ការ​វិនិយោគ​បរទេស​នៅ​កម្ពុជា​កើនឡើង​ ខណៈ​ដំណើរការ​ដក​ EBA​ ស្ថិត​ក្នុង​ការពិចារណា​

0

ដោយ​ Donald​ Lee​ និង​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ យោង​តាម​អង្គការសហប្រជាជាតិ​បាន​ឲ្យដឹង​ថា​ កម្ពុជា​បាន​ក្លាយទៅជា​ទិសដៅ​កំពូល​មួយ​សម្រាប់​ការ​វិនិយោគ​បរទេស​ ខណៈ​សហភាព​អឺរ៉ុប​បាន​ចាប់ផ្តើម​និ​តិ​វិធី​ក្នុង​ត្រួតពិនិត្យ​ស្ថានភាព​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ (EBA​) នៅ​កម្ពុជា​។

ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ (FDI​) នៅក្នុង​ប្រទេស​កម្ពុជា​បាន​កើនឡើង​ជាង ១០ភាគរយ​ ឬស្មើនឹង៣១៥លាន​ដុល្លារ​ និង​មាន​ទំហំ​ទឹកប្រាក់​ដល់ ៣​,១ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​ ខណៈ​សហភាព​អឺរ៉ុប​បាន​ចាប់ផ្តើម​ដំណើរការ​ ក្នុង​ពិនិត្យ​ពី​ស្ថានភាព​ក្នុង​ការ​ដក​ EBA​ ចេញពី​កម្ពុជា​។

ក្រុម​អ្នកឃ្លាំមើល​របស់​សហភាព​អឺរ៉ុប​ បាន​បញ្ចប់​បេសកកម្ម​ស្វែងរក​ការពិត​របស់​ខ្លួន​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ចន្ទ​ ហើយ​បាន​និយាយ​ថា​ រដ្ឋាភិបាល​ត្រូវការ​ធ្វើឲ្យ​មានការ​ផ្លាស់​ប្តូរ​គោលនយោបាយ​សំ​ខាន់​ៗ ដើម្បី​រក្សា​ផលប្រយោជន៍​ពាណិជ្ជកម្ម​របស់​ខ្លួន​ ប៉ុន្តែ​ធានា​ថា​ EBA​ គឺ​អាច​នឹង​ត្រូវ​ព្យួរ​ឬដកចេញ​នៅ​ឆ្នាំ២០២០​។

រដ្ឋាភិបាល​កម្ពុជា​បាន​ព្យាករណ៍​ និង​ត្រៀមខ្លួន​ទុកជាមុន​លើ​ការ​ព្យួរ​ EBA​ និង​អត្រាកំណើន​ផលទុនជាតិ​សរុប​ (GDP​) អាច​ធ្លាក់ចុះ​ជិត១ភាគរយ​ ដោយ​យោង​តាម​សារាចរណែនាំ​ស្តី​ពី​ ការរៀបចំ​ផែនការ​យុទ្ធ​សាស្រ្ត​ថវិកាជាតិ​ឆ្នាំ២០២០​-២០២២​ ដែល​បាន​ចុះហត្ថលេខា​ដោយ​សម្តេច​តជោ​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ កាលពី​ខែមេសា​។ កម្ពុជា​បាន​អនុម័ត​កម្មវិធី​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ឯកជន​នានា​ ដើម្បី​ទូទាត់​ការខាតបង់​ ដែល​នឹង​កើតឡើង​នៅពេល​ដែល​គម្រោង​លើកលែង​ពន្ធ​ទៅ​ទីផ្សារ​អឺរ៉ុប​ត្រូវ​បញ្ចប់​។

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ លោក​សុខ​ សុ​ភ័ក្ដ្រ​ បាន​មានប្រសាសន៍​ថា​ “យើង​នឹង​ធ្វើ​កំណែទម្រង់​ ដែល​នឹង​កាត់បន្ថយ​ចំណាយ​ប្រតិបត្តិ​ការ​ សម្រាប់​អ្នកនាំ​ចេញ​ដែល​មានតម្លៃ​ជិត ២០០លាន​ដុល្លារ​”។ លោក​បន្ថែម​ថា​ “ការកែ​ទម្រង់​នឹង​មិន​ត្រឹមតែ​ផ្តល់​សមត្ថភាព​ដល់​អ្នកនាំ​ចេញ​ ដើម្បី​ប្រកួតប្រជែង​ក្នុងករណីនៃ​ការ​ព្យួរ​នោះ​ទេ​ ប៉ុន្តែ​ថែមទាំង​ជួយ​បង្កើន​ការប្រកួត​ប្រជែង​សម្រាប់​ទំនិញ​កម្ពុជា​ផង​ដែរ​”។

យោង​តាម​ក្រុម​អ្នកស្រាវជ្រាវ​វិស័យ​ឧស្សាហកម្ម​បាន​ឲ្យដឹង​ថា​ វិស័យ​ចម្បង​ដែល​នឹង​ត្រូវ​ប៉ះពាល់​ដោយ​ការ​ដកប្រាក់​ EBA​ គឺ​វិស័យ​កាត់ដេរ​ និង​ស្បែកជើង​។

លោ​កវ៉ាន់​ ស៊ូ​អៀង​ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (​GMAC​) បាន​ថ្លែង​ថា​ “វិស័យ​ដែល​នឹង​ទទួលរង​ផល​ប៉ះពាល់​ច្រើន​បំផុត​ គឺ​វិស័យ​កាត់ដេរ​ និង​ស្បែកជើង​ ដោយសារ​បរិមាណ​នាំចេញ​មាន​ ទឹកប្រាក់​ចំនួន​ប្រហែល៥ពាន់​លាន​ដុល្លារ​”។

សហភាព​អឺរ៉ុប​នៅតែ​ជា​ទិសដៅ​នាំចេញ​ដ៏​សំខាន់​របស់​កម្ពុជា​ ដែល​មាន​ប្រមាណ​ ៤០ភាគរយ​នៃ​ការនាំចេញ​របស់​កម្ពុជា​សរុប​។ ការនាំចេញ​ទាំងនេះ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ដោយ​កើនឡើង​ប្រមាណ​២២៧ភាគរយ​នៅចន្លោះ​ឆ្នាំ២០១១​ និង២០១៦​ ហើយ​មាន​ទំហំ​ទឹកប្រាក់​ឈាន​ដល់​ជាង ៥ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។

វិស័យ​វាយនភ័ណ្ឌ​របស់​កម្ពុជា​បាន​នាំចេញ ៤៦ភាគរយ​ នៃ​ផលិតផល​វាយនភ័ណ្ឌ​សរុប​របស់​ខ្លួន​ទៅកាន់​ទ្វីបអឺរ៉ុប​ និង​នាំទៅ​សហរដ្ឋអាមេរិក​មាន ២៤ភាគរយ​ ជប៉ុន​មាន​ ១៦ភាគរយ​ និង​កាណាដា ៩ភាគរយ​។

ក្រុម​អ្នកវិភាគ​អះអាង​ថា​ ទោះបីជា​ការ​ដក ​EBA​ នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្នុងរយៈពេល​ខ្លី​ក៏ដោយ​ ក៏​ការ​វិនិយោគ​បរទេស​កើនឡើង​ និង​ការ​ផ្លាស់​ប្តូរ​ក្រុមហ៊ុន​ផលិតកម្ម​ពី​ប្រទេស​ចិន​ ទៅកាន់​បណ្តា​ប្រទេស​អាស៊ាន​ ដូចជា​ កម្ពុជា​ជាដើម​ នឹង​ធ្វើឲ្យ​កម្ពុជា​កា្លយ​ជា​ប្រទេស​ ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​។

របាយការណ៍​វិនិយោគ​ពិភពលោក​ប្រចាំឆ្នាំ​ របស់​អង្គការសហប្រជាជាតិ​បាន​បង្ហាញថា​ រោងចក្រ​កាត់ដេរ​កំពុង​ផ្លាស់​ប្តូរ​ទីកន្លែង​យ៉ាងសកម្ម​ ទៅកាន់​បណ្តា​ប្រទេស​អាស៊ាន​រួម​ទាំង​ កម្ពុជា​ ដោយសារ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ និង​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ចិន​។

