ទីក្រុង​ភ្នំពេញ​ស្ថិត​ក្នុងចំណោម​គោលដៅ​ទេសចរណ៍​ពិភពលោក ​ដែល​មាន​តំលៃ​ទាប​បំផុត​ក្នុង​ការ​ស្នាក់នៅ​

0

ដោយ​ ដន​

ភ្នំពេញ​: គេហទំព័រ​ទេសចរណ៍​មួយ​បង្ហាញថា​ ការ​ស្នាក់នៅ​ក្នុង​រាជធានី​ភ្នំពេញ​គឺ​ស្ថិត​ក្នុងចំណោម​ទីក្រុង​មួយ​ ដែល​តម្លៃ​ទាប​បំផុត​សម្រាប់​ទិសដៅ​ទេសចរណ៍​អន្តរជាតិ​។

ការ​បង្ហាញថា​ទីក្រុង​ភ្នំពេញ​ ស្ថិត​ក្នុងចំណោម​ទីក្រុង​ ដែល​មានតម្លៃ​ស្នាក់​ទាប​បំផុត​គឺ​ត្រូវ​បាន​ធ្វើឡើង​ដោយ​គេហទំព័រ​ ដែល​ផ្តល់​សេវាកម្ម​ទេសចរណ៍​អន​ឡាញ​ Globehunters​ ដែល​បាន​ស្រាវជ្រាវ​ទិន្នន័យ​ជួល​កាលពី​ឆ្នាំ២០១៨​ ចងក្រង​ដោយក្រុម​ហ៊ុន​ Airbnb​ ដែល​ជា​អ្នក​ផ្តល់​សេវា​បដិសណ្ឋារ​កិច្ច​អន្តរជាតិ​ ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​សាន​ហ្វ្រ៉ា​នស៊ី​ស្កូ​ (San​ Francisco​)។

គេហទំព័រ​ Globehunters​ ឲ្យដឹង​ទៀត​ថា​ “យើង​បាន​សម្លឹង​មើលទៅ​ដល់​គោលដៅ​ចំនួន១០០​ ដែល​មានការ​ទស្សនា​បំផុត​នៅ​លើ​ពិភពលោក​។ នេះ​បើ​យោង​តាម​ការស្រាវជ្រាវ​រប​សក្រុ​មហ៊ុន​ Euromonitor​ International​ (ក្រុម​ហ៊ុន​សា្រ​វជ្រា​វយុទ្ធ​សាស្រ្ត​ទីផ្សារ​) លើ​ទីក្រុង​គោលដៅ​សំខាន់​ចំនួន​ ១០០​ កាលពី​ឆ្នាំ២០១៨​”។

គេហទំព័រ​នេះ​បាន​ពន្យល់​ថា​ ទីក្រុង​នី​មួយ​ៗ យើង​បាន​យក​អត្រា​ជួល​របស់​ក្រុមហ៊ុន​ Airbnb​ ជាមធ្យម​ប្រចាំថ្ងៃ​ពោល​គឺ​អត្រា​ក្នុង​មួយ​យប់​ជាមធ្យម​បូក​នឹង​តម្លៃ​សម្រាក​។

រាជធានី​ភ្នំពេញ​ជាប់​ចំណាត់ថ្នាក់​ទី៧​ ជាទី​ក្រុង​តម្លៃ​ទាប​បំផុត​ ក្នុង​ការជួល​អចលនទ្រព្យ​ដែល​ចុះបញ្ជី​នៅ​ Airbnb​ ។ បណ្តា​ទីក្រុង​អាស៊ី​អាគ្នេយ៍​ទីក្រុង​ហ្សាកាតា​ និង​ហាណូយ​ជាប់​ចំណាត់ថ្នាក់​លេខ៣​ និង​លេខ៤​ ខណៈ​ទីក្រុង​ដែល​មានតម្លៃ​ទាប​បំផុត​នៅ​លើ​ពិភពលោក​គឺទី​ក្រុង​ វៀវ​ (Lviv​) ប្រទេស​អ៊ុយក្រែន​។

ភ្ញៀវ​ទេសចរ​បរទេស​ជិត៦​,២លាន​នាក់​ បាន​មកលេង​កម្ពុជា​កាលពី​ឆ្នាំមុន​គឺ​កើនឡើង១១ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំទៅ​មុន​ទៀត​ ខណៈ​ភ្ញៀវ​ទេសចរ២លាន​នាក់​មក​ពី​ប្រ​ ទេស​ចិន​។

អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​បាន​និយាយ​ថា​ វិស័យ​ទេសចរណ៍​រាជ​ធា​នី​ភ្នំ​ពេ​ញអាច​នឹង​ស្មើនឹង​ខេត្តសៀមរាប​ តាមរយៈ​ការពង្រីក​ទៅកាន់​ផ្នែក​ទីផ្សារ​ ទេស​ចរ​ណ៍​ផ្សេង​ៗ។

លោក​ឆាយ​ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែង​ថា​ “យើង​មិន​ត្រឹមតែ​មាន​ប្រាសាទ​បុ​រា​ណល្បី​ៗ នៅ​ខេត្តសៀមរាប​ប៉ុណ្ណោះទេ​ ប៉ុន្តែ​យើង​មាន​តំបន់​ទេសចរណ៍​ផ្សេងទៀត​ ដូចជា​ រាជធានី​ភ្នំពេញ​ដែល​មិន​ផ្សព្វផ្សាយ​អោយ​បាន​ទូលំទូលាយ​ទៅកាន់​ពិភពលោក​”៕

ខេត្ត​កំពង់ស្ពឺ​ ចាប់ផ្តើម​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ជាលើកដំបូង​

1

ដោយ​ រ៉ា​ណេត​

កំពង់ស្ពឺ​ ៖ នៅ​ត្រឹម​ថ្ងៃទី២០​ ខែឧសភា​ ឆ្នាំ២០១៩​ ខាងមុខនេះ​ គម្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​លើកដំបូង​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ នឹង​ផ្តើម​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ហើយ​ជាមួយ​គម្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជិត​កន្លះ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

វត្តមាន​ស្ពាន​អាកាស​ថ្មើរជើង​លើកដំបូង​នៅក្នុង​ខេត្ត​កំពង់​មួយ​នេះ​ គឺជា​ផ្នែក​មួយ​ក្នុង​ការ​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏ដូចជា​ការ​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ​នោះ​ ។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​ លោក​ វ៉ី​ សំណាង​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី១០​ ខែឧសភា​ នេះ​ថា​ ៖ «នៅ​ត្រឹម​ថ្ងៃទី២០​ ខែឧសភា​ ខាងមុខនេះ​ គម្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នឹង​ត្រូវ​សម្ពោធ​បើក​ការដ្ឋាន​ហើយ​ ក្រោម​ជំនួយ​របស់​សប្បុរសជន​ ដែល​គិតជា​ទឹកប្រាក់​ជិត ៤០ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​»។

លោក​បាន​បន្ត​ទៀត​ថា​ ៖ «កន្លងមក​នៅ​តំបន់​ដែល​ត្រូវ​សាងសង់​ស្ពាន​ថ្មើរជើង​ ដែល​ស្ថិត​ទីប្រជុំជន​ចំណតរថយន្ត​នៅ​ផ្សារ​កំពង់ស្ពឺ​នេះ​ គឺ​តែង​មាន​ភាព​លំបាក​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ ដែល​ងាយ​បង្ក​គ្រោះថ្នាក់​ជា​ញឹកញាប់​។

