តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះយ៉ាងគំហុកក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ខណៈប្រាក់ដុល្លារអាមេរិកបានស្ទុះងើបឡើងថ្លៃ ដោយសារតែការភ័យខ្លាចកាន់តែខ្លាំងឡើងចំពោះលទ្ធភាពនៃការផ្ទុះសង្រ្គាមពាណិជ្ជកម្មពិភពលោក ដោយសារគោលនយោបាយគាំពារនិយមរបស់រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះជាង១ភាគរយដល់២៧៧២,៥០ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៩៥ភាគរយដល់២៨០៨,១០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៧នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨២,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៩ ខែមីនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានស្ទុះងើបឡើងថ្លៃដល់១០៩,៨៨ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៨,៣៧ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ១,៥៨ភាគរយដល់៣១,៧៥ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ២ភាគរយដល់១០២២,៨ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ១,៤៧ភាគរយដល់១.០៥៦ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤០នាទីព្រឹក៕

ការស្ថាបនាខ្សែផ្លូវជាតិឆ្លងកាត់ពីស្រុកកោះធំ ទៅស្រុកលើកដែកសម្រេចវឌ្ឍនភាពសាងសង់បានជិត៧០ភាគរយហើយ

0

ដោយៈ និស្ស័យ

    កណ្តាលៈ កំណាត់ផ្លូវជាតិលេខ២៣(NR23)ប្រវែង១៩,៨ គីឡូម៉ែត្រ ទទឹងតួផ្លូវ១១ម៉ែត្រ ចាប់ពីគល់ស្ពានកោះធំ ត្រើយខាងកើតក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ(PK0+000) ដល់ផ្លូវជាតិលេខ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល (PK19+800)បានស្ថាបនាជិតរួចរាល់ហើយ។

ហេដ្ឋារចនាសម្ព័ន្ឋដ៏សំខាន់នេះ វាជាផ្នែកចម្បង និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ព្រមទាំងផ្តល់អាទិភាព សម្រាប់សម្រួលដល់ការធ្វើចរាចរណ៍របស់ពលរដ្ឋ។

គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៥ គម្រោងលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ នៃគម្រោងកែលម្អផ្លូវថ្នល់ជំហានទី២ ការអនុអវត្តគម្រោងសម្រេចបាន លទ្ធផលជារួម ៦៩,៤០​ភាគរយហើយ។

តាមផែនការគម្រោងគម្រោងលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ ដោយឆ្លងកាត់ឃុំចំនួន៤ គឺឃុំជ្រោយតាកែវ ឃុំកំពង់កុង ឃុំលើកដែក និងឃុំពាមរាំង ស្រុកកោះធំ ស្រុកលើកដែក ខេត្តកណ្តាល នឹងត្រូវបញ្ចប់នៅថ្ងៃអំឡុងខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។

គម្រោងលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ រួមមាន៖ ការពង្រីកផ្លូវឱ្យមានទទឹងកាន់តែធំ, ការងារសាងសង់ និងជួសជុលដោយចាក់ក្រាលកៅស៊ូAC ការរចនាចិញ្ចើមផ្លូវ, ការរៀបចំប្រព័ន្ធលូបង្ហូរទឹក(U-drain) ត្រង់ចំណុចសំខាន់ៗ ការរៀបចំជើងទេរ ដែលមានភាពធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ និងភាតរៈ បរិស្ថាន (Climate Friendly) និងការងារថែទាំខួបសម្រាប់រយៈពេល ៣ ឆ្នាំបន្ទាប់ពីការងារសាងសង់ត្រូវបានបញ្ចប់៕

វិភាគៈតើការផ្លាស់ប្តូរនៃទិដ្ឋភាពសេដ្ឋកិច្ចនៅលើពិភពលោកជះឥទ្ធិពលដូចម្តេចទៅលើប្រទេសកូរ៉េខាងត្បូង និងប្រទេសចិន?

0

ដោយ: បណ្ឌិងសាង វ៉ុនផាក

អន្តរជាតិ: សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង បានស្ថិតក្នុងសភាពមិនច្បាស់លាស់ ដោយសារការប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំមុន ដែលនាំឱ្យមានវិបត្តិ ជាប់គាំងនយោបាយនៅកូរ៉េខាងត្បូង។

ជាមួយគ្នានេះ គោលនយោបាយរបស់សហរដ្ឋអាមេរិក ក្នុងអាណត្តិទីពីរ របស់លោកប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ បានជំរុញឱ្យមានភាពមិនប្រាកដប្រជាជាសកល។ ការណ៍នេះអាចដាក់សម្ពាធ លើសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងបន្ថែមទៀត។

ខាងក្រោមនេះជាបញ្ហាប្រឈម និងនិន្នាការសំខាន់ៗសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង៖

 ទី១: យុទ្ធសាស្ត្រខ្សែសង្វាក់ផ្គត់ផ្គង់ថ្មីរបស់ប្រទេសចិន

ជាការពិត សណ្តាប់ធ្នាប់ខ្សែសង្វាក់ផ្គត់ផ្គង់សកល ត្រូវបានរៀបចំឡើងវិញ  ដោយផ្តោតទៅលើខ្សែសង្វាក់ នៃការផលិតបន្ទះឈីប និងថាមពល។

ថ្មីៗនេះ ប្រទេសចិនបាន និងកំពុងធ្វើការបណ្តាក់ទុនវិនិយោគក្នុងទ្រង់ទ្រាយធំ ដើម្បីរក្សាស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន និងសម្រេចបាននូវឯករាជ្យភាពផ្នែកបច្ចេកវិទ្យា។  ជាពិសេស ចិនបានរៀបចំឡើងវិញ នូវខ្សែសង្វាក់ផ្គត់ផ្គង់ នៅក្នុងឧស្សាហកម្មសំខាន់ៗដូចជា គ្រឿងអេឡិចត្រូនិក អាគុយរថយន្តអគ្គិសនី និងថាមពលកកើតឡើងវិញ។