របាយការណ៍​វិនិយោគ​ពិភពលោក​ របស់​អង្គការសហប្រជាជាតិ​ឆ្នាំ២០១៩​ ចេញផ្សាយ​នៅ​សប្តាហ៍​នេះ​ បាន​ឲ្យដឹង​ថា​ “ការ​ផ្លាស់​ប្តូរ​ទីតាំង​ ដែល​មាន​ប្រតិបត្តិ​ការប្រើ​ប្រាស់​កម្លាំង​ពលកម្ម​តម្លៃ​ថ្លៃ​ពី​ប្រទេស​ចិន​ ដែល​មាន​ក្រុមហ៊ុន​ដូចជា​ ផលិត​សម្លៀកបំពាក់​ និង​ស្បែកជើង​ កំពុង​បង្កើន​ការ​វិនិយោគ​នៅ​តាម​បណ្តា​ប្រទេស​ទាំងនេះ​ (បណ្តា​អាស៊ាន​)”។

ការ​កើនឡើង​នៃ​ទុន​វិនិយោគ​នៅ​កម្ពុជា​ នៅតែ​មានផល​វិជ្ជមាន​ ស្រប​ពេល​ដែល​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ នៅ​ទូទាំង​ពិភពលោក​បាន​ធ្លាក់ចុះ ១៣ភាគរយ​។

អគ្គនាយក ​UNCTAD​ លោក​ Mukhisa​ Kituyi​ បាន​ថ្លែង​នៅក្នុង​របាយការណ៍​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃពុធ​ថា​ “ភូមិសាស្ត្រ​នយោបាយ​ និង​ភាព​តានតឹង​ពាណិជ្ជកម្ម​អាច​នឹង​ធ្វើឲ្យ​មាន​ហានិភ័យ​ ក្នុង​ការពឹងផ្អែក​លើ​ការ​វិនិយោគទុន​ផ្ទាល់​ពី​បរទេស​ នៅ​ឆ្នាំ​ ២០១៩​ និង​អាច​បន្ត​នៅពេល​ខាងមុខ​ទៀត​”៕

ក្រុមហ៊ុន​ធំ​មួយ​មក​ពី​អឺរ៉ុប​គ្រោង​ពង្រីក​ការ​វិនិយោគ​លើ​ការ​ផ្គត់ផ្គង់​សម្ភារៈ​ថាមពល​ និង​អគ្គិ​សនីយ៍​នៅ​កម្ពុជា​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Siemens​ Limited​ របស់​អឺរ៉ុប​ ដែល​មាន​សាខា​ប្រចាំ​នៅ​ប្រទេសឹ​ង្ហ​បុរី​ មាន​គម្រោង​វិនិយោគ​បន្ថែម​ លើ​ការ​ផ្គត់ផ្គង់​វិស័យ​ថាមពល​អគ្គិសនី​ និង​បច្ចេកវិទ្យា​នៅ​កម្ពុជា​ ខណៈ​ដែល​រដ្ឋាភិបាល​បាន​ប្រកាស​ស្វាគមន៍​ រាល់​គម្រោង​វិនិយោគ​បរទេស​ទាំងអស់​មក​កម្ពុជា​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក​ Armin​ Bruck​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Siemens​ Limited​ កាលពី​ថ្ងៃទី១៣​ ខែមិថុនា​កន្លងមក​បាន​ឲ្យដឹង​ថា​ ក្រុមហ៊ុន​Siemens​ Limited​ ត្រូវ​បាន​ទទួលស្គាល់​ថា​ ជា​ដៃគូ​សហការ​ល្អ​ដោយ​បាន​បោះទុន​វិនិយោគ​ និង​ចូលរួម​យ៉ាងសកម្ម​ក្នុង​វិស័យ​ថាមពល​ អគ្គិសនី​ និង​សុខាភិបាល​កម្ពុជា​ តាមរយៈ​ការ​ផ្គត់ផ្គង់​នូវ​សម្ភារៈ​ទំនើប​ និង​បច្ចេកវិទ្យា​ខ្ពស់​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​បន្ត​ថា​ កម្ពុជា​មានបំណង​ស្វែងយល់​បន្ថែម​ទៀត​ អំពី​បច្ចេក​វិទ្យា​ទំនើប​ៗ និង​សមត្ថភាព​នៃ​ម៉ា​ស៊ីន​ថ្មី​ៗ ដែល​ក្រុមហ៊ុន​មានលទ្ធភាព​ផ្គត់ផ្គង់​ ដែល​អាច​ចូលរួម​ជា​ចំណែក​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​សង្គម​-សេដ្ឋកិច្ច​កម្ពុជា​។

កម្ពុជា​នឹង​បន្ត​កិច្ចសហការ​ល្អជា​មួយ​ក្រុមហ៊ុន​ និង​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ និង​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ បន្ត​សហការ​ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​ នៃ​រាជរដ្ឋាភិបាល​អំពី​គម្រោ​ងថ្មី​ៗរបស់​ក្រុមហ៊ុន​ ដូចជា​ការប្រើ​ប្រាស់​ប្រព័ន្ធ​ឌីជីថល​ នៅក្នុង​វិស័យ​វារីវប្បកម្ម​ និង​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការគ្រប់គ្រង​ចរាចរណ៍​ជាដើម​។

លោក​ដ្ឋ​មន្ត្រី​បន្ថែម​ថា​ កម្ពុជា​ចង់​ឃើញ​ក្រុមហ៊ុន​អឺរ៉ុប​ មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត​ ដោយហេតុ​វិស័យ​ឯកជន​ គឺជា​ក្បាលម៉ាស៊ីន​កំណើន​ (Engine​ of​ Growth​) សម្រាប់​កម្ពុជា​។ បន្ថែម​ពីនេះ​រដ្ឋាភិបាល​កម្ពុជា​ ស្វាគមន៍​ចំពោះ​ការ​វិនិយោគ​បន្ថែម​ និង​ផ្តល់​ប្រព្រឹត្តិ​កម្ម​សស្មើ​ភាព​គ្នា​ ចំពោះ​ក្រុមហ៊ុន​វិនិយោគទុន​បរទេស​ទាំងអស់​នៅ​កម្ពុជា​ រួម​ទាំង​ក្រុមហ៊ុន​ Siemens​ Limited​ ផង​ដែរ​។

ជាមួយគ្នា​នេះ​ ដើម្បី​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស​ តាមរយៈ​ការសម្រួល​ផ្នែក​ពាណិជ្ជកម្ម​បន្ថែម​ទៀត​ ​សម្តេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ កន្លង​ទៅ​ថ្មី​ៗនេះ​ បាន​ដាក់ចេញ​នូវ​កញ្ចប់​កំណែទម្រង់​ ជា​វិធានការ​មុត​ស្រួច​លើ​គ្រប់​វិស័យ​ រួមមាន​៖ ការ​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ ការកាត់បន្ថយ​ថ្លៃ​អគ្គិសនី​ ការ​បន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ និង​ការ​បន្ត​កំណែទម្រង់​ស្ថាប័ន​ជាដើម​។ កញ្ចប់​កំណែទម្រង់​នេះ​ មាន​វិសាលភាព​គ្រប​ដណ្តប់​លើ​គ្រប់​វិស័យ​ និង​គ្រប់ជ្រុងជ្រោយ​រួម​ទាំង​ លើ​ក្របខណ្ឌ​គតិ​យុត្ត​ និង​បច្ចេកទេស​៕

លោក​លី​ សុខ​ឆាយ​៖ កំនើន​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​ជា​ឱកាសល្អ​ក្នុង​ការ​ចូល​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ មនុស្សជា​ច្រើន​បាន​និង​កំពុង​ចាប់អារម្មណ៍​លើ​វិស័យ​អចលនទ្រព្យ​ ក្នុង​នោះ​លោក​ លី​ សុខ​ឆាយ​ ជា​សហគ្រិន​វ័យក្មេង​មួយ​រូប​ បាន​ឈានជើង​ចូ​លន​ប្រឡូក​ក្នុង​វិស័យ​នេះ​ ដោយ​លោក​គិតថា​ វា​ជា​ពេលវេលា​ល្អ​សម្រាប់​លោក​ ដោយសារ​កម្ពុជា​មាន​សន្តិភាព​ ស្ថេរ​ភាព​នយោបាយ​ និង​កំនើន​សេដ្ឋកិច្ច​យ៉ាង​រ៉ឹង​មាំ​។

