ខ័ណ្ឌ​ចំនួន​ពីរ​នៃ​តំបន់​ភាគ​ពាយព្យ​ក្រុងភ្នំពេញ​កំពុង​មានការ​រីកចម្រើន​លឿន​

0
រូបភាពផែនទីខណ្ឌសែនសុខ

ដោយ​ រតនៈ​

ភ្នំពេញ​: ខ័ណ្ឌ​ចំនួន​ពីរ​នៃ​តំបន់​ភាគ​ពាយ័ព្យ​ ទីក្រុង​ភ្នំពេញ​បាន​និង​កំពុង​បង្ហាញ​សក្តា​នុ​ពល​ ពី​ដី​វាលស្រែ​ និង​ដី​ទំនាប​ ប្រែក្លាយ​ជា​តំបន់​លំនៅ​ដ្ឋាន​និង​ពាណិជ្ជកម្ម​យ៉ាង​រស​រវើក​។

រូបភាព​ 3D ផ្សារ​ទំនើប​ អ៊ី​អន​ ២

ទំនោរ​នៃ​ការ​អភិវឌ្ឍ​នេះ​ បាន​ធ្វើឲ្យ​តំបន់​ដែល​ស្ថិត​ក្នុង​ខ័ណ្ឌ​សែនសុខ​ និង​ខ័ណ្ឌ​ឬស្សី​កែវ​ កំពុង​មាន​សភាព​រស​រវើក​ និង​សក្តា​នុ​ពល​ពាណិជ្ជកម្ម​ស្ទើរ​មិន​គួរឲ្យ​ជឿ​ ជាក់ស្តែង​ផ្សារ​ទំនើប​ អ៊ី​អន​ ២ និង​ផ្សារ​ម៉ាក្រូ​ ក៏បាន​បង្ហាញ​វត្តមាន​នា​តំបន់​ពាយព្យ​នេះ​ដែរ​ ដែល​បង្ហាញ​អោយ​ឃើញថា​ តំបន់​នេះ​ផ្ទាល់​ពិតជា​ បាន​ស្រូប​ទាញ​និង​មាន​ឥទ្ធិពល​ សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ វា​ជាអំណោយ​ផល​ ទៅដល់​គម្រោង​អភិវឌ្ឍ​អចលន​ទ្រព្យ​ផ្សេង​ៗ នា​តំបន់​នោះ​ផង​ដែរ​។

ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ គម្រោង​អភិវឌ្ឍ​អចលន​ទ្រព្យ​ជាច្រើន​ បាន​មក​បោះទុន​វិនិយោគ​ក្នុង​តំបន់​នេះ​។ សម្រាប់​គម្រោង​ ដែល​នៅ​ជិត​តំបន់​សក្តា​នុ​ពល​ ជាមួយ​តម្លៃ​សមរម្យ​ និង​គួរ​អោយ​ចង់​រស់នៅ​ ដែល​ស្រប​ជាមួយ​បរិយាកាស​ស្រស់ស្រាយ​បែប​ធម្មជាតិ​ពណ៌បៃតង​ ក៏​មិនសូវ​មាន​ច្រើន​ដែរ​ ប៉ុន្តែ​មាន​គម្រោង​ដ៏​លេចធ្លោ​មួយ​ ដែល​មាន​ចំងាយ​ត្រឹមតែ៥​នាទី​ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តំបន់​ពាណិជ្ជកម្ម​ខាងលើ​ ដែល​ជា​គម្រោង​អភិវ​ឌ្ឈ​ន៍​របស់​បុរី​ ប៉េង​ ហួត​ និង​ ជា​បុរី​ឈានមុខ​គេ​មួយ​ក្នុង​ប្រទេស​កម្ពុជា​។

គម្រោង​បុ​រី​ប៉េង​ ហួត​ ដឹស្តា​ ព្រីមៀរ៍​ ជា​គម្រោង​មួយ​ក្នុងចំណោម​គម្រោង​ទាំង២២​ ​របស់​បុរី​ ប៉េង​ ហួត​ ក៏​មានវត្តមានក្នុង​តំបន់​ពាយព្យ​ ដ៏​មាន​សក្តា​នុ​ពល​នេះ​ដែរ​ ​ដែល​មាន​ប្រភេទ​ផ្ទះ​ និង​វីឡា​ជាច្រើន​ម៉ូត​ ដូចជា​ វី​ឡា​ឃ្វីន​ វីឡា​ភ្លោះ​ វីឡា​កូនកាត់​ និង​ផ្ទះល្វែង​ទំនើប​ ពោរពេញ​ទៅ​ដោយ​ រចនា​បទ​បែប​អឺរ៉ុប​ និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​។ បុរី​ ប៉េង​ ហួត​ ដឹស្តា​ ព្រីមៀរ៍​ បាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗរួចជាស្រេច​ សម្រាប់​បំពេញ​តម្រូវការ​អតិថិជន​ដែល​រស់នៅ​ក្នុង​បុរី​នេះ​ រួមមាន​ ប្រព័ន្ធ​ទឹក​ ប្រព័ន្ធ​អគ្គិសនី​ ផ្លូវថ្នល់​ធំ​ទូលាយ​ សួនច្បារ​ សួន​កំ​សាន្ដ ក្លឹប​ហាត់ប្រាណ​ អាងហែលទឹក​ និង​ ATM​ ម៉ា​ស៊ី​នជាដើម​។

អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោ​កយិន​ លាង​គង់​បាន​មានប្រសាសន៍​ថា​ ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​សង្គម​ ពិ​សេ​សកំនើ​នប្រា​ក់​ចំ​ ណូល​ និង​កំនើ​នប្រ​ជា​សាស្រ្ត​ ជា​ស្វ័យប្រវត្តិ​បាន​ធ្វើឲ្យ​ទីក្រុង​ភ្នំពេញ​ពង្រីក​យ៉ាង​ឆាប់រហ័ស​ ហើយ​អ្នក​វិនិយោគ​សាងសង់​បុរី​ លំនៅ​ដ្ឋាន​នានា​បាន​ពង្រីក​ទៅកាន់​តំបន់​ជាយក្រុង​ដោយសារ​ដី​មានតម្លៃ​ទាប​ ខណៈ​ដី​ក្នុង​តំបន់​ពាណិជ្ជកម្ម​កណ្តាល​ក្រុង​បាន​ឡើងថ្លៃ​ខ្ពស់​ កប់​ពពក​ ដែល​ធ្វើឲ្យ​អ្នកសាង​សង់ផ្ទះ​លក់​មិន​អាច​រក​ផល​ចំណេញ​បាន​។

លោក​បន្ត​ថា​ “ខ័ណ្ឌ​ទាំងពីរ​នេះ​មានការ​រីកចម្រើន​លឿន​ ខណៈ​ខ័ណ្ឌ​ដទៃទៀត​ក៏​ល្បឿន​នៃ​ការ​អភិវឌ្ឍ​ស្ថិត​ក្នុង​ល្បឿន​លឿន​ឬយឺត​ អាស្រ័យ​លើ​ទីតាំង​ភូមិ​សាស្រ្ត​ ការ​តភ្ជាប់​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ និង​កត្តា​ប្រជា​សាស្រ្ត​”៕

CEO​ Master​ Club​ ចាប់ផ្តើម​បើក​ការិយាល័យ​នៅ​សហរដ្ឋអាមេរិក​

0
លោ​ក អោម​ សេង​បូរ៉ា​ ​ដឹកនាំ​ក្រុមការងារ​ ថ្នាក់ដឹកនាំ​និង​សមាជិក CEO​ Master​ Club ទៅកាន់​សហរដ្ឋអាមេរិក

ដោយ​ ស៊ីវ​ ម៉េ​ង

ភ្នំ​ពេញៈ​ ជា​ការ​បោះ​ជំ​ហ៊ាន​ដ៏​ធំ​មួយទៀត​ ថ្នាក់ដឹកនាំ​នៃ CEO​ Master​ Club នឹង​បើក​ការិយាល័យ​របស់​ខ្លួន​នៅ​សហរដ្ឋអាមេរិក​ (CEO​ Master​ Club International​​) នា​ពេល​ឆាប់​ៗខាងមុខនេះ​។