រដ្ឋាភិបាលចិនបាន និងកំពុងជំរុញយុទ្ធសាស្ត្រ“Made in China” ក្នុងគោលដៅប្រែក្លាយចិន ជាមហាអំណាចផលិតកម្មឈានមុខគេនៅឆ្នាំ២០២៥នេះ ខណៈចិនក៏កំពុងបោះទុនវិនិយោគរាប់រយពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីកសាងឯករាជ្យភាព ក្នុងវិស័យបច្ចេកវិទ្យាសំខាន់ៗ ដូចជា ការផលិតបន្ទះឈីប បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងប្រព័ន្ធអ៊ីនធឺណេតកម្រិត5G ។

ក្នុងន័យនេះ ប្រទេសចិនកំពុងពង្រឹង កិច្ចសហប្រតិបត្តិការជាមួយបណ្តាក្រុមហ៊ុន ផលិតបន្ទះឈីបធំៗនៅលើពិភពលោក ដូចជាក្រុមហ៊ុនបន្ទះឈីបតៃវ៉ាន់ TSMC និងក្រុមហ៊ុនបន្ទះឈីបកូរ៉េខាងត្បូង Samsung Electronics ។

លើសពីនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនធំៗ ដូចជា ក្រុមហ៊ុន CATL និងក្រុមហ៊ុន BYD កំពុងបោះជំហានឈានមុខគេនៅលើទីផ្សារអាគុយរថយន្តអគ្គិសនី នៅទូទាំងពិភពលោក និងពង្រីកវត្តមាននៅក្នុងទីផ្សារអឺរ៉ុប និងអាមេរិក។

ប្រទេសចិនក៏កំពុងពង្រីក ការវិនិយោគរបស់ខ្លួននៅតាមបណ្តាប្រទេសអាហ្រ្វិក និងអាមេរិកខាងត្បូង ដើម្បីគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់នៃវត្ថុធាតុដើមសំខាន់ៗ សម្រាប់ការផលិតអាគុយរថយន្តអគ្គិសនី ដូចជាសារធាតុរ៉ែលីចូមជាដើម។

គិតចាប់តាំងពីឆ្នាំ២០១០មក ប្រទេសចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កូរ៉េខាងត្បូង។ ជាពិសេស ទំនិញនាំចេញសំខាន់ៗរបស់កូរ៉េខាងត្បូងដូចជា គ្រឿងអេឡិចត្រូនិក អេក្រង់ និងគីមីឥន្ធនៈពឹងផ្អែកយ៉ាងខ្លាំងលើទីផ្សារចិន។

ហេតុនេះ គោលនយោបាយបង្កើនឯករាជ្យភាព របស់ប្រទេសចិន អាចជះផលប៉ះពាល់ដល់ការនាំចេញរបស់ក្រុមហ៊ុនកូរ៉េ ដែលអាចធ្វើឱ្យសន្ទុះកំណើនសេដ្ឋកិច្ចកូរ៉េខាងត្បូងធ្លាក់ចុះ។

លើសពីនេះ ការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ របស់ប្រទេសចិន ក៏កំពុងបង្កផលប៉ះពាល់ ដល់បរិយាកាសវិនិយោគក្រៅប្រទេសរបស់ក្រុមហ៊ុនកូរ៉េផងដែរ។

ប្រទេសចិន​កំពុង​ពង្រីក​ ការ​វិនិយោគ​របស់​ខ្លួន ​នៅក្នុង​បណ្តាប្រទេស​ជាសមាជិកអាស៊ាន ដែល​ការណ៍នេះ បានធ្វើ​ឱ្យសមត្ថភាពប្រកួត​ប្រជែង​របស់​បណ្តាក្រុមហ៊ុន​កូរ៉េ​ធ្លាក់​ចុះ​។

ទី២: ការដឹកនាំអាណត្តិទីពីររបស់លោកប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ និងគោលនយោបាយសេដ្ឋកិច្ចរបស់អាមេរិក

គោលនយោបាយពង្រឹងសន្តិសុខ ខ្សែសង្វាក់ផ្គត់ផ្គង់របស់រដ្ឋបាលលោក ត្រាំ ត្រូវបានគេរំពឹងថា នឹងផ្តោតជាសំខាន់លើការគាបសង្កត់ប្រទេសចិន ការពង្រឹងវិស័យផលិតកម្មក្នុងស្រុក និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តជាយុទ្ធសាស្រ្ត។

រដ្ឋបាលថ្មីនេះ ត្រូវបានគេរំពឹងថា នឹងបន្តយុទ្ធសាស្ដ្រ “De-Chinaization”  ដើម្បីកាត់បន្ថយការពឹងផ្អែក លើខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិន។លើសពីនេះ គោលនយោបាយជំរុញផលិតកម្មនៅសហរដ្ឋអាមេរិក និងកាត់បន្ថយតួនាទីរបស់ចិន នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក តាមរយៈការដំឡើងពន្ធលើផលិតផលចិន និងការទប់ស្កាត់ការនាំចេញបច្ចេកវិទ្យាទំនើបទៅកាន់ប្រទេសចិន។

លើសពីនេះទៀត រដ្ឋបាលលោក ត្រាំ នឹងអាចផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដល់បណ្តាក្រុមហ៊ុននានា ដើម្បីពង្រីករោងចក្រផលិតកម្មនៅសហរដ្ឋអាមេរិក និងដាក់សម្ពាធឱ្យក្រុមហ៊ុនទាំងនោះ ផ្លាស់ប្តូរមូលដ្ឋានផលិតកម្ម ទៅកាន់សហរដ្ឋអាមេរិក ដើម្បីគេចចេញពីរបាំងពន្ធគយខ្ពស់កប់ពពក។

សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងបន្តធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយសម្ព័ន្ធមិត្ត ដូចជាប្រទេសម៉ិកស៊ិក កាណាដា កូរ៉េខាងត្បូង និងកោះតៃវ៉ាន់។