ដោយឡែក​ក្រោយពេល​មាន​ស្ពាន​អាកាស​ថ្មើរជើង​មួយ​នេះ​ វា​នឹង​ចូលរួម​កាត់បន្ថយ​បញ្ហា​ដែល​តែង​កើតមាន​បាន​មួយ​កម្រិត​។ ស្ពាន​មួយ​នេះ​មាន​កម្ពស់​ ៥,២ម៉ែត្រ​, ទំហំ​ទទឹង​ ៣ ម៉ែត្រ​ និង​មាន​ប្រវែង​ ៣០ម៉ែត្រ​ ដែល​ត្រូវ​ចំណាយពេល​សាងសង់​រយៈពេល​កន្លះ​ឆ្នាំ​ទើប​រួចរាល់​ជាស្ថាពរ​»។

លោក​ក៏បាន​បង្ហើប​ផង​ដែរ​ថា​ សម្រាប់​ថ្ងៃខាងមុខ​នេះ​ រដ្ឋបាល​ខេត្ត​នឹង​មាន​គម្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន២បន្ថែម​ទៀត​ ដែល​មាន​ទីតាំង​ស្ថិតនៅ​មុខ​វិទ្យាល័យ​កំពង់ស្ពឺ​ ហើយ​ទីតាំង​មួយ​កន្លែង​ទៀត​ស្ថិតនៅ​មុ​ខបណ្តុំ​រោងចក្រ​៕

ជប៉ុន​ចាប់ផ្តើម​ដាក់​ដំណើរការ​សាកល្បង​រថភ្លើង​ល្បឿន​បំផុត​ក្នុង​ពិភពលោក​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ប្រទេស​ជប៉ុន​បាន​ចាប់ផ្តើម​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​នូវ​រថភ្លើង​ល្បឿន​លឿន​បំផុត​ក្នុង​ពិភពលោក​ ដែល​មានឈ្មោះ​ថា​ Alfa​-X ដែល​មាន​សមត្ថភាព​រត់​បាន​ប្រហែល​ ៤០០គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោង​ ។

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ Bloomberg​ បានឱ្យ​ដឹង​នៅ​ថ្ងៃទី​ ១០​ ខែឧសភា​ ឆ្នាំ​ ២០១៩ៗ​នេះ​ថា​ រថភ្លើង​ល្បឿន​លឿន​ Alfa​-X នឹង​ដាក់​ឱ្យ​ដំណើរ​ជា​ផ្លូវការ​នូវ​សេវា​រថភ្លើង​នេះ​ នៅក្នុង​ឆ្នាំ​ ២០៣០​ ខាងមុខនេះ​។

បើ​តាម​ក្រុមហ៊ុន​ Rail​ Company​ JR​ East​ មាន​គម្រោង​ដាក់​ឱ្យ​ប្រតិបត្តិ​ការ​ល្បឿន​រត់​ ៣៦០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ដែល​ជា​ល្បឿន​លឿន​ជាង​រថភ្លើង​នៅក្នុង​ប្រទស​ចិន​ Fuxing​ Hao​ ប្រមាណ​ ១០គីឡូ​ម៉ែ​ត្រែ​ក្នុង​មួយ​ម៉ោង​ ដែល​រត់​តភ្ជាប់​ពីទី​ក្រុង​ប៉េកាំង​ និង​ទីក្រុង​សៀ​ហៃ​។

រថភ្លើង​នៅក្នុង​ប្រទេស​ជប៉ុន​គឺជា​មិត្ត​រូប​នៃ​ប្រទេស​ដែល​ផ្តោត​សំខាន់​លើ​ប្រសិទ្ធិ​សភាព​ និង​ជឿ​ទុកចិត្ត​ក្នុង​កម្រិតខ្ពស់​បំផុត​ ។ ឧទាហរណ៍​ រថភ្លើង​ Shinkansens​ កម្រ​យឺត​ណាស់​បើ​ទោះបីជា​ចេញពី​ស្ថានីយ៍​រថភ្លើង​នៅក្នុង​ទីក្រុង​តូក្យូ​ យឺត​ ២ ទៅ​ ៥នាទី​ក៏ដោយ​ ទៅ​ស្ថានីយ៍​ Osaka​ ឬ ក្យូ​តូ​ក៏ដោយ​។

សម្រាប់​រថភ្លើង​ Alfa​-X គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ នៃ​គម្រោង​ផ្តល់​សេវា​ល្បឿន​លឿន​ ទៅ​ទីក្រុង​ Sapporo​ ដែល​ជាទី​ក្រុង​ធំ​បំផុង​នៅ​ភាគ​ខាងជើង​នៃ​កោះ​ Hokkaido​។ អ្នកតំណាង​ក្រុមហ៊ុន​ East​ Japan​ Railway​ ​បានឱ្យ​ដឹង​ថា​ការអភិវឌ្ឍន៍​រថភ្លើង​ ជំនាន់​ថ្មីនេះ​ គឺ​ឈរ​លើ​មូលដ្ឋាន​គន្លឹះ​ដ៏​សំខាន់​នៃ​ការ​ដាក់​ឱ្យ​ដំណើរ​ល្អ​គ្មាន​គូ​ប្រៀប​ កម្រិត​ផាសុកភាព​មានកម្រិត​ខ្ពស់​ បរិស្ថាន​ប្រតិបត្តិ​ការ​ល្អឥតខ្ចោះ​និង​ការថែទាំ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។ទោះបីជា​រថភ្លើង​ Alfa​-X ទទួល​បាន​ងារ​ជារ​ថភ្លើង​ល្បឿន​លឿន​បំផុត​នៅ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​ក៏ដោយ​ ក៏​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយពេល​វេលា​ក្នុង​ការ​បំរើ​ការ​សេវា​ខ្លះ​ដែរ​៕

រយៈពេល​ ២៦​ ឆ្នាំ​បារាំង​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ចំនួន​ប្រមាណ ៩៥២​,៥លាន​អឺ​រ៉ូ​

0

ដោយ​ នៅ​ ស៊ី​វុត្ថា​

ភ្នំ​ពេញៈ​ រយៈពេល ២៦ឆ្នាំ​គិត​ចាប់ពី​ឆ្នាំ១៩៩៣​ ដល់​ត្រីមាស​ទី១​ ឆ្នាំ២០១៩​ នេះ​ប្រទេស​បារាំង​បាន​ផ្តល់​ហិរញ្ញប្បទាន​ សហប្រតិបត្តិ​ការ​ចំនួន​ប្រមាណ៩៥២​,៥លាន​អឺ​រ៉ូ​ឬ១​,០៧០លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា​។

គំរោង​ជំនួយឥតសំណង​ និង​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​នៅ​កម្ពុជា​រួមមាន​៖ ហិរញ្ញប្បទាន​ឥត​សំ​ណង​ចំនួន ១៩៤លាន​អឺ​រ៉ូ​ ឥណទាន​សម្បទាន​ (Sovereign​ Loan​) ចំនួន២៩១​,៥លាន​អឺ​រ៉ូ​ ​និង​ឥណទាន​គ្មាន​ការធានា​ពីរ​ដ្ឋ​ (Non​ Sovereign​ Loan​) ចំនួន១៦៧លាន​អឺ​រ៉ូ​។