អគ្គនាយក​កក្រុមហ៊ុន​ LSCG​ Real​ Estate​ Co​.,Ltd​ លោក​ លី​ សុខ​ឆាយ​ ដែល​បាន​បញ្ចប់​ការសិក្សា​បរិញ្ញាប័ត្រ​ផ្នែក​ច្បាប់​ នៅ​សាកល​វិទ្យាល័យ​ នីតិ​សាស្រ្ត​ ​និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​ (RULE​) និង​បញ្ញា​ប័ត្រ​ភាសាអង់គ្លេស​នៅ​ វិទ្យាស្ថាន​ភាសាបរទេស​ (IFL​) រូប​នេះ​បាន​សិក្សា​លើ​ជំនាញ​អចលនទ្រព្យ​អន្តរជាតិ ​CIPS​ ដែល​ទទួលស្គាល់​ដោយ​សហរដ្ឋអាមេរិក​ និង​បាន​ប្រឡូក​ក្នុង​វិស័យ​ជំនួញ​ មុន​ពេល​លោក​បើក​ក្រុមហ៊ុន​អចលនទ្រព្យ​ LSCG​ Real​ Estate​ Co​.,Ltd​។

លោក​បាន​មានប្រសាសន៍​ថា​ “ខ្ញុំបាទ​ធ្លាប់​ជា​អគ្គនាយក​ក្រុមហ៊ុន​ Logistics​ និង​ផ្នែក​ច្បាប់​អស់​រយៈពេល​ជិះ១០ឆ្នាំ​។ ក្នុង​ពេល៣ឆ្នាំ​ចុងក្រោយ​នេះ​ខ្ញុំ​បានសម្រេច​ចិត្ត​ឈាន​ចូល​វិស័យ​អចលនទ្រព្យ​ និង​បើក​ក្រុមហ៊ុន​អចលនទ្រព្យ​ដោយខ្លួនឯង​ ព្រោះ​កម្ពុជា​នឹង​បន្ត​រីកចម្រើន​ ក្រោមម្លប់​សន្តិភាព​ ស្ថេរ​ភាព​នយោបាយ​ និង​កំនើន​សេដ្ឋកិច្ច​ដ៏​រ៉ឹង​មាំ​”។

លោក​បន្ត​ថា​ មាន​មូលហេតុ​សំ​ខាន់​ៗចំនួន​បី​ ដែល​ធ្វើឲ្យ​លោក​សម្រេចចិត្ត​ចូល​ប្រឡូក​ក្នុង​វិស័យ​នេះ​ ដូចជា​ ទី១​ ​ដោយ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​រយ:ពេល១០ឆ្នាំ​ចុងក្រោយ​ និង​មាន​សញ្ញាណ​នៃ​ការ​រីកចម្រើន​ជា​បន្ត​ទៀត​នា​ពេល​អនាគត​ ទី២​ តាម​ការវិភាគ​ទីផ្សារ​អចលនទ្រព្យ​ ដែល​កំពុង​រីក​ចម្រើន​ថ្មី​ៗនេះ​ ខ្ញុំ​យល់​ឃើញ​ថា​ ​នេះ​ជា​ឱកាស​ដ៏​ល្អ​ចំពោះ​សហគ្រិន​វ័យក្មេង​អាច​ចាប់ផ្តើម​សាកល្បង​ ឬវិនិយោគ​ខ្លួន​បាន​។ និង​ទី៣​ ដោយ​ខ្ញុំបាទ​ធ្លាប់​សិក្សា​ពី​វិស័យ​អចលនទ្រព្យ​នេះ​ ទាំង​ក្នុង​និង​ក្រៅប្រទេស​ និង​ធ្លាប់​បាន​ជោគជ័យ​ តាម​រយ:កា​រនាំភ្លៀវ​បរទេស​មក​វិនិយោគ​នៅក្នុង​កម្ពុជា​ផង​ដែរ​ ខ្ញុំបាទ​ក៏​សម្រេ​ចិត្ត​បើក​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​តែម្តង​។

ទោះជាយ៉ាងណា​លោក​ក៏បាន​យល់ដឹង​ពី​បញ្ហា​ប្រឈម​ និង​ដឹងពី​វិធី​ដោះស្រាយ​វា​យ៉ាងដូច​ម្តេច​ផង​ដែរ​ ដោយ​លោក​លី​ សុខ​ឆាយ​បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​នៅ​ថ្មី​ អតិថិជន​មិនទាន់​ស្គាល់​និង​ផ្តល់​ទំនុកចិត្ត​ ដូច​ក្រុមហ៊ុន​ដែល​មានបទពិសោធន៍​ ដូច្នេះ​ទាមទារ​ការ​ខំប្រឹង​ខ្លាំង​ និង​សាង​ទំនុកចិត្ត​ខ្ពស់​។ ទី២​ ផលវិបាក​ក្នុង​ការស្វែងរក​បុគ្គលិក​ដែល​មាន​ជំនាញ​ផ្នែក​អចលនទ្រព្យ​ និង​ទាមទារ​ឱ្យ​មានការ​ធ្វើការ​ផង​ និង​បង្ហាត់បង្រៀន​ផង​ និង​ទី​ ៣ កង្វះខាត​ក្រម​សីល​ធម៍​នៃ​វិជ្ជា​ជី​វិៈ​ នៅក្នុង​ទី​ផ្សា​អចលនទ្រព្យ​។

លោក​បន្ត​ថា​ ​“មិនថា​ក្រុមហ៊ុន​ អតិថិជន​ និង​បុគ្គល​ដែល​ប្រកបរបរ​លើ​វិស័យ​អចលនទ្រព្យ​ទាមទារ​ឱ្យ​មានការ​យល់ដឹង​បន្ថែម​ លើ​ក្រម​សីល​ធម៍​វិជ្ជាជីវ​: ដើម្បី​ការពារ​ទាំង​ផលប្រយោជន៍​រួម​ដោយ​អព្យា​ក្រឹត្យ​ និង​លើ​កតំ​កើន​ការប្រើ​ប្រាស់​សេវាកម្ម​ពី​ក្រុមហ៊ុន​អចលនទ្រព្យ​ស្របច្បាប់​។

លោក​នៅតែ​មាន​សុទិដ្ឋិនិយម​ពី​ការ​រីកចម្រើន​លើ​វិស័យ​នេះ​ ដោយ​លោក​បាន​មានប្រសាសន៍​ថា​ វិស័យ​អចល​ទ្រព្យ​នៅតែ​មាន​ភាព​វិជ្ជមាន​ ក្នុង​រយះ​ពេល​ប្រាំ​ទៅ​ដប់​ឆ្នាំ​ទៀត​ ទោះបី​កម្ពុជា​បាន​បាត់បង់​ EBA ​ក៏ដោយ​ ព្រោះ​យើង​មើលឃើញ​ថា​សេដ្ឋកិច្ច​របស់​យើង​នៅតែ​រក្សា​កំនើន ​(GDP​) ក្នុង​កម្រិត​ជាម​ធម្យម៧​%ក្នុង​មួយឆ្នាំ​ ស្រប​នឹង​វិស័យ​ទេសចរណ៍​មានការ​កើនឡើង​ និង​ច្បាប់​វិនិយោគ​កម្ពុជា​ មាន​ភាព​ទាក់ទាញ​ និង​អំណោយផល​សម្រាប់​អ្នក​វិនិយោគ​បរទេស​។

លោក​បន្ត​ថា​ “អ្នក​ចង់​ប្រឡូក​ក្នុង​វិស័យ​នេះ​ ត្រូវ​មាន​បទ​ពិសោធ​និង​ចំ​នេះ​ដឹង​ ដែល​ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ​ រួម​ទាំង​បទពិសោធន៍​ក្នុង​ការ​ធ្វើអាជីវកម្ម​”។ លោក​បន្ត​ថា​ “ពួកគេ​ត្រូវ​សិក្សា​ និង​វិភាគ​ទីផ្សារ​ឱ្យ​ច្បាស់​ថា​ តើ​គាត់​ប្រាកដជា​អាច​ចាប់​ឱកាស​អ្វី​បាន​ និង​តើ​គួរ​ចាប់ផ្តើម​ពី​ចំណុច​ណា​? ត្រូវ​ដឹង​ចំណុចខ្លាំង​និង​ចំណុចខ្សោយ​របស់​ខ្លួន​ ជាពិសេស​ចំណុចខ្លាំង​ដែល​ទីផ្សារ​កំពុង​មានស្រាប់​”។