ជាពិសេស ទីក្រុងវ៉ាស៊ីនតោន នឹងអាចសង្កត់ធ្ងន់លើតួនាទីរបស់កូរ៉េខាងត្បូង ក្នុងនាមជាមជ្ឈមណ្ឌលដឹកជញ្ជូន ដោយប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរបស់កូរ៉េខាងត្បូង ក្នុងគោលបំណងបង្កើតយុទ្ធសាស្រ្ត ដើម្បីទប់ទល់នឹងឧត្តមភាពផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិន។

លើសពីនេះ រដ្ឋបាលលោក ត្រាំ  មានយុទ្ធសាស្ត្រពង្រឹងសន្តិសុខសេដ្ឋកិច្ច និងរក្សាឥទ្ធិពលក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក តាមរយៈការរឹតបន្តឹង ការនាំចេញផលិតផលឧស្សាហកម្មយុទ្ធសាស្ត្រ ដូចជាផលិតផលបន្ទះឈីប បញ្ញាសិប្បនិម្មិត និងស្វែងរកវិធានការទប់​ទល់នឹងឥទ្ធិពល នៃការនាំចេញរ៉ែសំខាន់ៗរបស់ប្រទេសចិន។

ទី៣: ភារកិច្ច និងទិសដៅកិច្ចសហប្រតិបត្តិការរវាងប្រទេសកូរ៉េខាងត្បូង និងតំបន់អាស៊ាន។

កូរ៉េខាងត្បូង និងបណ្តាប្រទេសសមាជិកអាស៊ាន កំពុងបន្តអនុវត្តន៍យ៉ាងសកម្ម នូវយុទ្ធសាស្ត្រធ្វើពិពិធកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។ ហេតុនេះ ការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងតំបន់ជាការចាំបាច់។

ជាពិសេស ទីក្រុងសេអ៊ូលកំពុងបន្តធ្វើពិពិធកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងឧស្សាហកម្មសំខាន់ៗ ដូចជា គ្រឿងអេឡិចត្រូនិក អាគុយរថយន្តអគ្គិសនី និងថាមពលកកើតឡើងវិញ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសសមាជិកអាស៊ាន។

តំបន់អាស៊ាន កំពុងក្លាយទៅជាមូលដ្ឋានផលិតកម្មថ្មី សម្រាប់បណ្តាក្រុមហ៊ុនពហុជាតិសាសន៍ ដែលធ្វើពិពិធកម្មចេញពីប្រទេសចិន។ តួយ៉ាង ប្រទេសវៀតណាម ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីកំពុងក្លាយជាគោលដៅវិនិយោគដ៏សំខាន់ សម្រាប់ការផលិតអាគុយរថយន្តអគ្គិសនី និងបន្ទះឈីប។

នៅក្នុងន័យនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង គួរតែពង្រីកការវិនិយោគនៅក្នុងបណ្តាប្រទេសអាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគីឱ្យដើរស្របតាមនិន្នាការនេះ។

លើសពីនេះ កូរ៉េខាងត្បូងត្រូវឆ្លើយតប ទៅនឹងឧត្តមភាពផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិន តាមរយៈកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាជាមួយបណ្តាប្រទេសអាស៊ាន។

ប្រទេសកូរ៉េ អាចចែករំលែកបច្ចេកវិទ្យាបន្ទះឈីបAI និងប្រព័ន្ធអុឺនធឺណេត 5G របស់ខ្លួន ជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងស្វែងរកវិធីពង្រឹងសមត្ថភាពបច្ចេកវិទ្យារបស់ពួកគេ។

បន្ថែមពីនេះ ប្រទេសកូរ៉េខាងត្បូង និងអាស៊ានត្រូវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលបៃតង ដើម្បីឆ្លើយតបទៅនឹងឥទ្ធិពលរបស់ប្រទេសចិន នៅក្នុងទីផ្សារថាមពលកកើតឡើងវិញ។  ប្រទេសកូរ៉េ អាចចែករំលែកបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យ ខ្យល់ និងថាមពលអ៊ីដ្រូសែន ជាមួយបណ្តាប្រទេសអាស៊ាន និងស្វែងរកមធ្យោបាយ ដើម្បីគាំទ្រការធ្វើពិពិធកម្មប្រភពថាមពលរបស់ពួកគេ។

ជាឧទាហរណ៍ ប្រទេសកូរ៉េខាងត្បូង អាចពិចារណាប្រើប្រាស់បច្ចេកវិទ្យា ថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់របស់ខ្លួន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញនៅក្នុងបណ្តាប្រទេសអាស៊ាន និងចែករំលែកបច្ចេកវិទ្យាផលិតកម្ម និងស្តុកទុកថាមពលអ៊ីដ្រូសែន។

កិច្ចសហប្រតិបត្តិការនេះ នឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍ខាងផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការពង្រឹងសន្តិសុខសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង និងតំបន់អាស៊ាន ស្របពេលមានការប្រកួតប្រជែង ជាយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងចិន ។

ជាពិសេស កិច្ចសហប្រតិបត្តិការរវាងប្រទេសកូរ៉េ និងបណ្តាប្រទេសអាស៊ាន មានគុណតម្លៃជាយុទ្ធសាស្ត្រដ៏ធំធេង ដោយសាររដ្ឋាភិបាលកូរ៉េខាងត្បូង បន្តរក្សាគោលជំហរអព្យាក្រឹត នៅក្នុងសមរភូមិប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន ហើយទីក្រុងសេអ៊ូលនៅតែប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសមហាអំណាចទាំងពីរ៕ប្រភព:Dr. Sang Won PARK(KAFA (Korea ASEAN Forrum Association Founder & Chairman)៕

 