លោក​ឧបនាយក​រដ្ឋមន្រ្តី​អូន​ ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោ​កស្រី Agnes​ PANNER​-RUNACHER​ រដ្ឋលេខាធិការ​ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បារាំង​កាលពី​ពេល​ថ្មី​ៗនេះ​ បាន​ថ្លែងអំណរគុណ​ជាថ្មី​ម្តង​ទៀត​ ដល់​រាជរដ្ឋាភិបាល​បារាំង​ ដែល​តែងតែ​ផ្តល់​ការ​គាំទ្រ​ដល់​កម្ពុជា​ និង​សន្យា​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា​-បារាំង​ ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​ ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​កម្ពុជា​ តាមរយៈ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​វិ​ស័យ​ផ្សេង​ៗទៀត​ ដើម្បី​ជា​ឧត្តម​ប្រយោជន៍​សម្រាប់​ប្រទេស​ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។

លោក​រដ្ឋមន្ត្រី​ក៏បាន​ជម្រាប​ភាគ​គី​ជា​បារាំង​ អំពី​ការ​ផ្លាស់​ប្តូរ​មុខមាត់​ថ្មី​នៃ​ប្រទេស​កម្ពុជា​ក្នុង​ឆាក​អន្តរជាតិ​ ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ប្រកដ​និយម​ របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ ក្នុងរយៈពេល២ទស្ស​វត្ស​កន្លងមក​នេះ​ កម្ពុជា​ ជា​ប្រទេស​ឯកទគ្គ​ករ​កំណើន​ទាំង៨​ នៅក្នុង​ពិភពលោក​ ដែល​មាន​កំណើន​សេដ្ឋកិច្ច​រឹង​មុំា​ ក្នុង​អត្រា៧.៧​%មាន​ស្ថេរ​ភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ បង្កើន​បរិស្ថាន​ធុរកិច្ច​អំណោយផល​ ក៏ដូចជា​ការគ្រប់គ្រង​បំណុល​សាធារណៈ​មាន​ភាប​លល្អ​ប្រសើរ​។

លោក​អូន​ ព័ន្ធ​មុនី​រត្ន​ បាន​ថ្លែង​ថា​ “ការអភិវឌ្ឍន៍​ដែល​កម្ពុជា​ទទួល​បាន​ក្នុង​ពេល​បច្ចុប្បន្ន​ គឺ​មិន​អាច​កាត់​ផ្តាច់​ពី​តួនាទី​យ៉ាងសកម្ម​របស់​ភាគី​មិត្ត​បារាំង​ ដែល​ចល​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ក្នុង​ការអភិវឌ្ឍន៍​កម្ពុជា​”។

លោកស្រី​ Agnes​ PANNIER​-RUNACHER​ រដ្ឋលេខាធិការ​ បាន​វាយតម្លៃ​ខ្ពស់​អំពី​ការអភិវឌ្ឍន៍​ និង​កិច្ចប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​កិ​ច្ចា​រកែ​ទម្រង់​កន្លងមក​ ។ លោកស្រី​ក៏បាន​បញ្ជា​កថា​ បា​រំាង​ និង​កម្ពុជា​គឺជា​មិត្ត​ដ៏​ល្អ​ ដែល​មិន​អាច​កាច​ផ្តាច់​ពីគ្នា​បាន​ហើយ​បា​រំាង​ នឹង​នៅតែ​បន្ត​ជំរុញ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ​ និង​បច្ចេកទេស​ ដោយ​តម្រង់​វិស័យ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ររបស់​បារាំង​ ឲ្យ​ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិនានា​របស់​កម្ពុជា​ ជាពិសេស​ ការ​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ កិច្ចការ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ សំដៅលើ​កកម្ពុ​ស់​កិច្ច​សហប្រតិបត្តិ​ការ​អភិ​ឌ្ឍ​ន៍​នៅ​កម្ពុជា​ និង​លើកកម្ពស់​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​ បារាំង​-កម្ពុជា​៕

សារ​ព្រមាន​៖ រដ្ឋាភិបាល​ណែនាំ​ឱ្យ​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ទិញ​លក់​-អលន​ទ្រព្យ​

1

ដោយ​នៅ​ វឌ្ឈ​នា​

ភ្នំពេញ​៖ រដ្ឋាភិបាល​តាមរយៈ​ក្រសួងសេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ ​និង​ពិនិត្យ​ឲ្យបាន​គ្រប់​ជ្រុ​ជ្រោយ​រាល់​ព័ត៌មាន​ចំពោះ​ការទិញ​-លក់​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ បន្ទាប់ពី​មានរឿង​ឆបោក​មួយចំនួន​កើតឡើង​ជា​បន្ត​បន្ទាប​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​បាន​ចេញផ្សាយ​ កាលពី​ថ្ងៃទី​ ៣ ខែឧសភា​ ឆ្នាំ​ ២០១៩​ កន្ល​មកនេះ​បាន​បញ្ជាក់​ថា​ ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ គឺ​ក្នុង​គោលបំណង​ជួយ​ឲ្យ​ការទិញ​-លក់​អចលនទ្រព្យ​ (ដី​ឡូត៍​ និង​ផ្ទះ​) អាច​ប្រព្រឹត្តទៅ​ដោយ​រូ​លូន​ និង​អាច​ជៀសវាង​ហា​នី​ភ័យ​ ជាយថាហេតុ​ដែល​បង្កឡើង​ដោយ​ជនខិលខូច​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ត​ថា​ ដូច្នេះ​មុន​ធ្វើការ​សម្រេចចិត្ត​ទិញ​អចលនទ្រព្យ​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ សូម​អំពាវនាវ​ដល់​សាធារណជន​មេត្តា​យល់ដឹង​នូវ​ព័ត៌មាន​សំ​ខាន់​ៗមួយចំនួន​ដូច​ខាងក្រោម​ ដូចជា​

ក.ព័ត៌​មាន​សម្រាប់​ការទិញ​ដី​ឡូ​ត៍

​១. ឈ្មោះ​ម្ចាស់​អចលនទ្រព្យ​ក្នុង​វិ​សញ្ញា​បន​ប័ត្រ​សម្គាល់​អចលនទ្រព្យ​ (តើ​ជា​របស់​អ្នក​អភិវឌ្ឍ​គម្រោង​ពុះ​ដី​ឡូត៍​លក់​ ឬ ជា​របស់​អ្នក​ផ្សេង​)។

​២.វិញ្ញា​បន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ​ (មាន​ជាប់​បន្ទុក​ឬ អត់​)។

​៣. លិខិតអនុញ្ញាត​អភិវឌ្ឍ​ដី​ដែល​ចេញ​ដោយ​អាជ្ញាធរ​ ឬអង្គភាព​មានសមត្ថកិច្ច​ (ដូច​មាន​ចែង​ក្នុង​ប្រកាស​លេខ០៨៧​ ដ.ន.ស​ ប្រក​/នក​ ចុះ​ថ្ងៃទី​ ១១​ ខែឧសភា​ ឆ្នាំ​ ២០១៨​ ស្តី​ពី​ការ​អភិវឌ្ឍ​ដី​របស់ក្រ​សួង​ដី​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​)

៤.ឯកសារ​បង់ពន្ធ​អចលនវត្ថុ​

៥.បណ្ណ​បំបែក​ក្បាលដី​

៦.ខ្លឹមសារ​លម្អិត​នៃ​កិច្ចសន្យាលក់​-ទិញ​។

ខ.ព័ត៌មាន​សម្រាប់​ការទិញ​លំនៅឋាន​

១.លិខិត​អនុញ្ញា​សាងសង់​ (ចេញ​ដោយ​ក្រសួង​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ឬសាលា​រាជធានី​-ខេត្ត​)។

២.វិញ្ញា​បន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ​ (មាន​ជាប់​បន្ទុក​ ឬ អត់​)។

៣.អាជ្ញាប័ណ្ណ​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ (ចេញ​ដោយ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​)

៤.ឯកសារ​បង់ពន្ធ​អចលនទ្រព្យ​

៥.ប័ណ្ណ​បំបែក​ក្បាលដី​

៦.ខ្លឹមសារ​លម្អិត​នៃ​កិច្ចសន្យាលក់​-ទិញ​៕

វិភាគ​៖ តើ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-ចិន​នឹង​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​យ៉ាងដូច​ម្តេច​?

