ដោយ Donald Lee
ភ្នំពេញ៖ ប្រធានាធិបតីអាមេរិក Donald Trump បានយល់ព្រមពន្យាពេលការដំឡើងពន្ធថ្មី ដែលត្រូវបានកំណត់សម្រាប់ថ្ងៃទី១ខែតុលា តាមសំណើរបស់រដ្ឋាភិបាលចិន ដែលគ្រោងនឹងរៀបចំពិធីដ៏ធំមួយសម្រាប់ខួបលើកទី៧០ នៃសាធារណរដ្ឋប្រជាមានិតចិន។
លោក Liu He ឧបនាយករដ្ឋមន្ត្រីនៃប្រទេសចិន បានធ្វើការស្នើសុំផ្ទាល់ទៅកាន់ប្រធានាធិបតីអាមេរិក Trump។
ការដំឡើងពន្ធនឹងប៉ះពាល់ដល់ទំនិញចិន ដែលមានតម្លៃ២៥០ពាន់លានដុល្លារ។ ពន្ធនេះនឹងចូលជាធរមាននៅថ្ងៃទី១៥ ខែ តុលា ពីរសប្តាហ៍បន្ទាប់ពីកាលបរិច្ឆេទដើម។
ការសរសេររបស់លោក Trump នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter កាលពីថ្ងៃពុធបានឲ្យដឹងថា “តាមសំណើរបស់ឧបនាយករដ្ឋមន្រ្តីចិន លោក Liu He ហើយដោយសារតែសាធារណរដ្ឋប្រជាមានិតចិន នឹងប្រារព្ធខួបលើកទី៧០របស់ពួកគេ នៅថ្ងៃទី១ ខែតុលា យើងបានព្រមព្រៀងគ្នាជាកាយវិការនៃឆន្ទៈល្អ ក្នុងការផ្លាស់ប្តូរការដំឡើ ពន្ធលើទំនិញចំនួន ដែលមានតម្លៃ២៥០ពាន់លានដុល្លារ (២៥% ទៅ ៣០%) ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី១៥ ខែតុលា”។
សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបានបំផ្លាញសេដ្ឋកិច្ចពិភពលោក និងជាផ្នែកសំខាន់មួយនៃសេដ្ឋកិច្ចពិភពលោកឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ច។
វិនិយោគិនអាស៊ី កំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីរបៀបដែលសង្គ្រាមពាណិជ្ជកម្មនឹងជះឥទ្ធិពល ដល់កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី។
ការស្ទង់មតិថ្មីមួយរបស់ក្រុមហ៊ុន RBC Wealth Management និងក្រុមហ៊ុន The Economist Intelligence Unit បានរកឃើញថា វិនិយោគិន៨០ភាគរយ បានផ្តោតខ្លាំងទៅលើសេដ្ឋកិច្ចពិភពលោក និងផលប៉ះពាល់ដែលវា នឹងមានទៅលើផលប័ត្ររបស់ពួកគេ។
លោក Terence Chow នាយកប្រតិបត្តិនៃក្រុមហ៊ុន RBC បានថ្លែងប្រាប់បណ្តាញសារព័ត៌មានហុងកុងថា “ដោយសារតែសេដ្ឋកិច្ចអាស៊ី ត្រូវបានពឹងផ្អែកខ្លាំងលើពាណិជ្ជកម្មច្រើនជាងអាមេរិក វាហាក់ដូចជាមានផលវិបាក ដែលអាស៊ីមានការព្រួយបារម្ភបំផុតអំពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល”៕