ប្រមុខរដ្ឋាភិបាលអបអរសាទរដែលប្រាសាទអង្គរស្ថិតនៅជាគោលដៅទេសចរណ៍ដ៏ល្បីលើពិភពលោក

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការអបអរសាទរប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ដែលឈរលើកំពូលតារាងជាគោលដៅ ទស្សនាដ៏ល្បីបំផុតលើពិភពលោក។

ប្រាសាទអង្គរវត្តិ ស្ថិតក្នុងចំណោមគោលដៅល្បីៗបំផុតទាំង៣២ ដែលត្រូវបានចាត់ថ្នាក់ ដោយសារព័ត៌មានអាមេរិក U.S. News & World Report។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី តែងតែអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជា ភ្ញៀវទេសចរអន្តរជាតិ សូមអញ្ជើញមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ដែលជារមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិដ៏ទាក់ទាញសម្បូរបែប ជាអតីតមជ្ឈមណ្ឌលអរិយធម៌ខ្មែរបុរាណដ៏អស្ចារ្យ។

ជារឿយៗ ប្រាសាទអង្គរវត្ត តែងតែឈរលើកំពូលតារាងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុត ជាគោលដៅដែលភ្ញៀវទេសចរប៉ងប្រាថ្នាមកទស្សនាច្រើនជាងគេបំផុត ជាគោលដៅទស្សនាទិដ្ឋភាពថ្ងៃរះ-ថ្ងៃរៀបលិចដ៏ស្រស់ស្អាតបំផុត ពីស្ថាប័នអន្តរជាតិធំៗជាច្រើននៅជុំវិញពិភពលោក។

រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ គឺជាអតីតរាជធានីខ្មែរនាសម័យអង្គរជាង៦០០ឆ្នាំ (ស្រីយសោធរបុរៈ) ជាមជ្ឈមណ្ឌលអរិយធម៌ខ្មែរបុរាណដ៏រុងរឿង និងជាបេះដូងនៃមហាអំណាចកម្វុជទេសៈដ៏ធំធេង ដែលប្រៀបដូចជាទេពមហានគរនាអតីតកាល ខណៈបច្ចុប្បន្នពិភពលោកបានចាត់ទុកថា តំបន់រមណីយដ្ឋានអង្គរ គឺជាមហាសាសនាដ្ឋានធំជាងគេបំផុតនៅលើពិភពលោក គឺធំជាងសាសនាដ្ឋាននៅឥណ្ឌា អេហ្ស៊ីប ក្រិក រ៉ូម ចិន អឺរ៉ុប ឥណ្ឌូណេស៊ីជាដើម។

ចាប់ពីឆ្នាំ១៩៩២មក ប្រាសាទអង្គរវត្ត និងតំបន់រមណីយដ្ឋានអង្គរ បានក្លាយជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ព្រមទាំងបានជំរុញឱ្យពិភពលោក ចូលរួមបង្កើនការការពារ និងផ្សព្វ​ផ្សា​យកាន់តែទូលំទូលាយ។

ក្នុងមួយឆ្នាំៗ តំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិមួយនេះ បានទាក់ទាញភ្ញៀវទេសចរជាតិ- អន្តរជាតិរាប់លាននាក់ ដោយបាននាំចំណូល ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងលើកស្ទួយសេដ្ឋកិច្ចមូលដ្ឋានយ៉ាងសំខាន់៕

ស្ពានខ្ពស់ជាងគេនៅកម្ពុជាគ្រោងដាក់ដំណើរការបណ្តោះអាសន្ន នៅខែមីនា ខាងមុខ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលមានកំពស់រហូតដល់៩០ម៉ែត្រ គ្រោងនឹងបើកដំណើរការនៅថ្ងៃទី១៨ មិនា ខាងមុខនេះ ខណៈការសាងសង់ផ្លូវជាតិលេខ១០ ជិតសម្រេចបាន១០០ភាគរយហើយ។

ព័ត៌មាននេះត្រូវបានបញ្ជាក់ឲ្យដឹង ក្នុងពេលលោកប៉េង ពោធ៍នារដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានចុះពិនិត្យវឌ្ឍនភាពនៃការសងសាងសង់ស្ពានខាងលើកាលពីថ្ងៃ២ កុម្ភៈកន្លងមកនេះ។

តាមព័ត៌មានដែលបានបង្ហោះលើផេក របស់ក្រសួងនេះបានឲ្យដឹងថា ស្ពានលេខ២៨ ដែលខ្ពស់ជាងគេ (មានកម្ពស់៩០ម៉ែត្រ ប្រវែង៥៣០ម៉ែត្រ) សម្រេចបាន៩៣% គ្រោងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈពេលដែលផ្លូវជាតិលេខ១០ (អតីតផ្លូវជាតិ១៥៥១) ស្រុកសំឡូត ស្រុកវាលវែង ក្រុងខេមរភូមិន្ទ សម្រេចបាន៩៦,១៦%។

ការងារសាងសង់ផ្លូវជាតិលេខ ១០ (អតីតផ្លូវជាតិ១៥៥១) ប្រវែងសរុប១៩៨,៥១ គ.ម (PK០០០+០០០ – PK១៩៨+៥១៨) ចាប់ពីផ្លូវជាតិលេខ៥៧-៧ ត្រង់ PK ៣៥+៩០០ ស្ថិតក្នុងភូមិបញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ ៤៨ត្រង់ PK១+៧០០ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងនេះបានជួបនឹងផលប៉ះពាល់បរិស្ថានជាច្រើន ដែលតម្រូវឱ្យមានការផ្លាស់ប្តូរគន្លងផ្លូវថ្មីពី East Line មក West Line មានប្រវែង ៦៥,៧៤ គ.ម ខណៈបច្ចុប្បន្នសម្រេចការសាងសង់បាន ៩៦,១៦% គិតត្រឹមខែធ្នូនេះ។