2

ដោយ​ ដន​

ភ្នំពេញ​: សង្រ្គាម​ពាណិជ្ជកម្ម​រវាង​ចិន​ និង​អាមេរិក​បាន​ធ្វើឲ្យ​ពិភពលោក​បារម្ភ​ជាថ្មី​ ដោយ​ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​(IMF​) ព្រមាន​ថា​ ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​ អាច​បណ្តាល​ឲ្យ​មាន​វិបត្តិសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ពិភពលោក​សាជាថ្មី​។

តើ​សង្រ្គាម​ពាណិជ្ជកម្ម​ ដែល​អាមេរិក​ដាក់ចេញ​កន្លងមក​ អ្នកណា​ឈ្នះ​? អ្នកណា​ចាញ់​? ចម្លើយ​ទំនងជា​មិន​មាន​អ្នកឈ្នះ​នោះ​ទេ​។ ប៉ុន្តែ​បន្ទាប់ពី​ធូរស្រាល​មួយ​រយៈ​ ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណាល់​ ជេ​ ត្រាំ​បាន​ព្រមាន​ចិន​ជាថ្មី​ ដែល​នឹង​បង្កើន​ការ​យក​ពន្ឋ​រហូតដល់២៥០ពាន់​លាន​ដុល្លារ​អាមេរិក​ ប្រសិនជា​ចិន​មិន​ឆ្លើយតប​នឹង​អ្វី​ដែល​ខ្លួន​បាន​សន្យា​ទេ​នោះ​។

តើ​សង្រ្គាម​ពាណិជ្ជកម្ម​នេះ​ អាច​នឹង​ប៉ះ​ពាល់់​ដល់​វិស័យ​សំណង់​ និង​អចលនទ្រព្យ​កម្ពុជា​ឬទេ​? របាយការណ៍​សេដ្ឋកិច្ច​ក្នុង​តំបន់​ប្រចាំឆ្នាំ​ព្រមាន​ថា​ ជម្លោះ​ពាណិជ្ជកម្ម​អាមេរិក​-ចិន​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ + 3 (Amro​) ឲ្យដឹង​ថា​ ខណៈ​ពេល​សេដ្ឋកិច្ច​ ដែល​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​ ដូចជា​ ហុងកុង​ កូរ៉េ​ខាងត្បូង​ ម៉ាឡេស៊ី​ និង​សិង្ហបុរី​នឹង​ រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ ដោយសារ​ការ​កើតឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ អាច​នឹង​ងាយ​រងគ្រោះ​ផង​ដែរ​ ដោយសារតែ​ការពឹងផ្អែក​យ៉ាង​ខ្លាំង​ ទៅលើ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​(FDI​)ពី​ប្រទេស​ចិន​។

របា​ការណ៍​របស់​AMRO​បាន​បន្ថែម​ថា​ “ហានិភ័យ​ខាងក្រៅ​ដែល​អាច​នឹង​កើតឡើង​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​-ចិន​ដែល​វា​នឹង​នាំ​ឱ្យ​មានសន្ទុះ​កំណើន​សេដ្ឋកិច្ច​មិនសូវ​ល្អ​ នៅក្នុង​ប្រទេស​ទាំងពីរ​នេះ​ និង​បង្កើន​ការ​ការពារ​ពាណិជ្ជកម្ម​សកល​។ លំហូរ​ចូល​វិនិយោគ​ចិន​ផ្ទាល់​ ជាពិសេស​នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ងាយ​គ្រោះ​ ដោយសារ​ការ​ផ្លាស់​ប្តូរ​គោលនយោបាយ​ មួយរំពេច​ណាមួយ​របស់​ប្រទេស​ចិន​”។

ការពិត៧៥ភាគរយ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ដែល​បាន​អនុម័ត​មក​គឺ​មក​ពី​ប្រទេស​ចិន​។ប្រទេស​ចិន​មិន​ត្រឹមតែ​ក្លាយទៅជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​កម្ពុជា​ប៉ុណ្ណោះទេ​ ថែមទាំង​ជា​អ្នក​វិនិយោគ​បរទេស​ដ៏​ធំ​បំផុត​ និង​ម្ចាស់​ជំនួយ​ទ្វេភាគី​ អ្នកនាំ​ចូល​អង្ករ​កម្ពុជា​ និង​ប្រភព​នៃ​ភ្ញៀវ​ទេសចរ​បរទេស​ផង​ដែរ​។

ធនាគារពិភពលោក​ដែល​បាន​ចេញផ្សាយ​ កាលពីដើម​សប្តាហ៍​មុន​ បង្ហាញថា​ “លំហូរ​វិនិយោគទុន​បរទេស​ចំនួន​បី​ភាគ​បួន​ បាន​មក​ពី​ប្រទេស​ចិន​។ នៅក្នុង​ឆ្នាំ​ថ្មី​ៗនេះ​ ការ​វិនិយោគ​បរទេស​ពី​ប្រទេស​ចិន​បាន​កើនឡើង​ជាពិសេស​ផ្តោត​លើ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ ពាណិជ្ជកម្ម​ និង​លំនៅ​ដ្ឋាន​ ឬអចលនទ្រព្យ​ វិស័យ​ទេសចរណ៍​ និង​ផលិតកម្ម​ និង​កសិកម្ម​។

កាលពី​ថ្ងៃអាទិត្យ​លោក​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​បង្ហោះ​បណ្តាញ​សង្គម​ Twitter ថា​ លោក​នឹង​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​តម្លៃ​ ២០០​ ពាន់​លាន​ដុល្លារ​អាមេរិក​ឡើង​ពី១០ភាគរយ​ដល់២៥ភាគរយ​ត្រឹម​ថ្ងៃនេះ​។ ក្រុម​អ្នកវិភាគ​សេដ្ឋកិច្ច​ជឿ​ថា​ ពន្ធ​លើ​ទំនិញ​របស់​ចិន​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ​ទាំងមូល​ ដែល​នឹង​បង្កើន​ហានិភ័យ​នៃ​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ពិភពលោក​។

របាយការណ៍​ធនាគារពិភពលោក​ បង្ហាញ​ទៀត​ថា​ “ដោយសារ​ការពឹងផ្អែក​យ៉ាង​ខ្លាំង​របស់​កម្ពុជា​លើ​លំហូរ​ចូល​មូលធន​ និង​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ចិន​ ការ​ធ្លាក់ចុះ​យ៉ាង​គំហុក​ក្នុង​សេដ្ឋកិច្ច​ចិន​អាច​នឹង​ធ្វើឲ្យ​ កំណើន​សេដ្ឋកិច្ច​ថមថយ​”។

ធនាគារពិភពលោក​ព្រមាន​ថា​ លំហូរ​វិនិយោគ​បរទេស​ដ៏​ធំធេង​ពី​ប្រទេស​ចិន​នៅក្នុង​វិស័យ​អចលនទ្រព្យ​ អាច​នឹង​មិន​មាន​រយៈពេល​យូរ​ទេ​ នៅពេល​ការ​រីកចម្រើន​សេដ្ឋកិច្ច​ពិភពលោក​ មាន​ភាព​មិន​ច្បាស់លាស់​ ហើយ​ការភ័យខ្លាច​នៃ​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​នៅ​ចុងឆ្នាំ​ ២០១៩​ ឬឆ្នាំ២០២០​ នឹង​បន្ត​ត្រូវ​បាន​ពិភាក្សា​ក្នុង​រវាង​អ្នកជំនាញ​ និង​អ្នកជំនាញ​ហិរញ្ញវត្ថុ​។