លោ​ក អោម​ សេង​បូរ៉ា​ ស្ថាបនិក​និង​ជា​អគ្គនាយក​នៃ CEO​ Master​ Club បាន​មានប្រសាសន៍​ឲ្យដឹង​ នៅមុន​ពេល​លោក​ដឹកនាំ​ក្រុមការងារ​ ថ្នាក់ដឹកនាំ​និង​សមាជិក CEO​ Master​ Club ទៅកាន់​សហរដ្ឋអាមេរិក​រយៈពេល ១៣ថ្ងៃ​ ដោយ​ចាប់ ផ្តើម​ពី​ថ្ងៃទី១៣ដល់២៥​ ឧសភា​ខាងមុខនេះ​ថា​ ក្រុម​ថ្នាក់ដឹកនាំ​និង​សមាជិក​ កំពុង​ធ្វើទស្សនកិច្ច​ទៅកាន់​សហរដ្ឋអាមេរិក​ ដើម្បី​ពង្រីក CEO Master​ Club International​ នៅក្នុង​រដ្ឋ​តិច​សាស់​ និង​ធ្វើការ​បណ្តុះបណ្តាល​ភាពជា​អ្នកដឹកនាំ​ ដល់​សមាជិក CEO​ Master​ Club នៅ​សហរដ្ឋអាមេរិក​ផង​ដែរ​។

ដំណើរ​ទស្សនកិច្ច​នេះ​ ថ្នាក់ដឹកនាំ CEO​ Master​ Club នឹង​ទស្សនកិច្ច​នៅ​រដ្ឋ​តិច​សាស់​ និង​រដ្ឋ​ណាស់​វៀ​។លោក​បន្ត​ថា​ “យើង​សហការ​ជាមួយ​ដៃគូ​នៅ​អាមេរិក​ ដើម្បី​ឈរជើង​នៅ​ទីនោះ​ និង​ដើម្បី​អាច​លក់ Franchise​ ទៅកាន់​ពិភពលោក​ ព្រោះ​យើង​កំពុង​ពង្រីក​ទៅកាន់​ពិភពលោក​ និង​ចាប់​យក​ពិភពលោក​ឲ្យ​ស្ថិត​ក្នុង​ដៃ​របស់​យើង​”។ លោក​បន្ត​ថា​ “ជាមួយ​នេះ​យើង​នឹង​ជួប​ជាមួយ​អ្នក​ធុរកិច្ច​អាមេរិក​មួយចំនួន​ ដើម្បី​ទាក់ទាញ​ពួកគេ​មក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ទេសចរណ៍​ សុខាភិបាល​ វិស័យ​អប់រំ​ និង​បច្ចេកវិទ្យា​នៅ​កម្ពុជា​”។

លោ​ក អោម​ សេង​បូរ៉ា ​បាន​បន្ត​ថា​ សហរដ្ឋអាមេរិក​មាន​ផលិតផល​ និង​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ជាច្រើន​ ដែល​អាច​ពង្រីក​ទៅកាន់​ពិភពលោក​ ហេតុនេះ​ទើប​យើង​ទៅ​ឈរជើង​នៅ​សហរដ្ឋអាមេរិក​ ដើម្បី​ពង្រីក​សាខា​របស់​យើង​ទៅកាន់​ពិភពលោក​។ លោក​បន្ត​ថា​ ដៃគូ​របស់​យើង​នៅ​សហរដ្ឋអាមេរិក​បាន​ឲ្យ​តម្លៃ CEO​ Master​ Club ដោយសារ​យើង​បាន​បណ្តុះបណ្តាល​ភាពជា​អ្នកដឹកនាំ​ និង​ជួយ​បង្ហាត់បង្រៀន​អ្នកដឹកនាំ​ធុរកិច្ច​ មិនទាន់​មាន​ស្តង់​ដា​ឲ្យ​ទៅជា​មាន​ស្តង់​ដា​ ពិសេស​ជួយ​បណ្តុះបណ្តាល​និង​ផ្តល់​ការ​ប្រឹក្សា​មួយ​ជីវិត​។

លោក​បន្ត​ថា​ “ក្រៅពី​ជួយ​ឲ្យ​សមាជិក​មាន​ភាព​រ៉ឹង​មាំ​ ក្នុង​អាជីវកម្ម​របស់​ពួកគេ​ CEO​ Master​ Club ក៏​ជួយ​បណ្តុះបណ្តាល​ឲ្យ​សមាជិក​មហា​គ្រួសារ CEO​ ឲ្យ​មាន​សុភ​ មង្គល​នៅក្នុង​គ្រួសារ​ផង​ដែរ​។លោក​បន្ត​ថា​ “ជាមួយគ្នា​នេះ​ដែរ​ ការពង្រីក​ការិយាល័យ​ទៅកាន់​សហរដ្ឋអាមេរិក​ ក៏​ជា​ការ​ជួយ​ដល់​សមាជិក​របស់​យើង​ឲ្យ​អាច​ពង្រីក​ និង​ចាប់​ទីផ្សារ​ជាមួយ​អ្នកជំនួញ​នៅ​អាមេរិក​ និង​បណ្តា​ប្រទេស​នានា​នៅក្នុង​ពិភពលោក​”។

លោក​បន្ត​ថា​ អ្វី​សំខាន់​មួយទៀត​ គឺ CEO​ Master​ Club មាន​គោលដៅ​ពង្រីក​នូវ​ផលិត​ផល​ថ្មី​ៗ ពិសេស​ជួយ​ឲ្យ​អ្នក​ធុរកិច្ច​អាច​ពង្រីក​ជំនួញ​របស់​ពួកគេ​ ដែល​អាច​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ច្រើន​ ដើម្បី​លើក​កំពស់​ជីវភាព​គ្រួសារ​របស់​ពួកគាត់​ និង​ជួយ​បណ្តុះបណ្តាល​ឲ្យ​អ្នកធ្វើការ​ងារ​មាន​ជំនាញ​ពិតប្រាកដ​។

លោក​បន្ត​ថា​ “អ្វី​ដែល​ខ្ញុំ​ធ្វើ​គឺ​ធ្វើ​ដោយ​ក្តី​ស្រលាញ់​ ធ្វើ​ដើម្បីឲ្យ​អ្នកជំនួញ​មានការ​រីកចម្រើន​ ព្រោះ​ពេលណា​អ្នកជំនួញ​រីក ចម្រើន​ អាច​ផ្តល់​ការងារ​ និង​ប្រាក់ចំណូល​កើនឡើង​ទើប​អាច​ជួយ​ប្រទេស​យើង​ឲ្យ​រីកចម្រើន​”។លោក​បាន​បន្ត​ថា​ “ទស្សនវិស័យ​របស់​យើង​ (CEO​ Master​ Club​) ចង់​ឃើញ​ប្រទេស​យើង​ ក្លាយជា​ប្រទេស​អ្នកមាន​ដូច​គេ​ ដូច​ឯង​ដែរ​”៕

លោ​ក អោម​ សេង​បូរ៉ា​ ​ដឹកនាំ​ក្រុមការងារ​ ថ្នាក់ដឹកនាំ​និង​សមាជិក CEO​ Master​ Club ត្រៀមចេញដំណើរ ទៅកាន់​សហរដ្ឋអាមេរិក
លោ​ក អោម​ សេង​បូរ៉ា​ និងក្រុមការងារ CEO​ Master​ Club

ហ្វូង​សត្វ​ប្រចៀវ​ នៅ​ល្អាង​ភ្នំសំពៅ​ក្លាយ​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​

0

ដោយ​គង់​ សូ​រិយា​

បាត់​ដំ​បងៈ​ ក្រោយពី​ដើរលេង​កម្សាន្ត​តាម​រមណីយ​ដ្ឋាន​ផ្សេង​ៗ នៅពេល​ព្រឹក​ និង​ពេលរសៀល​ ភ្ញៀវ​ទេសចរណ៍​នានា​ ពិសេស​ភ្ញៀវ​អន្តរជាតិ​នៅ​ម៉ោង៤រសៀល​ មាន​អ្នកខ្លះ​ជិះ​រឺ​ម៉ក​កង់​បី​ រថយន្តក្រុង​ និង​ជិះកង់​ជាដើម​ សំដៅ​ទៅកាន់​ភ្នំសំពៅ​ ដើម្បី​រង​ចាំ​មើល​ការ​ចេញ​រក​ចំណី​របស់​ហ្វូង​សត្វ​ប្រចៀវ​រាប់​លាន​ក្បាល​ ចេញពី​ល្អាង​ភ្នំ​ នៅ​ម៉ោង​ជិត៦ល្ងាច​។