ស្ពាននេះ ស្ថិតក្នុងគម្រោងស្ថាបនាផ្លូវជាតិលេខ១០ មានចំណុចកណ្តាលស្ពាន ស្ថិតនៅត្រង់គីឡូម៉ែត្រលេខ ១២៨+៩០៥ ហើយកាត់តាមជ្រលងស្ទឹងឫស្សីជ្រុំ មានមុំប្រសព្វ៩០ដឺក្រេ។ សំណង់ផ្នែកខាងលើមានធ្នឹមប្រភេទអក្សរ “T” ផ្នែកខាងកើតមាន៤ប្រឡោះ ផ្នែកកណ្តាលជាប្រភេទធ្នឹម ប្រអប់ខ្សែកាបទាញមាន៣ប្រឡោះ និងផ្នែកខាងលិចប្រភេទធ្នឹមអក្សរ “T” មាន៥ប្រឡោះ ចំណែកឯសំណង់ផ្នែកខាងក្រោមមានទម្រក្បាលស្ពាន និងធ្នឹមទទឹង (សម្រាប់ទ្រធ្នឹមប្រភេទអក្សរ “T”) ប្រើសសរមូលជួរឈរ និងប្រភេទគ្រឹះខួង ព្រមទាំងធ្នឹមទទឹងប្រើសសរបែបជញ្ជាំងជួរឈរ និងប្រភេទគ្រឹះខួង៕

Tripadvisor ដាក់រាជធានីភ្នំពេញជាទីក្រុងពេញនិយមបំផុតទាំង២៥នៅលើពិភពលោកនៅឆ្នាំនេះ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ គេហទំព័រព័ត៌មានទេសចរណ៍ដ៏ល្បឡល្បាញលើពិភពលោក បានចាត់ចំណាត់ថ្នាក់រាជធានីភ្នំពេញ ជាទីក្រុងនៃទិសដៅពេញនិយមបំផុតទាំង២៥នៅលើពិភពលោក។

ប្រជាជនកម្ពុជា សូមបង្ហាញស្នាមញញឹម និងផ្តល់សុវត្ថិភាព ទៅកាន់ភ្ញៀវទេសចរបរទេស ព្រោះទីក្រុងភ្នំពេញ របស់កម្ពុជាយើង បានជាប់ជាទិសដៅពេញនិយមបំផុតទាំង ២៥ទីក្រុង នៅលើពិភពលោក សម្រាប់ឆ្នាំ២០២៥។ នេះបើតាមប្រភពពី Tripadvisor និងដកស្រង់ដោយ SEA Infographics នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥។

រាជធានីភ្នំពេញ ដែលជាបេះដូងប្រទេសកម្ពុជា ក៏ធ្លាប់បានជាប់ក្នុងចំណាត់ថ្នាក់លេខ៩ នៃគោលដៅទេសចរណ៍ពេញនិយមទាំង១០ នៅលើពិភពលោក សម្រាប់ឆ្នាំ២០២៤ផងដែរ ខណៈគេហទំព័រឌីជីថលទេសចរណ៍ ឈ្មោះថា Agoda បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់រាជធានីភ្នំពេញ គឺជាទិសដៅចូលឆ្នាំសកល ដែលមានតម្លៃសមរម្យបំផុតនៅអាស៊ី។

Tripadvisor’s Travelers’ Choice Awards Best of the Best 2025 បានឲ្យដឹងថា ទីតាំងទាំង ២៥ ខាងក្រោមនេះ គឺជាកន្លែងដែលត្រូវទៅទស្សនាជុំវិញពិភពលោក រួមមាន៖

១៖ ទីក្រុងអូសាកា របស់ជប៉ុន
២៖ ទីក្រុងកូឡាឡាំពួរ របស់ម៉ាឡេស៉ី
៣៖ ទីក្រុង Buenos Aires របស់អាហ្សង់ទីន
៤៖ ទីក្រុងម៉ាណាម៉ា របស់បារ៉ែន
៥៖ ទីក្រុងលីម៉ា របស់ពែរ៊ូ
៦៖ ទីក្រុង Medellin របស់គូឡុមប៊ី
៧៖ Auckland Central របស់ញូវស៉ីឡែនដ៍
៨៖ ក្យូតូ របស់ជប៉ុន
៩៖ ទីក្រុងសេអ៊ូល របស់កូរ៉េខាងត្បូង
១០៖ Casablanca របស់ម៉ារ៉ុក
១១៖ កោះ Jeju របស់កូរ៉េខាងត្បូង
១២៖ ទីក្រុង Johannesburg របស់អាហ្វ្រិកខាងត្បូង
១៣៖ កោះ Luzon របស់ហ្វីលីពីន
១៤៖ ទីក្រុង Sharm El Sheikh របស់អេហ្ស៉ីប
១៥៖ ទីក្រុង Bogota របស់កូឡុមប៊ី

១៦៖ ទីក្រុងហុងកុង
១៧. ទីក្រុងភ្នំពេញ
១៨៖ ទីក្រុងហូជីមិញ របស់វៀតណាម
១៩៖ ទីក្រុងសិង្ហបុរី
២០៖ ទីក្រុង Doha របស់កាតារ
២១៖ តំបន់ Banff របស់កាណាដា
២២៖ ទីក្រុង Giza របស់អេហ្ស៉ីប
២៣៖ ទីក្រុង Santiago របស់ឈីលី
២៤៖ កោះម៉ាល់តា
២៥៖ ទីក្រុង ណៃរ៉ូប៊ី របស់កេនយ៉ា៕

បណ្តាអ្នកអភិវឌ្ឍន៍នៅសិង្ហបុរីងាកទៅសាងសង់ខុនដូក្នុងទំហំកាន់តែតូចជាងមុន ដើម្បីសម្របតាមលទ្ធភាពអ្នកទិញ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទំហំខុនដូនៅក្នុងប្រទេសសិង្ហបុរីបានធ្លាក់ចុះក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ ស្របពេលដែលបណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅសិង្ហបុរីកំពុងព្យាយាមរក្សាតម្លៃខុនដូរបស់ខ្លួនឱ្យស្ថិតក្រោមគ្រប់គ្រងបាន។