ជាមួយគ្នា​នេះ​ អ្នក​ប្រឡូក​ក្នុង​វិស័យ​នេះ​ត្រូវ​សិក្សា​ពី​ផែនការ​ថវិកា​ និង​ហានិភ័យ​មួយចំនួន​ដែល​អាច​នឹង​កើតឡើង​ចំពោះ​ក្រុមហ៊ុន​របស់​ខ្លួន​ និង​ត្រូវ​មាន​វិធានការ​ការពារ​ទុកជាមុន​ ពិសេស​គាត់​ត្រូវ​មាន​ផែនការអាជីវកម្ម​រយៈពេល៣ឆ្នាំ​យ៉ាងតិច​ សម្រាប់​ធ្វើជា​មាគ៌ា​ក្នុង​ការកំណត់​ភាព​ជោគជ័យ​ ឬបរាជ័យ​នៃ​អាជីវកម្ម​របស់​គាត់​៕

ក្រុមហ៊ុន​អាមេរិក​រាប់​រយ​ទាមទារ​ឲ្យ​លោក​ Donald​ Trump​ បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​

0

ដោយ​ ដូ​ណាល់​ លី​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ផលិតកម្ម​ ក្រុមហ៊ុន​ប្រេង​ និង​ឧស្ម័ន​និង​ក្រុមហ៊ុន​លក់រាយ​ជាច្រើន​នៅ​អាមេរិក​ បាន​បង្កើត​ក្រុម​សហព័ន្ធ​ចម្រុះ​មួយ​ ដើម្បី​ទាមទារ​ឲ្យ​ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​។

ក្រុមហ៊ុន​សាជីវកម្ម​ជាង៦០០​ បាន​ចុះហត្ថលេខា​លើ​លិខិត​មួយ​ជូនចំពោះ​លោក​ប្រធានាធិបតី​ Donald​ Trump​ កាលពី​ម្សិលមិញ​ ដោយ​ទាមទារ​ឲ្យ​បញ្ចប់​ពន្ធគយ​របស់​អាមេរិក​ប្រឆាំង​លើ​ទំនិញ​របស់​ចិន​ ដែល​នឹង​នាំទៅរក​ការបាត់បង់​ការងារ​នៅ​អាមេរិក​ជាង២​ លាន​ដុល្លារ​កន្លែង​ និង​កាត់បន្ថយ​តម្លៃ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ របស់​អាមេរិក១ភាគរយ​។

ក្រុម​សហព័ន្ធ​ចម្រុះ​នេះ​ដែល​មានឈ្មោះ​ថា​ “ពន្ធ​នាំឲ្យ​ប៉ះពាល់​ដល់​ជំនួញ​” បាន​ថ្លែង​ថា​ “យើង​ដឹង​ដោយ​ផ្ទាល់​ថា​ពន្ធ​បន្ថែម​ នឹង​មានផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ និង​មានផល​អវិជ្ជមាន​យូរអង្វែង​ចំពោះ​ពាណិជ្ជករ​អាមេរិក​ កសិករ​គ្រួសារ​ និង​សេដ្ឋកិច្ច​អាមេរិក​”។

លិខិត​នេះ​បាន​បញ្ជាក់​ថា​ ពន្ធ​លើ​ទំនិញ​ចិន​ក៏បាន​ដាក់​ពន្ធ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​អាមេរិក​ ហើយ​នៅ​លើ​គេហទំព័រ​របស់​សហព័ន្ធ​បង្ហាញថា​ ជនជាតិ​អាមេរិក​បាន​ចំណាយ​លើ​ពន្ធ​ដោយប្រយោល​ជាង២៦ពាន់​លាន​ដុល្លារ​ ចាប់តាំងពី​ថ្ងៃទី១៥​ ខែឧសភា​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​។

ក្រុម​សហព័ន្ធ​ចម្រុះ​នេះ​បាន​ឲ្យដឹង​ថា​ “ពន្ធ​នេះ​គឺជា​ពន្ធ​ដែល​ជនជាតិ​អាមេរិក​បង់​។ ពន្ធ​ទាំងនេះ​កំពុង​ត្រូវ​បាន​បង់​ដោយ​កសិករ​ អ្នកលក់​រាយ​ អ្នក​ផលិត​ ក្រុមហ៊ុន​ និង​អ្នកប្រើ​ប្រាស់​របស់​អាមេរិក​”។ ក្រុម​នេះ​បាន​បន្ត​ថា​ “យើង​ជំរុញ​ឲ្យ​រដ្ឋបាល​របស់​អ្នក​ត្រឡប់ទៅ​រក​តុចរចា​វិញ​ នៅពេល​ធ្វើការ​ជាមួយ​សម្ព័ន្ធ​មិត្ត​របស់​យើង​ ដើម្បី​រក​ដំណោះស្រាយ​ដែល​អាច​អនុវត្ត​បាន​ជាស​កល​។ សង្គ្រាម​ពាណិជ្ជកម្ម​មិន​មានផល​ល្អ​ សម្រាប់​ប្រទេស​នោះ​ទេ​ ហើយ​ភាគី​ទាំងសងខាង​នឹង​មានការ​ខាតបង់​”។

កាលពី​ខែមុន​លោក​ Trump​ បាន​បញ្ជា​ឲ្យ​ដំឡើង​ពន្ធ​នាំចូល​ចំនួន២៥ភាគរយ​លើ​ទំនិញ​ចិន​ ដែល​ស្មើនឹង​ទំហំ​ទឹកប្រាក់​ប្រមាណ២០០ពាន់​លាន​ដុល្លារ​ ហើយ​បាន​គំរាម​បង្កើន​ពន្ធ​លើ​ផលិតផល​បន្ថែម​ទៀត​ ដែល​មានតម្លៃ​រហូតដល់៣០០ពាន់​លាន​ដុល្លារ​។ ក្រុមហ៊ុន​បច្ចេកវិទ្យា​ដូចជា​ Huawei​ ក៏​ត្រូវ​បាន​ដាក់​ក្នុង​បញ្ជីខ្មៅ​របស់​អាមេរិក​ផង​ដែរ​។

ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ ក៏​នឹង​ត្រូវ​ខូចខាត​ផង​ដែរ​ ប្រសិនបើ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​នៅតែ​បន្ត​។

យោង​តាម​របាយការណ៍​របស់​មូលនិធិ​ព័ត៌មាន​វិទ្យា​ និង​ការ​ច្នៃប្រឌិត​មួយ​បាន​ឲ្យដឹង​ថា​ ក្រុមហ៊ុន​អាមេរិក​អាច​បាត់បង់​ប្រាក់ចំណូល​ រហូតដល់​ទៅ ៥៦​,៣ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល៥ឆ្នាំ​ ដោយសារតែ​ពន្ធគយ​ និង​ការ​ហាមឃាត់​ការនាំចេញ​បច្ចេកវិទ្យា​ទាក់ទង​នឹង​ក្រុមហ៊ុន ​Huawei​ និង​ក្រុម​ហ៊ុន​ផ្សេង​ៗទៀត​៕

តម្លៃ​ដីធ្លី​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៣​ នឹង​បន្ត​កើនឡើង​ក្រោយពេល​ផ្លូវ​នេះ​ពង្រីក​រួច​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ការស្ថាបនា​កំណាត់ផ្លូវ​ជាតិ​លេខ៣​ ឱ្យ​កាន់តែ​ធំ​ទូលាយ​ងាយស្រួល​ក្នុង​ការ​ដឹកជញ្ជូន​ ដែល​ជា​សរសៃឈាម​សេដ្ឋកិច្ច​យ៉ាង​សំខាន់​នោះ​ បាន​ជំរុញឱ្យ​តម្លៃ​ដី​ និង​អចលនទ្រព្យ​នៅ​តាម​តំបន់​នេះ​ មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ ហើយ​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​នៅតែ​មាន​សុទិដ្ឋិនិយម​ថា​ តម្លៃ​ដី​នឹង​បន្ត​កើនឡើង​ក្រោយពេល​ផ្លួវ​នេះ​ពង្រីក​រួច​។