ហ្វូង​សត្វ​ប្រចៀវ​នៅ​ល្អាង​ភ្នំសំពៅ​ បាន​ធ្វើឲ្យ​មានការ​ទាក់ទាញ​យ៉ាង​ខ្លាំង​ដល់​ភ្ញៀវ​ទេសចរ​បរទេស​ ទៅ​ទស្សនា​កាន់តែ​ច្រើន​ឡើង​ៗពី​មួយថ្ងៃ​ទីមួយ​ថ្ងៃ​ សម្រាប់​ខេត្តបាត់ដំបង​។

ប្រជាពលរដ្ឋ​រស់នៅ​ជើងភ្នំ​សំពៅ​ ដែល​កំពុង​ទទួលផល​ពី​ការលក់ដូរ​ចំណីអាហារ​ ភេសជ្ជៈ​ វត្ថុ​អនុស្សាវរីយ៍​ និង​ការ​ដឹក​ភ្ញៀវ​ឡើង​មើល​ល្អាង​លើ​ខ្នងភ្នំ​សំពៅ​ បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ នៅដើម​ឆ្នាំនេះ​ មាន​ភ្ញៀវ​ទេសចរណ៍​មកលេង​កម្សាន្ត​នៅ​ភ្នំសំពៅ​ច្រើន​ ពិសេស​ពេលល្ងាច​ គឺ​មាន​ភ្ញៀវ​បរទេស​មក​អង្គុយ​ចាំ​មើល​សត្វ​ប្រចៀវ​។ ការ​មក​ទស្សនា​សត្វ​ប្រចៀវ​នេះ​ មាន​កំណើន​ កាន់តែ​ច្រើនឡើង​ជាលំដាប់​។

ប្រជាពលរដ្ឋ​បាន​បន្ត​ថា​ កំណើន​នៃ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ ស្រប​ពេល​ដែល​អាជ្ញាធរ​ខេត្ត​បាន​សង់​ផ្លូវ​នៅ​ជើងភ្នំ​សំពៅ​កាន់តែ​ល្អ​ និង​ស្រួល​ជាង​មុន​ ហើយ​គ្រោង​នឹង​ដាក់ភ្លើង​បំភ្លឺ​ផ្លូវ​នេះ​ផង​ដែរ​។

តាម​ភ្ញៀវ​បរទេស​មក​ចាំ​មើល​សត្វ​ប្រចៀវ​នៅ​ភ្នំសំពៅ​ បាន​លើកឡើង​ថា​ វា​ពិតជា​ប្លែក​ណាស់​សម្រាប់​ពួកគេ​ ដោយ​ពីមុន​មក​មិនដែល​ឃើញ​ហ្វូង​សត្វ​ប្រចៀវ​ច្រើន​ដូចនេះ​ទេ​ ដោយ​នៅ​ប្រទេស​របស់​ពួកគេ​ធ្លាប់​ឃើញ​ត្រឹមតែ​ប្រមាណ​ ១០ក្បាល​អី​តែប៉ុណ្ណោះ​។

ភ្នំសំពៅ​ ស្ថិត​ក្នុង​ឃុំ​ភ្នំសំពៅ​ ស្រុក​បាណន់​ និង​មាន​រយៈ​ចម្ងាយ​ប្រមាណ​ជាង១២គីឡូម៉ែត្រ​ ពី​ក្រុង​បាត់ដំបង​។ ភ្នំ​នេះ​មាន​កំពស់​ប្រមាណ១០០ម៉ែត្រ​ មាន​កាំជណ្តើរ​ឡើង​ចំនួន១០៣០កាំ​។

នៅ​លើកំពូល​ភ្នំ​ដ៏​ល្បី​នេះ​ មាន​វត្ត​មួយ​ឈ្មោះថា​ វត្ត​គិរីរម្យ​ និង​មាន​ល្អាង​ រូងភ្នំ​ជាច្រើន​ សរុប​ទាំងអស់​ចំនួន១២​ ដែល​បច្ចុប្បន្ន​ បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ធំ​មួយ​ ក្នុង​ខេត្តបាត់ដំបង​៕

ក្រុម​អ្នកជំនាញ​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-ចិន​ នឹង​មិន​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ទេ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ក្រុម​អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​បាន​អះអាង​ថា​ សង្រ្គាម​ពាណិជ្ជកម្ម​រវាង​មហាយក្ស​សេដ្ឋកិច្ច​ចិន​-អាមេរិក​ នឹង​មិន​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​។

ប្រធាន​សមាគម​អ្នកជំនាញ​​អចលនទ្រព្យ​កម្ពុជា​លោក​ ឃាង​ ពុទ្ធី​បាន​មានប្រសាសន៍​ឲ្យដឹង​តាមរយៈ​ទូរស័ព្ទ​នៅ​ថ្ងៃទី​ ១១​ ខែមេសា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​នេះ​ នឹង​មិន​ប៉ះពាល់​ខ្លាំង​នោះ​ទេ​ ដោយ​សារតែ​ទីផ្សារ​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​មានកម្រិត​ បើ​ធៀប​ទៅ​នឹង​បណ្តា​ប្រទេស​ផ្សេងទៀត​ ហើយ​ទំហំ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ក៏​នៅ​មានកម្រិត​។

លោក​បន្ត​ថា​ “បើ​ទោះបី​ប៉ះពាល់​ ហើយ​ប៉ះពាល់​បន្តិចបន្តួច​ ហើយក៏​វា​មាន​រយៈពេល​យូរ​ និង​មិន​ប្រាកដប្រជា​ផង​ដែរ​”។ លោក​បន្ថែម​ថា​ “យ៉ាងណាក៏ដោយ​លោក​ថា​ ប៉ះពាល់​ ឬមិន​ប៉ះពាល់​អាស្រ័យ​លើ​ឥរិយាបទ​របស់​អ្នកវិនិយោគទុន​ និង​វិនិយោគទុន​អន្តរជាតិ​ ក្នុង​កា​រៀបចំ​គម្រោង​ក្នុង​ការទិញ​ ឬលក់​អចលនទ្រព្យ​ឲ្យបាន​ត្រឹមត្រូវ​ មានការ​ប្រយ័​ត្នប្រ​យ៉ែង​ខ្ពស់​ មាន​តម្លាភាព​ និង​ប្រកបដោយ​ជំនាញ​ និង​ចំណេះដឹង​របស់​ខ្លួន​”។

លោក​បន្ត​ថា​ បន្ថែម​ពីនេះ​រដ្ឋាភិបាល​ក៏បាន​រៀបចំ​ច្បាប់​ផ្សេង​ៗ ដើម្បី​ការពារ​ហានិភ័យ​ណាមួយ​កើតឡើង​ទាំង​អ្នក​អភិ​ឌ្ឍ​ និង​អតិថិជន​។ ប្រការ​នេះ​ មិន​មាន​អ្វី​ដែល​គួរឲ្យ​ព្រួយបារម្ភ​អ្វី​ឡើង​ ចំពោះ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​-ចិន​ ដែល​កើតឡើង​និង​បន្លាយ​រហូតមកដល់​ពេលនេះ​។

លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ និង​អ្នក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ទាំងអស់​កុំ​អោយ​មានការ​បារម្ភ​ខ្លាំងពេក​ចំពោះ​បញ្ហា​នេះ​ ហើយ​អា​ជី​កម្ម​ និង​វិនិយោគ​របស់​ខ្លួន​ដែល​មា​នប​ច្ចុ​បប្ប​នគួរតែ​បន្ត​ធ្វើសកម្មភាព​។