ក្រុមអ្នកវិភាគបានវាយតម្លៃថា មូលហេតុដែលនាំឱ្យអ្នកអភិវឌ្ឍន៍សម្រេចចិត្តសាងសង់ខុនដូក្នុងទំហំកាន់តែតូចជាងមុនបណ្តាលមកពីការរឹតបន្តឹងការផ្តល់ប្រាក់កម្ចីដល់អ្នកទិញផ្ទះ ការដាក់ចេញវិធានការទប់ស្កាត់តម្លៃអចលនទ្រព្យពីសំណាក់រដ្ឋាភិបាលសិង្ហបុរី និងការផ្លាស់ប្តូរនៃតម្រូវការប្រជាសាស្រ្ត។

កត្តាទាំងនេះបានជំរុញឱ្យអ្នកអភិវឌ្ឍន៍ងាកទៅសាងសង់យូនីតខុនដូតូចៗដើម្បីរក្សាតម្លៃខុនដូឱ្យស្ថិតនៅត្រឹមកម្រិតមួយ ដែលអតិថិជនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញ។

តម្លៃអចលនទ្រព្យលំនៅដ្ឋានឯកជននៅក្នុងប្រទេសសិង្ហបុរីបានហក់ឡើងចំនួន៧៦,៩ភាគរយគិតចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២៤។ នេះបើយោងតាមការដកស្រង់មកចុះផ្សាយដោយកាសែតសិង្ហបុរី The Strait Times។

យោងតាមរបាយការណ៍ពីក្រុមហ៊ុន ​​Cushman & Wakefield បានឱ្យដឹងថា ទំហំខុនដូថ្មីជាមធ្យមនៅទូទាំងទីក្រុងសិង្ហបុរីបានដាំក្បាលចុះ១០,៦ភាគរយ ពីទំហំ១.០១២ហ្វីតការ៉េក្នុងមួយយូនីតកាលពីឆ្នាំ២០១០ មកនៅសល់ត្រឹម៩០៤ហ្វីតការ៉េក្នុងមួយយូនីតនាពេលបច្ចុប្បន្ន។

ក្នុងរយៈពេល១៥ឆ្នាំមកនេះ ខុនដូតូចៗភាគច្រើនមានទីតាំងនៅចំកណ្តាលទីក្រុងសិង្ហបុរី ដោយបានដាំក្បាលចុះ២០,៦ភាគរយពីទំហំជាមធ្យមចំនួន១.០៤៤ហ្វីតការ៉េក្នុងមួយយូនីតនៅឆ្នាំ២០១០ មកនៅត្រឹមទំហំចំនួន៨២៩ហ្វីតការ៉េក្នុងមួយយូនីតនាពេលបច្ចុប្បន្ន។

ដោយឡែក ទំហំខុនដូថ្មីជាមធ្យមនៅតំបន់ជាយក្រុងសិង្ហបុរីបានដាំក្បាលចុះត្រឹមតែ១៣,៤ភាគរយពីទំហំ១.០៤៤ហ្វីតការ៉េក្នុងមួយយូនីតនៅឆ្នាំ២០១០មកនៅត្រឹមទំហំ៩០៤ហ្វីតការ៉េក្នុងមួយយូនីត៕ប្រភព: The Strait Times៕

ស្ថាប័នជំនាញ: គម្រោងខុនដូនៅតំបន់កណ្តាលរាជធានីភ្នំពេញនៅតែមានតម្រូវការខ្ពស់

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនផ្តល់សេវាប្រឹក្សាយោបល់អចលនទ្រព្យ CBRE Cambodia បានអះអាងឱ្យដឹងថា តម្លៃខុនដូនៅរាជធានីភ្នំពេញនៅមានភាពប្រកួតប្រជែងបើប្រៀបធៀបនឹងទីក្រុងផ្សេងទៀតនៅក្នុងតំបន់។

ជាក់ស្ដែង ខុនដូនៅក្នុងទីក្រុងបាងកក ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសថៃ មានតម្លៃជាមធ្យមចំនួន៦.៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈខុនដូនៅក្នុងរាជធានីភ្នំពេញមានតម្លៃជាមធ្យមត្រឹមតែ២.២០០ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Cambodia បានអំពាវនាវឱ្យមានការត្រួតពិនិត្យដោយប្រុងប្រយ័ត្នលើទីផ្សារខុនដូ ខណៈខុនដូថ្មីចំនួន៣.២០០យូនីតនឹងត្រូវបានចាក់បញ្ចូលទៅកាន់ទីផ្សារបន្ថែមទៀតនាពេលខាងមុខ។

ទីផ្សារខុនដូរបស់រាជធានីភ្នំពេញនៅឆ្នាំ២០២៥ នឹងបន្តមានស្ថានភាពស្រដៀងគ្នាទៅនឹងឆ្នាំ២០២៤ ខណៈចំនួននៃការបើកដំណើរការលក់គម្រោងខុនដូថ្មីៗនៅមានកម្រិតនៅឡើយ។

គម្រោងខុនដូជាច្រើនដែលមានស្រាប់នៅតែបន្តទាក់ទាញអតិថិជន ជាពិសេសគម្រោង ដែលត្រូវបានអភិវឌ្ឍន៍ឡើងដោយបណ្តាក្រុមហ៊ុនដែលមានបទពិសោធន៍ និងកេរ្ដិ៍ឈ្មោះល្បីល្បាញនៅក្នុងវិស័យអចលនទ្រព្យ។

បច្ចុប្បន្ន គម្រោងខុនដូស្ថិតនៅតំបន់កណ្តាលរាជធានីភ្នំពេញស្ថិតក្នុងស្ថានភាពល្អប្រសើរ និងបន្តរក្សាបាននូវសន្ទុះនៃការលក់ ព្រោះខុនដូនៅតំបន់នេះនៅតែមានតម្រូវការខ្ពស់។