វិស័យ​សំណង់​ និង​អចលនទ្រព្យ​គឺជា​កត្តា​ជំរុញ​ ដ៏​សំខាន់​សម្រាប់​កំណើន​ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា​។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ធនាគារពាណិជ្ជ​ បាន​បង្កើន​ការ​ផ្តល់​ប្រាក់កម្ចី​សម្រាប់​គម្រោង​អចលនទ្រព្យ​។

លោក​ Shin​ Chang​ Moo​ ប្រធាន​ធនាគារ​ PPCBank​ និយាយ​ថា​ វិស័យ​អចលនទ្រព្យ​ គឺជា​កម្លាំង​ជំរុញ​មួយ​ដ៏​សំខាន់​ ដែល​កំពុង​ជួយ​ធនាគារ​នៅ​ទីនេះ​។

វិស័យ​ហិរញ្ញវត្ថុ​បាន​ទទួលផល​ប្រយោជន៍​ភាគច្រើន​ ពី​ការ​រីក​ចំរើន​ផ្នែក​អចលនទ្រព្យ​នៅ​កម្ពុជា​ ប៉ុន្តែ​ធនាគា​ពិភពលោក​ព្រមាន​ថា​ វិស័យ​ហិរញ្ញវត្ថុ​គឺ​ងាយ​រងគ្រោះ​បំផុត​ នៅក្នុង​សេ​ណា​រី​យ៉ូ​ដែល​ការ​វិនិយោគ​ចិន​ នៅក្នុង​វិស័យ​អចលនទ្រព្យ​ចាប់ផ្តើម​ធ្លាក់ចុះ​។

របាយការណ៍​របស់​ធនាគារពិភពលោក​បានឱ្យ​ដឹង​ថា​ “ការ​កើនឡើង​នៃ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នា​ពេល​ថ្មី​ៗនេះ​ បាន​ធ្វើ​ឱ្យ​មានការ​រីកចម្រើន​ផ្នែក​សំណង់​យូរអង្វែង​ ខណៈ​កំពុង​បិទបាំង​ភាព​ងាយ​រងគ្រោះ​របស់​វិស័យ​ហិរញ្ញវត្ថុ​ បន្ទាប់ពី​មាន​កំណើន​កម្ចី​ឆាប់រហ័ស​អស់​ជាច្រើន​ឆ្នាំ​”។

ទោះជាយ៉ាងណា​លំហូរ​ចូល​មូលធន​បរទេស​បែបនេះ​ អាច​នឹង​មិន​មាន​និរន្ត​ភាព​ទេ​ ជាពិសេស​ក្នុង​បរិបទ​នៃ​ភាព​មិន​ច្បាស់លាស់​ ជាស​កល​និង​ការ​ធ្លាក់ចុះ​នៅ​ប្រទេស​ចិន​”។

ធនាគារពិភពលោក​បាន​បន្ថែម​ទៀត​ថា​ “ការ​ធ្វើ​ឱ្យ​វិនិយោគ​បរទេស​ធ្លាក់ចុះ​ក្នុង​វិស័យ​សំណង់​ អាច​នាំ​ឱ្យ​មានការ​ធ្លាក់ចុះ​តម្លៃ​យ៉ាង​គំហុក​ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ហិរញ្ញវត្ថុ​”។

ទោះបីជា​យ៉ាងណាក៏ដោយ​ អ្នក​វិយោគ​កូរ៉េ​ខាង​ត្បួង​ដ៏​ធំ​ម្នាក់​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា​ បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា​ សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​នឹង​មិន​មានផល​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​កម្ពុជា​ ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ ការ​រី​កច​ចម្រើន​ជាង​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​។

លោក​បន្ត​ថា​ “ការដែល​មាន​លំហូរ​វិនិយោគទុន​ច្រើន​ ពី​ជា​រឿង​ល្អ​មួយ​សម្រាប់​កម្ពុជា​ ដោយ​បាន​នាំចូល​ទុន​វិនិយោគ​ជាច្រើន​ មកកាន់​ប្រទេស​នេះ​ ក្រោម​ការដឹកនាំ​ដ៏​ឆ្លាតវៃ​របស់​សម្ដេច​ ដែល​ធ្វើឲ្យ​មាន​សេដ្ឋកិច្ច​រឹងមាំ​ និង​សិ្ថរ​ភាព​នយោបាយ​ធ្វើឲ្យ​មាន​កើនឡើង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​”។

រូបភាពសំណងអគារធំៗ និងខ្ពស់ៗ នៅក្នុងរាជធានីភ្នំពេញ។ រូបថត៖ ម៉ៃ វិរៈ

លោក​លើកឡើង​ថា​ “បើប្រសិន​បើ​វិនិយោគិន​ចិន​មកកាន់​តែ​ច្រើន​ កាន់តែ​ល្អ​ ដោយសារ​ការ​វិនិយោគ​របស់​ពួកគេ​នឹង​ត្រូវ​បង់ពន្ធ​ជួន​រដ្ឋ​ ដូច្នេះ​រដ្ឋ​ភិបាល​នឹង​ទទួលផល​ចំណេញ​ពី​ការ​វិនិយោគ​របស់​ពួកគេ​”៕

ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​កើនឡើង​នៅក្នុង​ឆ្នាំនេះ​

0

ដោយ ​វុត្ថា​

មី​យ៉ាន់​ម៉ាៈ​ វិស័យ​អចលនទ្រព្យ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ នៅក្នុង​ប្រទស​មីយ៉ាន់ម៉ា​កំពុង​មានការ​ទាក់ទាញ​ឪកាស​វិនិយោគ​ជាច្រើន​ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើនឡើង​ខ្លាំង​នៅក្នុង​ឆ្នាំ​ ២០១៩​ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត​។

យោង​តាម​ការ​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន ​ASEAN​ Briefing​ កាលពី​ពេល​ថ្មី​ៗនេះ​ បាន​ឲ្យដឹង​បាន​ថា​ កាលពី​ឆ្នាំ២០១៨​ កន្លងមក​នេះ​ ទំហំ​វិនិយោគ​ក្នុង​វិស័យ​សំណង់​កើនឡើង​ចំនួន៩.៥ពាន់​លាន​ដុល្លារ​អាមេរិក​នេះ​ ដែល​រួមចំណែក​ប្រហែល១៦​,៥ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​ និង​ជា​កត្តា​ជំរុញ​សេដ្ឋកិច្ច​ដ៏​សំខាន់​ឲ្យ​មានការ​រីកចម្រើន​នៅ​ឆ្នាំ២០១៩​ ។

ជាមួយគ្នា​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ វិស័យ​អចលនទ្រព្យ​មានការ​កើនឡើង​នៃ​ការ​វិ​និ​យោ​គចក្នុង​អត្រាច​ជាង១០​ ភាគរយ​សម្រាប់​ឆ្នាំ​ ២០១៩​ នេះ​បន្ថែម​ទៀត​។

