រង​ពាណិជ្ជកម្ម Crombie Lockwood Group៕

ការសិក្សា​លើ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក ចិន​បង្ហាញ​ភាព​អស់សង្ឃឹម

0

ដោយ Donald Lee

វ៉ាស៊ីនតោន៖ អ្នកវិភាគ​សេដ្ឋកិច្ច​លែង​ព្យាករណ៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​ដែល​នឹង​កើតឡើង​នៅ​ឆ្នាំនេះ។

ក្រុមអ្នកវិភាគ​នៅ​ធនាគារ Goldman Sachs ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក​បានចេញ​ផ្សាយ​កំណត់ត្រា​ស្រាវជ្រាវ​មួយ​កាលពី​ថ្ងៃ ច័ន្ទ ដោយ​បញ្ជាក់ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មើលទៅ​មិនមាន​កន្លែង​ណា​ត្រូវ​ទំនងជា​ទៅរួច​ឡើយ។

លោក​ប្រធាន​សេដ្ឋវិទូ Jan Hatzius ដែល​ដឹកនាំ​ដោយ​ក្រុមអ្នកវិភាគ​នៅ​ធនាគារ Goldman Sachs បាន​ឲ្យ​ដឹងថា “ព័ត៌មាន​ចាប់តាំងពី​ការប្រកាស​ពន្ធ​របស់លោក​ប្រធានាធិបតី Trump កាលពី​ថ្ងៃ ព្រហស្បតិ៍ សប្តាហ៍​មុន​បង្ហាញថា អ្នកធ្វើ​គោលនយោបាយ​របស់​អាមេរិក និង​ចិន​កំពុងតែ​ប្រឈមមុខ​ដាក់​កាន់តែខ្លាំង ហើយ​យើង​មិន​រំពឹងថា​នឹងមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មុន​ការបោះឆ្នោត​ឆ្នាំ ២០២០ ឡើយ។

កាលពីដើម​ឆ្នាំនេះ ក្រុម​អ្នក​សេដ្ឋវិទូ បាន​ព្យាករណ៍​ថា លោក​ប្រធានាធិបតី​អាមេរិក Donald Trump នឹង​សម្របសម្រួល​ជាមួយ​ចិន​ដើម្បី​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម មុន​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នា​ឆ្នាំក្រោយ។

ក្រុមអ្នកវិភាគ​បាន​បន្ថែមថា “ខណៈដែល​យើង​ធ្លាប់បាន​សន្ម​ត់​ថា លោក​ប្រធានាធិបតី Trump នឹងធ្វើ​កិច្ចព្រមព្រៀង​មួយ​ដែលមាន​អត្ថប្រយោជន៍​ជាង​ចំពោះ​ទស្សនវិស័យ​នៃ​ការបោះឆ្នោត​ឡើងវិញ​នៅ​ឆ្នាំ ២០២០ របស់​យើង ឥឡូវនេះ​យើង​មិន​មានការ​ជឿជាក់ថា នេះ​ជា​ទស្សនៈ​របស់គាត់​ទេ។

ចាប់តាំងពី​សង្គ្រាម​ពាណិជ្ជកម្ម​បានចាប់ផ្តើម អាមេរិក​បានដាក់​បន្ថែ​ម​ពន្ធ​លើ​ទំនិញ​ស្ទើរតែ​ទាំងអស់​ដែលមាន​ប្រភព​មកពី​ចិន​ពី ១០ ទៅ ១២ ភាគរយ។

នៅក្នុង​ការសង​សឹក ចិន​បានធ្វើ​ឱ្យប្រាក់​យ័ន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​ជា​ប្រវត្តិសាស្ត្រ និង​លុបចោល​ការទិញ​កសិកម្ម​អាមេរិក។

របាយការណ៍​របស់​ធ​នាគារ Goldman បានបញ្ចប់​ថា “កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ឥឡូវនេះ​មើលទៅ​នៅ​ឆ្ងាយ​ទៀត​ណាស់”៕

អ្នក​អភិវឌ្ឍ​គម្រោង​លំនៅដ្ឋានធំៗកំពុង​បាញ់​ឆ្ពោះទៅកាន់​តំបន់​ផ្លូវជាតិ​លេខ៣

0
​ផ្លូវជាតិ​លេខ៣

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ ស្រប​ពេលដែល​គម្រោង​នៃ​ការស្ថាបនា​ផ្លូវជាតិ​លេខ៣ និង​ពង្រីក​រហូតដល់៤គន្លង ដែល​កំពុងតែ​សម្រុក​ដើម្បី​បញ្ចប់​ទៅតាម​ផែនការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពេលនេះ​មាន​ក្រុមហ៊ុនធំៗដែលជា​អ្នក​អភិវឌ្ឍ​លើ​វិស័យ​លំនៅដ្ឋាន​កម្រិត​មធ្យម និង​ក្រោម​មធ្យម បាននិងកំពុង​ចាប់អារម្មណ៍​បាញ់​ឆ្ពោះទៅកាន់​តំបន់​នេះ។