ដោយឡែក អត្រាគ្របដណ្តប់ការប្រើប្រាស់ការិយាល័យ(Occupancy Rate)នៅរាជធានីភ្នំពេញស្ថិតក្នុងរង្វង់៦៥,១ភាគរយ ក្រោមកម្រិតស្តង់ដារសកល ដែលកំណត់ចន្លោះពី៨៥ភាគរយទៅ៩០ភាគរយ ខណៈតម្លៃជួលការិយាល័យជាមធ្យមស្ថិតក្នុងរង្វង់២៧ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ទីផ្សារលក់រាយក៏កំពុងប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះដែរ ខណៈអត្រាគ្របដណ្តប់ការប្រើប្រាស់ទីតាំងលក់រាយនៅរាជធានីភ្នំពេញស្ថិតក្នុងរង្វង់ត្រឹមតែ៦១,៨ភាគរយ ដែលទាបជាងកម្រិតស្តង់ដារសកលលោកចន្លោះពី៩០ភាគរយទៅ៩៥ភាគរយ៕ប្រភព: CBRE៕

តើសហភាពអឺរ៉ុបគ្រោងបញ្ជូនទ័ពទៅការពារតំបន់ Greenland ដូចពាក្យចចាមអារ៉ាមឬយ៉ាងណា?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: មន្ត្រីយោធាកំពូលមួយរូបរបស់សហភាពអឺរ៉ុប (EU) បានលើកឡើងថា វាជារឿងសមហេតុផល ប្រសិនបើយើងបញ្ជូនកងទ័ពពីបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបទៅការពារតំបន់ Greenland របស់ប្រទេសដាណឺម៉ាក។

លោក Robert Brieger ប្រធានគណៈកម្មាធិការយោធាសហភាពអឺរ៉ុប ដែលជាស្ថាប័នយោធាជាន់ខ្ពស់បំផុតរបស់ EU បានថ្លែងប្រាប់កាសែតអាល្លឺម៉ង់ Welt am Sonntag ថា “បច្ចុប្បន្ន កងកម្លាំងអាមេរិកបានឈរជើងនៅក្នុងតំបន់ Greenland។ តាមទស្សនៈរបស់ខ្ញុំ វាជារឿងសមហេតុផលណាស់ដែលយើងត្រូវពិចារណាដាក់ទាហាន EU ឈរជើងនៅទីនោះដែរ”។

លោក Brieger បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ថា “ការធ្វើបែបនោះនឹងបញ្ជូនសញ្ញាដ៏រឹងមាំមួយ ហើយអាចរួមចំណែកដល់ស្ថិរភាពនៅក្នុងតំបន់”។

ទោះ​បីជា​យ៉ាង​ណាក្តី លោក​បាន​បញ្ជាក់បន្ថែម​ថា​​ ទី​បំផុត នេះ​ជា​ការ​សម្រេច​ចិត្ត​ខាង​នយោបាយ​ ដែល​ផលប្រយោជន៍​ជា​ច្រើននឹងត្រូវ​បាន​គេយក​មក​គិតគូរពិចារណា។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកនឹងចូលកាន់កាប់តំបន់ Greenland ខណៈលោកមិនបានបដិសេធចំពោះលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាដើម្បីសង្គ្រប់យកតំបន់ Greenland នោះទេ។

កាលពីថ្ងៃសៅរ៍សប្តាហ៍មុនលោក Trump បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា “ខ្ញុំជឿថា ទីក្រុងវ៉ាស៊ីនតោននឹងទទួលបានតំបន់ Greenland ហើយប្រជាជនចំនួន៥៧.០០០នាក់នៅលើកោះនេះចង់នៅជាមួយយើង”។

ឆ្លើយតបនឹងការលើកឡើងបែបនេះរបស់លោក Trump នាយករដ្ឋមន្ត្រីដាណឺម៉ាកលោកស្រី Mette Frederiksen និងថ្នាក់ដឹកនាំកំពូលរបស់តំបន់ Greenland លោក Múte B. Egede បានទទូចថា “តំបន់ Greenland មិនមែនសម្រាប់ដាក់លក់ទេ ហើយប្រជាជននៅលើកោះនេះក៏មិនចង់ក្លាយជាជនជាតិអាមេរិកនោះដែរ”។

យ៉ាងណាមិញ កាលពីថ្ងៃព្រហស្បតិ៍ទី៣០ ខែមករាម្សិលមិញ ប្រទេសបារាំងបានចេញមុខច្រានចោលលទ្ធភាពនៃការបញ្ជូនកងទ័ពទៅកាន់តំបន់ Greenland ដែលជាកោះដ៏ធំបំផុតរបស់ពិភពលោក និងជាតំបន់ស្វយ័ត ដែលមានរដ្ឋាភិបាល និងសភាដាច់ដោយឡែក។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោក Christophe Lemoine អ្នកនាំពាក្យរបស់ក្រសួងការបរទេសបារាំង បានឆ្លើយតបទៅនឹងសំណួររបស់សារពត៌មាន Anadolu ដោយបញ្ជាក់ថា គោលការណ៍នៃភាពមិនអាចរំលោភបាននៃព្រំដែន និងអធិបតេយ្យភាពនៅតែមានសុពលភាពនៅក្នុងទ្វីបអឺរ៉ុប។

លោកបានបន្ថែមទៀតថា ប្រធានាធិបតីបារាំងលោក Emmanuel Macron និងរដ្ឋមន្ត្រីការបរទេសលោក Jean-Noel Barrot បានរំលឹកឡើងវិញនូវគោលការណ៍នេះទៅកាន់សមភាគីដាណឺម៉ាក ក្នុងអំឡុងដំណើរទស្សនកិច្ចមកកាន់ទីក្រុងប៉ារីសកាលពីដើមសប្តាហ៍នេះ។