សារព័ត៌មាន​ដដែល​បន្ត​ថា​ ទីក្រុង​សេដ្ឋ​កិ​ច្ច​ធំៗ​ទាំងពីរ​ របស់​ប្រទេស​មីយ៉ាន់ម៉ា​ គឺទី​ក្រុង​រ៉ង់ហ្គូន​ និង​ទីក្រុង​ម៉ាន់​ដា​ឡាយ​ មាន​តម្រូវការ​យ៉ាង​ខ្លាំង​លើ​វិស័យ​ខុន​ដូ​សម្រាប់​អ្នកមាន​ជីវភាព​មធ្យម​។

ប្រជាជន​រស់នៅ​ទីក្រុង​រ៉ង់ហ្គូន​ ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​នឹង​កើនឡើង៣លាន​នាក់​ក្នុងរយៈពេល១០ឆ្នាំខាងមុខ​នេះ​ ដែល​តម្រូវ​ឱ្យ​មានការ​វិនិយោគ​លើ​លំនៅ​ដ្ឋាន​ជាច្រើន​បន្ថែម​ទៀត​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​កំនើ​ននេះ​។ ជាមួយគ្នា​នេះ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​កំពុង​បង្ហាញ​នូវ​ឱកាស​វិនិយោគ​ដ៏​សំខាន់​មួយផ្សេងទៀត​ សម្រាប់​អាជីវកម្ម​បរទេស​។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) បាន​ព្យាករណ៍​ថា​ គម្លាត​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​រវាង​ពេល​បច្ចុ​បន្ន​ និង​ដល់​ដល់​ឆ្នាំ២០៣០​ ត្រូវការ​បន្ថែម​ទុន​ នឹង​កើនឡើង​រហូតដល់១២០ពាន់​លាន​ដុល្លារ​។ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់​ដូចជា​ផ្លូវថ្នល់​ ផ្លូវដែក​ កំពង់ផែ​ និង​អាកាសយាន​ដ្ឋាន​ ក៏​តម្រូវ​ឱ្យ​មានការ​វិនិយោគ​ជា​ច្រើន​ផ្សេ​ទៀត​ ដោយមាន​ការចូលរួម​ពីសំណាក់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អន្តរជាតិ​ ក្នុង​ការ​ធ្វើ​កិច្ចប្រតិបត្តិ​ការ​រួមគ្នា​ឬជា​អ្នកផ្គត់ផ្គង់​ផង​ដែរ​។

ការ​អភិវឌ្ឍ​តំបន់ឧស្សាហកម្ម​ គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​មួយ​សម្រាប់​ការសាងសង់​នៅក្នុង​ប្រទេស​។ តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៣​ ដែល​នៅ​ជិត​ទីក្រុង​រ៉ង់ហ្គូន​ ទីក្រុង​ Kyauk​ Phyu​ និង​ ទីក្រុង​ Dawei​ បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​អភិវឌ្ឍ​។ លើស​ពីនេះ​ទៀត​សួន​ឧស្សាហកម្ម​ជាច្រើន​ ត្រូវ​បាន​គ្រោងទុក​នៅក្នុង​ប្រទេស​ ខណៈ​ពេល​ដែល​សួន​ឧស្សាហកម្ម​នៅ​ទីក្រុង​រ៉ង់ហ្គូន​កំពុង​សាងសង់​ហើយ​។

ជាមួយគ្នា​នេះ​គ្នា​នេះ​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ព្យាករណ៍​ថា​ សេដ្ឋកិច្ច​របស់​ប្រទេស​មីយ៉ាន់ម៉ា​នឹង​កើ​ឡើង៦.៩ភាគរយ​នៅក្នុង​ឆ្នាំ២០១៩នេះ​ ដោយ​ក្នុង​នោះ​វិស័យ​អចលនទ្រព្យ​ នឹង​ក្លាយជា​កំលាំង​ចលករ​ធំ​មួយ​ ក្នុង​ការ​ជួយ​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​ប្រទេស​នេះ​៕

ដំណឹងល្អ​៖ ទីក្រុង​កោះ​រ៉ុង​ចាប់ផ្តើម​រៀបចំ​រចនាសម្ព័ន្ឋ​ផ្លូវការ​ហើយ​

0

ដោយ​ ម៉ា​ណេត​

ព្រះសីហនុ​៖ រដ្ឋាភិបាល​ចាប់ផ្តើម​រៀបចំ​រចនាសម្ព័ន្ឋ​កោះ​រ៉ុង​ ហើយដោយ​ការរៀបចំ​បាន​ និង​កំពុង​ចាប់ផ្តើម​នៅ​ខែឧសភា​នេះ​ ខណៈ​ការបង្កើត​ទីក្រុង​កោះ​រ៉ុង​គឺ​បញ្ចូល​ទាំង​កោះ​រ៉ុង​ និង​កោះ​រ៉ុង​សន្លឹម​ជាទី​ក្រុង​ថ្មី​មួយ​ ដែល​ត្រូវ​បាន​ហៅថា​ ទីក្រុង​កោះ​រ៉ុង​។ នេះ​បើ​លោក​ វិត​ សុ​ភ័ក្រ នាយរង​ប៉ុស​នៅ​កោះ​រ៉ុង​។

លោក​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​ នា​ព្រឹក​ថ្ងៃទី១០​ ឧសភា​នេះ​ថា​ ការបង្កើត​ជាទី​ក្រុង​កោះ​រ៉ុង​ចាប់ផ្តើម​ខែឧសភា​នេះ​ ហើយ​ឥឡូវនេះ​គេ​បំបែក​ជា​សង្កាត់​កោះ​រ៉ុង​ និង​កោះ​រ៉ុង​សន្លឹម​ ក្នុង​នោះ​សង្កាត់​កោះ​រ៉ុង​ភូមិ​ចំនួន​បី​រួមមាន​ ភូមិ​កំសាន្ត​ ភូមិ​ព្រែក​ស្វាយ​ និង​ភូមិ​ដើម​ស្កូវ​ ចំណែក​ឯសង្កាត់​កោះ​រ៉ុង​សន្លឹម​មាន​ភូមិ​កោះតូច​ និង​ភូម​កោះ​រ៉ុន​សន្លឹម​។ ការបែងចែក​ជា​សង្កាត់​ក៏​ត្រូវ​បាន​គេ​ប្រកាស​ហើយ​ដែរ​។

លោក​បន្ត​ថា​ “បន្ទាប់​ប្រកាស​ចេញពី​ទីក្រុង​ថ្មីនេះ​ ការ​វិនិយោគ​ដូចជា​មិនសូវ​មាន​ ហើយ​មួយ​រយៈ​នេះ​ចំនួន​ភ្ញៀវ​ទេសចរ​ដូចជា​អន់ថយ​ជាង​ឆ្នាំមុន​ ដោយសារ​ឥឡូវ​វា​ចូល​ដល់​វស្សា​ ដែល​ធ្វើ​ចំនួន​ភ្ញៀវ​ទេសចរ​មានការ​ថមថយ​”។

កាល​ថ្ងៃទី២៣​ ខែមេសា​ ឆ្នាំ២០១៨នេះ​ សណ្ឋាគារ​លំដាប់​ផ្កាយ៥​ « The​ Royal​ Sands​ Koh​ Rong​ » ដែល​បើក​ដំណើរ​ជា​ផ្លូវការ​ បាន​ចំណាយ​ទឹកប្រាក់​សាងសង់​អស់​ ប្រមាណ​ជាង៤០លាន​ដុល្លារ​ក្នុង​ដំណាក់កាល​ទី១​ ដែល​មាន​លក្ខណៈ​ជា​វីឡា​ចំនួន ៦៧ខ្នង​ (៧១បន្ទប់​) ដែល​បាន​បង្ហាញ​ពី​សក្ដានុពល​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​ និង​ការ​រីកចម្រើន​ នៃ​សេវាកម្ម​ទេសចរណ៍​លំដាប់​អន្តរជាតិ​នៅ​លើទឹក​ដី​ប៉ែក​និរតី​ នៃ​តំបន់​សមុទ្រ​នេះ​ ។

សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ « The​ Royal​ Sands​ Koh​ Rong​ » ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​សុខសាន្ដ​ សង្កាត់​កោះ​រ៉ុង​ និង​បញ្ចប់​នូវ​បញ្ហា​ដីធ្លី​នៅ​កោះ​រ៉ុង​ ខេត្ត​ព្រះសីហនុ​។

សម្តេច​តេជោ​ នាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បញ្ជាក់​ថា​ “កោះរុង​ និង​កោះ​ដទៃទៀត​នៅក្នុង​ប្រទេស​កម្ពុជា​ គឺជា​កោះ​របស់​រដ្ឋ​ មិនមែន​ជា​របស់​ឯកជន​នោះ​ទេ​”។សម្តេច​បន្ថែម​ថា​ “ប៉ុន្តែ​រាជរដ្ឋាភិបាល​បា​នប្រ​គល់​សិទ្ឋិ​អោយ​អភិវឌ្ឍន៍​ទៅ​អោយ​ក្រុមហ៊ុន​ឯកជន​ ក្នុង​ការ​វិនិយោគ​ជា​តំបន់​ទេ​ចរណ៍​ទៅតាម​រយៈពេល​ នៃ​ការ​វិនិយោគ​ ដែល​បាន​កំ​ណត់ៗ​”។

ប៉ុន្តែ​កន្លងមក​ មាន​ក្រុមហ៊ុន​បាន​ទទួល​សិទ្ឋិ​វិនិយោគ​ ប៉ុន្តែ​មិនបាន​ធ្វើអ្វី​ទាំងអស់​ គឺ​សម្តេច​តេជោ​បាន​បញ្ជា​ទៅ​អោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ សើរើ​ពិនិត្យ​ នឹង​ដកហូត​យក​មកវិញ​ ព្រោះ​សព្វថ្ងៃ​គឺ​មាន​ក្រុមហ៊ុន​មួយចំនួន​ ដែ​លបានសិទ្ឋិ​ទទួល​អាជ្ញាប័ណ្ណ​វិនិយោគ​ពីរ​ដ្ឋ​ ប៉ុន្តែ​មិន​ធ្វើ​ហើយ​បាន​យក​ទៅ​លក់​អោយ​ក្រុមហ៊ុន​ដទៃ​ ដែល​ខុស​នឹង​ច្បាប់​រដ្ឋ​។ ដូច្នេះ​ត្រូវ​ដក​មកវិញ​ទាំងអស់​៕

សួនសត្វ​អូទ្រីស​នៅ​ខេត្តមណ្ឌលគីរី​កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​

0

ដោយ​ ៖ រ៉ា​ណេត

​ភ្នំពេញ​ ៖ សួនសត្វ​អូទ្រីស​ដ៏​ធំ​លើកដំបូង​នៅ​កម្ពុជា​ ដែល​ស្ថិតនៅ​ក្នុង​ឃុំ​ដាក់ដាំ​ ស្រុក​អូរ​រាំង​ ខេត្តមណ្ឌលគីរី​ កំពុងតែ​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​មហាជន​ទូទៅ​ ក៏ដូចជា​បណ្តា​ភ្ញៀវ​ទេសចរ​ជាតិ​ ក្នុង​គោលបំណង​ចង់ទៅ​ទស្សនា​កម្សាន្ត​ដោយ​ផ្ទាល់​។

ក្រៅពី​ទេសភាព​ដ៏​ស្រស់​ស្អាត​ និង​ធម្មជាតិ​ ដែល​ជាទី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យទៅ​ទស្សនា​ខេត្តមណ្ឌលគិរី​នោះ​ នៅពេល​នេះ​ទឹកដី​ដែល​មាន​សក្តា​នុ​ពល​ផ្នែក​វិស័យ​ទេសចរណ៍​មួយ​នេះ​ កំពុង​បង្ហាញ​រូបភាព​ដ៏​ស្រស់​ស្អាត​មួយទៀត​ គឺ​សួនសត្វ​អូទ្រីស​។

សួនសត្វ​អូទ្រីស​ ដែល​ទើប​បង្ហាញ​រូបភាព​នា​ពេលនេះ​គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ឯកជន​ក្នុង​គោលបំណង​ស្វាគមន៍​ទទួលភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តជាតិ​ឱចូល​ទីកម្សាន្ត​ទស្សនា​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។

លោក​ សុខ​ បុរី​ ដែល​ជា​អ្នក​ធ្លាប់​ចេញចូល​ទៅ​ទស្សនា​កម្សាន្ត​ និង​ថត​ផ្តិត​យក​រូបភាព​សត្វ​អូទ្រីស​មក​ផ្សព្វផ្សាយ​បាន​លើក ឡើង​ថា​ សត្វ​អូទ្រីស​ទាំងនេះ​មាន​ប្រមាណ​ជាង២០ក្បាល​ ដែល​កំពុង​ត្រូវ​មើលថែ​ទាំ​យ៉ាង​យកចិត្ត​ទុកដាក់​ពី​អ្នកមើល​ថែ​ និង​ធ្វើជា​របង​ហ៊ុ​ព័ន្ធ​បរិវេណ​នៅ​តំបន់​ខ្ពង់រាប​ចង្កេះភ្នំ​សម្រាប់​ឱ្យ​សត្វ​អូទ្រីស​ទាំងនេះ​រត់​ ដើរ​ ដោយសេរី​ភាព​ក្នុង​លក្ខខណ្ឌ​បែប​ធម្មជាតិ​។

លោក​ថា​ នៅក្នុង​រដូវ​នេះ​តំបន់​ខាងលើ​នេះ​ពិតជា​មាន​ទេសភាព​ស្រស់​ស្អាត​គួ​ជាទី​ទាក់ទាញ​ជាមួយ​វាលស្មៅ​ខៀវខ្ចី​លាតសន្ធឹង​យ៉ាង​ល្វឹងល្វើយ​ប្រៀប​ដូច​កម្រាល​ព្រុំ​ពណ៌បៃតង​យ៉ាង​ដូច្នោះ​។ ដោយឡែក​សម្រាប់​អ្នក​ដែល​ចង់ទៅ​ទស្សនា​នៅពេល​នេះ​គឺ​មិន​ត្រូវ​បាន​ចំណាយ​ថវិកា​ក្នុង​ការ​ចូល​ទស្សនា​នោះ​ទេ​ ហើយ​សួនសត្វ​អូទ្រីស​មួយ​នេះ​ក៏​មិនទាន់​ត្រូវ​បាន​រៀបចំ​ជា​តំបន់​កម្សាន្ត​ជា​ផ្លូវការ​នោះ​ដែរ​។

ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគីរី​ លោក​ គង់​ វិមាន​ បាន​មានប្រសាសន៍​ប្រាប់​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី១០​ ខែឧសភា​ នេះ​ថា​ សត្វ​អូទ្រីស​ទាំងនេះ​ត្រូវ​បាន​គេ​យក​មក​ចិញ្ចឹម​ និង​មើលថែ​ជាច្រើន​ខែ​មក​ហើយ​ ប៉ុន្តែ​បុគ្គល​ជា​ម្ចាស់​នៅ​មិនទាន់​បើក​ឱ្យ​ភ្ញៀវ​ចូល​ទស្សនា​ជា​ផ្លូវ​ការណ៍​នៅឡើយ​នោះ​ទេ​។