ក្រៅពី​គម្រោង​អភិវឌ្ឍ​វិស័យ​លំនៅដ្ឋាន​ធំ​របស់​ក្រុមហ៊ុន​ក្នុងស្រុក ដូចជា​គម្រោង​បុរី​ពិភពថ្មី គម្រោង​បុរី លឹម ឈាង​ហាក់ គម្រោង​បុរី ឡេង ណា​វ៉ា​ត់​ត្រា ដែលមាន​តម្លៃ​វិនិយោគ​រាប់សិប​លាន​ដុល្លារ​នោះ ក៏មាន​គម្រោង​វិនិយោគ និង​អភិវឌ្ឍ​ជា​មណ្ឌល​ទេសចរណ៍ និង​លំនៅដ្ឋាន​ពី​សំណាក់​ក្រុមហ៊ុន​ថៃ​ផងដែរ បន្ទាប់ពី​មើលឃើញថា នៅតាម​តំបន់​ផ្លូវជាតិ​លេខ៣មាន​សក្ដានុពល​ខ្លាំង និង​អាច​មានឱកាស​ទទួលបាន​ប្រាក់ចំណេញ​ច្រើន។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍ប្រាប់​ពី​ភាព​ទាក់ទាញ​នៃ​តំបន់​ផ្លូវជាតិ​លេខ៣តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ​ថា ការចូល​ខ្លួន​ទៅ​វិនិយោគ និង​អភិវឌ្ឍ​វិស័យ​លំនៅដ្ឋាន​ផ្លូវជាតិ​លេខ៣នាពេលនេះ​គឺមាន​ឱកាសល្អ​ច្រើន។ លោក​បាន​បន្តទៀតថា “ជាធម្មតា ទាល់តែ​គេ​សម្លឹង​ឃើញ​ពី​ឱកាស​ទទួលបាន​ប្រយោជន៍ និង​ចំណេញ ទើប​គេ​បណ្តាក់ទុន​វិនិយោគ។

លោក​បាន​បន្តទៀតថា “ផ្លូវជាតិ​លេខ៣ពេលនេះ​កាន់​តែមាន​ភាពល្អប្រសើរ​ជាង​ពេលមុន ជាពិសេស​ក្រោយពេល​រដ្ឋាភិបាល​បាន​កសាង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន។

លោក​បាន​បន្តទៀតថា “តំបន់​ដែលមាន​ចម្ងាយ​ប្រមាណ២០-៣០គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​នៅតែមាន​ភាពល្អប្រសើរ​លើ​ការវិនិយោគ​ទាំងអស់ ”។ លោក​បាន​បញ្ជាក់ទៀតថា “ហេតុផល​ដែល​អ្នកវិនិយោគ​សម្រុក​ទៅធ្វើ​ការអភិវឌ្ឍ​នៅ​តំបន់​ខាងលើនេះ ដោយសារតែ​កត្តា​ភូមិសាស្ត្រ​ល្អ វិសាលភាព​ដី​នៅ​ទូលាយ​ច្រើន ហើយ​តម្លៃ​ដី​នៅមានកម្រិត​ទាប ដែល​អំណោយផល​ដល់​គម្រោង​អភិវឌ្ឍ​របស់​ពួកគេ។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisal លោក​ឧកញ៉ា នួន រិទ្ធី ក៏បាន​មានប្រសាសន៍​ផងដែរ​ថា “តំបន់​ផ្លូវជាតិ​លេខ៣ ដែល​ស្ថិតនៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ មាន​ភាពងាយស្រួល​ក្នុងការ​អភិវឌ្ឍន៍ ព្រោះ​តំបន់​នេះ​ភាគច្រើន​មាន​សណ្ឋាន​ដី​ល្អ​អំណោយផល​ដល់​ការអភិវឌ្ឍ។

លោក​ឧកញ៉ា​បន្តទៀតថា  “ក្រៅពីនេះ វា​ក៏មាន​ទីតាំង​ស្ថិតនៅ​ជិត​ទីប្រជុំជន​នៃ​រាជធានី​ភ្នំពេញ ដែលមាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ចេញចូល​ក្រុង​តាមរយៈ​បណ្តាញផ្លូវធំៗជាច្រើន​ដែល​ស្ថិតនៅ​ជុំវិញ​តំបន់​នេះ។

លោក​ឧកញ៉ា​បន្តទៀតថា “អ្វីដែល​សំខាន់ និង​ជម្រុញ​ឱ្យ​អ្នក​អភិវឌ្ឍ​ជាច្រើន​ចាប់អារម្មណ៍​ចូលទៅ​កាន់​តំបន់​នេះ មូលហេតុ​ចម្បង​បំផុត គឺ​តម្លៃ​ដី​ទាប ស័ក្ដិសម​ទៅនឹង​គម្រោង​លំនៅដ្ឋាន​កម្រិត​មធ្យម និង​ក្រោម​មធ្យម ដែល​កំពុង​តែមាន​ទីផ្សា​រ​ខ្ពស់​នាពេល​បច្ចុប្បន្ននេះ” ៕

តើ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​មានន័យ​ដូចម្តេច?