បន្ទាប់់​ពី​ការ​បើក​ការដ្ឋាន​ពង្រីក​ផ្លូវជាតិ​លេខ៣​ ចាប់ពី​ចំណុច​រង្វង់​មូល​ចោមចៅ​ ដល់​តំបន់​បាយ​គូស​ជា​បួន​គន្លង​រថយន្ត​ និង​បន្ត​ដល់ទី​រួម​ខេត្តកំពត​បាន​ធ្វើឲ្យ​តម្លៃ​ដី​ នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​ឡើងថ្លៃ​រួច​ទៅ​ហើយ​ ខណៈ​ដែល​រាជរដ្ឋាភិបាល​បានសម្រេច​កំណត់​ឱ្យ​បណ្តា​រោងចក្រ​ សហគ្រាស​ និង​ឃ្លាំង​នានា​ ទៅ​តាំងនៅ​តាម​តំបន់​ជាយក្រុង​ជាកំហិត​នៅ​ចុងឆ្នាំ២០២១ខាងមុខ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Century​ 21​ Imperial​ Realty​ ​លោក​ Ken​ Lo​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​នា​ព្រឹ​កថ្ងៃ​ទ១៤​ ខែមិថុនា​នេះ​ថា​ បច្ចុប្បន្ន​ស្ថានភាព​នៃ​តម្លៃ​ដីធ្លី​នៅ​លើ​កំណាត់ផ្លូវ​ជាតិ៣​ មាន​ភាពល្អ​ប្រសើរ​មិនចាញ់​តំបន់​ផ្លូវជាតិ១​ និង​ផ្លូវជាតិ​លេខ៤នោះ​ឡើយ​។ លោក​បន្ត​ថា​ ចាប់ពី​ចំណុច​រង្វង់​មូល​ចោមចៅ​ ដល់​ចំណុច​គីឡូម៉ែត្រ​ទី១០​ ស្ថានភាព​នៃ​តម្លៃ​ដីធ្លី​មាន​ភាពល្អ​ប្រសើរ​ ដែល​ដីធ្លី​នៅ​តំបន់​នេះ​មានតម្លៃ​ ចន្លោះ​ប្រមាណ២០០​ ទៅ៤០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ឬនៅ​ទីតាំង​ខ្លះ​អាច​មានតម្លៃ​ថ្លៃជាង​ អាស្រ័យ​ទៅលើ​ស្ថានភាព​ និង​ទំហំដី​។

លោក​បន្ត​ថា​ ដោយឡែក​តម្លៃ​ដីធ្លី​ បើ​គិត​ចាប់ពី​គីឡូ​ទី១០ឡើង​ ទៅ​រហូតដល់​គីឡូម៉ែត្រ​ទី៧០​ តម្លៃ​ដី​អាច​មានការ​ប្រែប្រួល​មិន​ស្មើគ្នា​នោះ​ទេ​ ដែល​តំបន់​ខ្លះ​មានតម្លៃ៥០ដុល្លារ​ ហើយ​តំបន់​ខ្លះទៀត​មានតម្លៃ៧០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ (ដី​នៅ​ជាប់​ផ្លូវជាតិ​)”។ លោក​បាន​បន្ត​ទៀត​ថា​ តម្លៃ​ដីធ្លី​នៅ​តំបន់​ខាងលើ​នេះ​ នឹង​បន្ត​កើនឡើង​ទៀត​ ជាពិសេស​នៅពេល​ដែល​បណ្តា​រោងចក្រ​ សហ​គា្រ​សនា​នា​ចាប់ផ្តើម​រុះរើ​ចេញពី​រាជធានី​ភ្នំពេញ​ ទៅ​តាំងនៅ​តំបន់​ខាងលើ​នេះ​។

នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Town​ City​ Real​ Estate​ លោក​ វ៉ន​ ចាន់​ថន​ បាន​ទទួលស្គាល់​ថា​ បច្ចុប្បន្ន​នេះ​តម្លៃ​ដី​ដែល​ស្ថិតនៅ​តាម​កំណាត់ផ្លូវ​ជាតិ​លេខ៣​ ពិតជា​មានការ​កើនឡើង​ប្រាកដ​មែន​ ប៉ុន្តែ​មិន​កើនឡើង​គំហុក​នោះ​ទេ​។ លោក​បាន​បន្ត​ទៀត​ថា​ តម្លៃ​ដី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៣មានការ​កើនឡើង​ ប៉ុន្តែ​មិន​កើនឡើង​គំហុក​នោះ​ទេ​។ ជាទូទៅ​តម្លៃ​ដី​នៅ​តាមផ្លូវ​ជាតិ​លេខ៣​ មានការ​កើនឡើង​ក្នុងរង្វង់​ប្រមាណ១៥​-២០ភាគរយ​ក្នុង​មួយឆ្នាំ​តែប៉ុណ្ណោះ​។

​លោក​បាន​បន្ត​ទៀត​ថា​ “នៅ​ថ្ងៃខាងមុខ​នេះ​ នៅពេល​ដែល​មាន​បណ្តា​រោងចក្រ​ ឬ សហគ្រាស​នានា​ចាប់ផ្តើម​ទៅ​សាងសង់​នៅ​ទីនោះ​ វា​អាច​ជម្រុ​ញឱ្យ​តម្លៃ​ដី​កើនឡើង​បន្តិចទៀត​ ព្រោះ​នៅពេល​មា​នកំនើ​នប្រើ​ប្រាស់​ដីធ្លី​ នឹង​ជម្រុ​ញឱ្យ​តម្លៃ​កើន​ឡើង​ដោយ​ស្វ័យប្រវត្តិ​”។

លោក​ចាន់​ថន​បាន​សម្តែង​សុទិដ្ឋិនិយម​ថា​ មិនយូរ​ទៀត​នោះ​ទេ​ តំបន់​ផ្លូវជាតិ​លេខ៣​ អាច​នឹង​ប្រែរូប​រាង​ស្ថានភាព​ដូចគ្នា​ទៅ​នឹង​តំបន់​ផ្លូវជាតិ​លេខ៤​ ដោយសារតែ​ហេដ្ឋារចនាសម្ព័ន្ធ​ មានការ​កែ​លម្អ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ជាង​ពេលមុន​ ងាយ​ស្រួល​ដល់​ការ​ដឹកជញ្ជូន​ ដែល​ជា​ជម្រើស​ដ៏​ល្អ​របស់​រោងចក្រ​នានា​ដែល​ទៅ​តាំងនៅ​ទីនេះ​៕

កម្ពុជា​ និង​ហុងគ្រី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​

0

ដោយ ​វុត្ថា​

ហុង​គ្រីៈ​ រដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​ប្រទេស​ហុងគ្រី​ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្តី​ពី​ កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ដើម្បី​ពង្រឹង​និង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ទ្វេភាគី​ ដោយ​ផ្អែកលើ​សមភាព​ និង​ផលប្រយោជន៍​រួម​។

លោក​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​កាលពី​ថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​បាន​ឲ្យដឹង​ថា​ កិច្ច​ព្រមព្រៀង​នេះ​គ្រប​ដណ្តប់​លើ​វិស័យ​សំ​ខាន់​ៗជាច្រើន​ រាប់​ចាប់តាំងពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ វិនិយោគ​ សំណង់​ ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ វិស្វកម្ម​ កសិកម្ម​ ឧស្ស​ហក​ម្ម​ បរិស្ថាន​ ថាមពល​ សុខាភិបាល​ ទូរគម​នាគ​ន៍​ ព័ត៌មាន​វិទ្យា​ បច្ចេកវិទ្យា​ អប់រំ​ ទេសចរណ៍​ កម្មសិទ្ធិ​បញ្ញា​ ហិរញ្ញវត្ថុ​ និង​ធនាគារ​ វិទ្យាសាស្ត្រ​ និង​ការស្រាវជ្រាវ​ ព្រមទាំង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដើម្បី​បម្រើការ​អភិវឌ្ឍ​កំណើន​សេដ្ឋកិច្ច​គ្នា​ទៅវិញទៅមក​។