អ្នកនាំពាក្យរូបនេះ​បាន​សង្កត់ធ្ងន់​ថា “ការ​បញ្ជូន​យោធាទៅកាន់តំបន់ Greenland ជារឿងមិនអាចទៅរួចឡើយ។ បញ្ហាតែមួយគត់ ដែលស្ថិតក្នុងដៃរបស់យើង ជាការបញ្ជាក់ឡើងវិញនូវកាតព្វកិច្ចគោរពព្រំដែន និងអធិបតេយ្យភាពជាតិ”។

ដំបូងឡើយ នៅឆ្នាំ២០១៩ លោក Trump បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការទិញយកដែនកោះ ដែលគ្របដណ្តប់ដោយទឹកកកភាគច្រើន និងមានប្រជាជនរស់នៅត្រឹមតែ៥៧.០០០នាក់ពីប្រទេសដាណឺម៉ាក ម្ដងរួចមកហើយ។ ប៉ុន្តែសំណើនេះត្រូវបានបដិសេធ ។

តើតំបន់ស្វយ័ត Greenland មានសក្តានុពលសំខាន់ៗអ្វីខ្លះ បានជាលោក Trump ប្រាថ្នាក្រសោបយក?។

ចំណាប់អារម្មណ៍របស់លោក Trump កើតចេញពីសារសំខាន់ជាយុទ្ធសាស្ត្រផ្នែកយោធារបស់ Greenland ។ បន្ថែមពីនេះ សហរដ្ឋអាមេរិកបានរក្សាមូលដ្ឋានទ័ពអាកាសអចិន្ត្រៃយ៍នៅទីនោះ ហើយកោះនេះ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការត្រួតពិនិត្យចលនាកងទ័ពជើងទឹករុស្ស៊ី ព្រោះតំបន់នេះស្ថិតនៅតាមបណ្តោយផ្លូវសំខាន់រវាងទ្វីបអឺរ៉ុប និងទ្វីបអាមេរិកខាងជើង។

ការពង្រីកវត្តមានយោធាអាមេរិកនៅតំបន់ Greenland រួមទាំងការដំឡើងប្រព័ន្ធរ៉ាដា នឹងពង្រឹងសន្តិសុខរបស់សហរដ្ឋអាមេរិក ដោយរារាំងមិនឱ្យមហាអំណាចផ្សេងទៀតទទួលបានឥទ្ធិពលនៅក្នុងតំបន់។

Greenland ជាតំបន់ភូមិសាស្ត្រមួយផ្នែកនៃអាមេរិកខាងជើង ដែលមានសក្តានុពលខ្លាំងណាស់សម្រាប់ផ្នែកសេដ្ឋកិច្ច។ តំបន់នេះ សម្បូរទៅដោយសារធាតុរ៉ែ ប្រេង និងឧស្ម័នធម្មជាតិ ដោយសារការអភិវឌ្ឍន៍នៅតំបន់នេះមានភាពយឺតយ៉ាវ ដោយសារតែក្ដីព្រួយបារម្ភអំពីបរិស្ថាន រួមទាំងការប្រឆាំងពីក្រុមជនជាតិដើមភាគតិច។

លោហៈធាតុសំខាន់ៗនៅលើដែនដីដ៏អស្ចារ្យនេះ រួមមានដូចជា លីចូម និងសារធាតុរ៉ែកម្រ ដែលមានវត្តមានយ៉ាងច្រើនក្រៃលែង និងចាំបាច់សម្រាប់ការប្រើប្រាស់នៅក្នុងឧស្សាហកម្មនានា ដូចជា រថយន្តអគ្គិសនី និងថាមពលកកើតឡើងវិញ ។

សេដ្ឋកិច្ចនៅតំបន់ Greenland នៅតែពឹងផ្អែកយ៉ាងខ្លាំងលើការនេសាទ ដែលគ្របដណ្តប់ចំនួនជាង៩៥ភាគរយនៃការនាំចេញទំនិញសរុបរបស់ខ្លួន និងការឧបត្ថម្ភធនប្រចាំឆ្នាំពីប្រទេសដាណឺម៉ាក ដែលគ្របដណ្តប់ប្រហែលពាក់កណ្តាលនៃកញ្ចប់ថវិកាសាធារណៈរបស់រដ្ឋាភិបាលដែនកោះនេះ។

ទោះបីជាមានធនធានធម្មជាតិសម្បូរបែបយ៉ាងណាក្តី ក៏តំបន់ Greenland នេះ ប្រឈមមុខនឹងបញ្ហាក្នុងការប្រើប្រាស់សក្តានុពលសេដ្ឋកិច្ចរបស់ខ្លួនឱ្យបានពេញលេញ ដោយសារតែបញ្ហាពាក់ព័ន្ធនឹងបទប្បញ្ញត្តិ និងបញ្ហាបរិស្ថាន៕ប្រភព: Anadolu Agency & Politico៕

Condo prices in Manila create market imbalance, say analysts

0

PROPERTY developers in the Philippine capital need to enhance their market research and consider lowering condominium prices to address the current “mismatch” between available units and buyer demand, according to property analysts.

“These overpriced condos aren’t matching with the existing buyers,” Anthony Gerard O. Leuterio, founder and chief executive officer of Filipino Homes, said in a phone interview.

“There are so many buyers, as in we’re talking millions of buyers, but the issue is they cannot afford [a condo in Metro Manila] anymore,” he said in mixed English and Filipino.

Unsold inventory in Metro Manila has reached 75,300 units as of the third quarter of 2024, according to property consultancy firm Colliers Philippines.

“Property firms also need to start turning off the supply tap to limit completion and further exacerbate the oversupply issue,” Mr. Bondoc said.
Lovelle Althea Trisha Taleon, director for consultancy services at real estate firm Santos Knight Frank, attributed the buyer hesitancy to market saturation and high
population density.

“Many prospective buyers now favor investing in properties outside Metro Manila, such as house-and-lot developments, which offer more space, privacy, and long-term value versus the accessibility of condominiums in CBDs (central business districts).

The investment is there –
there is just a shift in consumer preference,” Ms. Taleon said via Viber.

Source: Business World