0
ពិពិធកម្មសេដ្ឋកិច្ច

ដោយ មនុ​ប៊ី

ភ្នំពេញ៖ ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​គឺជា​ដំណើរការ​នៃ​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​ឱ្យ​ឆ្ងាយ​ពី​ប្រភព​ប្រាក់ចំណូល​តែមួយ​ទៅ​ប្រភព​ជាច្រើន​លើ​វិស័យ និង​ទីផ្សារ​ជាច្រើន​ដែល​កំពុង​រីកចម្រើន។

ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ត្រូវបាន​អនុវត្ត​ជា​យុទ្ធសាស្ត្រ​មួយ​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​វិជ្ជមាន។

ឧទាហរណ៍៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែងថា កម្ពុជា​ចាំបាច់​ត្រូវមាន​ប្រព័ន្ធ​ដឹកជញ្ជូន​មួយ​ដែល​ប្រសើរ​ជាង​មុន មាន​ថ្លៃ​ថោក​ជាង​មុន និង​មាន​ប្រសិទ្ធភាព​ជាង​មុន ទាំង​តាម​បណ្តាញ​ដឹកជញ្ជូន​ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និង​ផ្លូវដែក សំដៅ​បង្កើន​សមត្ថភាព​នាំចេញ ជំរុញ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ការទាក់ទាញ​វិនិយោគ នៅ​គ្រប់​សកម្មភាព​ធុរកិច្ច​គ្រប់​ប្រភេទ។

រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​វ​ង្សី វិស្សុត​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​ផែនការមេ​ស្តីពី ប្រព័ន្ធ​ដឹកជញ្ជូន​នៅ​កម្ពុជា នៅ​ទីស្តីការក្រសួង​ថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨កន្លងមក​ថា ការរៀបចំ​ផែនការមេ​ស្តីពី​ប្រព័ន្ធ​ដឹកជញ្ជូន​នេះ គឺជា​ការគិតគូរ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ពិសេស​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ ដើម្បី​សម្រេច​ឱ្យបាន​នូវ​ប្រព័ន្ធ​ដឹកជញ្ជូន​មួយ​ដែលមាន​ភាព​ប្រទាក់ក្រឡា និង​មាន​ភាព​ប្រកួតប្រជែង​ខ្ពស់ ធៀប​ជាមួយ​ប្រទេសជិតខាង ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​រយៈពេល​វែង ការតភ្ជាប់​ប៉ូល​សេដ្ឋកិច្ចសំខាន់ៗនៅក្នុង​ប្រទេស និង​ការបង្កើន​ល្បឿន​សមាហរណកម្ម​សេដ្ឋកិច្ច ទៅក្នុង​តំបន់​និង​ពិភពលោក​ផងដែរ។

លោក​បន្តថា “សម្រាប់​ទស្សនវិស័យ​ទៅ​ថ្ងៃមុខ កម្ពុជា​ត្រូវ​ភ្ជាប់​ខ្លួន​ទៅនឹង​បណ្តាញ​ផលិតកម្ម​អន្តរជាតិ តាមរយៈ​ការប្រើប្រាស់​ជា​របៀង​ដឹកជញ្ជូន​ផ្នែក​ខាងកើត​ប្រទេស ភ្ជាប់​ពី​ភ្នំពេញ​ទៅ​វៀតណាម និង​ច្រករបៀង​ដឹកជញ្ជូន​ខាងលិច​ភ្ជាប់​ពី​ភ្នំពេញ ទៅ​ប្រទេស​ថៃ ដោយសារ​ប្រទេស​ទាំងពីរ​នេះ នឹង​ក្លាយទៅជា​មូលដ្ឋាន​ផលិតកម្ម​ដ៏​ធំ​នៅក្នុង​តំបន់”៕

ស្វែងយល់​សេដ្ឋកិច្ច​ស្រីលង្កា ខណៈ​ប្រ​ធានា​ធិ​តី​ប្រទេស​នេះ​មក​បំពេញ​ទស្ស​កិច្ច​នៅ​កម្ពុជា​នៅថ្ងៃនេះ

0
ប្រធានាធិបតីស្រីលង្កា

ដោយ វុត្ថា

ភ្នំពេញ៖ ប្រធានាធិបតី​​ស្រីលង្កា​លោក Maithripala Sirisena ដឹកនាំ​ក្រុម​ធុរជន​មួយក្រុម​មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​នៅ​ថ្ងៃទី៧ កក្កដា​ឆ្នាំ ២០១៩នេះ។

សេដ្ឋកិច្ចស្រីលង្កា

ក្នុង​កំឡុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ប្រធានាធិបតី​ស្រី​សង្កា​នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ក​ម្ពុជាសំខាន់ៗ និង​រៀបចំ​វេទិកា​ធុរកិច្ច​នៅ​កម្ពុជា​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា។

គេហទំព័រ propertyarea.asia ដែល​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច និង​អចលនទ្រព្យ​ឈានមុខ សូម​លើកយក​ដំណើរ​នៃ​កា​រវិ​ឌ្ឍ​ន៍​របស់​ប្រទេស​នេះ មក​ចុះផ្សាយ ខណៈ​ប្រធានាធិបតី​ប្រទេស​ស្រីលង្កា មក​បំពេញ​ទស្សនកិច្ច​នៅ​ក្នុ​ប្រទេស​កម្ពុជា។

