ដោយ វុត្ថា
ភ្នំពេញៈ គណៈកម្មាធិការវិនិយោគកម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងវិនិយោគរបស់ក្រុមហ៊ុនវិនិយោគចំនួន៩ ដែលមានទឹកប្រាក់៣២៥លានដុល្លារអាមេរិក ដែលវិនិយោគដោយវិនិយោគិនក្នុងស្រុកនិងបរទេស។
ក្នុងចំណោមគំរោងវិនិយោគនោះរួមមាន រោងចក្រផ្គុំដំឡើងអំពូលភ្លើង និងសម្ភារៈបរិក្ខាអគ្គិសនី រោងចក្រកែច្នៃគ្រឿង សំណង់ រោងចក្រ កែច្នៃផ្លែឈើគ្រប់ប្រភេទ ជាពិសេសគម្រោងអភិវឌ្ឍន៍ សណ្ឋាគារថ្នាក់ផ្កាយ៥ នៅមជ្ឈមណ្ឌលទេសចរណ៍នៅ “តារាសាគរ ឈូងសមុទ្រវែង” ដែលមានទុនសរុបជាង ៣២៥លានដុល្លារអាមេរិក។
យោងតាមការចេញផ្សាយរបស់គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល២សប្តាហ៍ នៅដើមខែកញ្ញា ឆ្នាំ២០១៩ នេះ បានបង្ហាញថា ការវិនិយោគ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ឯកជន ក្នុងនោះ គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន វិនិយោគចំនួន៩ គម្រោង ដែលមានគម្រោងវិនិយោគផ្សេងៗគ្នា នៅក្រៅតំបន់ សេដ្ឋកិច្ច ពិសេសនៅទូទាំងប្រទេស។
១- “MEKO LIGHTING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង និង សម្ភារៈបរិក្ខាអគ្គិសនីគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០៦កន្លែង។
២- “SILVER BEAUTY (CAMBODIA) ELECTRONIC AND LIGHTING CO., LTD” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិទួលត្បែង ឃុំ ព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៩កន្លែង។
៣- “SINE PLASTIC (CAMBODIA) INDUSTRY CO., LTD” គម្រោងបង្កើតរោងចក្រផលិតបំពង់ទឹកជ័រ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤០កន្លែង។
៤- “HONG CHHING (CAMBODIA) INDUSTRIAL DEVELOPMENT CO., LTD” គម្រោងបង្កើត រោងចក្រផលិតសម្ភារៈសំណង់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងស្គន់ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត មានទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤៤កន្លែង។
៥- “MIKOL STONE CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃថ្មម៉ាបផលតិជាគ្រឿងសង្ហារឹម និងសម្ភារៈបរិក្ខារផ្សេងៗ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្ត ព្រះសីហនុ មានទុនវិនិយោគប្រមាណ ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥៧កន្លែង។
៦- “KAM CHING (CAMBODIA) CRAFTS &; GIFTS CO., LTD” គម្រោងបង្កើតរោងចក្រផលិតទៀនគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣២០កន្លែង។
៧- “CUI ZHEN YUAN FOOD CO., LTD.” គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ (ស្វាយ ចេក ម្នាស់ ស្វាយចន្ទី…) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៧កន្លែង។
៨- “ZHENG HENG (CAMBODIA) CO., LTD” គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលទេសចរណ៍ “តារាសាគរ ឈូងសមុទ្រវែង” រួមមាន៖ សណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៧០០បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម រមណីយដ្ឋានទេសចរណ៍ សួនកំសាន្ត ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងផ្សេងៗមួយចំនួនទៀត ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ២៩២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.១១៦កន្លែង។
៩-តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទរបស់ក្រុមហ៊ុន “HIP KEUNG (CAMBODIA) MANUFACTURING CO.,LTD.” គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំង វិនិយោគស្ថិតនៅភូមិព្រះខែ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៨៤៥កន្លែង។
ក្នុងរយៈពេល៦ខែនៃឆមាសទី១ ឆ្នាំ២០១៩ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន ចំនួន១៥៣គម្រោង ដែលមានគម្រោងវិនិយោគផ្សេងៗគ្នា ដោយមានទំហំ វិនិយោគ ក្នុងទឹកប្រាក់ប្រមាណជាង១ពាន់លានដុល្លាអាមេរិក ក្នុងនោះមានទុនវិនិយោគក្នុងស្រុកប្រមាណជាង៩០០លានដុល្លា នឹងការវិនិយោគពីបរទេស មានប្រមាណ៧៥លានដុល្លារអាមេរិកផងដែរ៕