លោក​រដ្ឋមន្ត្រី​ថា​ “ក្រៅពី​នេះ​វិស័យ​ផ្សេងទៀត​ ក៏​នឹង​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​-ហុងគ្រី​ ធ្វើការ​ពង្រីក​បន្ថែម​ផង​ដែរ​ ជាពិសេស​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ ដែល​ត្រូវ​បាន​កាត់​ផ្តាច់​ដោយសារ​ តែ​វិបត្តិ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ កាលពី​កំឡុង​ឆ្នាំ១៩៧៥​”។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា​ តាមរយៈ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ថ្ងៃនេះ​ កម្ពុជា​រំពឹង​ថា​នឹង​ជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​ថែមទៀត​ ខណៈ​ដែល​បច្ចុប្បន្ន​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ​ ពោល​គឺ​ចាប់ពី​ឆ្នាំ២០១៣​ រហូតដល់​ឆ្នាំ​ពាក់កណ្តាល​ឆ្នាំ២០១៨​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-ហុងគ្រី​ មាន​ចំនួន​ជាង១៦លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។ ក្នុង​នោះ​កម្ពុជា​នាំចេញ​ទៅ​ហុងគ្រី​មាន​ទឹកប្រាក់១៣លាន​ដុល្លារ​អាមេរិក​ និង​នាំចូល​មាន​ទឹកប្រាក់​ជាង​ ៣លាន​ដុល្លារ​អាមេរិក​។

ពិធី​ចុះ​កិច្ច​ព្រមព្រៀង​នេះ​ ត្រូវ​បាន​ធ្វើឡើង​ស្របគ្នា​នឹង​ដំ​ណើរ​ទស្ស​កិច្ច​ផ្លូវការ​រយៈពេល២ថ្ងៃ​ របស់​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ ដឹកនាំ​ដោយ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ទៅកាន់​សាធារណរដ្ឋ​ហុងគ្រី​ ដើម្បី​ចូលរួម​សន្និសីទកំពូល​ស្តី​ពី​អន្តរ​សកម្មភាព​ និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី​ (CICA​) លើក​ទី៥​ ដែល​នឹង​រៀបចំឡើង​នៅ​ទី​ក្រុង​ឌូស្ហាន់​បេ​៕

រដ្ឋាភិបាល​ចិន​នឹង​ប្រែក្លាយ​ទីក្រុង​សៀងហៃ​ទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​ចិន​ តាមរយៈ​ធនាគារជាតិ​កណ្តាល​របស់​ខ្លួន​ (People​’s Bank​ of​ China​) បាន​ប្តេជ្ញា​ក្នុង​ការ​គាំទ្រ​ថវិកា​លើ​ការសាងសង់​ ទីក្រុង​សៀងហៃ​ឱ្យ​ប្រែក្លាយ​ទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​នា​ពេល​ខាងមុខ​។

លោក​ Yi​ Gang​ ប្រធាន​ធនា​គា​រប្រ​ជាន​ជន​នៃ​ប្រទេស​ចិន​ (PBOC​) ​បាន​ថ្លែង​នៅក្នុង​វេទិកា ​Lujiazui​ ក្នុង​ទីក្រុង​ស៊ង​ហៃ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ធនាគារ​ប្រជាជន​ចិន​ (PBOC​) នឹង​គាំទ្រ​ការបង្កើត​ប្រព័ន្ធ​គណនេយ្យ​រួម​ សម្រាប់​រូបិយប័ណ្ណ​ចិន​ និង​រូបិយប័ណ្ណ​បរទេស​ដែល​ជាផ្នែក​ថ្មី​មួយ​ នៃ​តំបន់​ពាណិជ្ជកម្ម​សេរី​ទីក្រុង​សៀងហៃ​។

លោក​បន្ត​ថា​ PBOC​ក៏​នឹង​បន្ត​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ នូវ​ទីផ្សារ​រូបិយប័ណ្ណ​ទីផ្សារ​មូលបត្រ​ និង​ទីផ្សារ​មូលបត្រ​បំណុល​សាជីវកម្ម​អន្តរជាតិ​ ដើម្បី​ពង្រីក​ជម្រើស​នៃ​ការ​ផ្លាស់​ប្តូរ​រូបិយប័ណ្ណ​បរទេស​ និង​ពង្រីក​ចំនួន​អង្គភាព​ទីផ្សារ​។

ធនាគារ​កណ្តាល​ក៏​នឹង​គាំទ្រ​ ដល់​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ផ្សារហ៊ុន​មាស​ទីក្រុង​សៀងហៃ​ និង​ផ្សារ​ដោះដូរ​ទំនិញ​ពីទី​ក្រុង​ឈី​កា​ហ្គោ​ (Chicago​ Mercantile​ Exchange​) ដោយ​ផ្អែក​កម្មវិធី​ Shanghai​ Gold​ Benchmark​ Price​ ស្តី​ពី​ផ្សារ​ដោះដូរ​ទំនិញ​ទីក្រុង​ឈី​កា​ហ្គោ​ (CME​)។

លោក​ Yi​ ក៏បាន​ឱ្យ​ដឹងផង​ដែរ​ថា​ “ធនាគារ​កណ្តាល​នឹង​គាំទ្រ​ដល់​ការបង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ ដោយ​ស្ថាប័ន​ហិរញ្ញវត្ថុ​បរទេស​នៅ​សៀងហៃ​ និង​ការបង្កើត​ក្រុមប្រឹក្សា​ភិបាល​នៃ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ នៅក្នុង​ទីក្រុង​សៀងហៃ​”។

លោក​ថា​ កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​ ត្រូវ​បាន​ធ្វើឡើង​ដើម្បី​កសាង​ទី​ក្រុង​ស៊ាង​ហៃ​ឱ្យទៅ​ជា​មជ្ឈមណ្ឌល​សកល​សម្រាប់​ការ​បម្រុងទុក​ និង​ការគ្រប់គ្រង​ហានិភ័យ​នៃ​ទ្រព្យសម្បត្តិ​ហិរញ្ញវត្ថុ​ជា​ប្រា​ក់យ័ន​ ខណៈ​ដែល​អ្នកគ្រប់គ្រង​ទ្រព្យសកម្ម​សកល​ បាន​បង្កើន​តួនាទី​របស់​ពួកគេ​នៅក្នុង​ទ្រព្យសម្បត្តិ​ទាំងនោះ​។

ទីក្រុង​សៀងហៃ​ ស្ថិតនៅ​លើ​ឆ្នេរសមុទ្រ​កណ្ដាល​នៃ​ប្រទេស​ចិន​ ជាទី​ក្រុង​ធំ​បំផុត​របស់​ប្រទេស​ និង​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​សកល​។ ទីក្រុង​នេះ​ជា​កន្លែង​ដើរ​កំសាន្ត​តាម​មាត់សមុទ្រ​ដ៏​ល្បីល្បាញ​ ជាមួយនឹង​ការ​គយគន់​អាគារ​សល់​ពី​សម័យ​អាណានិគម​។ ទីក្រុង​នេះ​មាន​អាកាសធាតុ​ល្អ​ជាង​បណ្តា​ទីក្រុង​នានា​ ហើយ​មាន​ប្រជាពលរដ្ឋ​ចិន​រស់នៅ​ប្រមាណ២៦​,៣២​ លាន​នាក់​នៅក្នុង​ឆ្នាំ​ ២០១៩​ នេះ​៕

រដ្ឋាភិបាល​រំពឹង​ថា​នឹង​ទទួល​បាន​ចំណូល​ប្រមាណ​ ៧០លាន​ដុល្លារ​ពី​វិស័យ​កាស៊ីណូ​នៅ​ឆ្នាំនេះ​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​មាន​សុ​ទិដ្ឋ​និយម​ នឹងអាច​ប្រមូលប្រាក់​ចំណូល​ពន្ធ ៧០លាន​ដុល្លារ​ពី​វិស័យ​កាស៊ីណូ​នៅ​ឆ្នាំ២០១៩​ ខណៈ២០១៨​ កម្ពុជា​ប្រមូល​ពន្ធ​បាន​គិតជា​ទឹកប្រាក់​ចំនួន៤៦លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​យោង​តាម​គេហទំព័រ​ GGR​ Asia ​ចុះផ្សាយ​កាលពី​ម្សិលមិញ​នេះ​។