យោងតាម​ការចុះផ្សាយរ​បស់​ធនាគារពិភពលោក (World Bank) បានឱ្យដឹងថា ប្រទេស​ស្រីលង្កា​គឺជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ដែល​ទើប​បញ្ចប់​ការសិក្សា​នាពេលថ្មីៗនេះ​ដោយមាន​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​ម​នុស្ស​ម្នាក់​ចំនួន ៤.១០២ ដុល្លារ (ឆ្នាំ ២០១៨) និង​មាន​ប្រជាជន​សរុប​ចំនួន ២១,៧ លាន​នាក់។

បន្ទាប់ពី​សង្គ្រាមស៊ីវិល​រយៈពេល ៣០ ឆ្នាំ​ដែល​បានបញ្ចប់​ក្នុង​ឆ្នាំ ២០០៩ សេដ្ឋកិច្ច​របស់​ប្រទេស​ស្រីលង្កា​បាន​កើន​ឡើងជា​មធ្យម ៥,៨ ភាគរយ​ក្នុង​កំឡុង​ឆ្នាំ ២០១០-២០១៧ ដែល​ឆ្លុះបញ្ចាំង​ពី​ការបែងចែក​សន្តិភាព​និង​គោលនយោបាយ​ដែល​បានកំណត់​ឆ្ពោះទៅរក​ការកសាង និង​កំណើន​ឡើងវិញ។

សេដ្ឋកិច្ច​របស់​ប្រទេស​ស្រីលង្កា​កំពុង​ផ្លាស់ប្តូរ​ពី​សេដ្ឋកិច្ច​ដែលមាន​មូលដ្ឋាន​នៅតាម​ជនបទ​ឆ្ពោះទៅរក​សេដ្ឋកិច្ច​តាម​ទីក្រុង​ដែល​ផ្តោតលើ​វិស័យ​ផលិតកម្ម និង​សេវាកម្ម។ ប្រទេស​នេះ​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​នៅក្នុង​សូចនាករ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម និង​មនុស្ស។ សូចនាករ​សង្គម​ស្ថិតនៅ​ក្នុងចំណោម​ខ្ពស់បំផុត​នៅ​អាស៊ី​ខាងត្បូង​និង​ប្រៀបធៀប​ល្អ​ជាមួយ​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម។

កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​នេះ បាន​ប្រែ​ទៅជា​វិបុលភាព​រួមគ្នា​ជាមួយនឹង​សមាមាត្រ​នៃ​ភាពក្រីក្រ​ថ្នាក់ជាតិ​ធ្លាក់ចុះ​ពី ១៥,៣ ភាគរយ​ក្នុង​ឆ្នាំ ២០០៦/០៧ ដល់ ៤,១ ភាគរយ​នៅ​ឆ្នាំ ២០១៦ ។

ចំណូល​សារពើពន្ធ​ទាប​គួបផ្សំ​នឹង​ការចំណាយ​ច្រើន​ដែល​មិនចាំបាច់​ក្នុង​វិក័យប័ត្រ​ប្រាក់បៀវត្សរ៍​ការផ្ទេរ​ប្រាក់ និង​ការបង់​ការប្រាក់​បាន​រារាំង​ការចំណាយ​អភិវឌ្ឍន៍សំខាន់ៗនិង​បាន​កាត់បន្ថយ​ការចំណាយ​លើ​សុខភាព​ការអប់រំ និង​ការ​គាំពារ​សង្គម​ដែលមាន​កម្រិត​ទាប​បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ដៃគូ។ កម្រិត​បំណុល​មាន​កម្រិត​ខ្ពស់​ហើយ​ផលប័ត្រ​បំណុល​សរុប​បង្ហាញ​ពី​ហានិភ័យ​មួយចំនួន។

ធនាគារពិភពលោក (World Bank) ក៏បាន​ចាត់​ចំណាត់ថ្នាក់​ប្រទេស​ស្រីលង្កា​មានការ​ផ្លាស់ប្តូរ​ពី​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប មកជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ដែល​មនុស្សម្នា​ក់មាន​ចំណូល​ប្រមាណ ៤,០៦០ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៩ នេះ ។ បន្ថែម​ពីនេះ ធនាគារពិភពលោក​ក៏បាន​ព្យាករណ៍​ផងដែរ ពី​សេដ្ឋកិច្ច​ប្រទេស​ស្រីលង្កា​នឹង​កើនឡើង​ប្រមាណ ៣.៥ ភាគរយ សម្រាប់​ឆ្នាំនេះ ។

ធនាគារពិភពលោក (World Bankd) បាន​សរសេរ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា សេដ្ឋកិច្ចពិភពលោក​ត្រូវបាន​បែក​ចែកជា​ចំណាត់ថ្នាក់​ប្រាក់ចំណូល​ជា ៤ ក្រុម​រួមមាន ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ ប្រាក់ចំណូល​មធ្យម​កម្រិត​កណ្តាល ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប និង​ប្រាក់ចំណូល​ទាប៕

ចំណេះដឹង! តើ​អ្វី​ជា​ច្បាប់​ប្រកួតប្រជែង?