អ្នកនាង​ អាន​ សុធី​តា​ នាយិកា​ក្រុមហ៊ុន​ CBRE​ ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យដឹង​ដែរ​ថាតាមពិត​ទៅ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​ បាន​កើតឡើង​កន្លងមក​នេះ​ ជាយូរមកហើយ​ ហើយ​ការ​ចាប់ផ្តើម​ជាថ្មី​នេះ​ ក៏​នឹង​មិន​បង្ក​អោយ​មានផល​ប៉ះពាល់​ដល់ទី​ផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ឡើយ​។

អ្នកនាង​បន្ត​ថា​ “បើ​ទោះបី​ប៉ះពាល់​ក៏​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ខ្លាំង​ដែរ​ ព្រោះ​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​តូច​ បើ​ធៀប​ទៅ​នឹង​បណ្តាល​ទីផ្សារ​អចលនទ្រព្យ​នានា​ក្នុង​ប្រទេស​ដទៃ​ ហើយ​គម្រោង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ វា​មាន​ល្មម​គ្រប់គ្រាន់​សម្រាប់​ទីផ្សារ​របស់​កម្ពុជា​”។

លោក​ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​ឲ្យដឹង​ដែរ​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​-ចិន​ គឺ​មិន​មាន​បញ្ហា​ ឬជះឥទ្ធិពល​លើ​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ ដោយសារតែ​ជា​ប្រទេស​ពីរ​ផ្សេងគ្នា​។

លោក​បញ្ជាក់​ថា​ “បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​ គឺជា​ទ្វេភាគី​រវាង​ចិន​ និង​អាមេរិក​ វា​មិន​ពាក់ព័ន្ធ​លើ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ស្រុកខ្មែរ​នោះ​ទេ​”។

កាលពី​ថ្ងៃទី១០​ ឧសភា​កន្លងមក​នេះ​ រដ្ឋបាល​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ដូ​ណាល់​ ត្រាំ​បាន​ប្រកាស​ដំ​ឡើង​ពន្ឋ​លើ​មុខទំនិញ​ចិន​ជាច្រើន​ ដែល​មានតម្លៃ​ទឹកប្រាក់​រហូតដល់២៥០ពាន់​លាន​ដុល្លារ​អាមេរិក​ ជា​ការ​ឆ្លើយតប​ប្រទេស​ចិន​សន្យា​នឹង​ចាត់​វិធានការណ៍​ឆ្លើយតប​ផង​ដែរ​៕

អ្នកជំនាញ​ប្រាប់​ក្បួន​រកចំណូល​ដល់​ភ្នាក់ងារ​អចលនទ្រព្យ​ជាជាង​ដេកចាំ​ប្រាក់ខែ​

1

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ភាគច្រើន​បុគ្គលិក​ដែល​ចូល​បម្រើការ​ងារ​នៅក្នុង​ក្រុមហ៊ុន​ ឬស្ថាប័ន​ណាមួយ​ គឺ​តែងតែ​រំពឹង​ទៅលើ​ការ​ទទួល​បាន​ប្រាក់ចំណូល​ជា​បៀវត្សរ៍​ប្រចាំខែ​ តប​ទៅ​នឹង​ការ​ខិតខំ​បញ្ចេញ​កម្លាំង​ពលកម្ម​ ប៉ុន្តែ​សម្រាប់​ការបម្រើ​ការងារ​ផ្នែក​វិស័យ​អចលនទ្រព្យ​ក្នុងនាម​ជា​ភ្នាក់ងារ​វិញ​ ត្រូវ​បាន​អ្នកជំនាញ​បញ្ជាក់​ប្រាប់​ថា​ ការ​ដេក​ទន្ទឹងរង់ចាំ​ទទួល​តែ​ប្រាក់ខែ​គឺ​មិន​មាន​ភាព​រីកចម្រើន​នោះ​ទេ​ ប៉ុន្តែ​បើ​ចង់​ទទួល​បាន​ចំណូល​ច្រើន​ គឺ​ត្រូវតែ​ពង្រឹង​សមត្ថភាព​ក្នុង​ការ​លក់​ ទើប​អាច​ទទួល​បាន​កម្រៃ​ជើង​សារ​ច្រើន​។

ស្ថាបនិក​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century​21​ Dream​ Property​ លោក​ គាម​ សៀ​កឡុង​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ កាលពី​ព្រឹក​ថ្ងៃទី១១​ ខែឧសភា​ ឆ្នាំ២០១៩​ នេះ​ថា​ ជា​ផ្នត់គំនិត​ទូទៅ​ ចំពោះ​ការ​ចូល​បម្រើការ​ងារ​នៅក្នុង​ក្រុមហ៊ុន​មួយ​ គឺ​គេ​តែង​គិតទៅ​លើ​ប្រាក់ខែ​ ប៉ុន្តែ​ចំពោះ​ការងារ​នៅក្នុង​វិស័យ​អចលនទ្រព្យ​គឺ​មាន​ភាព​ខុសគ្នា​ពី​ការងារ​ទូទៅ​ ដោយសារតែ​នៅក្នុង​ការ​បំពេញភារកិច្ច​ជា​ភ្នាក់ងារ​អាច​ទទួល​បាន​កម្រៃជើងសា​រត​បទៅ​នឹង​លទ្ធផល​របស់​ពួកគេ​។

លោក​បាន​បន្ត​ទៀត​ថា​ “ការ​បំពេញ​តួនាទី​ជា​ភ្នាក់ងារ​លក់​អចលនវត្ថុ​ ប្រៀបបានទៅ​នឹង​ការ​ធ្វើជំនួញ​ផ្ទាល់ខ្លួន​យ៉ាង​ដូច្នោះ​ ហើយ​អ្វី​ដែល​ជា​ភាពល្អ​ប្រសើរ​ចំពោះ​ពួកគាត់​ គឺ​ពួកគាត់​មាន​ក្រុមហ៊ុន​ស្រាប់​រួច​ទៅ​ហើយ​ គ្រាន់តែ​គាត់​ខំប្រឹង​លើ​តួនាទី​របស់​គាត់​ដើម្បី​ទទួល​បាន​ចំណូល​ជាការស្រេច​”។ លោក​បន្ថែម​ថា​ “បើ​បុគ្គលិក​ផ្នែក​នេះ​ខំប្រឹង​កាន់តែ​ខ្លាំង​ ចំណូល​ដែល​ទទួល​បាន​កាន់តែ​ច្រើន​”។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក ​ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ តាម​ការសង្កេត​របស់​លោក​ ភាគច្រើន​អ្នក​ដែល​ចូល​បម្រើការ​ងារ​ក្នុងនាម​ជា​ភ្នាក់ងារ​អចន​ទ្រព្យ​ តែង​ប្រាថ្នា​ចង់បាន​ចំណូល​ជា​ប្រាក់បៀវត្សរ៍​ប្រចាំខែ​ជាជាង​ការ​ទទួល​បាន​កម្រៃ​ជើង​សារ​ ដែល​ទទួល​បាន​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​លក់​របស់​ខ្លួន​។

លោក​បាន​បន្ត​ថា​ “តាមពិត​ការ​ទន្ទឹងរង់ចាំ​ទទួល​ចំណូល​ពី​ប្រាក់ខែ​ វា​ប្រៀបបានទៅ​នឹង​ការ​ដាក់​សម្ពាធ​ និង​បិទ​ឱកាស​របស់​ខ្លួន​យ៉ាង​ដូច្នោះ​។ ភាព​ជាក់ស្ដែង​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ការងារ​ជា​ភ្នាក់ងារ​លក់​ អាច​មានលទ្ធភាព​ទទួល​បាន​ប្រយោជន៍​ និង​ចំណូល​ច្រើនជាង​ប្រាក់ខែ​ដោយ​ឥត​កំណត់​”។

​ឧទាហរណ៍​ ប្រសើ​នបើ​គាត់​ខំប្រឹង​លក់​អចលនវត្ថុ​លើ​គម្រោង១​ ដែល​មានតម្លៃ​រហូតដល់១លាន​ដុល្លារ​ ហើយ​កម្រៃជើងសា​ររបស់​គាត់​ទទួល​បាន៣ភាគរយ​ នោះ​មានន័យថា​ គាត់​នឹង​ទទួល​បាន​ចំណូល​ពី​ការ​លក់​រហូតដល់៣ម៉ឺន​ដុល្លារ​ឯណោះ​ ដូច្នេះ​បើ​ប្រៀប​ទៅ​នឹង​ប្រាក់ខែ​វិញ​ តើ​គាត់​ត្រូវ​ធ្វើការ​រយៈពេល​ប៉ុន្មាន​ខែ​ ទើប​អាច​ទទួល​បាន​ចំណូល​ខាងលើ​នេះ​។