លោក​ រស់​ ភា​រុន​ អ្នកនាំពាក្យ​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​មានប្រសាសន៍​ថា​ អាជ្ញាធរ​នៅ​កម្ពុជា​បាន​ផ្តល់​អាជ្ញាប័ណ្ណ​កាស៊ីណូ​ចំនួន១៣​ ក្នុងរយៈពេល៤ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ខណៈ​អាជ្ញាធរ​បាន​ផ្តល់​អាជ្ញាប័ណ្ណ​កាស៊ីណូ​សរុប​ចំនួន១៦៣មក​ហើយ​រហូតមកដល់​ពេលនេះ​។ លោក​ភា​រុន​បាន​ឲ្យដឹង​ថា​ អាជ្ញាប័ណ្ណ​ចំនួន៩១​ ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​កាស៊ីណូ​នៅ​ខេត្ត​ព្រះសីហនុ​ ដែល​ជា​តំបន់​មួយ​ដែល​រួមបញ្ចូល​ទិសដៅ​កាស៊ីណូ​នៅ​ប៉ែក​ខាងត្បូង​ ខេត្ត​ព្រះសីហនុ​។

លោក​មានប្រសាសន៍​ថា​ “យើង​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ច្រើន​ ប៉ុន្តែ​មានតែ​កាស៊ីណូ​ចំនួន៥១ប៉ុណ្ណោះ​ដែល​កំពុង​ដំណើរការ​។ ចំណែក​ចំនួន​នៅសល់​កំពុង​ត្រូវ​បាន​សាងសង់​ ខណៈ​ដែល​មួយចំនួន​បាន​ផ្អាក​ប្រតិបត្តិ​ការ​”។ លោក​បាន​មានប្រសាសន៍​ថា​ “ការ​កើនឡើង​នៃ​ចំនួន​កាស៊ីណូ​ បាន​ឆ្លុះបញ្ចាំង​ពី​ការ​កើនឡើង​នៃ​ភ្ញៀវ​ទេសចរ​ ជាពិសេស​ប្រទេស​ចិន​”។

លោក​រស់​ ភា​រុន​បាន​ឲ្យដឹង​ថា​ រដ្ឋាភិបាល​រំពឹង​ទុក​ថា​ នឹង​ប្រមូល​ចំណូល​ពន្ធ​បាន​ ៧០ដុល្លារ​ពី​វិស័យ​កាស៊ីណូ​នៅ​ឆ្នាំ​ បើ​ធៀប​នឹង​ឆ្នាំមុន​ពន្ធ​ពី​វិស័យ​ប្រមូល​បាន​ត្រឹមតែ៤៦​ លាន​ដុល្លារ​។

លោក​បាន​បន្ថែម​ថា​ ក្រសួង​ពាក់ព័ន្ធ​បាន​បញ្ចប់​ការ​ធ្វើ​សេចក្តី​ព្រាងច្បាប់​ គ្រប់គ្រង​វិស័យ​កាស៊ីណូ​ ហើយ​សេចក្តី​ព្រាងច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ទី​ស្ដី​ ការ​គណៈរដ្ឋមន្រ្តី​ក្នុង​ពេល​ឆាប់​ៗខាងមុខ​ ដើម្បី​ពិនិត្យមើល​ការ​អនុម័ត​ច្បាប់​នេះ​។

លោក​បាន​មានប្រសាសន៍​ថា​ “ជាមួយនឹង​ច្បាប់​នេះ​យើង​សង្ឃឹមថា​ នឹង​ទាក់ទាញ​វិនិយោគិន​កា​ស៊ី​ណូ​ធំៗ​ និង​បង្កើន​ប្រាក់ចំណូល​ពី​វិស័យ​នេះ​។ ខ្ញុំ​គិតថា​ជា​លទ្ធផល​នៃ​ច្បាប់​នេះ​ ប្រាក់ចំណូល​ប្រមូល​បាន​ពី​វិស័យ​នេះ​នឹង​កើន​ទ្វេដង​”៕

បណ្តា​ប្រទេស​ CLMV​ កំណត់​យក​ទេសចរណ៍​ព្រះពុទ្ធ​សាសនា​ទេសចរណ៍​ម្ហូបអាហារ​ និង​ទេសចរណ៍​បើកបរ​ដោយខ្លួនឯង​

0

ដោយ​ វុត្ថា​

​ឈៀ​ងរ៉ៃៈ​ ​បណ្តា​ប្រទេស​ជាស​មា​ជិ​ក CLMV​ រួមមាន​កម្ពុជា​ ឡាវ​ មី​យ៉ាន់់​ម៉ា​ និង​ប្រទេស​វៀតណាម​បាន​កំណត់​របៀបវារៈ​រួមគ្នា​ ក្នុង​ការ​ទាក់ទាញ​ទេសចរណ៍​បែប​ពុទ្ឋសាសនា​ ម្ហូបអាហារ​ និង​ការ​បើកបរ​ខ្លួនឯង​ឆ្លងកាត់​ព្រំដែន​នៃ​បណ្តា​ប្រទេស​ទាំងនេះ​។

ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ចំនួន២ថ្ងៃ​ នៅ​ប្រទេស​ថៃ​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​នៃ​ប្រទេស​ទាំង៤​ បានសម្រេច​ចិត្ត​រួមគ្នា​ក្នុង​ការរៀបចំ​កញ្ចប់​ទេសចរណ៍​ និង​ខ្សែ​ទស្សនកិច្ច​បែបនេះ​។ នេះ​បើ​តាម​លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។

លោក​ថោង​ ខុន​ បានឱ្យ​ដឹង​នៅក្នុង​ប្រជុំ​លើក​ទី៤​ នៃ​រដ្ឋមន្ត្រី​ទេសចរណ៍​ ACMECS​ (Ayeyawady​-Chao​ Phraya​-Mekong​ Economic​ Cooperation​ Strategy​) ដែល​រួមមាន​ប្រទេស​កម្ពុជា​ ឡាវ​ ភូមា​ ថៃ​ និង​វៀតណាម​ និង​កិច្ចប្រជុំ​លើក​ទី៥​ នៃ​រដ្ឋមន្ត្រី​ទេសចរណ៍​ CLMV​ (កម្ពុជា​ ឡាវ​ ភូមា​ និង​វៀតណាម​កាលពី​ថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៩​ នៅ​ខេ​ត្ត​ឈៀ​ងរ៉ៃ​ ប្រទេស​ថៃ​ថា​ ប្រទេស​សមាជិក​ទាំងអស់​មាន​សក្តា​នុ​ពល​ផ្នែក​ព្រះពុទ្ធ​សាសនា​ ម្ហូបអាហារ​ប្រកប​លក្ខណៈ​ពិសេស​ បង្ហាញ​អំពី​អរិយធម៌​ វប្បធម៌​ ការរស់នៅ​ស្រ​ដៀង​ៗគ្នា​ ដែល​កត្តា​ទាំងនេះ​គឺជា​ភាព​ទាក់ទាញ​ទេសចរ​ដ៏​សំខាន់​ ឆ្លើយតប​នឹង​និន្នាការ​ទេសចរណ៍​បច្ចុប្បន្ន​ ព្រមទាំង​ចូលរួម​ដល់​ការ​លើកកម្ពស់​វិស័យ​ព្រះពុទ្ធ​សាសនា​ ដែល​ជា​កេរដំណែល​របស់​មនុស្សជាតិ​ផង​ដែរ​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ ទន្ទឹម​នឹង​នេះ​ ប្រទេស​ជាស​មា​ជិ​កមានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ ដែល​តភ្ជាប់​គ្នា​ទៅ​វិញ​ទៅមក​រវាង​ប្រទេស​ ACMEC​ និង​ CLMV​ បាន​កាន់តែ​ប្រសើរ​ ដែល​នឹងអាច​ចូលរួម​ជំរុញ​វិស័យ​ទេសចរណ៍​ បើកបរ​ដោយខ្លួនឯង​ (Self​-Driving​ Tour​) កាន់តែ​ខ្លាំងក្លា​ថែមទៀត​ ឆ្លើយតប​នឹង​និន្នាការ​ទេសចរណ៍​សកលលោក​ ដោយ​ការ​បើកបរ​ដោយខ្លួនឯង​ ឆ្លង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយទៀត​កំពុងតែ​ពេញនិយម​។