លោក​បាន​បន្ត​ទៀត​ថា​ ៖ «ជា​រឿង​មួយ​ដែល​ល្អ​នៅពេល​ដែល​មាន​វិស័យ​ឯកជន​ចូលរួម​បង្កើត​តំបន់​កម្សាន្ត​កែច្នៃ​នានា​ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​។ បច្ចុប្បន្ន​នេះ​នៅក្នុង​ខេត្តមណ្ឌលគីរី​ តំបន់​កម្សាន្ត​កែច្នៃ​បែប​ធម្ម​ជា​តិ​ធំៗ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ឯកជន​មាន​ចំនួន៤កន្លែង​ ដែល​កំពុង​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ អន្តរជាតិ​ ក៏ដូចជា​អ្នក​នៅក្នុង​តំបន់​ចូល​ទស្សនា​ជាប្រចាំ​ ខណៈ​ពេល​ដែល​តំបន់​កម្សាន្ត​ធម្មជាតិ​នៅក្នុង​ខេត្តមណ្ឌលគីរី​ទាំងមូល​មាន​ច្រើន​ទីតាំង​»។

លោក​បាន​បន្ត​ទៀត​ថា​ ៖ «កាលពី​ឆ្នាំ២០១៨កន្លង​កន្លងទៅ​នេះ​ ចំពោះ​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​នៅក្នុង​ខេត្តមណ្ឌលគីរី​ មាន​ចំនួន​រហូតដល់​ជាង​ ២០ម៉ឺន​នាក់​ ដោយឡែក​សម្រាប់២០១៩នេះ​ លោក​បាន​បង្ហាញ​ពី​ការ​រំពឹង​ថា​ អាច​នឹង​កើនឡើង​លើស​ពីឆ្នាំ​កន្លងទៅ​ប្រមាណ​ ១០ភាគរយ​ បន្ថែម​ទៀត​ ដោយសារ​មាន​កក្តា​ចូលរួម​ជាច្រើន​ដូចជា​ ការអភិវឌ្ឍន៍​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​រីកចម្រើន​នូវ​វិស័យ​សេវាកម្ម​ជាដើម​ » ៕

ស្ករត្នោត​កំពង់ស្ពឺ​ទទួល​បាន​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ពី​សហភាព​អឺរ៉ុប​

0

ដោយ​ ម៉ា​ណេត

​ភ្នំពេញ​៖ ស្ករត្នោត​កំពង់ស្ពឺ​ទទួល​បាន​កិច្ចការពារ​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​នៅ​សហភាព​អឺរ៉ុប​កាល​ម្សិលមិញ​នេះ​ បន្ទាប់ពី​“ស្ករ​ ត្នោត​កំពង់ស្ពឺ​” ដែល​ទើបតែ​ទទួល​បានការ​ចុះបញ្ជី​ការពារ​នៅ​សហភាព​អឺរ៉ុប​ កាលពី​ថ្ងៃទី០៣​ ខែមេសា​ ឆ្នាំ​ ២០១៩​។

លោក​ George​ Edgar​ ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ និង​លោក​ កឹម​ ស៊ី​ថន​ រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ពាណិជ្ជកម្ម​ដែល​បាន​អញ្ជើញ​ចូលរួម​ទិវា​សហភាព​អឺរ៉ុប​ ប្រគល់​វិញ្ញាបនបត្រ​ចុះបញ្ជី​ ស្ករត្នោត​កំពង់ស្ពឺ​ ជូន​លោក​ សម​ សា​រឿន​ ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ​ នា​ថ្ងៃទី៩​ ខែឧសភា​ ឆ្នាំ២០១៩​ នៅ​សណ្ឋាគារ​ Raffles​ Hotel​ Le​ Royal​។

នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​ឲ្យដឹង​ថា​ ក្រោយពី​ស្ករត្នោត​កំពង់ស្ពឺ​ និង​ម្រេច​កំពត​ទទួល​បានការ​ចុះបញ្ជី​ការពារ​ក្នុង​កម្រិត​ជាតិ​ កាលពី​ឆ្នាំ២០១០​ ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ទាំងពីរ​នេះ​ជា​ផលិតផល​ដែល​មាន​ប្រភព​ផ្សារភ្ជាប់​នឹង​ដែនដី​ កត្តា​ធម្មជាតិ​ និង​វិធីសាស្ត្រ​ផលិត​ជា​ប្រពៃណី​ដែល​បាន​សិក្សា​ និង​កំណត់​ ហើយ​ស្ថិត​ក្រោម​ប្រព័ន្ធ​ត្រួតពិនិត្យ​ច្បាស់លាស់​ ទើប​ស្ករត្នោត​កំពង់ស្ពឺ​ និង​ម្រេច​កំពត​មានគុណ​ភាព​ ចរិ​កលក្ខណៈ​ពិសេស​ និង​កេរ្តិ៍ឈ្មោះ​ល្បី​ទាំង​ក្នុង​ទីផ្សារ​ជាតិ​ និង​ទីផ្សារ​អន្តរជាតិ​។

ស្ករត្នោត​កំពង់ស្ពឺ​មិន​ត្រឹមតែ​សម្រាប់​ប្រើប្រាស់​ធ្វើម្ហូប​អាហារ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​មានកម្រិត​ជាតិ​ផ្អែម​ទាប​ដែល​អាច​ទ្រទ្រង់​សុខភាព​ និង​រក្សា​ភាព​ក្មេងខ្ចី​របស់​មនុស្ស​បាន​ល្អ​ប្រសើរ​ឡើង​។

នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​ បន្ថែម​ថា​ “ដោយសារតែ​ភាព​ល្បី​ទាំងនេះ​ហើយ​ “ស្ករត្នោត​កំពង់ស្ពឺ​” និង​ “ម្រេច​កំពត​” ត្រូវ​បាន​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ ទើប​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ផ្តួចផ្តើម​ពង្រីក​កិច្ចការពារ​នៅ​ប្រទេស​វៀតណាម​ ថៃ​ និង​សហភាព​អឺរ៉ុប​ ដើម្បី​ទទួល​បាន​នូវ​កិច្ចការពារ​តាមផ្លូវ​ច្បាប់​ឲ្យបាន​រឹងមាំ​ ក្នុងករណី​មានការ​ក្លែងបន្លំ​ អាជ្ញាធរ​មានសមត្ថកិច្ច​នៃ​ប្រទេស​នោះ​អាច​ជួយ​ចាត់វិធានការ​ទប់ស្កាត់​បាន​”។

កិច្ចប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​លើកស្ទួយ​វិស័យ​កម្មសិទ្ធិ​បញ្ញា​ជាតិ​ បាន​កសាង​ច្បាប់​ លិខិត​បទដ្ឋាន​គតិ​យុត្ត​ និង​បាន​ចូលក្នុង​កិ​ច្ច​ព្រៀម​ព្រៀង​ និង​សន្ធិសញ្ញា​អន្តរជាតិ​សំ​ខាន់​ៗពាក់ព័ន្ធ​នឹង​កម្មសិទ្ធិ​បញ្ញា​ ដែល​អាច​ការពារ​ទាំង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​កម្ពុជា​ ទាំង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​បរទេស​ ហើយ​ថ្មី​ៗនេះ​យើង​ទើបតែ​បាន​ចុះបញ្ជី​ការពារ​ស្រា​ CHAMPAGNE​ ដែល​ម្ចាស់​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​បរទេស​ដំបូង​នៅ​កម្ពុជា​ផង​ដែរ​៕