ប្រធាន​សមាគម​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា​ នៅក្នុង​បណ្តា​ប្រទេស​ជឿនលឿន​ ដូចជា​ សិង្ហបុរី​ ហុងកុង​ តៃវ៉ាន់​ ក៏ដូចជា​ប្រទេស​ជប៉ុន​ជាដើម​ បុគ្គលិក​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ពួកគេ​មិន​ទទួលយក​ប្រាក់ខែ​នោះ​ទេ​ ប៉ុន្តែ​ពួកគេ​ព្យាយាម​បង្កើត​ទំនាក់ទំនង​ចងភ្ជាប់​បណ្តាញ​ឱ្យ​បាន​ច្រើន​ ពង្រឹង​សមត្ថភាព​ក្នុង​ការ​លក់​ ដើម្បី​អាច​ទទួល​បាន​ចំណូល​ពី​កម្រៃជើងសា​ររបស់​ពួកគេ​៕

កំនើ​នប្រ​ជា​សាស្ត្រ​ និង​ទេសចរណ៍​កំពុង​ទាក់ទាញ​អ្នក​វិនិយោគ​ជាច្រើន​ទៅ​កាន់​ខេត្តសៀមរាប​

0

ដោយ​ ស៊ីវ​ ម៉េ​ង

សៀម​រា​បៈ​ ងាក​ចេញពី​វិស័យ​ទេសចរណ៍​ ខេត្តសៀមរាប​បាន​និង​កំពុង​ទាក់ទាញ​ការ​វិនិយោគ​ពី​អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​ ដើម្បី​ចាប់ផ្តើម​អភិវឌ្ឍន៍​គំរោង​លំនៅ​ដ្ឋាន​ និង​វិស័យ​អចលនទ្រព្យ​ដែល​កំពុង​រីកចម្រើន​នៅ​កម្ពុជា​។

ជាមួយនឹង​ការ​មកដល់​នូវ​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិសាសន៍​ ខេត្តសៀមរាប​ក៏បាន​និង​កំពុង​ទាក់ទាញ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ចូល​ទៅ​រស់នៅ​ និង​ប្រកប​អាជីវកម្ម​នានា​តាម​ជំនាញ​របស់​ពួកគេ​ផង​ដែរ​។

អភិបាលក្រុង​សៀមរាប​ លោក​នួន​ ពុទ្ឋា​រ៉ា​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី៨​ ឧសភា​កន្លងមក​ថា​ រហូត​មកទល់​ពេលនេះ​ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​សៀមរាប​បាន​កើនឡើង​ដល់​ប្រមាណ២៦០​,០០០នាក់​ហើយ​ និង​កំពុង​មា​នកំនើន​ថែមទៀត​ ដែល​ជាប្រចាំ​តង់​ស៊ី​តេ​ប្រជាពលរដ្ឋ​ចូល​មក​រស់នៅ​ ក្នុង​ក្រុង​សៀមរាប​កើនឡើង​ចន្លោះ​ពី៣ទៅ៥ភាគរយ​ជាប្រចាំ​។

លោក​បន្ត​ថា​ “ការ​កើនឡើង​នូវ​វត្តមាន​ប្រជាពលរដ្ឋ​នៅក្នុង​ទីក្រុង​ ដោយសារ​ការ​រីកចម្រើន​ផ្នែក​វិស័យ​ទេសចរណ៍​ និង​កត្តា​ជាច្រើន​ទៀត​”។

ក្រុង​សៀមរាប​ បច្ចុប្បន្ន​មាន​ភូមិ​ចំនួន៩៩​ និង​សង្កាត់​ចំនួន១២​ ខណៈ​ខេត្ត​នេះ​មាន​ស្រុក​និង​ក្រុង​សរុប​ចំនួន១២​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ លោក​ធួន​ ស៊ី​ណា​នបាន​មានប្រសាសន៍​ថា​ ដី​នៅក្នុង​ទីក្រុង​សៀមរាប​មាននៅ​សល់ទំនេរ​ច្រើន​ ហើយ​ការ​អភិវឌ្ឍ​ក្នុង​ទីក្រុង​ត្រូវតែ​មានការ​វិវត្ត​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ជា​រឿង​ធម្មតា​។ លោក​បន្ត​ថា​ ការ​កើនឡើង​នូវ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ​នឹង​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស​ កាន់តែ​ច្រើន​ថែមទៀត​មកកាន់​ខេត្តសៀមរាប​កាន់តែ​កើនឡើង​ថែមទៀត​។ លោក​បន្ត​ថា​ នៅ​ខេត្តសៀមរាប​ចំនួន​សណ្ឋាគារ​មិនខ្វះទេ​ តែ​ក្រៅពី​ប្រាសាទបុរាណ​ មាន​រមណីយដ្ឋាន​ធម្មជាតិ​កែច្នៃ​នៅ​មានកម្រិត​ ហើយ​ការគ្រប់គ្រង​ក៏​មិនទាន់​បាន​ល្អ​ប្រសើរ​នៅឡើយ​ ដូចជា​រមណីយដ្ឋាន​ភ្នំ​គូលែន​ជាដើម​។

លោក​បន្ត​ថា​ “ទាក់ទង​ការ​វិនិយោគ​បុរី​លំនៅ​ដ្ឋាន​ក្នុង​ខេត្ត​នេះ​ ខ្ញុំ​មិនបាន​ច្បាស់​ទេ​ តែ​អាច​មានការ​សិក្សា​ពី​អ្នក​វិនិយោគ​ច្បាស់លាស់​ហើយ​ ទើប​ពួកគេ​វិនិយោគ​ទឹកប្រាក់​រាប់​លាន​ដុល្លារ​អាមេរិក​”។

យោង​តាម​របាយការណ៍​ពី​គ្រឹះស្ថាន​អង្គរ​ ដែល​ចេញ​ផ្សាយ​ថ្មី​ៗនេះ​បាន​បង្ហាញថា​ កាលពី​ឆ្នាំ២០១៨ចំនួន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ប្រមាណ២​,៥លាន​នាក់​ កើនឡើង៥​,៤ភាគរយ​ធៀប​នឹង​ឆ្នាំ២០១៧​។ ចំណែក​រយៈពេល៤ខែ​ដើមឆ្នាំ២០១៩នេះ​ ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន៩៧៣​,៣០៥​ នាក់​រយៈពេល៤ខែ​ដើមឆ្នាំ​ ២០១៩​។

លោក​ពេជ្រ​ សុ​ប៉ុន​តារា​ប្រធាន​ផ្នែក​បង្កើន​ជើងហោះហើរ​នៃ​ក្រុមហ៊ុន​អាកាសយាន​ដ្ឋាន​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ព្រលា​នយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​កាលពី​ឆ្នាំមុន​ទទួលភ្ញៀវ​ឆ្លងកាត់​ចំនួន៤​,៥លាន​នាក់​ និង​ដោយមាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន៣៧កំពុង​ហោះហើរ​ឡើងចុះ​ជាប្រចាំ​នៅ​ព្រលា​នយន្តហោះ​នេះ​។លោក​បន្ត​ថា​ សំរាប់​ឆ្នាំ២០១៩នេះ​ យើង​រំពឹង​ថា​ចំនួន​ភ្ញៀវ​ឆ្លង​កា​ត់​ព្រលា​នយន្តហោះ​នេះ​ នឹង​នៅតែ​មាន​ភាពល្អ​ប្រសើរ​ បើ​ទោះជា​អាច​ស្ថិត​ក្នុង​ស្ថានភាព​ទ្រឹង​ក៏ដោយ​។

លោក​បន្ត​ថា​ “ខេត្តសៀមរាប​ គួរ​មាន​ផលិតផល​ទេសចរណ៍​ថ្មី​បន្ថែម​ទៀត​ ក្រៅពី​តំបន់​រមណីយដ្ឋាន​អង្គរ​ ដើម្បី​បង្កើន​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​មក​ទស្សនា​ និង​ស្នាក់នៅ​កាន់តែ​យូរ​នៅ​កម្ពុជា​”។