0
ច្បាប់ប្រកួតប្រជែង

ដោយ វុត្ថា

ភ្នំ​ពេញ៖ ច្បាប់​ប្រកួតប្រជែង ត្រូវបាន​រៀបចំឡើង​ដើម្បី​លើកទឹកចិត្ត​ឱ្យមាន​ទំនាក់ទំនង​ធុរកិច្ច​ដោយ​ស្មើភាព​និង​ស្មោះត្រង់ បង្កើន​ប្រសិទ្ធភាព​សេដ្ឋកិច្ច ជំរុញឱ្យមាន​ការបង្កើត​ធុរកិច្ចថ្មីៗ ការពារ​សេដ្ឋកិច្ចជាតិ​ពី​ផលប៉ះពាល់​ដែល​បណ្ដាលមកពី​សកម្ម​ភាព​ប្រកួតប្រជែង​បំពាន​ច្បាប់ និង​ជួយ​អ្នកប្រើប្រាស់​ឱ្យទទួល​បាន​ទំនិញ​និង​សេវា​ដែលមាន​គុណភាព​ខ្ពស់ តម្លៃ​ទាប សម្បូរបែប និង​មាន​ជម្រើស​ច្រើន។

ច្បាប់​ប្រកួតប្រជែង​នឹង​ដោះស្រាយ​បញ្ហា​នានា​ពាក់ព័ន្ធ​ដល់​សកម្មភាព​ឃុបឃិត​គ្នា​រវាង​ធុរកិច្ច ការកំណត់ថ្លៃ ការកំណត់​បរិមាណ​ទំនិញ​សម្រាប់​លក់ ការកំណត់​ទីតាំង​ភូមិសាស្ត្រ​សម្រាប់​លក់​ផលិតផល​និង​សេវា សកម្មភាព​ប្រើប្រាស់​អំណាច​ដោយ​បំពាន​របស់​ធុរកិច្ច​ដោយ​អំណាច​លើ​ទីផ្សារ ព្រមទាំង​រារាំង​ការរួមបញ្ចូល​គ្នា នៃ​ធុរកិច្ច​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ដំណើរការ​ប្រកួតប្រជែង ហើយ​អាច​នាំទៅរក​ឯកា​ធិ​ភាព។

ប្រទេស​កម្ពុជា បានរៀបចំ​សេចក្តីព្រាង​ច្បាប់​ប្រកួតប្រជែង​របស់ខ្លួន ប្រកបដោយ​ការយកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះថា​ក្នុង​ដំណើរការ​តាក់តែង​នេះ ក្រសួងពាណិជ្ជកម្ម បានធ្វើ​កិច្ច​ពិគ្រោះ​យោបល់​ជាច្រើនលើក​ច្រើនសារ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ដោយមាន​ការចូលរួម​ពី​ជំនាញការ​អន្តរជាតិ​ជាច្រើន​នាក់​ផងដែរ។

បច្ចុប្បន្ន​សេចក្តីព្រាងច្បាប់​ប្រកួតប្រជែង​កម្ពុជា បានបញ្ចប់​កិច្ចប្រជុំ​កម្រិត​អន្តរក្រសួង នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី រួចរាល់​ហើយ នៅឡើយ​តែ​ជំពូក​ទី ៤ និង​ជំពូក​ទី ៦ ដែល​ចែង​អំពី​នីតិវិធី​នៃ​ការប្តឹង​និង​ការស៊ើបអង្កេត និង​ទោស​ប្បញ្ញត្តិ ដែល​តម្រូវឱ្យ​ក្រុមការងារ​តាក់តែង​ច្បាប់​នៃ​ក្រសួងពាណិជ្ជកម្ម ត្រូវ​ប្រជុំពិភាក្សា​ចង្អៀត​ជាមួយ​ក្រសួងយុត្តិធម៌ មុននឹង​សេចក្តីព្រាងច្បាប់​នេះ​ត្រូវបាន​បញ្ជូនទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី៕

ក្រុមហ៊ុន​អាល្លឺម៉ង់​លក់​អគារ​ការិយាល័យ​របស់​ខ្លួ​នៅ​សឹង្ហ​បុរី​តម្លៃ​ជិត ៤៧៦លាន​ដុល្លារ

0
ក្រុមហ៊ុន​អាល្លឺម៉ង់​លក់​អគារ​ការិយាល័យ​របស់​ខ្លួ​នៅ​សឹង្ហ​បុរី​តម្លៃ​ជិត ៤៧៦លាន​ដុល្លារ

ដោយ ​វុត្ថា

ភ្នំពេញៈ ក្រុមហ៊ុន​ Commerz Real ជា​សាខា​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​នៅ​ប្រទេស​អាល្លឺម៉ង់ German Commerzbank បានប្រកាស​លក់​អគារ​ការិយាល័យ 71 Robinson Road របស់ខ្លួន​នៅក្នុង​ប្រទេស​សឹង្ហ​បុរី​ក្នុង​តំលៃ ៦៥៥លាន​ដុល្លារ​សឹង្ហ​បុរី ស្មើនឹង​តម្លៃ ៤៧៥,៧លាន​ដុល្លារ​អាមេរិក ទៅ​ឲ្យ​ក្រុមហ៊ុន​ SV Robinson ដែលជា​ក្រុមហ៊ុន​សម្ព័ន្ធ Sun Venture Group។