រដ្ឋមន្ត្រី​ទេសចរណ៍​ACMEC​ ក៏បាន​អបអរសាទរ​កំណើន​ទេសចរ​អន្តរជាតិ​ មក​ទស្សនា​ប្រទេស​ជាស​មា​ជិ​ក ឆ្នាំ២០១៨​ កើន​ដល់៦៧​,៧១លាន​នាក់​ ក្នុង​អត្រា​ ១០.៦១​% ហើយ​ក្នុង​គោលដៅ​ជំរុញ​កំណើន​ទេសចរ​មកកាន់​តំបន់​ ឲ្យ​កាន់តែ​ច្រើន​ថែមទៀត​ រដ្ឋមន្ត្រី​ទេសចរណ៍​ ACMECS​ បាន​អនុម័ត​ដាក់ចុះ​ផែនការ​សកម្មភាព​ នៃ​កិច្ច​សហប្រតិបត្តិ​ការ​ទេសចរណ៍​ ACMECS​ ឆ្នាំ២០១៩​-២០២៣​ ដោយ​ផ្ដោត​លើស​កម្ម​ភាព​សំ​ខាន់​ៗមាន​ដូចជា​ (១) ការ​ផ្សព្វផ្សាយ​ និង​សិក្សា​ទីផ្សារ​ (២)ការ​តភ្ជាប់​ផលិតផល​ទេសចរណ៍​ (៣) ការ​ផ្លា​សប្ដូ​រព័ត៌មាន​ស្ដី​អំពី​ទេសចរណ៍​ (៤) ការបង្កើត​ផលិតផល​ថ្មី​ (៥) ការ​អភិវឌ្ឍ​ធនធានមនុស្ស​ (៦) សុវត្ថិភាព​ទេសចរណ៍​ (៧) ការជំរុញ​ការចូលរួម​របស់​វិស័យ​ទេសចរណ៍​។

ដោយឡែក​ ឆ្នាំ២០១៨​ តំបន់​ CLMV​ បាន​ទទួល​ទេសចរ​អន្តរជាតិ២៩.៤៤លាន​នាក់​ ក្នុង​កំណើន១៣.៩៦​% ក្នុង​ទេសចរណ៍​ផ្ទៃក្នុង​CLMV​ (Intra​-CLMV​ Traveler​) មាន​ ២.៥៨លាន​នាក់​ ស្មើនឹង៩​% នៃ​ទេសចរ​អន្តរជាតិ​សរុប​។

រដ្ឋមន្ត្រី​ទេសចរណ៍​ CLMV​ ក៏បាន​ឯកភាព​គ្នា​បន្ត​ជំរុញ​ការ​ផ្សព្វផ្សាយ​ «ប្រទេស​បួន​ គោលដៅ​តែមួយ​» ឲ្យបាន​កាន់តែ​ខ្លាំង​ថែមទៀត​ ដោយ​បាន​ដាក់ចុះ​នូវ​ផែនការ​សកម្មភាព​ នៃ​កិច្ច​សហប្រតិបត្តិ​ការ​ទេសចរណ៍​CLMV​ ឆ្នាំ២០១៩​-២០២១​ ក្នុង​នោះ​រួមមាន​សកម្មភាព​សំខាន់​ ដូចជា​៖ ១៖ ការសម្រួល​ការ​ធ្វើដំណើរ​ក្នុង​តំបន់​ ២៖ ការ​កសាង​សមត្ថភាព​ ៣៖ ជំរុញ​ការចូលរួម​ពី​ភាគី​ឯកជន​ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​ ៤៖ ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មី​ ​៥៖ ជំរុញ​សុវត្ថិភាព​ទេសចរ​៕

“ជោគជ័យ​មិន​ធ្លាក់​ពីលើ​មេឃ​” នឹង​ជំរុញ​អ្នករក​ស៊ីក្នុង​វិស័យ​ដីធ្លី​មាន​សមត្ថភាព​កាន់តែ​ខ្ពស់​

0

ដោយ​ អេ​ព្រីល​

ភ្នំ​ពេញៈ​ លោក​ អេង​ លាភា​ ជា​អ្នកនិពន្ធ​សៀវភៅ​ក្នុង​វិស័យ​ដីធ្លី​ បាន​បញ្ចេញស្នាដៃ​ទី2​ របស់​ខ្លួន​ ដើម្បី​ផ្ដល់​ចំណេះដឹង​ និង​ផ្ដល់​ភាព​ជោគជ័យ​ប្រកាន់​អ្នក​ដែល​រកស៊ី​ ក្នុង​វិស័យ​ដីធ្លី​បន្ថែម​ទៀត​។

សៀវភៅ​ទី២​ នេះ​មាន​ចំណងជើង​ថា​ជោគជ័យ​មិន​ធ្លាក់​ពីលើ​មេឃ​!ហេតុអ្វី​?

ម្ចាស់​ស្នាដៃ​រូប​នេះ​បាន​សំ​រាំង​ពី​មូលហេតុ​សំ​ខាន់​ៗចំនួន៨​ ដែល​សាធារណៈ​ជន​គួរ​អាន​សៀវភៅ​នេះ​ ដើម្បី​បាន​យល់ដឹង​ពី​ដំណើរការ​ការងារ​អនុវត្ត​គម្រោង​ទាំងមូល​ ការ​ទទួល​បាន​គំនិត​ ក្នុង​ការ​ទទួល​គម្រោង​មក​គ្រប់គ្រង​ដោយខ្លួនឯង​ផ្ទាល់​ ដឹង​ពី​​បញ្ហា​ប្រឈម​ជាមុន​ក្នុង​ការអនុវត្ត​គម្រោង​នី​មួយ​ៗ ​ដឹងពី​របៀប​បង្កើត​ក្រុម​ គ្រប់គ្រង​ក្រុម​ ដឹកនាំ​ក្រុម​ និង​ដោះស្រាយ​បញ្ហា​នៅក្នុង​ក្រុម​ និង​យល់ដឹង​គន្លឹះ​ក្នុង​ការ​ទប់ទល់​ ជាមួយ​ម្ចាស់​គម្រោង​។

លោក​អេង​ លាភា​ដែល​ជា​ម្ចាស់​ស្នាដៃ​បាន​អះអាង​ថា​ “សៀវភៅ​របស់​លោក​សរសេរ​ចេញពី​ទីលាន​លក់​តែម្ដង​ មិនមែន​សរសេរ​ចេញពី​ការ​ស្រមៃ​ទេ​ ព្រោះថា​អ្នកនិពន្ធ​ផ្ទាល់​គាត់​ធ្លាប់​ជា​តួអង្គ​ ក្នុង​គម្រោង​ហើយក៏​ជា​អ្នកគ្រប់គ្រង​ក្នុង​គម្រោង​ដែរ​”។

សៀវភៅ​នេះ​មាន​កម្រាស់ ១៤០ទំព័រ​ នឹង​មាន​មាតិកា​សំ​ខាន់​ៗចំនួន ១១ចំណុច​ ក្នុង​នោះ​រួមមាន​បទពិសោធន៍​លក់​ដី​ឡូ​តិ៍​ គន្លឹះ​នៃ​ការ​ចាប់ផ្ដើម​ចរចា​តម្លៃ​និង​លក្ខ​ខណ្ឌ​ផ្សេង​ៗ ការ​ពង្រាង​កិច្ចសន្យា​សហការ​លក់​ដី​ឡូ​តិ៍​ គន្លឹះ​នៃ​ការ​ប្រឈម​សំខាន់​សំខាន់​ក្នុង​ការអនុវត្ត​គម្រោង​ ការ​ពង្រឹង​សមត្ថភាព​ក្រុម​អ្នកលក់​ គោលការណ៍​គ្រប់គ្រង​សាច់ប្រាក់​ និង​ការ​បិទ​បញ្ចប់​ការ​លក់​ជាដើម​។

ទាក់ទង​ទិញ​សៀវភៅ​នេះ​ អ្នក​និយម​អាន​និង​ចង់​សិក្សា​ស្វែងយល់​បន្ថែម​អាច​ទំនាក់ទំនង​តាមរយៈ​លេខទូរស័ព្ទ ០៨៩​ ២៨៨​ ៨៨៥​៕