បច្ចុប្បន្ន​ក្រុមហ៊ុន​អង្គរ​លែ​នដ៏​ម៉ាក​ បាន​និង​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​ថៃ​ និង​កូរ៉េ​ចំនួន៣​ ដើម្បី​សាងសង់​រមណីយដ្ឋាន​ និង​ផ្សា​រប​ណ្តែង​ទឹកជា​លើកដំបូង​នៅក្នុង​ស្រុក​បន្ទាយស្រី​ ដែល​ស្ថិតនៅ​លើ​ផ្ទៃដី៥០ហិ​កតា​ និង​គ្រោង​បោះទុន​វិនិយោគ​២០០លាន​ដុល្លារ​អាមេរិក​៕

ទូត​ហ្វីលីពីន​សន្យា​ជួយ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ទេសចរណ៍​ជាមួយ​កម្ពុជា​

0

ដោយ​ វុត្ថា

​ភ្នំពេញ​៖ ឯកអគ្គ​រដ្ឋទូត​ហ្វីលីពីន​ចប់​អាណត្តិ​នៅ​កម្ពុជា​ លោក​ Christopher​ B. Montero​ បាន​សន្យា​ថា​ នឹង​នៅតែ​ជួយ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​ និង​វិស័យ​កីឡា​រវាង​កម្ពុជា​-ហ្វីលីពីន​ ទោះបី​លោក​ត្រូវ​រដ្ឋាភិបាល​ហ្វីលីពីន​ប្ដូរ​ទៅ​ធ្វើ​អគ្គរដ្ឋទូត​នៅ​ប្រទេស​ផ្សេងទៀត​ក៏ដោយ​។

លោក​ Montero​ នៅក្នុង​ជំនួប​ជាមួយ​លោក​ ថោង​ ខុន​ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​ នៅ​ថ្ងៃទី១០​ ខែឧសភា​ ឆ្នាំ​២០១៩​ ម្សិលមិញ​ បាន​លើកឡើង​ថា​ ក្នុង​ពេល​បំពេញបេសកកម្ម​នៅ​កម្ពុជា​ជាង៤ឆ្នាំ​មកនេះ​ បាន​មើលឃើញ​ពី​ភាព​រីកចម្រើន​របស់​កម្ពុជា​ ក្រោមម្លប់​សុខ​សន្តិភាព​ ស្ថិរភាព​នយោបាយ​ ហើយ​អគារ​ខ្ពស់​ៗក៏​កាន់តែ​ផុស​ត្រដែត​ឡើង​ច្រើន​ទៅៗ​។

លោក​ក៏បាន​កោតសរសើរ​ពី​ការ​រីកចម្រើន​លើ​វិស័យ​ទេសចរណ៍​កម្ពុជា​ផង​ដែរ​ ដោយ​កម្ពុជា​-ហ្វីលីពីន​បាន​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយគ្នា​កាន់តែ​ជិតស្និទ្ធ​ ក្នុង​នោះ​កម្ពុជា​-ហ្វីលីពីន​ក៏បាន​ភ្ជាប់​ជើងហោះហើរ​ត្រង់​ជាមួយគ្នា​ តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍​ Philippines​ Airline​ ដែល​បាន​និង​កំពុង​ហោះ​ត្រង់​ទៅមក​ ភ្នំពេញ​-ម៉ានីល​ ក្នុង​មួយ​អាទិត្យ​ ៥ជើង​ បន្ថែម​ពីលើ​កិច្ចប្រតិបត្តិ​ការហោះហើរ​មួយ​អាទិត្យ​ ៤ជើង​ ម៉ានីល​-សៀមរាប​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​សេ​ប៊ូ​ប៉ាស៊ីហ្វិក​។

លោក​រដ្ឋមន្ត្រី​ ថោង​ ខុន​ បាន​ស្នើ​ដល់​លោក​ Montero​ ជួយ​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កម្ពុជា​-ហ្វីលីពីន​ឱ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត​ ពិសេស​លើ​វិស័យ​ទេសចរណ៍​ និង​វិស័យ​កីឡា​។ ពាក់ព័ន្ធ​នឹង​វិស័យ​កីឡា​នេះ​ លោក​ រដ្ឋមន្ត្រី​ក៏បាន​ផ្ដាំ​តាមរយៈ​លោក​អគ្គរដ្ឋទូត​ Montero​ អញ្ជើញ​កីឡាករ​ពិភពលោក​របស់​ហ្វីលីពីន​ ម៉ា​នី​ ប៉ាហ្គី​អ័វ​ ដែល​បច្ចុប្បន្ន​ជាស​មា​ជិ​កព្រឹទ្ធសភា​ហ្វីលីពីន​ផង​នោះ​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​សាជាថ្មី​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​កីឡា​ជាមួយគ្នា​បន្ថែម​ទៀត​។

ពិសេស​ជាង​នេះ​ទៅទៀត​ លោក​រដ្ឋមន្ត្រី​ ថោង​ ខុន​ ក៏បាន​ស្នើ​ដល់​លោក​អគ្គរដ្ឋទូត​ Montero​ ជួយ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​កម្ពុជា​ដល់​ភ្ញៀវ​ទេសចរ​នៅ​ប្រទេស​ទីបី​ ដែល​លោក​នឹង​ផ្លាស់ទៅ​បំពេញបេសកកម្ម​ជាឯក​អគ្គរដ្ឋទូត​ថ្មី​ នា​ពេល​អនាគត​នោះ​។

លោក​អគ្គរដ្ឋទូត​ហ្វីលីពីន​បាន​កត់សម្គាល់​ឃើញថា​ ក្នុងរយៈពេល​បំពេញបេសកកម្ម​នៅ​កម្ពុជា​ជាង ៤ឆ្នាំ​មកនេះ​ គឺ​ការ​រីកចម្រើន​របស់​កម្ពុជា​ទាំង​ផ្នែក​សង្គម​-សេដ្ឋកិច្ច​ និង​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​ ព្រមទាំង​ពេញចិត្ត​នឹង​ការ​ទទួល​បដិសណ្ឋារ​កិច្ច​ និង​ទំនាក់ទំនង​របស់​ថ្នាក់ដឹកនាំ​ មន្ត្រី​រាជការ​ និង​ប្រជាពលរដ្ឋ​កម្ពុជា​ទៀតផង​៕

រដ្ឋាភិបាល​កូរ៉េ​ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ​ ១,២លាន​ដុល្លារ ​ក្នុង​ការ​គាំទ្រ​ដល់​ការ​កសាង​សមត្ថភាព​ស្ថាប័ន​កម្ពុជា​

0

ដោយ ម៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​ បានសម្រេច​ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ១​,២លាន​ដុល្លារ​អាមេរិក​ ក្នុង​ការ​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការអភិវឌ្ឍន៍​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ និង​គោ​នយោបាយ​ចម្បង​ៗរបស់​ខ្លួន​ តាមរយៈ​ការ​កសាង​សមត្ថភាព​ស្ថាប័ន​។

គម្រោង​នេះ​ មាន​រយៈពេល៣០ខែ​ (ចាប់ពី​ខែឧសភា​ ឆ្នាំ២០១៩​ ដល់​ ខែតុលា​ ឆ្នាំ២០២១​) ក្រោម​ការ​ផ្តល់​ហិរញ្ញប្បទាន​គិតជា​ទឹកប្រាក់​ប្រមាណ​ ១,២ ដុល្លា​អាមេរិក​នេះ​ បាន​មក​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​ ដែល​នឹង​ត្រូវ​អនុវត្ត​ដោយ​អង្គការ​ UNIDO​ ក្រោម​មូលនិធិ​អភិវឌ្ឍ​ឧស្សាហកម្ម​។

គម្រោង​នេះ​ ត្រូវ​បាន​ប្រកាស​ឡើង​ក្រោម​លោក​សា​រុន​ ឬទ្ធា​ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ និង​លោកស្រី​ Songmin​ SONG​ លេខា​ទី១​ នៃ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​ និង​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់​ព័ន្ឋជាច្រើន​ទៀត​។

ដៃគូ​សំ​ខាន់​ៗរួមមាន​៖ ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ និង​ក្រសួងទេសចរណ៍​។