សារព័ត៌មាន​ APAC Real Estate បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី៥ ម្សិលមិញ​នេះ ថា អគារ​ការិយាល័យ​នេះ ត្រូវបាន​ដំណើរការ​នៃ​ការដាក់​ជួល​ក្នុង​តំលៃ ១០ដុល្លារ ក្នុង​មួយ​ហ្វី​ត​ការ៉េ ដោយមាន​ក្រុមហ៊ុន​ជាច្រើន​បាន​ជួល​ការិយាល័យ​ធ្វើការ​ក្នុង​អាគារ​នេះ រួមមាន​ក្រុមហ៊ុន​ CommerzBank  ក្រុមហ៊ុន ​Visa ក្រុ​ហ៊ុន Ogilvy និង​ក្រុមហ៊ុន WeWork ។ ក្រុមហ៊ុន​ WeWork បាន​ជួល​ 3ជាន់​ចាប់តាំងពី​ឆ្នា២០១៧កន្លងមកនេះ។

ក្រុមហ៊ុន​ Commerz Real Estate បាន​ទិញ​អគារ​ការិយាល័យ​នេះ តាំងពី​ឆ្នាំ ២០០៨ ដោយ​អគារ​នេះ​មាន​កំពស់១៣ជាន់ ដែលមាន​ផ្ទៃក្រឡា​ការិយាល័យ​ទំហំ២២,០០០ ម៉ែត្រការ៉េ មាន​ទាំង​មាន​ចំណតរថយន្ត​ពីរ​ជាន់។

លោក ​Henning Koch ប្រធាន​គ្រប់​គ្រង់​ប្រតិបត្តិការ​សកល​របស់​ក្រុមហ៊ុន Commerz Real បានឱ្យដឹងថា អាស៊ី​រក្សាបាន​នូវ​ទីផ្សារ​ដ៏​ទាក់ទាញ សម្រាប់​ការវិនិយោគ​លើ​អគារ​ការិយាល័យ ដោយសារតែ​កំណើន​នៃ​ការវិនិយោគ និង​ពាណិជ្ជកម្ម​ក្នុង​តំបន់។

លោក Chris Fossick អគ្គនាយក​ក្រុមហ៊ុន ​JLL ប្រចាំ​នៅ​សឹង្ហ​បុរី និង​អាស៊ីអាគ្នេយ៍ បានឱ្យដឹង​ដែរ​ថា ប្រតិបត្តិការ​ការិយាល័យ​នៅក្នុង​ប្រទេស​សឹង្ហ​បុរី សម្រេចបាន​កំណើន​តម្លៃ​ហូត​ដល់៤.៦ពាន់​លាន​ដុល្លារ និង​បន្ត​កើនឡើង​ថែមទៀត​នៅ​ចុងឆ្នាំ២០១៩នេះ។

លោក​បន្តថា តម្រូវការ​ការិយាល័យ​នៅក្នុង​ប្រទេស​សឹង្ហ​បុរី ត្រូវបាន​រុញច្រាន​ដោយ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ រួមមាន​បច្ចេកវិទ្យា សេវាកម្ម និង​ឧស្សាហកម្ម​សេវាកម្ម​ហិរញ្ញវត្ថុ​ដែល​កំពុងមាន​ការរីក​ចំរើន។

ក្រុមហ៊ុន​អាល្លឺម៉ង់​លក់​អគារ​ការិយាល័យ​របស់​ខ្លួ​នៅ​សឹង្ហ​បុរី​តម្លៃ​ជិត ៤៧៦លាន​ដុល្លារ

យោងតាម​របាយការណ៍​ពី​ក្រុមហ៊ុន JLL បាន​ឲ្យ​ដឹងថា ការជួល​ការិយាល័យ​នៅក្នុង​ប្រទេស​សិង្ហ​បុរី ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង៣៣ភាគរយ នៅ​ចន្លោះ​ឆ្នាំ ២០១៩ និង ២០២២ ដែលជា​អត្រា​ខ្ពស់បំផុត​នៅ​ទូទាំង​ពិភពលោក៕

កម្ពុជា ថៃ​ចាប់ផ្តើម​ពិភាក្សាគ្នា​បើក​ច្រករបៀង​សេដ្ឋកិច្ច​បន្ថែមទៀត

0
កម្ពុជា ថៃ​ចាប់ផ្តើម​ពិភាក្សាគ្នា​បើក​ច្រករបៀង​សេដ្ឋកិច្ច​បន្ថែមទៀត

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​កម្ពុជា ថៃ​បាន​ជួបពិភាក្សា​ការងារ​ស៊ីជម្រៅ ដើម្បី​បើក​ច្រករបៀង​សេដ្ឋកិច្ច​បន្ថែម​ដែល​ស្ថិតនៅ​ភាគ​ខាងកើត និង​ត​ភ្ជាប់​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ រវាង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ លឹម​ឆា​បាង​នៃ​ព្រះរាជាណាចក្រ​ថៃ។

ជំនួប​ពិភាក្សា​នេះ ធ្វើឡើង​ដើម្បី​ស្វែងយល់​អំពី​សក្តានុពល និង​កិច្ចសហប្រតិបត្តិការ​លើ​ការតភ្ជាប់​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ រវាង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ លឹម​ឆា​បាង​នៃ​ព្រះរាជាណាចក្រ​ថៃ។

រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​តូច ចាន់​កុសល​បានបញ្ជាក់​ប្រាប់​លោកស្រី Nongnuth Phetchratana ទីប្រឹក្សា​ពិសេស​ក្រសួងការបរទេស​ថៃ​ទទួលបន្ទុក​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត​ថា ការបើក​ឱ្យមាន​ដំណើរការ​ជា​ផ្លូវការ​នូវ​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត​នេះ វា​បាន​ជួយ​បង្កើន​និង​ជំរុញ​វិស័យ​ដឹកជញ្ជូន​កាន់​ល្អប្រសើរ ជាពិសេស​បង្កើន​ការវិនិយោគ និង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង២ និង​អាច​បម្រើ​ផលប្រយោជន៍ ដល់​វិស័យសេដ្ឋកិច្ច​ឱ្យមាន​កំណើន ។

លោក​បន្តថា ជាមួយគ្នានេះ​ផងដែរ លោក​ក៏បាន​ស្នើ​ឱ្យមាន​កិច្ចពិភាក្សា​បន្ថែម​លើ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ស្វែងយល់​បន្ថែមទៀត​ពី​នីតិវិធី​រវាង​ប្រទេស​ទាំងពីរ និង​ឱកាស​វិនិយោគ​ប្រកបដោយ​សក្តានុពល។

លោកស្រី Nongnuth Phetchratana បាន​សន្យា​យក​គោលបំណង​ខាងលើនេះ​ទៅ​ពិចារណា​ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​ថៃ ដោយ​បង្ហាញ​ពី​ចេតនា​ល្អ​ក្នុង​កិច្ចសហការ​ផងដែរ។

លោក​តូច ចាន់​កុសល ក៏​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​របស់​កម្ពុជា​ជាមួយ​ថៃ រួមមាន គម្រោង​ផ្លូវ​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ៥ ពី២គន្លង​ទៅ៤គន្លង ផ្លូវជាតិ​លេខ៤៨ ពី​ផ្លូវបំបែក​ស្រែអំបិល ទៅ​ខេត្តកោះកុង គម្រោង​ស្ពាន ស្ទឹង​បត់​និង​ផ្លូវ​ត​ភ្ជាប់ និង​គម្រោង​សាងសង់​ផ្លូវ​ពី​ខេត្តបាត់ដំបង ទៅ​ខេត្តកោះកុង​ដើម្បី​កាត់បន្ថយ​ពេល វេលា​នៃ​ការដឹកជញ្ជូន​ពី​ខេត្ត​ប៉ៃលិន​ទៅកាន់​កំពង់ផែ​ទឹក​ជ្រៅ ៕

ធនាគារ​ធំជាងគេ​របស់​ឥណ្ឌូនេស៊ី​គ្រោង​ឈាន​ជើង​ចូល​ទីផ្សារ​ប្រទេស​កម្ពុជា

0
ធនាគារ Bank Mandiri

ដោយ ប៊ី

ភ្នំពេញៈ ធនាគារ PT Bank Mandiri (Persero) Tbk ដែល​មូលដ្ឋាន​នៅ​ឥណ្ឌូនេស៊ី​កំពុង​ផ្តោតលើ​ការពង្រីក​អាជីវកម្ម​របស់ខ្លួន​ទៅកាន់​ទីផ្សារ​កម្ពុជា និង​ឡាវ ស្របពេល​ទីផ្សារ​អាស៊ីអាគ្នេយ៍​ទាំងពីរ​នេះ កំពុង​ក្លាយជា​ទីផ្សារ​ហិរញ្ញវត្ថុ​ដ៏​មាន​សក្តានុពល។

លោក​ Rohan Nafas រដ្ឋលេខាធិការ​ធនា​ការ​ Bank Mandiri បាន​និយាយ​ថ្លែងប្រាប់​សារព័ត៌មាន​ឥណ្ឌូនេស៊ី​មួយ​ថា “ធនាគារ​មាន​ទស្សនវិស័យ​បាន​បើកចំហ​កាន់តែខ្លាំង​ឡើង នៅក្នុង​ប្រទេស​ទាំងពីរ​ខាងលើ ស្របពេល​ប្រទេស​ទាំង​ពីរបាន និង​កំពុង​ចាប់ផ្តើម​មានការ​អភិវឌ្ឍ។

កាល​ពេលថ្មីៗនេះ ធនាគារ Bank Mandiri មាន​ផែនការ​ក្នុង​ទិញយក​ធនាគារ​ចំនួន​ពីរ​នៅ​ប្រទេស​ហ្វីលីពីន។ ប៉ុន្តែ​គម្រោង​នេះ​ត្រូវបាន​បញ្ឈប់ ដោយសារតែ​ឧស្សាហកម្ម​ធនាគារ និង​ហិរញ្ញវត្ថុ​របស់​ប្រទេស​នេះ មិនត្រូវ​បាន​គេ​ចាត់ទុកថា​មាន​ស្ថេរភាព​ខ្លាំង​ទេ។

ឥឡូវនេះ ធនាគារ Bank Mandiri កំពុង​សម្លឹង​រក​ការពង្រីក​អាជីវកម្ម​របស់ខ្លួន​ទៅកាន់​ប្រទេស​កម្ពុជា និង​ឡាវ ព្រោះ​ទីផ្សារ​នៅក្នុង​ប្រទេស​ទាំងពីរ នៅមាន​លក្ខណៈ​ទូលំទូលាយ​សម្រាប់​ធ្វើការ​វិនិយោគ។