គម្រោង​នេះ​មាន​គោលបំណង​ចំនួន២ធំៗ​ ទី១​ បង្កើន​សមត្ថភាព​ដល់​មន្ត្រី​រាជរដ្ឋាភិបាល​ ជាពិសេស​ថ្នាក់ដឹកនាំ​ទទួលបន្ទុក​ ដែល​មានសមត្ថកិច្ច​រៀបចំ​គោលនយោបាយ​អភិ​វឌ្ឍ​ឧស្សា​កម្ម​ ក៏ដូចជា​បង្កើន​ការយល់​ដឹង​បន្ថែម​អំពី​បទពិសោធន៍​នៃ​ការ​អនុ​វត្ត​ល្អ​ៗពី​ បណ្តា​ប្រទេស​មួយចំនួន​ រួម​ទាំង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ និង​ឧបសគ្គ​ដែល​ប្រទេស​កម្ពុជា​ កំ​ពុង​ជួប​ប្រ​ទៈ​ក្នុង​ការ​អភិវឌ្ឍ​ វិស័យ​ឧស្សាហកម្ម​ និង​ទី២​ ការពិចារណា​អំពី​លទ្ធភាព​នៃ​ការ​ធ្វើ​វិសោធនកម្ម​គោលនយោបាយ​អភិវឌ្ឍន៍​ ឧស្សាហកម្ម​កម្ពុជា​ឲ្យបាន​សមស្រប​ទៅតាម​បរិបទ​នៃ​ការវិវត្តន៍​របស់​ឧស្សាហកម្ម​៕

ចំណេះដឹង​! និ​តិ​វិធី​នៃ​ការ​អនុវត្ដ​ការ​បង់ពន្ធ​លើ​អចលនទ្រព្យ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ពន្ធ​លើ​អចលនទ្រព្យ​ tax​ on​ real​ property​ មាន​អានុភាព​ទាំង​ផ្នែក​សេដ្ឋកិច្ច​ និង​រដ្ឋបាល​។ ពន្ធ​នេះ​ គឺជា​ ប្រភព​ហិរញ្ញវត្ថុ​ដ៏​សំខាន់​ របស់​រដ្ឋបាល​មូលដ្ឋាន​ និង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ការប្រើ​ប្រាស់​ដីធ្លី​។

ក. អ្នកជាប់ពន្ធ​

អ្នកជាប់ពន្ធ​ Taxpayer​ គឺជា​រូប​វន្ដ​បុគ្គល​ ឬនីតិបុគ្គល​ដែល​ជា​កម្មសិទ្ធិករ​ ឬអ្នកកាន់កាប់​ ឬអ្នកទទួល​ ប្រយោជន៍​ចុងក្រោយ​លើ​អចលនទ្រព្យ​ទាំងមូល​ ឬប្រភេទ​អចន​ទ្រព្យ​ណាមួយ​ ដូច​មាន​ចែង​ក្នុង​កថាខណ្ឌ​ទី១​ នៃ​ប្រការ៣​ នៃ​ប្រកាស​លេខ​ ៤៩៣​ សហវ.ប្រក​ ចុះ​ថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ២០១០​ ស្ដីពី​ការ​ប្រមូល​ពន្ធ​លើ​អចលនទ្រព្យ​។

កម្មសិទ្ធិករ​សំដៅ​ដល់​ រូប​វន្ដ​បុគ្គល​ឬនីតិបុគ្គល​ ដែល​មាន​ប័ណ្ណ​សម្គាល់​សិទ្ធិ​ឬប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ អចលនវត្ថុ​ ឬវិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ ដែល​ចេញ​ដោយ​រដ្ឋបាល​សុរិយោដី​។ ផ្ទុយទៅវិញ​ អ្នកកាន់កាប់​ សំដៅ​ដល់​ រូប​វន្ដ​បុគ្គល​ ឬនីតិបុគ្គល​ ដែល​គ្មាន​ប័ណ្ណ​សម្គាល់​សិទ្ធិ​ ឬប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ ឬវិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ ដែល​ចេញ​ដោយ​រដ្ឋបាល​សុរិយោដី​។

ដោយឡែក​អ្នកទទួល​ប្រយោជន៍​ចុងក្រោយ​ សំដៅ​ដល់​រូប​វន្ដ​បុគ្គល​ ឬនីតិបុគ្គល​ ដែល​ទទួល​នូវ​សិទ្ធិ​ប្រើប្រាស់​ សិទ្ធិ​អាស្រ័យផល​សិទ្ធិ​ចាត់ចែង​ និង​សិទ្ធិ​អាស្រ័យ​នៅ​ចុងក្រោយ​លើ​អចលនទ្រព្យ​។

ខ. កាតព្វកិច្ច​របស់​អ្នកជាប់ពន្ធ​

ផ្អែក​តាម​ចំណុច​ ២ នៃ​សេចក្ដីជូនដំណឹង​លេខ០០៦​ ម្ចាស់​អចលនទ្រព្យ​ទាំងអស់​ ទោះ​ត្រូវ​ជាប់​ឬមិន​ត្រូវ​ ជាប់ពន្ធ​លើ​អចលនទ្រព្យ​ក្ដី​ ត្រូវ​បំពេញ​ព័ត៌មាន​អចលនទ្រព្យ​របស់​ខ្លួន​ ក្នុង​ទម្រង់​លិខិត​ ព័ត៌មាន​អចលនទ្រព្យ​ (ឧប​សម្ព័ន្ធ​) ផ្ដល់​ឱ្យ​ដោយសា​លា​សង្កាត់​ ហើយ​ត្រូវ​ប្រគល់​ឱ្យ​សាលាសង្កាត់​វិញ​ ក្នុងរយៈពេល​យ៉ាង​យូរ១០ថ្ងៃ​ នៃ​ថ្ងៃធ្វើការ​បន្ទាប់ពី​បាន​ទទួល​ទម្រង់​លិខិត​ព័ត៌មាន​អចលនទ្រព្យ​នោះ​។

អ្នកជាប់ពន្ធ​ taxpayer​ មាន​កាតព្វកិច្ច​ត្រូវ​ចុះបញ្ជី​ ដាក់​លិខិត​ប្រកាស​ (ឧប​សម្ព័ន្ធ​)និង​បង់ប្រាក់​ពន្ធ​ជូន​ រដ្ឋបាល​សារពើពន្ធ​ក្នុង​ភូមិ​សា​ស្ដ្រ ដែល​អចលនទ្រព្យ​នោះ​ស្ថិតនៅ​។ ចំពោះ​អ្នកជាប់ពន្ធ​ដែល​មាន​អចលនទ្រព្យ​ច្រើន​ ការចុះបញ្ជី​ការ​ដាក់​លិខិត​ប្រកាស​ និង​ការ​បង់ប្រាក់​ពន្ធ​លើ​អចលនទ្រព្យ​ដាច់​ដោយ​ឡែ​កៗ​ពីគ្នា​ដែរ​៕

ក្រុមអ្នកជំនាញគ្រើនរំលឹកឱ្យបង្កើនការប្រុងប្រយ័ត្នលើជំនួញអចលនទ្រព្យ​

1

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រឿងអាស្រូវ​ក្នុង​វិស័យ​អចលនទ្រព្យ​ ពិសេស​គំរោង​ដី​ឡូត៍​ខ្យល់​បាន​ចាប់ផ្តើម​ ដែល​ធ្វើឲ្យ​រដ្ឋាភិបាល​បាន​ចេញ​សារ​ណែ​នាំ​ដល់់​ប្រជាពលរដ្ឋ​ ត្រូវ​សិក្សា​មូលដ្ឋាន​ច្បាប់​បទដ្ឋាន​គតិយុត្តិ​នានា​ ដើម្បី​ជៀស​ផុត​ពី​ហានិភ័យ​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​នេះ​។

ករណីនេះ​ ត្រូវ​បាន​អ្នកជំនាញ​នៅក្នុង​វិស័យ​មួយ​នេះ​បង្ហើរ​សារ​ព្រមាន​ និង​ទទូច​សុំ​ឱ្យ​បណ្តា​អ្នក​វិនិយោគ​ ដែល​ស្ថិតនៅ​ក្នុង​វិស័យ​រួមគ្នា​ត្រូវ​គោរព​ និង​អនុវត្ត​ទៅតាម​គោលការណ៍​ច្បាប់​ ប្រកបដោយ​ភាព​ស្មោះត្រង់​ ចៀសវាង​កើតមាន​ហានិភ័យ​ដល់​ខ្លួន​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​ កាលពី​រសៀល​ថ្ងៃទី១០​ ខែឧសភា​ នេះ​ថា​ មិនថា​ទោះជា​ក្នុង​រូបភាព​ណា​នោះ​ទេ​ ឱ្យ​តែ​ជាសកម្ម​ភាព​ដែល​ប្រាសចាក​ពី​ច្បាប់​ គ្មាន​ក្រមសីលធម៌​ ខ្វះ​វិជ្ជាជីវៈ​ក្នុងនាម​ជា​ភ្នាក់ងារ​ ឬជា​ក្រុមហ៊ុន​ដែល​កំពុង​វិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ​គឺ​មិន​ត្រូវ​អនុវត្ត​នោះ​ទេ​។

​លោក​បន្ត​ទៀត​ថា​ ​“អ្វី​ដែល​សំខាន់​នោះ​គឺ​អតិថិជន​ខ្លួនឯង​ មុន​ពេល​សម្រេចចិត្ត​ទិញ​ គឺ​ត្រូវតែ​មានការ​សិក្សា​ស្វែងយល់​ឱ្យ​បាន​ច្បាស់​ថា​ ក្រុមហ៊ុន​ឬភ្នាក់ងារ​នោះ​មាន​ប្រវត្តិ​បែប​ណា​ មានការ​បញ្ជាក់​ និង​ទទួលស្គាល់​ពី​ក្រសួង​ឬទេ​ មាន​ប័ណ្ណ​សម្គាល់​ជា​ម្ចាស់​អចលនទ្រព្យ​ដែល​កំពុង​ដាក់​លក់​ ឬទេ​ ដើម្បី​ចៀសវាង​ការខាតបង់​”។

ជាមួយគ្នា​នេះ​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century​21​ Fortuna​ Investment​ លោក​ វ៉ា​ វីរៈ​ បាន​មានប្រសាសន៍​ថា​ ក្រុមហ៊ុន​អចលនទ្រព្យ​ពិតប្រាកដ​គឺ​ត្រូវ​មានការ​ចុះបញ្ជី​ និង​មានការ​ទទួលស្គាល់​ពី​ស្ថាប័ន​ចំនួន៣​ រួមមាន​នៅ​ក្រសួង​ពាណិជ្ជកម្ម​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ រួម​ជាមួយនឹង​ខាង​អគ្គនាយក​ដ្ឋាន​ពន្ធ​ដា​ ដូច្នេះ​ដើម្បី​បាន​ក្លាយជា​ក្រុម​ហ៊ុន​អល​ចលនទ្រព្យ​ពេញលក្ខណៈ​ និង​ស្របច្បាប់​គឺ​ត្រូវតែ​មានការ​ចុះបញ្ជី​នៅ​ស្ថាប័ន​ទាំង៣ខាងលើ​នេះ​ ដោយមាន​វិញ្ញាបនបត្រ​បញ្ជាក់​។

លោក​បាន​បញ្ជាក់​ទៀត​ថា​ “អ្នកខ្លះ​មិនមែន​ជា​ក្រុមហ៊ុន​ស្របច្បាប់​នោះ​ទេ​ ប៉ុន្តែ​តាំងខ្លួនជា​ក្រុមហ៊ុន​ដើម្បី​ស្វែងរក​ផលប្រយោជន៍​ ក្នុង​រូបភាព​បោកបញ្ឆោត​”។ លោក​បន្ត​ថា​ “ចំណុច​នេះ​ រដ្ឋាភិបាល​គួរតែ​មាន​វិធានការ​ឱ្យ​បាន​ម៉ត់ចត់​ ដើម្បី​ដាក់ទោស​ទៅលើ​ជនខិលខូច​ទាំងនេះ​ ដើម្បី​បញ្ឈប់​សកម្មភាព​បែប​អវិជ្ជមាន​ ដែល​អាច​ប៉ះពាល់​ដល់​អ្នកដទៃ​ ក៏ដូចជា​សាយភាយ​កេរ្តិ៍ឈ្មោះ​មិនល្អ​នៅក្នុង​វិស័យ​អចលនទ្រព្យ​”។

​;លោក​បន្ត​ថា​ ដោយឡែក​ចំពោះ​អ្នកទិញ​ ក៏​ត្រូវតែ​មានការ​ប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ និង​គួរតែ​ពិនិត្យ​ឯកសារ​ពាក់ព័ន្ធ​ផ្លូវ​ច្បាប់​ផ្សេង​ៗ មាន​ប្លង់​មេ​ក្នុង​ការអភិវឌ្ឍន៍​ត្រឹមត្រូវ​ដែរ​ឬទេ​ ជាពិសេស​ម្ចាស់​គម្រោង​មាន​ប័ណ្ណ​សម្គាល់​ជា​ម្ចាស់​កម្មសិទ្ធិ​ ដែល​ទទួលស្គាល់​ដោយ​អជ្ញា​ធរ​ជាដើម​។

លោក​ឧកញ៉ា​ តេង​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​ R Investment​ Group​បាន​មានប្រសាសន៍​ប្រាប់​ទូរស័ព្ទ​ផង​ដែរ​ថា​ នៅពេល​មានហេតុ​ការណ៍​អាក្រក់​ ដូចជា​ការ​លក់​គម្រោង​ខ្យល់​ លក់​ដី​ខ្យល់​ ដែល​ជា​ការបោកប្រាស់​នោះ​ គឺ​វា​ពិតជា​ជះឥទ្ធិពល​ដល់​វិស័យ​ដែល​កំពុងតែ​វិនិយោគ​រួមគ្នា​ ហើយ​វា​ក៏​អាច​ជះ​ឥទ្ថិ​ពល​អាក្រក់​ដក់ជាប់​ ក្នុង​អារម្មណ៍​របស់​មហាជន​ទូទៅ​ផង​ដែរ​។

​លោក​បន្ត​ទៀត​ថា​ “ខ្ញុំ​គិតថា​ រដ្ឋាភិបាល​គួរតែ​មានច្បាប់​សម្រាប់​ កំណត់​ទោស​ទៅលើ​ជនខិលខូច​ឱ្យ​បាន​ច្បាស់​ និង​គួរ​ការពារ​ជនរងគ្រោះ​ដែល​ជា​ប្រជាពលរដ្ឋ​ស្មោះត្រង់​ និង​ត្រូវ​បាន​គេ​បោកប្រាស់​”។ លោក​បន្ត​ថា​ “អតិថិជន​វិញ​គឺ​មិន​ត្រូវ​ឆាប់​ជឿ​ទុកចិត្ត​ទៅលើ​ការឃោសនា​ដែល​ជា​ការ​អូសទាញ​នោះ​ទេ​ ប៉ុន្តែ​គួរតែ​មានការ​ពឹង​អាស្រ័យ​ជាមួយ​ក្រុមហ៊ុន​ជំនាញ​ដែល​ជា​ភ្នាក់ងារ​ស្របច្បាប់​ធ្វើជា​ជំនួយ​ ដើម្បី​ចៀសវាង​ជួប​ហានិភ័យ​ និង​ខាតបង់​ផលប្រយោជន៍​”។

ជាមួយគ្នា​នេះ​ រដ្ឋាភិបាល​បានសម្រេច​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ ជូន​ដល់​សាធារណៈ​ជន​ទូទៅ​ ឱ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​មុន​ពេល​សម្រេចចិត្ត​ ទិញ​អចលនទ្រព្យ​ ដែល​រួមមាន​ប្រភេទ​ដី​ឡូ​តិ៍​ គម្រោង​ដីចម្ការ​ និង​លំនៅ​ដ្ឋាន​ ចៀសវាង​កើតមាន​ករណី​បាញ់​បោក​ឈ្មួញ​ទុ​ច្ច​រឹត​ ធ្វើ​ឱ្យ​ការខាតបង់​ទ្រព្យសម្បត្តិ​៕