ទោះជា​យ៉ាងនេះ​ក្តី លោក​បាន​កត់សម្គាល់ថា ធនាគារ​ Bank Mandiri នៅ​មិនទាន់បាន​សម្រេចចិត្ត​លើ​អាជីវកម្ម​ជាក់លាក់ ដែល​ពួកគេ​ចង់​វិនិយោគ​នៅក្នុង​ប្រទេស​ទាំងពីរ​នេះ​នៅឡើយ​ទេ។

លោក Rohan បាន​បន្ថែមថា “ការផ្តោត​លើ​ការពង្រីក​អាជីវកម្ម​គួរតែ​ផ្តោតលើ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ។ លោក​បន្តថា “យើង​នៅតែ​កំពុង​ស្វែងរក​ទម្រង់​អាជីវកម្ម​ល្អ​បំផុត​នៅក្នុង​ប្រទេស​ទាំងពីរ​នេះ មិន​ថា​វិស័យ​ធនាគារ ឬ​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ទេ។

ធនាគារ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ឥណ្ឌូនេស៊ី​នេះ បាន​បង្កើត​មូលនិធិ​វិនិយោគ​ដ៏​ធំ​មួយ​ដើម្បី​ជ្រៀតចូល​ទីផ្សារ​នៅ​ប្រទេស​ឡាវ និង​ប្រទេស​កម្ពុជា​ចន្លោះ​ពី ២១ ទៅ ២២ ភាគរយ។

លោក Rohan បាន​និយាយថា “មូលនិធិ​វិនិយោគ​នេះ នឹង​ពង្រីក​សិទ្ធិ​កាន់កាប់​ធនាគារ។

វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​បាន​បន្ត​អភិវឌ្ឍ​ប្រកបដោយ​ភាពរឹងមាំ និង​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​គាំទ្រ និង​ជំរុញ​សេដ្ឋកិច្ច ស្របពេល​សេដ្ឋកិច្ច​នៅតែ​បន្ត​ភាពរឹងមាំ ដែល​គាំទ្រ​ដោយ​កំណើន​វិស័យ​កាត់ដេរ សំណង់ និង​ទេសចរណ៍ គួបផ្សំ​នឹង​ការ​កើន​ល្បឿន​បន្តិច​នៃ​វិស័យ​កសិកម្ម។

ទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បាន​កើនឡើង១៩,២ភាគរយ ស្មើនឹង​នឹង១៦៦ នៃ​ផ.ស.ស ឥណទាន ១០៣ភាគរយ និង​ប្រាក់​បញ្ញើ៩២ភាគរយ​នៃ​ផ.ស.ស (ផលិតផល​សរុប​ក្នុងស្រុក)។ នេះ​បើ​យោងតាម​របាយការណ៍​ចុងក្រោយ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ស្តីពី លទ្ធផល​ការងារ​ប្រចាំឆមាស​ទី១ និង​ទិសដៅ​ការងារ​ឆមាស​ទី។

របាយ​ការ​ខាងលើ​បាន​បន្ថែមថា គុណភាព​សំពាធ​ឥណទាន​បន្ត​ស្ថិតក្នុង​ស្ថាន​ភាពល្អ ដោយ​អនុ​បាត​ឥណទាន​មិន​ដំណើរការ​មាន​កម្រិត២,៣ភាគរយ សម្រាប់​គ្រឹះស្ថាន​ធនាគារ និង ១,១ ភាគរយ​សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។

លោក​ប៊ុន មុន្នី អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ឲ្យ​ដឹងថា វិស័យ​វត្ថុ​មានការ​រីកចំរើន ខណៈ​កម្ពុជា​បាននិងកំពុង​ទទួលបាន​ក្រុមហ៊ុន​ហិរញ្ញវត្ថុថ្មីៗដែល​នឹងចូលរួម​បន្ថែម​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។

លោក​បាន​ឲ្យ​ដឹងថា “វា​រឿង​ល្អ​មួយ​សម្រាប់​អ្នកវិនិយោគទុន ចូលមក​នៅក្នុង​ប្រទេស​ជាតិ​របស់​យើង ធ្វើ​ឲ្យ​មានការ​រីកចំរើន និង​មានការ​ផ្លាស់ប្តូរ​ជា​បន្តបន្ទាប់ ហើយ​ចំពោះ​ការចូល​មករ​បស់​អ្នក​ចំណូល​ថ្មី​ដូចជា​មកពី តៃវ៉ាន់ និង​កូរ៉េ ជា​រឿង​មួយ​សម្រាប់​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​យើង។

លោ​កថា​បន្ថែមថា “គាត់(ប្រជាជន)អាចមាន​ជម្រើស​ច្រើន ហើយ​កត្តា​មួយ​ដែល​ល្អ​គឺថា បើទោះបី​មាន​អ្នកប្រកួតប្រជែង​ច្រើន ប៉ុន្តែ​វា​នឹងមាន​ការផ្លាស់ប្តូរ សេដ្ឋកិច្ច​យើង​នឹងមាន​ការវិវត្តន៍​ឈានឡើង​បន្តបន្ទាប់​ទៀត”៕